លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរពង្រឹងកម្លាំងគ្នាទៅវិញទៅមក

ចូរពង្រឹងកម្លាំងគ្នាទៅវិញទៅមក

ចូរ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក

«អ្នក​ទាំង​នោះ . . . កំសាន្ត​ចិត្ត[ឬ​«ជួយ​ពង្រឹង​កម្លាំង»​, ព.ថ.]ខ្ញុំ»។—កូល៉ុស ៤:១១

១, ២​. ទោះ​ជា​អាច​នាំ​ឲ្យ​ខ្លួន​មាន​បញ្ហា​ក៏​ដោយ ហេតុ​អ្វី​បាន​ជា​មិត្តភក្ដិ​របស់​ប៉ុល​សុខ​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​គាត់​នៅ​ក្នុង​គុក​នោះ?

បើ​អ្នក​មាន​មិត្តភក្ដិ​ដែល​បាន​ជាប់​គុក​ជា​យូរ​ឆ្នាំ​ហើយ​នោះ សូម្បីតែ​គាត់​ជាប់​គុក​ដោយ​គ្មាន​ទោស​ក៏​ដោយ នោះ​ក៏​នាំ​ឲ្យ​អ្នក​មាន​បញ្ហា​ដែរ។ អ្នក​យាម​គុក​ប្រហែល​ជា​តាម​ដាន​អ្នក​ជាប់​ដោយ​ក្ដី​សង្ស័យ ក្រែងលោ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ដែរ។ ហេតុ​នេះ បើ​អ្នក​ទាក់ទង​មិត្តភក្ដិ​របស់​អ្នក​ជា​ទៀងទាត់​និង​ទៅ​សួរ​សុខ​ទុក្ខ​គាត់​នៅ​ក្នុង​គុក អ្នក​ត្រូវ​មាន​ចិត្ត​ក្លាហាន​មែន។

ប៉ុន្តែ នេះ​ជា​អ្វី​ដែល​មិត្តភក្ដិ​របស់​សាវ័ក​ប៉ុល​បាន​ធ្វើ​ប្រមាណ​១.៩០០​ឆ្នាំ​មុន។ ពួក​គាត់​មិន​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ជួប​ប៉ុល​នៅ​ក្នុង​គុក ដើម្បី​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​និង​ការ​សម្រាល​ទុក្ខ​ដែល​គាត់​ត្រូវ​ការ ថែម​ទាំង​ដើម្បី​ពង្រឹង​ជំនឿ​របស់​គាត់​ដែរ។ តើ​មិត្តភក្ដិ​ទាំង​នេះ​ជា​នរណា? តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ដោយ​ឃើញ​ភាព​ក្លាហាន ភាព​ស្មោះ​ត្រង់ និង​មិត្តភាព​របស់​ពួក​គាត់?—សុភាសិត ១៧:១៧

អ្នក​ដែល​«ជួយ​ពង្រឹង​កម្លាំង»

៣, ៤​. (ក) តើ​មិត្តភក្ដិ​ប្រាំ​នាក់​របស់​ប៉ុល​ជា​អ្នក​ណា? តើ​ពួក​គាត់​បាន​ជួយ​ប៉ុល​យ៉ាង​ណា? (ខ) តើ​ពាក្យ​ថា​«ជួយ​ពង្រឹង​កម្លាំង»​សំដៅ​ទៅ​លើ​អ្វី?

ឥឡូវ​សូម​គិត​ក្នុង​ចិត្ត​ថា​នេះ​ជា​ឆ្នាំ​៦០​ស.យ.។ នៅ​ឆ្នាំ​នោះ​សាវ័ក​ប៉ុល​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម​ដោយសារ​គេ​បាន​ចោទ​ប្រកាន់​មិន​ពិត​ថា គាត់​បំបះ​បំ​បោរ​ប្រជាជន​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ (កិច្ចការ ២៤:៥; ២៥:១១, ១២) ប៉ុល​ប្រាប់​ពី​ឈ្មោះ​នៃ​គ្រីស្ទាន​ប្រាំ​នាក់ដែល​បាន​ជួយ​គាំទ្រ​គាត់។ ទី​មួយ​គឺ ទីឃីកុស​ពី​តំបន់​អាស៊ី ជា​អ្នក​នាំ​សារ​របស់​ប៉ុល​ផ្ទាល់ និង​ជា‹បាវ​បំរើ​ជា​មួយ​នឹង​ប៉ុល​ក្នុង​ព្រះ​អម្ចាស់›។ ទីពីរ​គឺ​អូនេស៊ីម បង​ប្រុស​«ស្ងួនភ្ងា ហើយ​ស្មោះ​ត្រង់»​ពី​ទី​ក្រុង​កូល៉ុស។ ទី​បី​គឺ​សាសន៍​ម៉ាសេដូន​ម្នាក់​ឈ្មោះ​អើរីស្ដាក ពី​ទីក្រុង​ថែស្សាឡូនីច​ដែល​ធ្លាប់​«ជាប់​គុក​ជា​មួយ​នឹង»​ប៉ុល​ដែរ។ ទី​បួន​គឺ​ម៉ាកុស ដែល​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ឈ្មោះ​ម៉ាកុស និង​ជា​ប្អូន​ជីដូន​មួយ​របស់​បាណាបាស ដែល​ធ្លាប់​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ប៉ុល​ក្នុង​កំឡុង​ដែល​គាត់​ធ្វើ​ទស្សនកិច្ច​ជា​សាសនទូត។ ទី​ប្រាំ​គឺ​យូស្ទុស ដែល​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​«ខាង​ឯ​នគរ​ព្រះ»។ ប៉ុល​និយាយ​អំពី​អ្នក​ទាំង​ប្រាំ​ថា​៖ «អ្នក​ទាំង​នោះ . . . កំសាន្ត​ចិត្ត[ឬ​«ជួយ​ពង្រឹង​កម្លាំង»​, ព.ថ.]ខ្ញុំ»។—កូល៉ុស ៤:៧​-​១១

អ្វី​ដែល​ប៉ុល​បាន​និយាយ​អំពី​ជំនួយ​ដែល​គាត់​បាន​ទទួល​ពី​មិត្ត​ស្មោះ​ត្រង់​របស់​គាត់​មាន​ន័យ​ជ្រៅជ្រះ។ ប៉ុល​ប្រើ​ពាក្យ​ភាសា​ក្រិច​(ប៉ារ៉ាកូរីយ៉ា)ដែល​បកប្រែ​ថា​«ជួយ​ពង្រឹង​កម្លាំង»។ ក្នុង​ព្រះ​គម្ពីរ មាន​តែ​ខ​នេះ​ដែល​មាន​ពាក្យ​(ប៉ារ៉ាកូរីយ៉ា)​នោះ។ ពាក្យ​នេះ​មាន​អត្ថន័យ​ជា​ច្រើន ហើយ​ជា​ពិសេស​ពាក្យ​នេះ​សំដៅ​លើ​ថ្នាំ។ * ហើយ​ពាក្យ​នោះ​ក៏​អាច​បកប្រែ​ថា​‹ការ​ធូរ​ស្បើយ​ខាង​ផ្លូវ​ចិត្ត ការ​រំលែក​ទុក្ខ ការ​សម្រាល​ទុក្ខ ឬ​ការ​កំសាន្ត​ចិត្ត›។ នោះ​ជា​អ្វី​ដែល​ប៉ុល​ត្រូវ​ការ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​គាត់ ហើយ​បុរស​ទាំង​ប្រាំ​នាក់​នេះ​បាន​ផ្ដល់​ជំនួយ​នោះ។

មូលហេតុ​ដែល​ប៉ុល​ត្រូវ​ការ​អ្នក​ដែល​«ជួយ​ពង្រឹង​កម្លាំង»

៥​. ទោះបី​ប៉ុល​ជា​សាវ័ក​ម្នាក់​ពិត​មែន តើ​គាត់​ត្រូវ​ការ​អ្វី? ម្ដងម្កាល តើ​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​អ្វី?

ប្រហែល​ជា​មនុស្ស​ខ្លះ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា ប៉ុល​ដែល​ជា​សាវ័ក​ម្នាក់ ត្រូវ​ការ​គេ​ជួយ​ពង្រឹង​កម្លាំង​នោះ។ ប៉ុន្តែ គាត់​ពិត​ជា​ត្រូវ​ការ​មែន។ ពិត​មែន​ថា ប៉ុល​មាន​ជំនឿ​មុត​មាំ ហើយ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ធ្វើ​ទុក្ខ​ទោស​លើ​រូប​កាយ​ជា​ច្រើន ដូច​ជា​«ត្រូវ​រំពាត់​ហួស​ល្បត់» «ជិត​ស្លាប់​ជា​ញឹកញយ» និង​ការ​ឈឺចាប់​ផ្សេង​ទៀត។ (កូរិនថូសទី២ ១១:២៣​-​២៧) យ៉ាង​ណា​ក៏​ដោយ គាត់​ជា​មនុស្ស​ដូច​យើង​ដែរ ហើយ​មនុស្ស​ទាំង​អស់​ម្ដងម្កាល​ត្រូវ​ការ​នូវ​ការ​សម្រាល​ទុក្ខ​និង​ត្រូវ​ការ​អ្នក​ឯ​ទៀត​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ សូម្បីតែ​ព្រះ​យេស៊ូ​ក៏​ត្រូវ​ការ​ការ​ពង្រឹង​កម្លាំង​នេះ​ដែរ។ នៅ​រាត្រី​ចុង​ក្រោយ មាន​ទេវតា​មួយ​រូប​មក​ជួប​ទ្រង់​នៅ​សួន​គែតសេម៉ានី​ហើយ​បាន​«ចំរើន​កំឡាំង​ថ្វាយ»​ទ្រង់។—លូកា ២២:៤៣

៦, ៧​. (ក) នៅ​ទី​ក្រុង​រ៉ូម តើ​អ្នក​ណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ុល​ខក​ចិត្ត? តើ​អ្នក​ណា​បាន​លើក​ទឹក​ចិត្ត​ប៉ុល? (ខ) នៅ​ទី​ក្រុង​រ៉ូម តើ​បងប្អូន​គ្រីស្ទាន​របស់​ប៉ុល​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច​ខ្លះ​បាន​ជា​«ជួយ​ពង្រឹង​កម្លាំង​គាត់»?

ប៉ុល​ក៏​ត្រូវ​ការ​គេ​ជួយ​ពង្រឹង​កម្លាំង​គាត់​ដែរ។ នៅ​ពេល​ប៉ុល​ត្រូវ​នាំ​ទៅ​ដល់​ទី​ក្រុង​រ៉ូម​ជា​អ្នក​ទោស​នោះ ជន​រួម​ជាតិ​របស់​គាត់​មិន​បាន​មក​ទទួល​ស្វាគមន៍​គាត់​នោះ​ទេ។ ជា​ទូទៅ ជនជាតិ​យូដា​ទាំង​នេះ​មិន​បាន​ស្ដាប់​តាម​សារ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ។ កំណត់​ហេតុ​នៅ​សៀវភៅ​កិច្ចការ​ប្រាប់​ថា ក្រោយ​បុរស​ជា​មេ​សាសន៍​យូដា​បាន​មក​ជួប​ប៉ុល​នៅ​កន្លែង​ដែល​គេ​ឃុំ​គាត់​នោះ​៖ «អ្នក​ខ្លះ​ក៏​ទទួល​ជឿ​សេចក្ដី​ដែល​គាត់​អធិប្បាយ តែ​អ្នក​ខ្លះ​មិន​ព្រម​ជឿ​ទេ នោះ​គេ​ចេញ​ទៅ​ទាំង​ទាស់ទែង​គ្នា»។ (កិច្ចការ ២៨:១៧, ២៤, ២៥) ប៉ុល​ច្បាស់​ជា​ពិបាក​ចិត្ត​ដោយសារ​ពួក​គេ​មិន​យល់​តម្លៃ​នៃ​សេចក្ដី​សប្បុរស​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ​យេហូវ៉ា! សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ប៉ុន្មាន​ឆ្នាំ​មុន​ទៅ​កាន់​ក្រុមជំនុំ​នៅ​ទី​ក្រុង​រ៉ូម​បញ្ជាក់​ថា គាត់​មាន​អារម្មណ៍​សោកសៅ​ប៉ុន​ណា។ គាត់​បាន​សរសេរ​ថា​៖ «ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​សោក​ជា​ខ្លាំង នឹង​សេចក្ដី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរតែ​នឹង​សូម​ឲ្យ​ព្រះ​គ្រីស្ទ​ដាក់​បណ្ដាសា​ខ្ញុំ​វិញ ជំនួស​បងប្អូន[ជនជាតិ​យូដា]ជា​ញាតិ​សន្ដាន​របស់​ខ្ញុំ​ខាង​ឯ​សាច់​ឈាម»។ (រ៉ូម ៩:២, ៣) យ៉ាង​ណា​ក៏​ដោយ នៅ​ទី​ក្រុង​រ៉ូម​ប៉ុល​បាន​រក​ឃើញ​មិត្ត​សំឡាញ់​ពិត​ដែល​ជួយ​សម្រាល​ទុក្ខ​គាត់​ដោយសារ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ក្លាហាន​របស់​ពួក​គាត់។ ពួក​គាត់​ជា​បងប្អូន​ខាង​វិញ្ញាណ​ពិត​ប្រាកដ​របស់​ប៉ុល។

តើ​បង​ប្រុស​ប្រាំ​នាក់​នោះ​បាន​ជួយ​ពង្រឹង​កម្លាំង​ប៉ុល​យ៉ាង​ដូច​ម្ដេច? ពិត​មែន​ថា​ប៉ុល​ជាប់​គុក តែ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ខ្មាស​មិន​ហ៊ាន​ទៅ​ជួប​ប៉ុល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​សេចក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ពួក​គាត់​បាន​ជួយ​ធ្វើ​កិច្ចការ​ដែល​ប៉ុល​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ដោយ​ព្រោះ​ជាប់​គុក។ ជា​ឧទាហរណ៍ ពួក​គាត់​បាន​នាំ​សារ​ឲ្យ​ប៉ុល ហើយ​ក៏​ជូន​ឲ្យ​សំបុត្រ​និង​ពាំ​នាំ​នូវ​ការ​ណែនាំ​ទៅ​ក្រុមជំនុំ​ផ្សេងៗ។ ពួក​គាត់​ក៏​បាន​រាយ​ការណ៍​ប្រាប់​ប៉ុល​អំពី​សុខ​ទុក្ខ​បងប្អូន​នៅ​ទី​ក្រុង​រ៉ូម​និង​កន្លែង​ផ្សេង​ទៀត ហើយ​នេះ​បាន​លើក​ទឹក​ចិត្ត​ប៉ុល​ដែរ។ ពួក​គាត់​ទំនង​ជា​ធ្លាប់​ជួយ​ទិញ​របស់​របរ​ផ្សេងៗ​ដែល​ប៉ុល​ត្រូវ​ការ ដូច​ជា​សំលៀកបំពាក់​សំរាប់​រដូវ​រងា ក្រដាស​រមូរ និង​ប្រដាប់ប្រដា​សរសេរ​ជា​ដើម។ (អេភេសូរ ៦:២១, ២២; ធីម៉ូថេទី២ ៤:១១​-​​១៣) ទង្វើ​ទាំង​អស់​នេះ​បាន​ជួយ​ប៉ុល​និង​បាន​លើក​ទឹក​ចិត្ត​គាត់​ពេល​ដែល​ជាប់​គុក ហើយ​លទ្ធផល​ពី​ជំនួយ​នេះ​គឺ​ប៉ុល​អាច​ជួយ​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត​និង​ក្រុមជំនុំ​ផ្សេងៗ​ទៀត​ផង​ដែរ។—រ៉ូម ១:១១, ១២

របៀប​«ជួយ​ពង្រឹង​កម្លាំង»​អ្នក​ឯ​ទៀត

៨​. ដោយសារ​ប៉ុល​សារភាព​ដោយ​ចិត្ត​រាប​ទាប​ថា គាត់​ត្រូវ​ការ​អ្នក​«ជួយ​ពង្រឹង​កម្លាំង»​នោះ តើ​យើង​ទាញ​យក​មេ​រៀន​អ្វី?

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​អំពី​ប៉ុល​និង​សហការី​ប្រាំ​នាក់​របស់​គាត់​នោះ? សូម​យើង​ពិចារណា​មេ​រៀន​មួយ​ជា​ពិសេស​នោះ​គឺ​៖ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​និង​ត្រូវ​ចេះ​ធ្វើ​ពលិកម្ម​ទើប​អាច​ជួយ​អ្នក​ឯ​ទៀត​ពេល​ពួក​គេ​ជួប​ការ​លំបាក។ ម្យ៉ាង​ទៀត យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប ទើប​អាច​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ជំនួយ​នៅ​ពេល​យើង​ជួប​នឹង​ការ​លំបាក។ ប៉ុល​មិន​ត្រឹម​តែ​សារភាព​ថា​គាត់​ត្រូវ​ការ​ជំនួយ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​ទទួល​ជំនួយ​នោះ​ដោយ​ចិត្ត​អបអរ ថែម​ទាំង​បាន​សរសើរ​អ្នក​ដែល​ជួយ​គាត់​ទៀត​ផង។ ប៉ុល​គ្មាន​គំនិត​ថា ការ​ព្រម​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត​ជា​អ្វី​ដែល​គួរ​ឲ្យ​អាម៉ាស់​ខ្មាស​ឬ​មាន​ន័យ​ថា​ខ្លួន​យើង​អន់​នោះ​ទេ ហើយ​យើង​ក៏​មិន​ត្រូវ​គិត​ដូច្នេះ​ដែរ។ បើ​យើង​គិត​ថា យើង​មិន​ដែល​ត្រូវ​ការ​អ្នក​ណា​ជួយ​ពង្រឹង​កម្លាំង​យើង​នោះ គឺ​ហាក់​ដូច​ជា​ចង់​និយាយ​ថា​យើង​ជា​មនុស្ស​មិន​ធម្មតា​ដែល​ខ្លាំង​លើស​ជាង​គេ​ក្នុង​ពិភពលោក។ សូម​ចាំ​គំរូ​របស់​ព្រះ​យេស៊ូ​បង្ហាញ​ថា សូម្បីតែ​មនុស្ស​គ្រប់​ល័ក្ខណ៍​ក៏​ជួន​កាល​ត្រូវ​ទូល​អង្វរ​សុំ​ជំនួយ​ដោយ​សម្លេង​យ៉ាង​ខ្លាំង​ដែរ។—ហេព្រើរ ៥:៧

៩, ១០​. តើ​មាន​លទ្ធផល​ល្អ​យ៉ាង​ណា​ពេល​បុគ្គល​ម្នាក់​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ការ​ជំនួយ? តើ​នេះ​អាច​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​បុគ្គល​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​និង​ក្នុង​ក្រុម​គ្រួសារ?

មាន​លទ្ធផល​ល្អ​ពេល​បង​ប្រុសៗ​ដែល​នាំ​មុខ​សារភាព​ថា​ខ្លួន​មិន​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​បាន​នោះ​ទេ ហើយ​ត្រូវ​ពឹង​ជំនួយ​អ្នក​ឯ​ទៀត​ដែរ។ (យ៉ាកុប ៣:២) ការ​សារភាព​ដូច្នេះ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​រវាង​អ្នក​ដែល​មាន​មុខ​តំណែង​នាំ​មុខ​និង​អ្នក​ដែល​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​នោះ ទាំង​នាំ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់ទង​គ្នា​ដោយ​មិន​ទើសទាល់។ ចិត្ត​រាប​ទាប​របស់​អ្នក​ដែល​ព្រម​ទទួល​ជំនួយ ជា​គំរូ​សំរាប់​អ្នក​ឯ​ទៀត​ដែល​ជួប​នឹង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ។ នោះ​បង្ហាញ​ថា អ្នក​ដែល​កំពុង​តែ​នាំ​មុខ​ក៏​ជា​មនុស្ស​ធម្មតា​ដែរ ហើយ​ជា​មនុស្ស​ដែល​ស្រួល​ទាក់ទង។—សាស្ដា ៧:២០

១០ ជា​ឧទាហរណ៍ ពេល​ដែល​កូន​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ឬ​កំពុង​តែ​ជួប​នឹង​សេចក្ដី​ល្បួង កូន​ប្រហែល​ជា​ស្រួល​ទទួល​ជំនួយ​ពី​មាតា​បិតា​ជាង​ពេល​កូន​ដឹង​ថា មាតា​បិតា​ក៏​ធ្លាប់​មាន​បញ្ហា​ស្រដៀង​នឹង​ខ្លួន​ដែរ​ពេល​ពួក​គាត់​នៅ​ក្មេង។ (កូល៉ុស ៣:២១) យ៉ាង​នេះ មាតា​បិតា​និង​កូន​អាច​និយាយ​គ្នា​ចេញ​ពី​ចិត្ត។ បើ​មាតា​បិតា​ប្រាប់​ពី​ដំណោះ​ស្រាយ​ដែល​បញ្ជាក់​ក្នុង​បទ​គម្ពីរ​នោះ​មាន​ប្រសិទ្ធ​ភាព​ជាង ហើយ​កូន​ក៏​ឆាប់​ស្ដាប់​តាម​ដែរ។ (អេភេសូរ ៦:៤) ស្រដៀង​គ្នា​ដែរ សមាជិក​ក្រុមជំនុំ​នឹង​សប្បាយ​ចិត្ត​ទទួល​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ជាង ពេល​សមាជិក​ទាំង​នោះ​ទទួល​ស្គាល់​ថា អ្នក​ចាស់​ទុំ​ក៏​មាន​បញ្ហា​ដែរ ហើយ​ចេះ​ភ័យ​ខ្លាច​និង​ទាល់​ប្រាជ្ញា។ (រ៉ូម ១២:៣; ពេត្រុសទី១ ៥:៣) នេះ​ក៏​បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​សមាជិក​ក្រុមជំនុំ​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​ចេញ​ពី​ចិត្ត រួច​អ្នក​ចាស់​ទុំ​អាច​ជូន​ឱវាទ​ពី​បទ​គម្ពីរ ហើយ​ពង្រឹង​ជំនឿ​បងប្អូន។ សូម​ចាំ​ថា បងប្អូន​ប្រុស​ស្រី​របស់​យើង​ត្រូវ​ការ​នូវ​ការ​ពង្រឹង​ជំនឿ​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត។—ធីម៉ូថេទី២ ៣:១

១១​. ហេតុ​អ្វី​បាន​ជា​បងប្អូន​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការ​អ្នក​ជួយ​ពង្រឹង​កម្លាំង?

១១ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ក្ដី ជា​អ្នក​ណា​ក្ដី មាន​វ័យចាស់​ឬ​ក្មេង​ក្ដី ម្ដងម្កាល​ក្នុង​ជីវិត​របស់​យើង យើង​ទាំង​អស់​គ្នា​នឹង​ជួប​បញ្ហា​ដែល​នាំ​ឲ្យ​តានតឹង​ចិត្ត​ជាក់​ជា​មិន​ខាន។ ជីវិត​ក្នុង​លោកីយ៍​នេះ​គឺ​ដូច្នេះ​ហើយ។ (វិវរណៈ ១២:១២) បញ្ហា​ទាំង​នេះ​ដែល​នាំ​ឲ្យ​យើង​ពិបាក​ខាង​ផ្លូវ​កាយ​ឬ​ផ្លូវ​ចិត្ត​នោះ សាកល្បង​នូវ​ភាព​មុត​មាំ​នៃ​ជំនឿ​របស់​យើង។ ការ​ល្បងល​អាច​មាន​នៅ​កន្លែង​ធ្វើ​ការ នៅ​ឯ​សាលា​រៀន ក្នុង​ក្រុម​គ្រួសារ ឬ​ក៏​ក្នុង​ក្រុមជំនុំ។ ជំងឺ​ធ្ងន់ធ្ងរ​ឬ​ស្លាក​ស្នាម​ផ្លូវ​ចិត្ត​ដែល​បន្សល់​ទុក​ពី​អតីតកាល​អាច​ល្បងល​ជំនឿ​យើង​ដែរ។ បើ​ប្ដី​ឬ​ប្រពន្ធ អ្នក​ចាស់​ទុំ​ម្នាក់ ឬ​មិត្តភក្ដិ​ណា​មួយ​ពោល​ពាក្យ​ដែល​លើក​ទឹក​ចិត្ត​ឬ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង នោះ​សម្រាល​ទុក្ខ​យើង​ខ្លាំង​ណាស់! នោះ​គឺ​ដូច​ជា​ថ្នាំ​ដែល​លាប​ស្បែក​ធ្វើ​ឲ្យ​បាត់​រមាស់​បាត់​ក្រហាយ! ហេតុ​នេះ​ហើយ បើ​អ្នក​ឃើញ​បងប្អូន​ណា​ម្នាក់​មាន​បញ្ហា​ដូច្នេះ ចូរ​ជួយ​ពង្រឹង​កម្លាំង​គាត់​ផង។ ឬ​មួយ​ក៏​បើ​អ្នក​មាន​បញ្ហា​ណា​មួយ​នាំ​ឲ្យ​អំពល់ នោះ​ចូរ​សុំ​ជំនួយ​ពី​អ្នក​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ខាង​វិញ្ញាណ។—យ៉ាកុប ៥:១៤, ១៥

របៀប​សមាជិក​ក្នុង​ក្រុមជំនុំ​អាច​ជួយ​បាន

១២​. តើ​បងប្អូន​ម្នាក់ៗ​ក្នុង​ក្រុមជំនុំ​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​កម្លាំង​បងប្អូន​ខ្លួន?

១២ សមាជិក​គ្រប់​រូប​ក្នុង​ក្រុមជំនុំ រួម​ទាំង​ប្អូនៗ​ដែល​នៅ​ក្មេង​អាច​ជួយ​ពង្រឹង​កម្លាំង​អ្នក​ដទៃ​ដែរ។ វិធី​មួយ​គឺ​ដោយ​ទៅ​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វផ្សាយ​ជា​ទៀងទាត់ នោះ​ជួយ​ពង្រឹង​ជំនឿ​អ្នក​ឯ​ទៀត​យ៉ាង​ខ្លាំង។ (ហេព្រើរ ១០:២៤, ២៥) បើ​អ្នក​ចូល​រួម​កិច្ច​បំរើ​ដ៏​ពិសិដ្ឋ​នេះ​ទៀងទាត់​ជានិច្ច នោះ​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​បង្ហាញ​ថា​អ្នក​កំពុង​តែ​ចាំ​យាម​ខាង​វិញ្ញាណ ទោះ​ជា​អ្នក​កំពុង​តែ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ក៏​ដោយ។ (អេភេសូរ ៦:១៨) ការ​ធ្វើ​ដូច​នេះ​ជា​ទៀងទាត់​អាច​ជួយ​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត។—យ៉ាកុប ២:១៨

១៣​. ហេតុ​អ្វី​បាន​ជា​បងប្អូន​ខ្លះ​ទៅ​ជា​អសកម្ម? តើ​អាច​ជួយ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច?

១៣ ជួន​កាល កង្វល់​កង្វាយ​នៃ​ជីវិត​ឬ​បញ្ហា​លំបាក​ផ្សេង​ទៀត​អាច​បណ្ដាល​ឲ្យ​បងប្អូន​ខ្លះ​បង្អង់​ឬ​ទៅ​ជា​អសកម្ម​ក្នុង​កិច្ចបំរើ។ (ម៉ាកុស ៤:១៨, ១៩) ប្រហែល​ជា​យើង​មិន​ឃើញ​អ្នក​អសកម្ម​មក​ប្រជុំ​នៅឯ​ក្រុមជំនុំ​ទេ។ ក៏​ប៉ុន្តែ ពួក​គេ​ទំនង​ជា​នៅ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​គេ? អ្នក​ចាស់​ទុំ​អាច​ផ្ដល់​ជំនួយ​ដោយ​ទៅ​ជួប​គាត់​នៅ​ផ្ទះ។ (កិច្ចការ ២០:៣៥) ពួក​គាត់​ក៏​ប្រហែល​ជា​នឹង​សុំ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​ឲ្យ​ជួយ​ដែរ។ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ទៅ​ជួប​អ្នក​ទាំង​នេះ អាច​ជា​ឱសថ​យ៉ាង​ស័ក្ដិ​សិទ្ធិ​ដែល​ជួយ​ពង្រឹង​ជំនឿ​អ្នក​ខ្សោយ​ខាង​វិញ្ញាណ។

១៤, ១៥​. តើ​ប៉ុល​ជូន​ឱវាទ​អ្វី​អំពី​ការ​ជួយ​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត? សូម​ឲ្យ​ឧទាហរណ៍​ក្នុង​ក្រុមជំនុំ​មួយ​ដែល​បាន​អនុវត្ត​តាម​ឱវាទ​នេះ។

១៤ ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​«ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ»។ (ថែស្សាឡូនីចទី១ ៥:១៤) ប្រហែល​ជា​អ្នក​«ទន់​ក្រំ​ចិត្ត»​ឃើញ​ថា ភាព​ក្លាហាន​របស់​ខ្លួន​បាន​រសាយ​ទៅ ហើយ​បើ​គ្មាន​ជំនួយ​នោះ ពុំ​អាច​ឈ្នះ​ពាន​ពារ​ឧបសគ្គ​ដែល​ស្ថិត​នៅ​ពី​មុខ​ខ្លួន​បាន​ទេ។ តើ​អ្នក​អាច​ជួយ​បាន​ទេ? ពាក្យ​ថា​«គាំពារ​ពួក​អ្នក​ដែល​ខ្សោយ»​ត្រូវ​បាន​បកស្រាយ​ថា​«កាន់​ឲ្យ​ជាប់»​ឬ​«តោង​ឲ្យ​ជាប់»​នឹង​អ្នក​ដែល​ខ្សោយ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​ចៀម​ទាំង​អស់​របស់​ទ្រង់។ ទ្រង់​ពុំ​ដែល​ចាត់​ទុក​ចៀម​របស់​ទ្រង់​ថា​គ្មាន​តម្លៃ ក៏​មិន​ចង់​ឲ្យ​ចៀម​ណា​មួយ​រសាត់​ចេញ​ពី​ទ្រង់​ដែរ។ តើ​អ្នក​អាច​ជួយ​បងប្អូន​ក្នុង​ក្រុមជំនុំ​«កាន់​ឲ្យ​ជាប់»​នឹង​អ្នក​ដែល​ខ្សោយ​ខាង​វិញ្ញាណ​ទាល់តែ​ពួក​គាត់​ខ្លាំង​ជាង​ឬ​ទេ?—ហេព្រើរ ២:១

១៥ អ្នក​ចាស់​ទុំ​ម្នាក់​បាន​ទៅ​ជួប​គូ​ប្ដី​ប្រពន្ធ​ដែល​ធ្លាប់​អសកម្ម​ប្រាំ​មួយ​ឆ្នាំ។ អ្នក​ចាស់​ទុំ​នោះ​បាន​សរសេរ​ថា​៖ «ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សប្បុរស​ដែល​ក្រុមជំនុំ​ទាំង​មូល​បាន​សម្ដែង​ចំពោះ​ពួក​គាត់ មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ​ដែល​បាន​ជំរុញ​ពួក​គាត់​ឲ្យ​ត្រឡប់​មក​ហ្វូង​ចៀម​ម្ដង​ទៀត»។ តើ​បង​ស្រី​ដែល​ធ្លាប់​អសកម្ម​នោះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បងប្អូន​ដែល​ធ្លាប់​មក​ជួប​គាត់? ឥឡូវ​គាត់​និយាយ​ថា​៖ «អ្វី​ដែល​បាន​ជួយ​យើង​ចាប់​ផ្ដើម​មាន​សកម្មភាព​ឡើង​វិញ​គឺ បង​ប្រុសៗ​និង​បង​ស្រីៗ​ដែល​ធ្លាប់​មក​ជា​មួយ​នឹង​ពួក​គាត់ ពួក​គេ​មិន​ដែល​ថ្កោល​ទោស​យើង​ឬ​រិះគន់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​យោគ​យល់​និង​លើក​ទឹក​ចិត្ត​យើង​ពី​បទ​គម្ពីរ»។

១៦​. តើ​អ្នក​ណា​ដែល​បំ​រុង​តែ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​នូវ​ការ​ពង្រឹង​កម្លាំង?

១៦ ពិត​ណាស់​ថា គ្រីស្ទាន​ស្មោះ​ត្រង់​រីករាយ​ក្នុង​ការ​ជួយ​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត ហើយ​នៅ​ពេល​កាលៈទេសៈ​ក្នុង​ជីវិត​យើង​កែ​ប្រែ យើង​ប្រហែល​ជា​នឹង​ទទួល​ការ​ពង្រឹង​កម្លាំង​ពី​បងប្អូន​របស់​យើង​ដែរ។ ក៏​ប៉ុន្តែ តាម​ការ​ពិត ប្រហែល​ជា​នឹង​មាន​គ្រា​ដែល​យើង​ត្រូវ​ការ​ជំនួយ តែ​គ្មាន​អ្នក​ណា​ដែល​អាច​ជួយ​យើង​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ មាន​បុគ្គល​មួយ​អង្គ​ជា​ប្រភព​កម្លាំង​ដែល​យើង​អាច​ពឹង​ជានិច្ច ហើយ​បុគ្គល​នោះ​បំ​រុង​តែ​នឹង​ជួយ​យើង​ជានិច្ច។ បុគ្គល​នោះ​គឺ​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ២៧:១០

ព្រះ​យេហូវ៉ា​ជា​ប្រភព​ដើម​ដែល​ផ្ដល់​កម្លាំង

១៧, ១៨​. តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​រាជបុត្រា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៧ ពេល​ព្រះ​យេស៊ូ​ជាប់​លើ​បង្គោល​ឈើ​ទ្រង់​បាន​បន្លឺ​ព្រះ​សូរ​សៀង​ថា​៖ «ឱ​ព្រះ​វរបិតា​អើយ! ទូល​បង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ​ហស្ត​ទ្រង់​វិញ»។ (លូកា ២៣:៤៦) រួច​ទ្រង់​សោយទិវង្គត​ទៅ។ ប៉ុន្មាន​ម៉ោង​មុន​នោះ ទ្រង់​ត្រូវ​បាន​គេ​ចាប់​ហើយ​មិត្តភក្ដិ​ជិត​ស្និទ្ធ​របស់​ទ្រង់​បាន​ភ័យ​ខ្លាច​ហើយ​រត់​ចោល​ទ្រង់​អស់។ (ម៉ាថាយ ២៦:៥៦) ព្រះ​យេស៊ូ​នៅ​មួយ​អង្គ​ឯង​ទ្រង់​មាន​ប្រភព​កម្លាំង​តែ​មួយ​គត់​ដែល​ជួយ​ពង្រឹង​កម្លាំង​ទ្រង់ នោះ​គឺ​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌។ យ៉ាង​ណា​ក៏​ដោយ កាល​ដែល​ទ្រង់​បាន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ ភាព​ស្មោះ​ត្រង់​របស់​ព្រះ​យេស៊ូ​ចំពោះ​ព្រះ​វរបិតា​ទ្រង់​បាន​ទទួល​រង្វាន់ គឺ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​ដោយ​គាំទ្រ​ព្រះ​យេស៊ូ។—ទំនុកដំកើង ១៨:២៥; ហេព្រើរ ៧:២៦

១៨ ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ព្រះ​យេហូវ៉ា​បាន​ប្រទាន​អ្វីៗ​ដែល​រាជបុត្រា​ទ្រង់​ត្រូវ​ការ​ដើម្បី​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ។ ជា​ឧទាហរណ៍ ភ្លាមៗ​ក្រោយ​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែល​ជា​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​បំរើ​របស់​ទ្រង់​នោះ ទ្រង់​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​វរបិតា​ដែល​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​សព្វ​ព្រះ​ហឫទ័យ​នឹង​ព្រះ​យេស៊ូ។ នៅ​ពេល​ព្រះ​យេស៊ូ​ត្រូវ​ការ​នូវ​ការ​គាំទ្រ​នោះ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​មក​ពង្រឹង​កម្លាំង​ទ្រង់។ នៅ​ពេល​ព្រះ​យេស៊ូ​ប្រឈម​មុខ​នឹង​ការ​ល្បងល​ធំ​បំផុត​កាល​ដែល​ជិត​អស់​ព្រះ​ជន្ម​របស់​ទ្រង់​លើ​ផែនដី​នោះ ព្រះ​យេហូវ៉ា​បាន​សណ្ដាប់​និង​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល​អង្វរ​របស់​ទ្រង់។ ទាំង​អស់​នេះ​ប្រាកដ​ជា​បាន​ពង្រឹង​កម្លាំង​ព្រះ​យេស៊ូ​មែន។—ម៉ាកុស ១:១១,​១៣; លូកា ២២:៤៣

១៩, ២០​. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ពង្រឹង​កម្លាំង​យើង​នៅ​ពេល​យើង​ត្រូវ​ការ?

១៩ ព្រះ​យេហូវ៉ា​ក៏​សព្វ​ព្រះទ័យ​ធ្វើ​ជា​ប្រភព​ចំ​បង​ដែល​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដែរ។ (របាក្សត្រទី២ ១៦:៩) ប្រភព​ដើម​នៃ​ព្រះ​ចេស្ដា​ដ៏​ធំ​និង​តេជានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ក៏​អាច​ពង្រឹង​កម្លាំង​យើង​ដែរ​នៅ​ពេល​យើង​ត្រូវ​ការ។ (អេសាយ ៤០:២៦) សង្គ្រាម ភាព​ក្រីក្រ ជំងឺ សេចក្ដី​ស្លាប់ ឬ​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង​ផ្ទាល់​អាច​នាំ​ឲ្យ​តានតឹង​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ពេល​ការ​ល្បងល​ក្នុង​ជីវិត​មើល​ទៅ​ឃើញ​សម្បើម​ដូច​ជា​«ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ»​នោះ ព្រះ​យេហូវ៉ា​អាច​ជា​ប្រភព​នៃ​កម្លាំង​របស់​យើង។ (ទំនុកដំកើង ១៨:១៧; និក្ខមនំ ១៥:២) ទ្រង់​មាន​ជំនួយ​ដ៏​ពូកែ​មួយ​សំរាប់​យើង គឺ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់។ តាម​រយៈ​វិញ្ញាណ​របស់​ទ្រង់ ព្រះ​យេហូវ៉ា​អាច​«ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ»​ដើម្បី​គាត់​អាច​«ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី»។—អេសាយ ៤០:២៩, ៣១

២០ វិញ្ញាណ​របស់​ព្រះ​ជា​កម្លាំង​ខ្លាំង​បំផុត​ក្នុង​សកលលោក។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ទ្រង់​ដែល​ចំរើន​កំឡាំង​ដល់​ខ្ញុំ›។ ពិត​មែន ព្រះ​វរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​អាច​ប្រទាន​នូវ​«ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់»​ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​គ្រប់​ទាំង​បញ្ហា​ដែល​លំបាក​ទាល់តែ​ទ្រង់​ធ្វើ​«ទាំង​អស់​ឡើង​ជា​ថ្មី»​ក្នុង​សួន​មនោរម្យ​របស់​ទ្រង់​ដែល​ជិត​មក​ដល់​ហើយ។—ភីលីព ៤:១៣; កូរិនថូសទី២ ៤:៧; វិវរណៈ ២១:៤, ៥

[កំណត់​សម្គាល់]

^ វគ្គ 4 វចនានុក្រម​អធិប្បាយ​ពី​ពាក្យ​ក្នុង​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី និពន្ធ​ដោយ​លោក​វ៉ែន​ប្រាប់​ថា​៖ «បើ​ពាក្យ​នេះ[ប៉ារ៉ាកូរីយ៉ា]ជា​កិរិយាសព្ទ​វិញ នោះ​សំដៅ​លើ​ថ្នាំ​ដែល​យក​មក​លាប​ស្បែក​ធ្វើ​ឲ្យ​អន់​ឈឺ បាត់​ក្រហាយ​បាត់​រមាស់»។

តើ​អ្នក​ចាំ​ទេ?

តើ​បងប្អូន​នៅ​ទី​ក្រុង​រ៉ូម​បាន​«ជួយ​ពង្រឹង​កម្លាំង»​របស់​ប៉ុល​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​«ជួយ​ពង្រឹង​កម្លាំង»​របស់​បងប្អូន​ក្នុង​ក្រុមជំនុំ​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​ជា​ប្រភព​ដើម​ដែល​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដោយ​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]