លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព្រះយេហូវ៉ាបង្ហាញសិរីរុងរឿងរបស់ទ្រង់ដល់អ្នកដែលមានចិត្ដរាបទាប

ព្រះយេហូវ៉ាបង្ហាញសិរីរុងរឿងរបស់ទ្រង់ដល់អ្នកដែលមានចិត្ដរាបទាប

ព្រះ​យេហូវ៉ា​បង្ហាញ​សិរី​រុងរឿង​របស់​ទ្រង់​ដល់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប

«ផល​នៃ​សេចក្ដី​សុភាព[ឬ​«ចិត្ត​រាប​ទាប»​, ព.ថ.] នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត»។—សុភាសិត ២២:៤

១, ២​. (ក) តើ​សៀវភៅ​កិច្ចការ​រៀប​រាប់​យ៉ាង​ណា​ដែល​បង្ហាញ​ថា​ស្ទេផាន​«ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»? (ខ) តើ​មាន​ទី​សំអាង​អ្វី​ដែល​បង្ហាញ​ថា​ស្ទេផាន​មាន​ចិត្ត​រាប​ទាប?

ស្ទេផាន​«ជា​មនុស្ស​ពេញ​ដោយ​សេចក្ដី​ជំនឿ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ គាត់​ក៏‹ពេញ​ដោយ​ព្រះ​ចេស្ដា›របស់​ព្រះ​ទៀត​ផង។ ស្ទេផាន​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​នៅ​សម័យ​ដើម ដូច្នេះ​គាត់​បាន​ធ្វើ​ការ​អស្ចារ្យ និង​ទីសំគាល់​យ៉ាង​ធំ​នៅ​ក្នុង​ចំណោម​ប្រជាជន។ មាន​ពេល​មួយ​ដែល​បុរស​ខ្លះ​បាន​មក​ឈ្លោះ​ប្រកែក​នឹង​ស្ទេផាន «តែ​គេ​ពុំ​អាច​ដើម្បី​ទប់ទល់​នឹង​ប្រាជ្ញា ហើយ​នឹង​ព្រះ​វិញ្ញាណ​ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ»។ (កិច្ចការ ៦:៥, ៨​-​១០) ស្ទេផាន​ច្បាស់​ជា​បាន​ខំ​ព្យាយាម​សិក្សា​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​ក៏​បាន​និយាយ​ការពារ​ព្រះ​បន្ទូល​នោះ​យ៉ាង​ពូកែ​នៅ​ចំពោះ​មុខ​អ្នក​ដឹក​នាំ​សាសនា​យូដា​នៅ​សម័យ​គាត់។ ការ​ពន្យល់​ដ៏​ល្អិតល្អន់​របស់​ស្ទេផាន​ដែល​កត់​ទុក​នៅ​កិច្ចការ​ជំពូក​ទី៧​បាន​បញ្ជាក់​ថា គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេច​នៃ​គោល​បំណង​របស់​ព្រះ។

ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ​គិត​ស្មាន​ថា ពួក​គេ​គ្រាន់​បើ​ជាង​មនុស្ស​សាមញ្ញ​ដោយសារ​តែ​គេ​មាន​ឋានៈ​ខ្ពស់​និង​មាន​ចំណេះ​ចេះ​ដឹង​ច្រើន។ តែ​ខុស​ពី​អ្នក​ដឹក​នាំ​ទាំង​នោះ ស្ទេផាន​មាន​ចិត្ត​រាប​ទាប។ (ម៉ាថាយ ២៣:២​-​៧; យ៉ូហាន ៧:៤៩) ទោះ​ជា​គាត់​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់​ក៏​ពិត​មែន តែ​គាត់​សប្បាយ​នឹង​ទទួល​រ៉ាប់​រង​ការងារ​«បំរើ​តុ»​ឬ​ចែក​អាហារ​ដល់​បងប្អូន ដើម្បី​ឲ្យ​ពួក​សាវ័ក​អាច​ប្រមូល​អារម្មណ៍​ទៅ​លើ​«សេចក្ដី​អធិស្ឋាន នឹង​ការ​ផ្សាយ​ព្រះ​បន្ទូល​វិញ»។ ស្ទេផាន​មាន​កិត្ដិសព្ទ​ល្អ​ក្នុង​ចំណោម​បងប្អូន ហេតុ​នេះ​ហើយ​ពួក​គេ​បាន​រើស​គាត់​ឲ្យ​រួម​ជា​មួយ​នឹង​បុរស​៦​នាក់​ទៀត​ដែល​មាន​ឈ្មោះ​ល្អ​ដើម្បី​ទទួល​រ៉ាប់​រង​កិច្ចការ​ចែក​អាហារ​ប្រចាំ​ថ្ងៃ។ ស្ទេផាន​បាន​យល់​ព្រម​ដោយ​ចិត្ត​រាប​ទាប។—កិច្ចការ ៦:១​-​៦

៣​. ស្ទេផាន​បាន​ទទួល​នូវ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ​តាម​របៀប​ដ៏​អស្ចារ្យ តើ​ព្រះ​គុណ​នោះ​ជា​អ្វី?

ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​នូវ​ចិត្ត​រាប​ទាប ចំណាប់​អារម្មណ៍​លើ​អ្វី​ខាង​វិញ្ញាណ និង​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​ស្ទេផាន។ នៅ​ឯ​តុលាការ​ជាន់​ខ្ពស់​ពេល​ដែល​ស្ទេផាន​កំពុង​តែ​ធ្វើ​បន្ទាល់​ពី​មុខ​ពួក​អ្នក​ដឹក​នាំ​សាសន៍​យូដា​ដែល​ប្រឆាំង​នឹង​គាត់ នោះ​ពួក​អ្នក​ប្រឆាំង​បាន​«មើល​មុខ​គាត់​ឃើញ​ដូច​ជា​មុខ​ទេវតា»។ (កិច្ចការ ៦:១៥) ទឹក​មុខ​របស់​ស្ទេផាន​គឺ​ជា​ទឹក​មុខ​របស់​អ្នក​នាំ​សារ​របស់​ព្រះ ទាំង​បង្ហាញ​ពី​ចិត្ត​ស្ងប់​ដែល​មក​ពី​ព្រះ​ដែល​មាន​សិរី​រុងរឿង គឺ​ព្រះ​យេហូវ៉ា។ ក្រោយ​ពី​បាន​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​នៅ​ពី​មុខ​សមាជិក​តុលាការ​ជាន់​ខ្ពស់​ហើយ​នោះ ស្ទេផាន​បាន​ទទួល​នូវ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ពី​ព្រះ​យេហូវ៉ា​តាម​របៀប​ដ៏​អស្ចារ្យ។ «គាត់​បាន​ពេញ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ​ឃើញ​សិរី​ល្អ​នៃ​ព្រះ នឹង​ព្រះ​យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ»។ (កិច្ចការ ៧:៥៥) សំរាប់​ស្ទេផាន ចក្ខុនិមិត្ត​ដ៏​គួរ​ឲ្យ​ស្ងើច​ចិត្ត​ក្រៃលែង​នេះ​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ឋានៈ​របស់​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​និង​ជា​ព្រះមេស្ស៊ី។ ចក្ខុនិមិត្ត​នោះ​ក៏​បាន​ពង្រឹង​ជំនឿ​ស្ទេផាន​ដែល​មាន​ចិត្ត​រាប​ទាប និង​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​ឲ្យ​គាត់​ដឹង​ថា ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​គាត់។

៤​. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សិរី​រុងរឿង​របស់​ទ្រង់​ដល់​មនុស្ស​បែប​ណា?

ចក្ខុនិមិត្ត​របស់​ស្ទេផាន​បាន​ឲ្យ​យើង​ដឹង​ថា ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​សិរី​រុងរឿង​និង​គោល​បំណង​របស់​ទ្រង់​ដល់​អ្នក​ដែល​កោត​ខ្លាច​ទ្រង់ មាន​ចិត្ត​រាប​ទាប និង​ឲ្យ​តម្លៃ​ទៅ​លើ​ចំណង​មិត្តភាព​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​ទ្រង់។ ព្រះ​គម្ពីរ​ចែង​ថា​៖ «ផល​នៃ​សេចក្ដី​សុភាព[ឬ​«ចិត្ត​រាប​ទាប»​, ព.ថ.] នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត»។ (សុភាសិត ២២:៤) ហេតុ​នេះ​ហើយ​គឺ​ជា​ការ​ចាំបាច់​ណាស់​ដែល​យើង​យល់​ថា តើ​ភាព​រាប​ទាប​ដ៏​ពិត​ជា​អ្វី? តើ​យើង​អាច​លត់​ដំ​ខ្លួន​ឲ្យ​មាន​គុណសម្បត្ដិ​នេះ​យ៉ាង​ដូច​ម្ដេច? ហើយ​បើ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​ជានិច្ច តើ​មាន​ផល​ប្រយោជន៍​អ្វី?

ភាព​រាប​ទាប​ជា​គុណសម្បត្ដិ​មួយ​របស់​ព្រះ

៥, ៦​. (ក) តើ​ភាព​រាប​ទាប​ជា​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច? (គ) តើ​ព្រះទ័យ​រាប​ទាប​របស់​ព្រះ​យេហូវ៉ា​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

ប្រហែល​ជា​មាន​អ្នក​ខ្លះ​ភ្ញាក់ផ្អើល​ណាស់​ពេល​ដែល​ដឹង​ថា ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ខ្ពង់​ខ្ពស់​រុងរឿង​បំផុត​ក្នុង​សកលលោក​គឺ​ជា​គំរូ​ប្រសើរ​បំផុត​អំពី​ភាព​រាប​ទាប។ ស្តេច​ដាវីឌ​បាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ថា​៖ «ទ្រង់​បាន​ប្រទាន​ខែល​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​មក​ទូល​បង្គំ ព្រះ​ហស្ត​ស្ដាំ​ទ្រង់​បាន​ទប់ទល់​ទូល​បង្គំ ហើយ​សេចក្ដី​ស្រទន់[ឬ​«ព្រះទ័យ​រាប​ទាប»​, ព.ថ.]របស់​ទ្រង់​ក៏​ធ្វើ​ឲ្យ​ទូល​បង្គំ​បាន​ជា​ធំ»។ (ទំនុកដំកើង ១៨:៣៥) ពេល​ដែល​ស្តេច​ដាវីឌ​មាន​បន្ទូល​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រាប​ទាប​នោះ ស្តេច​ដាវីឌ​ប្រើ​ពាក្យ​ភាសា​ហេព្រើរ​មួយ​ដែល​មាន​ន័យ​ថា​«ការ​ឱន​ចុះ»។ ក្រៅ​ពី​ពាក្យ​«រាប​ទាប» មាន​ពាក្យ​ផ្សេង​ទៀត​ដែល​មក​ពី​ពាក្យ​ហេព្រើរ​នោះ​ដូច​ជា​«សេចក្ដី​សុភាព» «សេចក្ដី​រាបសា» និង​ការ​«បន្ទាប​ខ្លួន​ដែល​ទាក់ទង​នឹង​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ជាង»។ ដូច្នេះ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប នៅ​ពេល​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​ស្តេច​ដាវីឌ ដែល​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​ក៏​បាន​តែងតាំង​ដាវីឌ​ជា​ស្តេច​ដែល​តំណាង​ទ្រង់។ ដូច​ពាក្យ​ផ្ដើម​នៅ​ទំនុកដំកើង​១៨​បញ្ជាក់​នោះ ព្រះ​យេហូវ៉ា​បាន​ការពារ​និង​ជួយ​ដាវីឌ​ឲ្យ​រួច​ពី​«ដៃ​នៃ​គ្រប់​ទាំង​ពួក​ខ្មាំង​សត្រូវ ហើយ​ពី​កណ្ដាប់​ដៃ​សូល» ហើយ​ស្តេច​ដាវីឌ​ក៏​បាន​ដឹង​ថា គឺ​ដោយសារ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រាប​ទាប ទើប​ស្តេច​ដាវីឌ​អាច​ធ្វើ​ជា​ស្តេច​ដ៏​ឧត្តម​មាន​ភាព​រុងរឿង។ ការ​ទទួល​ស្គាល់​ចំណុច​នេះ​បាន​ជួយ​ឲ្យ​ស្តេច​ដាវីឌ​រក្សា​ឲ្យ​មាន​ព្រះទ័យ​រាប​ទាប។

ចុះ​យើង​វិញ? ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​បង្រៀន​យើង​នូវ​សេចក្ដី​ពិត ហើយ​ទ្រង់​បាន​ប្រទាន​នូវ​ឯក​សិទ្ធិ​ពិសេស​ខ្លះ​ក្នុង​កិច្ច​បំរើ​ទ្រង់​ដល់​យើង​តាម​រយៈ​អង្គការ​របស់​ទ្រង់ ឬ​មួយ​ក៏​បាន​ប្រើ​យើង​តាម​វិធី​ផ្សេង​ទៀត​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​រឿង​ទាំង​អស់​នេះ? យើង​ពិត​ជា​គួរ​មាន​ចិត្ត​រាប​ទាប មែន​ទេ? យើង​ក៏​គួរ​អរ​ព្រះ​គុណ​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប​ដែរ ហើយ​យើង​ក៏​គួរ​ចៀស​វាង​ពី​ការ​លើក​តម្កើង​ខ្លួន ដ្បិត​នោះ​នាំ​ទៅ​ដល់​អន្តរាយ​ជាក់​ជា​ពុំ​ខាន។—សុភាសិត ១៦:១៨; ២៩:២៣

៧, ៨​. (ក) តើ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ទៅ​លើ​ស្តេច​ម៉ាន៉ាសេ​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេហូវ៉ា​និង​ស្តេច​ម៉ាន៉ាសេ​ទុក​គំរូ​អ្វី​សំរាប់​យើង​ស្តី​ពី​ការ​មាន​ចិត្ត​រាប​ទាប?

ការ​ទាក់ទង​នឹង​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​មិន​មែន​ជា​វិធី​តែ​មួយ​គត់​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប​ដែល​ប្រៀបផ្ទឹម​ពុំ​បាន​នោះ​ទេ។ ទ្រង់​ក៏​សព្វ​ព្រះ​ហឫទ័យ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​អ្នក​ដែល​មាន​ចិត្ត​សុភាព រហូត​ដល់​លើក​តម្កើង​អ្នក​ដែល​បន្ទាប​ខ្លួន​ទៀត​ផង។ (ទំនុកដំកើង ១១៣:៤​-​៧) ជា​ឧទាហរណ៍ សូម​គិត​អំពី​គំរូ​របស់​ស្តេច​ម៉ាន៉ាសេ​ដែល​គ្រប់គ្រង​ស្រុក​យូដា។ ស្តេច​ម៉ាន៉ាសេ​បាន​ប្រើ​អំណាច​ជា​ស្តេច​ក្នុង​ផ្លូវ​ខុស ដើម្បី​ជំរុញ​ប្រជាជន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត និង​ទ្រង់​បាន​«ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ»។ (របាក្សត្រទី២ ៣៣:៦) នៅ​ទីបំផុត ព្រះ​យេហូវ៉ា​ដាក់​ទោស​ស្តេច​ម៉ាន៉ាសេ​ដោយ​ឲ្យ​ស្តេច​អាស៊ើរ​ចាប់​ទ្រង់​ហើយ​ដក​ហូត​ពី​តំណែង​ជា​ព្រះ​រា​ជា។ នៅ​ក្នុង​គុក ស្តេច​ម៉ាន៉ាសេ​«ទូល​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះទ័យ​ចុះ​ជា​ខ្លាំង» រហូត​ដល់​ព្រះ​យេហូវ៉ា​ប្រោស​ប្រទាន​ឲ្យ​ស្តេច​ម៉ាន៉ាសេ​វិល​ត្រឡប់​មក​គ្រង​រាជ្យ​នៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​នៅ​ទីបំផុត​ស្តេច​ម៉ាន៉ាសេ​ក៏​«បាន​ជ្រាប​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត»។ (របាក្សត្រទី២ ៣៣:១១​-​១៣) ក្រោយ​មក ចិត្ត​គំនិត​រាប​ទាប​របស់​ស្តេច​ម៉ាន៉ាសេ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ពិត​មែន ហើយ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ព្រះទ័យ​រាប​ទាប​ដែរ ដោយ​អត់​ឱន​ទោស​និង​នាំ​ស្តេច​ម៉ាន៉ាសេ​មក​ធ្វើ​ជា​ស្តេច​វិញ។

យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​ស្តី​អំពី​ការ​មាន​ចិត្ត​រាប​ទាប​នោះ ដោយ​ឃើញ​ថា​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​អត់​ឱន​ទោស និង​ដោយ​ឃើញ​ថា​ស្តេច​ម៉ាន៉ាសេ​បាន​ប្រែ​ព្រះទ័យ។ យើង​គួរ​ចាំ​ជានិច្ច​ថា របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​មក​លើ​យើង​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ថែម​ទាំង​ចិត្ត​គំនិត​របស់​យើង​នៅ​ពេល​ដែល​យើង​ធ្វើ​បាប។ បើ​យើង​សុខ​ចិត្ត​អត់​ឱន​ទោស​កំហុស​របស់​អ្នក​ឯ​ទៀត​និង​សារភាព​កំហុស​របស់​ខ្លួន​ដោយ​ចិត្ត​រាប​ទាប​នោះ យើង​អាច​ទទួល​សេចក្ដី​មេត្ដាករុណា​ពី​ព្រះ​យេហូវ៉ា​បាន។—ម៉ាថាយ ៥:២៣, ២៤; ៦:១២

សិរី​រុងរឿង​របស់​ព្រះ​ត្រូវ​បង្ហាញ​ដល់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប

៩​. តើ​ភាព​រាប​ទាប​ផុស​ចេញ​ពី​ភាព​ទន់ខ្សោយ​ឬ​ទេ? សូម​ពន្យល់។

ក៏​ប៉ុន្តែ កុំ​ឲ្យ​ច្រឡំ​ឡើយ ភាព​រាប​ទាប​និង​គុណសម្បត្ដិ​ឯ​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ភាព​រាប​ទាប​នោះ​មិន​ផុស​ចេញ​ពី​ភាព​ទន់ខ្សោយ​ឡើយ ហើយ​ក៏​មិន​មែន​ជា​ការ​បណ្ដែត​បណ្ដោយ​ឲ្យ​មនុស្ស​ធ្វើ​អំពើ​អាក្រក់​នោះ​ទេ។ បទ​គម្ពីរ​បរិសុទ្ធ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រាប​ទាប តែ​ទ្រង់​បង្ហាញ​នូវ​សេចក្ដី​ខ្ញាល់​ដ៏​សុចរិត​និង​តេជានុភាព​ដ៏​មហិមា​នៅ​ពេល​ដែល​ត្រូវ​ការ។ ដោយសារ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រាប​ទាប នោះ​ទ្រង់​បង្ហាញ​សេចក្ដី​សប្បុរស​ជា​ពិសេស​ដល់​អ្នក​រាបសា​ដែល​មាន​ចិត្ត​សុភាព តែ​ទ្រង់​គង់​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​មាន​អំនួត។ (ទំនុកដំកើង ១៣៨:៦) តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ពិសេស​នេះ​ដល់​អ្នក​បំរើ​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១០​. ដូច​ត្រូវ​បញ្ជាក់​នៅ​កូរិនថូសទី១ ២:៦​-​១០ តើ​ព្រះ​យេហូវ៉ា​លាត​ត្រដាង​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដល់​អ្នក​មាន​ចិត្ត​រាប​ទាប?

១០ នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា និង​តាម​ខ្សែ​រយៈ​ដែល​ទ្រង់​បាន​ជ្រើសរើស​នោះ ទ្រង់​បាន​លាត​ត្រដាង​ឲ្យ​ដឹង​នូវ​ពត៌មាន​ល្អិតល្អន់​អំពី​របៀប​ទ្រង់​នឹង​សម្រេច​គោល​បំណង​របស់​ទ្រង់។ ពត៌មាន​អំពី​គោល​បំណង​ដ៏​អស្ចារ្យ​ទាំង​នេះ ត្រូវ​បាន​លាក់​មិន​ឲ្យ​មនុស្ស​អួត​ខ្លួន​ដែល​ប្រកាន់​តាម​មតិ​មនុស្ស​ដឹង​នោះ​ឡើយ។ (កូរិនថូសទី១ ២:៦​-​១០) ប៉ុន្តែ អ្នក​ដែល​មាន​ចិត្ត​រាប​ទាប ត្រូវ​បាន​ជួយ​ឲ្យ​មាន​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​លើក​តម្កើង​ទ្រង់​ថែម​ទៀត ដ្បិត​ពួក​គេ​កោត​ស្ងើច​នឹង​សិរី​រុងរឿង​របស់​ទ្រង់​លើស​ដើម។

១១​. នៅ​សតវត្សរ៍​ទី​មួយ តើ​មនុស្ស​ខ្លះ​បង្ហាញ​ថា​ពួក​គេ​អត់​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច? តើ​នេះ​បាន​ធ្វើ​ឲ្យ​គេ​បង់​ប្រយោជន៍​ខ្លួន​យ៉ាង​ដូច​ម្ដេច?

១១ នៅ​សតវត្សរ៍​ទី​មួយ មនុស្ស​ជា​ច្រើន​រួម​ទាំង​អ្នក​ខ្លះ​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន​នោះ មិន​មាន​ចិត្ត​រាប​ទាប​ទេ​ហើយ​ពួក​គេ​បាន​ជំពប់​ដួល​ដោយសារ​អ្វី​ដែល​សាវ័ក​ប៉ុល​ប្រាប់​អំពី​គោល​បំណង​របស់​ព្រះ។ ប៉ុល​បាន​ធ្វើ​ជា​«សាវក​ដល់​សាសន៍​ដទៃ» មិន​មែន​ដោយសារ​កំរិត​វប្បធម៌ អាយុ ពូជ​សាសន៍ ឬ​បទ​ពិសោធន៍​របស់​គាត់​នោះ​ទេ។ (រ៉ូម ១១:១៣) ធម្មតា អ្នក​ដែល​គិត​ខាង​សាច់​ឈាម​ចាត់​ទុក​អ្វីៗ​ទាំង​នេះ​ជា​លក្ខណៈ​ដែល​ព្រះ​យេហូវ៉ា​ទត​មើល​ពេល​សម្រេច​ថា​ទ្រង់​នឹង​ប្រើ​អ្នក​ណា​ដើម្បី​បំពេញ​គោល​បំណង​ទ្រង់។ (កូរិនថូសទី១ ១:២៦​-​២៩; ៣:១; កូល៉ុស ២:១៨) ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​ប៉ុល សម​ស្រប​ទៅ​តាម​គោល​បំណង​ដ៏​សុចរិត​និង​សេចក្ដី​សប្បុរស​ដ៏​ស្មោះ​របស់​ទ្រង់។ (កូរិនថូសទី១ ១៥:៨​-​១០) អ្នក​ដែល​ប៉ុល​ហៅ​ថា​«ពួក​សាវក​យ៉ាង​ធំ» ព្រម​ទាំង​អ្នក​ប្រឆាំង​ឯ​ទៀត​មិន​ព្រម​ទទួល​ស្គាល់​ប៉ុល​ឬ​ជឿ​តាម​ការ​វែកញែក​របស់​គាត់​ពី​បទ​គម្ពីរ​ទេ។ ដោយសារ​ពួក​គេ​អត់​មាន​ចិត្ត​រាប​ទាប​នោះ ពួក​គេ​មិន​អាច​ទទួល​បាន​ចំណេះ​និង​ការ​យល់​ដឹង​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​កំពុង​តែ​សម្រេច​គោល​បំណង​របស់​ទ្រង់​នោះ​ទេ។ កុំ​ឲ្យ​យើង​មើល​ស្រាល​ឬ​វាយ​តម្លៃ​តែ​សំបក​ក្រៅ​ចំពោះ​អ្នក​ដែល​ព្រះ​យេហូវ៉ា​ជ្រើសរើស​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់​នោះ។—កូរិនថូសទី២ ១១:៤​-​៦

១២​. តើ​គំរូ​របស់​ម៉ូសេ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ព្រះ​យេហូវ៉ា​ប្រោស​ប្រទាន​ព្រះ​គុណ​ដល់​អ្នក​មាន​ចិត្ត​រាប​ទាប?

១២ ម្យ៉ាង​វិញ​ទៀត​មាន​គំរូ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​បាន​ទទួល​ព្រះ​គុណ​ពី​ព្រះ​ដោយ​ឃើញ​សិរី​រុងរឿង​របស់​ទ្រង់។ ម៉ូសេ​ដែល​«សុភាព​ណាស់​លើស»​អស់​ទាំង​មនុស្ស​នៅ​សម័យ​នោះ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​និង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់​ផង​ដែរ។ (ជនគណនា ១២:៣) ម៉ូសេ​ដែល​ជា​មនុស្ស​រាប​ទាប ប្រហែល​ជា​បាន​ចំណាយ​អស់​៤០​ឆ្នាំ​ជា​អ្នក​គង្វាល​សាមញ្ញ​ធម្មតា​នៅ​តំបន់​អារ៉ាប់​នោះ​គាត់​បាន​ទទួល​ព្រះ​គុណ​វិសេស​ជា​ច្រើន​ពី​ព្រះ​ជា​អ្នក​បង្កើត។ (និក្ខមនំ ៦:១២, ៣០) ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា នោះ​ម៉ូសេ​បាន​ទៅ​ជា​អ្នក​នាំ​សារ​និង​ជា​មេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល។ គាត់​ក៏​ទូល​ឆ្លើយ​ឆ្លង​នឹង​ព្រះ​ដោយ​ផ្ទាល់។ តាម​រយៈ​ចក្ខុនិមិត្ត គាត់​បាន​ឃើញ​«រូប​អង្គ​នៃ​ព្រះ​យេហូវ៉ា»។ (ជនគណនា ១២:៧, ៨; និក្ខមនំ ២៤:១០, ១១) អ្នក​ដែល​បាន​ទទួល​ស្គាល់​ម៉ូសេ​ជា​អ្នក​បំរើ​និង​ជា​អ្នក​តំណាង​ព្រះ​ដែល​មាន​ចិត្ត​រាប​ទាប​ពួក​គេ​ក៏​បាន​ទទួល​ពរ​ដែរ។ ស្រដៀង​គ្នា​ដែរ យើង​នឹង​ទទួល​ពរ​បើ​យើង​ទទួល​ស្គាល់​និង​ស្ដាប់​តាម​ព្រះ​យេស៊ូ​ដែល​ជា​ព្យាការី​ដ៏​ខ្ពង់​ខ្ពស់​ជាង​ម៉ូសេ ព្រម​ទាំង​ស្ដាប់‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។—ម៉ាថាយ ២៤:៤៥, ៤៦; កិច្ចការ ៣:២២

១៣​. តើ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា​ត្រូវ​សម្ដែង​ឲ្យ​អ្នក​គង្វាល​ដ៏​រាប​ទាប​ឃើញ​យ៉ាង​ដូច​ម្ដេច​នៅ​សតវត្សរ៍​ទី​មួយ?

១៣ នៅ​ពេល​ដែល​ទេវតា​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​កំណើត​នៃ​«ព្រះ​អង្គ​សង្គ្រោះ​១​អង្គ . . . ជា​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់» តើ‹សិរី​ល្អ​របស់​ព្រះ​យេហូវ៉ា​ភ្លឺ​ឆ្វាត់​ជុំវិញ›អ្នក​ណា? មិន​មែន​ជា​អ្នក​ដឹក​នាំ​សាសនា​ដែល​ក្រអឺតក្រអោង​ឬ​អ្នក​មាន​មុខ​មាត់​ធំ​ឬ​ឋានៈ​ខ្ពង់​ខ្ពស់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​អ្នក​គង្វាល​ដែល​មាន​ចិត្ត​រាប​ទាប​«ដែល​ចាំ​យាម​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល​ក្នុង​វេលា​យប់»។ (លូកា ២:៨​-​១១) បុរស​ទាំង​នោះ​មិន​ត្រូវ​មនុស្ស​កោត​គោរព​ដោយសារ​ជា​អ្នក​គង្វាល​នោះ​ទេ។ ប៉ុន្តែ ពួក​គេ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​កត់​សម្គាល់​និង​ជ្រើសរើស​ដើម្បី​មាន​បន្ទូល​ប្រាប់​អំពី​កំណើត​នៃ​ព្រះមេស្ស៊ី។ ពិត​ណាស់ ព្រះ​យេហូវ៉ា​បង្ហាញ​សិរី​រុងរឿង​របស់​ទ្រង់​ដល់​មនុស្ស​មាន​ចិត្ត​រាប​ទាប​និង​អ្នក​ដែល​កោត​ខ្លាច​ព្រះ។

១៤​. តើ​ព្រះ​ប្រទាន​ពរ​អ្វី​ខ្លះ​ដល់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប?

១៤ តើ​គំរូ​ទាំង​នេះ​បង្រៀន​យើង​អ្វី​ខ្លះ? នោះ​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​ប្រោស​ប្រទាន​ព្រះ​គុណ​និង​ឲ្យ​ចំណេះ​ថែម​ទាំង​ការ​យល់​ដឹង​អំពី​គោល​បំណង​របស់​ទ្រង់​ដល់​អ្នក​មាន​ចិត្ត​រាប​ទាប។ អ្នក​ដែល​ទ្រង់​ជ្រើសរើស​ប្រហែល​ជា​មិន​មាន​លក្ខណៈ​ដែល​មនុស្ស​គិត​ស្មាន​ថា​ត្រូវ​មាន​នោះ​ទេ តែ​ទ្រង់​ប្រើ​ពួក​គេ​ដើម្បី​ធ្វើ​ជា​ខ្សែ​រយៈ​ប្រាប់​អំពី​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ចំណុច​នេះ​គួរ​ជំរុញ​យើង​ឲ្យ​បន្ត​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ពី​បទ​ទំនាយ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ និង​ពី​អង្គការ​របស់​ទ្រង់។ យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​លាត​ត្រដាង​ឲ្យ​អ្នក​បំរើទ្រង់​ដែល​មាន​ចិត្ត​រាប​ទាប​ដឹង​អំពី​ការ​សម្រេច​នៃ​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ព្យាការី​អេម៉ុស​បាន​ប្រកាស​ថា​៖ «ពិត​ប្រាកដ​ជា​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី . . . លើក​តែ​ទ្រង់​សំដែង​ឲ្យ​ពួកហោរា​ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង»។—អេម៉ុស ៣:៧

ចូរ​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ

១៥​. ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ព្យាយាម​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​ជានិច្ច? តើ​គំរូ​របស់​ស្តេច​សូល​បញ្ជាក់​ចំណុច​នេះ​យ៉ាង​ដូច​ម្ដេច?

១៥ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះ​ហឫទ័យ​ជានិច្ច យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ជានិច្ច។ មនុស្ស​ណា​ម្នាក់​ប្រហែល​ជា​មាន​ចិត្ត​រាប​ទាប​ឥឡូវ​នេះ​ពិត​មែន តែ​នោះ​មិន​មាន​ន័យ​ថា​គាត់​នឹង​មាន​ចិត្ត​រាប​ទាប​រហូត​នោះ​ទេ។ មនុស្ស​អាច​បាត់បង់​នូវ​ចិត្ត​រាប​ទាប​និង​ត្រឡប់​ទៅ​ជា​លើក​តម្កើង​ខ្លួន​ឯង​ហើយ​មាន​មោទនភាព​ហួស​ហេតុ ដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​បំពាន​និង​ជួប​អន្តរាយ។ តួ​យ៉ាង​ដូច​ជា​ស្តេច​សូល ទ្រង់​ជា​អ្នក​ដំបូង​ដែល​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល។ នៅ​ដើម​ដំបូង ពេល​ដែល​សូល​ត្រូវ​រើស​ឲ្យ​ធ្វើ​ជា​ស្តេច​នោះ ទ្រង់​«នៅ​ថោកទាប​ដល់​ព្រះ​នេត្រ​នៃ​អង្គ​ទ្រង់»។ (សាំយូអែលទី១ ១៥:១៧) ក៏​ប៉ុន្តែ ក្រោយ​ពី​ទ្រង់​បាន​គ្រប់គ្រង​តែ​ពីរ​ឆ្នាំ​នោះ ទ្រង់​បាន​បំពាន​លើ​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ការ​ថ្វាយ​ដង្វាយ​តាម​រយៈ​ព្យាការី​សាំយូអែល ហើយ​បាន​ខំ​រក​លេស​ដើម្បី​ដោះសា​ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​ដង្វាយ​ដោយ​អង្គ​ទ្រង់។ (សាំយូអែលទី១ ១៣:១, ៨​-​១៤) នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​ហេតុ​ការណ៍​ជា​ច្រើន​ផ្ទួនៗ​គ្នា​ដែល​បង្ហាញ​យ៉ាង​ជាក់​ថា ស្តេច​សូល​គ្មាន​ព្រះទ័យ​រាប​ទាប​ឡើយ។ ជា​លទ្ធផល ស្តេច​សូល​បាត់បង់​នូវ​វិញ្ញាណ​របស់​ព្រះ​ថែម​ទាំង​ព្រះ​លែង​សព្វ​ព្រះ​ហឫទ័យ​នឹង​ស្តេច​សូល​ទៀត។ នៅ​ទីបំផុត ហេតុ​ទាំង​នេះ​នាំ​ឲ្យ​ស្តេច​សូល​សោយទិវង្គត​យ៉ាង​អបកិត្ដិយស។ (សាំយូអែលទី១ ១៥:៣​-​១៩, ២៦; ២៨:៦; ៣១:៤) គំរូ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​ត្រូវ​ព្យាយាម​រក្សា​ឲ្យ​មាន​ចិត្ត​រាប​ទាប​និង​ចេះ​ចុះ​ចូល ថែម​ទាំង​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​គិត​ថា​ខ្លួន​ឯង​សំខាន់​ហួស​ហេតុ។ យ៉ាង​នេះ​យើង​អាច​ជៀសវាង​ការ​បំពាន​សិទ្ធិ ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​លែង​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។

១៦​. តើ​ការ​គិត​ពិចារណា​អំពី​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​អាច​ជួយ​ឲ្យ​យើង​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

១៦ ទោះ​ជា​ភាព​រាប​ទាប​មិន​បាន​រៀប​រាប់​ក្នុង​ចំណោម​ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ក៏​ពិត​មែន តែ​ភាព​រាប​ទាប​ជា​គុណសម្បត្ដិ​មួយ​របស់​ព្រះ​ដែល​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ជា​ចាំបាច់។ (កាឡាទី ៥:២២, ២៣; កូល៉ុស ៣:១០, ១២) ដោយសារ​ភាព​រាប​ទាប​ទាក់ទង​នឹង​ចិត្ត​គំនិត​របស់​យើង​ឬ​ទស្សនៈ​ដែល​យើង​មាន​អំពី​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត​នោះ ការ​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប​តម្រូវ​ឲ្យ​ខំ​ប្រឹង​ព្យាយាម។ ការ​គិត​វែកញែក​អំពី​ចំណង​មិត្តភាព​ដែល​យើង​មាន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​មនុស្ស​ឯ​ទៀត​អាច​ជួយ​ឲ្យ​យើង​មាន​ចិត្ត​រាប​ទាប​ជានិច្ច។ តាម​ទស្សនៈ​របស់​ព្រះ មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ទាំង​ឡាយ​គឺ​ដូច​ជា​ស្មៅ​ខ្ចី​ដែល​ដុះ​មួយ​រយៈ​រួច​ក្រៀម​ស្វិត​ទៅ​វិញ។ មនុស្ស​គឺ​ប្រៀប​ដូច​ជា​កណ្ដូប​នៅ​ឯ​វាល។ (អេសាយ ៤០:៦, ៧, ២២) តើ​ស្មៅ​មួយ​ទង​មាន​ហេតុ​ឲ្យ​អួត​ខ្លួន​ដោយសារ​តែ​វា​វែង​ជាង​ស្មៅ​មួយ​ទង​ទៀត​ឬ? តើ​កណ្ដូប​មាន​ហេតុ​បង្អួត​ពី​សមត្ថភាព​វា​ដោយសារ​តែ​វា​អាច​លោត​ឆ្ងាយ​ជាង​កណ្ដូប​ឯ​ទៀត​បន្ដិច​នោះ? ការ​គិត​ដូច្នេះ​មិន​សម​ហេតុ​សម​ផល​សោះ។ ហេតុ​នេះ​សាវ័ក​ប៉ុល​បាន​រំឭក​គ្រីស្ទាន​គ្នីគ្នា​ថា​៖ «តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ផ្សេង​ពី​គេ? តើ​អ្នក​មាន​អ្វី​ខ្លះ​ដែល​អ្នក​មិន​បាន​ទទួល? ចុះ​បើ​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?»។ (កូរិនថូសទី១ ៤:៧) ការ​រំពឹង​គិត​អំពី​បទ​គម្ពីរ​ទាំង​នេះ​អាច​ជួយ​ឲ្យ​យើង​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប។

១៧​. តើ​អ្វី​បាន​ជួយ​ឲ្យ​ព្យាការី​ដានីយ៉ែល​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប? តើ​អ្វី​អាច​ជួយ​ឲ្យ​យើង​ធ្វើ​ដូច​គាត់​ដែរ?

១៧ ព្យាការី​ដានីយ៉ែល​ត្រូវ​ហៅ​ថា​«អ្នក​សំណប់​យ៉ាង​សំខាន់»​ចំពោះ​ព្រះ​ដោយសារ​គាត់​«បន្ទាប​ខ្លួន»​ឬ​គាត់​មាន​ចិត្ត​រាប​ទាប។ (ដានីយ៉ែល ១០:១១, ១២) តើ​អ្វី​បាន​ជួយ​ឲ្យ​ដានីយ៉ែល​ឲ្យ​មាន​ចិត្ត​រាប​ទាប? ទី​មួយ ដានីយ៉ែល​តែង​តែ​ពឹងពាក់​លើ​ព្រះ​ដោយ​អធិស្ឋាន​ទូល​ទ្រង់​ជា​ទៀងទាត់។ (ដានីយ៉ែល ៦:១០, ១១) ម្យ៉ាង​ទៀត ដានីយ៉ែល​បាន​ព្យាយាម​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​មាន​បំណង​ត្រឹម​ត្រូវ ហើយ​នេះ​ជួយ​ឲ្យ​គាត់​ចង​ចាំ​ពី​គោល​បំណង​ដ៏​អស្ចារ្យ​របស់​ព្រះ។ គាត់​ក៏​សុខ​ចិត្ត​ទទួល​ស្គាល់​ដោយសារ​ភាព​បាប​របស់​ខ្លួន​មិន​គ្រាន់​តែ​បាប​របស់​សាសន៍​ខ្លួន​ទេ។ ហើយ​គាត់​ពិត​ជា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បង្ហាញ​ឲ្យ​ឃើញ​ភាព​សុចរិត​របស់​ព្រះ មិន​មែន​ភាព​សុចរិត​របស់​ខ្លួន​ទេ។ (ដានីយ៉ែល ៩:២, ៥, ៧) តើ​យើង​អាច​រៀន​ពី​គំរូ​ដ៏​អស្ចារ្យ​របស់​ដានីយ៉ែល​និង​ព្យាយាម​លត់​ដំ​ខ្លួន​ឲ្យ​បង្ហាញ​ចិត្ត​រាប​ទាប​ជានិច្ច​បាន​ឬ​ទេ?

១៨​. សព្វ​ថ្ងៃ​នេះ តើ​មនុស្ស​មាន​ចិត្ត​រាប​ទាប​និង​មាន​កិត្ដិសព្ទ​នៅ​ចំពោះ​ព្រះ​នឹង​ទទួល​អ្វី?

១៨ សុភាសិត ២២:៤​ចែង​ថា​៖ «ផល​នៃ​សេចក្ដី​សុភាព[ឬ​«ចិត្ត​រាប​ទាប»​, ព.ថ.] នឹង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្ដិ កិត្ដិសព្ទ នឹង​ជីវិត»។ ពិត​មែន ព្រះ​យេហូវ៉ា​ប្រោស​ប្រទាន​ព្រះ​គុណ​ដល់​អ្នក​មាន​ចិត្ត​រាប​ទាប ហើយ​លទ្ធផល​គឺ​ពួក​គេ​បាន​កិត្ដិសព្ទ​និង​ជីវិត។ ពេល​ដែល​អេសាភ អ្នក​តែង​បទ​ទំនុកដំកើង​ហៀប​នឹង​លះ​ចោល​ការ​បំរើ​ព្រះ នោះ​ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​គាត់​ឲ្យ​មាន​គំនិត​ត្រឹម​ត្រូវ​វិញ។ ក្រោយ​មក​អេសាភ​បាន​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​៖ «ទ្រង់​នឹង​នាំ​ទូល​បង្គំ​ដោយ​ដំបូន្មាន​របស់​ទ្រង់ រួច​នឹង​ទទួល​ទូល​បង្គំ​ចូល​ក្នុង​សិរី​ល្អ»។ (ទំនុកដំកើង ៧៣:២៤) ចុះ​យ៉ាង​ណា​វិញ​សព្វ​ថ្ងៃ​នេះ? តើ​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប​និង​មាន​កិត្ដិសព្ទ​នៅ​ចំពោះ​ព្រះ​នឹង​ទទួល​អ្វី? មួយ​គឺ​ពួក​គេ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ទ្រង់ ហើយ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​ពួក​គេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ក៏​រង់ចាំ​នូវ​ការ​សម្រេច​នៃ​បន្ទូល​ស្តេច​ដាវីឌ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​សរសេរ​ថា​៖ «ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ នេះ​ជា​អនាគត​ដ៏​រុងរឿង​មែន!—ទំនុកដំកើង ៣៧:១១

តើ​អ្នក​ចាំ​ទេ?

តើ​គំរូ​របស់​ស្ទេផាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច ថា ព្រះ​យេហូវ៉ា​បង្ហាញ​សិរី​រុងរឿង​របស់​ទ្រង់ ដល់​មនុស្ស​មាន​ចិត្ត​រាប​ទាប?

តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

តើ​គំរូ​អ្វី​ខ្លះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​សម្ដែង​សិរី​រុងរឿង​របស់​ទ្រង់​ចំពោះ​អ្នក​មាន​ចិត្ត​រាប​ទាប?

តើ​គំរូ​របស់​ដានីយ៉ែល​អាច​ជួយ​ឲ្យ​យើង​លត់​ដំ​ខ្លួន​ឲ្យ​មាន​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ប្រអប់​នៅ​ទំព័រ​១២]

អង់អាច​តែ​មាន​ចិត្ត​រាប​ទាប

នៅ​ឯ​មហា​សន្និបាត​របស់​សិស្ស​ព្រះ​គម្ពីរ(សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា) នា​ឆ្នាំ​១៩១៩​នៅ​តំបន់​ស៊ីដាផូញ រដ្ឋ​អូហៃយ៉ូ បង​ប្រុស​យ៉ូសែប រ៉ូធើហ្វឺត ដែល​មាន​អាយុ​៥០​ឆ្នាំ​ហើយ​ធ្លាប់​ជា​អ្នក​មើល​ខុសត្រូវ​កិច្ច​បំរើ​នៅ​សម័យ​នោះ បាន​សុខ​ចិត្ត​យួរ​វ៉ាលី​និង​នាំ​អ្នក​ដែល​ចូល​រួម​មហា​សន្និបាត​ទៅ​កន្លែង​ស្នាក់​នៅ។ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​មហា​សន្និបាត​នោះ គាត់​បាន​ជំរុញ​ចិត្ត​របស់​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង​ដែល​មាន​៧.០០០​នាក់​ដោយ​ពាក្យ​ថា​៖ «អ្នក​គឺ​ជា​រាជ​ទូត​របស់​ស្តេច​នៃ​អស់​ទាំង​ស្តេច​និង​ម្ចាស់​នៃ​អស់​ទាំង​ម្ចាស់ ដែល​កំពុង​តែ​ប្រកាស​ប្រាប់​ដល់​មនុស្ស . . . អំពី​ព្រះ​រាជាណាចក្រ​ដ៏​រុងរឿង​របស់​ព្រះ​អម្ចាស់»។ បង​ប្រុស​រ៉ូធើហ្វឺត​មាន​ជំនឿ​មុត​មាំ​មែន ហើយ​ត្រូវ​គេ​ស្គាល់​ជា​អ្នក​និយាយ​អំពី​អ្វី​ដែល​គាត់​ជឿ​ថា​ជា​សេចក្ដី​ពិត​ដោយ​មិន​សំចៃ។ តែ​នៅ​ចំពោះ​ព្រះគាត់​ក៏​មាន​ចិត្ត​រាប​ទាប​ពិត​ប្រាកដ​មែន ហើយ​សេចក្ដី​អធិស្ឋាន​របស់​គាត់​ពេល​ដែល​មាន​ការ​ថ្វាយ​បង្គំ​ពេល​ព្រឹក​នៅ​បេតអែល​បាន​បញ្ជាក់​ពី​ចិត្ត​រាប​ទាប​របស់​គាត់។

[រូបភាព​នៅ​ទំព័រ​៩]

ស្ទេផាន​ស្គាល់​បទ​គម្ពីរ​ច្បាស់ តែ​គាត់​បាន​ជួយ​ចែក​អាហារ​ដោយ​ចិត្ត​រាប​ទាប

[រូបភាព​នៅ​ទំព័រ​១២]

ហេតុ​អ្វី​បាន​ជា​ដានីយ៉ែល ជា​«អ្នក​សំណប់​យ៉ាង​សំខាន់»?