ចូរព្យាយាមបង្ហាញសេចក្ដីសប្បុរសក្នុងលោកីយ៍ដ៏កាចសាហាវ
ចូរព្យាយាមបង្ហាញសេចក្ដីសប្បុរសក្នុងលោកីយ៍ដ៏កាចសាហាវ
«សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះឯង»។—សុភាសិត ១៩:២២
១. ហេតុអ្វីក៏ការបង្ហាញសេចក្ដីសប្បុរសអាចជាការពិបាក?
តើអ្នកចាត់ទុកខ្លួនឯងជាមនុស្សដែលមានចិត្តសប្បុរសឬទេ? បើដូច្នេះមែន ការរស់នៅក្នុងលោកីយ៍សព្វថ្ងៃនេះអាចជាការពិបាកណាស់។ ពិតមែន សេចក្ដីសប្បុរសត្រូវបានសម្គាល់ក្នុងព្រះគម្ពីរជាផ្នែកនៃ«ផលផ្លែនៃព្រះវិញ្ញាណវិញ» ប៉ុន្តែ ហេតុអ្វីក៏ពិបាកបង្ហាញសេចក្ដីសប្បុរសម្ល៉េះ សូម្បីតែក្នុងប្រទេសដែលមនុស្សនិយមកាន់សាសនាគ្រីស្ទក៏ដោយ? (កាឡាទី ៥:២២) ដូចយើងបានកត់សម្គាល់ក្នុងអត្ថបទមុន ចម្លើយមានក្នុងអ្វីដែលសាវ័កយ៉ូហានបានសរសេរ ពោលគឺលោកីយ៍ទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច គឺអារក្សសាតាំង ជាបុគ្គលវិញ្ញាណមួយរូបដែលមានចិត្តអសប្បុរស។ (យ៉ូហានទី១ ៥:១៩) ព្រះយេស៊ូគ្រីស្ទបានបញ្ជាក់ថា សាតាំងជា«ចៅហ្វាយរបស់លោកីយនេះ»។ (យ៉ូហាន ១៤:៣០) ហេតុនេះ ហើយ លោកីយ៍មានលក្ខណៈដូចអ្នកបះបោរនេះដែលជាអ្នកគ្រប់គ្រង ដ្បិតវាក៏ប្រព្រឹត្តយ៉ាងកាចសាហាវដូច្នេះដែរ។—អេភេសូរ ២:២
២. តើអ្វីអាចមានអានុភាពលើការបង្ហាញសេចក្ដីសប្បុរសរបស់យើង?
២ ពេលអ្នកដទៃប្រព្រឹត្តដោយមិនសប្បុរសមកលើយើង នោះអាចមានឥទ្ធិពលអាក្រក់មកលើជីវិតរបស់យើង។ ការប្រព្រឹត្តដោយមិនសប្បុរសនោះ អាចមកពីអ្នកជិតខាងដែលចងគំនុំ អ្នកចម្លែកដ៏ឥតរាក់ទាក់ ហើយក៏អាចមកពីមិត្តភក្ដិនិងសមាជិកគ្រួសារដែលជួនកាលប្រហែលជាប្រព្រឹត្តអ្វីដោយឥតចេះគិត។ ពេលជួបមនុស្សដែលឆ្មើងនិងស្រែកឡូឡាជេរគ្នា ក៏ធ្វើឲ្យយើងតានតឹងចិត្តដែរ។ ដោយសារអ្នកដទៃប្រព្រឹត្តដោយគ្មានចិត្តសប្បុរសក៏អាចធ្វើឲ្យយើងក្លាយជាមនុស្សគ្មានចិត្តមេត្ដាដែរ ហើយយើងប្រហែលជាគិតថា ដោយសារគេមិនបង្ហាញចិត្តសប្បុរសនោះយើងក៏មិនបង្ហាញចិត្តសប្បុរសចំពោះគេវិញដែរ។ គំនិតបែបនេះអាចនាំឲ្យយើងមានបញ្ហាដល់សុខភាពខាងវិញ្ញាណនិងខាងរូបកាយដែរ។—រ៉ូម ១២:១៧
៣. តើមនុស្សប្រឈមមុខបញ្ហាដ៏ធ្ងន់ធ្ងរណាដែលសាកល្បងចិត្តសប្បុរសរបស់គេ?
៣ ស្ថានការណ៍ដ៏ពិបាកក្នុងពិភពលោក ក៏ធ្វើឲ្យយើងពិបាកបង្ហាញសេចក្ដីសប្បុរសដែរ។ ជាឧទាហរណ៍ មនុស្សជាតិទូទៅមានការតានតឹងចិត្តដោយសារការគំរាមកំហែងនិងការប្រព្រឹត្តនៃភេរវកម្ម ព្រមទាំងពេលឮថាក្រុមជាតិផ្សេងៗមានលទ្ធភាពប្រើអាវុធជីវសាស្ត្រឬនុយក្លេអ៊ែជាដើម។ បន្ថែមទៅទៀត មានមនុស្សក្រីក្ររាប់លាននាក់មានតែទីលំនៅ សំលៀកបំពាក់និងថ្នាំពេទ្យព្រមទាំងអាហារល្មមតែមួយរស់ៗ។ ការព្យាយាមបង្ហាញសេចក្ដីសប្បុរសគឺកាន់តែពិបាក ពេលឃើញថាស្ថានភាពនោះមើលទៅដូចជាអស់សង្ឃឹម។—សាស្ដា ៧:៧
៤. តើអ្នកខ្លះគិតខុសយ៉ាងណាអំពីការបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃ?
៤ បុគ្គលម្នាក់អាចចាប់ផ្ដើមគិតថា ការបង្ហាញសេចក្ដីសប្បុរសគឺមិនសូវសំខាន់ទេ ហើយបើបង្ហាញចិត្តសប្បុរស នោះអាចនាំឲ្យគេគិតថាយើងជាមនុស្សទន់ខ្សោយទៀតផង។ គាត់អាចមានអារម្មណ៍ថាគេជញ្ជក់យកផលប្រយោជន៍ពីគាត់ ជាពិសេសបើគេធ្វើអ្វីដោយឥតគិតអំពីអារម្មណ៍គាត់នោះ។ (ទំនុកដំកើង ៧៣:២-៩) ប៉ុន្តែ ព្រះគម្ពីរផ្ដល់ការណែនាំត្រឹមត្រូវចំពោះយើង ពេលចែងថា៖ «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ»។ (សុភាសិត ១៥:១) ចិត្តស្លូតបូតនិងសេចក្ដីសប្បុរសគឺជាគុណសម្បត្ដិពីរនៃផលផ្លែវិញ្ញាណបរិសុទ្ធដែលផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតនិងមានប្រសិទ្ធភាពពេលដោះស្រាយនូវស្ថានការណ៍ពិបាក។
៥. តើមានកន្លែងណាខ្លះដែលត្រូវបង្ហាញសេចក្ដីសប្បុរសនោះ?
៥ ដោយសារការសម្ដែងផលផ្លែនៃវិញ្ញាណបរិសុទ្ធគឺសំខាន់ចាំបាច់ចំពោះយើងជាគ្រីស្ទាន យកល្អយើងគិតនូវរបៀបយើងបង្ហាញគុណសម្បត្ដិមួយក្នុងចំណោមផលផ្លែទាំងនោះ ពោលគឺសេចក្ដីសប្បុរស។ តើយើងអាចព្យាយាមសម្ដែងសេចក្ដីសប្បុរសក្នុងលោកីយ៍ដ៏សាហាវនេះទេ? បើអាចធ្វើបាន តើក្នុងរឿងអ្វីខ្លះដែលយើងអាចបង្ហាញឲ្យឃើញថា យើងមិនបណ្ដោយឲ្យអានុភាពរបស់សាតាំងបង្ការយើងពីការបង្ហាញសេចក្ដីសប្បុរស ជាពិសេសក្នុងស្ថានការណ៍ពិបាកនោះ? សូមឲ្យយើងពិនិត្យមើលរបៀបបង្ហាញសេចក្ដីសប្បុរសក្នុងក្រុមគ្រួសារ កន្លែងធ្វើការ នៅសាលា ចំពោះអ្នកជិតខាងយើង ក្នុងកិច្ចបំរើផ្សាយ និងក្នុងចំណោមអ្នកជឿគ្នីគ្នា។
ចូរបង្ហាញសេចក្ដីសប្បុរសក្នុងក្រុមគ្រួសារ
៦. ហេតុអ្វីការបង្ហាញសេចក្ដីសប្បុរសក្នុងក្រុមគ្រួសារគឺសំខាន់ម្ល៉េះ? តើយើងអាចបង្ហាញយ៉ាងដូចម្ដេច?
៦ ដើម្បីទទួលពរនិងការណែនាំពីព្រះយេហូវ៉ា នោះសំខាន់ដែលយើងត្រូវបណ្ដុះឲ្យមានផលផ្លែនៃវិញ្ញាណបរិសុទ្ធ។ (អេភេសូរ ៤:៣២) សូមឲ្យយើងពិគ្រោះនូវភាពចាំបាច់នៃការបង្ហាញសេចក្ដីសប្បុរសរវាងសមាជិកគ្រួសារ។ ក្នុងការប្រស្រ័យទាក់ទងគ្នារាល់ថ្ងៃ ស្វាមីភរិយាត្រូវបង្ហាញសេចក្ដីសប្បុរសនិងការយកចិត្តទុកដាក់ចំពោះគ្នា ហើយចំពោះបុត្រធីតាផងដែរ។ (អេភេសូរ ៥:២៨-៣៣; ៦:១, ២) សេចក្ដីសប្បុរសនេះត្រូវឃើញជាក់ស្តែងក្នុងរបៀបដែលសមាជិកគ្រួសារនិយាយរកគ្នា បុត្រធីតាលើកកិត្ដិយសនិងគោរពមាតាបិតា ឯមាតាបិតាប្រព្រឹត្តទៅលើបុត្រធីតាដោយត្រឹមត្រូវ។ ចូររហ័សសរសើរ ហើយកុំប្រញាប់ស្តីបន្ទោស។
៧, ៨. (ក) បើយើងចង់បង្ហាញសេចក្ដីសប្បុរសពិតក្នុងគ្រួសារ តើយើងត្រូវតែជៀសវាងពីការប្រព្រឹត្តណាខ្លះ? (ខ) តើការប្រស្រ័យទាក់ទងគ្នាក្នុងគ្រួសារនាំឲ្យមានចំណងរឹងមាំយ៉ាងណា? (គ) តើអ្នកអាចបង្ហាញសេចក្ដីសប្បុរសក្នុងគ្រួសាររបស់អ្នកយ៉ាងណា?
៧ ការមានចិត្តសប្បុរសក្នុងគ្រួសារ តម្រូវឲ្យយើងធ្វើតាមការដាស់តឿនរបស់សាវ័កប៉ុលដែលថា៖ «ចូរឲ្យអ្នករាល់គ្នាលះអស់ទាំងអំពើនោះ គឺសេចក្ដីកំហឹង គ្នាន់ក្នាញ់ គំរក់ ប្រមាថ នឹងពាក្យអព្វមង្គល ចេញពីមាត់ចោលទៅ»។ ជារៀងរាល់ថ្ងៃក្រុមគ្រួសារគ្រីស្ទានគួរនិយាយជាមួយគ្នាដោយមានការគោរព។ ហេតុអ្វី? ពីព្រោះការប្រស្រ័យទាក់ទងគ្នាគឺជាអ្វីដែលធ្វើឲ្យចំណងក្រុមគ្រួសាររឹងមាំនិងមានសុភមង្គល។ ពេលមានទំនាស់ ចូរខំដោះស្រាយបញ្ហានោះ ជាជាងខំប្រឹងរកឈ្នះចាញ់។ សមាជិកគ្រួសារដែលមានសុភមង្គល ខំប្រឹងបង្ហាញចិត្តសប្បុរសនិងចេះគិតពីអារម្មណ៍របស់សមាជិកឯទៀត។—កូល៉ុស ៣:៨, ១២-១៤
៨ សេចក្ដីសប្បុរសផ្ដល់ជាប្រយោជន៍និងនាំឲ្យយើងធ្វើល្អដល់អ្នកដទៃ។ ហេតុនេះហើយ យើងខំធ្វើអ្វីដែលផ្ដល់ជាប្រយោជន៍ដល់សមាជិកក្នុងគ្រួសារ ដោយចេះគិតពីអារម្មណ៍ពួកគេ និងចេះជួយគ្នាដោយស្ម័គ្រពីចិត្ត។ ដើម្បីបង្ហាញនូវសេចក្ដីសប្បុរសដែលធ្វើឲ្យក្រុមគ្រួសារទទួលនូវការសរសើរ នោះតម្រូវឲ្យមានការខំប្រឹងពីសមាជិកម្នាក់ៗនិងពីគ្រួសារទាំងមូល។ ជាលទ្ធផល ពួកគាត់នឹងមិនត្រឹមតែទទួលពរពីព្រះប៉ុណ្ណោះ ក៏ប៉ុន្តែក្នុងក្រុមជំនុំនិងក្នុងសហគមន៍ដែរ ពួកគាត់នឹងលើកកិត្ដិយសចំពោះព្រះយេហូវ៉ា ជាព្រះនៃសេចក្ដីសប្បុរស។—ពេត្រុសទី១ ២:១២
ចូរបង្ហាញសេចក្ដីសប្បុរសនៅកន្លែងធ្វើការ
៩, ១០. សូមរៀបរាប់នូវបញ្ហាខ្លះៗដែលអាចកើតមានឡើងនៅកន្លែងធ្វើការ។ សូមរៀបរាប់នូវរបៀបយើងអាចដោះស្រាយបញ្ហាទាំងនេះដោយសេចក្ដីសប្បុរស។
៩ ចំពោះជនគ្រីស្ទាន ការប្រកបរបរចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃ ក៏នាំឲ្យមានការពិបាកបង្ហាញសេចក្ដីសប្បុរសដល់អ្នកធ្វើការជាមួយគ្នាដែរ។ ការទាស់ទែងគ្នារវាងនិយោជិតអាចធ្វើឲ្យយើងបាត់បង់ការងារធ្វើ ពីព្រោះនិយោជិតគ្នីគ្នាបានប្រើកលល្បិចបោកប្រាស់ ដើម្បីធ្វើឲ្យនិយោជកមិនពេញចិត្តនឹងយើង។ (សាស្ដា ៤:៤) ការបង្ហាញសេចក្ដីសប្បុរសក្នុងកាលៈទេសៈដូចនេះ គឺមិនស្រួលនោះទេ។ យ៉ាងណាក៏ដោយ ដោយនឹកចាំថា ការបង្ហាញចិត្តសប្បុរសជាអ្វីដែលត្រឹមត្រូវ នោះអ្នកបំរើរបស់ព្រះយេហូវ៉ាគួរខំប្រឹងទាក់ទាញចិត្តមនុស្សដែលយើងមិនសូវចូលចុះ។ ការបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សអាចមានប្រយោជន៍។ ប្រហែលជាអ្នកអាចបង្ហាញការយកចិត្តទុក ដាក់ បើនិយោជិតគ្នីគ្នាឈឺឬសមាជិកក្នុងគ្រួសារគាត់ឈឺជាដើម។ ការទៅសួរសុខទុក្ខអាចមានអានុភាពដ៏ល្អទៅលើបុគ្គលម្នាក់ទៀត។ ត្រូវហើយ គ្រីស្ទានគួរខំធ្វើយ៉ាងណាឲ្យបានសុខជាមួយមនុស្ស បើសិនជាអាចធ្វើទៅបាន។ ជួនកាលការប្រើសំដីសប្បុរសរកគ្នា ដែលបង្ហាញនូវការយកចិត្តទុកដាក់ហើយខ្វល់ខ្វាយនឹងធ្វើឲ្យស្ថានការណ៍នោះបានប្រសើរជាង។
១០ នៅពេលខ្លះ និយោជកអាចបង្ខំឲ្យនិយោជិតធ្វើតាមមតិគាត់ ហើយឲ្យមនុស្សគ្រប់គ្នាធ្វើបុណ្យជាតិឬបុណ្យដែលមិនស្របតាមបទគម្ពីរ។ ពេលមនសិការគ្រីស្ទានមិនអនុញ្ញាតឲ្យគាត់ចូលរួម នេះអាចនាំឲ្យមានបញ្ហាជាមួយនឹងនិយោជក។ នៅពេលនោះ ប្រហែលជាគួរគប្បីឲ្យយើងមិនប្រាប់យ៉ាងលំអិតអំពីមូលហេតុដែលការចូលរួមតាមសំណូមពររបស់និយោជកគឺខុសនោះ។ យ៉ាងណាមិញ ចំពោះអស់អ្នកដែលមិនមានជំនឿដូចយើង ការចូលរួមក្នុងពិធីបុណ្យបែបនេះប្រហែលជាមើលទៅដូចជាអ្វីដែលត្រឹមត្រូវគួរគប្បីឲ្យធ្វើ។ (ពេត្រុសទី១ ២:២១-២៣) ប្រហែលជាអ្នកអាចប្រើសំដីដែលបង្ហាញពីចិត្តសប្បុរសដោយពន្យល់នូវមូលហេតុដែលអ្នកមិនចង់ចូលរួម។ បើគេចេះតែនិយាយផ្លែផ្កាដាក់យើង ចូរកុំនិយាយផ្លែផ្កាដាក់គេវិញឡើយ។ យកល្អពួកគ្រីស្ទានត្រូវធ្វើតាមឱវាទដ៏ល្អនៅរ៉ូម ១២:១៨ ដែលចែងថា៖ «ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន»។
ចូរបង្ហាញសេចក្ដីសប្បុរសនៅសាលា
១១. តើយុវវ័យមានការពិបាកយ៉ាងណាចំពោះការបង្ហាញសេចក្ដីសប្បុរសដល់មិត្តរួមថ្នាក់?
១១ ចំពោះយុវវ័យគ្រីស្ទាន ការបង្ហាញសេចក្ដីសប្បុរសដល់សិស្សរួមថ្នាក់ គឺពិតជាពិបាកណាស់។ ជាទូទៅ យុវវ័យចង់ឲ្យមិត្តរាប់អានខ្លួនណាស់។ ក្មេងប្រុសខ្លះមានឫកពាព្រហើនកោងកាច ដើម្បីឲ្យសិស្សឯទៀតកោតស្ងើចពួកគេ ព្រមទាំងរហូតដល់ដើរសម្លុតគេនិងធ្វើបាបសិស្សស្លូតៗក្នុងសាលាទៀតផង។ (ម៉ាថាយ ២០:២៥) យុវវ័យឯទៀតចូលចិត្តអួតចំណេះរបស់ខ្លួន កីឡាឬសកម្មភាពផ្សេងៗទៀត។ ជាទូទៅ ពួកគេប្រព្រឹត្តមិនល្អទៅលើមិត្តរួមថ្នាក់ទាំងយល់ខុសថា បើសំញែងឲ្យមនុស្សឃើញសមត្ថភាពរបស់ខ្លួន នេះអាចធ្វើឲ្យខ្លួនគេប្រសើរជាងអ្នកដទៃ។ យុវវ័យគ្រីស្ទានត្រូវតែប្រយ័ត្នដែលខ្លួនមិនយកតម្រាប់តាមក្មេងទាំងនោះ។ (ម៉ាថាយ ២០:២៦, ២៧) សាវ័កប៉ុលបាននិយាយថា«សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស» សេចក្ដីស្រឡាញ់ថែមទាំង«មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំ»។ ហេតុនេះហើយ គ្រីស្ទានមានភារកិច្ចធ្វើតាមការដាស់តឿនក្នុងព្រះគម្ពីរពេលទាក់ទងជាមួយមិត្តរួមថ្នាក់ មិនមែនយកតម្រាប់តាមគំរូអាក្រក់របស់អ្នកដែលមិនបង្ហាញចិត្តសប្បុរសចំពោះអ្នកឯទៀតនោះទេ។—កូរិនថូសទី១ ១៣:៤
១២. (ក) ហេតុអ្វីជាការពិបាកសំរាប់យុវវ័យក្នុងការបង្ហាញសេចក្ដីសប្បុរសចំពោះលោកគ្រូអ្នកគ្រូ? (ខ) តើយុវវ័យអាចពឹងអ្នកណាឲ្យជួយ ពេលត្រូវបង្ខិតបង្ខំឲ្យធ្វើអ្វីដែលមិនល្អនោះ?
១២ ក្មេងៗយុវវ័យក៏គួរបង្ហាញចិត្តសប្បុរសចំពោះគ្រូបង្រៀនផងដែរ។ សិស្សជាច្រើនចូលចិត្តធ្វើឲ្យលោកគ្រូអ្នកគ្រូខឹង។ ពួកគេគិតថាទំនុកដំកើង ៣៧:២៨
គេឆ្លាតណាស់ ពេលគេមិនគោរពលោកគ្រូអ្នកគ្រូ ដោយធ្វើអ្វីផ្សេងៗដែលបំពានលើច្បាប់សាលា។ ពួកគេគំរាមកំហែងអ្នកដទៃឲ្យចូលរួមជាមួយពួកគេដែរ។ ពេលពួកយុវវ័យគ្រីស្ទានមិនព្រមធ្វើតាម នោះគេប្រហែលជាមើលងាយដោយចំអកឲ្យ។ ពេលប្អូនៗប្រឈមមុខនឹងស្ថានការណ៍នេះ គឺអាចសាកល្បងនូវការតាំងចិត្តរបស់គ្រីស្ទានចំពោះការបង្ហាញសេចក្ដីសប្បុរស។ ប៉ុន្តែ ចូរនឹកចាំថា គឺជាការសំខាន់ណាស់ដែលយើងត្រូវធ្វើជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ អ្នកអាចប្រាកដក្នុងចិត្តថា ទ្រង់នឹងគាំទ្រអ្នកតាមរយៈវិញ្ញាណបរិសុទ្ធក្នុងពេលមានការពិបាកដូចនេះក្នុងជីវិត។—ចូរបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកជិតខាង
១៣-១៥. តើអ្វីដែលអាចរារាំងយើងពីការបង្ហាញសេចក្ដីសប្បុរសដល់អ្នកជិតខាង? ហើយតើអាចដោះស្រាយនឹងបញ្ហានេះយ៉ាងណា?
១៣ មិនថាអ្នករស់នៅក្នុងផ្ទះ ផ្ទះល្វែង ឬរស់នៅកន្លែងណាក៏ដោយ អ្នកអាចគិតនូវវិធីផ្សេងៗដែលអាចបង្ហាញសេចក្ដីសប្បុរសនិងបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកជិតខាងដែរ។ ប៉ុន្តែ ទង្វើនេះមិនតែងតែស្រួលនោះទេ។
១៤ ចុះយ៉ាងណាវិញ បើអ្នកជិតខាងប្រកាន់អ្នកដោយសារពូជសាសន៍ ជាតិឬសាសនារបស់អ្នកនោះ? ចុះយ៉ាងណាបើគេឆ្មើងឬមិនចង់និយាយជាមួយអ្នកនោះ? ជាអ្នកបំរើរបស់ព្រះយេហូវ៉ា ការបង្ហាញចិត្តសប្បុរស តាមលទ្ធភាពដែលអាចធ្វើទៅបាននឹងជួយក្នុងរឿងនេះ។ អ្នកនឹងទៅជាមនុស្សខុសពីគេដែលជួយផ្ដល់ឲ្យកម្លាំងចិត្ត ដែលពិតជាលើកសរសើរព្រះយេហូវ៉ាមែន ជាបុគ្គលដែលទុកគំរូយ៉ាងល្អក្នុងការបង្ហាញសេចក្ដីសប្បុរស។ អ្នកមិនដឹងទេថាថ្ងៃណាមួយ ប្រហែលជាអ្នកជិតខាងរបស់អ្នកនឹងកែប្រែចិត្តដោយសារចិត្តសប្បុរសរបស់អ្នកក៏ថាបាន។ គាត់អាចទៅជាអ្នកសរសើរព្រះយេហូវ៉ាទៀតផងក៏មិនដឹង។—ពេត្រុសទី១ ២:១២
១៥ តើយើងអាចបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកជិតខាងយ៉ាងដូចម្ដេច? វិធីមួយ គឺដោយការប្រព្រឹត្តដ៏ល្អរបស់ក្រុមគ្រួសារ ពេលសមាជិកគ្រប់រូបបង្ហាញនូវផលផ្លែនៃវិញ្ញាណ។ អ្នកជិតខាងអាចកត់សម្គាល់នូវការប្រព្រឹត្តនេះ។ ជួនកាល អ្នកប្រហែលជាមានឱកាសធ្វើអ្វីមួយដើម្បីជួយអ្នកជិតខាងរបស់អ្នក។ ចូរចងចាំថា សេចក្ដីសប្បុរសមានន័យថា យើងបង្ហាញការយកចិត្តទុកដាក់នឹងអ្នកដទៃដោយការប្រព្រឹត្ត។—ពេត្រុសទី១ ៣:៨-១២
ចូរបង្ហាញសេចក្ដីសប្បុរសក្នុងកិច្ចបំរើផ្សាយ
១៦, ១៧. (ក) ហេតុអ្វីបានជាសេចក្ដីសប្បុរសសំខាន់ក្នុងកិច្ចបំរើផ្សាយ? (ខ) តើយើងអាចបង្ហាញសេចក្ដីសប្បុរសក្នុងទិដ្ឋភាពផ្សេងៗនៃកិច្ចបំរើផ្សាយយ៉ាងណា?
១៦ សេចក្ដីសប្បុរសគួរតែជាលក្ខណៈសម្គាល់នៃកិច្ចបំរើផ្សាយរបស់យើង កាលដែលយើងខំប្រឹងរកមនុស្សនៅឯផ្ទះ នៅកន្លែងធ្វើការ និងតាមកន្លែងសាធារណៈ។ យើងគួរចងចាំថា យើងតំណាងព្រះយេហូវ៉ាជាព្រះដែលមានព្រះទ័យសប្បុរស។—និក្ខមនំ ៣៤:៦
១៧ តើការបង្ហាញសេចក្ដីសប្បុរសក្នុងកិច្ចបំរើផ្សាយរួមបញ្ចូលអ្វីខ្លះ? ជាឧទាហរណ៍ ពេលផ្សព្វផ្សាយតាមផ្លូវ យើងអាចបង្ហាញចិត្តសប្បុរសដោយនិយាយយ៉ាងសង្ខេបនិងចេះគិតដល់ពួកគេពេលនិយាយជាមួយនឹងគេ។ នៅតាមផ្លូវធម្មតាគឺមានមនុស្សដើរច្រើន ដូច្នេះចូរប្រយ័ត្នដែលអ្នកមិនឈរបាំងផ្លូវប៉ះពាល់ដល់ការធ្វើដំណើរមនុស្សដទៃ។ ហើយពេលអ្នកផ្សព្វផ្សាយនៅតាមហាងឬតូបលក់ដូរ សូមបង្ហាញនូវសេចក្ដីសប្បុរសដោយនិយាយយ៉ាងសង្ខេប ដោយដឹងថាម្ចាស់ហាងត្រូវបំរើអតិថិជនដែរ។
១៨. តើសមត្ថភាពវែកញែកមានតួនាទីយ៉ាងណាចំពោះការបង្ហាញសេចក្ដីសប្បុរសក្នុងកិច្ចបំរើយើង?
១៨ ចូរចេះប្រុងប្រយ័ត្នក្នុងកិច្ចបំរើផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ កុំនៅផ្ទះគេយូរពេក ជាពិសេសបើធាតុអាកាសមិនល្អ។ តើអ្នកអាចដឹងឬទេពេលដែលម្ចាស់ផ្ទះកាន់តែទើសទាល់ឬថែមទាំងខឹងដោយសារវត្តមានរបស់អ្នកនោះ? ប្រហែលជាក្នុងតំបន់របស់អ្នក មានស្មរបន្ទាល់ព្រះយេហូវ៉ាមកផ្សព្វផ្សាយជាញឹកញាប់។ បើដូច្នេះមែន ចូរចេះគិតដល់ម្ចាស់ផ្ទះ ដោយបង្ហាញចិត្តសប្បុរសនិងរាក់ទាក់។ (សុភាសិត ១៧:១៤) ចូរខំយល់នូវមូលហេតុដែលម្ចាស់ផ្ទះមិនចង់ស្ដាប់នៅថ្ងៃនោះ។ ចូរចាំថា បងប្រុសឬបងស្រីគ្រីស្ទានម្នាក់ទៀតនឹងមកផ្សាយផ្ទះនោះនៅថ្ងៃមុខដែរ។ បើអ្នកជួបមនុស្សដែលឆ្មើង ចូរខំប្រឹងបង្ហាញចិត្តសប្បុរសចុះ! កុំនិយាយខ្លាំងឬចងចិញ្ចើមដាក់គេឡើយ តែនិយាយដោយប្រើសម្លេងស្រទន់វិញ។ គ្រីស្ទានដែលមានចិត្តសប្បុរសមិនត្រូវបង្កជម្លោះជាមួយម្ចាស់ផ្ទះនោះទេ។ (ម៉ាថាយ ១០:១១-១៤) ប្រហែលជានៅថ្ងៃណាមួយ បុគ្គលម្នាក់នោះនឹងស្ដាប់ដំណឹងល្អ។
ចូរបង្ហាញសេចក្ដីសប្បុរសនៅកិច្ចប្រជុំក្រុមជំនុំ
១៩, ២០. ហេតុអ្វីក៏ត្រូវបង្ហាញសេចក្ដីសប្បុរសក្នុងក្រុមជំនុំ? តើសេចក្ដីសប្បុរសអាចបង្ហាញយ៉ាងដូចម្ដេច?
១៩ ការបង្ហាញសេចក្ដីសប្បុរសដល់អ្នកជឿគ្នីគ្នាក៏សំខាន់ដែរ។ (ហេព្រើរ ១៣:១) ដោយសារយើងរួមចំណែកជាផ្នែកមួយនៃភាតរភាពក្នុងពិភពលោក គឺសំខាន់ចាំបាច់ឲ្យយើងបង្ហាញសេចក្ដីសប្បុរសដល់គ្នាទៅវិញទៅមក។
២០ បើមានក្រុមជំនុំច្រើនប្រើសាលប្រជុំតែមួយ គឺសំខាន់ដែលយើងប្រព្រឹត្តដោយសប្បុរសនឹងបងប្អូនក្នុងក្រុមជំនុំឯទៀត ហើយបង្ហាញការគោរពចំពោះពួកគាត់។ ការទាស់ទែងគ្នានាំឲ្យពិបាកសហការគ្នាពេលចង់រៀបចំម៉ោងប្រជុំ និងរៀបចំកម្មវិធីផ្សេងៗ ដូចជាការបោសសំអាតឬជួសជុលជាដើម។ ចូរបង្ហាញចិត្តសប្បុរសនិងចេះគិតដល់ពួកគាត់ ទោះជាមានទស្សនៈខុសៗគ្នាក៏ដោយ។ តាមរបៀបនេះ អ្នកនឹងអាចបង្ហាញសេចក្ដីសប្បុរស ហើយព្រះយេហូវ៉ាពិតជានឹងប្រទានពរដល់អ្នក ដោយសារអ្នកយកចិត្តទុកដាក់ចំពោះអ្នកដទៃ។
ចូរបន្តបង្ហាញសេចក្ដីសប្បុរស
២១, ២២. ស្របតាមកូល៉ុស ៣:១២ តើយើងគួរតាំងចិត្តធ្វើអ្វី?
២១ សេចក្ដីសប្បុរសគឺជាគុណសម្បត្ដិដែលត្រូវបង្ហាញគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ ហេតុនេះហើយយើងត្រូវបង្ហាញសេចក្ដីសប្បុរសដែលជាគុណសម្បត្ដិដ៏សំខាន់នៃបុគ្គលិកលក្ខណៈគ្រីស្ទានរបស់យើង។ ការបង្ហាញសេចក្ដីសប្បុរសដល់អ្នកដទៃគួរក្លាយជាទម្លាប់របស់យើង។
២២ សូមឲ្យយើងគ្រប់គ្នាបង្ហាញចិត្តសប្បុរសដល់គ្នាជារៀងរាល់ថ្ងៃ និងសូមឲ្យយើងម្នាក់ៗធ្វើតាមពាក្យរបស់សាវ័កប៉ុលដែលថា៖ «ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំងដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ!»។—កូល៉ុស ៣:១២
តើអ្នកនៅចាំទេ?
• តើអ្វីដែលធ្វើឲ្យគ្រីស្ទានពិបាកបង្ហាញសេចក្ដីសប្បុរស?
• ហេតុអ្វីក៏សំខាន់ដែលយើងបង្ហាញសេចក្ដីសប្បុរសក្នុងក្រុមគ្រួសារ?
• តើអ្វីដែលធ្វើឲ្យពិបាកក្នុងការបង្ហាញសេចក្ដីសប្បុរសនៅឯសាលា កន្លែងធ្វើការ និងចំពោះអ្នកជិតខាង?
• សូមពន្យល់នូវរបៀបដែលគ្រីស្ទានអាចបង្ហាញសេចក្ដីសប្បុរសក្នុងកិច្ចបំរើផ្សាយ។
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៤]
ពេលសមាជិកទាំងអស់បង្ហាញសេចក្ដីសប្បុរសនាំឲ្យគ្រួសារមានសាមគ្គីភាព និងចេះជួយគ្នាទៅវិញទៅមក
[រូបភាពនៅទំព័រ២៥]
អ្នកអាចបង្ហាញសេចក្ដីសប្បុរសពេលអ្នកធ្វើការជាមួយឈឺឬគ្រួសារគាត់ឈឺ
[រូបភាពនៅទំព័រ២៦]
ព្រះយេហូវ៉ាគាំទ្រអស់អ្នកដែលបង្ហាញសេចក្ដីសប្បុរសទោះជាត្រូវគេមើលងាយក៏ដោយ
[រូបភាពនៅទំព័រ២៧]
ការជួយអ្នកជិតខាងដែលត្រូវការជំនួយ គឺជាការបង្ហាញចិត្តសប្បុរស