លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូររក្សាភាពស្អាតស្អំខាងសីលធម៌ដោយការពារចិត្ដ

ចូររក្សាភាពស្អាតស្អំខាងសីលធម៌ដោយការពារចិត្ដ

ចូរ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដោយ​ការពារ​ចិត្ត

ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក»។—សុភាសិត ៤:២៣

១​-​៣​. (ក) តើ​មនុស្ស​តែង​តែ​បង្ហាញ​យ៉ាង​ណា​ថា ពួក​គេ​មិន​បាន​អបអរ​នូវ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​នោះ? សូម​ពន្យល់។ (ខ) ហេតុ​អ្វី​ក៏​សំខាន់​ដែល​យើង​ពិនិត្យ​មើល​នូវ​តម្លៃ​នៃ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌?

មាន​គំនូរ​មួយ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ហួស​សម័យ​ហើយ។ បើ​យក​ទៅ​តាំង​ក្នុង​ផ្ទះ ក៏​ប្រហែល​ជា​មិន​សម​នឹង​របៀប​តុបតែង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ម្ចាស់​គំនូរ​មាន​អារម្មណ៍​ថា ខ្លួន​មិន​ត្រូវ​ការ​គំនូរ​នោះ​ទេ។ គំនូរ​នោះ​ឃើញ​តាំង​នៅ​កន្លែង​លក់​វត្ថុ​ចាស់ៗ​ក្នុង​តម្លៃ​តែ​២៩​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ម្ចាស់​ថ្មី​បាន​ដឹង​ថា គំនូរ​នេះ​មាន​តម្លៃ​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​ឯ​ណោះ! ប្រាកដ​ហើយ តាម​ពិត​គំនូរ​នោះ​ជា​ស្នា​ដៃ​ឯក​មួយ​ដែល​មាន​តម្លៃ​ក្រៃលែង។ ចូរ​គិត​នូវ​អារម្មណ៍​របស់​ម្ចាស់​ដើម​ដែល​បាន​ប៉ាន់​ស្មាន​តម្លៃ​គំនូរ​នេះ!

ចំពោះ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ឬ​ភាព​វិសុទ្ធ​របស់​មនុស្ស​ម្នាក់ ក៏​ដូច​គ្នា​នឹង​គំនូរ​នោះ​ដែរ។ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​ខ្លួន​ថា​គ្មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ។ មនុស្ស​ខ្លះ​ចាត់​ទុក​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ជា​អ្វី​ដែល​ហួស​សម័យ គឺ​មិន​សម​នឹង​ជីវភាព​រស់​នៅ​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ ហេតុ​នេះ​ហើយ ពួក​គេ​ក៏​លះបង់​ចោល​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​ខ្លួន ដើម្បី​ទទួល​សំណង​តែ​បន្ដិច​បន្តួច។ អ្នក​ខ្លះ​លះបង់​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដើម្បី​ចំអែត​ការ​ស្រេក​ឃ្លាន​ខាង​កាម​ដែល​មាន​រយៈ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ទៀត​លះបង់​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ឋានៈ​ធំដុំ​ពី​មិត្តភក្ដិ​ឬ​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ភេទ​ផ្ទុយ។—សុភាសិត ១៣:២០

ប៉ុន្តែ ក្រោយ​មក​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​គេ​គឺ​មាន​តម្លៃ​ណាស់ តែ​វា​ហួស​ពេល​បាត់​ទៅ​ហើយ។ ការ​បាត់បង់​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​នេះ​រមែង​នាំ​ឲ្យ​មាន​ក្ដី​អន្តរាយ។ ដូច​ព្រះគម្ពីរ​ចែង​មក នោះ​ផល​នៃ​អំពើ​អសីលធម៌​គឺ​ប្រៀប​នឹង​ជាតិពុល​ដែល​«ល្វីង​ដូច​ជា​ស្លែង»។ (សុភាសិត ៥:៣, ៤) ដោយ​ដឹង​អំពី​ស្ថានភាព​ដ៏​អាក្រក់​ខាង​សីលធម៌​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​អាច​អបអរ​និង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? យើង​នឹង​ពិនិត្យ​មើល​នូវ​ជំហាន​បី​យ៉ាង​ដែល​យើង​អាច​ធ្វើ។

ចូរ​ការពារ​ចិត្ត​របស់​អ្នក

៤​. តើ​ចិត្ត​សំដៅ​ទៅ​លើ​អ្វី? ហើយ​ហេតុ​អ្វី​ក៏​យើង​ត្រូវ​ការពារ​ចិត្ត?

គន្លឹះ​សំខាន់​ចំពោះ​ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ គឺ​ត្រូវ​ការពារ​ចិត្ត​របស់​យើង។ ព្រះគម្ពីរ​ចែង​ថា​៖ «ចូរ​រក្សា​ចិត្ត ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក»។ (សុភាសិត ៤:២៣) តើ​«ចិត្ត»​សំដៅ​ទៅ​លើ​អ្វី? ចិត្ត​សំដៅ​ទៅ​អ្វី​ដែល​នៅ​ខាង​ក្នុង​មនុស្ស ដែល​រួម​បញ្ចូល​គំនិត អារម្មណ៍ និង​ការ​ជំរុញ​ទឹក​ចិត្ត។ ព្រះគម្ពីរ​ចែង​ថា​៖ «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង»។ (ចោទិយកថា ៦:៥) ព្រះយេស៊ូ​បាន​ចាត់​ទុក​បញ្ញត្ដិ​នេះ​គឺ​សំខាន់​ជាង​គេ​បំផុត។ (ម៉ាកុស ១២:២៩, ៣០) ពិត​ណាស់ ចិត្ត​របស់​យើង​គឺ​មាន​តម្លៃ​ក្រៃលែង​ដែល​យើង​ត្រូវ​ការពារ។

៥​. តើ​ចិត្ត​អាច​មាន​តម្លៃ​និង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​យើង​នៅ​ពេល​ដំណាល​គ្នា​យ៉ាង​ដូច​ម្ដេច?

ប៉ុន្តែ ព្រះគម្ពីរ​ក៏​ចែង​ថា​«ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង»។ (យេរេមា ១៧:៩) តើ​ចិត្ត​អាច​ជា​គ្រឿង​បញ្ឆោត ដែល​នាំ​ឲ្យ​យើង​មាន​គ្រោះថ្នាក់​យ៉ាង​ដូច​ម្ដេច? ជា​ឧទាហរណ៍ រថយន្ត​គឺ​ជា​អ្វី​មួយ​ដែល​មាន​តម្លៃ ហើយ​អាច​ជួយ​យើង​ឲ្យ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ម្នាក់​ពេល​មាន​អាសន្ន​កើត​ឡើង។ ប៉ុន្តែ បើ​អ្នក​បើក​មិន​បញ្ជា​រថយន្ត ដោយ​កាច់​ចង្កូត​ជានិច្ច​ទេ​នោះ រថយន្ត​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​បើក​ឬ​មនុស្ស​ដទៃ​ផង​ដែរ។ ដូច​គ្នា​ដែរ បើ​មិន​ការពារ​ចិត្ត​ទេ នោះ​យើង​នឹង​ធ្វើ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ហើយ​ជីវិត​យើង​នឹង​ជួប​បញ្ហា​ជាក់​ជា​ពុំ​ខាន។ ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​៖ «អ្នក​ណា​ដែល​ទីពឹង​តែ​ចិត្ត​ខ្លួន​ឯង នោះ​ជា​អ្នក​ល្ងីល្ងើ​ហើយ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​វិញ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច»។ (សុភាសិត ២៨:២៦) ប្រាកដ​ហើយ អ្នក​អាច​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​និង​គេច​ផុត​ពី​បញ្ហា ប្រសិន​បើ​អ្នក​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ឲ្យ​ណែនាំ​អ្នក ក៏​ដូច​ជា​អ្នក​មើល​ផែនទី​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ​ផង​ដែរ។—ទំនុកដំកើង ១១៩:១០៥

៦, ៧​. (ក) តើ​ភាព​បរិសុទ្ធ​ជា​អ្វី? ហើយ​ហេតុ​អ្វី​ក៏​ភាព​បរិសុទ្ធ​មាន​សារៈ​សំខាន់​ចំពោះ​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា? (ខ) តើ​ហេតុ​អ្វី​ក៏​យើង​ដឹង​ថា មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​សម្ដែង​នូវ​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន?

ចិត្ត​របស់​យើង​នឹង​មិន​រេ​ទៅ​រក​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដោយ​ឯក​ឯង​នោះ​ទេ។ យើង​ត្រូវ​តែ​ណែនាំ​ចិត្ត​ប្រៀប​ដូច​ជា​យើង​កាច់​ចង្កូត​រថយន្ត​ដែរ។ វិធី​មួយ​ដែល​យើង​អាច​ណែនាំ​ចិត្ត​បាន គឺ​ដោយ​គិត​នូវ​តម្លៃ​នៃ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ គុណសម្បត្ដិ​នេះ​គឺ​ទាក់ទង​នឹង​ភាព​បរិសុទ្ធ ភាព​ស្អាត ភាព​វិសុទ្ធ ដាច់​ដោយ​ឡែក​ពី​បាប។ ភាព​បរិសុទ្ធ​ជា​គុណសម្បត្ដិ​ដ៏​មាន​តម្លៃ ដែល​ជា​ធាតុ​ពិត​របស់​ព្រះយេហូវ៉ា​តែ​ម្ដង។ ខគម្ពីរ​ជា​ច្រើន​ផ្សារ​ភ្ជាប់​ភាព​បរិសុទ្ធ​ជា​មួយ​នឹង​ព្រះយេហូវ៉ា។ តាម​ការ​ពិត ព្រះគម្ពីរ​ចែង​ថា​«ភាព​បរិសុទ្ធ​ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ (និក្ខមនំ ២៨:៣៦, ព.ថ.) ក៏​ប៉ុន្តែ តើ​គុណសម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​នេះ​ទាក់ទង​នឹង​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​យ៉ាង​ដូច​ម្ដេច?

ព្រះយេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​ថា​៖ «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»។ (ពេត្រុសទី១ ១:១៦) ប្រាកដ​ហើយ យើង​អាច​យក​តម្រាប់​តាម​ភាព​បរិសុទ្ធ​របស់​ព្រះយេហូវ៉ា។ យើង​អាច​មាន​ភាព​ស្អាត​ស្អំ​នៅ​ចំពោះ​ទ្រង់ ហើយ​អាច​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​យើង។ ដូច្នេះ កាល​ណា​យើង​មិន​ធ្វើ​អ្វីដែល​មិន​ស្អាត​ស្អំ​ហើយ​ស្មោកគ្រោក នោះ​យើង​សង្ឃឹម​ទទួល​នូវ​ឱកាស​ដ៏​អស្ចារ្យ ពោល​គឺ​ឱកាស​ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នូវ​គុណសម្បត្ដិ​ដ៏​ថ្លៃ​ថ្លា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត! (អេភេសូរ ៥:១) យើង​មិន​គួរ​សន្មត​ថា យើង​គ្មាន​សមត្ថភាព​ធ្វើ​ដូច្នេះ​នោះ​ទេ ដ្បិត​ព្រះយេហូវ៉ា​ប្រកប​ដោយ​ប្រាជ្ញា និង​ជា​ព្រះ​ដែល​ចេះ​យោគ​យល់ នោះ​ទ្រង់​មិន​តម្រូវ​អ្វី​ដែល​យើង​ធ្វើ​ពុំ​កើត​នោះ​ទេ។ (ទំនុកដំកើង ១០៣:១៣, ១៤; យ៉ាកុប ៣:១៧) ពិត​មែន ការ​រក្សា​ឲ្យ​មាន​ភាព​បរិសុទ្ធ​ខាង​វិញ្ញាណ​និង​ខាង​សីលធម៌ តម្រូវ​ឲ្យ​យើង​ខំ​ព្យាយាម។ សាវ័ក​ប៉ុល​បាន​កត់​សម្គាល់​ថា​«ចិត្ត​ស្មោះសរ​និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ​គ្រីស្ត»។ (កូរិនថូសទី២ ១១:៣, ខ.ស.) យើង​មាន​កាតព្វកិច្ច​ចំពោះ​ព្រះ​គ្រីស្ទ​និង​ព្រះ​វរបិតា​ទ្រង់ ឲ្យ​ខំ​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​យើង មែន​ទេ? ដ្បិត​ទ្រង់​ទាំង​ពីរ​អង្គ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​តប​ចំពោះ​ទ្រង់​ទៅ​ទៀត។ (យ៉ូហាន ៣:១៦; ១៥:១៣) គឺ​សម​ឲ្យ​យើង​បង្ហាញ​នូវ​កតញ្ញូ​ធម៌​របស់​យើង ដោយ​រស់​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌។ ដោយ​ចាត់​ទុក​ការ​រក្សា​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ជា​វិធី​ដែល​អាច​បង្ហាញ​នូវ​កតញ្ញូ​ធម៌​ចំពោះ​ទ្រង់ នោះ​យើង​នឹង​ចាត់​ទុក​គុណសម្បត្ដិ​នេះ​ជា​អ្វី​ដែល​មាន​តម្លៃ ហើយ​យើង​នឹង​ការពារ​ចិត្ត​របស់​យើង។

៨​. (ក) តើ​យើង​អាច​បំប៉ន​ចិត្ត​របស់​យើង​ដោយ​អ្វី? (ខ) តើ​ការ​សន្ទនា​របស់​យើង​អាច​សម្ដែង​ឲ្យ​ឃើញ​ពី​សន្ដាន​ចិត្ត​របស់​យើង​យ៉ាង​ណា?

យើង​ក៏​ការពារ​ចិត្ត​របស់​យើង តាម​រយៈ​ម្ហូបអាហារ​ខាង​វិញ្ញាណ​ដែល​យើង​ទទួល។ យើង​ត្រូវ​តែ​បំប៉ន​ចិត្ត​គំនិត​ដោយ​ទទួល​យក​អាហារ​ខាង​វិញ្ញាណ​ជា​ទៀងទាត់​ផង​ដែរ ដោយ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះរាជាណាចក្រ​របស់​ព្រះ។ (កូល៉ុស ៣:២) យើង​ក៏​ត្រូវ​បង្ហាញ​នូវ​ការ​ប្រមូល​អារម្មណ៍​នោះ​តាម​រយៈ​ការ​សន្ទនា​របស់​យើង​ដែរ។ បើ​យើង​មាន​ឈ្មោះ​ជា​អ្នក​ដែល​និយាយ​តែ​អំពី​រឿង​ខាង​សាច់​ឈាម រឿង​អសីលធម៌ នោះ​បង្ហាញ​នូវ​សន្ដាន​ចិត្ត​របស់​យើង។ (លូកា ៦:៤៥) ផ្ទុយ​ទៅ​វិញ សូម​ឲ្យ​យើង​មាន​ឈ្មោះ​ជា​អ្នក​ដែល​និយាយ​អំពី​រឿង​ខាង​វិញ្ញាណ គឺ​ជា​រឿង​ដែល​លើក​ទឹក​ចិត្ត។ (អេភេសូរ ៥:៣) យើង​ត្រូវ​ជៀសវាង​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដើម្បី​ការពារ​ចិត្ត​របស់​យើង។ ចូរ​ពិនិត្យ​មើល​នូវ​គ្រោះថ្នាក់​ពីរ​យ៉ាង។

ចូរ​រត់​ពី​ការ​សហាយ​ស្មន់​ចេញ

៩​-​១១​. (ក) តើ​ហេតុ​អ្វី​ក៏​អស់​អ្នក​ដែល​មិន​អើពើ​ឱវាទ​នៅ​កូរិនថូសទី១ ៦:១៨ ទំនង​ជា​នឹង​ប្រព្រឹត្ត​អំពើ​អសីលធម៌​នោះ? សូម​ពន្យល់។ (ខ) ប្រសិន​បើ​យើង​ចង់​រត់​ចេញ​ពី​ការ​សហាយ​ស្មន់ តើ​យើង​ត្រូវ​ជៀសវាង​ពី​អ្វី? (គ) តើ​យ៉ូប​ដែល​ជា​មនុស្ស​ស្មោះ​ត្រង់​បាន​ទុក​គំរូ​ដ៏​ល្អ​អស្ចារ្យ​យ៉ាង​ណា?

ព្រះយេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាវ័ក​ប៉ុល​សរសេរ​នូវ​ឱវាទ​ខ្លះៗ ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ការពារ​ចិត្ត និង​រក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​រត់​ពី​ការ​សហាយ​ស្មន់​ចេញ»។ (កូរិនថូសទី១ ៦:១៨) ចូរ​កត់​សម្គាល់​ថា សាវ័ក​ប៉ុល​មិន​គ្រាន់​តែ​និយាយ «ចូរ​ជៀស​ពី​ការ​សហាយ​ស្មន់»​តែ​ប៉ុណ្ណោះ​ទេ។ ពួក​គ្រីស្ទាន​ត្រូវ​តែ​ធ្វើ​ច្រើន​ជាង​ទៀត។ ពួក​គេ​គួរ​តែ​រត់​ចេញ​ពី​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌ ក៏​ដូច​ជា​ពួក​គេ​រត់​ចេញ​ពី​គ្រោះថ្នាក់​ដែល​អាច​គំរាម​កំហែង​ជីវិត​ដែរ។ ប្រសិន​បើ​មិន​អើពើ​នឹង​ឱវាទ​នោះ យើង​នឹង​បង្កើន​លទ្ធភាព​ប្រព្រឹត្ត​អំពើ​អសីលធម៌​ច្រើន​ជាង ហើយ​លែង​មាន​ព្រះ​គុណ​របស់​ព្រះ​ទៀត។

១០ ជា​ឧទាហរណ៍ ម្ដាយ​ម្នាក់​បាន​បោក​ខោ​អាវ​ឲ្យ​កូន​ប្រុស​តូច​របស់​គាត់​ស្លៀក​ពាក់​សំរាប់​ពិធី​ដ៏​សំខាន់​មួយ។ កូន​នេះ​សុំ​ម្ដាយ​លេង​នៅ​ខាង​ក្រៅ​មុន​នឹង​គ្រួសារ​ចេញ​ដំណើរ​ទៅ ហើយ​ម្ដាយ​ក៏​យល់​ស្រប តែ​គាត់​បាន​ដាក់​លក្ខខណ្ឌ​មួយ។ ម្ដាយ​ពោល​ថា​៖ «កុំ​ទៅ​លេង​ជិតគ្រលុក​ទឹក​ឡើយ។ បើ​កូន​ប្រឡាក់​ភក់ កូន​នឹង​ទទួល​ពិន័យ»។ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ​មក គាត់​ឃើញ​កូន​ប្រុស​កំពុង​តែ​អង្គុយ​ចោងហោង​នៅ​ជិត​គ្រលុក​នោះ​តែ​ម្ដង។ កូន​នោះ​មិន​ទាន់​ប្រឡាក់​ភក់​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​កូន​នោះ​មិន​បាន​ស្ដាប់​ការ​ព្រមាន​របស់​ម្ដាយ​ដែល​ហាម​ទៅ​ជិតគ្រលុក​នោះ ហើយ​កូន​នោះ​នឹង​ត្រូវ​ប្រឡាក់​ភក់​ជា​ពុំ​ខាន។ (សុភាសិត ២២:១៥) យុវ​វ័យ​និង​មនុស្ស​ពេញ​វ័យ​ជា​ច្រើន​ដែល​មិន​ប្រយ័ត្ន​ខ្លួន ក៏​ធ្វើ​ខុស​ដូច​កូន​ប្រុស​ក្នុង​ឧទាហរណ៍​នេះ​ដែរ។ តើ​យ៉ាង​ដូច​ម្ដេច​ទៅ?

១១ ក្នុង​សម័យ​នេះ មនុស្ស​ជា​ច្រើន​ជក់​«ងប់​នឹង​តណ្ហា​ថោកទាប» ហើយ​ក៏​មាន​ពាណិជ្ជកម្ម​ថ្មី​ដែល​ផ្សាយ​អំពី​ការ​រួម​ភេទ​ខុស​ច្បាប់​ទម្លាប់។ (រ៉ូម ១:២៦, ២៧, ខ.ស.) រូប​អាសអាភាស​មាន​ពាស​ពេញ​ក្នុង​ទស្សនាវដ្ដី សៀវភៅ វីដេអូ​និង​តាម​ប្រព័ន្ធ​អ៊ិនថឺណិត។ អស់​អ្នក​ដែល​មើល​រូប​ទាំង​នោះ គឺ​មិន​មែន​រត់​ចេញ​ពី​ការ​សហាយ​ស្មន់​ឡើយ។ ពួក​គេ​លលេង​នឹង​អំពើ​សហាយ​ស្មន់​ដោយ​ប្រៀប​ដូច​កូន​ក្មេង​នោះ​អង្គុយ​ចោងហោង​នៅ​ជិត​គ្រលុក ហើយ​មិន​អើពើ​ការ​ព្រមាន​ក្នុង​ព្រះគម្ពីរ​ទេ។ ជាជាង​ការពារ​ចិត្ត នោះ​ពួក​គេ​បំពុល​ចិត្ត​ដោយ​មើល​រូបអាសអាភាស ដែល​អាច​នឹង​ស្ថិត​ជាប់​ក្នុង​គំនិត​គេ​យ៉ាង​យូរ។ (សុភាសិត ៦:២៧) សូម​ឲ្យ​យើង​រៀន​ពី​គំរូ​របស់​លោក​យ៉ូប ដែល​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​នឹង​ភ្នែក​របស់​គាត់ ដោយ​មិន​មើល​អ្វី​ដែល​អាច​ល្បួង​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (យ៉ូប ៣១:១) ត្រូវ​ហើយ យើង​គួរ​តែ​យក​តម្រាប់​តាម​គំរូ​របស់​យ៉ូប​មែន!

១២​. តើ​គូ​គ្រីស្ទាន​អាច​«រត់​ពី​ការ​សហាយ​ស្មន់​ចេញ»​ក្នុង​កំឡុង​ដើរ​លេង​ជា​គូ​យ៉ាង​ដូច​ម្ដេច?

១២ ក្នុង​កំឡុង​ពេល​ដើរ​លេង​ជា​គូ នោះ​យើង​ចាំបាច់​ត្រូវ​«រត់​ពី​ការ​សហាយ​ស្មន់​ចេញ»។ ក្នុង​កំឡុង​ពេល​ដើរ​លេង​ជា​គូ នេះ​គួរ​ជា​គ្រា​ដ៏​សប្បាយ​រីករាយ​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម។ ប៉ុន្តែ គូ​ខ្លះ​ដែល​នៅ​វ័យ​ក្មេង​បាន​ធ្វើ​ឲ្យ​គ្រា​នេះ​ទៅ​ជា​មិន​សប្បាយ​វិញ ដោយ​លលេង​នឹង​អំពើ​អសីលធម៌។ ដោយសារ​តែ​ដូច្នេះ ពួក​គេ​មិន​បាន​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ដ៏​ប្រសើរ​ចំពោះ​អាពាហ៍ពិពាហ៍​ដ៏​ល្អ ដែល​ជា​ចំណង​មេត្រី​ដែល​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ ការ​ចេះ​ទប់​ចិត្ត​និង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ បុរស​និង​ស្ត្រី​មួយ​គូ​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ក្នុង​កំឡុង​ដើរ​លេង​ជា​គូ។ ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ ភរិយា​នេះ​បាន​សារភាព​ថា មនសិការ​បាន​ធ្វើ​ទុក្ខ​គាត់​រហូត​ដល់​ធ្វើ​ឲ្យ​គាត់​មិន​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ គាត់​បាន​សារភាព​ថា​៖ «ខ្ញុំ​បាន​សុំ​ឲ្យ​ព្រះយេហូវ៉ា​អភ័យទោស​ជា​ច្រើន​ដង ប៉ុន្តែ​ទោះ​ជា​ពេល​វេលា​បាន​កន្លង​អស់​ប្រាំ​ពីរ​ឆ្នាំ​ហើយ​ក៏​មនសិការ​នៅ​តែ​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ​ដែរ»។ ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាំង​នេះ គួរ​ស្វែង​រក​ជំនួយ​ពី​អ្នក​ចាស់​ទុំ​គ្រីស្ទាន។ (យ៉ាកុប ៥:១៤, ១៥) ទោះ​ជា​យ៉ាង​ណា​ក៏​គូ​ស្វាមី​ភរិយា​ជា​ច្រើន​គូ​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា និង​ជៀសវាង​នូវ​គ្រោះថ្នាក់​ទាំង​នេះ​ក្នុង​កាល​ដើរ​លេង​ជា​គូ។ (សុភាសិត ២២:៣) ពួក​គេ​បាន​ដាក់​កំរិត​ចំពោះ​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់។ ពេល​នៅ​ជា​មួយ​គ្នា នោះ​ពួក​គាត់​មាន​បុគ្គល​ម្នាក់​ទៀត​មក​ជា​មួយ​ដែរ ហើយ​ជៀសវាង​ពី​ការ​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​នៅ​កន្លែង​ស្ងាត់។

១៣​. ហេតុអ្វី​គ្រីស្ទាន​មិន​គួរ​ដើរ​លេង​ជា​គូ​ជា​មួយ​បុគ្គល​ដែល​មិន​បំរើ​ព្រះយេហូវ៉ា?

១៣ ចំពោះ​គ្រីស្ទាន​ណា​ដែល​ចាប់​អារម្មណ៍​ដើរ​លេង​ជា​គូ​ជា​មួយ​នឹង​បុគ្គល​មិន​បំរើ​ព្រះយេហូវ៉ា នោះ​នឹង​ប្រឈម​មុខ​បញ្ហា​យ៉ាង​ធំ។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​រៀប​ការ​ជា​មួយ​បុគ្គល​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​កើត? គឺ​សំខាន់​ចាំបាច់​ដែល​គ្រីស្ទាន​រៀប​ការ​ជា​មួយ​តែ​បុគ្គល​ស្រឡាញ់​ព្រះយេហូវ៉ា និង​គោរព​ខ្នាត​តម្រា​នៃ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។ បន្ទូល​របស់​ព្រះ​ប្រាប់​យើង​ថា​៖ «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក​ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត​នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ​នឹង​ងងឹត​លាយឡំ​គ្នា​ដូច​ម្ដេច​បាន?»។—កូរិនថូសទី២ ៦:១៤

១៤, ១៥​. (ក) តើ​មនុស្ស​ខ្លះ​យល់​ខុស​យ៉ាង​ណា​ស្តី​អំពី​អត្ថន័យ​នៃ​«ការ​សហាយ​ស្មន់»? (ខ) តើ​ពាក្យ​«សហាយ​ស្មន់»​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​ណា​ខ្លះ? ហើយ​តើ​ពួក​គ្រីស្ទាន​អាច​«រត់​ពី​ការ​សហាយ​ស្មន់​ចេញ»​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ក៏​ត្រូវ​ការ​ចាំបាច់​នូវ​ចំណេះ​ដែរ។ យើង​មិន​អាច​រត់​ចេញ​ពី​ការ​សហាយ​ស្មន់​បាន​ទេ ប្រសិន​បើ​យើង​មិន​ដឹង​ពិត​ពី​អ្វី​ដែល​ហៅ​ថា​ការ​សហាយ​ស្មន់​នោះ។ មនុស្ស​ខ្លះ​ក្នុង​លោកីយ៍​នេះ​បាន​គិត​ខុស​ចំពោះ​អត្ថន័យ​នៃ​«ការ​សហាយ​ស្មន់»។ ពួក​គេ​គិត​ថា​អាច​ចំអែត​ការ​ស្រេក​ឃ្លាន​ខាង​កាម​ដោយ​ឥត​រៀប​ការ ឲ្យ​តែ​ពួកគេ​ជៀសវាង​ពី​ការ​រួមភេទ​នោះ។ សូម្បីតែ​ស្ថាប័ន​ខ្លះ​ផ្នែក​សុខភាព​ដែល​សង្គម​មនុស្ស​គោរព បាន​រក​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ពួក​យុវ​វ័យ ហើយ​បាន​លើក​ទឹក​ចិត្ត​យុវ​វ័យ​ឲ្យ​រួម​ភេទ​ខុស​ពី​ធម្មតា​ដែល​ថា​នេះ​ជា​វិធី​បង្ការ​មិន​ឲ្យ​មាន​ផ្ទៃពោះ។ ឱវាទ​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​សោះ​ឡើយ។ ការ​បង្ការ​មិន​ឲ្យ​មាន​ផ្ទៃពោះ​ដោយ​ឥត​រៀប​ការ គឺ​មិន​ដូច​គ្នា​នឹង​ការ​ការពារ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ទេ ហើយ​ន័យ​ពិត​ប្រាកដ​នៃ​«ការ​សហាយ​ស្មន់»​គឺ​មិន​មាន​ន័យ​តែ​ប៉ុណ្ណឹង​នោះ​ឡើយ។

១៥ ពាក្យ​ក្រិច​ភរនៀរ ដែល​ត្រូវ​បកប្រែ​ថា​«សហាយ​ស្មន់» មាន​ន័យ​ទូលំទូលាយ។ ពាក្យ​ភរនៀរទាក់ទង​នឹង​ការ​រួមភេទ​រវាង​មនុស្ស​ដែល​មិន​បាន​រៀបការ​នឹង​គ្នា និង​សំដៅ​ទៅ​ការ​ប្រើ​កេរ​ខ្មាស​តាម​របៀប​មិន​ត្រឹម​ត្រូវ។ ពាក្យ​ភរនៀរ​រួម​បញ្ចូល​ការ​រួម​ភេទ​តាម​មាត់ ការ​រួម​ភេទ​តាម​ផ្លូវ​បាទ និង​ការ​ស្ទាប​អង្អែល​នូវ​សរីរាង្គ​ភេទ​របស់​អ្នក​ឯ​ទៀត ហើយ​នេះ​ជា​ការ​ប្រព្រឹត្ត​ដែល​គេ​និយម​ធ្វើ​នៅ​តាម​ផ្ទះ​បន។ មនុស្ស​ណា​ដែល​គិត​ថា​ការ​ប្រព្រឹត្ត​ទាំង​នេះ​មិន​មែន​ជា​«ការ​សហាយ​ស្មន់» គឺ​បញ្ឆោត​ខ្លួន​ឯង​ហើយ​និង​ក៏​ជាប់​អន្ទាក់​មួយ​របស់​សាតាំង​ដែរ។ (ធីម៉ូថេ​ទី២ ២:២៦) ម្យ៉ាង​ទៀត ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​រួម​បញ្ចូល​ច្រើន​ទៀត មិន​មែន​គ្រាន់​តែ​ជៀស​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​ហៅ​ថា​អំពើ​សហាយ​ស្មន់​នោះ​ទេ។ ដើម្បី​«រត់​ពី​ការ​សហាយ​ស្មន់​ចេញ» យើង​ត្រូវ​តែ​បដិសេធ​ការ​ប្រព្រឹត្ត​ស្មោកគ្រោក​ខាង​កាម និង​ការ​ប្រព្រឹត្ត​អាសអាភាស ដែល​អាច​នាំ​ឲ្យ​យើង​ទៅ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​លាមក ពោល​គឺ​ការ​ប្រព្រឹត្ត​អំពើ​ភរនៀរ។ (អេភេសូរ ៤:១៩) តាម​របៀប​នេះ យើង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌។

កុំ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នៃ​ការ​ចែចង់

១៦​. តើ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ខាង​ស្នេហា​ជា​មួយ​នឹង​គ្នា​គឺ​សមរម្យ​ក្នុង​កាលៈទេសៈ​ណា? ហើយ​តើ​ឧទាហរណ៍​ក្នុង​ព្រះគម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា?

១៦ ប្រសិន​បើ​យើង​ចង់​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ នោះ​គ្រោះ​ថ្នាក់​ទីពីរ​ដែល​យើង​ត្រូវ​ប្រយ័ត្ន​គឺ​ការ​ចែចង់។ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា​ការ​ចែចង់​គឺ​មិន​ខុស​អ្វី​ទេ ជា​ការ​លេង​សើច​រវាង​មនុស្ស​ភេទ​ផ្ទុយ។ មែន​ហើយ គឺ​មាន​ពេល​និង​កន្លែង​ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ខាង​ស្នេហា។ មាន​គេ​ដែល​បាន​សង្កេត​ឃើញ​អ៊ីសាក​និង​រេបិកា​«កំពុង​ប្រឡែង»​ជា​មួយ​នឹង​គ្នា ហើយ​គេ​ឃើញ​ជាក់​ស្តែង​ថា ពួក​គាត់​មិន​មែន​ជា​បងប្អូន​ប្រុស​ស្រី​គ្នា​នោះ​ទេ។ (លោកុប្បត្តិ ២៦:៧​-​៩) ពួក​គេ​ជា​គូ​ស្វាមី​ភរិយា។ ការ​ប្រឡែង​គ្នា​ដោយ​ក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់​គឺ​សម​ត្រឹម​ត្រូវ។ ប៉ុន្តែ ការ​ចែចង់​គឺ​ខុស​គ្នា។

១៧​. តើ​ការ​ចែចង់​ជា​អ្វី? ហើយ​តើ​យើង​អាច​ជៀសវាង​ពី​ការ​ចែចង់​នេះ​បាន​យ៉ាង​ដូច​ម្ដេច?

១៧ ការ​ចែចង់​ត្រូវ​បកស្រាយ​ថា ជា​ការ​បង្ហាញ​ឲ្យ​បុគ្គល​ម្នាក់​ទៀត​នឹក​ស្មាន​ថា យើង​ចាប់​ចិត្ត​ស្រឡាញ់​គេ តែ​តាម​ពិត​យើង​គ្មាន​បំណង​ចង់​រៀប​ការ​ជា​មួយ​អ្នក​នោះ​ឡើយ។ មនុស្ស​ជាតិ​គឺ​មាន​ភាព​ស្មុគស្មាញ​ណាស់ ដូច្នេះ​ប្រាកដ​ជា​មាន​វិធី​ច្រើន​ចំពោះ​ការ​ចែចង់ ហើយ​វិធី​ខ្លះ​ពុំ​អាច​កត់​សម្គាល់​បាន​ឡើយ។ (សុភាសិត ៣០:១៨, ១៩) យើង​ពុំ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​ប្រើ​ច្បាប់​តឹងរ៉ឹង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ត្រូវ​ការ​នូវ​អ្វី​ដែល​ប្រសើរ​ជាង​ច្បាប់​នោះ​ទៅ​ទៀត។ យើង​ត្រូវ​តែ​ចេះ​គិត​ពិចារណា​អំពី​ខ្លួន​ឯង​ដោយ​ចិត្ត​ស្មោះ​និង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ។

១៨​. តើ​អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​ខ្លះ​ចែចង់​នោះ? ហើយ​ហេតុ​អ្វី​ក៏​ការ​ចែចង់​នេះ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់?

១៨ បើ​គិត​ពិចារណា​អំពី​អារម្មណ៍​របស់​យើង​ដោយ​ចិត្ត​ស្មោះ យើង​ភាគ​ច្រើន​នឹង​ត្រូវ​សារភាព​ថា ពេល​ដឹង​ថា​មនុស្ស​ភេទ​ផ្ទុយ​ចាប់​ចិត្ត​ស្រឡាញ់​យើង នោះ​យើង​រំភើប​ចិត្ត​ណាស់។ ហើយ​នេះ​ជា​អារម្មណ៍​ធម្មតា។ ប៉ុន្តែ តើ​យើង​ចែចង់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​ក្នុង​បំណង​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ជា​មួយ​គេ​ឬ​ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​នឹង​យើង​នោះ? បើ​ដូច្នេះ​មែន តើ​យើង​បាន​គិត​ពី​ការ​ឈឺចាប់​ដែល​យើង​កំពុង​តែ​ធ្វើ​ចំពោះ​គេ​ទេ? ជា​ឧទាហរណ៍ សុភាសិត ១៣:១២ ចែង​ថា​៖ «សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត»។ ប្រសិន​បើ​យើង​មាន​ចេតនា​ចែចង់​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់ នោះ​យើង​ប្រហែល​ជា​ពុំ​ដឹង​ថា​បុគ្គល​នោះ​មាន​អារម្មណ៍​យ៉ាង​ណា​ទេ។ គាត់​ប្រហែល​ជា​សង្ឃឹម​អំពី​ការ​ដើរ​លេង​ជា​គូ និង​ក្រោយ​មក​គិត​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​ទៀត​ផង។ ការ​ខក​ចិត្ត​នោះ​គឺ​ធ្វើ​ឲ្យ​គាត់​ខូច​ចិត្ត​ខ្លាំង​ណាស់។ (សុភាសិត ១៨:១៤) ការ​លលេង​នឹង​អារម្មណ៍​របស់​អ្នក​ដទៃ​ដោយ​ចេតនា​គឺ​ជា​ការ​គ្មាន​ក្ដី​មេត្ដា​ឡើយ។

១៩​. តើ​ការ​ចែចង់​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​មាន​គ្រោះថ្នាក់​យ៉ាង​ណា?

១៩ គឺ​សំខាន់​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ជៀសវាង​ចែចង់​ជា​មួយ​នឹង​បុគ្គល​ដែល​រៀប​ការ​ហើយ។ ការ​បង្ហាញ​ឲ្យ​មនុស្ស​រៀប​ការ​ហើយ​ដឹង​ថា​យើង​ចាប់​ចិត្ត​ស្រឡាញ់​គេ ឬ​អ្នក​ដែល​រៀប​ការ​ហើយ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ស្រឡាញ់​បុគ្គល​ម្នាក់​ទៀត នោះ​គឺ​ជា​ការ​ខុស​ទាំង​ស្រុង។ គួរ​ឲ្យ​ស្ដាយ​មែន គ្រីស្ទាន​ខ្លះ​បាន​យល់​ខុស​ថា ការ​បណ្ដុះ​អារម្មណ៍​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយ​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន គឺ​មិន​ខុស​នោះ​ទេ។ មនុស្ស​ខ្លះ​ដែល​រៀប​ការ​ហើយ​បាន​ប្រាប់​នូវ​កង្វល់​ផ្ទាល់​ខ្លួន​ដល់​មិត្ត​ម្នាក់ គឺ​មនុស្ស​ភេទ​ផ្ទុយ​ដែល​គេ​មាន​អារម្មណ៍​ស្រឡាញ់​នោះ ព្រម​ទាំង​ប្រាប់​រឿង​សម្ងាត់​ដល់​គាត់​តែ​ពុំ​ប្រាប់​គូ​របស់​ខ្លួន​នោះ​ទេ។ ជា​លទ្ធផល ក៏​មាន​ការ​ចាប់​ចិត្ត​ស្រឡាញ់ ទាំង​ពឹង​លើ​បុគ្គល​ម្នាក់​នោះ​ខាង​ផ្លូវ​ចិត្ត ហើយ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នោះ គឺ​ពួក​គេ​នឹង​លែង​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ទៀត​ឬ​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍​តែ​ម្ដង។ យក​ល្អ​គ្រីស្ទាន​ដែល​រៀប​ការ​ហើយ​ត្រូវ​ចង​ចាំ​ការ​ព្រមាន​ដែល​មាន​ប្រាជ្ញា​របស់​ព្រះ​យេស៊ូ​អំពី​ការ​ផិត​គ្នា ដែល​បាន​ចាប់​ផ្ដើម​ក្នុង​ចិត្ត។ (ម៉ាថាយ ៥:២៨) ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ការពារ​ចិត្ត​និង​ជៀស​ពី​ស្ថានការណ៍​ដែល​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់។

២០​. តើ​យើង​គួរ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ណា​ចំពោះ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌?

២០ ប្រាកដ​ហើយ ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ក្នុង​ពិភពលោក​ដែល​ពេញ​ដោយ​អំពើ​អសីលធម៌ គឺ​មិន​មែន​ជា​ការ​ស្រួល​នោះ​ទេ។ ប៉ុន្តែ ចូរ​ចង​ចាំ​ថា ការ​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​គឺ​ស្រួល​ជាង​ការ​ខំ​ស្ដារ​ឡើង​វិញ​ចំពោះ​អ្វី​ដែល​បាន​បាត់បង់។ មែន​ហើយ ព្រះយេហូវ៉ា​អាច​«អត់​ទោស​ឲ្យ​ជា​បរិបូរ» ហើយ​អាច​សំអាត​អស់​អ្នក​ដែល​ពិត​ជា​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន។ (អេសាយ ៥៥:៧) យ៉ាង​ណា​ក៏ដោយ ព្រះយេហូវ៉ា​មិន​ការពារ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌ ឲ្យ​ពួក​គេ​រួច​ពី​ផល​នៃ​ការ​ប្រព្រឹត្ត​របស់​គេ​នោះ​ទេ។ ផល​នៃ​ការ​ប្រព្រឹត្ត​នោះ​គឺ​អាច​មាន​ជា​យូរ ជួន​កាល​អាច​មាន​អស់​មួយ​ជីវិត​ផង។ (សាំយូអែលទី២ ១២:៩​-​១២) ដូច្នេះ​ហើយ សូម​យើង​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដោយ​ការពារ​ចិត្ត​របស់​យើង។ ចូរ​ចាត់​ទុក​ជំហរ​ដ៏​ស្អាត​ស្អំ​ខាង​សីលធម៌​របស់​អ្នក​ចំពោះ​ព្រះយេហូវ៉ា ជា​រតនៈ​សម្បត្ដិ​ដ៏​មាន​តម្លៃ​ចុះ! ហើយ​កុំ​ឲ្យ​បាត់បង់​នូវ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ឲ្យ​សោះ!

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ជា​អ្វី? ហើយ​ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ?

តើ​យើង​ត្រូវ​ការពារ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

តើ​ការ​រត់​ចេញ​ពី​ការ​សហាយ​ស្មន់​រួម​បញ្ចូល​អ្វី​ខ្លះ?

ហេតុ​អ្វី​ក៏​យើង​ត្រូវ​បដិសេធ​ការ​ចែចង់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

រថយន្ត​មួយ​អាច​មាន​គ្រោះថ្នាក់ បើ​មិន​កាច់​ចង្កូត​ឲ្យ​បាន​ស្រួលបួល

[រូបភាព​នៅ​ទំព័រ​២៤]

តើ​អាច​មាន​អ្វី​កើត​ឡើង​បើ​យើង​មិន​អើពើ​នឹង​ការ​ព្រមាន?