សេចក្ដីសន្យាដែលអ្នកអាចទុកចិត្ដបាន
សេចក្ដីសន្យាដែលអ្នកអាចទុកចិត្តបាន
លោកមីកាដែលជាព្យាការីម្នាក់របស់ព្រះ គាត់ដឹងថាសេចក្ដីសន្យារបស់មនុស្សច្រើនតែមិនគួរឲ្យទុកចិត្តទេ។ នៅសម័យមីកា សូម្បីតែមនុស្សជំនិតបំផុតក៏ដោយ ក៏មិនគួរឲ្យទុកចិត្តថានឹងធ្វើតាមពាក្យសន្យាដែរ។ ហេតុនេះមីកាព្រមានថា៖ «កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូង ក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ»។—មីកា ៧:៥
តើស្ថានភាពដ៏គួរឲ្យសោកស្ដាយនេះធ្វើឲ្យមីកាសង្ស័យលើសេចក្ដីសន្យាទាំងអស់ឬ? អត់ទេ! មីកាបានបង្ហាញនូវទំនុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យាពីព្រះរបស់គាត់ គឺព្រះយេហូវ៉ា។ មីកាបានសរសេរថា៖ «ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ»។—មីកា ៧:៧
ហេតុអ្វីបានជាមីកាមានទំនុកចិត្តដូច្នេះ? ពីព្រោះគាត់ដឹងថាព្រះយេហូវ៉ាតែងតែធ្វើតាមបន្ទូលរបស់ទ្រង់។ អ្វីៗទាំងអស់ដែលព្រះបានស្បថនឹងបុព្វបុរសរបស់មីកាបានសម្រេចពិតមែន។ (មីកា ៧:២០) ភាពស្មោះភក្ដីរបស់ព្រះយេហូវ៉ានៅអតីតកាលបានផ្ដល់មូលហេតុឲ្យមីកាជឿថា ទ្រង់នឹងធ្វើតាមបន្ទូលទ្រង់នៅអនាគតដែរ។
‹ឯអស់ទាំងព្រះបន្ទូល គ្មានខ្វះណាមួយសោះ›
ជាឧទាហរណ៍ មីកាដឹងថាព្រះយេហូវ៉ាបានរំដោះសាសន៍អ៊ីស្រាអែលពីទាសភាពនៅស្រុកអេស៊ីប។ (មីកា ៧:១៥) យ៉ូស្វេដែលនៅក្នុងចំណោមអ្នកដែលត្រូវបានរំដោះនោះ គាត់លើកទឹកចិត្តជនជាតិអ៊ីស្រាអែលគ្នីគ្នាឲ្យមានជំនឿលើសេចក្ដីសន្យាទាំងអស់របស់ព្រះ។ តើយ៉ូស្វេឲ្យពួកគេជឿដោយសំអាងលើមូលហេតុអ្វី? យ៉ូស្វេបានរំឭកពួកគេថា៖ «នៅក្នុងចិត្តហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ។ ទាំងអស់បានសំរេចគ្រប់ជំពូក។ ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២៣:១៤
សាសន៍អ៊ីស្រាអែលដឹងច្បាស់ថា ព្រះយេហូវ៉ាបានធ្វើអ្វីដ៏អស្ចារ្យសំរាប់ពួកគេ។ ទ្រង់បានសម្រេចតាមសេចក្ដីសន្យាចំពោះលោកអ័ប្រាហាំជាបុព្វបុរសដែលកោតខ្លាចព្រះ។ ចំពោះអ័ប្រាហាំ ទ្រង់បានសន្យាថា កូនចៅរបស់គាត់នឹងមានច្រើនសន្ធឹកដូចផ្កាយ ហើយនិងដណ្ដើមយកស្រុកកាណាន។ ព្រះយេហូវ៉ាក៏បានមានបន្ទូលប្រាប់អ័ប្រាហាំថា កូនចៅរបស់គាត់នឹងរងទុក្ខអស់៤០០ឆ្នាំ ប៉ុន្តែ នឹងត្រឡប់មកស្រុកកាណានវិញ‹នៅតំណទីបួន›។ ទាំងអស់នេះបានកើតឡើងពិតមែន។—លោកុប្បត្តិ ១៥:៥-១៦; និក្ខមនំ ៣:៦-៨
នៅសម័យលោកយ៉ូសែបជាកូនយ៉ាកុប នោះសាសន៍អ៊ីស្រាអែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកស្រុកអេស៊ីប។ ក្រោយមក ជនជាតិអេស៊ីបបានបង្ខំពួកគេឲ្យធ្វើជាខ្ញុំបំរើទាំងធ្វើបាបយ៉ាងសាហាវ ប៉ុន្តែក្នុងរយៈពេលតែ៤តំណតៗគ្នាចាប់ពីពេលដែលពួកគេចូលស្រុកអេស៊ីប នោះកូនចៅរបស់អ័ប្រាហាំទាំងនេះត្រូវបានរំដោះចេញពីអេស៊ីបដូចសេចក្ដីសន្យារបស់ព្រះមែន។
បន្ទាប់មកក្នុងកំឡុង៤០ឆ្នាំ ជនជាតិអ៊ីស្រាអែលក៏បានទទួលភស្តុតាងថែមទៀតដែលបង្ហាញថា ព្រះយេហូវ៉ាតែងតែប្រព្រឹត្តតាមសេចក្ដីសន្យា។ នៅពេលសាសន៍អាម៉ាលេកវាយប្រហារទៅលើសាសន៍អ៊ីស្រាអែលដោយគ្មានហេតុ នោះព្រះបានតយុទ្ធដើម្បីការពាររាស្ត្រទ្រង់។ ព្រះយេហូវ៉ាបានបំពេញសេចក្ដីត្រូវការរបស់ពួកគេដោយប្រទានឲ្យអាហារនិងសម្ភារៈទាំងអស់ក្នុងកំឡុង៤០ឆ្នាំដែលពួកគេធ្វើដំណើរឆ្លងកាត់ទីរហោស្ថាន និងនៅទីបំផុតពួកគេក៏បានចូលទៅក្នុងស្រុកសន្យាមែន។ ពេលដែលយ៉ូស្វេគិតឡើងវិញអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ានៅអតីតកាលចំពោះអ្នកដែលជាកូនចៅអ័ប្រាហាំ នោះយ៉ូស្វេអាចនិយាយដោយជំនឿមុតមាំថា៖ «អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាបានមានបន្ទូលសន្យាដល់ពួកវង្សអ៊ីស្រាអែល នោះបានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ»។—យ៉ូស្វេ ២១:៤៥
ចូរពង្រឹងទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះ
ដូចមីកានិងយ៉ូស្វេ តើយើងអាចពង្រឹងជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ធម្មតា មុនដែលអ្នកទុកចិត្តអ្នកណាម្នាក់ តើអ្នកធ្វើអ្វីសិន? អ្នកខំស្គាល់ចិត្តអ្នកនោះឲ្យបានច្បាស់បំផុត។ ជាឧទាហរណ៍ អ្នកប្រហែលជាសន្និដ្ឋានថាអ្នកនោះគឺគួរឲ្យទុកចិត្ត ដោយឃើញថាគាត់ខំគោរពតាមពាក្យសន្យាយ៉ាងស្មោះត្រង់។ កាលដែលស្គាល់គាត់កាន់តែច្បាស់ អ្នកនឹងទុកចិត្តគាត់កាន់តែច្រើន។ អ្នកក៏អាចធ្វើដូចគ្នាដែរដើម្បីពង្រឹងជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ។
វិធីមួយដែលអ្នកអាចពង្រឹងជំនឿទៅលើសេចក្ដីសន្យារបស់ព្រះ គឺដោយពិចារណានូវអ្វីដែលទ្រង់បានបង្កើត ហើយច្បាប់ធម្មជាតិដែលគ្រប់គ្រងលើការបង្កើតទាំងនោះ។ អ្នកវិទ្យាសាស្ត្រជឿជាក់ទៅលើច្បាប់ទាំងនេះ ដូចជាច្បាប់ធម្មជាតិដែលកំណត់របៀបកោសិកាមួយរបស់មនុស្សចែកខ្លួននិងបង្កើនឲ្យមានរាប់លានកោដិកោសិកាដែលផ្សំគ្នាបង្កើតជារូបកាយរបស់អ្នក។ ការពិត ច្បាប់ដែលគ្រប់គ្រងចលនារបស់អង្គធាតុនិងថាមពលក្នុងសកលលោកទាំងមូលត្រូវតែរៀបចំដោយបុគ្គលមួយរូបដែលគួរឲ្យទុកចិត្តទាំងស្រុង។ អ្នកច្បាស់ជាអាចទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់ ដូចអ្នកក៏អាចមានជំនឿទៅលើច្បាប់ធម្មជាតិរបស់ទ្រង់ដែរ។—ទំនុកដំកើង ១៣៩:១៤-១៦; អេសាយ ៤០:២៦; ហេព្រើរ ៣:៤
តាមរយៈព្យាការីអេសាយដែលរស់នៅសម័យលោកមីកាដែរ ព្រះយេហូវ៉ារៀបរាប់អំពីភាពទៀងទាត់នៃរដូវកាលនិងដំណើរទឹកវិលដើម្បីបញ្ជាក់នូវភាពគួរឲ្យទុកចិត្តនៃបន្ទូលទ្រង់។ ជារៀងរាល់ឆ្នាំមានទឹកភ្លៀង។ ទឹកភ្លៀងជ្រួតជ្រាបសុសសព្វក្នុងដីធ្វើឲ្យមានលទ្ធភាពអាចដាំដុះនិងទទួលបានទិន្នផល។ ស្តីអំពីរឿងនេះព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ដែលភ្លៀងនឹងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ នឹងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះ»។—សេចក្ដីសន្យាអំពីសួនមនោរម្យនឹងសម្រេចយ៉ាងពិតប្រាកដ
ការរំពឹងគិតអំពីការបង្កើតអាចពង្រឹងទំនុកចិត្តរបស់យើងទៅលើអ្នកបង្កើត ប៉ុន្តែយើងត្រូវការអ្វីថែមទៀតបើចង់រៀនអំពីសេចក្ដីសន្យាទាំងប៉ុន្មានដែលជាផ្នែកនៃ‹បន្ទូលដែលចេញពីព្រះឱស្ឋទ្រង់›នោះ។ ដើម្បីរៀនអំពីសេចក្ដីសន្យាទាំងនេះ ហើយឲ្យចាប់ផ្ដើមទុកចិត្តលើសេចក្ដីសន្យាទាំងនេះ នោះអ្នកត្រូវពិនិត្យមើលនូវកំណត់ហេតុពីបទគម្ពីរដែលព្រះបានបណ្ដាលឲ្យសរសេរ ដែលបញ្ជាក់នូវគោលបំណងរបស់ព្រះសំរាប់ផែនដីនិងការប្រព្រឹត្តរបស់ទ្រង់ចំពោះមនុស្សជាតិ។—ធីម៉ូថេទី២ ៣:១៤-១៧
ព្យាការីមីកាមានទំនុកចិត្តទៅលើសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។ សព្វថ្ងៃនេះ បទគម្ពីរដែលព្រះបានបណ្ដាលឲ្យសរសេរនោះគឺមានច្រើនជាងនៅសម័យមីកាទៅទៀត។ នៅពេលអ្នកអានព្រះគម្ពីរនិងរំពឹងគិត អ្នកក៏នឹងចាប់ផ្ដើមមានជំនឿទៅលើការសម្រេចនៃសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះដែរ។ សេចក្ដីសន្យាទាំងនេះមិនគ្រាន់តែទាក់ទងនឹងកូនចៅរបស់អ័ប្រាហាំប៉ុណ្ណោះទេ តែក៏ទាក់ទងមនុស្សគ្រប់រូបផងដែរ។ ព្រះយេហូវ៉ាបានសន្យាដល់អ័ប្រាហាំដែលជាអ្នកកោតខ្លាចព្រះថា៖ «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្ដាប់តាមពាក្យអញ»។ (លោកុប្បត្តិ ២២:១៨) បុគ្គលសំខាន់បំផុតក្នុង«ពូជ»ឬកូនចៅអ័ប្រាហាំ គឺព្រះយេស៊ូគ្រីស្ទដែលជាព្រះមេស្ស៊ី។—កាឡាទី ៣:១៦
តាមរយៈព្រះយេស៊ូគ្រីស្ទ ព្រះយេហូវ៉ានឹងចាត់វិធានការឲ្យមនុស្សដែលស្ដាប់បង្គាប់ទទួលពរជាច្រើន។ ម្យ៉ាងទៀត តើព្រះបានសន្យានឹងធ្វើអ្វីនៅសម័យយើងនេះ? មីកា ៤:១, ២មានទំនាយដែលឆ្លើយសំនួរនេះថា៖ «នៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា៖ ‹ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ! ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់›»។
មនុស្សដែលរៀនអំពីផ្លូវរបស់ព្រះយេហូវ៉ា នឹង«ដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ» និងពួកគេថែមទាំងលែងមានចិត្តចង់ច្បាំងគ្នាទៀត។ បន្ដិចទៀត ផែនដីនឹងពោរពេញទៅដោយមនុស្សទៀងត្រង់ ហើយនឹងគ្មានអ្នកណាធ្វើឲ្យពួកគេភ័យខ្លាចឡើយ។ (មីកា ៤:៣, ៤) ពិតណាស់ ព្រះបន្ទូលរបស់ព្រះសន្យាថា នៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រដែលមានព្រះយេស៊ូគ្រីស្ទជាស្តេច នោះព្រះយេហូវ៉ានឹងបំផ្លាញអ្នកដែលជិះជាន់គេឲ្យអស់ពីផែនដី។—អេសាយ ១១:៦-៩; ដានីយ៉ែល ២:៤៤; វិវរណៈ ១១:១៨
សូម្បីតែមនុស្សដែលធ្លាប់រងការឈឺចាប់និងស្លាប់ដោយសារមនុស្សជាតិបានបះបោរប្រឆាំងនឹងព្រះ ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដី។ (យ៉ូហាន ៥:២៨, ២៩) សាតាំងនិងពួកព្រាយបិសាចរបស់វា ដែលជាអ្នកបណ្ដាលឲ្យមនុស្សធ្វើអំពើទុច្ចរិត ពួកវាក៏នឹងលែងមាន ដែរ ហើយលទ្ធផលនៃបាបរបស់អ័ដាមនឹងត្រូវបំបាត់ចោលតាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូ។ (ម៉ាថាយ ២០:២៨; រ៉ូម ៣:២៣, ២៤; ៥:១២; ៦:២៣; វិវរណៈ ២០:១-៣) ហើយចុះយ៉ាងណាមនុស្សដែលស្ដាប់បង្គាប់នោះ? ពួកគេនឹងទទួលពរជាជីវិតជារៀងរហូតដោយមានសុខភាពល្អឥតខ្ចោះនៅលើផែនដីមនោរម្យ!—ទំនុកដំកើង ៣៧:១០, ១១; លូកា ២៣:៤៣; វិវរណៈ ២១:៣-៥
សេចក្ដីសន្យាទាំងប៉ុន្មាននេះពិតជាអស្ចារ្យណាស់! ប៉ុន្តែ តើអ្នកអាចជឿបានឬទេ? អ្នកពិតជាអាចជឿបានមែន! នេះមិនមែនជាសេចក្ដីសន្យារបស់មនុស្សដែលមានបំណងល្អតែគ្មានអំណាចធ្វើតាមសេចក្ដីសន្យានោះទេ។ នេះជាសេចក្ដីសន្យារបស់ព្រះដែលមានគ្រប់ព្រះចេស្ដា ដែលទ្រង់មិនចេះកុហក និង«មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់»ឡើយ។ (ពេត្រុសទី២ ៣:៩; ហេព្រើរ ៦:១៣-១៨) អ្នកអាចជឿជាក់លើសេចក្ដីសន្យាទាំងអស់ដែលមានក្នុងព្រះគម្ពីរ ដ្បិតសេចក្ដីសន្យាទាំងនោះមកពី«ព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីពិត»។—ទំនុកដំកើង ៣១:៥
[ឃ្លាអក្សរធំនៅទំព័រ៦]
«អស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានមានបន្ទូលសន្យាហើយនោះគ្មានខ្វះណាមួយសោះ»។—យ៉ូស្វេ ២៣:១៤
[រូបភាពនៅទំព័រ៤]
ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ចំពោះសាសន៍អ៊ីស្រាអែលនៅឯសមុទ្រក្រហមនិងនៅទីរហោស្ថាន
[រូបភាពនៅទំព័រ៧]
ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំ។ ព្រះយេស៊ូគ្រីស្ទដែលជាពូជរបស់អ័ប្រាហាំ ទ្រង់នឹងប្រទានពរដល់មនុស្សជាតិ