លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ត្រូវគេស្អប់ដោយឥតហេតុ

ត្រូវគេស្អប់ដោយឥតហេតុ

ត្រូវ​គេ​ស្អប់​ដោយ​ឥត​ហេតុ

«គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ»។—យ៉ូហាន ១៥:២៥

១, ២​. (ក) ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ឆ្ងល់​នៅ​ពេល​ដែល​ឮ​គេ​និយាយ​អាក្រក់​អំពី​ជន​គ្រីស្ទាន? ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ឮ​មនុស្ស​និយាយ​ដូច្នេះ? (ខ) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិចារណា​អត្ថន័យ​មួយ​ណា​នៃ​ពាក្យ​«ស្អប់»​នោះ? (សូម​មើល​សម្គាល់​ហេតុ)

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ប្រព្រឹត្ត​តាម​គោលការណ៍​ដែល​កត់​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ ហេតុ​នេះ ពួក​គេ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​នៅ​ប្រទេស​ជា​ច្រើន។ ក៏​ប៉ុន្តែ ពេល​ខ្លះ​មាន​មនុស្ស​និយាយ​បង្ខុស​ពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ នៅ​ទី​ក្រុង​សាំង​ប៉េតេសបួរ​ប្រទេស​រូស៊ី មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​បាន​រំឭក​ពី​អតីតកាល​ថា​៖ «ធ្លាប់​មាន​គេ​ពណ៌នា​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ថា ពួក​គេ​ជា​និកាយសាសនា​មិន​ចេញ​មុខ​ដែល​ពួន​សម្ងំ​នៅ​ទី​ស្ងាត់​កំបាំង​សម្លាប់​កូន​និង​សម្លាប់​ខ្លួន​ឯង​ផង​ដែរ»។ ប៉ុន្តែ ក្រោយ​មន្ត្រី​នេះ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដើម្បី​រៀប​ចំ​មហា​សន្និបាត​អន្តរជាតិ​មួយ នោះ​គាត់​ប្រាប់​ថា​៖ «ឥឡូវ​ខ្ញុំ​ឃើញ​ថា ពួក​គេ​ជា​មនុស្ស​ធម្មតា ចេះ​ញញឹម . . . ស្រឡាញ់​សន្ដិភាព មាន​ចិត្ត​សុភាព ហើយ​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​ណាស់»។ មន្ត្រី​នោះ​ក៏​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «ខ្ញុំ​មិន​យល់​សោះ​នូវ​មូលហេតុ​ដែល​មនុស្ស​ចេះ​តែ​និយាយ​មុសា​អំពី​ពួក​គេ​ដូច្នោះ»។—ពេត្រុសទី១ ៣:១៦

អ្នក​បំរើ​ព្រះ​មិន​មែន​ពេញ​ចិត្ត​ឲ្យ​មនុស្ស​មួល​បង្កាច់​ថា ពួក​គេ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​ភ្ញាក់ផ្អើល ពេល​ដែល​មនុស្ស​និយាយ​អាក្រក់​អំពី​ពួក​គេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ព្រមាន​ទុក​ជា​មុន​នូវ​អ្នក​កាន់​តាម​ទ្រង់​ថា​៖ «បើសិន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន . . . នោះ​ដើម្បី​ឲ្យ​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​ក្រិត្យ​វិន័យ​របស់​គេ​បាន​សំរេច​ដែល​ថា ‹គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ›»។ * (យ៉ូហាន ១៥:១៨​-​២០, ២៥; ទំនុកដំកើង ៣៥:១៩; ៦៩:៤) មុន​ពេល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នឹង​សិស្ស​របស់​ទ្រង់​ថា​៖ «បើសិន​ជា​គេ​ហៅ​ម្ចាស់​ផ្ទះ​ថា បេលសេប៊ូល នោះ​ចំណង់​បើ​ពួក​អ្នក​នៅ​ផ្ទះ​នោះ​ទាំង​ប៉ុន្មាន តើ​គេ​នឹង​ហៅ​យ៉ាង​នោះ​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត?»។ (ម៉ាថាយ ១០:២៥) គ្រីស្ទាន​ពិត​យល់​ថា ការ​ស៊ូ​ទ្រាំ​នឹង​ការ​ដៀល​ត្មះ ប្រមាថ​មើលងាយ​បែប​នេះ​រួម​ជា​ផ្នែក​នៃ​ការ​លី​«បង្គោល​ទារុណកម្ម» ដែល​ពួក​គេ​ព្រម​ទទួល នៅ​ពេល​ដែល​ចាប់​ផ្ដើម​កាន់​តាម​ព្រះ​គ្រីស្ទ។—ម៉ាថាយ ១៦:២៤, ព.ថ.

៣​. តើ​អ្នក​ថ្វាយ​បង្គំ​ពិត​ត្រូវ​បាន​បៀតបៀន​ដល់​កំរិត​ណា?

អ្នក​ថ្វាយ​បង្គំ​ពិត​ធ្លាប់​ទទួល​រង​ការ​បៀតបៀន​តាំង​ពី​យូរ​ហើយ ចាប់​ពី​សម័យ​«អេបិល​ជា​អ្នក​សុចរិត»​មក។ (ម៉ាថាយ ២៣:៣៤, ៣៥) ការ​បៀតបៀន​នេះ​មិន​មែន​កើត​ឡើង​តែ​ម្ដងម្កាល​នៅ​ពីរបី​កន្លែង​ប៉ុណ្ណោះ​ទេ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា «មនុស្ស​ទាំង​អស់​នឹង​ស្អប់»​អ្នក​កាន់​តាម​ទ្រង់ ដោយ​ព្រោះ​ព្រះ​នាម​របស់​ទ្រង់។ (ម៉ាថាយ ១០:២២) ម្យ៉ាង​វិញ​ទៀត សាវ័ក​ប៉ុល​បាន​សរសេរ​ថា អ្នក​បំរើ​ទាំង​អស់​របស់​ព្រះ​ដែល​រួម​ទាំង​យើង​ម្នាក់ៗ ត្រូវ​ដឹង​ទុក​ជា​មុន​ថា យើង​នឹង​ទទួល​ការ​បៀតបៀន។ (ធីម៉ូថេទី២ ៣:១២) ហេតុ​អ្វី​មាន​ការ​បៀតបៀន​ដូច្នេះ?

អំណាច​ក្រោយ​ខ្នង​ការ​ស្អប់​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ

៤​. តើ​ព្រះ​គម្ពីរ​ប្រាប់​ឲ្យ​ដឹង​អ្វី​ខ្លះ​អំពី​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ការ​ស្អប់​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​នោះ?

ព្រះ​បន្ទូល​របស់​ព្រះ​លាត​ត្រដាង​រឿង​នេះ​ឲ្យ​ដឹង​ថា តាំង​ពីដើម​មក​មាន​បុគ្គល​មួយ​រូប​ដែល​យើង​មើល​មិន​ឃើញ​ដែល​ជា​មេ​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​អ្នក​ថ្វាយ​បង្គំ​ពិត។ សូម​គិត​អំពី​ករណី​របស់​អេបិល បុរស​ទីមួយ​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ។ អេបិល​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ។ ព្រះ​គម្ពីរ​ចែង​ថា កាអ៊ីន បង​ប្រុស​របស់​អេបិល​ដែល​មាន​ចិត្ត​ពោរពេញ​ទៅ​ដោយ​ការ​ព្យាបាទ​នោះ គាត់​«កើត​ពី​មេ​កំណាច» គឺ​អារក្ស​សាតាំង។ (យ៉ូហានទី១ ៣:១២) កាអ៊ីន​បាន​បង្ហាញ​ចិត្ត​គំនិត​ដូច​សាតាំង ហើយ​អារក្ស​បាន​ប្រើ​កាអ៊ីន​ដើម្បី​សម្រេច​គម្រោង​ដ៏​គម្រក់​របស់​វា។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា សាតាំង​ក៏​ពាក់​ព័ន្ធ​នឹង​ការ​ពាធា​យ៉ាង​សាហាវ​យង់ឃ្នង​ទៅ​លើ​យ៉ូប​និង​ព្រះ​យេស៊ូ​គ្រីស្ទ​ដែរ។ (យ៉ូប ១:១២; ២:៦, ៧; យ៉ូហាន ៨:៣៧, ៤៤; ១៣:២៧) សៀវភៅ​វិវរណៈ​ចង្អុល​បញ្ជាក់​ចំ​ទៅ​លើ​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​បៀតបៀន​អ្នក​កាន់​តាម​ព្រះ​យេស៊ូ ដោយ​ចែង​ថា​៖ «អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បងល​មើល​ឯង»។ (វិវរណៈ ២:១០) ពិត​មែន សាតាំង​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​ស្អប់​រាស្ត្រ​របស់​ព្រះ​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​ឡើយ។

៥​. ហេតុ​អ្វី​បាន​ជា​សាតាំង​ស្អប់​អ្នក​ថ្វាយ​បង្គំ​ពិត?

តើ​សាតាំង​ស្អប់​អ្នក​ថ្វាយ​បង្គំ​ពិត​ដោយ​ព្រោះ​អ្វី? ការ​មាន​មោទនភាព​ហួស​ហេតុ​ក្រៃលែង​បាន​ជំរុញ​វា​ឲ្យ​តាំង​ខ្លួន​ជា​គូ​ប្រជែង​នឹង​ព្រះ​យេហូវ៉ា ដែល​ជា​«ស្តេច​នៃ​អស់​ទាំង​កល្ប»។ (ធីម៉ូថេទី១ ១:​១៧; ៣:៦) វា​អះអាង​ថា ការ​គ្រប់គ្រង​របស់​ព្រះ​រារាំង​សិទ្ធិ​សេរីភាព​របស់​មនុស្ស​និង​បុគ្គល​វិញ្ញាណ​ហួស​ហេតុ​ពេក ហើយ​គ្មាន​អ្នក​ណា​បំរើ​ព្រះ​យេហូវ៉ា​ដោយ​បំណង​ចិត្ត​បរិសុទ្ធ​ទេ តែ​គឺ​ដោយសារ​ចង់​បានផល​ប្រយោជន៍​សំរាប់​ខ្លួន។ សាតាំង​ក៏​អះអាង​ថា វា​អាច​ទាញ​មនុស្ស​គ្រប់​រូប​ចេញ​ពី​ព្រះ​បាន ឲ្យ​តែ​ទ្រង់​អនុញ្ញាត​ឲ្យ​វា​ល្បងល​ពួក​គេ។ (លោកុប្បត្តិ ៣:១​-​៦; យ៉ូប ១:៦​-​១២; ២:១​-​៧) ដោយ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា​ថា ទ្រង់​គ្រប់គ្រង​ដោយ​ជិះជាន់​សង្កត់​សង្កិន ហើយ​ទ្រង់​ក៏​ជា​អ្នក​ភូត​កុហក ថែម​ទាំង​សម្រេច​គោល​បំណង​របស់​ទ្រង់​ពុំ​កើត​នោះ​ទេ សាតាំង​ខំ​ជែង​កាត់​មុខ​តាំង​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ស្មើ​នឹង​ព្រះ។ ដូច្នេះ​ហើយ ការ​ស្រេក​ឃ្លាន​ចង់​បាន​ការ​ថ្វាយ​បង្គំ ជា​ដើម​ហេតុ​ដែល​វា​ក្រេវក្រោធ​ប្រឆាំង​អ្នក​បំរើ​ព្រះ។—ម៉ាថាយ ៤:៨, ៩

៦​. (ក) តើ​រឿង​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​ជាប់​ទាក់ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ការ​យល់​ដឹង​អំពី​រឿង​នេះ​ជួយ​យើង​រក្សា​នូវ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ដូច​ម្ដេច? (សូម​មើល​ប្រអប់​នៅ​ទំព័រ​ទី២២)

តើ​អ្នក​យល់​នូវ​របៀប​ដែល​រឿង​នេះ​ប៉ះ​ពាល់​ដល់​ជីវិត​របស់​អ្នក​ផ្ទាល់​ទេ? ដោយសារ​អ្នក​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា អ្នក​ទំនង​ជា​បាន​ឃើញ​ថា ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​តម្រូវ​ឲ្យ​ខំ​ប្រឹង​ព្យាយាម តែ​ក៏​មាន​ប្រយោជន៍​ច្រើន​លើស​លប់។ ក៏​ប៉ុន្តែ ចុះ​បើ​អ្នក​ជួប​នឹង​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ឬ​រហូត​ដល់​រង​ការ​ឈឺចាប់​បើ​អនុលោម​តាម​ច្បាប់​និង​គោលការណ៍​របស់​ព្រះ​យេហូវ៉ា​នោះ? ហើយ​ចុះ​បើ​មើល​ទៅ​ដូច​ជា​អ្នក​មិន​ទទួល​ផល​ប្រយោជន៍​អ្វី​សោះ​ពី​ការ​បំរើ​ព្រះ? តើ​អ្នក​នឹង​សន្និដ្ឋាន​ថា ការ​បន្ត​បំរើ​ព្រះ​យេហូវ៉ា​គឺ​មិន​សម​នឹង​ការ​ព្យាយាម​របស់​អ្នក​ឬ? ឬ​ក៏​តើ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា និង​ការ​យល់​នូវ​តម្លៃ​លើស​លប់​នៃ​គុណសម្បត្ដិ​របស់​ទ្រង់​នឹង​ជំរុញ​អ្នក​ឲ្យ​បន្ត​ដើរ​ក្នុង​ផ្លូវ​របស់​ទ្រង់​ទេ? (ចោទិយកថា ១០:១២,​១៣) ដោយ​អនុញ្ញាត​ឲ្យ​សាតាំង​នាំ​ឲ្យ​យើង​ជួប​ការ​លំបាក​ខ្លះៗ នោះ​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​យើង​ម្នាក់ៗ​តប​ឆ្លើយ​ដោយ​ផ្ទាល់​នឹង​ការ​ចោទ​របស់​សាតាំង។—សុភាសិត ២៧:១១

‹ក្នុង​កាល​ដែល​គេ​ជេរ​អ្នក​រាល់​គ្នា›

៧​. តើ​អ្វី​ជា​កលល្បិច​មួយ​ដែល​អារក្ស​ប្រើ​ដើម្បី​ខំ​ទាញ​យើង​ចេញ​ពី​ព្រះ​យេហូវ៉ា?

ឥឡូវ​យើង​នឹង​វិភាគ​មើល​នូវ​ល្បិច​កល​មួយ​ដែល​សាតាំង​ប្រើ​ក្នុង​បំណង​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ចោទ​របស់​វា។ ល្បិច​កល​នោះ​គឺ​ជា​ការ​ភូតភរ បង្កាច់​បង្ខូច។ ព្រះ​យេស៊ូ​បាន​ហៅ​សាតាំង​ជា‹ឪពុក​នៃ​សេចក្ដី​ភូតភរ›។ (យ៉ូហាន ៨:៤៤) ឈ្មោះ​ថា​អារក្ស​នោះ​ដែល​មាន​ន័យ​ក្នុង​ភាសា​ដើម​ថា​«អ្នក​បង្កាច់​បង្ខូច»​បញ្ជាក់​ថា វា​ជា​មេ​បង្កាច់​បង្ខូច​ព្រះ និង​បន្ទូល​ដ៏​ល្អ​របស់​ទ្រង់ ព្រម​ទាំង​ព្រះ​នាម​បរិសុទ្ធ​របស់​ទ្រង់​ផង​ដែរ។ អារក្ស​ប្រើ​ការ​ដៀមដាម ការ​ចោទ​មិន​ពិត និង​ពាក្យ​កំភូត​សុទ្ធ​ក្នុង​បំណង​ដណ្ដើម​យក​ការ​គ្រប់គ្រង​ពី​ព្រះ​យេហូវ៉ា ហើយ​វា​ប្រើ​វិធី​ដូច​គ្នា​នេះ ដើម្បី​បង្កាច់​បង្កិន​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ដែរ។ ដោយ​ញុះញង់​ឲ្យ​មនុស្ស​បង្កាច់​បង្ខូច​ប្រមាថ​មើលងាយ​ស្មរបន្ទាល់​ទាំង​នេះ អារក្ស​អាច​ធ្វើ​ឲ្យ​ការ​ល្បងល​មួយ​ទៅ​ជា​ពិបាក​ទ្រាំ​លើស​ដើម​ទៅ​ទៀត។

៨​. តើ​សាតាំង​បាន​បង្កាច់​បង្ខូច​យ៉ូប​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​យ៉ាង​ណា?

សូម​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​ដល់​យ៉ូប ដែល​ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា​«អ្នក​ដែល​ត្រូវ​គេ​ប្រទូស្ត​ប្រឆាំង»។ សាតាំង​មិន​ត្រឹម​តែ​នាំ​ឲ្យ​យ៉ូប​បាត់បង់​នូវ​មុខ​របរ កូន​ចៅ និង​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​យ៉ូប​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដែល​កំពុង​តែ​ទទួល​ទណ្ឌកម្ម​ពី​ព្រះ។ ទោះ​ជា​យ៉ូប​ធ្លាប់​ជា​ទី​គោរព​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​របស់​មនុស្ស​ក៏​ពិត​មែន តែ​ក្រោយ​មក​យ៉ូប​បែរ​ជា​ត្រូវ​គេ​ស្អប់​ទៅ​វិញ សូម្បីតែ​មិត្ត​ជិតដិត​និង​បងប្អូន​ញាតិ​មិត្ត​របស់​គាត់​ក៏​ដោយ។ (យ៉ូប ១៩:១៣​-​១៩; ២៩:១, ២, ៧​-​១១) ម្យ៉ាង​ទៀត តាម​រយៈ​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ សាតាំង​បាន​ខំ​ប្រឹង‹ឈ្លី​ឈ្លក់​យ៉ូប​ដោយ​ពាក្យ​សំដី› មុន​បង្អស់​ដោយ​ដៀមដាម​ឲ្យ​យ៉ូប​គិត​ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​ណា​មួយ ហើយ​បន្ទាប់​មក​បាន​ផ្ដន្ទា​ទោស​យ៉ូប​ដោយ​ចំៗ​ថា គាត់​ជា​មនុស្ស​ទុច្ចរិត។ (យ៉ូប ៤:៦​-​៩; ១៩:២; ២២:៥​-​១០) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យ៉ូប​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ណាស់!

៩​. តើ​សាតាំង​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​នាំ​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​យេស៊ូ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាប?

ព្រះ​រាជបុត្រា​របស់​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​បាន​ធ្វើ​ច្រើន​បំផុត​ដើម្បី​គាំទ្រ​អធិបតីភាព​របស់​ព្រះ។ ហេតុ​នេះ​ហើយ សាតាំង​បាន​ព្យាបាទ​ព្រះ​រាជបុត្រា​នោះ​ខ្លាំង​ជាង​គេ។ នៅ​ពេល​ព្រះ​យេស៊ូ​យាង​មក​ផែនដី សាតាំង​ខំ​ប្រឹង​បង្វិល​ខួរ​មនុស្ស​ឲ្យ​គិត​ថា ព្រះ​យេស៊ូ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដោយ​មិន​គោរព​ព្រះ ដូច​វា​បាន​ធ្វើ​ក្នុង​ករណី​របស់​យ៉ូប​ដែរ។ (អេសាយ ៥៣:២​-​៤; យ៉ូហាន ៩:២៤) មនុស្ស​បាន​ដៀល​ថា​ទ្រង់​ជា​អ្នក​ល្មោភ​ស៊ី​ផឹក​ច្រើន ថែម​ទាំង​«មាន​អារក្ស​ចូល»​ទៀត​ផង។ (ម៉ាថាយ ១១:១៨, ១៩; យ៉ូហាន ៧:២០; ៨:៤៨; ១០:២០) ទ្រង់​ត្រូវ​គេ​ចោទ​ដោយ​មិន​ពិត​ថា ទ្រង់​ជា​អ្នក​ប្រមាថ​ដល់​ព្រះ។ (ម៉ាថាយ ៩:២, ៣; ២៦:៦៣​-​៦៦; យ៉ូហាន ១០:៣៣​-​​៣៦) នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេស៊ូ​ព្រួយ​ព្រះ​ហឫទ័យ​ណាស់ ដ្បិត​ទ្រង់​ជ្រាប​ថា​នេះ​នាំ​ឲ្យ​ព្រះ​វរបិតា​របស់​ទ្រង់​អបកិត្ដិយស​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ។ (លូកា ២២:៤១​-​៤៤) នៅ​ទីបំផុត ព្រះ​យេស៊ូ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​ព្យួរ​ដូច​ជា​ឧក្រិដ្ឋ​ជន​ដែល​ត្រូវ​បណ្ដាសា។ (ម៉ាថាយ ២៧:៣៨​-​​៤៤) ពេល​ដែល​ព្រះ​យេស៊ូ​រក្សា​ព្រះទ័យ​ស្មោះ​គ្រប់​ល័ក្ខណ៍​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​នោះ ទ្រង់​ត្រូវ​«ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង​ទទែង​នឹង​ទ្រង់[ឬ​«និយាយ​អាក្រក់​ពី​ទ្រង់»​, ព.ថ.]ជា​ខ្លាំង»។—ហេព្រើរ ១២:២, ៣

១០​. តើ​សំណល់​អ្នក​ចាក់​ប្រេង​តាំង​ជា​ទី​បាញ់​វង់​របស់​សាតាំង​នៅ​សម័យ​នេះ​យ៉ាង​ដូច​ម្ដេច?

១០ នៅ​សម័យ​នេះ សំណល់​អ្នក​ចាក់​ប្រេង​តាំង​ដែល​ជា​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ក៏​ត្រូវ​អារក្ស​ព្យាបាទ​ដែរ។ សាតាំង​ត្រូវ​គេ​ហៅ​ថា​«អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បងប្អូន[របស់​ព្រះ​គ្រីស្ទ] ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ!»។ (វិវរណៈ ១២:៩, ១០) តាំង​ពី​សាតាំង​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌​មក​ផែនដី វា​បាន​ខំ​ប្រឹង​រឹតតែ​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា បងប្អូន​របស់​ព្រះ​គ្រីស្ទ​សំណល់​អ្នក​ចាក់​ប្រេង​តាំង​ជា​ក្រុម​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​សង្គម​មិន​ទទួល​ស្គាល់។ (កូរិនថូសទី១ ៤:១៣) នៅ​ប្រទេស​ខ្លះ មនុស្ស​បាន​បង្កាច់​បង្ខូច​ដោយ​ហៅ​ពួក​គេ​ថា និកាយ​មួយ​ដែល​បង្ក​គ្រោះថ្នាក់ ដូច​មនុស្ស​បាន​មួល​បង្កាច់​ជន​គ្រីស្ទាន​នៅ​សតវត្ស​ទី​មួយ​ដែរ។ (កិច្ចការ ២៤:៥, ១៤; ២៨:​២២) ដូច​ត្រូវ​បាន​បញ្ជាក់​នៅ​ដើម​អត្ថបទ​នេះ បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​ត្រូវ​បាន​គេ​បង្កាច់​បង្ខូច​តាម​រយៈ​ការ​ឃោសនា​នូវ​ពាក្យ​កំភូត។ ក៏​ប៉ុន្តែ «ដោយ​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ត្រូវ​អាប់ឱន​ដោយ​គេ​និយាយ​អាក្រក់​ឬ​ល្អ​ក្ដី» បងប្អូន​ចាក់​ប្រេង​តាំង​របស់​ព្រះ​គ្រីស្ទ​ជា​មួយ​នឹង​ការ​គាំទ្រ​ពី​«ចៀម​ឯ​ទៀត» ពួក​គាត់​បាន​ព្យាយាម​ដោយ​ចិត្ត​រាប​ទាប​ដើម្បី​‹កាន់​តាម​បញ្ញត្ត​ព្រះ ហើយ​ធ្វើ​បន្ទាល់​ពី​ព្រះ​យេស៊ូវ›។—កូរិនថូសទី២ ៦:៨; យ៉ូហាន ១០:១៦; វិវរណៈ ១២:១៧

១១, ១២​. (ក) ហេតុ​អ្វី​គ្រីស្ទាន​ខ្លះ​ត្រូវ​គេ​ដៀល​ត្មះ? (ខ) តើ​ជន​គ្រីស្ទាន​ប្រហែល​ជា​រង​ទុក្ខ​ដោយ​អយុត្ដិធម៌​ដោយសារ​ជំនឿ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច​ខ្លះ?

១១ ពិត​ណាស់ មិន​មែន​ការ​ដៀល​ត្មះ​ទាំង​អស់​ដែល​អ្នក​បំរើ​ម្នាក់ៗ​របស់​ព្រះ​ទទួល​គឺ​«ដោយ​ព្រោះ​សេចក្ដី​សុចរិត»​នោះ​ទេ។ (ម៉ាថាយ ៥:១០) បញ្ហា​ខ្លះ​ប្រហែល​ជា​មក​ពី​ភាព​ឥត​គ្រប់​ល័ក្ខណ៍របស់​យើង​ផ្ទាល់។ គ្មាន​អ្វី​ពិសេស​ទេ​បើ​«[យើង]ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប»។ ក៏​ប៉ុន្តែ ចំពោះ​ព្រះ​យេហូវ៉ា​បើ​គ្រីស្ទាន​ម្នាក់​«ត្រូវ​ព្រួយ​លំបាក​ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ»។ (ពេត្រុសទី១ ២:១៩, ២០) តើ​នេះ​ប្រហែល​ជា​កើត​ឡើង​ក្នុង​កាលៈទេសៈ​បែប​ណា?

១២ គ្រីស្ទាន​ខ្លះ​ត្រូវ​គេ​ជេរ​ប្រមាថ​ដោយសារ​ពួក​គេ​មិន​ព្រម​ធ្វើ​តាម​ទំនៀម​ទំលាប់​បុណ្យ​សព​ដែល​ខុស​នឹង​បទ​គម្ពីរ។ (ចោទិយកថា ១៤:១) យុវជន​ដែល​ជា​ស្មរបន្ទាល់​ត្រូវ​បន្តុះ​បង្អាប់​ឥត​ឈប់ឈរ​ដោយសារ​ពួក​គេ​នោះ​កាន់​ខ្ជាប់​តាម​គោលការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា។ (ពេត្រុសទី១ ៤:៤) មាតា​បិតា​គ្រីស្ទាន​ខ្លះ​ត្រូវ​បាន​គេ​មួល​បង្កាច់​ថា​ពួក​គាត់​«មិន​យក​ចិត្ត​ទុក​ដាក់»​ឬ​ក៏​«ធ្វើ​បាប​កូន»​ដោយសារ​បាន​រក​ការ​ព្យាបាល​សំរាប់​កូន​ដែល​មិន​រួម​បញ្ចូល​ការ​បញ្ចូល​ឈាម។ (កិច្ចការ ១៥:២៩) គ្រីស្ទាន​ខ្លះ​ទៀត​ត្រូវ​អ្នកជិតខាង​ឬ​បងប្អូន​ញាតិ​មិត្ត​កាត់កាល់​ដោយសារ​តែ​បាន​ក្លាយ​ទៅ​ជា​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា។ (ម៉ាថាយ ១០:៣៤​-​៣៧) ពេល​ដែល​អ្នក​ទាំង​អស់​នេះ​រង​ទុក្ខ​ដោយ​អយុត្ដិធម៌​ដូច្នេះ ពួក​គេ​កំពុង​តែ​ធ្វើ​តាម​គំរូ​របស់​ពួក​ព្យាការី​និង​គំរូ​របស់​ព្រះ​យេស៊ូ។—ម៉ាថាយ ៥:១១, ១២; យ៉ាកុប ៥:១០; ពេត្រុសទី១ ២:២១

ការ​ស៊ូទ្រាំ​ពេល​ដែល​គេ​ប្រមាថ​មើលងាយ​យើង

១៣​. តើ​អ្វី​អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​លំនឹង​ខាង​វិញ្ញាណ​នៅ​ចំពោះ​មុខ​ការ​ប្រមាថ​មើលងាយ​យ៉ាង​ខ្លាំង​នោះ?

១៣ នៅ​ពេល​យើង​ជួប​នឹង​ការ​ប្រមាថ​មើលងាយ​យ៉ាង​ខ្លាំង យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដូច​ព្យាការី​យេរេមា ហើយ​មាន​អារម្មណ៍ថា​យើង​មិន​អាច​បំរើ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត​បាន​ឡើយ។ (យេរេមា ២០:៧​-​៩) តើ​អ្វី​អាច​ជួយ​យើង​រក្សា​ឲ្យ​មាន​លំនឹង​ខាង​វិញ្ញាណ? ចូរ​ព្យាយាម​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​អំពី​រឿង​នេះ។ អ្នក​ដែល​រក្សា​ភាព​ស្មោះ​ត្រង់​នៅ​ចំពោះ​មុខ​ការ​ល្បងល ទ្រង់​ចាត់​ទុក​ជា​អ្នក​ឈ្នះ មិន​មែន​ជា​អ្នក​រងគ្រោះ​ទេ។ (រ៉ូម ៨:៣៧) សូម​ខំ​គិត​ក្នុង​ចិត្ត​អំពី​អ្នក​ដែល​បាន​គាំទ្រ​នូវ​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​គ្រប់​មធ្យោបាយ​ដែល​អារក្ស​ប្រើ​ដើម្បី​បង្អាប់​បង្អោន​បន្ទាបបន្ថោក​ពួក​គេ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​អេបិល យ៉ូប ម៉ារា​ដែល​ជា​មាតា​របស់​ព្រះ​យេស៊ូ និង​អ្នក​ស្មោះ​ភក្ដី​ដទៃ​ទៀត​ពី​សម័យ​បុរាណ ព្រម​ទាំង​អ្នក​បំរើ​គ្នីគ្នា​របស់​យើង​នៅ​សម័យ​នេះ​ដែរ។ (ហេព្រើរ ១១:៣៥​-​​៣៧; ១២:១) ចូរ​រំពឹង​គិត​អំពី​ភាព​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​ពួក​គេ។ គឺ​ហាក់​ដូច​ជា​អ្នក​ស្មោះ​ត្រង់​មួយ​ហ្វូង​ធំ​អញ្ជើញ​យើង​មក​ឈរ​តម្រៀប​ជួរ​ជា​មួយ​នឹង​ពួក​គេ​ទទួល​មេដាយ​ដែល​ប្រគល់​ដល់​អស់​អ្នក​ដែល​ឈ្នះ​លោកីយ៍​ដោយ​ជំនឿ​របស់​ខ្លួន។—យ៉ូហានទី១ ៥:៤

១៤​. តើ​សេចក្ដី​អធិស្ឋាន​អស់​ពី​ចិត្ត​អាច​ពង្រឹង​កម្លាំង​របស់​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​យ៉ាង​ដូច​ម្ដេច?

១៤ កាល​បើ​យើង​មាន​«គំនិត​សាន់វ័ណ្ឌ​ក្នុង​ចិត្ត​ជា​ច្រើន»​នោះ យើង​អាច​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ត ហើយ​ទ្រង់​នឹង​សម្រាល​ទុក្ខ​ថែម​ទាំង​ផ្ដល់​កម្លាំង​ដល់​យើង​ទៀត​ផង។ (ទំនុកដំកើង ៥០:១៥; ៩៤:១៩) ទ្រង់​នឹង​ប្រោស​ប្រទាន​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ល្បងល​នោះ ថែម​ទាំង​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​ចំណោទ​ដ៏​សំខាន់​ដែល​ទាក់ទង​នឹង​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា ដែល​រឿង​ចំណោទ​នោះ​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​ស្អប់​ចំពោះ​អ្នក​បំរើ​របស់​ព្រះ​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ។ (យ៉ាកុប ១:៥) ព្រះ​យេហូវ៉ា​ក៏​អាច​ប្រទាន​ដល់​យើង​នូវ​«សេចក្ដី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត»។ (ភីលីព ៤:៦, ៧) សេចក្ដី​សុខសាន្ត​នេះ​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ​នៅ​ចំពោះ​មុខ​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង ដោយ​មិន​សង្ស័យ​ឬ​ភ័យ​ខ្លាច​អ្វី​ឡើយ។ តាម​រយៈ​វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា ទ្រង់​អាច​ទ្រទ្រង់​និង​ជួយ​យើង​ស៊ូទ្រាំ​នឹង​អ្វី​ក៏​ដោយ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​កើត​ឡើង​ចំពោះ​យើង។—កូរិនថូសទី១ ១០:១៣

១៥​. តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​មិន​តូច​ចិត្ត​នៅ​ពេល​ដែល​យើង​រង​ទុក្ខ​ដោយ​អយុត្ដិធម៌​នោះ?

១៥ តើ​អ្វី​អាច​ជួយ​យើង​មិន​តូច​ចិត្ត​នឹង​អ្នក​ដែល​ស្អប់​យើង​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​នោះ? សូម​ចាំ​ថា មេ​សត្រូវ​របស់​យើង​គឺ​សាតាំង​និង​ពួក​បិសាច​របស់​វា។ (អេភេសូរ ៦:១២) ទោះ​ជា​មនុស្ស​ខ្លះ​បៀតបៀន​យើង​ដោយ​មាន​ចេតនា​អាក្រក់​ក៏​ពិត​មែន តែ​មនុស្ស​ជា​ច្រើន​ដែល​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​ធ្វើ​ដូច្នេះ​ដោយ​មិន​ដឹង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី​ទេ ឬ​ក៏​ដោយសារ​អ្នក​ផ្សេង​ទៀត​ប្រើ​គេ​ឲ្យ​បៀតបៀន។ (ដានីយ៉ែល ៦:៤​-​១៦; ធីម៉ូថេទី១ ១:១២, ១៣) ព្រះ​យេហូវ៉ា​មាន​បំណង​ព្រះ​ហឫទ័យ​ឲ្យ​«មនុស្ស​គ្រប់​ប្រភេទ»​មាន​ឱកាស​«បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត»។ (ធីម៉ូថេទី១ ២:៤, ព.ថ.) ពិត​ណាស់ អ្នក​ខ្លះ​ដែល​ធ្លាប់​ប្រឆាំង​យើង ឥឡូវ​ជា​បងប្អូន​គ្រីស្ទាន​របស់​យើងវិញ ដោយសារ​បាន​ឃើញ​នូវ​ចរិយា​ដ៏​ល្អ​របស់​យើង។ (ពេត្រុសទី១ ២:​១២) ម្យ៉ាង​ទៀត យើង​អាច​ទាញ​យក​មេ​រៀន​មួយ​ពី​គំរូ​របស់​យ៉ូសែប កូន​ប្រុស​របស់​យ៉ាកុប។ ទោះ​ជា​យ៉ូសែប​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយសារ​បង​ប្រុសៗ​របស់​គាត់​ក៏​ពិត​មែន តែ​យ៉ូសែប​មិន​បាន​ចង​គំនុំ​គុំ​កួន​ទេ។ ហេតុ​អ្វី? ពីព្រោះ​យ៉ូសែប​យល់​ថា ព្រះ​យេហូវ៉ា​បាន​ចូល​រួម​ក្នុង​រឿង​នេះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ផ្សេងៗ​កើត​ឡើង​ដើម្បី​បំពេញ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ (លោកុប្បត្តិ ៤៥:៤​-​៨) ដូច​គ្នា​ដែរ នៅ​ពេល​ណា​យើង​រង​ទុក្ខ​ដោយ​អយុត្ដិធម៌ ព្រះ​យេហូវ៉ា​អាច​បណ្ដាល​ឲ្យ​ស្ថានភាព​នោះ​ទៅ​ជា​អ្វី​ដែល​លើក​តម្កើង​សិរី​រុងរឿង​នៃ​ព្រះ​នាម​របស់​ទ្រង់​វិញ។—ពេត្រុសទី១ ៤:១៦

១៦, ១៧​. ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​នៅ​ពេល​ដែល​អ្នក​ប្រឆាំង​ខំ​រារាំង​ការ​ផ្សព្វផ្សាយ?

១៦ យើង​មិន​ចាំបាច់​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​បើ​មើល​ទៅ​ដូច​ជា​អ្នក​ប្រឆាំង​កំពុង​តែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រារាំង​កិច្ចការ​ផ្សាយ​ដំណឹង​ល្អ។ ឥឡូវ​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​អង្រួន​អស់​ទាំង​សាសន៍​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ធ្វើ​បន្ទាល់​ទូទាំង​ពិភពលោក ហើយ​ទីគាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​កំពុង​តែ​ចូល​មក​ឯ​ទ្រង់។ (ហាកាយ ២:៧) ព្រះ​គ្រីស្ទ​យេស៊ូ​ដែល​ជា​អ្នក​គង្វាល​ល្អ​បាន​មាន​បន្ទូល​ថា​៖ «ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន វា​ស្ដាប់​ខ្ញុំ​ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ ខ្ញុំ​ឲ្យ​ជីវិត​អស់កល្ប​ជានិច្ច​ដល់​វា . . . [ហើយ]គ្មាន​អ្នក​ណា​ឆក់​យក​វា​ពី​ដៃ​ខ្ញុំ​បាន​ទេ»។ (យ៉ូហាន ១០:២៧​-​២៩) បណ្ដា​ទេវតា​បរិសុទ្ធ​ក៏​រួម​ចំណែក​ក្នុង​ចំរូត​ខាង​វិញ្ញាណ​ដ៏​ធំ​នេះ​ដែរ។ (ម៉ាថាយ ១៣:៣៩, ៤១; វិវរណៈ ១៤:៦, ៧) ដូច្នេះ អ្នក​ប្រឆាំង​ពុំ​អាច​ធ្វើ​អ្វី​ឬ​និយាយ​អ្វី​ដែល​អាច​រារាំង​គោល​បំណង​របស់​ព្រះ​បាន​ទេ។—អេសាយ ៥៤:១៧; កិច្ចការ ៥:៣៨, ៣៩

១៧ ជា​ញឹកញាប់ ការ​ខំ​ប្រឹង​របស់​អ្នក​ប្រឆាំង​មិន​មាន​លទ្ធផល​ដូច​គេ​បាន​រំពឹង​ទុក​ជា​មុន​នោះ​ទេ។ ក្នុង​សហគមន៍​មួយ​នៅ​ទ្វីប​អាហ្វ្រិក មាន​ពាក្យ​ភូតភរ​ជា​ច្រើន​ដែល​មនុស្ស​បាន​ផ្សាយ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា រួម​ទាំង​ពាក្យ​កំភូត​ថា ពួក​គេ​ថ្វាយ​បង្គំ​អារក្ស។ ហេតុ​នេះ នៅ​ពេល​ណា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មក បង​ស្រី​ម្នាក់​ឈ្មោះ​ក្រេស​ធ្លាប់​រត់​ទៅ​ពួន​ក្រោយ​ផ្ទះ​របស់​គាត់ ទាល់តែ​ពួក​គេ​ចេញ​ទៅ​បាត់។ នៅ​ថ្ងៃ​មួយ គ្រូ​គង្វាល​នៅ​ព្រះ​វិហារ​របស់​ក្រេស​បាន​លើក​សៀវភៅ​មួយ​របស់​យើង​បង្ហាញ​ហើយ​ហាម​មនុស្ស​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ថា កុំ​ឲ្យ​អាន​ពីព្រោះ​នោះ​នឹង​ធ្វើ​ឲ្យ​បោះបង់​ចោល​ជំនឿ។ នេះ​បាន​ធ្វើ​ឲ្យ​ក្រេស​ចាប់​អារម្មណ៍។ នៅ​ពេល​ដែល​ស្មរបន្ទាល់​មក​ផ្ទះ​របស់​ក្រេស​នៅ​លើក​ក្រោយ ក្រេស​បាន​សន្ទនា​ជា​មួយ​នឹង​ពួក​គេ​ហើយ​បាន​ទទួល​សៀវភៅ​ដែល​គេ​ហាមប្រាម​នោះ ជាជាង​រត់​ទៅ​ពួន​ខាង​ក្រោយ​ផ្ទះ។ គាត់​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ហើយ​នៅ​ឆ្នាំ​១៩៩៦ ក្រេស​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ឥឡូវ ក្រេស​ប្រើ​ពេល​របស់​គាត់​ដើម្បី​ស្វែង​រក​អ្នក​ឯ​ទៀត​ដែល​ប្រហែល​ជា​ឮ​ពត៌មាន​ខុស​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែរ។

ចូរ​ពង្រឹង​ជំនឿ​របស់​អ្នក​ឥឡូវ​នេះ

១៨​. ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​តែ​ពង្រឹង​ជំនឿ​របស់​អ្នក​ឥឡូវ​នេះ មុន​មាន​ការ​ល្បងល​ខ្លាំង​កើត​ឡើង? តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៨ ដោយសារ​សាតាំង​អាច​ពាធា​យើង​នៅ​ពេល​ណា​ក៏​ដោយ​តាម​រយៈ​ការ​ស្អប់​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​នោះ គឺ​ជា​ការ​សំខាន់​ចាំបាច់​ណាស់​ដែល​យើង​ពង្រឹង​ជំនឿ​របស់​យើង​ឥឡូវ​នេះ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? សេចក្ដី​រាយ​ការណ៍​មួយ​ពី​ប្រទេស​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ការ​បៀតបៀន​នោះ​បាន​បញ្ជាក់​ថា​៖ «មាន​អ្វី​មួយ​ដែល​យើង​អាច​ឃើញ​យ៉ាង​ច្បាស់​នោះ​គឺ: អ្នក​ដែល​មាន​ទម្លាប់​ល្អ​ខាង​វិញ្ញាណ​និង​មាន​ការ​យល់​ដឹង​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​ពិត ព្រះ​គម្ពីរ នោះ​គ្មាន​បញ្ហា​ក្នុង​ការ​រក្សា​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​នៅ​ពេល​មាន​ការ​ល្បងល​ទេ។ ប៉ុន្តែ អស់​អ្នក​ដែល​មិន​មក​ប្រជុំ​ទៀងទាត់​ឬ​មិន​ផ្សព្វ​ផ្សាយ​ទៀងទាត់ និង​មិន​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​រឿង​តូចតាច​ពេល​ដែល​‹មាន​ឱកាស​ល្អ›​នោះ ពួក​គេ​ច្រើន​តែ​ជំពប់​ដួល​ពេល​មាន​ការ​ល្បងល​ខ្លាំង»។ (២​ធីម៉ូថេ ៤:២,ខ.ស.) បើ​យើង​ឃើញ​លក្ខណៈ​ណា​ដែល​យើង​ត្រូវ​កែ​ប្រែ​នោះ ចូរ​ចាត់​វិធានការ​ភ្លាមៗ។—ទំនុកដំកើង ១១៩:៦០

១៩​. ភាព​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​អ្នក​បំរើ​ព្រះ​នៅ​ចំពោះ​មុខ​ការ​ស្អប់​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ តើ​នោះ​សម្រេច​បំណង​អ្វី?

១៩ ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​អ្នក​ថ្វាយ​បង្គំ​ពិត​នៅ​ចំពោះ​មុខ​សេចក្ដី​ស្អប់​របស់​សាតាំង​ជា​ទី​បន្ទាល់​ដែល​បញ្ជាក់​នូវ​ភាព​ត្រឹម​ត្រូវ ភាព​គួរ​គប្បី និង​ភាព​សុចរិត​នៃ​ការ​គ្រប់គ្រង​របស់​ព្រះ​យេហូវ៉ា។ ភាព​ស្មោះ​ភក្ដី​របស់​ពួក​គេ​ធ្វើ​ឲ្យ​ព្រះ​មាន​ព្រះទ័យ​រីករាយ។ ទោះ​ជា​មនុស្ស​ដៀល​ត្មះ​ប្រមាថ​មើលងាយ​ពួក​គេ​ក៏​ដោយ តែ​បុគ្គល​មួយ​អង្គ​ដែល​មាន​កិត្ដិយស​ខ្ពង់​ខ្ពស់​បំផុត​នោះ​«ទ្រង់​គ្មាន​សេចក្ដី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ»។ ពិត​មែន ចំពោះ​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ យើង​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា​៖ «លោកីយ​មិន​គួរ​នឹង​ពួក​អ្នក​ទាំង​នោះ​ទេ»។—ហេព្រើរ ១១:១៦, ៣៨

[កំណត់​សម្គាល់]

^ វគ្គ 2 ក្នុង​បទ​គម្ពីរ ពាក្យ​«ស្អប់»​មាន​អត្ថន័យ​ខុស​គ្នា​បន្ដិច​អាស្រ័យ​ទៅ​លើ​បរិបទ។ ក្នុង​បរិបទ​ខ្លះ ពាក្យ​«ស្អប់»​គ្រាន់​តែ​មាន​ន័យ​ថា ស្រឡាញ់​តិច​ជាង។ (ចោទិយកថា ២១:១៥, ១៦) «ស្អប់»​ក៏​អាច​មាន​ន័យ​ថា មិន​ចូល​ចិត្ត​សោះ មិន​មែន​ដោយ​មាន​ចំណង់​បំផ្លាញ​របស់​នោះ​ឲ្យ​វិនាស​ទេ តែ​ចង់​ចៀស​ពី​របស់​នោះ​ដោយសារ​ចាត់​ទុក​ជា​អ្វី​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម។ ក៏​ប៉ុន្តែ ពាក្យ​«ស្អប់»​ក៏​អាច​សំដៅ​លើ​ការ​ចង​ចិត្ត​អា​ឃាត​ព្យាបាទ។ គឺ​អត្ថន័យ​នេះ​ហើយ​ដែល​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​នេះ។

តើ​អ្នក​អាច​ពន្យល់​បាន​ទេ?

តើ​អ្វី​ជា​ដើម​ហេតុ​នៃ​ការ​ស្អប់​ដោយ​គ្មាន​ហេតុ​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ថ្វាយ​បង្គំ​ពិត?

តើ​សាតាំង​ប្រើ​ការ​បង្កាច់​បង្ខូច​យ៉ាង​ដូច​ម្ដេច​ក្នុង​បំណង​បំផ្លាញ​នូវ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យ៉ូប​និង​ព្រះ​យេស៊ូ?

តើ​ព្រះ​យេហូវ៉ា​ពង្រឹង​កម្លាំង​យើង​យ៉ាង​ដូច​ម្ដេច​ដើម្បី​ជួយ​យើង​ឈរ​ឲ្យ​មាំមួន​នៅ​ចំពោះ​មុខ​ការ​ស្អប់​ពីសាតាំង?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​២២]

ពួក​គេ​បាន​យល់​នូវ​មូលហេតុ​ពិត​ប្រាកដ

ប្រទេស​អ៊ុយក្រែន​ជា​ប្រទេស​ដែល​កិច្ច​ផ្សព្វផ្សាយ​ធ្លាប់​ត្រូវ​គេ​ដាក់​បំរាម​អស់​៥០​ឆ្នាំ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​បាន​កត់​សម្គាល់​ថា​៖ «ពេល​ដែល​គិត​ពិចារណា​ពី​ស្ថានភាព​របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ នោះ​មិន​ត្រូវ​គិត​តែ​អំពី​របៀប​មនុស្ស​ប្រព្រឹត្ត​ទៅ​លើ​ពួក​យើង​ទេ។ . . . មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​គ្រាន់​តែ​បាន​ធ្វើ​តាម​មុខ​ងារ​របស់​ខ្លួន​ប៉ុណ្ណោះ។ នៅ​ពេល​រដ្ឋាភិបាល​ផ្លាស់ប្ដូរ មន្ត្រី​រដ្ឋាភិបាល​ក៏​បែរ​ជា​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​ពួក​យើង​នៅ​តែ​ដដែល។ យើង​បាន​ទទួល​ស្គាល់​ថា ដើម​ហេតុ​ពិត​ប្រាកដ​ដែល​យើង​រង​ទុក្ខ​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​ព្រះ​គម្ពីរ»។

«យើង​មិន​បាន​គិត​តែ​ពី​ស្ថានភាព​ខ្លួន​ឯង​ថា ជា​ជន​គ្មាន​ទោស​ដែល​បាន​រងគ្រោះ​ក្រោម​ការ​ជិះជាន់​សង្កត់​សង្កិន​របស់​មនុស្ស​ទេ។ អ្វី​ដែល​បាន​ជួយ​យើង​ស៊ូ​ទ្រាំ​គឺ​ជា​ការ​យល់​ច្បាស់​អំពី​រឿង​ចំណោទ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​សួនច្បារ​អេដែន គឺ​រឿង​ទាក់ទង​នឹង​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះ។ . . . យើង​បាន​កាន់​ជំហរ​ដែល​មិន​គ្រាន់​តែ​ទាក់ទង​នឹង​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ជាតិ​ទេ ប៉ុន្តែ​ក៏​ជាប់​ទាក់ទង​នឹង​ប្រយោជន៍នៃ​ព្រះ​ដែល​ជា​អធិបតី​នៃ​សកលលោក។ យើង​បាន​យល់​ធ្លុះ​ជ្រៅ​អំពី​រឿង​ដ៏​ធំ​នេះ​ដែល​ជា​ដើម​ហេតុ​ពិត​ប្រាកដ។ នេះ​បាន​ពង្រឹង​កម្លាំង​យើង​និង​បាន​ផ្ដល់​សមត្ថភាព​ឲ្យ​យើង​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍ សូម្បីតែ​នៅ​ក្រោម​កាលៈទេសៈ​ពិបាក​បំផុត​ក៏​ដោយ»។

[រូបភាព​នៅ​ទំព័រ​១៩]

តើ​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ការ​ដៀល​ត្មះ​ចំពោះ​ព្រះ​យេស៊ូ?

[រូបភាព​នៅ​ទំព័រ​២១]

យ៉ូប ម៉ារា​និង​អ្នក​បំរើ​របស់​ព្រះ​នៅ​សម័យ​នេះ ក៏​ដូច​ជា​បង​ប្រុស​ស្ដានលី ចូន បាន​គាំទ្រ​អធិបតីភាព​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២២]

បង​ប្រុស​វីកទ័រ ប៉ូប៉ូវិច បាន​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៧០