លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការបង្កើតសម្ដែងឲ្យឃើញនូវសិរីរុងរឿងរបស់ព្រះ!

ការបង្កើតសម្ដែងឲ្យឃើញនូវសិរីរុងរឿងរបស់ព្រះ!

ការ​បង្កើត​សម្ដែង​ឲ្យ​ឃើញ​នូវ​សិរី​រុងរឿង​របស់​ព្រះ!

«ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ»។—ទំនុកដំកើង ១៩:១

១, ២​. (ក) ហេតុ​អ្វី​បាន​ជា​មនុស្ស​ជាតិ​ពុំ​អាច​មើល​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​ដោយ​ផ្ទាល់​ភ្នែក​បាន? (ខ) តើ​អ្នក​ចាស់​ទុំ​២៤​នាក់​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

«ឯង​ពុំអាច​នឹង​មើល​មុខ​អញ​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​អញ ហើយ​រស់​នៅ​មិន​បាន​ទេ»។ (និក្ខមនំ ៣៣:២០) ព្រះ​យេហូវ៉ា​បាន​ព្រមាន​ម៉ូសេ​ដោយ​មាន​បន្ទូល​ដូច​ខាង​លើ​នេះ។ ដោយសារ​មនុស្ស​ជាតិ​ជា​សាច់​ឈាម​ទន់ខ្សោយ នោះ​ពួក​គេ​មិន​អាច​ធន់​នៅ​បាន បើ​មើល​សិរី​រុងរឿង​របស់​ព្រះ​ដោយ​ផ្ទាល់​ភ្នែក​នោះ។ ក៏​ប៉ុន្តែ ក្នុង​ចក្ខុនិមិត្ត​ដ៏​អស្ចារ្យ​មួយ សាវ័ក​យ៉ូហាន​បាន​ឃើញ​ព្រះ​យេហូវ៉ា​គង់​លើ​បល្ល័ង្ក​ដ៏​រុងរឿង​របស់​ទ្រង់។—វិវរណៈ ៤:១​-​៣

បុគ្គល​វិញ្ញាណ​គឺ​ខុស​ពី​មនុស្ស​ជាតិ ដ្បិត​បុគ្គល​វិញ្ញាណ​អាច​មើល​ព្រះ​ភក្ដ្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​ផ្ទាល់​ភ្នែក​បាន។ ក្នុង​ចំណោម​បុគ្គល​វិញ្ញាណ​ទាំង​នេះ​មាន​«អ្នក​ចាស់ទុំ​២៤​នាក់»​ដែល​យ៉ូហាន​ឃើញ​ក្នុង​ចក្ខុនិមិត្ត​នោះ​ដែរ។ ពួក​គាត់​តំណាង​១៤៤.០០០​នាក់។ (វិវរណៈ ៤:៤; ១៤:១​-​៣) ពេល​អ្នក​ចាស់​ទុំ​២៤​នាក់​នោះ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា តើ​ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា? យោង​ទៅ​តាម​វិវរណៈ ៤:១១ អ្នក​ទាំង​នោះ​ប្រកាស​ថា​៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។

មូលហេតុ​ដែល​«ពុំ​អាច​ដោះសា»​បាន​ឡើយ

៣, ៤​. (ក) ហេតុ​អ្វី​បាន​ជា​ជំនឿ​លើ​ព្រះ​គឺ​មិន​ផ្ទុយ​ពី​គោលការណ៍​វិទ្យាសាស្ត្រ? (ខ) ក្នុង​ករណី​ខ្លះ ហេតុ​អ្វី​បាន​ជា​មនុស្ស​មិន​ជឿ​ថា​មាន​ព្រះ?

តើ​ចិត្ត​ជំរុញ​អ្នក​ឲ្យ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​ឬ​ទេ? មនុស្ស​ភាគ​ច្រើន​មិន​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​ទេ ហើយ​មាន​អ្នក​ខ្លះ​រហូត​ដល់​បដិសេធ​ថា​គ្មាន​ព្រះ​ទៀត​ផង។ ជាក់​ស្តែង​តារាវិទូ​ម្នាក់​ធ្លាប់​សរសេរ​ថា​៖ «តើ​ព្រះ​គ្រោង​បង្កើត​សកលលោក​សំរាប់​យើង​មែន​ឬ? . . . គំនិត​នេះ​ស្ដាប់​ទៅ​គួរ​ឲ្យ​រំភើប​ចិត្ត​មែន។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ខ្ញុំ​គិត​ថា​គំនិត​នេះ​ជា​ការ​ស្រមើ​ស្រមៃ​ទេ។ . . . គំនិត​ថា​ព្រះ​បាន​បង្កើត​សកលលោក​គឺ​មិន​គួរ​ឲ្យ​ជឿ​សោះ»។

ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​មាន​កំរិត។ មនុស្ស​អាច​ស្រាវជ្រាវ​ត្រឹម​តែ​របស់​ដែល​អាច​មើល​ឃើញ​ឬ​យក​មក​វិភាគ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ ការ​ស្រាវជ្រាវ​របស់​មនុស្ស​សុទ្ធតែ​ជា​ទ្រឹស្តី​ឬ​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ។ ដោយសារ‹ព្រះ​ជា​វិញ្ញាណ› មនុស្ស​ពុំ​អាច​យក​ទ្រង់​មក​វិភាគ​ពិសោធ​តាម​បច្ចេកវិជ្ជា​បាន​ឡើយ។ (យ៉ូហាន ៤:២៤) ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​ថា ជំនឿ​ទៅ​លើ​ព្រះ​គឺ​ផ្ទុយ​ពី​គោលការណ៍​វិទ្យាសាស្ត្រ អ្នក​នោះ​ជា​មនុស្ស​មាន​អំនួត​ដែល​គិត​ថា​ខ្លួន​ចេះ​សព្វ​គ្រប់​អំពី​រឿង​ដែល​មិន​យល់​សោះ​ឡើយ។ លោក​វីនស៊ិន វីកិលវឺ​ត ជា​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ខេមប៊្រីច គាត់​បាន​និយាយ​ថា វិធី​សាស្ត្រ​របស់​អ្នក​វិទ្យាសាស្ត្រ​ក៏​«ជា​ជំនឿ​ម្យ៉ាង​ប្រហាក់​ប្រហែល​នឹង​ការ​កាន់​សាសនា​ដែរ»។ ហេតុ​អ្វី? វិធី​សាស្ត្រ​របស់​អ្នកវិទ្យាសាស្ត្រ​«មាន​មូលដ្ឋាន​លើ​ជំនឿ​មុត​មាំ​ថា បាតុភូត​ធម្មជាតិ​តែង​កើត​ឡើង​តាម‹ច្បាប់​ធម្មជាតិ›»។ ដូច្នេះ កាល​បើ​អ្នក​ណា​ម្នាក់​បដិសេធ​ថា​គ្មាន​ព្រះ អ្នក​នោះ​គ្រាន់​តែ​ប្ដូរ​ជំនឿ​លើ​ព្រះ​ទៅ​ជឿ​លើ​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ មែន​ទេ? តាម​មើល​ទៅ ក្នុង​ករណី​ខ្លះ​មនុស្ស​មិន​ជឿ​ថា​មាន​ព្រះ​ទេ ដោយសារ​ពួក​គេ​មិន​ចង់​ទទួល​ស្គាល់​ការ​ពិត។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​ថា​៖ «មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ ហើយ​មិន​រ​វី​រវល់​នឹង​អ្វី​សោះ ព្រោះ​គេ​គិត​ថា​៖ ‹គ្មាន​ព្រះ​ជា​ម្ចាស់​ទេ›»។—ទំនុកតម្កើង ១០:៤, ខ.ស., កំណែ​ជា​អក្សរ​ទ្រេត

៥​. ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​មិន​ជឿ​ថា​មាន​ព្រះ​ពុំ​អាច​ដោះសា​ខ្លួន​បាន​ឡើយ?

ក៏​ប៉ុន្តែ ការ​ជឿ​ថា​មាន​ព្រះ មិន​មែន​ជា​ការ​ចេះ​តែ​ជឿ​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ ដ្បិត​មាន​ភស្តុតាង​ច្រើន​លើស​លប់​ដែល​បញ្ជាក់​ថា​មាន​ព្រះ​មែន។ (ហេព្រើរ ១១:១) តារាវិទូ​ម្នាក់​ឈ្មោះ​អាឡាន សានដេច​ធ្លាប់​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា របៀប​រៀប​រយ[ក្នុង​សកលលោក]មិន​អាច​ផ្ដើម​ចេញ​ពី​ការ​គ្មាន​សណ្ដាប់​ធ្នាប់​បាន​ឡើយ។ ត្រូវ​តែ​មាន​អ្វី​មួយ​ដែល​បាន​រៀប​ចំ​របស់​សព្វសារពើ។ ចំពោះ​ខ្ញុំ រឿង​ព្រះ​ជា​អាថ៌កំបាំង​មួយ។ តែ​យ៉ាង​ណា​ក៏​ដោយ ជំនឿ​ថា​មាន​ព្រះ ជា​វិធី​ពន្យល់​នូវ​មូលហេតុ​ដែល​មាន​របស់​សព្វសារពើ ហើយ​មូលហេតុ​ដែល​មាន​អ្វី​ជា​ច្រើន ជាជាង​គ្មាន​អ្វី​សោះ»។ សាវ័ក​ប៉ុល​ប្រាប់​ជន​គ្រីស្ទាន​នៅ​ទី​ក្រុង​រ៉ូម​ថា​៖ «លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ​អង្គ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធានុភាព​ដែល​នៅ​ស្ថិត​ស្ថេរ​អស់កល្ប​ជានិច្ច​ក្ដី ឬ ឋានៈ​របស់​ព្រះ​អង្គ​ជា​ព្រះ​ជា​ម្ចាស់​ក្ដី ព្រះ​អង្គ​បាន​សំដែង​អោយ​គេ​ឃើញ តាំង​ពី​កំណើត​ពិភពលោក​មក​ម្ល៉េះ នៅ​ពេល​ណា​ដែល​គេ​រិះ​គិត​អំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ។ ដូច្នេះ គេ[ឬ​អ្នក​ដែល​មិន​ជឿ]ពុំ​អាច​ដោះសា​ខ្លួន​បាន​ឡើយ»។ (រ៉ូម ១:២០, ខ.ស.) តាំង​ពី​«កំណើត​ពិភពលោក» ជា​ពិសេស​តាំង​ពី​កំណើត​មនុស្ស​ជាតិ​ដែល​ចេះ​រិះ​គិត​យល់​ថា​មាន​ព្រះ នោះ​មាន​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា មាន​អ្នក​បង្កើត​ដែល​មាន​តេជានុភាព​ខ្លាំង​មហិមា ជា​ព្រះ​មួយ​អង្គ​ដែល​គួរ​នឹង​ថ្វាយ​បង្គំ។ ហេតុ​នេះ​ហើយ អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​សិរី​រុងរឿង​របស់​ព្រះ​ពុំ​អាច​ដោះសា​ខ្លួន​បាន​ឡើយ។ ប៉ុន្តែ តើ​អាច​ឃើញ​ភស្តុតាង​អ្វី​ខ្លះ​ក្នុង​ការ​បង្កើត?

សកលលោក​សម្ដែង​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ

៦, ៧​. តើ​ផ្ទៃ​មេឃ​សម្ដែង​ឲ្យ​ឃើញ​នូវ​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

ទំនុកដំកើង ១៩:១ ឆ្លើយ​សំនួរ​នោះ​ដោយ​ចែង​ថា​៖ «ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ»។ ដាវីឌ​បាន​រិះ​គិត​ឃើញ​ថា ភព​និង​ផ្កាយ​ទាំង​ឡាយ​ដែល​ភ្លឺ​ព្រិចៗ​ក្នុង​«លំហ​អាកាស»​ជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា ពិត​ជា​មាន​ព្រះ​មួយ​អង្គ​ដ៏​រុងរឿង​មែន។ ដាវីឌ​មាន​បន្ទូល​បន្ត​ទៀត​ថា​៖ «ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំណេះ​ដល់​យប់​១​ទៀត​ដែរ»។ (ទំនុកដំកើង ១៩:២) អ្វីៗ​នៅ​លើ​មេឃ​បង្ហាញ​ឲ្យ​ឃើញ​ទាំង​យប់​ទាំង​ថ្ងៃ​នូវ​ប្រាជ្ញា​របស់​ព្រះ​និង​តេជានុភាព​របស់​ទ្រង់ ដែល​របស់​ទាំង​នេះ​ហាក់បី​ដូច​ជា​មាន​សូរ​សម្លេង​កំពុង​តែ​«ពោល»​ពាក្យ​សរសើរ​ដល់​ព្រះ​ពី​លើ​មេឃ​មក។

ក៏​ប៉ុន្តែ ដើម្បី​អាច​ស្ដាប់​ហើយ​យល់​នូវ​ពាក្យ​សរសើរ​ទាំង​នេះ យើង​ត្រូវ​ប្រើ​សមត្ថភាព​វែកញែក។ «ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ គ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ»។ យ៉ាង​ណា​ក៏​ដោយ ទី​បន្ទាល់​ស្ងប់​ស្ងាត់​នៃ​អ្វីៗ​ដែល​នៅ​លើ​មេឃ​ផ្ដល់​ភស្តុតាង​ច្រើន​ណាស់។ «ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មក ក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដី ហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទីបំផុត​លោកីយ»។—ទំនុកដំកើង ១៩:៣, ៤

៨, ៩​. តើ​ព្រះ​អាទិត្យ​មាន​លក្ខណៈ​អស្ចារ្យ​អ្វី​ខ្លះ?

បន្ទាប់​មក ដាវីឌ​ពណ៌នា​អំពី​ការ​បង្កើត​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​ព្រះ​យេហូវ៉ា​ថា​៖ «នៅ​លើ​មេឃ ទ្រង់​បាន​ដំ​ឡើង​ត្រសាល​សំរាប់​ព្រះ​អាទិត្យ ដែល​ទុក​ដូច​ជា​ប្ដី​ថ្មោង​ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក ទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ព្រះ​អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ​អាទិត្យ​ទេ»។—ទំនុកដំកើង ១៩:៤​-​៦

បើ​ប្រៀបធៀប​នឹង​ផ្កាយ​ផ្សេង​ទៀត ព្រះ​អាទិត្យ​គឺ​ជា​ផ្កាយ​ទំហំ​មធ្យម​ទេ។ ក៏​ប៉ុន្តែ ព្រះ​អាទិត្យ​គឺ​ជា​ផ្កាយ​មួយ​ដ៏​ពិសេស​មែន ដ្បិត​វា​មាន​ទំហំ​ធំ​ជាង​ភព​ដែល​កំពុង​តែ​វិល​ជុំវិញ​វា​ឆ្ងាយ​ណាស់។ ប្រភព​ពត៌មាន​មួយ​ប្រាប់​ថា ព្រះ​អាទិត្យ​មាន​ម៉ាស​រាប់​ពាន់​លាន​តោន គឺ​ច្រើន​ជាង​ផែនដី​៣៣០.០០០​ដង ដែល​ស្មើ​នឹង​៩៩,៩​ភាគ​រយ​នៃ​ម៉ាស​សរុបនៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ​របស់​យើង! ទំនាញ​ព្រះ​អាទិត្យ​គឺ​ខ្លាំង​ល្មម​ឲ្យ​ផែនដី​វិល​ជុំវិញ​ព្រះ​អាទិត្យ​នៅ​ចម្ងាយ​១៥០​លាន​គីឡូម៉ែត្រ ដោយ​មិន​ខ្ទាត​ចេញ​ទៅ​ក្នុង​លំហ​អវកាស​ឬ​ទាញ​ចូល​ទៅ​ក្នុង​ព្រះ​អាទិត្យ​ទេ។ ព្រះ​អាទិត្យ​បាន​បញ្ចេញ​ថាមពល​ទៅ​លើ​ផែនដី​គឺ​មួយ​ភាគ​ក្នុង​ពីរ​ពាន់​លាន តែ​នោះ​គឺ​ល្មម​អាច​ទ្រទ្រង់​ជីវិត​បាន។

១០​. (ក) តើ​ព្រះ​អាទិត្យ​ចេញ​ចូល​ត្រសាល​មួយ​ក្នុង​ន័យ​អ្វី? (ខ) តើ​ព្រះ​អាទិត្យ​រត់​ដូច​ជា​«មនុស្ស​ខ្លាំង​ពូកែ»​ក្នុង​ន័យ​អ្វី?

១០ អ្នក​តែង​បទ​ទំនុកដំកើង​បាន​ប្រដូច​ព្រះ​អាទិត្យ​នឹង​«មនុស្ស​ខ្លាំង​ពូកែ» ដែល​រត់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ក្នុង​កំឡុង​មួយ​ថ្ងៃ រួច​ពេល​យប់​ទៅ​សំរាក​ក្នុង​«ត្រសាល»។ ពេល​ដែល​ព្រះ​អាទិត្យ​គង​ភ្នំ​រួច​លិច​បាត់​ស​ន្លឹម​ទៅ​ខាង​នាយ​ផែនដី មើល​ទៅ​ដូច​ជា​ព្រះ​អាទិត្យ​ចូល​ក្នុង​«ត្រសាល»​មួយ ហាក់​ដូច​ជា​ចូល​សំរាក។ ព្រឹក​ឡើង ព្រះ​អាទិត្យ​រះ​មក​បំភ្លឺ​លោក​យ៉ាង​ចិញ្ចាច​ចិញ្ចែង​«ទុក​ដូច​ជា​ប្ដី​ថ្មោង​ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេក»។ ដោយសារ​ដាវីឌ​ធ្លាប់​ធ្វើ​ជា​អ្នក​គង្វាល គាត់​ក៏​ធ្លាប់​រងា​ពេល​ដែល​យប់​ត្រជាក់​ស្រិប។ (លោកុប្បត្តិ ៣១:៤០) ពេល​ដាវីឌ​នឹក​ចាំ​ពី​រស្មី​ព្រះ​អាទិត្យ​ភ្លឺ​មក​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​កក់ក្ដៅ​ហើយ​បំបាត់​ភាព​ត្រជាក់​ចេញ​ពី​ផ្ទៃ​ផែនដី។ ព្រះ​អាទិត្យ​មិន​ចេះ​អស់​ថាមពល​ទេ ពេល​ដែល​រះ​ពី​ទិស​ខាង​កើត​និង​«ដើរ​វង់»​ទៅ​ដល់​ទិស​ខាង​លិច​នោះ វា​ប្រៀប​ដូច​ជា​«មនុស្ស​ខ្លាំង​ពូកែ»​ដែល​ប្រុង​ប្រៀប​ធ្វើ​ដំណើរ​ម្ដង​ហើយ​ម្ដង​ទៀត។

ផ្កាយ​និង​ក្រុម​តារា​ដ៏​សែន​អស្ចារ្យ

១១, ១២​. (ក) ហេតុ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ដែល​ព្រះ​គម្ពីរ​ថា​ចំនួន​ផ្កាយ​មាន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ? (ខ) តើ​សកលលោក​ប្រហែល​ជា​ធំ​ប៉ុន​ណា?

១១ ដោយ​គ្មាន​កែវយឹត ដាវីឌ​អាច​ឃើញ​តែ​ប៉ុន្មាន​ពាន់​ផ្កាយ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​បច្ចុប្បន្ន ចំនួន​ផ្កាយ​ដែល​អាច​មើល​ឃើញ​ក្នុង​សកលលោក​ដោយ​ប្រើ​តេលេទស្សន៍​នោះ​មាន​រាប់​ពាន់​លាន គឺ​ស្មើ​នឹង​លេខ​៧​មាន​សូន្យ​២២​ដង! ព្រះ​យេហូវ៉ា​ក៏​បាន​បញ្ជាក់​ពី​ចំនួន​ផ្កាយ​ជា​ច្រើន​អនេក​ដែរ ពេល​ទ្រង់​មាន​បន្ទូល​ថា ចំនួន​ផ្កាយ​គឺ​ដូច​ជា​«ខ្សាច់​នៅ​មាត់​សមុទ្រ»។—លោកុប្បត្តិ ២២:១៧

១២ ជា​ច្រើន​ឆ្នាំ​ហើយ តារាវិទូ​បាន​សង្កេត​ឃើញ​អ្វី​ដែល​ពួក​គេ​ពណ៌នា​ហៅ​ថា​«កន្លែង​ខ្លះ​ដែល​បញ្ចេញ​ពន្លឺ​តិចៗ ឃើញ​ស្រពិលៗ​គ្មាន​ទ្រង់​ទ្រាយ​ជាក់លាក់​នោះ​ទេ»។ នេះ​ហៅ​ថា​ណេប៊ុយឡា។ អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋាន​ថា «ណេប៊ុយឡា​រាង​គូថ​ខ្យង»​ទាំង​នេះ​គឺ​ជា​វត្ថុ​នៅ​ក្នុង​ក្រុម​តារា​ឬ​កាឡាក់ស៊ី​មីលគីវ៉េ​របស់​យើង។ នៅ​ឆ្នាំ​១៩២៤ មាន​គេ​រក​ឃើញ​ថា ណេប៊ុយឡា​គូថ​ខ្យង​ដែល​ជិត​ជាង​គេ ហៅ​ថា​អេនដ្រូមិដា តាម​ពិត​វា​ជា​កាឡាក់ស៊ី​មួយ​ផ្សេង​ទៀត ដែល​មាន​ចំងាយ​ពី​ផែនដី​ឆ្ងាយ​ម្ល៉េះ​ដែល​ពន្លឺពី​កាឡាក់ស៊ី​មីលគីវ៉េ​របស់​យើង​ត្រូវ​ធ្វើ​ដំណើរ​ជិត​២​លាន​ឆ្នាំ​ទើប​ដល់! * អ្នកវិទ្យាសាស្ត្រ​ឥឡូវ​ប៉ាន់​ស្មាន​ថា មាន​កាឡាក់ស៊ី​រាប់​ពាន់​លាន ហើយ​ក្នុង​កាឡាក់ស៊ី​និមួយៗ​មាន​ផ្កាយ​ពី​រាប់​សិប​ពាន់​រហូត​ដល់​រាប់​សិប​លាន​ឯ​ណោះ។ យ៉ាង​ណា​ក៏​ដោយ​ព្រះ​យេហូវ៉ា​«ទ្រង់​រាប់​ចំនួន​នៃ​អស់​ទាំង​ផ្កាយ ក៏​ហៅ​បាន​តាម​ឈ្មោះ​ទាំង​អស់»។—ទំនុកដំកើង ១៤៧:៤

១៣​. (ក) ហេតុ​អ្វី​បាន​ជា​កញ្ចុំ​ផ្កាយ​គឺ​អស្ចារ្យ​ម្ល៉េះ? (ខ) តើ​អ្វី​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកវិទ្យាសាស្ត្រ​មិន​ស្គាល់​«ច្បាប់​នៅ​លើ​ផ្ទៃ​មេឃ»?

១៣ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​សួរ​យ៉ូប​ថា​៖ «តើ​ឯង​អាច​នឹង​ចង​ទុក​នូវ​កញ្ចុំ​នៃ​ផ្កាយ​កូន​មាន់ ឬ​ស្រាយ​ចំណង​នៃ​ផ្កាយ​នាយ​ព្រាន​បាន​ឬ?»។ (យ៉ូប ៣៨:៣១) កញ្ចុំ​ផ្កាយ​គឺ​ជា​ផ្កាយ​មួយ​ចំនួន​ដែល​ហាក់​ដូច​ជា​មាន​រាង​ចម្លែក​ឃើញ​ជា​រូបភាព​មួយ​ពេល​មើល​ជា​មួយ​គ្នា។ ទោះ​ជា​ចម្ងាយ​ពី​ផ្កាយ​មួយ​ទៅ​ផ្កាយ​មួយ​ប្រហែល​ជា​ឆ្ងាយ​ណាស់ តែ​ពេល​មើល​វា​ពី​ផែនដី​ទៅ រាង​នៃ​កញ្ចុំ​ផ្កាយ​នោះ​មិន​ដែល​ផ្លាស់ប្ដូរ​ទេ។ ទី​តាំង​របស់​ផ្កាយ​នានា​គឺ​ចំ​ត្រឹម​ត្រូវ​ម្ល៉េះ​ដែល​ការ​មើល​ផ្កាយ​«ជា​ជំនួយ​ដ៏​ធំ​ក្នុង​ការ​ស្ទង់​មើល​ទិស​ទី​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ និង​ក៏​ជួយ​អវកាស​យានិក​តម្រង់​ទិស​យាន​អវកាស ថែម​ទាំង​ជួយ​សម្គាល់​ផ្កាយ​ផ្សេងៗ​ទៀត»។ (The Encyclopedia Americana) ក៏​ប៉ុន្តែ គ្មាន​អ្នក​ណា​យល់​សព្វ​គ្រប់​ពី​«ចំណង»​ដែល​ធ្វើ​ឲ្យ​ផ្កាយ​ទាំង​នេះ​ជាប់​គ្នា​ជា​កញ្ចុំ​ទេ។ ពិត​ណាស់ អ្នកវិទ្យាសាស្ត្រ​នៅ​តែ​ឆ្លើយ​មិន​ចេញ​ចំពោះ​សំនួរ​នៅ​យ៉ូប ៣៨:៣៣ ដែល​សួរ​ថា​៖ «តើ​ឯង​ស្គាល់​របៀប[ឬ​«ច្បាប់»​, ខ.ស.]នៅ​លើ​ផ្ទៃ​មេឃ​ហើយ​ឬ?»។

១៤​. តើ​របៀប​ពន្លឺ​ផ្សាយ​ចេញ​ទៅ​ជា​រឿង​អាថ៌កំបាំង​ពីព្រោះ​អ្វី?

១៤ មាន​សំនួរ​មួយ​ទៀត​ដែល​ព្រះ​បាន​សួរ​យ៉ូប​ដែល​អ្នកវិទ្យាសាស្ត្រ​ក៏​ឆ្លើយ​ពុំ​បាន​ដែរ​គឺ​៖ «តើ​ពន្លឺ​បាន​ចែក​ទៅ . . . តាម​ផ្លូវ​ណា?»។ (យ៉ូប ៣៨:២៤) អ្នក​និពន្ធ​ម្នាក់​ធ្លាប់​សរសេរ​ថា សំនួរ​អំពី​ពន្លឺ​នេះ​គឺ​ជា​«សំនួរ​ដែល​បង្ហាញ​នូវ​គំនិត​ជឿនលឿន​អំពី​រឿង​វិទ្យាសាស្ត្រ»។ ផ្ទុយ​ពី​នេះ ទស្សនវិទូ​ជនជាតិ​ក្រិច​ប៉ុន្មាន​នាក់​ធ្លាប់​ជឿ​ថា ពន្លឺ​សាយ​ចេញ​ពី​ភ្នែក​របស់​មនុស្ស​ទេ។ នៅ​សម័យ​ទំនើប​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ពន្លឺ​មាន​សមាស​ភាព​ជា​គ្រាប់​ល្អិតៗ។ អ្នកវិទ្យាសាស្ត្រ​ឯ​ទៀត​ធ្លាប់​ជឿ​ថា​ពន្លឺ​ធ្វើ​ដំណើរ​ជា​រលក​វិញ។ សព្វ​ថ្ងៃ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​ពន្លឺ​ធ្វើ​ដំណើរ​ជា​រលក​ផង​និង​ជា​ភាគ​ល្អិត​ផង។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​ទាន់​យល់​សព្វ​គ្រប់​អំពី​ធាតុ​ពិត​នៃ​ពន្លឺ​និង​របៀប​«ពន្លឺ​បាន​ចែក​ទៅ»​ទេ។

១៥​. ដូច​ដាវីឌ​ដែរ តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​យើង​គិត​ពិចារណា​អំពី​អ្វីៗ​នៅ​លើ​មេឃ?

១៥ ការ​គិត​ពិចារណា​អំពី​រឿង​ទាំង​អស់​នេះ ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​មាន​អារម្មណ៍​ដូច​ដាវីឌ ដែល​បាន​តែង​បទ​ទំនុកដំកើង​ថា​៖ «កាល​ណា​ទូល​បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ​នឹង​ផ្កាយ​ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី​ដែល​ទ្រង់​នឹករឭក​ដល់​គេ ហើយ​កូន​មនុស្ស​ផង​ដែល​ទ្រង់​ប្រោស​ដូច្នេះ?»។—ទំនុកដំកើង ៨:៣, ៤

ផែនដី​និង​សត្វ​ទាំង​ឡាយ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា

១៦, ១៧​. តើ​សត្វ​ផ្សេងៗ​ក្នុង​«ទី​ជំរៅ»​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៦ ទំនុកដំកើង​១៤៨ លើក​ឡើង​របៀប​ដែល​ការ​បង្កើត​ឯ​ទៀត​លើក​តម្កើង​សិរីង​រុងរឿង​របស់​ព្រះ។ ខ​៧​អាន​ថា​៖ «ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ពី​ផែនដី​ដែរ នែ! អស់​ទាំង​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ នឹង​ទី​ជំរៅ​ទាំង​ប៉ុន្មាន»។ «ទី​ជំរៅ»​ពិត​ជា​ពោរពេញ​ដោយ​សត្វ​អស្ចារ្យៗ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​និង​តេជានុភាព​របស់​ព្រះ។ ត្រី​បាឡែន​ពណ៌ខៀវ(blue whale) មាន​ទម្ងន់​ជា​មធ្យម​១២០​តោន គឺ​ស្មើ​នឹង​សត្វ​ដំរី​៣០​ក្បាល! បើ​គិត​ពី​បេះដូង​វា​តែ​ប៉ុណ្ណោះ នោះ​មាន​ទម្ងន់​៤៥០​គីឡូ​ក្រាម ហើយ​អាច​បូម​ឈាម​៦​.​៤០០​គីឡូ​ក្រាម​ក្នុង​រូប​កាយ​វា! តើ​សត្វ​សមុទ្រ​ធំ​សម្បើម​ទាំង​នេះ​ហែល​យឺតៗ​ក្នុង​ទឹក​ទេ? មិន​មែន​ទាល់តែ​សោះ! សេចក្ដី​រាយ​ការណ៍​មួយ​បញ្ជាក់​ថា ត្រី​បាឡែន​នោះ​«ហែល​យ៉ាង​លឿន»​គួរ​ឲ្យ​អស្ចារ្យ​ណាស់។ (European Cetacean Bycatch Campaign) ផ្កាយរណប​បង្ហាញ​ថា​«ត្រី​បាឡែន​ខៀវ​មួយ​ក្បាល​ធ្លាប់​ធ្វើ​ដំណើរ​ជាង​១៦.០០០​គីឡូម៉ែត្រ​ក្នុង​រយៈ​តែ​១០​ខែ»។

១៧ តាម​ធម្មតា ត្រី​ផ្សោ​ត(ដូហ្វាំង)មួយ​ប្រភេទ(bottle-nosed dolphin)មុជ​ទឹក​ជ្រៅ​រហូត​ដល់​៤៥​ម៉ែត្រ។ ប៉ុន្តែ ជំរៅ​ជ្រៅ​បំផុត​ដែល​ត្រី​ផ្សោ​ត​នេះ​ធ្លាប់​មុជ​គឺ​៥៤៧​ម៉ែត្រ! តើ​ត្រី​ផ្សោ​ត​នេះ​អាច​មុជ​ទឹក​ជ្រៅ​ដូច្នេះ​ហើយ​នៅ​រស់​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​វា​មុជ​ទឹក​ជ្រៅ បេះដូង​របស់​វា​ចាប់​ផ្ដើម​លោត​យឺតៗ ហើយ​ឈាម​ជា​ច្រើន​ត្រូវ​បូម​ចូល​ទៅ​ក្នុង​បេះដូង សួត និង​ខួរ​ក្បាល​របស់​វា។ ម្យ៉ាង​ទៀត សាច់​ដុំ​របស់​វា​មាន​គីមី​ម្យ៉ាង​ដែល​ផ្ទុក​អុក​ស៊ី​សែន។ ត្រី​បាឡែន​ប្រភេទ​មួយ​ទៀត (sperm whale) និង​សត្វ​ឆ្មា​សមុទ្រ​ឬ​ឆ្មា​ទឹកកក (elephant seal) អាច​មុជ​ទឹក​ជ្រៅ​ជាង​នេះ​ទៅ​ទៀត។ ទស្សនាវដ្ដី​មួយ​ប្រាប់​ថា សត្វ​ទាំង​នេះ​«ឲ្យ​ស​ម្ពាធ​ទឹក​សង្កត់​សួត​វា​ទាំង​ស្រុង ជាជាង​ខំ​ទប់ទល់​នឹង​ស​ម្ពាធ​ទឹក»។ (Discover) សត្វ​ទាំង​នេះ​ផ្ទុក​អុក​ស៊ី​សែន​ភាគ​ច្រើន​ដែល​វា​ត្រូវ​ការ​នៅ​ក្នុង​សាច់​ដុំ​វា។ ច្បាស់​ណាស់ សត្វ​ទាំង​នេះ​ជា​ភស្តុតាង​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ព្រះ​ដែល​មាន​គ្រប់​ព្រះ​ចេស្ដា!

១៨​. តើ​ទឹក​សមុទ្រ​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៨ សូម្បីតែ​ទឹក​សមុទ្រ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដែរ។ ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​មួយ​ប្រាប់​ថា​៖ «ទឹក​សមុទ្រ​ចាប់​ពី​ផ្ទៃ​ទឹក​រហូត​ដល់​ជំរៅ​១០០​ម៉ែត្រ​គឺ​ពោរពេញ​ទៅ​ដោយ​ផាយតូប្លង់តុង ជា​រុក្ខជាតិ​តូច​ល្អិត​ម្យ៉ាង​ដែល​អណ្ដែត​ក្នុង​ទឹក។ ទឹក​សមុទ្រ​មួយ​ដំណក់​មាន​ផាយតូប្លង់តុង​រាប់​ពាន់»។ (Scientific American) រុក្ខជាតិ​នេះ​គឺ​ប្រៀប​ដូច​ជា​«ព្រៃ​មួយ​ដែល​យើង​មើល​មិន​ឃើញ»​អណ្ដែត​ក្នុង​ទឹក ដែល​ជួយ​សំអាត​បរិយាកាស​ដោយ​ស្រូប​យក​កាបូន​ឌីអុកស៊ីត​រាប់​ពាន់​លាន​តោន​ចេញ​ពី​ខ្យល់។ ជាង​៥០​ភាគ​រយ​នៃ​បរិ​មាណ​ខ្យល់​អុកស៊ីសែន​ដែល​យើង​ត្រូវ​ការ​ដើម្បី​ដក​ដង្ហើម​នោះ ត្រូវ​ផលិត​ដោយ​ផាយតូប្លង់តុង។

១៩​. តើ​ភ្លើង​និង​ទឹកកក​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៩ ទំនុកដំកើង​១៤៨:៨ ចែង​ថា​៖​«អស់​ទាំង​ភ្លើង នឹង​ព្រឹល ហិមៈ នឹង​ចំហាយ​ទឹក ទាំង​ខ្យល់ព្យុះ ដែល​សំរេច​តាម​ព្រះ​បន្ទូល​ទ្រង់»។ ពិត​មែន​ដែល​ថា ព្រះ​យេហូវ៉ា​ប្រើ​កម្លាំង​ធម្មជាតិ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ សូម​គិត​អំពី​ភ្លើង។ នៅ​សម័យ​មុន មនុស្ស​ធ្លាប់​ចាត់​ទុក​ភ្លើង​ឆេះ​ព្រៃ​ជា​បាតុភូត​ដែល​បំផ្លិច​បំផ្លាញ​ព្រៃ​ឈើ។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រាវជ្រាវ​ជឿ​ថា ភ្លើង​មាន​នាទី​សំខាន់​ក្នុង​ការ​ជួយ​បរិ​ស្ថាន ពីព្រោះ​ពេល​ភ្លើង​ឆេះ​សុស​អស់​ដើម​ឈើ​ចាស់ៗ​ឬ​ឈើ​ងាប់​ហើយ នោះ​វា​ធ្វើ​ឲ្យ​គ្រាប់​ពូជ​បញ្ចេញ​ពន្លក ថែម​ទាំង​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ​ឡើង​វិញ ហើយ​តាម​ពិត​ភ្លើង​ឆេះ​ព្រៃ​កាត់​បន្ថយ​នូវ​លទ្ធភាព​ដែល​អាច​មាន​ភ្លើង​ឆេះ​រង្គាល​ម្ដង​ទៀត។ ការ​ធ្លាក់​ព្រិល​ឬ​ធ្លាក់​ទឹកកក​គឺ​សំខាន់​ដែរ។ ពេល​ដែល​ទឹក​កករ​លាយ​ទៅ​ក្នុង​ដី​នោះ​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ ព្រម​ទាំង​ធ្វើ​ឲ្យ​ទន្លេ​មាន​ទឹក​ឡើង​វិញ ហើយ​បង្កើត​ជា​ស្រទាប់​ការពារ​រុក្ខជាតិ​និង​សត្វ​កុំ​ឲ្យ​កក។

២០​. តើ​ភ្នំ​និង​ដើម​ឈើ​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​មនុស្ស?

២០ ទំនុកដំកើង​១៤៨:៩ ចែង​ថា «ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ ដើម​ឈើ​ដែល​មាន​ផ្លែ នឹង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន»។ ភ្នំ​ខ្ពស់​ស្កឹមស្កៃ​បញ្ជាក់​នូវ​តេជានុភាព​ខ្លាំង​មហិមា​របស់​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ៦៥:៦) ប៉ុន្តែ ភ្នំ​ក៏​មាន​ប្រយោជន៍​ដែរ។ សេចក្ដី​រាយ​ការណ៍​ពី​វិទ្យា​ស្ថាន​ផែនដី​វិទ្យា​នៅ​ទី​ក្រុង​បឺន នា​ប្រទេស​ស្វីស​ប្រាប់​ថា​៖ «ទន្លេ​ធំៗ​ទាំង​អស់​ក្នុង​លោក​ចាប់​ហូរ​ចេញ​ពី​ក្បាល​ទឹក​លើ​ភ្នំ។ ជាង​៥០​ភាគ​រយ​នៃ​មនុស្ស​ជាតិ​ពឹងផ្អែក​លើ​ទឹក​សាប​ដែល​ប្រសព្វ​គ្នា​លើ​ភ្នំ . . . ភ្នំ​ទាំង​នេះ​ដែល​ប្រៀប​ដូច​ជា‹អាង​ទឹក›ធំៗ គឺ​ជា​អ្វី​ដែល​ចាំបាច់​សំរាប់​សុខុមាលភាព​មនុស្ស​ជាតិ»។ សូម្បីតែ​ដើម​ឈើ​ធម្មតា​បញ្ជាក់​នូវ​សិរី​រុងរឿង​របស់​ព្រះ​មួយ​អង្គ​ដែល​បាន​បង្កើត​វា​មក។ សេចក្ដី​រាយ​ការណ៍​ពី​កម្មវិធី​មួយ​នៃ​អង្គការ​សហប្រជាជាតិ​ប្រាប់​ថា ដើម​ឈើ​«គឺ​សំខាន់​ចំពោះ​សុខុមាលភាព​នៃ​មនុស្ស​នៅ​គ្រប់​ប្រទេស . . . ពូជ​ដើម​ឈើ​ជា​ច្រើន​មាន​សារៈ​សំខាន់​ចំពោះ​សេដ្ឋកិច្ច ពីព្រោះ​វា​ជា​ប្រភព​ផលិតផល​ផ្សេងៗ​ដូច​ជា​ធ្នឹម ផ្លែ គ្រាប់​ផ្លែ ជ័រ និង​កាវ។ ទូទាំង​ពិភពលោក ២​ពាន់​លាន​នាក់​ពឹងផ្អែក​លើ​អុស​ដើម្បី​ចំអិន​អាហារ​និង​សំរាប់​ធ្វើ​ជា​ឥន្ធនៈ​ផង​ដែរ»។—United Nations Environment Programme

២១​. សូម​ពន្យល់​នូវ​របៀប​ស្លឹក​ឈើ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​អ្នក​បង្កើត។

២១ ទំរង់​របស់​ដើម​ឈើ​ក៏​ជា​ភស្តុតាង​ជាក់​ច្បាស់​ដែល​បង្ហាញ​ថា មាន​អ្នក​បង្កើត​ដែល​មាន​ប្រាជ្ញា។ សូម​គិត​អំពី​ស្លឹក​ឈើ​ធម្មតា។ ស្រទាប់​ក្រៅ​បង្អស់​នៃ​ស្លឹក​ឈើ​មាន​សារ​ធាតុ​ភ្លឺ​រលោង​ដែល​ការពារ​មិន​ឲ្យ​ស្លឹក​នោះ​បាត់បង់​ជាតិ​ទឹក​ហើយ​មាន​ភាព​ស្ងួត។ ក្រោម​ស្រទាប់​នោះ នៅ​ផ្ទៃ​ខាង​លើ​របស់​ស្លឹក​មាន​កោសិកា​ជា​ច្រើន​ដែល​មាន​ក្លរ៉ូប្លាស។ ក្លរ៉ូប្លាស​ទាំង​នេះ​មាន​ក្លរ៉ូភីល ជា​គីមី​ដែល​ចាប់​យក​ថាមពល​ពន្លឺ។ តាម​រយៈ​ដំណើរ​រស្មី​សំ​យោគ នោះ​ស្លឹក​ឈើ​ទៅ​ជា​«រោងចក្រ​ផលិត​អាហារ»។ ឫស​ឈើ​ដឹក​នាំ​ទឹក​ឡើង​ដល់​ស្លឹក​តាម​ប្រព័ន្ធ​សរសៃ​ដ៏​សាំញ៉ាំ ដែល​ប្រៀប​ដូច​ជា​«ប្រព័ន្ធ​បំពង់​ទឹក»។ នៅ​ផ្ទៃ​ខាង​ក្រោម​របស់​ស្លឹក​ឈើ​មាន​«ស​ន្ទះ​ខ្យល់»​រាប់​ពាន់(ដែល​ហៅ​ថា​ស្តូម៉ា) វា​បិទ​បើក​ដើម្បី​ស្រូប​យក​កាបូនឌីអុក​ស៊ី​ត។ ពន្លឺ​ជា​ថាមពល​ដែល​ធ្វើ​ឲ្យ​ទឹក​ហើយ​កាបូនឌីអុក​ស៊ី​ត​បង្កើត​កាបូអ៊ីដ្រា​ត។ រួច​មក ដើម​ដែល​មាន​ស្លឹក​នោះ​អាច​ចិញ្ចឹម​ជីវិត​ដោយ​ស្រូប​អាហារ​ដែល​វា​បាន​បង្កើត​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ដើម​នេះ​ដែល​ប្រៀប​ដូច​ជា​«រោងចក្រ»​មួយ មាន​ដំណើរ​ការ​យ៉ាង​ស្ងាត់​គ្មាន​ឮ​សូរ​សម្លេង ហើយ​ក៏​មាន​សោភ័ណភាព​ដែរ។ ជាជាង​បញ្ចេញ​សារ​ធាតុ​ដែល​បំពុល​អាកាស វា​បញ្ចេញ​អុក​ស៊ី​សែន​ទៅ​វិញ!

២២, ២៣​. (ក) តើ​សត្វ​ស្លាប​និង​សត្វ​លើ​គោក​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​អ្វី​ខ្លះ? (ខ) តើ​យើង​ត្រូវ​ពិចារណា​សំនួរ​អ្វី​ខ្លះ​ទៀត?

២២ ទំនុកដំកើង ១៤៨:១០ ប្រាប់​អំពី​៖ «គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូនវារ នឹង​សត្វ​ស្លាប»។ សត្វ​លើ​គោក​និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​មាន​សមត្ថភាព​អស្ចារ្យ។ មាន​សត្វ​ស្លាប​មួយ​ប្រភេទ(Laysan albatross) អាច​ហើរ​ឆ្ងាយ​ណាស់(មាន​មួយ​លើក​ដែល​សត្វ​ស្លាប​ប្រភេទ​នេះ​បាន​ហើរ​អស់​៤០.០០០​គីឡូម៉ែត្រ​ក្នុង​រយៈ​តែ​៩០​ថ្ងៃ)។ សត្វ​ស្លាប​ប្រភេទ​មួយ​ទៀត(blackpoll warbler)ធ្វើ​ដំណើរ​ពី​អាមេរិក​ខាង​ជើង​ទៅ​អាមេរិក​ខាង​ត្បូង ដោយ​ហើរ​ជាង​៨០​ម៉ោង​ដោយ​មិន​ឈប់​សំរាក​ទេ។ សត្វ​អូដ្ឋ​មិន​ផ្ទុក​ទឹក​នៅ​ក្នុង​បូក​វា​ដូច​មនុស្ស​ខ្លះ​ធ្លាប់​ជឿ​នោះ​ទេ តែ​វា​ផ្ទុក​ទឹក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​វិញ ហើយ​ហេតុ​នេះ​វា​អាច​ធ្វើ​ដំណើរ​យូរ​ដោយ​មិន​អស់​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ។ ដូច្នេះ គឺ​មិន​ចម្លែក​ទេ​ដែល​វិស្វករ​សង្កេត​មើល​ពិភព​សត្វ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពេល​ណា​ដែល​ពួក​គេ​ចង់​បង្កើត​ម៉ាស៊ីន​ឬ​សម្ភារៈ​ថ្មី។ អ្នក​និពន្ធ​ម្នាក់​ឈ្មោះ កេល ក្លៀរ ធ្លាប់​សរសេរ​ថា​៖ «បើ​អ្នក​ចង់​បង្កើត​អ្វី​ដែល​អាច​ប្រើ​ប្រាស់​បាន​ល្អ . . . ហើយ​ស៊ី​នឹង​បរិ​ស្ថាន នោះ​អ្នក​ទំនង​ជា​អាច​រក​ឃើញ​គំរូ​ល្អ​មួយ​ក្នុង​ធម្មជាតិ​បាន»។

២៣ ការ​បង្កើត​ពិត​ជា​សម្ដែង​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​មែន! ចាប់​ពី​ផ្កាយ​លើ​មេឃ​រហូត​ដល់​រុក្ខជាតិ​និង​សត្វ នោះ​សុទ្ធតែ​នាំ​សេចក្ដី​សរសើរ​ឲ្យ​ព្រះ​ជា​អ្នក​បង្កើត។ ប៉ុន្តែ ចុះ​មនុស្ស​ជាតិ​វិញ? តើ​យើង​អាច​ចូល​រួម​សរសើរ​ព្រះ​ជា​មួយ​នឹង​ធម្មជាតិ​យ៉ាង​ដូច​ម្ដេច?

[កំណត់​សម្គាល់]

^ វគ្គ 12 ពន្លឺ​ធ្វើ​ដំណើរ​៣០០.០០០​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី។

តើ​អ្នក​នៅ​ចាំ​ទេ?

ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​បដិសេធ​ថា គ្មាន​ព្រះ​នោះ​ពុំ​អាច​ដោះសា​បាន​ឡើយ?

តើ​ផ្កាយ​និង​ភព​ផ្សេងៗ​លើក​តម្កើង​សិរី​រុងរឿង របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

តើ​សត្វ​សមុទ្រ​និង​សត្វ​លើ​គោក​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា មាន​អ្នក​បង្កើត​ដែល​មាន​សេចក្ដី​ស្រឡាញ់​នោះ?

តើ​កម្លាំង​ធម្មជាតិ​សម្រេច​គោល​បំណង របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៩]

អ្នកវិទ្យាសាស្ត្រ​ប៉ាន់​ស្មាន​ថា ចំនួន​ផ្កាយ​ដែល​យើង​អាច​មើល​ឃើញ​គឺ​ស្មើ​នឹង​៧​មាន​សូន្យ​២២​ដង!

[អ្នក​ផ្ដល់​សិទ្ធិ]

Frank Zullo

[រូបភាព​នៅ​ទំព័រ​១១]

រាង​របស់​ទឹកកក

[អ្នក​ផ្ដល់​សិទ្ធិ]

snowcrystals.net

[រូបភាព​នៅ​ទំព័រ​១១]

កូន​បក្សី​(Laysan albatross)