លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងរាល់ថ្ងៃ

ព្រះយេហូវ៉ាផ្គត់ផ្គង់សេចក្ដីត្រូវការរបស់យើងរាល់ថ្ងៃ

ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់សេចក្ដី​ត្រូវ​ការ​របស់​យើង​រាល់​ថ្ងៃ

«កុំ​ថប់​បារម្ភ​ឡើយ ដ្បិត . . . ព្រះ​វរបិតា​នៃ​អ្នក​ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ»។—លូកា ១២:២៩, ៣០

១​. តើ​ព្រះ​យេហូវ៉ា​ទំនុកបំរុង​សត្វ​យ៉ាង​ដូច​ម្ដេច?

តើ​អ្នក​ធ្លាប់​ឃើញ​ចាប​ឬ​សត្វ​ស្លាប​ណា​ផ្សេង​ទៀត​ដើរ​ចឹក​ដី​ឬ​ទេ? អ្នក​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ថា ដី​នោះ​មាន​ចំណី​អ្វី​បាន​ជា​វា​ចឹក​ដូច្នោះ។ ពេល​ព្រះ​យេស៊ូ​ថ្លែង​ធម្មទាន​លើ​ភ្នំ ទ្រង់​ពន្យល់​ថា​យើង​អាច​ទាញ​យក​មេ​រៀន​មួយ​ពី​ការ​ពិចារណា​របៀប​ព្រះ​យេហូវ៉ា​ចិញ្ចឹម​សត្វ​ស្លាប។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាប​ព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​ដំឡៃ​លើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី?»។ (ម៉ាថាយ ៦: ២៦) តាម​របៀប​ដ៏​អស្ចារ្យ ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​ចំណី​សំរាប់​សត្តនិករ​ទាំង​អស់​របស់​ទ្រង់។—ទំនុកដំកើង ១០៤:១៤, ២១; ១៤៧:៩

២, ៣​. ដោយសារ​ព្រះ​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​សុំ​អាហារ​សំរាប់​ថ្ងៃ​និមួយៗ​នោះ តើ​នោះ​បង្កប់​នូវ​មេ​រៀន​អំពី​រឿង​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​យើង​អាច​ទាញ​យក​មក​ពិចារណា?

បើ​ដូច្នេះ​មែន ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​រួម​បញ្ចូល​សំណូម​ពរ​នេះ​ថា​៖ «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ» ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​នូវ​សេចក្ដី​អធិស្ឋាន​គំរូ​នោះ? (ម៉ាថាយ ៦:១១) សំណូម​ពរ​ដ៏​ខ្លី​នេះ​បង្កប់​នូវ​មេ​រៀន​ជ្រាល​ជ្រៅ​អំពី​រឿង​ខាង​វិញ្ញាណ​ដែល​យើង​អាច​ទាញ​យក​មក​ពិចារណា។ ទី​មួយ សំណូម​ពរ​នេះ​រំឭក​យើង​ឲ្យ​ចាំ​ថា អ្វីៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ នោះ​មក​ពី​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១៤៥:១៥, ១៦) មនុស្ស​ជាតិ​អាច​សាប​ព្រោះ​បាន ប៉ុន្តែ​មាន​តែ​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​ដុះដាល មិន​ថា​ខាង​វិញ្ញាណ​ឬ​អ្វីៗ​នៅ​ក្នុង​ធម្មជាតិ​ក្ដី។ (កូរិនថូសទី១ ៣:៧) អ្វី​ដែល​យើង​បរិភោគ​និង​ផឹក​ជា​អំណោយ​ពី​ព្រះ។ (កិច្ចការ ១៤:១៧) ការ​សុំ​ទ្រង់​ផ្គត់ផ្គង់​អ្វី​ដែល​យើង​ត្រូវ​ការ​រាល់​ថ្ងៃ​បង្ហាញ​ថា យើង​មាន​កតញ្ញូ​ធម៌​ដោយសារ​អ្វីៗ​ទ្រង់​ផ្គត់ផ្គង់។ ប៉ុន្តែ​សំណូម​ពរ​នេះ​មិន​មាន​ន័យ​ថា យើង​មិន​ចាំបាច់​ធ្វើ​ការ​នោះ​ទេ។—អេភេសូរ ៤:២៨; ថែស្សាឡូនីចទី២ ៣:១០

ទីពីរ ការ​សុំ​«អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ»​បញ្ជាក់​ថា យើង​មិន​គួរ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ថ្ងៃ​អនាគត​ទេ។ ព្រះ​យេស៊ូ​ក៏​បាន​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា តើ​ត្រូវ​បរិភោគ​អ្វី ឬ​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ ដែល​ខំ​ស្វែង​រក​របស់​ទាំង​នោះ​វិញ ឯ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង ដូច្នេះ​កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង»។ (ម៉ាថាយ ៦:៣១​-​៣៤) សំណូម​ពរ​ឲ្យ​បាន‹អាហារ​ដែល​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ› ជា​គំរូ​ដែល​ជួយ​រក្សា​ជីវភាព​ឲ្យ​បាន​សាមញ្ញ​និង​ប្រកប​ដោយ​«ការ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់»។—ធីម៉ូថេ​ទី១ ៦:៦​-​៨

អាហារ​ខាង​វិញ្ញាណ​ត្រូវ​ប្រទាន​រាល់​ថ្ងៃ

៤​. ក្នុង​កំឡុង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​និង​ជីវិត​របស់​ជនជាតិ​អ៊ីស្រាអែល តើ​មាន​អ្វី​កើត​ឡើង​ដែល​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​អាហារ​ខាង​វិញ្ញាណ?

ពេល​ដែល​យើង​អធិស្ឋាន​សុំ​អាហារ​ប្រចាំ​ថ្ងៃ នោះ​គួរ​រំឭក​យើង​ថា យើង​ក៏​ត្រូវ​ការ​អាហារ​ខាង​វិញ្ញាណ​រាល់​ថ្ងៃ​ដែរ។ ទោះ​ជា​ព្រះ​យេស៊ូ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង​ដោយសារ​បាន​តម​អាហារ​យូរ​ក៏​ពិត​មែន ក៏​ទ្រង់​មិន​បាន​បណ្ដោយ​តាម​ការ​ល្បួង​របស់​សាតាំង​ដែល​ចង់​ឲ្យ​ទ្រង់​ធ្វើ​ឲ្យ​ថ្ម​ទៅ​ជា​នំប៉័ង​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​នឹង​វា​ថា​៖ «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ»។ (ម៉ាថាយ ៤:៤) នៅ​ខ​នេះ ព្រះ​យេស៊ូ​ដក​ស្រង់​ពាក្យ​របស់​ព្យាការី​ម៉ូសេ ដែល​បាន​ប្រាប់​ជនជាតិ​អ៊ីស្រាអែល​ថា​៖ «[ព្រះ​យេហូវ៉ា]ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំម៉ាន៉ា ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ»។ (ចោទិយកថា ៨:៣) របៀប​ព្រះ​យេហូវ៉ា​បាន​ផ្គត់ផ្គង់​នំម៉ាន៉ា​មិន​គ្រាន់​តែ​បាន​ទំនុកបំរុង​អាហារ​សំរាប់​ជនជាតិ​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្ដល់​មេ​រៀន​ពី​អ្វី​ខាង​វិញ្ញាណ​ឲ្យ​ពួក​គេ​រៀន​ដែរ។ ហេតុ​មួយ​គឺ ពួក​គេ​ត្រូវ​«រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ»។ បើ​ពួក​គេ​រើស​យក​លើស​ជាង​អាហារ​ដែល​ត្រូវ​ការ​សំរាប់​ថ្ងៃ​នោះ ម៉ាន៉ា​ដែល​នៅ​សល់​នឹង​មាន​ក្លិន​ស្អុយ​ហើយ​មាន​ដង្កូវ​ចុះ​កក្អៀច។ (និក្ខមនំ ១៦:៤, ២០) ប៉ុន្តែ​នេះ​មិន​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៦ ពេល​ដែល​ពួក​គេ​ត្រូវ​រើស​យក​លើស​ជាង​ធម្មតា​មួយ​ជា​ពីរ​ដើម្បី​អាច​មាន​អាហារ​សំរាប់​ថ្ងៃ​ឈប់​សំរាក។ (និក្ខមនំ ១៦:៥,​២៣,​២៤) យ៉ាង​នេះ នំម៉ាន៉ា​នោះ​បាន​ជា​ទី​រំឭក​ថា​ពួក​គេ​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​ជីវិត​របស់​ពួក​គេ​មិន​គ្រាន់​តែ​ស្រេច​នឹង​អាហារ​បរិភោគ​ប៉ុណ្ណោះ​ទេ តែ​ក៏​ស្រេច​លើ​«គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក»។

៥​. តើ​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​អាហារ​ខាង​វិញ្ញាណ​សំរាប់​យើង​រាល់​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​ការ​អាហារ​ខាង​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ ជា​អាហារ​ដែល​ព្រះ​យេហូវ៉ា​ផ្គត់ផ្គង់​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់។ ដើម្បី​សម្រេច​បំណង​នេះ ព្រះ​យេស៊ូ​បាន​តែងតាំង‹អ្នក​បំរើ​ស្មោះ​ត្រង់​មាន​វិនិច្ឆ័យ​ល្អ›ដែល​ផ្គត់ផ្គង់‹អាហារ​បរិភោគ​តាម​ត្រូវ​ពេល›សំរាប់​ពួក​អ្នក​មាន​ជំនឿ។ (ម៉ាថាយ ២៤:៤៥) ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​នោះ មិន​គ្រាន់​តែ​ផ្គត់ផ្គង់​អាហារ​ខាង​វិញ្ញាណ​យ៉ាង​បរិបូរ​តាម​រយៈ​សៀវភៅ​ផ្សេងៗ​ដែល​ជា​ជំនួយ​សំរាប់​សិក្សា​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​ក្រុម​នោះ​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង។ (យ៉ូស្វេ ១:៨; ទំនុកដំកើង ១:១​-​៣) ដូច​ព្រះ​យេស៊ូ​ដែរ យើង​ក៏​អាច​ទទួល​អាហារ​ខាង​វិញ្ញាណ​ដោយ​ព្យាយាម​រៀន​និង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ។—យ៉ូហាន ៤:៣៤

ការ​អត់​ឱន​ទោស​នូវ​អំពើ​បាប

៦​. តើ​យើង​ត្រូវ​សុំ​ការ​អត់​ឱន​ទោស​ចំពោះ​អ្វី? ហើយ​តើ​មាន​ល័ក្ខខ័ណ្ឌ​អ្វី​ទើប​ព្រះ​យេហូវ៉ា​អត់​ឱន​ទោស?

សំណូម​ពរ​បន្តបន្ទាប់​ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ​គឺ «សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។ (ម៉ាថាយ ៦:១២) ក្នុង​ខ​នេះ ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​ការ​អត់​ឱន​ទោស​នូវ​បាប​របស់​យើង។ ក្នុង​កំណត់​ហេតុ​អំពី​សេចក្ដី​អធិស្ឋាន​គំរូ​ដែល​លូកា​បាន​កត់​ទុក សំណូម​ពរ​នេះ​ចែង​ថា​៖ «សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។ (លូកា ១១:៤) យើង​ទាំង​អស់​គ្នា​ធ្វើ​បាប។ ប៉ុន្តែ ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បំ​រុង​តែ​នឹង​«លុប​ចេញ»​បាប​របស់​យើង បើ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ «វិល​មក» ហើយ​សុំ​ទ្រង់​អត់​ឱន​ទោស​ដោយ​មាន​ជំនឿ​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​គ្រីស្ទ។—កិច្ចការ ៣:១៩; ១០:៤៣; ធីម៉ូថេទី១ ២:​៥, ៦

៧​. ហេតុ​អ្វី​យើង​គួរ​អធិស្ឋាន​សុំ​ការ​អត់​ឱន​ទោស​រាល់​ថ្ងៃ?

បើ​និយាយ​ម្យ៉ាង​វិញ​ទៀត យើង​ធ្វើ​បាប​ពេល​ណា​ដែល​យើង​ខ្វះ​មិន​ដល់​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ដោយសារ​យើង​បាន​ទទួល​បាប​ជា​មរតក នោះ​យើង​ទាំង​អស់​គ្នា​និយាយ​ខុស ធ្វើ​ខុស គិត​ខុស ឬ​មិន​បាន​ធ្វើ​អ្វី​មួយ​ដែល​តាម​ត្រូវ​គួរ​ធ្វើ​នោះ។ (សាស្ដា ៧:២០; រ៉ូម ៣:២៣; យ៉ាកុប ៣:២; ៤:១៧) ដូច្នេះ​ក្នុង​កំឡុង​មួយ​ថ្ងៃៗ ទោះ​ជា​យើង​ដឹង​ថា​ខ្លួន​បាន​ធ្វើ​បាប​ឬ​មិន​ដឹង​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​សុំ​ការ​អត់​ទោស​នូវ​បាប​របស់​យើង​ពេល​ដែល​អធិស្ឋាន​រាល់​ថ្ងៃ។—ទំនុកដំកើង ១៩:១២; ៤០:១២

៨​. តើ​ការ​អធិស្ឋាន​សុំ​ការ​អត់​ទោស​គួរ​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី? តើ​នឹង​មាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?

យើង​គួរ​អធិស្ឋាន​សុំ​ការ​អត់​ទោស បន្ទាប់​ពី​គិត​ពិចារណា​មើល​អំពី​ខ្លួន​ឯង​ដោយ​ស្មោះ ប្រែ​ចិត្ត និង​សារភាព​កំហុស​ដោយ​មាន​ជំនឿ​ទៅ​លើ​អំណាច​ប្រោស​លោះ​នៃ​ព្រះ​លោហិត​របស់​ព្រះ​គ្រីស្ទ។ (យ៉ូហានទី១ ១:៧​-​៩) ដើម្បី​បង្ហាញ​ថា​សេចក្ដី​អធិស្ឋាន​របស់​យើង​គឺ​ស្មោះ​នោះ យើង​ក៏​ត្រូវ​តែ​ធ្វើ​តាម​សំណូម​ពរ​ឲ្យ​បាន​ការ​អត់​ទោស ដោយ​«ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត»។ (កិច្ចការ ២៦:២០) ពេល​នោះ យើង​អាច​មាន​ជំនឿ​ថា ព្រះ​យេហូវ៉ា​បំ​រុង​តែ​នឹង​អត់​ទោស​បាប​របស់​យើង។ (ទំនុកដំកើង ៨៦:៥; ១០៣:៨​-​១៤) ជា​លទ្ធផល យើង​នឹង​មាន​ចិត្ត​ស្ងប់​ដែល​រក​ប្រៀបផ្ទឹម​ពុំ​បាន គឺ​«សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត» ដែល​នឹង​«ជួយ​ការពារ​ចិត្ត ហើយ​នឹង​គំនិត​របស់[យើង]រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូ»។ (ភីលីព ៤:៧) ប៉ុន្តែ​សេចក្ដី​អធិស្ឋាន​គំរូ​របស់​ព្រះ​យេស៊ូ​បង្រៀន​យើង​ថែម​ទៀត​អំពី​អ្វី​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​ទទួល​ការ​អត់​ទោស​នូវ​បាប​របស់​យើង។

ដើម្បី​ទទួល​ការ​អត់​ទោស យើង​ក៏​ត្រូវ​អត់​ទោស​ឲ្យ​គេ​ដែរ

៩, ១០​. (ក) តើ​ព្រះ​យេស៊ូ​បាន​បន្ថែម​ការ​ពន្យល់​អ្វី​ទៀត​ស្តី​អំពី​សេចក្ដី​អធិស្ឋាន​គំរូ​នោះ? តើ​ការ​ពន្យល់​នេះ​បាន​បញ្ជាក់​ចំណុច​អ្វី? (ខ) តើ​ព្រះ​យេស៊ូ​បាន​បន្ត​បញ្ជាក់​ភាព​ចាំបាច់​នៃ​ការ​អត់​ទោស​ដោយ​ដូច​ម្ដេច​ទៀត?

គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន សំណូម​ពរ​ដែល​ថា​«សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ» នេះ​ជា​ផ្នែក​តែ​មួយ​គត់​នៃ​សេចក្ដី​អធិស្ឋាន​គំរូ​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​លើក​មក​ពន្យល់​ថែម​ទៀត។ ក្រោយ​បញ្ចប់​សេចក្ដី​អធិស្ឋាន​គំរូ​នោះ ទ្រង់​មាន​បន្ទូល​ថា​៖ «ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់គ្នា​ដែរ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះ​វរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ»។ (ម៉ាថាយ ៦:១៤, ១៥) យ៉ាង​នេះ ព្រះ​យេស៊ូ​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​ត្រូវ​តែ​សុខ​ចិត្ត​អត់​ទោស​ឲ្យ​អ្នក​ឯ​ទៀត ទើប​អាច​ទទួល​ការ​អត់​ទោស​ពី​ព្រះ​យេហូវ៉ា​បាន។—ម៉ាកុស ១១:២៥

១០ នៅ​គ្រា​មួយ​ផ្សេង​ទៀត ព្រះ​យេស៊ូ​បាន​លើក​ឡើង​ឧទាហរណ​និទស្សន៍​មួយ​ដែល​បញ្ជាក់​នូវ​ភាព​ចាំបាច់​នៃ​ការ​អត់​ទោស បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង។ ទ្រង់​បាន​រៀប​រាប់​អំពី​ស្តេច​មួយ​អង្គ​ដែល​បង្ហាញ​ព្រះទ័យ​ទូលាយ​ដោយ​លុប​ចោល​បំណុល​របស់​ខ្ញុំ​បំរើ​ម្នាក់​ដែល​ជំពាក់​ប្រាក់​ទ្រង់​យ៉ាង​ច្រើន​សម្បើម។ ក្រោយ​មក ស្តេច​បាន​ដាក់​ទោស​ខ្ញុំ​បំរើ​នោះ​យ៉ាង​ធ្ងន់ នៅ​ពេល​ដែល​គាត់​មិន​ព្រម​លុប​ចោល​បំណុល​តិច​តួច​របស់​ខ្ញុំ​បំរើ​ដូច​គ្នា​ម្នាក់​ទៀត។ ព្រះ​យេស៊ូ​បញ្ចប់​ឧទាហរណ​និទស្សន៍​របស់​ទ្រង់​ដោយ​បន្ទូល​ថា​៖ «យ៉ាង​នោះ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ការ​រំលង​របស់​បងប្អូន ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទេ នោះ​ព្រះ​វរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ក៏​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។ (ម៉ាថាយ ១៨:២៣​-​៣៥) មេ​រៀន​នេះ​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បាប​ដែល​ព្រះ​យេហូវ៉ា​បាន​អត់​ទោស​ឲ្យ​យើង​ម្នាក់ៗ គឺ​ច្រើន​ជាង​កំហុស​ណា​ដែល​អ្នក​ផ្សេង​ធ្វើ​ចំពោះ​យើង​ឆ្ងាយ​ណាស់។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​យេហូវ៉ា​អត់​ទោស​ឲ្យ​យើង​រៀង​រាល់​ថ្ងៃ។ ដូច្នេះ​យើង​ប្រាកដ​ជា​អាច​អត់​ទោស​ចំពោះ​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ដល់​យើង​ម្ដងម្កាល។

១១​. បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អត់​ទោស​យើង តើ​យើង​នឹង​ធ្វើ​តាម​ឱវាទ​អ្វី​របស់​សាវ័ក​ប៉ុល? តើ​នឹង​មាន​លទ្ធផល​ល្អ​អ្វី?

១១ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្ដោស ហើយ​អត់​ទោស​គ្នា ដូច​ជា​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ​គ្រីស្ទ​ដែរ»។ (អេភេសូរ ៤:៣២) ការ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​បង្កើត​ឲ្យ​មាន​មេត្រីភាព​ក្នុង​ចំណោម​ជន​គ្រីស្ទាន។ ប៉ុល​បាន​ដាស់​តឿន​ថែម​ទៀត​ថា​៖ «ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង​ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​គ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ សេចក្ដី​គ្រប់​លក្ខណ៍»។ (កូល៉ុស ៣:១២​-​​១៤) អត្ថន័យ​ទាំង​អស់​នេះ​គឺ​មាន​បង្កប់​ក្នុង​សេចក្ដី​អធិស្ឋាន​ដែល​ព្រះ​យេស៊ូ​បង្រៀន​ថា​៖ «សូម​អត់​ទោស សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។

ការ​ការពារ​នៅ​ចំពោះ​មុខ​ការ​ល្បួង

១២, ១៣​. (ក) សំណូម​ពរ​ជិត​ចុង​ក្រោយ​ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ តើ​នោះ​មិន​អាច​មាន​ន័យ​ដូច​ម្ដេច? (ខ) តើ​អ្នក​ណា​ជា​មេ​ល្បួង? តើ​អ្វី​ជា​អត្ថន័យ​នៃ​សេចក្ដី​អធិស្ឋាន​របស់​យើង​ថា សូម​កុំ​នាំ​យើង​ទៅ​ក្នុង​សេចក្ដី​ល្បួង?

១២ សំណូម​ពរ​ជិត​ចុង​ក្រោយ​ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ​របស់​ព្រះ​យេស៊ូ​គឺ​៖ «សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»។ (ម៉ាថាយ ៦:​១៣) តើ​ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​ថា យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​កុំ​ល្បួង​យើង​ឬ? មិន​អាច​មាន​ន័យ​ដូច្នេះ​ទេ! ដ្បិត​ព្រះ​បាន​បណ្ដាល​ឲ្យ​យ៉ាកុប​សរសេរ​ថា​៖ «កាល​ណា​មាន​សេចក្ដី​ល្បួង នោះ​កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា ព្រះ​ទ្រង់​ល្បួង​ខ្លួន​ឡើយ ដ្បិត​សេចក្ដី​អាក្រក់​ពុំ​អាច​នឹង​ល្បួង​នាំ​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ ហើយ​ព្រះ​ក៏​មិន​ដែល​ល្បួង​អ្នក​ណា​ដែរ»។ (យ៉ាកុប ១:១៣) ម្យ៉ាង​ទៀត អ្នក​តែង​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! បើសិន​ជា​ទ្រង់​កត់​ចំណាំ​អស់​ទាំង​អំពើ​ទុច្ចរិត​នោះ ឱ​ព្រះ​អម្ចាស់​អើយ! តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន»។ (ទំនុកដំកើង ១៣០:៣) ព្រះយេហូវ៉ា​មិន​ចាំ​តែ​ចាប់​កំហុស​យើង​នោះ​ទេ ហើយ​ទ្រង់​ប្រាកដ​ជា​មិន​ព្យាយាម​នាំ​ឲ្យ​យើង​ធ្វើ​ខុស​ដោយ​ដាក់​សេចក្ដី​ល្បួង​ពី​មុខ​យើង​ទេ។ ដូច្នេះ​តើ​ផ្នែក​នេះ​ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ​មាន​ន័យ​យ៉ាង​ណា?

១៣ គឺ​អារក្ស​សាតាំង​ទេ​ដែល​ចង់​នាំ​ឲ្យ​យើង​ធ្វើ​ខុស ដោយ​ប្រើ​គ្រប់​ឧបាយកល​បណ្ដាល​ឲ្យ​យើង​ជំពប់​ដួល ថែម​ទាំង​រហូត​ដល់​ខំ​ត្របាក់​លេប​យើង​ទៀត។ (អេភេសូរ ៦:១១) វា​ជា​មេ​ល្បួង។ (ថែស្សាឡូនីច​ទី១ ៣:៥) ដោយ​អធិស្ឋាន​ថា សូម​កុំ​នាំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​នោះ យើង​កំពុង​តែ​សុំ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​បណ្ដោយ​តាម​ការ​ល្បួង។ យើង​កំពុង​តែ​សុំ​ទ្រង់​ជួយ​យើង​មិន​ឲ្យ​«សាតាំង​មាន​ឱកាស​នឹង​ឈ្នះ​យើង» និង​យើង​មិន​ចាញ់​ការ​ល្បួង។ (កូរិនថូសទី២ ២:១១) យើង​អធិស្ឋាន​សុំ​«នៅ​ជាប់​ក្នុង​ទី​កំបាំង​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត» ដោយ​ទទួល​ការ​ការពារ​ខាង​វិញ្ញាណ​ដែល​ផ្ដល់​ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​អ្វី​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ។—ទំនុកដំកើង ៩១:១​-​៣

១៤​. តើ​សាវ័ក​ប៉ុល​ធានា​យើង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​នឹង​មិន​បោះបង់​យើង​ចោល​បើ​យើង​ពឹងពាក់​ទ្រង់​នៅ​ពេល​ត្រូវ​ល្បួង?

១៤ ក្នុង​សេចក្ដី​អធិស្ឋាន​និង​ដោយ​ការ​ប្រព្រឹត្ត បើ​យើង​បង្ហាញ​ថា​យើង​ពិត​ជា​ប្រាថ្នា​ដោយ​ស្មោះ​ឲ្យ​ព្រះ​យេហូវ៉ា​ការពារ​យើង នោះ​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​មិន​ដែល​បោះបង់​យើង​ចោល​ឡើយ។ សាវ័ក​ប៉ុល​ធានា​ថា​៖ «ដ្បិត​គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ល្បួង​ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះ​ត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន»។—កូរិនថូសទី១ ១០:១៣

«សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់»

១៥​. ហេតុ​អ្វី​បាន​ជា​សំខាន់​ជាង​មុនៗ​ដែល​យើង​អធិស្ឋាន​សុំ​ការ​ប្រោស​ឲ្យ​រួច​ពី​មា​រ​កំណាច?

១៥ យោង​ទៅ​តាម​ឯកសារ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត នោះ​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​យេស៊ូ​ចប់​ដោយ​មាន​បន្ទូលថា​៖ «សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្ដី​អាក្រក់[ឬ​«មា​រ​កំណាច»​,​ខ.​ស.]»។ * (ម៉ាថាយ ៦:១៣) ការ​ការពារ​ពី​អារក្ស​គឺ​កាន់​តែ​សំខាន់​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ ដោយសារ​សាតាំង​និង​ពួក​បិសាច​របស់​វា​កំពុង​តែ​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​អ្នក​សំណល់​ចាក់​ប្រេង​តាំង​ជា​«ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ វា​ក៏​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ជា​ពួក​សហការី​របស់​ពួក​គាត់។ (វិវរណៈ ៧:៩; ១២:៩, ១៧) សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ជន​គ្រីស្ទាន​ថា​៖ «ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ! ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា ដោយ​មាន​ចិត្ត​ជឿ​មាំមួន»។ (ពេត្រុសទី១ ៥:៨, ៩) សាតាំង​ចង់​បញ្ឈប់​កិច្ចការ​ធ្វើ​បន្ទាល់​របស់​យើង ហើយ​វា​ខំ​បំភ័យ​យើង​តាម​រយៈ​ភ្នាក់ងារ​របស់​វា​នៅ​លើ​ផែនដី មិន​ថា​ភ្នាក់ងារ​នោះ​ជា​សាសនា ពាណិជ្ជកម្ម ឬ​នយោបាយ​ក៏​ដោយ។ ក៏​ប៉ុន្តែ បើ​យើង​ឈរ​មាំមួន ព្រះ​យេហូវ៉ា​នឹង​រំដោះ​យើង​ឲ្យ​រួច។ យ៉ាកុប​បាន​សរសេរ​ថា​៖ «ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ! នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។—យ៉ាកុប ៤:៧

១៦​. ពេល​ដែល​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ល្បួង តើ​ទ្រង់​អាច​ជួយ​ពួក​គេ​តាម​របៀប​ណា?

១៦ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ត្រូវ​ល្បួង។ ប៉ុន្តែ​ក្រោយ​ព្រះ​យេស៊ូ​បាន​តស៊ូ​នឹង​អារក្ស​ដោយ​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ការ​ការពារ នោះ​ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មក​ពង្រឹង​កម្លាំង​របស់​ទ្រង់។ (ម៉ាថាយ ៤:១​-​១១) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ក៏​ប្រើ​ទេវតា​សព្វ​ថ្ងៃ​នេះ​ដើម្បី​ជួយ​យើង បើ​យើង​អធិស្ឋាន​ដោយ​ជំនឿ​និង​យក​ទ្រង់​ជា​ទីពឹង​ជ្រក​របស់​យើង។ (ទំនុកដំកើង ៣៤:៧; ៩១:៩​-​​១១) សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «ព្រះ​អម្ចាស់​ទ្រង់​ចេះ​ប្រោស​មនុស្ស​ដែល​គោរព​ប្រតិបត្ដិ​ដល់​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ល្បួង ហើយ​នឹង​ឃុំ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​នឹង​ធ្វើ​ទោស​ក្នុង​ថ្ងៃ​ជំនុំជំរះ​វិញ»។—ពេត្រុស​ទី២ ២:៩

សេចក្ដី​សង្គ្រោះ​គឺ​ជិត​ដល់​ហើយ

១៧​. ដោយ​ទុក​សេចក្ដី​អធិស្ឋាន​គំរូ​សំរាប់​យើង តើ​ព្រះ​យេស៊ូ​បាន​ជួយ​បំភ្លឺ​ឲ្យ​ដឹង​ពី​អ្វី​ដែល​សំខាន់​បំផុត​យ៉ាង​ដូច​ម្ដេច?

១៧ ក្នុង​សេចក្ដី​អធិស្ឋាន​គំរូ ព្រះ​យេស៊ូ​ជួយ​បំភ្លឺ​ឲ្យ​យើង​ដឹង​ពី​អ្វី​ដែល​សំខាន់​បំផុត។ អ្វី​ដែល​យើង​គួរ​ចាត់​ទុក​ថា​សំខាន់​បំផុត​គឺ ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ។ ដោយសារ​យន្ត​ការ​ដែល​ទ្រង់​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​នេះ​គឺ​ជា​ព្រះ​រាជាណាចក្រ​របស់​មេស្ស៊ី នោះ​យើង​អធិស្ឋាន​សុំ​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​មក​បំផ្លាញ​នគរ​ឬ​រដ្ឋាភិបាល​មនុស្ស​ជាតិ​ឥត​គ្រប់​ល័ក្ខណ៍​ទាំង​អស់​ចោល និង​ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​សម្រេច​ទាំង​អស់​ទាំង​នៅ​ផែនដី​ដូច​នៅ​ស្ថានសួគ៌។ សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ជា​រៀង​រហូត​នៅ​សួន​មនោរម្យ​ពឹងពាក់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ និង​ការ​ទទួល​ស្គាល់​នូវ​អធិបតីភាព​ដ៏​សុចរិត​របស់​ទ្រង់​ទូទាំង​សកលលោក។ ក្រោយ​បាន​អធិស្ឋាន​អំពី​រឿង​សំខាន់ៗ​ទាំង​នេះ​រួច​ហើយ​នោះ យើង​អាច​អធិស្ឋាន​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ការ​អត់​ទោស​នូវ​បាប​របស់​យើង ការ​ប្រោស​ឲ្យ​រួច​ពី​ការ​ល្បួង​និង​កលល្បិច​របស់​អារក្ស​សាតាំង​ដែល​ជា​មា​រ​កំណាច។

១៨, ១៩​. តើ​ដោយ​ដូច​ម្ដេច​ដែល​សេចក្ដី​អធិស្ឋាន​គំរូ​របស់​ព្រះ​យេស៊ូ​ជួយ​យើង​ចាំ​យាម​និង​«កាន់​ខ្ជាប់​តាម»​សេចក្ដី​សង្ឃឹម​របស់​យើង​«ដរាប​ដល់​ចុង​បំផុត»?

១៨ សេចក្ដី​សង្គ្រោះ​របស់​យើង​ឲ្យ​រួច​ទាំង​ស្រុង​ពី​មា​រ​កំណាច​និង​របប​លោកីយ៍​ដ៏​ខូច​អាក្រក់​នេះ​កំពុង​តែ​ឆ្ពោះ​មក​ជិត​ហើយ។ សាតាំង​ដឹង​ច្បាស់​ថា វា​មាន‹ពេល​វេលា​ខ្លី​ណាស់›សំរាប់​បញ្ចេញ​«សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង»​របស់​វា​មក​លើ​ផែនដី ជា​ពិសេស​ទៅ​លើ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដែល​ស្មោះ​ភក្ដី។ (វិវរណៈ ១២:១២, ១៧) ក្នុង​ទី​សម្គាល់​នៃ​«បំផុត​កល្ប»​ឬ​ទីបញ្ចប់​នៃ​របប​លោកីយ៍ ព្រះ​យេស៊ូ​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ (ម៉ាថាយ ២៤:៣, ២៩​-​៣១) នៅ​ពេល​យើង​ឃើញ​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ការ​រំដោះ​នឹង​មាន​រឹតតែ​ខ្លាំង។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «កាល​ណា​ការ​ទាំង​នេះ​ចាប់​តាំង​កើត​មក នោះ​ឲ្យ​អ្នក​រាល់​គ្នា​ងើប​មើល​ទៅ​លើ ពីព្រោះ​សេចក្ដី​ប្រោស​លោះ​របស់​អ្នក​រាល់​គ្នា​ជិត​ដល់​ហើយ»។—លូកា ២១:២៥​-​២៨

១៩ សេចក្ដី​អធិស្ឋាន​គំរូ​ខ្លីៗ​ដែល​ព្រះ​យេស៊ូ​បាន​ទុក​សំរាប់​សិស្ស​របស់​ទ្រង់ ជា​ការ​ណែនាំ​ដែល​អាច​ទុក​ចិត្ត​បាន​ស្តី​អំពី​អ្វី​ដែល​ត្រូវ​រួម​បញ្ចូល​ក្នុង​សេចក្ដី​អធិស្ឋាន​ពេល​ដែល​ទីបញ្ចប់​កំពុង​តែ​ឆ្ពោះ​មក​ជិត។ សូម​យើង​ជឿជាក់​រហូត​ដល់​ចុង​បញ្ចប់​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង ទាំង​ខាង​វិញ្ញាណ​ផង​និង​ខាង​សម្ភារៈ​ផង។ ការ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​នឹង​ជួយ​យើង​«កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម​ដរាប​ដល់​ចុង​បំផុត​មែន»។—ហេព្រើរ ៣:១៤; ពេត្រុស​ទី១ ៤:៧

[កំណត់​សម្គាល់]

^ វគ្គ 15 ព្រះ​គម្ពីរ​កំណែ​ចាស់ៗ​មួយ​ចំនួន ដូច​ជា​ព្រះ​គម្ពីរ​ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ជា​ដើម បញ្ចប់​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​ដោយ​ក្បួន​ធម៌​សំរាប់​សរសើរ​ព្រះ​ដែល​ថា​៖ «ដ្បិត​រាជ្យ ព្រះ​ចេស្ដា នឹង​សិរី​ល្អ​ជា​របស់​ផង​ទ្រង់ នៅ​អស់កល្ប​ជានិច្ច អាម៉ែន»។ ការ​ពន្យល់​របស់​លោក​យេ​រ៉ូម​អំពី​ព្រះគម្ពីរ​ប្រាប់​ថា​៖ «ក្បួន​ធម៌​សរសើរ​ព្រះ​នេះ . . . មិន​មាន​ក្នុង[ឯកសារ]ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​នោះ​ទេ»។

ដើម្បី​រៀន​សា​ឡើង​វិញ

ពេល​ដែល​យើង​សុំ‹អាហារ​សំរាប់​ថ្ងៃ​នេះ› តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

សូម​ពន្យល់​ពី​អត្ថន័យ​នៃ​សំណូម​ពរ​ដែល​ថា​៖ «សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ»។

តើ​មាន​ន័យ​យ៉ាង​ណា​ពេល​យើង​សុំ​ព្រះ​យេហូវ៉ា​ថា កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង?

ហេតុ​អ្វី​យើង​ត្រូវ​អធិស្ឋាន​សុំ​ព្រះ‹ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​មា​រ​កំណាច›?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

យើង​ត្រូវ​អត់​ទោស​អ្នក​ឯទៀត​បើ​យើង​ចង់​ទទួល​ការ​អត់​ទោស​ដែរ