លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

នៅពេលដែលព្រះហឫទ័យរបស់ព្រះនឹងសម្រេចនៅលើផែនដី

នៅពេលដែលព្រះហឫទ័យរបស់ព្រះនឹងសម្រេចនៅលើផែនដី

នៅ​ពេល​ដែល​ព្រះ​ហឫទ័យ​របស់​ព្រះ​នឹង​សម្រេច​នៅ​លើ​ផែនដី

នៅ​ពេល​ព្រះយេស៊ូ​បាន​បង្រៀន​សិស្ស​ទ្រង់​ឲ្យ​អធិស្ឋាន​ថា​៖ «សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ» ទ្រង់​មាន​បន្ទូល​ពី​អ្វីដែល​ទ្រង់​បាន​ពិសោធ ពីព្រោះ​ទ្រង់​ធ្លាប់​រស់​នៅ​ស្ថានសួគ៌​ជា​មួយ​នឹង​ព្រះ​វរបិតា​ទ្រង់។ (ម៉ាថាយ ៦:១០; យ៉ូហាន ១:១៨; ៣:១៣; ៨:៤២) មុន​ពេល​ព្រះយេស៊ូ​មាន​កំណើត​ជា​មនុស្ស នោះ​ទ្រង់​ធ្លាប់​ឃើញ​នូវ​គ្រា​ដែល​អ្វីៗ​ទាំង​អស់​បាន​កើត​ឡើង​នៅ​ស្ថានសួគ៌​និង​នៅ​លើ​ផែនដី ដែល​នោះ​សម​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះ។ នៅ​គ្រា​នោះ​មាន​ព្រឹត្ដិការណ៍​ដែល​នាំ​ឲ្យ​សប្បាយ​ចិត្ត​និង​ជា​ការ​ត្រេកអរ​ណាស់។—សុភាសិត ៨:២៧​-​៣១

ការ​បង្កើត​ដំបូង​របស់​ព្រះ​គឺ​ជា​សត្តនិករ​វិញ្ញាណ ‹ពួក​ទេវតា​របស់​ទ្រង់​ជា​អ្នក​ដែល​មាន​ឥទ្ធិឫទ្ធិ​ខ្លាំង ក៏​ប្រតិបត្ដិ​តាម​បង្គាប់​ទ្រង់​ដែរ›។ (ទំនុកដំកើង ១០៣:២០, ២១) តើ​បណ្ដា​ទេវតា​មាន​ចិត្ត​សេរី​ឬ​ទេ? គឺ​មាន​មែន ហើយ​នៅ​ដើម​កំណើត​នៃ​ផែនដី «អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរសាទរ»។ (យ៉ូប ៣៨:៧) ការ​ស្រែក​អរសាទរ​គឺ​សម្ដែង​នូវ​ចិត្ត​រីករាយ​ចំពោះ​អ្វី​ដែល​ព្រះ​មាន​ព្រះហឫទ័យ ហើយ​ពួក​គេ​បាន​ឯកភាព​នឹង​គោល​បំណង​របស់​ព្រះ។

ក្រោយ​ពី​កំណើត​នៃ​ផែនដី ព្រះ​បាន​រៀបចំ​ផែនដី​ឲ្យ​មនុស្ស​រស់​នៅ និង​ក្រោយ​បំផុត​ទ្រង់​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង។ (លោកុប្បត្តិ ជំពូក​ទី១) តើ​នេះ​សម​នឹង​ទទួល​ការ​អបអរ​សាទរ​ដែរ​ឬ​ទេ? កំណត់​ហេតុ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​ចែង​ថា​៖ «រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ» មែន​ហើយ​គឺ​ល្អ​គ្រប់​ល័ក្ខណ៍​ហើយ​ល្អ​ឥតខ្ចោះ​ទៀត​ផង។—លោកុប្បត្តិ ១:៣១

តើ​អ្វី​ទៅ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​ឪពុក​ម្ដាយ​ដំបូង​និង​ចំពោះ​កូន​ចៅ​របស់​ពួក​គាត់? យោង​ទៅ​តាម​លោកុប្បត្តិ ១:២៨ បំណង​នេះ​ក៏​ល្អ​ប្រពៃ​ដែរ គឺ​ចែង​ថា​៖ «ទ្រង់​ប្រទាន​ពរ​ដល់​គេ ហើយ​មាន​បន្ទូល​ថា​៖ ‹ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ! ត្រូវ​បង្ក្រាប​ផែនដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស​នឹង​ជីវិត​ផង​ទាំង​ឡាយ​ដែល​កំរើក​នៅ​ផែនដី​ផង›»។ ដើម្បី​បំពេញ​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​ត្រូវ​មាន​ជីវិត​រស់​ជា​រៀង​រហូត ហើយ​កូន​ចៅ​ពួក​គាត់​ក៏​ត្រូវ​រស់​នៅ​ជា​រៀង​រហូត​ដែរ។ គឺ​គ្មាន​អ្វី​ដែល​ថា​ក្រោយ​មក​ត្រូវ​មាន​ព្រឹត្ដិការណ៍​ធ្វើ​ឲ្យ​ខ្លោចផ្សា ភាព​អយុត្ដិធម៌ ការ​ឈឺចាប់ ឬ​សេចក្ដី​ស្លាប់​ឡើយ។

ពេល​នោះ​គឺ​ជា​គ្រា​ដែល​បំណង​ព្រះហឫទ័យ​របស់​ព្រះ កំពុង​សម្រេច​នៅ​ស្ថានសួគ៌​និង​នៅ​លើ​ផែនដី។ អស់​អ្នក​ដែល​រស់​នៅ​ស្រប​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ មាន​ចិត្ត​សប្បាយ​រីករាយ​ក្រៃលែង។ បើ​ដូច្នេះ តើ​អ្វី​ទៅ​បាន​នាំ​ឲ្យ​មាន​បញ្ហា​ទៅ​វិញ?

មាន​ការ​ប្រកួត​មួយ​បាន​កើត​ឡើង​ដែល​ប្រឆាំង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ នេះ​មិនមែន​ជា​រឿង​ដែល​ដោះ​ស្រាយ​ពុំ​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ ជា​រឿង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺចាប់​និង​ធ្វើ​ឲ្យ​មនុស្ស​មិន​ដឹង​ច្បាស់​អំពី​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ។ យើង​គ្រប់​គ្នា​ក៏​បាន​ជួប​ការ​ឈឺចាប់​ដោយសារ​រឿង​នេះ​ដែរ។ តើ​ការ​ប្រកួត​នោះ​ជា​អ្វី​ទៅ?

ព្រះហឫទ័យ​របស់​ព្រះ​ក្នុង​ពេល​មាន​ការ​បះបោរ

បុគ្គល​វិញ្ញាណ​មួយ​រូប​ដែល​ជា​«កូន​ព្រះ»​បាន​ឃើញ​នូវ​ឱកាស​ដើម្បី​រំខាន​ដល់​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ ហើយ​វា​មាន​បំណង​ចង់​បាន​ប្រយោជន៍​សំរាប់​ខ្លួន​វា។ បុគ្គល​វិញ្ញាណ​នេះ​ចេះ​តែ​គិត​អំពី​រឿង​នោះ​ដែល​មើល​ទៅ​ដូច​ជា​អាច​ធ្វើ​បាន និង​ធ្វើ​ឲ្យ​ទាក់ទាញ​អារម្មណ៍​វា​កាន់​តែ​ខ្លាំង​ឡើងៗ​ដែរ។ (យ៉ាកុប ១:១៤, ១៥) វា​ប្រហែល​ជា​បាន​វែកញែក​ថា បើ​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ដំបូង​ស្ដាប់​បង្គាប់​វា​ជាជាង​ស្ដាប់​បង្គាប់​ព្រះ នោះ​នឹង​ជំរុញ​ឲ្យ​ព្រះ​យល់​ព្រម​ឲ្យ​អ្នក​ផ្សេង​មាន​អធិបតេយ្យ​ស្មើ​នឹង​ទ្រង់។ វា​ប្រហែល​ជា​បាន​គិត​ថា ព្រះ​នឹង​មិន​សម្លាប់​ពួក​គេ​ទេ ដ្បិត​ទង្វើ​នេះ​នឹង​បង្ហាញ​ថា ទ្រង់​ទទួល​បរាជ័យ​ចំពោះ​បំណង​ព្រះហឫទ័យ​របស់​ទ្រង់។ ផ្ទុយ​ទៅ​វិញ ព្រះយេហូវ៉ា​នឹង​ត្រូវ​កែ​សម្រួល​គោល​បំណង​របស់​ទ្រង់​ទាំង​ទទួល​ស្គាល់​នូវ​ឋានៈ​នៃ​បុត្រ​វិញ្ញាណ​មួយ​រូប​នេះ ដែល​ឥឡូវ​មាន​មនុស្ស​ជាតិ​ថ្វាយ​បង្គំ​វា​ដែរ។ យ៉ាង​ត្រឹមត្រូវ​ដែល​អ្នក​បះបោរ​នោះ​ក្រោយ​មក​ត្រូវ​ហៅ​ថា​សាតាំង មាន​ន័យ​ថា​«អ្នក​ប្រឆាំង»។—យ៉ូប ១:៦

សាតាំង​ក៏​បាន​ធ្វើ​តាម​សេចក្ដី​ប្រាថ្នា​របស់​វា​ដោយ​ទៅ​ឯ​ស្ត្រី​ដំបូង​នោះ។ វា​បាន​បញ្ចុះបញ្ចូល​នាង​មិន​ឲ្យ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះ និង​កុំ​ឲ្យ​ចុះ​ចូល​ច្បាប់​សីលធម៌​របស់​ព្រះ ដោយ​ថ្លែង​ថា​៖ «អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ។ . . . អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ»។ (លោកុប្បត្តិ ៣:១​-​៥) ចំពោះ​ស្ត្រី​នេះ អ្វី​ដែល​សាតាំង​បាន​និយាយ​ហាក់​ដូច​ជា​អ្វី​ដែល​នឹង​នាំ​ឲ្យ​នាង​មាន​សេរីភាព ហើយ​នាង​បាន​ជឿ​ថា​នោះ​ជា​គន្លង​ជីវិត​ដែល​ប្រសើរ​ជាង។ ក្រោយ​មក នាង​បាន​ជំរុញ​ចិត្ត​ប្ដី​ឲ្យ​ធ្វើ​តាម​នាង​ដែរ។—លោកុប្បត្តិ ៣:៦

នេះ​មិនមែន​ជា​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​អ័ដាម​និង​អេវ៉ា​ឡើយ។ គឺ​ជា​បំណង​ចិត្ត​របស់​ពួក​គាត់​ទៅ​វិញ​ទេ។ ទង្វើ​នេះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់​មែន។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា ការ​មិន​ស្ដាប់​បង្គាប់​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់។ (លោកុប្បត្តិ ៣:៣) ព្រះ​មិន​បាន​បង្កើត​ពួក​គាត់​ឲ្យ​អាច​រស់​នៅ​ដោយ​ឥត​ពឹងពាក់​លើ​ទ្រង់​នោះ​ឡើយ។ (យេរេមា ១០:២៣) បន្ថែម​ទៅ​ទៀត ពួក​គាត់​នឹង​ទៅ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់​ហើយ​នេះ​បាន​ត្រូវ​ឆ្លង​រាលដាល​ដល់​កូន​ចៅ​របស់​ពួក​គាត់​ដែរ។ (រ៉ូម ៥:១២) សាតាំង​ពុំ​អាច​បំបាត់​នូវ​លទ្ធផល​នេះ​បាន​ឡើយ។

តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​កែ​ប្រែ​គោល​បំណង​របស់​ព្រះ​ជា​រៀង​រហូត​ចំពោះ​មនុស្ស​ជាតិ​និង​ផែនដី​ឬ​ទេ? អត់​ទេ។ (អេសាយ ៥៥:៩​-​១១) ប៉ុន្តែ ព្រឹត្ដិការណ៍​ទាំង​នេះ​បាន​លើក​ឡើង​នូវ​សំនួរ​ដែល​ត្រូវ​ការ​ចម្លើយ គឺ​ថា​៖ តើ​មនុស្ស​ជាតិ​អាច​«បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុសត្រូវ​ផង» ដូច​សាតាំង​បាន​អះអាង​នោះ​ឬ​ទេ? គឺ​ថា បើ​មាន​ពេល​គ្រប់គ្រាន់ តើ​យើង​អាច​ឈ្វេង​យល់​ដោយ​ខ្លួន​ឯង​ថា​អ្វី​គឺ​ត្រឹម​ត្រូវ​និង​អ្វី​គឺ​ខុស អ្វី​ដែល​មាន​ប្រយោជន៍​និង​អ្វី​ដែល​មាន​គ្រោះថ្នាក់ ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​បាន​ឬ​ទេ? តើ​ព្រះ​សម​ទទួល​ការ​គោរព​ស្ដាប់​បង្គាប់​ទាំង​ស្រុង ដោយ​ព្រោះ​ការ​គ្រប់គ្រង​របស់​ទ្រង់​គឺ​ល្អ​ប្រសើរ​ជាង​គេ​ឬ​ទេ? តើ​យើង​ត្រូវ​ស្ដាប់​បង្គាប់​តាម​ព្រះហឫទ័យ​របស់​ព្រះ​ទាំង​ស្រុង​ឬ​ទេ? តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

គឺ​មាន​ផ្លូវ​តែ​មួយ​គត់​ដើម្បី​ដោះ​ស្រាយ​ចំណោទ​នេះ​នៅ​ចំពោះ​មនុស្ស​និង​ទេវតា​ទាំង​អស់​៖ គឺ​ដោយ​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ចង់​បាន​ឯករាជ្យ​ពី​ព្រះ ខំ​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង​ឲ្យ​បាន​ជោគជ័យ។ បើ​សម្លាប់​ពួក​គេ​ភ្លាម នោះ​នឹង​មិន​អាច​ដោះ​ស្រាយ​រឿង​ចំណោទ​នោះ​បាន​ឡើយ។ ប៉ុន្តែ ការ​អនុញ្ញាត​ឲ្យ​មនុស្ស​ជាតិ​រស់​នៅ​ដោយ​ឯករាជ្យ​អស់​មួយ​រយៈ​ល្មម​នោះ​នឹង​ដោះ​ស្រាយ​រឿង​នេះ ពីព្រោះ​លទ្ធផល​នៃ​ភាព​ឯក​រាជ្យ​នេះ​បាន​ឃើញ​ជាក់​ស្តែង​ហើយ។ ព្រះ​បាន​បង្ហាញ​ថា ទ្រង់​នឹង​ដោះ​ស្រាយ​រឿង​នេះ​តាម​របៀប​ដែល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ស្ត្រី​ថា​នាង​នឹង​ត្រូវ​មាន​កូន។ ហេតុ​ដូច្នេះ​ហើយ ក៏​មាន​ក្រុម​គ្រួសារ​មនុស្ស​ជាតិ។ ដោយសារ​ព្រះ​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​កូន​បាន​ជា​យើង​អាច​មាន​ជីវិត​រស់​នៅ​សព្វ​ថ្ងៃ​នេះ!—លោកុប្បត្តិ ៣:១៦, ២០

ប៉ុន្តែ នេះ​មិន​បាន​សេចក្ដី​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​និង​បុត្រ​វិញ្ញាណ​ដែល​បះបោរ​នោះ​ធ្វើ​តាម​តែ​ចិត្ត​ទាំង​ស្រុងនោះ​ទេ។ ព្រះ​មិន​បាន​ដាក់​រាជ្យ​ទ្រង់​ទេ ហើយ​ទ្រង់​ក៏​មិន​បាន​បោះបង់​ចោល​គោល​បំណង​របស់​ទ្រង់​ដែរ។ (ទំនុកដំកើង ៨៣:១៨) ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ទ្រង់​នឹង​មិន​ធ្វើ​ដូច្នោះ​ទេ ដោយ​ប្រាប់​នូវ​ទំនាយ​ស្តី​ពី​ការ​កំទេច​ចោល​ពួក​អ្នក​បះបោរ​នោះ និង​ការ​បំបាត់​ចោល​នូវ​លទ្ធផល​អាក្រក់​ទាំង​អស់។ (លោកុប្បត្តិ ៣:១៥) ដូច្នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុម​គ្រួសារ​មនុស្ស​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ការ​ធូរ​ស្បើយ។

ពេល​ជា​មួយ​គ្នា​នោះ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​និង​កូន​ចៅ​របស់​គេ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ។ ប៉ុន្តែ បើ​ព្រះ​បង្ការ​នូវ​លទ្ធផល​អាក្រក់​ទាំង​អស់​ដែល​មក​ពី​ការ​ដក​ខ្លួន​ចេញ​ដូច្នេះ នោះ​គឺ​ទ្រង់​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ នេះ​គឺ​មិន​ខុស​ពី​ការ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ឱកាស​រស់​នៅ​ដោយ​ឯក​រាជ្យ​ក្រៅ​ពី​ព្រះ​សោះ​ឡើយ។

ប៉ុន្តែ មនុស្ស​អាច​ជ្រើសរើស​ចុះ​ចូល​នឹង​ការ​គ្រប់គ្រង​របស់​ព្រះ​បាន។ ពី​ឥឡូវ​នេះ​ទៅ​ពួក​គេ​អាច​រៀន​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​ជាតិ និង​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់​ឲ្យ​បាន​ដិត​ដល់​បំផុត។ (ទំនុកដំកើង ១៤៣:១០) យ៉ាង​ណា​ក៏​ដោយ ពួក​គេ​ក៏​នៅតែ​មាន​បញ្ហា​ដរាប​ណា​ដែល​រឿង​អំពី​ភាព​ឯករាជ្យ​របស់​មនុស្ស មិន​ទាន់​ដោះ​ស្រាយ​នោះ។

លទ្ធផល​មក​ពី​ការ​សំរេច​ចិត្ត​ដោយ​ខ្លួន​ឯង ត្រូវ​ឃើញ​ជាក់​ស្តែង​នៅ​ដើម​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស។ កាអ៊ីន​ដែល​ជា​កូន​ច្បង​នៃ​មនុស្ស​ពីរ​នាក់​ដំបូង បាន​សម្លាប់​អេបិល​ជា​ប្អូន ពីព្រោះ​«ការ​របស់​គាត់​សុទ្ធតែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធតែ​ល្អ​វិញ​ប៉ុណ្ណោះ»។ (យ៉ូហាន​ទី១ ៣:១២) នេះ​មិន​មែន​ជា​ព្រះហឫទ័យ​របស់​ព្រះ​ទេ ពីព្រោះ​ព្រះ​បាន​ព្រមាន​កាអ៊ីន​ជា​មុន​ហើយ​តែ​ក្រោយ​មក​ទ្រង់​ក៏​បាន​ដាក់​ទោស​គាត់​ដែរ។ (លោកុប្បត្តិ ៤:៣​-​១២) កាអ៊ីន​បាន​ជ្រើសរើស​មិន​ចុះ​ចូល​ច្បាប់​សីលធម៌​របស់​ព្រះ ដែល​សាតាំង​បាន​បញ្ចុះបញ្ចូល ហើយ​ដូច្នេះ​គាត់​ក៏​បាន​«កើត​ពី​មេ​កំណាច​មក»។ អ្នក​ដទៃ​ទៀត​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។

ក្រោយ​១.៥០០​ឆ្នាំ​នៃ​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​បាន​កន្លង​ទៅ «ផែនដី​នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង»។ (លោកុប្បត្តិ ៦:១១) ព្រះ​ត្រូវ​សម្រេច​ចាត់​វិធានការ​ដើម្បី​ការពារ​ផែនដី​ពី​សេចក្ដី​ហិនវិនាស។ ព្រះ​បាន​ចាត់​វិធានការ​ដោយ​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ទូទាំង​ពិភពលោក និង​ការពារ​ក្រុម​គ្រួសារ​ដ៏​សុចរិត​មួយ​ឲ្យ​រួច​រស់ គឺ​លោក​ណូអេ ប្រពន្ធ​គាត់ កូន​ប្រុសៗ​របស់​គាត់​និង​ប្រពន្ធ​របស់​ពួក​គេ។ (លោកុប្បត្តិ ៧:១) យើង​ទាំង​អស់​គ្នា​ជា​កូន​ចៅ​របស់​ពួក​គេ។

ក្នុង​កំឡុង​ប្រវត្ដិសាស្ត្រ​របស់​មនុស្ស​តាំង​ពី​គ្រា​ណូអេ​មក ព្រះ​បាន​ផ្ដល់​ការ​ណែនាំ​សំរាប់​អស់​អ្នក​ដែល​មាន​ចិត្ត​ប្រាថ្នា​ចង់​ដឹង​យ៉ាង​ស្មោះ​អំពី​ព្រះហឫទ័យ​របស់​ព្រះ។ ទ្រង់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្មោះត្រង់​កត់​ទុក​នូវ​អ្វីៗ​ដែល​ទ្រង់​មាន​បន្ទូល​ទាក់ទង​ជា​មួយ​ពួក​អ្នក​ដែល​ពឹងពាក់​ទ្រង់​ឲ្យ​ណែនាំ​ពួក​គេ។ ការ​ប្រស្រ័យ​ទាក់ទង​នេះ​ត្រូវ​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ (ធីម៉ូថេ​ទី២ ៣:១៦) ដោយ​សេចក្ដី​ស្រឡាញ់ ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​ស្មោះត្រង់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់ រហូត​ដល់​អាច​ក្លាយ​ជា​មិត្ត​របស់​ទ្រង់​ទៀត។ (អេសាយ ៤១:៨) ទ្រង់​ក៏​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង​ដែល​ត្រូវ​ការ ដើម្បី​ស៊ូទ្រាំ​នឹង​បញ្ហា​ដ៏​ពិបាក​ដែល​មនុស្ស​បាន​រងគ្រោះ​ក្នុង​កំឡុង​ច្រើន​សហស្សវត្សរ៍​នៃ​ភាព​ឯករាជ្យ។ (ទំនុកដំកើង ៤៦:១; ភីលីព ៤:១៣) យើង​មាន​អំណរគុណ​ណាស់​ចំពោះ​ការ​គាំទ្រ​ដែល​ព្រះ​ប្រទាន!

‹ព្រះហឫទ័យ​ទ្រង់​នឹង​បាន​សម្រេច›យ៉ាង​ពេញលេញ

អ្វី​ដែល​ព្រះ​បាន​ធ្វើ​មក​ដល់​ឥឡូវ គឺ​មិន​មែន​ជា​ព្រះហឫទ័យ​សរុប​សំរាប់​មនុស្ស​ឡើយ។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ «តែ​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។ (ពេត្រុសទី២ ៣:​១៣) ពាក្យ​ដែល​ជា​និមិត្តរូប​នេះ​សំដៅ​ទៅ​ការ​គ្រប់គ្រង​ថ្មី​ទៅ​លើ​មនុស្ស និង​សង្គម​មនុស្ស​ថ្មី​ក្រោម​ការ​គ្រប់គ្រង​នោះ។

ដានីយ៉ែល​បាន​សរសេរ​ដោយ​ប្រើ​ពាក្យ​យ៉ាង​ច្បាស់​ថា​៖ «នៅ​គ្រា​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ . . . គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច»។ (ដានីយ៉ែល ២:៤៤) ទំនាយ​នេះ​ទាយ​ថា​ប្រព័ន្ធ​នយោបាយ​ដែល​គ្មាន​ប្រសិទ្ធ​ភាព​សព្វ​ថ្ងៃ​នេះ​នឹង​មាន​ទីបញ្ចប់ ហើយ​នឹង​ត្រូវ​ជំនួស​ដោយ​ព្រះរាជាណាចក្រ ឬ​រដ្ឋាភិបាល​របស់​ព្រះ។ នេះ​គឺ​ជា​ដំណឹង​ល្អ​ម្ល៉េះ​ហ្ន៎! សង្គ្រាម​និង​ការ​រក​តែ​ប្រយោជន៍​ខ្លួន​ដែល​នាំ​ឲ្យ​លោកីយ៍​ពោរពេញ​ទៅ​ដោយ​អំពើ​ឃោរឃៅ ដែល​គំរាម​កំហែង​បំផ្លាញ​ផែនដី​ម្ដង​ហើយ​ម្ដង​ទៀត​នឹង​លែង​មាន​ទៀត។

តើ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ពួក​សិស្ស​របស់​ព្រះយេស៊ូ​បាន​សួរ​ថា​៖ «តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទីសំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប»។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​អំពី​ផ្នែក​មួយ​នៃ​ចម្លើយ​នោះ​ថា​៖ «ដំណឹង​ល្អ​នេះ ដែល​សំដែង​ពី​នគរ នឹង​ត្រូវ​ប្រកាស​ប្រាប់​ទូទៅ​គ្រប់​ក្នុង​លោកីយ ទុក​ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ នោះ​ទើប​នឹង​បាន​ដល់​ចុង​បំផុត»។—ម៉ាថាយ ២៤:៣, ១៤

មនុស្ស​ទូទៅ​ដឹង​ថា​កិច្ចការ​ផ្សព្វផ្សាយ​កំពុង​តែ​សម្រេច​ទូទាំង​ពិភពលោក។ អ្នក​ក៏​ប្រហែល​ជា​ឃើញ​កិច្ចការ​នេះ​ក្នុង​តំបន់​របស់​អ្នក​ដែរ។ សាស្ដ្រាចារ្យ ឆាល្ស ប្រាដិន បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់ ដែល​មាន​ចំណង​ជើង ពួក​អ្នក​ទាំង​នេះ​ក៏​ជឿ ថា​៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​បន្ទាល់​ទូទាំង​ផែនដី​មែន។ . . . គ្មាន​ក្រុម​សាសនា​ណា​មួយ​ទៀត ដែល​សម្ដែង​នូវ​ចិត្ត​ខ្នះខ្នែង​និង​ការ​ខំ​ប្រឹង​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះរាជាណាចក្រ​ដូច​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ឡើយ»។ ស្មរបន្ទាល់​កំពុង​តែ​ប្រកាស​យ៉ាង​សកម្ម​អំពី​ដំណឹង​ល្អ​ក្នុង​ជាង​២៣០​ប្រទេស និង​ជិត​៤០០​ភាសា។ កិច្ចការ​ដែល​ត្រូវ​ទាយ​នេះ​មិន​ធ្លាប់​សម្រេច​ក្នុង​ទូទាំង​ពិភពលោក​ដូច​នេះ​ទេ។ នេះ​គឺ​ជា​ទី​សំអាង​មួយ ដែល​បង្ហាញ​ថា​ពេល​កាន់​តែ​ជិត​មក​ដល់​ឲ្យ​ព្រះរាជាណាចក្រ​របស់​ព្រះ​មក​ជំនួស​រដ្ឋាភិបាល​របស់​មនុស្ស។

ព្រះរាជាណាចក្រ​ដែល​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ គឺ​ជា​ព្រះរាជាណាចក្រ​ដែល​ទ្រង់​បាន​បង្រៀន​យើង​ក្នុង​សេចក្ដី​អធិស្ឋាន​ជា​គំរូ ដែល​ថា​៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ»។ (ម៉ាថាយ ៦:១០) ត្រូវ​ហើយ ព្រះរាជាណាចក្រ​នេះ​គឺ​ជា​ភ្នាក់ងារ​ដែល​ព្រះ​ប្រើ​ដើម្បី​បំពេញ​បំណង ព្រះហឫទ័យ​របស់​ទ្រង់​សំរាប់​មនុស្ស​ជាតិ​និង​ផែនដី។

តើ​នេះ​មាន​ន័យ​យ៉ាង​ណា? សូម​ឲ្យ​វិវរណៈ ២១:៣, ៤ ឆ្លើយ​៖ «ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា​៖ ‹មើល​រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ​អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ›»។ ពេល​នោះ បំណង​ព្រះហឫទ័យ​របស់​ព្រះ​នឹង​ត្រូវ​បាន​សម្រេច​លើ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​យ៉ាង​ពេញលេញ។ * តើ​អ្នក​ចង់​រួម​ចំណែក​ក្នុង​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ឬ​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 26 ប្រសិន​បើ​អ្នក​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ សូម​ទាក់ទង​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ក្នុង​តំបន់​របស់​អ្នក ឬ​សរសេរ​ទៅ​អាស័យដ្ឋាន​មួយ​ដែល​មាន​នៅ​ទំព័រ​ទី២​នៃ​ទស្សនាវដ្ដី​នេះ។

[រូបភាព​នៅ​ទំព័រ​៥]

ភាព​ឯករាជ្យ​ក្រៅ​ពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ដែល​ធ្វើ​ឲ្យ​ខ្លោចផ្សា