លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសាសនាគួរចូលប្រឡូកក្នុងរឿងនយោបាយទេ?

តើសាសនាគួរចូលប្រឡូកក្នុងរឿងនយោបាយទេ?

តើ​សាសនា​គួរ​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ទេ?

«បព្វជិត​មួយ​រូប​នៅ​ប្រទេស​កាណាដា​ធ្លាប់​ប្រាប់​ពួក​បរិស័ទ​ថា ការ​ចូល​រួម​ធ្វើ​នយោបាយ​អាច​ជួយ​ជន​ក្រីក្រ . . . ទោះ​ជា​របប​នយោបាយ​នោះ​មើល​ទៅ​ដូច​ជា​មិន​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​ក៏​ដោយ ‹ក៏​យើង​ត្រូវ​តែ​ចូល​រួម​ដើម្បី​ធ្វើ​ឲ្យ​មាន​យុត្ដិធម៌​សំរាប់​ជន​ក្រីក្រ›»។—Catholic News

គ្មាន​អ្វី​ចំឡែក​ឡើយ​ដែល​មាន​បព្វជិត​សាសនា​ឃោសនា​គាំទ្រ​ការ​ចូល​រួម​ធ្វើ​នយោបាយ ហើយ​អ្នក​ដឹក​នាំ​សាសនា​ដែល​កាន់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល​ក៏​មិន​មាន​តិច​ដែរ។ ពួក​គេ​ខ្លះ​បាន​ព្យាយាម​កែ​តម្រង់​នយោបាយ​របស់​រដ្ឋាភិបាល។ អ្នក​ខ្លះ​ទៀត​ត្រូវ​ប្រជាជន​រាប់​អាន​នឹករឭក​ដោយសារ​ពួក​គេ​ធ្វើ​ប្រតិបត្ដិ​ការ​ផ្សេងៗ​ដូច​ជា ការ​ឃោសនា​ឲ្យ​មាន​ភាព​ស្មើ​គ្នា​រវាង​ពូជ​សាសន៍ និង​ការ​បំបាត់​ចោល​ទាសភាព។

យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នាក់​ដែល​ជា​សមាជិក​សាសនា​មិន​សូវ​ពេញ​ចិត្ត​ពេល​ដែល​បព្វជិត​របស់​ពួក​គេ​ចូល​គាំទ្រ​ខាង​ណា​មួយ​ក្នុង​រឿង​នយោបាយ​នោះ​ទេ។ សារពត៌មាន​មួយ​បាន​បោះ​ពុម្ព​អត្ថបទ​អំពី​ធម៌​សាសនា​ដែល​រួម​បញ្ចូល​រឿង​នយោបាយ។ អត្ថបទ​នោះ​បាន​ចែង​ថា​៖ «ពេល​ដែល​បព្វជិត​សាសនា​ប្រូតេស្តង់​បាន​ចូល​រួម​ធ្វើ​សកម្មភាព​ផ្នែក​នយោបាយ​នោះ ពួក​បរិស័ទ​ជួន​កាល​បាន​សង្ស័យ​ថា​នេះ​ជា​ទង្វើ​មិន​ត្រឹម​ត្រូវ​ទេ»។ (Christian Century) មនុស្ស​ជា​ច្រើន​ដែល​កាន់​សាសនា​មាន​ទស្សនៈ​ថា សាសនា​គឺ​បរិសុទ្ធ ហេតុ​នេះ​ហើយ​មិន​ត្រូវ​ចូល​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

នេះ​នាំ​ឲ្យ​មាន​សំនួរ​ខ្លះៗ​ដែល​សំខាន់​ចំពោះ​អស់​អ្នក​ដែល​ចង់​បាន​ស្ថានភាព​ពិភពលោក​ដ៏​ល្អ​ជាង។ តើ​អ្នក​ដឹក​នាំ​សាសនា​អាច​កែ​តម្រង់​នយោបាយ​ឲ្យ​ប្រសើរ​ជាង​បាន​ឬ​ទេ? * តើ​ការ​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ជា​មធ្យោបាយ​មួយ​របស់​ព្រះ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​គ្រប់​គ្រង​និង​ពិភពលោក​ដ៏​ល្អ​ជាង​ឬ​ទេ? តើ​គោល​បំណង​ដើម​របស់​គ្រីស្ទ​សាសនា​ជា​ការ​បង្កើត​មធ្យោបាយ​ថ្មី​ដើម្បី​ធ្វើ​នយោបាយ​ឬ?

ទី​ចាប់​ផ្ដើម​នៃ​ការ​ធ្វើ​នយោបាយ​ដោយ​អាង​នាម​ព្រះ​គ្រីស្ទ

ក្នុង​សៀវភៅ​ចំណង​ជើង​ថា​វិហារ​គ្រីស្ទ​សាសនា​ជំនាន់​ដើម នោះ​លោក​ហេនរី ឆាដវិច ដែល​ជា​ប្រវត្ដិវិទូ​ម្នាក់ បាន​សរសេរ​ថា ក្រុមជំនុំ​គ្រីស្ទ​សាសនា​ជំនាន់​ដើម​ត្រូវ​គេ​ស្គាល់​ទូទៅ​ថា​ជា​«អ្នក​ដែល​មិន​គិត​ខ្វល់ខ្វាយ​ពី​ការ​កាន់​អំណាច​ក្នុង​លោកីយ៍​នេះ»។ ពួក​គេ​«ជា​ក្រុម​មនុស្ស​ដែល​មិន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ ក៏​មិន​រំខាន​ដល់​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​ជឿ​ថា​ការ​ធ្វើ​សង្គ្រាម​គឺ​ខុស» សៀវភៅ​ចំណង​ជើង​ថា​ប្រវត្ដិសាស្ត្រ​នៃ​គ្រីស្ទ​សាសនា​ចែង​ថា​៖ «ជន​គ្រីស្ទាន​ទូទៅ​បាន​ជឿ​ថា គ្មាន​គ្រីស្ទាន​ណា​ម្នាក់​គួរ​កាន់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល . . . រហូត​ដល់​ដើម​សតវត្សរ៍​ទី​បី លោក​ហិប្បូលីទិស​បាន​ប្រាប់​ថា ទំនៀម​ទំលាប់​របស់​ជន​គ្រីស្ទាន​ដើម​តម្រូវ​ឲ្យ​ចៅក្រម​លាចាក​តំណែង​ជា​ល័ក្ខខ័ណ្ឌ​ដើម្បី​ចូល​ជា​សមាជិក​នៃ​គ្រីស្ទ​សាសនា»។ ប៉ុន្តែ បន្ដិច​ម្ដងៗ​បព្វជិត​ដែល​ឃ្លាន​ចង់​បាន​អំណាច​ចាប់​ផ្ដើម​ដឹក​នាំ​ក្រុមជំនុំ​ជា​ច្រើន បង្កើត​ឋានន្តរៈ​ដ៏​គួរ​ឲ្យ​កោត​ស្ងើច​សំរាប់​ខ្លួន។ (កិច្ចការ ២០:២៩,​៣០) ពួក​គេ​ខ្លះ​ចង់​ធ្វើ​ជា​អ្នក​ដឹក​នាំ​សាសនា​និង​ជា​អ្នក​នយោបាយ​ទៀត​ផង។ ការ​កែ​ប្រែ​ក្នុង​រដ្ឋាភិបាល​របស់​រ៉ូម​បាន​ហុច​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​នេះ។

នៅ​ឆ្នាំ​៣១២​ស.យ. ព្រះ​ចៅ​អធិរាជ​ខន់ស្ទែនធីន​ចាប់​ផ្ដើម​និយម​សាសនា​ដែល​អះអាង​ថា​ជា​គ្រីស្ទាន​វិញ។ គួរ​ឲ្យ​ចំឡែក ពួក​បព្វជិត​បាន​សុខ​ចិត្ត​អនុញ្ញាត​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ធ្វើ​ជា​គ្រីស្ទាន​ដើម្បី​អាច​ទទួល​ឯក​សិទ្ធិ​ពី​ទ្រង់។ លោក​ហេនរី ឆាដវិច​បាន​សរសេរ​ថា​៖ «គ្រីស្ទ​សាសនា​បាន​មាន​អានុភាព​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​ការ​សំរេច​ចិត្ត​សំខាន់ៗ​របស់​អ្នក​នយោបាយ»។ តើ​ការ​ប្រឡូក​ក្នុង​រឿង​នយោបាយ​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​បព្វជិត?

អានុភាព​នៃ​នយោបាយ​ទៅ​លើ​បព្វជិត

លោក​អូកូស្ទីន ជា​បណ្ឌិត​ខាង​សាសនា​កាតូលិក​នា​សតវត្ស​រ៍​ទី​ប្រាំ​ដែល​មាន​អានុភាព បាន​ឃោសនា​ថា ព្រះ​ចង់​ប្រើ​បព្វជិត​សាសនា​ឲ្យ​ធ្វើ​ជា​អ្នក​នយោបាយ។ លោក​មាន​មតិ​ថា វិហារ​គ្រីស្ទ​សាសនា​នឹងគ្រប់គ្រង​លើ​អស់​ទាំង​សាសន៍​ហើយ​នាំ​ឲ្យ​មាន​សន្ដិភាព​លើ​លោក។ ប៉ុន្តែ លោក​ហឺបឺត ជោច វេល ដែល​ជា​ប្រវត្ដិវិទូ​មួយ​រូប​បាន​សរសេរ​ថា​៖ «ប្រវត្ដិសាស្ត្រ​របស់​ទ្វីប​អឺរ៉ុប​ពី​សតវត្ស​រ៍​ទី​ប្រាំ​រហូត​ដល់​សតវត្ស​រ៍​ទី​ដប់​ប្រាំ ច្រើន​តែ​ជា​កំណត់​ហេតុ​អំពី​ការ​បរាជ័យ​ស្តី​ពី​គំនិត ដែល​ចង់​មាន​រដ្ឋាភិបាល​គ្រប់គ្រង​ជា​អ្នក​ដឹក​នាំ​សាសនា»។ សូម្បីតែ​នៅ​ទ្វីប​អឺរ៉ុប ក៏​គ្រីស្ទ​សាសនា​មិន​បាន​នាំ​ឲ្យ​មាន​សន្ដិភាព​ដែរ នេះ​មិន​បាន​និយាយ​ដល់​ពិភពលោក​ទាំង​មូល​ផង។ នៅ​ពេល​នោះ សាសនា​ដែល​មនុស្ស​ធ្លាប់​ចាត់​ទុក​ជា​គ្រីស្ទ​សាសនា ចាប់​ផ្ដើម​បាត់បង់​នូវ​ការ​គោរព​ពី​ប្រជាជន​ជា​ច្រើន​នាក់។ ហេតុ​អ្វី?

មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​ផ្សព្វផ្សាយ​គ្រីស្ទ​សាសនា​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ដោយ​មាន​បំណង​ល្អ ក៏​ប៉ុន្តែ ក្រោយ​មក​ពួក​គេ​បាន​ពាក់​ព័ន្ធ​នឹង​អំពើ​អាក្រក់​វិញ។ លោក​ម៉ាថឺន លូទែរ ដែល​ជា​អ្នក​ផ្សាយ​សាសនា​និង​ក៏​ជា​អ្នក​បកប្រែ​ព្រះ​គម្ពីរ​ដែរ លោក​ល្បី​ឈ្មោះ​ខាង​ការ​ព្យាយាម​កែ​តម្រង់​សាសនា​កាតូលិក។ ក៏​ប៉ុន្តែ ដោយសារ​លោក​ប្រឆាំង​យ៉ាង​ក្លាហាន​នូវ​សេចក្ដី​បង្រៀន​របស់​សាសនា​កាតូលិក នេះ​បាន​ធ្វើ​ឲ្យ​លោក​ល្បី​ក្នុង​ចំណោម​អ្នក​ដែល​ចង់​បះបោរ​ដោយសារ​រឿង​នយោបាយ​ដែរ។ លោក​លូ​ទែ​រ​បាន​បាត់បង់​នូវ​ការ​គោរព​ពី​មនុស្ស​ជា​ច្រើន​នាក់​នៅ​ពេល​លោក​ចាប់​ផ្ដើម​ឃោសនា​អំពី​រឿង​នយោបាយ​ដែរ។ នៅ​ដើម​ដំបូង លោក​បាន​គាំទ្រ​ខាង​ជន​ក្រីក្រ​ដែល​កំពុង​បះបោរ​ប្រឆាំង​ពួក​អភិជន​ដែល​បាន​ជិះជាន់​ពួក​គេ។ រួច​មក នៅ​ពេល​ការ​បះបោរ​នោះ​ប្រែ​ក្លាយ​ទៅ​ជា​អំពើ​សាហាវ​ព្រៃផ្សៃ​វិញ លោក​បែរ​ជា​លើក​ទឹក​ចិត្ត​បណ្ដា​អភិជន​ឲ្យ​បង្ក្រាប​ការ​បះបោរ​នោះ ហើយ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ​មែន​ដោយ​កាប់​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់។ គ្មាន​អ្វី​ចំឡែក​ទេ ជន​ក្រីក្រ​បាន​ចាត់​ទុក​លោក​ជា​អ្នក​ក្បត់។ លោក​លូ​ទែ​រ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​អភិជន​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ​ចៅ​អធិរាជ​ដែល​កាន់​សាសនា​កាតូលិក​ដែរ។ តាម​ការ​ពិត សាសនា​ប្រូតេស្តង់​គឺ​ជា​ឈ្មោះ​ដែល​មនុស្ស​ដាក់​ឲ្យ​អ្នក​កាន់​តាម​លោក​លូ​ទែ​រ ហើយ​ពួក​គេ​បាន​ធ្វើ​ចលាចល​នយោបាយ​តាំង​ពីដើម​មក។ តើ​អំណាច​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​លោក​លូ​ទែ​រ? អំណាច​បាន​បង្ខូច​បំណង​ល្អ​របស់​លោក។ ជា​ឧទាហរណ៍ ទោះ​ជា​លោក​បាន​ប្រឆាំង​នឹង​ការ​បង្ខំ​មនុស្ស​ឲ្យ​កាន់​សាសនា​ក៏​ដោយ ក៏​ក្រោយ​មក​លោក​បាន​លើក​ទឹក​ចិត្ត​ពួក​ម៉ាក​របស់​លោក​ដែល​ជា​អ្នក​នយោបាយ ឲ្យ​ដុត​ទាំង​រស់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក។

លោក​យ៉ូន កាល​វ៉ាន ក៏​ជា​បព្វជិត​ល្បី​ម្នាក់​នៅ​ទី​ក្រុង​ជេននីវ៉ា ប៉ុន្តែ​ក្រោយ​មក​លោក​មាន​អនុភាព​ខ្លាំង​ផ្នែក​នយោបាយ​ដែរ។ នៅ​ពេល​លោក​មីកែល ស៊ែរវ៉ាតូស បង្ហាញ​នូវ​មូលហេតុ​ពី​សេចក្ដី​បង្រៀន​ដែល​ថា​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​វិញ្ញាណ​បរិសុទ្ធ​រួម​តែ​មួយ​គឺ​មិន​ត្រឹម​ត្រូវ​តាម​បទ​គម្ពីរ​នោះ លោក​កាល​វ៉ាន​ប្រើ​ឥទ្ធិពល​ដែល​លោក​មាន​ដើម្បី​គាំទ្រ​ការ​កាត់​ទោស​ប្រហារ​ជីវិត​លោក​ស៊ែរវ៉ាតូស​ដោយ​ដុត​ទាំង​រស់។ នេះ​ជា​អំពើ​ខុស​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេ​ស៊ូ​ខ្លាំង​ណាស់!

ប្រហែល​ជា​បុរស​ទាំង​នេះ​បាន​ភ្លេច​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​នៅ​យ៉ូហានទី១ ៥:១៩​ថា​៖ «លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។ តើ​ពួក​គេ​ពិត​ជា​ចង់​កែ​តម្រង់​នយោបាយ​ឲ្យ​ល្អ​ឡើងៗ​នៅ​សម័យ​នោះ​ឬ​ទេ? ឬ​ក៏​តើ​ការ​ចង់​បាន​អំណាច​និង​មាន​មិត្តភក្ដិ​ដែល​មាន​ឋានៈ​ខ្ពស់​ជា​អ្វី​ដែល​បាន​ទាក់ទាញ​ចិត្ត​ពួក​គេ​ទៅ​វិញ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​គួរ​តែ​ចង​ចាំ​នូវ​ពាក្យ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​យ៉ាកុប​សរសេរ​ថា​៖ «តើ​មិន​ដឹង​ទេ​ឬ​អី​ថា ដែល​ស្រឡាញ់​ដល់​លោកីយ នោះ​គឺ​ជា​ស្អប់​ដល់​ព្រះ​ហើយ ដូច្នេះ អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ»។ (យ៉ាកុប ៤:៤) យ៉ាកុប​ដឹង​ថា​ព្រះ​យេ​ស៊ូ​បាន​មាន​បន្ទូល​អំពី​អ្នក​កាន់​តាម​ទ្រង់​ថា​៖​«គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូល​បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ»។—យ៉ូហាន ១៧:១៤

យ៉ាង​ណា​ក៏​ដោយ ទោះ​ជា​មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា ជន​គ្រីស្ទាន​មិន​ត្រូវ​រួម​ចំណែក​ក្នុង​អំពើ​អាក្រក់​របស់​លោកីយ៍​នេះ ក៏​ពួក​គេ​ជា​ច្រើន​នាក់​ជំទាស់​នឹង​ការ​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​ដោយ​ទុក​ខ្លួន​«មិន​មែន​ជា​របស់​លោកីយ៍»​ជា​ដាច់ខាត។ ពួក​គេ​អះអាង​ថា​អព្យាក្រឹតភាព​បែប​នេះ​រារាំង​ជន​គ្រីស្ទាន​មិន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ ពួក​គេ​ជឿ​ថា​អ្នក​ដឹក​នាំ​សាសនា​គួរ​ចូល​រួម​ប្រឆាំង​អំពើ​ពុក​រលួយ​និង​អំពើ​អយុត្ដិធម៌។ ប៉ុន្តែ អព្យាក្រឹតភាព​ដែល​ព្រះ​យេ​ស៊ូ​បាន​បង្រៀន​ឲ្យ​កាន់ តើ​នោះ​ពិត​ជា​រារាំង​មិន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឯ​ទៀត​ឬ? តើ​ជន​គ្រីស្ទាន​អាច​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​នឹង​ការ​មិន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​បាន​ឬ​ទេ? ក្នុង​អត្ថបទ​ជា​បន្ទាប់​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ នយោបាយ​សំដៅ​ទៅ​លើស​កម្ម​ភាព​ដែល​ជាប់​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រទេស​ឬ​តំបន់​ណា​មួយ ជា​ពិសេស​ទំនាស់​រវាង​បុគ្គល​ឬ​គណៈ​បក្ស​ផ្សេងៗ។

[រូបភាព​នៅ​ទំព័រ​៤]

ដើម្បី​បាន​អំណាច អ្នក​ដឹក​នាំ​សាសនា​បាន​យោគ​យល់​ចុះ​ចូល​តាម​អ្នកគ្រប់គ្រង​នយោបាយ​ដូច​ជា ព្រះ​ចៅ​អធិរាជ​ខន់ស្ទែនធីន​ជា​ដើម

[អ្នក​ផ្ដល់​សិទ្ធិ]

Musée du Louvre, Paris

[រូបភាព​នៅ​ទំព័រ​៥]

ហេតុ​អ្វី​បាន​ជា​អ្នក​ដឹក​នាំ​សាសនា​ដ៏​ល្បីៗ​ចង់​ចូល​ប្រឡូក ក្នុង​រឿង​នយោបាយ?

លោក​អូកូស្ទីន

លោក​លូទែរ

លោក​កាលវ៉ាន

[អ្នក​ផ្ដល់​សិទ្ធិ]

Augustine: ICCD Photo; Calvin: Portrait by Holbein, from the book The History of Protestantism (Vol. II)