លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ត្រូវបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នា›

‹ត្រូវបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នា›

‹ត្រូវ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា

«ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស . . . [«ត្រូវ», ខ.ស.]បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។—ម៉ាថាយ ២៨:១៩, ២០

១​. តើ​ភីលីព​និង​បុរស​ម្នាក់​ពី​ប្រទេស​អេចូ​ពី​បាន​ពិភាក្សា​អំពី​អ្វី?

បុរស​ជនជាតិ​អេចូ​ពី​ម្នាក់​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ដល់​ទី​ក្រុង​យេរូសាឡិម។ នៅ​ទី​ក្រុង​នោះ​គាត់​បាន​ថ្វាយ​បង្គំ​ព្រះ​ដែល​គាត់​ស្រឡាញ់ គឺ​ព្រះ​យេហូវ៉ា។ តាម​មើល​ទៅ បុរស​នោះ​ក៏​ស្រឡាញ់​ព្រះ​បន្ទូល​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​ដែរ។ ពេល​ដែល​គាត់​កំពុង​តែ​ជិះ​រទេះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​វិញ នោះ​គាត់​ក៏​អាន​សំណេរ​មួយ​ច្បាប់​របស់​ព្យាការី​អេសាយ ស្រាប់​តែ​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ ឈ្មោះ​ភីលីព បាន​មក​ជួប​គាត់។ ភីលីព​បាន​សួរ​បុរស​ជនជាតិ​អេចូ​ពី​ថា៖ «លោក​មើល​យល់​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «បើ​គ្មាន​អ្នក​ណា​ដឹក​នាំ[ឬ«ពន្យល់​ណែនាំ», ខ.ស.]ខ្ញុំ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន?»។ ខណៈ​នោះ ភីលីព​បាន​ជួយ​សិស្ស​ព្រះ​គម្ពីរ​នេះ​ដែល​មាន​ចិត្ត​ស្មោះ​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។—កិច្ចការ ៨:២៦​-​៣៩

២​. (ក) តើ​ចម្លើយ​របស់​បុរស​ជនជាតិ​អេចូ​ពី​មាន​ខ្លឹមសារ​សំខាន់​អ្វី? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​សំនួរ​អ្វី​ខ្លះ ដែល​ទាក់ទង​នឹង​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

គួរ​ឲ្យ​យើង​កត់​សម្គាល់​នូវ​ចម្លើយ​របស់​បុរស​ជនជាតិ​អេចូ​ពី​នេះ។ គាត់​មាន​ប្រសាសន៍​ថា៖ ‹បើ​គ្មាន​អ្នក​ណា​ពន្យល់​ណែនាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន?›។ ត្រូវ​មែន គាត់​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ​ម្នាក់។ ពំនោល​នេះ​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ការ​ណែនាំ​ដ៏​ជាក់លាក់​មួយ ដែល​ព្រះ​យេស៊ូ​បាន​រួម​បញ្ចូល​ក្នុង​បន្ទូល​ទ្រង់​ពេល​ដែល​បង្គាប់​ឲ្យ​សិស្ស​ទ្រង់​ធ្វើ​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ តើ​មាន​ការ​ណែនាំ​អ្វី? ដើម្បី​រក​ចម្លើយ​បាន សូម​យើង​ពិនិត្យ​មើល​ជា​បន្ត​នូវ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​ក្នុង​សៀវភៅ​ម៉ាថាយ ជំពូក​ទី២៨។ អត្ថបទ​មុន​នេះ​បាន​រៀប​រាប់​អំពី​សំនួរ ហេតុ​អ្វី​បាន​ជា​យើង​គួរ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស? ហើយ​នៅ​កន្លែង​ណា? ឥឡូវ​នេះ យើង​នឹង​ពិនិត្យ​មើល​សំនួរ​ពីរ​ទៀត​ដែល​ទាក់ទង​នឹង​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ពោល​គឺ អំពី​អ្វី? និង​រហូត​ដល់​ពេល​ណា?

‹ត្រូវ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី›

៣​. (ក) តើ​មនុស្ស​ត្រូវ​ធ្វើ​អ្វី ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​គ្រីស្ទ? (ខ) តើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ត្រូវ​រួម​បញ្ចូល​ការ​បង្រៀន​អ្វី?

បើ​យើង​ចង់​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ តើ​យើង​ត្រូវ​បង្រៀន​ពួក​គេ​អំពី​អ្វី? ព្រះ​យេស៊ូ​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ [«ត្រូវ», ខ.ស.]បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) ដូច្នេះ យើង​ត្រូវ​បង្រៀន​អំពី​អ្វីៗដែល​ព្រះ​យេស៊ូ​បាន​បង្គាប់។ * ប៉ុន្តែ ពេល​មនុស្ស​រៀន​នូវ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដើម្បី​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ឲ្យ​គាត់​បន្ត​ធ្វើ​ជា​សិស្ស​ទ្រង់​ជានិច្ច? កត្ដា​សំខាន់​មួយ​ត្រូវ​បាន​បញ្ជាក់​ដោយ​បន្ទូល​ជាក់លាក់​ដែល​ព្រះ​យេស៊ូ​បាន​ប្រើ​នោះ។ សូម​កត់​សម្គាល់​ថា ទ្រង់​មិន​គ្រាន់​តែ​មាន​បន្ទូល​ថា៖ ‹ត្រូវ​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​មក​អ្នក​រាល់​គ្នា›ប៉ុណ្ណោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​បន្ទូល​ថា៖ ‹ត្រូវ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា›។ (ម៉ាថាយ ១៩:១៧) តើ​នេះ​បង្កប់​អត្ថន័យ​អ្វី?

៤​. (ក) តើ​ការ​កាន់​តាម​សេចក្ដី​បង្គាប់​មាន​ន័យ​អ្វី? (ខ) សូម​ពន្យល់​ដោយ​ការ​ប្រៀបប្រដូច នូវ​របៀប​បង្រៀន​មនុស្ស​ឲ្យ​កាន់​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ។

ការ​កាន់​តាម​សេចក្ដី​បង្គាប់​បាន​ន័យ​ថា ត្រូវ«ចាប់​ខ្ជាប់»នឹង​បទបញ្ជា«ដោយ​ដិត» ពោល​គឺ ស្ដាប់​បង្គាប់​ឬ​ធ្វើ​តាម​បង្គាប់។ បើ​ដូច្នេះ តើ​យើង​អាច​បង្រៀន​មនុស្ស​បាន​យ៉ាង​ណា ដើម្បី​ឲ្យ​គេ​កាន់​តាម​ឬ​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូ​នោះ? សូម​គិត​អំពី​អ្នក​បង្រៀន​សិស្ស​ឲ្យ​ចេះ​បើកបរ​រថយន្ត ហើយ​របៀប​ដែល​គាត់​បង្រៀន​សិស្ស​ឲ្យ​ធ្វើ​តាម​ច្បាប់​ចរាចរណ៍។ អ្នក​បង្រៀន​ប្រហែល​ជា​ពន្យល់​ដល់​សិស្ស​អំពី​ច្បាប់​ចរាចរណ៍​ពេល​ដែល​គេ​រៀន​ក្នុង​បន្ទប់។ ក៏​ប៉ុន្តែ ពេល​អ្នក​បង្រៀន​ចង់​ឲ្យ​សិស្ស​ធ្វើ​តាម​ច្បាប់​នោះ គាត់​ត្រូវ​ពន្យល់​ណែនាំ​សិស្ស​កាល​ដែល​សិស្ស​បើកបរ​តាម​ផ្លូវ និង​ខំ​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​រៀន​នោះ។ ដូច​គ្នា​ដែរ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស យើង​ក៏​បង្រៀន​នូវ​សេចក្ដី​បង្គាប់​របស់​ព្រះ​គ្រីស្ទ។ យ៉ាង​ណា​ក្ដី យើង​ក៏​ត្រូវ​នាំ​ផ្លូវ​សិស្ស​កាល​ដែល​គេ​ព្យាយាម​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ​យេស៊ូ​ក្នុង​ជីវិត​ខ្លួន​ផង ហើយ​ក្នុង​កិច្ចបំរើ​ផ្សាយ​ផង​ដែរ។ (យ៉ូហាន ១៤:១៥; យ៉ូហានទី១ ២:៣) យ៉ាង​នេះ ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​យ៉ាង​ពេញលេញ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​គ្រូ​បង្រៀន​ផង ហើយ​ត្រូវ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ​ផង​ដែរ។ បើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​កំពុង​តែ​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ព្រះ​យេហូវ៉ា។—ទំនុកដំកើង ៤៨:១៤; វិវរណៈ ៧:១៧

៥​. រីឯ​មនុស្ស​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នោះ តើ​ប្រហែល​ជា​មាន​មូលហេតុ​អ្វី បណ្ដាល​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស?

ការ​បង្រៀន​មនុស្ស​ឲ្យ​កាន់​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ ត្រូវ​រួម​បញ្ចូល​ការ​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​តាម​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ដែរ។ មនុស្ស​ខ្លះ​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នោះ ប្រហែល​ជា​ភ័យ​ព្រួយ​ដោយ​ចាត់​ទុក​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ជា​កិច្ចការ​ដ៏​ពិបាក។ សូម្បី​តែ​សិស្ស​ដែល​ជា​អតីត​សមាជិក​ក្នុង​និកាយ​ណា​មួយ​នៃ​ពិភព​គ្រីស្ទ​សាសនា​ក្ដី កម្រ​ណាស់​ដែល​គ្រូ​បង្រៀន​ក្នុង​សាសនា​នោះ​បង្រៀន​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ។ អ្នក​ដឹក​នាំ​គ្រីស្ទ​សាសនា​ខ្លះ​សារភាព​ដោយ​ឥត​លាក់​លៀម​ថា និកាយ​ផ្សេងៗក្នុង​ពិភព​គ្រីស្ទ​សាសនា​បរាជ័យ​ទាំង​ស្រុង​ស្តី​អំពី​ការ​បង្រៀន​ហ្វូង​ចៀម​ឲ្យ​ចេះ​ផ្សព្វផ្សាយ។ អ្នកប្រាជ្ញ​ម្នាក់​ខាង​ព្រះ​គម្ពីរ ឈ្មោះ​ចន ស្តត់ បាន​មាន​ប្រសាសន៍​អំពី​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ​ដែល​បង្គាប់​សិស្ស​ឲ្យ​ចេញ​ទៅ​គ្រប់​ទាំង​សាសន៍​ដើម្បី​ជួយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ឲ្យ​ក្លាយ​ជា​សិស្ស​នោះ ហើយ​គាត់​បាន​កត់​សម្គាល់​ថា៖ «ការ​មិន​ធ្វើ​តាម​ខ្លឹមសារ​នៃ​បទ​បញ្ជា​នេះ ជា​ភាព​ទន់ខ្សោយ​បំផុត​របស់​ពួក​គ្រីស្ទាន​ដែល​គួរ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សព្វ​ថ្ងៃ​នេះ»។ គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​ច្រើន​តែ​ប្រកាស​សារ​របស់​យើង​ពី​ចំងាយ។ ជួន​កាល​យើង​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​ឈរ​នៅ​កន្លែង​មាន​សុវត្ថិភាព​នា​មាត់​សមុទ្រ ទាំង​ស្រែក​ប្រាប់​យោបល់​ដល់​មនុស្ស​ដែល​កំពុង​លង់​ទឹក​នោះ។ យើង​មិន​លោត​ចូល​ដើម្បី​ជួយ​គេ​ទេ ដ្បិត​យើង​ខ្លាច​ទទឹក»។

៦​. (ក) ពេល​ជួយ​សិស្ស​ព្រះ​គម្ពីរ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ភីលីព​បាន​យ៉ាង​ណា? (ខ) ពេល​ដែល​សិស្ស​ព្រះ​គម្ពីរ​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់?

ប្រសិន​បើ​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​មនុស្ស​ដែល​ធ្លាប់​កាន់​សាសនា​ដែល​មាន​សមាជិក«ខ្លាច​ទទឹក»ឬ​ខ្លាច​ផ្សព្វផ្សាយ​នោះ គឺ​ប្រហែល​ជា​ពិបាក​ឲ្យ​គាត់​យក​ឈ្នះ​លើ​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​ដែល​ហាក់​ដូច​ជា​ខ្លាច​ទឹក ហើយ​ឲ្យ​គាត់​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ គាត់​ត្រូវ​ការ​ជំនួយ​មែន។ យ៉ាង​នេះ យើង​ត្រូវ​ចេះ​អត់ធ្មត់​កាល​ដែល​យើង​ជួយ​ណែនាំ​ផ្លូវ​គាត់​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​មាន​សកម្មភាព ដូច​ជា​ការ​បង្រៀន​របស់​ភីលីព​បាន​ជួយ​បំភ្លឺ​ចិត្ត​របស់​បុរស​ជនជាតិ​អេចូ​ពី ហើយបាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ។ (យ៉ូហាន ១៦:១៣; កិច្ចការ ៨:៣៥​-​៣៨) បន្ថែម​ទៅ​ទៀត ដោយសារ​យើង​ប្រាថ្នា​ចង់​បង្រៀន​សិស្ស​ព្រះ​គម្ពីរ​ឲ្យ​ធ្វើ​តាម​បង្គាប់​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ នេះ​ជំរុញ​យើង​ឲ្យ​នៅ​ជា​មួយ​សិស្ស​ដើម្បី​ជួយ​ណែនាំ​ផ្លូវ​គាត់ ពេល​គាត់​បោះ​ជំហាន​ដំបូង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។—សាស្ដា ៤:៩, ១០; លូកា ៦:៤០

«គ្រប់​ទាំង​សេចក្ដី»

៧​. តើ​ការ​បង្រៀន​មនុស្ស​ដទៃ‹ឲ្យ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី›នោះ រួម​បញ្ចូល​ការ​បង្រៀន​នូវ​បញ្ញត្ដិ​អ្វី​ខ្លះ?

យើង​មិន​គ្រាន់​តែ​បង្រៀន​សិស្ស​ថ្មី​ឲ្យ​ចេះ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​តែ​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​យើង​បង្រៀន​មនុស្ស​ដទៃ‹ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី›ដែល​ទ្រង់​បាន​បង្គាប់​នោះ។ នេះ​ប្រាកដ​ជា​រួម​បញ្ចូល​បញ្ញត្ដិ​សំខាន់​បំផុត​ពីរ គឺ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិតខាង។ (ម៉ាថាយ ២២:៣៧​-​៣៩) តើ​យើង​អាច​បង្រៀន​សិស្ស​ថ្មី​ឲ្យ​ធ្វើ​តាម​បង្គាប់​ទាំង​ពីរ​នេះ​បាន​យ៉ាង​ណា?

៨​. សូម​រៀប​រាប់​ដោយ​ប្រៀបប្រដូច ស្តី​អំពី​របៀប​បង្រៀន​សិស្ស​ថ្មី​ឲ្យ​ធ្វើ​តាម​បញ្ញត្ដិ​ដែល​តម្រូវ​ឲ្យ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់។

សូម​គិត​ម្ដង​ទៀត​អំពី​ការ​ប្រៀបប្រដូច​នឹង​សិស្ស​ដែល​កំពុង​តែ​រៀន​បើកបរ​រថយន្ត។ កាល​ដែល​សិស្ស​កំពុង​តែ​បើកបរ​រថយន្ត​ទាំង​មាន​អ្នក​ណែនាំ​អង្គុយ​ជិត សិស្ស​នោះ​អាច​រៀន​ដោយ​ស្ដាប់​អ្នក​បង្រៀន​ផង ហើយ​ដោយ​មើល​អ្នក​បើកបរ​ឯ​ទៀត​ផង​ដែរ។ ជា​ឧទាហរណ៍ អ្នក​បង្រៀន​ប្រហែល​ជា​ចង្អុល​ប្រាប់​សិស្ស​អំពី​អ្នក​បើកបរ​ម្នាក់​ដែល​បង្ហាញ​ចិត្ត​សប្បុរស​ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​មួយ​ទៀត​ទៅ​មុន ឬ​ចង្អុល​ប្រាប់​អំពី​អ្នក​បើកបរ​ដែល​បង្អន់​ភ្លើង​ហ្វារ​កុំ​ឲ្យ​ចាំង​ភ្នែក​អ្នក​បើកបរ​ដែល​នៅ​ខាង​មុខ ឬ​ក៏​ចង្អុល​ប្រាប់​អំពី​អ្នក​បើកបរ​ដែល​សុខ​ចិត្ត​ផ្អាក​ដំណើរ​ខ្លួន​ដើម្បី​ជួយ​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​រថយន្ត​ខូច។ គំរូ​ផ្សេងៗទាំង​នេះ​អាច​ធ្វើ​ជា​មេ​រៀន​ល្អ​ដែល​អ្នក​បើកបរ​ថ្មី​អាច​អនុវត្ត​តាម​ដែរ។ ស្រដៀង​គ្នា​ដែរ សិស្ស​ថ្មី​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​នោះ គាត់​មិន​គ្រាន់​តែ​រៀន​ពី​អ្នក​បង្រៀន​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​រៀន​ពី​គំរូ​ល្អៗដែល​គាត់​ឃើញ​ក្នុង​ក្រុមជំនុំ​ដែរ។—ម៉ាថាយ ៧:១៣, ១៤

៩​. តើ​សិស្ស​ថ្មី​អាច​រៀន​ឲ្យ​ចេះ​កាន់​តាម​បង្គាប់​ដែល​តម្រូវ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​បាន​តាម​របៀប​ណា?

ឧបមា​ថា សិស្ស​ព្រះ​គម្ពីរ​ប្រហែល​ជា​ឃើញ​បិតា​ឬ​មាតា​ដែល​គ្មាន​គូ​កំពុង​ខំ​ព្យាយាម​មក​ឯ​សាលព្រះរាជាណាចក្រ​ជា​មួយ​កូន​តូចៗ។ សិស្ស​ព្រះ​គម្ពីរ​ប្រហែល​ជា​ឃើញ​បងប្អូន​ណា​ម្នាក់​ដែល​ពិបាក​ចិត្ត តែ​មក​ប្រជុំ​យ៉ាង​ទៀងទាត់​ទោះ​ជា​ខំ​ពុះពារ​ដើម្បី​ឈ្នះ​លើ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក្ដី។ សិស្ស​ព្រះ​គម្ពីរ​ក៏​ប្រហែល​ជា​ឃើញ​ស្រី​មេម៉ាយ​វ័យ​ចាស់​ម្នាក់​ដែល​ជួយ​ជូន​បងប្អូន​វ័យ​ចាស់​ដូច​គ្នា​ឲ្យ​មក​ប្រជុំ។ សិស្ស​ប្រហែល​ជា​ឃើញ​ក្មេង​ជំទង់​ដែល​ចូល​រួម​ក្នុង​ការ​បោស​សំអាត​សាលព្រះរាជាណាចក្រ។ សិស្ស​ព្រះ​គម្ពីរ​ប្រហែល​ជា​កត់​សម្គាល់​អ្នក​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុមជំនុំ​ដែល​នាំ​មុខ​យ៉ាង​ទៀងទាត់​ក្នុង​កិច្ចបំរើ​ផ្សាយ ទោះបី​ជា​គាត់​មាន​ភារកិច្ច​ច្រើន​ក្នុង​ក្រុមជំនុំ​ក្ដី។ សិស្ស​នេះ​ប្រហែល​ជា​ជួប​ស្មរបន្ទាល់​ម្នាក់​ដែល​ជា​ជន​ពិការ​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​សោះ​ឡើយ តែ​គាត់​ជា​មនុស្ស​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ទាំង​ឡាយ​ដែល​ទៅ​លេង​គាត់។ សិស្ស​នេះ​ប្រហែល​ជា​មើល​ស្វាមី​ភរិយា​មួយ​គូ​ដែល​កំពុង​តែ​កែ​ប្រែ​គន្លង​ជីវិត​ឲ្យ​ខុស​ពី​សណ្ឋាន​មុន ដើម្បី​ចិញ្ចឹម​ថែទាំ​មាតា​បិតា​ចាស់។ កាល​ណា​សិស្ស​ថ្មី​ឃើញ​បងប្អូន​គ្រីស្ទាន​បែប​នេះ​ដែល​មាន​ចិត្ត​សប្បុរស ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជា​ទី​ទុក​ចិត្ត​ដែរ គាត់​កំពុង​តែ​រៀន​ពី​គំរូ​របស់​អ្នក​ដទៃ​ស្តី​អំពី​របៀប​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ឲ្យ​ស្រឡាញ់​ព្រះ​និង​អ្នកជិតខាង គឺ​ជា​ពិសេស​ចំពោះ​អ្នកជិតខាង​ដែល​ជា​អ្នក​ជឿ​គ្នីគ្នា។ (សុភាសិត ២៤:៣២; យ៉ូហាន ១៣:៣៥; កាឡាទី ៦:១០; ធីម៉ូថេទី១ ៥:៤, ៨; ពេត្រុសទី១ ៥:២, ៣) គឺ​តាម​របៀប​នេះ​ហើយ ដែល​សមាជិក​និមួយៗក្នុង​ក្រុមជំនុំ​គ្រីស្ទាន​អាច​ធ្វើ​ជា​អ្នក​បង្រៀន ហើយ​គួរ​តែ​ធ្វើ​ជា​អ្នក​បង្រៀន​និង​ជា​អ្នក​នាំ​ផ្លូវ​ផង​ដែរ។—ម៉ាថាយ ៥:១៦

«ដរាប​ដល់​បំផុត​កល្ប»

១០​. (ក) តើ​យើង​នឹង​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​រហូត​ដល់​ពេល​ណា? (ខ) តើ​ព្រះ​យេស៊ូ​តាំង​គំរូ​អ្វី ស្តី​អំពី​ការ​បំពេញ​ភារកិច្ច​របស់​ទ្រង់?

១០ តើ​យើង​គួរ​បន្ត​ធ្វើ​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​រហូត​ដល់​ពេល​ណា? គឺ​រហូត​ដល់​ទីបំផុត​កល្ប​ឬ​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ​មក​ដល់។ (ម៉ាថា​យ ២៨:២០) តើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ទេ? ក្នុង​នាម​ជា​ក្រុមជំនុំ​ដែល​មាន​សាមគ្គីភាព​ទូទាំង​ពិភពលោក នោះ​យើង​តាំង​ចិត្ត​ធ្វើ​ដូច្នេះ​មែន។ ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ យើង​សុខ​ចិត្ត​ចំណាយ​ពេល កម្លាំង​និង​ធនធាន​របស់​យើង ដើម្បី​ស្វែង​រក​អស់​អ្នក​ដែល​គួរ​នឹង​ទទួល«ជីវិត​អស់កល្ប​ជានិច្ច»។ (កិច្ចការ ១៣:៤៨) សព្វ​ថ្ងៃ​នេះ បើ​និយាយ​ជា​មធ្យម ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចំណាយ​ជាង​បី​លាន​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ទូទាំង​ផែនដី។ យើង​ធ្វើ​ដូច្នេះ​ពីព្រោះ​យើង​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង»។ (យ៉ូហាន ៤:៣៤, កំណែ​ជា​អក្សរ​ទ្រេត) យើង​ក៏​មាន​ចិត្ត​ប្រាថ្នា​ធ្វើ​ដូច្នេះ​ដែរ។ (យ៉ូហាន ២០:២១) យើង​មិន​គ្រាន់​តែ​ចង់​ចាប់​ផ្ដើម​ធ្វើ​កិច្ចការ​ដែល​បាន​ប្រគល់​មក​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ចង់​បង្ហើយ​កិច្ចការ​នោះ​ផង​ដែរ។—ម៉ាថាយ ២៤:១៣; យ៉ូហាន ១៧:៤

១១​. ស្តី​អំពី​បងប្អូន​គ្រីស្ទាន​ខ្លះ​របស់​យើង តើ​អ្វី​បាន​កើត​ឡើង? ហើយ​តើ​យើង​គួរ​សួរ​ខ្លួន​ឯង​សំនួរ​អ្វី?

១១ ប៉ុន្តែ យើង​ក៏​មាន​ចិត្ត​សោក​ស្ដាយ​ពេល​ឃើញ​អ្នក​ជឿ​គ្នីគ្នា​របស់​យើង​ខ្សោយ​ខាង​វិញ្ញាណ ហើយ​ជា​លទ្ធផល​នោះ​មាន​សកម្មភាព​តិច​ជាង​មុន​ឬ​រហូត​ដល់​ឈប់​មាន​សកម្មភាព​ទាំង​ស្រុង ក្នុង​ការ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ តើ​មាន​វិធី​ជួយ​ពួក​គាត់​ឲ្យ​មាន​ទំនាក់ទំនង​សា​ជា​ថ្មី​ជា​មួយ​ក្រុមជំនុំ​យើង ព្រម​ទាំង​ជួយ​គាត់​ឲ្យ​មាន​សកម្មភាព​ម្ដង​ទៀត​ក្នុង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​បាន​ទេ? (រ៉ូម ១៥:១; ហេព្រើរ ១២:១២) របៀប​ដែល​ព្រះ​យេស៊ូ​ជួយ​សាវ័ក​របស់​ទ្រង់​កាល​ដែល​ពួក​គាត់​ខ្សោយ​មួយ​រយៈ​នោះ បង្ហាញ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​សព្វ​ថ្ងៃ​នេះ​បាន​ដែរ។

ចូរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់

១២​. (ក) មិន​យូរ​ប៉ុន្មាន​មុន​ព្រះ​យេស៊ូ​សោយទិវង្គត​នោះ តើ​សាវ័ក​របស់​ទ្រង់​បាន​ធ្វើ​អ្វី? (ខ) ទោះ​ជា​ពួក​សាវ័ក​បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខ្សោយ​ក្ដី តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​ពួក​គាត់?

១២ នៅ​ចុង​កិច្ចបំរើ​ផ្សាយ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ពេល​ដែល​ទ្រង់​ហៀប​នឹង​សោយទិវង្គត​នោះ សាវ័ក​ទាំង​អស់​បាន«រត់​ចោល​ទ្រង់»។ ដូច​ព្រះ​យេស៊ូ​បាន​ទាយ​ទុក​ជា​មុន ពួក​គាត់«ខ្ចាត់ខ្ចាយ​ទៅ ដោយ​ខ្លួនៗ»។ (ម៉ាកុស ១៤:៥០; យ៉ូហាន ១៦:៣២) តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ត​យ៉ាង​ណា​ទៅ​លើ​គូកន​របស់​ទ្រង់​ដែល​មាន​ភាព​ខ្សោយ​ខាង​វិញ្ញាណ? មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​អ្នក​កាន់​តាម​ខ្លះ​របស់​ទ្រង់​ថា៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​ដល់​បងប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ»។ (ម៉ាថាយ ២៨:១០) ទោះ​ជា​ពួក​សាវ័ក​បាន​បង្ហាញ​ឲ្យ​ឃើញ​ភាព​ខ្សោយ​ក្ដី ព្រះ​យេស៊ូ​នៅ​តែ​បាន​ហៅ​ពួក​គាត់​ជា«បងប្អូន»របស់​ទ្រង់។ (ម៉ាថាយ ១២:៤៩, ខ.ស.) ព្រះ​យេស៊ូ​មិន​បាក់​ទឹក​ចិត្ត​ឬ​លែង​ទុក​ចិត្ត​នឹង​ពួក​គាត់​ឡើយ។ ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​ព្រះទ័យ​មេត្ដា​និង​ការ​អត់​ឱន​ទោស ដូច​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្ដាករុណា​និង​លើក​លែង​ទោស​ដែរ។ (ពង្សាវតារក្សត្រទី២ ១៣:២៣) តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា?

១៣​. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ខ្សោយ​ខាង​វិញ្ញាណ?

១៣ យើង​ក៏​គួរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពួក​អ្នក​ដែល​មាន​សកម្មភាព​តិច​ជាង​មុន ឬ​រហូត​ដល់​ឈប់​មាន​សកម្មភាព​ក្នុង​កិច្ចបំរើ​ផ្សាយ​ទាំង​ស្រុង។ យើង​នៅ​តែ​នឹក​ចាំ​ពី​ការ​ប្រព្រឹត្ត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​គាត់​ធ្លាប់​មាន​ពី​មុន គាត់​ប្រហែល​ជា​បាន​ប្រព្រឹត្ត​ដូច្នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។ (ហេព្រើរ ៦:១០) យើង​ពិត​ជា​នឹក​គាត់​ណាស់។ (លូកា ១៥:៤​-​៧; ថែស្សាឡូនីចទី១ ២:១៧) ប៉ុន្តែ តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់?

១៤​. តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា ក្នុង​ការ​ជួយ​មនុស្ស​ដែល​ខ្សោយ​ខាង​វិញ្ញាណ?

១៤ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សាវ័ក​ទ្រង់​ដែល​បាន​ធ្លាក់​ទឹក​ចិត្ត​នោះ​ថា ពួក​គាត់​គួរ​តែ​ទៅ​ស្រុក​កាលីឡេ​ហើយ​នឹង​ឃើញ​ទ្រង់​នៅ​ទី​នោះ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ។ (ម៉ាថាយ ២៨:១០) ស្រដៀង​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ យើង​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​ខ្សោយ​ខាង​វិញ្ញាណ​ឲ្យ​ចូល​រួម​កម្មវិធី​ប្រជុំ​តាម​ក្រុមជំនុំ​គ្រីស្ទាន ហើយ​យើង​ប្រហែល​ជា​ត្រូវ​លើក​ទឹក​ចិត្ត​គាត់​ជា​ច្រើន​ដង​ផង​ក៏​មិន​ដឹង។ ក្នុង​ករណី​របស់​ពួក​សាវ័ក​នោះ សេចក្ដី​អញ្ជើញ​មានលទ្ធផល​ល្អ ដ្បិត«ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលីឡេ ដល់​ភ្នំ​ដែល​ព្រះ​យេស៊ូវ​បាន​ប្រាប់»។ (ម៉ាថាយ ២៨:១៦) យើង​ក៏​មាន​អំណរ​ក្រៃលែង! ពេល​បងប្អូន​ដែល​ខ្សោយ​ខាង​វិញ្ញាណ​ធ្វើ​ស្រដៀង​គ្នា​នេះ​ដោយ​ចាប់​ផ្ដើម​មក​ឯ​កិច្ច​ប្រជុំ​គ្រីស្ទាន​សា​ជា​ថ្មី​ស្រប​ទៅ​តាម​សេចក្ដី​អញ្ជើញ​របស់​យើង។—លូកា ១៥:៦

១៥​. ស្តី​អំពី​ការ​ស្វាគមន៍​បងប្អូន​ខ្សោយ​ខាង​វិញ្ញាណ​ដែល​មក​ឯ​កន្លែង​ប្រជុំ​របស់​យើង តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ណា?

១៥ ពេល​ដែល​បងប្អូន​គ្រីស្ទាន​ខ្សោយ​ខាង​វិញ្ញាណ​នោះ​មក​ដល់​សាលព្រះរាជាណាចក្រ តើ​យើង​ប្រព្រឹត្ត​យ៉ាង​ណា? សូម​គិត​ទៅ​មើល តើ​ព្រះ​យេស៊ូ​ធ្វើ​អ្វី​ពេល​ដែល​ទ្រង់​ទត​ឃើញ​ពួក​សាវ័ក​ជុំ​គ្នា​នៅ​ឯ​កន្លែង​ដែល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​នោះ ទោះ​ជា​ពី​មុន​ពួក​គាត់​មាន​ជំនឿ​ខ្សោយ​មួយ​រយៈ​ក៏​ដោយ? គឺ«ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ»។ (ម៉ាថាយ ២៨:១៨) ទ្រង់​មិន​បាន​ឈរ​សម្លឹង​មើល​ពួក​គាត់​ពី​ចំងាយ​ទេ តែ​ទ្រង់​បាន​យាង​ទៅ​ជួប​ពួក​គាត់​វិញ។ សូម​ស្រមៃ​គិត​អំពី​គ្រា​នោះ ពួក​សាវ័ក​ប្រាកដ​ជា​ធូរ​ចិត្ត​ណាស់ ពេល​ដែល​ព្រះ​យេស៊ូ​យាង​ទៅ​ជួប​ពួក​គាត់​ដូច្នេះ! សូម​ឲ្យ​យើង​ទៅ​ជួប​ហើយ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដូច​គ្នា​ដែរ ចំពោះ​បងប្អូន​ខ្សោយ​ខាង​វិញ្ញាណ​ដែល​ព្យាយាម​ត្រឡប់​មក​ក្រុមជំនុំ​គ្រីស្ទាន​វិញ។

១៦​. (ក) តើ​យើង​អាច​រៀន​អ្វី​ខ្លះ ពី​របៀប​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​ទ្រង់? (ខ) ស្តី​អំពី​បងប្អូន​ដែល​ខ្សោយ​ខាង​វិញ្ញាណ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេស៊ូ? (សូម​មើល​សម្គាល់​ហេតុ)

១៦ តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អ្វី​ទៀត? មុន​បង្អស់ ទ្រង់​បាន​ប្រកាស​ថា៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ»។ ទីពីរ ទ្រង់​បាន​ប្រគល់​កិច្ចការ​ឲ្យ​ពួក​គាត់​ធ្វើ​ដោយ​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ ទី​បី ទ្រង់​បាន​សន្យា​ថា៖ «ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ»។ ប៉ុន្តែ តើ​អ្នក​កត់​សម្គាល់​ទេ ថា​ព្រះ​យេស៊ូ​មិន​បាន​ធ្វើ​អ្វី? ទ្រង់​មិន​បាន​បន្ទោស​សិស្ស​ទ្រង់​ដោយសារ​ពួក​គាត់​មាន​ចិត្ត​សង្ស័យ ឬ​បាន​ប្រព្រឹត្ត​ខុស​ឡើយ។ (ម៉ាថាយ ២៨:១៧) តើ​របៀប​ទាក់ទង​នេះ​មាន​លទ្ធផល​ល្អ​ឬ​ទេ? គឺ​មាន​លទ្ធផល​ល្អ​មែន ដ្បិត​មិន​យូរ​ប៉ុន្មាន​ទៀត ពួក​សាវ័ក​ចាប់​ផ្ដើម«ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ»ម្ដង​ទៀត។ (កិច្ចការ ៥:៤២) បើ​យើង​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​មាន​ទស្សនៈ​និង​ប្រព្រឹត្ត​ទៅ​លើ​បងប្អូន​ដែល​ខ្សោយ​ខាង​វិញ្ញាណ​ដូច​ព្រះ​យេស៊ូ នោះ​យើង​អាច​ឃើញ​លទ្ធផល​ល្អ​គួរ​ឲ្យ​ត្រេកអរ​ក្រៃលែង​ដែល​មាន​ក្នុង​ក្រុមជំនុំ​នា​តំបន់​យើង​ដែរ។ *កិច្ចការ ២០:៣៥

«ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ»

១៧, ១៨​. បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ» តើ​បន្ទូល​នោះ​បង្កប់​អត្ថន័យ​អ្វី​ដែល​ពង្រឹង​កម្លាំង​ចិត្ត?

១៧ ពេល​ដែល​ព្រះ​យេស៊ូ​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​នោះ ទ្រង់​ក៏​មាន​បន្ទូល​ចុង​ក្រោយ​បង្អស់​ថា៖ ‹ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ›។ បន្ទូល​នេះ​បង្កប់​អត្ថន័យ​មួយ​ដែល​ពង្រឹង​កម្លាំង​របស់​អស់​អ្នក​ដែល​ខិតខំ​បំពេញ​តាម​បទ​បញ្ជា​របស់​ព្រះ​យេស៊ូ​ដែល​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ មិន​ថា​បច្ចាមិត្ត​ប្រឆាំង​យ៉ាង​ណា​នឹង​កិច្ចបំរើ​ផ្សាយ​របស់​យើង​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ ឬ​ប្រើ​ពាក្យ​ប្រមាថ​ណា​ក្ដី នោះ​យើង​មិន​មាន​ហេតុ​ភ័យ​ព្រួយ​ឡើយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេស៊ូ​ដែល​ជា​មគ្គុទ្ទេសក៍​របស់​យើង ទ្រង់​មាន‹គ្រប់​ទាំង​អំណាច​នៅ​លើ​ស្ថានសួគ៌​ហើយ​លើ​ផែនដី​ផង› ហើយ​ទ្រង់​ក៏​នៅ​ជា​មួយ​យើង​ដើម្បី​គាំទ្រ​យើង​ដែរ!

១៨ បន្ទូល​ដែល​ជា​សេចក្ដី​សន្យា​របស់​ព្រះ​យេស៊ូ​ថា៖ ‹ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ› ក៏​ជា​អ្វី​ដែល​សំរាល​ទុក្ខ​យើង​ផង​ដែរ។ កាល​ដែល​យើង​ព្យាយាម​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ ថ្ងៃ​ខ្លះ​យើង​មាន​អំណរ​មែន តែ​ថ្ងៃ​ខ្លះ​យើង​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ (របាក្សត្រទី២ ៦:២៩) យើង​ខ្លះ​បាន​ឆ្លង​កាត់​នូវ​គ្រា​សោក​សង្រេង​ពេល​កាន់ទុក្ខ​ក្រោយ​ពី​បងប្អូន​មិត្ត​ស្ងួនភ្ងា​ស្លាប់​ទៅ។ (លោកុប្បត្តិ ២៣:២; យ៉ូហាន ១១:៣៣​-​៣៦) បងប្អូន​ឯ​ទៀត​កំពុង​តែ​ស៊ូទ្រាំ​នឹង​ភាព​ចាស់​ជរា ជា​គ្រា​ដែល​សុខភាព​និង​កម្លាំង​ចេះ​តែ​អន់​ទៅៗ។ (សាស្ដា ១២:១​-​៦) បងប្អូន​ឯ​ទៀត​ធ្លាក់​ទឹក​ចិត្ត​ម្ដងម្កាល។ (ថែស្សាឡូនីចទី១ ៥:១៤) ហើយ​បងប្អូន​យើង​កាន់​តែ​ច្រើន​នាក់​កំពុង​តែ​ពុះពារ​ទាំង​លំបាក​នូវ​បញ្ហា​សេដ្ឋកិច្ច។ យ៉ាង​ណា​ក៏​ដោយ មិន​ថា​មាន​ការ​ពិបាក​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើងពីព្រោះ​ព្រះ​យេស៊ូ​គង់​នៅ​ជា​មួយ​នឹង​យើង‹ជា​រាល់​ថ្ងៃ› រួម​ទាំង​ថ្ងៃ​អាក្រក់​ជា​ទីបំផុត​ក្នុង​ជីវិត​យើង​ដែរ។—ម៉ាថាយ ១១:២៨​-​៣០

១៩​. (ក) តើ​សេចក្ដី​បង្គាប់​ពី​ព្រះ​យេស៊ូ​ឲ្យ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ រួម​បញ្ចូល​ការ​ណែនាំ​អ្វី​ខ្លះ? (ខ) តើ​អ្វី​ជួយ​ឲ្យ​យើង​បំពេញ​តាម​បង្គាប់​របស់​ព្រះ​គ្រីស្ទ?

១៩ អត្ថបទ​នេះ​និង​អត្ថបទ​មុន​បាន​ស​ឲ្យ​ឃើញ​ថា សេចក្ដី​បង្គាប់​ពី​ព្រះ​យេស៊ូ​ឲ្យ​ធ្វើ​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នោះ គឺ​រួម​បញ្ចូល​គ្រប់​ទិដ្ឋភាព​ទាំង​អស់។ ព្រះ​យេស៊ូ​បាន​ជំរាប​យើង​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​តាម​បង្គាប់​នេះ ហើយ​ប្រាប់​ថា​ត្រូវ​ធ្វើ​ឡើង​នៅ​កន្លែង​ណា​ដែរ។ ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​អំពី​អ្វី​ដែល​យើង​ត្រូវ​បង្រៀន ហើយ​ថា​ត្រូវ​ធ្វើ​ដូច្នេះ​រហូត​ដល់​ពេល​ណា​ដែរ។ ត្រូវ​មែន ការ​សម្រេច​កិច្ចការ​នេះ​គឺ​ពិបាក​ណាស់។ ប៉ុន្តែ យើង​អាច​សម្រេច​ការ​នេះ​បាន ដោយសារ​យើង​មាន​អំណាច​របស់​ព្រះ​គ្រីស្ទ​កំពុង​តែ​គាំទ្រ​យើង ហើយ​ដោយ​ទ្រង់​មាន​វត្តមាន​នៅ​ជា​មួយ​នឹង​យើង​ផង​ដែរ មែន​ទេ?

[កំណត់​សម្គាល់]

^ វគ្គ 3 ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បាន​បកប្រែ​ខ​ទាំង​នេះ​យ៉ាង​ត្រឹម​ត្រូវ​ហើយ​ស្រប​ទៅ​តាម​ឯកសារ​យោង​មួយ​ដែល​ពន្យល់​ថា ព្រះ​យេស៊ូ​មាន​បន្ទូល​ថា «[ចូរ]ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ . . .។ ត្រូវ​បង្រៀន​គេ» មិន​មែន​ថា ‹ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ហើយ​បង្រៀន› ដូច​ចែង​ក្នុង​ព្រះ​គម្ពីរ​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​នោះ​ទេ។ ដូច្នេះ បទ​បញ្ជា​ឲ្យ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ និង​បង្រៀន​គេ គឺ«មិន​មែន​ជា . . . ការ​ប្រព្រឹត្ត​បន្តបន្ទាប់​ពី​គ្នា​ឡើយ»។ ផ្ទុយ​ទៅ​វិញ «ការ​បង្រៀន​ជា​កិច្ចការ​ដែល​យើង​ធ្វើ​ជា​បន្ត ពោល​គឺ ត្រូវ​បង្រៀន​សិស្ស​មុន​នឹង​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក . . . ហើយ​ក៏​ត្រូវ​បង្រៀន​ទៀត​ក្រោយ​ពី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ​ដែរ»។

^ វគ្គ 16 រីឯ​ទស្សនៈ​ដែល​យើង​គួរ​មាន​ចំពោះ​បងប្អូន​ដែល​ខ្សោយ​ខាង​វិញ្ញាណ និង​របៀប​ជួយ​គាត់ នោះ​មាន​ពត៌មាន​បន្ថែម​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០០៣ ទំព័រ​១៤​-​១៧។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​យើង​អាច​បង្រៀន​អ្នក​ដទៃ​បាន​យ៉ាង​ណា ឲ្យ​កាន់​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បង្គាប់​នោះ?

តើ​សិស្ស​ថ្មី​អាច​រៀន​មេ​រៀន​អ្វី​ខ្លះ ពី​បងប្អូន​ឯ​ទៀត​ក្នុង​ក្រុមជំនុំ?

តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ពួក​អ្នក​ដែល​ខ្សោយ​ខាង​វិញ្ញាណ?

បន្ទូល​របស់​ព្រះ​យេស៊ូ​ដែល​ថា៖ «ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ» តើ​បន្ទូល​នេះ​បង្កប់​អត្ថន័យ​អ្វី ដែល​ពង្រឹង​កម្លាំង​និង​សំរាល​ទុក្ខ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

យើង​ត្រូវ​ធ្វើ​ជា​អ្នក​បង្រៀន​ផង ហើយ​ជា​អ្នក​នាំ​ផ្លូវ​ផង​ដែរ

[រូបភាព​នៅ​ទំព័រ​១៧]

សិស្ស​ថ្មី​តែង​រៀន​មេ​រៀន​ល្អៗ ពី​គំរូ​របស់​អ្នក​ដទៃ