លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរពឹងលើវិញ្ញាណរបស់ព្រះពេលប្រឈមមុខនឹងការប្រែប្រួលក្នុងជីវិត

ចូរពឹងលើវិញ្ញាណរបស់ព្រះពេលប្រឈមមុខនឹងការប្រែប្រួលក្នុងជីវិត

ចូរ​ពឹង​លើ​វិញ្ញាណ​របស់​ព្រះ​ពេល​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ក្នុង​ជីវិត

«ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បងល​ជាប់​ហើយ [ឬ​«ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ, ព.ថ.]»។—ធីម៉ូថេទី២ ២:១៥

១​. តើ​ការ​ប្រែប្រួល​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​ដល់​សុខភាព​ខាង​វិញ្ញាណ​របស់​យើង?

លោកីយ៍​តែង​ប្រែប្រួល​ជានិច្ច។ យើង​ឃើញ​នូវ​ការ​ជឿនលឿន​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកទេស តែ​យើង​ក៏​ឃើញ​នូវ​ការ​ចុះ​អាប់ឱន​យ៉ាង​ខ្លាំង​ខាង​គោលការណ៍​សីលធម៌​ដែរ។ ដូច​យើង​បាន​ពិនិត្យ​មើល​ក្នុង​អត្ថបទ​មុន​នេះ ជន​គ្រីស្ទាន​ត្រូវ​តែ​ទប់ទល់​នឹង​វិញ្ញាណ​របស់​លោកីយ៍​ដែល​ប្រឆាំង​ព្រះ។ ក៏​ប៉ុន្តែ កាល​ដែល​ពិភពលោក​ប្រែប្រួល យើង​ម្នាក់ៗ​ក៏​ប្រែប្រួល​តាម​របៀប​ជា​ច្រើន​ដែរ។ យើង​ប្រែ​ពី​កុមារភាព​ទៅ​ជា​មនុស្ស​ពេញ​វ័យ។ យើង​ប្រហែល​ជា​មាន​ឬ​បាត់បង់​ទ្រព្យ​សម្បត្ដិ បញ្ហា​សុខភាព​និង​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់។ ការ​ប្រែប្រួល​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​យើង​គ្មាន​អំណាច​ទប់ទល់​ទេ ហើយ​អាច​នាំ​ឲ្យ​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ដល់​សុខភាព​ខាង​វិញ្ញាណ​របស់​យើង។

២​. តើ​ជីវិត​ដាវីឌ​ជួប​ប្រទះ​នឹង​ការ​ប្រែប្រួល​យ៉ាង​ដូច​ម្ដេច?

មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ដូច​ដាវីឌ កូន​របស់​អ៊ីសាយ។ ដាវីឌ​បាន​ប្រែប្រួល​យ៉ាង​លឿន​ពី​ក្មេង​គង្វាល​ដែល​គ្មាន​នរណា​ស្គាល់​ទៅ​ជា​មនុស្ស​ល្បី​ឈ្មោះ​ក្នុង​ប្រទេស។ ក្រោយ​មក ដាវីឌ​ត្រូវ​រត់​គេច​ខ្លួន​ពី​ស្តេច​មួយ​អង្គ​ដែល​មាន​ចិត្ត​ច្រណែន ដែល​ដេញ​ចាប់​ដាវីឌ​ដូច​ព្រាន​ព្រៃ​ដេញ​ចាប់​សត្វ។ បន្ទាប់​មក​ទៀត ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្តេច​និង​ជា​អ្នក​ទទួល​ជ័យជំនះ។ ទ្រង់​បាន​ស៊ូទ្រាំ​នឹង​លទ្ធផល​ដ៏​ឈឺចាប់​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ។ ទ្រង់​បាន​រង​ទុក្ខ​នឹង​រឿង​ខ្លោចផ្សា​ជា​ច្រើន​ដែល​បាន​កើត​ឡើង និង​ការ​បែក​បាក់​ក្នុង​រាជ​វង្សានុវង្ស​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ទទួល​ទ្រព្យ​សម្បត្ដិ មាន​អាយុ​ចាស់ និង​រង​ទុក្ខ​ដោយសារ​ភាព​ចាស់​ជរា។ យ៉ាង​ណា​ក៏​ដោយ ទោះ​ជា​មាន​ការ​ប្រែប្រួល​ជា​ច្រើន​ក្នុង​ជីវិត​របស់​ទ្រង់​ក៏​ដោយ ស្តេច​ដាវីឌ​បាន​បង្ហាញ​ទំនុក​ចិត្ត​និង​ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​វិញ្ញាណ​របស់​ទ្រង់​អស់​មួយ​ជីវិត។ ទ្រង់​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ថ្វាយ​ខ្លួន​ដល់​ព្រះ​«ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ» ហើយ​ព្រះ​បាន​ប្រទាន​ពរ​ដល់​ទ្រង់។ (ធីម៉ូថេទី២ ២:១៥, ព.ថ.) ទោះ​ជា​យើង​មាន​កាលៈទេសៈ​ខុស​គ្នា​ពី​ស្តេច​ដាវីឌ​ក៏​ពិត​មែន ក៏​យើង​អាច​រៀន​ពី​របៀប​ដែល​ទ្រង់​បាន​ដោះ​ស្រាយ​បញ្ហា​ក្នុង​ជីវិត។ គំរូ​របស់​ស្តេច​ដាវីឌ​អាច​ជួយ​យើង​ឲ្យ​យល់​នូវ​របៀប​ដែល​យើង​អាច​បន្ត​ទទួល​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ កាល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ផ្សេងៗ​ក្នុង​ជីវិត។

ចិត្ត​រាប​ទាប​របស់​ដាវីឌ ជា​គំរូ​ដ៏​ល្អ

៣, ៤​. ពី​ក្មេង​គង្វាល​ដែល​គេ​មិន​ស្គាល់ តើ​ដាវីឌ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​យ៉ាង​ដូច​ម្ដេច?

ជា​ក្មេង​ម្នាក់ ដាវីឌ​មិនមែន​ជា​មនុស្ស​ដែល​មាន​ឋានៈ​ធំដុំ​ទេ សូម្បី​ក្នុង​ក្រុម​គ្រួសារ​គាត់​ក៏​ដោយ។ ពេល​ព្យាការី​សាំយូអែល​បាន​មក​ភូមិ​បេថ្លេហិម នោះ​ឪពុក​របស់​ដាវីឌ​មិន​បាន​បង្ហាញ​កូន​ទាំង​ប្រាំ​បី​នាក់​ទេ គឺ​បង្ហាញ​តែ​ប្រាំ​ពីរ​នាក់​ឲ្យ​លោក​ស្គាល់​ប៉ុណ្ណោះ ព្រោះ​ដាវីឌ​ដែល​ជា​កូនពៅ​ត្រូវ​បាន​បង្គាប់​ឲ្យ​ទៅ​ឃ្វាល​ចៀម។ ប៉ុន្តែ ព្រះយេហូវ៉ា​បាន​ជ្រើសរើស​ដាវីឌ​ដើម្បី​ជា​ស្តេច​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​មុខ​វិញ។ គេ​បាន​ទៅ​ហៅ​ដាវីឌ​ពី​កន្លែង​ឃ្វាល​សត្វ បន្ទាប់​មក កំណត់​ហេតុ​ព្រះគម្ពីរ​ចែង​ថា​៖ «សាំយូអែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ​ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្ដាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះវិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ»។ (សាំយូអែលទី១ ១៦:១២, ១៣) ដាវីឌ​បាន​ពឹង​លើ​វិញ្ញាណ​នោះ​អស់​មួយ​ជីវិត​របស់​គាត់។

បន្ដិច​ទៀត ក្មេង​ឃ្វាល​ចៀម​នេះ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​គាត់។ គេ​បាន​ហៅ​គាត់​ឲ្យ​ទៅ​បំរើ​ស្តេច​និង​លេង​ភ្លេង​ថ្វាយ​ស្តេច។ គាត់​បាន​សម្លាប់​ទាហាន​មាឌ​ធំ​សម្បើម​ម្នាក់​ឈ្មោះ​កូលីយ៉ាត ជា​បុរស​សាហាវ​ឃោរឃៅ​ដល់​ម្ល៉េះ​ដែល​សូម្បីតែ​ទាហាន​ជាតិ​អ៊ីស្រាអែល​ដែល​មាន​បទ​ពិសោធន៍ ក៏​ខ្លាច​កូលីយ៉ាត​ដែរ។ ក្រោយ​ដាវីឌ​ត្រូវ​តែងតាំង​ឲ្យ​ត្រួតត្រា​លើ​ពួក​ទាហាន នោះ​គាត់​បាន​វាយ​ឈ្នះ​ពួក​ភីលីស្ទីន។ ប្រជាជន​ស្រឡាញ់​ដាវីឌ​ណាស់។ ពួក​គេ​បាន​តែង​ចំរៀង​សរសើរ​ដាវីឌ។ មុន​នេះ ទីប្រឹក្សា​របស់​ស្តេច​សូល​បាន​រៀប​រាប់​ប្រាប់​ទ្រង់​អំពី​ដាវីឌ​ថា គាត់​មិន​គ្រាន់​តែ​«ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង»​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​«មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចំបាំង​ក៏​មាន​វោហារ​អធិប្បាយ»។—សាំយូអែលទី១ ១៦:១៨; ១៧:២៣, ២៤, ៤៥​-​៥១; ១៨:៥​-​៧

៥​. តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ដាវីឌ​ទៅ​ជា​មនុស្ស​អួត​ខ្លួន? ហេតុ​អ្វី​យើង​ដឹង​ថា​គាត់​មិន​បាន​ទៅ​ជា​មនុស្ស​បែប​នេះ?

ដាវីឌ​ហាក់​ដូច​ជា​មាន​លក្ខណៈ​គ្រប់​ទាំង​អស់​ដែល​បុគ្គល​ម្នាក់ៗ​ចង់​បាន គឺ​កិត្ដិនាម រូប​ឆោម​ស្រស់ នៅ​ក្មេង មាន​វោហារ ប្រសប់​លេង​ភ្លេង ជំនាញ​ខាង​ទាហាន មាន​ព្រះ​គុណ​ពី​ព្រះ។ គាត់​អាច​ទៅ​ជា​មនុស្ស​អួត​ខ្លួន​ដោយសារ​សមត្ថភាព​ណា​មួយ​នោះ ប៉ុន្តែ​គាត់​ពុំ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​អួត​ខ្លួន​ទេ។ ចូរ​កត់​សម្គាល់​នូវ​របៀប​ដែល​ដាវីឌ​បាន​តប​ឆ្លើយ​ដល់​ស្តេច​សូល ដែល​ចង់​ឲ្យ​បុត្រី​រៀបការ​ជា​មួយ​នឹង​គាត់។ ដាវីឌ​ពិត​ជា​បាន​ទូល​ដោយ​ចិត្ត​រាប​ទាប​ថា​៖ «តើ​ទូល​បង្គំ​ជា​អ្វី​ឬ​ជីវិត​ទូល​បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូល​បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រាអែល បាន​ជា​សព្វ​ព្រះទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ​ករុណ​ដូច្នេះ?»។ (សាំយូអែលទី១ ១៨:១៨) វិជ្ជាករ​ម្នាក់​បាន​សរសេរ​អំពី​ខ​នេះ​ថា​៖ «អត្ថន័យ​របស់​ពាក្យ​ដាវីឌ​ចង់​បញ្ជាក់​ថា គាត់​គ្មាន​សមត្ថភាព ឋានៈ​ក្នុង​សង្គម ឬ​វង្ស​ត្រកូល​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​សម​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​នោះ​ឡើយ»។

៦​. ហេតុ​អ្វី​ក៏​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប?

ចិត្ត​រាប​ទាប​របស់​ដាវីឌ​គឺ​ជា​មូលដ្ឋាន​ក្នុង​ការ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​គឺ​ឧត្តុង្គ​ឧត្តម​ជាង​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ឆ្ងាយ​ណាស់។ ដាវីឌ​មាន​ចិត្ត​ស្ងើច​អស្ចារ្យ​ដែល​ព្រះ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​មនុស្ស​ជាតិ។ (ទំនុកដំកើង ១៤៤:៣) ដាវីឌ​បាន​ដឹង​ថា​មិន​ថា​គាត់​ទៅ​ជា​អ្នក​ធំ​យ៉ាង​ណា​ក៏​ដោយ នោះ​គឺ​ពីព្រោះ​តែ​ព្រះយេហូវ៉ា​បាន​បង្ហាញ​ព្រះទ័យ​រាប​ទាប ផ្ដល់​ការ​គាំទ្រ ការពារ​និង​មើល​ថែរក្សា​គាត់​តែ​ប៉ុណ្ណោះ។ (ទំនុកដំកើង ១៨:៣៥) នេះ​ជា​មេ​រៀន​ដ៏​ល្អ​ក្រៃលែង​សំរាប់​យើង! សមត្ថភាព អ្វី​ដែល​យើង​បាន​សម្រេច ឯកសិទ្ធិ​របស់​យើង មិន​គួរ​ធ្វើ​ឲ្យ​យើង​មាន​អំនួត​ឡើយ។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «តើ​អ្នក​មាន​អ្វី​ខ្លះ​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?»។ (កូរិនថូសទី១ ៤:៧) ដើម្បី​ទទួល​បាន​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​និង​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​យើង យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​រក្សា​ឲ្យ​មាន​គុណសម្បត្ដិ​នេះ​ជានិច្ច។—យ៉ាកុប ៤:៦

«កុំ​ឲ្យ​សងសឹក​ឡើយ»

៧​. តើ​ដាវីឌ​មាន​ឱកាស​យ៉ាង​ណា​ដើម្បី​សម្លាប់​ស្តេច​សូល?

ទោះ​ជា​កិត្ដិនាម​របស់​ដាវីឌ មិន​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មនុស្ស​មាន​អំនួត​ក៏​ដោយ ក៏​នេះ​បាន​នាំ​ឲ្យ​ស្តេច​សូល ដែល​វិញ្ញាណ​របស់​ព្រះ​បាន​ចេញ​ពី​គាត់ ទៅ​ជា​មាន​ចិត្ត​ច្រណែន​ចង់​សម្លាប់​ដាវីឌ​វិញ។ ទោះ​ជា​ដាវីឌ​មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ក៏​គាត់​ត្រូវ​រត់​គេច​ដើម្បី​ការពារ​ជីវិត​គាត់ និង​រស់​នៅ​ក្នុង​ទីរហោស្ថាន។ នៅ​គ្រា​មួយ ក្នុង​ពេល​ដែល​ស្តេច​សូល​ដេញ​ចាប់​ដាវីឌ​ដោយ​ឥត​ឈប់ឈរ នោះ​ស្តេច​សូល​បាន​ចូល​ក្នុង​រូង ដោយ​ឥត​ដឹង​ថា​ដាវីឌ​និង​ពួក​គូកន​បាន​ពួន​នៅ​ទី​នោះ​ទេ។ អ្នក​បំរើ​ដាវីឌ​បាន​ជំរុញ​គាត់​ឲ្យ​សម្លាប់​សូល​ទៅ ដ្បិត​នេះ​ហាក់​ដូច​ជា​ឱកាស​ដ៏​ល្អ​ដែល​ព្រះ​ប្រទាន​ឲ្យ។ យើង​អាច​ស្រមៃ​ឃើញ​ពួក​គេ​ពួន​នៅ​ទី​ងងឹត​ក្នុង​រូង​នោះ ហើយ​មាន​អ្នក​បំរើ​ម្នាក់​មក​ខ្សឹប​ប្រាប់​ដាវីឌ​ថា​៖ «មើល! នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​នឹង​លោក​ថា ‹ទ្រង់​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​លោក នោះ​លោក​នឹង​ធ្វើ​សំរេច​តាម​តែ​ចិត្ត​បាន›»។—សាំយូអែលទី១ ២៤:២​-​៦

៨​. ហេតុ​អ្វី​ក៏​ដាវីឌ​ទប់​ចិត្ត​មិន​សងសឹក?

ដាវីឌ​បាន​បដិសេធ​មិន​ព្រម​សម្លាប់​ស្តេច​សូល​ទេ។ ដោយ​មាន​ជំនឿ​និង​ចិត្ត​អត់ធ្មត់ គាត់​សុខ​ចិត្ត​ទុក​ឲ្យ​ព្រះយេហូវ៉ា​ដោះ​ស្រាយ​រឿង​ទាំង​នេះ​វិញ។ ក្រោយ​ពី​ស្តេច​សូល​ចេញ​ពី​រូង​នោះ ដាវីឌ​បាន​ហៅ​ស្តេច ហើយ​ទូល​ថា​៖ «សូម​ឲ្យ​ព្រះយេហូវ៉ា​ទ្រង់​ជំនុំជំរះ​រឿង​យើង​ខ្ញុំ​ទាំង​២​ចុះ ហើយ​សូម​ឲ្យ​ព្រះយេហូវ៉ា​សងសឹក​នឹង​ទ្រង់ ជំនួស​ទូល​បង្គំ​ផង តែ​ទូល​បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ដាក់​លើ​ទ្រង់​ឡើយ»។ (សាំយូអែលទី១ ២៤:១២) ទោះ​ជា​ដាវីឌ​ដឹង​ថា ស្តេច​សូល​ជា​មនុស្ស​មាន​ទោស តែ​គាត់​មិន​សងសឹក​ទេ ហើយ​ក៏​មិន​និយាយ​ប្រមាថ​ស្តេច​ដែរ។ មាន​បី​បួន​ដង​ទៀត​ដែល​ដាវីឌ​បាន​ទប់​ចិត្ត​មិន​ធ្វើ​ជា​អ្នក​សងសឹក​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​ឲ្យ​ដោះ​ស្រាយ​រឿង​ទាំង​នេះ​វិញ។—សាំយូអែលទី១ ២៥:៣២​-​៣៤; ២៦:១០, ១១

៩​. ថ្វី​បើ​យើង​ត្រូវ​គេ​ប្រឆាំង​ឬ​បៀតបៀន​ក៏​ដោយ ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​សងសឹក?

ដូច​ដាវីឌ យើង​អាច​ជួប​ប្រទះ​នឹង​ស្ថានការណ៍​ដ៏​ពិបាក។ ប្រហែល​ជា​អ្នក​ត្រូវ​ប្រឆាំង​ឬ​បៀតបៀន​ដោយ​មិត្ត​រួម​ថ្នាក់ អ្នក​ធ្វើ​ការ​ជា​មួយ សមាជិក​គ្រួសារ ឬ​អ្នក​ដទៃ​ដែល​មិន​មាន​ជំនឿ​ដូច​អ្នក។ កុំ​សងសឹក​ឲ្យ​សោះ។ ចូរ​ចាំ​ឲ្យ​ព្រះយេហូវ៉ា​ដោះ​ស្រាយ ហើយ​សុំ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ឲ្យ​ជួយ​អ្នក។ ប្រហែល​ជា​មនុស្ស​ដែល​មិន​មាន​ជំនឿ​នោះ​នឹង​កោត​ស្ងើច​នឹង​ការ​ប្រព្រឹត្ត​ដ៏​ល្អ​របស់​អ្នក និង​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ក៏​ថា​បាន។ (ពេត្រុសទី១ ៣:១) ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ចូរ​ទុក​ចិត្ត​ថា​ព្រះយេហូវ៉ា​ទត​ឃើញ​ស្ថានការណ៍​របស់​អ្នក ហើយ​ទ្រង់​នឹង​ចាត់​វិធានការ​នៅ​ពេល​កំណត់​របស់​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​ថា​៖ «ឱ​ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​សងសឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹ព្រះ​អម្ចាស់ ទ្រង់​មាន​បន្ទូល​ថា ការ​សងសឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ›»។—រ៉ូម ១២:១៩

«ចូរ​ស្ដាប់​ដំបូន្មាន»

១០​. តើ​ស្តេច​ដាវីឌ​បាន​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា? ហើយ​តើ​ទ្រង់​បាន​ខំ​រិះរក​កល​ឧបាយ​បិទ​បាំង​កំហុស​នោះ​យ៉ាង​ដូច​ម្ដេច?

១០ ច្រើន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ ដាវីឌ​បាន​ក្លាយ​ទៅ​ជា​ស្តេច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​បំផុត។ ដំណើរ​ជីវិត​របស់​ស្តេច​ដាវីឌ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្មោះត្រង់​យ៉ាង​អស្ចារ្យ រួម​ទាំង​ទំនុក​យ៉ាង​ពីរោះ​ដែល​ទ្រង់​បាន​តែង​ដើម្បី​លើក​សរសើរ​ព្រះយេហូវ៉ា​នោះ ប្រហែល​ជា​នាំ​ឲ្យ​យើង​គិត​ថា ស្តេច​ដាវីឌ​មិន​អាច​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ ប៉ុន្តែ ស្តេច​ដាវីឌ​បាន​ធ្លាក់​ខ្លួន​ក្នុង​កំហុស​យ៉ាង​ធំ​មួយ។ នៅ​ថ្ងៃ​មួយ​ស្តេច​ដាវីឌ​នៅ​លើ​ដំបូល​រាជ​ដំណាក់ ទ្រង់​ក៏​បាន​ទត​ឃើញ​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​កំពុង​ងូត​ទឹក។ ទ្រង់​បាន​ស៊ើប​សួរ​អំពី​នាង ហើយ​បាន​ដឹង​ថា​ស្ត្រី​នេះ​ឈ្មោះ​បាតសេបា និង​ប្ដី​នាង​ឈ្មោះ​អ៊ូរី​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម ដូច្នេះ​ស្តេច​ដាវីឌ​បាន​ឲ្យ​គេ​ទៅ​ហៅ​នាង​មក ហើយ​ទ្រង់​ក៏​បាន​ផ្ទំ​ជា​មួយ​នឹង​នាង។ ក្រោយ​មក ស្តេច​ដាវីឌ​បាន​ដឹង​ថា​នាង​មាន​ផ្ទៃពោះ។ រឿង​អាស្រូវ​នេះ បើ​គេ​ដឹង​ឮ​នឹង​ត្រូវ​បក​អាក្រាត​ជា​មិន​ខាន។ ហើយ​ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ ការ​ផិត​គ្នា​ជា​ទោស​ប្រហារ​ជីវិត។ ស្តេច​ដាវីឌ​ក៏​ប្រហែល​ជា​បាន​គិត​ទៀត​ថា​អាច​បិទ​បាំង​អំពើ​បាប​នេះ​ជិត​បាន។ ដូច្នេះ ស្តេច​ដាវីឌ​បាន​ផ្ញើ​រាជសារ​ទៅ​មេទ័ព​បញ្ជា​ឲ្យ​អ៊ូរី​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។ ទ្រង់​បាន​សង្ឃឹម​ថា​អ៊ូរី​នឹង​ទៅ​រួម​ភេទ​ជា​មួយ​បាតសេបា​នៅ​យប់​នោះ ប៉ុន្តែ​កល​ឧបាយ​នេះ​ឥត​បាន​កើត​ការ​ទេ។ ស្តេច​ដាវីឌ​បាន​ខ្វល់ខ្វាយ​ណាស់ ក៏​បាន​បញ្ជូន​អ៊ូរី​ឲ្យ​ទៅ​ធ្វើ​សង្គ្រាម​វិញ​ដោយ​ផ្ញើ​រាជសារ​ទៅ​មេទ័ព​ឈ្មោះ​យ៉ូអាប់។ សំបុត្រ​នោះ​បាន​បង្គាប់​ឲ្យ​ដាក់​អ៊ូរី​នៅ​សមរភូមិ​ត្រង់​កន្លែង​ច្បាំង​គ្នា​ជា​ខ្លាំង​ដើម្បី​ឲ្យ​គាត់​ត្រូវ​ស្លាប់។ យ៉ូអាប់​បាន​ស្ដាប់​បង្គាប់ ហើយ​អ៊ូរី​ក៏​បាន​ស្លាប់​មែន។ ក្រោយ​ពី​បាតសេបា​បាន​កាន់ទុក្ខ​តាម​ទំនៀម​ទម្លាប់​ហើយ នោះ​ស្តេច​ដាវីឌ​បាន​យក​នាង​ធ្វើ​ជា​ជាយា។—សាំយូអែលទី២ ១១:១​-​២៧

១១​. តើ​ណាថាន់​ប្រាប់​ស្តេច​ដាវីឌ​នូវ​រឿង​អ្វី? ហើយ​តើ​ទ្រង់​មាន​ប្រតិកម្ម​យ៉ាង​ណា?

១១ ល្បិច​ល្បង​យ៉ាង​ល្អិត​នោះ​ហាក់​ដូច​ជា​បាន​សម្រេច​ដូច​បំណង​មែន ទោះ​ជា​ស្តេច​ដាវីឌ​គួរ​តែ​ដឹង​ថា គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត​ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះយេហូវ៉ា។ (ហេព្រើរ ៤:១៣) ប៉ុន្មាន​ខែ​ក្រោយ​មក កូន​នោះ​ក៏​បាន​កើត។ រួច​មក តាម​ការ​បង្គាប់​របស់​ព្រះ ព្យាការី​ណាថាន់​បាន​ទៅ​គាល់​ស្តេច​ដាវីឌ។ ព្យាការី​នេះ​បាន​ទូល​ប្រាប់​ស្តេច​នូវ​រឿង​មួយ​អំពី​មនុស្ស​អ្នក​មាន​ម្នាក់​ដែល​មាន​ចៀម​យ៉ាង​សន្ធឹក តែ​បាន​ចាប់​កូន​ចៀម​តែ​មួយ​របស់​អ្នក​ក្រីក្រ​យក​ទៅ​សម្លាប់ ជា​កូន​ចៀម​ជា​ទី​ស្រឡាញ់​របស់​គាត់។ ដោយសារ​ដាវីឌ​ស្រឡាញ់​សេចក្ដី​យុត្ដិធម៌ នោះ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​ដាវីឌ​ខ្ញាល់​ណាស់ ប៉ុន្តែ ទ្រង់​មិន​បាន​នឹក​ស្មាន​ថា​រឿង​នេះ​បង្កប់​អត្ថន័យ​ថែម​ទៀត​នោះ​ទេ។ ស្តេច​ដាវីឌ​បាន​កាត់​ទោស​មនុស្ស​អ្នក​មាន​នោះ​ភ្លាមៗ។ ទ្រង់​បាន​ប្រាប់​ណាថាន់​ទាំង​កំហឹង​ថា​៖ «មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដូច្នោះ​គួរ​ស្លាប់​ហើយ!»។—សាំយូអែលទី២ ១២:១​-​៦

១២​. តើ​ព្រះយេហូវ៉ា​បាន​កាត់​ទោស​ស្តេច​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១២ លោក​ណាថាន់​បាន​ទូល​ថា​៖ «ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ!»។ ស្តេច​ដាវីឌ​បាន​កាត់​ទោស​ខ្លួន​ឯង។ យ៉ាង​ប្រាកដ​ណាស់ កំហឹង​របស់​ស្តេច​ដាវីឌ​បាន​ប្រែ​ទៅ​ជា​អាម៉ាស់​មុខ​និង​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង​ទៅ​វិញ។ ដោយ​គាំង​ភាំង​ស្មារតី ស្តេច​ដាវីឌ​បាន​ស្ដាប់​នូវ​ការ​កាត់​ទោស​ពី​ព្រះយេហូវ៉ា​ដែល​ជៀស​ពុំ​រួច។ ពាក្យ​ទាំង​នោះ​មិន​បាន​ជា​ពាក្យ​សម្រាល​ទុក្ខ​នោះ​ទេ។ ដោយ​ប្រព្រឹត្ត​អំពើ​ខុស​នោះ​ស្តេច​ដាវីឌ​បង្ហាញ​ថា​ទ្រង់​បាន​ស្អប់​ខ្ពើម​បន្ទូល​របស់​ព្រះយេហូវ៉ា។ ទ្រង់​បាន​សម្លាប់​អ៊ូរីនឹង​ដាវ​របស់​សត្រូវ មែន​ទេ? ហេតុ​នោះ​វង្សានុវង្ស​របស់​ទ្រង់​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ដែរ។ ទ្រង់​ក៏​បាន​លួច​យក​ប្រពន្ធ​របស់​អ៊ូរី​ដោយ​សម្ងាត់ មែន​ទេ? ហេតុ​នោះ​នឹង​មាន​អំពើ​អាក្រក់​ស្រដៀង​គ្នា​នេះ​កើត​មក​លើ​ទ្រង់ តែ​មិន​មែន​ដោយ​លាក់​កំបាំង​ទេ តែ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ទៅ​វិញ។—សាំយូអែលទី២ ១២:៧​-​១២

១៣​. តើ​ស្តេច​ដាវីឌ​មាន​ប្រតិកម្ម​នឹង​ដំបូន្មាន​របស់​ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៣ ស្តេច​ដាវីឌ​ពុំ​បាន​បដិសេធ​កំហុស​របស់​ទ្រង់​ទេ ហើយ​នេះ​ជា​អ្វី​ដែល​គួរ​ឲ្យ​សរសើរ​មែន។ ទ្រង់​មិន​បាន​ខ្ញាល់​នឹង​ព្យាការី​ណាថាន់​ឡើយ ហើយ​មិន​បាន​បន្ទោស​អ្នក​ដទៃ​ឬ​ដោះសា​ចំពោះ​អ្វី​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នោះ​ឡើយ។ ពេល​ត្រូវ​ប្រឈម​មុខ​នឹង​អំពើ​បាប ស្តេច​ដាវីឌ​បាន​ទទួល​កំហុស ដោយ​ពោល​ថា​៖ «យើង​បាន​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា​ហើយ»។ (សាំយូអែលទី២ ១២:១៣) ទំនុក​ទី៥១​បង្ហាញ​នូវ​ទុក្ខ​សោក​នៃ​កំហុស​និង​ជំរៅ​នៃ​ការ​ប្រែ​ព្រះទ័យ​របស់​ស្តេច​ដាវីឌ។ ទ្រង់​បាន​ទូល​អង្វរ​ព្រះយេហូវ៉ា​ថា​៖ «សូម​កុំ​ចោល​ទូល​បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ចេញ​ពី​ទូល​បង្គំ​ឡើយ»។ ស្តេច​ដាវីឌ​បាន​ជឿ​ថា ព្រះយេហូវ៉ា​មាន​សេចក្ដី​មេត្ដាករុណា ហើយ​ទ្រង់​នឹង​មិន​មើលងាយ​ដោយ​ស្អប់​ខ្ពើម​«ចំពោះ​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប»​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ។ (ទំនុកដំកើង ៥១:១១,​១៧) ស្តេច​ដាវីឌ​បាន​បន្ត​ទុក​ចិត្ត​លើ​វិញ្ញាណ​របស់​ព្រះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​បាន​ការពារ​ស្តេច​ដាវីឌ​ពី​លទ្ធផល​ដ៏​អាក្រក់​ក្ដី តែ​ទ្រង់​បាន​អត់​ឱន​ទោស​ឲ្យ​ស្តេច​ដាវីឌ។

១៤​. តើ​យើង​គួរ​មាន​ចិត្ត​គំនិត​យ៉ាង​ណា​ចំពោះ​ដំបូន្មាន​របស់​ព្រះយេហូវ៉ា?

១៤ យើង​គ្រប់​គ្នា​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​យើង​ជា​មនុស្ស​ដែល​ធ្លាប់​ធ្វើ​បាប។ (រ៉ូម ៣:២៣) ដូច​ស្តេច​ដាវីឌ​ដែរ នៅ​ពេល​ខ្លះ យើង​អាច​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ។ ដូច​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទូន្មាន​កូន​គាត់ នោះ​ព្រះយេហូវ៉ា​ក៏​ទូន្មាន​អស់​អ្នក​ដែល​ចង់​បំរើ​ទ្រង់​ដែរ។ ការ​ទទួល​ដំបូន្មាន​គឺ​មិន​មែន​ជា​ការ​ស្រួល​នោះ​ទេ ទោះ​ជា​មាន​ប្រយោជន៍​ក៏​ដោយ។ តាម​ការ​ពិត នៅ​ពេល​ខ្លះ​នាំ​ឲ្យ​«ព្រួយ​ណាស់»។ (ហេព្រើរ ១២:៦, ១១) ក៏​ប៉ុន្តែ ប្រសិន​បើ​យើង​«ស្ដាប់​ដំបូន្មាន» យើង​អាច​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះយេហូវ៉ា​បាន។ (សុភាសិត ៨:៣៣) យើង​ត្រូវ​ទទួល​យក​ដំបូន្មាន​និង​ខំ​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ ដើម្បី​ទទួល​ពរ​ពី​វិញ្ញាណ​របស់​ព្រះយេហូវ៉ា​ជានិច្ច​នោះ។

កុំ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិដែល​មិន​ទៀង

១៥​. (ក) តើ​មនុស្ស​ខ្លះ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​យ៉ាង​ណា? (ខ) តើ​ស្តេច​ដាវីឌ​មាន​សេចក្ដី​ប្រាថ្នា​ចង់​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​យ៉ាង​ណា?

១៥ គឺ​គ្មាន​អ្វី​ដែល​បញ្ជាក់​ថា​ស្តេច​ដាវីឌ​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ឋានៈ​ធំដុំ ឬ​ថា​ក្រុម​គ្រួសារ​របស់​ទ្រង់​គឺ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​នោះ​ទេ។ ប៉ុន្តែ ស្តេច​ដាវីឌ​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ក្នុង​កំឡុង​ពេល​ទ្រង់​សោយ​រាជ្យ។ ដូច​ជា​អ្នក​ដឹង​ស្រាប់​ហើយ មនុស្ស​ជា​ច្រើន​គរ​ទុក​ទ្រព្យ​សម្បត្ដិ ឬ​មាន​ចិត្ត​លោភ​លន់​ខំ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ថែម​ទៀត ឬ​មួយ​បើ​ចំណាយ​លុយ​គឺ​គ្រាន់​តែ​គិត​ពី​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។ អ្នក​ឯ​ទៀត​ប្រើ​ប្រាក់​របស់​ខ្លួន​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង។ (ម៉ាថាយ ៦:២) ស្តេច​ដាវីឌ​បាន​ប្រើ​ទ្រព្យ​សម្បត្ដិ​ខ្លួន​តាម​របៀប​ខុស​ពី​នោះ។ ស្តេច​ដាវីឌ​ចង់​លើក​តម្កើង​ព្រះ​យេហូវ៉ា​វិញ។ ពេល​និយាយ​ជា​មួយ​ណាថាន់ ទ្រង់​ចង់​កសាង​ព្រះវិហារ​ថ្វាយ​ព្រះយេហូវ៉ា ដើម្បី​ដាក់​ហិប​នៃ​កិច្ច​ព្រម​ព្រៀង​ឬ​ហិប​នៃ​សេចក្ដី​សញ្ញា ដែល​ពេល​នោះ​«មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ»​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​នឹង​បំណង​ចិត្ត​របស់​ស្តេច​ដាវីឌ ប៉ុន្តែ​តាម​រយៈ​ណាថាន់ នោះ​ទ្រង់​មាន​បន្ទូល​ប្រាប់​ស្តេច​ដាវីឌ​ថា បុត្រ​សាឡូម៉ូន​នឹង​កសាង​ព្រះវិហារ​នោះ​វិញ។—សាំយូអែលទី២ ៧:១,​២, ១២, ១៣

១៦​. តើ​ស្តេច​ដាវីឌ​បាន​ចាត់​ចែង​អ្វី​សំរាប់​ការ​សាង​សង់​ព្រះវិហារ​របស់​ព្រះ​យេហូវ៉ា?

១៦ ស្តេច​ដាវីឌ​បាន​ប្រមូល​សម្ភារៈ​សំរាប់​ការ​កសាង​សំណង់​ធំ​នេះ។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ទៅ​កាន់​សាឡូម៉ូន​ថា​៖ «អញ​បាន​ចាត់​ចែង​ទុក​ជា​មាស១សែន​ហាប នឹង​ប្រាក់១លាន​ហាប ព្រម​ទាំង​លង្ហិន នឹង​ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ នឹង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន»។ ស្តេច​ដាវីឌ​បាន​ផ្ដល់​ប្រាក់​ថាល្លិន​៣.០០០​ជា​មាស និង​ប្រាក់​ថាល្លិន​៧០០០​ជា​ប្រាក់ ដែល​ជា​ទ្រព្យ​សម្បត្ដិ​របស់​ទ្រង់​ផ្ទាល់។ * (របាក្សត្រទី១ ២២:១៤; ២៩:៣, ៤) ព្រះទ័យ​សទ្ធា​របស់​ស្តេច​ដាវីឌ​មិនមែន​ជា​ការ​បង្អួត​ដើម្បី​សំញែង​នូវ​ទ្រព្យ​សម្បត្ដិ​របស់​ទ្រង់​ទេ ប៉ុន្តែ​ជា​ការ​សម្ដែង​នូវ​ជំនឿ​និង​ការ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះយេហូវ៉ា​វិញ។ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ព្រះ​យេហូវ៉ា ដោយ​ទទួល​ស្គាល់​នូវ​ប្រភព​នៃ​ទ្រព្យ​សម្បត្ដិ​របស់​ទ្រង់​ថា​៖ «ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ»។ (របាក្សត្រទី១ ២៩:១៤) ព្រះទ័យ​សទ្ធា​របស់​ស្តេច​ដាវីឌ​បាន​ជំរុញ​ទ្រង់​ឲ្យ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រីក​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ។

១៧​. តើ​ឱវាទ​នៅ​ធីម៉ូថេទី១ ៦:១៧​-​១៩ ទាក់ទង​អ្នក​មាន​និង​អ្នក​ក្រ​យ៉ាង​ដូច​ម្ដេច?

១៧ ស្រដៀង​គ្នា​នេះ សូម​ឲ្យ​យើង​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​យើង​ដើម្បី​ធ្វើ​ល្អ​ដែរ។ ជាជាង​គិត​តែ​ពី​ការ​រក​ទ្រព្យ​សម្បត្ដិ​ក្នុង​ជីវភាព​រស់​នៅ​របស់​យើង យក​ល្អ​ឲ្យ​យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះហឫទ័យ​របស់​ព្រះ ដ្បិត​នោះ​ហើយ​ជា​ផ្លូវ​នៃ​ប្រាជ្ញា​និង​សុភមង្គល​ពិត។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ហាមប្រាម​ដល់​ពួក​អ្នក​មាន​នៅ​លោកីយ​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្ដិ​ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ​នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង​ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់កល្ប​ជានិច្ច»។ (ធីម៉ូថេទី១ ៦:១៧​-​១៩) ដូច្នេះ មិន​ថា​យើង​ជា​អ្នក​មាន ឬ​អ្នក​ក្រ​ក៏​ដោយ ចូរ​ឲ្យ​យើង​ស្វែង​រក​ផ្លូវ​ជីវិត​ដែល​នឹង​នាំ​ឲ្យ​យើង​ទៅ​ជា​អ្នក​«មាន​ខាង​ឯ​ព្រះ»។ (លូកា ១២:២១) គឺ​គ្មាន​អ្វី​សោះ ដែល​វិសេស​ជាង​ការ​ផ្គាប់​ព្រះហឫទ័យ​នៃ​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។

ចូរ​ថ្វាយ​ខ្លួន​ដល់​ព្រះ ជា​អ្នក​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ

១៨​. ហេតុ​អ្វី​បាន​ជា​ស្តេច​ដាវីឌ​ជា​គំរូ​ល្អ​សំរាប់​គ្រីស្ទាន?

១៨ ស្តេច​ដាវីឌ​បាន​ព្យាយាម​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះហឫទ័យ​របស់​ព្រះ​អស់​មួយ​ជីវិត​របស់​ទ្រង់។ ស្តេច​ដាវីឌ​បាន​ច្រៀង​ក្នុង​ចំរៀង​ថា​៖ «សូម​អាណិត​មេត្ដា​ដល់​ទូល​បង្គំ ឱ​ព្រះ​អង្គ​អើយ! សូម​អាណិត​មេត្ដា​ទូល​បង្គំ​ផង ពីព្រោះ​ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់»។ (ទំនុកដំកើង ៥៧:១) ទំនុក​ចិត្ត​របស់​ស្តេច​ដាវីឌ​លើ​ព្រះយេហូវ៉ា​គឺ​មិនមែន​ឥត​ប្រយោជន៍​ទេ។ ស្តេច​ដាវីឌ​បាន​ចាស់​ទៅ​ដោយ​«ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ»។ (របាក្សត្រទី១ ២៣:១) ទោះ​ជា​ស្តេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ធ្ងន់​ក៏​ដោយ ព្រះ​នៅ​ចង​ចាំ​ស្តេច​ដាវីឌ​ជា​បុគ្គល​ម្នាក់​ក្នុង​ស្មរបន្ទាល់​ជា​ច្រើន ដែល​បាន​បង្ហាញ​ជំនឿ​ដែល​គួរ​ឲ្យ​សរសើរ​យ៉ាង​ខ្លាំង។—ហេព្រើរ ១១:៣២

១៩​. តើ​យើង​អាច​ថ្វាយ​ខ្លួន​ដល់​ព្រះ ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច​ម្ដេច?

១៩ កាល​ដែល​អ្នក​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ក្នុង​ជីវិត ចូរ​ចាំ​ថា​ព្រះ​យេហូវ៉ា​បាន​ផ្គត់ផ្គង់ ពង្រឹង​កម្លាំង​ចិត្ត និង​កែ​តម្រូវ​ស្តេច​ដាវីឌ ហើយ​ទ្រង់​ក៏​អាច​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ដែរ។ ដូច​ស្តេច​ដាវីឌ នោះ​សាវ័ក​ប៉ុល​បាន​ប្រឈម​មុខ​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ក្នុង​ជីវិត។ ប៉ុន្តែ គាត់​ក៏​នៅ​តែ​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​ដោយ​ទុក​ចិត្ត​លើ​វិញ្ញាណ​របស់​ទ្រង់។ គាត់​បាន​សរសេរ​ថា​៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:១២, ១៣) ប្រសិន​បើ​យើង​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ដែរ។ ទ្រង់​ចង់​ឲ្យ​យើង​ទទួល​ជោគជ័យ។ ប្រសិន​បើ​យើង​ស្ដាប់​ព្រះ​ព្រម​ទាំង​ចូល​ទៅ​ជិត​ទ្រង់ នោះ​ទ្រង់​នឹង​ប្រទាន​កម្លាំង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់​បាន។ ហើយ​បើ​យើង​បន្ត​ទុក​ចិត្ត​លើ​វិញ្ញាណ​របស់​ព្រះ នោះ​យើង​នឹង‹ថ្វាយ​ខ្លួន​ដល់​ព្រះ›ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះហឫទ័យ​នៅ​ឥឡូវ និង​ជា​រៀង​រហូត​ត​ទៅ។—ធីម៉ូថេទី២ ២:១៥

[កំណត់​សម្គាល់]

^ វគ្គ 16 តម្លៃ​វិភាគទាន​របស់​ស្តេច​ដាវីឌ បើ​គិត​ពី​តម្លៃ​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ស្មើ​នឹង​ទឹក​ប្រាក់​១.២០០.០០០.០០០​ដុល្លារ​អាមេរិក។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​អាច​ការពារ​កុំ​ឲ្យ​ចិត្ត​យើង​មាន​អំនួត​ដោយ​ដូចម្ដេច?

ហេតុ​អ្វី​ក៏​យើង​មិន​គួរ​សងសឹក?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ដំបូន្មាន?

ហេតុ​អ្វី​យើង​គួរ​ទុក​ចិត្ត​លើ​ព្រះ និង​មិន​ទុក​ចិត្ត លើ​ទ្រព្យ​សម្បត្ដិ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៤]

ដាវីឌ​បាន​ទុក​ចិត្ត​លើ​វិញ្ញាណ​របស់​ព្រះ​និង​ព្យាយាម​ធ្វើ​អ្វី​ដែល​ផ្គាប់​ព្រះហឫទ័យ​ព្រះ។ តើ​អ្នក​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​១៦]

«ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់​ថ្វាយ​ដល់​ទ្រង់​វិញ»