លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រុងប្រយ័ត្ននឹងការភូតភរបោកបញ្ឆោត

ចូរប្រុងប្រយ័ត្ននឹងការភូតភរបោកបញ្ឆោត

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​បោកបញ្ឆោត

«ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា . . . នឹង​ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ»។—កូល៉ុស ២:៨

១​-​៣​. (ក) តើ​មាន​ករណី​ណា​ខ្លះ​ដែល​បង្ហាញ​ថា ការ​ភូតភរ​បោកបញ្ឆោត​បាន​ជ្រាប​ចូល​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត? (ខ) ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ភ្ញាក់ផ្អើល​នឹង​ការ​ភូតភរ​បោកបញ្ឆោត​ក្នុង​របប​លោកីយ៍​នេះ?

ប៉ុន្មានឆ្នាំ​កន្លង​ទៅ​នេះ សាស្ដ្រាចារ្យ​ផ្នែក​មេធាវី​ម្នាក់​បាន​ធ្វើ​ការ​ស្ទង់​មតិ ដោយ​សួរ​សំនួរ​ថា​៖ «តើ​មាន​មេធាវី​ប៉ុន្មាន​នាក់​ដែល​ពុំ​ធ្លាប់​មាន​កូន​ក្ដី​និយាយ​ភូតភរ​នោះ?»។ តើ​មាន​ការ​តប​ឆ្លើយ​យ៉ាង​ណា? លោក​ពន្យល់​ថា​៖ «ក្នុង​ចំណោម​មេធាវី​រាប់​ពាន់​នាក់ នោះ​មាន​តែ​មេធាវី​ម្នាក់​ទេ​ដែល​ពុំ​ធ្លាប់​មាន​កូន​ក្ដី​និយាយ​ភូតភរ»។ តើ​ដោយសារ​មូលហេតុ​អ្វី? «មេធាវី​នេះ​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​មួយ ហើយ​ពុំ​ទាន់​និយាយ​ជា​មួយ​នឹង​កូន​ក្ដី​ម្នាក់​ផង»។ បទ​ពិសោធន៍​នេះ​បង្ហាញ​នូវ​ការ​ពិត​ដែល​គួរ​ឲ្យ​សោក​ស្ដាយ ពោល​គឺ​ការ​ភូតភរ​បោកបញ្ឆោត​មាន​ទូទៅ​ក្នុង​សម័យ​នេះ។

ការ​ភូតភរ​បោកបញ្ឆោត​គឺ​មាន​លក្ខណៈ​ច្រើន​យ៉ាង ហើយ​សឹងតែ​មាន​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​នា​សម័យ​នេះ។ ក្នុង​ប្រព័ន្ធ​ផ្សាយ​ពត៌មាន​គឺ​មាន​ករណី​ជា​ច្រើន​ដូច​ជា អ្នក​នយោបាយ​និយាយ​ភូតភរ​អំពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ គណនេយ្យករ​និង​មេធាវី​រាយ​ការណ៍​មិន​ពិត​អំពី​ប្រាក់​ចំណេញ​ក្នុង​ក្រុម​ហ៊ុន។ ការ​ឃោសនា​ផ្សាយ​បោកប្រាស់​អតិថិជន ហើយ​មាន​គូក្ដី​បណ្ដឹង​បោក​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង។ នេះ​គឺ​គ្រាន់​តែ​ជា​ករណី​ខ្លះៗ​ប៉ុណ្ណោះ​ចំពោះ​ការ​ភូតភរ​បោកបញ្ឆោត។ ការ​ប្រើ​សាសនា​ជា​ឈ្នាន់​ដើម្បី​បោកបញ្ឆោត​មនុស្ស​ក៏​មាន​ដែរ។ បព្វជិត​និយាយ​ភូតភរ​សមាជិក ដោយសារ​ការ​បង្រៀន​លទ្ធិ​ក្លែង​ក្លាយ ដូច​ជា​ព្រលឹង​អមតៈ ភ្លើង​នរក និង​ព្រះ​ឯក​ត្រី​អង្គ។—ធីម៉ូថេទី២ ៤:៣, ៤

តើ​យើង​គួរ​ភ្ញាក់ផ្អើល​ដោយ​ការ​ភូតភរ​បោកបញ្ឆោត​ទាំង​នេះ​ទេ? គឺ​មិន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សោះ។ ព្រះគម្ពីរ​បាន​ព្រមាន​ស្តី​អំពី​ថ្ងៃ​«ជាន់​ក្រោយ​បង្អស់» ថា​៖ «ពួក​អាក្រក់​នឹង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់ កាន់​តែ​ខ្លាំង​ឡើង ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ត្រូវ​វង្វេង​ខ្លួន​ឯង​ផង»។ (ធីម៉ូថេទី២ ៣:១, ១៣) ជា​គ្រីស្ទាន យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នឹង​គំនិត​ដែល​នាំ​ឲ្យ​យើង​វង្វេង ដែល​អាច​ទាញ​យើង​ចេញ​ពី​សេចក្ដី​ពិត។ ដូច្នេះ​ហើយ​គឺ​មាន​សំនួរ​ពីរ​ដែល​ត្រូវ​សួរ​ឡើង​៖ ហេតុ​អ្វី​បាន​ជា​មាន​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ម្ល៉េះ​សព្វ​ថ្ងៃ​នេះ? ហើយ​តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​បោកបញ្ឆោត​អ្វី?

ហេតុ​អ្វី​បាន​ជា​មាន​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ម្ល៉េះ​សព្វ​ថ្ងៃ​នេះ?

៤​. តើ​ព្រះគម្ពីរ​ពន្យល់​យ៉ាង​ណា​ចំពោះ​មូលហេតុ​ដែល​មាន​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ម្ល៉េះ​ក្នុង​របប​លោកីយ៍​នេះ?

ព្រះគម្ពីរ​ពន្យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​មាន​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ម្ល៉េះ​ក្នុង​របប​លោកីយ៍​នេះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហាន​ទី១ ៥:១៩) អារក្ស​សាតាំង​គឺ​ជា​«មេ​កំណាច»​នោះ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​មេ​កំណាច​នេះ​ថា​៖ «វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។ ហេតុ​នេះ​ហើយ ពុំ​មែន​ជា​ការ​ចម្លែក​ឡើយ ដែល​លោកីយ៍​សព្វ​ថ្ងៃ​នេះ​សម្ដែង​នូវ​ចិត្ត​គំនិត គោលការណ៍ និង​លក្ខណៈ​ដែល​ភូតភរ​បោកបញ្ឆោត​ដូច​អ្នក​គ្រប់គ្រង​របស់​លោកីយ៍​ដែរ។—យ៉ូហាន ៨:៤៤; ១៤:៣០; អេភេសូរ ២:១​-​៣

៥​. តើ​សាតាំង​បាន​ខំ​ប្រឹង​បោកបញ្ឆោត​មនុស្ស​យ៉ាង​ណា​ក្នុង​គ្រា​ចុង​បញ្ចប់? ហើយ​តើ​អ្នក​ណា​ជា​ទី​បាញ់​វង់​របស់​វា?

អារក្ស​សាតាំង​បាន​បង្កើន​សកម្មភាព​វា​ច្រើន​ណាស់​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​នេះ ហើយ​វា​ដឹង​ថា​មាន​ពេល​វេលា​ខ្លី​ណាស់ ហេតុ​នេះ​ហើយ​វា​មាន​«សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង»។ អារក្ស​សាតាំង​មាន​បំណង​ចង់​សម្លាប់​មនុស្ស​ឲ្យ​បាន​ច្រើន ដូច្នេះ​ហើយ វា​កំពុង​តែ​«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ (វិវរណៈ ១២:៩, ១២) អារក្ស​សាតាំង​មិន​មែន​ជា​អ្នក​ដែល​បោកបញ្ឆោត​មនុស្ស​យូរៗ​ម្ដង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​មិន​ដែល​បង្អង់​ដៃ​ចំពោះ​ការ​ខំ​ប្រឹង​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​វង្វេង​ឡើយ។ * សាតាំង​ប្រើ​វិធី​បញ្ឆោត​ច្រើន​យ៉ាង ដែល​រួម​បញ្ចូល​សេចក្ដី​ឆបោក​និង​ការ​ក្បត់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​មិន​ជឿ​ព្រិល​ភ្នែក និង​ឲ្យ​អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ព្រះ។ (កូរិនថូស​ទី២ ៤:៤) អារក្ស​សាតាំង​ដែល​ជា​មេ​បោកបញ្ឆោត កំពុង​តែ​ព្យាយាម​បំផ្លាញ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​«ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត»។ (យ៉ូហាន ៤:២៤; ពេត្រុសទី១ ៥:៨) បើ​និយាយ​ឲ្យ​ចំ​ទៅ សូម​កុំ​ឲ្យ​យើង​ភ្លេច​ថា សាតាំង​បាន​អះអាង​ថា​៖ ‹ខ្ញុំ​អាច​បំបែរ​អ្នក​ណា​ចេញ​ពី​ព្រះ​ក៏​បាន​ដែរ›។ (យ៉ូប ១:៩​-​១២) សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​«ឧបាយកល»​ខ្លះ​របស់​សាតាំង និង​របៀប​ដែល​យើង​អាច​ការពារ​ខ្លួន​ពី​ឧបាយកល​ទាំង​នោះ។—អេភេសូរ ៦:១១

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​បោកបញ្ឆោត​ដោយ​ពួក​អ្នក​ក្បត់​ជំនឿ

៦, ៧​. (ក) តើ​ពួក​អ្នក​ក្បត់​ជំនឿ​បាន​អះអាង​អ្វី? (ខ) តើ​ព្រះគម្ពីរ​បក​អាក្រាត​នូវ​គោល​បំណង​របស់​ពួក​អ្នក​ក្បត់​ជំនឿ​យ៉ាង​ណា?

ជា​យូរ​មក​ហើយ​សាតាំង​បាន​ប្រើ​ពួក​អ្នក​ក្បត់​ជំនឿ ដើម្បី​បោកបញ្ឆោត​អ្នក​បំរើ​ព្រះ។ (ម៉ាថាយ ១៣:៣៦​-​៣៩) ពួក​អ្នក​ក្បត់​ជំនឿ​ប្រហែល​ជា​អះអាង​ថា គេ​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​និង​ជឿ​លើ​ព្រះ​គម្ពីរ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​ស្គាល់​អង្គការ​របស់​ទ្រង់​នៅ​លើ​ផែនដី​ទេ។ ពួក​អ្នក​ក្បត់​ជំនឿ​ជឿ​លើ​លទ្ធិ​ដែល​បង្ខូច​កិត្ដិនាម​របស់​ព្រះ ដែល​មក​ពី​«បាប៊ីឡូន​ដ៏​ជា​ធំ» ពោល​គឺ​ចក្រភព​សាសនា​មិន​ពិត​ទូទៅ។ (វិវរណៈ ១៧:៥; ពេត្រុសទី២ ២:១៩​-​២២) ពួក​អ្នក​សរសេរ​ព្រះគម្ពីរ​ដែល​ត្រូវ​បណ្ដាល​ដោយ​វិញ្ញាណ​របស់​ព្រះ បាន​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​ដើម្បី​បក​អាក្រាត​នូវ​បំណង​ចិត្ត​និង​វិធី​ផ្សេងៗ​របស់​ពួក​អ្នក​ក្បត់​ជំនឿ។

តើ​ពួក​អ្នក​ក្បត់​ជំនឿ​មាន​គោល​បំណង​យ៉ាង​ណា? ពួក​អ្នក​ក្បត់​ជំនឿ​ភាគ​ច្រើន​ពុំ​សប្បាយ​ចិត្ត​ដោយ​គ្រាន់​តែ​លះបង់​ជំនឿ ដែល​គេ​ធ្លាប់​ចាត់​ទុក​ជា​សេចក្ដី​ពិត​នោះ​ទេ។ ជា​ញឹកញយ ពួក​គេ​ចង់​ទាញ​យក​អ្នក​ឯ​ទៀត​ឲ្យ​លះបង់​ជំនឿ​ដែរ។ ពួក​អ្នក​ក្បត់​ជំនឿ​ជា​ច្រើន​ខំ​ប្រឹង​«ទាញ​នាំ​ពួក​សិស្ស[ពោល​គឺ​សិស្ស​របស់​ព្រះ​គ្រីស្ទ]ទៅ​តាម​គេ​វិញ» ជាជាង​ស្វែង​រក​និង​បង្កើត​ឲ្យ​មាន​សិស្ស​ដោយ​ខ្លួន​គេ​នោះ។ (កិច្ចការ ២០:២៩,​៣០) សាវ័ក​ប៉ុល​បាន​ព្រមាន​យើង​យ៉ាង​ខ្លាំង​ស្តី​អំពី​ពួក​គ្រូ​ក្លែង​ក្លាយ។ គាត់​បាន​និយាយ​ថា​៖ «ចូរ​ប្រយ័ត ក្រែង​មាន​អ្នក​ណា​ចាប់​អ្នក​រាល់​គ្នា​ធ្វើ​ជា​រំពា»។ (កូល៉ុស ២:៨) នេះ​គឺ​ពិត​ជា​អ្វី​ដែល​ពួក​អ្នក​ក្បត់​ជំនឿ​ជា​ច្រើន​កំពុង​តែ​ខំ​ប្រឹង​ធ្វើ។ ដូច​ជា​អ្នក​ចាប់​ជំរឹត​ចាប់​ពង្រាត់​ជន​រងគ្រោះ​ចេញ​ពី​គ្រួសារ​របស់​គេ នោះ​ពួក​អ្នក​ក្បត់​ជំនឿ​ក៏​ប្រុង​ចាប់​សមាជិក​ក្នុង​ក្រុមជំនុំ​ដែល​ទុក​ចិត្ត​លើ​គេ​ឲ្យ​ចេញ​ពី​ហ្វូង​ដែរ។

៨​. តើ​ពួក​អ្នក​ក្បត់​ជំនឿ​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​សម្រេច​នូវ​គោល​បំណង​របស់​ពួក​គេ?

តើ​ពួក​អ្នក​ក្បត់​ជំនឿ​ប្រើ​វិធី​ណា​ដើម្បី​សម្រេច​គោល​បំណង​របស់​ពួក​គេ? ពួក​គេ​ប្រើ​ការ​មួល​បង្កាច់ ការ​លាក់​ការ​ពិត និង​ពាក្យ​កំភូត​សុទ្ធ។ ព្រះយេស៊ូ​បាន​ជ្រាប​ថា អ្នក​កាន់​តាម​ទ្រង់​នឹង​រងគ្រោះ​ដោយសារ​អស់​អ្នក​ដែល​«និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់»​ពី​អ្នក​កាន់​តាម​ទ្រង់។ (ម៉ាថាយ ៥:១១) ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​ដែល​ចង់​តែ​ព្យាបាទ នឹង​ប្រាប់​ពាក្យ​មិន​ពិត​ដោយ​មាន​បំណង​បោកបញ្ឆោត​អ្នក​ដទៃ។ សាវ័ក​ពេត្រុស​បាន​ព្រមាន​យើង​អំពី​ពួក​អ្នក​ក្បត់​ជំនឿ​ដែល​នឹង​ពោល​«ពាក្យ​បញ្ឆោត​បំពោត» និង​ផ្សាយ‹សេចក្ដី​បង្រៀន​ដែល​បោកបញ្ឆោត› ហើយ​«បង្វែរ​បទ​គម្ពីរ»​ដើម្បី​សម្រេច​គោល​បំណង​របស់​គេ។ (ពេត្រុសទី២ ២:៣, ១៣; ៣:១៦) គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​ពួក​អ្នក​ក្បត់​ជំនឿ​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​«បង្ខូច​សេចក្ដី​ជំនឿ​របស់​អ្នក​ខ្លះ​ដែរ»។—ធីម៉ូថេទី២ ២:១៨

៩, ១០​. (ក) តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​ពួក​អ្នក​ក្បត់​ជំនឿ​យ៉ាង​ដូច​ម្ដេច? (ខ) ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ភ្ញាក់ផ្អើល បើ​ការ​យល់ដឹង​អំពី​គោល​បំណង​របស់​ព្រះ​ត្រូវ​កែ​តម្រូវ​នោះ?

តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ពួក​អ្នក​ក្បត់​ជំនឿ​យ៉ាង​ដូច​ម្ដេច? យើង​អាច​ប្រុង​ប្រយ័ត្ន​ដោយ​ធ្វើ​តាម​ឱវាទ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ចែង​ថា​៖ «[ចូរ]ប្រុង​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​អោយ​មាន​ការ​បាក់​បែក​គ្នា និង​នាំ​អោយ​បងប្អូន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ដោយ​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ដែល​បងប្អូន​បាន​ទទួល សូម​បង​ប្អូន​ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ​ទៅ»។ (រ៉ូម ១៦:១៧, ខ.ស.) យើង​«ចៀស​ចេញ​អោយ​ឆ្ងាយ​ពី​អ្នក​ទាំង​នោះ» ដោយ​បដិសេធ​នូវ​ការ​វែកញែក​របស់​គេ មិន​ថា​តាម​រយៈ​ពាក្យ​សំដី សៀវភៅ ឬ​ប្រព័ន្ធ​អ៊ិនថឺណិត​ក៏​ដោយ។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​កាន់​ជំហរ​បែប​នេះ? ទី​មួយ គឺ​ព្រះ​បន្ទូល​របស់​ព្រះ​បង្គាប់​យើង​ឲ្យ​ធ្វើ​ដូច្នេះ ហើយ​យើង​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា ដែល​រមែង​គិត​តែ​ពី​ប្រយោជន៍​របស់​យើង។—អេសាយ ៤៨:១៧, ១៨

១០ ទីពីរ យើង​ស្រឡាញ់​អង្គការ​ដែល​បាន​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ដ៏​ថ្លៃថ្លា ដែល​ញែក​យើង​ចេញ​ពី​បាប៊ីឡូន​ដ៏​ធំ។ ព្រម​ជា​មួយ​គ្នា​នេះ យើង​ទទួល​ស្គាល់​ថា ចំណេះ​របស់​យើង​អំពី​គោល​បំណង​របស់​ព្រះ​គឺ​មិន​គ្រប់​ល័ក្ខណ៍​នោះ​ទេ។ ច្រើន​ឆ្នាំ​កន្លង​ទៅ នោះ​មាន​ការ​កែ​តម្រូវ​ចំពោះ​ការ​យល់​ដឹង​ស្តី​អំពី​សេចក្ដី​ពិត។ គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​មាន​ចិត្ត​សប្បាយ ដោយ​រង់ចាំ​ព្រះយេហូវ៉ា​ចំពោះ​ការ​កែ​តម្រូវ​ទាំង​នោះ។ (សុភាសិត ៤:​១៨) នៅ​ពេល​ឥឡូវ​នេះ យើង​នឹង​មិន​លះបង់​ចោល​អង្គការ​ដែល​ព្រះ​សព្វ​ព្រះហឫទ័យ​ប្រើ​ឡើយ ដ្បិត​យើង​ឃើញ​នូវ​ភស្តុតាង​យ៉ាង​ជាក់​ស្តែង​ដែល​ថា ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​អង្គការ​នេះ។—កិច្ចការ ៦:៧; កូរិនថូសទី១ ៣:៦

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​បញ្ឆោត​ខ្លួន​ឯង

១១​. ហេតុ​អ្វី​បាន​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មាន​ការ​ទោរទន់​ទៅ​រក​ការ​បញ្ឆោត​ខ្លួន​ឯង?

១១ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មាន​ការ​ទោរទន់​ដែល​សាតាំង​នឹង​រហ័ស​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​នោះ ពោល​គឺ​ការ​បញ្ឆោត​ខ្លួន​ឯង។ យេរេមា ១៧:៩ ចែង​ថា​៖ «ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង»។ យ៉ាកុប​ក៏​បាន​សរសេរ​ថា​៖ «ម្នាក់ៗ​ជួប​នឹង​ការ​ល្បួង មក​តែ​ពី​ចិត្ត​លោភ​លន់​របស់​ខ្លួន​ឯង​ផ្ទាល់​ទាក់ទាញ​និង​លួងលោម​បញ្ឆោត​ប៉ុណ្ណោះ»។ (យ៉ាកុប ១:១៤, ខ.ស.) បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រសិន​បើ​ចិត្ត​របស់​យើង​ត្រូវ​បាន​លួងលោម​បញ្ឆោត​ហើយ នោះ​អាច​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ដែល​មើល​ទៅ​ដូច​ជា​ល្អ​និង​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ គំនិត​បែប​នេះ​គឺ​បញ្ឆោត​ខ្លួន​ឯង​ទេ ដ្បិត​ការ​ប្រព្រឹត្ត​អំពើ​បាប​តាម​សេចក្ដី​ប៉ង​ប្រាថ្នា នោះ​នៅ​ទីបំផុត​នឹង​នាំ​ទៅ​ដល់​ក្ដី​អន្តរាយ​វិញ។—រ៉ូម ៨:៦

១២​. តើ​មាន​អ្វី​ខ្លះ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ជាប់​អន្ទាក់​ដោយ​ការ​បញ្ឆោត​ខ្លួន​ឯង?

១២ ការ​បញ្ឆោត​ខ្លួន​ឯង​អាច​បណ្ដាល​ឲ្យ​យើង​ជាប់​អន្ទាក់​យ៉ាង​លឿន។ ចិត្ត​ដែល​ជា​គ្រឿង​បញ្ឆោត​ប្រហែល​ជា​ដោះសា​នូវ​គុណ​វិបត្ដិ​ឬ​ដោះសា​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​បាប។ (សាំយូអែលទី១ ១៥:១៣​-​​១៥, ២០,​២១) ចិត្ត​អាក្រក់​ហួស​ល្បត់​របស់​យើង​ប្រហែល​ជា​រក​ផ្លូវ​ដោះសា​ចំពោះ​ការ​ប្រព្រឹត្ត​ដែល​មិន​ស្រប​តាម​ខ្នាត​តម្រា​សីលធម៌។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​ការ​កំសាន្ត។ ការ​កំសាន្ត​ខ្លះ​គឺ​ល្អ​ហើយ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទៀត​ផង។ ប៉ុន្តែ ការ​កំសាន្ត​ខ្លះ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ភាពយន្ត កម្មវិធី​ទូរទស្សន៍​ហើយ​ប្រព័ន្ធ​អ៊ិនថឺណិត គឺ​ជា​ការ​កំសាន្ត​ដែល​អាសអាភាស​និង​អសីលធម៌។ គឺ​ស្រួល​មែន​ក្នុង​ការ​បញ្ឆោត​ខ្លួន​យើង​ថា យើង​អាច​មើល​ការ​កំសាន្ត​ដ៏​ថោកទាប ដោយ​គ្មាន​អានុភាព​មក​លើ​យើង​នោះ​ទេ។ អ្នក​ខ្លះ​វែកញែក​ថា​៖ «សំរាប់​មនសិការ​ខ្ញុំ​មិន​អី​ទេ ដូច្នេះ​ហេតុ​អ្វី​នោះ​មិន​សមរម្យ?»។ ប៉ុន្តែ បុគ្គល​បែប​នេះ​គឺ‹បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ដោយ​ការ​វែកញែក​ខុស​ប៉ុណ្ណោះ›។—យ៉ាកុប ១:២២

១៣, ១៤​. (ក) តើ​ឧទាហរណ៍​អ្វី​ក្នុង​ព្រះគម្ពីរ​ដែល​បង្ហាញ​ថា មនសិការ​របស់​យើង​មិន​មែន​ជា​ការ​ណែនាំ​ត្រឹមត្រូវ​ជានិច្ច​នោះ? (ខ) តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​យ៉ាង​ដូច​ម្ដេច​នឹង​ការ​បញ្ឆោត​ខ្លួន​ឯង?

១៣ តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​យ៉ាង​ដូច​ម្ដេច​នឹង​ការ​បញ្ឆោត​ខ្លួន​ឯង? មុន​ដំបូង យើង​ត្រូវ​ចាំ​ថា មនសិការ​របស់​មនុស្ស​មិន​តែង​តែ​អាច​ទុកចិត្ត​បាន​ទាំង​ស្រុង​នោះ​ទេ។ ចូរ​គិត​អំពី​សាវ័ក​ប៉ុល។ គាត់​បាន​បៀតបៀន​ពួក​អ្នក​កាន់​តាម​ព្រះគ្រីស្ទ មុន​នឹង​គាត់​ជា​គ្រីស្ទាន​ម្នាក់។ (កិច្ចការ ៩:​១, ២) មនសិការ​របស់​គាត់​ប្រហែល​ជា​មិន​ធ្វើ​ទុក្ខ​ដល់​គាត់​នៅ​ពេល​នោះ​ទេ។ គឺ​ឃើញ​ច្បាស់​ហើយ មនសិការ​របស់​គាត់​ត្រូវ​បាន​ណែនាំ​ខុស។ ប៉ុល​បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅល្ងង់ ឥត​មាន​សេចក្ដី​ជំនឿ»។ (ធីម៉ូថេទី១ ១:១៣) ដូច្នេះ ដែល​មនសិការ​មិន​បាន​បន្ទោស​យើង​ចំពោះ​ការ​កំសាន្ត​ខ្លះៗ គឺ​មិនមែន​ជា​ការ​ធានា​ថា​អ្វី​ដែល​យើង​ធ្វើ​គឺ​ត្រូវ​នោះ​ទេ។ មាន​តែ​មនសិការ​ល្អ​ដែល​ត្រូវ​បាន​អប់រំ​យ៉ាង​ត្រឹមត្រូវ​ដោយ​ព្រះ​បន្ទូល​របស់​ព្រះ​ទេ ទើប​អាច​ជា​ការ​ណែនាំ​ដែល​មាន​សុវត្ថិភាព។

១៤ ដើម្បី​ប្រុង​ប្រយ័ត្ន​នឹង​ការ​បញ្ឆោត​ខ្លួន​ឯង នោះ​គឺ​មាន​យោបល់​ខ្លះៗ​ជា​ជំនួយ​ដែល​យើង​ត្រូវ​តែ​នឹក​ចាំ។ ចូរ​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ដោយ​អធិស្ឋាន។ (ទំនុកដំកើង ២៦:២; កូរិនថូសទី២ ១៣:៥) ការ​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ដោយ​ចិត្ត​ស្មោះ​អាច​បើក​ឲ្យ​អ្នក​ដឹង​ថា អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះៗ​នូវ​ទស្សនៈ​របស់​អ្នក។ ចូរ​ស្ដាប់​អ្នក​ដទៃ។ (យ៉ាកុប ១:១៩) ដោយ​ព្រោះ​គិត​ពិចារណា​អំពី​ខ្លួន​ឯង​គឺ​មាន​អានុភាព​ទៅ​លើ​គំនិត​យើង នោះ​យក​ល្អ​យើង​ត្រូវ​ស្ដាប់​ពាក្យ​របស់​គ្រីស្ទាន​គ្នីគ្នា​ដែល​មាន​គំនិត​ចាស់​ទុំ ដែល​និយាយ​ដោយ​ឥត​លំអៀង។ បើ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ឬ​ប្រព្រឹត្ត​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​តាម​ទស្សនៈ​របស់​អ្នក​ជឿ​គ្នីគ្នា​ដោយ​មាន​តុល្យភាព នោះ​យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​នេះ​ដោយសារ​មនសិការ​របស់​ខ្ញុំ​មិន​ទាន់​បាន​ត្រូវ​បង្ហាត់​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ឬ​ក៏​ចិត្ត​របស់​ខ្ញុំ​កំពុង​តែ​បញ្ឆោត​ខ្លួន​ឯង​ទេ​ដឹង?›។ ចូរ​សិក្សា​ព្រះគម្ពីរ​និង​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​លើ​ព្រះគម្ពីរ​ជា​ទៀងទាត់។ (ទំនុកដំកើង ១:២) ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​គំនិត អាកប្បកិរិយា និង​អារម្មណ៍​ស្រប​តាម​គោលការណ៍​របស់​ព្រះ។

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​របស់​សាតាំង

១៥, ១៦​. (ក) តើ​សាតាំង​បាន​ភូតភរ​អ្វី​ដើម្បី​ខំ​បញ្ឆោត​យើង? (ខ) តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​នឹង​ការ​ភូតភរ​របស់​សាតាំង​យ៉ាង​ណា?

១៥ សាតាំង​ប្រើ​ការ​ភូតភរ​គ្រប់​យ៉ាង​ដើម្បី​បញ្ឆោត​យើង។ វា​ខំ​ប្រឹង​ធ្វើ​ឲ្យ​យើង​ជឿ​ថា ទ្រព្យ​សម្បត្ដិ​អាច​នាំ​មក​នូវ​សុភមង្គល​និង​ធ្វើ​ឲ្យ​យើង​ស្កប់ស្កល់​ចិត្ត ប៉ុន្តែ​ភាគ​ច្រើន អ្វីៗ​គឺ​កើត​ឡើង​ផ្ទុយ​ទៅ​វិញ។ (សាស្ដា ៥:១០​-​១២) វា​ចង់​ឲ្យ​យើង​ជឿ​ថា របប​លោកីយ៍​នេះ​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត ទោះ​ជា​មាន​ភស្តុតាង​ជាក់​ស្តែង​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង‹ថ្ងៃ​ជាន់​ក្រោយ​បង្អស់›ក៏ដោយ។ (ធីម៉ូថេទី២ ៣:១​-​៥) សាតាំង​ឃោសនា​ថា ការ​ស្វះស្វែង​រក​ធ្វើ​អសីលធម៌​គឺ​គ្មាន​គ្រោះថ្នាក់​នោះ​ទេ ទោះ​ជា​ពួក​អ្នក​ដែល​ស្វែង​រក​ការ​កំសាន្ត រមែង​ជួប​តែ​ផល​អាក្រក់​យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ។ (កាឡាទី ៦:៧) តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ការ​ភូតភរ​ទាំង​នេះ?

១៦ ចូរ​ទទួល​ប្រយោជន៍​ពី​គំរូ​ក្នុង​ព្រះគម្ពីរ។ ព្រះគម្ពីរ​មាន​គំរូ​ជា​ការ​ព្រមាន​ដែល​រៀប​រាប់​ពី​បុគ្គល​ដែល​ចាញ់​បោក​នឹង​ការ​ភូតភរ​របស់​សាតាំង។ ពួក​គេ​ស្រឡាញ់​ទ្រព្យ​សម្បត្ដិ មិន​បាន​ប្រមូល​អារម្មណ៍​លើ​គ្រា​ដែល​គេ​កំពុង​តែ​រស់​នៅ ឬ​ប្រព្រឹត្ត​អំពើ​អសីលធម៌ ហើយ​មាន​លទ្ធផល​សុទ្ធតែ​មិន​ល្អ។ (ម៉ាថាយ ១៩:១៦​-​២២; ២៤:៣៦​-​៤២; លូកា ១៦:១៤; កូរិនថូសទី១ ១០:៨​-​១១) ចូរ​រៀន​ពី​គំរូ​នៅ​សម័យ​នេះ។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​យូរៗ​ម្ដង​គ្រីស្ទាន​ខ្លះ​បាន​ភ្លេច​នូវ​ភាព​បន្ទាន់ និង​ជឿ​ថា​ការ​បំរើ​ព្រះ​ពុំ​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រយោជន៍​នោះ​ទេ។ ពួក​គេ​បែរ​ជា​លះបង់​សេចក្ដី​ពិត​ដើម្បី​ដេញ​តាម​សេចក្ដី​កំសាន្ត​វិញ។ ប៉ុន្តែ បុគ្គល​បែប​នេះ​គឺ​«ឈរ​នៅ​កន្លែង​ដ៏​រឥល» ហើយ​មិន​យូរ​មិន​ឆាប់ នោះ​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​ឥត​គោរព​ព្រះ​នឹង​តាម​ទាន់​ពួក​គេ​ជា​មិន​ខាន។ (ទំនុកដំកើង ៧៣:១៨, ១៩) យក​ល្អ​យើង​ត្រូវ​រៀន​ពី​កំហុស​របស់​អ្នក​ដទៃ។—សុភាសិត ២២:៣

១៧​. ហេតុ​អ្វី​បាន​ជា​សាតាំង​ឃោសនា​នូវ​ការ​ភូតភរ​ថា​ព្រះយេហូវ៉ា​មិន​ស្រឡាញ់​យើង និង​ថា​យើង​គ្មាន​តម្លៃ​ចំពោះ​ទ្រង់​នោះ?

១៧ មាន​ការ​ភូតភរ​មួយ​ទៀត​ដែល​សាតាំង​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព នោះ​គឺ​ការ​ភូតភរ​ថា ព្រះយេហូវ៉ា​មិន​ស្រឡាញ់​យើង ហើយ​ថា​យើង​គ្មាន​តម្លៃ​ចំពោះ​ទ្រង់។ សាតាំង​មាន​ពេល​វេលា​រាប់​ពាន់​ឆ្នាំ​ក្នុង​ការ​រៀន​ឲ្យ​ស្គាល់​អំពី​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ វា​ដឹង​យ៉ាង​ច្បាស់​ថា ការ​ធ្លាក់​ទឹក​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​ខ្សោយ​ខាង​វិញ្ញាណ។ (សុភាសិត ២៤:១០) ហេតុ​ដូច្នេះ​ហើយ សាតាំង​ឃោសនា​នូវ​ការ​ភូតភរ​ថា យើង​គ្មាន​តម្លៃ​ចំពោះ​ព្រះ​ឡើយ។ ប្រសិន​បើ​យើង​«ត្រូវ​គេ​វាយ​ដួល​ស្តូក» ហើយ​ទៅ​ជា​ជឿ​ថា​ព្រះយេហូវ៉ា​មិន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង នោះ​យើង​អាច​ទៅ​ជា​រសាយ​ការ​ព្យាយាម។ (កូរិនថូសទី២ ៤:​៩) អារក្ស​សាតាំង​ដែល​ជា​មេ​បញ្ឆោត​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ដូច្នេះ​ឯង! ហេតុ​នេះ តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​យ៉ាង​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​នឹង​ការ​ភូតភរ​របស់​សាតាំង?

១៨​. តើ​ព្រះគម្ពីរ​ធានា​រ៉ាប់​រង​យើង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ព្រះគម្ពីរ​ចែង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង។ ព្រះ​បន្ទូល​របស់​ព្រះ​ពិពណ៌នា​ដោយ​ប្រើ​ពាក្យ​ដែល​ទាក់ទាញ​ចិត្ត​យើង​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង និង​ថា​ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ។ ទ្រង់​យក​ទឹក​ភ្នែក​របស់​អ្នក​ទុក​ក្នុង​«ដប​នៃ​ទ្រង់»​ដែល​បាន​ន័យ​ថា ទ្រង់​ទត​ឃើញ​និង​ចង​ចាំ​នូវ​ទឹក​ភ្នែក​ទាំង​ប៉ុន្មាន​ដែល​បាន​ស្រក់ ដោយសារ​អ្នក​ពុះពារ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​ភក្ដី​នោះ។ (ទំនុកដំកើង ៥៦:​៨) ទ្រង់​ជ្រាប​ពេល​អ្នក​«មាន​ចិត្ត​សង្រេង» ហើយ​ទ្រង់​គង់​ជិត​អ្នក​ក្នុង​គ្រា​នោះ។ (ទំនុកដំកើង ៣៤:១៨) ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់​អំពី​យើង រួម​ទាំង​ចំនួន​«សក់​ក្បាល​របស់​អ្នក»​ទៀត​ផង។ (ម៉ាថាយ ១០:២៩​-​៣១) អ្វី​ដែល​សំខាន់​បំផុត ព្រះ​«ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១»​សំរាប់​ជា​ប្រយោជន៍​ដល់​អ្នក។ (យ៉ូហាន ៣:១៦; កាឡាទី ២:២០) នៅ​ពេល​ខ្លះ អ្នក​ប្រហែល​ជា​ពិបាក​ជឿ​ថា បទគម្ពីរ​ទាំង​នេះ​គឺ​ទាក់ទង​នឹង​អ្នក​ផ្ទាល់។ យ៉ាង​ណា​ក៏​ដោយ​យើង​ត្រូវ​ជឿ​លើ​ព្រះ​បន្ទូល​របស់​ព្រះ។ ទ្រង់​ចង់​ឲ្យ​យើង​ជឿ​ថា ទ្រង់​ស្រឡាញ់​យើង​ម្នាក់ៗ មិន​មែន​គ្រាន់​តែ​ស្រឡាញ់​អ្នក​បំរើ​របស់​ទ្រង់​ជា​ក្រុម​នោះ​ទេ។

១៩, ២០​. (ក) ហេតុ​អ្វី​ក៏​សំខាន់​ឲ្យ​ទទួល​ស្គាល់​និង​បដិសេធ​នូវ​ការ​ភូតភរ​ដែល​ថា ព្រះយេហូវ៉ា​មិន​ស្រឡាញ់​អ្នក​នោះ? (ខ) តើ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​ជួយ​បុគ្គល​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា?

១៩ ចូរ​ទទួល​ស្គាល់​និង​បដិសេធ​ការ​ភូតភរ​មួយ​នោះ។ ប្រសិន​បើ​អ្នក​ដឹង​ថា អ្នក​ណា​ម្នាក់​កំពុង​តែ​ភរ​យើង នោះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​គេ។ ដូច​គ្នា​ដែរ បើ​យើង​ដឹង​ថា​សាតាំង​ចង់​ឲ្យ​យើង​ជឿ​នូវ​ការ​ភូតភរ​ដែល​ថា ព្រះយេហូវ៉ា​មិន​ស្រឡាញ់​យើង ក៏​អាច​ជា​ជំនួយ​មួយ​ដ៏​ខ្លាំង​ដែរ។ ស្តី​អំពី​អត្ថបទ​ប៉មយាម​ដែល​បាន​ព្រមាន​អំពី​ឧបាយកល​របស់​សាតាំង​នោះ បង​ប្រុស​គ្រីស្ទាន​ម្នាក់​បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ធ្លាប់​ដឹង​ថា សាតាំង​ខំ​ប្រើ​អារម្មណ៍​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​ទេ។ ដោយ​ដឹង​នូវ​ឧបាយកល​នេះ ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​នូវ​អារម្មណ៍​ទាំង​នេះ»។

២០ ចូរ​ពិចារណា​នូវ​បទ​ពិសោធន៍​មួយ​ពី​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាមេរិច​ខាង​ត្បូង។ នៅ​ពេល​គាត់​បំពេញ​មុខ​ងារ​ជា​អ្នក​គង្វាល​ដោយ​មក​ជួប​ជា​មួយ​បងប្អូន​ជឿ​គ្នីគ្នា​ដែល​ធ្លាក់​ទឹក​ចិត្ត នោះ​គាត់​ច្រើន​តែ​សួរ​គេ​ថា​៖ ‹តើ​អ្នក​ជឿ​ព្រះ​ឯក​ត្រី​អង្គ​ឬ​ទេ?›។ បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​តែង​ឆ្លើយ​ថា​៖ ‹អត់​ទេ!› ដោយ​ដឹង​ថា នេះ​ជា​ការ​ភូតភរ​មួយ​របស់​សាតាំង។ រួច​មក​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក៏​សួរ​ថា​៖ ‹តើ​អ្នក​ជឿ​លើ​ភ្លើង​នរក​ទេ?›។ ម្ដង​នេះ​ទៀត បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ឆ្លើយ​ថា‹ប្រាកដ​ជា​មិន​ជឿ​ទេ!›។ បន្ទាប់​មក អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ក៏​ប្រាប់​នូវ​ការ​ភូតភរ​មួយ​ទៀត​របស់​សាតាំង ដែល​យើង​ពុំ​សូវ​ស្គាល់​នោះ​ទេ។ គាត់​បើក​ទៅ​ទំព័រ​២៤៩ វគ្គ​ទី២១​នៅ​ក្នុង​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា * ដែល​លាត​ត្រដាង​ឲ្យ​ឃើញ​ការ​ភូតភរ​របស់​សាតាំង​ដែល​ថា ព្រះ​យេហូវ៉ា​ពុំ​ស្រឡាញ់​យើង​ម្នាក់ៗ​នោះ​ទេ។ អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​រាយ​ការណ៍​នូវ​លទ្ធផល​ល្អ​ពី​ការ​ជួយ​បុគ្គល​ដែល​ធ្លាក់​ទឹក​ចិត្ត​ឲ្យ​ទទួល​ស្គាល់​និង​បដិសេធ​នូវ​ការ​ភូតភរ​របស់​សាតាំង។

ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​បោកបញ្ឆោត

២១, ២២​. ហេតុ​អ្វី​បាន​ជា​ឧបាយកល​បោកបញ្ឆោត​របស់​សាតាំង មិន​អាច​កំបាំង​ពី​យើង​បាន? ហើយ​តើ​យើង​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២១ នៅ​ទី​ចុង​បញ្ចប់​នៃ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ យើង​ដឹង​ទុក​ជា​មុន​ថា សាតាំង​នឹង​បង្កើត​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ជាង​មុនៗ​ទៅ​ទៀត។ ប៉ុន្តែ គួរ​ឲ្យ​សប្បាយ​មែន ព្រះយេហូវ៉ា​បាន​ឲ្យ​យើង​ដឹង​អំពី​ឧបាយកល​បោកបញ្ឆោត​ដ៏​ពិស​ពុល​របស់​សាតាំង។ ព្រះគម្ពីរ​និង​ប្រកាសនវត្ថុ​នៃ​‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›​បាន​លាត​ត្រដាង​យ៉ាង​ច្បាស់​នូវ​ឧបាយកល​របស់​អារក្ស។ (ម៉ាថាយ ២៤:៤៥) យើង​អាច​ការពារ​ខ្លួន​យើង​បាន​ដោយ​ស្គាល់​អស់​ទាំង​កិច្ច​កល​របស់​សាតាំង​ជា​មុន។—កូរិនថូសទី២ ២:១១

២២ ដូច្នេះ សូម​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​នឹង​ការ​វែកញែក​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ ចូរ​ឲ្យ​យើង​ប្ដេជ្ញា​ចិត្ត​ប្រុង​ប្រយ័ត្ន​នឹង​អន្ទាក់​ដែល​មើល​ពុំ​ឃើញ​នៃ​ការ​បញ្ឆោត​ខ្លួន​ឯង។ ហើយ​ចូរ​ឲ្យ​យើង​ទទួល​ស្គាល់​និង​បដិសេធ​ការ​ភូតភរ​ទាំង​ប៉ុន្មាន​របស់​សាតាំង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​«ព្រះ​នៃ​សេចក្ដី​ពិត» ដ្បិត​ទ្រង់​ស្អប់​ខ្ពើម​ការ​ភូតភរ​បោកបញ្ឆោត។—ទំនុកដំកើង ៣១:៥; សុភាសិត ៣:៣២

[កំណត់​សម្គាល់]

^ វគ្គ 5 ស្តី​អំពី​ពាក្យ​ដែល​ជា​កិរិយា​ស័ព្ទ​ដែល​បកប្រែ​ថា​«ឲ្យ​វង្វេង»​នៅ​វិវរណៈ ១២:៩ នោះ​ឯកសារ​យោង​មួយ​ចែង​ថា ពាក្យ​នេះ​«បញ្ជាក់​ពី​ការ​ប្រព្រឹត្ត​ដែល​នៅ​តែ​បន្ត​ធ្វើ គឺ​ជា​ចរិត​របស់​បុគ្គល​ម្នាក់»។

^ វគ្គ 20 បោះពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា

តើ​អ្នក​ចាំ​ឬ​ទេ?

ហេតុ​អ្វី​ក៏​មាន​ការ​ភូតភរ​បោកបញ្ឆោត​ច្រើន​ម្ល៉េះ​ក្នុង​របប​លោកីយ៍​សព្វ​ថ្ងៃ​នេះ?

តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​នឹង​ការ​ភូតភរ​បោកបញ្ឆោត​ដោយ​អ្នក​ក្បត់​ជំនឿ​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​ប្រុង​ប្រយ័ត្ន​យ៉ាង​ណា​នឹង​ការ​ទោរទន់​ទៅ​រក​ការ​បញ្ឆោត​ខ្លួន​ឯង​នោះ?

តើ​យើង​អាច​ជៀស​ពី​ការ​ចាញ់​បោក​នូវ​ការ​ភូតភរ​របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៩]

ចូរ​កុំ​បញ្ឆោត​ខ្លួន​ឯង​ដោយ​ការ​កំសាន្ត​ឡើយ

[រូបភាព​នៅ​ទំព័រ​៣១]

ចំពោះ​ការ​ប្រុង​ប្រយ័ត្ន​នឹង​ការ​បញ្ឆោត​ខ្លួន​ឯង ចូរ​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ដោយ​អធិស្ឋាន និង​ស្ដាប់​អ្នក​ដទៃ ហើយ​ក្រេប​យក​ចំណេះ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ទៀងទាត់