លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការមើលថែរក្សាមនុស្សចាស់ ជាភារកិច្ចរបស់ជនគ្រីស្ទាន

ការមើលថែរក្សាមនុស្សចាស់ ជាភារកិច្ចរបស់ជនគ្រីស្ទាន

ការ​មើល​ថែរក្សា​មនុស្ស​ចាស់ ជា​ភារកិច្ច​របស់​ជន​គ្រីស្ទាន

«យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា​រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែប្រួល​ឡើយ។ យើង​នឹង​បីបាច់​ថែរក្សា​អ្នក​រាល់​គ្នា»។—អេសាយ ៤៦:៤, ខ.ស.

១, ២​. តើ​របៀប​បីបាច់​ថែរក្សា​របស់​ព្រះវរបិតា​នៅ​ស្ថានសួគ៌​ខុស​គ្នា​នឹង​របៀប​មើល​ថែរក្សា​របស់​មាតាបិតា​យើង​យ៉ាង​ណា?

មាតា​បិតាដែល​មាន​ចិត្ត​ភក្ដី​បីបាច់​ថែរក្សា​កូន​តាំង​ពី​កូន​នៅ​ជា​ទារក​រហូត​ដល់​វ័យ​កុមារ ព្រមទាំង​រហូត​ដល់​កូន​ពេញ​វ័យ។ សូម្បីតែ​ពេល​ដែល​កូន​នោះ​បាន​ធំ​ពេញ​វ័យ​ហើយ​មាន​គ្រួសារ​ខ្លួន​ឯង ក៏​មាតាបិតា​នៅ​តែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​ក្ដី​ស្រឡាញ់​និង​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​កូនៗ​ដែរ។

ទោះ​ជា​អ្វី​ដែល​មាតាបិតា​ធ្វើ​សំរាប់​បុត្រធីតា​របស់​ខ្លួន​មាន​កំរិត​ក៏​ដោយ តែ​ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​អាច​បង្ហាញ​ព្រះទ័យ​យក​ចិត្ត​ទុក​ដាក់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​រាស្ត្រ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​បាន​ជានិច្ច។ ព្រះយេហូវ៉ា​មាន​បន្ទូល​ប្រាប់​រាស្ត្រ​របស់​ទ្រង់​នៅ​សម័យ​បុរាណ​ថា​៖ «យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា​រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា»។ (អេសាយ ៤៦:៤, ខ.ស.) ពាក្យ​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់​ចំពោះ​ជនគ្រីស្ទាន​ដែល​មាន​វ័យ​ចាស់! ព្រះយេហូវ៉ា​មិន​បោះបង់​ចោល​អស់​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​សន្យា​ថា​នឹង​ជួយ​ផ្គត់ផ្គង់ ជួយ​គាំទ្រ​និង​ដឹក​នាំ​ពួក​គាត់​ដរាប​ដល់​អស់​ជីវិត ហើយ​ក្នុង​កាល​ពួក​គាត់​មាន​វ័យ​ចាស់​ដែរ។—ទំនុកដំកើង ៤៨:១៤

៣​. តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​នេះ?

ព្រះយេហូវ៉ា​ស្រឡាញ់​និង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​មនុស្ស​ចាស់ តើ​យើង​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​ដូច​ម្ដេច? (អេភេសូរ ៥:១, ២) សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​កូន​ពេញ​វ័យ អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ និង​គ្រីស្ទាន​ម្នាក់ៗ​អាច​មើល​ថែរក្សា​សមាជិក​ដែល​មាន​វ័យ​ចាស់​ក្នុង​ភាតរភាព​ទូទាំង​ពិភពលោក​របស់​យើង។

ភារកិច្ច​របស់​យើង​ជា​កូន

៤​. តើ​កូនៗ​គ្រីស្ទាន​មាន​ភារកិច្ច​អ្វី​ចំពោះ​មាតាបិតា​របស់​ខ្លួន?

«ចូរ​គោរព​ប្រតិបត្ដិ​ដល់​មាតា​បិតា​ខ្លួន»។ (អេភេសូរ ៦:២; និក្ខមនំ ២០:១២) សាវ័ក​ប៉ុល​បាន​ស្រង់​ពាក្យ​នេះ​ចេញ​ពី​បទគម្ពីរ​ភាសា​ហេព្រើរ​ដែល​ជា​បទគម្ពីរ​ស្រួល​យល់​ហើយ​មាន​ខ្លឹមសារ ដើម្បី​រំឭក​បុត្រធីតា​អំពី​ភារកិច្ច​របស់​កូន​ចំពោះ​មាតាបិតា។ ប៉ុន្តែ តើ​ពាក្យ​នេះ​ទាក់ទង​នឹង​ការ​មើល​ថែរក្សា​មនុស្ស​វ័យ​ចាស់​យ៉ាង​ដូចម្ដេច? ការ​ពិនិត្យ​មើល​នូវ​គំរូ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ​ពី​គ្រា​មុន​សម័យ​គ្រីស្ទាន​នឹង​ជួយ​យើង​ឲ្យ​ឆ្លើយ​សំនួរ​នេះ​បាន។

៥​. (ក) តើ​អ្វី​ដែល​បង្ហាញ​ថា​យ៉ូសែប​ពុំ​បាន​ភ្លេច​នូវ​ភារកិច្ច​ជា​កូន? (ខ) តើ​ការ​ផ្ដល់​កិត្ដិយស​ឲ្យ​មាតាបិតា​រួម​បញ្ចូល​អ្វី? ហើយ​តើ​យ៉ូសែប​បាន​ទុក​គំរូ​ដ៏​ល្អ​យ៉ាង​ណា​ចំពោះ​រឿង​នេះ?

អស់​ជាង​២០​ឆ្នាំ​មក​ហើយ ដែល​យ៉ូសែប​មិន​បាន​ជួប​ឪពុក​ចាស់​ជរា​របស់​គាត់​ឈ្មោះ​យ៉ាកុប​ដែល​ជា​បុព្វបុរស​នោះ។ យ៉ាង​ណា​ក៏​ដោយ យ៉ូសែប​ច្បាស់​ជា​មិន​បាន​ភ្លេច​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ខ្លួន​មាន​ចំពោះ​យ៉ាកុប​ឡើយ។ តាម​ការ​ពិត នៅ​ពេល​ដែល​យ៉ូសែប​បាន​ប្រាប់​នូវ​អត្តសញ្ញាណ​ពិត​ដល់​បងប្អូន​របស់​គាត់ នោះ​គាត់​បាន​សួរ​ថា​៖ «តើ​ឪពុក​ខ្ញុំ​នៅ​រស់​ទេ​ឬ?»។ (លោកុប្បត្តិ ៤៣:៧, ២៧; ៤៥:៣) នៅ​ពេល​នោះ ស្រុក​កាណាន​កំពុង​តែ​មាន​ទុរភិក្ស​យ៉ាង​ខ្លាំង។ ដូច្នេះ​ហើយ យ៉ូសែប​ផ្ដាំ​ទៅ​ប្រាប់​ឪពុក​គាត់​ថា​៖ «សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ។ លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ . . . នៅ​ស្រុក​នោះ​ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក»។ (លោកុប្បត្តិ ៤៥:៩​-​១១; ៤៧:១២) ត្រូវ​ហើយ ការ​ផ្ដល់​កិត្ដិយស​ឲ្យ​មាតាបិតា​ចាស់​ជរា​រួម​បញ្ចូល​ការ​ការពារ​និង​ជំនួយ​ខាង​សម្ភារៈ​ក្នុង​កាល​ដែល​ពួក​គាត់​ពុំ​អាច​មើល​ថែរក្សា​ខ្លួន​ឯង​បាន។ (សាំយូអែលទី១ ២២:១​-​៤; យ៉ូហាន ១៩:២៥​-​២៧) យ៉ូសែប​បាន​ទទួល​យក​ភារកិច្ច​នេះ​ដោយ​ចិត្ត​រីករាយ។

៦​. តើ​យ៉ូសែប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​ឪពុក​គាត់​យ៉ាង​ដូចម្ដេច? តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​គាត់​យ៉ាង​ណា?

ដោយ​មាន​ជំនួយ​ពី​ព្រះយេហូវ៉ា នោះ​យ៉ូសែប​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ជាង​គេ​និង​ជា​បុរស​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​ស្រុក​អេស៊ីប។ (លោកុប្បត្តិ ៤១:៤០) ប៉ុន្តែ យ៉ូសែប​មិន​បាន​គិត​ថា​ខ្លួន​សំខាន់​ពេក​ឬ​រវល់​ពេក​មិន​មាន​ពេល​ផ្ដល់​កិត្ដិយស​ឲ្យ​ឪពុក​ដែល​មាន​អាយុ​១៣០​ឆ្នាំ​នោះ​ទេ។ ពេល​ដឹង​ថា​យ៉ាកុប(ឬ​អ៊ីស្រាអែល)កំពុង​ធ្វើ​ដំណើរ​មក «យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក​ហើយ​យំ​ជា​យូរ»។ (លោកុប្បត្តិ ៤៦:២៨, ២៩) ការ​ទទួល​ស្វាគមន៍​ឪពុក​គាត់ គឺ​មិន​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​ភារកិច្ច​ដែល​ត្រូវ​គោរព​ឪពុក​នោះ​ទេ។ យ៉ូសែប​ស្រឡាញ់​ឪពុក​ចាស់​ជរា​របស់​គាត់​ណាស់ ហើយ​គាត់​មិន​មាន​ចិត្ត​ខ្មាស​ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​គាត់​ឡើយ។ ប្រសិន​បើ​យើង​មាន​មាតាបិតា​ចាស់​ជរា តើ​យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​ពួក​គាត់​ឬ​ទេ?

៧​. ហេតុ​អ្វី​បាន​ជា​យ៉ាកុប​ចង់​ឲ្យ​គេ​បញ្ចុះ​សព​គាត់​នៅ​ស្រុក​កាណាន?

យ៉ាកុប​មាន​ភក្ដីភាព​យ៉ាង​ខ្លាំង​ចំពោះ​ព្រះយេហូវ៉ា​រហូត​ដល់​ស្លាប់។ (ហេព្រើរ ១១:២១) ដោយសារ​យ៉ាកុប​មាន​ជំនឿ​លើ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​គាត់​បាន​សុំ​ឲ្យ​កូនៗ​យក​សព​គាត់​ទៅ​បញ្ចុះ​នៅ​ស្រុក​កាណាន។ យ៉ូសែប​បាន​ផ្ដល់​កិត្ដិយស​ឲ្យ​ឪពុក​ដោយ​ធ្វើ​តាម​សំណូម​ពរ​នោះ ទោះ​ជា​គាត់​ត្រូវ​ចំណាយ​អស់​ប្រាក់​យ៉ាង​ច្រើន​និង​ត្រូវ​ការ​ការ​ខំ​ប្រឹង​ក៏​ដោយ។—លោកុប្បត្តិ ៤៧:២៩​-​៣១; ៥០:៧​-​១៤

៨​. (ក) តើ​អ្វី​ជា​កត្ដា​សំខាន់​ជាង​គេ​ដែល​ជំរុញ​ឲ្យ​យើង​មើល​ថែរក្សា​មាតាបិតា​ចាស់​ជរា? (ខ) តើ​អ្នក​ដែល​ធ្វើ​កិច្ច​បំរើ​ផ្សាយ​ពេញ​ពេល​ម្នាក់​បាន​ធ្វើ​អ្វី ដើម្បី​មើល​ថែរក្សា​មាតាបិតា​ចាស់​ជរា​របស់​គាត់? (សូម​មើល​ប្រអប់​ខាង​លើ)

តើ​អ្វី​ដែល​បាន​ជំរុញ​យ៉ូសែប​ឲ្យ​មើល​ថែរក្សា​ឪពុក​របស់​គាត់? ទោះ​ជា​យ៉ូសែប​មាន​សេចក្ដី​ស្រឡាញ់​និង​ជំពាក់​គុណ​ចំពោះ​បុគ្គល​ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​គាត់ ហើយ​បាន​ចិញ្ចឹម​បីបាច់​គាត់​ក៏​ដោយ ក៏​គាត់​ប្រាកដ​ជា​មាន​សេចក្ដី​ប្រាថ្នា​ចង់​ផ្គាប់​ព្រះហឫទ័យ​ព្រះយេហូវ៉ា​ដែរ។ យើង​ក៏​ត្រូវ​មាន​សេចក្ដី​ប្រាថ្នា​ដូច​នេះ​ដែរ។ ប៉ុល​បាន​សរសេរ​ថា​៖ «បើ​ស្រី​មេម៉ាយ​ណា​មាន​កូន​ចៅ នោះ​ត្រូវ​ឲ្យ​កូន​ចៅ​នោះ​រៀន​ឲ្យ​ចេះ​គោរព​ប្រតិបត្ដិ​ដល់​ពួក​ផ្ទះ​ខ្លួន​ជា​ដើម ទាំង​សង​គុណ​ឪពុក​ម្ដាយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​យ៉ាង​ដូច្នោះ»។ (ធីម៉ូថេទី១ ៥:៤) ប្រាកដ​ហើយ បើ​យើង​ស្រឡាញ់​ព្រះយេហូវ៉ា​និង​កោត​ខ្លាច​ទ្រង់ នេះ​នឹង​ជំរុញ​យើង​ឲ្យ​មើល​ថែរក្សា​មាតាបិតា​ចាស់​ជរា មិន​ថា​មាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ *

របៀប​ដែល​អ្នក​ចាស់​ទុំ​មើល​ថែរក្សា

៩​. តើ​ព្រះយេហូវ៉ា​បាន​តែងតាំង​អ្នក​ណា​ឲ្យ​មើល​ថែរក្សា​ហ្វូង​ចៀម​របស់​ព្រះ ដែល​រួម​មាន​ទាំង​គ្រីស្ទាន​វ័យ​ចាស់​នោះ?

នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យ៉ាកុប​ដែល​មាន​អាយុ​យ៉ាង​វែង​នោះ គាត់​បាន​ហៅ​ព្រះយេហូវ៉ា​ជា​«ព្រះ​ដែល​បាន​ចិញ្ចឹម[គាត់]គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ»។ (លោកុប្បត្តិ ៤៨:១៥) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មើល​ថែរក្សា​អ្នក​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី​តាម​រយៈ​អ្នក​ត្រួត​ពិនិត្យ​ឬ​អ្នក​ចាស់​ទុំ ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះយេស៊ូ​គ្រីស្ទ​ជា​«មេ​ពួក​អ្នក​គង្វាល»។ (ពេត្រុសទី១ ៥:២​-​៤) កាល​ដែល​អ្នក​ត្រួត​ពិនិត្យ​មើល​ថែរក្សា​សមាជិក​ដែល​មាន​វ័យ​ចាស់​ក្នុង​ហ្វូង​ចៀម​របស់​ព្រះ តើ​ពួក​គាត់​អាច​យក​តម្រាប់​តាម​ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១០​. តើ​មាន​ការ​ចាត់​ចែង​អ្វី​ខ្លះ​ដើម្បី​ផ្ដល់​ជំនួយ​ខាង​សម្ភារៈ​សំរាប់​គ្រីស្ទាន​វ័យ​ចាស់? (សូម​មើល​ប្រអប់​ទំព័រ​៣១)

១០ បន្ដិច​ក្រោយ​ពី​ការ​បង្កើត​ក្រុមជំនុំ​គ្រីស្ទាន នោះ​ពួក​សាវ័ក​បាន​តែងតាំង​«[បុរស]៧​នាក់ . . . ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​ប្រាជ្ញា»​ដើម្បី​ចាត់​ចែង​«ការ​ចែក​ចាយ​រាល់​តែ​ថ្ងៃ»​នូវ​ម្ហូបអាហារ​សំរាប់​គ្រីស្ទាន​មេម៉ាយ​ដែល​ខ្វះ​ខាត។ (កិច្ចការ ៦:១​-​៦) ក្រោយ​មក ប៉ុល​បាន​បង្គាប់​អ្នក​ត្រួត​ពិនិត្យ​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ឲ្យ​កត់​ក្នុង​បញ្ជី​នូវ​ឈ្មោះ​ស្ត្រី​មេម៉ាយ​ណា​ដែល​ជា​គំរូ​ល្អ ដើម្បី​មាន​សិទ្ធិ​ទទួល​ជំនួយ​ខាង​សម្ភារៈ​នេះ។ (ធីម៉ូថេទី១ ៥:៣, ៩, ១០) ដូច​នោះ​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ស្ម័គ្រ​ចិត្ត​ចាត់​ចែង​ផ្ដល់​ជំនួយ​ដែល​មាន​ប្រយោជន៍​សំរាប់​គ្រីស្ទាន​វ័យ​ចាស់ ពេល​ដែល​ត្រូវ​ការ​ចាំបាច់។ ប៉ុន្តែ ការ​មើល​ថែរក្សា​បងប្អូន​វ័យ​ចាស់​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​រួម​បញ្ចូល​ធ្វើ​អ្វី​ច្រើន​ថែម​ទៀត។

១១​. តើ​ព្រះយេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ណា​ចំពោះ​ស្ត្រី​មេម៉ាយ​ក្រ​ម្នាក់​ដែល​បាន​ថ្វាយ​ដង្វាយ​តិច​នោះ?

១១ នៅ​ទីបញ្ចប់​នៃ​កិច្ច​បំរើ​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី នោះ​ទ្រង់​បាន​គង់​នៅ​ក្នុង​ព្រះវិហារ ហើយ​«ទត​មើល​ទៅ​ហ្វូង​មនុស្ស​ដែល​គេ​ដាក់​ដង្វាយ​ក្នុង​ឃ្លាំង»។ បន្ទាប់​មក មាន​បុគ្គល​ម្នាក់​បាន​ធ្វើ​ឲ្យ​ទ្រង់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​ធ្វើ។ កំណត់​ហេតុ​នេះ​ចែង​ថា​៖ «ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​២​ស្លឹង​ដែល​ត្រូវ​ជា​កន្លះ​សេន»។ ព្រះ​យេស៊ូ​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ​បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំង​អស់​ដែល​ដាក់​ក្នុង​ឃ្លាំង ដ្បិត​គេ​សុទ្ធតែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សំរាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង»។ (ម៉ាកុស ១២:៤១​-​៤៤) បើ​គិត​ពី​ចំនួន​លុយ​នោះ វិភាគទាន​របស់​ស្ត្រី​មេម៉ាយ​នេះ​គឺ​តិច​ណាស់ ប៉ុន្តែ​ព្រះយេស៊ូ​បាន​ជ្រាប​ថា​ព្រះវរបិតា​នៅ​ស្ថានសួគ៌ ទ្រង់​គាប់​ព្រះហឫទ័យ​នឹង​គាត់​ដែល​បាន​ថ្វាយ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ មិន​ថា​ស្ត្រី​មេម៉ាយ​ក្រ​នេះ​មាន​វ័យ​ចាស់​ប៉ុន​ណា​ក៏​ដោយ ក៏​ព្រះយេស៊ូ​មិន​ភ្លេច​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ។

១២​. ចំពោះ​ការ​គាំទ្រ​ដែល​គ្រីស្ទាន​វ័យ​ចាស់​បាន​ផ្ដល់​ឲ្យ តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ការ​អបអរ​ចំពោះ​អ្វី​ដែល​ពួក​គាត់​បាន​ធ្វើ​យ៉ាង​ដូច​ម្ដេច?

១២ ដូច​ព្រះយេស៊ូ អ្នក​ត្រួត​ពិនិត្យ​ក៏​មិន​ភ្លេច​នូវ​អ្វី​ដែល​ជន​គ្រីស្ទាន​វ័យ​ចាស់​បាន​ធ្វើ​ដើម្បី​ឲ្យ​ការ​ថ្វាយ​បង្គំ​ពិត​មាន​ការ​រីក​ចំរើន​នោះ​ដែរ។ អ្នក​ចាស់​ទុំ​មាន​ហេតុ​សរសើរ​បងប្អូន​វ័យ​ចាស់​ចំពោះ​ការ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ និង​ចំពោះ​ឥទ្ធិពល​ដ៏​ល្អ​របស់​ពួក​គាត់​ដែល​មាន​ក្នុង​ក្រុមជំនុំ ថែម​ទាំង​ការ​ស៊ូទ្រាំ​របស់​ពួក​គាត់​ដែរ។ ការ​លើក​ទឹក​ចិត្ត​ដ៏​ស្មោះ​អាច​ជួយ​បងប្អូន​វ័យ​ចាស់​ឲ្យ​‹រក​ឃើញ​ហេតុ​ដែល​មាន​អំណរ›ក្នុង​កិច្ច​បំរើ​បរិសុទ្ធ។ ហេតុ​នេះ​ហើយ ពួក​គាត់​នឹង​មិន​ខ្វល់ខ្វាយ​ពី​ការ​ប្រៀបធៀប​ខ្លួន​នឹង​គ្រីស្ទាន​ឯ​ទៀត ឬ​អ្វី​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​បាន​នោះ​ទេ។—កាឡាទី ៦:៤, ខ.ស.

១៣​. តើ​ពួក​អ្នក​ចាស់​ទុំ​អាច​ទាញ​យក​បទ​ពិសោធន៍​និង​រៀន​ពី​កោសល្យ​របស់​បងប្អូន​ដែល​មាន​វ័យ​ចាស់​យ៉ាង​ដូច​ម្ដេច?

១៣ ដោយ​ទាញ​យក​បទ​ពិសោធន៍​និង​រៀន​ពី​កោសល្យ​របស់​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់ នោះ​អ្នក​ចាស់​ទុំ​អាច​ទទួល​ស្គាល់​នូវ​ជំនួយ​ដ៏​មាន​តម្លៃ​របស់​ពួក​គាត់។ ចំពោះ​គ្រីស្ទាន​មាន​វ័យ​ចាស់​ដែល​ជា​គំរូ​ល្អ នោះ​អាច​សុំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​សម្ដែង​ឬ​សម្ភាសន៍​យូរ​ម្ដងៗ។ អ្នក​ចាស់ទុំ​ម្នាក់​កត់​សម្គាល់​ថា​៖ «អ្នក​ស្ដាប់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​មែន ពេល​ខ្ញុំ​សម្ភាស​បង​ប្រុស​ឬ​បង​ស្រី​វ័យ​ចាស់ ដែល​បាន​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​កាន់​តាម​សេចក្ដី​ពិត​នោះ»។ ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​មួយ​ទៀត​បាន​រៀប​រាប់​ថា បង​ស្រី​ម្នាក់​ដែល​មាន​អាយុ​៧១​ឆ្នាំ​ហើយ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល បាន​ជួយ​អ្នក​ផ្សាយ​ឯ​ទៀត​ឲ្យ​ទៅ​ផ្សព្វផ្សាយ​ទៀងទាត់។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​ជាង ដូច​ជា​អាន​ព្រះគម្ពីរ​និង​បទគម្ពីរ​ប្រចាំ​ថ្ងៃ ហើយ​រំពឹង​គិត​ពី​អ្វី​ដែល​ពួក​គេ​បាន​អាន។

១៤​. តើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​មួយ​បាន​បង្ហាញ​ការ​អបអរ​ចំពោះ​អ្វី​ដែល​អ្នក​ត្រួត​ពិនិត្យ​វ័យ​ចាស់​បាន​ធ្វើ​យ៉ាង​ដូច​ម្ដេច?

១៤ ពួក​អ្នក​ចាស់​ទុំ​ចាត់​ទុក​ជំនួយ​របស់​អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​វ័យ​ចាស់​ជា​អ្វី​ដែល​មាន​តម្លៃ។ ហូសេ​ដែល​មាន​អាយុ​ជាង​៧០​ឆ្នាំ​បាន​បំរើ​ជា​អ្នក​ចាស់​ទុំ​អស់​ច្រើន​ទសវត្សរ៍​មក​ហើយ គាត់​បាន​ទទួល​ការ​វះកាត់​នៅ​ពេល​ថ្មីៗ​នេះ។ គាត់​គិត​សុំ​ឈប់​បំរើ​ជា​ប្រធាន​ត្រួតពិនិត្យ​ដោយសារ​ត្រូវ​សំរាក​យ៉ាង​យូរ​ដើម្បី​ព្យាបាល​ជំងឺ​ឲ្យ​ជា។ បង​ប្រុសហូសេ​និយាយ​ថា​៖ «មតិ​របស់​អ្នក​ចាស់​ទុំ​ឯ​ទៀត​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល។ ជាជាង​យល់​ព្រម​នូវ​យោបល់​របស់​ខ្ញុំ ពួក​គាត់​បាន​សួរ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទទួល​ភារកិច្ច​នេះ​បន្ត​ទៀត»។ ដោយ​មាន​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​ក្មេង​ជាង នោះ​បង​ប្រុស​ហូសេ​អាច​បន្ត​បំរើ​ជា​ប្រធាន​ត្រួត​ពិនិត្យ​ដោយ​សេចក្ដី​សប្បាយ​រីករាយ ហើយ​នេះ​ក៏​ជា​ពរ​ដល់​ក្រុមជំនុំ​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​បាន​ពោល​ថា​៖ «បងប្អូន​ក្នុង​ក្រុមជំនុំ​មាន​ការ​អបអរ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចការ​របស់​ហូសេ​ដែល​ជា​អ្នក​ចាស់​ទុំ។ បងប្អូន​ស្រឡាញ់​និង​គោរព​គាត់ ដោយសារ​បទ​ពិសោធន៍​និង​ជំនឿ​របស់​គាត់។ គាត់​បាន​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើងៗ»។

ចូរ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក

១៥​. ហេតុ​អ្វី​ក៏​ពួក​គ្រីស្ទាន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សុខុមាលភាព​នៃ​បងប្អូន​វ័យ​ចាស់​ក្នុង​ចំណោម​ពួក​គេ?

១៥ មិន​មែន​មាន​តែ​កូន​និង​អ្នក​ចាស់​ទុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​វ័យ​ចាស់​នោះ។ ប៉ុល​បាន​ប្រៀបធៀប​ក្រុមជំនុំ​គ្រីស្ទាន​ទៅ​នឹង​រូប​កាយ​មនុស្ស ដោយ​សរសេរ​ថា​៖ «ព្រះ​ជា​ម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃថ្នូរ​ដល់​សរីរាង្គ​ណា​ដែល​ខ្វះ​ខាត ដើម្បី​កុំ​អោយ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​អោយ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។ (កូរិនថូសទី១ ១២:២៤, ២៥, ខ.ស.) ដើម្បី​ឲ្យ​ក្រុមជំនុំ​គ្រីស្ទាន​មាន​ដំណើរ​ការ​ល្អ​ដោយ​គ្មាន​ការ​ខ្វែង​គំនិត​គ្នា នោះ​សមាជិក​ម្នាក់ៗ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​អ្នក​ជឿ​គ្នីគ្នា ហើយ​នេះ​រួម​បញ្ចូល​បងប្អូន​ដែល​មាន​វ័យ​ចាស់​ផង​ដែរ។—កាឡាទី ៦:២

១៦​. ពេល​យើង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ តើ​យើង​អាច​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​បងប្អូន​ដែល​មាន​វ័យ​ចាស់​យ៉ាង​ដូចម្ដេច?

១៦ នៅ​កិច្ច​ប្រជុំ​គ្រីស្ទាន​យើង​មាន​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​បងប្អូន​ដែល​មាន​វ័យ​ចាស់។ (ភីលីព ២:៤; ហេព្រើរ ១០:២៤, ២៥) តើ​យើង​ឆ្លៀត​ពេល​និយាយ​លេង​ជា​មួយ​នឹង​បងប្អូន​ដែល​មាន​វ័យ​ចាស់​នៅ​ឯ​កិច្ច​ប្រជុំ​ឬ​ទេ? ការ​សួរ​សុខ​ទុក្ខ​ពួក​គាត់​គឺ​ជា​ការ​សមរម្យ​មែន ប៉ុន្តែ​តើ​យើង​អាច​«ចែក​អំណោយ​ទាន​ណា​មួយ​ខាង​វិញ្ញាណ» ប្រហែល​ប្រាប់​បទ​ពិសោធន៍​ដែល​លើក​ទឹក​ចិត្ត​ឬ​ចំណុច​ពី​បទគម្ពីរ​ណា​មួយ​បាន​ទេ? ដោយសារ​ជន​គ្រីស្ទាន​វ័យ​ចាស់​ខ្លះ​ដើរ​មិន​សូវ​បាន យក​ល្អ​យើង​ទៅ​ជួប​ពួក​គាត់ ជាជាង​សង្ឃឹម​ឲ្យ​ពួក​គាត់​មក​ជួប​យើង​វិញ​នោះ។ បើ​បង​ប្រុស​ឬ​បង​ស្រី​មាន​បញ្ហា​ត្រចៀក​ធ្ងន់​បន្ដិច យើង​ត្រូវ​និយាយ​ឲ្យ​យឺតៗ​និង​ឲ្យ​បាន​ច្បាស់។ ដើម្បី​ឲ្យ​«បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក» យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​គាត់។—រ៉ូម ១:១១, ១២

១៧​. ចំពោះ​គ្រីស្ទាន​វ័យ​ចាស់​ដែល​នៅ​តែ​ក្នុង​ផ្ទះ តើ​យើង​អាច​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដូចម្ដេច?

១៧ ចុះ​យ៉ាង​ណា​វិញ បើ​បងប្អូន​វ័យ​ចាស់​ពុំ​អាច​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន​បាន? យ៉ាកុប ១:២៧បង្ហាញ​ថា គឺ​ជា​ភារកិច្ច​របស់​យើង​ឲ្យ​«ទៅ​សួរ​ពួក​កំព្រា នឹង​ពួក​មេម៉ាយ ក្នុង​កាល​ដែល​គេ​មាន​សេចក្ដី​វេទនា»។ បងប្អូន​វ័យ​ចាស់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ពេល​ដែល​យើង​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គាត់! កាល​ដែល​ប៉ុល​«មាន​វ័យ​ចាស់»​ហើយ​បាន​ជាប់​គុក​នៅ​ក្រុង​រ៉ូម​នៅ​ឆ្នាំ​៦៥ ស.យ. នោះ​គាត់​នៅ​តែ​ម្នាក់​ឯង​ទេ។ គាត់​ចង់​ឃើញ​ធីម៉ូថេ​ដែល​ជា​គូកន​របស់​គាត់​ខ្លាំង​ណាស់​រហូត​ដល់​សរសេរ​ថា​៖ «ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់»។ (ភីលេម៉ូន ៩; ធីម៉ូថេទី២ ១:៣, ៤; ៤:៩) ទោះ​ជា​បងប្អូន​ដែល​មាន​វ័យ​ចាស់​មិន​នៅ​ជាប់​គុក​ដូច​ប៉ុល​ក៏​ដោយ តែ​ដោយសារ​សុខភាព​មិន​ល្អ នោះ​បងប្អូន​ខ្លះ​ត្រូវតែ​នៅ​ក្នុង​ផ្ទះ​រហូត។ ដូច្នេះ ពួក​គាត់​ចង់​ប្រាប់​យើង​ថា​៖ ‹សូម​មក​លេង​ខ្ញុំ​ផង›។ តើ​យើង​ធ្វើ​តាម​សំណូម​ពរ​នេះ​ឬ​ទេ?

១៨​. តើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​វ័យ​ចាស់​អាច​មាន​លទ្ធផល​យ៉ាង​ណា?

១៨ ចូរ​កុំ​មើល​ស្រាល​នូវ​តម្លៃ​នៃ​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្រុស​ឬ​បង​ស្រី​វ័យ​ចាស់​នោះ​ឡើយ។ នៅ​ពេល​ដែល​អូនេសិភ័រ​ដែល​ជា​គ្រីស្ទាន​ម្នាក់​នៅ​ក្រុង​រ៉ូម​បាន​ខំ​ព្យាយាម​ទៅ​ជួប​ប៉ុល​នោះ នេះ​ពិត​ជា‹បាន​លំហើយ​ចិត្ត​ប៉ុល​ជា​ញឹកញយ›។ (ធីម៉ូថេទី២ ១:១៦, ១៧) បង​ស្រី​វ័យ​ចាស់​ម្នាក់​និយាយ​ថា​៖ «ខ្ញុំ​សប្បាយ​ចិត្ត​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​ក្មេងៗ​ណាស់។ អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នោះ​គឺ​ក្មេងៗ​រាប់​ខ្ញុំ​ដូច​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​របស់​គេ។ នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ច្រើន​ណាស់»។ បង​ស្រី​គ្រីស្ទាន​វ័យ​ចាស់​ម្នាក់​ទៀត​និយាយ​ថា​៖ «ខ្ញុំ​ពិត​ជា​សប្បាយ​មែន ពេល​បុគ្គល​ម្នាក់​ផ្ញើ​កាត​ឲ្យ​ខ្ញុំ ទូរស័ព្ទ​មក​លេង​ខ្ញុំ​គ្រាន់​តែ​បីបួន​នាទី ឬ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​យូរ​ម្ដងៗ​នោះ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​មែន»។

ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​អ្នក​ដែល​មើល​ថែរក្សា​បងប្អូន​វ័យ​ចាស់

១៩​. តើ​អ្នក​ដែល​មើល​ថែរក្សា​មនុស្ស​វ័យ​ចាស់​ទទួល​បាន​ពរ​អ្វី​ខ្លះ?

១៩ យើង​ទទួល​បាន​ពរ​ច្រើន​មែន​ដោយ​មើល​ថែរក្សា​បងប្អូន​វ័យ​ចាស់​នោះ។ ការ​សេពគប់​នឹង​មនុស្ស​វ័យ​ចាស់ ហើយ​អាច​ទាញ​យក​នូវ​ចំណេះ​និង​បទ​ពិសោធន៍​ពី​ពួក​គាត់ គឺ​ពិត​ជា​ពរ​មួយ​ទៅ​ហើយ។ អ្នក​ដែល​មើល​ថែរក្សា​នោះ​មាន​សុភមង្គល​យ៉ាង​ច្រើន​ដោយសារ​ការ​ឲ្យ ថែម​ទាំង​មាន​សេចក្ដី​សុខ​ដែល​បាន​មក​ពី​ការ​បំពេញ​ភារកិច្ច​ដែល​ចែង​ក្នុង​បទគម្ពីរ ហើយ​នេះ​ក៏​ត្រូវ​រាប់​ទុក​ជា​ប្រយោជន៍​មួយ​ដែរ។ (កិច្ចការ ២០:៣៥) ម្យ៉ាង​វិញ​ទៀត អស់​អ្នក​ដែល​មើល​ថែរក្សា​មនុស្ស​ចាស់​មិន​ចាំបាច់​ខ្លាច​ថា ពួក​គាត់​នឹង​ត្រូវ​គេ​បោះបង់​ចោល ពេល​ខ្លួន​ចាស់​នោះ​ទេ។ ព្រះបន្ទូល​របស់​ព្រះ​ធានា​រ៉ាប់​រង​យើង​ថា​៖ «មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា​នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ»។—សុភាសិត ១១:២៥

២០, ២១​. ពួក​អ្នក​ដែល​មើល​ថែរក្សា​មនុស្ស​វ័យ​ចាស់ តើ​ព្រះយេហូវ៉ា​រាប់​ពួក​គេ​យ៉ាង​ណា? ហើយ​តើ​យើង​ប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី?

២០ ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​កូន​ដែល​កោត​ខ្លាច​ព្រះ អ្នក​ត្រួត​ពិនិត្យ និង​គ្រីស្ទាន​ឯ​ទៀត​ដែល​ជួយ​មើល​ថែរក្សា​អ្នក​ជឿ​គ្នីគ្នា​ដែល​មាន​វ័យ​ចាស់​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន។ ចិត្ត​គំនិត​បែប​នេះ​គឺ​សម​ស្រប​នឹង​សុភាសិត​ដែល​ចែង​ថា​៖ «អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត​ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ទ្រង់​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ»។ (សុភាសិត ១៩:១៧) បើ​សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ចិត្ត​សប្បុរស​ដល់​អ្នក​ទាល់​ក្រ នោះ​ព្រះ​រាប់​ទង្វើ​នេះ​ទុក​ជា​កំចី ដែល​ទ្រង់​នឹង​តប​ស្នង​សង​គុណ​យើង​វិញ។ ទ្រង់​ក៏​នឹង​តប​ស្នង​សង​គុណ​យើង​ចំពោះ​ការ​មើល​ថែរក្សា​បងប្អូន​គ្នីគ្នា​ដែល​មាន​វ័យ​ចាស់ ដែល​ពួក​គាត់​ភាគ​ច្រើន​គឺ​«ពួក​អ្នក​ក្រ​នៅ​លោកីយ​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ»។—យ៉ាកុប ២:៥

២១ ការ​តប​ស្នង​សង​គុណ​របស់​ព្រះ​គឺ​ពិត​ជា​បរិបូរ​មែន! នេះ​រួម​បញ្ចូល​ជីវិត​ជា​រៀង​រហូត។ ចំពោះ​អ្នក​បំរើ​ភាគ​ច្រើន​របស់​ព្រះ​យេហូវ៉ា​គឺ​នឹង​ទទួល​ជីវិត​ជា​រៀង​រហូត​លើ​ផែនដី​មនោរម្យ ដែល​នឹង​លែង​មាន​ឥទ្ធិពល​នៃ​បាប​ដែល​មាន​ជា​មរតក ហើយ​មនុស្ស​វ័យ​ចាស់​ដែល​ចេះ​ស្ដាប់​បង្គាប់​នឹង​មាន​កម្លាំង​ខ្លាំង​ដូច​ក្មេង​វិញ។ (វិវរណៈ ២១:៣​-​៥) កាល​ដែល​យើង​រង់ចាំ​ពេល​ដ៏​ល្អ​ត្រចះត្រចង់​នេះ សូម​ឲ្យ​យើង​បន្ត​បំពេញ​នូវ​ភារកិច្ច​របស់​យើង​ជា​គ្រីស្ទាន​ដើម្បី​មើល​ថែរក្សា​មនុស្ស​វ័យ​ចាស់។

[កំណត់​សម្គាល់]

^ វគ្គ 8 ចំពោះ​ពត៌មាន​លំអិត​ថែម​ទៀត​អំពី​ការ​មើល​ថែទាំ​មាតាបិតា​ចាស់​ជរា សូម​មើល​សៀវភៅ​សុភមង្គល​គ្រួសារ ជំពូក​ទី១៥ ទំព័រ​១៧៣​-​១៨២។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​កូនៗ​អាច​ផ្ដល់​កិត្ដិយស​ឲ្យ​មាតា​បិតា​ដែល​មាន​វ័យចាស់​យ៉ាង​ដូច​ម្ដេច?

តើ​ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ការ​អបអរ​ដែល​មាន​សមាជិក​វ័យ​ចាស់​ក្នុង​ហ្វូង​ចៀម​របស់​ព្រះ ដោយ​ដូចម្ដេច?

តើ​គ្រីស្ទាន​ម្នាក់ៗ​អាច​ធ្វើ​អ្វី ដើម្បី​បង្ហាញ​នូវ ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​ចំពោះ​មនុស្ស​វ័យ​ចាស់?

តើ​យើង​អាច​ទទួល​ពរ​អ្វី​ខ្លះ​ពី​ការ​មើល​ថែរក្សា គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​២៩]

ពេល​ឪពុក​ម្ដាយ​របស់​គាត់​ត្រូវ​ការ​ជំនួយ

ភីលីព​ជា​ជន​ស្ម័គ្រ​ចិត្ត​ខាង​ផ្នែក​សាងសង់​សំណង់ ហើយ​នៅ​ឆ្នាំ​១៩៩៩​កាល​ដែល​គាត់​កំពុង​បំរើ​នៅ​ប្រទេស​លីបេរីយ៉ា​ក៏​បាន​ទទួល​ដំណឹង​ថា ឪពុក​គាត់​ឈឺ​យ៉ាង​ធ្ងន់។ ភីលីព​ដឹង​ថា​ម្ដាយ​របស់​គាត់​ពុំ​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ​ម្នាក់​ឯង​បាន​ទេ។ ដូច្នេះ​ហើយ​គាត់​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​រក​វិធី​ព្យាបាល​ជំងឺ​ឪពុក​របស់​គាត់។

ភីលីព​នឹក​ចាំ​ថា​៖ «ការ​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ ប៉ុន្តែ ខ្ញុំ​គិត​ថា​ការ​មើល​ថែរក្សា​មាតាបិតា​គឺ​ជា​ភារកិច្ច​ចំបង​របស់​ខ្ញុំ»។ ក្នុង​កំឡុង​ពេល​បី​ឆ្នាំ​គាត់​បាន​រក​ផ្ទះ​ដែល​ល្អ​សមរម្យ​សំរាប់​ឪពុក​ម្ដាយ​គាត់ ហើយ​ដោយ​មាន​ជំនួយ​ពី​បងប្អូន​គ្រីស្ទាន​នៅ​ក្នុង​តំបន់ ពួក​គេ​ក៏​បាន​ជួយ​រៀបចំ​ផ្ទះ​នោះ​ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ដ៏​ពិសេស​របស់​ឪពុក​គាត់។

សព្វ​ថ្ងៃ​នេះ​ម្ដាយ​របស់​ភីលីព​មាន​សមត្ថភាព​ច្រើន​ជាង​ក្នុង​ការ​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ខាង​សុខភាព​របស់​ឪពុក​ភីលីព។ នៅ​ពេល​ថ្មីៗ​នេះ ភីលីព​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​បំរើ​ជា​ជន​ស្ម័គ្រ​ចិត្ត​នៅ​ឯ​ការិយាល័យ​សាខា​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​នៅ​ប្រទេស​ម៉ាសេដូន។

[ប្រអប់​នៅ​ទំព័រ​៣១]

ពួក​គាត់​ពុំ​បាន​ធ្វើ​កន្តើយ​នឹង​តម្រូវ​ការ​របស់​គាត់

នៅ​ពេល​ដែល​បង​ស្រី​អាដា​ជា​ជន​គ្រីស្ទាន​ម្នាក់​ដែល​មាន​អាយុ​៨៥​ឆ្នាំ​នៅ​ប្រទេស​អូស្ដ្រាលី​ត្រូវ​តែ​នៅ​ក្នុង​ផ្ទះ​ដោយសារ​សុខភាព​មិន​ល្អ នោះ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​បាន​រៀបចំ​ផ្ដល់​ជំនួយ​ឲ្យ​គាត់។ ពួក​គាត់​បាន​ចាត់​ចែង​ឲ្យ​អ្នក​រួម​ជំនឿ​ដែល​អាច​ជួយ​គាត់។ បងប្អូន​ប្រុស​ស្រី​ទាំង​នេះ​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ទទួល​ភារកិច្ច​ផ្សេងៗ ដូច​ជា​ការ​បោស​សំអាត ការ​បោក​ខោ​អាវ ចំអិន​អាហារ និង​កិច្ចការ​ផ្សេងៗ​ទៀត​ក្នុង​ផ្ទះ។

ជំនួយ​នោះ​ត្រូវ​បាន​ចាប់ផ្ដើម​ជិត​អស់​ដប់​ឆ្នាំ​មក​ហើយ។ មក​ដល់​សព្វ​ថ្ងៃ​នេះ ស្មរបន្ទាល់​ប្រុស​ស្រី​ជាង​៣០​នាក់​បាន​ជួយ​មើល​ថែរក្សា​បង​ស្រី​អាដា។ ពួក​គេ​បន្ត​ទៅ​សួរ​សុខ​ទុក្ខ​គាត់ អាន​ប្រកាសនវត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះគម្ពីរ​ឲ្យ​គាត់​ស្ដាប់ ជំរាប​គាត់​អំពី​ការ​រីក​ចំរើន​ខាង​វិញ្ញាណ​របស់​បងប្អូន​ក្នុង​ក្រុមជំនុំ និង​តែង​តែ​អធិស្ឋាន​ជា​មួយ​នឹង​គាត់​ជានិច្ច។

អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុមជំនុំ​នោះ​ពោល​ថា​៖ «អស់​អ្នក​ដែល​មើល​ថែរក្សា​បង​ស្រី​អាដា​ចាត់​ទុក​ការ​ជួយ​គាត់​ជា​ឯកសិទ្ធិ​មួយ។ បងប្អូន​ប្រុស​ស្រី​ជា​ច្រើន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​កិច្ច​បំរើ​ដ៏​ស្មោះ​របស់​គាត់​អស់​ច្រើន​ឆ្នាំ​មក​ហើយៗ​ពួក​គាត់​ពុំ​អាច​ធ្វើ​កន្តើយ​នឹង​តម្រូវ​ការ​របស់​បង​ស្រី​អាដា​បាន​ឡើយ»។

[រូបភាព​នៅ​ទំព័រ​២៨]

តើ​យើង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​ចំពោះ​មាតាបិតា​វ័យ​ចាស់​ឬ​ទេ?

[រូបភាព​នៅ​ទំព័រ​៣០]

សមាជិក​ទាំង​អស់​ក្នុង​ក្រុមជំនុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ជឿ​គ្នីគ្នា​ដែល​មាន​វ័យ​ចាស់