លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសាសនាមានឥទ្ធិពលល្អឬក៏អាក្រក់?

តើសាសនាមានឥទ្ធិពលល្អឬក៏អាក្រក់?

តើ​សាសនាមាន​ឥទ្ធិពល​ល្អ​ឬ​ក៏​អាក្រក់?

​«ខ្ញុំ​ជំពាក់​គ្រីស្ទ​សាសនា​ហើយ​ក៏​ជឿ​ថា ពិភពលោក​របស់​យើង​នេះ​តាំង​ពី​២០០០​ឆ្នាំ​មុន​ក៏​ជំពាក់​គ្រីស្ទ​សាសនា​ដែរ»។—បុព្វកថា​របស់​សៀវភៅ​ចំណង​ជើង​ថា​ពីរ​ពាន់​ឆ្នាំ​—សហស្សវត្សរ៍​ដំបូង:កំណើត​នៃ​គ្រីស្ទ​សាសនា​រហូត​ដល់​សង្គ្រាម​សាសនា

ប្រសាសន៍​ខាង​លើ​នេះ​គឺ​របស់​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ មេ​លវិន ប្រាក ដែល​ជា​អ្នក​និពន្ធ​និង​អ្នក​ផ្សាយ​ពត៌មាន។ ប្រសាសន៍​របស់​លោក គាំទ្រ​សាសនា​ដែល​អះអាង​ថា​ជា​គ្រីស្ទ​សាសនា ហើយ​ក៏​ដូច​ជា​អារម្មណ៍​របស់​មនុស្ស​រាប់​លាន​នាក់​ទៀត​ដែរ​ដែល​ថា គេ​ត្រូវ​ស្មោះ​នឹង​សាសនា​ណា​មួយ ថែម​ទាំង​ក៏​ជំពាក់​សាសនា​នោះ​ដែរ ដោយ​ព្រោះ​សាសនា​នោះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​ពួក​គេ។ ពួក​គេ​ជឿជាក់​ថា សាសនា​បាន​មាន​ឥទ្ធិពល​ល្អ​ណាស់​ទៅ​លើ​ជីវិត​ពួក​គេ។ ជា​ឧទាហរណ៍ អ្នក​និពន្ធ​ម្នាក់​សរសេរ​ថា សាសនា​អ៊ីស្លាម​«បាន​បណ្ដាល​ឲ្យ​មាន​អរិយធម៌​ដ៏​រុងរឿង . . . [ដែល​បាន]ផ្ដល់​ផល​ប្រយោជន៍​ដល់​ពិភពលោក​ទាំង​មូល»។

តើ​តួ​នាទី​របស់​សាសនា​គឺ​ល្អ​ឬ​ក៏​អាក្រក់?

ក៏​ប៉ុន្តែ ប្រសាសន៍​បន្តបន្ទាប់​របស់​លោក​ប្រាក​នាំ​ឲ្យ​ឆ្ងល់​ថា តើ​សាសនា​ទូទៅ​ពិត​ជា​មាន​ឥទ្ធិពល​ល្អ​ឬ​ក៏​យ៉ាង​ណា។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «គ្រីស្ទ​សាសនា​ក៏​ជំពាក់​ខ្ញុំ​អ្វី​មួយ​ដែរ គឺ​ជំពាក់​ខ្ញុំ​ការ​ពន្យល់​មួយ»។ តើ​គាត់​ចង់​ឲ្យ​គ្រីស្ទ​សាសនា​ពន្យល់​អ្វី? «គ្រីស្ទ​សាសនា​ត្រូវ​ពន្យល់​ខ្ញុំ​អំពី​មូលហេតុ​ដែល​សាសនា​នោះ​ប្រកប​ដោយ​ការ​មិន​ចេះ​ត្រាប្រណី អំពើ​ទុច្ចរិត អំពើ​អមនុស្សធម៌ និង​ការ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ស្ទើរតែ​តាំង​ពី​កំណើត​មក​ម្ល៉េះ»។

មនុស្ស​ជា​ច្រើន​នឹង​យល់​ស្រប​ថា ក្នុង​ប្រវត្ដិសាស្ត្រ​ពិភពលោក​ការ​មិន​ចេះ​ត្រាប្រណី អំពើ​ទុច្ចរិត អំពើ​អមនុស្សធម៌ និង​ការ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ជា​លក្ខណៈ​ធម្មតា​នៃ​សាសនា​ភាគ​ច្រើន។ តាម​ទស្សនៈ​របស់​ពួក​គេ សាសនា​មើល​ទៅ​ហាក់​ដូច​ជា​អ្វី​ដែល​ជួយ​ផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស​ជាតិ តែ​គុណធម៌​និង​ភាព​បរិសុទ្ធ​របស់​វា​គ្រាន់​តែ​ជា​សំបក​ក្រៅ​ទេ ការ​ពិត​វា​ពោរពេញ​ដោយ​ពុត​ត្បុត​និង​សេចក្ដី​ភូតភរ។ (ម៉ាថាយ ២៣:២៧, ២៨) សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា​៖ «គ្មាន​ពាក្យ​ណា​ដែល​យើង​ឃើញ​ជា​ញឹកញយ​ក្នុង​សំនេ​រ​របស់​មនុស្ស​ដូច​ពាក្យ​ថា សាសនា​មាន​តម្លៃ​វិសេស​ក្នុង​អរិយធម៌​ទេ។ ហើយ​គ្មាន​ពាក្យ​ណា​ដែល​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា​គឺ​មិន​ពិត​ដូច​ពាក្យ​នោះ​ដែរ»។—A Rationalist Encyclopædia

បើ​អ្នក​អាន​កាសែត​ណា​មួយ​ថ្ងៃ​នេះ អ្នក​នឹង​ឃើញ​ឧទាហរណ៍​ជា​ច្រើន​រាប់​ពុំ​អស់​អំពី​អ្នក​ដឹក​នាំ​សាសនា​ដែល​ផ្សព្វផ្សាយ​ពី​សេចក្ដី​ស្រឡាញ់ សន្ដិភាព និង​សេចក្ដី​មេត្ដាករុណា ប៉ុន្តែ​ក៏​អុជ​អាល​ឲ្យ​មនុស្ស​ស្អប់​គ្នា ហើយ​យក​ព្រះ​នាម​ព្រះ​ជា​ទី​សំអាង​នៃ​ចំបាំង​ដ៏​ឃោរឃៅ​របស់​ពួក​គេ។ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​មនុស្ស​មាន​អារម្មណ៍​ថា សាសនា​ច្រើន​តែ​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ជីវិត​មនុស្ស។

បើ​គ្មាន​សាសនា​សោះ តើ​នឹង​មាន​ស្ថានភាព​ល្អ​ជាង​ឬ?

មនុស្ស​ខ្លះ​បាន​សន្និដ្ឋាន​ដូច​លោក បឺត្រេន រឹសិល ទស្សនវិទូ​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​លោក​ថា បើ​ទៅ​មុខ​ទៀត​«លែង​មាន​សាសនា​សព្វ​បែប​យ៉ាង»​តែ​ម្ដង គឺ​ជា​ការ​ល្អ​ហើយ។ តាម​ទស្សនៈ​របស់​ពួក​គេ ការ​បំបាត់​ចោល​គ្រប់​សាសនា​ទាំង​អស់​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​របស់​មនុស្ស​ជាតិ។ ក៏​ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​ចង់​បំភ្លេច​ថា អ្នក​ដែល​បដិសេធ​សាសនា​ទាំង​អស់​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ស្អប់​គ្នា​និង​ការ​មិន​ត្រាប្រណី​ដូច​អ្នក​ដែល​កាន់​សាសនា​ដែរ។ លោក​ស្រី ការិន អាមស្ត្រង ដែល​ជា​អ្នក​និពន្ធ​អំពី​រឿង​សាសនា គាត់​រំឭក​យើង​ថា​៖ «យ៉ាង​ហោច​ណាស់ ការ​សម្លាប់​រង្គាល​ដោយ​លោក​ហ៊ីត្លែ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មនោគម​វិជ្ជា​ដែល​មិន​ទាក់ទង​សាសនា​ក៏​អាច​នាំ​ឲ្យ​មាន​ការ​សម្លាប់​គ្នា​ដូច​សង្គ្រាម​សាសនា​មួយ​ដែរ»។—The Battle for God—Fundamentalism in Judaism, Christianity and Islam

ដូច្នេះ តើ​សាសនា​ពិត​ជា​មាន​ឥទ្ធិពល​ល្អ​ឬ? ឬ​មួយ​ក៏​តាម​ការ​ពិត តើ​សាសនា​ជា​ដើម​ហេតុ​នៃ​បញ្ហា​ជា​ច្រើន​របស់​មនុស្ស​ជាតិ​ទៅ​វិញ? តើ​ការ​បំបាត់​ចោល​នូវ​សាសនា​ទាំង​អស់​ជា​វិធី​ដោះ​ស្រាយ​ឬ? សូម​ពិចារណា​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បញ្ជាក់​អំពី​រឿង​នេះ​ក្នុង​អត្ថបទ​បន្តបន្ទាប់។ អ្នក​ប្រហែល​ជា​នឹង​ភ្ញាក់ផ្អើល​ពេល​ឃើញ​ចម្លើយ​អំពី​នេះ។