លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរទទួលការណែនាំពីព្រះដ៏មានព្រះជន្មរស់

ចូរទទួលការណែនាំពីព្រះដ៏មានព្រះជន្មរស់

ចូរ​ទទួល​ការណែនាំ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់

«[ចូរ]បែរ . . . ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង»។—កិច្ចការ ១៤:១៥

១, ២​. ហេតុ​អ្វី​ក៏​ត្រឹមត្រូវ​ដែល​យើង​ទទួល​ស្គាល់​ព្រះយេហូវ៉ា​ជា​«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»?

ក្រោយ ពី​សាវ័ក​ប៉ុល​និង​បាណាបាស​បាន​ប្រោស​បុរស​ម្នាក់​ឲ្យ​ជា នោះ​ប៉ុល​បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​បាន​ឃើញ​ទង្វើ​នោះ​ក្នុង​ក្រុង​លីស្ដ្រា​ថា​៖ «យើង​ខ្ញុំ​ជា​មនុស្ស​វិស័យ​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ មួយ​ទៀត យើង​ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​បែរ​ចេញ​ពី​អស់​ទាំង​ការ​ដែល​ឥត​ប្រយោជន៍​យ៉ាង​នេះ ទៅ​ឯ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ នឹង​របស់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង»។—កិច្ចការ ១៤:១៥

ព្រះយេហូវ៉ា​គឺ​ប្រាកដ​ជា​«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» ទ្រង់​មិនមែន​ជា​រូប​ចម្លាក់​ដែល​គ្មាន​ជីវិត​នោះ​ទេ! (យេរេមា ១០:១០; ថែស្សាឡូនីចទី១ ១:៩, ១០) ព្រះយេហូវ៉ា​មិន​គ្រាន់​តែ​មាន​ព្រះជន្ម​រស់​ប៉ុណ្ណោះទេ ទ្រង់​ក៏​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​ដែរ។ «ព្រះ​អង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម​និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស»។ (កិច្ចការ ១៧:២៥, ខ.ស.) ព្រះយេហូវ៉ា​យក​ព្រះទ័យ​ទុក​ដាក់​ចង់​ឲ្យ​យើង​សប្បាយ​នឹង​ជីវិត​សព្វ​ថ្ងៃ​នេះ​និង​នៅ​អនាគត។ ប៉ុល​បាន​និយាយ​បន្ថែម​ថា ព្រះ​«មិន​ដែល​លែង​មាន​ទី​បន្ទាល់​ពី​ព្រះ​អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែងតែ​ផ្សាយ​ព្រះគុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើងដោយ​អាហារនឹង​សេចក្ដី​អំណរ»។—កិច្ចការ ១៤:១៧

៣​. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​លើ​ការ​ណែនាំ​ដែល​ព្រះ​ប្រទាន?

យើង​មាន​មូលហេតុ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ណែនាំ​របស់​ព្រះ​ដោយសារ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ជីវិត​របស់​យើង។ (ទំនុកដំកើង ១៤៧:​៨; ម៉ាថាយ ៥:៤៥) មនុស្ស​ខ្លះ​ប្រហែល​ជា​ពុំ​ទុក​ចិត្ត​លើ​ទ្រង់​ទេ បើ​គេ​មិន​យល់​នឹង​សេចក្ដី​បង្គាប់​ក្នុង​ព្រះគម្ពីរ ឬក៏​សេចក្ដី​បង្គាប់​នោះ​ទំនង​ជា​តឹងរ៉ឹង​នោះ។ យ៉ាង​ណា​ក៏​ដោយ ការ​ទុក​ចិត្ត​លើ​ការ​ណែនាំ​របស់​ព្រះយេហូវ៉ា​គឺ​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ ទោះ​ជា​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​មិន​បាន​យល់​នូវ​ច្បាប់​មួយ​ដែល​ហាម​ប៉ះពាល់​សព​ក៏​ដោយ ក៏​គាត់​ទទួល​ប្រយោជន៍​ដោយសារ​ស្ដាប់​តាម​ច្បាប់​នោះ​ដែរ។ ទី​មួយ ការ​ស្ដាប់​បង្គាប់​នឹង​ជួយ​ឲ្យ​គាត់​ចូល​កាន់​តែ​ជិត​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ ទីពីរ ការ​ស្ដាប់​បង្គាប់​នោះ​នឹង​ជួយ​ឲ្យ​គាត់​ជៀសវាង​ពី​រោគ​ជំងឺ​ផ្សេងៗ។—លេវីវិន័យ ៥:២; ១១:២៤

៤, ៥​. (ក) មុន​សម័យ​គ្រីស្ទាន តើ​ព្រះយេហូវ៉ា​បាន​ប្រទាន​ការ​ណែនាំ​អ្វី​ស្តី​អំពី​ឈាម? (ខ) តើ​យើង​ដឹង​តាម​របៀប​ណា ថា​ការ​ណែនាំ​របស់​ព្រះ​អំពី​ឈាម​គឺ​ទាក់ទង​នឹង​ពួក​គ្រីស្ទាន​ដែរ?

ការ​ណែនាំ​របស់​ព្រះ​ស្តី​អំពី​ឈាម ក៏​ស្រដៀង​គ្នា​ដែរ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​លោក​ណូអេ​ថា មនុស្ស​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ។ រួច​មក ព្រះ​បាន​លាត​ត្រដាង​ក្នុង​ក្រឹត្យវិន័យ​ថា វិធី​តែ​មួយ​គត់​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រើ​ឈាម គឺ​សំរាប់​ថ្វាយ​លើ​អាសនៈ ដើម្បី​អត់​ទោស​បាប។ តាម​រយៈ​បញ្ញត្ដិ​ទាំង​នេះ ព្រះ​បាន​ស្ថាបនា​មូលដ្ឋាន​ចំពោះ​ការ​ប្រើ​ឈាម​តាម​របៀប​ដ៏​ពិសេស ពោល​គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ជា​ច្រើន​តាម​រយៈ​តម្លៃ​លោះ​របស់​ព្រះយេស៊ូ។ (ហេព្រើរ ៩:១៤) ត្រូវ​ហើយ ព្រះ​បាន​ប្រទាន​ការ​ណែនាំ​នោះ​ដោយ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ជីវិត​ហើយនិង​សុខុមាលភាព​របស់​យើង។ ពេលដែល​ពិគ្រោះ​លោកុប្បត្តិ ៩:៤ អ្នកប្រាជ្ញ​ខាង​ព្រះគម្ពីរ​ម្នាក់​នៅ​សតវត្សរ៍​ទី១៩ ឈ្មោះ​អាដាម ខ្លក បាន​សរសេរ​ថា​៖ «បណ្ដា​គ្រីស្ទាន​និកាយ​អូធូដុក្ស​នៅ​តែ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បញ្ញត្ដិ​នេះ[ដែល​ឲ្យ​លោក​ណូអេ] . . . ក្រិត្យ​វិន័យ​នេះហាម​បរិភោគ​ឈាម ពីព្រោះ​ច្បាប់​នេះ​បញ្ជាក់​ថា ឈាម​ត្រូវ​បង្ហូរ​ចេញ​ជំនួស​បាប​នៃ​មនុស្ស​ក្នុង​លោកីយ៍។ ក្រោម​ការ​រៀបចំ​នៃ​ពួក​គ្រីស្ទាន នោះ​ពួកគេក៏​មិន​បរិភោគ​ឈាម​ដែរ ពីព្រោះ​ឈាម​រមែង​តំណាង​លោហិត​ដែល​បាន​បង្ហូរមក​ដើម្បី​លោះ​បាប»។

អ្នកប្រាជ្ញ​នេះ​ប្រហែល​ជា​សំដៅ​ទៅ​សៀវភៅ​ដំណឹង​ល្អ​ដែល​ជាប់​ទាក់ទង​នឹង​ព្រះយេស៊ូ។ ដំណឹង​ល្អ​ទាំង​នេះ​រួម​បញ្ចូល​ការ​បញ្ជូន​បុត្រ​របស់​ព្រះ​ឲ្យ​សោយទិវង្គត​ជំនួស​យើង ដើម្បី​បង្ហូរ​លោហិត​ទ្រង់​សំរាប់​យើង ឲ្យ​យើងអាច​ទទួល​ជីវិត​ជា​រៀង​រហូត​បាន។ (ម៉ាថាយ ២០:​២៨; យ៉ូហាន ៣:១៦; រ៉ូម ៥:៨, ៩) ពំនោល​របស់​អ្នកប្រាជ្ញ​នោះ​ក៏​រួម​បញ្ចូល​បញ្ញត្ដិ​ក្រោយ​ទៀត​ដែល​អ្នក​កាន់​តាម​ព្រះគ្រីស្ទ​ត្រូវ​ជៀស​វាង​ពី​ឈាម។

៦​. តើ​ពួក​គ្រីស្ទាន​ទទួល​សេចក្ដី​បង្គាប់​អ្វី​អំពី​ឈាម? ហើយ​ហេតុ​អ្វី?

យើង​ដឹង​ថា ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រាអែល​នូវ​ក្រឹត្យ​ក្រម​រាប់​រយ​ច្បាប់។ ក្រោយ​ពី​ព្រះយេស៊ូ​បាន​សោយទិវង្គត នោះ​សិស្ស​ទ្រង់​មិន​ចាំបាច់​កាន់​តាម​ច្បាប់​នោះ​ទាំង​អស់​ទេ។ (រ៉ូម ៧:៤, ៦; កូល៉ុស ២:១៣, ១៤, ១៧; ហេព្រើរ ៨:៦, ១៣) យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក មាន​រឿង​មួយ​ដែល​ចោទ​ឡើង​អំពី​កាតព្វកិច្ច​មួយ​ដ៏​សំខាន់ ពោល​គឺ​ការ​កាត់​ស្បែក​ពួក​បុរស។ តើ​សាសន៍​ដទៃ​ដែល​ចង់​ទទួល​ប្រយោជន៍​ពី​លោហិត​របស់​ព្រះគ្រីស្ទ​ត្រូវ​កាត់​ស្បែក​ទេ ដើម្បី​បង្ហាញ​ថា​ពួក​គេ​កាន់​តាម​ក្រឹត្យ​វិន័យ​នោះ? នៅ​ឆ្នាំ​៤៩ ស.យ. គណៈ​អភិបាល​គ្រីស្ទាន​បាន​ដោះ​ស្រាយ​រឿង​នោះ។ (កិច្ចការ ជំពូក​១៥) ដោយ​មាន​ជំនួយ​ពី​វិញ្ញាណ​របស់​ព្រះ ពួក​សាវ័ក​និង​អ្នក​ចាស់​ទុំ​បាន​សន្និដ្ឋាន​ថា សេចក្ដី​តម្រូវ​ឲ្យ​កាត់​ស្បែក​នោះបាន​ចប់​ពេល​ដែល​គេ​លែង​ធ្វើ​តាម​ក្រឹត្យ​វិន័យ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​មាន​តម្រូវ​ការ​ខ្លះៗ​សំរាប់​ពួក​គ្រីស្ទាន។ គណៈ​អភិបាល​បាន​សរសេរ​សំបុត្រ​ទៅ​ក្រុមជំនុំ​ទាំង​ឡាយ​ថា​៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធនឹង​យើង​ខ្ញុំ​រាល់​គ្នា​បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១។ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ»។—កិច្ចការ ១៥:២៨, ២៩

៧​. តើ‹ការ​ជៀសវាង​ពី​ឈាម›គឺ​សំខាន់​ប៉ុន​ណា​ចំពោះ​ពួក​គ្រីស្ទាន?

យ៉ាង​ច្បាស់​ណាស់ គណៈ​អភិបាល​ចាត់​ទុក‹ការ​ជៀសវាង​ពី​ឈាម›ជា​រឿង​សីលធម៌​ដ៏​សំខាន់​ចាំបាច់​ស្មើ​នឹង​ការ​ជៀសវាង​ពី​អំពើ​អសីលធម៌​ខាង​កាម​ឬ​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដែរ។ នេះ​ស​បញ្ជាក់​ថា​បំរាម​ទាក់ទង​នឹង​ឈាម​គឺ​សំខាន់​ណាស់។ ពួក​គ្រីស្ទាន​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​ឬ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​កាម​ដោយ​ឥត​ប្រែ​ចិត្ត នោះ​ពុំ​អាច​«គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។ ពួក​«គេ​នឹង​មាន​ចំណែក . . . ជា​សេចក្ដី​ស្លាប់​ទី២​វិញ»។ (កូរិនថូសទី១ ៦:៩, ១០; វិវរណៈ ២១:៨; ២២:១៥) ចូរ​កត់​សម្គាល់​នូវ​លទ្ធផល​ដែល​ខុស​ប្លែក​ពី​គ្នា ពោល​គឺ ការ​ព្រងើយ​កន្តើយ​នឹង​ការ​ណែនាំ​របស់​ព្រះ​ស្តី​អំពី​ភាព​ពិសិដ្ឋ​នៃ​ឈាម អាច​នាំ​ឲ្យ​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត។ ការ​បង្ហាញ​សេចក្ដី​គោរព​ចំពោះ​យញ្ញបូជា​របស់​ព្រះយេស៊ូ​អាច​នាំ​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត​វិញ។

៨​. តើ​អ្វី​បញ្ជាក់​ថា​ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ចាត់​ទុក​ការ​ណែនាំ​របស់​ព្រះ​ស្តី​អំពី​ឈាម​ជា​រឿង​សំខាន់?

តើ​ពួក​គ្រីស្ទាន​សម័យ​ដើម​យល់​និង​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះ​អំពី​ឈាម​យ៉ាង​ដូច​ម្ដេច? សូម​នឹក​ចាំ​ពាក្យ​របស់​លោក​ខ្លក​ដែល​ថា​៖ «ក្រោម​ការ​រៀបចំ​នៃ​ពួក​គ្រីស្ទាន នោះ​ពួកគេ​ក៏​មិន​បរិភោគ​ឈាម​ដែរ ពីព្រោះ​ឈាម​រមែង​តំណាង​លោហិត​ដែល​បាន​បង្ហូរមក​ដើម្បី​លោះ​បាប»។ ប្រវត្ដិសាស្ត្រ​មនុស្ស​បាន​បញ្ជាក់​ថា ពួក​គ្រីស្ទាន​សម័យ​ដើម​ចាត់​ទុក​រឿង​នេះ​ជា​រឿង​សំខាន់​ណាស់។ លោក​ធើធូលាន​បាន​សរសេរ​ថា​៖ «សូម​គិត​អំពី​អស់​អ្នក​ល្មោភ​ស្រេក​ឃ្លាន​នៅ​ទី​សៃវៀន ពួក​គេ​យក​ឈាម​នៃ​ឧក្រិដ្ឋ​ជន​អាក្រក់ . . . ទៅ​ព្យាបាល​ជំងឺ​ឆ្កួត​ជ្រូក»។ ទោះ​ជា​ពួក​ពាហិរជន​បរិភោគ​ឈាម​ក្ដី នោះ​លោក​ធើធូលាន​បាន​មាន​ប្រសាសន៍​ថា ពួក​គ្រីស្ទាន «មិន​ទាំង​មាន​ឈាម​សត្វ​ក្នុង​អាហារ[របស់​ពួកគេ]​ឡើយ . . . ពេល​ដែល​កាត់​ក្ដី​ពួក​គ្រីស្ទាន យើង​ឲ្យ​សាច់​ក្រក​ដែល​មាន​ពេញ​ដោយ​ឈាម​ដល់​ពួក​គេ។ ប៉ុន្តែ យើង​ដឹង​ប្រាកដ​ថា នោះ​[គឺ]​មិនត្រឹមត្រូវ​តាម​ច្បាប់​ចំពោះ​ពួក​គេ​ទេ»។ ពិត​មែន ពួក​គ្រីស្ទាន​មិន​បរិភោគ​ឈាម​សោះ​ឡើយ ទោះ​ជា​ត្រូវ​គំរាម​កំហែង​ដល់​ជីវិត​ក៏​ដោយ។ ការ​ណែនាំ​របស់​ព្រះ​គឺ​សំខាន់​ណាស់​ចំពោះ​ពួក​គេ។

៩​. ក្រៅ​ពី​ការ​មិន​បរិភោគ​ឈាម តើ​ការ​ជៀសវាង​ពី​ឈាម​រួម​បញ្ចូល​អ្វី​ទៀត?

អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា គណៈ​អភិបាល​គ្រាន់​តែ​បាន​បង្គាប់​ជនគ្រីស្ទាន​កុំ​ឲ្យ​បរិភោគ​ឬ​ផឹក​ឈាម ឬ​ក៏​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​មិន​បាន​សម្រក់​ឈាម​ចេញ ឬ​អាហារ​ដែល​លាយ​ឈាម​ប៉ុណ្ណោះ​ទេ។ នេះ​ច្បាស់​ជា​ខ្លឹមសារ​ដំបូង​នៃ​បញ្ញត្ដិ​ដែល​ព្រះ​ជូន​ចំពោះ​លោក​ណូអេ​មែន។ ហើយ​ក្រឹត្យ​ក្រម​ពី​ពួក​សាវ័ក​បាន​ប្រាប់​ពួក​គ្រីស្ទាន​ឲ្យ​«កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក»​ដែល​មាន​ឈាម​ក្នុង​សាច់​នៅ​ឡើយ។ (លោកុប្បត្តិ ៩:៣, ៤; កិច្ចការ ២១:២៥, ខ.ស.) យ៉ាង​ណា​ក៏​ដោយ ពួក​គ្រីស្ទាន​សម័យ​ដើម​បាន​ដឹង​ថា បង្គាប់​នេះ​ទាក់ទង​អ្វី​ច្រើន​ទៀត។ ជួន​កាល​មនុស្ស​បាន​បរិភោគ​ឈាម​ជា​វិធី​ព្យាបាល​ជំងឺ។ លោក​ធើធូលាន​បាន​កត់​សម្គាល់​ថា ពាហិរជន​ខ្លះ​បាន​បរិភោគ​ឈាម​ស្រស់​ដើម្បី​ព្យាបាល​ជំងឺ​ឆ្កួត​ជ្រូក។ ហើយ​មនុស្ស​ប្រហែល​ជា​បាន​ប្រើ​ឈាម​តាម​វិធី​ផ្សេង​ទៀត​ដើម្បី​ព្យាបាល​ជំងឺ​ឬ​ធ្វើ​ឲ្យ​សុខភាព​បាន​ល្អ។ ហេតុ​ដូច្នេះ​ហើយ ចំពោះ​ពួក​គ្រីស្ទាន ការ​ជៀសវាង​ពី​ឈាម​រួម​បញ្ចូល​ការ​មិន​ទទួល​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​ដែរ។ ពួក​គ្រីស្ទាន​បាន​រក្សា​ជំហរ​របស់​ខ្លួន សូម្បី​ត្រូវ​ប្រថុយ​ជីវិត​ខ្លួន​ក៏​ដោយ។

ការ​ប្រើ​ឈាម​ជា​វិធី​ព្យាបាល​ជំងឺ

១០​. តើ​មាន​វិធី​ព្យាបាល​ណា​ខ្លះ​ដែល​ប្រើ​ឈាម? តើ​នេះ​នាំ​ឲ្យ​មាន​សំនួរ​អ្វី?

១០ សព្វ​ថ្ងៃ​នេះ ការ​ប្រើ​ឈាម​ជា​វិធី​ព្យាបាល​ជំងឺ​គឺ​ជា​រឿង​ធម្មតា។ កាល​ពី​ដំបូង​នោះ គេ​បាន​ចាក់​បញ្ចូល​ឈាម​សុទ្ធ គឺ​បាន​បូម​ឈាម​ពី​អ្នក​បរិច្ចាគ បាន​ទុក​បង្ការ ហើយ​ក្រោយ​មក​បាន​ចាក់​បញ្ចូល​ឲ្យ​អ្នក​ជំងឺ ដែល​ប្រហែល​ជា​អ្នក​រង​របួស​ពី​សង្គ្រាម​ជា​ដើម។ ក្រោយៗ​មក ពួក​អ្នក​ស្រាវជ្រាវ​បាន​ចេះ​ចំរាញ់​សារធាតុ​សំខាន់ៗ​ចេញ​ពី​ឈាម​សុទ្ធ។ គ្រូ​ពេទ្យ​ជ្រាប​ថា បើ​ចាក់​បញ្ចូល​តែ​សារធាតុ​សំខាន់ៗ​ផ្សេងៗ​ពី​ឈាម នោះ​ឈាម​អាច​ចែក​ជូន​ចំពោះ​អ្នក​ជំងឺ​បាន​ច្រើន​ជាង គឺ​ប្រហែល​ជា​អាច​ចាក់​បញ្ចូល​ផ្លាស្មា​ទៅ​ឲ្យ​អ្នក​របួស​ម្នាក់ ហើយ​ចាក់​បញ្ចូល​គោលិកា​ក្រហម​ទៅ​ឲ្យ​អ្នក​របួស​ម្នាក់​ទៀត។ ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​បង្ហាញ​ថា​សារធាតុ​សំខាន់​ណា​មួយ​ដូច​ផ្លាស្មា គឺ​អាច​ចំរាញ់​ឲ្យ​បាន​ធាតុ​ច្រើន​ផ្សេង​ទៀត ដែល​អាច​ប្រើ​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​កាន់​តែ​ច្រើន​ទៀត។ ពួក​អ្នក​ស្រាវជ្រាវ​នៅ​តែ​ព្យាយាម​ចំរាញ់​ធាតុ​ផ្សេងៗ​ទៀត​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម ហើយ​សេចក្ដី​រាយការណ៍​ថ្មីៗ​បង្ហាញ​ថា គេ​កំពុង​តែ​ប្រើ​ធាតុ​ផ្សេងៗ​នេះ​តាម​វិធី​ថ្មី​ទៀត។ តើ​ជន​គ្រីស្ទាន​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រើ​ធាតុ​ផ្សេងៗ​នេះ? គាត់​បាន​តាំង​ចិត្ត​យ៉ាង​មុត​មាំ​មិន​អនុញ្ញាត​ឲ្យ​គេ​ចាក់​បញ្ចូល​ឈាម​ឡើយ តែ​គ្រូ​ពេទ្យ​ប្រហែល​ជា​ជំរុញ​ចិត្ត​គាត់​ឲ្យ​ទទួល​សារធាតុ​សំខាន់​ណា​មួយ ប្រហែល​ជា​គោលិកា​ក្រហម​ជា​ដើម។ ឬ​វិធី​ព្យាបាល​រោគ​នោះ​ប្រហែល​ជា​ប្រើ​ធាតុ​ផ្សេង​ដែល​ចំរាញ់​ពី​សារធាតុ​សំខាន់​មួយ។ តើ​អ្នក​បំរើ​ព្រះ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ចំពោះ​រឿង​នេះ ដោយ​នឹក​គិត​ពី​ភាព​ពិសិដ្ឋ​នៃ​ឈាម និង​ដឹងថា​លោហិត​របស់​ព្រះគ្រីស្ទ​គឺ​អាច​សង្គ្រោះ​ជីវិត​បាន​យ៉ាង​ប្រសើរ​បំផុតនោះ?

១១​. ជា​យូរយារ​មក​ហើយ តើ​ស្មរបន្ទាល់​បាន​កាន់​ជំហរ​រឹង​មាំ​អ្វី​ស្តី​អំពី​ឈាម ដែល​ស្រប​តាម​ហេតុការណ៍​ពិត​ខាង​វិជ្ជា​ពេទ្យ?

១១ ស្មរបន្ទាល់​ព្រះយេហូវ៉ា​បាន​បញ្ជាក់​នូវ​ជំហរ​របស់​ខ្លួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជា​ឧទាហរណ៍ ស្មរបន្ទាល់​ព្រះយេហូវ៉ា​បាន​ផ្ញើ​អត្ថបទ​មួយ​ដែល​បោះពុម្ព​ក្នុង​ទស្សនាវដ្ដី​របស់​សមាគម​វេជ្ជ​សាស្ត្រ​អាមេរិច (The Journal of the American Medical Association ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៨១ អត្ថបទ​នេះ​បាន​បោះ​ពុម្ព​ម្ដង​ទៀត​ក្នុង​សៀវភៅ តើ​ឈាម​អាច​សង្គ្រោះ​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច? ទំព័រ​២៧​-​២៩) * អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​លោកុប្បត្តិ លេវីវិន័យ និង​កិច្ចការ។ អត្ថបទ​នេះ​ចែង​ថា​៖ «ទោះ​ជា​ខ​ទាំង​នេះ​មិន​ប្រើ​ពាក្យ​ពេទ្យ​ក៏​ដោយ ស្មរបន្ទាល់​ចាត់​ទុក​ខ​ទាំង​នេះ​ជា​ការ​ហាម​ចាក់​បញ្ចូល​ឈាម​សុទ្ធ គោលិកា​ក្រហម ផ្លាស្មា គោលិកា​ស ឬ​ផ្លាកែត»។ សៀវភៅ​ភាសា​អង់គ្លេស ការ​ព្យាបាល​ជា​បន្ទាន់ ដែល​បោះ​ពុម្ព​នៅ​ឆ្នាំ​២០០១ ក្រោម​ចំណង​ជើង​ថា​«សមាស​ភាព​នៃ​ឈាម»​បាន​ចែង​ថា​៖ «ឈាម​មាន​សារធាតុ​សំខាន់ៗ​ខ្លះ​ដូច​ជា​ផ្លាស្មា គោលិកា​ក្រហម គោលិកា​ស និង​ផ្លាកែត»។ ដូច្នេះ​ហើយ ស្រប​ទៅ​តាម​ហេតុការណ៍​ពិត​ខាង​វិជ្ជា​ពេទ្យ នោះ​ស្មរបន្ទាល់​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម​សុទ្ធ ឬ​សារធាតុ​សំខាន់ៗ​ទាំង​បួន​នោះ។

១២​. (ក) ស្តី​អំពី​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម តើ​មាន​ការ​ពន្យល់​អ្វី​ពី​ជំហរ​របស់​ស្មរបន្ទាល់? (ខ) តើ​ពត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ​អាច​រក​ឃើញ​នៅ​ឯណា?

១២ អត្ថបទ​ខាង​វិជ្ជា​ពេទ្យ​នោះ​បាន​ចែង​ទៀត​ថា​៖ «ការ​យល់​ដឹង​ខាង​សាសនា​របស់​ស្មរបន្ទាល់​មិន​ហាម​ទាំង​ស្រុង​ចំពោះ​ការ​ប្រើ[ធាតុ​ផ្សេង​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម]ដូច​ជា​អាល់ប៊ុយមីន អ៊ីមុយណូគ្លោប៊ុយលិន និង​ថ្នាំ​ដែល​បាន​រៀបចំ​ជួយ​អ្នក​ដែល​មាន​ជំងឺ​ឈាម​មិន​កក។ ស្មរបន្ទាល់​ម្នាក់ៗ​ត្រូវ​តែ​សម្រេច​ចិត្ត​ខ្លួន​ឯង ថា​តើ​គាត់​នឹង​ព្រម​ទទួល​ការ​ព្យាបាល​បែប​នេះឬទេ?»។ តាំង​ពី​ឆ្នាំ​១៩៨១ ធាតុ​ផ្សេងៗ​ជា​ច្រើន(ដែល​ត្រូវ​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​ទាំង​បួន)បាន​ត្រូវ​បែងចែក​សំរាប់​ការ​ព្យាបាល។ ស្រប​តាម​នេះ ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០០០ ផ្ដល់​នូវ​ពត៌មាន​ដែល​អាច​ជួយ​បាន​ស្តី​អំពី​ប្រធាន​នេះ​ក្នុង​អត្ថបទ​«សំនួរ​ពី​អ្នក​អាន»។ អត្ថបទ​នោះ​ផ្ដល់​ពត៌មាន​លំអិត​និង​ការ​វែកញែក​សម​ហេតុ​ផល ប៉ុន្តែ​អ្នក​នឹង​ឃើញ​ថា​អត្ថបទ​នោះ​ក៏​បញ្ជាក់​ទស្សនៈ​ដូច​គ្នា​នឹង​គោល​គំនិត​ដែល​បាន​បង្ហាញ​មក​តាំង​ពី​ឆ្នាំ​១៩៨១។

មុខ​នាទី​នៃ​មនសិការ​របស់​អ្នក

១៣, ១៤​. (ក) តើ​មនសិការ​ជា​អ្វី? តើ​មនសិការ​មាន​តួ​នាទី​យ៉ាង​ណា​ក្នុង​រឿង​ដែល​ទាក់ទង​នឹង​ឈាម? (ខ) តើ​ព្រះ​ប្រទាន​ការ​ណែនាំ​អ្វី​ចំពោះ​ពួក​អ៊ីស្រាអែល ស្តី​អំពី​ការ​បរិភោគ​សាច់? តើ​អាច​មាន​សំនួរ​អ្វី​ខ្លះ​ចោទ​ឡើង?

១៣ ពត៌មាន​បែប​នេះ​តម្រូវ​ឲ្យ​យើង​ផ្អែក​លើ​មនសិការ​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត។ ហេតុ​អ្វី? ពួក​គ្រីស្ទាន​ឯកភាព​ថា យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ ប៉ុន្តែ​ក្នុង​ទិដ្ឋភាព​ខ្លះ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​នេះ​តម្រូវ​ឲ្យ​យើង​ផ្អែក​លើ​មនសិការ​របស់​ខ្លួន​វិញ។ មនសិការ​ជា​សមត្ថភាព​ដែល​យើង​មាន​ពី​កំណើត​មក ដើម្បី​ថ្លឹង​ថ្លែង​និង​សម្រេច​ចិត្ត​លើ​រឿង​ផ្សេងៗ ដែល​ច្រើន​តែ​ទាក់ទង​នឹង​រឿង​សីលធម៌។ (រ៉ូម ២:១៤, ១៥, ខ.ស.) យ៉ាង​ណា​ក៏​ដោយ អ្នក​ដឹង​ថា​យើង​ម្នាក់ៗ​មាន​មនសិការ​ខុសៗ​គ្នា។ * ព្រះគម្ពីរ​ចែង​ថា មនុស្ស​ខ្លះ​មាន‹បញ្ញា​ចិត្ត​ឬ​មនសិការ​ខ្សោយ› ហើយ​នេះ​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​ឯ​ទៀត​មាន​មនសិការ​រឹងមាំ។ (កូរិនថូសទី១ ៨:១២) ជន​គ្រីស្ទាន​មាន​ការ​រីក​ចំរើន​ខុស​គ្នា​ស្តី​អំពី​ការ​រៀន​នូវ​បំណង​ព្រះហឫទ័យ​របស់​ព្រះ ទាំង​យល់​អំពី​ទស្សនៈ​របស់​ទ្រង់ ហើយ​ក្នុង​ការ​សម្រេច​ចិត្ត​ស្រប​ទៅ​តាម​ព្រះ​តម្រិះ​នោះ។ យើង​អាច​លើក​ឧទាហរណ៍​អំពី​សាសន៍​យូដា​និង​ការ​បរិភោគ​សាច់។

១៤ ព្រះគម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា បុគ្គល​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​មិន​បរិភោគ​សាច់​ដោយ​ឥត​សម្រក់​ឈាម​ឡើយ។ សេចក្ដី​បង្គាប់​នេះ​គឺ​សំខាន់​ណាស់ ដ្បិត​សូម្បីតែ​ក្នុង​ពេល​ដែល​មាន​ភាព​បន្ទាន់​ក្ដី បើ​ទាហាន​អ៊ីស្រាអែល​បាន​បរិភោគ​សាច់​ដែល​មាន​ជាប់​ឈាម នោះ​ពួក​គេ​មាន​ទោស​ជា​អ្នក​ធ្វើ​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ។ (ចោទិយកថា ១២:១៥, ១៦; សាំយូអែលទី១ ១៤:៣១​-​៣៥) យ៉ាង​ណា​ក៏ដោយ ក៏​នៅ​មាន​សំនួរ​ត្រូវ​ចោទ​ឡើង​ដែរ។ នៅ​ពេល​ដែល​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​សម្លាប់​សត្វ​ចៀម តើ​គាត់​ត្រូវ​សម្រក់​ឈាម​ឲ្យ​រហ័ស​ប៉ុន​ណា? តើ​គាត់​ត្រូវ​អារក​សត្វ​នោះ​ដើម្បី​ឲ្យ​ឈាម​ហូរ​ចេញ​ឬ​ទេ? តើ​ចាំបាច់​ឲ្យ​គាត់​ចង​ជើង​ខាង​ក្រោយ​ព្យួរ​សត្វ​នោះ​ទេ? តើ​ត្រូវ​ព្យួរ​យូរ​ប៉ុន​ណា​ទៅ? តើ​គាត់​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ពេលដែល​សម្លាប់​សត្វ​គោ​វិញ? សូម្បីតែ​បាន​សម្រក់​ឈាម​រួច​ហើយ ក៏​អាច​មាន​ឈាម​ខ្លះ​នៅ​ក្នុង​សាច់​នោះ​ដែរ តើ​គាត់​អាច​បរិភោគ​សាច់​បែប​នេះ​ឬ​ទេ? តើ​អ្នក​ណា​ត្រូវ​សម្រេច​ចិត្ត​នោះ?

១៥​. តើ​ជនជាតិ​យូដា​ខ្លះ​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ស្តី​អំពី​ការ​បរិភោគ​សាច់? ប៉ុន្តែ តើ​ព្រះ​បាន​បង្គាប់​យ៉ាង​ណា?

១៥ សូម​ស្រមៃ​គិត​ពី​ជន​ម្នាក់​ដែល​កាន់​ខ្ជាប់​តាម​ច្បាប់​យូដា បើ​គាត់​ប្រឈម​មុខ​នឹង​រឿង​បែប​នេះ។ គាត់​ប្រហែល​ជា​គិត​ថា កុំ​ទិញ​សាច់​ដែល​លក់​នៅ​ទី​ផ្សារ​គឺ​ប្រសើរ​ជាង ដូច​ជា​មនុស្ស​ម្នាក់​ទៀត​ប្រហែល​ជា​ជៀសវាង​ទិញ​សាច់​ដែល​ត្រូវ​បាន​ដាក់​សែន​នោះ។ សាសន៍​យូដា​ខ្លះ​ទៀត​ប្រហែល​គ្រាន់​តែ​បរិភោគ​សាច់​ក្រោយ​ពី​ធ្វើ​ក្បួន​រិតិ៍​ដើម្បី​ចំរាញ់​ឈាម​ចេញ។ * (ម៉ាថាយ ២៣:២៣, ២៤) តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​ការ​ប្រព្រឹត្ត​ខុស​ពី​គ្នា​នេះ? ម្យ៉ាង​វិញ​ទៀត ដោយសារ​ព្រះ​មិន​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ដូច​ខាង​លើ​នេះ តើ​ត្រឹម​ត្រូវ​ទេ​ឲ្យ​ជនជាតិ​យូដា​ផ្ញើ​សំនួរ​ជា​ច្រើន​ដល់​គណៈ​រ៉ាប៊ី ដើម្បី​រក​សេចក្ដី​សម្រេច​និមួយៗ​នោះ? ទោះ​ជា​បាន​កើត​មាន​ទំនៀម​ទម្លាប់​បែប​នេះ​ក្នុង​សាសនា​យូដា​ក្ដី តែ​យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​បង្គាប់​ឲ្យ​អ្នក​ថ្វាយ​បង្គំ​ពិត​ស្វែង​រក​សេចក្ដី​សម្រេច​ចំពោះ​ឈាម​តាម​របៀប​នោះ​ឡើយ។ ព្រះ​បាន​ប្រទាន​នូវ​ការ​ណែនាំ​ដ៏​សំខាន់​អំពី​ការ​សម្លាប់​សត្វ​ស្អាត​និង​អំពី​ការ​សម្រក់​ឈាម ប៉ុន្តែ ទ្រង់​មិន​បាន​ប្រាប់​នូវ​ពត៌មាន​លំអិត​ថែម​ទៀត​នោះ​ទេ។—យ៉ូហាន ៨:៣២

១៦​. ហេតុ​អ្វី​ក៏​ជន​គ្រីស្ទាន​ប្រហែល​ជា​មាន​ទស្សនៈ​ខុសៗ​គ្នា ស្តី​អំពី​ការ​ចាក់​ថ្នាំ​ដែល​ជា​ធាតុ​តូចតាច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម​នោះ?

១៦ ដូច​បាន​កត់​សម្គាល់​នៅ​វគ្គ​ទី១១​និង​១២ ស្មរបន្ទាល់​ព្រះយេហូវ៉ា​មិន​ព្រម​ចាក់​បញ្ចូល​ឈាម​សុទ្ធ​ឬ​សារធាតុ​សំខាន់ៗ​ទាំង​បួន គឺ​ផ្លាស្មា គោលិកា​ក្រហម គោលិកា​ស​និង​ផ្លាកែត​នោះ​ទេ។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម ដូច​ជា​ធាតុ​រាវ​ក្នុង​ឈាម​ដែល​មាន​ប្រព័ន្ធ​ការពារ​សារពាង្គកាយ (ភាសា​បារាំង​ហៅ​ថា អង្គទីគ័រ) សំរាប់​ព្យាបាល​រោគ​ឬ​សំរាប់​ព្យាបាល​ពិស​របស់​ពស់។ (សូម​មើល​ទស្សនាវដ្ដី​ប៉មយាម ភាសាអង់គ្លេស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០០០ ទំព័រ​៣០ វគ្គ​ទី៣) អ្នក​ខ្លះ​បាន​សន្និដ្ឋាន​ថា ធាតុ​តូចតាច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម​នោះ គឺ​លែង​ហៅ​ថា​ឈាម​ហើយ ដូច្នេះ​មិន​ទាក់ទង​នឹង​បញ្ញត្ដិ​ឲ្យ​‹ជៀសវាង​ពី​ឈាម›ទេ។ (កិច្ចការ ១៥:២៩; ២១:២៥; ទស្សនាវដ្ដី​ប៉មយាម ភាសា​អង់គ្លេស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០០០ ទំព័រ​៣១ វគ្គ​ទី២) អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ មនសិការ​របស់​អ្នក​ឯ​ទៀត​ជំរុញ​ខ្លួន​ឲ្យ​បដិសេធ​នូវ​អ្វីៗ​ទាំង​អស់​ដែល​ចំរាញ់​ចេញ​ពី​ឈាម (មិន​ថា​ឈាម​របស់​សត្វ​ឬ​មនុស្ស​ក្ដី) សូម្បីតែ​ធាតុ​នោះ​តូចតាច​ប៉ុនណា​ក៏​ដោយ ឲ្យ​តែ​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​ណា​មួយ​នៃ​ឈាម។ * ប៉ុន្តែ មាន​អ្នក​ឯ​ទៀត​ដែល​បដិសេធ​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម តែ​យល់​ព្រម​ទទួល​ការ​ចាក់​ថ្នាំ​ដែល​ជា​ប្រូតេអ៊ីន​ធ្វើ​ពី​ធាតុ​ផ្លាស្មា ដើម្បី​ព្យាបាល​រោគ​ឬ​ព្យាបាល​ពិស​របស់​ពស់។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​ទាំង​បួន​នោះ ក៏​អាច​មាន​មុខ​នាទី​ដូច​សារធាតុ​សំខាន់ៗ​នោះ​ឯង​ដល់​ម្ល៉េះ ហើយ​ក៏​អាច​មាន​មុខ​នាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​រូប​កាយ​ដល់​ម្ល៉េះ បាន​ជា​ជន​គ្រីស្ទាន​ភាគ​ច្រើន​បដិសេធ​របស់​ទាំង​នោះ​ជា​ដាច់ខាត។

១៧​. (ក) ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​រឿង​ទាក់ទង​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម តើ​មនសិការ​របស់​យើង​អាច​ជួយ​បាន​យ៉ាង​ណា? (ខ) ហេតុ​អ្វី​ក៏​ការ​សម្រេច​ចិត្ត​ចំពោះ​រឿង​ទាំង​នេះ​គឺ​សំខាន់​ម្ល៉េះ?

១៧ ពេលដែល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​នេះ នោះ​អ្វី​ដែល​ព្រះគម្ពីរ​ចែង​អំពី​មនសិការ​គឺ​មាន​ប្រយោជន៍។ ជំហាន​ទី​មួយ​គឺ​ត្រូវ​រៀន​ឲ្យ​ដឹង​ថា ព្រះ​បន្ទូល​ចែង​យ៉ាង​ណា និង​ខំ​លត់​ដំ​មនសិការ​របស់​យើងទៅ​តាម​នោះ។ នេះ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ ជាជាង​សួរ​អ្នក​ដទៃ​ទាំង​សូម​គាត់​សម្រេច​ចិត្ត​ឲ្យ​អ្នក។ (ទំនុកដំកើង ២៥:៤, ៥) រីឯ​ការ​ព្រម​ទទួល​ចាក់​បញ្ចូល​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម អ្នក​ខ្លះ​បាន​គិត​ថា​៖ ‹នេះ​ជា​រឿង​ដែល​ទាក់ទង​មនសិការ ដូច្នេះ​គឺ​មិន​សូវ​សំខាន់​ទេ›។ ការ​វែកញែក​បែប​នេះ​គឺ​ខុស​ហើយ។ បើ​រឿង​ណា​មួយ​ស្រេច​នឹង​មនសិការ​នោះ នេះ​មិន​បាន​ន័យ​ថា​ជា​រឿង​មិន​សំខាន់នោះ​ទេ។ សេចក្ដី​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​លទ្ធផល​សំខាន់​ណាស់។ មូលហេតុ​មួយ​គឺ ការ​សម្រេច​ចិត្ត​របស់​យើង​អាច​មាន​អានុភាព​លើ​បុគ្គល​ឯ​ទៀត​ដែល​មាន​មនសិការ​វិនិច្ឆ័យ​ផ្សេង​ពី​យើង។ យើង​យល់​ដូច្នេះ​ដោយ​មើល​ឱវាទ​របស់​ប៉ុល​ស្តី​អំពី​សាច់​ដែល​ប្រហែលជាត្រូវ​បាន​ដាក់​សែន ហើយ​ក្រោយ​មក​យក​ទៅ​លក់​នៅ​ឯ​ផ្សារ។ ជន​គ្រីស្ទាន​ម្នាក់ៗ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កុំ‹ធ្វើ​ឲ្យ​មនសិការ​របស់​អ្នក​ខ្សោយ​មាន​បញ្ហា›។ ហើយបើ​គាត់​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល នោះ​គាត់​អាច‹ធ្វើ​ឲ្យ​អ្នក​ដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​ត្រូវ​វិនាស›វិញ ដែល​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះគ្រីស្ទ។ ហេតុ​ដូច្នេះ​ហើយ ទោះ​ជា​រឿង​អំពី​ធាតុ​តូចតាច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម​ជា​រឿង​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ក៏​ដោយ ក៏​យើង​ត្រូវ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​ការ​សម្រេច​ចិត្ត​ទាំង​នេះ​ដែរ។—កូរិនថូសទី១ ៨:៨,​១១​-​១៣; ១០:២៥​-​៣១

១៨​. តើ​ជន​គ្រីស្ទាន​អាច​ធ្វើ​ដូច​ម្ដេច ដើម្បី​កុំ​ឲ្យ​មនសិការ​ទៅ​ជា​ស្ពឹកចំពោះ​ការ​សម្រេច​ចិត្ត​ដែល​ទាក់ទង​នឹង​ឈាម?

១៨ មាន​ចំណុច​មួយ​ទៀត​ដែល​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​ឈាម។ នេះ​សំដៅ​ទៅ​លើ​ឥទ្ធិពល​ដែល​ការ​សម្រេច​ចិត្ត​នោះ​នឹង​មាន​លើ​អ្នក​តែ​ម្ដង។ បើ​អ្នក​យល់​ព្រម​ទទួល​ធាតុ​តូចតាច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម ហើយ​នេះ​រំខាន​ដល់​មនសិការ​របស់​អ្នក​ដែល​បាន​អប់រំ​ទៅ​តាម​ព្រះគម្ពីរ នោះ​អ្នក​មិន​គួរ​ធ្វើ​ព្រងើយ​នឹង​មនសិការ​របស់​ខ្លួន​ឡើយ។ ហើយ​អ្នក​ក៏​មិន​គួរ​ប្រឆាំង​នឹង​មនសិការ​របស់​ខ្លួន​ដោយសារ​តែ​អ្នក​ណា​ម្នាក់​ប្រាប់​អ្នកថា​៖ «ការ​ទទួល​យក​ធាតុ​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម​គឺ​មិន​ខុស​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ​ដែរ»។ ចូរ​ចាំ​ថា មនុស្ស​រាប់​លាន​នាក់​សព្វ​ថ្ងៃ​នេះ​ធ្វើ​ព្រងើយ​នឹង​មនសិការ​របស់​ខ្លួន ហើយ​មនសិការ​ក៏​ទៅ​ជា​ស្ពឹក​ទៅ​វិញ ដែល​បណ្ដោយ​ឲ្យ​គេ​និយាយ​ភូតភរ ឬ​ធ្វើ​អ្វី​ខុស​ដោយ​គ្មាន​វិប្បដិសារី។ ជន​គ្រីស្ទាន​ច្បាស់​ជា​ចង់​ជៀសវាង​ចិត្ត​គំនិត​បែប​នេះ។—សាំយូអែលទី២ ២៤:១០; ធីម៉ូថេទី១ ៤:១, ២

១៩​. ពេលដែល​សម្រេច​ចិត្ត​អំពី​វិធី​ព្យាបាល​ជំងឺ​ដែល​ទាក់ទង​នឹង​ឈាម តើ​យើង​ត្រូវ​ចង​ចាំ​អ្វី?

១៩ «សំនួរ​ពី​អ្នក​អាន»​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ភាសា​អង់គ្លេស ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០០០ នៅ​ចុង​អត្ថបទ​នោះ​ចែង​ថា​៖ «ដោយសារ​មនុស្ស​ម្នាក់ៗ​មាន​ទស្សនៈ​និង​ការ​សម្រេច​ចិត្ត​ខុស​ពី​គ្នា​នោះ តើ​នេះ​បាន​ន័យ​ថា​រឿង​នេះ​មិន​សំខាន់​ឬ? មិនមែន​ដូច្នេះ​ទេ! រឿង​នេះ​គឺ​សំខាន់​ណាស់»។ រឿង​នេះ​ពិត​ជា​សំខាន់​មែន ពីព្រោះ​ទាក់​ទង​នឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​«ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់»។ មានតែ​ចំណង​មិត្តភាព​នោះ​តែ​មួយ​គត់​ដែល​អាច​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត​បាន ដោយ​មាន​មូលដ្ឋាន​លើ​លោហិត​ដែល​ព្រះយេស៊ូ​បង្ហូរ​នោះ​ដែល​មាន​អំណាច​សង្គ្រោះ។ អាស្រ័យ​ដោយ​ហេតុ​ថា ព្រះ​កំពុង​តែ​ប្រើ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត នោះ​ចូរ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឈាម! សាវ័ក​ប៉ុល​បាន​សរសេរ​យ៉ាង​ត្រឹមត្រូវ​ថា​៖ «អ្នក​រាល់​គ្នា . . . ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ​នេះ​ដែរ តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​អ្នក​រាល់​គ្នា​ដែល​ពីដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញដោយសារ​ព្រះលោហិត»​របស់​ព្រះគ្រីស្ទ។អេភេសូរ ២:១២, ១៣, កំណែ​ជា​អក្សរ​ទ្រេត

[កំណត់​សម្គាល់]

^ វគ្គ 11 បោះ​ពុម្ព​ជា​ភាសា​អង់គ្លេស​ដោយ​ស្មរបន្ទាល់​ព្រះយេហូវ៉ា

^ វគ្គ 13 នៅ​ពេល​មួយ​ប៉ុល​និង​ជន​គ្រីស្ទាន​បួន​នាក់​ទៀត​បាន​ទៅ​ព្រះវិហារ​ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ ក្រឹត្យ​វិន័យ​នោះ​លែង​មាន​សុពល​ភាព តែ​ប៉ុល​បាន​ប្រព្រឹត្ត​តាម​ឱវាទ​របស់​អ្នក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម។ (កិច្ចការ ២១:២៣​-​២៥) យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា មិន​ចាំ​បាច់​ចូល​ទៅ​ឯ​ព្រះវិហារ ឬ​ធ្វើ​ពិធី​ជំរះ​កាយ​នោះ​ទេ។ នៅ​សម័យ​នោះ​មនុស្ស​មាន​មនសិការ​ខុស​ពី​គ្នា ហើយ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ក៏​មាន​មនសិការ​ខុស​ពីគ្នា​ដែរ។

^ វគ្គ 15 សព្វ​វចនាធិប្បាយ​យូដេអ៊ីខា រៀប​រាប់​អំពី​ច្បាប់​«លំអិត​ដ៏​ស្មុគស្មាញ»​អំពី​ការ​រៀប​សាច់​តាម​ក្បួន​រីតិ៍​របស់​សាសនា​យូដា (koshering) សព្វ​វចនាធិប្បាយ​នោះ​ចែង​ថា សាច់​នោះ​ត្រូវ​ដាក់​ក្នុង​ទឹក​ប៉ុន្មាន​នាទី មាន​ប្រាប់​ពី​របៀប​សម្រក់​ទឹក​លើ​ជ្រញ់ អំបិល​បែប​ណា​ដែល​ត្រូវ​ដាក់​លើ​សាច់ និង​រួច​មក​ត្រូវ​លាង​សាច់​នោះ​ប៉ុន្មាន​ដង​ក្នុង​ទឹក​ត្រជាក់។

^ វគ្គ 16 សព្វ​ថ្ងៃ​នេះ​មាន​កាន់​តែ​ច្រើន​ឡើងៗ ដែល​គ្រឿង​ផ្សំ​ចំបង​ដែល​គេ​ប្រើ​ក្នុង​ថ្នាំ​ចាក់ គឺ​មិន​មក​ពី​ធម្មជាតិ ហើយ​មិន​ធ្វើ​ពី​ឈាម​ទេ តែ​ជា​អ្វី​ដែល​មនុស្ស​បង្កើត​វិញ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ គេ​ក៏​លាយ​ធាតុ​ផ្សេងៗ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម ដូច​ជា​ធាតុ​អាល់ប៊ុយមីន​ជា​ដើម។—សូម​មើល «សំនួរ​ពី​អ្នក​អាន» ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៤ (ជា​ភាសា​អង់គ្លេស)

តើ​អ្នក​ចាំ​ឬ​ទេ?

ស្តី​អំពី​ឈាម តើ​ព្រះ​ប្រទាន​ការ​ណែនាំ​អ្វីដល់ លោក​ណូអេ ពួក​អ៊ីស្រាអែល និង​ពួក​គ្រីស្ទាន​នោះ?

ស្តី​អំពី​ឈាម តើ​ស្មរបន្ទាល់​ព្រះយេហូវ៉ា​បដិសេធ ទាំង​ស្រុង​នឹង​អ្វី?

រីឯ​ការ​ទទួល​ធាតុ​តូចតាច​ផ្សេងៗ​ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម​នោះ តើ​ត្រូវ​ផ្អែក​លើ​មនសិការ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? តើ​នេះ​មិន​មាន​ន័យ​អ្វី?

ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត ហេតុ​អ្វី​ក៏​គួរ​ចង​ចាំ​អំពី​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[តារាង​នៅ​ទំព័រ​២៦]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

គោល​ជំហរ​ដ៏​សំខាន់​របស់​យើង​ស្តី​អំពី​ឈាម

ឈាម​សុទ្ធ

▼ ▼ ▼ ▼

បដិសេធ​មិន​ព្រម​ទទួល គោលិកា​ក្រហម គោលិកា​ស ផ្លាកែត ផ្លាស្មា

ជន​គ្រីស្ទាន ▼ ▼ ▼ ▼

ត្រូវ​សម្រេច​ចិត្ត ធាតុ​ផ្សេងៗ ធាតុ​ផ្សេងៗ ធាតុ​ផ្សេងៗ ធាតុ​ផ្សេងៗ

ដែល​ចំរាញ់​ចេញ ដែល​ចំរាញ់ ដែល​ចំរាញ់​ចេញ ដែល​ចំរាញ់

ពី​គោលិកា​ក្រហម ចេញ​ពី​គោលិកា​ស ពី​ផ្លាកែត ចេញ​ពី​ផ្លាស្មា

[រូបភាព​នៅ​ទំព័រ​២៤]

គណៈ​អភិបាល​បាន​សម្រេច​ថា ជន​គ្រីស្ទាន​ត្រូវ‹ជៀសវាង​ពី​ឈាម›

[រូបភាព​នៅ​ទំព័រ​២៧]

បើ​អ្នក​ត្រូវ​សម្រេច​ចិត្ត​អំពី​ធាតុ​ផ្សេងៗ ដែល​ចំរាញ់​ចេញ​ពី​សារធាតុ​សំខាន់ៗ​នៃ​ឈាម កុំ​ធ្វើ​ព្រងើយ​នឹង​មនសិការ​របស់​ខ្លួន​ឡើយ