តើព្រះហឫទ័យរបស់ព្រះកំពុងសម្រេចឬទេ?
តើព្រះហឫទ័យរបស់ព្រះកំពុងសម្រេចឬទេ?
«សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ»។—ម៉ាថាយ ៦:១០
ហុលីអូនិងគ្រីស្ទិនណាបានមើលដោយភ័យស្លុតពេលឃើញអគ្គិភ័យឆាបឆេះសម្លាប់កូនបួននាក់របស់ខ្លួន។ បុគ្គលម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តបុករថយន្តរបស់ពួកគាត់ដែលបានចតនៅនឹងកន្លែង បណ្ដាលឲ្យផ្ទុះឆេះទ្រគោលឡើង។ កូនទីប្រាំឈ្មោះម៉ាកុសត្រូវបានសង្គ្រោះពីភ្លើងដែលកំពុងឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែរូបកាយកូននោះត្រូវបានភ្លើងឆេះរោលធ្វើឲ្យរលាកខូចអវយវៈអស់មួយជីវិត។ ម៉ាកុសមានអាយុតែប្រាំបួនឆ្នាំប៉ុណ្ណោះ។ ឪពុករបស់គាត់បានខ្លោចចិត្តណាស់ចំពោះព្រឹត្ដិការណ៍នេះ។ គាត់បានលើកទឹកចិត្តខ្លួននិងគ្រួសារគាត់ដោយនិយាយថា៖ «យើងត្រូវតែយល់ថា នេះជាព្រះហឫទ័យរបស់ព្រះ ទោះជាមានលទ្ធផលល្អ អាក្រក់ឬយ៉ាងណាក៏ដោយ»។
នៅពេលមានព្រឹត្ដិការណ៍ដ៏ខ្លោចផ្សាដូចខាងលើនេះកើតឡើង មនុស្សជាច្រើនក៏មានគំនិតស្រដៀងនឹងឪពុកម៉ាកុសដែរ។ ពួកគេវែកញែកថា៖ ‹បើព្រះមានគ្រប់ព្រះចេស្ដានិងយកព្រះទ័យទុកដាក់នឹងយើង នោះអ្វីដែលបានកើតឡើងច្បាស់ជាមានប្រយោជន៍ដល់យើង ទោះជាពិបាកយល់ក៏ដោយ›។ តើអ្នកយល់ស្របនឹងការវែកញែកបែបនេះឬទេ?
ទស្សនៈថាអ្វីដែលកើតឡើង ទោះជាល្អឬអាក្រក់បង្ហាញអំពីព្រះហឫទ័យរបស់ព្រះ នោះច្រើនតែមានមូលដ្ឋានលើពាក្យរបស់ព្រះយេស៊ូដែលត្រូវហៅថា សេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ ដូចបានរៀបរាប់នៅខាងលើអត្ថបទនេះ។ ព្រះហឫទ័យរបស់ព្រះកំពុងតែសម្រេចនៅស្ថានសួគ៌ មែនទេ? ហើយពេលអធិស្ឋានថា៖ «សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី» នោះយើងកំពុងតែទទួលស្គាល់ថា បញ្ហាដែលកើតឡើងលើផែនដីគឺជាព្រះហឫទ័យរបស់ព្រះ មែនទេ?
មនុស្សជាច្រើនមិនប្រាកដក្នុងចិត្តចំពោះទស្សនៈនោះឡើយ។ ចំពោះពួកគេ ទស្សនៈនេះបានបញ្ជាក់ថា ព្រះជាបុគ្គលដែលមិនខ្វល់នឹងអារម្មណ៍របស់មនុស្សជាតិទេ។ ពួកគេសួរថា៖ ‹តើព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់អាចបណ្ដាលឲ្យការដ៏អាក្រក់កើតឡើងដល់មនុស្សគ្មានទោសយ៉ាងណាកើត?› ‹បើព្រះចង់ឲ្យយើងទាញយកមេរៀនណាមួយពីអ្វីអាក្រក់ដែលកើតឡើងនោះ តើនោះជាមេរៀនអ្វីទៅ?›។ ប្រហែលជាអ្នកមានអារម្មណ៍ដូច្នេះដែរ។
ស្តីអំពីរឿងនេះ យ៉ាកុបដែលជាសិស្សនិងត្រូវជាប្អូនព្រះយេស៊ូម្ដាយតែមួយ បានសរសេរថា៖ «កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា ព្រះទ្រង់ល្បួងខ្លួនឡើយ ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ (យ៉ាកុប ១:១៣) សេចក្ដីអាក្រក់មិនមកពីព្រះទេ។ ហេតុនេះគឺច្បាស់ណាស់ដែលថា មិនមែនព្រឹត្ដិការណ៍ទាំងអស់ដែលកើតឡើងលើផែនដី គឺជាព្រះហឫទ័យរបស់ព្រះឡើយ។ បទគម្ពីរក៏ចែងអំពីចំណង់នៃមនុស្ស បំណងចិត្តរបស់សាសន៍ដទៃ និងអំពីបំណងរបស់អារក្សឬអន្ទាក់របស់វាដែរ។ (យ៉ូហាន ១:១៣; ធីម៉ូថេទី២ ២:២៦; ពេត្រុសទី១ ៤:៣) តើអ្នកយល់ស្របថាព្រឹត្ដិការណ៍ដែលបានកើតឡើងដល់ក្រុមគ្រួសារហុលីអូនិងគ្រីស្ទិនណា មិនអាចជាព្រះហឫទ័យរបស់ព្រះវរបិតា ដែលប្រកបដោយសេចក្ដីស្រឡាញ់នោះទេ?
ដូច្នេះ តាមពិត តើបន្ទូលព្រះយេស៊ូមានន័យយ៉ាងណា ពេលទ្រង់បង្រៀនសិស្សឲ្យអធិស្ឋានថា៖ «សូមឲ្យព្រះហឫទ័យទ្រង់បានសំរេច»នោះ? តើនោះគ្រាន់តែជាសំណូមពរឲ្យព្រះធ្វើអន្តរាគមន៍ចំពោះករណីខ្លះប៉ុណ្ណោះឬ? ឬក៏តើព្រះយេស៊ូចង់បង្រៀនយើងឲ្យអធិស្ឋានសុំអ្វីដ៏ល្អជាងនេះស្តីពីការប្រែប្រួលអ្វីមួយដែលអាចផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នាទេដឹង? សូមឲ្យយើងពិនិត្យមើលថែមទៀតក្នុងព្រះគម្ពីរ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Car: Dominique Faget-STF/AFP/Getty Images; child: FAO photo/B. Imevbore