លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ

ចូរបំពេញកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ

ចូរ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ

«តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ . . . ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​[ឬ​«អ្នក»​, ព.ថ.]ផ្សាយ​ដំណឹង​ល្អ​ចុះ!»។—ធីម៉ូថេទី២ ៤:៥

១​. តើ​ព្រះយេស៊ូ​បាន​ប្រទាន​កិច្ចការ​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់?

ព្រះ​នាម​និង​គោល​បំណង​របស់​ព្រះយេហូវ៉ា​កំពុង​ត្រូវ​ប្រកាស​ទូទាំង​ផែនដី។ នេះ​គឺ​ពីព្រោះ​រាស្ត្រ​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ទ្រង់​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ដែល​ព្រះយេស៊ូ​គ្រីស្ទ​បាន​បង្គាប់​ឲ្យ​ពួក​អ្នក​កាន់​តាម​ទ្រង់​ធ្វើ។ ទ្រង់​មាន​បន្ទូល​ថា​៖ «ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។—ម៉ាថាយ ២៨:១៩, ២០

២​. តើ​ធីម៉ូថេ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​បាន​ទទួល​សេចក្ដី​បង្គាប់​អ្វី? ហើយ​តើ​អ្វី​ជា​វិធី​មួយ​ដែល​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់គេ?

ពួក​សិស្ស​របស់​ទ្រង់​ដែល​រស់​នៅ​សតវត្សរ៍​ទីមួយ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​បង្គាប់​នោះ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ធីម៉ូថេ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ដូច​គ្នា​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ថា​៖ «ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ[ឬ​«អ្នក»​, ព.ថ.]ផ្សាយ​ដំណឹង​ល្អ​ចុះ! ព្រម​ទាំង​បំពេញ​ការងារ[ឬ​«កិច្ចបំរើ​ផ្សាយ»​, ព.ថ.]របស់​ខ្លួន​គ្រប់​ជំពូក​ផង»។ (ធីម៉ូថេទី២ ៤:៥) សព្វ​ថ្ងៃ​នេះ វិធី​មួយ​ដែល​អ្នក​ត្រួត​ពិនិត្យ​សម្រេច​កិច្ច​បំរើ​គាត់ គឺ​ដោយ​ធ្វើ​ជា​អ្នក​ប្រកាស​ដ៏​ខ្នះខ្នែង​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ ដោយ​ធ្វើ​ជា​បុគ្គល​ដែល​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជា​ទៀងទាត់។ ជា​ឧទាហរណ៍ អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​មាន​ឱកាស​ដ៏​ល្អ​ក្នុង​ការ​នាំ​មុខ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​និង​ជួយ​បង្ហាត់បង្រៀន​អ្នក​ដទៃ។ ប៉ុល​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ និង​បាន​ជួយ​បង្ហាត់បង្រៀន​អ្នក​ដទៃ​ក្នុង​កិច្ច​បំរើ​ផ្សាយ។—កិច្ចការ ២០:២០; កូរិនថូសទី១ ៩:១៦, ១៧

អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះខ្នែង​នៅ​សម័យ​ដើម

៣, ៤​. ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ តើ​ភីលីព​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ?

ពួក​គ្រីស្ទាន​សម័យ​ដើម​ត្រូវ​បាន​ល្បី​ឈ្មោះ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះខ្នែង។ ចូរ​គិត​អំពី​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ឈ្មោះ​ភីលីព។ គាត់​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​«៧​នាក់ . . . ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ» ដែល​ត្រូវ​បាន​រើស​តាំង​ឲ្យ​បំពេញ​មុខងារ​ខាង​ការ​ចែក​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ដោយ​ឥត​រើសអើង​ជូន​ដល់​គ្រីស្ទាន​ដែល​មេម៉ាយ​និយាយ​ភាសា​ក្រិច​និង​ភាសា​ហេព្រើរ​ក្នុង​ក្រុង​យេរូសាឡិម។ (កិច្ចការ ៦:១​-​៦) ក្រោយ​ពី​បញ្ចប់​នូវ​មុខងារ​ដ៏​ពិសេស​នេះ មាន​សេចក្ដី​បៀតបៀន​ជា​ខ្លាំង​ដែល​នាំ​ឲ្យ​គ្រីស្ទាន​ទាំង​ប៉ុន្មាន​បាន​បែក​ខ្ញែក​គ្នា លើក​លែង​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ ហើយ​ពេល​នោះ​ភីលីព​បាន​ទៅ​ស្រុក​សាម៉ារី។ គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ ហើយ​បាន​ទទួល​អំណាច​ពី​វិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដេញ​អារក្ស​ចេញ​ពី​មនុស្ស និង​បាន​ប្រោស​មនុស្ស​ខ្វិន និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា​ច្រើន។ មនុស្ស​ជា​ច្រើន​ពី​ស្រុក​សាម៉ារី​បាន​ទទួល​សារ​ព្រះរាជាណាចក្រ និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ពួក​សាវ័ក​នៅ​ក្រុង​យេរូសាឡិម​បាន​ឮ​អំពី​ព្រឹត្ដិការណ៍​នេះ ក៏​ចាត់​សាវ័ក​ពេត្រុស​និង​យ៉ូហាន​ទៅ​ស្រុក​សាម៉ារី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទើប​តែ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​អាច​ទទួល​វិញ្ញាណ​បរិសុទ្ធ​ដែរ។—កិច្ចការ ៨:៤​-​១៧

ក្រោយ​មក វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​បាន​នាំ​ភីលីព​ឲ្យ​ទៅ​ជួប​មនុស្ស​ជនជាតិ​អេធីយ៉ូពី​មួយ​រូប​ជា​មនុស្ស​កំរៀវ តាម​ផ្លូវ​ទៅ​ក្រុង​កាសា។ ក្រោយ​ពី​ភីលីព​បាន​ពន្យល់​យ៉ាង​ច្បាស់​នូវ​ទំនាយ​របស់​អេសាយ នោះ​«មនុស្ស​កំរៀវ ដែល​មាន​អំណាច​ក្រោម​ព្រះ​នាង​កានដេស មហាក្សត្រី​ដែល​សោយ​រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី»​មាន​ជំនឿ​លើ​ព្រះយេស៊ូ​គ្រីស្ទ​និង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ (កិច្ចការ ៨:២៦​-​៣៨) ក្រោយ​មក ភីលីព​បាន​ទៅ​ក្រុង​អាសូត ហើយ​រួច​មក​ទៅ​ក្រុង​សេសារា «ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទីក្រុង​រៀង​ទៅ»។ (កិច្ចការ ៨:៣៩, ៤០) ប្រាកដ​ណាស់ ភីលីព​បាន​ទុក​គំរូ​ដ៏​ល្អ​មែន​ចំពោះ​ការ​ធ្វើ​កិច្ចការ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ!

៥​. តើ​កូន​ស្រី​បួន​នាក់​របស់​ភីលីព​ត្រូវ​បាន​ល្បី​ឈ្មោះ​ចំពោះ​អ្វី?

ប្រមាណ​២០​ឆ្នាំ​ក្រោយ​មក ភីលីព​ក៏​នៅ​តែ​បំរើ​ព្រះ​យ៉ាង​សកម្ម​នៅ​ក្រុង​សេសារា​ដែរ។ នៅ​ពេល​ដែល​ប៉ុល​និង​លូកា​បាន​ស្នាក់​នៅ​ផ្ទះ​របស់​គាត់ នោះ​គាត់​«មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ»។ (កិច្ចការ ២១:៨​-​១០) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា កូនៗ​ត្រូវ​បាន​អប់រំ​ខាង​វិញ្ញាណ មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​កិច្ច​បំរើ​ផ្សាយ ហើយ​ព្រម​ទាំង​មាន​ឯកសិទ្ធិ​ក្នុង​ការ​ទាយ​ទំនាយ​ទៀត​ផង។ ចិត្ត​ខ្នះខ្នែង​ដែល​ឪពុក​ម្ដាយ​មាន​ចំពោះ​កិច្ច​បំរើ​ផ្សាយ​អាច​មាន​លទ្ធផល​ដ៏​ល្អ​លើ​បុត្រធីតា​សព្វ​ថ្ងៃ​នេះ ដោយ​ជំរុញ​ទឹក​ចិត្ត​កូន​ឲ្យ​យក​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​អស់​មួយ​ជីវិត។

អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះខ្នែង​នៅ​សព្វ​ថ្ងៃ​នេះ

៦​. តើ​ពួក​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទីមួយ​ទទួល​បាន​ជោគជ័យ​អ្វី?

ព្រះយេស៊ូ​គ្រីស្ទ​បាន​ប្រកាស​ក្នុង​ទំនាយ​ដ៏​សំខាន់​របស់​ទ្រង់ ដែល​ចង្អុល​មក​សម័យ​យើង​នេះ​និង​ជា​គ្រា​ចុង​បញ្ចប់​ដែល​ទ្រង់​មាន​បន្ទូល​ថា​៖ «ឯ​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន»។ (ម៉ាកុស ១៣:១០) ទីបញ្ចប់​នឹង​មក​ដល់​ក្រោយ​ពី​ត្រូវ​បាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​«ពាស​ពេញ​សកលលោក​ទាំង​មូល»។ (ម៉ាថាយ ២៤:១៤, ខ.ស.) ពេល​ដែល​សាវ័ក​ប៉ុល​និង​អ្នក​ផ្សព្វផ្សាយ​ឯ​ទៀត​នៅ​សតវត្សរ៍​ទីមួយ​ប្រកាស​អំពី​ដំណឹង​ល្អ នោះ​មនុស្ស​ជា​ច្រើន​បាន​ជឿ និង​បាន​បង្កើត​ក្រុមជំនុំ​នៅ​កន្លែង​ជា​ច្រើន​ទូទាំង​ចក្រភព​រ៉ូម។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​បាន​តែងតាំង​ឲ្យ​បំរើ​ក្នុង​ក្រុមជំនុំ​ក៏​បាន​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជា​មួយ​បងប្អូន​ប្រុស​ស្រី ហើយ​បាន​ផ្សព្វផ្សាយ​នៅ​កន្លែង​ឆ្ងាយៗ​បន្ត​ទៀត។ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​ចំរើន​កើន​ឡើង ហើយ​មាន​ប្រសិទ្ធ​ភាព​កាន់តែ​ខ្លាំង​ឡើងៗ និង​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ ពីព្រោះ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​រាប់​លាន​នាក់​កំពុង​តែ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ (កិច្ចការ ១៩:២០) តើ​អ្នក​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​មាន​ចិត្ត​រីករាយ​សរសើរ​ព្រះយេហូវ៉ា​ឬ​ទេ?

៧​. តើ​ពួក​អ្នក​ប្រកាស​សារ​ព្រះរាជាណាចក្រ​កំពុង​តែ​សម្រេច​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ?

អ្នក​ប្រកាស​ដំណឹង​ល្អ​ជា​ច្រើន​នៅ​សម័យ​នេះ​ឆ្លៀត​យក​ប្រយោជន៍​ដើម្បី​ពង្រីក​កិច្ចការ​ផ្សព្វផ្សាយ​របស់​ខ្លួន។ បងប្អូន​ជា​ច្រើន​ពាន់​នាក់​ចូល​រួម​ក្នុង​កិច្ច​បំរើ​ជា​សាសនទូត និង​រាប់​ពាន់​នាក់​ទៀត​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​និង​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។ ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​ទាំង​ប្រុស​ទាំង​ស្រី​និង​ក្មេងៗ​ដែល​បំរើ​ជា​អ្នក​ផ្សាយ​សារ​ព្រះរាជាណាចក្រ គឺ​បាន​សម្រេច​កិច្ច​យ៉ាង​ល្អ​ប្រសើរ​មែន! ប្រាកដ​ហើយ រាស្ត្រ​របស់​ព្រះ​កំពុង​តែ​ទទួល​ពរ​យ៉ាង​វិសេស​ពី​ព្រះ ដោយ​បំរើ​ទ្រង់​ដោយ​មាន​សាមគ្គីភាព​ជា​មួយ​នឹង​បងប្អូន​គ្រីស្ទាន​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។—សេផានា ៣:៩

៨​. តើ​កិច្ចការ​អ្វី​កំពុង​តែ​មាន​សព្វ​ថ្ងៃ​នេះ​ដែល​ប្រៀប​ដូច​ជា​ការ​គូស​សញ្ញា​លើ​ថ្ងាស​មនុស្ស​នោះ? ហើយ​តើ​អ្នក​ណា​ដែល​ធ្វើ​កិច្ចការ​នេះ?

ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​អ្នក​កាន់​តាម​ព្រះគ្រីស្ទ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​នូវ​ភារកិច្ច​ប្រកាស​ដំណឹង​ល្អ​ទូទាំង​ផែនដី។ ហើយ​«ចៀម​ឯ​ទៀត»​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ ក៏​គាំទ្រ​ពួក​អ្នក​ចាក់​ប្រេង​តាំង​ដែរ។ (យ៉ូហាន ១០:១៦) កិច្ចការ​សង្គ្រោះ​ជីវិត​នេះ​គឺ​ប្រៀបប្រដូច​ទៅ​នឹង​ការ​គូស​សញ្ញា​លើ​ថ្ងាស​មនុស្ស​ដែល​ដក​ដង្ហើម​ធំ​ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​កំពុង​តែ​កើត​មាន​ឡើង​សព្វ​ថ្ងៃ​នេះ។ មិន​យូរ​ប៉ុន្មាន​ទៀត នោះ​ពួក​មនុស្ស​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល។ នៅ​ពេល​នោះ យើង​ពិត​ជា​មាន​កិត្ដិយស​មែន​ដោយ​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ពិត​ដែល​មាន​ឥទ្ធិពល​សង្គ្រោះ​ជីវិត​របស់​មនុស្ស​ទូទាំង​ផែនដី!—អេសេគាល ៩:៤​-​៦, ១១

៩​. តើ​យើង​អាច​ជួយ​អ្នក​ថ្មីៗ​ក្នុង​កិច្ច​បំរើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

ប្រសិន​បើ​យើង​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​អស់​មួយ​រយៈ យើង​ច្បាស់​ជា​អាច​ជួយ​អ្នក​ថ្មី​ក្នុង​ក្រុមជំនុំ​ដែរ។ នៅ​ពេល​ខ្លះ យើង​អាច​ទៅ​ផ្សព្វផ្សាយ​ជា​មួយ​ពួក​គេ។ អស់​អ្នក​ដែល​បំរើ​ជា​អ្នក​ចាស់ទុំ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​ប្រឹង​ពង្រឹង​ខាង​វិញ្ញាណ​របស់​បងប្អូន។ ដោយសារ​អ្នក​ត្រួត​ពិនិត្យ​ខំ​ប្រឹង​ដោយ​ចិត្ត​រាប​ទាប គឺ​មាន​ប្រសិទ្ធ​ភាព​ណាស់​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះខ្នែង។—ពេត្រុសទី២ ១:៥​-​៨

ការ​ធ្វើ​បន្ទាល់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

១០​. ព្រះគ្រីស្ទ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​ពី​សម័យ​ដើម​បាន​ទុក​គំរូ​យ៉ាង​ណា​ស្តី​អំពី​កិច្ច​បំរើ​ផ្សាយ?

១០ ព្រះយេស៊ូ​គ្រីស្ទ​បាន​ទុក​គំរូ​យ៉ាង​ល្អ​ប្រសើរ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​សំរាប់​ពួក​អ្នក​កាន់​តាម​ទ្រង់។ ព្រះបន្ទូល​របស់​ព្រះ​បាន​ចែង​អំពី​កិច្ច​បំរើ​របស់​ព្រះគ្រីស្ទ​និង​ពួក​សាវ័ក​ថា​៖ «ទ្រង់​យាង​ទៅ​ប្រដៅ​ក្នុង​គ្រប់​ក្រុង​គ្រប់​ភូមិ​ជា​មួយ​នឹង​ពួក​១២​នាក់ ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​ព្រះ»។ (លូកា ៨:១) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​សាវ័ក​នោះ? ក្រោយ​ពេល​បុណ្យ​ថ្ងៃ​ទី៥០​នៃ​ឆ្នាំ​៣៣ ស.យ. ដោយសារ​មាន​ការ​ចាក់​វិញ្ញាណ​បរិសុទ្ធ នោះ​«អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច»។—កិច្ចការ ៥:៤២

១១​. យោង​ទៅ​តាម​កិច្ចការ ២០:២០, ២១ តើ​សាវ័ក​ប៉ុល​បាន​ធ្វើ​អ្វី​ក្នុង​កិច្ច​បំរើ​ផ្សាយ?

១១ ដោយសារ​សាវ័ក​ប៉ុល​បាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង នោះ​គាត់​អាច​ប្រាប់​ពួក​អ្នក​ចាស់​ទុំ​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ​ថា​៖ «ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា​នៅ​កណ្ដាល​ជំនុំ​វិញ ហើយ​ពី​ផ្ទះ​១​ទៅ​ផ្ទះ​១​ផង»។ នៅ​ពេល​ប៉ុល‹កំពុង​តែ​បង្រៀន​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ› តើ​គាត់​បំពេញ​មុខងារ​ជា​អ្នក​គង្វាល​ដោយ​មក​ជួប​ជា​មួយ​បងប្អូន​ដែល​ជា​អ្នក​ជឿ​គ្នីគ្នា​នៅ​ឯ​ផ្ទះ​របស់​គេ​ទេ? អត់​ទេ! គាត់​ពន្យល់​ថា​៖ «[ខ្ញុំ]ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ដល់​ទាំង​ពួក​សាសន៍​យូដា នឹង​ពួក​សាសន៍​ក្រេក​ផង គឺ​ពី​ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ​ហើយ​ពី​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង​រាល់​គ្នា»។ (កិច្ចការ ២០:២០, ២១) ជា​ទូទៅ អស់​អ្នក​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះយេហូវ៉ា​ហើយ មិន​ចាំបាច់​ត្រូវ​ការ​បង្គាប់​ពី​«ការ​ប្រែ​ចិត្ត​ទៅ​ឯ​ព្រះ​ហើយ​ពី​សេចក្ដី​ជំនឿ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​នៃ​យើង»​ទេ។ ប៉ុល​បាន​អប់រំ​អ្នក​ចាស់​ទុំ​គ្រីស្ទាន​នៅ​ក្រុង​អេភេសូរ អំពី​កិច្ច​បំរើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដំណាល​គ្នា​នេះ​គាត់​ក៏​បាន​បង្រៀន​អ្នក​មិន​ជឿ​អំពី​ការ​ប្រែ​ចិត្ត​និង​ជំនឿ។ ដោយ​ធ្វើ​ដូច្នេះ ប៉ុល​បាន​យក​តម្រាប់​តាម​វិធី​ដែល​ព្រះយេស៊ូ​បាន​ទុក​ជា​គំរូ​នោះ។

១២, ១៣​. ស្រប​តាម​ភីលីព ១:៧, ព.ថ. តើ​រាស្ត្រ​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​មាន​សិទ្ធិ​ផ្សព្វផ្សាយ?

១២ កិច្ច​បំរើ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​អាច​ជា​ការ​ពិបាក​មួយ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ទើស​ចិត្ត​ពេល​យើង​មក​ផ្សាយ​សារ​ព្រះគម្ពីរ​នៅ​ផ្ទះ​របស់​គេ។ យើង​គ្មាន​បំណង​ធ្វើ​ឲ្យ​មនុស្ស​ទើស​ចិត្ត​នោះ​ទេ។ ក៏​ប៉ុន្តែ កិច្ច​បំរើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​គឺ​ស្រប​តាម​បទគម្ពីរ ហើយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នកជិតខាង ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​បន្ទាល់​តាម​វិធី​នេះ។ (ម៉ាកុស ១២:២៨​-​៣១) ដើម្បី​‹ការពារ​ហើយ​ស្ថាបនា​តាម​ច្បាប់›នូវ​សិទ្ធិ​របស់​យើង​ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នោះ​យើង​បាន​ដាក់​បណ្ដឹង​ក្ដី​ទៅ​តុលាការ ដែល​រួម​បញ្ចូល​តុលាការ​ជាន់​ខ្ពស់​នៅ​សហរដ្ឋ​អាមេរិក។ (ភីលីព ១:៧, ព.ថ.) តុលាការ​ជាន់​ខ្ពស់​នោះ​តែង​តែ​សម្រេច​ចិត្ត​តាម​សំណូម​ពរ​យើង។ សេចក្ដី​សម្រេច​ធម្មតា​មួយ​មាន​ដូច​ត​ទៅ:

១៣ «ការ​ចែក​ចាយ​ខិត្តប័ណ្ណ​ខាង​សាសនា​គឺ​ជា​លក្ខណៈ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែល​មាន​យូរ​មក​ហើយ​របស់​សាសនទូត ដែល​មាន​យូរ​ស្មើ​នឹង​ការ​បង្កើត​ម៉ាស៊ីន​បោះពុម្ព​មក​ម្ល៉េះ។ ចំពោះ​សាសនា​ផ្សេងៗ នេះ​ក៏​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ លក្ខណៈ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នេះ​ក៏​ត្រូវ​ប្រើ​ដែរ ជា​ទូទៅ​គឺ​ដោយ​និកាយ​សាសនា​ផ្សេងៗ ដែល​អ្នក​ត្រួសត្រាយ​ផ្សាយ​ដំណឹង​ល្អ​អស់​រាប់​ពាន់​ផ្ទះ និង​ស្វែង​រក​តាម​រយៈ​ការ​ទៅ​ជួប​ផ្ទាល់ ដើម្បី​ឲ្យ​មនុស្ស​កាន់​សាសនា​ដូច​គេ។ . . . លក្ខណៈ​នៃ​សកម្មភាព​ខាង​សាសនា​នេះ​មាន​សារៈ​សំខាន់​ក្រោម​វិសោធនកម្ម​ទីមួយ[នៃ​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក] នេះ​ក៏​ដូច​ជា​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះ​វិហារ​និង​ការ​ផ្សព្វផ្សាយ​ដែរ»។—Murdock v. Pennsylvania, 1943.

ហេតុ​អ្វី​ក៏​ត្រូវ​បន្ត​ផ្សព្វផ្សាយ?

១៤​. តើ​អ្វី​ដែល​អាច​មាន​អានុភាព​ថែម​ទៀត​ទៅ​លើ​កិច្ច​បំរើ​ផ្សាយ​របស់​យើង?

១៤ គឺ​មាន​មូលហេតុ​ជា​ច្រើន​ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ រៀង​រាល់​ដង​ដែល​យើង​ទៅ​ជួប​ម្ចាស់​ផ្ទះ យើង​ខំ​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​ពី​បទគម្ពីរ។ ដោយ​ត្រឡប់​ទៅ​ជួប យើង​ខំ​ស្រោច​ទឹក​ពូជ​នោះ។ ហើយ​នេះ​អាច​មាន​អានុភាព​ថែម​ទៀត​ឲ្យ​ចិត្ត​ម្ចាស់​ផ្ទះ​មាន​ភាព​រឹងមាំ​ជាង ដ្បិត​ប៉ុល​បាន​សរសេរ​ថា​៖ «ខ្ញុំ​បាន​សាប​ព្រោះ អ័ប៉ុឡូស​ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ»។ (កូរិនថូសទី១ ៣:៦) ដូច្នេះ ចូរ​ឲ្យ​យើង​បន្ត‹សាប​ព្រោះ​និង​ស្រោច​ទឹក› ដោយ​មាន​ទំនុក​ចិត្ត​ថា​ព្រះយេហូវ៉ា‹នឹង​ធ្វើ​ឲ្យ​ដុះ​ឡើង›។

១៥, ១៦​. ហេតុ​អ្វី​ក៏​យើង​ទៅ​ផ្សាយ​នៅ​ផ្ទះ​របស់​មនុស្ស​ម្ដង​ហើយ​ម្ដង​ទៀត?

១៥ យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ ដ្បិត​នេះ​គឺ​ទាក់ទង​នឹង​ជីវិត​ស្លាប់​រស់។ តាម​រយៈ​ការ​ផ្សព្វផ្សាយ យើង​អាច​សង្គ្រោះ​ជីវិត​របស់​យើង​និង​អស់​អ្នក​ដែល​ស្ដាប់​យើង។ (ធីម៉ូថេទី១ ៤:១៦) ប្រសិន​បើ​យើង​ដឹង​ថា​ជីវិត​របស់​បុគ្គល​ម្នាក់​ជិត​មាន​គ្រោះថ្នាក់ តើ​យើង​គ្រាន់​តែ​ធ្វើ​ហីៗ​មិន​ជួយ​គាត់​ឬ? មិន​មែន​សោះ​ឡើយ! យើង​ត្រឡប់​ទៅ​ជួប​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ឯ​ផ្ទះ​គេ ដ្បិត​នេះ​ទាក់ទង​សេចក្ដី​សង្គ្រោះ​នៃ​ម្ចាស់​ផ្ទះ។ កាលៈទេសៈ​រមែង​ប្រែប្រួល​ជានិច្ច។ អ្នក​ខ្លះ​ដែល​ធ្លាប់​រវល់​មិន​មាន​ពេល​ស្ដាប់​យើង​នៅ​ពេល​មួយ ក៏​ប្រហែល​ជា​ស្ដាប់​សារ​ព្រះគម្ពីរ​នៅ​ពេល​មួយ​ទៀត​ដែរ។ យើង​ជួប​អ្នក​បើក​ទ្វារ​អាច​ជា​សមាជិក​ផ្សេង​ទៀត​ក្នុង​គ្រួសារ ហើយ​នេះ​អាច​នាំ​ឲ្យ​យើង​មាន​ឱកាស​ពិគ្រោះ​អំពី​បទគម្ពីរ​ដែរ។

១៦ កាលៈទេសៈ​ម្ចាស់​ផ្ទះ​អាច​ផ្លាស់ប្ដូរ​ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​អាច​ផ្លាស់ប្ដូរ​ដែរ។ ជា​ឧទាហរណ៍ ពេល​មាន​បុគ្គល​ដែល​គេ​ស្រឡាញ់​ស្លាប់​ទៅ នេះ​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ព្រម​ស្ដាប់​សារ​ព្រះរាជាណាចក្រ។ យើង​ចង់​សម្រាល​ទុក្ខ​គាត់ ឲ្យ​គាត់​ដឹង​នូវ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​ខ្លួន ហើយ​បង្ហាញ​នូវ​របៀប​ដែល​គាត់​អាច​ទទួល​នូវ​អាហារ​ខាង​វិញ្ញាណ​នេះ។—ម៉ាថាយ ៥:៣, ៤

១៧​. តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ចំពោះ​កិច្ច​ផ្សព្វផ្សាយ​របស់​យើង?

១៧ ក្នុង​ចំណោម​មូលហេតុ​ដ៏​សំខាន់​បំផុត​ចំពោះ​ការ​ធ្វើ​បន្ទាល់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​តាម​លក្ខណៈ​ផ្សេងៗ គឺ​ដោយសារ​យើង​ចង់​ចូល​រួម​ប្រកាស​ព្រះ​នាម​របស់​ព្រះយេហូវ៉ា។ (និក្ខមនំ ៩:១៦; ទំនុកដំកើង ៨៣:១៨) នៅ​ពេល​ដែល​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជួយ​មនុស្ស​ដែល​ស្រឡាញ់​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត​ក្លាយ​ទៅ​ជា​អ្នក​សរសើរ​ព្រះយេហូវ៉ា នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​មែន! អ្នក​តែង​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ! ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ​នាម​ព្រះយេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ​នាម​ទ្រង់​១​ដែល​ខ្ពស់​ប្រសើរ សិរី​ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី​នឹង​ផ្ទៃ​មេឃ​ទៅ​ទៀត»។—ទំនុកដំកើង ១៤៨:១២, ១៣

យើង​ផ្ទាល់​ទទួល​ប្រយោជន៍​ពី​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ

១៨​. តើ​យើង​ទទួល​ប្រយោជន៍​ពី​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​យ៉ាង​ដូច​ម្ដេច?

១៨ យើង​ផ្ទាល់​ទទួល​ប្រយោជន៍​ផ្សេងៗ​ពី​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ជួយ​យើង​ឲ្យ​បណ្ដុះ​នូវ​ចិត្ត​រាប​ទាប ជា​ពិសេស​ពេល​មនុស្ស​មិន​រាក់ទាក់​នឹង​យើង។ យើង​ត្រូវ​តែ​ធ្វើ​ដូច​ប៉ុល បើ​យើង​ចង់​ទៅ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដែល​មាន​ប្រសិទ្ធ​ភាព ដែល​«បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ»។ (កូរិនថូសទី១ ៩:១៩​-​២៣) បទ​ពិសោធន៍​ក្នុង​កិច្ច​បំរើ​ផ្សាយ​ជួយ​ឲ្យ​យើង​មាន​ការ​ប៉ិនប្រសប់។ ដោយ​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា និង​និយាយ​ដោយ​ប្រើ​ពាក្យ​សមរម្យ យើង​អាច​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ដែល​ថា​៖ «ចូរ​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​ជានិច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ»។—កូល៉ុស ៤:៦

១៩​. តើ​ពួក​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ត្រូវ​បាន​ជួយ​ដោយ​វិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

១៩ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ក៏​ត្រូវ​ជំរុញ​យើង​ឲ្យ​ទុក​ចិត្ត​លើ​វិញ្ញាណ​របស់​ព្រះ​ដែរ។ (សាការី ៤:៦) ផលផ្លែ​របស់​វិញ្ញាណ​របស់​ព្រះ​គឺ​«សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត» គុណសម្បត្ដិ​ទាំង​នេះ​គឺ​អាច​ឃើញ​ជាក់​ស្តែង​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។ (កាឡាទី ៥:២២, ២៣) នេះ​ក៏​មាន​អានុភាព​លើ​ការ​ប្រព្រឹត្ត​របស់​យើង​ជា​មួយ​នឹង​អ្នក​ដទៃ ហើយ​បើ​ធ្វើ​តាម​វិញ្ញាណ​របស់​ព្រះ នេះ​ជួយ​យើង​ឲ្យ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់ ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​និង​ភាព​សុខសាន្ត ឲ្យ​ចេះ​អត់ធ្មត់​និង​សប្បុរស ហើយ​បង្ហាញ​នូវ​ភាពល្អ​និង​ជំនឿ ថែម​ទាំង​បង្ហាញ​នូវ​ភាព​ស្លូតបូត​និង​ការ​ចេះ​ទប់​ចិត្ត ក្នុង​កាល​ប្រកាស​ដំណឹង​ល្អ។

២០, ២១​. តើ​មាន​ពរ​និង​ផល​ប្រយោជន៍​ណា​ខ្លះ​ដែល​យើង​ទទួល ដោយសារ​យើង​ជាប់​រវល់​នឹង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

២០ ពរ​មួយ​ទៀត​ដែល​យើង​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នឹង​ទទួល គឺ​យើង​ចេះ​យល់​ចិត្ត​គេ​កាន់​តែ​ច្រើន​ឡើង។ ពេល​មនុស្ស​រៀប​រាប់​អំពី​បញ្ហា​របស់​គេ ដូច​ជា​ជំងឺ ការ​គ្មាន​ការងារ​ធ្វើ បញ្ហា​ក្នុង​គ្រួសារ យើង​មិន​ប្រព្រឹត្ត​ដូច​ជា​អ្នក​ឲ្យ​យោបល់​ទេ ប៉ុន្តែ​យើង​បង្ហាញ​បទគម្ពីរ​ដែល​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​គេ​វិញ។ យើង​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​ដែល​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ ប៉ុន្តែ ហាក់​ដូច​ជា​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​សេចក្ដី​សុចរិត។ (កូរិនថូសទី២ ៤:៤) ហើយ​យើង​មាន​អំណរ​មែន​ក្នុង​ការ​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ​ដល់​អស់​អ្នក​«ដែល​ព្រះ​ជា​ម្ចាស់​តំរូវ​អោយ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច!»។—កិច្ចការ ១៣:៤៨, ខ.ស.

២១ ការ​ចូល​រួម​ជា​ទៀងទាត់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ជួយ​យើង​ឲ្យ​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វីៗ​ខាង​វិញ្ញាណ។ (លូកា ១១:៣៤) នេះ​ប្រាកដ​ជា​មាន​ប្រយោជន៍​មែន ដ្បិត​បើ​យើង​មិន​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វីៗ​ខាង​វិញ្ញាណ​ទេ នោះ​យើង​អាច​ត្រូវ​ល្បួង​ឲ្យ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ ដែល​មាន​ទូទៅ​ក្នុង​លោកីយ៍​នេះ។ សាវ័ក​យ៉ូហាន​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​ថា​៖ «កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ ឯ​លោកីយ​នេះ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហានទី១ ២:១៥​-​១៧) ដោយ​យើង​នៅ​ជាប់​រវល់​នឹង​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ប្រមូល​អារម្មណ៍​ទៅ​លើ​កិច្ចការ​របស់​ព្រះអម្ចាស់ នេះ​ក៏​ជួយ​យើង​កុំ​ឲ្យ​ស្រឡាញ់​អ្វីៗ​ខាង​លោកីយ៍។—កូរិនថូសទី១ ១៥:៥៨

ចូរ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ខ្លួន នៅ​ឯ​ស្ថានសួគ៌

២២, ២៣​. (ក) តើ​ពួក​គ្រីស្ទាន​ដែល​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​បាន​ប្រមូល​យក​ទ្រព្យ​យ៉ាង​ណា? (ខ) តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ជួយ​យើង​យ៉ាង​ណា?

២២ ការ​ផ្សព្វផ្សាយ​ដ៏​ខ្នះខ្នែង​អំពី​សារ​ព្រះ​រាជាណាចក្រ​នាំ​ឲ្យ​មាន​ប្រយោជន៍​ជា​ស្ថាពរ។ ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​រឿង​នេះ ពេល​ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ខ្លួន​នៅ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត​នឹង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ចោរ​ទំលុះ​ប្លន់​នោះ​ឡើយ ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត​ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ​ឬ​ប្លន់​ផង ពីព្រោះ​សម្បត្ដិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។—ម៉ាថាយ ៦:១៩​-​២១

២៣ សូម​ឲ្យ​យើង​បន្ត​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សំរាប់​ស្ថានសួគ៌ ដោយ​ដឹង​ថា​យើង​អាច​មាន​មហា​កិត្ដិយស​ដោយ​តំណាង​ទ្រង់​ជា​ព្រះអម្ចាស់​មហាក្សត្រ ព្រះយេហូវ៉ា គឺ​ជា​ស្មរបន្ទាល់​របស់​ទ្រង់។ (អេសាយ ៤៣:១០​-​១២) ហើយ​កាល​ដែល​យើង​បំពេញ​មុខងារ​យើង​ជា​អ្នក​បំរើ​របស់​ព្រះ យើង​នឹង​មាន​អារម្មណ៍​ដូច​ស្ត្រី​គ្រីស្ទាន​ម្នាក់​ដែល​មាន​អាយុ​ជាង​៩០​ឆ្នាំ ដែល​បាន​និយាយ​អំពី​កិច្ច​បំរើ​ព្រះ​ដែល​មាន​រយៈ​ពេល​យ៉ាង​យូរ​ថា​៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ព្រះយេហូវ៉ា ដោយ​ទទួល​ខ្ញុំ​ឲ្យ​បំរើ​ទ្រង់​ទោះ​ជា​ខ្ញុំ​មាន​គុណ​វិបត្ដិ​ក៏​ដោយ ហើយ​ខ្ញុំ​សូម​អធិស្ឋាន​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះវរបិតា​ដែល​ស្រឡាញ់​ខ្ញុំ​ជា​រៀង​រហូត»។ ប្រសិន​បើ​យើង​ពិត​ជា​ស្រឡាញ់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​មែន នេះ​ប្រាកដ​ជា​ជំរុញ​ឲ្យ​យើង​ចង់​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ឲ្យ​បាន​ពេញលេញ។ អត្ថបទ​ជា​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​ឃើញ​នូវ​របៀប​ដែល​យើង​អាច​សម្រេច​កិច្ច​បំរើ​របស់​យើង​ឲ្យ​បាន​គ្រប់​ជំពូក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​យើង​ត្រូវ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

តើ​យើង​អាច​និយាយ​យ៉ាង​ណា​អំពី​កិច្ចការ​របស់​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​សម័យ​ដើម​និង​សម័យ​នេះ?

ហេតុ​អ្វី​បាន​ជា​យើង​ធ្វើ​បន្ទាល់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ?

តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

សព្វ​ថ្ងៃ​នេះ​ក៏​មាន​មនុស្ស​ដូច​ភីលីព និង​កូន​ស្រីៗ​របស់​គាត់ ដែល​បំរើ​ជា អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ

[រូបភាព​នៅ​ទំព័រ​២៣]

តើ​អ្នក​ផ្ទាល់​ទទួល​ប្រយោជន៍​យ៉ាង​ណា ពេល​ដែល​អ្នក​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ ជា​មួយ​អ្នក​ដទៃ?