លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកអាចទុកចិត្ដសេចក្ដីសន្យារបស់អ្នកណា?

តើអ្នកអាចទុកចិត្ដសេចក្ដីសន្យារបស់អ្នកណា?

តើ​អ្នក​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​អ្នក​ណា?

«ពី​មុន លោក​ជា​បុគ្គល​ដ៏​អស្ចារ្យ ក៏​ធ្លាប់​សន្យា​អ្វី​ដ៏​អស្ចារ្យ​ដែរ។ តែ​គ្មាន​ការ​គោរព​តាម​ពាក្យ​សន្យា ដូច​ជា​គ្មាន​លោក​ដែរ​នៅ​ពេល​ឥឡូវ​នេះ»។—ព្រះបាទ​ហេនរី​ទី៨ និពន្ធ​ដោយ​លោក​វីល្លៀម សេចស្ពៀ

សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ដែល​លោក​សេចស្ពៀ​ចង់​សំដៅ​ទៅ​លើ​នោះ គឺ​ជា​សេចក្ដី​សន្យា​របស់​លោក​ថូម៉ាស វ៉ូសលី ជា​បព្វជិត​សាសនា​កាតូលិក​មួយ​រូប​ដែល​មាន​អំណាច​ខ្លាំង​ក្លា​នៅ​ប្រទេស​អង់គ្លេស​នា​សតវត្សរ៍​ទី១៦។ អ្នក​ខ្លះ​ប្រហែល​ជា​យល់​ស្រប​ថា សេចក្ដី​សន្យា​របស់​មនុស្ស​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​ការ​ពណ៌នា​របស់​លោក​សេចស្ពៀ​ខាង​លើ​នេះ​ដែរ។ ម្ដង​ហើយ​ម្ដង​ទៀត អ្នក​ដែល​មាន​អំណាច​តែង​សន្យា​អ្វី​ជា​ច្រើន តែ​កម្រ​ធ្វើ​តាម។ ហេតុ​នេះ គឺ​មិន​ពិបាក​យល់​នូវ​មូលហេតុ​ដែល​មនុស្ស​ចេះ​តែ​សង្ស័យ​លើ​សេចក្ដី​សន្យា​ទាំង​អស់។

ខក​ចិត្ត​ច្រើន​ដង​ច្រើន​សា​ហើយ

ជា​ឧទាហរណ៍ ក្នុង​កំឡុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ព្រៃផ្សៃ​នៅ​តំបន់​បាល់កង់​នា​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៩០ ក្រុម​ប្រឹក្សា​សន្ដិសុខ​សហប្រជាជាតិ​បាន​ប្រកាស​ថា ភូមិ​ស្រេបរេនិកា​នៅ​ប្រទេស​បូសនៀ​«ជា​តំបន់​មាន​សុវត្ថិភាព»។ ពាក្យ​នេះ​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ទុក​ចិត្ត​ណាស់​ពី​សំណាក់​អង្គការ​អន្តរជាតិ។ មនុស្ស​ដែល​កាន់​សាសនា​អ៊ីស្លាម​រាប់​ពាន់​នាក់​ដែល​បាន​ភៀស​ខ្លួន​ទៅ​ភូមិ​ស្រេបរេនិកា​ក៏​បាន​គិត​ដូច្នេះ​ដែរ។ ក៏​ប៉ុន្តែ នៅ​ទីបំផុត សេចក្ដី​សន្យា​នេះ​អំពី​តំបន់​ដែល​មាន​សុវត្ថិភាព​បាន​ឃើញ​ថា គឺ​មិន​ពិត​នោះ​ទេ។ (ទំនុកដំកើង ១៤៦:៣) នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៥ កងទ័ព​បាន​ចូល​មក​លុក​លុយ​ភូមិ​ស្រេបរេនិកា​ហើយ​កងទ័ព​សហប្រជាជាតិ​ដែល​នៅ​ទី​នោះ​មិន​អាច​ធ្វើ​អ្វី​ពួក​វា​បាន​នោះ​ទេ។ ប្រជាជន​អ៊ីស្លាម​ជាង​៦.០០០​នាក់​បាន​បាត់​ខ្លួន ហើយ​យ៉ាង​តិច​ជន​ស៊ីវិល​អ៊ីស្លាម​១.២០០​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត។

ជីវិត​មនុស្ស​គឺ​ពោរពេញ​ដោយ​សេចក្ដី​សន្យា​ដែល​មនុស្ស​មិន​បាន​គោរព​តាម​ទេ។ មនុស្ស​មាន​អារម្មណ៍​ថា គេ​បាន​កេង​ចំណេញ​លើ​ខ្លួន​ដោយសារ «ការ​ផ្សាយ​ពាណិជ្ជកម្ម​បោកបញ្ឆោត​ជា​ច្រើន​ឥត​គណនា» ដែល​មាន​រាល់​តែ​ថ្ងៃ។ ពួក​គេ​ក៏​អស់​សង្ឃឹម​ដោយ​សារ​«អ្នក​នយោបាយ​ច្រើន​រាប់​មិន​អស់​ដែល​ហ៊ាន​សន្យា​ពេល​ឃោសនា​គណបក្ស តែ​មិន​បាន​ធ្វើ​តាម​នោះ​ទេ»។ (The New Encyclopædia Britannica, ក្បាល​ទី១៥ ទំព័រ​៣៧) អ្នក​ដឹក​នាំ​សាសនា​ដែល​ប្រជាជន​ទុក​ចិត្ត​សន្យា​ថា ពួក​គេ​នឹង​ថែរក្សា​ណែនាំ​គ្រីស្ទ​បរិស័ទ តែ​បែរ​ជា​ធ្វើ​បាប​បរិស័ទ​យ៉ាង​គួរ​ឲ្យ​ស្អប់​ខ្ពើម​វិញ។ សូម្បីតែ​ក្នុង​វិស័យ​អប់រំ​និង​វេជ្ជ​សាស្ត្រ​ក៏​ដោយ ក៏​មាន​អ្នក​ខ្លះ​បែរ​ជា​ក្បត់​អ្នក​ដែល​ទុក​ចិត្ត​ពួក​គេ រួច​ជញ្ជក់​ផល​ប្រយោជន៍​ឬ​រហូត​ដល់​សម្លាប់​អ្នក​ដែល​ពួក​គេ​គួរ​ថែរក្សា។ គ្មាន​អ្វី​ចម្លែក​ទេ! ដែល​ព្រះគម្ពីរ​ព្រមាន​យើង​ថា កុំ​ជឿ​គ្រប់​ពាក្យ​ទាំងអស់។—សុភាសិត ១៤:១៥

សេចក្ដី​សន្យា​ដែល​គេ​បាន​គោរព​តាម

គឺ​ពិត​ណាស់​ដែល​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​តាម​ពាក្យ​សន្យា​មែន ដោយ​ជួន​កាល​រហូត​ដល់​ហ៊ាន​លះបង់​ប្រយោជន៍​ខ្លួន​ទៀត​ផង។ (ទំនុកដំកើង ១៥:៤) ពាក្យ​សន្យា​របស់​ពួក​គេ​គឺ​ជា​ការ​ធានា ហើយ​ពួក​គេ​គោរព​តាម​ពាក្យ​សន្យា​ជានិច្ច។ ចំណែក​អ្នក​ឯ​ទៀត​វិញ ពួក​គេ​ពិត​ជា​ចង់​ធ្វើ​អ្វី​ដែល​ខ្លួន​បាន​សន្យា​ដោយ​មាន​បំណង​ល្អ។ ពួក​គេ​បម្រុង​តែ​នឹង​ធ្វើ​អ្វី​ដែល​បាន​សន្យា​មែន ប៉ុន្តែ​គ្រាន់​តែ​គ្មាន​លទ្ធភាព​ធ្វើ​តាម។ កាលៈទេសៈ​អាច​ជា​ឧបសគ្គ​ដល់​បំណង​ល្អ​របស់​មនុស្ស​ដែរ។—សាស្ដា ៩:១១

មិន​ថា​ដោយសារ​មូលហេតុ​អ្វី​ក៏​ដោយ ការ​ពិត​គឺ មនុស្ស​ជា​ច្រើន​ពិបាក​ជឿ​លើ​សេចក្ដី​សន្យា​របស់​អ្នក​ណា​ក៏​ដោយ។ ដូច្នេះ​មាន​សំនួរ​មួយ​ថា​៖ តើ​មាន​សេចក្ដី​សន្យា​ណា​ដែល​យើង​អាច​ទុក​ចិត្ត​បាន? ពិត​ជា​មាន​មែន! យើង​អាច​ទុក​ចិត្ត​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់។ សូម​អញ្ជើញ​មើល​អត្ថបទ​បន្ទាប់​ដែល​ចែង​អំពី​រឿង​នេះ។ អ្នក​ប្រហែល​ជា​នឹង​សន្និដ្ឋាន​ដូច​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ដែល​ថា យើង​ពិត​ជា​អាច​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​បាន។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

AP Photo/Amel Emric