លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកត្រេកអរនឹង«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»ទេ?

តើអ្នកត្រេកអរនឹង«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»ទេ?

តើ​អ្នក​ត្រេកអរ​នឹង​«ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»ទេ?

«មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នក​ណា​ដែល . . . ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។—ទំនុកដំកើង ១:១, ២

១​. ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​បាន​ជា​យើង​មាន​សុភមង្គល?

ព្រះ​យេហូវ៉ា​គាំទ្រ​និង​ប្រទាន​ពរ​ដល់​យើង​ដែល​ជា​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់។ ពិត​មែន យើង​ប្រឈម​មុខ​នឹង​ការ​ល្បងល​ជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ យើង​ក៏​មាន​សុភមង្គល​ពិត​ដែរ។ នេះ​មិន​ជា​ការ​ចំឡែក​ទេ ដ្បិត​យើង​បំរើ«ព្រះ​ដែល​មាន​ព្រះទ័យ​សប្បាយ» ហើយ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​អំណរ។ (ធីម៉ូថេទី១ ១:១១, ព.ថ.; កាឡាទី ៥:២២) អំណរ​គឺ​ជា​ការ​មាន​សុភមង្គល​ពិត​ដែល​បាន​មក​ពី​ការ​រង់ចាំ​យ៉ាង​រំភើប​ឬ​ទទួល​បាន​អ្វី​ដ៏​ល្អ។ ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​ពិត​ជា​បាន​ប្រទាន​នូវ​អំណោយ​ទាន​ដ៏​ល្អ​សំរាប់​យើង។ (យ៉ាកុប ១:១៧) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មាន​សុភមង្គល​នោះ!

២​. តើ​យើង​នឹង​ពិគ្រោះ​ទំនុក​មួយ​ណា?

នៅ​ក្នុង​សៀវភៅ​ទំនុកដំកើង គឺ​បញ្ជាក់​យ៉ាង​ច្រើន​អំពី​សុភមង្គល។ ជា​ឧទាហរណ៍ នៅ​ក្នុង​ទំនុក​ទី១​និង​ទី២​បញ្ជាក់​នូវ​ចំណុច​នេះ។ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ​ពីដើម​ទទួល​ស្គាល់​ស្តេច​ដាវីឌ​ជា​អ្នក​សរសេរ​ទំនុក​ទី២។ (កិច្ចការ ៤:២៥, ២៦) អ្នក​តែង​ទំនុក​ទី១​ដែល​យើង​ឥត​ស្គាល់​ឈ្មោះ​បាន​តែង​ចំរៀង​ដោយ​ពាក្យ​ថា៖ «មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់»។ (ទំនុកដំកើង ១:១) នៅ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ សូម​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​ទំនុក​ទី១​និង​ទី២​ផ្ដល់​នូវ​មូលហេតុ​ឲ្យ​យើង​អរ​សប្បាយ។

គន្លឹះ​នៃ​សុភមង្គល

៣​. យោង​ទៅ​តាម​ទំនុកដំកើង ១:១ តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​មនុស្ស​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​មាន​ចិត្ត​សប្បាយ?

ទំនុក​ទី១​បង្ហាញ​នូវ​មូលហេតុ​ដែល​មនុស្ស​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​មាន​សុភមង្គល។ អ្នក​តែង​បទ​ទំនុកដំកើង​បាន​រៀប​រាប់​ពី​មូលហេតុ​ខ្លះៗដែល​ធ្វើ​ឲ្យ​មាន​សុភមង្គល កាល​ដែល​គាត់​ច្រៀង​ថា៖ «មាន​ពរ[ឬ«សុភមង្គល», ខ.ស.]ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប ឬ​អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើលងាយ»។—ទំនុកដំកើង ១:១

៤​. តើ​សាការី​និង​អេលីសាបិត​មាន​ជីវិត​បែប​ណា​ដែល​គួរ​យក​ជា​គំរូ?

ដើម្បី​មាន​សុភមង្គល​ពិត យើង​ត្រូវ​តែ​ធ្វើ​តាម​តម្រូវ​ការ​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ សាការី​និង​អេលីសាបិត​ដែល​មាន​កិត្ដិយស​ជា​មាតា​បិតា​របស់​យ៉ូហាន​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ពួក​គាត់«ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​ក្រិត្យ​ក្រម​នឹង​ច្បាប់​នៃ​ព្រះ​អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ទេ»។ (លូកា ១:៥, ៦) យើង​អាច​មានសុភមង្គល​ដែរ​បើ​យើង​ដើរ​តាម​មាគ៌ា​ដូច​នោះ និង​បដិសេធ​ជា​ដាច់ខាត​មិន«ដើរ​តាម​ដំបូន្មាន​របស់​មនុស្ស​អាក្រក់»ឬ​ធ្វើ​តាម​ឱវាទ​ដ៏​អាក្រក់​របស់​ពួក​គេ។

៥​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​ពី«ផ្លូវ​របស់​មនុស្ស​មាន​បាប»?

បើ​យើង​បដិសេធ​គំនិត​របស់​មនុស្ស​អាក្រក់ យើង​នឹង​មិន«ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​មាន​បាប»ទេ។ តាម​ការ​ពិត យើង​នឹង​មិន​ទៅ​កន្លែង​ដែល​ពួក​គេ​មាន​វត្តមាន ពោល​គឺ​កន្លែង​កំសាន្ត​ដែល​មាន​អំពើ​អសីលធម៌​ឬ​កន្លែង​មាន​ឈ្មោះ​អាក្រក់​ឡើយ។ ចុះ​យ៉ាង​ណា បើ​យើង​ត្រូវ​ល្បួង​ឲ្យ​ចូល​រួម​នឹង​មនុស្ស​មាន​បាប​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​អ្វី​ដែល​មិន​ស្រប​តាម​បទ​គម្ពីរ​នោះ? បើ​ដូច្នេះ សូម​ឲ្យ​យើង​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះ និង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​សាវ័ក​ប៉ុល​ដែល​ថា៖ «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក​ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត​នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ​នឹង​ងងឹត​លាយឡំ​គ្នា​ដូច​ម្ដេច​បាន?»។ (កូរិនថូស​ទី២ ៦:១៤) បើ​យើង​ទុក​ចិត្ត​លើ​ព្រះ​និង«មាន​ចិត្ត​បរិសុទ្ធ» យើង​មិន​ធ្វើ​តាម​គំនិត​និង​របៀប​រស់​នៅ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប ហើយ​មាន​បំណង​ចិត្ត​និង​សេចក្ដី​ប្រាថ្នា​ត្រឹម​ត្រូវ​វិញ ព្រម​ទាំង​មាន«សេចក្ដី​ជំនឿ​ដ៏​ស្មោះ​ត្រង់»។—ម៉ាថាយ ៥:៨; ធីម៉ូថេទី១ ១:៥

៦​. ហេតុ​អ្វី​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​ដែល​មើលងាយ?

ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ«អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើលងាយ»ជា​ដាច់ខាត។ មនុស្ស​ខ្លះ​មើលងាយ​ចំពោះ​ការ​កាន់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ហើយ​នៅ‹ថ្ងៃ​ជាន់​ក្រោយ​បង្អស់›នេះ អតីត​គ្រីស្ទាន​ដែល​បាន​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ជំនឿ ច្រើន​តែ​ចំអក​មើលងាយ​យើង​យ៉ាង​ខ្លាំង។ សាវ័ក​ពេត្រុស​បាន​ព្រមាន​អ្នក​រួម​ជំនឿ​ថា៖ «ឥឡូវ​នេះ ពួក​ស្ងួនភ្ងា​អើយ! . . . ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ​នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា‹តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ›»។ (ពេត្រុសទី២ ៣:១​-​៤) ប្រសិន​បើ​យើង​មិន​ដែល​«អង្គុយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​ដែល​មើលងាយ» នោះ​យើង​នឹង​អាច​ជៀស​ផុត​ពី​មហន្តរាយ​ដែល​នឹង​មាន​មក​លើ​ពួក​គេ​ជាក់​ជា​ពុំ​ខាន។—សុភាសិត ១:២២​-​២៧

៧​. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ធ្វើ​តាម​ពាក្យ​នៅ​ទំនុកដំកើង ១:១?

បើ​យើង​មិន​ធ្វើ​តាម​ខ​ដំបូង​នៅ​ទំនុក​ទី១​ទេ នោះ​យើង​អាច​បាត់បង់​នូវ​ភាព​ខាង​វិញ្ញាណ​ដែល​យើង​មាន​តាម​រយៈ​ការ​សិក្សា​បទ​គម្ពីរ។ តាម​ការ​ពិត ជីវិត​របស់​យើង​កាន់​តែ​មាន​សភាព​អាក្រក់​ជាង​ទៅ​ទៀត។ ជំហាន​ទី​មួយ​ក្នុង​ការ​បាត់បង់​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​ការ​ធ្វើ​តាម​ឱវាទ​របស់​មនុស្ស​អាក្រក់។ បន្ទាប់​មក យើង​ចាប់​ផ្ដើម​សេពគប់​ជា​មួយ​ពួក​គេ​ជា​រឿយៗ។ ក្រោយ​មក យើង​អាច​ទៅ​ជា​អ្នក​មើលងាយ​ដែល​ក្បត់​ជំនឿ​ទៀត​ផង។ យ៉ាង​ច្បាស់​ណាស់ មិត្តភាព​ជា​មួយ​នឹង​មនុស្ស​អាក្រក់​អាច​ធ្វើ​ឲ្យ​យើង​បែរ​ជា​មាន​គំនិត​ឈប់​កោត​ខ្លាច​ព្រះ ហើយ​អាច​បំផ្លាញ​នូវ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ (កូរិនថូស​ទី១ ១៥:៣៣; យ៉ាកុប ៤:៤) ចូរ​យើង​កុំ​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​ឲ្យ​សោះ!

៨​. តើ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ស្មារតី​លើ​រឿង​ខាង​វិញ្ញាណ?

សេចក្ដី​អធិស្ឋាន​នឹង​ជួយ​យើង​ឲ្យ​ប្រុង​ស្មារតី​លើ​រឿង​ខាង​វិញ្ញាណ និង​ជៀសវាង​ចង​មិត្តភាព​ជា​មួយ​នឹង​មនុស្ស​អាក្រក់។ ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ​ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន​នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត​ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គិត​អំពី​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ថែម​ទាំង​សគុណ និង​សេចក្ដី​សរសើរ​ផង​ដែរ។ (ភីលីព ៤:៦​-​៨) សូម​ឲ្យ​យើង​ប្រព្រឹត្ត​ស្រប​តាម​ឱវាទ​របស់​ប៉ុល​និង​មិន​បន្ថោក​ខ្លួន​ដូច​ពួក​មនុស្ស​អាក្រក់​ទេ។

៩​. ទោះ​ជា​យើង​ជៀស​ពី​ការ​ប្រព្រឹត្ត​អាក្រក់​ក៏​ដោយ តើ​យើង​ខំ​ប្រឹង​ជួយ​មនុស្ស​គ្រប់​ប្រភេទ​យ៉ាង​ដូច​ម្ដេច?

ទោះ​ជា​យើង​បដិសេធ​ការ​ប្រព្រឹត្ត​អាក្រក់​ក៏​ដោយ ក៏​យើង​ធ្វើ​បន្ទាល់​យ៉ាង​ប៉ិនប្រសប់​ដល់​អ្នក​ដទៃ ដូច​ជា​សាវ័ក​ប៉ុល​បាន​ពន្យល់​ប្រាប់​អភិបាល​ស្រុក​ជនជាតិ​រ៉ូម​ឈ្មោះ​ភេលីច«ពី​សេចក្ដី​សុចរិត សេចក្ដី​ដឹង​ខ្នាត នឹង​សេចក្ដី​ជំនុំជំរះ​ដែល​ត្រូវ​មក»។ (កិច្ចការ ២៤:២៤, ២៥; កូល៉ុស ៤:៦) យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដល់​មនុស្ស​គ្រប់​ប្រភេទ ហើយ​យើង​ប្រព្រឹត្ត​ទៅ​លើ​គេ​ដោយ​ក្ដី​សប្បុរស។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា អស់​អ្នក«ត្រូវ​បាន[ឬ«មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​សម​ទទួល», ព.ថ.]ជីវិត​អស់កល្ប​ជានិច្ច»នឹង​ក្លាយ​ទៅ​ជា​អ្នក​ជឿ​ហើយ​ត្រេកអរ​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទៀត​ផង។—កិច្ចការ ១៣:៤៨

គាត់​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា

១០​. នៅ​ក្នុង​កំឡុង​សិក្សា​ផ្ទាល់​ខ្លួន តើ​អ្វី​ដែល​នឹង​ជួយ​ឲ្យ​ពត៌មាន​បាន​ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​យើង?

១០ ស្តី​អំពី​មនុស្ស​ដែល​មាន​សុភមង្គល អ្នក​តែង​បទ​ទំនុកដំកើង​រៀប​រាប់​ថែម​ទៀត​ថា៖ «អ្នក​នោះ​ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រិត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ»។ (ទំនុកដំកើង ១:២) ជា​អ្នក​បំរើ​ព្រះ យើង‹ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា›។ ពេល​អាច​ធ្វើ​ទៅ​បាន ក្នុង​កំឡុង​សិក្សា​ផ្ទាល់​ខ្លួន​និង​រំពឹង​គិត យើង​អាច​អាន​ឲ្យ​ឮៗបណ្ដើរ​និង«រំពឹង​គិត»បណ្ដើរ។ ពេល​យើង​អាន​បទ​គម្ពីរ​ឲ្យ​ឮៗ នេះ​នឹង​ជួយ​ឲ្យ​ពត៌មាន​នោះ​ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​យើង។

១១​. ហេតុ​អ្វី​ក៏​យើង​ត្រូវ​អាន​ព្រះ​គម្ពីរ«ទាំង​យប់​ទាំង​ថ្ងៃ»?

១១ ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ (ម៉ាថាយ ២៤:៤៥) ដោយសារ​យើង​មាន​ចិត្ត​ប្រាថ្នា​យ៉ាង​ខ្លាំង​ចង់​ស្គាល់​សារ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​លោក យក​ល្អ​យើង​អាន​ព្រះ​គម្ពីរ«ទាំង​យប់​ទាំង​ថ្ងៃ» សូម្បី​តែ​ពេល​យើង​មិន​អាច​គេង​លក់​ដោយសារ​មូលហេតុ​ណា​មួយ​ក៏​ដោយ។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​យើង​ថា៖ «នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង​ដរាប​ដល់​បាន​សង្គ្រោះ»។ (ពេត្រុសទី១ ២:១, ២) តើ​អ្នក​មាន​ចិត្ត​ត្រេកអរ​ចំពោះ​ការ​អាន​ព្រះ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​ការ​រំពឹង​គិត​លើ​ព្រះ​បន្ទូល​របស់​ព្រះ​រួម​ទាំង​គោល​បំណង​ទ្រង់​នៅ​ពេល​យប់​ឬ​ទេ? អ្នក​តែង​បទ​ទំនុកដំកើង​បាន​ត្រេកអរ​ណាស់។—ទំនុកដំកើង ៦៣:៦

១២​. តើ​យើង​នឹង​ធ្វើ​អ្វី​បើ​យើង​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា?

១២ សុភមង្គល​ជា​រៀង​រហូត​របស់​យើង​គឺ​ពឹងផ្អែក​ទៅ​លើ​យើង​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ។ ក្រឹត្យ​វិន័យ​របស់​ព្រះ​គឺ​គ្រប់​ល័ក្ខណ៍​និង​សុចរិត ហើយ​ដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ។ (ទំនុកដំកើង ១៩:៧​-​១១) យ៉ាកុប​ជា​សិស្ស​ម្នាក់​បាន​សរសេរ​ថា៖ «អ្នក​ណា​ដែល​ពិនិត្យ​មើល​ក្នុង​ក្រិត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រិត្យ​វិន័យ​ខាង​ឯ​សេរីភាព ហើយ​ក៏​ជាប់​ចិត្ត​ចំពោះ​ឥត​បាន​ភ្លេច​សេចក្ដី​ដែល​ស្ដាប់​នោះ​ឡើយ គឺ​បាន​ប្រព្រឹត្ត​តាម​វិញ អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន»។ (យ៉ាកុប ១:២៥) ប្រសិន​បើ​យើង​ពិត​ជា​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​ពិនិត្យ​មើល​រឿង​ខាង​វិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ។ ប្រាកដ​ហើយ យើង​នឹង​ត្រូវ​ជំរុញ​ឲ្យ​‹ស្ទង់​មើល​សេចក្ដី​ជ្រាល​ជ្រៅ​ទាំង​អស់​របស់​ព្រះ› និង​ទុក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង។—កូរិនថូសទី១ ២:១០​-​១៣; ម៉ាថាយ ៦:៣៣

អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ

១៣​-​១៥​. តើ​ក្នុង​ន័យ​យ៉ាង​ណា​ដែល​យើង​អាច​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ដាំ​នៅ​កន្លែង​មាន​ទឹក​ច្រើន?

១៣ អ្នក​តែង​បទ​ទំនុកដំកើង​រៀប​រាប់​ពី​មនុស្ស​ទៀងត្រង់​ជា​បន្ត​ទៀត​ថា៖ «អ្នក​នោះ​នឹង​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ ឯ​ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់»។ (ទំនុកដំកើង ១:៣) ដូច​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ឯ​ទៀត យើង​ដែល​បំរើ​ព្រះ​យេហូវ៉ា​ក៏​មាន​ការ​ពិបាក​ក្នុង​ជីវិត​ដែរ។ (យ៉ូប ១៤:១) យើង​ប្រហែល​ជា​រង​ទុក្ខ​ការ​បៀតបៀន​និង​ទុក្ខ​វេទនា​ផ្សេងៗដែល​ទាក់ទង​នឹង​ជំនឿ​របស់​យើង។ (ម៉ាថាយ ៥:១០​-​១២) ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ យើង​អាច​ស៊ូទ្រាំ​នឹង​ការ​ល្បួង​ទាំង​នេះ ដូច​ជា​ដើម​ឈើ​មាន​ឫស​ចាក់​ជ្រៅ​ចូល​ទៅ​ក្នុង​ដី​អាច​ទប់ទល់​នឹង​កម្លាំង​ខ្យល់ព្យុះ​មិន​ឲ្យ​រលើង​គល់​បាន។

១៤ ដើម​ឈើ​ដែល​បាន​ដាំ​នៅ​កន្លែង​ដែល​មាន​ទឹក​រហូត នោះ​ពេល​ធាតុ​អាកាស​ក្ដៅ​ឬ​ក្នុង​កំឡុង​រីង​ស្ងួត ក៏​នឹង​មិន​ចេះ​ស្រពោន​ឬ​ងាប់​ទេ។ ប្រសិន​បើ​យើង​ជា​បុគ្គល​ដែល​កោត​ខ្លាច​ព្រះ នោះ​កម្លាំង​របស់​យើង​គឺ​មក​ពី​ព្រះ​យេហូវ៉ា ដែល​ជា​ប្រភព​កម្លាំង​ដែល​មិន​ចេះ​រីង​ស្ងួត។ ប៉ុល​បាន​ពឹង​លើ​ព្រះ​ឲ្យ​ជួយ ហើយ​គាត់​អាច​និយាយ​ថា៖ «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ[ព្រះ​យេហូវ៉ា]ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ»។ (ភីលីព ៤:១៣) កាល​ណា​យើង​ត្រូវ​បាន​ណែនាំ​និង​ទ្រទ្រង់​ខាង​វិញ្ញាណ​ដោយ​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មិន​ចេះ​ស្រពោន​ងាប់​ទៅ លែង​បង្កើត​ផល​ឬ​អសកម្ម​នោះ​ឡើយ។ យើង​នឹង​បន្ត​បង្កើត​ផល​ក្នុង​កិច្ច​បំរើ​ព្រះ ថែម​ទាំង​សម្ដែង​នូវ​ផលផ្លែ​ខាង​វិញ្ញាណ​របស់​ទ្រង់។—យេរេមា ១៧:៧, ៨; កាឡាទី ៥:២២, ២៣

១៥ អ្នក​តែង​បទ​ទំនុកដំកើង​ប្រើ​ពាក្យ​ហេព្រើរ​ដែល​បកស្រាយ​ថា«ដូចជា» ហើយ​នេះ​ជា​ន័យ​ធៀប​ទេ។ គាត់​ប្រៀបធៀប​របស់​ពីរ​ដែល​ខុស​គ្នា ទោះ​ជា​របស់​នោះ​មាន​គុណសម្បត្ដិ​ពិសេស​ដូច​គ្នា​ក៏​ដោយ។ មនុស្ស​គឺ​ខុស​ពីដើម​ឈើ ប៉ុន្តែ ដើម​ឈើ​ដែល​ដាំ​ជិត​ប្រភព​ទឹក តាម​មើល​ទៅ​នេះ​រំឭក​អ្នក​តែង​បទ​ទំនុកដំកើង​អំពី​ភាព​រីក​ចំរើន​ខាង​វិញ្ញាណ​នៃ​អស់​អ្នក​ដែល​«ត្រេកអរ​តែ​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។ ប្រសិន​បើ​យើង​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ នោះ​អាយុ​របស់​យើង​នឹង​មាន​យូរ​អង្វែង​ប្រៀប​ដូច​អាយុ​កាល​របស់​ដើម​ឈើ​ដែរ។ តាម​ការ​ពិត យើង​អាច​រស់​នៅ​ជា​រៀង​រហូត។—យ៉ូហាន ១៧:៣

១៦​. តើ​ហេតុ​អ្វី​បាន​ជា‹ការ​អ្វី​ដែល​យើង​ធ្វើ​នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់›? ហើយ​ដោយ​ដូច​ម្ដេច?

១៦ កាល​ដែល​យើង​ស្វែង​រក​ផ្លូវ​ទៀងត្រង់ នោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការ​បង្ខិត​បង្ខំ​នៃ​ការ​ល្បួង​និង​ការ​ពិបាក​ផ្សេងៗ។ យើង​នឹង​មាន​អំណរ​ហើយ​បង្កើត​ផល​ក្នុង​កិច្ចបំរើ​ព្រះ។ (ម៉ាថាយ ១៣:២៣; លូកា ៨:១៥) ‹ការ​អ្វី​ដែល​យើង​ធ្វើ​នោះ​នឹង​ចំរើន​ឡើង​ទាំង​អស់› ពីព្រោះ​យើង​មាន​គោល​បំណង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា។ ដោយ​ព្រោះ​គោល​បំណង​របស់​ទ្រង់​តែង​បាន​សម្រេច ហើយ​យើង​ត្រេកអរ​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ នោះ​យើង​នឹង​បាន​រីក​ចំរើន​ខាង​វិញ្ញាណ​ដែរ។ (លោកុប្បត្តិ ៣៩:២៣; យ៉ូស្វេ ១:៧, ៨; អេសាយ ៥៥:១១) ហើយ​សូម្បី​តែ​នៅ​ពេល​ដែល​ជួប​ទុក្ខ​លំបាក​ក៏​យើង​នៅ​តែ​អាច​ទទួល​បាន​អ្វីៗទាំង​នេះ​ដែរ។—ទំនុកដំកើង ១១២:១​-​៣; យ៉ូហានទី៣ ២

ពួក​មនុស្ស​អាក្រក់​ហាក់​ដូច​ជា​រីក​ចំរើន

១៧, ១៨​. (ក) តើ​អ្នក​តែង​បទ​ទំនុកដំកើង​ប្រៀបធៀប​មនុស្ស​អាក្រក់​ទៅ​នឹង​អ្វី? (ខ) សូម្បី​តែ​មនុស្ស​អាក្រក់​មាន​ទ្រព្យ​សម្បត្ដិ​បរិបូរ​ក៏​ដោយ ហេតុ​អ្វី​ក៏​ពួក​គេ​ពុំ​មាន​សេចក្ដី​សុខ​ជានិច្ច​នោះ​ទេ?

១៧ ជីវិត​របស់​មនុស្ស​អាក្រក់​គឺ​ពិត​ជា​ខុស​គ្នា​ឆ្ងាយ​នឹង​មនុស្ស​សុចរិត​មែន! ពួក​មនុស្ស​អាក្រក់​ហាក់​ដូច​ជា​បាន​រីក​ចំរើន​ខាង​ទ្រព្យ​សម្បត្ដិ​អស់​មួយ​រយៈ ប៉ុន្តែ ពួក​គេ​ពុំ​បាន​រីក​ចំរើន​ខាង​វិញ្ញាណ​ទេ។ នេះ​គឺ​ឃើញ​ជាក់​ស្តែង​ពី​ពាក្យ​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ដែល​ថា៖ «ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេ គឺ​គេ​ដូច​ជា​អង្កាម​វិញ​ដែល​ខ្យល់​ផាត់​ខ្ចាត់ខ្ចាយ​ទៅ ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំជំរះ​ទេ ឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ»។ (ទំនុកដំកើង ១:៤, ៥) ចូរ​កត់​សម្គាល់​ដែល​អ្នក​តែង​បទ​ទំនុកដំកើង​និយាយ​ថា«ចំណែក​មនុស្ស​អាក្រក់ មិន​ដូច្នោះ​ទេ»។ គាត់​ចង់​មាន​ន័យ​ថា ពួក​គេ​មិន​ដូច​ជា​មនុស្ស​កោត​ខ្លាច​ព្រះ ដែល​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ដើម​ឈើ​ដែល​បង្កើត​ផល ហើយ​មាន​អាយុ​កាល​យូរ​អង្វែង។

១៨ ទោះ​ជា​មនុស្ស​អាក្រក់​បាន​រីក​ចំរើន​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ច្រើន​ក៏​ដោយ ក៏​ពួក​គេ​ពុំ​មាន​សេចក្ដី​សុខ​ជានិច្ច​ដែរ។ (ទំនុកដំកើង ៣៧:១៦; ៧៣:៣, ១២) ពួក​គេ​គឺ​ដូច​ជា​បុរស​អ្នក​មាន​ម្នាក់​ជា​មនុស្ស​ឆោត​ល្ងង់​ដែល​ព្រះ​យេស៊ូ​បាន​រៀប​រាប់​ក្នុង​ឧទាហរណនិទស្សន៍ ពេល​ត្រូវ​សួរ​ឲ្យ​គាត់​សម្រេច​ចិត្ត​លើ​រឿង​ដែល​ទាក់ទង​នឹង​មរដក។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អស់​អ្នក​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ថា៖ «ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្ដិ​ជា​បរិបូរ​ទេ»។ ព្រះ​យេស៊ូ​បាន​ពន្យល់​ចំណុច​នេះ​ដោយ​មាន​បន្ទូល​ថា ស្រែ​ចំការ​របស់​អ្នក​មាន​នោះ​បាន​កើត​ផល​ចំរើន​ជា​បរិបូរ ហើយ​គាត់​រិះ​គិត​រុះ​ជង្រុក​គាត់​ចោល និង​សង់​ជង្រុក​ធំ​ជាង​ទៀត​ដើម្បី​ផ្ទុក​ភោគផល​ទាំង​ប៉ុន្មាន​របស់​គាត់។ រួច​មក បុរស​នោះ​គិត​តែ​ស៊ី​ផឹក​សប្បាយ​វិញ។ ប៉ុន្តែ ព្រះ​បាន​មាន​បន្ទូល​ថា៖ «ឱ​មនុស្ស​ល្ងីល្ងើ​អើយ! នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្ដិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?»។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​បញ្ជាក់​ចំណុច​របស់​ទ្រង់​ថា៖ «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្ដិ ទុក​បំ​រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ»។—លូកា ១២:១៣​-​២១

១៩, ២០​. (ក) ចូរ​រៀប​រាប់​នូវ​របៀប​បញ្ជាន់​ស្រូវ​និង​ការ​រំសោះ​ឬ​រោយ​អង្ករ​នៅ​សម័យ​បុរាណ។ (ខ) ហេតុ​អ្វី​ក៏​មនុស្ស​អាក្រក់​ត្រូវ​បាន​ប្រៀបប្រដូច​ទៅ​នឹង​អង្កាម?

១៩ មនុស្ស​អាក្រក់​មិន«មាន​ខាង​ឯ​ព្រះ​សោះ»។ ដោយ​ហេតុ​នេះ ពួក​គេ​ពុំ​មាន​សន្ដិសុខ​និង​ស្ថិរ​ភាព​ទេ​ប្រៀប​ដូច​អង្កាម​ដែរ។ នៅ​សម័យ​បុរាណ ក្រោយ​ពី​ច្រូត​ស្រូវ​ហើយ នោះ​គេ​យក​ស្រូវ​ទៅ​កន្លែង​បញ្ជាន់​ដែល​ជា​កន្លែង​ខ្ពស់​មាន​ដី​រាប។ សត្វ​អូស​រនាស់​ដែក​ដែល​មាន​ធ្មេញ​យ៉ាង​មុត​ជាន់​កួរ​ស្រូវ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ទេច​និង​គ្រាប់​ស្រូវ​របក​ចេញ​ពី​សំបក។ ក្រោយ​មក គេ​រំសោះ​ឬ​រោយ​អង្ករ​ដោយ​ប្រើ​ចប គឺ​ចូក​គ្រាប់​អង្ករ​ជះ​បញ្ច្រាស​ខ្យល់។ (អេសាយ ៣០:២៤) គ្រាប់​អង្ករ​នឹង​ធ្លាក់​ទៅ​ក្រោម រីឯ​ខ្យល់​ផាត់​ចំបើង​ទៅម្ខាង ហើយ​អង្កាម​ក៏​ត្រូវ​ខ្យល់​ផាត់​ខ្ចាត់ខ្ចាយ​ទៅ​អស់​ដែរ។ (នាងរស់ ៣:២) រួច​មក គេ​ប្រើ​ប្រដាប់​រែង​ដើម្បី​រែង​យក​ដុំ​ថ្ម​តូចៗនិង​អ្វី​ផ្សេងៗចេញ​ពី​អង្ករ បន្ទាប់​ពី​នេះ​គឺ​អាច​ដាក់​ក្នុង​ជង្រុក​បាន​ឬ​ទុក​សំរាប់​កិន។ (លូកា ២២:៣១) ប៉ុន្តែ ខ្យល់​បាន​ផាត់​អង្កាម​ខ្ចាត់ខ្ចាយ​ទៅ​អស់​រលីង។

២០ មនុស្ស​សុចរិត​នឹង​រស់​នៅ​ជា​បន្ត ហើយ​មនុស្ស​អាក្រក់​នឹង​ត្រូវ​ដក​ចេញ​វិញ ដូច​ជា​គ្រាប់​អង្ករ​ធ្លាក់​ទៅ​ក្រោម​គេ​យក​ទុក តែ​ខ្យល់​បាន​ផាត់​អង្កាម​ឲ្យ​ខ្ចាត់ខ្ចាយ​ទៅ​អស់។ ប្រាកដ​ហើយ យើង​មាន​ចិត្ត​រីករាយ​ដែល​មិន​យូរ​ប៉ុន្មាន​ទៀត​មនុស្ស​អាក្រក់​នឹង​ត្រូវ​លែង​មាន​ជា​រៀង​រហូត។ ដោយសារ​មនុស្ស​អាក្រក់​លែង​មាន​ទៀត នោះ​មនុស្ស​ដែល​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​នឹង​ទទួល​ពរ​យ៉ាង​វិសេស។ មែន​ហើយ មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​ទទួល​អំណោយ​ទាន​របស់​ទ្រង់ ដែល​ជា​ជីវិត​ជា​រៀង​រហូត។—ម៉ាថាយ ២៥:៣៤​-​៤៦; រ៉ូម ៦:២៣

«ផ្លូវ​របស់​មនុស្ស​សុចរិត»ទទួល​បាន​ពរ

២១​. តើ​ព្រះ​យេហូវ៉ា«ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត»យ៉ាង​ដូច​ម្ដេច?

២១ ទំនុក​ទី១​បញ្ចប់​ដោយ​ពាក្យ​ដូច​នេះ​ថា៖ «ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ»។ (ទំនុកដំកើង ១:៦) តើ​ព្រះ«ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត»យ៉ាង​ដូច​ម្ដេច? បើ​យើង​កាន់​តាម​ផ្លូវ​ទៀងត្រង់ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​របស់​យើង​នឹង​កត់​សម្គាល់​នូវ​របៀប​ដែល​យើង​កាន់​តាម​ច្បាប់​ទ្រង់​ក្នុង​ជីវិត​យើង ហើយ​ទ្រង់​នឹង​ចាត់​ទុក​យើង​ជា​អ្នក​បំរើ​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ រួច​មក យើង​អាច​ផ្ទេរ​គ្រប់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ទៅ​លើ​ទ្រង់ ដោយ​ដឹង​ជាក់​ថា ទ្រង់​ពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​នឹង​យើង។—អេសេគាល ៣៤:១១; ពេត្រុសទី១ ៥:៦, ៧

២២, ២៣​. តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​មនុស្ស​អាក្រក់​និង​មនុស្ស​សុចរិត?

២២ «ផ្លូវ​របស់​មនុស្ស​សុចរិត»នឹង​មាន​ជា​រៀង​រហូត ប៉ុន្តែ​មនុស្ស​អាក្រក់​ដែល​មិន​ចង់​ប្រែ​ចិត្ត​នឹង​ត្រូវ​វិនាស​វិញ ដោយសារ​ការ​ជំនុំជំរះ​របស់​ព្រះ​យេហូវ៉ា។ «ផ្លូវ»ឬ​របៀប​រស់​នៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បញ្ចប់​ពេល​គេ​ស្លាប់​ទៅ។ យើង​អាច​មាន​ទំនុក​ចិត្ត​នឹង​ការ​សម្រេច​របស់​ពាក្យ​ដាវីឌ​ដែល​ថា៖ «ដល់​បន្ដិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេ អើ! អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ។ ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជានិច្ច»។—ទំនុកដំកើង ៣៧:១០, ១១, ២៩

២៣ យើង​នឹង​មាន​សុភមង្គល​ច្រើន​មែន បើ​យើង​មាន​ឯកសិទ្ធិ​រស់​នៅ​លើ​ផែនដី​មនោរម្យ ពេល​ដែល​លែង​មាន​មនុស្ស​អាក្រក់​ទៀត​នោះ! មនុស្ស​រាប​ទាប​ហើយ​មនុស្ស​សុចរិត​នឹង​មាន​សន្ដិភាព​ពិត ពីព្រោះ​ពួក​គេ​រមែង​ត្រេកអរ​នឹង«ក្រិត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា»។ យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ការ​ទាំង​នេះ​បាន​សម្រេច នោះ‹ច្បាប់​របស់​ព្រះ​យេហូវ៉ា›នឹង​ត្រូវ​ប្រតិបត្ដិ​ជា​មុន។ (ទំនុកដំកើង ២:៧​ក) អត្ថបទ​ជា​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​ឃើញ​ថា​តើ​ច្បាប់​នេះ​ជា​អ្វី? ហើយ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង​និង​មនុស្ស​ជាតិ​ទាំង​មូល។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ហេតុ​អ្វី​ក៏​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​មាន​សុភមង្គល?

តើ​អ្វី​ដែល​បង្ហាញ​ថា​យើង​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា?

តើ​បុគ្គល​ម្នាក់​អាច​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ដាំ នៅ​កន្លែង​មាន​ទឹក​ច្រើន​យ៉ាង​ដូច​ម្ដេច?

តើ​ផ្លូវ​របស់​មនុស្ស​សុចរិត​ខុស​គ្នា​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​យ៉ាង​ណា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២១]

ហេតុ​អ្វី​ក៏​មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ដើម​ឈើ?