លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរមានចិត្ដក្លាហានដូចយេរេមា

ចូរមានចិត្ដក្លាហានដូចយេរេមា

ចូរ​មាន​ចិត្ត​ក្លាហាន​ដូច​យេរេមា

«ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កំឡាំង​ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ! គួរ​រង់ចាំ​ព្រះ​យេហូវ៉ា​ទៅ»។—ទំនុកដំកើង ២៧:១៤

១​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទទួល​ពរ​វិសេស​អ្វី?

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ។ (អេសាយ ១១:៦​-​៩) ទោះ​ជា​ពួក​គេ​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ពោរពេញ​ដោយ​បញ្ហា​ក៏​ពិត​មែន ក៏​ពួក​គេ​ហាក់​ដូច​ជា​ស្ថិត​នៅ​ទី​កន្លែង​ពិសេស​មួយ​ខាង​វិញ្ញាណ​ជា​មួយ​នឹង​គ្រីស្ទាន​ឯ​ទៀត ដែល​មាន​មេត្រីភាព​ជា​មួយ​គ្នា ព្រម​ទាំង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង​ដែរ។ (ទំនុកដំកើង ២៩:១១; អេសាយ ៥៤:១៣) ហើយ​សួន​មនោរម្យ​ខាង​វិញ្ញាណ​របស់​ពួក​គេ​កំពុង​តែ​ធំ​ទៅៗ។ អស់​អ្នក​ដែល​«ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ​ឲ្យ​អស់​ពី​ចិត្ត»​ក៏​ជួយ​ពង្រីក​សួន​មនោរម្យ​ខាង​វិញ្ញាណ​នេះ។ (អេភេសូរ ៦:៦) តើ​ជួយ​ពង្រីក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត ហើយ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ យ៉ាង​នេះ​ពួក​គេ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​ហើយ​ទទួល​ពរ​វិសេស។—ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៥:៨

២, ៣​. តើ​គ្រីស្ទាន​ពិត​ត្រូវ​ស៊ូ​ទ្រាំ​នឹង​អ្វី​ខ្លះ?

ក៏​ប៉ុន្តែ ទោះ​ជា​យើង​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​ក៏​ពិត​មែន តែ​នេះ​មិន​មាន​ន័យ​ថា​យើង​មិន​ជួប​ទុក្ខ​លំបាក​ទេ។ យើង​នៅ​តែ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ហើយ​ចេះ​ឈឺ ចេះ​ចាស់ និង​នៅ​ទីបំផុត​ក៏​ស្លាប់​ដែរ។ ម្យ៉ាង​ទៀត យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​សម្រេច​នៃ​ទំនាយ​ទាំង​ប៉ុន្មាន​ដែល​ទាក់ទង​នឹង​ថ្ងៃ​«ជាន់​ក្រោយ​បង្អស់»។ (ធីម៉ូថេទី២ ៣:១) មនុស្ស​ទាំង​អស់​រួម​ទាំង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម ឧក្រិដ្ឋកម្ម ជំងឺ ទុរភិក្ស និង​បញ្ហា​លំបាក​ផ្សេងៗ​ទៀត។—ម៉ាកុស ១៣:៣​-​១០; លូកា ២១:១០, ១១

ក្រៅ​ពី​បញ្ហា​ទាំង​នោះ យើង​ក៏​ដឹង​ថា​យើង​ទទួល​ការ​ប្រឆាំង​ពីអ្នក​ដែល​មិន​នៅ​ក្នុង​សួន​មនោរម្យ​ខាង​វិញ្ញាណ​ជា​មួយ​នឹង​យើង។ ព្រះយេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា​វិញ។ ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់​គ្នា»។ (យ៉ូហាន ១៥:១៨​-​២១) សព្វ​ថ្ងៃ​នេះ​មាន​ស្ថានភាព​ដូច​អ្វី​ដែល​ទ្រង់​បាន​រៀប​រាប់​មែន។ មនុស្ស​ភាគ​ច្រើន​មិន​យល់​ឬ​ឲ្យ​តម្លៃ​លើ​ការ​ថ្វាយ​បង្គំ​របស់​យើង​ទេ។ មនុស្ស​ខ្លះ​រិះគន់ សើច​ចំអក ឬ​រហូត​ដល់​ស្អប់​យើង​ដូច​ព្រះ​យេស៊ូ​បាន​ព្រមាន​នោះ។ (ម៉ាថាយ ១០:២២) ជា​ញឹកញយ​មាន​គេ​ខំ​ផ្សាយ​ពត៌មាន​មិន​ត្រឹម​ត្រូវ​អំពី​យើង​ឬ​ក៏​និយាយ​បង្កាច់​បង្ខូច​យើង​យ៉ាង​អាក្រក់។ (ទំនុកដំកើង ១០៩:១​-​៣) យើង​ទាំង​អស់​គ្នា​ជួប​នឹង​ការ​លំបាក​ពិត​មែន ហើយ​យើង​ខ្លះ​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្លាក់​ទឹក​ចិត្ត​ផង​ក៏​មិន​ដឹង។ តើ​យើង​អាច​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?

៤​. តើ​យើង​បាន​ជំនួយ​មក​ពី​ណា​ដើម្បី​ស៊ូ​ទ្រាំ?

ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ។ ព្រះ​បាន​បណ្ដាល​ឲ្យ​អ្នក​តែង​បទ​ទំនុកដំកើង​សរសេរ​ថា​៖ «មនុស្ស​សុចរិត​តែង​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ»។ (ទំនុកដំកើង ៣៤:១៩; កូរិនថូសទី១ ១០:១៣) យើង​ជា​ច្រើន​នាក់​ធ្លាប់​ពិសោធ​ហើយ​ថា ព្រះ​យេហូវ៉ា​ប្រទាន​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ​នឹង​គ្រប់​ការ​លំបាក​ពេល​យើង​ទុក​ចិត្ត​ទ្រង់​ទាំង​ស្រុង។ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់​និង​អំណរ​ដែល​មាន​នៅ​ខាង​មុខ​យើង​ក៏​ជួយ​ឲ្យ​យើង​នៅ​តែ​តស៊ូ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត​និង​ការ​ភ័យ​ខ្លាច។ (ហេព្រើរ ១២:២) ហេតុ​នេះ យើង​អាច​បន្ត​កាន់​ជំហរ​មាំមួន​នៅ​ចំពោះ​មុខ​ការ​ពិបាក។

ព្រះ​បន្ទូល​បាន​ពង្រឹង​កម្លាំង​របស់​យេរេមា

៥, ៦​. (ក) តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​អ្នក​ថ្វាយ​បង្គំ​ពិត​ដែល​ចេះ​ស៊ូ​ទ្រាំ? (ខ) តើ​យេរេមា​បាន​ឆ្លើយ​យ៉ាង​ណា​នៅ​ពេល​ព្រះ​បញ្ជា​ឲ្យ​គាត់​ធ្វើ​ជា​ព្យាការី?

តាំង​ពី​បុរាណ​កាល អ្នក​បំរើ​ស្មោះ​ភក្ដី​របស់​ព្រះ​យេហូវ៉ា​បាន​មាន​អំណរ​ទោះ​ជា​ជួប​ប្រទះ​នឹង​កាលៈទេសៈ​ពិបាក​ក៏​ដោយ។ មាន​ខ្លះ​ធ្លាប់​រស់​នៅ​គ្រា​ព្រះ​យេហូវ៉ា​ជំនុំជំរះ​និង​បញ្ចេញ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​អ្នក​ដែល​មិន​ស្មោះ​ភក្ដី។ យេរេមា​និង​សហការី​ខ្លះៗ​របស់​គាត់ ថែម​ទាំង​ជន​គ្រីស្ទាន​នៅ​សតវត្ស​រ៍​ទី​មួយ​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ថ្វាយ​បង្គំ​ដ៏​ស្មោះ​ភក្ដី​ទាំង​នេះ​ដែរ។ គំរូ​ទាំង​នេះ​ពី​សម័យ​មុនៗ​ត្រូវ​បាន​កត់​ក្នុង​ព្រះ​គម្ពីរ ដើម្បី​លើក​ទឹក​ចិត្ត​យើង។ នៅ​ពេល​យើង​សិក្សា​គំរូ​ទាំង​នេះ យើង​អាច​ទាញ​យក​មេ​រៀន​ជា​ច្រើន។ (រ៉ូម ១៥:៤) ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​គំរូ​របស់​យេរេមា។

ពេល​គាត់​នៅ​ក្មេង គាត់​ត្រូវ​បង្គាប់​ឲ្យ​បំរើ​ជា​ព្យាការី​នៅ​ស្រុក​យូដា។ ការងារ​នេះ​មិន​ស្រួល​ទេ ពីព្រោះ​មនុស្ស​ជា​ច្រើន​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត។ នៅ​ពេល​យេរេមា​ចាប់​ផ្ដើម​ធ្វើ​កិច្ច​បំរើ​របស់​គាត់ ស្តេច​យ៉ូសៀស​កំពុង​តែ​គ្រប់គ្រង។ ប៉ុន្តែ ទោះ​ជា​ស្តេច​យ៉ូសៀស​បាន​ស្មោះ​ភក្ដី​នឹង​ព្រះ​ក៏​ពិត​មែន តែ​ស្តេច​ទាំង​ប៉ុន្មាន​បន្ទាប់​ពី​ទ្រង់​គឺ​សុទ្ធតែ​អាក្រក់​ទាំង​អស់។ ម្យ៉ាង​ទៀត ព្យាការី​និង​សង្ឃ​ទាំង​ប៉ុន្មាន​ដែល​មាន​ភារកិច្ច​បង្រៀន​ប្រជាជន ពួក​គេ​ភាគ​ច្រើន​មិន​បាន​កាន់​តាម​សេចក្ដី​ពិត​នោះ​ទេ។ (យេរេមា ១:១, ២; ៦:១៣; ២៣:១១) បើ​ដូច្នេះ តើ​យេរេមា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ព្រះ​យេហូវ៉ា​បញ្ជា​ឲ្យ​គាត់​បំរើ​ជា​ព្យាការី​នោះ? គាត់​ខ្លាច​ណាស់! (យេរេមា ១:៨, ១៧) យេរេមា​ប្រាប់​ពី​ពាក្យ​តប​ឆ្លើយ​ដំបូង​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​ថា​៖ «ឱ​ព្រះ​អម្ចាស់​យេហូវ៉ា​អើយ! មើល! ទូល​បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។—យេរេមា ១:៦

៧​. នៅ​កន្លែង​យេរេមា​ធ្វើ​ជា​ព្យាការី​នោះ តើ​គាត់​ជួប​នឹង​អ្វី? ហើយ​តើ​គាត់​តប​ឆ្លើយ​យ៉ាង​ណា?

នៅ​កន្លែង​ដែល​យេរេមា​ត្រូវ​ធ្វើ​ជា​ព្យាការី​នោះ មនុស្ស​ភាគ​ច្រើន​មិន​ស្ដាប់​ទេ ហើយ​ជា​ញឹកញយ​យេរេមា​ជួប​ប្រទះ​នឹង​ការ​ប្រឆាំង​ជា​ខ្លាំង។ មាន​ពេល​មួយ​សង្ឃ​ម្នាក់​ឈ្មោះ​ផាសហ៊ើរ​បាន​វាយ​យេរេមា​ហើយ​យក​គាត់​ទៅ​ដាក់​ខ្នោះ។ យេរេមា​ប្រាប់​ពី​អារម្មណ៍​របស់​គាត់​នៅ​គ្រា​នោះ​ថា​៖ «ទូល​បង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី[ព្រះ​យេហូវ៉ា] ឬ​និយាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទៀត​ឡើយ»។ ប្រហែល​ជា​អ្នក​ក៏ធ្លាប់​មាន​អារម្មណ៍​ដូច​គាត់​ដែរ គឺ​អ្នក​ចង់​ឈប់​បំរើ​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​ជួយ​យេរេមា​ស៊ូ​ទ្រាំ។ គាត់​ប្រាប់​ថា​៖ «[ព្រះ​បន្ទូល​ឬ​សារ​នៃ​ព្រះ]នៅ​ក្នុង​ចិត្ត​ទូល​បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ​ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល​បង្គំ ហើយ​ទូល​បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់តែ​ទ្រាំ​មិន​បាន​ទៀត»។ (យេរេមា ២០:៩) តើ​បន្ទូល​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​អ្នក​ដូច​នេះ​ដែរ​ឬ​ទេ?

សហការី​របស់​យេរេមា

៨, ៩​. (ក) តើ​ព្យាការី​អ៊ូរីយ៉ា​មាន​ភាព​ទន់ខ្សោយ​អ្វី? តើ​មាន​លទ្ធផល​យ៉ាង​ណា? (ខ) ហេតុ​អ្វី​បាន​ជា​បារូក​ធ្លាក់​ទឹក​ចិត្ត? ហើយ​តើ​គាត់​បាន​ទទួល​ជំនួយ​យ៉ាង​ដូច​ម្ដេច?

យេរេមា​មិន​មែន​ម្នាក់​ឯង​ទេ​ពេល​គាត់​បំរើ​ជា​ព្យាការី​នោះ។ គាត់​មាន​សហការី​ខ្លះៗ ហើយ​ពួក​គេ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​គាត់។ ក៏​ប៉ុន្តែ ជួន​កាល​សហការី​របស់​គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​ជា​ការ​ត្រឹម​ត្រូវ​ទេ។ ជា​ឧទាហរណ៍ ព្យាការី​ម្នាក់​ទៀត​ឈ្មោះ​អ៊ូរីយ៉ា​ធ្លាប់​ព្រមាន​ប្រជាជន​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​«តាម​អស់​ទាំង​ពាក្យ​របស់​យេរេមា»។ ប៉ុន្តែ នៅ​ពេល​ស្តេច​យេហូយ៉ាគីម​បញ្ជា​ឲ្យ​គេ​សម្លាប់​អ៊ូរីយ៉ា នោះ​គាត់​បាន​ភ័យ​ខ្លាច​ហើយ​រត់​ទៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ ទោះ​ជា​អ៊ូរីយ៉ា​បាន​រត់​ក៏​ពិត​មែន តែ​នោះ​មិន​បាន​ជួយ​គាត់​ទេ។ ស្តេច​យេហូយ៉ាគីម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ចាប់​អ៊ូរីយ៉ា នាំ​គាត់​មក​ក្រុង​យេរូសាឡិម​វិញ ហើយ​នៅ​ទី​នោះ​គាត់​ត្រូវ​បាន​គេ​សម្លាប់។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​យេរេមា​រន្ធត់​ណាស់!—យេរេមា ២៦:២០​-​២៣

សហការី​ម្នាក់​ទៀត​របស់​យេរេមា​គឺ​បារូក​ដែល​ជា​លេខា​របស់​គាត់។ បារូក​ធ្លាប់​លើក​ទឹក​ចិត្ត​យេរេមា​យ៉ាង​ល្អ។ ក៏​ប៉ុន្តែ មាន​គ្រា​មួយ​ដែល​គាត់​ឈប់​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ខាង​វិញ្ញាណ។ គាត់​ចាប់​ផ្ដើម​ត្អូញត្អែរ​ថា​៖ «វរ​ហើយ​ខ្ញុំ! ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​បាន​បន្ថែម​សេចក្ដី​សោកសៅ​ដល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ខ្ញុំ​ក៏​ល្វើយ​ទៅ​ដោយ​ថ្ងូរ ឥត​មាន​សេចក្ដី​សំរាក​ឡើយ»។ បារូក​បាន​ធ្លាក់​ទឹក​ចិត្ត ហេតុ​នេះ​ហើយ​បាន​ជា​គាត់​លែង​ឲ្យ​តម្លៃ​ទៅ​លើ​អ្វីៗ​ខាង​វិញ្ញាណ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ផ្ដល់​ឱវាទ​ដ៏​ល្អ​ដល់​បារូក ហើយ​បារូក​បាន​ប្រែ​ចិត្ត។ បន្ទាប់​មក​ព្រះ​យេហូវ៉ា​ធានា​គាត់​ថា គាត់​នឹង​រួច​រស់​ជីវិត​ពេល​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​នោះ។ (យេរេមា ៤៥:១​-​៥) នៅ​ពេល​បារូក​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ខាង​វិញ្ញាណ​ឡើង​វិញ នេះ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​យេរេមា​ខ្លាំង​ណាស់!

ព្រះ​យេហូវ៉ា​បាន​ជួយ​ព្យាការី​របស់​ទ្រង់

១០​. ស្តី​អំពី​ការ​ជួយ​យេរេមា តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​យ៉ាង​ណា?

១០ សំខាន់​បំផុត​ព្រះ​យេហូវ៉ា​មិន​បាន​បោះបង់​យេរេមា​ចោល​ទេ។ ទ្រង់​យល់​នូវ​អារម្មណ៍​របស់​ព្យាការី​របស់​ទ្រង់​និង​បាន​ប្រទាន​កម្លាំង​និង​ជំនួយ​ដែល​យេរេមា​ត្រូវ​ការ។ ជា​ឧទាហរណ៍ នៅ​ពេល​យេរេមា​ទើប​តែ​ចាប់​ផ្ដើម​ធ្វើ​ជា​ព្យាការី​នោះ គាត់​សង្ស័យ​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​កាន់​គាត់​ថា​៖ «កុំ​ឲ្យ​ខ្លាច​ចំពោះ​គេ​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច»។ បន្ទាប់​មក ក្រោយ​ទ្រង់​មាន​បន្ទូល​អំពី​អ្វី​ដែល​យេរេមា​ត្រូវ​ធ្វើ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «គេ​នឹង​ត​នឹង​ឯង​តែ​មិន​ឈ្នះ​ឯង​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​ឯង​ឲ្យ​រួច នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា»។ (យេរេមា ១:៨, ១៩) បន្ទូល​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​ណាស់! ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​បន្ទូល​ទ្រង់​ពិត​មែន។

១១​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ការ​សន្យា​ដែល​ថា​ទ្រង់​នឹង​ជួយ​យេរេមា​នោះ?

១១ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​យេរេមា​ត្រូវ​ជាប់​ខ្នោះ​និង​ត្រូវ​ប្រជាជន​សើច​ចំអក​ឲ្យ​នោះ គាត់​បាន​និយាយ​ដោយ​ជំនឿ​មុត​មាំ​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូល​បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ​ពួក​អ្នក​ដែល​បៀតបៀន​ទូល​បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទីបំផុត»។ (យេរេមា ២០:១១) ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​មាន​គេ​ប៉ុនប៉ង​សម្លាប់​យេរេមា ព្រះ​យេហូវ៉ា​នៅ​តែ​គង់​នៅ​ជា​មួយ​នឹង​គាត់។ ដូច​បារូក​ដែរ​យេរេមា​បាន​រួច​រស់​ជីវិត​ហើយ​ត្រូវ​បាន​រំដោះ​ឲ្យ​មាន​សេរីភាព​ពេល​ដែល​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​នោះ រីឯ​អ្នក​ដែល​បាន​បៀតបៀន​គាត់​និង​មិន​ព្រម​ស្ដាប់​ការ​ព្រមាន​បាន​ស្លាប់​ឬ​ក៏​ត្រូវ​ចាប់​បញ្ជូន​ទៅ​ក្រុង​បាប៊ីឡូន​វិញ។

១២​. ទោះ​ជា​មាន​ហេតុ​ដែល​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ក៏​ពិត​មែន តើ​យើង​គួរ​ចង​ចាំ​ចំណុច​អ្វី?

១២ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​យេរេមា​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ។ ដូច​ត្រូវ​បញ្ជាក់​ពី​មុន បញ្ហា​ខ្លះ​មក​ពី​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​យើង។ បញ្ហា​ឯ​ទៀត​មក​ពី​ភាព​ច្របូក​ច្របល់​នៃ​លោកីយ៍​នេះ រីឯ​បញ្ហា​ផ្សេង​ទៀត​មក​ពី​អ្នក​ដែល​ប្រឆាំង​កិច្ច​បំរើ​របស់​យើង។ បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ឆ្ងល់​ថា​តើ​យើង​អាច​បន្ត​កិច្ច​បំរើ​របស់​យើង​ឬ​ក៏​យ៉ាង​ណា។ ពិត​ណាស់ យើង​ទាំង​អស់​គ្នា​ដឹង​ទុក​ជា​មុន​ថា យើង​នឹង​ធ្លាក់​ទឹក​ចិត្ត​ម្ដងម្កាល។ ការ​ធ្លាក់​ទឹក​ចិត្ត​ជួយ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជ្រាល​ជ្រៅ​ប៉ុន​ណា។ ដូច្នេះ ចូរ​យើង​តាំង​ចិត្ត​មិន​ធ្វើ​ដូច​អ៊ូរីយ៉ា​ដោយ​ឲ្យ​ការ​ធ្លាក់​ទឹក​ចិត្ត​នាំ​ឲ្យ​យើង​ឈប់​បំរើ​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​យក​តម្រាប់​តាម​យេរេមា​ហើយ​ជឿជាក់​ទៅ​លើ​ជំនួយ​របស់​ព្រះ​យេហូវ៉ា។

របៀប​តស៊ូ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត

១៣​. តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​យេរេមា​និង​ស្តេច​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១៣ យេរេមា​បាន​ទូល​ព្រះ​យេហូវ៉ា​ជា​ញឹកញយ ហើយ​ជំរាប​ប្រាប់​ទ្រង់​អំពី​អារម្មណ៍​ដែល​មាន​ក្នុង​ចិត្ត​របស់​គាត់​ទាំង​អង្វរ​សុំ​ទ្រង់​ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង។ នេះ​ជា​គំរូ​ល្អ​ដែល​យើង​អាច​យក​តម្រាប់​តាម។ ស្តេច​ដាវីឌ​ពី​សម័យ​បុរាណ​ដែល​ធ្លាប់​ពឹងពាក់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​កម្លាំង​ក៏​បាន​សរសេរ​ថា​៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​ផ្ទៀង​ព្រះ​កាណ៌​ស្ដាប់​ពាក្យ​របស់​ទូល​បង្គំ សូម​ពិចារណា​ការ​រំពឹង​គិត​របស់​ទូល​បង្គំ ឱ​បរម​ក្សត្រ​ដ៏​ជា​ព្រះ​នៃ​ទូល​បង្គំ​អើយ! សូម​ប្រុង​ស្ដាប់​សំឡេង​នៃ​ពាក្យ​ដែល​ទូល​បង្គំ​អំពាវនាវ ដ្បិត​ទូល​បង្គំ​អធិស្ឋាន​ដល់​ទ្រង់»។ (ទំនុកដំកើង ៥:១, ២) កំណត់​ហេតុ​អំពី​ព្រះ​ជន្ម​របស់​ស្តេច​ដាវីឌ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ម្ដង​ហើយ​ម្ដង​ទៀត​នឹង​សេចក្ដី​អធិស្ឋាន​របស់​ស្តេច​ដាវីឌ។ (ទំនុកដំកើង ១៨:១, ២; ២១:១​-​៥) ស្រដៀង​គ្នា​ដែរ នៅ​ពេល​ណា​មាន​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​ឬ​មាន​បញ្ហា​ដែល​មើល​ទៅ​ដូច​ជា​ធំ​ពេក​យក​ឈ្នះ​ពុំ​បាន​នោះ យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ជា​ច្រើន​ណាស់​ពី​ព្រះ​យេហូវ៉ា​ដោយ​អធិស្ឋាន​ទូល​ប្រាប់​ទ្រង់​ពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​យើង។ (ភីលីព ៤:៦, ៧; ថែស្សាឡូនីចទី១ ៥:១៦​-​​១៨) ព្រះ​យេហូវ៉ា​ពុំ​ដែល​បដិសេធ មិន​ព្រម​ស្ដាប់​សេចក្ដី​អធិស្ឋាន​របស់​យើង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ទ្រង់​សន្យា​ថា‹ទ្រង់​តែង​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង​រាល់​គ្នា›។ (ពេត្រុសទី១ ៥:៦, ៧) ក៏​ប៉ុន្តែ គឺ​មិន​សម​ហេតុ​សម​ផល​ទេ​បើ​យើង​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​រួច​ហើយ​មិន​ព្រម​ស្ដាប់​អ្វី​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​នោះ មែន​ទេ?

១៤​. តើ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​យេរេមា?

១៤ តើ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​នឹង​យើង​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ពី​គំរូ​របស់​យេរេមា​ម្ដង​ទៀត។ ដោយសារ​យេរេមា​ជា​ព្យាការី​ម្នាក់ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​គាត់​ដោយ​ផ្ទាល់។ យេរេមា​រៀប​រាប់​អំពី​ឥទ្ធិពល​នៃ​បន្ទូល​របស់​ព្រះ​លើ​ចិត្ត​របស់​គាត់​ថា​៖ «ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទីរីករាយ​ចិត្ត​ដល់​ទូល​បង្គំ ដ្បិត​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ! ទូល​បង្គំ​បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់»។ (យេរេមា ១៥:១៦) យេរេមា​បាន​អរ​សប្បាយ​ពិត​មែន ដោយសារ​គាត់​បាន​ហៅ​តាម​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា។ ដូច​គ្នា​នឹង​សាវ័ក​ប៉ុល យេរេមា​ក៏​រំភើប​ចង់​ប្រាប់​សារ​ដែល​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​គាត់។—រ៉ូម ១:១៥, ១៦

១៥​. តើ​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យើង​បាន​យ៉ាង​ដូច​ម្ដេច? តើ​ការ​ពិចារណា​ចំណុច​អ្វី​នឹង​ជួយ​យើង​មិន​នៅ​ស្ងៀម​ឈប់​ផ្សព្វផ្សាយ​នោះ?

១៥ ព្រះ​យេហូវ៉ា​មិន​មាន​បន្ទូល​ដោយ​ផ្ទាល់​នឹង​អ្នក​ណា​ម្នាក់​សព្វ​ថ្ងៃ​នេះ​ទេ។ ក៏​ប៉ុន្តែ យើង​មាន​បន្ទូល​របស់​ព្រះ​ក្នុង​ព្រះ​គម្ពីរ។ ដូច្នេះ បើ​យើង​សិក្សា​ព្រះ​គម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​រំពឹង​គិត​យ៉ាង​ល្អិតល្អន់​អំពី​អ្វី​ដែល​យើង​បាន​រៀន​នោះ ព្រះ​បន្ទូល​របស់​ព្រះ​នឹង​ក្លាយ​ជា​«សេចក្ដី​អំណរ ហើយ​ជា​ទីរីករាយ​ចិត្ត»​ដល់​យើង​ដែរ។ ហើយ​យើង​អាច​មាន​ចិត្ត​រំភើប​ដោយសារ​យើង​តំណាង​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បន្ទូល​នោះ។ កុំ​បី​ឲ្យ​យើង​ភ្លេច​ថា គ្មាន​មនុស្ស​ណា​ផ្សេង​ទៀត​លើ​លោក​នេះ​ដែល​ប្រកាស​ពី​ព្រះ​នាម​ព្រះ​យេហូវ៉ា។ មាន​តែ​ស្មរបន្ទាល់​របស់​ទ្រង់​ទេ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​កំពុង​តែ​គ្រប់គ្រង ហើយ​បង្រៀន​មនុស្ស​រាបសា​អំពី​របៀប​ទៅ​ជា​សិស្ស​ព្រះ​យេស៊ូ។ (ម៉ាថាយ ២៨:១៩, ២០) យើង​ពិត​ជា​មាន​ពរ​មែន! បើ​យើង​គិត​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ញើ​ទុក​នឹង​យើង​ដោយ​សេចក្ដី​ស្រឡាញ់ តើ​យើង​អាច​បិទ​មាត់​មិន​ផ្សព្វផ្សាយ​ដូច​ម្ដេច​បាន?

ចូរ​យើង​ជ្រើសរើស​ពួក​ម៉ាក​ដោយ​ប្រុង​ប្រយ័ត្ន

១៦, ១៧​. តើ​យេរេមា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​ម៉ាក? តើ​យើង​អាច​យក​តម្រាប់​តាម​គាត់​យ៉ាង​ដូច​ម្ដេច?

១៦ យេរេមា​បាន​ប្រាប់​អំពី​អ្វី​មួយ​ទៀត​ដែល​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន។ គាត់​ប្រាប់​ថា​៖ «ទូល​បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត​កញ្ឆេង​នោះ​ឡើយ គឺ​ទូល​បង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ​ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូល​បង្គំ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់ក្នាញ់»។ (យេរេមា ១៥:១៧) យេរេមា​ចង់​នៅ​ម្នាក់​ឯង​ជាជាង​ទទួល​ឥទ្ធិពល​ពី​ពួក​ម៉ាក​អាក្រក់។ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​ទស្សនៈ​ដូច​គាត់​ដែរ។ យើង​មិន​ដែល​ភ្លេច​ការ​ព្រមាន​របស់​ប៉ុល​ដែល​ថា​«ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ» សូម្បីតែ​កិរិយា​ល្អ​ដែល​យើង​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​ក៏​ដោយ។—កូរិនថូសទី១ ១៥:៣៣

១៧ ពួក​ម៉ាក​អាក្រក់​អាច​នាំ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​វិញ្ញាណ​របស់​លោកីយ៍​នេះ។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២; យ៉ាកុប ៤:៤) ដូច្នេះ ចូរ​យើង​បង្ហាត់​ឥន្ទ្រិយ​ឬ​ក៏​សមត្ថភាព​រិះ​គិត​ដើម្បី​យល់​ដឹង​ថា​អ្នក​ណា​ជា​ពួក​ម៉ាក​អាក្រក់ រួច​ចៀស​ឆ្ងាយ​ពី​ពួក​ម៉ាក​បែប​នេះ។ (ហេព្រើរ ៥:១៤) តើ​អ្នក​គិត​យ៉ាង​ណា? បើ​ប៉ុល​នៅ​រស់​សព្វ​ថ្ងៃ​នេះ តើ​គាត់​នឹង​និយាយ​យ៉ាង​ណា​ដល់​គ្រីស្ទាន​ម្នាក់​ដែល​មើល​កុន​មាន​អំពើ​អសីលធម៌​ឬ​អំពើ​ឃោរឃៅ​ឬ​ទស្សនា​កីឡា​ដ៏​ឃោរឃៅ​នោះ? តើ​គាត់​នឹង​ជូន​យោបល់​អ្វី​ដល់​បង​ប្រុស​ម្នាក់​ដែល​ចង់​ទៅ​ជា​មិត្តភក្ដិ​របស់​មនុស្ស​ចំឡែក​តាម​ប្រព័ន្ធ​អ៊ីនថឺណិ​ត? តើ​គាត់​នឹង​គិត​យ៉ាង​ណា​អំពី​គ្រីស្ទាន​ម្នាក់​ដែល​ចំណាយ​រាប់​ម៉ោង​លេង​ហ្គេមវីដេអូ​ឬ​មើល​ទូរទស្សន៍​តែ​មិន​សូវ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង​នោះ?—កូរិនថូសទី២ ៦:១៤​ខ; អេភេសូរ ៥:៣​-​៥, ១៥, ១៦

កុំ​ចេញ​ពី​សួន​មនោរម្យ​ខាង​វិញ្ញាណ

១៨​. តើ​អ្វី​នឹង​ជួយ​រក្សា​ភាព​ខាង​វិញ្ញាណ​របស់​យើង​ឲ្យ​បាន​រឹង​មាំ?

១៨ សួន​មនោរម្យ​ខាង​វិញ្ញាណ​មាន​តម្លៃ​វិសេស​ចំពោះ​យើង។ ក្នុង​លោកីយ៍​នេះ គ្មាន​អ្វី​សោះ​ដែល​អាច​យក​មក​ប្រៀប​ឲ្យ​ស្មើ​នឹង​សួន​មនោរម្យ​នោះ។ សូម្បីតែ​អ្នក​ដែល​មិន​ជឿ​ក៏​ដោយ ក៏​សរសើរ​សេចក្ដី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់​គ្នា និង​សេចក្ដី​សប្បុរស​ដែល​ជន​គ្រីស្ទាន​បង្ហាញ​ចំពោះ​គ្នា​នឹង​គ្នា​ដែរ។ (អេភេសូរ ៤:៣១, ៣២) យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​តស៊ូ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត​ជាង​មុនៗ​ទៅ​ទៀត។ ពួក​ម៉ាក​ល្អ សេចក្ដី​អធិស្ឋាន និង​ការ​សិក្សា​ព្រះ​គម្ពីរ​ដោយ​ខ្លួន​ឯង​អាច​ជួយ​យើង​រក្សា​ភាព​ខាង​វិញ្ញាណ​ឲ្យ​បាន​រឹង​មាំ។ អ្វីៗ​ទាំង​នេះ​ក៏​នឹង​ជួយ​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ដោយ​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។—កូរិនថូសទី២ ៤:៧, ៨

១៩, ២០​. (ក) តើ​អ្វី​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ? (ខ) តើ​អត្ថបទ​បន្ទាប់​សរសេរ​សំរាប់​អ្នក​ណា? តើ​អ្នក​ណា​ទៀត​គួរ​ចាប់​អារម្មណ៍?

១៩ កុំ​បី​ឲ្យ​អ្នក​ស្អប់​សារ​ដែល​យើង​ផ្សាយ​ពី​ព្រះ​គម្ពីរ​នោះ ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​និង​លះ​ចោល​ជំនឿ​របស់​យើង។ ដូច​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​បាន​បៀតបៀន​យេរេមា នោះ​អ្នក​ដែល​ប្រឆាំង​នឹង​យើង​កំពុង​តែ​ប្រឆាំង​នឹង​ព្រះ។ ពួក​គេ​ឈ្នះ​ពុំ​បាន​ទេ។ ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​សត្រូវ​របស់​យើង​ឆ្ងាយ​ណាស់ ហើយ​ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​រង់ចាំ​ព្រះ​យេហូវ៉ា​ចុះ! ចូរ​មាន​កំឡាំង​ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ! គួរ​រង់ចាំ​ព្រះ​យេហូវ៉ា​ទៅ»។ (ទំនុកដំកើង ២៧:១៤) ដោយ​មាន​ក្ដី​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ដក់​ជាប់​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ចិត្ត​យើង ចូរ​យើង​តាំង​ចិត្ត​មិន​ឈប់​ធ្វើ​ការ​ល្អ។ ចូរ​យើង​ជឿជាក់​ដូច​យេរេមា​និង​បារូក​ដែរ​ថា យើង​នឹង​ច្រូត​បាន​ហើយ​បើ​យើង​មិន​រសាយ​ចិត្ត។—កាឡាទី ៦:៩

២០ ការ​តស៊ូ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត​ជា​អ្វី​ដែល​គ្រីស្ទាន​ជា​ច្រើន​ត្រូវ​ធ្វើ​ជានិច្ច។ ប៉ុន្តែ ប្អូនៗ​យុវ​វ័យ​ត្រូវ​ជួប​នឹង​បញ្ហា​ផ្សេងៗ ហើយ​ក៏​មាន​លទ្ធភាព​រីក​ចំរើន​យ៉ាង​ល្អ​ប្រសើរ​ដែរ។ អត្ថបទ​បន្ទាប់​ត្រូវ​បាន​សរសេរ​ជា​ពិសេស​សំរាប់​ប្អូនៗ​យុវ​វ័យ​ក្នុង​ចំណោម​យើង។ មាតា​បិតា​និង​មនុស្ស​ពេញ​វ័យ​ក្នុង​ក្រុមជំនុំ​ក៏​នឹង​ចាប់​អារម្មណ៍​អត្ថបទ​នេះ​ដែរ ដោយសារ​ពួក​គាត់​អាច​ជួយ​ប្អូនៗ​យុវ​វ័យ​ក្នុង​ក្រុមជំនុំ​តាម​រយៈ​ពាក្យ​សំដី គំរូ​និង​ផ្ដល់​ជា​ជំនួយ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​យើង​ដឹង​ទុក​ជា​មុន​ថា​នឹង​មាន​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត? តើ​យើង​ពឹងពាក់​អ្នក​ណា​សំរាប់​ជំនួយ?

ទោះ​ជា​ការងារ​របស់​យេរេមា​ពិបាក​ក៏​ដោយ តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​តស៊ូ​នឹង​ការ​ធ្លាក់​ទឹក​ចិត្ត?

តើ​អ្វី​នឹង​ធ្វើ​ឲ្យ​យើង​មាន‹អំណរ​និង​រីករាយ› សូម្បីតែ​នៅ​ក្នុង​កាលៈទេសៈ​ពិបាក​បំផុត​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៩]

យេរេមា​គិត​ថា​គាត់​មិន​អាច​ធ្វើ​ជា​ព្យាការី​បាន​ទេ ដោយ​ព្រោះ​គាត់​ក្មេង​ពេក​ខ្វះ​បទ​ពិសោធន៍

[រូបភាព​នៅ​ទំព័រ​១០]

សូម្បីតែ​នៅ​ពេល​មាន​ការ​បៀតបៀន​ក៏​ដោយ យេរេមា​ដឹង​ថា​ព្រះ​យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​គាត់ ដូច​ជា​«មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច»​