ចូររៀនឲ្យមានទស្សនៈដូចព្រះគ្រីស្ទអំពីការធ្វើជាអ្នកធំ
ចូររៀនឲ្យមានទស្សនៈដូចព្រះគ្រីស្ទអំពីការធ្វើជាអ្នកធំ
«អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ»។—ម៉ាថាយ ២០:២៦
១. តើមនុស្សលោកីយ៍មានទស្សនៈយ៉ាងណាចំពោះការធ្វើជាអ្នកធំ?
នៅប្រទេសអេស៊ីប ជិតក្រុងបុរាណមួយឈ្មោះតែប(សព្វថ្ងៃនេះហៅថាក្រុងកាណាក់) នៅចម្ងាយប្រមាណ៥០០គីឡូម៉ែត្រខាងត្បូងទីក្រុងឡឺគែ មានបដិមាមួយកំពស់១៨ម៉ែត្រដែលជារូបព្រះផារ៉ោនអាមេនហូថិបទីបី។ ពេលដែលមើលរូបធំសម្បើមនោះ អ្នកច្បាស់ជាមានអារម្មណ៍ថាខ្លួនតូចណាស់។ បដិមានេះទំនងកសាងដើម្បីបំផុសឲ្យមនុស្សកោតស្ញប់ស្ញែងចំពោះអ្នកគ្រប់គ្រង។ នេះក៏ថែមទាំងបង្ហាញឲ្យឃើញនូវទស្សនៈរបស់មនុស្សលោកីយ៍ស្តីអំពីការធ្វើជាអ្នកធំពោលគឺ ត្រូវមានមុខមានមាត់និងឋានៈធំដុំ ហើយត្រូវធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនតូចទាប។
២. តើព្រះយេស៊ូបានទុកគំរូអ្វីសំរាប់អ្នកកាន់តាមទ្រង់? តើយើងត្រូវសួរខ្លួនឯងនូវសំនួរអ្វីខ្លះ?
២ ឥឡូវសូមប្រៀបទស្សនៈរបស់មនុស្សលោកីយ៍ទៅនឹងអ្វីដែលព្រះយេស៊ូគ្រីស្ទបានបង្រៀនពីរបៀបធ្វើជាអ្នកធំ។ ទោះជាព្រះយេស៊ូ«ជាព្រះអម្ចាស់ ហើយជាគ្រូ»របស់អ្នកកាន់តាមទ្រង់ក៏ពិតមែន តែទ្រង់បានបង្រៀនពួកគេថា ការបំរើអ្នកឯទៀតជាអ្វីដែលធ្វើឲ្យមនុស្សម្នាក់ទៅជាអ្នកធំ។ នៅថ្ងៃចុងក្រោយដែលព្រះយេស៊ូរស់នៅលើផែនដី ទ្រង់បានលាងជើងឲ្យសិស្សទ្រង់ដើម្បីធ្វើជាគំរូឲ្យពួកគេយល់អត្ថន័យនៃសេចក្ដីបង្រៀនរបស់ទ្រង់។ ទង្វើនេះបង្ហាញថាទ្រង់មានព្រះទ័យរាបទាបណាស់! (យ៉ូហាន ១៣:៤, ៥, ១៤) តើអ្នកចូលចិត្តអ្វីច្រើនជាងគេ? តើអ្នកចូលចិត្តឲ្យមនុស្សបំរើអ្នកទេ? ឬក៏តើអ្នកចូលចិត្តបំរើអ្នកឯទៀតវិញ? តើគំរូរបស់ព្រះគ្រីស្ទធ្វើឲ្យអ្នកចង់មានចិត្តរាបទាបដូចទ្រង់ឬទេ? បើដូច្នេះ សូមយើងពិចារណាទស្សនៈរបស់ព្រះគ្រីស្ទស្តីអំពីការធ្វើជាអ្នកធំ ហើយយកទស្សនៈនោះមកប្រៀបនឹងទស្សនៈរបស់មនុស្សលោកីយ៍ទូទៅវិញ។
ចូរបដិសេធទស្សនៈរបស់មនុស្សលោកីយ៍ស្តីអំពីការធ្វើជាអ្នកធំ
៣. ក្នុងព្រះគម្ពីរ តើមានគំរូអ្វីខ្លះដែលបង្ហាញឲ្យឃើញនូវលទ្ធផលដ៏គួរឲ្យសោកស្ដាយចំពោះអ្នកដែលចង់បានការសរសើរតម្កើងពីមនុស្សយ៉ាងខ្លាំងនោះ?
៣ ក្នុងព្រះគម្ពីរមានកំណត់ហេតុជាច្រើនដែលជួយឲ្យដឹងថា ទស្សនៈរបស់មនុស្សលោកីយ៍ស្តីអំពីរបៀបធ្វើជាអ្នកធំបាននាំឲ្យខ្លួនអន្តរាយ។ សូមគិតអំពីហាម៉ានជាអ្នកមានអំណាច និងមានមុខមាត់ជាមន្ត្រីរាជការក្នុងព្រះរាជវាំងពើស៊ីនៅសម័យព្រះនាងអេសធើរនិងម៉ាដេកាយ។ ទីបំផុតការស្រេកឃ្លានអំណាចនាំឲ្យហាម៉ានអបកិត្ដិយសនិងបាត់បង់ជីវិត។ (នាងអេសធើរ ៣:៥; ៦:១០-១២; ៧:៩, ១០) ចុះស្តេចនេប៊ូក្នេសាវិញ? ទ្រង់មានមោទនភាពហួសហេតុពេក ហើយត្រូវព្រះយេហូវ៉ាធ្វើឲ្យវង្វេងស្មារតីពេលដែលអំណាចទ្រង់ឡើងដល់កំរិតកំពូល។ បន្ទូលរបស់ស្តេចនេប៊ូក្នេសាបញ្ជាក់ថា ទ្រង់យល់ខុសអំពីអ្វីដែលធ្វើឲ្យបុគ្គលម្នាក់ទៅជាអ្នកធំ ពេលដែលទ្រង់អួតថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ?»។ (ដានីយ៉ែល ៤:៣០) ឧទាហរណ៍មួយទៀតគឺស្តេចហេរ៉ូឌអ័គ្រីប៉ាទីមួយ។ ទ្រង់ព្រមទទួលការលើកតម្កើងដោយមិនសមរម្យពីមនុស្ស ជាជាងលើកតម្កើងព្រះវិញ។ ទ្រង់«សុគតទៅដោយដង្កូវចុះ»។ (កិច្ចការ ១២:២១-២៣) អ្នកធំទាំងនេះបានទទួលក្ដីអន្តរាយយ៉ាងអបកិត្ដិយសដោយសារមិនព្រមទទួលយកទស្សនៈរបស់ព្រះយេហូវ៉ាស្តីអំពីការធ្វើជាអ្នកធំ។
៤. តើអ្នកណាបំផុសបំផុលមនុស្សលោកីយ៍ឲ្យមានមោទនភាពហួសហេតុពេក?
៤ គឺជាការត្រឹមត្រូវ ដែលយើងចង់ប្រើជីវិតរបស់យើងដើម្បីធ្វើអ្វីដែលនាំឲ្យខ្លួនមានកិត្ដិយសនិងទទួលនូវការគោរពពីអ្នកដទៃ។ ប៉ុន្តែ អារក្សទាញយកផលចំណេញពីចំណង់នេះដោយបំផុសបំផុលមនុស្សឲ្យមានមោទនភាពហួសហេតុពេកដូចជាវាដែរ។ (ម៉ាថាយ ៤:៨, ៩) កុំភ្លេចថាវាជា«ព្រះរបស់លោកីយនេះ» ហើយវាបានតាំងចិត្តពង្វក់ស្មារតីមនុស្សឲ្យមានគំនិតដូចជាវាដែរ។ (កូរិនថូសទី២ ៤:៤; អេភេសូរ ២:២; វិវរណៈ ១២:៩) ដោយសារជនគ្រីស្ទានដឹងពីអ្នកណាជាប្រភពដើមនៃគំនិតនេះ នោះពួកគេមិនព្រមតាមទស្សនៈរបស់លោកីយ៍នេះស្តីអំពីអ្វីដែលធ្វើឲ្យមនុស្សទៅជាអ្នកធំ។
៥. តើភាពចំរុងចំរើន ឈ្មោះល្បីល្បាញ និងទ្រព្យសម្បត្ដិជាច្រើនធានាឲ្យមានសុភមង្គលជារៀងរហូតទេ? សូមពន្យល់។
៥ គំនិតមួយដែលអារក្សគាំទ្រគឺ អ្នកនឹងមានសុភមង្គលជាស្វ័យប្រវត្ដិ បើមានឈ្មោះបោះសម្លេង មានមនុស្សលើកតម្កើង និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ។ តើពិតជាដូច្នេះមែនឬ? តើភាពចំរុងចំរើន ឈ្មោះល្បីល្បាញ និងទ្រព្យធនសំបូរហូរហៀរជាកត្ដាធានាឲ្យមានជីវិតដ៏គាប់ចិត្តឬ? ព្រះគម្ពីរព្រមានយើងកុំឲ្យត្រូវបោកបញ្ឆោតដោយគំនិតបែបនេះឡើយ។ ស្តេចសាឡូម៉ូនដែលជាអ្នកប្រាជ្ញបានសរសេរថា៖ «យើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ»។ (សាស្ដា ៤:៤) មនុស្សជាច្រើនដែលបានប្រើជីវិតរបស់ពួកគេតែក្នុងការខំប្រឹងឲ្យបានធូរធារក៏យល់ស្របនឹងសេចក្ដីពិតនៃឱវាទនោះដែលព្រះបណ្ដាលឲ្យសរសេរក្នុងព្រះគម្ពីរ។ តួយ៉ាងដូចជាបុរសម្នាក់ដែលបានជួយគូរប្លង់ សាងសង់ និងសាកល្បងយានអវកាសដែលមនុស្សបានជិះហោះទៅភពព្រះចន្ទ។ គាត់ប្រាប់ថា៖ «ខ្ញុំបានសង្វាតព្យាយាមធ្វើការទាល់តែប៉ិនប្រសប់។ ប៉ុន្តែ ការងារនោះគ្មានប្រយោជន៍ក្នុងការជួយឲ្យខ្ញុំមានសុភមង្គលដ៏ស្ថិតស្ថេរនិងរស់ដោយសុខសាន្តបានទេ»។ គំនិតរបស់មនុស្សលោកីយ៍ដែលថាត្រូវធ្វើជាអ្នកធំ ឬពាណិជ្ជករដែលមានស្តុកស្តម្ភ ឬមួយក៏អ្នកល្បីល្បាញក្នុងវិស័យកីឡាឬការកំសាន្តនោះ មិនធានាឲ្យមានជីវិតដ៏គាប់ចិត្តជារៀងរហូតនោះទេ។
ការក្លាយជាអ្នកធំបាន ដោយសារការបំរើអ្នកឯទៀតដោយសេចក្ដីស្រឡាញ់
៦. តើអ្វីបង្ហាញថាយ៉ាកុបនិងយ៉ូហានធ្លាប់មានគំនិតមិនត្រឹមត្រូវស្តីអំពីការធ្វើជាអ្នកធំ?
៦ ហេតុការណ៍មួយដែលបានកើតឡើងក្នុងកំឡុងព្រះជន្មរបស់ព្រះយេស៊ូបង្ហាញឲ្យដឹងថា ការធ្វើជាអ្នកធំពិតប្រាកដ នោះរួមបញ្ចូលអ្វី។ ពេលដែលព្រះយេស៊ូនិងសិស្សរបស់ទ្រង់កំពុងតែធ្វើដំណើរទៅទីក្រុងយេរូសាឡិមសំរាប់ធ្វើបុណ្យរំលងនៅឆ្នាំ៣៣ស.យ. ហើយនៅតាមផ្លូវយ៉ាកុបនិងយ៉ូហានដែលប្រហែលជាបងប្អូនជីដូនមួយរបស់ព្រះយេស៊ូបានបង្ហាញថាពួកគាត់មានគំនិតមិនត្រឹមត្រូវអំពីការធ្វើជាអ្នកធំ។ តាមរយៈម្ដាយរបស់ពួកគាត់ យ៉ូហាននិងយ៉ាកុបបានសូមព្រះយេស៊ូ«អនុញ្ញាតឲ្យ . . . [ពួកគាត់]អង្គុយ១ខាងស្ដាំ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់»។ (ម៉ាថាយ ២០:២១) ចំពោះជនជាតិយូដា ការអង្គុយខាងស្ដាំឬខាងឆ្វេងជាឯកសិទ្ធិពិសេសណាស់។ (ពង្សាវតារក្សត្រទី១ ២:១៩) យ៉ាកុបនិងយ៉ូហានចង់ដណ្ដើមយកឋានៈធំដុំដើម្បីឲ្យបានមុខមាត់និងអំណាច។ ព្រះយេស៊ូជ្រាបនូវអ្វីដែលពួកគាត់កំពុងតែគិត ហើយទ្រង់បានឆ្លៀតឱកាសនោះដើម្បីកែគំនិតមិនត្រឹមត្រូវរបស់ពួកគាត់ស្តីអំពីការធ្វើជាអ្នកធំ។
៧. ចំពោះព្រះយេស៊ូ តើគ្រីស្ទានម្នាក់ត្រូវធ្វើយ៉ាងណាដើម្បីធ្វើជាអ្នកធំពិតប្រាកដ?
៧ ព្រះយេស៊ូជ្រាបថា ក្នុងលោកីយ៍នេះមនុស្សច្រើនតែមានអំនួត ម៉ាថាយ ២០:២៦, ២៧
ហើយមនុស្សដែលគេចាត់ទុកជាអ្នកធំគឺជាអ្នកមានអំណាចបង្គាប់បញ្ជាអ្នកឯទៀត និងអាចបានអ្វីទាំងអស់តាមចំណង់ឲ្យតែហាមាត់។ ប៉ុន្តែ ក្នុងចំណោមអ្នកកាន់តាមព្រះយេស៊ូ គឺជាការបំរើអ្នកឯទៀតដោយចិត្តរាបទាបទេដែលអាចបង្ហាញថាមនុស្សម្នាក់ជាអ្នកធំ។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ»។—៨. តើការធ្វើជាអ្នកបំរើមានន័យអ្វី? តើយើងគួរសួរខ្លួនឯងនូវសំនួរអ្វីខ្លះ?
៨ ពាក្យភាសាក្រិចដែលបកប្រែថា«អ្នកបំរើ»ក្នុងព្រះគម្ពីរសំដៅលើអ្នកដែលព្យាយាមមិនលែងដើម្បីបំរើផលប្រយោជន៍អ្នកឯទៀត។ ព្រះយេស៊ូបានបង្រៀនសិស្សរបស់ទ្រង់នូវមេរៀនដ៏សំខាន់មួយគឺ ការបង្គាប់បញ្ជាមនុស្សមិនមានន័យថាខ្លួនជាអ្នកធំទេ តែគឺជាការបំរើអ្នកឯទៀតដោយសេចក្ដីស្រឡាញ់វិញ។ សូមសួរខ្លួនឯងថា៖ ‹បើខ្ញុំគឺជាយ៉ាកុបឬយ៉ូហាន តើខ្ញុំនឹងធ្វើយ៉ាងណា? តើខ្ញុំនឹងយល់ចំណុចដែលថា ការធ្វើជាអ្នកធំពិតប្រាកដមកពីការបំរើអ្នកឯទៀតក្នុងបំណងបង្ហាញសេចក្ដីស្រឡាញ់ឬទេ?›។—កូរិនថូសទី១ ១៣:៣
៩. តើព្រះយេស៊ូទុកគំរូអ្វីស្តីអំពីរបៀបប្រព្រឹត្តទៅលើអ្នកឯទៀត?
៩ ព្រះយេស៊ូបង្ហាញសិស្សរបស់ទ្រង់ថា ការធ្វើជាអ្នកធំតាមទស្សនៈរបស់លោកីយ៍ គឺខុសគ្នាពីការធ្វើជាអ្នកធំតាមគំរូរបស់ព្រះគ្រីស្ទ។ ទ្រង់ពុំធ្លាប់ធ្វើឫកធំដាក់អ្នកដែលទ្រង់បំរើ ឬក៏ធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនតូចទាបនោះទេ។ មនុស្សគ្រប់រូបមិនថា បុរស ស្ត្រី កុមារ អ្នកមាន អ្នកក្រ អ្នកមានអំណាច ឬអ្នកដែលត្រូវគេស្គាល់ជាអ្នកធ្វើបាបក៏ដោយ ទាំងអស់សុទ្ធតែមានអារម្មណ៍ស្រួលពេលនៅជាមួយនឹងព្រះយេស៊ូ។ (ម៉ាកុស ១០:១៣-១៦; លូកា ៧:៣៧-៥០) ធម្មតា មនុស្សមិនសូវចេះអត់ធ្មត់នឹងអ្នកដែលមានចំណុចខ្សោយទេ។ ក៏ប៉ុន្តែ ព្រះយេស៊ូគឺមិនដូច្នោះនោះទេ។ ទោះជាសិស្សរបស់ទ្រង់ជួនកាលធ្វើអ្វីដោយមិនគិតហើយបានឈ្លោះប្រកែកគ្នាក៏ដោយ តែទ្រង់បានណែនាំពួកគាត់ដោយអត់ធ្មត់ ហើយបង្ហាញពួកគាត់ថា ទ្រង់ពិតជាមានព្រះទ័យរាបទាបនិងសុភាព។—សាការី ៩:៩; ម៉ាថាយ ១១:២៩; លូកា ២២:២៤-២៧
១០. តើដំណើរជីវិតទាំងមូលរបស់ព្រះយេស៊ូបង្ហាញយ៉ាងដូចម្ដេចថា ទ្រង់បំរើអ្នកឯទៀតដោយមិនគិតប្រយោជន៍អង្គទ្រង់?
១០ គំរូរបស់ព្រះរាជបុត្រាដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះដែលបានលះបង់ប្រយោជន៍ខ្លួននោះ បង្ហាញឲ្យឃើញថា ការធ្វើជាអ្នកធំពិតប្រាកដជាអ្វីទៅ។ ព្រះយេស៊ូមិនបានយាងមកផែនដីដើម្បីឲ្យមនុស្សបំរើទ្រង់ទេ តែបានមកដើម្បីបំរើមនុស្សវិញ ដោយប្រោសមនុស្សឲ្យជាពី«ជំងឺឈឺផ្សេងៗជាច្រើន» និងបណ្ដេញអារក្សចេញពីមនុស្ស។ ទោះជាព្រះយេស៊ូអស់ព្រះកាយពលនិងត្រូវការពេលដើម្បីសំរាកក៏ពិតមែន តែទ្រង់តែងតែគិតពីសេចក្ដីត្រូវការរបស់អ្នកឯទៀតមុនសេចក្ដីត្រូវការរបស់អង្គទ្រង់ ដោយខំព្យាយាមសម្រាលទុក្ខពួកគេទោះជានាំឲ្យទ្រង់ពិបាកក៏ដោយ។ (ម៉ាកុស ១:៣២-៣៤; ៦:៣០-៣៤; យ៉ូហាន ១១:១១, ១៧, ៣៣) សេចក្ដីស្រឡាញ់ជំរុញឲ្យទ្រង់ផ្ដល់ជំនួយខាងវិញ្ញាណ ដោយធ្វើដំណើររាប់រយគីឡូម៉ែត្រតាមផ្លូវដែលមានដីហុយទ្រលោមហើយផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាកុស ១:៣៨, ៣៩) ប្រាកដហើយ ព្រះយេស៊ូបានចាត់ទុកការបំរើអ្នកឯទៀតជារឿងសំខាន់ណាស់។
ចូរយកតម្រាប់តាមព្រះទ័យដ៏រាបទាបរបស់ព្រះគ្រីស្ទ
១១. តើបងប្រុសៗដែលត្រូវតែងតាំងជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំត្រូវមានលក្ខណៈបែបណា?
១១ ចិត្តគំនិតត្រឹមត្រូវដែលអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រីស្ទានត្រូវមាននោះ ត្រូវបានបញ្ជាក់នៅជិតដំណាច់សតវត្សរ៍ទី១៩ នៅពេលដែលបងប្រុសៗត្រូវបានរើសតែងតាំងឲ្យធ្វើជាអ្នកធ្វើដំណើរត្រួតពិនិត្យដើម្បីបំរើតម្រូវការរបស់រាស្ត្រព្រះ។ យោងទៅតាមទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៩៤ បងប្រុសៗទាំងនោះត្រូវជាមនុស្ស«សុភាពរាបសា ដើម្បីកុំឲ្យអួតខ្លួន . . . ក៏ត្រូវមានចិត្តរាបទាបដែរ មិនមែនជាអ្នកដែលចង់លើកតម្កើងខ្លួនទេ តែចង់លើកតម្កើងព្រះគ្រីស្ទវិញ ថែមទាំងមិនបង្អួតចំណេះរបស់ខ្លួន តែបង្រៀនបន្ទូលរបស់ព្រះគ្រីស្ទ ជាបន្ទូលដែលមិនស្មុគស្មាញនិងក៏ពូកែផង»។ ប្រាកដហើយ គ្រីស្ទានពិតមិនដែលខំឲ្យបានមុខតំណែងទទួលខុសត្រូវដើម្បីចំអែតការស្រេកឃ្លានអំណាច ចង់បានមុខមាត់ ឬក៏ដើម្បីអាចបង្គាប់បញ្ជាអ្នកឯទៀតនោះឡើយ។ អ្នកត្រួតពិនិត្យដែលមានចិត្តរាបទាបចាំមិនភ្លេចថា ភារកិច្ចរបស់គាត់គឺជា«ការល្អប្រសើរ» មិនមែនជាមុខតំណែងឲ្យគាត់ទទួលការលើកតម្កើងពីមនុស្សទេ។ (ធីម៉ូថេទី១ ៣:១, ២) អ្នកចាស់ទុំនិងអ្នកងារជំនួយទាំងឡាយគួរខំអស់ពីសមត្ថភាពដើម្បីបំរើប្រយោជន៍អ្នកឯទៀតដោយចិត្តរាបទាប ហើយនាំមុខក្នុងកិច្ចបំរើដ៏ពិសិដ្ឋដោយធ្វើជាគំរូល្អសំរាប់អ្នកឯទៀត។—កូរិនថូសទី១ ៩:១៩; កាឡាទី ៥:១៣; ធីម៉ូថេទី២ ៤:៥
១២. តើអ្នកដែលខំឲ្យបានឯកសិទ្ធិថែមទៀតក្នុងក្រុមជំនុំគួរសួរខ្លួនឯងនូវសំនួរអ្វីខ្លះ?
១២ បងប្រុសណាដែលខំឲ្យបានឯកសិទ្ធិថែមទៀត ប្រហែលជាត្រូវសួរខ្លួនឯងថា៖ ‹តើខ្ញុំរកឱកាសដើម្បីបំរើអ្នកឯទៀតទេ? ឬតើខ្ញុំយ៉ូហាន ៥:៤១
ច្រើនតែចង់ឲ្យអ្នកឯទៀតបំរើខ្ញុំវិញ? តើខ្ញុំសុខចិត្តធ្វើកិច្ចការដែលមានប្រយោជន៍ដល់អ្នកឯទៀតទោះជាគ្មានអ្នកណាឃើញនោះ?›។ ជាឧទាហរណ៍ ប្អូនប្រុសម្នាក់ប្រហែលជាចង់ថ្លែងសុន្ទរកថាក្នុងក្រុមជំនុំ ប៉ុន្តែ គាត់ស្ទាក់ស្ទើរមិនសូវចង់ជួយបងប្អូនវ័យចាស់ទេ។ ប្រហែលជាគាត់ចូលចិត្តសេពគប់បងប្រុសៗដែលមានភារកិច្ចទទួលខុសត្រូវក្នុងក្រុមជំនុំ ប៉ុន្តែមិនសូវចង់ចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ ប្អូនប្រុសនេះយកល្អសួរខ្លួនឯងថា៖ ‹តើខ្ញុំច្រើនតែប្រមូលអារម្មណ៍ទៅលើកិច្ចបំរើណាដែលនាំឲ្យគេសរសើរឬ? តើខ្ញុំខំចេញមុខចេញមាត់ទេ?› ការខំឲ្យបានការលើកតម្កើងពីមនុស្សគឺមិនស្របតាមគំរូរបស់ព្រះគ្រីស្ទឡើយ។—១៣. (ក) តើគំរូរបស់អ្នកត្រួតពិនិត្យដែលមានចិត្តរាបទាបអាចមានអានុភាពយ៉ាងណាទៅលើអ្នកឯទៀត? (ខ) ហេតុអ្វីអាចនិយាយថាការបណ្ដុះឲ្យមានចិត្តរាបទាបឬចិត្តសុភាពមិនមែនជាអ្វីដែលគ្រីស្ទានម្នាក់អាចធ្វើក៏បានមិនធ្វើក៏បានស្រេចតែចិត្តនោះ?
១៣ នៅពេលដែលយើងសង្វាតព្យាយាមយកតម្រាប់តាមព្រះទ័យដ៏រាបទាបរបស់ព្រះគ្រីស្ទ ចិត្តរាបទាបនឹងជំរុញយើងឲ្យបំរើអ្នកឯទៀត។ សូមពិចារណាគំរូរបស់អ្នកត្រួតពិនិត្យភូមិភាគម្នាក់ដែលកំពុងតែធ្វើទស្សនកិច្ចនៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ទោះជាគាត់រវល់ណាស់និងមានភារកិច្ចជាច្រើនក៏ដោយ ក៏គាត់បានឈប់ដើម្បីជួយប្អូនប្រុសម្នាក់ដែលកំពុងតែខំប្រឹងទាំងលំបាកដើម្បីរៀបចំម៉ាស៊ីនកិបសៀវភៅ។ ប្អូនប្រុសនោះប្រាប់ថា«ខ្ញុំនឹកអស្ចារ្យណាស់! គាត់ប្រាប់ខ្ញុំថាគាត់ធ្លាប់ធ្វើការប្រើម៉ាស៊ីនដូចនោះពេលគាត់នៅក្មេងហើយបំរើនៅបេតអែលដែរ ហើយគាត់នៅចាំបានពីពេលគាត់ពិបាករៀបចំម៉ាស៊ីននោះ។ គាត់ជួយខ្ញុំយ៉ាងយូរ ទោះជាគាត់មានអ្វីៗជាច្រើនសំខាន់ជាងដែលត្រូវធ្វើ។ គំរូនោះបានមានឥទ្ធិពលខ្លាំងមកលើខ្ញុំ»។ ឥឡូវប្អូនប្រុសនេះបានទៅជាអ្នកត្រួតពិនិត្យនៅការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាដែរ ហើយគាត់នៅចាំបានពីជំនួយដែលបងប្រុសនោះបានជួយដោយចិត្តរាបទាប។ កុំឲ្យយើងមានអារម្មណ៍ថាយើងមានឋានៈខ្ពស់ពេកឬសំខាន់ពេក មិនសមធ្វើការងារណាដែលនាំឲ្យនឿយហត់ឡើយ។ ផ្ទុយទៅវិញ គួរគប្បីឲ្យយើងបណ្ដុះឲ្យមាន«ចិត្តសុភាព»។ នេះមិនមែនជាអ្វីដែលធ្វើក៏បានឬមិនធ្វើក៏បានស្រេចចិត្តយើងទេ តែនេះជាលក្ខណៈនៃ«មនុស្សថ្មី»ដែលជនគ្រីស្ទានត្រូវមាន។—ភីលីព ២:៣; កូល៉ុស ៣:១០, ១២; រ៉ូម ១២:១៦
របៀបរៀនឲ្យមានទស្សនៈដូចព្រះគ្រីស្ទស្តីអំពីការធ្វើជាអ្នកធំ
១៤. តើការរំពឹងគិតអំពីចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះហើយមនុស្សឯទៀតជួយយើងលត់ដំខ្លួនឲ្យមានទស្សនៈត្រឹមត្រូវអំពីការធ្វើជាអ្នកធំយ៉ាងដូចម្ដេច?
១៤ តើយើងអាចរៀនឲ្យមានទស្សនៈត្រឹមត្រូវអំពីការធ្វើជាអ្នកធំយ៉ាងដូចម្ដេច? វិធីមួយគឺយើងត្រូវរំពឹងគិតអំពីចំណងមិត្តភាពដែលយើងមានជាមួយនឹងព្រះយេហូវ៉ា។ តេជានុភាព ភាពរុងរឿង និងប្រាជ្ញារបស់ទ្រង់ធ្វើឲ្យទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សជាតិឆ្ងាយណាស់។ (អេសាយ ៤០:២២) ការរំពឹងគិតអំពីចំណងមិត្តភាពរបស់យើងជាមួយនឹងមនុស្សឯទៀតក៏ជួយយើងលត់ដំខ្លួនឲ្យសុភាពរាបសាដែរ។ ជាឧទាហរណ៍ ប្រហែលជាយើងអាចធ្វើអ្វីមួយពូកែជាងអ្នកឯទៀតមែន ប៉ុន្តែ ប្រហែលជាអ្នកនោះល្អជាងយើងក្នុងរឿងមួយផ្សេងទៀតដែលសំខាន់ជាងឆ្ងាយណាស់ ឬក៏ប្រហែលជាបងប្អូនគ្រីស្ទានរបស់យើងមានគុណសម្បត្ដិខ្លះៗដែលយើងគ្មាននោះ។ ការពិត បងប្អូនជាច្រើនដែលមានតម្លៃវិសេសចំពោះព្រះយេហូវ៉ាមិនសូវចេញមុខចេញមាត់នោះទេ ពីព្រោះពួកគេសុភាពរាបសានិងមានចិត្តរាបទាប។—សុភាសិត ៣:៣៤; យ៉ាកុប ៤:៦
១៥. តើចិត្តស្មោះគ្រប់ល័ក្ខណ៍នៃរាស្ត្ររបស់ព្រះបង្ហាញយ៉ាងដូចម្ដេចថា គ្មានអ្នកណាមានហេតុគិតស្មានថាខ្លួនគ្រាន់បើជាងអ្នកឯទៀតនោះ?
រ៉ូម ១២:៣, ខ.ស.
១៥ បទពិសោធន៍របស់ស្មរបន្ទាល់ព្រះយេហូវ៉ាដែលជួបនឹងការល្បងលដោយសារជំនឿរបស់ពួកគេជាគំរូបញ្ជាក់ចំណុចខាងលើនោះ។ ម្ដងហើយម្ដងទៀត អ្នកដែលលោកីយ៍នេះចាត់ទុកជាមនុស្សសាមញ្ញធម្មតាបានរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ចំពោះព្រះនៅចំពោះមុខការល្បងលយ៉ាងខ្លាំង។ ការរំពឹងគិតអំពីគំរូបែបនេះអាចជួយយើងរក្សាចិត្តរាបទាបនិងបង្រៀនយើងមិនឲ្យ«លើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ»។—១៦. តើបងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំអាចធ្វើជាអ្នកធំតាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៦ គ្រីស្ទានទាំងឡាយ ទាំងចាស់ទាំងក្មេង គួរព្យាយាមលត់ដំខ្លួនឲ្យមានទស្សនៈដូចព្រះគ្រីស្ទអំពីការធ្វើជាអ្នកធំ។ ក្នុងក្រុមជំនុំ មានកិច្ចការផ្សេងៗជាច្រើន។ កុំឲ្យយើងតូចចិត្តបើមានបងប្អូនសុំយើងធ្វើកិច្ចការអ្វីដែលមើលទៅដូចជាគ្មានកិត្ដិយស។ (សាំយូអែលទី១ ២៥:៤១; ពង្សាវតារក្សត្រទី២ ៣:១១) មាតាបិតាទាំងឡាយអើយ! តើអ្នកលើកទឹកចិត្តកូនឬទេឲ្យធ្វើដោយសប្បាយចិត្តនូវការងារណាដែលប្រគល់ឲ្យ មិនថានៅសាលព្រះរាជាណាចក្រ សន្និបាត ឬមហាសន្និបាតនោះ? តើកូនឃើញថាអ្នកជាមាតាបិតាចេះស្រឡាញ់ពលកម្មដែរឬទេ? បងប្រុសម្នាក់ដែលឥឡូវបំរើនៅឯមន្ទីរចាត់ការពិភពលោករបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅចាំយ៉ាងច្បាស់នូវគំរូរបស់មាតាបិតារបស់គាត់។ បងប្រុសនោះប្រាប់ថា៖ «អាកប្បកិរិយារបស់ពួកគាត់ចំពោះការសំអាតសាលព្រះរាជាណាចក្រឬកន្លែងមហាសន្និបាតបានបង្ហាញឲ្យខ្ញុំដឹងថា ពួកគាត់ចាត់ទុកការងារនោះជាអ្វីដ៏សំខាន់។ ជាញឹកញាប់ ពួកគាត់ស្ម័គ្រចិត្តធ្វើកិច្ចការផ្សេងៗប្រយោជន៍ក្រុមជំនុំឬដើម្បីភាតរភាពរបស់យើង ទោះបីជាកិច្ចការដែលមនុស្សមិនសូវឲ្យតម្លៃក៏ដោយ។ អាកប្បកិរិយារបស់ពួកគាត់បានជួយខ្ញុំស្ម័គ្រចិត្តទទួលយកការងារណាក៏ដោយនៅឯបេតអែល»។
១៧. តើស្ត្រីដែលមានចិត្តរាបទាបអាចធ្វើយ៉ាងណាខ្លះដើម្បីជាពរមួយដល់ក្រុមជំនុំ?
១៧ ចំណែកឯការរកប្រយោជន៍អ្នកឯទៀតមុនប្រយោជន៍ខ្លួននោះ យើងមានគំរូមួយដ៏ប្រសើរណាស់ គឺជាគំរូរបស់ព្រះនាងអេសធើរដែលជាព្រះអគ្គមហេសីនៃចក្រភពពើស៊ីនៅសតវត្សរ៍ទី៥មុនស.យ.។ ទោះជាព្រះនាងអេសធើររស់នៅក្នុងព្រះរាជវាំងក៏ដោយ ក៏ព្រះនាងបានប្រថុយជីវិតដើម្បីរាស្ត្ររបស់ព្រះស្របតាមបំណងព្រះហឫទ័យរបស់ព្រះ។ (នាងអេសធើរ ១:៥, ៦; ៤:១៤-១៦) ស្ត្រីគ្រីស្ទានសព្វថ្ងៃនេះមិនថាជាអ្នកមានឬអ្នកក្រក៏ដោយអាចបង្ហាញនូវចិត្តគំនិតដូចព្រះនាងអេសធើរដែរ ដោយលើកទឹកចិត្តអ្នកដែលធ្លាក់ទឹកចិត្ត ទៅសួរសុខទុក្ខអ្នកដែលឈឺ ចូលរួមកិច្ចផ្សព្វផ្សាយ និងដោយស្ដាប់តាមការណែនាំរបស់ពួកអ្នកចាស់ទុំ។ ស្ត្រីដែលមានចិត្តរាបទាបពិតជាពរមួយដ៏វិសេសដែលត្រូវបានប្រទានដល់ក្រុមជំនុំមែន!
ពរដែលមកពីការធ្វើជាអ្នកធំតាមគំរូរបស់ព្រះគ្រីស្ទ
១៨. តើប្រយោជន៍អ្វីខ្លះដែលមកពីការធ្វើជាអ្នកធំតាមគំរូរបស់ព្រះគ្រីស្ទ?
១៨ នៅពេលដែលអ្នករក្សាឲ្យមានទស្សនៈដូចព្រះគ្រីស្ទជានិច្ចស្តីអំពីការធ្វើជាអ្នកធំ នោះមានផលប្រយោជន៍ជាច្រើនយ៉ាងណាស់។ ការបំរើអ្នកឯទៀតដោយមិនគិតប្រយោជន៍ខ្លួនធ្វើឲ្យពួកគេមានអំណរហើយក៏ធ្វើឲ្យអ្នកមានអំណរដែរ។ (កិច្ចការ ២០:៣៥) ពេលដែលអ្នកព្យាយាមបំរើប្រយោជន៍បងប្អូនរបស់អ្នកដោយស្ម័គ្រចិត្ត នោះបងប្អូនស្រឡាញ់អ្នកជាង។ (កិច្ចការ ២០:៣៧) សំខាន់ជាងនោះទៅទៀត ព្រះយេហូវ៉ាចាត់ទុកអ្វីដែលអ្នកធ្វើដើម្បីប្រយោជន៍គ្រីស្ទានគ្នីគ្នាជា ដង្វាយមួយដែលនាំសេចក្ដីសរសើរមកដល់ទ្រង់ហើយធ្វើឲ្យទ្រង់សព្វព្រះហឫទ័យទៀតផង។—ភីលីព ២:១៧
១៩. តើយើងគួរតាំងចិត្តធ្វើយ៉ាងណាស្តីអំពីទស្សនៈរបស់ព្រះគ្រីស្ទចំពោះការធ្វើជាអ្នកធំនោះ?
១៩ យើងទាំងអស់គ្នាត្រូវពិចារណាអ្វីដែលនៅក្នុងចិត្តរបស់យើងដោយសួរខ្លួនឯងថា៖ ‹តើខ្ញុំនិយាយតែមាត់ខាងក្រៅថាខ្ញុំនឹងលត់ដំខ្លួនធ្វើជាអ្នកធំតាមគំរូរបស់ព្រះគ្រីស្ទឬ? ឬក៏តើខ្ញុំនឹងព្យាយាមអនុវត្តតាមវិញ?›។ ព្រះយេហូវ៉ាបញ្ជាក់ច្បាស់អំពីអារម្មណ៍របស់ទ្រង់ចំពោះមនុស្សអួតខ្លួន។ (សុភាសិត ១៦:៥; ពេត្រុសទី១ ៥:៥) ចូរឲ្យការប្រព្រឹត្តរបស់យើងបង្ហាញថា យើងសប្បាយចិត្តបង្ហាញទស្សនៈដូចព្រះគ្រីស្ទស្តីអំពីការធ្វើជាអ្នកធំ មិនថាក្នុងក្រុមជំនុំគ្រីស្ទាន ក្នុងជីវភាពគ្រួសារ ឬការទាក់ទងមនុស្សឯទៀតក្នុងជីវិតប្រចាំថ្ងៃក្ដី ព្រមទាំងធ្វើអ្វីទាំងអស់សំរាប់ចំរើនសិរីល្អរបស់ព្រះនិងដើម្បីសរសើរទ្រង់។—កូរិនថូសទី១ ១០:៣១
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីបានជាយើងគួរបដិសេធទស្សនៈរបស់លោកីយ៍ស្តីអំពីការធ្វើជាអ្នកធំ?
• ចំពោះព្រះយេស៊ូ តើអ្នកណាជាអ្នកធំ?
• តើអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំគ្រីស្ទានពិត អាចយកតម្រាប់តាមព្រះទ័យរាបទាបរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច?
• តើអ្វីអាចជួយយើងលត់ដំខ្លួនឲ្យធ្វើជាអ្នកធំ តាមគំរូរបស់ព្រះគ្រីស្ទ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ប្រអប់នៅទំព័រ១៧]
តើអ្នកណាគឺជាអ្នកធំតាមគំរូរបស់ព្រះគ្រីស្ទ?
តើអ្នកដែលចង់ឲ្យអ្នកឯទៀតបំរើគាត់ឬអ្នកដែលសុខចិត្តបំរើអ្នកឯទៀតវិញ?
តើអ្នកដែលចង់ចេញមុខមាត់ឬអ្នកដែលសុខចិត្តធ្វើការងារដែលមនុស្សមិនសូវឲ្យតម្លៃ?
តើអ្នកដែលលើកតម្កើងខ្លួនឬអ្នកដែលលើកតម្កើងអ្នកឯទៀត?
[រូបភាពនៅទំព័រ១៦]
តើអ្នករកឱកាសបំរើអ្នកឯទៀតទេ?