រាជរដ្ឋាភិបាលរបស់ព្រះជារដ្ឋាភិបាលពិតប្រាកដសព្វថ្ងៃនេះ
រាជរដ្ឋាភិបាលរបស់ព្រះជារដ្ឋាភិបាលពិតប្រាកដសព្វថ្ងៃនេះ
«តើប្រទេសជាច្រើនដែលមានវប្បធម៌ខុសៗគ្នា និងកំពុងអភិវឌ្ឍក្នុងល្បឿនខុសៗគ្នាអាចរួបរួមសាមគ្គីគ្នាយ៉ាងដូចម្ដេច? មានគេពោលថា មានតែការវាយប្រហារពីភពផ្សេងទៀតទេទើបអាចបណ្ដាលឲ្យមនុស្សជាតិសាមគ្គីគ្នា»។—កាសែត The Age នៅប្រទេសអូស្ដ្រាលី
តើការវាយប្រហារពីភពផ្សេងទៀតពិតជាអាចបណ្ដាលឲ្យប្រទេសទាំងឡាយមានសាមគ្គីគ្នាឬទេ? យើងមិនអាចដឹងបានទេ។ ទោះជាយ៉ាងណាក៏ដោយ បទទំនាយក្នុងសៀវភៅព្រះគម្ពីរចែងថា បន្ដិចទៀតនឹងមានវិបត្ដិមួយដែលនឹងបណ្ដាលឲ្យប្រទេសទាំងឡាយរួបរួមសាមគ្គីគ្នា។ ហើយវិបត្ដិនេះនឹងបណ្ដាលមកពីបុគ្គលក្រៅផែនដីមែន។
ស្តេចដាវីឌនៃសាសន៍អ៊ីស្រាអែលពីបុរាណបានទាយអំពីស្ថានភាពពិភពលោកនេះ។ ព្រះបានបណ្ដាលឲ្យដាវីឌសរសេរថា៖ «ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា៖ ‹ចូរយើងផ្ដាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ!›»។ (ទំនុកដំកើង ២:២, ៣; កិច្ចការ ៤:២៥, ២៦) សូមកត់សម្គាល់ថា អ្នកគ្រប់គ្រងពិភពលោកនឹងរួមប្រឹក្សាគ្នាដើម្បីប្រឆាំងព្រះយេហូវ៉ាដែលជាអ្នកបង្កើតសកលលោក និងអ្នកដែលទ្រង់បានលាបប្រេងតែងតាំងជាស្តេច គឺព្រះយេស៊ូគ្រីស្ទ។ តើនោះកើតឡើងយ៉ាងដូចម្ដេច?
យោងទៅតាមកាលប្រវត្ដិវិទ្យានិងទំនាយព្រះគម្ពីរដែលបានសម្រេចរួចហើយនោះ នៅឆ្នាំ១៩១៤ ព្រះរាជាណាចក្ររបស់ * នៅពេលនោះ សាសន៍ទាំងឡាយនៃពិភពលោកបានរួមគំនិតតែមួយ។ ជាជាងចុះចូលនឹងការគ្រប់គ្រងនៃព្រះរាជាណាចក្រថ្មីរបស់ព្រះនោះ ពួកគេកំពុងតែតយុទ្ធយ៉ាងស្វិតស្វាញដណ្ដើមអំណាចគ្នាក្នុងសង្គ្រាមលោកលើកទី១។
ព្រះត្រូវបានស្ថាបនាឡើងនៅស្ថានសួគ៌ដោយមានព្រះយេស៊ូគ្រីស្ទជាស្តេច។តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះរបៀបប្រព្រឹត្តរបស់អ្នកគ្រប់គ្រងមនុស្សជាតិនៅពេលនោះ? «ព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង»។ រួចមកព្រះយេហូវ៉ានឹងមានបន្ទូលទៅកាន់ព្រះរាជបុត្រារបស់ទ្រង់ដែលត្រូវបានតែងតាំងជាស្តេចថា៖ «ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្ដិ៍អាកររបស់ឯង ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន»។—ទំនុកដំកើង ២:៤, ៥, ៨, ៩
ការបំបាក់បំបែកចុងក្រោយនៃសាសន៍ប្រឆាំងទាំងនោះនឹងកើតឡើងនៅសង្គ្រាមអើម៉ាគេដូន។ សៀវភៅវិវរណៈ ដែលជាសៀវភៅចុងក្រោយក្នុងព្រះគម្ពីរ ហៅព្រឹត្ដិការណ៍សំខាន់បំផុតនេះថា«ចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»ដែល«អស់ទាំងស្តេចនៅផែនដីទាំងមូល»កំពុងតែប្រមូលមកនោះ។ (វិវរណៈ ១៦:១៤,១៦) នៅទីបំផុត ដោយទទួលអានុភាពពីពួកអារក្សនោះ សាសន៍ទាំងឡាយនៅផែនដីនឹងរួមសាមគ្គីគ្នាក្នុងបំណងតែមួយគត់ គឺដើម្បីច្បាំងនឹងព្រះដែលមានគ្រប់ព្រះចេស្ដា។
គ្រាដែលមនុស្សនឹងមូលគ្នាប្រឆាំងទាស់នឹងការគ្រប់គ្រងរបស់ព្រះគឺជិតដល់ហើយ។ ផ្ទុយពីអ្វីដែលពួកគេនឹងរំពឹងទុកនោះ «សាមគ្គីភាព»របស់ពួកគេនឹងគ្មានផលប្រយោជន៍អ្វីទេ។ ផ្ទុយទៅវិញ ការប្រព្រឹត្តរបស់ពួកគេនឹងជាទីចាប់ផ្ដើមនៃសន្ដិភាពពិភពលោកដែលមនុស្សជាតិបានទន្ទឹងចាំតាំងពីយូរមកហើយ។ តើយ៉ាងដូចម្ដេច? ក្នុងចំបាំងចុងក្រោយនេះ នគរឬព្រះរាជាណាចក្ររបស់ព្រះ«នឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[ឬរដ្ឋាភិបាលរបស់មនុស្ស]វិញ នគរនោះ[របស់ព្រះ]នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤) មិនមែនអង្គការណាមួយរបស់មនុស្ស តែគឺជាព្រះរាជាណាចក្រដែលជារដ្ឋាភិបាលរបស់ព្រះជាអ្នកបង្កើតឲ្យមានសន្ដិភាពពិភពលោកតាមបំណងប្រាថ្នារបស់មនុស្សជាតិ។
ប្រមុខនៃរាជរដ្ឋាភិបាលរបស់ព្រះ
ព្រះរាជាណាចក្រនោះជាអ្វីដែលមនុស្សចិត្តទៀងត្រង់បានអធិស្ឋានសុំដោយពាក្យថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:១០) ព្រះរាជាណាចក្ររបស់ព្រះមិនមែនជាអ្វីស្រពិចស្រពិលដែលមាននៅក្នុងចិត្តនោះទេ តែជារដ្ឋាភិបាលពិតប្រាកដមួយដែលបានសម្រេចការយ៉ាងអស្ចារ្យតាំងពីត្រូវបានស្ថាបនាឡើងនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ សូមយើងពិចារណាកត្ដាសំខាន់ៗដែលបង្ហាញថា ព្រះរាជាណាចក្ររបស់ព្រះជាអ្វីដ៏ពិតប្រាកដនឹងកំពុងតែមានសកម្មភាពសព្វថ្ងៃនេះ។
ទីមួយ ព្រះរាជាណាចក្រនោះមានអំណាចនីតិប្រតិបត្ដិដ៏ខ្លាំងក្លានិងមានប្រសិទ្ធភាពផង ដែលបានដឹកនាំដោយព្រះយេស៊ូគ្រីស្ទជាស្តេច។ នៅឆ្នាំ៣៣ ស.យ. ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូគ្រីស្ទជាប្រមុខនៃក្រុមជំនុំគ្រីស្ទាន។ (អេភេសូរ ១:២២) តាំងពីពេលនោះមក ព្រះយេស៊ូបានប្រើអំណាចជាប្រមុខតាមរបៀបដែលបង្ហាញឲ្យឃើញនូវសមត្ថភាពរបស់ទ្រង់ជាអ្នកដឹកនាំ។ ជាឧទាហរណ៍ នៅសតវត្សរ៍ទីមួយ ពេលដែលមានទុរភិក្សជាខ្លាំងនៅស្រុកយូដា ក្រុមជំនុំគ្រីស្ទានបានចាត់វិធានការភ្លាមៗដើម្បីជួយបងប្អូនគ្រីស្ទាន។ ក្រុមជំនុំបានរៀបចំដើម្បីផ្ដល់ជំនួយ ហើយបាណាបាសនិងសុលត្រូវបានចាត់ពីទីក្រុងអានទីយ៉ូកទាំងនាំយកសំភារៈផ្គត់ផ្គង់ទៅជាមួយផង។—កិច្ចការ ១១:២៧-៣០
ដោយរាជរដ្ឋាភិបាលរបស់ព្រះកំពុងតែដំណើរការហើយនោះ យើងជឿជាក់ថា ព្រះយេស៊ូគ្រីស្ទក៏នឹងធ្វើដូចគ្នានៅសព្វថ្ងៃនេះដែរ។
ពេលណាដែលមានមហន្តរាយធម្មជាតិ ដូចជារញ្ជួយដី ទុរភិក្ស ទឹកជំនន់ ខ្យល់ព្យុះ ឬការផ្ទុះភ្នំភ្លើងជាដើម ក្រុមជំនុំគ្រីស្ទានរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាឆ្លើយតបភ្លាមៗចំពោះសេចក្ដីត្រូវការរបស់អ្នកជឿគ្នីគ្នានិងអ្នកឯទៀតនៅតំបន់រងគ្រោះ។ ជាឧទាហរណ៍ នៅពេលដែលមានរញ្ជួយដីនៅប្រទេសអែលសាវ៉ាឌរនៅខែមករានិងខែកុម្ភៈ ឆ្នាំ២០០១ នោះបងប្អូនទូទាំងប្រទេសបានរៀបចំផ្ដល់ជំនួយ ហើយស្មរបន្ទាល់ព្រះយេហូវ៉ាពីប្រទេសកាណាដា ប្រទេសហ្គាតេម៉ាឡា និងសហរដ្ឋអាមេរិកក៏បានផ្ដល់ជំនួយដែរ។ សាលប្រជុំបីខ្នងដែលជាកន្លែងថ្វាយបង្គំរបស់ពួកគេថែមទាំងផ្ទះ៥០០ខ្នង ត្រូវបានសង់ឡើងវិញក្នុងរយៈពេលដ៏ខ្លី។រាស្ត្រនៃរាជរដ្ឋាភិបាលរបស់ព្រះ
ព្រះរាជាណាចក្ររបស់ព្រះកំពុងតែប្រមូលនិងរៀបចំមនុស្សពីគ្រប់ប្រទេសទូទាំងផែនដីឲ្យធ្វើជារាស្ត្រ តាំងពីរដ្ឋាភិបាលនោះត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩១៤មក។ នេះជាការសម្រេចនៃទំនាយដ៏អស្ចារ្យមួយដែលអេសាយបានសរសេរថា៖ «នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា[ឬការថ្វាយបង្គំពិតរបស់ទ្រង់ដែលត្រូវបានលើកតម្កើង] នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ ហើយ . . . អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ»។ ទំនាយនេះបង្ហាញថា«ប្រជាជាតិជាច្រើន»នឹងឡើងទៅភ្នំនោះហើយព្រមទទួលការណែនាំនិងច្បាប់របស់ព្រះយេហូវ៉ា។—អេសាយ ២:២, ៣
ជាលទ្ធផល សកម្មភាពដ៏សំខាន់បំផុតប្រចាំសម័យនេះកំពុងតែកើតឡើង គឺជាការរួមគ្នាជាភាតរភាពអន្តរជាតិមួយដែលមានសមាសភាពជាគ្រីស្ទាន៦.០០០.០០០នាក់នៅជាង២៣០ប្រទេស។ ជាញឹកញយ នៅសន្និបាតអន្តរជាតិរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាអ្នកសង្កេតបាននឹកអស្ចារ្យក្នុងចិត្តពេលដែលឃើញសេចក្ដីស្រឡាញ់ មេត្រីភាព និងសាមគ្គីភាពក្នុងចំណោមអ្នកចូលរួមជាច្រើនអនេកដោយមិនប្រកាន់ជាតិសាសន៍ វប្បធម៌ ឬភាសាឡើយ។ (កិច្ចការ ១០:៣៤, ៣៥) តើអ្នកយល់ស្របថា រដ្ឋាភិបាលមួយដែលអាចបង្រួបបង្រួមមនុស្សរាប់រយសាសន៍ឲ្យមានមេត្រីភាពនិងសាមគ្គីភាពដូចនេះ ជារដ្ឋាភិបាលដែលមានប្រសិទ្ធភាព ស្ថេរភាព និងជារដ្ឋាភិបាលពិតប្រាកដមួយទេ?
ព្រះរាជាណាចក្ររបស់ព្រះនិងការអប់រំ
គ្រប់រដ្ឋាភិបាលតែងមានខ្នាតតម្រាដែលតម្រូវឲ្យពលរដ្ឋប្រព្រឹត្តតាម និងអស់អ្នកណាដែលចង់រស់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលនោះក៏ត្រូវធ្វើតាមខ្នាតតម្រាទាំងនោះដែរ។ ស្រដៀងគ្នាដែរ ព្រះរាជាណាចក្ររបស់ព្រះមានខ្នាតតម្រាសំរាប់អស់អ្នកដែលចង់ទៅជារាស្ត្រនៃរដ្ឋាភិបាលរបស់ទ្រង់។ ក៏ប៉ុន្តែ ការជួយមនុស្សជាច្រើនពីមជ្ឈដ្ឋានផ្សេងៗឲ្យទទួលធ្វើតាមខ្នាតតម្រាតែមួយដូចគ្នានោះគឺជាកិច្ចការធំសម្បើមណាស់។ ដូច្នេះ នេះជាកត្ដាមួយទៀតដែលបញ្ជាក់ថាព្រះរាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលដ៏ពិតប្រាកដមួយគឺ ដោយមានកម្មវិធីអប់រំដ៏មានប្រសិទ្ធភាពដែលអាចបណ្ដាលឲ្យកែប្រែទាំងចិត្តនិងគំនិតផងដែរ។
តើរាជរដ្ឋាភិបាលរបស់ព្រះសម្រេចការដ៏ពិបាកនេះយ៉ាងដូចម្ដេច? តាមរយៈវិធីសាស្ត្ររបស់សាវ័កទាំងប៉ុន្មានរបស់ព្រះយេស៊ូ គឺការផ្សព្វផ្សាយ«ពីផ្ទះ១ទៅផ្ទះ១»និងការបង្រៀនព្រះបន្ទូលរបស់ព្រះដល់មនុស្សដោយផ្ទាល់។ (កិច្ចការ ៥:៤២; ២០:២០) តើការអប់រំបែបនេះមានប្រសិទ្ធភាពប៉ុនណា? ក្នុងកាសែតមួយនៃប្រទេសកាណាដា លោកហ្សក ចនសាន បានសរសេរអំពីពេលដែលគាត់ព្យាយាមបញ្ចុះបញ្ចូលស្ត្រីម្នាក់ឲ្យឈប់រៀនជាមួយនឹងស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់សរសេរថា៖ «ខ្ញុំបានទាល់ប្រាជ្ញាណាស់ ហើយក៏ បានទទួលស្គាល់ថាខ្ញុំឈ្នះពុំបានឡើយ។ ខ្ញុំចាប់ផ្ដើមយល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែសោះ ស្ត្រីស្មរបន្ទាល់ទាំងនោះបានចងមេត្រីភាពជាមួយនឹងស្ត្រីនេះដែលជាម្ដាយវ័យក្មេង ហើយពិការចេញទៅណាមិនរួច។ ពួកគេបានរាប់អានគាត់ជាមិត្តទាំងយកចិត្តទុកដាក់និងផ្ដល់ជំនួយផងដែរ ជាហេតុដែលបង្កើតឲ្យមានចំណងសេចក្ដីស្រឡាញ់ដ៏រឹងមាំ។ មិនយូរក្រោយនោះ គាត់បានក្លាយជាសមាជិកនៃសាសនារបស់ពួកគេ ហើយខ្ញុំរារាំងគាត់ពុំបានឡើយ»។ ស្ត្រីដែលធ្លាប់តែកាន់សាសនាកាតូលិចត្រូវបានជំរុញឲ្យផ្លាស់ប្ដូរដោយអ្វីដែលស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនពីព្រះគម្ពីរ និងចរិយារបស់ពួកគេដែលសមស្របតាមគោលការណ៍គ្រីស្ទាន។ ដូចគ្នាដែរ ចិត្តរបស់មនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងតែត្រូវជំរុញឲ្យធ្វើដូច្នេះដែរ។
ការអប់រំនេះជាការអប់រំពីព្រះរាជាណាចក្ររបស់ព្រះដែលមានមូលដ្ឋានលើព្រះគម្ពីរ ថែមទាំងជំរុញឲ្យកាន់តាមគោលការណ៍និងខ្នាតតម្រាសីលធម៌ក្នុងព្រះគម្ពីរ។ ការអប់រំនោះបង្រៀនមនុស្សឲ្យស្រឡាញ់និងប្រព្រឹត្តយ៉ាងថ្លៃថ្នូរនឹងគ្នា មិនថាមកពីមជ្ឈដ្ឋានណាក៏ដោយ។ (យ៉ូហាន ១៣:៣៤, ៣៥) ការអប់រំនោះក៏ជួយមនុស្សឲ្យប្រព្រឹត្តតបនឹងការដាស់តឿនថា៖ «កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង»។ (រ៉ូម ១២:២) ដោយលះចោលរបៀបរស់នៅពីមុនហើយមកប្រព្រឹត្តតាមច្បាប់និងគោលការណ៍នៃរាជរដ្ឋាភិបាលរបស់ព្រះដោយចិត្តសប្បាយនោះ មនុស្សរាប់លាននាក់បានទទួលនូវសេចក្ដីសុខនិងសុភមង្គលឥឡូវនេះ ហើយក៏មានលទ្ធភាពមានអនាគតដ៏ភ្លឺស្វាងទៀតផង។—កូល៉ុស ៣:៩-១១
ជំនួយដ៏ល្អក្នុងការនាំឲ្យមានសាមគ្គីភាពពិភពលោកនោះគឺជាទស្សនាវដ្ដីនេះ ហៅថាទស្សនាវដ្ដីប៉មយាម។ តាមរយៈការបកប្រែដែលត្រូវចាត់ចែងយ៉ាងល្អ ថែមទាំងម៉ាស៊ីនបោះពុម្ពដែលអាចបោះពុម្ពចេញជាច្រើនភាសា នោះអត្ថបទសំខាន់ៗក្នុងទស្សនាវដ្ដីប៉មយាមកំពុងតែត្រូវបោះពុម្ពជា១៣៥ភាសានៅដំណាលគ្នា ហើយ៩៥ភាគរយនៃអ្នកអានទូទាំងពិភពលោកអាចសិក្សាពត៌មាននេះក្នុងភាសារបស់ខ្លួននៅដំណាលគ្នាដែរ។
អ្នកនិពន្ធម្នាក់ដែលកាន់សាសនាមរមនបានសរសេររៀបរាប់អំពីបេសកកម្មសាសនទូតដែលបានទទួលជោគជ័យបំផុតក្រៅពីសាសនារបស់គាត់។ គាត់បានសរសេរថាទស្សនាវដ្ដីប៉មយាមនិងទស្សនាវដ្ដីភ្ញាក់រឭក!ដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា ជាទស្សនាវដ្ដីល្អបំផុតសំរាប់ការផ្សព្វផ្សាយដំណឹងល្អ ហើយគាត់ក៏សរសេរថា៖ «គ្មានអ្នកណាអាចចោទថាទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!នាំឲ្យមនុស្សធ្វេសស្មារតីទេ តែផ្ទុយទៅវិញ ទស្សនាវដ្ដីទាំងពីរនោះតឿនស្មារតីអ្នកអានយ៉ាងខ្លាំង ហើយមិនសូវមានសៀវភៅសាសនាណាដូចទេ។ ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក!ល្អអានដោយសារមានពត៌មានដ៏ពិតៗដែលត្រូវបានស្រាវជ្រាវយ៉ាងល្អ ថែមទាំងទាក់ទងនឹងតថភាពនៃជីវិត»។
មានភស្តុតាងច្រើនលើសលប់ដែលបញ្ជាក់ថា ព្រះរាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលពិតប្រាកដមួយដែលកំពុងតែដំណើរការឥឡូវនេះ។ ស្មរបន្ទាល់ព្រះយេហូវ៉ារីករាយនិងរំភើបចិត្តផ្សាយប្រាប់«ដំណឹងល្អនេះ ដែលសំដែងពី»ព្រះរាជាណាចក្ររបស់ព្រះដល់អ្នកជិតខាង ទាំងអញ្ជើញពួកគេឲ្យធ្វើជារាស្ត្ររបស់ព្រះដែរ។ (ម៉ាថាយ ២៤:១៤) តើអ្នកចាប់អារម្មណ៍ទៅលើរឿងនេះទេ? អ្នកអាចទទួលពរដែលមកពីការសេពគប់ជាមួយនឹងអ្នកដែលកំពុងតែទទួលការអប់រំអំពីខ្នាតតម្រានៃព្រះរាជាណាចក្ររបស់ព្រះ ហើយកំពុងតែព្យាយាមធ្វើតាមខ្នាតតម្រាទាំងនោះ។ ល្អជាងនេះទៅទៀត អ្នកអាចមានសេចក្ដីសង្ឃឹមរស់នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះក្នុងពិភពលោកថ្មីដែល«មានសុទ្ធតែសេចក្ដីសុចរិត»តាមសេចក្ដីសន្យារបស់ព្រះ។—ពេត្រុសទី២ ៣:១៣
[កំណត់សម្គាល់]
^ វគ្គ 5 ដើម្បីអានពត៌មានល្អិតល្អន់អំពីរឿងនេះ សូមមើលជំពូកទីដប់ ដែលមានចំណងជើងថា«ព្រះរាជាណាចក្រនៃព្រះកាន់អំណាចគ្រប់គ្រង» ក្នុងសៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា ទំព័រ៩០-៩៧។
[រូបភាពនៅទំព័រ៥]
នៅឆ្នាំ១៩១៤ ប្រទេសទាំងឡាយ បានតយុទ្ធនឹងគ្នាយ៉ាងស្វិតស្វាញទូទាំងពិភពលោក
[រូបភាពនៅទំព័រ៦]
ការផ្ដល់ជំនួយដោយស្ម័គ្រចិត្តជាភស្តុតាងដែលសឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ជនគ្រីស្ទាន
[រូបភាពនៅទំព័រ៧]
ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក ទទួលប្រយោជន៍ពីកម្មវិធីអប់រំដូចគ្នា