លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មានពរហើយ! អស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះ

មានពរហើយ! អស់អ្នកដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះ

មាន​ពរ​ហើយ! អស់​អ្នក​ដែល​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ

«ឱ​ព្រះ[យេហូវ៉ា]អើយ! . . . គេ​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ​នាម​ទ្រង់»។—ទំនុកដំកើង ៨៦:៩

១​. ហេតុ​អ្វី​បាន​ជា​យើង​អាច​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ល្អ​ជាង​ការ​បង្កើត​ដែល​គ្មាន​ជីវិត?

គប្បី​ឲ្យ​អ្វីៗ​ទាំង​អស់ដែល​ព្រះ​យេហូវ៉ា​បង្កើត​សរសើរ​ទ្រង់។ ការ​បង្កើត​ដែល​គ្មាន​ជីវិត​រមែង​លើក​តម្កើង​សិរី​រុងរឿង​របស់​ទ្រង់​ដោយ​មិន​ប្រើ​ពាក្យ​សំដី រីឯ​មនុស្ស​វិញ យើង​មាន​សមត្ថភាព​វែកញែក​ក៏​ចេះ​ស្វែង​យល់ ដឹង​គុណ និង​ចេះ​ថ្វាយ​បង្គំ។ ហេតុ​នេះ អ្នក​តែង​បទ​ទំនុកដំកើង​បាន​សរសេរ​មក​កាន់​យើង​ថា​៖ «ផែនដី​ទាំង​មូល​អើយ! ចូរ​បន្លឺ​ឡើង​ដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ! ចូរ​ច្រៀង​ពី​កិត្ដិយស​នៃ​ព្រះ​នាម​ទ្រង់ ឲ្យ​សេចក្ដី​សរសើរ​ទ្រង់​បាន​រុងរឿង​ឡើង»។—ទំនុកដំកើង ៦៦:១, ២

២​. តើ​អ្នក​ណា​ធ្វើ​តាម​សេចក្ដី​បង្គាប់​ឲ្យ​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ? ហេតុ​អ្វី?

មនុស្ស​ភាគ​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ឬ​លើក​តម្កើង​សិរី​រុងរឿង​របស់​ទ្រង់​ឡើយ។ ក៏​ប៉ុន្តែ នៅ​២៣៥​ប្រទេស ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជាង​៦​លាន​នាក់​កំពុង​តែ​បង្ហាញ​ថា «អ្វីៗ​របស់​ទ្រង់[ឬ​«លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ​អង្គ»​, ខ.ស.] ដែល​រក​មើល​មិន​ឃើញ»​នោះ ពួក​គេ​អាច​ឃើញ​បាន​ដោយ​មើល​អ្វី​ដែល​ទ្រង់​បាន​បង្កើត ហើយ​ក៏​បាន​«ឮ»​នូវ​បន្ទាល់​ស្ងប់​ស្ងាត់​របស់​ការ​បង្កើត​ដែល​គ្មាន​ជីវិត​ផង​ដែរ។ (រ៉ូម ១:២០; ទំនុកដំកើង ១៩:២, ៣) ដោយសារ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សិក្សា​ព្រះ​គម្ពីរ នោះ​ពួក​គេ​ក៏​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​និង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់។ ទំនុកដំកើង ៨៦:៩, ១០ បាន​ទាយ​៖ «ឱ​ព្រះ​អម្ចាស់​អើយ! អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត គេ​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ​នាម​ទ្រង់ ដ្បិត​ទ្រង់​ធំ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ទ្រង់​ជា​ព្រះ​តែ​មួយ​អង្គ​ឯង»។

៣​. តើ‹មនុស្ស​១​ហ្វូង​យ៉ាង​ធំ​បំរើ​ទាំង​យប់​ទាំង​ថ្ងៃ›ក្នុង​ន័យ​អ្វី?

ស្រដៀង​គ្នា​ដែរ វិវរណៈ ៧:៩, ១៥ ប្រាប់​អំពី​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​ហើយ​«បំរើ​ទ្រង់ នៅ​ក្នុង​ព្រះ​វិហារ​ទាំង​យប់​ទាំង​ថ្ងៃ»។ ព្រះ​មិន​មែន​ទាមទារ​ឲ្យ​អ្នក​បំរើ​សរសើរ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ឈប់ឈរ​នោះ​ទេ។ ប៉ុន្តែ ព្រះ​មាន​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ទូទាំង​ផែនដី។ ដូច្នេះ បើ​យប់​នៅ​ប្រទេស​ខ្លះ គឺ​ថ្ងៃ​វិញ​នៅ​ប្រទេស​ផ្សេង​ទៀត ហើយ​នៅ​ទី​នោះ​អ្នក​បំរើ​របស់​ព្រះ​កំពុង​តែ​រវល់​ធ្វើ​បន្ទាល់។ ហេតុ​នេះ​យើង​អាច​និយាយ​ថា មាន​អ្នក​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ។ បន្ដិច​ទៀត​«ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម»​នឹង​បន្លឺ​សម្លេង​សរសើរ​ព្រះ​យេហូវ៉ា។ (ទំនុកដំកើង ១៥០:៦) ប៉ុន្តែ ទំរាំ​ដល់​ថ្ងៃ​នោះ​មក​ដល់ តើ​យើង​ម្នាក់ៗ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ? តើ​យើង​ប្រហែល​ជា​ជួប​ការ​លំបាក​អ្វី​ខ្លះ? តើ​អ្នក​ដែល​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​នឹង​ទទួល​ពរ​អ្វី​ខ្លះ? ដើម្បី​ឆ្លើយ​សំនួរ​ទាំង​នេះ សូម​យើង​ពិចារណា​កំណត់​ហេតុ​មួយ​ក្នុង​ព្រះ​គម្ពីរ​ស្តី​អំពី​កុលសម្ព័ន្ធ​កាឌ់​នៃ​សាសន៍​អ៊ីស្រាអែល។

ការ​លំបាក​មួយ​នៅ​សម័យ​បុរាណ

៤​. តើ​កុលសម្ព័ន្ធ​កាឌ់​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី?

មុន​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ចូល​ទៅ​ក្នុង​ស្រុក​សន្យា កុលសម្ព័ន្ធ​កាឌ់​សុំ​តាំង​ទីលំនៅ​នា​ស្រុក​ខាង​កើត​ទន្លេ​យ័រដាន់ ដែល​ជា​ស្រុក​ល្អ​សំរាប់​ឃ្វាល​គោ។ (ជនគណនា ៣២:១​-​៥) បើ​រស់​នៅ​ស្រុក​នោះ ត្រូវ​ពុះពារ​នឹង​ការ​លំបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន។ កុលសម្ព័ន្ធ​ទាំង​ប៉ុន្មាន​ដែល​បាន​តាំង​ទីលំនៅ​នា​ស្រុក​ខាង​លិច នឹង​បាន​ជ្រលង​ទន្លេ​យ័រដាន់​ជា​រនាំង​ការពារ​ទប់ទល់​ទាហាន​សត្រូវ។ (យ៉ូស្វេ ៣:១៣​-​១៧) ចំណែក​ឯ​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នោះ លោក​ចុច អ័ដាម ស្មិត បាន​សរសេរ​ថា​៖ «[ស្រុក​ទាំង​នោះ]ធំ​ល្ហល្ហេវ​លាត​សន្ធឹង​ពេញ​ខ្ពង់​រាប​អារ៉ាប់​ដោយ​សឹង​តែ​គ្មាន​ភ្នំ​ឬ​ជ្រលង​អ្វី​ជា​រនាំង​ការពារ​ទេ។ គ្រប់​សម័យ​កាល ដោយ​ព្រោះ​នៅ​កណ្ដាល​វាល​ដូច​នេះ ស្រុក​ទាំង​នោះ​ត្រូវ​អ្នក​ត្រាច់​ចរ​ដែល​ផ្លាស់​លំនៅ​តាម​រដូវ​មក​ទន្ទ្រាន​ចូល​រាល់​ឆ្នាំ​ដើម្បី​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​គេ​គោចរ»។—The Historical Geography of the Holy Land

៥​. តើ​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​កុលសម្ព័ន្ធ​កាឌ់​ឲ្យ​ធ្វើ​យ៉ាង​ណា​ពេល​មាន​គេ​វាយ​លុក​ចូល​ស្រុក​នោះ?

នៅ​ចំពោះ​មុខ​ការ​គំរាម​ឥត​ឈប់ឈរ​នេះ តើ​កុលសម្ព័ន្ធ​កាឌ់​នឹង​ធ្វើ​យ៉ាង​ណា? រាប់​សតវត្ស​រ៍​មុន​នោះ ពេល​ដែល​យ៉ាកុប​ជា​បុព្វ​បុរស​ជិត​ទទួល​មរណភាព​ទៅ គាត់​បាន​ទាយ​ថា​៖ «ឯ​កាឌ់​នឹង​មាន​១​ហ្វូង​មក​ប្រជ្រៀត​លើ​វា តែ​វា​នឹង​ដេញ​ប្រកិត​តាម​កែង​គេ​វិញ»។ (លោកុប្បត្តិ ៤៩:១៩) ពេល​អាន​ដំបូង ពាក្យ​នេះ​ប្រហែល​ជា​ស្ដាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​អស់​សង្ឃឹម​ណាស់។ ប៉ុន្តែ​តាម​ការ​ពិត នេះ​គឺ​ជា​ការ​បង្គាប់​ឲ្យ​កុលសម្ព័ន្ធ​កាឌ់​តប​ត​វិញ។ យ៉ាកុប​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​កុលសម្ព័ន្ធ​កាឌ់​ថា បើ​ពួក​គេ​តប​ត​វិញ អ្នក​លុក​លុយ​នឹង​ដក​ថយ​ទាំង​គួរ​ឲ្យ​អាម៉ាស់​ខ្មាស​ដោយ​មាន​កុលសម្ព័ន្ធ​កាឌ់​ដេញ​ប្រកិត​ពី​ក្រោយ។

ការ​លំបាក​ដែល​យើង​ជួប​ក្នុង​ការ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ

៦, ៧​. តើ​ស្ថានភាព​របស់​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​គឺ​ស្រដៀង​នឹង​កុលសម្ព័ន្ធ​កាឌ់​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ​គ្រីស្ទាន​ពិត​ក៏​ដូច​ជា​កុលសម្ព័ន្ធ​កាឌ់​ដែរ ដ្បិត​យើង​ហាក់​ដូច​ជា​នៅ​កណ្ដាល​វាល គ្មាន​អព្ភូតហេតុ​ការពារ​ពី​ការ​លំបាក​ឬ​ពី​ការ​រែក​ពុន​នូវ​បន្ទុក​ក្នុង​លោកីយ៍​របស់​សាតាំង​នោះ​ទេ។ (យ៉ូប ១:១០​-​១២) សំរាប់​យើង​ជា​ច្រើន​នាក់ ការ​ទៅ​សាលា​រៀន ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត និង​ការ​អប់រំ​កូន​ក៏​ជា​បន្ទុក​ធ្ងន់​ដែរ។ យើង​ក៏​មាន​បញ្ហា​របស់​ខ្លួន​ទៀត​ផង។ បងប្អូន​ខ្លះ​ត្រូវ​ស៊ូ​ទ្រាំ​នឹង​«បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម»​ដូច​ជា​ពិការភាព​ឬ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណា​មួយ។ (កូរិនថូសទី២ ១២:៧​-​​១០) អ្នក​ឯ​ទៀត​ប្រហែល​ជា​គ្រាំ​គ្រា​ចិត្ត​ពីព្រោះ​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។ «ថ្ងៃ​អាក្រក់»​ឬ​ពេល​ដែល​ចាស់​ហើយ​នោះ​ជា​គ្រា​ដែល​អាច​ធ្វើ​ឲ្យ​បងប្អូន​វ័យ​ចាស់​មិន​អាច​បំរើ​ព្រះ​យេហូវ៉ា​ដោយ​មាន​កម្លាំង​ស្វាហាប់​ដូច​ពី​មុន​ទេ។—សាស្ដា ១២:១

សាវ័ក​ប៉ុល​ក៏​រំឭក​យើង​ថា​៖ ‹យើង​រាល់​គ្នា​តយុទ្ធ​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់›ដែរ។ (អេភេសូរ ៦:១២) យើង​តែង​ជួប​ប្រទះ​នឹង​«វិញ្ញាណ​របស់​លោកីយ» ដែល​ជា​ចិត្ត​គំនិត​ចង់​ប្រឆាំង​ព្រះ និង​ភាព​ខូច​អាក្រក់​ខាង​សីលធម៌​ដែល​សាតាំង​និង​ពួក​បិសាច​របស់​វា​ញុះញង់​ឲ្យ​មាន​នោះ។ (កូរិនថូសទី១ ២:១២; អេភេសូរ ២:២, ៣) យើង​ក៏​ដូច​លោក​ឡុត​ជា​អ្នក​កោត​ខ្លាច​ព្រះ​ដែរ ដ្បិត​យើង​ប្រហែល​ជា​មាន​ចិត្ត​ព្រួយ​លំបាក​ដោយសារ​អំពើ​អសីលធម៌​ដែល​មនុស្ស​នៅ​ជុំវិញ​យើង​ប្រព្រឹត្ត ឬ​រឿង​អសីលធម៌​ដែល​ពួក​គេ​និយាយ។ (ពេត្រុសទី២ ២:៧) បន្ថែម​ទៅ​ទៀត សាតាំង​ក៏​ពាធា​យើង​ដោយ​ផ្ទាល់​ដែរ។ សាតាំង​កំពុង​តែ​ច្បាំង​នឹង​សំណល់​អ្នក​ចាក់​ប្រេង​តាំង «ដែល​កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ​យេស៊ូវ»។ (វិវរណៈ ១២:១៧) សាតាំង​ក៏​ពាធា​«ចៀម​ឯ​ទៀត»​របស់​ព្រះ​យេស៊ូ​ដែរ ដោយ​ការ​ដាក់​បំរាម​និង​ការ​បៀតបៀន។—យ៉ូហាន ១០:១៦

តើ​គួរ​ចុះ​ញ៉ម​ឬ​តប​ត?

៨​. នៅ​ពេល​សាតាំង​ពាធា​យើង តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? ហើយ​ហេតុ​អ្វី?

តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ពេល​សាតាំង​ពាធា​យើង? យើង​ត្រូវ​តែ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​និង​តប​ត​សម​ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ ដូច​កុលសម្ព័ន្ធ​កាឌ់​ពី​បុរាណ។ គួរ​ឲ្យ​ស្ដាយ​ណាស់ បងប្អូន​ខ្លះ​បាន​ចាប់​ផ្ដើម​ចុះ​ចាញ់​នឹង​ការ​លំបាក​ក្នុង​ជីវិត ហើយ​លះ​ចោល​នូវ​ភារកិច្ច​ខាង​វិញ្ញាណ។ (ម៉ាថាយ ១៣:២០​-​២២) ស្មរបន្ទាល់​ម្នាក់​ប្រាប់​អំពី​មូលហេតុ​ដែល​មិន​សូវ​មាន​បងប្អូន​ច្រើន​មក​ប្រជុំ​នៅ​ឯ​ក្រុមជំនុំ​របស់​គាត់​ថា​៖ «បើ​និយាយ​ឲ្យ​ចំ បងប្អូន​របស់​យើង​កំពុង​តែ​អស់​កម្លាំង។ ពួក​គេ​ទាំង​អស់​គ្នា​តានតឹង​ចិត្ត»។ ពិត​ហើយ​ថា មាន​អ្វី​ជា​ច្រើន​ដែល​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​អស់​កម្លាំង​មែន។ ដូច្នេះ អ្នក​ទាំង​នោះ​បែរ​ជា​ចាត់​ទុក​ការ​បំរើ​ព្រះ​ជា​បន្ទុក​ធ្ងន់​មួយ​ទៀត​ដែល​ខ្លួន​ត្រូវ​រែក​ពុន។ ប៉ុន្តែ តើ​ទស្សនៈ​នេះ​ត្រឹម​ត្រូវ​ឬ​ទេ?

៩​. តើ​ការ​យក​នឹម​របស់​ព្រះ​គ្រីស្ទ​នាំ​ឲ្យ​ឈប់​សំរាក​ក្នុង​ន័យ​អ្វី?

សូម​ពិចារណា​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​សម័យ​ទ្រង់ ដែល​នឿយ​កាយ​ណាយ​ចិត្ត​ព្រោះ​ត្រូវ​រែក​ពុន​បន្ទុក​ធ្ងន់​ឥត​ស្រាក។ ទ្រង់​មាន​បន្ទូល​ថា​៖ «អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក»។ តើ​ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​ថា យើង​សំរាក​ដោយ​កាត់​បន្ថយ​នូវ​កិច្ច​បំរើ​ថ្វាយ​ព្រះ​ឬ? អត់​ទេ! ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង»។ ក្នុង​ភាសា​ដើម​ពាក្យ​នឹម​សំដៅ​ទៅ​ប្រដាប់​ធ្វើ​ពី​ឈើ​ឬ​ដែក​សំរាប់​ដាក់​សត្វ​ពាហនៈ​ឬ​ដង​រែក​ដែល​មនុស្ស​ប្រើ​សំរាប់​រែក​របស់​ដែល​ធ្ងន់ៗ។ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​គួរ​យក​នឹម​មក​ពាក់ បើ​យើង​«ផ្ទុក​ធ្ងន់»​ហើយ​នោះ? យើង​ពិត​ជា​ផ្ទុក​ធ្ងន់​មែន តែ​បន្ទូល​ព្រះ​យេស៊ូ​ជា​ភាសា​ក្រិច​ក៏​អាច​បកប្រែ​ថា​៖ «ចូរ​ពាក់​នឹម​ជា​មួយ​ខ្ញុំ​ចុះ!»។ សូម​គិត​ទៅ​មើល! ព្រះ​យេស៊ូ​ចង់​ជួយ​យើង​រែក​ពុន​បន្ទុក​របស់​យើង! យើង​មិន​ចាំបាច់​ពឹង​តែ​កម្លាំង​របស់​ខ្លួន​ឯង​ឡើយ។—ម៉ាថាយ ៩:៣៦; ១១:២៨, ២៩; កូរិនថូសទី២ ៤:៧

១០​. តើ​ការ​ខំ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​នាំ​ឲ្យ​យើង​ទទួល​លទ្ធផល​យ៉ាង​ណា?

១០ នៅ​ពេល​យើង​ទទួល​យក​នឹម​របស់​ព្រះ​យេស៊ូ​ដោយ​ទៅ​ជា​សិស្ស​របស់​ទ្រង់ នោះ​យើង​កំពុង​តែ​តប​ត​នឹង​សាតាំង។ យ៉ាកុប ៤:៧ សន្យា​ថា​៖ «តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ»។ នេះ​មិន​មាន​ន័យ​ថា​ការ​តស៊ូ​នឹង​អារក្ស​គឺ​ស្រួល​នោះ​ទេ។ ការ​បំរើ​ព្រះ​តម្រូវ​ឲ្យ​ខំ​ប្រឹង​ខ្លាំង​ណាស់។ (លូកា ១៣:២៤) ប៉ុន្តែ ព្រះ​គម្ពីរ​សន្យា​នៅ​ទំនុកដំកើង ១២៦:៥ ថា​៖ «អស់​អ្នក​ដែល​សាប​ព្រោះ ដោយ​ស្រក់​ទឹក​ភ្នែក នោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ»។ ពិត​ណាស់ ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ទ្រង់​មិន​រមិលគុណ​ទេ។ ទ្រង់​«ប្រទាន​រង្វាន់ ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់» ហើយ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដែល​លើក​តម្កើង​សិរី​រុងរឿង​របស់​ទ្រង់។—ហេព្រើរ ១១:៦

ការ​លើក​តម្កើង​ព្រះ​ដោយ​ធ្វើ​ជា​អ្នក​ប្រកាស​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់

១១​. តើ​កិច្ច​ផ្សព្វផ្សាយ​ជួយ​ការពារ​យើង​ពី​ការ​ពាធារ​បស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេស៊ូ​បាន​បង្គាប់​ថា​៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ ការ​ផ្សព្វផ្សាយ​ជា​វិធី​ចំ​បង​ដែល​យើង​«ថ្វាយ​ពាក្យ​សរសើរ»​ចំពោះ​ព្រះ។ (ម៉ាថាយ ២៨:១៩; ហេព្រើរ ១៣:១៥) ការ​«ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ទុក​ជា​ស្បែក​ជើង» ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​«គ្រប់​គ្រឿង​សឹក»​ដែល​យើង​ត្រូវ​ការ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ពាធារ​បស់​សាតាំង។ (អេភេសូរ ៦:១១​-​១៥) ការ​សរសើរ​ព្រះ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ជា​វិធី​ល្អ​ប្រសើរ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង។ (កូរិនថូសទី២ ៤:១៣) នេះ​ក៏​ជួយ​យើង​កុំ​ឲ្យ​មាន​គំនិត​ទុទ្ទិដ្ឋិ​និយម​ផង​ដែរ។ (ភីលីព ៤:៨) ការ​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ​ផ្ដល់​ឱកាស​ឲ្យ​យើង​សំណេះ​សំ​ណា​ល​គ្នា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា។

១២, ១៣​. បើ​ក្រុម​គ្រួសារ​ចូល​រួម​យ៉ាង​ទៀងទាត់​ក្នុង​កិច្ច​ផ្សព្វផ្សាយ តើ​អាច​ទទួល​ប្រយោជន៍​អ្វី? សូម​ឲ្យ​ឧទាហរណ៍។

១២ ការ​ផ្សព្វផ្សាយ​ក៏​ជា​កិច្ចការ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​អាច​ចូល​រួម​ធ្វើ​យ៉ាង​សប្បាយ​ជា​មួយ​គ្នា។ ក្មេងៗ​ត្រូវ​ការ​ការ​កំសាន្ត​ពិត​មែន ក៏​ប៉ុន្តែ ពេល​ដែល​ក្រុម​គ្រួសារ​ចំណាយ​ពេល​ក្នុង​ការ​ផ្សព្វផ្សាយ នេះ​មិន​ចាំបាច់​ជា​កិច្ចការ​ដែល​គួរ​ឲ្យ​ធុញទ្រាន់​នោះ​ទេ។ មាតា​បិតា​អាច​ធ្វើ​ឲ្យ​ពេល​នោះ​ជា​ពេល​សប្បាយ​ជាង​ដោយ​បង្ហាត់​បង្រៀន​កូន​ឲ្យ​ចេះ​ផ្សព្វផ្សាយ​ដោយ​មាន​ប្រសិទ្ធ​ភាព។ ក្មេងៗ​ពិត​ជា​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ល្អ មែន​ទេ? បើ​មាតា​បិតា​មាន​តុល្យភាព​និង​មិន​បង្ខំ​កូនៗ​ឲ្យ​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​នោះ ពួក​គាត់​អាច​ជួយ​ឲ្យ​កូន​មាន​អំណរ​ពី​កិច្ច​ផ្សព្វផ្សាយ។—លោកុប្បត្តិ ៣៣:១៣, ១៤

១៣ ម្យ៉ាង​ទៀត ក្រុម​គ្រួសារ​ដែល​សរសើរ​ព្រះ​ជា​មួយ​គ្នា​មាន​ភាព​ជិត​ស្និទ្ធ​ជាង។ ដូច​ជា​បង​ស្រី​ម្នាក់​ដែល​មាន​ប្ដី​មិន​ជឿ ត្រូវ​ប្ដី​បោះបង់​ចោល​បន្សល់​ទុក​តែ​កូន​ប្រាំ​នាក់។ ហេតុ​នេះ បង​ស្រី​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ពិបាក​មួយ គឺ​គាត់​ត្រូវ​ខំ​រក​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​កូន។ តើ​ភារកិច្ច​ជា​ច្រើន​របស់​បង​ស្រី​ធ្វើ​ឲ្យ​គាត់​ឈប់​គិត​ពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​កូន​ឬ? បង​ស្រី​ប្រាប់​ថា​៖ «ខ្ញុំ​បាន​សិក្សា​ព្រះ​គម្ពីរ​និង​សៀវភៅ​ពន្យល់​អំពី​ព្រះ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ខ្ញុំ​ខំ​អនុវត្ត​នូវ​អ្វី​ដែល​បាន​រៀន។ ខ្ញុំ​នាំ​កូន​ទៅ​កិច្ច​ប្រជុំ​និង​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​យ៉ាង​ទៀងទាត់។ តើ​ការ​ព្យាយាម​របស់​ខ្ញុំ​បាន​លទ្ធផល​យ៉ាង​ណា? កូន​ទាំង​ប្រាំ​របស់​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក»។ ការ​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ក៏​អាច​ជួយ​អ្នក​ចិញ្ចឹម​អប់រំ​កូន​ទៅ​តាម​«ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។—អេភេសូរ ៦:៤

១៤​. (ក) តើ​យុវជន​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះ​នៅ​ឯ​សាលា​រៀន​យ៉ាង​ដូច​ម្ដេច? (ខ) តើ​អ្វី​អាច​ជួយ​យុវជន​កុំ​ឲ្យ​មាន​«សេចក្ដី​ខ្មាស​ចំពោះ​ដំណឹង​ល្អ»?

១៤ ប្អូនៗ​យុវ​វ័យ​អើយ! បើ​ការ​ពិភាក្សា​អំពី​សាសនា​នៅ​ឯ​សាលា​គឺ​មិន​ខុស​ច្បាប់​នៅ​ប្រទេស​ប្អូន តើ​អ្នក​អាច​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​ដោយ​ធ្វើ​បន្ទាល់​នៅ​ឯ​សាលា​បាន​ទេ? ឬ​ក៏​តើ​ការ​ភ័យ​ខ្លាច​បាន​រារាំង​ប្អូន​វិញ? (សុភាសិត ២៩:២៥) ស្មរបន្ទាល់​ម្នាក់​អាយុ​១៣​ឆ្នាំ​នៅ​កោះ​ព័រតូរីកូ​សរសេរ​ថា​៖ «ខ្ញុំ​មិន​ដែល​ខ្មាស​ផ្សព្វផ្សាយ​នៅ​សាលា​រៀន​ទេ ពីព្រោះ​ខ្ញុំ​ដឹង​ថា​នេះ​ជា​សេចក្ដី​ពិត។ នៅ​ថ្នាក់​រៀន ខ្ញុំ​តែង​តែ​លើក​ដៃ​ប្រាប់​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ព្រះ​គម្ពីរ។ បើ​មាន​ពេល​ទំនេរ ខ្ញុំ​ទៅ​បណ្ណាល័យ​និង​អាន​សៀវភៅ​សំនួរ​ដែល​យុវជន​សួរ»។ * តើ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​នាង​ទេ? គាត់​ប្រាប់​ថា​៖ «ជួន​កាល​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​សួរ​សំនួរ ហើយ​ក៏​សុំ​សៀវភៅ​មួយ​ក្បាល​ទៀត​ផង»។ បើ​ប្អូន​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ផ្សាយ​ទេ ប្រហែល​ជា​ប្អូន​ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ខ្លួន​ឯង​នូវ​«បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង» ដោយ​ព្យាយាម​សិក្សា​ផ្ទាល់​ខ្លួន។ (រ៉ូម ១២:២) នៅ​ពេល​ប្អូន​ជឿជាក់​ថា អ្វីៗ​ដែល​អ្នក​បាន​រៀន​គឺ​ជា​សេចក្ដី​ពិត​មែន នោះ​ប្អូន​នឹង​មិន​ដែល​មាន​«សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ»​ទេ។—រ៉ូម ១:១៦

‹ទ្វារ​បើក​ចំហ›ឲ្យ​ធ្វើ​កិច្ច​បំរើ

១៥, ១៦​. តើ​គ្រីស្ទាន​ខ្លះ​បាន​ចូល​តាម‹ទ្វារ​បើក​ចំហ​យ៉ាង​ធំ សំរាប់​បំពេញ​កិច្ច›​បំរើ​អ្វី? តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី​ខ្លះ?

១៥ សាវ័ក​ប៉ុល​បាន​សរសេរ​ថា មាន‹ទ្វារ​បើក​ចំហ​យ៉ាង​ធំ សំរាប់​អោយ​គាត់​បំពេញ​កិច្ច›បំរើ។ (កូរិនថូសទី១ ១៦:៩, ខ.ស.) តើ​កាលៈទេសៈ​អនុញ្ញាត​ឲ្យ​អ្នក​ចូល​តាម​ទ្វារ​ដែល​បើក​ចំហ​ដើម្បី​បង្កើន​កិច្ច​បំរើថែម​ទៀត​ឬ​ទេ? ជា​ឧទាហរណ៍ ការ​ចូល​រួម​កិច្ច​បំរើ​ត្រួសត្រាយ​ពេញ​ពេល​ឬ​ជំនួយ ជា​ការ​ចំណាយ​៧០​ឬ​៥០​ម៉ោង​ក្នុង​មួយ​ខែ​សំរាប់​កិច្ច​ផ្សព្វផ្សាយ។ គ្រីស្ទាន​គ្នីគ្នា​ពិត​ជា​មាន​កតញ្ញូ​ធម៌​ចំពោះ​កិច្ច​បំរើ​ស្មោះ​ភក្ដីរបស់​អ្នក​ត្រួសត្រាយ។ ប៉ុន្តែ ការ​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​មិន​ធ្វើ​ឲ្យ​អ្នក​ត្រួសត្រាយ​មាន​មោទនភាព​ហួស​ហេតុ​ពេក​រាប់​ខ្លួន​ល្អ​ជាង​បងប្អូន​ឯ​ទៀត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មាន​ចិត្ត​គំនិត​ដែល​ព្រះ​យេស៊ូ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​នោះ​គឺ​៖ «យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ»។—លូកា ១៧:១០

១៦ ការ​បំពេញ​មុខ​នាទី​ជា​អ្នក​ត្រួសត្រាយ​តម្រូវ​ឲ្យ​ចេះ​លត់​ដំ​ខ្លួន មាន​របៀប​រៀប​រយ​ល្អ និង​សុខ​ចិត្ត​ធ្វើ​ការ​លះបង់។ ក៏​ប៉ុន្តែ ពរ​ដែល​យើង​អាច​ទទួល​គឺ​សម​នឹង​ការ​ព្យាយាម​នោះ។ យុវនារី​ម្នាក់​ឈ្មោះ​តា​មីកា​ដែល​ជា​អ្នក​ត្រួសត្រាយ​ប្រាប់​ថា​៖ «ពរ​មួយ​គឺ​យើង​រៀន​ឲ្យ​ចេះ​កាត់​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។ ពេល​ដែល​យើង​ធ្វើ​ជា​អ្នក​ត្រួសត្រាយ យើង​ប្រើ​ព្រះ​គម្ពីរ​ច្រើន។ ឥឡូវ ពេល​ដែល​ខ្ញុំ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ខ្ញុំ​ចេះ​គិត​អំពី​បទ​គម្ពីរ​ដែល​សម​ស្រប​នឹង​កាលៈទេសៈ​របស់​ម្ចាស់​ផ្ទះ​ម្នាក់ៗ»។ (ធីម៉ូថេទី២ ២:១៥) អ្នក​ត្រួសត្រាយ​ម្នាក់​ឈ្មោះ​មីកា​ប្រាប់​ថា​៖ «ពរ​វិសេស​មួយ​ទៀត​គឺ​ខ្ញុំ​អាច​មើល​ឃើញ​ឥទ្ធិពល​នៃ​សេចក្ដី​ពិត​ដែល​មាន​ទៅ​លើ​ជីវិត​របស់​មនុស្ស​ឯ​ទៀត»។ យុវជន​ម្នាក់​ឈ្មោះ​ម៉ាថាយ​និយាយ​អំពី​អំណរ​ដែល​មក​ពី​ការ​«មើល​ឃើញ​អ្នក​ដទៃ​ចូល​មក​ក្នុង​សេចក្ដី​ពិត។ គ្មាន​អំណរ​ណា​ផ្សេង​ទៀត​ខ្លាំង​ជាង​នេះ​ទេ»។

១៧​. តើ​គ្រីស្ទាន​ម្នាក់​បាន​យក​ឈ្នះ​គំនិត​មិន​ល្អ​អំពី​ការ​ត្រួសត្រាយ​ពេញ​ពេល​យ៉ាង​ដូច​ម្ដេច?

១៧ តើ​អ្នក​អាច​គិត​ពី​លទ្ធភាព​ចូល​តាម​ទ្វារ​ធំ​នោះ ដោយ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ឬ​ទេ? អ្នក​ប្រហែល​ជា​ចង់​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ តែ​គិត​ថា​ខ្លួន​ខ្វះ​សមត្ថភាព។ ប្អូន​ស្រី​ម្នាក់​ឈ្មោះ​កេនយ៉ាតេ​សារភាព​ថា​៖ «ខ្ញុំ​ធ្លាប់​មាន​គំនិត​អគតិ​ចំពោះ​ការ​ត្រួសត្រាយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​គ្មាន​សមត្ថភាព។ ខ្ញុំ​មិន​ចេះ​ផ្ដើម​ពាក្យ​និយាយ​ជា​មួយ​ម្ចាស់​ផ្ទះ​ឬ​ប្រើ​បទ​គម្ពីរ​វែកញែក​ជា​មួយ​ម្ចាស់​ផ្ទះ​ទេ»។ ក៏​ប៉ុន្តែ អ្នក​ចាស់​ទុំ​បាន​សុំ​បង​ស្រី​ម្នាក់​ដែល​មាន​ភាព​ចាស់​ទុំ​និង​ជា​អ្នក​ត្រួសត្រាយ​ឲ្យ​ផ្សព្វផ្សាយ​ជា​មួយ​នឹង​កេនយ៉ាតេ។ កេនយ៉ាតេ​នឹក​ចាំ​ថា​៖ «ការ​ផ្សព្វផ្សាយ​ជា​មួយ​នឹង​គាត់​សប្បាយ​ណាស់។ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ដែរ»។ បើ​ទទួល​ការ​លើក​ទឹក​ចិត្ត​និង​ការ​បង្ហាត់​បង្រៀន​ខ្លះៗ អ្នក​ក៏​ប្រហែល​ជា​ចង់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ដែរ។

១៨​. តើ​អ្នក​ដែល​ទៅ​ជា​សាសនទូត​អាច​ទទួល​ពរ​អ្វី​ខ្លះ?

១៨ កិច្ចការ​ផ្សព្វផ្សាយ​ជា​អ្នក​ត្រួសត្រាយ​ហាក់​ដូច​ជា​បើក​ទ្វារ​ឲ្យ​ទទួល​ឯក​សិទ្ធិ​ថែម​ទៀត។ ជា​ឧទាហរណ៍ គូ​ស្វាមី​ភរិយា​ខ្លះ​ប្រហែល​ជា​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ការ​បង្ហាត់​ជា​សាសនទូត ហើយ​ត្រូវ​ចាត់​ទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ក្រៅ។ សាសនទូត​ត្រូវ​តែ​រៀន​សម្រប​ខ្លួន​ទៅ​តាម​ប្រទេស​ថ្មី ព្រម​ទាំង​ភាសា វប្បធម៌ និង​ម្ហូបអាហារ​ថ្មី​ក៏​មិន​ដឹង។ ក៏​ប៉ុន្តែ ពរ​ដែល​ពួក​គាត់​ទទួល​គឺ​ច្រើន​ជាង​ការ​ពិបាក​ឆ្ងាយ​ណាស់។ បង​ស្រី​មីលដ្រិត​ដែល​ជា​សាសនទូត​នៅ​ប្រទេស​ម៉ិកស៊ិក​ជា​យូរ​មក​ហើយ​ប្រាប់​ថា​៖ «ខ្ញុំ​មិន​ធ្លាប់​ស្ដាយ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ជា​សាសនទូត​ទេ។ នេះ​ជា​គោល​ដៅ​របស់​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​តូច»។ តើ​គាត់​បាន​ទទួល​ពរ​អ្វី​ខ្លះ? «នៅ​ប្រទេស​កំណើត​របស់​ខ្ញុំ ពិបាក​រក​ការ​សិក្សា​ណាស់។ តែ​នៅ​ទី​នេះ ជួន​កាល​ខ្ញុំ​មាន​សិស្ស​បួន​នាក់​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​តែ​មួយ!»។

១៩, ២០​. តើ​បងប្អូន​ជា​ច្រើន​ដែល​បំរើ​នៅ​បេតអែល ចូល​រួម​កិច្ច​បំរើ​អន្តរជាតិ ឬ​ចូល​រួម​សាលា​បង្ហាត់​ខាង​កិច្ច​បំរើ​បាន​ទទួល​ពរ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១៩ ពរ​សន្ធឹក​សន្ធាប់​បែប​នេះ​ក៏​មាន​ចំពោះ​អ្នក​ដែល​បំរើ​នៅ​ការិយាល័យ​សាខា​បេតអែល​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែរ។ ប្អូន​ប្រុស​ឈ្មោះ​ស្វិន​ដែល​បំរើ​នៅ​បេតអែល​នា​ប្រទេស​អា​ឡឺម៉ង់ និយាយ​អំពី​ការងារ​របស់​គាត់​ថា​៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​តែ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ជា​រៀង​រហូត។ ខ្ញុំ​អាច​ប្រើ​ជំនាញ​របស់​ខ្ញុំ​ធ្វើ​ការ​ក្នុង​លោកីយ៍​នេះ​បាន។ ប៉ុន្តែ នេះ​មិន​ខុស​ពី​ការ​ដាក់​លុយ​ក្នុង​ធនាគារ​ដែល​ជិត​រលំ​ផ្ងារ​នោះ​ទេ»។ ពិត​ណាស់​ថា ការ​បំរើ​ស្ម័គ្រ​ចិត្ត​ដោយ​គ្មាន​ប្រាក់​ខែ​តម្រូវ​ឲ្យ​ធ្វើ​ពលិកម្ម​មែន ប៉ុន្តែ ប្អូន​ប្រុស​ស្វិន​ប្រាប់​ថា​៖ «នៅ​ពេល​ខ្ញុំ​ទៅ​ផ្ទះ​វិញ ខ្ញុំ​ដឹង​ថា​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃ​នោះ​គឺ​សំរាប់​ព្រះ​យេហូវ៉ា ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រក​ពណ៌នា​ពុំ​បាន»។

២០ បងប្អូន​ខ្លះ​ធ្លាប់​ចូល​រួម​កិច្ច​បំរើ​អន្តរជាតិ ដោយ​ជួយ​កសាង​ការិយាល័យ​សាខា​នៅ​ប្រទេស​ផ្សេង។ ស្វាមី​ភរិយា​មួយ​គូ​ដែល​ធ្លាប់​បំរើ​នៅ​៨​ប្រទេស​សរសេរ​ថា​៖ «បងប្អូន​នៅ​ទី​នេះ​រាក់ទាក់ រួសរាយ​ណាស់។ ខ្ញុំ​នឹង​ពិបាក​ចិត្ត​ណាស់​ពេល​យើង​ត្រូវ​ចេញ។ នេះ​ជា​លើក​ទី៨​ដែល​ខ្ញុំ​ត្រូវ​ពិបាក​ចិត្ត​ដូច្នេះ។ យើង​មាន​បទ​ពិសោធន៍​ល្អ​ជា​ច្រើន​ណាស់!»។ មាន​សាលា​បង្ហាត់​ខាង​កិច្ច​បំរើដែរ។ សាលា​នេះ​បង្ហាត់​បង្រៀន​ពី​អ្វីៗ​ខាង​វិញ្ញាណ​សំរាប់​បងប្អូន​ប្រុសៗ​ដែល​នៅ​លីវ​និង​មាន​លក្ខណៈ​គ្រប់គ្រាន់។ បង​ប្រុស​ម្នាក់​ដែល​រៀន​ចប់​នៅ​សាលា​នោះ​ប្រាប់​ថា​៖ «ខ្ញុំ​ពិបាក​រក​ពាក្យ​ដើម្បី​អរគុណ​អ្នក​រាល់​គ្នា​សំរាប់​សាលា​ដ៏​ល្អ​នេះ។ គ្មាន​អង្គការ​ណា​ទៀត​ដែល​ព្យាយាម​បង្ហាត់​បង្រៀន​ដូច្នេះ​ទេ»។

២១​. ក្នុង​កិច្ច​បំរើ​ថ្វាយ​ព្រះ តើ​គ្រីស្ទាន​គ្រប់​រូប​ត្រូវ​ព្យាយាម​ធ្វើ​អ្វី?

២១ ពិត​ណាស់ មាន​ទ្វារ​ជា​ច្រើន​ដែល​បើក​ចំហ​ឲ្យ​បង្កើន​កិច្ច​បំរើថែម​ទៀត។ ពិត​មែន​ដែល​ថា យើង​ភាគ​ច្រើន​មិន​អាច​បំរើ​នៅ​បេតអែល​ឬ​នៅ​ប្រទេស​ក្រៅ​ទេ។ សូម្បីតែ​ព្រះ​យេស៊ូ​ក៏​បាន​ទទួល​ស្គាល់​ថា​ជន​គ្រីស្ទាន​នឹង​បង្កើត​«ផលផ្លែ»​ខុសៗ​គ្នា​ទៅ​តាម​កាលៈទេសៈ​របស់​ខ្លួន។ (ម៉ាថាយ ១៣:២៣) ដូច្នេះ ក្នុង​នាម​ជា​សិស្ស​ព្រះ​យេស៊ូ យើង​ត្រូវ​ព្យាយាម​ចូល​រួម​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​បំផុត​តាម​កាលៈទេសៈ​របស់​យើង។ នៅ​ពេល​យើង​ធ្វើ​ដូច្នេះ យើង​កំពុង​តែ​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា ហើយ​យើង​ដឹង​ជាក់​ថា​ទ្រង់​ពិត​ជា​សព្វ​ព្រះ​ហឫទ័យ។ សូម​គិត​អំពី​ឧទាហរណ៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​អេតេល​ដែល​មាន​វ័យ​ចាស់​រស់​នៅ​កន្លែង​ថែទាំ​សុខភាព។ បង​ស្រី​អេតេល​ផ្សព្វផ្សាយ​ជា​ទៀងទាត់​ដល់​អ្នក​ឯ​ទៀត​ដែល​រស់​នៅ​កន្លែង​នោះ ហើយ​ផ្សព្វផ្សាយ​តាម​ទូរស័ព្ទ​ទៀត​ផង។ សូម្បីតែ​សមត្ថភាព​របស់​គាត់​មាន​កំរិត​ក៏​ពិត​មែន តែ​គាត់​កំពុង​តែ​បំរើ​អស់​ពី​ចិត្ត។—ម៉ាថាយ ២២:៣៧

២២​. (ក) តើ​យើង​អាច​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​ទៀត? (ខ) តើ​ពេល​ណា​ដ៏​អស្ចារ្យ​ដែល​យើង​កំពុង​តែ​រង់ចាំ?

២២ ប៉ុន្តែ សូម​ចាំ​ថា មិន​មាន​តែ​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ​ដែល​អាច​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​នោះ។ បើ​ការ​ប្រព្រឹត្ត​និង​អាការ​ក្រៅ​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា​រៀន និង​នៅ​ឯ​ផ្ទះ​ជា​គំរូ​ល្អ នោះ​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ។ (សុភាសិត ២៧:១១) សុភាសិត ២៨:២០ សន្យា​ថា​៖ «មនុស្ស​ស្មោះ​ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ»។ ហេតុ​នេះ យើង​គួរ‹ព្រោះ​ដោយ​សុទ្ធា›ក្នុង​កិច្ច​បំរើ​ព្រះ ដោយ​ដឹង​ថា​យើង​នឹង​ទទួល​ពរ​ជា​បរិបូរ។ (កូរិនថូសទី២ ៩:៦) បើ​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ឯក​សិទ្ធិ​រស់​នៅ​ពេល​អស្ចារ្យ​មួយ គឺ​ពេល​ដែល​«ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម»​នឹង​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា ជា​ការ​លើក​តម្កើង​ដែល​ទ្រង់​សម​នឹង​ទទួល​មែន!—ទំនុកដំកើង ១៥០:៦

[កំណត់​សម្គាល់]

^ វគ្គ 14 សៀវភៅ​សំនួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធ​ភាព គឺ​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​ចាំ​ទេ?

តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បំរើ​ទ្រង់​«ទាំង​យប់​ទាំង​ថ្ងៃ»​ក្នុង​ន័យ​អ្វី?

តើ​កុលសម្ព័ន្ធ​កាឌ់​បាន​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី? តើ​នេះ​ជា​មេ​រៀន​សំរាប់​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្ដេច?

តើ​កិច្ច​ផ្សព្វផ្សាយ​ការពារ​យើង​ពី​ការ​វាយ​លុក របស់​សាតាំង​យ៉ាង​ដូច​ម្ដេច?

តើ​បងប្អូន​ខ្លះ​បាន​ចូល​តាម‹ទ្វារ​បើក​ចំហ›អ្វី? តើ​ពួក​គេ​បាន​ទទួល​ពរ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

យើង​មាន​ឱកាស​សំណេះ​សំ​ណា​ល លើក​ទឹក​ចិត្ត​គ្នា​ពេល​ដែល​ផ្សព្វផ្សាយ

[រូបភាព​នៅ​ទំព័រ​១៦]

ការ​ត្រួសត្រាយ​អាច​បើក​ទ្វារ​សំរាប់​ឯក​សិទ្ធិ​ឯ​ទៀត ក្នុង​កិច្ច​បំរើ ដូច​ជា: ១​. កិច្ច​បំរើ​អន្តរជាតិ ២​. ការ​បំរើ​នៅ​បេតអែល ៣​. កិច្ច​បំរើ​ជា​សាសនទូត