លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការលំបាកក្នុងការអប់រំទូន្មានកូនសព្វថ្ងៃនេះ

ការលំបាកក្នុងការអប់រំទូន្មានកូនសព្វថ្ងៃនេះ

ការ​លំបាក​ក្នុង​ការ​អប់រំ​ទូន្មាន​កូន​សព្វ​ថ្ងៃ​នេះ

ម្ចាស់​ភោជនីយដ្ឋាន​មួយ​កំពុង​តែ​រៀប​ចំ​បិទ​ហាង​និង​ត្រឡប់​ទៅ​ផ្ទះ​ព្រោះ​យប់​ជ្រៅ​ហើយ។ ខណៈ​នោះ​មាន​ស្ត្រី​ពីរ​នាក់​និង​ក្មេង​ប្រុស​ម្នាក់​បាន​ដើរ​ចូល​មក​ហើយ​កុម្មង់​ម្ហូប។ ម្ចាស់​ហាង​អស់​កម្លាំង​ហៀប​នឹង​ប្រាប់​ពួក​គេ​ថា​បិទ​ហាង​ហើយ តែ​គាត់​ប្ដូរ​គំនិត​សុខ​ចិត្ត​ធ្វើ​ម្ហូប​ជូន​ភ្ញៀវ​វិញ។ កំឡុង​ដែល​ស្ត្រី​ទាំង​ពីរ​អង្គុយ​ជជែក​គ្នា​បណ្ដើរ​ញ៉ាំ​បណ្ដើរ ក្មេង​ប្រុស​នោះ​ញ៉ាំ​នំ​ស្រួយៗ​រត់​ចុះ​ឡើង​បណ្ដាល​ឲ្យ​ជ្រុះ​នំ​រួច​ដើរ​ជាន់​ទៀត។ ម្ដាយ​មិន​បាន​និយាយ​ប្រដៅ​ឲ្យ​កូន​នៅ​ស្ងៀម​ទេ តែ​គាត់​អង្គុយ​ញញឹម​វិញ។ ទីបំផុត ភ្ញៀវ​ចេញ​អស់ បន្សល់​ទុក​កំទេច​នំ​ឲ្យ​ម្ចាស់​ហាង​សំអាត​ទាំង​នឿយ​ហត់។

ដូច​អ្នក​ដឹង​ស្រាប់ ឧទាហរណ៍​ពិតៗ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រុម​គ្រួសារ​ជា​ច្រើន​ពិបាក​អប់រំ​កូន​ណាស់។ បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​ហេតុ​ផ្សេងៗ។ មាតា​បិតា​ខ្លះ​បណ្ដោយ​កូន​ឲ្យ​ធ្វើ​តាម​តែ​ទំនើង​ចិត្ត ដោយ​គិត​ស្មាន​ថា ឲ្យ​កូន​មាន​សេរីភាព​ធ្វើ​តាម​អំពើ​ចិត្ត​ទើប​ស្រួល​ប្រដៅ។ ក៏​មាន​មាតា​បិតា​ខ្លះ​ដែល​រវល់​ពេក​រហូត​មិន​អាច​ចំណាយ​ពេល​យក​ចិត្ត​ទុក​ដាក់​ឬ​ទូន្មាន​ប្រដៅ​កូន​តាម​តម្រូវ​ការ​នោះ​ទេ។ មាតា​បិតា​ខ្លះ​ទៀត ដោយ​គិត​ថា​ការ​រៀន​សូត្រ​នៅ​សាលា​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត ពួក​គាត់​បែរ​ជា​បណ្ដោយ​ឲ្យ​កូន​ធ្វើ​អ្វីៗ​តាម​តែ​អំពើ​ចិត្ត​ឲ្យ​តែ​កូន​បាន​ពិន្ទុ​ល្អ រៀន​ពូកែ និង​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​ល្បីៗ។

ក៏​ប៉ុន្តែ មាន​មនុស្ស​ខ្លះ​គិត​ថា ធ្វើ​ដូច្នេះ​មាតា​បិតា​និង​សង្គម​ទូទៅ​មិន​ប្រកាន់​តាម​សីលធម៌​ត្រឹម​ត្រូវ​ទេ។ ពួក​គេ​ប្រកែក​ថា ក្មេង​ពាល​ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​និង​អំពើ​ហិង្សា​នៅ​ឯ​សាលា​រៀន​កំពុង​តែ​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ហេតុ​នេះ នាយក​អនុវិទ្យាល័យ​មួយ​រូប​នៅ​ក្រុង​សេអ៊ូល​នា​សាធារណរដ្ឋ​កូរ៉េ​បាន​សង្កត់​ធ្ងន់​ថា ការ​ទូន្មាន​អប់រំ​កូន​ឲ្យ​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ជា​អ្វី​ដ៏​សំខាន់​បំផុត។ លោក​មាន​ប្រសាសន៍​ថា​៖​«អ្នក​ត្រូវ​អប់រំ​ទូន្មាន​ប្រដៅ​កូន​ឲ្យ​មាន​អត្ត​ចរិត​ល្អ​សិន សឹម​បង្រៀន​ឲ្យ​មាន​ចំណេះ​ដឹង​ក្រោយ»។

មាតា​បិតា​ជា​ច្រើន​ដែល​ចង់​ឲ្យ​កូន​រៀន​នៅ​សកល​វិទ្យាល័យ​និង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​នោះ ពួក​គាត់​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ទូន្មាន​ដូច​ខាង​លើ​នោះ។ បើ​អ្នក​ជា​មាតា​ឬ​បិតា តើ​អ្នក​ចង់​ឲ្យ​កូន​ធំ​ឡើង​ទៅ​ជា​មនុស្ស​បែប​ណា? តើ​អ្នក​ចង់​ឲ្យ​កូន​ទៅ​ជា​មនុស្ស​ដែល​ចេះ​ប្រកាន់​សីលធម៌ ចេះ​ទទួល​ខុសត្រូវ មាន​សុជីវធម៌ ចេះ​ប្រែប្រួល​ទៅ​តាម​កាលៈទេសៈ ហើយ​មាន​គំនិត​សុទិដ្ឋិនិយម​ឬ​ទេ? បើ​ចង់​ឲ្យ​កូន​មាន​លក្ខណៈ​ពេញ​វ័យ​ដូច​នោះ​មែន សូម​អាន​អត្ថបទ​បន្តបន្ទាប់​នេះ។