លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ

«អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ

«អ្នក​បំរើ»​ដែល​ស្មោះត្រង់​ហើយ​មាន​វិនិច្ឆ័យ​ល្អ

«[តើ]អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ[ឬ​«វិនិច្ឆ័យ​ល្អ»​, ព.ថ.] ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក?»។—ម៉ាថាយ ២៤:៤៥

១, ២​. ហេតុ​អ្វី​បាន​ជា​ចាំបាច់​ម្ល៉េះ ដែល​យើង​ទទួល​អាហារ​ខាង​វិញ្ញាណ​ឲ្យ​ទៀងទាត់​សព្វ​ថ្ងៃ​នេះ?

នៅ​ពេល​រសៀល​ថ្ងៃ​អង្គារ​ទី១១ ខែ​ណែសាន ឆ្នាំ​៣៣ ស.យ. សិស្ស​របស់​ព្រះយេស៊ូ​បាន​សួរ​សំនួរ​មួយ​ដែល​មាន​ន័យ​សំខាន់​ណាស់​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ។ ពួក​គាត់​បាន​ទូល​សួរ​ទ្រង់​ថា​៖ «តើ​មាន​ទីសំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប?»។ ពេល​តប​ឆ្លើយ​សំនួរ​នោះ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ជា​ទំនាយ​មួយ​ដ៏​អស្ចារ្យ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​គ្រា​មួយ​ដែល​នឹង​មាន​សង្គ្រាម អំណត់ កក្រើក​ដី និង​រោគ​ជំងឺ​ផ្សេងៗ។ ហើយ​របស់​ទាំង​នោះ​គ្រាន់​តែ​ជា​«ដើម​ចម[ឬ​«ដើម​ដំបូង»​, ខ.ស.]នៃ​សេចក្ដី​ទុក្ខ​ទេ»។ ក្រោយ​មក ទុក្ខ​លំបាក​នឹង​មាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។ នេះ​ជា​ពត៌មាន​ដែល​ធ្វើ​ឲ្យ​ភ័យ​រន្ធត់​មែន!—ម៉ាថាយ ២៤:៣, ៧, ៨,១៥​-​២២; លូកា ២១:១០, ១១

តាំង​ពី​ឆ្នាំ​១៩១៤ ទិដ្ឋភាព​ភាគ​ច្រើន​នៃ​ទំនាយ​របស់​ព្រះយេស៊ូ​បាន​សម្រេច​រួច​ហើយ។ មនុស្ស​កំពុង​តែ​រង​នូវ​«សេចក្ដី​ទុក្ខ»​យ៉ាង​ច្រើន។ យ៉ាង​ណា​ក៏​ដោយ បណ្ដា​គ្រីស្ទាន​ពិត​មិន​គួរ​ខ្លាច​ឡើយ។ ព្រះយេស៊ូ​បាន​សន្យា​ថា ទ្រង់​នឹង​ពង្រឹង​កម្លាំង​ពួក​គេ​ដោយ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដ៏​ល្អ។ ដោយសារ​ព្រះយេស៊ូ​គង់​នៅ​ស្ថានសួគ៌​ឥឡូវ​នេះ តើ​ទ្រង់​បាន​រៀបចំ​ឲ្យ​មនុស្ស​យើង​នៅ​លើ​ផែនដី​ទទួល​អាហារ​ខាង​វិញ្ញាណ​បាន​តាម​របៀប​ណា?

៣​. តើ​ព្រះយេស៊ូ​បាន​រៀបចំ​អ្វី​ដើម្បី​ឲ្យ​យើង​ទទួល​នូវ‹អាហារ​តាម​ត្រូវ​ពេល›?

ព្រះយេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ចម្លើយ​ចំពោះ​សំនួរ​នេះ​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ កាល​ដែល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​ទំនាយ​ដ៏​អស្ចារ្យ​នោះ ទ្រង់​ក៏​បាន​សួរ​ថា​៖ «[តើ]អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​មាន​មារយាទ[ឬ​«វិនិច្ឆ័យ​ល្អ»​, ព.ថ.] ដែល​ចៅហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក នឹង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល?»។ រួច​មក ទ្រង់​មាន​បន្ទូល​ថា​៖ «បើ​កាល​ណា​ចៅហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៥​-​៤៧) ពិត​មែន​ហើយ ត្រូវ​មាន​«អ្នក​បំរើ»​មួយ​ដែល​ទទួល​កិច្ចការ​ចែក​អាហារ​ខាង​វិញ្ញាណ គឺ​«អ្នក​បំរើ»​ដែល​ស្មោះត្រង់​ផង ហើយ​មាន​វិនិច្ឆ័យ​ល្អ​ផង​ដែរ។ តើ​អ្នក​បំរើ​នោះ​ជា​បុគ្គល​ណា​មួយ ឬ​ជា​បុគ្គល​ប៉ុន្មាន​នាក់​មាន​ដំណ​តៗ​គ្នា ឬ​ក៏​ជា​អ្វី​ផ្សេង​ទៀត​វិញ? ដោយសារ​អ្នក​បំរើ​ស្មោះត្រង់​ជា​អ្នក​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដែល​យើង​ត្រូវ​ការ​ជា​ចាំបាច់​នោះ យក​ល្អ​ឲ្យ​យើង​ខំ​សម្គាល់​អ្នក​បំរើ​នោះ។

តើ​អ្នក​បំរើ​នោះ​ជា​បុគ្គល​មួយ​រូប​ឬ​ជា​ក្រុម​មួយ?

៤​. តើ​យើង​អាច​សន្និដ្ឋាន​បាន​យ៉ាង​ណា​ថា​«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​មិន​មែន​ជា​បុគ្គល​តែ​ម្នាក់​ទេ?

«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​មិន​មែន​ជា​បុគ្គល​មួយ​រូប​ទេ។ ហេតុ​អ្វី? ពីព្រោះ​អ្នក​បំរើ​នោះ​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ចែក​អាហារ​ខាង​វិញ្ញាណ​តាំង​ពី​សតវត្សរ៍​ទីមួយ​មក​ម្ល៉េះ ហើយ​យោង​ទៅ​តាម​បន្ទូល​របស់​ព្រះយេស៊ូ អ្នក​បំរើ​នោះ​ត្រូវ​ចែក​អាហារ​ខាង​វិញ្ញាណ​រហូត​ដល់​ពេល​ដែល​ចៅហ្វាយ​មក​ដល់ គឺ​នៅ​ឆ្នាំ​១៩១៤។ បើ​ដូច្នេះ បុគ្គល​ម្នាក់​នោះ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​អស់​ប្រមាណ​១.៩០០​ឆ្នាំ។ សូម្បីតែ​លោក​មធូសាឡា​ក៏​មិន​មាន​អាយុ​វែង​ដល់​ប៉ុណ្ណឹង​ដែរ!—លោកុប្បត្តិ ៥:២៧

៥​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​ពាក្យ​«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ» មិន​សំដៅ​ទៅ​លើ​ជន​គ្រីស្ទាន​ម្នាក់ៗ​ឡើយ។

បើ​ដូច្នេះ តើ​ពាក្យ​«អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​អាច​មាន​ន័យ​ទូលំទូលាយ​សំដៅ​ទៅ​លើ​ជន​គ្រីស្ទាន​ម្នាក់ៗ​ឬ? ជន​គ្រីស្ទាន​ម្នាក់ៗ​ត្រូវ​មាន​ចិត្ត​ស្មោះត្រង់​ហើយ​គួរ​ចេះ​វិនិច្ឆ័យ​ល្អ​ផង​ដែរ នេះ​ជា​ការ​ពិត​មែន។ ប៉ុន្តែ ព្រះយេស៊ូ​ច្បាស់​ជា​មាន​គំនិត​ផ្សេង​ពេល​ដែល​ទ្រង់​មាន​បន្ទូល​អំពី​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»។ ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ថា​ទ្រង់​មាន​គំនិត​ផ្សេង​ដូច្នេះ? ពីព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ថា កាល​ណា​«ចៅហ្វាយ​មក​ដល់» ទ្រង់​នឹង​តាំង​អ្នក​បំរើ​នោះ​«ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (កំណែ​ជា​អក្សរ​ទ្រេត) តើ​អាច​តាំង​ជន​គ្រីស្ទាន​ម្នាក់ៗ​ឲ្យ​ត្រួត​លើ​របស់​ទាំង​ឡាយ ឬ​លើ​ទ្រព្យ​«ទាំង​អស់»​របស់​ចៅហ្វាយ​បាន​ទេ? មិន​បាន​ទេ!

៦​. តើ​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ជា​«អ្នក​បំរើ»​របស់​ព្រះ​យ៉ាង​ដូចម្ដេច?

បើ​ដូច្នេះ សេចក្ដី​សន្និដ្ឋាន​ដ៏​សម​ហេតុ​សម​ផល​តែ​មួយ​គត់ គឺ​ថា​ព្រះយេស៊ូ​បាន​សំដៅ​ទៅ​លើ​ជន​គ្រីស្ទាន​មួយ​ក្រុម​ជា​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»។ តើ​ពិត​ជា​អាច​មាន​អ្នក​បំរើ​មួយ​ក្រុម​បាន​ទេ? ពិត​ជា​អាច​មាន​មែន! ប្រាំ​ពីរ​រយ​ឆ្នាំ​មុន​សម័យ​ព្រះគ្រីស្ទ ព្រះយេហូវ៉ា​បាន​ហៅ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ជា​«អ្នក​បំរើ ដែល​អញ​បាន​រើស​តាំង»។ (អេសាយ ៤៣:១០, កំណែ​ជា​អក្សរ​ទ្រេត) តាំង​ពី​ពេល​ដែល​ព្រះ​ប្រទាន​ឲ្យ​ក្រិត្យ​វិន័យ​តាម​រយៈ​លោក​ម៉ូសេ​នៅ​ឆ្នាំ​១៥១៣ មុន​ស.យ. រហូត​ដល់​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. នោះ​សមាជិក​ម្នាក់ៗ​ក្នុង​សាសន៍​អ៊ីស្រាអែល​បាន​រួម​ចំណែក​ក្នុង​ក្រុម​អ្នក​បំរើ​នោះ។ ប្រជាជន​អ៊ីស្រាអែល​ភាគ​ច្រើន​មិន​បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​ការ​ចាត់​ចែង​កិច្ចការ​នៅ​ក្នុង​សាសន៍​នោះ ឬ​ក្នុង​ការ​ដឹក​នាំ​ឲ្យ​មាន​កម្មវិធី​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ឡើយ។ ព្រះយេហូវ៉ា​បាន​ប្រើ​ស្តេច​ជា​ច្រើន​អង្គ ចៅក្រម ព្យាការី ពួក​សង្ឃ និង​ពួក​លេវី​ឲ្យ​បំពេញ​ភារកិច្ច​ផ្សេងៗ។ យ៉ាង​ណា​ក៏​ដោយ សាសន៍​អ៊ីស្រាអែល​ទាំង​មូល​ត្រូវ​ធ្វើ​ជា​អ្នក​តំណាង​អធិបតីភាព​របស់​ព្រះយេហូវ៉ា ហើយ​ក៏​ត្រូវ​សរសើរ​តំកើង​ទ្រង់​នៅ​ចំពោះ​មុខ​សាសន៍​ដទៃ​ដែរ។ ជនជាតិ​អ៊ីស្រាអែល​ម្នាក់ៗ​ត្រូវ​ធ្វើ​បន្ទាល់​អំពី​ព្រះយេហូវ៉ា។—ចោទិយកថា ២៦:១៩; អេសាយ ៤៣:២១; ម៉ាឡាគី ២:៧; រ៉ូម ៣:១, ២

«អ្នក​បំរើ»​មួយ​ត្រូវ​បាន​បណ្ដេញ​ចោល

៧​. ហេតុ​អ្វី​បាន​ជា​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​លែង​មាន​សិទ្ធិ​ធ្វើ​ជា​«អ្នក​បំរើ»​របស់​ព្រះ?

បើ​សាសន៍​អ៊ីស្រាអែល​ធ្លាប់​ជា​«អ្នក​បំរើ»​របស់​ព្រះ​អស់​ច្រើន​សតវត្សរ៍​មុន​នេះ តើ​សាសន៍​នោះ​ជា​អ្នក​បំរើដែល​ព្រះយេស៊ូ​បាន​សំដៅ​ចំពោះ​ឬ​ទេ? អត់​ទេ! គួរ​ឲ្យ​សោក​ស្ដាយ ដែល​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​នោះ​មិន​បាន​បង្ហាញ​ភាព​ស្មោះត្រង់​ឬ​មាន​វិនិច្ឆ័យ​ល្អ​ទេ។ ប៉ុល​បាន​សរុប​សេចក្ដី​ដោយ​គាត់​ដក​ស្រង់​បន្ទូល​របស់​ព្រះយេហូវ៉ា​ជូន​ចំពោះ​សាសន៍​អ៊ីស្រាអែល​ថា​៖ «ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ​នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា»។ (រ៉ូម ២:២៤) ប្រាកដ​ហើយ ការ​បះបោរ​ប្រឆាំង​របស់​សាសន៍​អ៊ីស្រាអែល​បាន​ឡើង​ដល់​កំពូល ពេល​ដែល​គេ​បាន​បដិសេធ​ចោល​ព្រះយេស៊ូ ជា​ពេល​ដែល​ព្រះយេហូវ៉ា​បាន​បដិសេធ​ចោល​សាសន៍​នេះ​លែង​ទទួល​ស្គាល់​ទៀត​ដែរ។—ម៉ាថាយ ២១:៤២, ៤៣

៨​. តើ​«អ្នក​បំរើ»​មួយ​បាន​ត្រូវ​តាំង​ឡើង​ជំនួស​សាសន៍​អ៊ីស្រាអែល​នៅ​ពេល​ណា? ហើយ​តើ​ស្ថិត​ក្រោម​កាលៈទេសៈ​ណា?

ភាព​មិន​ស្មោះត្រង់​របស់​សាសន៍​អ៊ីស្រាអែល​ក្នុង​នាម​ជា​«អ្នក​បំរើ»​របស់​ព្រះ​នោះ មិន​មាន​ន័យ​ថា​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះត្រង់​នឹង​លែង​មាន​អាហារ​ខាង​វិញ្ញាណ​ទៀត​ឡើយ។ ហាសិប​ថ្ងៃ​ក្រោយ​ពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ គឺ​នៅ​បុណ្យ​ថ្ងៃ​ទី៥០​ឆ្នាំ​៣៣ ស.យ. វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​សិស្ស​របស់​ព្រះយេស៊ូ ប្រមាណ​១២០​នាក់​ក្នុង​បន្ទប់​ជាន់​លើ​នៅ​ទី​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ​ឯង សាសន៍​ថ្មី​មួយ​បាន​កើត​ឡើង។ គឺ​ជា​ការ​ត្រឹមត្រូវ​ណាស់​ដែល​កំណើត​របស់​សាសន៍​ថ្មី​នេះ​បាន​ត្រូវ​ប្រកាស​ផ្សាយ ពេល​ដែល​សមាជិក​របស់​សាសន៍​នេះ​បាន​ចាប់​ផ្ដើម​ប្រាប់​ពួក​អ្នក​នៅ​ទី​ក្រុង​យេរូសាឡិម​យ៉ាង​អង់​អាច​អំពី​«ការ​អស្ចារ្យ​របស់​ព្រះ»។ (កិច្ចការ ២:១១) យ៉ាង​នេះ សាសន៍​ថ្មី​នោះ​ដែល​ជា​សាសន៍​មួយ​ខាង​វិញ្ញាណ​បាន​ក្លាយ​ជា​«អ្នក​បំរើ»​ដែល​ត្រូវ​សំដែង​ចេញ​ឲ្យ​គ្រប់​ទាំង​សាសន៍​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​ត្រូវ​ចែក​អាហារ​ខាង​វិញ្ញាណ​តាម​ត្រូវ​ពេល​ផង​ដែរ។ (ពេត្រុសទី១ ២:៩) គឺ​សម​ហេតុ​សម​ផល​ណាស់ ដែល​សាសន៍​ថ្មី​នោះ​ក្រោយ​មក​បាន​ត្រូវ​គេ​ហៅ​ថា «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»។—កាឡាទី ៦:១៦

៩​. (ក) តើ​អ្នក​ណា​បាន​រួម​ចំណែក​ជា​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»? (ខ) តើ​«ពួក​ផ្ទះ»​ជា​អ្នក​ណា?

សមាជិក​ម្នាក់ៗ​ក្នុង​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ» ជា​ជន​គ្រីស្ទាន​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទាំង​បាន​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ហើយ​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ ហេតុ​នោះ​ហើយ​បាន​ជា​ពាក្យ​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​សំដៅ​ទៅ​លើ​សមាជិក​ទាំង​ឡាយ​ដែល​រួម​ទាំង​ក្រុម​មនុស្ស​នៅ​លើ​ផែនដី ជា​សាសន៍​ខាង​វិញ្ញាណ​ដែល​សុទ្ធតែ​ជា​អ្នក​ចាក់​ប្រេង​តាំង មិន​ថា​នៅ​គ្រា​ណា​មួយ​តាំង​ពី​ឆ្នាំ​៣៣ ស.យ. រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​នេះ​ក្ដី។ នេះ​គឺ​ដូច​គ្រា​តាំង​ពី​ឆ្នាំ​១៥១៣ មុន​ស.យ. រហូត​ដល់​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. ដែល​ជនជាតិ​អ៊ីស្រាអែល​ទាំង​ឡាយ​បាន​រួម​ចំណែក​ក្នុង​ក្រុម​អ្នក​បំរើដែរ តាំង​តែ​ពី​មុន​សម័យ​គ្រីស្ទាន​ទៅ​ទៀត។ ប៉ុន្តែ «ពួក​ផ្ទះ»​ដែល​ទទួល​អាហារ​ខាង​វិញ្ញាណ​ពី​អ្នក​បំរើ​នោះ តើ​ពួក​គាត់​ជា​អ្នក​ណា? នៅ​សតវត្សរ៍​ទី​មួយស.យ. ជន​គ្រីស្ទាន​ទាំង​ឡាយ​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ ដូច្នេះ ពួក​ផ្ទះ​គឺ​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ម្នាក់ៗ មិន​មែន​ជា​ក្រុម​មួយ​ទេ។ គ្រប់ៗ​រូប​ត្រូវ​ការ​នូវ​អាហារ​ខាង​វិញ្ញាណ​ពី​អ្នក​បំរើ​នោះ មិន​គ្រាន់​តែ​ពួក​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុមជំនុំ​ទេ។—កូរិនថូសទី១ ១២:១២,១៩​-​២៧; ហេព្រើរ ៥:១១​-​១៣; ពេត្រុសទី២ ៣:១៥, ១៦

«ចែក​មុខងារ​អោយ​រៀងៗ​ខ្លួន»

១០, ១១​. តើ​ដោយ​ដូច​ម្ដេច​បាន​ជា​យើង​ដឹង​ថា សមាជិក​គ្រប់​រូប​ក្នុង​ក្រុម​អ្នក​បំរើ​នោះ មិន​បាន​ទទួល​កិច្ចការ​ដូចៗ​គ្នា​ទាំង​អស់​ទេ?

១០ «សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»​ជា​ក្រុម​អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​ដែល​មាន​កិច្ចការ​ត្រូវ​ធ្វើ ប៉ុន្តែ សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​នោះ​ក៏​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​ផង​ដែរ។ បន្ទូល​របស់​ព្រះយេស៊ូ​នៅម៉ាកុស ១៣:៣៤ បាន​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ច្បាស់។ ព្រះយេស៊ូ​មាន​បន្ទូល​ថា​៖ «នេះ​ដូច​ជា​មនុស្ស​ម្នាក់ ដែល​ចាក​ចោល​ផ្ទះ​ចេញ​ពី​ស្រុក​ទៅ​ទី​ឆ្ងាយ ក៏​ប្រគល់​អំណាច​ដល់​ពួក​បាវ​ព្រាវ ព្រម​ទាំង​ដាក់​ការ​ឲ្យ​ធ្វើ​គ្រប់​គ្នា[ឬ​«ចែក​មុខងារ​អោយ​រៀងៗ​ខ្លួន»​, ខ.ស.] ហើយ​ផ្ដាំ​អ្នក​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង»។ (កំណែ​ជា​អក្សរ​ទ្រេត) ដូច្នេះ សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​អ្នក​បំរើ​នោះ​បាន​ទទួល​កិច្ចការ ពោល​គឺ ត្រូវ​ចំរើន​របស់​ទ្រព្យ​នៅ​លើ​ផែនដី​របស់​ព្រះគ្រីស្ទ។ សមាជិក​ម្នាក់ៗ​នោះ​សម្រេច​កិច្ចការ​នេះ​តាម​សមត្ថភាព​និង​កាលៈទេសៈ​រៀងៗ​ខ្លួន។—ម៉ាថាយ ២៥:១៤, ១៥

១១ បន្ថែម​ទៅ​ទៀត សាវ័ក​ពេត្រុស​បាន​ប្រាប់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​នៅ​សម័យ​គាត់​ថា​៖ «គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ​គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ»។ (ពេត្រុសទី១ ៤:១០, កំណែ​ជា​អក្សរ​ទ្រេត) ដូច្នេះ ពួក​អ្នក​ចាក់​ប្រេង​តាំង​ទាំង​នោះ​មាន​ភារកិច្ច​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​អំណោយ​ដែល​ព្រះ​បាន​ឲ្យ​ដល់​ពួក​គាត់។ ម្យ៉ាង​ទៀត ពាក្យ​របស់​ពេត្រុស​បង្ហាញ​ថា ជន​គ្រីស្ទាន​គ្រប់​រូប​មិន​មាន​សមត្ថភាព ភារកិច្ច ឬ​ឯកសិទ្ធិ​ដូច​គ្នា​ឡើយ។ យ៉ាង​ណា​ក៏​ដោយ សមាជិក​ម្នាក់ៗ​នៃ​ក្រុម​អ្នក​បំរើ​នោះ​អាច​ជួយ​យ៉ាង​ណា​ក៏​បាន ឲ្យ​តែ​សាសន៍​ខាង​វិញ្ញាណ​នេះ​រីក​ចំរើន​ឡើង។ តើ​តាម​របៀប​ណា?

១២​. សមាជិក​ម្នាក់ៗ​នៃ​ក្រុម​អ្នក​បំរើ មិន​ថា​ជា​បុរស​ឬ​ស្ត្រី​ក្ដី តើ​ពួក​គាត់​ទាំង​អស់​គ្នា​អាច​ជួយ​ឲ្យ​អ្នក​បំរើ​នោះ​រីក​ចំរើន​បាន​យ៉ាង​ណា?

១២ មុន​ដំបូង សមាជិក​ម្នាក់ៗ​មាន​ភារកិច្ច​ធ្វើ​ជា​ស្មរបន្ទាល់​របស់​ព្រះយេហូវ៉ា ដោយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ។ (អេសាយ ៤៣:១០​-​១២; ម៉ាថាយ ២៤:១៤) មិន​យូរ​ប៉ុន្មាន​មុន​ព្រះយេស៊ូ​បាន​ឡើង​ទៅ​ស្ថានសួគ៌​នោះ ទ្រង់​បាន​បង្គាប់​ដល់​សិស្ស​ស្មោះត្រង់​ទាំង​ឡាយ ទាំង​ប្រុស​ទាំង​ស្រី ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង។ ហើយ​មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។—ម៉ាថាយ ២៨:១៩, ២០, កំណែ​ជា​អក្សរ​ទ្រេត

១៣​. តើ​អ្នក​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​មាន​ឯកសិទ្ធិ​អ្វី?

១៣ ពេល​រក​ឃើញ​សិស្ស​ថ្មី​នោះ សិស្ស​នានា​ត្រូវ​បាន​បង្រៀន​ដោយ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះគ្រីស្ទ​បាន​បង្គាប់​ដល់​សិស្ស​ទ្រង់។ យូរៗ​ទៅ អស់​អ្នក​ដែល​សុខ​ចិត្ត​ធ្វើ​តាម​សេចក្ដី​បង្រៀន​នោះ នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​បង្ហាត់​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត។ អាហារ​ល្អ​ខាង​វិញ្ញាណ​ត្រូវ​បាន​ចែក​ដល់​ពួក​អ្នក​ដែល​ក្លាយ​ជា​សមាជិក​នៃ​ក្រុម​អ្នក​បំរើ​នោះ​នៅ​ក្នុង​សាសន៍​ជា​ច្រើន។ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំងអស់ ទាំង​ប្រុស​ទាំង​ស្រី​បាន​ចូលរួម​ធ្វើ​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស។ (កិច្ចការ ២:១៧, ១៨) កិច្ចការ​នេះ​ត្រូវ​ធ្វើ​ឡើង​តាំង​ពី​អ្នក​បំរើ​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នោះ រហូត​ដល់​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ។

១៤​. តើ​ឯកសិទ្ធិ​បង្រៀន​ក្នុង​ក្រុមជំនុំ​បាន​ត្រូវ​ប្រគល់​ដល់​អ្នក​ណា? ហើយ​តើ​ស្ត្រី​ស្មោះត្រង់​ដែល​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង មាន​ទស្សនៈ​យ៉ាង​ណា​អំពី​រឿង​នោះ?

១៤ សិស្ស​ដែល​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​និង​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដែរ បាន​រួម​ចំណែក​ក្នុង​ក្រុម​អ្នក​បំរើ​នេះ។ មិន​ថា​អ្នក​ណា​បាន​បង្រៀន​សិស្ស​ថ្មី​ជា​ដំបូង​ក្ដី សិស្ស​នោះ​ក៏​បាន​ទទួល​ការ​បង្វឹក​បង្វឺន​ត​ទៅ​ទៀត​ពី​សមាជិក​នៃ​ក្រុមជំនុំ​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ចាស់​ទុំ។ (ធីម៉ូថេទី១ ៣:១​-​៧; ទីតុស ១:៦​-​៩) ដូច្នេះ ពួក​បុរស​តែងតាំង​នោះ មាន​ឯកសិទ្ធិ​ពិសេស​ក្នុង​ការ​ជួយ​ឲ្យ​សាសន៍​នោះ​មាន​ការ​រីក​ចំរើន​ត​ទៅ​ទៀត។ ស្ត្រី​ស្មោះត្រង់​ដែល​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មិន​បាន​តូច​ចិត្ត​ឡើយ ដែល​ភារកិច្ច​បង្រៀន​ក្នុង​ក្រុមជំនុំ​ត្រូវ​ប្រគល់​ដល់​បុរស​គ្រីស្ទាន​ប៉ុណ្ណោះ។ (កូរិនថូសទី១ ១៤:៣៤, ៣៥) ផ្ទុយ​ទៅ​វិញ ស្ត្រី​ទាំង​នោះ​ពេញ​ចិត្ត​ទទួល​ប្រយោជន៍​ពី​ការ​ព្យាយាម​របស់​បុរស​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ ហើយ​ក៏​មាន​កតញ្ញូធម៌​ចំពោះ​ឯកសិទ្ធិ​ដែល​ខ្លួន​មាន ដែល​រួម​ទាំង​ការ​ប្រាប់​អ្នក​ដទៃ​នូវ​ដំណឹង​ល្អ។ បងប្អូន​ស្រីៗ​សព្វ​ថ្ងៃ​នេះ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​មាន​ចិត្ត​ខ្នះខ្នែង ក៏​បង្ហាញ​នូវ​ចិត្ត​គំនិត​រាប​ទាប​ដូច​គ្នា​ដែរ មិន​ថា​អ្នក​ចាស់​ទុំ​ដែល​បាន​តែងតាំង​ឡើង​នោះ​ជា​អ្នក​ចាក់​ប្រេង​តាំង​ឬ​អត់​ក៏​ដោយ។

១៥​. តើ​អាហារ​ខាង​វិញ្ញាណ​នៅ​សតវត្សរ៍​ទីមួយ​ច្រើន​តែ​មក​ពី​ណា? ហើយ​តើ​អ្នក​ណា​បាន​នាំ​មុខ​ក្នុង​ការ​ចែក​អាហារ​នោះ?

១៥ អាហារ​ខាង​វិញ្ញាណ​ដែល​សំខាន់​ត្រូវ​ចែក​នៅ​សតវត្សរ៍​ទីមួយ​នោះ គឺ​ជា​សំណេរ​របស់​ពួក​សាវ័ក​និង​សិស្ស​ឯ​ទៀត​ដែល​ជា​អ្នក​នាំ​មុខ។ សំបុត្រ​ទាំង​ប៉ុន្មាន​នោះ ជា​ពិសេស​សៀវភៅ​២៧​ក្បាល​ក្នុង​បទគម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​នោះ បាន​ត្រូវ​ចែក​ដល់​ក្រុមជំនុំ​ទាំង​ឡាយ ហើយ​ជា​មូលដ្ឋាន​ដែល​អ្នក​ចាស់​ទុំ​នា​តំបន់​និមួយៗ​បាន​ប្រើ​ក្នុង​ការ​បង្រៀន។ តាម​វិធី​នេះ ពួក​អ្នក​តំណាង​អ្នក​បំរើ​នោះ បាន​បង្ហាញ​ភាព​ស្មោះត្រង់​ក្នុង​ការ​ចែក​អាហារ​ខាង​វិញ្ញាណ​ដល់​ពួក​គ្រីស្ទាន​ដែល​មាន​ចិត្ត​ស្មោះស។ ក្រុម​អ្នក​បំរើ​នៅ​សតវត្សរ៍​ទីមួយ​បាន​បំពេញ​នូវ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ប្រគល់​ឲ្យ​នោះ​យ៉ាង​ស្មោះត្រង់។

«អ្នក​បំរើ»​អស់​១.៩០០​ឆ្នាំ​ក្រោយ​មក

១៦, ១៧​. ក្រុម​អ្នក​បំរើ​បាន​បង្ហាញ​ភាព​ស្មោះត្រង់​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន​ច្រើន​ឆ្នាំ​ដល់​ឆ្នាំ​១៩១៤ តើ​តាម​វិធី​ណា​ខ្លះ?

១៦ ចុះ​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ? នៅ​ពេល​ដែល​ព្រះយេស៊ូ​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​ឆ្នាំ​១៩១៤ តើ​ទ្រង់​បាន​រក​ឃើញ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មួយ​ក្រុម​កំពុង​តែ​ចែក​អាហារ​តាម​ត្រូវ​ពេល​ឬ​ទេ? ទ្រង់​ពិត​ជា​បាន​រក​ឃើញ​មួយ​ក្រុម​នោះ​មែន។ ក្រុម​នោះ​ត្រូវ​សម្គាល់​ដោយសារ​ផល​ល្អ​ដែល​ពួក​គេ​បង្កើត។ (ម៉ាថាយ ៧:២០) ប្រវត្ដិសាស្ត្រ​កន្លង​មក​បាន​ស​ឲ្យ​ឃើញ​ថា ពួក​គេ​ពិត​ជា​ក្រុម​នោះ​មែន។

១៧ នៅ​ពេល​ដែល​ព្រះយេស៊ូ​បាន​យាង​មក​នោះ ពួក​ផ្ទះ​ទ្រង់​ដែល​មាន​ចំនួន​ប្រមាណ​៥.០០០​នាក់ កំពុង​ជាប់​រវល់​ក្នុង​ការ​ផ្សាយ​នូវ​សេចក្ដី​ពិត​ពី​ព្រះគម្ពីរ។ សូម្បី​មាន​អ្នក​ច្រូត​តិច​ក៏​ដោយ តែ​អ្នក​បំរើ​នោះ​បាន​ប្រើ​វិធី​ផ្សេងៗ​ដ៏​ប៉ិនប្រសប់​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ (ម៉ាថាយ ៩:៣៨) ជា​ឧទាហរណ៍ អ្នក​បំរើ​បាន​រៀបចំ​ឲ្យ​មាន​ការ​ពន្យល់​នូវ​ប្រធាន​ផ្សេងៗ​ខាង​ព្រះគម្ពីរ ដោយ​ឲ្យ​គេ​បោះពុម្ព​ជិត​២.០០០​កាសែត។ ដោយ​ធ្វើ​យ៉ាង​នេះ អ្នក​អាន​រាប់​សិប​ម៉ឺន​នាក់​បាន​ទទួល​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ​តែ​ម្ដង។ បន្ថែម​ទៅ​ទៀត ក៏​មាន​កម្មវិធី​រយៈ​ពេល​ប្រាំ​បី​ម៉ោង ជា​ការ​បញ្ចាំង​រូបភាព​ពណ៌​តាម​កញ្ចក់​និង​ភាពយន្ត​ផង​ដែរ។ ដោយ​ប្រើ​វិធី​ទំនើប​ទាន់​សម័យ​នោះ សារ​ព្រះគម្ពីរ​អំពី​ព្រឹត្ដិការណ៍​ទាំង​ឡាយ​តាំង​ពី​ការ​បង្កើត​អ្វីៗ​ទាំង​អស់ រហូត​ដល់​ចុង​បញ្ចប់​នៃ​ការ​សោយ​រាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះគ្រីស្ទ បាន​បញ្ជូន​ទៅ​ដល់​មនុស្ស​ដែល​មាន​ចំនួន​សរុប​ជាង​ប្រាំ​បួន​លាន​នាក់​នៅ​បី​ទ្វីប។ ការ​បោះពុម្ព​សៀវភៅ​នានា​ជា​វិធី​ផ្សាយ​ម្យ៉ាង​ទៀត​ដែល​អ្នក​បំរើ​បាន​ប្រើ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩១៤ គេ​បាន​បោះពុម្ព​ទស្សនាវដ្ដី​នេះ​ប្រមាណ​៥០.០០០​ច្បាប់។

១៨​. តើ​ព្រះយេស៊ូ​បាន​តាំង​អ្នក​បំរើ​ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​ទាំង​អស់​របស់​ទ្រង់​នៅ​ពេល​ណា? ហើយ​តើ​ហេតុ​អ្វី?

១៨ ពិត​មែន​ហើយ ពេល​ដែល​ចៅហ្វាយ​មក​ដល់​នោះ ទ្រង់​បាន​ឃើញ​អ្នក​បំរើ​កំពុង​តែ​ចែក​អាហារ​ឲ្យ​ពួក​ផ្ទះ​បរិភោគ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ផង​ដែរ។ បន្តបន្ទាប់​ទៀត អ្នក​បំរើ​នោះ​ត្រូវ​ទទួល​ភារកិច្ច​ថែម​ទៀត​ដែរ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៧) ព្រះយេស៊ូ​បាន​ធ្វើ​ដូច្នេះ​មែន​នៅ​ឆ្នាំ​១៩១៩ ក្រោយ​ពី​អ្នក​បំរើ​បាន​ឆ្លង​កាត់​គ្រា​ល្បងល​នោះ។ ក៏​ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​ត្រូវ​ទទួល​ភារកិច្ច​ច្រើន​ជាង? គឺ​ពីព្រោះ​របស់​ទ្រព្យ​នៃ​ចៅហ្វាយ​បាន​ចំរើន​ឡើង​ហើយ។ ព្រះយេស៊ូ​បាន​ទទួល​មុខ​តំណែង​ជា​ស្តេច​តាំង​ពី​ឆ្នាំ​១៩១៤។

១៩​. សូម​ពន្យល់​អំពី​របៀប​ដែល​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ត្រូវ​បាន​បំពេញ។

១៩ ចៅហ្វាយ​ដែល​ទើប​តែ​បាន​ឡើង​សោយ​រាជ្យ​នោះ បាន​តាំង​អ្នក​បំរើ​ស្មោះត្រង់​ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​ទ្រង់។ តើ​របស់​ទ្រព្យ​នោះ​ជា​អ្វី? របស់​ទ្រព្យ​នោះ​គឺ​ជា​អ្វីៗ​ទាំង​អស់​ខាង​វិញ្ញាណ​នៅ​លើ​ផែនដី​នេះ​ដែល​ជា​របស់​ផង​ទ្រង់។ ជា​ឧទាហរណ៍ ម្ភៃ​ឆ្នាំ​ក្រោយ​ពី​ព្រះគ្រីស្ទ​បាន​គង់​លើ​បល្ល័ង្ក​ជា​ស្តេច​សោយ​រាជ្យ​នៅ​ឆ្នាំ​១៩១៤ «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ជា​«ចៀម​ឯ​ទៀត»​បាន​ត្រូវ​សម្គាល់។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) ពួក​គេ​មិន​មែន​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​សមាជិក​ក្នុង​«សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ»​ទេ តែ​ជា​មនុស្ស​ប្រុស​ស្រី​ដែល​មាន​ចិត្ត​ស្មោះ​ហើយ​សង្ឃឹម​ទទួល​បាន​ជីវិត​នៅ​លើ​ផែនដី ក៏​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះយេហូវ៉ា​ហើយ​ចង់​បំរើ​ទ្រង់​ដូច​អ្នក​ចាក់​ប្រេង​តាំង​ដែរ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ចៀម​ឯ​ទៀត​បាន​និយាយ​ទៅ​កាន់​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​ថា​៖ «យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា»។ (សាការី ៨:២៣) គ្រីស្ទាន​ទាំង​នោះ​ដែល​ទើប​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក អាច​ទទួល​ទាន​អាហារ​វិសេស​ខាង​វិញ្ញាណ​ជា​មួយ​ពួក​ផ្ទះ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង។ តាំង​ពី​ពេល​នោះ​មក ក្រុម​ទាំង​ពីរ​នេះ​បាន​រួម​តុ​តែ​មួយ​ក្នុង​ការ​ទទួល​អាហារ​ខាង​វិញ្ញាណ។ សមាជិក​នៃ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​បាន​ទទួល​ពរ​ពិសេស​មែន!

២០​. តើ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​មាន​មុខ​នាទី​អ្វី​ក្នុង​ការ​ចំរើន​របស់​ទ្រព្យ​នៃ​ចៅហ្វាយ?

២០ សមាជិក​នៃ​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​មាន​ចិត្ត​រីករាយ​រួម​ចំណែក​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ ជា​មួយ​ក្រុម​អ្នក​បំរើដែល​ជា​អ្នក​ចាក់​ប្រេង​តាំង។ កាល​ដែល​ពួក​គេ​ផ្សព្វផ្សាយ នោះ​របស់​ទ្រព្យ​នៃ​ចៅហ្វាយ​បាន​ចំរើន​ឡើង ដែល​បន្ថែម​ភារកិច្ច​របស់​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»។ ដោយ​មាន​មនុស្ស​កាន់​តែ​ច្រើន​នាក់​ចង់​ដឹង​អំពី​សេចក្ដី​ពិត នោះ​ការ​ពង្រីក​កន្លែង​បោះពុម្ព​គឺ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​រៀបចំ​ប្រកាសនវត្ថុ​ខាង​ព្រះគម្ពីរ​ឲ្យ​បាន​ទាន់​សេចក្ដី​ត្រូវ​ការ។ ការិយាល័យ​សាខា​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​បាន​ត្រូវ​រៀបចំ​នៅ​ច្រើន​ប្រទេស។ សាសនទូត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​«រហូត​ដល់​ចុង​ផែនដី​បំផុត»។ (កិច្ចការ ១:៨) នៅ​ឆ្នាំ​១៩១៤​មាន​អ្នក​ចាក់​ប្រេង​តាំង​តែ​ប្រមាណ​៥.០០០​នាក់​ប៉ុណ្ណោះ តែ​ចំនួន​នៃ​ពួក​អ្នក​ដែល​សរសើរ​ព្រះ​បាន​ចំរើន​ដល់​ជាង​ប្រាំ​មួយ​លាន​នាក់​សព្វ​ថ្ងៃ​នេះ ដែល​ភាគ​ច្រើន​ចំនួន​នេះ​រួម​ចំណែក​ជា​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»។ ប្រាកដ​ហើយ របស់​ទ្រព្យ​នៃ​ស្តេច​យើង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ​តាំង​ពី​ពិធី​អភិសេក​របស់​ទ្រង់​នៅ​ឆ្នាំ​១៩១៤!

២១​. ក្នុង​អត្ថបទ​សិក្សា​បន្ទាប់ តើ​យើង​នឹង​ពិនិត្យ​មើល​រឿង​ប្រៀបប្រដូច​ពីរ​អ្វី?

២១ ពត៌មាន​នេះ​បង្ហាញ​ថា អ្នក​បំរើ​បាន​បង្ហាញ​ភាព​«ស្មោះត្រង់»​និង​«មាន​វិនិច្ឆ័យ​ល្អ»។ ក្រោយ​ពី​ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​រួច​ហើយ ភ្លាមៗ​នោះ​ទ្រង់​បាន​មាន​បន្ទូល​អំពី​រឿង​ប្រៀបប្រដូច​ពីរ​ដែល​បញ្ជាក់​ពី​គុណសម្បត្ដិ​ទាំង​នេះ។ រឿង​ប្រៀបប្រដូច​មួយ​អំពី​ស្រី​ព្រហ្មចារី​ខ្លះ​ដែល​មាន​គំនិត​ឬ​វិនិច្ឆ័យ​ល្អ ហើយ​ខ្លះ​ល្ងង់​ឬ​ឥត​គំនិត។ ហើយ​រឿង​ប្រៀបប្រដូច​មួយ​ទៀត​អំពី​ប្រាក់​ណែន។ (ម៉ាថាយ ២៥:១​-​៣០) យើង​ច្បាស់​ជា​ឆ្ងល់​មែន! តើ​រឿង​ប្រៀបប្រដូច​ទាំង​នេះ​មាន​ន័យ​អ្វី​សំរាប់​យើង​សព្វ​ថ្ងៃ​នេះ? យើង​នឹង​ពិគ្រោះ​អំពី​សំនួរ​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

តើ​អ្នក​គិត​យ៉ាង​ណា?

តើ​អ្នក​ណា​ខ្លះ​រួម​ចំណែក​ជា​«អ្នក​បំរើ​ស្មោះត្រង់ ដែល​មាន​វិនិច្ឆ័យ​ល្អ»?

តើ​«ពួក​ផ្ទះ»​ជា​អ្នក​ណា?

តើ​អ្នក​បំរើ​ស្មោះត្រង់​បាន​ត្រូវ​តាំង​ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ ទាំង​អស់​របស់​ចៅហ្វាយ​នៅ​ពេល​ណា? ហើយ​ហេតុ​អ្វី​បាន​ជា​កើត​ឡើង​នៅ​ពេល​នោះ?

អស់​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​ថ្មីៗ​នេះ តើ​អ្នក​ណា​បាន​ជួយ​ចំរើន​របស់​ទ្រព្យ​នៃ​ចៅហ្វាយ? ហើយ​តើ​តាម​របៀប​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១០]

ក្រុម​អ្នក​បំរើ​នៅ​សតវត្សរ៍​ទីមួយ​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​យ៉ាង​ស្មោះត្រង់