លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការស្វែងរករដ្ឋាភិបាលដ៏ល្អមួយ

ការស្វែងរករដ្ឋាភិបាលដ៏ល្អមួយ

ការ​ស្វែង​រក​រដ្ឋាភិបាល​ដ៏​ល្អ​មួយ

«ការ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទូទាំង​ផែនដី បាន​បង្ក​នូវ​បញ្ហា​ពិភពលោក​មួយ​ចំនួន​ដែល​ប្រទេស​និមួយៗ​មិន​អាច​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ត​ទៅ​ទៀត​បាន​ឡើយ។ មាន​តែ​ការ​សហ​ការ​គ្នា​រវាង​ប្រទេស​ទាំង​ឡាយ​ទើប​អាច​ជួយ​យើង​ដោះ​ស្រាយ​នូវ​បញ្ហា​លំបាក និង​គ្រោះថ្នាក់​កាន់​តែ​ច្រើន​ដែល​មនុស្ស​ជាតិ​កំពុង​តែ​ប្រឈម​មុខ»។—លោក​គូឡាម អ៊ូម៉ា អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​ប៉ាគីស្ថាន

ពិភពលោក​សព្វ​ថ្ងៃ​នេះ​ស្ថិត​ក្នុង​សភាព​មួយ​ដែល​មិន​ទំនង​ទាល់តែ​សោះ។ នៅ​សម័យ​នេះ​ដែល​មាន​ការ​ចំរុងចំរើន​សម្បូរ​សប្បាយ​នោះ មនុស្ស​ជា​ច្រើន​ត្រូវ​រក​ព្រឹក​ស៊ី​ល្ងាច​ទាំង​លំបាក។ ពិត​ថា​មនុស្ស​នៅ​សម័យ​ទំនើប​នេះ​ប្រហែល​ជា​មាន​ការ​អប់រំ​ខ្ពស់​និង​ចំណេះ​ដឹង​ច្រើន​ជាង​ជំនាន់​ណា​ផ្សេង​ទៀត​មែន តែ​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​ពិបាក​រក​ការងារ​ធ្វើ​ដ៏​ស្ថិត​ស្ថេរ។ ទោះបី​មើល​ទៅ​ដូច​ជា​មនុស្ស​មាន​សេរីភាព​ច្រើន​ជាង​សម័យ​មុនៗ​ក៏​ពិត​មែន តែ​មនុស្ស​រាប់​លាន​នាក់​រស់​ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ការ​ភិតភ័យ និង​អស្ថេរភាព។ យើង​មាន​ឱកាស​ល្អៗ​ជា​ច្រើន​ឲ្យ​រីក​ចំរើន​លើក​ស្ទួយ​ជីវភាព តែ​អំពើ​ពុក​រលួយ​និង​ការ​ទទឹង​ច្បាប់​នៅ​គ្រប់​ជាន់​ថ្នាក់​នៃ​សង្គម​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​អស់​សង្ឃឹម។

បញ្ហា​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ជាតិ​កំពុង​តែ​ប្រឈម​មុខ​គឺ​ធំ​ដល់​ម្ល៉េះ គ្មាន​ប្រទេស​ណា​មួយ​អាច​ដោះ​ស្រាយ​បាន​ឡើយ មិន​ថា​ពួក​គេ​ព្យាយាម​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ឬ​សហ​ការ​ជា​មួយ​ប្រទេស​ពីរបី​ទៀត​ក៏​ដោយ។ ហេតុ​នេះ អ្នក​សង្កេត​ការណ៍​បាន​សន្និដ្ឋាន​ថា ប្រទេស​ទាំង​ឡាយ​ត្រូវ​រួម​គ្នា​បង្កើត​រដ្ឋាភិបាល​តែ​មួយ ទើប​មាន​សន្ដិភាព​និង​សន្ដិសុខ​ទូទាំង​ពិភពលោក។ ជា​ឧទាហរណ៍ លោក អាលប៊ឺត អាំងស្ដាំង​បាន​ផ្សព្វផ្សាយ​មតិ​នេះ​តាំង​ពី​យូរ​មក​ហើយ។ នៅ​ឆ្នាំ​១៩៤៦ លោក​បាន​មាន​ប្រសាសន៍​៖ «ខ្ញុំ​ជឿជាក់​ថា មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភពលោក​ចង់​រស់​នៅ​ដោយ​មាន​សន្ដិភាព​និង​សន្ដិសុខ . . . វិធី​តែ​មួយ​គត់​ដើម្បី​បំពេញ​ចិត្ត​ប្រាថ្នា​ឲ្យ​បាន​សន្ដិភាព​នោះ គឺ​ដោយ​បង្កើត​រដ្ឋាភិបាល​ពិភពលោក​មួយ»។

ឥឡូវ​ជាង​៥០​ឆ្នាំ​មក​ហើយ រដ្ឋាភិបាល​ដែល​ចាំបាច់​នេះ​មិន​ទាន់​បាន​បង្កើត​ទេ។ នៅ​ទី​ក្រុង​ប៉ារីស នា​ប្រទេស​បារាំង អត្ថបទ​មួយ​បោះ​ពុម្ព​ក្នុង​កាសែត​បាន​រៀប​រាប់​អំពី​ឧបសគ្គ​ផ្សេងៗ​ដែល​ត្រូវ​ពុះពារ​ក្នុង​សតវត្សរ៍​ទី២១​ថា​៖ «របៀប​ដោះ​ស្រាយ​គឺ​ត្រូវ​ស្ថាបនា​មូលដ្ឋាន​សំរាប់​ច្បាប់ រដ្ឋបាល និង​រដ្ឋ​ធម្មនុញ្ញ​នៃ​រដ្ឋាភិបាល​អន្តរជាតិ​មួយ ដែល​អាច​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​ពី​គ្រប់​កន្លែង​នៅ​ផែនដី បើ​មាន​ករណី​ការ​ប្រល័យ​ពូជ​សាសន៍។ ដំណោះ​ស្រាយ​នេះ​ក៏​រួម​បញ្ចូល​ការ​ទទួល​ស្គាល់​ថា ចាប់​ពី​ពេល​នោះ​ត​ទៅ ផែនដី​គឺ​ជា​ប្រទេស​តែ​មួយ​ទេ»។ (Le Monde) តើ​អ្នក​ណា​ឬ​អង្គការ​ណា​មាន​អំណាច​និង​សមត្ថភាព​អាច​បង្កើត​រដ្ឋាភិបាល​ពិភពលោក​មួយ ដែល​អាច​ធានា​ឲ្យ​មនុស្ស​ជាតិ​មាន​សន្ដិភាព​នៅ​អនាគត?

តើ​សហប្រជាជាតិ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ?

មនុស្ស​ជា​ច្រើន​សង្ឃឹម​លើ​អង្គការ​សហប្រជាជាតិ ដោយ​ជឿ​ថា​អង្គការ​នោះ​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ពិភពលោក។ តើ​អង្គការ​សហប្រជាជាតិ​ជា​រដ្ឋាភិបាល​ដែល​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​និង​សន្ដិសុខ​ដ៏​ពិត​ទូទាំង​ពិភពលោក​ទេ? ពិត​មែន​ថា ពេល​សមាជិក​នៃ​អង្គការ​នោះ​បញ្ចេញ​វោហារ​អំពី​រឿង​នយោបាយ នោះ​ស្ដាប់​ទៅ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​បង្កើត​នូវ​សេចក្ដី​សង្ឃឹម​ក្នុង​ចិត្ត​របស់​ជនានុជន។ ជា​ឧទាហរណ៍ ក្នុង​«សេចក្ដី​ប្រកាស​ប្រចាំ​សហស្សវត្សរ៍»​សំរាប់​ឆ្នាំ​២០០០​នោះ មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​បាន​តាំង​ជំហរ​មាំមួន​ថា​៖ «យើង​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​រំដោះ​ប្រជា​រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​ការ​យាយី​ពី​សង្គ្រាម​ទាំង​ក្នុង​ប្រទេស​ខ្លួន​ទាំង​រវាង​ប្រទេស​ផ្សេងៗ​ទៀត​ផង ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​៥​លាន​នាក់​ក្នុង​កំឡុង​១០​ឆ្នាំ​មុន»។ សេចក្ដី​ប្រកាស​បែប​នេះ​បាន​នាំ​ឲ្យ​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​សរសើរ​ថែម​ទាំង​បង្ហាញ​នូវ​ក្ដី​ពេញ​ចិត្ត​ចំពោះ​អង្គការ​សហប្រជាជាតិ ហើយ​អង្គការ​នោះ​ក៏​បាន​ទទួល​នូវ​ពាន​រង្វាន់​ណូបែល​នៅ​ឆ្នាំ​២០០១​ទៀត​ផង។ ដោយ​លើក​តម្កើង​សហប្រជាជាតិ គណៈ​កម្មាធិការ​ណូបែល​ប្រចាំ​ប្រទេស​ណ័រវែស​មាន​ប្រសាសន៍​ថា​៖ «មាគ៌ា​តែ​មួយ​គត់​ដែល​អាច​ឆ្ពោះ​ទៅ​រក​សន្ដិភាព​ពិភពលោក​និង​ការ​សហ​ការ​គឺ​ត្រូវ​តាម​រយៈ​អង្គការ​សហប្រជាជាតិ»។

យ៉ាង​ណា​ក៏​ដោយ តើ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ត្រូវ​បង្កើត​នៅ​ឆ្នាំ​១៩៤៥​ដែល​ធ្វើ​ជា​រដ្ឋាភិបាល​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ដ៏​ពិត​និង​ស្ថិត​ស្ថេរ​ទូទាំង​ពិភពលោក​ឬ​ទេ? អត់​ទេ! ដ្បិត​ការ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​គោល​ដៅ​ជាតិនិយម​បាន​រាំង​ស្កាត់​ការ​ព្យាយាម​របស់​អង្គការ​នោះ។ បើ​យោង​ទៅ​តាម​សំនេរ​របស់​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កាសែត​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ប្រជាមតិ​ស្តី​អំពី​អង្គការ​សហប្រជាជាតិ​គឺ អង្គការ​នោះ​គ្រាន់​តែ​ជា​«យន្ត​ការ​វាស់​ស្ទង់​ប្រជាមតិ​ទូទាំង​ពិភពលោក» ហើយ​ថា​«របៀប​វារៈ​របស់​ពួក​គេ​សុទ្ធតែ​ជា​បញ្ហា​ដែល​បាន​ជជែក​គ្នា​យូរ​ឆ្នាំ​ហើយ តែ​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​ស្ទើរតែ​គ្មាន​សោះ»។ ដោយ​ដូច្នេះ នៅ​តែ​មាន​សំនួរ​ថា​៖ តើ​នឹង​មាន​ថ្ងៃ​មួយ​ដែល​ប្រទេស​ទាំង​ឡាយ​ទូទាំង​ពិភពលោក​ពិត​ជា​នឹង​មាន​សាមគ្គី​គ្នា​ទេ?

ព្រះ​គម្ពីរ​បញ្ជាក់​ថា បន្ដិច​ទៀត​ប្រទេស​ទាំង​ឡាយ​នឹង​សាមគ្គី​គ្នា​មែន។ តើ​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​រដ្ឋាភិបាល​មួយ​ណា​នឹង​នាំ​ឲ្យ​មាន​សាមគ្គីភាព​នោះ? ដើម្បី​បាន​ចម្លើយ សូម​អាន​អត្ថបទ​បន្តបន្ទាប់។

[រូបភាព​នៅ​ទំព័រ​៣]

លោក​អាំងស្ដាំង បាន​ផ្សព្វផ្សាយ​ថា មនុស្ស​ជាតិ​ត្រូវ​ការ រដ្ឋាភិបាល​ពិភពលោក​មួយ

[អ្នក​ផ្ដល់​សិទ្ធិ]

Einstein: U.S. National Archives photo