លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស»

«ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស»

«ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស»

«គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង។ ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស»។—ម៉ាថាយ ២៨:១៨, ១៩

១, ២​. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រគល់​ឲ្យ​អ្នក​កាន់​តាម​ទ្រង់​នូវ​កិច្ចការ​អ្វី? (ខ) តើ​យើង​នឹង​ពិចារណា​សំនួរ​អ្វី​ខ្លះ ដែល​ពាក់​ព័ន្ធ​នឹង​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ?

នៅ​ប្រទេស​អ៊ីស្រាអែល នា​រដូវ​ផ្កា​រីក​ឆ្នាំ​៣៣ ស.យ. មាន​ថ្ងៃ​មួយ​ដែល​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ជួប​ជុំ​គ្នា​នៅ​លើ​ភ្នំ​មួយ​ក្នុង​ស្រុក​កាលីឡេ។ ព្រះ​អម្ចាស់​របស់​ពួក​គេ​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​ហៀប​នឹង​យាង​ឡើង​ទៅ​ស្ថានសួគ៌​នោះ ទ្រង់​មាន​បន្ទូល​សំខាន់​ចង់​ប្រាប់​ពួក​គេ។ ព្រះ​យេស៊ូ​មាន​កិច្ចការ​ឲ្យ​ពួក​គេ​ធ្វើ។ តើ​កិច្ចការ​នោះ​ជា​អ្វី? ហើយ​តើ​សិស្ស​ទ្រង់​យល់​ព្រម​ធ្វើ​ការ​នោះ​ឬ​យ៉ាង​ណា? តើ​កិច្ចការ​នោះ​ទាក់ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ណា​ដែរ?

បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ពេល​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ម៉ាថាយ ២៨:១៨​-​២០ ដែល​ចែង​ថា៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង។ ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ [«ត្រូវ», ខ.ស.]បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង។ ហើយ​មើល! ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប»។ ព្រះ​យេស៊ូ​សំដៅ​ទៅ«គ្រប់​ទាំង​អំណាច» «គ្រប់​ទាំង​សាសន៍» «គ្រប់​ទាំង​សេចក្ដី» ហើយ​ទ្រង់​សន្យា​ថា​នឹង​នៅ​ជា​មួយ​សិស្ស​ទ្រង់«រាល់​ថ្ងៃ»ផង​ដែរ។ បទ​បញ្ជា​របស់​ទ្រង់​ដែល​ពាក់​ព័ន្ធ​ចំណុច​បួន​នេះ​ជំរុញ​ឲ្យ​យើង​សួរ​សំនួរ​សំខាន់ៗពោល​គឺ ហេតុ​អ្វី? នៅ​កន្លែង​ណា? អំពី​អ្វី? និង​រហូត​ដល់​ពេល​ណា? ឥឡូវ​នេះ សូម​យើង​ពិចារណា​មើល​សំនួរ​ទាំង​នេះ​ម្ដង​មួយៗ។ *

«គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ»

៣​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ធ្វើ​តាម​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

មុន​ដំបូង ហេតុ​អ្វី​បាន​ជា​យើង​គួរ​ធ្វើ​តាម​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស? ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង។ ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស»។ ពាក្យ«ដូច្នេះ» សំដៅ​ទៅ​លើ​មូលហេតុ​ចំ​បង​មួយ​ដែល​យើង​គួរ​ធ្វើ​តាម​បង្គាប់​នេះ គឺ​ពីព្រោះ​ព្រះ​យេស៊ូ​ដែល​បាន​បង្គាប់​ឲ្យ​ធ្វើ​ដូច្នេះ ទ្រង់​មាន«គ្រប់​ទាំង​អំណាច»។ តើ​ទ្រង់​មាន​អំណាច​ប៉ុន​ណា?

៤​. (ក) តើ​ព្រះ​យេស៊ូ​មាន​អំណាច​ប៉ុន​ណា? (ខ) តើ​ការ​យល់​ដឹង​របស់​យើង​អំពី​អំណាច​របស់​ព្រះ​យេស៊ូ គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​ទស្សនៈ​របស់​យើង​ចំពោះ​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

ព្រះ​យេស៊ូ​មាន​អំណាច​ទៅ​លើ​ក្រុមជំនុំ​របស់​ទ្រង់ ហើយ​តាំង​ពី​ឆ្នាំ​១៩១៤​ទ្រង់​ក៏​មាន​អំណាច​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​ទើប​តែ​បាន​ស្ថាបនា​ឡើង​ដែរ។ (កូល៉ុស ១:១៣; វិវរណៈ ១១:១៥) ព្រះ​យេស៊ូ​ជា​មហា​ទេវតា​ដែល​មាន​ពលបរិវារ​នៅ​ស្ថានសួគ៌​ក្រោម​បង្គាប់​ទ្រង់ ពោល​គឺ ទេវតា​រាប់​សិប​លាន​រូប។ (ថែស្សាឡូនីចទី១ ៤:១៦; ពេត្រុសទី១ ៣:២២; វិវរណៈ ១៩:១៤​-​១៦) ព្រះ​យេស៊ូ​បាន​ទទួល​អំណាច​ពី​ព្រះ​វរបិតា​របស់​ទ្រង់​ឲ្យ​ទំលាក់«អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិឫទ្ធិ​ទាំង​ប៉ុន្មាន»ដែល​ប្រឆាំង​នឹង​គោលការណ៍​សុចរិត។ (កូរិនថូសទី១ ១៥:២៤​-​២៦; អេភេសូរ ១:២០​-​២៣) ព្រះ​យេស៊ូ​ក៏​មិន​មាន​អំណាច​តែ​លើ​មនុស្ស​ដែល​រស់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​មាន​អំណាច«ជំនុំជំរះ​ដល់​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង» ហើយ​មាន​អំណាច​ពី​ព្រះ​ដើម្បី​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ (កិច្ចការ ១០:៤២; យ៉ូហាន ៥:២៦​-​២៨) ពិត​ណាស់ មនុស្ស​គួរ​ទទួល​ស្គាល់​បទ​បញ្ជា​ដែល​មក​ពី​បុគ្គល​មួយ​អង្គ​ដែល​មាន​អំណាច​មហិមា នេះ​ជា​បទ​បញ្ជា​សំខាន់​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​បង្គាប់​ព្រះ​គ្រីស្ទ​ដោយ​គោរព ហើយ«ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស»។

៥​. (ក) តើ​ពេត្រុស​ធ្វើ​តាម​បន្ទូល​របស់​ព្រះ​យេស៊ូ​យ៉ាង​ណា? (ខ) កាល​ដែល​ពេត្រុស​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​នោះ តើ​នេះ​បាន​នាំ​ឲ្យ​គាត់​ទទួល​ពរ​អ្វី?

តាំង​ពី​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​កិច្ចបំរើ​នៅ​លើ​ផែនដី ទ្រង់​បង្រៀន​សិស្ស​យ៉ាង​ច្បាស់​ថា ការ​ទទួល​ស្គាល់​អំណាច​របស់​ទ្រង់ ហើយ​ការ​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់ នោះ​នឹង​នាំ​ឲ្យ​ទទួល​ពរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ម្ដង​ប្រាប់​ពេត្រុស​ដែល​ជា​អ្នក​នេសាទ​ម្នាក់​ថា៖ «ឲ្យ​ចេញ​ទូក​ទៅ​ឯ​កន្លែង​ទឹក​ជ្រៅ​ទំលាក់​អួន​ចាប់​ត្រី​ចុះ!»។ ពេត្រុស​មាន​ទស្សនៈ​ថា​ច្បាស់​ជា​អត់​មាន​ត្រី​ទេ ដូច្នេះ​គាត់​បាន​ទូល​ប្រាប់​ព្រះ​យេស៊ូ​ថា៖ «លោក​គ្រូ​អើយ! យប់​មិញ យើង​ខ្ញុំ​បាន​ខំ​ដឹក​អួន​ទាល់​ភ្លឺ គ្មាន​បាន​អ្វី​សោះ»។ យ៉ាង​ណា​ក្ដី ពេត្រុស​ក៏​បាន​និយាយ​បន្ថែម​ដោយ​ចិត្ត​រាប​ទាប​ថា៖ «តែ​ខ្ញុំ​នឹង​ទំលាក់​អួន តាម​ពាក្យ​លោក​មើល»។ កាល​ដែល​ពេត្រុស​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ នោះ​គាត់​ក៏​ចាប់​បាន«ត្រី​សន្ធឹក»មែន។ ពេត្រុស​ស្ងើច​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​គាត់«ក្រាប​នៅ​ទៀប​ព្រះ​ជង្ឃ​ព្រះ​យេស៊ូវ ទូល​ថា៖ ‹ព្រះ​អម្ចាស់​អើយ! សូម​ថយ​ចេញ​ពី​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប›»។ ប៉ុន្តែ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «កុំ​ខ្លាច​អី! ពី​នេះ​ទៅ​មុខ អ្នក​នឹង​ចាប់​មនុស្ស​វិញ»។ (លូកា ៥:១​-​១០; ម៉ាថាយ ៤:១៨) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

៦​. (ក) តើ​កំណត់​ហេតុ​អំពី​ការ​ចាប់​ត្រី​ដោយ​អព្ភូតហេតុ​នោះ បង្ហាញ​ថា​ព្រះ​យេស៊ូ​តម្រូវ​ឲ្យ​មនុស្ស​ធ្វើ​តាម​បង្គាប់​ទ្រង់​ដោយសារ​អ្វី? (ខ) តើ​យើង​អាច​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា?

ព្រះ​យេស៊ូ​បាន​ឲ្យ​ពេត្រុស អនទ្រេ និង​សាវ័ក​ឯ​ទៀត​នូវ​កិច្ចការ«នេសាទ​មនុស្ស» ក្រោយ​ពី​ពួក​គាត់​បាន​ចាប់​ត្រី​យ៉ាង​សន្ធឹក មិន​មែន​មុន​ពេល​នោះ​ទេ។ (ម៉ាកុស ១:១៦, ១៧) គឺ​ច្បាស់​ហើយ ព្រះ​យេស៊ូ​មិន​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​តាម​បង្គាប់​ដោយ​ឥត​មាន​មូលដ្ឋាន​បង្អែក​ទេ។ ព្រះ​យេស៊ូ​បាន​បញ្ជាក់​ប្រាប់​នូវ​មូលហេតុ​ដែល​គួរ​ឲ្យ​ជឿ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​តាម​បង្គាប់​ទ្រង់។ ការ​ធ្វើ​តាម​បង្គាប់​ឲ្យ​«នេសាទ​មនុស្ស»នោះ នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​ពរ​ជា​ច្រើន ដូច​ជា​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​ទំលាក់​អួន ដែល​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​បាន​ត្រី​យ៉ាង​សន្ធឹក​ដែល​នឹក​ស្មាន​មិន​ដល់។ ពួក​សាវ័ក​បាន​ធ្វើ​តាម​ព្រះ​យេស៊ូ​ដោយ​មាន​ចិត្ត​ជឿ​ស៊ប់។ កំណត់​ហេតុ​នោះ​ចែង​បញ្ចប់​ថា៖ «កាល​ទូក​បាន​ដល់​គោក នោះ​គេ​ទុក​របស់​ទាំង​អស់​ចោល ហើយ​ដើរ​តាម​ទ្រង់​ទៅ»។ (លូកា ៥:១១) សព្វ​ថ្ងៃ​នេះ យើង​ក៏​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដែរ ពេល​ដែល​យើង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​រួម​ចំណែក​ក្នុង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ យើង​មិន​តម្រូវ​ឲ្យ​មនុស្ស​ធ្វើ​តាម​សំដី​របស់​យើង​ទេ តែ​យើង​ក៏​បញ្ជាក់​ប្រាប់​នូវ​មូលហេតុ​ដែល​គួរ​ឲ្យ​ជឿ​ដែល​បង្ហាញ​ថា​ពួក​គេ​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ។

មូលហេតុ​ដែល​គួរ​ឲ្យ​ជឿ​និង​បំណង​ចិត្ត​ត្រឹម​ត្រូវ

៧, ៨​. (ក) ស្រប​ទៅ​តាម​បទ​គម្ពីរ តើ​យើង​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​មាន​មូលហេតុ​អ្វី​ខ្លះ? (ខ) តើ​ខគម្ពីរ​មួយ​ណា​ជំរុញ​ចិត្ត​អ្នក​ជាង​គេ​ឲ្យ​បន្ត​ធ្វើ​កិច្ចបំរើ​ផ្សាយ? (សូម​មើល​សម្គាល់​ហេតុ​ដែរ)

យើង​រួម​ចំណែក​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ពីព្រោះ​យើង​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​គ្រីស្ទ។ បើ​យើង​ចង់​ជំរុញ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ការ​ល្អ​ដែរ តើ​យើង​អាច​បញ្ជាក់​នូវ​មូលហេតុ​អ្វី​ទៀត​ពី​ព្រះ​គម្ពីរ​ស្តី​អំពី​ហេតុ​ដែល​យើង​ធ្វើ​កិច្ចការ​នេះ? សូម​ពិចារណា​មើល​នូវ​ទស្សនៈ​ផ្សេងៗរបស់​ស្មរបន្ទាល់​ស្មោះ​ភក្ដី​ប៉ុន្មាន​នាក់​ពី​ប្រទេស​ផ្សេងៗដែល​មាន​ដូច​ត​ទៅ​នេះ។ សូម​កត់​សម្គាល់​នូវ​ទំនាក់ទំនង​រវាង​សំដី​របស់​ពួក​គាត់​និង​ខគម្ពីរ​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាប់​នោះ។

បង​រយ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ ១៩៥១ មាន​ប្រសាសន៍​ថា៖ «ពេល​ដែល​ខ្ញុំ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​នោះ ខ្ញុំ​បាន​សន្យា​ថា ខ្ញុំ​នឹង​បំរើ​ទ្រង់​ជានិច្ច។ ខ្ញុំ​ចង់​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ»។ (ទំនុកដំកើង ៥០:១៤; ម៉ាថាយ ៥:៣៧) បង​ហេថឺ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៦២ រៀប​រាប់​ថា៖ «កាល​ដែល​ខ្ញុំ​គិត​អំពី​អ្វីៗទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​ខ្ញុំ នោះ​ខ្ញុំ​ចង់​បង្ហាញ​ចិត្ត​កតញ្ញូ​ដោយ​បំរើ​ទ្រង់​យ៉ាង​ស្មោះ​ត្រង់»។ (ទំនុកដំកើង ៩:១, ៩​-​១១; កូល៉ុស ៣:១៥) បង​ហេណេលរ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥៤ គាត់​ពោល​ថា៖ «រៀង​រាល់​ដង​ដែល​យើង​ធ្វើ​កិច្ចបំរើ​ផ្សាយ នោះ​យើង​ក៏​មាន​ជំនួយ​ពី​ពួក​ទេវតា​ដែរ។ នេះ​ជា​ឯកសិទ្ធិ​ពិសេស​មែន!»។ (កិច្ចការ ១០:៣០​-​៣៣; វិវរណៈ ១៤:៦, ៧) បង​អន័រ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៦៩ និយាយ​ថា៖ «កាល​ណា​គ្រា​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា​មក​ដល់​នោះ ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ណាសោះ​ក្នុង​តំបន់​របស់​ខ្ញុំ​និយាយ​ថា ‹ខ្ញុំ​មិន​ដែល​ទទួល​ការ​ព្រមាន​ទេ› នេះ​ហាក់​ដូច​ជា​ចោទ​ថា ព្រះ​យេហូវ៉ា​និង​ស្មរបន្ទាល់​របស់​ទ្រង់​ធ្វេសប្រហែស​ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សាយ​នេះ»។ (អេសេគាល ២:៥; ៣:១៧​-​១៩; រ៉ូម ១០:១៦, ១៨) បង​ខ្លោឌីអូ ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៧៤ គាត់​ប្រាប់​ថា៖ «កំពុង​ដែល​យើង​ផ្សព្វផ្សាយ​នោះ យើង​ក៏‹នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​ព្រះ›និង‹នៅ​ក្នុង​អង្គ[ឬ​ជា​មួយ]ព្រះ​គ្រីស្ត›ផង​ដែរ។ សូម​គិត​ទៅ​មើល! កាល​ដែល​យើង​ធ្វើ​កិច្ចបំរើ​ផ្សាយ​នោះ យើង​នៅ​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​ជា​ទីបំផុត​របស់​យើង»។—កូរិនថូសទី២ ២:១៧, ខ.ស. *

៩​. (ក) កំណត់​ហេតុ​អំពី​បទ​ពិសោធន៍​របស់​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ពេល​ចាប់​ត្រី​យ៉ាង​សន្ធឹក​នោះ តើ​បង្ហាញ​យ៉ាង​ណា​អំពី​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ? (ខ) សព្វ​ថ្ងៃ​នេះ តើ​អ្វី​ទៅ​ជា​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​និង​ព្រះ​គ្រីស្ទ? ហើយ​ហេតុ​អ្វី?

កំណត់​ហេតុ​អំពី​ការ​ចាប់​ត្រី​យ៉ាង​សន្ធឹក​អស្ចារ្យ​នោះ ក៏​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ការ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ ពោល​គឺ សេចក្ដី​ស្រឡាញ់។ នៅ​ពេល​ដែល​ពេត្រុស​ស្រដី​ថា «សូម​ថយ​ចេញ​ពី​ទូល​បង្គំ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​មាន​បាប» នោះ​ព្រះ​យេស៊ូ​មិន​បាន​ថយ​ចេញ​ទេ ក៏​មិន​បាន​កាត់​ទោស​ពេត្រុស​ជា​អ្នក​ធ្វើ​បាប​អ្វី​ឡើយ។ (លូកា ៥:៨) ព្រះ​យេស៊ូ​ក៏​មិន​បាន​រិះគន់​ពេត្រុស​ដោយ​គាត់​អង្វរ​សូម​ទ្រង់​ថយ​ចេញ​ទៅ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​តប​ថា៖ «កុំ​ខ្លាច​អី!»។ ការ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​ដោយ​ព្រោះ​ភ័យ​ខ្លាច​នោះ មិន​មែន​ជា​បំណង​ចិត្ត​ត្រឹម​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពេត្រុស​ថា គាត់​និង​គូកន​របស់​គាត់​នឹង​ក្លាយ​ជា​អ្នក​ដែល​ជួយ​នេសាទ​មនុស្ស​វិញ។ ដូច​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មិន​បន្លាច​មនុស្ស ឬ​ប្រើ​ធម៌​ក្ដៅ​និង​មាន​គំនិត​អគតិ​ដោយ​បន្ទោស​គេ​ឬ​ធ្វើ​ឲ្យ​គេ​ខ្មាស ដើម្បី​ជំរុញ​ឲ្យ​គេ​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ​នោះ​ឡើយ។ មាន​តែ​ការ​ស្ដាប់​បង្គាប់​ព្រះ​ស្មោះ​អស់​ពី​ព្រលឹង​ដោយ​ផ្អែក​លើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ។—ម៉ាថាយ ២២:៣៧

«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»

១០​. (ក) រីឯ​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ តើ​មាន​ចំណុច​ល្អិតល្អន់​អ្វី ដែល​បណ្ដាល​ឲ្យ​សិស្ស​ទ្រង់​មាន​កិច្ចការ​ពិបាក​ធ្វើ​បន្ដិច? (ខ) តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី ស្តី​អំពី​បទ​បញ្ជា​នោះ?

១០ សំនួរ​ទីពីរ​ដែល​ទាក់ទង​នឹង​បទ​បញ្ជា​របស់​ព្រះ​គ្រីស្ទ​គឺ តើ​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ត្រូវ​កើត​ឡើង​នៅ​កន្លែង​ណា? ព្រះ​យេស៊ូ​មានបន្ទូល​ប្រាប់​អ្នក​កាន់​តាម​ទ្រង់​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ នៅ​សម័យ​មុន​ព្រះ​យេស៊ូ​ធ្វើ​កិច្ចបំរើ​ផ្សាយ​នោះ មនុស្ស​ពី​សាសន៍​ដទៃ​បាន​ត្រូវ​ទទួល​ការ​ស្វាគមន៍​ដែរ បើ​គេ​មក​ឯ​ទឹក​ដី​អ៊ីស្រាអែល​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ៨:៤១​-​៤៣) ភាគ​ច្រើន​ព្រះ​យេស៊ូ​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​មនុស្ស​ជនជាតិ​យូដា តែ​ទ្រង់​មាន​បន្ទូល​ប្រាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ទៅ​ជួប​មនុស្ស​ពី​គ្រប់​ទាំង​សាសន៍​វិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ តំបន់​ផ្សាយ​របស់​សិស្ស​ទ្រង់ ដែល​ប្រៀប​ដូច​ជា​កន្លែង​នេសាទ​នោះ មាន​កំហិត​ហាក់​ដូច​ជា​បឹង​តូច​មួយ ដោយសារ​ពួក​គេ​បាន​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជនជាតិ​យូដា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត តំបន់​ផ្សាយ​ឬ​កន្លែង​នេសាទ​នោះ​ប្រៀប​ដូច​ជា​សមុទ្រ​វិញ ដោយសារ​ពួក​គេ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ទាំង​ឡាយ។ ទោះបី​ជា​ការ​ប្រែប្រួល​នេះ​បណ្ដាល​ឲ្យ​សិស្ស​របស់​ព្រះ​យេស៊ូ​មាន​កិច្ចការ​ពិបាក​ធ្វើ​ក៏​ដោយ ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ។ មិន​ដល់​៣០​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយទិវង្គត​នោះ សាវ័ក​ប៉ុល​អាច​សរសេរ​ថា ដំណឹង​ល្អ​បាន​ត្រូវ​ផ្សាយ​ទៅ​ដល់​«គ្រប់​ទាំង​មនុស្ស​ដែល​កើត​ក្រោម​មេឃ​ផង» មិន​ត្រឹម​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​ឡើយ។—កូល៉ុស ១:២៣

១១​. តាំង​ពីដើម​សតវត្សរ៍​ទី​២០ តើ​កន្លែង​នេសាទ​របស់​យើង​បាន​រីក​យ៉ាង​ណា?

១១ ស្រដៀង​គ្នា​ដែរ នៅ​ពេល​ថ្មីៗនេះ​តំបន់​ផ្សាយ​ក៏​រីក​កាន់​តែ​ធំ។ នៅ​ដើម​សតវត្សរ៍​ទី​២០ តំបន់​ផ្សាយ​ដែល​ប្រៀប​ដូច​ជា​កន្លែង​នេសាទ​នោះ មាន​តែ​នៅ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​នៅ​ជំនាន់​នោះ​បាន​យក​តម្រាប់​តាម​គំរូ​នៃ​ពួក​គ្រីស្ទាន​សតវត្សរ៍​ទី​មួយ ហើយ​បាន​ពង្រីក​តំបន់​ផ្សាយ​របស់​ខ្លួន​ដោយ​ក្ដី​អំណរ។ (រ៉ូម ១៥:២០) មក​ដល់​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៣០ អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​កំពុង​តែ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​ប្រមាណ​មួយ​រយ​ប្រទេស។ សព្វ​ថ្ងៃ​នេះ តំបន់​ផ្សាយ​ឬ​កន្លែង​នេសាទ​របស់​យើង​គឺ​មាន​រហូត​ដល់​២៣៥​ប្រទេស។—ម៉ាកុស ១៣:១០

«ពី​ភាសា​ផ្សេងៗ»

១២​. តើ​បទ​ទំនាយ​នៅ​សាការី ៨:២៣ បញ្ជាក់​ពី​ការ​ពិបាក​អ្វី?

១២ ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​ជា​កិច្ចការ​ពិបាក​ធ្វើ​មែន មិន​គ្រាន់​តែ​ដោយ​គិត​ពី​ទំហំ​នៃ​តំបន់​ផ្សាយ​ប៉ុណ្ណោះ តែ​ដោយ​គិត​អំពី​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗជា​ច្រើន​ដែរ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទាយ​តាម​រយៈ​ព្យាការី​សាការី​ថា៖ «នៅ​គ្រា​នោះ​មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗនឹង​ចាប់​តោង ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា៖ ‹យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពីព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា›»។ (សាការី ៨:២៣, កំណែ​ជា​អក្សរ​ទ្រេត) ក្នុង​ការ​សម្រេច​ដ៏​ធំ​ជាង​នៃ​បទ​ទំនាយ​នេះ «សាសន៍​យូដា​ម្នាក់»តំណាង​ជន​សំណល់​នៃ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង។ រីឯ«មនុស្ស​១០​នាក់»នោះ ពួក​គេ​តំណាង«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»។ * (វិវរណៈ ៧:៩, ១០; កាឡាទី ៦:១៦) សិស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នេះ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​មក​ពី​ចំណោម​សាសន៍​ជា​ច្រើន ហើយ​ដូច​សាការី​បាន​កត់​សម្គាល់​នោះ ពួក​គេ​នឹង​និយាយ​ភាសា​ផ្សេងៗជា​ច្រើន។ តើ​ប្រវត្ដិសាស្ត្រ​របស់​រាស្ត្រ​ព្រះ​នា​សម័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​លក្ខណៈ​នេះ​ដែល​មាន​ក្នុង​ចំណោម​សិស្ស​ទ្រង់​ឬ​ទេ? ពិត​ជា​មាន​មែន!

១៣​. (ក) ស្តី​អំពី​ភាសា​ផ្សេងៗ តើ​មាន​ការ​រីក​ចំរើន​អ្វី​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​នា​សម័យ​យើង​នេះ? (ខ) តើ​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​បាន​ធ្វើ​អ្វី ស្តី​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​ដែល​មាន​កាន់​តែ​ច្រើន​ជា​ភាសា​ផ្សេងៗនោះ? (សូម​រួម​បញ្ចូល​ពត៌មាន​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «សៀវភៅ​សំរាប់​មនុស្ស​ខ្វាក់»)

១៣ នៅ​ឆ្នាំ​១៩៥០ ស្មរបន្ទាល់​៣​ភាគ​៥​ទូទាំង​ពិភពលោក​មាន​ភាសា​អង់គ្លេស​ជា​ភាសា​កំណើត។ មក​ដល់​ឆ្នាំ​១៩៨០ អត្រា​នោះ​គឺ​២​ភាគ​៥ ហើយ​សព្វ​ថ្ងៃ​នេះ​ស្មរបន្ទាល់​តែ​១​ភាគ​៥​ប៉ុណ្ណោះ មានភាសា​អង់គ្លេស​ជា​ភាសា​កំណើត។ ដោយសារ​បងប្អូន​ខាង​វិញ្ញាណ​របស់​យើង​ភាគ​ច្រើន​មក​ពី​ប្រទេស​ដែល​មិន​និយាយ​ភាសា​អង់គ្លេស​នោះ តើ​អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ​បាន​ធ្វើ​យ៉ាង​ណា? ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​កំពុង​តែ​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដែល​មាន​ច្រើន​ភាសា​ជាង​មុនៗទៅ​ទៀត។ (ម៉ាថាយ ២៤:៤៥) ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៥០ ពួក​គាត់​បាន​បោះ​ពុម្ព​ប្រកាសនវត្ថុ​ត្រឹម​តែ​៩០​ភាសា តែ​សព្វ​ថ្ងៃ​នេះ​ចំនួន​នេះ​បាន​កើន​ទៅ​ដល់​ប្រមាណ​៤០០​ភាសា។ តើ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​មក​ពី​ភាសា​ផ្សេងៗមាន​លទ្ធផល​ល្អ​ទេ? ពិត​ជា​ល្អ​មែន! រៀង​រាល់​សប្ដាហ៍ មនុស្ស​ប្រមាណ​៥.០០០​នាក់‹ពី​គ្រប់​ទាំង​ភាសា›ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ! (វិវរណៈ ៧:៩) ហើយ​ចំនួន​នេះ​ចេះ​តែ​រីក​ចំរើន​ឡើងៗ។ នៅ​ប្រទេស​ខ្លះ«អួន»ពេញ​ទៅ​ដោយ​សិស្ស​ថ្មី!—លូកា ៥:៦; យ៉ូហាន ២១:៦

តើ​អ្នក​អាច​រួម​ចំណែក ក្នុង​កិច្ចបំរើ​ផ្សាយ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​នេះ​ឬ​ទេ?

១៤​. តើ​យើង​អាច​ជួយ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​បាន​យ៉ាង​ណា បើ​គេ​និយាយ​ភាសា​បរទេស? (សូម​រួម​បញ្ចូល​ពត៌មាន​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​ប្រើ​ភាសាគ»)

១៤ ដោយសារ​មាន​ប្រទេស​ជា​ច្រើន​នៅ​បស្ចិម​ប្រទេស​មាន​ជន​អន្ដោប្រវេសន៍​ចូល​ទៅ​ជ្រកកោន​នោះ នេះ​ក៏​ធ្វើ​ឲ្យ​មាន​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ពី«គ្រប់​ភាសា»នៅ​ក្នុង​ប្រទេស​ខ្លួន​ដែរ។ (វិវរណៈ ១៤:៦) តើ​យើង​អាច​ជួយ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​បាន​យ៉ាង​ណា បើ​គេ​និយាយ​ភាសា​ផ្សេង​ពី​យើង? (ធីម៉ូថេទី១ ២:៤) យើង​គួរ​ប្រើ​ឧបករណ៍​ផ្សាយ​ដែល​ប្រៀប​ដូច​ជា​ឧបករណ៍​នេសាទ​យ៉ាង​ត្រឹម​ត្រូវ។ យើង​ចង់​ជូន​ដល់​មនុស្ស​នូវ​សៀវភៅ​ជា​ភាសា​របស់​គេ​ផ្ទាល់។ បើ​អាច​ធ្វើ​ទៅ​បាន សូម​រៀបចំ​ឲ្យ​ស្មរបន្ទាល់​ម្នាក់​ដែល​និយាយ​ភាសា​នោះ​ទៅ​លេង​គាត់។ (កិច្ចការ ២២:២) ឥឡូវ​នេះ ការ​រៀបចំ​ធ្វើ​ដូច្នេះ​គឺ​ស្រួល​ជាង​មុន ពីព្រោះ​ស្មរបន្ទាល់​ជា​ច្រើន​បាន​រៀន​ចេះ​និយាយ​ភាសា​ផ្សេង​ខុស​ពី​ភាសា​កំណើត ដើម្បី​ជួយ​ជន​បរទេស​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ដែរ។ សេចក្ដី​រាយ​ការណ៍​ផ្សេងៗបង្ហាញ​ឲ្យ​ដឹង​ថា បុគ្គល​ដែល​ជួយ​ក្នុង​រឿង​នេះ​គេ​ធ្វើ​ឡើង​ដោយ​ក្ដី​ពេញ​ចិត្ត​ផង​ដែរ។

១៥, ១៦​. (ក) តើ​មាន​រឿង​ជាក់​ស្តែង​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា ការ​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​បរទេស​ជា​កិច្ចការ​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត? (ខ) តើ​គួរ​ឲ្យ​យើង​គិត​អំពី​សំនួរ​អ្វី​ខ្លះ ស្តី​អំពី​កិច្ចបំរើ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​បរទេស?

១៥ សូម​ពិចារណា​មើល​រឿង​ជាក់​ស្តែង​ពីរ​នៅ​ប្រទេស​ហូឡង់ ដែល​មាន​ការ​រៀបចំ​ផ្សព្វផ្សាយ​អំពី​រាជាណាចក្រ​នៃ​ព្រះ​ដោយ​ប្រើ​៣៤​ភាសា។ ស្វាមី​ភរិយា​ស្មរបន្ទាល់​មួយ​គូ​បាន​សុខ​ចិត្ត​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ក្នុង​ចំណោម​ជន​អន្ដោប្រវេសន៍​ដែល​និយាយ​ភាសា​ប៉ូឡូញ។ ដោយសារ​ការ​ខិតខំ​របស់​អ្នក​ទាំង​ពីរ​នេះ មនុស្ស​ជា​ច្រើន​មាន​ចំណាប់​អារម្មណ៍ ដល់​ម្ល៉េះ​បាន​ជា​ស្វាមី​នោះ​ត្រូវ​បន្ថយ​ចំនួន​ថ្ងៃ​ធ្វើ​ការ​ដើម្បី​ឲ្យ​គាត់​មាន​មួយ​ថ្ងៃ​ទៀត​អាច​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍។ មិន​យូរ​ប៉ុន្មាន ស្វាមី​ភរិយា​មួយ​គូ​នេះ​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ជាង​២០​ជា​រៀង​រាល់​សប្ដាហ៍។ ពួក​គាត់​មាន​ប្រសាសន៍​ថា៖ «កិច្ចបំរើ​ផ្សាយ​របស់​យើងបណ្ដាល​ឲ្យ​មាន​ចិត្ត​រីករាយ​ណាស់»។ ពេល​ដែល​មនុស្ស​ស្ដាប់​នូវ​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ជា​ភាសា​របស់​ខ្លួន នេះ​ក៏​ជំរុញ​ឲ្យ​គេ​ដឹង​គុណ ហើយ​នេះ​តែង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែរ។ ជាក់​ស្តែង​គឺ​កំឡុង​ពេល​កិច្ច​ប្រជុំ​ជា​ភាសា​វៀតណាម បុរស​វ័យ​ចាស់​ម្នាក់​បាន​ក្រោក​ឈរ​ហើយ​សុំ​មាន​ប្រសាសន៍​បន្ដិច។ គាត់​និយាយ​ប្រាប់​ពួក​ស្មរបន្ទាល់ ទាំង​ស្រក់​ទឹក​ភ្នែក​ថា៖ «សូម​អរគុណ​បងប្អូន​ទាំង​អស់​គ្នា​ដែល​ខំ​រៀន​ភាសា​ដ៏​ពិបាក​របស់​ខ្ញុំ។ ខ្ញុំ​មាន​ចិត្ត​អរ​ណាស់​ដែល​ខ្ញុំ​អាច​រៀន​អ្វីៗជា​ច្រើន​ដ៏​អស្ចារ្យ​ពី​ព្រះ​គម្ពីរ ទោះ​ជា​ខ្ញុំ​ចាស់​ហើយ​ក៏​ដោយ»។

១៦ បើ​ដូច្នេះ ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ ថា​បងប្អូន​ដែល​កំពុង​តែ​បំរើ​ក្នុង​ក្រុមជំនុំ​ដែល​និយាយ​ភាសា​បរទេស​មាន​អារម្មណ៍​ថា ខ្លួន​ទទួល​បាន​រង្វាន់​ច្រើន​ណាស់។ ស្វាមី​ភរិយា​មួយ​គូ​ពី​ប្រទេស​អង់គ្លេស​មាន​ប្រសាសន៍​ថា៖ «អស់​៤០​ឆ្នាំ​មក​ហើយ​កិច្ចបំរើ​ផ្សាយ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​បរទេស​គឺ​ជា​កិច្ចការ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ជាង​គេ​ដែល​យើង​បាន​ពិសោធ​ក្នុង​កំឡុង​កិច្ចបំរើ​ខាង​ព្រះ​រាជាណាចក្រ​របស់​ព្រះ»។ តើ​អ្នក​អាច​កែ​ប្រែ​កាលៈទេសៈ​ក្នុង​ជីវិត​អ្នក​បាន​ទេ ដើម្បី​រួម​ចំណែក​ក្នុង​កិច្ចបំរើ​ផ្សាយ​នេះ​ដែល​ជំរុញ​ទឹក​ចិត្ត​នោះ? ប្រសិន​បើ​អ្នក​កំពុង​តែ​រៀន​នៅ​សាលា តើ​អ្នក​អាច​រៀន​ភាសា​បរទេស​ណា​មួយ​ដើម្បី​ត្រៀម​ខ្លួន​រួម​ចំណែក​ក្នុង​កិច្ចបំរើ​ផ្សាយ​បែប​នេះ​ឬ​ទេ? បើ​អាច​ធ្វើ​ដូច្នេះ​បាន នេះ​អាច​បើក​ផ្លូវ​ឲ្យ​អ្នក​មាន​វិថី​ជីវិត​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត ហើយ​ទទួល​ពរ​ផង​ដែរ។ (សុភាសិត ១០:២២) ចូរ​ពិគ្រោះ​រឿង​នេះ​ជា​មួយ​មាតា​បិតា​របស់​អ្នក​ចុះ!

ការ​ប្រែប្រួល​វិធី​ផ្សព្វផ្សាយ

១៧​. តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​ជួប​មនុស្ស​ឲ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​តំបន់​ផ្សាយ​នៃ​ក្រុមជំនុំ​របស់​យើង?

១៧ ត្រូវ​មែន កាលៈទេសៈ​ក្នុង​ជីវិត​របស់​យើង​ភាគ​ច្រើន មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ដែល​ប្រៀប​ដូច​ជា​ទំលាក់«អួន»ក្នុង​តំបន់​ផ្សាយ​ដែល​និយាយ​ភាសា​បរទេស​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ប្រហែល​ជា​យើង​អាច​ព្យាយាម​ជួប​មនុស្ស​ឲ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​យើង។ តើ​ដោយ​របៀប​ណា? ដោយ​ប្រែប្រួល។ មិន​មែន​ប្រែប្រួល​សារ​របស់​យើង​ទេ តែ​ប្រែប្រួល​វិធី​ផ្សព្វផ្សាយ​វិញ។ នៅ​តំបន់​ផ្សេងៗ មនុស្ស​កាន់​តែ​ច្រើន​នាក់​កំពុង​តែ​រស់​នៅ​ក្នុង​អាគារ​មាន​សន្ដិសុខ​រឹង​មាំ។ មនុស្ស​ឯ​ទៀត​ច្រើន​តែ​អត់​នៅ​ផ្ទះ​ពេល​ដែល​យើង​ធ្វើ​កិច្ចបំរើ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ដូច្នេះ ប្រហែល​ជា​យើង​ត្រូវ​ទំលាក់«អួន»នៅ​ម៉ោង​ឬ​កន្លែង​ខុស​គ្នា។ បើ​ធ្វើ​ដូច្នេះ យើង​កំពុង​តែ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ។ ទ្រង់​បាន​ប្រើ​វិធី​ផ្សេងៗដើម្បី​និយាយ​ជា​មួយ​មនុស្ស​ក្រោម​កាលៈទេសៈ​ខុសៗគ្នា។—ម៉ាថាយ ៩:៩; លូកា ១៩:១​-​១០; យ៉ូហាន ៤:៦​-​១៥

១៨​. តើ​ការ​ធ្វើ​បន្ទាល់​នៅ​កន្លែង​ផ្សេងៗមាន​ប្រសិទ្ធ​ភាព​យ៉ាង​ណា? (សូម​រួម​បញ្ចូល​ពត៌មាន​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «ការ​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ជំនួញ​ក្លាយ​ជា​សិស្ស»)

១៨ នៅ​តំបន់​ខ្លះ​ក្នុង​ពិភពលោក​នេះ វិធី​សំខាន់​មួយ​ដែល​គេ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស គឺ​ដោយ​ធ្វើ​បន្ទាល់​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​មាន​មនុស្ស។ អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស បាន​ផ្ចង់​អារម្មណ៍​កាន់​តែ​ច្រើន​ទៅ​លើ​ការ​ធ្វើ​បន្ទាល់​នៅ​កន្លែង​ផ្សេងៗ។ បន្ថែម​ពី​លើ​ការ​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ អ្នក​ផ្សាយ​ខ្លះ​ធ្វើ​បន្ទាល់​នៅ​ឯ​អាកាសយានដ្ឋាន ការិយាល័យ​ក្រុម​ហ៊ុន ហាង​លក់ដូរ ទី​កន្លែង​ចត​រថយន្ត បេនឡាន​ក្រុង តាម​ផ្លូវ​ថ្នល់ តាម​សួន​សាធារណៈ នៅ​ឆ្នេរ​សមុទ្រ និង​នៅ​ទី​កន្លែង​ផ្សេងៗទៀត​ដែរ។ នៅ​កោះ​ហាវ៉ៃ ស្មរបន្ទាល់​ជា​ច្រើន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​ថ្មីៗនេះ បាន​ឮ​ដំណឹង​ល្អ​លើក​ទី​មួយ​នៅ​កន្លែង​ផ្សេងៗដូច​នោះ។ ការ​ប្រែប្រួល​វិធី​ផ្សព្វផ្សាយ​របស់​យើង​នឹង​ជួយ​យើង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​យ៉ាង​ពេញលេញ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។—កូរិនថូសទី១ ៩:២២, ២៣

១៩​. តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​អំពី​លក្ខណៈ​អ្វី​ខ្លះ​នៃ​កិច្ចការ​ដែល​ព្រះ​យេស៊ូ​ប្រគល់​ឲ្យ?

១៩ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ចំណុច​ល្អិតល្អន់​ថែម​ទៀត​អំពី​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ មិន​គ្រាន់​តែ​ប្រាប់​អំពី​មូលហេតុ​អ្វី​ហើយ​នៅ​កន្លែង​ណា​ដែល​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ទេ តែ​ទ្រង់​ក៏​បាន​ពន្យល់​ថា យើង​ត្រូវ​ផ្សព្វផ្សាយ​អំពី​អ្វី ហើយ​ថា​ត្រូវ​បន្ត​រហូត​ដល់​ពេល​ណា​ផង​ដែរ។ អត្ថបទ​ជា​បន្ទាប់​នឹង​ពន្យល់​អំពី​លក្ខណៈ​ពីរ​ទៀត​នៃ​កិច្ចការ​ដែល​ព្រះ​យេស៊ូ​បាន​ប្រគល់​ឲ្យ។

[កំណត់​សម្គាល់]

^ វគ្គ 2 ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​មើល​សំនួរ​ពីរ​ដំបូង។ សំនួរ​ពីរ​ទៀត​នោះ យើង​នឹង​ពិគ្រោះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

^ វគ្គ 8 មូលហេតុ​ថែម​ទៀត​ដែល​យើង​ផ្សព្វផ្សាយ​នោះ ត្រូវ​បង្ហាញ​ក្នុង​សៀវភៅ​សុភាសិត ១០:៥; អេម៉ុស ៣:៨; ម៉ាថាយ ២៤:៤២; ម៉ាកុស ១២:១៧; រ៉ូម ១:១៤, ១៥

^ វគ្គ 12 ពត៌មាន​បន្ថែម​អំពី​ការ​សម្រេច​នៃ​បទ​ទំនាយ​នេះ មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០១ ទំព័រ​២២ និង​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៤ ទំព័រ​១៦​-​១៧ បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

តើ​អ្នក​នៅ​ចាំ​ទេ?

ពេល​ដែល​យើង​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស តើ​ដោយ​មាន​មូលហេតុ​និង​បំណង​ចិត្ត​អ្វី?

ស្តី​អំពី​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍​ដែល​ព្រះ​យេស៊ូ​ប្រគល់​ឲ្យ​នោះ តើ​អ្នក​បំរើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ​បាន​សម្រេច​កិច្ចការ​នេះ​ដល់​កំរិត​ណា?

តើ​យើង​អាច​ប្រែប្រួល​វិធី​ផ្សព្វផ្សាយ​ដូច‹អ្នក​នេសាទ›តាម​របៀប​ណា​ខ្លះ? ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​ដូច្នេះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១០]

សៀវភៅ​សំរាប់​មនុស្ស​ខ្វាក់

បង​អាល​បឺត​ជា​អ្នក​ចាស់​ទុំ​គ្រីស្ទាន​និង​ជា​អ្នក​ផ្សាយ​ពេញ​ពេល​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក។ គាត់​ក៏​ជា​មនុស្ស​ខ្វាក់​ផង​ដែរ។ សៀវភៅ​ពិសេស​ខាង​ព្រះ​គម្ពីរ​សំរាប់​មនុស្ស​ខ្វាក់​ជួយ​គាត់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ច្រើន​ជាង​ក្នុង​កិច្ចបំរើ​ផ្សាយ​ផង ហើយ​ក៏​ជួយ​គាត់​បំពេញ​កិច្ចការ​ជា​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​ផ្សាយ​ផង​ដែរ។ តើ​គាត់​បំពេញ​កិច្ចការ​នោះ​ក្នុង​ក្រុមជំនុំ​បាន​យ៉ាង​ណា?

បង​យ៉ាកុប​ជា​ប្រធាន​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ប្រាប់​ថា៖ «ក្រុមជំនុំ​យើង​មិន​ធ្លាប់​មាន​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ​ផ្សាយ​ដែល​មាន​ប្រសិទ្ធ​ភាព​ដូច​បង​អាល​បឺត​ទេ»។ ប៉ុន្មាន​ឆ្នាំ​មក​ហើយ បង​អាល​បឺត​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​៥.០០០​នាក់​នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ទទួល​សៀវភៅ​សំរាប់​មនុស្ស​ខ្វាក់​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​មិន​ថា​ជា​ភាសា​អង់គ្លេស​ឬ​ជា​ភាសា​អេស្ប៉ាញ​ទេ។ ការ​ពិត តាំង​ពី​ឆ្នាំ​១៩១២ ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​បាន​បោះ​ពុម្ព​សៀវភៅ​មាន​ជាង​១០០​ប្រធាន​ផ្សេងៗជា​អក្សរ​សំរាប់​មនុស្ស​ខ្វាក់។ រោងចក្រ​បោះ​ពុម្ព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​បច្ចេកទេស​ទំនើបៗ ហើយ​សព្វ​ថ្ងៃ​នេះ​បាន​បោះ​ពុម្ព​រាប់​លាន​ទំព័រ​ដែល​មាន​អក្សរ​សំរាប់​មនុស្ស​ខ្វាក់​ជាង​ដប់​ភាសា ហើយ​ក៏​ចែក​ចាយ​ទៅ​ដល់​ជាង​៧០​ប្រទេស។ តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​អាច​ទទួល​ប្រយោជន៍​ពី​សៀវភៅ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​ដែល​បាន​រៀបចំ​សំរាប់​មនុស្ស​ខ្វាក់​ទេ?

[ប្រអប់​នៅ​ទំព័រ​១១]

ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដោយ​ប្រើ​ភាសាគ

ស្មរបន្ទាល់​រាប់​ពាន់​នាក់​ទូទាំង​ពិភពលោក ដែល​រួម​បញ្ចូល​យុវជន​ជា​ច្រើន​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ដែរ បាន​រៀន​ភាសាគ​ដើម្បី​ជួយ​មនុស្ស​ដែល​គ​ឬ​ថ្លង់​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ ជា​លទ្ធផល នៅ​ពេល​ថ្មីៗនេះ​នា​ប្រទេស​ប្រេស៊ីល ក្នុង​មួយ​ឆ្នាំ​មាន​៦៣​នាក់​ដែល​ជា​មនុស្សគ​ឬ​ថ្លង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​សព្វ​ថ្ងៃ​នេះ​មាន​ស្មរបន្ទាល់​៣៥​នាក់​នៅ​ទី​នោះ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ពេញ​ពេល។ ទូទាំង​ពិភពលោក​មាន​ជាង​១.២០០​ក្រុម​ឬ​ក្រុមជំនុំ​ដែល​ប្រើ​ភាសាគ។ បើ​គិត​អំពី​ទំហំ​វិញ មាន​មណ្ឌល​តែ​មួយ​គត់​ដែល​ប្រើ​ភាសាគ​នៅ​ប្រទេស​រុស្សី នោះ​ជា​មណ្ឌល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​ដ្បិត​មណ្ឌល​នេះ​ជា​ប្រទេស​រុស្សី​តែ​ម្ដង!

[ប្រអប់​នៅ​ទំព័រ​១២]

ការ​បញ្ចុះបញ្ចូល​ឲ្យ​អ្នក​ជំនួញ​ក្លាយ​ជា​សិស្ស

ស្មរបន្ទាល់​ម្នាក់​នៅ​កោះ​ហាវ៉ៃ​បាន​ទៅ​ជួប​អ្នក​ជំនួញ​នៅ​កន្លែង​ធ្វើ​ការ ហើយ​បាន​ជួប​នាយក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន។ ទោះ​ជា​នាយក​នោះ​តែង​តែ​រវល់​ក្ដី គាត់​យល់​ព្រម​រៀន​ព្រះ​គម្ពីរ​ក្នុង​ការិយាល័យ​គាត់​តែ​៣០​នាទី​រាល់​សប្ដាហ៍។ រៀង​រាល់​ព្រឹក​ថ្ងៃ​ពុធ នាយក​នេះ​ប្រាប់​បុគ្គលិក​ថា​គាត់​មិន​ចង់​ជួប​ភ្ញៀវ​តាម​ទូរស័ព្ទ​ទេ ដោយ​គាត់​ចង់​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​សិក្សា។ ស្មរបន្ទាល់​ម្នាក់​ទៀត​នៅ​កោះ​ហាវ៉ៃ​កំពុង​តែ​សិក្សា​ព្រះ​គម្ពីរ​មួយ​អាទិត្យ​ម្ដង​ជា​មួយ​ម្ចាស់​ហាង​ជួសជុល​ស្បែក​ជើង។ ពួក​គាត់​រៀន​នៅ​ត្រង់​កន្លែង​ទទួល​ភ្ញៀវ​តែ​ម្ដង។ កាល​ណា​ភ្ញៀវ​ចូល​មក ស្មរបន្ទាល់​នេះ​ផ្អាក​សិក្សា​សិន ហើយ​ខិត​ទៅ​កៀន។ កាល​ណា​ភ្ញៀវ​ចេញ​ទៅ​វិញ នោះ​ទាំង​ពីរ​នាក់​បន្ត​រៀន​ទៀត។

ស្មរបន្ទាល់​បាន​ជួប​អ្នក​ជំនួញ​និង​ម្ចាស់​ហាង​នោះ ពីព្រោះ​អ្នក​ផ្សាយ​បាន​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​ហាក់​ដូច​ជា​ទំលាក់«អួន»នៅ​កន្លែង​ផ្សេងៗ។ តើ​អ្នក​អាច​គិត​អំពី​កន្លែង​ផ្សេងៗក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​អ្នក​បាន​ទេ ជា​កន្លែង​ដែល​អ្នក​អាច​ជួប​មនុស្ស​ដែល​ពិបាក​ជួប​នៅ​ផ្ទះ​របស់​គេ​នោះ?

[រូបភាព​នៅ​ទំព័រ​១២]

តើ​អ្នក​អាច​ធ្វើ​កិច្ចបំរើ​ផ្សាយ ក្នុង​តំបន់​ដែល​និយាយ​ភាសា​បរទេស​ឬ​ទេ?