លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសាសនាជាដើមហេតុនៃបញ្ហាមនុស្សជាតិឬ?

តើសាសនាជាដើមហេតុនៃបញ្ហាមនុស្សជាតិឬ?

តើ​សាសនា​ជា​ដើម​ហេតុ​នៃ​បញ្ហា​មនុស្ស​ជាតិ​ឬ?

​«សាសនាញុះញង់​ឲ្យ​ទាស់ទែង​គ្នា ហើយ​អស់​ពី​ញុះញង់​នោះ បាន​ត្រឡប់​ជា​ធ្វើ​ឲ្យ​មនសិការ​មនុស្ស​ដូច​ជា​ស្ពឹក និង​បង្វិល​ខួរ​ពួក​គេ​ដោយ​ប្រើ​រឿង​រវើរវាយ​ដែល​បំបែរ​អារម្មណ៍​ចេញ​ពី​បញ្ហា​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ . . . សាសនា​ធ្វើ​ឲ្យ​មនុស្ស​មិន​ចេះ​ត្រាប្រណី នាំ​ឲ្យ​កាន់​ជំនឿ​ឆ្វេង ថែម​ទាំង​នាំ​ឲ្យ​មាន​ចិត្ត​ពោរពេញ​ដោយ​ក្ដី​ស្អប់​និង​ការ​ភ័យ​ខ្លាច»។ នេះ​ជា​សំនេ​រ​របស់​អតីត​សាសនទូត​ម្នាក់​ខាង​សាសនា​មិ​ត​សូឌិ​ស។ គាត់​ក៏​សរសេរ​បន្ថែម​ថា​៖ «ចំណោទ​នេះ​គឺ​ពិត​មែន។ សាសនា​ក៏​មាន​អាក្រក់​និង ល្អ​ផង​ដែរ»។—Start Your Own Religion

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា ‹នេះ​គឺ​ជា​ការ​រិះគន់​ដោយ​អយុត្ដិធម៌›។ ប៉ុន្តែ ហេតុ​ការណ៍​ក្នុង​ប្រវត្ដិសាស្ត្រ​បញ្ជាក់​ថា​ចំណោទ​នេះ​គឺ​ពិត​ណាស់។ ក្នុង​អត្ថបទ​នេះ​ពាក្យ​សាសនា​សំដៅ​លើ​ការ​បំរើ​និង​ថ្វាយ​បង្គំ​ព្រះ​ឬ​ក៏​អ្វី​ដ៏​អធិធម្មជាតិ ហើយ​អ្វីៗ​ភាគ​ច្រើន​ដែល​សាសនា​ធ្លាប់​ប្រព្រឹត្ត គឺ​គួរ​ឲ្យ​រន្ធត់​ណាស់។ សាសនា​គួរ​បំភ្លឺ​ចំណេះ​ដឹង​និង​ជំរុញ​ទឹក​ចិត្ត​របស់​មនុស្ស។ ប៉ុន្តែ ភាគ​ច្រើន​អ្វី​ដែល​សាសនា​ធ្វើ​គឺ​បង្កើត​ឲ្យ​មាន​តែ​ការ​ទាស់ទែង​គ្នា ការ​មិន​ចេះ​ត្រាប្រណី និង​ការ​ស្អប់​គ្នា​វិញ។ ហេតុ​អ្វី​ក៏​ដូច្នេះ?

«ទេវតា​នៃ​ពន្លឺ»​នាំ​ឲ្យ​វង្វេង

យោង​ទៅ​តាម​ព្រះ​គម្ពីរ ចម្លើយ​ចំពោះ​សំនួរ​នេះ​គឺ​ស្រួល​យល់​ណាស់។ អារក្ស​សាតាំង​បាន​ធ្វើ​ពុត​ជា​«ទេវតា​នៃ​ពន្លឺ» ហើយ​នាំ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​វង្វេង​តាម​សេចក្ដី​បង្រៀន​របស់​វា ជាជាង​សេចក្ដី​បង្រៀន​របស់​ព្រះ។ (កូរិនថូសទី២ ១១:១៤) សាវ័ក​យ៉ូហាន​បង្ហាញ​ថា​អានុភាព​របស់​សាតាំង​គឺ​ខ្លាំង​រហូត​ដល់​ធ្វើ​ឲ្យ​«លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ (យ៉ូហានទី១ ៥:១៩) យ៉ូហាន​ដឹង​ថា សាតាំង​កំពុង​«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។—វិវរណៈ ១២:៩

តើ​អានុភាព​នេះ​បង្កើត​ផល​អ្វី​ខ្លះ? សាតាំង​បាន​នាំ​មក​នូវ​សាសនា​ផ្សេងៗ​ដែល​មើល​ទៅ​ដូច​ជា​ល្អ។ សាសនា​ទាំង​នោះ​«សំដែង​អាការ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ» ប៉ុន្តែ​សភាព​ពិត​របស់​គេ​គឺ​ស​ឲ្យ​ឃើញ​ដោយ​ផល​អាក្រក់​ដែល​បង្កើត​មក។ (ធីម៉ូថេទី២ ៣:៥, ខ.​ស.; ម៉ាថាយ ៧:១៥​-​២០) តាម​ពិត ជាជាង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស សាសនា​បែរ​ជា​ដើម​ហេតុ​មួយ​នៃ​បញ្ហា​ទាំង​នោះ​វិញ។

សូម​កុំ​បដិសេធ​ភ្លាមៗ​ថា​នេះ​គឺ​មិន​សម​ហេតុ​សម​ផល​នោះ។ សូម​ចាំ​ថា ដើម្បី​បញ្ឆោត​អ្នក​ណា​ម្នាក់​អ្នក​បញ្ឆោត​នោះ​មិន​ធ្វើ​ឲ្យ​គេ​ដឹង​ខ្លួន​ថា ខ្លួន​គេ​ត្រូវ​នាំ​ឲ្យ​វង្វេង​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​ឲ្យ​ឧទាហរណ៍​អំពី​រឿង​នេះ​នៅ​ពេល​គាត់​សរសេរ​ថា​៖ «របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ»។ (កូរិនថូស​ទី១ ១០:២០) មនុស្ស​ទាំង​នោះ​ទំនង​ជា​នឹង​ភ្ញាក់ផ្អើល​ណាស់ បើ​ដឹង​ថា​ពួក​គេ​កំពុង​តែ​ថ្វាយ​បង្គំ​ពួក​អារក្ស។ ពួក​គេ​នឹក​ស្មាន​ថា​ខ្លួន​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​មួយ​ដ៏​ល្អ។ ក៏​ប៉ុន្តែ ការ​ពិត ពួក​គេ​ត្រូវ​បាន​បញ្ឆោត​ដោយ​«អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់»​ដែល​គាំទ្រ​អារក្ស​ក្នុង​ការ​ខំ​ប្រឹង​នាំ​មនុស្ស​ឲ្យ​វង្វេង។—អេភេសូរ ៦:១២

ជា​ឧទាហរណ៍ សូម​យើង​ពិចារណា​របៀប​សាតាំង​បាន​បញ្ឆោត​និង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង​ដោយ​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន ពេល​ដែល​ពួក​គេ​មិន​ព្រម​ជឿ​តាម​ការ​ព្រមាន​របស់​សាវ័ក​យ៉ូហាន​អំពី​អានុភាព​អាក្រក់​របស់​វា។—កូរិនថូសទី១ ១០:១២

អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន នោះ​មក​ពី​ព្រះ

ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ»។ (យ៉ូហាន ៧:១៦) ប្រាកដ​ហើយ អ្វី​ដែល​ព្រះ​យេស៊ូ​បង្រៀន​មក​ពី​ព្រះ​ដែល​មាន​ព្រះ​ចេស្ដា​បំផុត។ ដូច្នេះ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ជួយ​បំភ្លឺ​ដល់​អ្នក​ដែល​ស្ដាប់​ទ្រង់។ សេចក្ដី​បង្រៀន​របស់​ទ្រង់​មិន​បាន‹ធ្វើ​ឲ្យ​មនសិការ​មនុស្ស​ដូច​ជា​ស្ពឹក​ឬ​បង្វិល​ខួរ​ដោយ​រឿង​រវើរវាយ​ដែល​បំបែរ​អារម្មណ៍​ចេញ​ពី​បញ្ហា​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ›ទេ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​បាន​ប្រោស​មនុស្ស​ឲ្យ​រួច​ពីសេចក្ដី​មិន​ពិត​ខាង​សាសនា​និង​ទស្សនវិជ្ជា​របស់​លោកីយ៍ ដែល​មនុស្ស​បង្កើត​ដោយ​«គំនិត​គេ​ត្រូវ​បង្អាប់»​ពី​ការ​បញ្ឆោត​របស់​អារក្ស។—អេភេសូរ ៤:១៨; ម៉ាថាយ ១៥:១៤; យ៉ូហាន ៨:៣១, ៣២

គ្រីស្ទាន​ដ៏​ពិត​មិន​មែន​សម្គាល់​ដោយ​គ្រាន់​តែ​អះអាង​ថា​ពួក​គេ​គោរព​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួក​គេ​ត្រូវ​សម្គាល់​ដោយ​ជំនឿ​ដែល​សម្ដែង​ចេញ​ជា​គុណសម្បត្ដិ​ល្អ​ប្រសើរ​បង្កើត​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ (កាឡាទី ៥:២២, ២៣; យ៉ាកុប ១:២២; ២:២៦) ក្នុង​ចំណោម​គុណសម្បត្ដិ​ទាំង​នោះ គុណសម្បត្ដិ​ប្រសើរ​បំផុត​ដែល​ជា​លក្ខណៈ​សម្គាល់​ជន​គ្រីស្ទាន​ពិត គឺ​ជា​សេចក្ដី​ស្រឡាញ់។—យ៉ូហាន ១៣:៣៤, ៣៥

ប៉ុន្តែ សូម​កត់​សម្គាល់​ចំណុច​សំខាន់​នេះ: ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់​បាន​ដឹង​ថា​ក្រុមជំនុំ​គ្រីស្ទាន​នឹង​មិន​មាន​សភាព​ដូច​ដើម​ជានិច្ច​នោះ​ទេ។ ទ្រង់​និង​ពួក​សាវ័ក​ដឹង​ថា​នឹង​មាន​ការ​ក្បត់​ជំនឿ​ដែល​នឹង​បិទ​បាំង​សាសនា​ដ៏​ពិត​អស់​មួយ​រយៈ។

សាសនា​ដ៏​ពិត​ត្រូវ​បិទ​បាំង​អស់​មួយ​រយៈ

ព្រះ​យេស៊ូ​បាន​រៀប​រាប់​រឿង​ប្រៀបប្រដូច​មួយ​អំពី​ស្រូវសាលី​និង​ស្រងែ ដែល​ជា​ទំនាយ​ទាយ​ថា​សាសនា​ពិត​នឹង​ត្រូវ​បិទ​បាំង​អស់មួយ​រយៈ។ សូម​អញ្ជើញ​អាន​កំណត់​ហេតុ​នោះ​ដោយ​ខ្លួន​ឯង​នៅ​ម៉ាថាយ ១៣:​២៤​-​៣០, ៣៦​-​៤៣។ ព្រះ​យេស៊ូ​បាន​ព្រោះ​ពូជ​ស្រូវសាលី​ក្នុង​វាល​ស្រែ គឺ​«ពូជ​ល្អ»​ដែល​តំណាង​សិស្ស​ស្មោះ​ភក្ដី​របស់​ទ្រង់​ដែល​ជា​សមាជិក​ក្រុមជំនុំ​គ្រីស្ទាន​ដើម។ ទ្រង់​បាន​ព្រមាន​ថា​«សត្រូវ»​ម្នាក់ គឺ​អារក្ស​សាតាំង នឹង​មក​ក្រោយ​ហើយ​ព្រោះ​«ស្រងែ»​ក្នុង​ស្រែ​ដែល​មាន​ស្រូវសាលី ដែល​ស្រងែ​នេះ​តំណាង​មនុស្ស​ដែល​អះអាង​ថា​ខ្លួន​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ ប៉ុន្តែ តាម​ការ​ពិត​ពួក​គេ​បដិសេធ​សេចក្ដី​បង្រៀន​របស់​ទ្រង់។

មិន​យូរ​ក្រោយ​សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ស្លាប់​នោះ មនុស្ស​ដែល​ជា​«ស្រងែ»​បាន​លេច​មក ដោយ​និយម​ការ​អធិប្បាយ​ទំនាស់​ខុស​របស់​មនុស្ស ជាជាង​«ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (យេរេមា ៨:៨, ៩; កិច្ចការ ២០:២៩, ៣០) ជា​លទ្ធផល មាន​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​ខុស​ចាក​សេចក្ដី​ពិត​លេច​មក​ក្នុង​ពិភពលោក។ គ្រីស្ទ​សាសនា​ប្រភេទ​នោះ​ត្រូវ​ដឹក​នាំ​ដោយ​អ្វី​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​«អា​ទទឹង​ច្បាប់» សំដៅ​ទៅ​ពួក​បព្វជិត​អាក្រក់​ដែល​ខ្លួន​គេ​ក៏​ពោរពេញ​ដោយ​«គ្រប់​ទាំង​សេចក្ដី​ឆបោក​របស់​សេចក្ដី​ទុច្ចរិត»។ (ថែស្សាឡូនីចទី២ ២:៦​-​​១០) ព្រះ​យេស៊ូ​បាន​ទាយ​ថា សភាព​ការណ៍​នេះ​នឹង​ត្រូវ​កែ​ប្រែ​នៅ​ពេល​«ដល់​បំផុត​កល្ប»​ឬ​ទីបញ្ចប់​នៃ​របប​លោកីយ៍។ ជន​គ្រីស្ទាន​ដែល​តំណាង​ដោយ​ស្រូវសាលី​នឹង​ត្រូវ​បង្រួបបង្រួម​ឲ្យ​មាន​សាមគ្គីភាព ចំណែក​«ស្រងែ»​វិញ វា​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ទីបំផុត។

គឺ​ជា​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​ទេ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​«រាប់​រយ​ឆ្នាំ​នៃ​អំពើ​ឃោរឃៅ​ព្រៃផ្សៃ»​នេះ​និង​ភាព​ងងឹត​ងងុល​ខាង​ជំនឿ​សាសនា​ដែល​បាន​គ្រប​ដណ្ដប់​ពិភព​គ្រីស្ទ​សាសនា​អស់​រាប់​រយ​ឆ្នាំ។ សាវ័ក​ពេត្រុស​បាន​ឃើញ​ទុក​ជា​មុន​នូវ​ព្រឹត្ដិការណ៍​នេះ ថែម​ទាំង​អំពើ​ឃោរឃៅ​និង​អំពើ​លា​មក​អាក្រក់​ឯ​ទៀត​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អាង​សាសនា​តាំង​ពី​ពេល​គ្រីស្ទ​សាសនា​ក្លែង​ក្លាយ​បាន​លេច​មក។ ហេតុ​នេះ​គាត់​បាន​ទាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ «ផ្លូវ​ពិត​នឹង​ត្រូវ​សេចក្ដី​ប្រមាថ​មើល​ងាយ ដោយ​ព្រោះ[អ្នក​ដែល​អះអាង​ថា​ខ្លួន​គ្រីស្ទាន]»។—ពេត្រុស​ទី២ ២:១, ២

«សាសនា​ដែល​បង្រៀន​ឲ្យ​ចេះ​ឃោរឃៅ​និង​ចេះ​ស្អប់​គ្នា»

មិន​មែន​គ្រីស្ទ​សាសនា​ប៉ុណ្ណោះ​ទេ​ដែល​បាន​ធ្វើ​ឲ្យ​សាសនា​មាន​កេរ្ដិ៍​ឈ្មោះ​អាក្រក់​នោះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​អ្នក​ដែល​ប្រកាន់​សាសនា​យ៉ាង​ម៉ឺងម៉ាត់​សម្ដែង​នូវ​«ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ដោយ​សកម្ម​ប្រយុទ្ធ» គឺ​ជា​អ្វី​ដែល​លោក​ស្រី​ការិន អា​មស្ត្រង​ជា​អតីត​ដូនជី​មាន​ប្រសាសន៍​ថា​«សាសនា​ធំៗ​ទាំង​អស់»​កំពុង​តែ​ធ្វើ​ដូច​នេះ។ យោង​ទៅ​តាម​លោក​ស្រី​អា​មស្ត្រង វិធី​សំខាន់​មួយ​ដើម្បី​សាកល្បង​សាសនា​ណា​មួយ គឺ​ត្រូវ​មើល​ថា​តើ​សាសនា​នោះ​នាំ​ឲ្យ​សមាជិក​«ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្ដាករុណា»​ឬ​ក៏​យ៉ាង​ណា​នោះ។ តើ​អ្នក​កាន់​សាសនា​ដែល​ម៉ឺងម៉ាត់​នោះ​ធ្លាប់​ធ្វើ​យ៉ាង​ណា​ស្តី​អំពី​រឿង​នេះ? លោក​ស្រី​សរសេរ​បន្ត​ថា​៖ «បើ​សាកល្បង​ឃើញ​ថា​សាសនា​ដែល​ម៉ឺងម៉ាត់​ណា​មួយ​បង្រៀន​ឲ្យ​ចេះ​ឃោរឃៅ​និង​ចេះ​ស្អប់​គ្នា មិន​ថា​សាសនា​យូដា គ្រីស្ទ​សាសនា ឬ​មូស្លីម​ក្ដី សាសនា​នោះ​បាន​បរាជ័យ​ក្នុង​ការ​នាំ​ឲ្យ​ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្ដាករុណា»។ (The Battle for God—Fundamentalism in Judaism, Christianity and Islam) ប៉ុន្តែ តើ​មាន​តែ​«សាសនា​ដែល​ម៉ឺងម៉ាត់»​ប៉ុណ្ណោះ​ឬ​ដែល​បាន​បរាជ័យ​និង​បាន​«បង្រៀន​ឲ្យ​ចេះ​ឃោរឃៅ​និង​ចេះ​ស្អប់​គ្នា»​នោះ? ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា​មិន​ដូច្នេះ​ទេ។

ការ​ពិត សាតាំង​បាន​កសាង​ចក្រភព​សាសនា​មិន​ពិត​ទូទាំង​ពិភពលោក ដែល​សម្គាល់​ដោយ​អំពើ​ឃោរឃៅ ការ​ស្អប់​គ្នា និង​ការ​បង្ហូរ​ឈាម​មិន​ចេះ​ចប់។ ព្រះ​គម្ពីរ​ហៅ​ចក្រភព​នេះ​ជា​«បាប៊ីឡូន​ដ៏​ជា​ធំ ជា​ម្ដាយ​នៃ . . . អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»​ហើយ​ត្រូវ​ពណ៌នា​ជា​ស្រី​សំផឹង​ដែល​ជិះ​សត្វ​មួយ ដែល​សត្វ​នោះ​តំណាង​ប្រព័ន្ធ​នយោបាយ។ គួរ​ឲ្យ​កត់​សម្គាល់​ថា បាប៊ីឡូន​ដ៏​ធំ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​«ឈាម​នៃ​អស់​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​នៅ​ផែនដី»។—វិវរណៈ ១៧:៤​-​៦; ១៨:២៤

មិន​មែន​មនុស្ស​ទាំង​អស់​បាន​បញ្ឆោត​ទេ

ប៉ុន្តែ ប្រវត្ដិសាស្ត្រ​ឲ្យ​ដឹង​ថា មិន​មែន​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បញ្ឆោត​ទេ។ លោក មេ​លវិន ប្រាក កត់​សម្គាល់​ថា​៖ «សូម្បីតែ​នៅ​គ្រា​អាប់​អួ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ធ្វើ​អំពើ​ល្អ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​នៅ​ជុំវិញ​ពួក​គេ​គឺ​មនុស្ស​ទុច្ចរិត​ក្ដី»។ គ្រីស្ទាន​ដ៏​ពិត​បាន​បន្ត​«ថ្វាយ​បង្គំ[ព្រះ]ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត»។ (យ៉ូហាន ៤:២១​-​២៤) ពួក​គេ​ខុស​ស្រឡះ​ពី​ប្រព័ន្ធ​សាសនា​ទូទាំង​ពិភពលោក​ដែល​បាន​លក់​ខ្លួន​ទៅ​«ជា​អ្នក​គាំទ្រ​កម្លាំង​យោធា»។ គ្រីស្ទាន​ដ៏​ពិត​ទាំង​នោះ មិន​ព្រម​ចូល​ធ្វើ​បក្ខ​សម្ព័ន្ធ​រវាង​សាសនា​និង​នយោបាយ​ដែល​ប្រវត្ដិសាស្ត្រ​បង្ហាញ​ជា​«សម្ព័ន្ធ​ភាព​បង្កើត​ដោយ​សាតាំង​ជាជាង​សម្ព័ន្ធ​ភាព​បង្កើត​ដោយ​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត»។—Two Thousand Years—The Second Millennium: From Medieval Christendom to Global Christianity

នៅ​ពេល​ថ្មីៗ​នេះ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​សម្គាល់​ជា​ទូទៅ​ដោយសារ​ពួក​គេ​មាន​ឥទ្ធិពល​ល្អ។ ដើម្បី​រក្សា​កុំ​ឲ្យ​ល្អក់​កករ​ដោយ​សាសនា​ក្លែង​ក្លាយ​នោះ ជំនឿ​និង​សកម្មភាព​របស់​ពួក​គេ​មាន​មូលដ្ឋាន​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​ដែល​ទ្រង់​បណ្ដាល​ឲ្យ​សរសេរ គឺ​ព្រះគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ហើយ​ដូច​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ ពួក​គេ​បាន​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​ថា​មិន​ត្រូវ​«ជា​របស់​ផង​លោកីយ»។ (យ៉ូហាន ១៥:១៧​-​១៩; ១៧:១៤​-​១៦) ជា​ឧទាហរណ៍ នៅ​ប្រទេស​អា​ឡឺម៉ង់​ពួក​គេ​មិន​ព្រម​បោះបង់​ចោល​គោលការណ៍​គ្រីស្ទាន​ទេ។ ហេតុ​នេះ យោង​ទៅ​តាម​មនោគម​វិជ្ជា​របស់​ពួក​ណា​ស៊ី ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​គួរ​ទទួល​នូវ​ការ​ត្រាប្រណី​នោះ​ទេ។ ហ៊ីត្លែ​បាន​ស្អប់​ពួក​គេ​ដោយសារ​តែ​មូលហេតុ​នេះ។ សៀវភៅ​សាលា​រៀន​មួយ​ប្រាប់​ថា​៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា . . . បាន​កាន់​តាម​សេចក្ដី​បង្រៀន​ក្នុង​ព្រះ​គម្ពីរ​ដែល​មិន​ប្រើ​ប្រដាប់​អាវុធ​សោះ ទោះ​ជា​ក្នុង​នាម​បុព្វ​ហេតុ​ណា​មួយ​ក៏​ដោយ។ ដូច្នេះ ពួក​គេ​មិន​ព្រម​បំរើ​ជា​ទាហាន​ឬ​មាន​ទំនាក់ទំនង​អ្វី​សោះ​នឹង​ពួក​ណា​ស៊ី។ ជា​ការ​តប​ស្នង ពួក​ណា​ស៊ី​បាន​ចាប់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មួយ​គ្រួសារៗ​ហើយ​ដាក់​គុក។ ប្រហែល​មួយ​ភាគ​បី​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទាំង​អស់[នៅ​ប្រទេស​អា​ឡឺម៉ង់]ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ជំរំ​ឃុំ​ឃាំង»។—Germany—1918-45

ពិត​ណាស់​ថា ក្នុង​សាសនា​ឯ​ទៀត ក៏​មាន​មនុស្ស​ក្លាហាន​ដែល​បាន​រងទុក្ខ​ដោយសារ​ជំនឿ​របស់​ខ្លួន​ដែរ។ ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ដោយ​សាមគ្គីភាព​ក្នុង​ជំនឿ​សាសនា​តែ​មួយ។ ប្រាកដ​ជា​ពួក​គេ​ភាគ​ច្រើន​បាន​កាន់​ខ្ជាប់​តាម​គោលការណ៍​បឋម​មួយ​ដែល​ថា ពួក​គេ​ត្រូវ​«ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។—កិច្ចការ ៥:២៩; ម៉ាកុស ១២:១៧

ដើម​ហេតុ​នៃ​បញ្ហា

ដូច្នេះ ការ​និយាយ​ថា​សាសនា​ជា​ដើម​ហេតុ​នៃ​បញ្ហា​មនុស្ស​ជាតិ មិន​មែន​ជា​ការ​ពិត​ទាំង​ស្រុង​នោះ​ទេ។ គឺ​សាសនា​មិន​ពិត​ជា​ដើម​ហេតុវិញ។ ក៏​ប៉ុន្តែ ព្រះ​មាន​បំណង​ឲ្យ​បំបាត់​សាសនា​មិន​ពិត​ចោល​ចេញ​បន្ដិច​ទៀត។ (វិវរណៈ ១៧:១៦, ១៧; ១៨:២១) ទ្រង់​បង្គាប់​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​យុត្ដិធម៌​និង​សេចក្ដី​សុចរិត​ថា​៖ «រាស្ត្រ​អញ​អើយ! ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក[គឺ​បាប៊ីឡូន​ដ៏​ធំ​ដែល​តំណាង​ចក្រភព​សាសនា​មិន​ពិត] ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា»។ (វិវរណៈ ១៨:៤, ៥) ពិត​ណាស់! ព្រះ​អង្គ​ទ្រង់​មាន​សេចក្ដី​ក្រោធ​ណាស់​ចំពោះ​សាសនា​ដែល​‹ញុះញង់​ឲ្យ​ទាស់ទែង​គ្នា ធ្វើ​ឲ្យ​មនសិការ​មនុស្ស​ដូច​ជា​ស្ពឹក បង្វិល​ខួរ​ពួក​គេ​ដោយ​ប្រើ​រឿង​រវើរវាយ​ដែល​បំបែរ​អារម្មណ៍​ចេញ​ពី​បញ្ហា​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​មនុស្ស​មិន​ចេះ​ត្រាប្រណី នាំ​ឲ្យ​កាន់​ជំនឿ​ឆ្វេង ថែម​ទាំង​នាំ​ឲ្យ​មាន​ចិត្ត​ពោរពេញ​ដោយ​ក្ដី​ស្អប់​និង​ការ​ភ័យ​ខ្លាច›។

ចន្លោះ​ពេល​នោះ ព្រះ​បាន​បង្រួបបង្រួម​អ្នក​ដែល​ស្រឡាញ់​សេចក្ដី​ពិត​ឲ្យ​ចូល​ក្នុង​សាសនា​ដ៏​ពិត។ សាសនា​នោះ​ជា​សាសនា​ដែល​កាន់​តាម​គោលការណ៍​និង​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត​ហើយ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ យុត្ដិធម៌ និង​សេចក្ដី​មេត្ដាករុណា។ (មីកា ៤:១, ២; សេផានា ៣:៨, ៩; ម៉ាថាយ ១៣:៣០) អ្នក​ក៏​អាច​ចូល​រួម​ក្នុង​នេះ​ដែរ។ បើ​អ្នក​ចង់​បាន​ពត៌មាន​ថែម​ទៀត​អំពី​របៀប​សម្គាល់​សាសនា​ដ៏​ពិត សូម​ផ្ញើ​សំបុត្រ​ស្នើ​សុំ​ពត៌មាន​ថែម​ទៀត​ពី​អ្នក​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ ឬ​ក៏​សួរ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ណា​ម្នាក់។