លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បងប្អូនវ័យចាស់ ជាសមាជិកដែលមានតម្លៃក្នុងភាតរភាពគ្រីស្ទានរបស់យើង

បងប្អូនវ័យចាស់ ជាសមាជិកដែលមានតម្លៃក្នុងភាតរភាពគ្រីស្ទានរបស់យើង

បងប្អូន​វ័យ​ចាស់ ជា​សមាជិក​ដែល​មាន​តម្លៃ​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង

«គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា គេ​ដុះដាល​ឡើង . . . កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល»។—ទំនុកដំកើង ៩២:១៣, ១៤

១​. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចាស់?

ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​បំរើ​ស្មោះត្រង់​ទាំង​អស់​របស់​ទ្រង់ ដែល​រួម​បញ្ចូល​អ្នក​បំរើដែល​មាន​វ័យ​ចាស់។ ក៏​ប៉ុន្តែ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​ក្នុង​ប្រទេស​មួយ នោះ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​វ័យ​ចាស់​ជិត​ប្រាំ​សែន​នាក់​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​គេ​ធ្វើ​បាប​ឬ​គ្មាន​អ្នក​ណា​អើពើ​នឹង​ពួក​គេ​សោះ​ឡើយ។ នៅ​ជុំវិញ​ពិភពលោក​មាន​របាយការណ៍​ស្រដៀង​គ្នា​នេះ​ដែល​បង្ហាញ​ថា ការ​ធ្វើ​បាប​មនុស្ស​ចាស់​គឺ​ជា​បញ្ហា​ដែល​មាន​ទូទៅ​ក្នុង​ពិភពលោក។ អង្គការ​មួយ​បាន​សំដៅ​ទៅ​ដើម​ហេតុ​នៃ​បញ្ហា​នេះ​ថា «មនុស្ស​ជា​ច្រើន​គេ​មាន​គំនិត​ថា . . . មនុស្ស​ចាស់​លែង​មាន​ប្រយោជន៍ ធ្វើ​អ្វី​មិន​កើត ហើយ​ពឹង​លើ​អ្នក​ដទៃ​ច្រើន​ពេក»។

២​. (ក) តើ​ព្រះយេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​បំរើ​វ័យ​ចាស់​ដែល​មាន​ចិត្ត​ស្មោះភក្ដី? (ខ) តើ​ក្នុង​ទំនុកដំកើង ៩២:១២​-​១៥ បាន​ពណ៌នា​ពី​អារម្មណ៍​ដ៏​កក់ក្ដៅ​អ្វី?

ព្រះយេហូវ៉ា​ស្រឡាញ់​អ្នក​បំរើ​វ័យ​ចាស់​ដែល​មាន​ចិត្ត​ស្មោះភក្ដី​ចំពោះ​ទ្រង់។ ទ្រង់​ប្រមូល​អារម្មណ៍​ទៅ​លើ​«ជំរៅ​ចិត្ត​យើង» ពោល​គឺ​ខាង​វិញ្ញាណ​របស់​យើង​ជាជាង​សមត្ថភាព​របស់​យើង។ (កូរិនថូសទី២ ៤:១៦, ខ.ស.) នៅ​ក្នុង​ព្រះគម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​យើង​ឃើញ​នូវ​ការ​ធានា​រ៉ាប់​រង​យ៉ាង​កក់ក្ដៅ​ថា​៖ «ឯ​មនុស្ស​សុចរិត​គេ​នឹង​លូត​លាស់​ឡើង​ដូច​ជា​ដើម​លម៉ើ ក៏​នឹង​ធំ​ឡើង​ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា គេ​ដុះដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់​ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះ​យេហូវ៉ា​ទ្រង់​ទៀងត្រង់»។ (ទំនុកដំកើង ៩២:១២​-​១៥) ការ​ពិចារណា​មើល​ខ​ទាំង​នេះ​នឹង​បង្ហាញ​ថា​បងប្អូន​ដែល​មាន​វ័យ​ចាស់​គឺ​ជា​ធនធាន​ដ៏​មាន​តម្លៃ​ក្នុង​ភាតរភាព​គ្រីស្ទាន។

«កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល»

៣​. (ក) ហេតុ​អ្វី​ក៏​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ដើម​លម៉ើ? (ខ) តើ​មនុស្ស​ចាស់​អាច‹បង្កើត​ផល​បាន›យ៉ាង​ដូចម្ដេច?

អ្នក​តែង​បទ​ទំនុកដំកើង​ប្រដូច​មនុស្ស​សុចរិត​ទៅ​នឹង​ដើម​លម៉ើ‹ដែល​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ›។ «កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល»។ សេចក្ដី​បកប្រែ​ព្រះគម្ពីរ​មួយ​ទៀត​ចែង​ថា​៖ «ទោះបី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល»។ (ព្រះគម្ពីរ​ភាសា​ខ្មែរ​សម្រាយ) តើ​បងប្អូន​យល់​ស្រប​ថា​ពាក្យ​ទាំង​នេះ​លើក​ទឹក​ចិត្ត​ឬ​ទេ? នៅ​សម័យ​ព្រះគម្ពីរ ដើម​លម៉ើ​គឺ​មាន​ពាស​ពេញ​ទូទាំង​បូព៌ា​ប្រទេស។ ដើម​លម៉ើ​មិន​គ្រាន់​តែ​សំរាប់​ដាំ​ឲ្យ​ល្អ​មើល​នោះ​ទេ តែ​គេ​ចាត់​ទុក​ដើម​លម៉ើ​ជា​ដើម​មាន​តម្លៃ​ណាស់​ដោយសារ​មាន​ផ្លែ​បរិបូរ ហើយ​ដើម​លម៉ើ​ខ្លះ​បន្ត​បង្កើត​ផល​ជាង​១០០​ឆ្នាំ​ទៀត​ផង។ * ដោយសារ​បន្ត​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ដែល​ប្រៀប​បាន​នឹង​ដើម​លម៉ើ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ នោះ​អ្នក​ក៏​អាច​«បង្កើត​ផល​ក្នុង​គ្រប់​ទាំង​ការ​ល្អ»​ដែរ។—កូល៉ុស ១:១០

៤, ៥​. (ក) តើ​ផលផ្លែ​សំខាន់​ណា​ដែល​គ្រីស្ទាន​ត្រូវ​តែ​បង្កើត​នោះ? (ខ) ចូរ​រៀប​រាប់​គំរូ​ក្នុង​បទគម្ពីរ​ដែល​មនុស្ស​វ័យ​ចាស់​បាន​បង្កើត​«ផល​នៃ​បបូរមាត់»។

ព្រះយេហូវ៉ា​តម្រូវ​ឲ្យ​ជន​គ្រីស្ទាន​បង្កើត​«ផល​នៃ​បបូរមាត់»​ដែល​ជា​ពាក្យ​សរសើរ​ទ្រង់​និង​គោល​បំណង​របស់​ទ្រង់។ (ហេព្រើរ ១៣:១៥) តើ​ពាក្យ​នេះ​រួម​បញ្ចូល​បងប្អូន​ដែល​មាន​វ័យ​ចាស់​ឬ​ទេ? ប្រាកដ​ហើយ!

ព្រះគម្ពីរ​មាន​គំរូ​ជា​ច្រើន​នៃ​បងប្អូន​វ័យ​ចាស់​ដែល​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ​នាម​និង​គោល​បំណង​របស់​ព្រះយេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន។ លោក​ម៉ូសេ​មាន​អាយុ​ជាង​«៧០​ឆ្នាំ»​ហើយ ពេល​ដែល​ព្រះយេហូវ៉ា​ប្រគល់​មុខ​តំណែង​ជា​ព្យាការី​និង​ជា​អ្នក​តំណាង​ទ្រង់​នោះ។ (ទំនុកដំកើង ៩០:១០; និក្ខមនំ ៤:១០​-​១៧) ទោះ​ជា​ដានីយ៉ែល​មាន​វ័យ​ចាស់​ក៏​ដោយ នេះ​មិន​បាន​បង្ការ​គាត់​ពី​ការ​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​ស្តី​អំពី​ការ​គ្រប់គ្រង​របស់​ព្រះយេហូវ៉ា​ឡើយ។ ដានីយ៉ែល​ប្រហែល​ជា​មាន​អាយុ​ជាង​៩០​ឆ្នាំ​ហើយ ពេល​ដែល​ស្តេច​បេលសាសារ​បាន​កោះ​ហៅ​គាត់​ឲ្យ​បកស្រាយ​អក្សរ​អាថ៌កំបាំង​នៅ​លើ​ជញ្ជាំង។ (ដានីយ៉ែល ជំពូក​៥) ហើយ​ចុះ​យ៉ាង​ណា​វិញ​ចំពោះ​សាវ័ក​យ៉ូហាន​ដែល​មាន​អាយុ​ចាស់​នោះ? នៅ​ជិត​ចុង​កិច្ច​បំរើ​ដ៏​ស្មោះភក្ដី​ចំពោះ​ព្រះ នោះ​គាត់​បាន​ជាប់​គុក​នៅ​កោះ​ប៉ាត់ម៉ុស​«ដោយ​ព្រោះ​ព្រះ​បន្ទូល​នឹង​សេចក្ដី​បន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ»។ (វិវរណៈ ១:៩) អ្នក​ប្រហែល​ជា​នឹក​ចាំ​បុគ្គល​ជា​ច្រើន​ទៀត​ក្នុង​សម័យ​ព្រះគម្ពីរ​ដែល​បាន​បង្កើត​«ផល​នៃ​បបូរមាត់»​ក្នុង​កាល​ដែល​មាន​វ័យ​ចាស់​ជរា។—សាំយូអែលទី១ ៨:១, ១០; ១២:២; ពង្សាវតារក្សត្រទី១ ១៤:៤, ៥; លូកា ១:៧, ៦៧​-​៧៩; ២:២២​-​៣២

៦​. តើ​ព្រះយេហូវ៉ា​បាន​ប្រើ​«ពួក​ចាស់ៗ»​ឲ្យ​ទាយ​ក្នុង​កំឡុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​យ៉ាង​ដូច​ម្ដេច?

សាវ័ក​ពេត្រុស​បាន​ស្រង់​ពាក្យ​ព្យាការី​យ៉ូអែល​ជាតិ​ហេព្រើរ ដោយ​ប្រកាស​ថា​៖ «ព្រះ​ទ្រង់​មាន​បន្ទូល​ថា‹ដល់​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​ចាក់​ព្រះវិញ្ញាណ​អញ​ទៅ​លើ​គ្រប់​ទាំង​មនុស្ស[រួម​បញ្ចូល​«ពួក​ចាស់ៗ»] . . . ហើយ​គេ​នឹង​ទាយ​ទំនាយ​ដែរ›»។ (កិច្ចការ ២:១៧, ១៨; យ៉ូអែល ២:២៨) ស្រប​ទៅ​តាម​ខ​នេះ ព្រះយេហូវ៉ា​បាន​ប្រើ​សមាជិក​វ័យ​ចាស់​ដែល​មាន​ក្នុង​ចំណោម​ពួក​អ្នក​ចាក់​ប្រេង​តាំង​និង​«ចៀម​ឯ​ទៀត»​ឲ្យ​ប្រកាស​ពី​គោល​បំណង​របស់​ទ្រង់​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់។ (យ៉ូហាន ១០:១៦) សមាជិក​ខ្លះ​បាន​បង្កើត​ផលផ្លែ​ព្រះរាជាណាចក្រ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

៧​. សូម​ពន្យល់​នូវ​របៀប​ដែល​បងប្អូន​មាន​វ័យ​ចាស់​អាច​បន្ត​បង្កើត​ផលផ្លែ​ព្រះ​រាជាណាចក្រ ទោះ​ជា​មាន​បញ្ហា​ខាង​សុខភាព​ក៏​ដោយ។

ចូរ​គិត​អំពី​សុន្យា ដែល​ជា​អ្នក​ផ្សាយ​ពេញ​ពេល​ពី​ព្រះ​រាជាណាចក្រ​តាំង​ពី​ឆ្នាំ​១៩៤១។ គាត់​នាំ​មុខ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ​ជា​ទៀងទាត់ ទោះ​ជា​មាន​ជំងឺ​រ៉ាំរៃ​អស់​យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ។ សុន្យា​បាន​ពន្យល់​ថា​៖ «ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ តាម​ពិត វា​សំខាន់​ស្មើ​នឹង​ជីវិត​របស់​ខ្ញុំ​តែ​ម្ដង ខ្ញុំ​ដាច់ខាត​មិន​ព្រម​ឈប់​ផ្សព្វផ្សាយ​ឡើយ»។ នៅ​ពេល​ថ្មីៗ​នេះ សុន្យា​និង​បង​ស្រី​គាត់​ឈ្មោះ​អូលីវ​បាន​ប្រាប់​សារ​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​គម្ពីរ​ជា​មួយ​នឹង​ចេណិត ដែល​ពួក​គាត់​បាន​ជួប​នៅ​បន្ទប់​រង់ចាំ​នៅ​មន្ទីរពេទ្យ ហើយ​ចេណិត​ជា​អ្នក​ជំងឺ​ដែល​មុខ​ជា​នឹង​ស្លាប់​ជា​មិន​ខាន។ ម្ដាយ​របស់​ចេណិត​ដែល​ជា​អ្នក​មាន​ជំនឿ​ទៅ​លើ​សាសនា​កាតូលិក​យ៉ាង​ស៊ប់​បាន​ស្ងើច​សរសើរ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ស្រី​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​យល់​ព្រម​សិក្សា​ព្រះគម្ពីរ​តាម​ផ្ទះ ហើយ​គាត់​កំពុង​តែ​រីក​ចំរើន​យ៉ាង​ប្រសើរ។ តើ​អ្នក​អាច​ឆ្លៀត​យក​ឱកាស​ដូច​នេះ​ដើម្បី​បង្កើត​ផលផ្លែ​ព្រះរាជាណាចក្រ​ឬ​ទេ?

៨​. តើ​កាលែប​ដែល​មាន​វ័យ​ចាស់​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះយេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់​អាច​យក​តម្រាប់​តាម​គាត់​យ៉ាង​ដូចម្ដេច​ដែរ?

ដោយ​ខំ​ព្យាយាម​យ៉ាង​ក្លាហាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ ទោះ​ជា​ភាព​ចាស់​ជរា​បាន​ដាក់​កំហិត​ទៅ​លើ​សមត្ថភាព​របស់​ពួក​គាត់​ក៏​ដោយ នោះ​ពួក​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់​កំពុង​តែ​យក​តម្រាប់​តាម​កាលែប​ជនជាតិ​អ៊ីស្រាអែល ដែល​បាន​រួម​ដំណើរ​ជា​មួយ​នឹង​លោក​ម៉ូសេ​ក្នុង​ទីរហោស្ថាន​អស់​បួន​ទសវត្សរ៍។ កាលែប​មាន​អាយុ​៧៩​ឆ្នាំ ពេល​ដែល​គាត់​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ស្រុក​សន្យា។ ក្រោយ​ពី​បាន​ច្បាំង​រួម​ជា​មួយ​នឹង​កងទ័ព​អ៊ីស្រាអែល​ដោយ​ទទួល​បាន​ជ័យជំនះ​អស់​ប្រាំ​មួយ​ឆ្នាំ​ហើយ គាត់​អាច​ស្កប់​ចិត្ត​នូវ​អ្វី​ដែល​គាត់​បាន​សម្រេច។ ប៉ុន្តែ ដោយ​មាន​ចិត្ត​ក្លាហាន គាត់​បាន​សុំ​ធ្វើ​កិច្ចការ​ដ៏​ពិបាក​មួយ គឺ​ចាប់​យក​«ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង»​នៅ​តាម​ស្រុក​ភ្នំ​តំបន់​យូដា ជា​កន្លែង​ដែល​ពួក​សាសន៍​អ័ណាក់​រស់​នៅ ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​មាឌ​ធំៗ។ ដោយ​មាន​ជំនួយ​ពី​ព្រះយេហូវ៉ា កាលែប​បាន​«បណ្ដេញ​គេ​ចេញ​ទៅ​ដូច​ជា​ព្រះយេហូវ៉ា​បាន​មាន​បន្ទូល»។ (យ៉ូស្វេ ១៤:៩​-​១៤; ១៥:១៣, ១៤) កាល​ដែល​អ្នក​បន្ត​បង្កើត​ផលផ្លែ​ព្រះរាជាណាចក្រ​ក្នុង​ពេល​ដែល​មាន​វ័យ​ចាស់ នោះ​ចូរ​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះយេហូវ៉ា​ក៏​នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​កាលែប​ដែរ។ ហើយ​បើ​អ្នក​នៅ​ស្មោះភក្ដី នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​កន្លែង​មួយ​ក្នុង​ពិភពលោក​ថ្មី​ដែល​ទ្រង់​បាន​សន្យា។—អេសាយ ៤០:២៩​-​៣១; ពេត្រុសទី២ ៣:១៣

«គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់»

៩, ១០​. តើ​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់​អាច​បន្ត​ឲ្យ​មាន​ជំនឿ​មាំមួន និង​រក្សា​ឲ្យ​មាន​កម្លាំង​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច? (សូម​មើល​ប្រអប់​នៅ​ទំព័រ២៥)

អ្នក​តែង​បទ​ទំនុកដំកើង​ជួយ​ឲ្យ​យើង​ខំ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​បង្កើត​ផលផ្លែ​នៃ​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា​ដែល​មាន​វ័យ​ចាស់ ដោយ​គាត់​ច្រៀង​ថា​៖ «ឯ​មនុស្ស​សុចរិត គេ​នឹង​លូត​លាស់​ឡើង​ដូច​ជា​ដើម​លម៉ើ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ។ កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់»។—ទំនុកដំកើង ៩២:១២, ១៤

១០ ទោះ​ជា​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ តើ​អ្នក​អាច​បន្ត​មាន​កម្លាំង​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច? កត្ដា​សំខាន់​ដែល​ដើម​លម៉ើ​មាន​សោភ័ណភាព​យូរ​អង្វែង គឺ​អាស្រ័យ​លើ​ដើម​នោះ​មាន​ទឹក​ច្រើន​ឬ​ក៏​អត់។ នេះ​ដូច​គ្នា​ដែរ អ្នក​អាច​ទទួល​អាហារ​ខាង​វិញ្ញាណ​ពី​សេចក្ដី​ពិត​នៃ​ព្រះ​គម្ពីរ​ដែល​ប្រៀប​បាន​នឹង​ទឹក តាម​រយៈ​ការ​សិក្សា​ព្រះបន្ទូល​របស់​ព្រះ និង​ការ​ចូល​រួម​ក្នុង​អង្គការ​របស់​ទ្រង់។ (ទំនុកដំកើង ១:១​-​៣; យេរេមា ១៧:៧, ៨) កម្លាំង​ខាង​វិញ្ញាណ​ដែល​អ្នក​មាន​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ចំពោះ​បងប្អូន​រួម​ជំនឿ។ ចូរ​គិត​ពី​គំរូ​របស់​យេហូយ៉ាដា​ដែល​ជា​សម្ដេច​សង្ឃ​វ័យ​ចំណាស់​ម្នាក់​បាន​សបញ្ជាក់​អំពី​រឿង​នេះ។

១១, ១២​. (ក) តើ​យេហូយ៉ាដា​មាន​តួនាទី​ដ៏​សំខាន់​អ្វី​ក្នុង​ប្រវត្ដិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​យូដា? (ខ) តើ​យេហូយ៉ាដា​បាន​ប្រើ​អំណាច​របស់​លោក​ដើម្បី​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត​យ៉ាង​ដូចម្ដេច?

១១ សម្ដេច​សង្ឃ​យេហូយ៉ាដា​ប្រហែល​ជា​មាន​អាយុ​ជាង​១០០​ឆ្នាំ​ហើយ​ពេល​ដែល​ព្រះនាង​អ័ថាលា​បាន​ដណ្ដើម​អំណាច​គ្រប់គ្រង​ស្រុក​យូដា ដោយ​ប្រល័យ​ជីវិត​ចៅៗ​ទាំង​អស់​នោះ។ តើ​យេហូយ៉ាដា​ដែល​មាន​វ័យ​ចាស់​នោះ​បាន​ធ្វើ​អ្វី? អស់​ប្រាំ​មួយ​ឆ្នាំ លោក​និង​ភរិយា​បាន​លាក់​ទុក​យ៉ូអាស​ក្នុង​ព្រះវិហារ ហើយ​យ៉ូអាស​ជា​បុត្រ​តែ​មួយ​គត់​ដែល​បាន​រួច​ពី​ស្លាប់​ដែល​ត្រូវ​ស្នង​រាជ្យ។ រួច​មក យេហូយ៉ាដា​បាន​ធ្វើ​អ្វី​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​គាត់​បាន​ប្រកាស​ថា យ៉ូអាស​ដែល​មាន​ព្រះជន្ម​ប្រាំ​ពីរ​ឆ្នាំ​នឹង​ឡើង​សោយ​រាជ្យ​ជា​ស្តេច ហើយ​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​ព្រះនាង​អ័ថាលា​ចោល។—របាក្សត្រទី២ ២២:១០​-​១២; ២៣:១​-​៣, ១៥, ២១

១២ ជា​អ្នក​មើល​ថែរក្សា​ស្តេច នោះ​យេហូយ៉ាដា​បាន​ប្រើ​អំណាច​ខ្លួន​ដើម្បី​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត។ លោក​«នាំ​ឲ្យ​ខ្លួន​លោក​នឹង​ពួក​បណ្ដាជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះយេហូវ៉ា»។ បណ្ដាជន​ទាំង​ឡាយ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះបាល ហើយ​យក​ចេញ​អស់​ទាំង​អាសនៈ និង​រូប​ព្រះ ព្រម​ទាំង​គណៈ​សង្ឃ​របស់​ព្រះ​បាល​តាម​បង្គាប់​របស់​យេហូយ៉ាដា។ ហើយ​ក្រោម​ការ​ណែនាំ​របស់​យេហូយ៉ាដា នោះ​យ៉ូអាស​ក៏​បាន​កសាង​និង​ជួសជុល​ព្រះវិហារ​របស់​ព្រះយេហូវ៉ា ថែម​ទាំង​រៀបចំ​ឲ្យ​មាន​កិច្ចបំរើ​នៅ​ឯ​វិហារ​ឡើង​វិញ​ដែរ។ «រីឯ​យ៉ូអាស ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម​ត្រូវ​នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា​រហូត​ដល់​អស់​វេលា​ដែល​យេហូយ៉ាដា​ដ៏​ជា​សង្ឃ​បង្រៀន​ទ្រង់»។ (របាក្សត្រទី២ ២៣:១១,​១៦​-​​១៩; ២៤:១១​-​១៤; ពង្សាវតារក្សត្រទី២ ១២:២) យេហូយ៉ាដា​បាន​ទទួល​មរណភាព​ក្នុង​អាយុ​១៣០​ឆ្នាំ លោក​បាន​ទទួល​កិត្ដិយស​យ៉ាង​ប្រសើរ ដ្បិត​គេ​បាន​បញ្ចុះ​សព​លោក​ជា​មួយ​នឹង​ស្តេច​ទាំង​ឡាយ ពីព្រោះ​«លោក​បាន​ធ្វើ​ល្អ​ក្នុង​សាសន៍​អ៊ីស្រាអែល ហើយ​ចំពោះ​ព្រះ​នឹង​ព្រះ​វិហារ​ទ្រង់​ផង»។—របាក្សត្រទី២ ២៤:១៥, ១៦

១៣​. តើ​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់​អាច‹ធ្វើ​ល្អ​ជា​មួយ​នឹង​ព្រះ​ពិត​ហើយ​ដំណាក់​របស់​ទ្រង់›យ៉ាង​ដូចម្ដេច?

១៣ ប្រហែល​ជា​ដោយសារ​សុខភាព​មិន​ល្អ​ឬ​កាលៈទេសៈ​ឯ​ទៀត​ដាក់​កំហិត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត។ ទោះ​ជា​ដូច្នេះ​មែន​ក៏​ដោយ អ្នក​នៅ​តែ​អាច‹ធ្វើ​ល្អ​ជា​មួយ​នឹង​ព្រះ​ពិត​ហើយ​ដំណាក់​របស់​ទ្រង់›ដែរ។ អ្នក​អាច​បង្ហាញ​ចិត្ត​ខ្នះខ្នែង​ចំពោះ​ដំណាក់​ខាង​វិញ្ញាណ​របស់​ព្រះយេហូវ៉ា ដោយ​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ក្រុមជំនុំ និង​ដោយ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ផ្សាយ​តាម​សមត្ថភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ដោយសារ​អ្នក​ប្រុង​ទទួល​នូវ​ឱវាទ​ពី​ព្រះគម្ពីរ​និង​គាំទ្រ​យ៉ាង​ស្មោះ​ចំពោះ‹អ្នក​បំរើ​ស្មោះត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› នោះ​ក្រុមជំនុំ​នឹង​ត្រូវ​ពង្រឹង​កម្លាំង​ដោយសារ​ភាតរភាព​គ្រីស្ទាន។ (ម៉ាថាយ ២៤:៤៥​-​៤៧) អ្នក​ក៏​អាច​ជំរុញ​ចិត្ត​អ្នក​ជឿ​គ្នីគ្នា​«ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង»​ដែរ។ (ហេព្រើរ ១០:២៤, ២៥; ភីលេម៉ូន ៨, ៩) ហើយ​អ្នក​នឹង​ជា​ពរ​ដល់​អ្នក​ដទៃ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​សម​ស្រប​ទៅ​តាម​ឱវាទ​របស់​សាវ័ក​ប៉ុល​ដែល​ថា​៖ «ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់ៗ​ដឹង​ខ្នាត មាន​ចិត្ត​នឹងធឹង ហើយ​ធ្ងន់ធ្ងរ ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ខ្ជាប់ខ្ជួន​ដ៏​ត្រឹមត្រូវ​ផង ឲ្យ​ពួក​ស្ត្រី​ចាស់ៗ​បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ»។—ទីតុស ២:២​-​៤

១៤​. តើ​អ្នក​ត្រួត​ពិនិត្យ​គ្រីស្ទាន​ដែល​បាន​បំរើ​អស់​ជា​ច្រើន​ឆ្នាំ​អាច​ធ្វើ​អ្វី​ដើម្បី​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត?

១៤ តើ​អ្នក​បាន​បំរើ​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ឬ? បង​ប្រុស​ម្នាក់​ដែល​បំរើ​ជា​អ្នក​ចាស់​ទុំ​យូរ​មក​ហើយ​បាន​ឲ្យ​ឱវាទ​នេះ​ថា​៖ «ចូរ​ប្រើ​ប្រាជ្ញា​ដែល​អ្នក​បាន​ប្រមូល​តាំង​ពី​យូរយារ​មក​ហើយ​ដោយ​មិន​កំណាញ់។ ចូរ​ផ្ទេរ​ភារកិច្ច និង​ប្រាប់​នូវ​បទ​ពិសោធន៍​ដល់​អ្នក​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ចង់​រៀនចុះ»។ (ចោទិយកថា ៣:២៧,​២៨) ដោយសារ​អ្នក​មាន​ការ​យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ព្រះរាជាណាចក្រ​ដែល​កាន់​តែ​រីក​ចំរើន នេះ​នឹង​នាំ​ឲ្យ​អ្នក​ដទៃ​ទទួល​ពរ​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង។

«ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់»

១៥​. តើ​ពួក​គ្រីស្ទាន​វ័យ​ចាស់​«សំដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់»​ដោយ​ដូចម្ដេច?

១៥ ពួក​អ្នក​បំរើដែល​មាន​វ័យ​ចាស់​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​ចិត្ត​រីករាយ​«ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់»។ ប្រសិន​បើ​អ្នក​ជា​គ្រីស្ទាន​ដែល​មាន​វ័យ​ចាស់ នោះ​ពាក្យ​សំដី​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​អាច​បង្ហាញ​អ្នក​ដទៃ​ថា‹ព្រះ​យេហូវ៉ា​ជា​ថ្មដា​របស់​អ្នក គ្មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទ្រង់​ឡើយ›។ (ទំនុកដំកើង ៩២:១៥) ដើម​លម៉ើ​ធ្វើ​បន្ទាល់​ដោយ​ស្ងប់​ស្ងាត់​ដែល​បង្ហាញ​ឲ្យ​ឃើញ​គុណសម្បត្ដិ​ដ៏​ប្រសើរ​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​អ្នក​នូវ​ឱកាស​ដ៏​ល្អ ដើម្បី​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​លើក​តម្កើង​ការ​ថ្វាយ​បង្គំ​ពិត។ (ចោទិយកថា ៣២:៧; ទំនុកដំកើង ៧១:១៧, ១៨; យ៉ូអែល ១:២, ៣) ហេតុ​អ្វី​នេះ​គឺ​សំខាន់?

១៦​. តើ​គំរូ​មួយ​ណា​ក្នុង​ព្រះគម្ពីរ​ដែល​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ‹ការ​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់›?

១៦ នៅ​ពេល​មេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល គឺ​យ៉ូស្វេ​«លោក​ក៏​ចាស់​មាន​វ័យ​ចំរើន​ច្រើន​ណាស់​ហើយ» នោះ​លោក​ក៏​បាន​«ហៅ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​ចាស់​ទុំ ពួក​មេ​នឹង​ពួក​ចៅក្រម ហើយ​ពួក​នាយក​របស់​គេ» ដើម្បី​រំឭក​ពួក​គេ​អំពី​ការ​ប្រព្រឹត្ត​ដ៏​ទៀងត្រង់​របស់​ព្រះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ហើយ នោះ​គ្មាន​ខ្វះ​ណា​មួយ​សោះ ទាំង​អស់​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ»។ (យ៉ូស្វេ ២៣:១, ២, ១៤) ពាក្យ​ទាំង​នេះ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ពួក​គាត់​ឲ្យ​រក្សា​នូវ​ភាព​ស្មោះភក្ដី​ចំពោះ​ព្រះ​អស់​មួយ​រយៈ។ ប៉ុន្តែ ក្រោយ​ពី​យ៉ូស្វេ​ទទួល​មរណភាព នោះ​«កើត​មាន​មនុស្ស​១​ដំណ​ទៀត​ក្រោយ​មក ជា​មនុស្ស​ដែល​មិន​បាន​ស្គាល់​ព្រះ​យេហូវ៉ា ឬ​ការ​ដែល​ទ្រង់​បាន​សំរេច​ដល់​ពួក​អ៊ីស្រាអែល​ទេ។ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ការ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា​វិញ គឺ​គេ​គោរព​ប្រតិបត្ដិ​ដល់​អស់​ទាំង​រូប​នៃ​ព្រះ​បាល»។—ពួក​ចៅហ្វាយ ២:៨​-​១១

១៧​. តើ​តាម​របៀប​ណា​ដែល​ព្រះយេហូវ៉ា​ប្រព្រឹត្ត​មក​លើ​រាស្ត្រ​របស់​ទ្រង់​នៅ​សម័យ​នេះ?

១៧ ចិត្ត​ស្មោះ​គ្រប់លក្ខណ៍​របស់​សមាជិក​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ មិន​ពឹងផ្អែក​ទៅ​លើ​បទ​ពិសោធន៍​ដែល​បងប្អូន​វ័យ​ចាស់​រៀប​រាប់​ប្រាប់​យើង​នោះ​ទេ។ ក៏​ប៉ុន្តែ ពេល​ដែល​យើង​ឮ​ដោយ​ផ្ទាល់​នូវ​កំណត់​ហេតុ​ពី​«ការ​ដ៏​ធំ»​ដែល​ទ្រង់​បាន​ធ្វើ​សំរាប់​រាស្ត្រ​ទ្រង់​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នេះ នោះ​ជំនឿ​របស់​យើង​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​ទ្រង់​រឹតតែ​ខ្លាំង​ឡើង។ (ពួក​ចៅហ្វាយ ២:៧; ពេត្រុសទី២ ១:១៦​-​១៩) ប្រសិន​បើ​អ្នក​បាន​ចូល​រួម​ក្នុង​អង្គការ​របស់​ព្រះយេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នក​អាច​នឹក​ចាំ​នូវ​ពេល​ដែល​មាន​អ្នក​ប្រកាស​សារ​ព្រះរាជាណាចក្រ​តិច​តួច​ក្នុង​តំបន់​ឬ​ក្នុង​ប្រទេស​របស់​អ្នក ឬ​ពេល​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​កិច្ចការ​ផ្សព្វផ្សាយ។ ច្រើន​ឆ្នាំ​កន្លង​មក អ្នក​បាន​ឃើញ​ព្រះយេហូវ៉ា​បំបាត់​ចោល​នូវ​ឧបសគ្គ​ខ្លះៗ និង​«បញ្ជឿន»​ឲ្យ​មាន​អ្នក​ផ្សព្វផ្សាយ​ជា​ច្រើន​នាក់។ (អេសាយ ៥៤:១៧; ៦០:២២) អ្នក​បាន​កត់​សម្គាល់​នូវ​ការ​បំភ្លឺ​នៃ​សេចក្ដី​ពិត​និង​បាន​ឃើញ​នូវ​ការ​កែ​តម្រូវ​ជា​បណ្ដើរៗ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី​នេះ។ (សុភាសិត ៤:១៨; អេសាយ ៦០:១៧) តើ​អ្នក​ខំ​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដោយ​ប្រាប់​គេ​នូវ​បទ​ពិសោធន៍​ដែល​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ទង្វើ​នេះ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​ច្រើន​ណាស់​ហើយ​ក៏​ជួយ​ឲ្យ​ភាតរភាព​គ្រីស្ទាន​របស់​យើង​រឹង​មាំ​ឡើង!

១៨​. (ក) ចូរ​រៀប​រាប់​នូវ​ឥទ្ធិពល​ដែល​អាច​មាន​ជា​យូរ​ទៅ​មុខ​ចំពោះ‹ការ​ប្រាប់​អ្នក​ដទៃ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់​នោះ›។ (ខ) តើ​អ្នក​ផ្ទាល់​ធ្លាប់​ពិសោធ​នូវ​ការ​ប្រព្រឹត្ត​ដ៏​ទៀងត្រង់​របស់​ព្រះយេហូវ៉ា​យ៉ាង​ណា?

១៨ ចុះ​យ៉ាង​ណា​នៅ​ពេល​ដែល​អ្នក​ពិសោធ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ណែនាំ​របស់​ព្រះយេហូវ៉ា​ក្នុង​ជីវិត​របស់​អ្នក​នោះ? (ទំនុកដំកើង ៣៧:២៥; ម៉ាថាយ ៦:៣៣; ពេត្រុសទី១ ៥:៧) បង​ស្រី​ម៉ាថា​ដែល​មាន​វ័យ​ចាស់​ធ្លាប់​លើក​ទឹក​ចិត្ត​អ្នក​ដទៃ គាត់​និយាយ​ថា​៖ «ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ កុំ​ឲ្យ​បោះបង់​ចោល​ព្រះ​យេហូវ៉ា​ឲ្យ​សោះ។ ទ្រង់​នឹង​ជួយ​ទ្រទ្រង់​ជីវិត​អ្នក»។ ឱវាទ​នេះ​មាន​អានុភាព​យ៉ាង​ជ្រាល​ជ្រៅ​លើ​ថុលមីណា ដែល​ជា​សិស្ស​ព្រះគម្ពីរ​ម្នាក់​របស់​បង​ស្រី​ម៉ាថា​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ដើម​ទសវត្សរ៍​នៃ​ឆ្នាំ​១៩៦០។ ថុលមីណា​នឹក​ចាំ​ថា​៖ «នៅ​ពេល​ដែល​ប្ដី​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​តាំង​ចិត្ត​មក​ប្រជុំ​ជានិច្ច។ ហើយ​ព្រះយេហូវ៉ា​ពិត​ជា​បាន​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​មែន»។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថុលមីណា​ក៏​បាន​ផ្ដល់​នូវ​ឱវាទ​នេះ​ដល់​សិស្ស​ព្រះគម្ពីរ​ជា​ច្រើន​នាក់​ដែរ។ ប្រាកដ​ហើយ ដោយ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត​និង​រៀប​រាប់​នូវ​ការ​ប្រព្រឹត្ត​ដ៏​ទៀងត្រង់​របស់​ព្រះ​យេហូវ៉ា នោះ​យើង​អាច​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​ពង្រឹង​ជំនឿ​របស់​អ្នក​ជឿ​គ្នីគ្នា។

ព្រះយេហូវ៉ា​ស្រឡាញ់​ហើយ​អបអរ ដែល​មាន​មនុស្ស​វ័យ​ចាស់​ចិត្ត​ស្មោះភក្ដី

១៩, ២០​. (ក) តើ​ព្រះយេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អ្នក​បំរើ​ទ្រង់​ដែល​មាន​វ័យ​ចាស់? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​ចំណុច​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

១៩ មនុស្ស​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ត្រូវ​គេ​ស្គាល់​ទូទៅ​ថា​ជា​មនុស្ស​រមិលគុណ និង​មិន​ចេះ​គិត​ដល់​មនុស្ស​វ័យ​ចាស់​ឡើយ។ (ធីម៉ូថេទី២ ៣:១, ២) បើ​គេ​នឹក​ចាំ​ពី​មនុស្ស​វ័យ​ចាស់​នោះ នេះ​គឺ​ដោយសារ​មនុស្ស​វ័យ​ចាស់​នោះ​បាន​សម្រេច​អ្វី​មួយ ពោល​គឺ​ពួក​គាត់​ធ្លាប់​ជា​មនុស្ស​បែប​ណា ជាជាង​នឹក​ចាំ​ពី​អ្វីៗ​ដែល​ពួក​គាត់​កំពុង​តែ​ធ្វើ​ឥឡូវ​នេះ។ ផ្ទុយ​ទៅ​វិញ ព្រះគម្ពីរ​ចែង​ថា​៖ «ដ្បិត​ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ​ដែល​ទ្រង់​នឹង​ភ្លេច​ការ​អ្នក​រាល់​គ្នា​ធ្វើ នឹង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​សំដែង​ដល់​ព្រះ​នាម​ទ្រង់ ដោយ​បាន​បំរើ​ពួក​បរិសុទ្ធ​ហើយ​ក៏​នៅ​តែ​បំរើ​ទៀត​នោះ​ទេ»។ (ហេព្រើរ ៦:១០) ប្រាកដ​ហើយ ព្រះយេហូវ៉ា​ចង​ចាំ​នូវ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ​ដោយ​ចិត្ត​ស្មោះ។ ប៉ុន្តែ ទ្រង់​ក៏​ចាត់​ទុក​អ្នក​ជា​បុគ្គល​ដ៏​មាន​តម្លៃ​ចំពោះ​អ្វី​ដែល​អ្នក​បន្ត​ធ្វើ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់​ឥឡូវ​នេះ​ដែរ។ មែន​ហើយ ទ្រង់​ចាត់​ទុក​អ្នក​បំរើដែល​មាន​វ័យ​ចាស់​ជា​បុគ្គល​ដែល​អាច​បង្កើត​ផល មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ និង​ជា​គ្រីស្ទាន​មាន​កម្លាំង​មាំមួន​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​អំណាច​របស់​ទ្រង់។—ភីលីព ៤:១៣

២០ តើ​អ្នក​មាន​ទស្សនៈ​ដូច​ព្រះយេហូវ៉ា​ចំពោះ​បងប្អូន​វ័យ​ចាស់​នៅ​ក្នុង​ភាតរភាព​គ្រីស្ទាន​របស់​យើង​ឬ​ទេ? បើ​ដូច្នេះ​មែន អ្នក​ត្រូវ​បាន​ជំរុញ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គាត់។ (យ៉ូហានទី១ ៣:១៨) អត្ថបទ​ជា​បន្ទាប់​នឹង​ពិនិត្យ​មើល​នូវ​វិធី​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជួយ​ផ្គត់ផ្គង់​នូវ​តម្រូវ​ការ​របស់​ពួក​គាត់។

[កំណត់​សម្គាល់]

^ វគ្គ 3 ផ្លែ​មួយ​ស្មែងៗ​អាច​មាន​ផ្លែ​រាប់​ពាន់ និង​មួយ​ស្មែង​អាច​មាន​ទម្ងន់​៨​គីឡូ​ក្រាម​ឬ​ច្រើន​ជាង។ អ្នក​និពន្ធ​ម្នាក់​ប៉ាន់​ស្មាន​ថា​«ដើម​លម៉ើ​និមួយៗ​នឹង​បង្កើត​ផល​បាន​ពីរ​ឬ​បី​តោន​ឲ្យ​ម្ចាស់​ដរាប​ដល់​វា​ងាប់»។

តើ​អ្នក​ឆ្លើយ​យ៉ាង​ណា?

តើ​មនុស្ស​ដែល​មាន​វ័យ​ចាស់​«បង្កើត​ផល» យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​ក៏​កម្លាំង​ខាង​វិញ្ញាណ​របស់​គ្រីស្ទាន ដែល​មាន​វ័យ​ចាស់​គឺ​ជា​ធនធាន​ដ៏​មាន​តម្លៃ?

តើ​មនុស្ស​ដែល​មាន​វ័យ​ចាស់​«សំដែង​ឲ្យ​ឃើញ​ថា ព្រះយេហូវ៉ា​ទ្រង់​ទៀងត្រង់»​យ៉ាង​ដូចម្ដេច?

ហេតុ​អ្វី​ក៏​ព្រះយេហូវ៉ា​ស្រឡាញ់​និង​អបអរ ចំពោះ​អ្នក​ដែល​បាន​បំរើ​ទ្រង់​អស់​ជា​ច្រើន​ឆ្នាំ​ហើយ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​២៥]

របៀប​ពួក​គាត់​រក្សា​ឲ្យ​មាន​ជំនឿ​មាំមួន

តើ​អ្វី​ដែល​បាន​ជួយ​គ្រីស្ទាន​ដែល​បំរើ​ព្រះ​យូរ​ឆ្នាំ​ហើយ​ឲ្យ​បន្ត​មាន​ជំនឿ​មាំមួន​និង​រក្សា​ឲ្យ​មាន​កម្លាំង​ខាង​វិញ្ញាណ​នោះ? បងប្អូន​ខ្លះ​បាន​រៀប​រាប់​ដូច​ត​ទៅ​ថា​៖

«ការ​អាន​បទគម្ពីរ​ដោយ​ប្រមូល​អារម្មណ៍​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ព្រះយេហូវ៉ា គឺ​សំខាន់​ណាស់។ ខ្ញុំ​ទន្ទេញ​ទំនុកដំកើង ទំនុក​ទី២៣​និង​៩១​សឹង​តែ​រាល់​ថ្ងៃ»។—អូលីវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៣០

«ខ្ញុំ​ខំ​ប្រឹង​ឲ្យ​មាន​វត្តមាន​ជានិច្ច​ពេល​មាន​សុន្ទរកថា​នៃ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ខ្ញុំ​ប្រុង​ស្ដាប់​សុន្ទរកថា​នោះ​ហាក់​ដូច​ជា​នេះ​ជា​ពិធី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ។ ដោយ​ចាំ​ទុក​នូវ​ការ​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​ឲ្យ​បាន​ច្បាស់​ក្នុង​គំនិត​របស់​ខ្ញុំ នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​ដែល​ជួយ​រក្សា​ឲ្យ​ខ្ញុំ​នៅ​ស្មោះភក្ដី»។—ហេរី​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤៦

«ការ​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​គឺ​សំខាន់​ណាស់ ខ្ញុំ​តែង​សុំ​ជំនួយ​ពី​ព្រះយេហូវ៉ា ការ​ការពារ​និង​ពរ ‹ដោយ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​របស់​ខ្ញុំ›»។ (សុភាសិត ៣:៥, ៦)—អានតូនីអូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥១

«ការ​ស្ដាប់​នូវ​បទ​ពិសោធន៍​នៃ​អស់​អ្នក​ដែល​បំរើ​ព្រះយេហូវ៉ា​យ៉ាង​យូរ​ហើយ​នៅ​ស្មោះត្រង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត​ជា​ថ្មី​ដើម្បី​រក្សា​នូវ​ភាព​ស្មោះត្រង់​និង​ចិត្ត​ស្មោះភក្ដី​ចំពោះ​ទ្រង់»។—ចូន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៤

«គឺ​សំខាន់​ណាស់​ដែល​យើង​មិន​គិត​ច្រើន​ពេក​អំពី​ខ្លួន​ឯង។ អ្វីៗ​ដែល​យើង​មាន​គឺ​ដោយសារ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ។ ដោយ​មាន​ទស្សនៈ​បែប​នេះ​ជួយ​យើង​ឲ្យ​រក​ឃើញ​គោលដៅ​ត្រឹមត្រូវ​ចំពោះ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​ដើម្បី​ស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់»។—អាលីន​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៤

[រូបភាព​នៅ​ទំព័រ​២៦]

កម្លាំង​ខាង​វិញ្ញាណ​របស់​មនុស្ស​វ័យ​ចាស់​គឺ​ជា​ធនធាន​ដ៏​មាន​តម្លៃ