លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ចូរបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនគ្រប់ជំពូក›

‹ចូរបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនគ្រប់ជំពូក›

‹ចូរ​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​ខ្លួន​គ្រប់​ជំពូក›

«[ចូរ]បំពេញ​ការងារ[ឬ​«កិច្ច​បំរើ​ផ្សាយ»​, ព.ថ.]របស់​ខ្លួន​គ្រប់​ជំពូក​ផង»។—ធីម៉ូថេទី២ ៤:៥

១, ២​. ទោះ​ជា​គ្រីស្ទាន​ទាំង​អស់​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ក៏​ដោយ តើ​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​បំពេញ​នូវ​តម្រូវ​ការ​ណា​ខ្លះ​តាម​បទគម្ពីរ?

តើ​អ្នក​ជា​អ្នក​ប្រកាស​សារ​ព្រះរាជាណាចក្រ​ឬ​ទេ? បើ​ដូច្នេះ​មែន ចូរ​ថ្លែង​អំណរគុណ​ថ្វាយ​ព្រះយេហូវ៉ា​ចំពោះ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ។ តើ​អ្នក​បំរើ​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុមជំនុំ​ឬ​ទេ? នេះ​គឺ​ជា​ឯកសិទ្ធិ​បន្ថែម​មួយ​ទៀត​ពី​ព្រះយេហូវ៉ា។ ប៉ុន្តែ យើង​មិន​ត្រូវ​ភ្លេច​ថា ហេតុ​ដែល​យើង​មាន​សមត្ថភាព​បំពេញ​កិច្ច​បំរើ​ផ្សាយ​ឬ​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ នោះ​មិន​មែន​ដោយសារ​ការ​រៀន​សូត្រ ឬ​ដោយសារ​យើង​ប៉ិនប្រសប់​ខាង​វោហារ​នោះ​ឡើយ។ ព្រះយេហូវ៉ា​ប្រទាន​ឲ្យ​យើង​មាន​គ្រប់​លក្ខណៈ​ដែល​ត្រូវ​ការ​សំរាប់​កិច្ច​បំរើ​ផ្សាយ ហើយ​ដោយសារ​មាន​បុរស​ខ្លះ​ក្នុង​ចំណោម​យើង​បាន​បំពេញ​តាម​តម្រូវ​ការ​ផ្សេងៗ​ក្នុង​បទគម្ពីរ នោះ​ពួក​គាត់​មាន​ឯកសិទ្ធិ​បំរើ​ជា​អ្នក​ត្រួត​ពិនិត្យ​វិញ។—កូរិនថូសទី២ ៣:៥, ៦; ធីម៉ូថេទី១ ៣:១​-​៧

ពួក​គ្រីស្ទាន​ទាំង​អស់​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន គឺ​ធ្វើ​កិច្ចការ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ ប៉ុន្តែ​ជា​ពិសេស ពួក​អ្នក​ត្រួត​ពិនិត្យ​ឬ​ពួក​អ្នក​ចាស់​ទុំ​គប្បី​ទុក​គំរូ​ដ៏​ល្អ​ក្នុង​កិច្ច​បំរើ​ផ្សាយ។ ព្រះយេហូវ៉ា​និង​ព្រះគ្រីស្ទ​កត់​សម្គាល់​ពួក​អ្នក​ចាស់​ទុំ​«ដែល​នឿយ​ហត់​ប្រកាស​ព្រះបន្ទូល​និង​បង្រៀន​គេ» ហើយ​ស្មរបន្ទាល់​គ្នីគ្នា​ក៏​កត់​សម្គាល់​នូវ​គំរូ​របស់​ពួក​គាត់​ដែរ។ (ធីម៉ូថេទី១ ៥:១៧, ខ.ស.; អេភេសូរ ៥:២៣; ហេព្រើរ ៦:១០​-​១២) ការ​បង្រៀន​របស់​អ្នក​ចាស់​ទុំ​ត្រូវ​ផ្គត់ផ្គង់​ខាង​វិញ្ញាណ​ក្រោម​កាលៈទេសៈ​ទាំង​អស់ ដ្បិត​សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ថា​៖ «ដ្បិត​នឹង​មាន​គ្រា​មក ដែល​គេ​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹមត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​នឹង​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង​មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត គេ​នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ[ឬ​«អ្នក»​, ព.ថ.]ផ្សាយ​ដំណឹង​ល្អ​ចុះ! ព្រម​ទាំង​បំពេញ​ការងារ[ឬ​«កិច្ច​បំរើ​ផ្សាយ»​, ព.ថ.]របស់​ខ្លួន​គ្រប់​ជំពូក​ផង»។—ធីម៉ូថេ​ទី២ ៤:៣​-​៥

៣​. តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ការ​បង្រៀន​ក្លែង​ក្លាយ​ជ្រាប​ចូល​ក្នុង​ក្រុមជំនុំ​ដែល​គំរាម​កំហែង​ដល់​ភាព​វិញ្ញាណ​នោះ?

អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល ដើម្បី​កុំ​ឲ្យ​មាន​ការ​បង្រៀន​ក្លែង​ក្លាយ​ជ្រាប​ចូល​ក្នុង​ក្រុមជំនុំ​ដែល​គំរាម​កំហែង​ដល់​ភាព​វិញ្ញាណ​នោះ។ ប៉ុល​បាន​ពោល​ថា​៖ «ចូរ​ឲ្យ​មាន​គំនិត​នឹងនរ​ក្នុង​គ្រប់​ប្រការ . . . ព្រម​ទាំង​បំពេញ​ការងារ[ឬ​«កិច្ច​បំរើ​ផ្សាយ»​, ព.ថ.]​របស់​ខ្លួន​គ្រប់​ជំពូក​ផង»។ (ធីម៉ូថេទី២ ៤:៥) ប្រាកដ​ហើយ អ្នក​ចាស់​ទុំ​ត្រូវ​តែ​«បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​ខ្លួន​គ្រប់​ជំពូក»។ គាត់​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​គ្រប់​ជំពូក​ឬ​ឲ្យ​បាន​គ្រប់​សព្វ។ អ្នក​ចាស់​ទុំ​ដែល​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​ខ្លួន​បាន​គ្រប់​ជំពូក នោះ​យក​ចិត្ត​ទុក​ដាក់​នឹង​ភារកិច្ច​ទាំង​អស់​របស់​ខ្លួន ដោយ​មិន​ធ្វើ​ព្រងើយ​កន្តើយ ឬ​បំពេញ​ភារកិច្ច​ឲ្យ​រួច​តែ​ពី​ដៃ​នោះ​ឡើយ។ សូម្បីតែ​ចំពោះ​កិច្ចការ​តូចតាច ក៏​បុរស​ទាំង​នេះ​មាន​ចិត្ត​ស្មោះភក្ដី​ក្នុង​ការ​ធ្វើ​កិច្ចការ​នោះ​ដែរ។—លូកា ១២:៤៨; ១៦:១០

៤​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​បំពេញ​កិច្ច​បំរើ​ផ្សាយ​បាន​គ្រប់​ជំពូក?

ការ​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ឲ្យ​បាន​គ្រប់​ជំពូក មិន​តែងតែ​ត្រូវ​ការ​ពេល​វេលា​ច្រើន​នោះ​ទេ ប៉ុន្តែ យើង​ត្រូវ​ប្រើ​ពេល​វេលា​នោះ​ឲ្យ​បាន​ជា​ប្រយោជន៍។ ការ​មាន​តុល្យភាព​និង​ការ​ធ្វើ​ឡើង​ជា​ទៀងទាត់​អាច​ជួយ​គ្រីស្ទាន​ទាំង​អស់​ឲ្យ​បំពេញ​ភារកិច្ច​ផ្សេងៗ​ក្នុង​កិច្ច​បំរើ​ផ្សាយ។ អ្នក​ចាស់​ទុំ​ត្រូវ​ចេះ​រៀបចំ​កិច្ចការ​ខ្លួន​ឲ្យ​បាន​ល្អ ដោយ​រៀបចំ​កាល​វិភាគ​របស់​គាត់​ឲ្យ​មាន​តុល្យភាព ហើយ​ដឹង​នូវ​ភារកិច្ច​ណា​ដែល​ត្រូវ​ផ្ទេរ និង​របៀប​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​នោះ ដើម្បី​គាត់​អាច​ចំណាយ​ពេល​វេលា​បាន​ច្រើន​ក្នុង​កិច្ច​បំរើ​ផ្សាយ។ (ហេព្រើរ ១៣:១៧) ជា​ធម្មតា អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​គេ​គោរព ក៏​ចូល​រួម​ផ្សព្វផ្សាយ​ដូច​ជា​លោក​នេហេមា​ចូល​រួម​កសាង​កំផែង​ក្រុង​យេរូសាឡិម​ដែរ។ (នេហេមា ៥:១៦) អ្នក​បំរើ​ទាំង​អស់​របស់​ព្រះយេហូវ៉ា​គួរ​ចូល​រួម​ជា​ទៀងទាត់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ពី​ព្រះរាជាណាចក្រ។—កូរិនថូសទី១ ៩:១៦​-​១៨

៥​. តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កិច្ច​បំរើ​ផ្សាយ?

យើង​មាន​កិច្ចការ​ដែល​ធ្វើ​ឲ្យ​យើង​អរ​សប្បាយ​មែន ដោយ​ធ្វើ​ជា​អ្នក​ដែល​ប្រកាស​សារ​អំពី​ព្រះរាជាណាចក្រ​នៅ​ស្ថានសួគ៌​ដែល​បាន​ស្ថាបនា​ហើយ! យើង​ប្រាកដ​ជា​ស្រឡាញ់​អបអរ​នូវ​ឯកសិទ្ធិ​ចូល​រួម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ប្រាប់​មនុស្ស​ទូទាំង​ពិភពលោក​មុន​ដល់​ទីបញ្ចប់។ (ម៉ាថាយ ២៤:១៤) ទោះ​ជា​យើង​ជា​មនុស្ស​មិន​គ្រប់​ល័ក្ខណ៍ ក៏​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​ពាក្យ​របស់​ប៉ុល​ដែល​ថា​៖ «យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ[គឺ​កិច្ច​បំរើ​ផ្សាយ]នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ»។ (កូរិនថូស​ទី២ ៤:៧) ត្រូវ​ហើយ យើង​អាច​ធ្វើ​កិច្ច​បំរើដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ គឺ​យើង​អាច​ធ្វើ​បាន​ដោយ​កម្លាំង​និង​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​មក។—កូរិនថូសទី១ ១:២៦​-​៣១

ចូរ​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ

៦​. តើ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​រវាង​អ៊ីស្រាអែល​ខាង​វិញ្ញាណ​និង​ប្រជាជន​អ៊ីស្រាអែល​ពីដើម?

ស្តី​អំពី​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង ប៉ុល​និយាយ​ថា ព្រះ​«បាន​ប្រោស​ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បំរើនៃ​សញ្ញា​ថ្មី[ឬ​«កិច្ច​ព្រម​ព្រៀង​ថ្មី»​, ព.ថ.]បាន»។ សាវ័ក​ប៉ុល​បង្ហាញ​ភាព​ខុស​គ្នា​រវាង​កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​អ៊ីស្រាអែល​ខាង​វិញ្ញាណ​តាម​រយៈ​ព្រះយេស៊ូ​គ្រីស្ទ និង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ដែល​បាន​ធ្វើ​ឡើង​ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល​ពីដើម​តាម​រយៈ​លោក​ម៉ូសេ។ ប៉ុល​និយាយ​បន្ថែម​ថា ពេល​ម៉ូសេ​ចុះ​ពី​ភ្នំ​ស៊ីណាយ​ដោយ​កាន់​បន្ទះ​ថ្ម​ពីរ​ដែល​ចារ​ក្រិត្យ​វិន័យ​ដប់​ប្រការ នោះ​មុខ​គាត់​ភ្លឺ​ចិញ្ចាច​ណាស់ ដែល​ពួក​អ៊ីស្រាអែល​ពុំ​អាច​សម្លឹង​មើល​បាន​ទេ។ ប៉ុន្តែ ក្រោយ​មក មាន​អ្វី​មួយ​ដ៏​សំខាន់​ដែល​កើត​ឡើង​ពីព្រោះ​«ចិត្ត​គេ​បាន​រឹង​ទទឹង» ហើយ​មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់។ ក៏​ប៉ុន្តែ នៅ​ពេល​ពួក​គេ​ងាក​បែរ​មក​ឯ​ព្រះយេហូវ៉ា​វិញ​ដោយ​ថ្វាយ​បង្គំ​ទ្រង់​អស់​ពី​ចិត្ត ស្បៃ​នោះ​ក៏​បាន​ដោះ​ចេញ។ បន្ទាប់​មក ប៉ុល​និយាយ​អំពី​កិច្ច​បំរើ​ផ្សាយ​នៃ​អស់​អ្នក​ដែល​ជាប់​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​ថ្មី​ថា​៖​«ហើយ​ដោយ​គ្មាន​ស្បៃ​បាំង​មុខ យើង​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា​ដូច​កញ្ចក់​ឆ្លុះ​មុខ»។ (កូរិនថូសទី២ ៣:៦​-​៨; ១៤​-​១៨, ព.ថ.; និក្ខមនំ ៣៤:២៩​-​៣៥) សព្វ​ថ្ងៃ​នេះ​«ចៀម​ឯ​ទៀត»​របស់​ព្រះយេស៊ូ​ក៏​មាន​ឯកសិទ្ធិ​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា​ដែរ។—យ៉ូហាន ១០:១៦

៧​. តើ​មនុស្ស​លោក​អាច​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​មនុស្ស​មាន​បាប​អាច​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច បើ​គ្មាន​មនុស្ស​ជាតិ​ណា​ដែល​មើល​ព្រះភ័ក្ដ្រ​ព្រះ​ហើយ​នៅ​រស់​បាន​នោះ? (និក្ខមនំ ៣៣:២០) យើង​ត្រូវ​ទទួល​ស្គាល់​ថា ទោះ​ជា​ព្រះយេហូវ៉ា​ជា​បុគ្គល​ដែល​មាន​សិរី​រុងរឿង​ក៏​ដោយ ក៏​ទ្រង់​មាន​គោល​បំណង​បង្ហាញ​ឲ្យ​ឃើញ​ភាព​ត្រឹមត្រូវ​នៃ​ការ​គ្រប់គ្រង​របស់​ទ្រង់ តាម​រយៈ​ព្រះរាជាណាចក្រ​របស់​ទ្រង់​ដែរ។ សេចក្ដី​ពិត​ដែល​ទាក់ទង​នឹង​ព្រះរាជាណាចក្រ គឺ​ជា​ផ្នែក​នៃ​«ការ​អស្ចារ្យ​របស់​ព្រះ» ដែល​ត្រូវ​បាន​ចាប់​ប្រកាស​ដោយ​អស់​អ្នក​ដែល​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​នៅ​បុណ្យ​នៃ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ.។ (កិច្ចការ ២:១១) ដោយ​មាន​ការ​ណែនាំ​ពី​វិញ្ញាណ​បរិសុទ្ធ ពួក​គាត់​អាច​បំពេញ​កិច្ច​បំរើដែល​ព្រះ​បាន​ប្រគល់​ឲ្យ​ពួក​គាត់​បាន​គ្រប់​ជំពូក។—កិច្ចការ ១:៨

៨​. តើ​ប៉ុល​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាង​ណា​ចំពោះ​កិច្ច​បំរើ​ផ្សាយ?

ប៉ុល​បាន​ប្ដេជ្ញា​មិន​ឲ្យ​អ្វី​មក​រារាំង​គាត់​ពី​ការ​បំពេញ​កិច្ច​បំរើ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ជំពូក​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ «ដូច្នេះ ដែល​មាន[«កិច្ច​បំរើ​ផ្សាយ»​, ព.ថ.]នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្ដី​មេត្ដាករុណា​ដែល​យើង​ខ្ញុំ​ទទួល​មក យើង​ខ្ញុំ​លះចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយកល ឬ​បំប្លែង​ព្រះ​បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក​ផ្ដាក់​ខ្លួន​នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ»។ (កូរិនថូសទី២ ៤:១, ២) ដោយ​អ្វី​ដែល​ប៉ុល​ហៅ​ថា​«កិច្ច​បំរើ​ផ្សាយ​នេះ» នោះ​សេចក្ដី​ពិត​ត្រូវ​បាន​ប្រកាស​និង​ពន្លឺ​ខាង​វិញ្ញាណ​ត្រូវ​ផ្សព្វផ្សាយ​នៅ​ទី​ជិត​ឆ្ងាយ។

៩, ១០​. តើ​យើង​អាច​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

ប៉ុល​បាន​សរសេរ​អំពី​ប្រភព​នៃ​ពន្លឺ​ថ្ងៃ​និង​ពន្លឺ​ខាង​វិញ្ញាណ​ថា​៖ «ដ្បិត​គឺ​ជា​ព្រះ​ដែល​មាន​បន្ទូល​បង្គាប់ ‹ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត› ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរី​ល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ដ្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ»។ (កូរិនថូស​ទី២ ៤:៦; លោកុប្បត្តិ ១:២​-​៥) ដោយ​ព្រោះ​ព្រះ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​មហា​កិត្ដិយស​ជា​អ្នក​បំរើ​របស់​ព្រះ សូម​ឲ្យ​យើង​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត ដើម្បី​ឲ្យ​យើង​បំប្លាត​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា​ដូច​កញ្ចក់​ឆ្លុះ​មុខ។

១០ មនុស្ស​ដែល​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​ពុំ​អាច​ឃើញ​នូវ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា​ឬ​ឃើញ​ការ​ភ្លឺ​ចាំង​ពី​ព្រះ​យេស៊ូ​គ្រីស្ទ​ដែល​ជា​ម៉ូសេ​ដ៏​ឧត្តម​នោះ​ទេ។ ប៉ុន្តែ ជា​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា យើង​ទទួល​រស្មី​ពន្លឺ​ដ៏​រុងរឿង​នោះពី​ព្រះគម្ពីរ​ហើយ​យើង​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ឃើញ​ដែរ។ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​រួច​ផុត​ពី​សេចក្ដី​បំផ្លាញ នោះ​ពួក​គេ​ត្រូវ​ការ​ពន្លឺ​ដែល​មក​ពី​ព្រះ។ ដូច្នេះ យើង​មាន​ចិត្ត​អរ​និង​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ដែល​យើង​គោរព​សេចក្ដី​បង្គាប់​របស់​ព្រះ ដើម្បី​ឲ្យ​ពន្លឺ​ដែល​ភ្លឺ​ក្នុង​ភាព​ងងឹត​អាច​បញ្ចាំង​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះយេហូវ៉ា។

សូម​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺ​តាម​រយៈ​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ

១១​. តើ​ព្រះយេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​ការ​ធ្វើ​ឲ្យ​ពន្លឺ​របស់​យើង​បាន​ភ្លឺ​នោះ? ហើយ​តើ​អ្វី​ជា​វិធី​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​ក្នុង​កិច្ច​បំរើ​ផ្សាយ?

១១ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌»។ (ម៉ាថាយ ៥:​១៤​-​១៦) ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​យើង​អាច​ជួយ​អ្នក​ដទៃ​ឲ្យ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ។ (ពេត្រុសទី១ ២:១២) ហើយ​តាម​លក្ខណៈ​ផ្សេងៗ​នៃ​កិច្ចការ​ផ្សាយ​ដំណឹង​ល្អ ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ជា​ច្រើន ដើម្បី​ឲ្យ​ពន្លឺ​របស់​យើង​បាន​ភ្លឺ​ចេញ។ គោល​ដៅ​មួយ​ដ៏​សំខាន់​របស់​យើង គឺ​ដើម្បី​ឲ្យ​ពន្លឺ​ខាង​វិញ្ញាណ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ភ្លឺ​តាម​រយៈ​ការ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​តាម​ផ្ទះ​ដែល​មាន​ប្រសិទ្ធ​ភាព។ នេះ​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​បំពេញ​កិច្ច​បំរើ​របស់​យើង​ឲ្យ​បាន​គ្រប់​ជំពូក។ តើ​មាន​យោបល់​ណា​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ ដែល​ធ្វើ​ឲ្យ​ពត៌មាន​នោះ​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​អស់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​ពិត?

១២​. តើ​សេចក្ដី​អធិស្ឋាន​ទាក់ទង​នឹង​ការ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​តាម​ផ្ទះ​យ៉ាង​ដូច​ម្ដេច?

១២ ការ​អធិស្ឋាន​ទូល​ថ្វាយ​ព្រះយេហូវ៉ា​ស្តី​អំពី​ការ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​តាម​ផ្ទះ​បង្ហាញ​ថា យើង​មាន​ចិត្ត​ប្រាថ្នា​ចង់​ធ្វើ​នេះ​យ៉ាង​ខ្លាំង។ នេះ​ក៏​បង្ហាញ​ថា​យើង​យល់​នូវ​សារៈ​សំខាន់​នៃ​ការ​ជួយ​អ្នក​ដទៃ​អំពី​ការ​ទទួល​ចំណេះ​អំពី​ព្រះ។ (អេសេគាល ៣៣:៧​-​៩) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​យើង និង​ប្រទាន​ពរ​ឲ្យ​យើង​ដោយសារ​យើង​ខំ​ប្រឹង​ក្នុង​កិច្ច​បំរើ​ផ្សាយ។ (យ៉ូហាន​ទី១ ៥:១៤, ១៥) ប៉ុន្តែ យើង​មិន​គ្រាន់​តែ​អធិស្ឋាន​ថ្វាយ​ព្រះ​ដើម្បី​រក​តែ​មនុស្ស​ដែល​យើង​នឹង​សិក្សា​ព្រះគម្ពីរ​ជា​មួយ​នៅ​តាម​ផ្ទះ​គេ​នោះ​ទេ។ ក្រោយ​ពី​មាន​សិស្ស​ព្រះគម្ពីរ នោះ​សេចក្ដី​អធិស្ឋាន​និង​ការ​រំពឹង​គិត​ស្តី​អំពី​តម្រូវ​ការ​ផ្សេងៗ​របស់​សិស្ស​នោះ នឹង​ជួយ​យើង​ឲ្យ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​ម្ដងៗ​តាម​របៀប​ដែល​មាន​ប្រសិទ្ធ​ភាព។—រ៉ូម ១២:១២

១៣​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​តាម​ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព?

១៣ ដើម្បី​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​នៅ​តាម​ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព យើង​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ល្អ​សំរាប់​ពេល​សិក្សា​ម្ដងៗ។ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ថា យើង​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ទេ យក​ល្អ​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​នាំ​មុខ​ក្នុង​ការ​សិក្សា​នូវ​មេរៀន​រៀង​រាល់​សប្ដាហ៍។ នៅ​ពេល​ខ្លះ យើង​អាច​មាន​ឱកាស​ទៅ​ជា​មួយ​អ្នក​ផ្សព្វផ្សាយ​ដែល​ធ្លាប់​ទទួល​លទ្ធផល​ល្អ​ក្នុង​ការ​នាំ​មុខ​ការ​សិក្សា​ព្រះ​គម្ពីរ​នៅ​តាម​ផ្ទះ។ មែន​ហើយ យើង​គួរ​ពិចារណា​មើល​នូវ​អាកប្បកិរិយា​និង​វិធី​បង្រៀន​របស់​ព្រះយេស៊ូ​គ្រីស្ទ។

១៤​. តើ​យើង​អាច​បង្រៀន​ដែល​ធ្វើ​ឲ្យ​ពត៌មាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​សិស្ស​ព្រះគម្ពីរ​បាន​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះយេស៊ូ​មាន​ព្រះទ័យ​រីករាយ​ក្នុង​ការ​បំពេញ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​នៅ​ស្ថានសួគ៌​និង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះ។ (ទំនុកដំកើង ៤០:៨) ទ្រង់​មាន​ព្រះទ័យ​ស្លូតបូត​និង​ពូកែ​បង្រៀន​ដែល​មាន​អានុភាព​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​អ្នក​ដែល​ស្ដាប់​ទ្រង់។ (ម៉ាថាយ ១១:២៨​-​៣០) ដូច្នេះ សូម​ឲ្យ​យើង​ខំ​ប្រឹង​បង្រៀន​ដើម្បី​ឲ្យ​ពត៌មាន​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​គំនិត​របស់​សិស្ស​ព្រះគម្ពីរ។ ដើម្បី​អាច​សម្រេច​ការ​នេះ យើង​ត្រូវ​តែ​រៀបចំ​ទុក​ជា​មុន​សំរាប់​ការ​សិក្សា​និមួយៗ ដោយ​គិត​អំពី​កាលៈទេសៈ​ផ្ទាល់​របស់​សិស្ស​នោះ។ ជា​ឧទាហរណ៍ បើ​គាត់​មិន​ស្គាល់​អំពី​ព្រះគម្ពីរ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​គាត់​ជឿជាក់​ថា ព្រះគម្ពីរ​គឺ​ជា​សេចក្ដី​ពិត។ ដូច្នេះ​យើង​ត្រូវ​តែ​អាន​បទគម្ពីរ​ជា​ច្រើន និង​ពន្យល់​សាច់​រឿង​ក្នុង​បទគម្ពីរ​ដែរ។

ចូរ​ជួយ​សិស្ស​ឲ្យ​យល់​នូវ​រឿង​ប្រៀបប្រដូច

១៥, ១៦​. (ក) តើ​យើង​អាច​ជួយ​សិស្ស​ដែល​ពុំ​យល់​រឿង​ប្រៀង​ប្រដូច​ក្នុង​ព្រះគម្ពីរ​យ៉ាង​ដូច​ម្ដេច? (ខ) តើ​យើង​អាច​ធ្វើ​យ៉ាង​ណា បើ​ប្រកាសនវត្ថុ​មួយ​របស់​យើង​ប្រើ​រឿង​ប្រៀបប្រដូច ដែល​ធ្វើ​ឲ្យ​សិស្ស​ព្រះគម្ពីរ​ពិបាក​យល់​នោះ?

១៥ សិស្ស​ព្រះគម្ពីរ​ប្រហែល​ជា​មិន​យល់​នូវ​រឿង​ប្រៀបប្រដូច​ណា​មួយ​ក្នុង​បទគម្ពីរ​ទេ។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​មិន​យល់​ថា​ព្រះយេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ទេ ពេល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​ការ​ដាក់​ចង្កៀង​លើ​ជើង​ចង្កៀង​នោះ។ (ម៉ាកុស ៤:២១, ២២) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​ចង្កៀង​ប្រេងកាត​ពី​បុរាណ​ដែល​មាន​ប្រឆេះ។ ចង្កៀង​បែប​នេះ​ត្រូវ​ដាក់​លើ​ជើង​ចង្កៀង​ដើម្បី​ឲ្យ​កន្លែង​មួយ​ក្នុង​ផ្ទះ​បាន​ភ្លឺ។ ប្រហែល​ជា​ត្រូវ​ការ​ស្រាវជ្រាវ​អំពី​ប្រធាន​នេះ​ក្នុង​ប្រកាសនវត្ថុ​របស់​យើង ដើម្បី​ឲ្យ​យល់​ច្បាស់​នូវ​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ។ ប៉ុន្តែ ពិត​ជា​មាន​ប្រយោជន៍​មែន ពេល​យើង​ទៅ​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ដោយ​ពាំ​នាំ​យក​មក​ជា​មួយ​នូវ​ការ​ពន្យល់​មួយ​ដែល​សិស្ស​អាច​យល់​និង​ចូល​ចិត្ត​នោះ!

១៦ ប្រកាសនវត្ថុ​មួយ​របស់​យើង​ដែល​ប្រើ​សំរាប់​សិក្សា​ព្រះគម្ពីរ​គឺ​ប្រហែល​ជា​មាន​រឿង​ប្រៀបប្រដូច​ដែល​សិស្ស​ខ្លះ​ពិបាក​យល់។ ចូរ​ឆ្លៀត​ពេល​ពន្យល់​រឿង​ប្រៀបប្រដូច​នេះ ឬ​ពន្យល់​រឿង​ប្រៀបប្រដូច​មួយ​ទៀត​ដែល​មាន​ការ​បកស្រាយ​ន័យ​ដូច​គ្នា។ ប្រហែល​ជា​សៀវភៅ​នោះ​បញ្ជក់​ថា អ្វី​ដែល​សំខាន់​សំរាប់​អាពាហ៍ពិពាហ៍ គឺ​ការ​មាន​គូ​ដ៏​ល្អ​ម្នាក់ និង​ការ​ខិតខំ​សហការ​ជា​មួយ​គ្នា។ ឧទាហរណ៍ សៀវភៅ​នោះ​ប្រហែល​ជា​ប្រាប់​អំពី​អ្នក​លេង​សៀក​ម្នាក់​ដែល​លោត​បង្វិល​ខ្លួន​ទៅ​លើ ហើយ​លែង​ទោង​នោះ​ដោយ​ទុក​ចិត្ត​គូ​លេង​សៀក​របស់​គាត់​នឹង​ចាប់​គាត់​បាន។ យើង​អាច​ប្រើ​រឿង​ប្រៀបប្រដូច​មួយ​ទៀត ស្តី​អំពី​ការ​មាន​គូ​ដ៏​ល្អ​ម្នាក់ និង​ការ​ខិតខំ​សហការ​ជា​មួយ​គ្នា ដោយ​ប្រាប់​អំពី​ពួក​អ្នក​ធ្វើ​ការ​ដែល​ឈរ​ជិតៗ​គ្នា​ជា​ជួរ​ដើម្បី​ជញ្ជូន​អីវ៉ាន់​ចេញ​ពី​ទូក​ដោយ​ហុច​បន្ត​គ្នា។

១៧​. តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ?

១៧ យើង​ត្រូវ​តែ​រៀបចំ​ទុក​ជា​មុន បើ​យើង​ចង់​ប្រើ​រឿង​ប្រៀបប្រដូច​ផ្សេង​នោះ។ ប៉ុន្តែ នេះ​គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​សិស្ស​ព្រះគម្ពីរ។ ព្រះយេស៊ូ​បាន​ប្រើ​រឿង​ប្រៀបប្រដូច​ស្រួល​យល់ ដើម្បី​ជួយ​បំភ្លឺ​រឿង​ដែល​ពិបាក​យល់។ ធម្មទាន​របស់​ព្រះយេស៊ូ​នៅ​លើ​ភ្នំ​ផ្ដល់​នូវ​គំរូ​អំពី​រឿង​នេះ ហើយ​ព្រះ​គម្ពីរ​បង្ហាញ​ថា​ការ​បង្រៀន​របស់​ទ្រង់​គឺ​មាន​ប្រសិទ្ធ​ភាព​បំផុត​ចំពោះ​អ្នក​ស្ដាប់។ (ម៉ាថាយ ៥:១​–​៧:២៩) ដោយ​អត់ធ្មត់ ព្រះយេស៊ូ​បាន​ពន្យល់​រឿង​ផ្សេងៗ​ជូន​អ្នក​ដទៃ​ស្ដាប់ ពីព្រោះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ពួក​គេ។—ម៉ាថាយ ១៦:៥​-​១២

១៨​. តើ​មាន​យោបល់​ណា​ខ្លះ​បញ្ជាក់​អំពី​បទគម្ពីរ​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​របស់​យើង​តែ​មិន​បាន​ដក​ស្រង់​នោះ?

១៨ ដោយសារ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ នេះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​‹វែកញែក​ដោយ​ប្រើ​ព្រះគម្ពីរ›។ (កិច្ចការ ១៧:២,​៣) យើង​ត្រូវ​សិក្សា​ដោយ​មាន​ចិត្តស្មោះ​និង​អធិស្ឋាន​ថ្វាយ​ព្រះ ព្រមទាំង​ឆ្លៀត​យក​ប្រយោជន៍​ពី​ប្រកាសនវត្ថុ​របស់​«នាយ​ដំរួត​ការ​ដែល​ស្មោះត្រង់»។ (លូកា ១២:៤២​-​៤៤) ជា​ឧទាហរណ៍ សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច មាន​បទគម្ពីរ​ជា​ច្រើន​ដែល​បាន​ដក​ស្រង់​ហើយ។ * ដោយសារ​សៀវភៅ​នេះ​ពុំ​មាន​កន្លែង​ដាក់​ពត៌មាន​ច្រើន​បាន នោះ​គេ​បាន​ដាក់​បទគម្ពីរ​ខ្លះ​ក្នុង​នោះ​ដែល​មិន​បាន​ដក​ស្រង់​ទេ។ ក្នុង​កំឡុង​ពេល​សិក្សា​ព្រះគម្ពីរ គឺ​សំខាន់​ណាស់​ដែល​យើង​អាន​និង​ពន្យល់​បទគម្ពីរ​ខ្លះ​ដែល​មាន​ក្នុង​វគ្គ​តែ​មិន​បាន​ដក​ស្រង់​នោះ។ យ៉ាង​ណា​មិញ សេចក្ដី​បង្រៀន​របស់​យើង​គឺ​មាន​មូលដ្ឋាន​លើ​ព្រះបន្ទូល​របស់​ព្រះ ហើយ​មាន​អំណាច​ណាស់។ (ហេព្រើរ ៤:១២) ចូរ​ដៅ​បញ្ជាក់​ទៅ​លើ​បទគម្ពីរ​ពេល​សិក្សា​ម្ដងៗ និង​ប្រើ​បទគម្ពីរ​ក្នុង​វគ្គ​នោះ​ឲ្យ​បាន​ច្រើន។ ចូរ​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ព្រះគម្ពីរ​ចែង​យ៉ាង​ណា​អំពី​រឿង​ខ្លះ​ឬ​ការ​ប្រព្រឹត្ត​ណា​មួយ។ ចូរ​ខំ​ប្រឹង​បង្ហាញ​គាត់​នូវ​របៀប​ដែល​គាត់​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​បង្គាប់​ព្រះ។—អេសាយ ៤៨:១៧, ១៨

ចូរ​សួរ​សំនួរ​ត្រិះរិះ

១៩, ២០​. (ក) ពេល​យើង​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ ហេតុ​អ្វី​ក៏​យើង​ត្រូវ​សួរ​សំនួរ​អំពី​ទស្សនៈ​របស់​គាត់? (ខ) ប្រសិន​បើ​សិស្ស​យើង​ត្រូវ​ការ​ពិចារណា​ថែម​ទៀត​អំពី​ប្រធាន​ណា​មួយ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា?

១៩ ដោយសារ​ព្រះយេស៊ូ​ពូកែ​ក្នុង​ការ​សួរ​សំនួរ នោះ​ក៏​បាន​ជួយ​មនុស្ស​ឲ្យ​គិត​វែកញែក។ (ម៉ាថាយ ១៧:២៤​-​២៧) ប្រសិន​បើ​យើង​សួរ​សំនួរ​អំពី​ទស្សនៈ ដែល​មិន​ធ្វើ​ឲ្យ​សិស្ស​ព្រះគម្ពីរ​អាម៉ាស់​មុខ នោះ​ចម្លើយ​របស់​គាត់​អាច​បញ្ជាក់​ថា​គាត់​កំពុង​តែ​គិត​យ៉ាង​ណា​អំពី​ប្រធាន​ណា​មួយ។ យើង​ប្រហែល​ជា​ដឹង​ថា​គាត់​នៅ​មាន​ទស្សនៈ​ដែល​ប្រឆាំង​ព្រះគម្ពីរ។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​ជឿ​លើ​លទ្ធិ​ព្រះ​ឯកត្រីអង្គ​ឬ​ព្រះ​ត្រីឯកភាព។ នៅ​ក្នុង​ជំពូក​ទី៣​នៃ​សៀវភៅ​ចំណេះ បង្ហាញ​ថា​មិន​មាន​ពាក្យ​«ព្រះឯកត្រីអង្គ​ឬ​ព្រះ​ត្រីឯកភាព»​នៅ​ក្នុង​ព្រះគម្ពីរ​ទេ។ សៀវភៅ​នេះ​ដក​ស្រង់​បទគម្ពីរ​ខ្លះ​និង​បទគម្ពីរ​ខ្លះ​ដែល​មិន​បាន​ដក​ស្រង់​ក៏​បង្ហាញ​ថា ព្រះយេហូវ៉ា​គឺ​ជា​បុគ្គល​ផ្សេង​ពី​ព្រះយេស៊ូ ហើយ​ថា​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សកម្ម​ពល​របស់​ព្រះ មិន​មែន​ជា​បុគ្គល​ម្នាក់​ទេ។ ការ​អាន​និង​ពិគ្រោះ​នូវ​បទគម្ពីរ​ទាំង​នេះ ប្រហែល​ជា​គ្រប់គ្រាន់​ដើម្បី​ពន្យល់​ចំណុច​នេះ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ បើ​ត្រូវ​ការ​ពន្យល់​បន្ថែម​ទៀត​នោះ? ប្រហែល​ជា​បន្ទាប់​ពី​ការ​សិក្សា​នៅ​លើក​ក្រោយ យើង​អាច​ចំណាយ​ពេល​ខ្លះ​ពិគ្រោះ​លើ​ប្រធាន​នេះ​ដែល​មាន​ក្នុង​ប្រកាសនវត្ថុ​មួយ​ទៀត​នៃ​ស្មរបន្ទាល់​ព្រះយេហូវ៉ា ដូច​ជា​កូន​សៀវភៅ​ប្រធាន​បទគម្ពីរ​សំរាប់​ការ​ពិគ្រោះ ក្រោម​ចំណង​ជើង​ថា​«ព្រះ​ឯកត្រីអង្គ»។ ក្រោយ​មក យើង​អាច​បន្ត​សិក្សា​ដោយ​ប្រើ​សៀវភៅ​ចំណេះ​វិញ។

២០ ឧបមា​ថា សិស្ស​ឆ្លើយ​ពី​ទស្សនៈ​គាត់ ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​ឬ​ក៏​ចម្លើយ​របស់​គាត់​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ទៅ​វិញ។ ប្រសិន​បើ​នេះ​ជា​ប្រធាន​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​ទោមនស្ស​ក្នុង​ចិត្ត ដូច​ជា​ការ​ជក់​បារី យើង​អាច​ឲ្យ​យោបល់​ថា​យើង​នឹង​បន្ត​សិក្សា​ហើយ​ពិគ្រោះ​រឿង​នេះ​នៅ​ពេល​ក្រោយ។ ដោយ​ដឹង​ថា​សិស្ស​នោះ​នៅ​ជក់​បារី យើង​អាច​រក​ពត៌មាន​ក្នុង​ប្រកាសនវត្ថុ​យើង​ដែល​អាច​ជួយ​គាត់​ឲ្យ​រីក​ចំរើន​ខាង​វិញ្ញាណ។ ក្នុង​កាល​ដែល​យើង​ខំ​ប្រឹង​បង្រៀន​ដើម្បី​ឲ្យ​ពត៌មាន​បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ចិត្ត​សិស្ស នោះ​យើង​អាច​អធិស្ឋាន​ថ្វាយ​ព្រះយេហូវ៉ា​ឲ្យ​ជួយ​សិស្ស​នោះ​បាន​រីក​ចំរើន​ខាង​វិញ្ញាណ។

២១​. តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា បើ​យើង​ខំ​ប្រើ​របៀប​បង្រៀន​ដែល​សម​នឹង​តម្រូវ​ការ​របស់​សិស្ស​ព្រះគម្ពីរ​ម្នាក់​នោះ?

២១ ប្រាកដ​ណាស់ យើង​នឹង​អាច​ប្រើ​របៀប​បង្រៀន​ដែល​សម​នឹង​តម្រូវ​ការ​នៃ​សិស្ស​នោះ បើ​យើង​រៀបចំ​បាន​ល្អ​ជា​មុន​និង​ទទួល​ជំនួយ​ពី​ព្រះយេហូវ៉ា​នោះ។ នៅ​ពេល​ក្រោយ​មក យើង​នឹង​អាច​ជួយ​គាត់​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ។ យើង​ក៏​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​គាត់​មាន​ការ​គោរព​ហើយ​មាន​កតញ្ញូធម៌​ចំពោះ​អង្គការ​របស់​ព្រះយេហូវ៉ា​ដែរ។ នៅ​ពេល​សិស្ស​ព្រះគម្ពីរ​ទទួល​ស្គាល់​ថា‹ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ចំណោម​យើង​មែន› នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់! (កូរិនថូសទី១ ១៤:២៤, ២៥) ដូច្នេះ​ហើយ សូម​ឲ្យ​យើង​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​ដោយ​មាន​ប្រសិទ្ធ​ភាព និង​ខំ​ប្រឹង​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ។

រតន​សម្បត្ដិ​ដែល​ត្រូវ​ស្រឡាញ់

២២, ២៣​. បើ​យើង​ត្រូវ​បំពេញ​កិច្ច​បំរើ​ផ្សាយ​យើង​ឲ្យ​បាន​គ្រប់​ជំពូក តើ​យើង​ត្រូវ​ការ​អ្វី?

២២ យើង​ត្រូវ​ពឹង​លើ​កម្លាំង​ដែល​ព្រះ​ប្រទាន​ឲ្យ ដើម្បី​បំពេញ​កិច្ច​បំរើ​ផ្សាយ​យើង​ឲ្យ​បាន​គ្រប់​ជំពូក។ ប៉ុល​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​គ្នីគ្នា​ស្តី​អំពី​កិច្ច​បំរើ​ផ្សាយ​ថា​៖ «យើង​មាន​ទ្រព្យ​សម្បត្ដិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ»។—កូរិនថូសទី២ ៤:៧

២៣ ទោះ​ជា​យើង​ជា​អ្នក​ចាក់​ប្រេង​តាំង​ឬ​បុគ្គល​ម្នាក់​ពីចំណោម​«ចៀម​ឯ​ទៀត»​ក៏​ដោយ ក៏​យើង​ប្រៀប​ដូច​ជា​ភាជនៈ​ដី​ដែល​ស្រួល​បែក​ណាស់។ (យ៉ូហាន ១០:១៦) ក៏​ប៉ុន្តែ ព្រះយេហូវ៉ា​អាច​ប្រទាន​ឲ្យ​យើង​នូវ​កម្លាំង​ដែល​ត្រូវ​ការ​ចាំបាច់​ដើម្បី​បំពេញ​នូវ​កិច្ចការ​របស់​យើង មិន​ថា​យើង​មាន​ការ​គាប​សង្កត់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ (យ៉ូហាន ១៦:១៣; ភីលីព ៤:១៣) ដូច្នេះ​ហើយ សូម​ឲ្យ​យើង​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​ទាំង​ស្រុង​ចុះ ដោយ​ស្រឡាញ់​យ៉ាង​ខ្លាំង​នូវ​កិច្ច​បំរើ​របស់​យើង និង​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​យើង​ឲ្យ​បាន​គ្រប់​ជំពូក។

[កំណត់​សម្គាល់]

^ វគ្គ 18 បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះយេហូវ៉ា

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​ចាស់​ទុំ​អាច​ធ្វើ​អ្វី ដើម្បី​បំពេញ​កិច្ច​បំរើ​ផ្សាយ​របស់​ខ្លួន​ឲ្យ​បាន​គ្រប់​ជំពូក?

តើ​យើង​អាច​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា?

តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា បើ​សិស្ស​ព្រះគម្ពីរ​មិន​យល់​នូវ​រឿង​ប្រៀបប្រដូច ឬ​ត្រូវ​ការ​ពត៌មាន​បន្ថែម​ចំពោះ​ប្រធាន​ណា​មួយ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

អ្នក​ចាស់​ទុំ​គ្រីស្ទាន​បង្រៀន​ក្នុង​ក្រុមជំនុំ និង​ជួយ​បង្ហាត់​បង្រៀន​អ្នក​ជឿ​គ្នីគ្នា​ក្នុង​កិច្ច​បំរើ​ផ្សាយ

[រូបភាព​នៅ​ទំព័រ​២៧]

វិធី​មួយ​ដែល​យើង​ធ្វើ​ឲ្យ​ពន្លឺ​យើង​បាន​ភ្លឺ គឺ​ដោយ​នាំ​មុខ​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ​ឲ្យ​មាន​ប្រសិទ្ធ​ភាព