លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«អ្នកបំរើស្មោះត្រង់»បានឈ្នះការល្បងល!

«អ្នកបំរើស្មោះត្រង់»បានឈ្នះការល្បងល!

«អ្នក​បំរើ​ស្មោះត្រង់»​បាន​ឈ្នះ​ការ​ល្បងល!

«ពេល​វេលា​ដែល​សេចក្ដី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្ដើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ»។—ពេត្រុសទី១ ៤:១៧

១​. ពេល​ព្រះយេស៊ូ​បាន​ពិនិត្យ​មើល​«អ្នក​បំរើ»​នោះ តើ​ទ្រង់​ទត​ឃើញ​អ្វី?

នៅ​បុណ្យ​ថ្ងៃ​ទី៥០ ឆ្នាំ​៣៣ ស.យ. ព្រះយេស៊ូ​បាន​តែងតាំង​«អ្នកបំរើ»​ឲ្យ​ផ្ដល់​អាហារ​តាម​ត្រូវ​ពេល ចំពោះ​«ពួក​ផ្ទះ»​ទ្រង់។ នៅ​ឆ្នាំ​១៩១៤ ព្រះយេស៊ូ​ត្រូវ​បាន​លើក​ឲ្យ​សោយ​រាជ្យ​ជា​ស្តេច ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​បាន​ពិនិត្យ​មើល​«អ្នក​បំរើ»​នោះ។ ព្រះយេស៊ូ​បាន​ឃើញ​សមាជិក​ភាគ​ច្រើន​នៃ​«អ្នក​បំរើ»​នោះ​កំពុង​តែ​បំពេញ​មុខ​តំណែង​យ៉ាង​«ស្មោះ​ត្រង់»​ហើយ​ដោយ​«មាន​វិនិច្ឆ័យ​ល្អ»។ ហេតុ​ដូច្នេះ ទ្រង់​បាន​តែងតាំង​អ្នក​បំរើ​នោះ​«ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់»។ (ម៉ាថាយ ២៤:៤៥​-​៤៧) ក៏​ប៉ុន្តែ មាន​អ្នក​បំរើ​អាក្រក់​មួយ​ផង​ដែរ ដែល​មិន​មាន​ភាព​ស្មោះត្រង់ ហើយ​គ្មាន​ការ​វិនិច្ឆ័យ​ល្អ​ទេ។

‹អ្នក​បំរើ​អាក្រក់​នោះ›

២, ៣​. តើ‹អ្នក​បំរើ​អាក្រក់​នោះ›មក​ពី​ណា? ហើយ​តើ​ក្រុម​នោះ​បាន​លេច​ឡើង​ដោយ​របៀប​ណា?

ព្រះយេស៊ូ​មាន​បន្ទូល​អំពី​អ្នក​បំរើ​អាក្រក់​នោះ ភ្លាមៗ​ក្រោយ​ពី​បាន​ពិគ្រោះ​អំពី​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»។ ទ្រង់​មាន​បន្ទូល​ថា​៖ «បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ[ឬ​«បើ​អ្នក​បំរើ​នោះ​មាន​ចិត្ត​អាក្រក់»​, ខ.ស.] ហើយ​គិត​ក្នុង​ចិត្ត​ថា​៖ ‹ចៅហ្វាយ​អញ​ក្រ​មក› ក៏​តាំង​វាយ​ដំ​ពួក​គូកន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅហ្វាយ​នឹង​មក​ដល់ ហើយ​នឹង​ធ្វើ​ទោស​វា​ជា​យ៉ាង​ធ្ងន់ ទាំង​ឲ្យ​វា​មាន​ចំណែក​ជា​មួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ផង។ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ (ម៉ាថាយ ២៤:៤៨​-​៥១) ពាក្យ‹អ្នក​បំរើ​អាក្រក់​នោះ›ទាញ​ស្មារតី​យើង​ឲ្យ​គិត​អំពី​បន្ទូល​មុនៗ​របស់​ព្រះយេស៊ូ​ស្តី​អំពី​អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ។ ពិត​មែន​ហើយ «អ្នក​បំរើ​អាក្រក់»​នោះ​លេច​ចេញ​ពី​ចំណោម​អ្នក​បំរើ​ស្មោះ​ត្រង់​វិញ។ * តើ​តាម​របៀប​ណា?

មុន​ឆ្នាំ​១៩១៤ សមាជិក​ជា​ច្រើន​នៃ​ក្រុម​អ្នក​បំរើ​ស្មោះត្រង់​បាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ពួក​គាត់​នឹង​ជួប​ជា​មួយ​ប្ដី​ថ្មោង​ថ្មី​នៅ​ឯ​ស្ថានសួគ៌​ក្នុង​ឆ្នាំ​នោះ តែ​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់​មិន​បាន​សម្រេច​ឡើយ។ ដោយសារ​សេចក្ដី​សង្ឃឹម​នោះ​មិន​បាន​សម្រេច ហើយ​ដោយសារ​មាន​ព្រឹត្ដិការណ៍​ឯ​ទៀត​កើត​ឡើង​ដែរ សមាជិក​ជា​ច្រើន​នៃ​ក្រុម​អ្នក​បំរើ​នោះ​បាន​ខក​ចិត្ត ហើយ​អ្នក​ខ្លះ​ក៏​រហូត​ដល់​តូច​ចិត្ត​យ៉ាង​ខ្លាំង។ ក្នុង​ចំណោម​បុគ្គល​ទាំង​នេះ​ខ្លះ​បាន​បែរ​ជា​«វាយ​ដំ»​អតីត​គូកន​របស់​ខ្លួន​ដោយ​ប្រើ​ពាក្យ​សំដី ហើយ​ក៏​បាន​សេពគប់​ជា​មួយ​នឹង​«ពួក​មនុស្ស​ប្រមឹក» ពោល​គឺ​ក្រុម​ផ្សេងៗ​នៃ​ពិភព​គ្រីស្ទ​សាសនា។—អេសាយ ២៨:១​-​៣; ៣២:៦

៤​. តើ​ព្រះយេស៊ូ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​«អ្នក​បំរើ​អាក្រក់»? តើ​ទ្រង់​បាន​ប្រព្រឹត្ត​យ៉ាង​ណា​លើ​អ្នក​ឯ​ទៀត​ដែល​បាន​បង្ហាញ​ចិត្ត​គំនិត​ដូច​អ្នក​បំរើ​អាក្រក់​នោះ?

ក្រោយៗ​មក អតីត​គ្រីស្ទាន​ទាំង​នោះ​បាន​ត្រូវ​សម្គាល់​ជា​«អ្នក​បំរើ​អាក្រក់» ហើយ​ព្រះយេស៊ូ​បាន​ដាក់​ទោស​«យ៉ាង​ធ្ងន់»​លើ​ពួក​វា។ តើ​ទ្រង់​ដាក់​ទោស​យ៉ាង​ណា? ព្រះយេស៊ូ​បាន​បដិសេធ​ពួក​វា​ចោល ហើយ​ពួក​វា​បាន​បាត់បង់​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ យ៉ាង​ណា​ក៏​ដោយ ពួក​វា​មិន​បាន​ទទួល​សេចក្ដី​ហិនវិនាស​ភ្លាមៗ​ឡើយ។ ពួក​វា​ត្រូវ​រង​ទុក្ខ​ក្នុង​គ្រា​ដែល​មាន​ការ​យំ​និង​សង្កៀត​ធ្មេញ​ជា​មុន​សិន នៅ​«ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ»​ក្រុមជំនុំ​គ្រីស្ទាន។ (ម៉ាថាយ ៨:១២) តាំង​ពី​សម័យ​នោះ បុគ្គល​ខ្លះ​ទៀត​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែរ បាន​បង្ហាញ​ចិត្ត​គំនិត​អាក្រក់​ដូច​គ្នា ហើយ​ត្រូវ​បាន​សម្គាល់​ជា​អ្នក​រួម​ចំណែក​ក្នុង​ចំណោម​«អ្នក​បំរើ​អាក្រក់»​នោះ។ «ចៀម​ឯ​ទៀត»​ខ្លះ​ក៏​បាន​យក​តម្រាប់​តាម​ភាព​មិន​ស្មោះត្រង់​របស់​អ្នក​បំរើ​អាក្រក់​នោះ​ដែរ។ (យ៉ូហាន ១០:១៦) សត្រូវ​ទាំង​ឡាយ​បែប​នេះ​របស់​ព្រះគ្រីស្ទ នឹង​រង​ភាព​«ងងឹត»​ខាង​វិញ្ញាណ​នៅ​«ខាង​ក្រៅ»​ដូច​គ្នា​ដែរ។

៥​. តើ​អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​ធ្វើ​យ៉ាង​ណា ដែល​ខុស​ផ្ទុយ​ពី​«អ្នក​បំរើ​អាក្រក់»​នោះ?

យ៉ាង​ណា​ក៏​ដោយ អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​ឆ្លង​កាត់​ការ​ល្បងល​ដូច​នឹង​អ្វី​ដែល​«អ្នក​បំរើ​អាក្រក់»​បាន​ឆ្លង​កាត់​ដែរ។ ក៏​ប៉ុន្តែ ជាជាង​តូច​ចិត្ត​យ៉ាង​ខ្លាំង​នោះ អ្នក​បំរើ​ស្មោះត្រង់​យល់​ព្រម​ធ្វើ​តាម​ការ​កែ​តម្រូវ​វិញ។ (កូរិនថូសទី២ ១៣:១១, ព.ថ.) សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ព្រះយេហូវ៉ា​និង​បងប្អូន​គ្នីគ្នា​នោះ បាន​ត្រូវ​ពង្រឹង​ឡើង។ ជា​លទ្ធផល អ្នក​បំរើ​ស្មោះត្រង់​«ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត»​ក្នុង​កំឡុង​គ្រា​ដែល​មាន​ការ​ចលាចល​នៅ​ថ្ងៃ​«ជាន់​ក្រោយ​បង្អស់»​នេះ។—ធីម៉ូថេទី១ ៣:១៥; ធីម៉ូថេទី២ ៣:១

ស្រី​ព្រហ្មចារី​ខ្លះ​មាន​វិនិច្ឆ័យ​ល្អ ហើយ​ខ្លះ​ឥត​គំនិត

៦​. (ក) តើ​ព្រះយេស៊ូ​ប្រើ​រឿង​ប្រៀបប្រដូច​អ្វី ដើម្បី​បង្ហាញ​អំពី​ការ​វិនិច្ឆ័យ​ល្អ​របស់​ក្រុម​អ្នក​បំរើ​ស្មោះត្រង់​របស់​ទ្រង់? (ខ) មុន​ឆ្នាំ​១៩១៤ តើ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ប្រកាស​សារ​អ្វី?

ក្រោយ​ពី​ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​«អ្នក​បំរើ​អាក្រក់»​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​រឿង​ប្រៀបប្រដូច​ពីរ​ដើម្បី​បង្ហាញ​នូវ​មូលហេតុ​ដែល​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ខ្លះ​នឹង​បង្ហាញ​ភាព​ស្មោះត្រង់​ថែម​ទាំង​មាន​វិនិច្ឆ័យ​ល្អ ហើយ​ហេតុ​ដែល​អ្នក​ខ្លះ​មិន​ព្រម​ធ្វើ​ដូច្នេះ។ * ព្រះយេស៊ូ​មាន​បន្ទូល​ដើម្បី​បង្ហាញ​អំពី​ការ​ចេះ​វិនិច្ឆ័យ​ល្អ​នោះ​ដោយ​ថា​៖ «នគរ​ស្ថានសួគ៌​នឹង​បាន​ដូច​ជា​ស្រី​ព្រហ្មចារី​១០​នាក់ ដែល​យក​ចង្កៀង​រៀង​ខ្លួន ចេញ​ទៅ​ទទួល​ប្ដី​ថ្មោង​ថ្មី។ ក្នុង​ពួក​នាង​ទាំង​នោះ មាន​៥​នាក់​មាន​គំនិត​[ឬ​«មាន​វិនិច្ឆ័យ​ល្អ»​, ព.ថ.] ហើយ​៥​នាក់​ល្ងង់[ឬ​«ឥត​គំនិត»​, ខ.ស.]។ នាង​ល្ងង់​ទាំង​នោះ គេ​យក​តែ​ចង្កៀង​ទៅ តែ​មិន​បាន​យក​ប្រេង​ជាប់​នឹង​ខ្លួន​ផង​ទេ ឯ​ពួក​នាង​មាន​គំនិត​វិញ គេ​បាន​យក​ទាំង​ចង្កៀង ហើយ​នឹង​ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង»។ (ម៉ាថាយ ២៥:១​-​៤) ស្រី​ព្រហ្មចារី​ដប់​នាក់​នេះ​រំឭក​យើង​អំពី​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មុន​ឆ្នាំ​១៩១៤។ ពួក​គេ​បាន​ត្រិះរិះ​យល់​ដឹង​ថា ប្ដី​ថ្មោង​ថ្មី​ដែល​ជា​ព្រះយេស៊ូ​គ្រីស្ទ​ហៀប​នឹង​លេច​ខ្លួន​មក។ អាស្រ័យ​ហេតុ​នេះ ពួក​គេ​បាន​«ចេញ​ទៅ»​ជួប​ទ្រង់​ដោយ​ផ្សព្វផ្សាយ​យ៉ាង​ក្លាហាន​ថា​«គ្រា​របស់​សាសន៍​ដទៃ»​ត្រូវ​ចប់​នៅ​ឆ្នាំ​១៩១៤។—លូកា ២១:២៤

៧​. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​«ដេក​លក់»​ខាង​វិញ្ញាណ​នៅ​ពេល​ណា? ហើយ​ហេតុ​អ្វី?

ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​នោះ​មាន​ការ​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​មែន។ គ្រា​កំណត់​នៃ​សាសន៍​ដទៃ​បាន​មក​ដល់​ទីបញ្ចប់​នៅ​ឆ្នាំ​១៩១៤​មែន ហើយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​នៅ​ក្រោម​អំណាច​របស់​ព្រះ​គ្រីស្ទ​យេស៊ូ​បាន​ចាប់​ផ្ដើម​មាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​នោះ​មក។ ប៉ុន្តែ ព្រឹត្ដិការណ៍​នោះ​ជា​អ្វី​ដែល​កើត​ឡើង​នៅ​ស្ថានសួគ៌ ដែល​មនុស្ស​មើល​មិន​ឃើញ​ទេ។ នៅ​លើ​ផែនដី​នេះ មនុស្ស​ជាតិ​បាន​ចាប់​ផ្ដើម​រង​ទុក្ខ​«វេទនា»​ដូច​ដែល​បាន​ទាយ​ទុក​ជា​មុន​មែន។ (វិវរណៈ ១២:១០,​១២) បន្តបន្ទាប់​ទៀត​មាន​គ្រា​ល្បងល។ ដោយសារ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មិន​បាន​យល់​ច្បាស់​លាស់​ទេ ពួក​គាត់​គិត​ថា​«ប្ដី​ក្រ​មក»​ដល់។ ពួក​គាត់​សុញសាញ​ផង ហើយ​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ពី​លោកីយ៍​ផង ដូច្នេះ​ពួក​គាត់​បាន​បង្អែបង្អង់​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​រហូត​ដល់​ហៀប​នឹង​ឈប់​ធ្វើ​កិច្ចការ​នោះ​ទាំង​ស្រុង។ ស្ថានភាព​របស់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​គឺ​ដូច​ជា​ស្រី​ព្រហ្មចារី​ក្នុង​រឿង​ប្រៀបប្រដូច ដែល​«ងោក​ងុយ​ហើយ​ដេក​លក់»​ខាង​វិញ្ញាណ។ ក្រោយ​ពី​សាវ័ក​របស់​ព្រះយេស៊ូ​បាន​ទទួល​មរណភាព គឺ​មាន​ស្ថានភាព​ដូច​គ្នា​ដែរ ពេល​ពួក​អ្នក​ដែល​អះអាងថា​ជា​ជន​គ្រីស្ទាន​បាន​បង្ហាញ​ភាព​មិន​ស្មោះត្រង់។—ម៉ាថាយ ២៥:៥; វិវរណៈ ១១:៧, ៨; ១២:១៧

៨​. តើ​អ្វី​បាន​កើត​ឡើង​ដែល​នាំ​មុខ​សម្រែក​ថា​៖ «នែ! ប្ដី​មក​ហើយ»? តើ​គ្រា​បាន​មក​ដល់​ឲ្យ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ធ្វើ​អ្វី?

ក្រោយ​មក​នៅ​ឆ្នាំ​១៩១៩ មាន​អ្វី​កើត​ឡើង​ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ជា​មុន​ទេ។ យើង​អាន​ថា​៖ «លុះ​ដល់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​ឮ​សូរ​សំរែក​ថា​៖ ‹នែ! ប្ដី​មក​ហើយ ចូរ​ចេញ​ទៅ​ទទួល​ចុះ!›។ ស្រីព្រហ្មចារី​ទាំង​ឡាយ​ក៏​ភ្ញាក់​ឡើង រៀប​ចំ​ចង្កៀង​រៀង​រាល់​ខ្លួន»។ (ម៉ាថាយ ២៥:៦, ៧) គ្រា​នោះ​មើល​ទៅ​ដូច​ជា​មាន​ភាព​ងងឹត​ឬ​ជា​គ្រា​អន្ធការ ស្រាប់​តែ​មាន​សម្រែក​ជំរុញ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ! នៅ​ឆ្នាំ​១៩១៨ ព្រះយេស៊ូ​ជា​«ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក» ហើយ​ទ្រង់​បាន​យាង​មក​ឯ​ព្រះវិហារ​ខាង​វិញ្ញាណ​របស់​ព្រះយេហូវ៉ា ដើម្បី​ពិនិត្យ​មើល​និង​សំអាត​ក្រុមជំនុំ​នៃ​ព្រះ។ (ម៉ាឡាគី ៣:១) នៅ​ពេល​នោះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ត្រូវ​ចេញ​ទៅ​ជួប​ព្រះយេស៊ូ​នៅ​ឯ​ទីធ្លា​នៃ​វិហារ​នោះ​នៅ​លើ​ផែនដី។ គ្រា​បាន​មក​ដល់​ហើយ ឲ្យ​ពួក​គេ​«ភ្លឺ​មក​ចុះ!»។—អេសាយ ៦០:១; ភីលីព ២:១៤, ១៥

៩, ១០​. នៅ​ឆ្នាំ​១៩១៩ ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​ខ្លះ​«មាន​វិនិច្ឆ័យ​ល្អ» ហើយ​ខ្លះ​ក៏​«ឥត​គំនិត»​នោះ?

ប៉ុន្តែ ឈប់​សិន! ក្នុង​រឿង​ប្រៀបប្រដូច​នោះ នារី​ខ្លះ​មាន​បញ្ហា។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៀត​ថា​៖ «ឯ​ពួក​នាង​ដែល​ល្ងង់ គេ​និយាយ​ទៅ​ពួក​នាង​មាន​គំនិត​ថា​៖ ‹សូម​ចែក​ប្រេង​មក​ឲ្យ​យើង​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​ហើយ›»។ (ម៉ាថាយ ២៥:៨) បើ​មិន​មាន​ប្រេង នោះ​ចង្កៀង​មិន​អាច​មាន​ពន្លឺ​បាន​ទេ។ ដូច្នេះ ប្រេង​សំរាប់​ចង្កៀង​នោះ​រំឭក​យើង​អំពី​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​របស់​ព្រះ និង​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ដែល​ពង្រឹង​កម្លាំង​អ្នក​ថ្វាយ​បង្គំ​ពិត​ឲ្យ​ធ្វើ​ជា​អ្នក​បញ្ចេញ​ពន្លឺ។ (ទំនុកដំកើង ១១៩:១៣០; ដានីយ៉ែល ៥:១៤) មុន​ឆ្នាំ​១៩១៩ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​ខំ​យល់​អំពី​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​ពួក​គាត់ ទោះបី​ជា​ពួក​គាត់​មាន​ភាព​ខ្សោយ​មួយ​រយៈ​ក៏​ដោយ។ អាស្រ័យ​ហេតុ​នេះ ពេល​មាន​សម្រែក​ឲ្យ​អ្នក​បំរើ​នោះ​ភ្លឺ​មក​ចុះ នោះ​ពួក​គាត់​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ហើយ។—ធីម៉ូថេទី២ ៤:២; ហេព្រើរ ១០:២៤, ២៥

១០ ក៏​ប៉ុន្តែ អ្នក​ចាក់​ប្រេង​តាំង​ខ្លះ​មិន​ព្រម​ធ្វើ​ពលិកម្ម​ឬ​ខំ​ព្យាយាម​ទេ ទោះបី​ជា​ពួក​គេ​ប្រាថ្នា​ចង់​នៅ​ជា​មួយ​ប្ដី​ថ្មោង​ថ្មី​ក្ដី។ ដូច្នេះ មក​ដល់​ពេល​ដែល​ពួក​គេ​គួរ​មាន​សកម្មភាព​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ នោះ​គេ​មិន​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​មុន​ទេ។ (ម៉ាថាយ ២៤:១៤) ពួក​គេ​ក៏​បាន​ខិតខំ​រារាំង​គូកន​របស់​ខ្លួន​ដែល​មាន​ចិត្ត​ខ្នះខ្នែង ហាក់​ដូច​ជា​បាន​សុំ​ប្រេង​ខ្លះ​ពី​ពួក​គាត់។ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ តើ​ស្រី​ព្រហ្មចារីដែល​មាន​វិនិច្ឆ័យ​ល្អ​នោះ​តប​ឆ្លើយ​យ៉ាង​ណា? ពួក​គាត់​បាន​ឆ្លើយ​ថា​៖ «ទេ! ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង។ ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ»។ (ម៉ាថាយ ២៥:៩) ស្រដៀង​គ្នា​ដែរ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ដែល​បាន​បង្ហាញ​ភាព​ស្មោះត្រង់​នៅ​ឆ្នាំ​១៩១៩​នោះ មិន​យល់​ព្រម​ធ្វើ​អ្វីៗ​ក៏​ដោយ​ដែល​អាច​បន្ថយ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញ​ពន្លឺ​ទេ។ ហេតុ​ដូច្នេះ​ហើយ ពួក​គាត់​បាន​ឈ្នះ​ការ​ល្បងល​នោះ​មែន។

១១​. តើ​អ្វី​បាន​កើត​ឡើង​ដល់​ស្រី​ព្រហ្មចារី​ឥត​គំនិត?

១១ ព្រះយេស៊ូ​បញ្ចប់​រឿង​ប្រៀបប្រដូច​ដោយ​បន្ទូល​ថា​៖ «តែ​កំពុង​ដែល​[ស្រី​ព្រហ្មចារី​ឥត​គំនិត​ចេញ]ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ។ ឯ​នាង​ព្រហ្មចារី​ឯ​ទៀត ក៏​មក​អង្វរ​ថា​៖ ‹លោក​ម្ចាស់ៗ​អើយ! សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង›។ តែ​គាត់​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​នាង​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ស្គាល់​នាង​ទេ›»។ (ម៉ាថាយ ២៥:១០​-​១២) ពិត​មែន​ហើយ នាង​ខ្លះ​មិន​បាន​ប្រុង​ប្រៀប​ខ្លួន​សំរាប់​ការ​យាង​មក​របស់​ប្ដី​ថ្មោង​ថ្មី​ទេ។ ដូច្នេះ ពេល​មាន​ការ​ល្បងល ពួក​គេ​បាន​បរាជ័យ ហើយ​ក៏​បាន​បាត់បង់​ឱកាស​ចូល​រួម​មង្គលការ​នៅ​ឯ​ស្ថានសួគ៌។ នេះ​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​មែន!

រឿង​ប្រៀបប្រដូច​អំពី​ប្រាក់​ណែន

១២​. (ក) តើ​ព្រះយេស៊ូ​ប្រើ​រឿង​អ្វី ដើម្បី​បញ្ជាក់​អំពី​ភាព​ស្មោះត្រង់? (ខ) តើ​បុរស​ម្នាក់​ដែល​បាន​«ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ»​នោះ ជា​អ្នក​ណា?

១២ ពេល​ព្រះយេស៊ូ​លើក​រឿង​បង្ហាញ​អំពី​ការ​មាន​វិនិច្ឆ័យ​ល្អ​រួច​ហើយ ទ្រង់​ក៏​បាន​លើក​រឿង​ដែល​បង្ហាញ​អំពី​ភាព​ស្មោះត្រង់​ដែរ។ ទ្រង់​មាន​បន្ទូល​ថា​៖ «[នេះ]ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បំរើ​មក​ប្រគល់​ទ្រព្យ​សម្បត្ដិ​អោយ។ គាត់​ប្រគល់​ប្រាក់​អោយ​អ្នក​បំរើ​ម្នាក់ៗ តាម​សមត្ថភាព​រៀងៗ​ខ្លួន គឺ​អោយ​ប្រាំ​ណែន​ទៅ​អ្នក​ទីមួយ ពីរ​ណែន​ទៅ​អ្នក​ទីពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ»។ (ម៉ាថាយ ២៥:១៤, ១៥, ខ.ស.) បុរស​ម្នាក់​ក្នុង​រឿង​ប្រៀបប្រដូច​នេះ គឺ​ជា​ព្រះយេស៊ូ​ដែល​បាន​«ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ»​ពេល​ដែល​ទ្រង់​យាង​ទៅ​ស្ថានសួគ៌​នៅ​ឆ្នាំ​៣៣ ស.យ.។ ប៉ុន្តែ មុន​នឹង​ព្រះយេស៊ូ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​នោះ ទ្រង់​បាន​ប្រគល់​«ទ្រព្យ​សម្បត្ដិ»​ទ្រង់​ដល់​អ្នក​បំរើ​ស្មោះត្រង់។ តើ​ទ្រង់​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៣​. តើ​ព្រះយេស៊ូ​បាន​រៀបចំ​តំបន់​ផ្សាយ​ដែល​ទ្រង់​ប្រដូច​នេះ​ទៅ​នឹង​ស្រែ​យ៉ាង​ណា? ហើយ​តើ​ទ្រង់​ប្រគល់​សិទ្ធិ​ឲ្យ​«អ្នក​បំរើ»​របស់​ទ្រង់​រក​ស៊ី​យ៉ាង​ដូច​ម្ដេច?

១៣ ក្នុង​កំឡុង​កិច្ច​បំរើ​ផ្សាយ​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី ទ្រង់​បាន​ចាប់​ផ្ដើម​រៀបចំ​តំបន់​ផ្សាយ​ដែល​ទ្រង់​ប្រដូច​នេះ​ទៅ​នឹង​ស្រែ ដោយ​ទ្រង់​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ​ទូទាំង​ប្រទេស​អ៊ីស្រាអែល។ (ម៉ាថាយ ៩:៣៥​-​៣៨) មុន​នឹង​ព្រះយេស៊ូ​បាន​«ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ»​នោះ ទ្រង់​បាន​ប្រគល់​ស្រែ​នោះ​ឲ្យ​សិស្ស​ស្មោះត្រង់​របស់​ទ្រង់​មើល​ដោយ​មាន​បន្ទូល​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៨​-​​២០) បន្ទូល​នេះ​បង្ហាញ​ថា ព្រះយេស៊ូ​បាន​ប្រគល់​សិទ្ធិ​ឲ្យ «អ្នក​បំរើ»​របស់​ទ្រង់​រក​ស៊ី​ឬ​ធ្វើ​ការ​រហូត​ដល់​ទ្រង់​យាង​ត្រឡប់​មក​វិញ គឺ​«តាម​សមត្ថភាព​រៀងៗ​ខ្លួន»។

១៤​. ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូ​មិន​តម្រូវ​ឲ្យ​សិស្ស​ទាំង​អស់​ធ្វើ​កិច្ចការ​ស្មើៗ​គ្នា?

១៤ ឃ្លា​ថា «តាម​សមត្ថភាព​រៀងៗ​ខ្លួន»​នោះ​បញ្ជាក់​ថា ពួក​គ្រីស្ទាន​នៅ​សតវត្សរ៍​ទីមួយ​មិន​មាន​កាលៈទេសៈ​ឬ​លទ្ធភាព​ស្មើៗ​គ្នា​ឡើយ។ ជន​គ្រីស្ទាន​ខ្លះ​ដូច​ប៉ុល​និង​ធីម៉ូថេ​មាន​កាលៈទេសៈ​ដែល​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​យ៉ាង​ពេញលេញ។ កាលៈទេសៈ​ក្នុង​ជីវិត​ជន​គ្រីស្ទាន​ឯ​ទៀត​ប្រហែល​ជា​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​លើ​សេរីភាព​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ជន​គ្រីស្ទាន​ខ្លះ​ជា​ខ្ញុំ​កញ្ជះ ខ្លះ​ទៀត​រង​ទុក្ខ​ដោយ​ជំងឺ ភាព​ចាស់​ជរា ឬ​ក៏​មាន​ភារកិច្ច​ក្នុង​គ្រួសារ។ តាម​ការ​ពិត ឯក​សិទ្ធិ​ខ្លះ​ក្នុង​ក្រុមជំនុំ​មិន​បាន​ប្រគល់​ដល់​សិស្ស​ទាំង​ឡាយ​ឡើយ។ ស្ត្រី​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង ហើយ​បុរស​ចាក់​ប្រេង​តាំង​ខ្លះ​ក៏​មិន​មាន​ភារកិច្ច​បង្រៀន​ក្នុង​ក្រុមជំនុំ​ទេ។ (កូរិនថូសទី១ ១៤:៣៤; ធីម៉ូថេទី១ ៣:១; យ៉ាកុប ៣:១) យ៉ាង​ណា​ក៏​ដោយ សិស្ស​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​របស់​ព្រះយេស៊ូ មិន​ថា​ជា​បុរស​ឬ​ស្ត្រី​ក្ដី​បាន​ទទួល​កិច្ចការ​ផង​ដែរ ពោល​គឺ ត្រូវ​ឆ្លៀត​ប្រយោជន៍​ពី​គ្រប់​ឱកាស​និង​កាលៈទេសៈ​ដើម្បី​ធ្វើ​កិច្ច​បំរើ​ផ្សាយ។ សិស្ស​របស់​ព្រះយេស៊ូ​នៅ​សម័យ​យើង​នេះ​ក៏​ធ្វើ​ដូច​គ្នា​ដែរ។

គ្រា​ពិនិត្យ​មើល​មក​ដល់​ហើយ!

១៥, ១៦​. (ក) តើ​គ្រា​ដែល​ត្រូវ​គិត​បញ្ជី​បាន​មក​ដល់​នៅ​ពេល​ណា? (ខ) តើ​អ្នក​ស្មោះត្រង់​បាន​ទទួល​ឱកាស​ថ្មី​អ្វី​ក្នុង​ការ​«រក​ស៊ី»?

១៥ រឿង​ប្រៀបប្រដូច​នេះ​ចែង​ទៀត​ថា​៖ «យូរ​ក្រោយ​មក ចៅហ្វាយ​របស់​បាវ​ទាំង​នោះ​ត្រឡប់​មក​វិញ គិត​បញ្ជី​នឹង​គេ»។ (ម៉ាថាយ ២៥:១៩) នៅ​ឆ្នាំ​១៩១៤​ព្រះគ្រីស្ទ​យេស៊ូ​បាន​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​ស្តេច នេះ​ពិត​ជា​រយៈ​ពេល​ដ៏​យូរ​បើ​គិត​ពី​ឆ្នាំ​៣៣ ស.យ.​មក។ បី​ឆ្នាំ​កន្លះ​ក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ​១៩១៨ ទ្រង់​បាន​យាង​មក​ឯ​ព្រះ​វិហារ​ខាង​វិញ្ញាណ​របស់​ព្រះ ហើយ​បាន​សម្រេច​តាម​ពាក្យ​របស់​ពេត្រុស​ដែល​ថា​៖ «ពេល​វេលា​ដែល​សេចក្ដី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្ដើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ»។ (ពេត្រុសទី១ ៤:១៧; ម៉ាឡាគី ៣:១) ពេល​ដែល​ត្រូវ​គិត​បញ្ជី​បាន​មក​ដល់​ហើយ។

១៦ តើ​អ្នក​បំរើ​ដែល​ជា​បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ជា​មួយ​នឹង‹ប្រាក់​ណែន›របស់​ស្តេច? តាំង​ពី​ឆ្នាំ​៣៣ ស.យ.​ត​រៀង​មក​ដែល​រួម​បញ្ចូល​ឆ្នាំ​ទាំង​ប៉ុន្មាន​មុន​ឆ្នាំ​១៩១៤​ដែរ បងប្អូន​ជា​ច្រើន​បាន​ប្រឹងប្រែង​«រក​ស៊ី»​ជំនួស​ព្រះយេស៊ូ។ (ម៉ាថាយ ២៥:១៦, ខ.ស.) សូម្បីតែ​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ ពួក​គេ​បាន​បង្ហាញ​ចិត្ត​ប្រាថ្នា​ចង់​បំរើ​ចៅហ្វាយ​យ៉ាង​ខ្លាំង។ មក​ដល់​ឆ្នាំ​នោះ គួរ​គប្បី​ឲ្យ​អ្នក​ស្មោះត្រង់​ទទួល​ឱកាស​ថ្មី​ក្នុង​ការ​«រក​ស៊ី»​នោះ។ គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍​នេះ​បាន​មក​ដល់​ហើយ។ ដំណឹង​ល្អ​ត្រូវ​ផ្សាយ​ទូទាំង​ពិភពលោក។ «វេលា​ត្រូវ​ច្រូត»​បាន​មក​ដល់​ហើយ។ (វិវរណៈ ១៤:៦, ៧,១៤​-​១៦) អ្នក​ស្មោះត្រង់​ទាំង​នោះ​ត្រូវ​រក​សមាជិក​ចុង​ក្រោយ​ទាំង​ប៉ុន្មាន​នៃ​ក្រុម​ដែល​តំណាង​ដោយ​ស្រូវសាលី ហើយ​ក៏​ត្រូវ​ប្រមូល​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែរ ដែល​ជា​ចៀម​ឯ​ទៀត។—វិវរណៈ ៧:៩; ម៉ាថាយ ១៣:២៤​-​៣០

១៧​. តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ស្មោះ​ត្រង់​ទាំង​នោះ​បាន‹ប្រកប​ដោយ​អំណរ​របស់​ចៅហ្វាយ›យ៉ាង​ណា?

១៧ ចំរូត​ជា​គ្រា​នាំ​ឲ្យ​មាន​អំណរ​មែន។ (ទំនុកដំកើង ១២៦:៦) បើ​ដូច្នេះ គឺ​ជា​ការ​សម​ត្រឹមត្រូវ​ដែល​ថា នៅ​ឆ្នាំ​១៩១៩ ជា​ពេល​ដែល​ព្រះយេស៊ូ​បាន​ប្រគល់​ភារកិច្ច​បន្ថែម​ជា​បញ្ចាំ​ដល់​បងប្អូន​ចាក់​ប្រេង​តាំង​ស្មោះត្រង់​របស់​ទ្រង់ ដោយ​ទ្រង់​មាន​បន្ទូល​ថា​៖ «ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្ដិច​នេះ។ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត។ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ!»។ (ម៉ាថាយ ២៥:២១, ២៣, កំណែ​ជា​អក្សរ​ទ្រេត) ម្យ៉ាង​ទៀត អំណរ​របស់​ចៅហ្វាយ​ដែល​ជា​ស្តេច​ថ្មី​ក្នុង​ព្រះរាជាណាចក្រ​របស់​ព្រះ គឺ​ជា​អំណរ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​របស់​យើង​ទៅ​ទៀត។ (ទំនុកដំកើង ៤៥:១, ២, ៦,៧) ក្រុម​អ្នក​បំរើ​ស្មោះត្រង់​នោះ​មាន​អំណរ​ដែរ ដោយ​ព្រោះ​ជា​អ្នក​តំណាង​ស្តេច ហើយ​ដោយ​ចំរើន​របស់​របរ​នៃ​ទ្រង់​នៅ​លើ​ផែនដី។ (កូរិនថូសទី២ ៥:២០) ពាក្យ​ទំនាយ​នៅអេសាយ ៦១:១០ ស​ឲ្យ​ឃើញ​នូវ​ចិត្ត​រីករាយ​របស់​ពួក​គេ​ដោយ​ចែង​ថា​៖ «ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះយេហូវ៉ា។ ព្រលឹង​ខ្ញុំ​នឹង​រីករាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សំលៀកបំពាក់​នៃ​សេចក្ដី​សង្គ្រោះ»។

១៨​. ហេតុ​អ្វី​បាន​ជា​អ្នក​បំរើ​ខ្លះ​មិន​បាន​ឈ្នះ​ការ​ល្បងល​នោះ? ហើយ​តើ​មាន​លទ្ធផល​អ្វី?

១៨ តែ​គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​អ្នក​បំរើ​ខ្លះ​មិន​បាន​ឈ្នះ​ការ​ល្បងល​នោះ​ទេ។ យើង​អាន​ថា​៖ «អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថា​៖ ‹លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹងតែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​អោយ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ​ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់ របស់​លោក​វិញ​ចុះ›»។ (ម៉ាថាយ ២៥:២៤,២៥, ខ.ស.) ស្រដៀង​គ្នា​ដែរ គ្រីស្ទាន​ចាក់​ប្រេង​តាំង​ខ្លះ​មិន​បាន​«រក​ស៊ី»​ទេ។ មុន​ឆ្នាំ​១៩១៤ ពួក​គេ​មិន​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ទេ ហើយ​នៅ​ឆ្នាំ​១៩១៩ ពួក​គេ​ក៏​មិន​ចង់​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​នោះ​ដែរ។ ដោយសារ​ភាព​គ្មាន​ការ​កោត​ក្រែង​របស់​ពួក​គេ​នោះ តើ​ព្រះយេស៊ូ​ធ្វើ​អ្វី? ទ្រង់​បាន​ដក​ឯកសិទ្ធិ​ទាំង​ឡាយ​ចេញ​ពី​ពួក​គេ។ ពួក​គេ​បាន​ត្រូវ‹បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​និង​សង្កៀត​ធ្មេញ›វិញ។—ម៉ាថាយ ២៥:២៨, ៣០

ការ​ពិនិត្យ​មើល​មាន​ជា​បន្ត

១៩​. តើ​ការ​ពិនិត្យ​មើល​នៅ​តែ​មាន​ជា​បន្ត​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ទាំង​ឡាយ​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ពិត​មែន មនុស្ស​ដែល​ត្រូវ​ក្លាយ​ជា​អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​នៅ​គ្រា​ចុង​បញ្ចប់​នេះ ភាគ​ច្រើន​មិន​ទាន់​ជា​អ្នក​បំរើព្រះ​យេហូវ៉ា​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ការ​ល្បងល​របស់​ទ្រង់​នៅ​ឆ្នាំ​១៩១៨​ទេ។ តើ​ព្រះយេស៊ូ​មិន​បាន​ពិនិត្យ​មើល​ពួក​គាត់​ទេ​ឬ? មិន​មែន​ទេ! ការ​ពិនិត្យ​មើល​នោះ​គ្រាន់​តែ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៨/១៩១៩ ពេល​ដែល​«អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ»​បាន​ឈ្នះ​ការ​ល្បងល​ជា​ក្រុម​ប៉ុណ្ណោះ។ ព្រះយេស៊ូ​នៅ​តែ​ពិនិត្យ​មើល​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ម្នាក់ៗ​រហូត​ដល់​ការ​ត្រាស់​ហៅ​ពួក​គាត់​ត្រូវ​ភ្ជាប់​ជា​អចិន្ត្រៃយ៍។ (វិវរណៈ ៧:១​-​៣) ដោយសារ​បងប្អូន​ចាក់ប្រេង​តាំង​នៃ​ព្រះយេស៊ូ​ជ្រាប​ដូច្នេះ​ហើយ នោះ​ពួក​គាត់​បាន​តាំង​ចិត្ត​បន្ត​«រក​ស៊ី»​យ៉ាង​ស្មោះត្រង់។ ពួក​គាត់​បាន​តាំង​ចិត្ត​បង្ហាញ​ថា​ខ្លួន​មាន​វិនិច្ឆ័យ​ល្អ ដោយ​រក្សា​ឲ្យ​មាន​ប្រេង​ច្រើន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពន្លឺ​ភ្លឺ​ឡើង​យ៉ាង​ចិញ្ចាច​ចិញ្ចែង។ ពួក​គាត់​ដឹង​ថា កាល​ណា​មក​ដល់​ទីបញ្ចប់​នៃ​ដំណើរ​ជីវិត​ដ៏​ស្មោះត្រង់​របស់​ពួក​គាត់​រៀងៗ​ខ្លួន នោះ​ព្រះយេស៊ូ​នឹង​ទទួល​គាត់​ម្នាក់ៗ​ឲ្យ​ចូល​ទៅ​ក្នុង​ដំណាក់​នៅ​ស្ថានសួគ៌។—ម៉ាថាយ ២៤:​១៣; យ៉ូហាន ១៤:២​-​៤; កូរិនថូស​ទី១ ១៥:៥០, ៥១

២០​. (ក) តើ​ចៀម​ឯ​ទៀត​សព្វ​ថ្ងៃ​នេះ​បាន​តាំង​ចិត្ត​ធ្វើ​អ្វី? (ខ) តើ​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ជ្រាប​អំពី​អ្វី?

២០ មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​ជា​ចៀម​ឯ​ទៀត​នោះ បាន​យក​តម្រាប់​តាម​គំរូ​របស់​បងប្អូន​ចាក់​ប្រេង​តាំង។ ពួក​គេ​ដឹង​ថា ចំណេះ​ដែល​ពួក​គេ​មាន​អំពី​គោល​បំណង​របស់​ព្រះ នោះ​ក៏​នាំ​ឲ្យ​ខ្លួន​មាន​ភារកិច្ច​ធ្ងន់​ផង​ដែរ។ (អេសេគាល ៣:១៧​-​២១) អាស្រ័យ​ហេតុ​នេះ ពួក​គេ​ក៏​រក្សា​ឲ្យ​មាន​ប្រេង​ច្រើន​គ្រប់គ្រាន់​តាម​រយៈ​ការ​សិក្សា​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​គ្នា ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះបន្ទូល​និង​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ពួក​គេ​ក៏​បញ្ចេញ​ពន្លឺ​ដោយ​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​អ្នក​ដទៃ ហើយ​ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​ពួក​គេ​កំពុង​តែ​«រក​ស៊ី»​ជា​មួយ​បងប្អូន​ចាក់​ប្រេង​តាំង​របស់​ពួក​គេ​ដែរ។ ក៏​ប៉ុន្តែ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ជ្រាប​យ៉ាង​ច្បាស់​ថា ប្រាក់​ណែន​បាន​ត្រូវ​ប្រគល់​ដល់​ពួក​គាត់​តែ​ម្ដង។ ពួក​គាត់​ជា​អ្នក​ដែល​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​របៀប​ត្រួតត្រា​លើ​របស់​ទ្រព្យ​នៅ​លើ​ផែនដី​របស់​ចៅហ្វាយ។ ទោះ​បី​ពួក​គាត់​មាន​ចំនួន​តិច​ក៏ដោយ ពួក​គាត់​មិន​អាច​លះបង់​ភារកិច្ច​របស់​ខ្លួន​ដោយ​ផ្ទេរ​ភារកិច្ច​នោះ​ឲ្យ​ទៅ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​បាន​ឡើយ។ អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​តែង​តែ​នឹក​ចាំ​ចំណុច​នេះ ហើយ​ក៏​នៅ​តែ​នាំ​មុខ​ក្នុង​ការ​រក​ស៊ី​ឬ​ធ្វើ​កិច្ចការ​របស់​ស្តេច ព្រម​ទាំង​មាន​កតញ្ញូ​ធម៌​ចំពោះ​សមាជិក​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ដែល​បាន​ថ្វាយ​ខ្លួន​ក្នុង​ការ​ជួយ​គាំទ្រ​ពួក​គាត់។ មនុស្ស​១​ហ្វូង​យ៉ាង​ធំ​ក៏​ទទួល​ស្គាល់​ភារកិច្ច​ដែល​បងប្អូន​អ្នក​ចាក់​ប្រេង​តាំង​មាន ហើយ​ពួក​គេ​ក៏​ចាត់​ទុក​កិច្ច​បំរើ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ពួក​គាត់​ជា​ឯកសិទ្ធិ​ពិសេស​មួយ។

២១​. តើ​មាន​ការ​ដាស់​តឿន​អ្វី ដែល​សំដៅ​ទៅ​លើ​គ្រីស្ទាន​ទាំង​ឡាយ​តាំង​ពី​មុន​ឆ្នាំ​១៩១៩​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ?

២១ ទោះបី​ជា​រឿង​ប្រៀបប្រដូច​ពីរ​នេះ​ជួយ​បំភ្លឺ​ចិត្ត​យើង ស្តី​អំពី​ព្រឹត្ដិការណ៍​នៅ​ឆ្នាំ​១៩១៩ ហើយ​មុន​ឬ​ក្រោយ​ឆ្នាំ​នោះ​ក្ដី គោលការណ៍​ក្នុង​រឿង​ប្រៀបប្រដូច​ទាំង​នេះ​ក៏​ទាក់ទង​នឹង​គ្រីស្ទាន​ពិត​ទាំង​ឡាយ​ដែល​រស់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ​ដែរ។ ព្រម​ជា​មួយ​នេះ​ដែរ ការ​ដាស់​តឿន​របស់​ព្រះយេស៊ូ​ពេល​មាន​បន្ទូល​ចប់​នូវ​រឿង​ប្រៀបប្រដូច​អំពី​ស្រី​ព្រហ្មចារី​ដប់​នាក់ គឺ​មុន​ដំបូង​សំដៅ​ទៅ​លើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មុន​ឆ្នាំ​១៩១៩ ហើយ​គោលការណ៍​ក្នុង​រឿង​នោះ​ក៏​សំដៅ​ទៅ​លើ​គ្រីស្ទាន​ទាំង​ឡាយ​ផង​ដែរ។ បើ​ដូច្នេះ ចូរ​ឲ្យ​យើង​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បន្ទូល​របស់​ព្រះយេស៊ូ​ដែល​ថា​៖ «ចូរ​ចាំ​យាម​ចុះ! ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ»។—ម៉ាថាយ ២៥:១៣

[កំណត់​សម្គាល់]

^ វគ្គ 2 ស្រដៀង​គ្នា​ដែរ ក្រោយ​ពី​ពួក​សាវ័ក​បាន​ទទួល​មរណភាព​នោះ «មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ»​បាន​លេច​ចេញ​ពី​ចំណោម​ពួក​អ្នក​ចាស់​ទុំ​ដែល​ជា​ជន​គ្រីស្ទាន​ចាក់​ប្រេង​តាំង។—កិច្ចការ ២០:២៩, ៣០

^ វគ្គ 6 មាន​ការ​ពិគ្រោះ​មួយ​ទៀត​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ ក្នុង​សៀវភៅ​បុរស​ឧត្តម​បំផុត​ដែល​ធ្លាប់​រស់​នៅ ជំពូក​ទី១១១ ដែល​បោះពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះយេហូវ៉ា។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​ព្រះយេស៊ូ​បាន​ពិនិត្យ​មើល​អ្នក​កាន់​តាម​ទ្រង់ នៅ​ពេល​ណា? ហើយ​តើ​ទ្រង់​ឃើញ​អ្វី?

ហេតុ​អ្វី​បាន​ជា​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ខ្លះ​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គំនិត​ដូច​«អ្នក​បំរើ​អាក្រក់»​នោះ?

តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា យើង​មាន​វិនិច្ឆ័យល្អ​ខាង​វិញ្ញាណ?

តើ​យើង​អាច​បន្ត​«រក​ស៊ី»​បាន​យ៉ាង​ណា ក្នុង​ការ​យក​តម្រាប់​តាម​បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះយេស៊ូ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១៦]

តើ​ព្រះយេស៊ូ​យាង​មក​នៅ​ពេល​ណា?

ក្នុង​សៀវភៅម៉ាថាយ ជំពូក​ទី២៤​និង​២៥ ការ​«យាង​មក»​របស់​ព្រះយេស៊ូ​បាន​ត្រូវ​រៀប​រាប់​ដោយ​មាន​លក្ខណៈ​ផ្សេងៗ។ ទ្រង់​មិន​ចាំបាច់​ធ្វើ​ដំណើរ​មែន​ទែន​ដើម្បី​«យាង​មក»​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​«យាង​មក»​ក្នុង​ន័យ​ថា ទ្រង់​បែរ​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជាតិ​ឬ​អ្នក​កាន់​តាម​ទ្រង់ គឺ​ច្រើន​តែ​ដោយ​មាន​បំណង​ជំនុំជំរះ​ពួក​គេ។ ដូច្នេះ នៅ​ឆ្នាំ​១៩១៤ ទ្រង់​បាន​«យាង​មក»​ដើម្បី​ចាប់​ផ្ដើម​វត្តមាន​របស់​ទ្រង់​ជា​ស្តេច​ដែល​បាន​ឡើង​អង្គុយ​លើ​បល្ល័ង្ក។ (ម៉ាថាយ ១៦:២៨; ១៧:១; កិច្ចការ ១:១១) នៅ​ឆ្នាំ​១៩១៨ ព្រះយេស៊ូ​បាន​«យាង​មក»​ជា​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា ហើយ​បាន​ចាប់​ផ្ដើម​ជំនុំជំរះ​ពួក​អ្នក​ដែល​អះអាង​ថា ជា​អ្នក​បំរើ​ព្រះយេហូវ៉ា។ (ម៉ាឡាគី ៣:១​-​៣; ពេត្រុសទី១ ៤:១៧) នៅ​សង្គ្រាម​អើម៉ាគេដូន ព្រះយេស៊ូ​នឹង​«យាង​មក»​ដើម្បី​កាត់​ទោស​លើស​ត្រូវ​របស់​ព្រះ។—វិវរណៈ ១៩:១១​-​១៦

នៅ​សៀវភៅម៉ាថាយ ២៤:២៩​-​៤៤ និង​២៥:៣១​-​៤៦ មាន​ការ​រៀប​រាប់​ប៉ុន្មាន​ដង​អំពី​ការ​យាង​មក (ឬ​ការ​មក​ដល់) ហើយ​នេះ​សំដៅ​ទៅ​លើ​«គ្រា​វេទនា​យ៉ាង​ធំ»។ (វិវរណៈ ៧:១៤) ម្យ៉ាង​វិញ​ទៀត ក្នុង​ម៉ាថាយ ២៤:៤៥​ដល់​២៥:៣០ ការ​យាង​មក​ដែល​រៀប​រាប់​ប៉ុន្មាន​ដង​នោះ គឺ​សំដៅ​ទៅ​លើ​គ្រា​តាំង​ពី​ឆ្នាំ​១៩១៨ ពេល​ដែល​ព្រះយេស៊ូ​បាន​ជំនុំជំរះ​ពួក​អ្នក​ដែល​អះអាង​ថា​ជា​សិស្ស​របស់​ទ្រង់។ រីឯ​ការ​ប្រទាន​រង្វាន់​ដល់​អ្នក​បំរើ​ស្មោះត្រង់ និង​ការ​ជំនុំជំរះ​ស្រី​ព្រហ្មចារីដែល​ឥត​គំនិត ព្រម​ទាំង​ការ​ជំនុំជំរះ​អ្នក​បំរើ​ខ្ជិល​ច្រអូស​ដែល​បាន​ជីក​ដី​កប់​ប្រាក់​ណែន​របស់​ចៅហ្វាយ បើ​យើង​បកស្រាយ​ថា ព្រឹត្ដិការណ៍​នេះ​ត្រូវ​កើត​ឡើង​នៅ​ពេល​ដែល​ព្រះយេស៊ូ​«យាង​មក»​នៅ​ឯ​គ្រា​វេទនា​យ៉ាង​ធំ​នោះ គឺ​មិន​សម​ហេតុ​សម​ផល​នោះ​ទេ។ ដ្បិត​បើ​ពន្យល់​ដូច្នេះ នេះ​បង្កប់​អត្ថន័យ​ថា នៅ​គ្រា​វេទនា​យ៉ាង​ធំ​នោះ អ្នក​ចាក់​ប្រេង​តាំង​ច្រើន​នាក់​នឹង​ស​ឲ្យ​ឃើញ​ថា​មិន​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ព្រះយេស៊ូ​ត្រូវ​រក​អ្នក​ឯ​ទៀត​ផ្លាស់​ជំនួស​វិញ។ ក៏​ប៉ុន្តែ វិវរណៈ ៧:៣ បង្ហាញ​ថា នៅ​គ្រា​វេទនា​យ៉ាង​ធំ​នោះ អ្នក​បំរើ​ចាក់​ប្រេង​តាំង​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​«បោះត្រា»​ជា​អចិន្ត្រៃយ៍​រួច​ហើយ។

[រូបភាព​នៅ​ទំព័រ​១៤]

«អ្នក​បំរើ​អាក្រក់»​មិន​បាន​ទទួល​ពរ​សោះ​ឡើយ​នៅ​ឆ្នាំ​១៩១៩

[រូបភាព​នៅ​ទំព័រ​១៥]

ស្រី​ព្រហ្មចារីដែល​មាន​ប្រាជ្ញា​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ពេល​ដែល​ប្ដី​ថ្មោង​ថ្មី​មក​ដល់

[រូបភាព​នៅ​ទំព័រ​១៧]

អ្នក​បំរើ​ស្មោះត្រង់ បាន​ធ្វើ​ការ​«រក​ស៊ី»

[រូបភាព​នៅ​ទំព័រ​១៧]

អ្នក​បំរើខ្ជិល​ច្រអូស​មិន​បាន​ធ្វើ​ការ​រក​ស៊ី​សោះ​ឡើយ

[រូបភាព​នៅ​ទំព័រ​១៨]

ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» នៅ​តែ​បញ្ចេញ​ពន្លឺ​នៅ​ឡើយ