តើការកាន់ជំហរអព្យាក្រឹតរារាំងសេចក្ដីស្រឡាញ់របស់ជនគ្រីស្ទានឬទេ?
តើការកាន់ជំហរអព្យាក្រឹតរារាំងសេចក្ដីស្រឡាញ់របស់ជនគ្រីស្ទានឬទេ?
ការកាន់សាសនាគ្រីស្ទមិនគ្រាន់តែរួមបញ្ចូលការអានព្រះគម្ពីរ ការអធិស្ឋាន និងការច្រៀងចំរៀងថ្វាយព្រះនៅថ្ងៃអាទិត្យប៉ុណ្ណោះទេ។ ការកាន់សាសនាគ្រីស្ទមានន័យថាត្រូវធ្វើអ្វីៗដើម្បីព្រះនិងមនុស្សឯទៀតផងដែរ។ ព្រះគម្ពីរចែងថា៖ «យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត នឹងសេចក្ដីពិតវិញ»។ (យ៉ូហានទី១ ៣:១៨) ព្រះយេស៊ូបានយកព្រះទ័យទុកដាក់យ៉ាងស្មោះនឹងអ្នកឯទៀត ដែលជនគ្រីស្ទានគួរគប្បីធ្វើតាមគំរូរបស់ទ្រង់។ សាវ័កប៉ុលបានដាស់តឿនអ្នកជឿគ្នីគ្នាឲ្យ«ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាប»។ (កូរិនថូសទី១ ១៥:៥៨) ប៉ុន្តែ តើកិច្ចការរបស់ព្រះអម្ចាស់ជាអ្វី? តើនោះរួមបញ្ចូលការព្យាយាមកែតម្រង់នយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយជនក្រីក្រនិងអ្នកដែលត្រូវគេជិះជាន់ឬទេ? តើព្រះយេស៊ូបានធ្វើដូច្នេះឬទេ?
ទោះជាមនុស្សចង់បង្ខំព្រះយេស៊ូឲ្យធ្វើអន្តរាគមន៍ក្នុងរឿងនយោបាយឬក៏គាំទ្រខាងណាមួយក៏ពិតមែន ក៏ទ្រង់មិនបានព្រមធ្វើដូច្នេះទេ។ ម៉ាថាយ ៤:៨-១០; ២២:១៧-២១; យ៉ូហាន ៦:១៥) ប៉ុន្តែ អព្យាក្រឹតភាពរបស់ទ្រង់មិនបានបង្ការទ្រង់ពីការព្យាយាមជួយប្រយោជន៍ដល់អ្នកឯទៀតនោះទេ។
ទ្រង់បានបដិសេធពេលសាតាំងចង់ប្រគល់អំណាចលើរដ្ឋាភិបាលទាំងឡាយ ក៏មិនបានព្រមឲ្យមនុស្សទាញទ្រង់ចូលក្នុងជំលោះអំពីការបង់ពន្ធ ហើយទ្រង់ក៏បានរត់ពេលមនុស្សធ្វើចលាចលព្យាយាមចាប់ទ្រង់តែងតាំងជាស្តេច។ (ព្រះយេស៊ូបានប្រមូលអារម្មណ៍ទៅលើអ្វីដែលអាចផ្ដល់ផលប្រយោជន៍ជាស្ថាពរដល់មនុស្សឯទៀត។ ពិតមែនថាទ្រង់បានជួយមនុស្សខ្លះៗជាបណ្ដោះអាសន្នដោយប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ និងប្រោសមនុស្សឈឺឲ្យជា តែការបង្រៀនរបស់ទ្រង់បានផ្ដល់លទ្ធភាពឲ្យមនុស្សជាតិទាំងឡាយទទួលពរជារៀងរហូត។ មនុស្សបានស្គាល់ព្រះយេស៊ូថាជា«លោកគ្រូ» មិនមែនជាអ្នកដែលរៀបចំចាត់វិធានការជួយជនក្រីក្រទេ។ (ម៉ាថាយ ២៦:១៨; ម៉ាកុស ៥:៣៥; យ៉ូហាន ១១:២៨) ទ្រង់បានមានបន្ទូលថា៖ «ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត»។—យ៉ូហាន ១៨:៣៧
ផ្សព្វផ្សាយពីអ្វីដ៏ល្អជាងនយោបាយ
សេចក្ដីពិតដែលព្រះយេស៊ូបានបង្រៀនមិនមែនជាទ្រឹស្តីនយោបាយទេ។ ផ្ទុយទៅវិញ ទ្រង់បានបញ្ជាក់ទៅលើព្រះរាជាណាចក្រដែលមានទ្រង់ជាស្តេច។ (លូកា ៤:៤៣) ព្រះរាជាណាចក្រនេះគឺជារដ្ឋាភិបាលមួយនៅស្ថានសួគ៌ ដែលនឹងជំនួសរដ្ឋាភិបាលទាំងឡាយរបស់មនុស្សនិងនាំឲ្យមានសន្ដិភាពដែលមិនចេះសាបសូន្យ។ (អេសាយ ៩:៦, ៧; ១១:៩; ដានីយ៉ែល ២:៤៤) ដូច្នេះហើយ ព្រះរាជាណាចក្រនេះជាសេចក្ដីសង្ឃឹមដ៏ពិតតែមួយគត់សំរាប់មនុស្សជាតិ។ ការផ្សព្វផ្សាយឲ្យអ្នកដទៃមានសេចក្ដីសង្ឃឹមពិតប្រាកដសំរាប់អនាគត ជាការបង្ហាញនូវសេចក្ដីស្រឡាញ់ច្រើនជាងការលើកទឹកចិត្តពួកគេ ឲ្យទុកចិត្តថាមនុស្សនឹងធ្វើឲ្យមានអនាគតដែលប្រកបដោយសេចក្ដីសុខ មែនទេ? ព្រះគម្ពីរចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ។ សប្បាយហើយ អ្នកណាដែលមានព្រះនៃយ៉ាកុប ជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន»។ (ទំនុកដំកើង ១៤៦:៣-៥) ជាជាងចាត់សិស្សរបស់ទ្រង់ទៅផ្សព្វផ្សាយអំពីរបៀបរៀបចំរដ្ឋាភិបាលឲ្យបានល្អជាងនោះ ព្រះយេស៊ូបានបង្រៀនពួកគេឲ្យផ្សព្វផ្សាយនូវ«ដំណឹងល្អនេះដែលសំដែងពីនគរ»ឬព្រះរាជាណាចក្រ។—ម៉ាថាយ ១០:៦,៧; ២៤:១៤
ដូច្នេះ នេះជា‹កិច្ចការរបស់ព្រះអម្ចាស់›ដែលជនគ្រីស្ទានត្រូវបានបង្គាប់ឲ្យធ្វើ។ ដោយព្រោះរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះត្រូវបង្គាប់ឲ្យស្រឡាញ់គ្នា ព្រះរាជាណាចក្រនេះនឹងទទួលជោគជ័យក្នុងការបំបាត់នូវភាពក្រីក្រដោយចែកចាយនូវធនធានដោយយុត្ដិធម៌។ (ទំនុកដំកើង ៧២:៨, ១២, ១៣) នេះជាដំណឹងល្អ ហើយជាដំណឹងដែលគួរនឹងផ្សព្វផ្សាយណាស់។
សព្វថ្ងៃនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែធ្វើ‹កិច្ចការរបស់ព្រះអម្ចាស់›នៅ២៣៥ប្រទេស។ តាមសេចក្ដីបង្គាប់របស់ព្រះយេស៊ូ ពួកគេគោរពរដ្ឋាភិបាលទាំងអស់។ (ម៉ាថាយ ២២:២១) ប៉ុន្តែ ពួកគេក៏ស្ដាប់តាមបន្ទូលដែលព្រះយេស៊ូបានប្រាប់ទៅកាន់សិស្សទ្រង់ថា៖ «ដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត»។—យ៉ូហាន ១៥:១៩
មនុស្សខ្លះដែលធ្លាប់ចូលប្រឡូកក្នុងរឿងនយោបាយបានឈប់ ក្រោយពីពួកគេបានសិក្សាព្រះគម្ពីរយ៉ាងយកចិត្តទុកដាក់។ អ្នកនយោបាយជនជាតិអ៊ីតាលីម្នាក់ជាសមាជិកអង្គការឈ្មោះសកម្មភាពសាសនាកាតូលិក ដែលជាអង្គការគ្រប់គ្រងដោយព្រះវិហារបានចែងថា៖ «ខ្ញុំចាប់ផ្ដើមចូលរួមក្នុងនយោបាយពីព្រោះខ្ញុំមានអារម្មណ៍មួយថា បុគ្គលម្នាក់ៗត្រូវជួយជំរុញឲ្យមានការអភិវឌ្ឍន៍ក្នុងវិស័យនយោបាយនិង
ក្នុងសង្គម»។ ក្រោយគាត់លាចាកតំណែងជាអភិបាលក្រុងដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ ជាស្មរបន្ទាល់ព្រះយេហូវ៉ា គាត់ពន្យល់នូវមូលហេតុដែលការព្យាយាមរបស់មនុស្សស្មោះត្រង់ទទួលបរាជ័យក្នុងរឿងនយោបាយ។ «សភាពការណ៍ពិភពលោកគឺដូច្នេះ មិនមែនដោយសារមនុស្សល្អត្រឹមត្រូវមិនខំកែលំអសភាពការណ៍ក្នុងសង្គមទេ ប៉ុន្តែដោយសារការព្យាយាមដោយស្មោះរបស់ពួកគេមិនអាចឈ្នះអំពើអាក្រក់របស់មនុស្សដែលមានចំនួនច្រើនជាង»។ការមិនចូលប្រឡូកក្នុងរឿងនយោបាយដើម្បីផ្សាយអំពីអ្វីតែមួយគត់ដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សជាតិ នោះមិនរារាំងជនគ្រីស្ទានពិតពីការជួយប្រយោជន៍អ្នកដទៃទេ។ អ្នកដែលស្មរបន្ទាល់ព្រះយេហូវ៉ាជួយបានក្លាយទៅជារាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះដោយរៀនកែប្រែចិត្តគំនិតដែលអាក្រក់ ក៏រៀនគោរពអ្នកដែលមានអំណាច ហើយរបៀបធ្វើឲ្យមានជីវភាពគ្រួសារដ៏ល្អ ថែមទាំងរៀនឲ្យមានទស្សនៈប្រកបដោយតុល្យភាពស្តីអំពីទ្រព្យសម្បត្ដិ។ សំខាន់ជាងនេះទៅទៀត ស្មរបន្ទាល់ព្រះយេហូវ៉ាជួយមនុស្សមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះ។
អ្នកផ្សាយអំពីព្រះរាជាណាចក្ររបស់ព្រះជួយប្រយោជន៍ដល់សង្គម។ ប៉ុន្តែ សំខាន់ជាងនោះទៅទៀត ពួកគេណែនាំមនុស្សឲ្យមានជំនឿទៅលើរដ្ឋាភិបាលមួយដែលពិតប្រាកដ ហើយនឹងនាំឲ្យមានសន្ដិភាពជារៀងរហូតសំរាប់អស់អ្នកដែលស្រឡាញ់ព្រះ។ ដូច្នេះ លទ្ធផលពីអព្យាក្រឹតភាពរបស់ពួកគេគឺ ជនគ្រីស្ទានអាចមានសេរីភាពដើម្បីផ្ដល់ជាជំនួយដែលមានប្រយោជន៍ច្រើនបំផុតនៅសព្វថ្ងៃនេះ។
[ប្រអប់/រូបភាពនៅទំព័រ៧]
អតីតជាអ្នកនយោបាយ ក្រោយមកជាអ្នកផ្សាយពីរាជាណាចក្ររបស់ព្រះ
ពេលអាទីឡាជាកុមារ ពួកសង្ឃនៅព្រះវិហាររបស់គាត់នាទីក្រុងបេលិមប្រទេសប្រេស៊ីល បានបង្រៀនអាទីឡាអំពីធម៌សាសនាដែលហៅថាធម៌នៃសេរីភាព។ អាទីឡាចូលចិត្តស្ដាប់ធម៌នោះ ដែលបញ្ជាក់ថានៅថ្ងៃមួយមនុស្សជាតិនឹងត្រូវរំដោះឲ្យរួចពីការជិះជាន់ ហើយអាទីឡាក៏បានចូលរស់នៅក្នុងសហគមន៍សកម្មជន។ នៅទីនោះអាទីឡារៀនវិធីធ្វើបាតុកម្មនិងប្រតិបត្ដិការប្រឆាំងច្បាប់រដ្ឋ។
ប៉ុន្តែ អាទីឡាក៏ធ្លាប់ចូលចិត្តបង្រៀនពួកក្មេងៗក្នុងសហគមន៍នោះដោយប្រើសៀវភៅចំណងជើងថាការស្ដាប់គ្រូបង្រៀនដ៏ឧត្តមម្នាក់។ * សៀវភៅនោះបង្រៀនអំពីការប្រព្រឹត្តល្អនិងការស្ដាប់បង្គាប់អ្នកដែលមានអំណាច។ នេះធ្វើឲ្យអាទីឡាឆ្ងល់អំពីមូលហេតុដែលអ្នកគាំទ្រធម៌នៃសេរីភាពមិនធ្វើតាមគោលការណ៍សីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេស៊ូ ហើយគាត់បានឆ្ងល់ពីមូលហេតុដែលអ្នកខ្លះក្រោយពីបានទទួលអំណាច ពួកគេភ្លេចជួយមនុស្សដែលត្រូវគេជិះជាន់។ អាទីឡាដកខ្លួនពីសហគមន៍សកម្មជននោះ។ ក្រោយមក ស្មរបន្ទាល់ព្រះយេហូវ៉ាមកគោះទ្វារហើយនិយាយជាមួយនឹងគាត់អំពីព្រះរាជាណាចក្ររបស់ព្រះ។ មិនយូរក្រោយនោះ អាទីឡាចាប់ផ្ដើមសិក្សាព្រះគម្ពីរនិងរៀនអំពីដំណោះស្រាយដ៏ពិតចំពោះបញ្ហារបស់មនុស្សជាតិ។
នៅពេលនោះដែរ អាទីឡាបានចូលរួមសិក្ខាសាលាមួយអំពីជំនឿសាសនានិងនយោបាយ។ អ្នកដឹកនាំសិក្ខាសាលាបានពន្យល់ថា៖ «សាសនានិងនយោបាយគឺជារឿងតែមួយទេ»។ អាទីឡាក៏បានចូលរួមកិច្ចប្រជុំមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ នៅទីនោះមានស្ថានភាពខុសគ្នាឆ្ងាយណាស់! ហេតុមួយគឺ គ្មានអ្នកណាជក់បារី ផឹកស្រា ឬនិយាយរឿងកំប្លែងដ៏អាសអាភាស។ អាទីឡាសំរេចចិត្តចូលរួមជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងកិច្ចផ្សព្វផ្សាយរបស់ពួកគេ ហើយមិនយូរក្រោយនោះ គាត់បានទទួលបុណ្យជ្រមុជទឹក។ ឥឡូវ គាត់អាចយល់ឃើញនូវមូលហេតុដែលធម៌នៃសេរីភាពមិនមែនជាដំណោះស្រាយដ៏ពិតសំរាប់បញ្ហារបស់ជនក្រីក្រទេ។
[កំណត់សម្គាល់]
^ វគ្គ 15 បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា
[រូបភាពនៅទំព័រ៦]
អព្យាក្រឹតភាពរបស់ជនគ្រីស្ទានមិនរារាំងពួកគេ ពីការជួយអ្នកឯទៀតឡើយ