អស់កម្លាំងកាយតែមិនអស់កម្លាំងខាងវិញ្ញាណ
អស់កម្លាំងកាយតែមិនអស់កម្លាំងខាងវិញ្ញាណ
«ព្រះយេហូវ៉ាជាព្រះដែលបានបង្កើតផែនដីរហូតដល់ចុងបំផុត . . . ទ្រង់រមែងចំរើនកំឡាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ»។—អេសាយ ៤០:២៨, ២៩
១, ២. (ក) ចំពោះអស់អ្នកដែលចង់បានការថ្វាយបង្គំបរិសុទ្ធ តើមានសេចក្ដីអញ្ជើញអ្វីដែលទាក់ទាញទឹកចិត្ត? (ខ) តើអ្វីដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ភាពខាងវិញ្ញាណរបស់យើង?
ជាសិស្សរបស់ព្រះយេស៊ូ យើងដឹងច្បាស់នូវសេចក្ដីអញ្ជើញរបស់ព្រះយេស៊ូដែលទាក់ទាញទឹកចិត្តយើងដោយថា៖ «អស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយ! ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក . . . ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល»។ (ម៉ាថាយ ១១:២៨-៣០) ពួកគ្រីស្ទានក៏ត្រូវទទួល«ពេលលំហើយមកពី[ព្រះយេហូវ៉ា]»ដែរ។ (កិច្ចការ ៣:១៩) យ៉ាងច្បាស់ណាស់ អ្នកបានពិសោធដោយផ្ទាល់នូវកម្លាំងចិត្តដែលបានមកពីការរៀនសេចក្ដីពិតក្នុងព្រះគម្ពីរ សេចក្ដីសង្ឃឹមដ៏ភ្លឺស្វាងសំរាប់អនាគត និងការអនុវត្តតាមគោលការណ៍របស់ព្រះយេហូវ៉ាក្នុងជីវិតរបស់អ្នក។
២ ក៏ប៉ុន្តែ អ្នកថ្វាយបង្គំខ្លះរបស់ព្រះយេហូវ៉ាអស់កម្លាំងចិត្តម្ដងម្កាលដែរ។ ក្នុងករណីខ្លះ ការធ្លាក់ទឹកចិត្តគឺមានរយៈពេលខ្លី នៅពេលខ្លះទៀត ការអស់កម្លាំងចិត្តគឺមានរយៈពេលយូរ។ យូរក្រោយមក អ្នកខ្លះប្រហែលជាមានអារម្មណ៍ថា ភារកិច្ចគ្រីស្ទានរបស់គេបានក្លាយទៅជាបន្ទុកជាជាងផ្ដល់នូវកម្លាំងចិត្តដូចជាព្រះយេស៊ូបានសន្យានោះ។ ការមានអារម្មណ៍មិនល្អបែបនេះប្រហែលជានាំឲ្យមានគ្រោះថ្នាក់ដល់ចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា។
៣. ហេតុអ្វីក៏ព្រះយេស៊ូប្រទានឱវាទនៅយ៉ូហាន ១៤:១?
៣ បន្ដិចមុនគេចាប់ព្រះយេស៊ូហើយធ្វើគុតដល់ទ្រង់ នោះទ្រង់បានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ»។ (យ៉ូហាន ១៤:១) ព្រះយេស៊ូបានមានបន្ទូលដូចនេះពេលពួកសាវ័កហៀបនឹងជួបប្រទះនូវព្រឹត្ដិការណ៍ដ៏ខ្លោចផ្សា។ ក្រោយពីនោះ ការបៀតបៀនក៏ផ្ទុះឡើង។ ព្រះយេស៊ូជ្រាបថា ពួកសាវ័ករបស់ទ្រង់នឹងជំពប់ដួលឬរវាតចិត្តដោយសារការធ្លាក់ទឹកចិត្ត។ (យ៉ូហាន ១៦:១) ការមានអារម្មណ៍ស្រងូតស្រងាត់នេះអាចធ្វើឲ្យពួកសាវ័កទៅជាខ្សោយជាងខាងវិញ្ញាណ ហើយបណ្ដាលឲ្យពួកគេបាត់ទំនុកចិត្តលើព្រះយេហូវ៉ា បើមិនចាត់វិធានការធ្វើអ្វីនោះទេ។ សព្វថ្ងៃនេះជនគ្រីស្ទានពិតក៏ដូចគ្នាដែរ។ ការធ្លាក់ទឹកចិត្តដែលមានរយៈពេលយូរអាចធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយធ្វើឲ្យចិត្តរបស់យើងពោរពេញដោយទុក្ខព្រួយ។ (យេរេមា ៨:១៨) ចិត្តរបស់យើងអាចទៅជាខ្សោយបាន។ ក្រោមការគាបសង្កត់បែបនេះ យើងអាចទៅជាអស់កម្លាំងចិត្តនិងកម្លាំងខាងវិញ្ញាណ ព្រមទាំងបាត់បង់នូវសេចក្ដីប្រាថ្នាចង់ថ្វាយបង្គំព្រះយេហូវ៉ាទៀតផង។
៤. តើអ្វីដែលអាចជួយយើងឲ្យការពារចិត្តពីការអស់កម្លាំង?
៤ ឱវាទមួយនេះក្នុងព្រះគម្ពីរគឺសមហេតុផលមែនដែលថា៖ «ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក»។ (សុភាសិត ៤:២៣) ព្រះគម្ពីរផ្ដល់នូវឱវាទដែលមានប្រយោជន៍ដើម្បីជួយការពារចិត្តយើងពីការធ្លាក់ទឹកចិត្តនិងការអស់កម្លាំងខាងវិញ្ញាណ។ ប៉ុន្តែ មុនដំបូងយើងត្រូវស្គាល់ឲ្យបានច្បាស់នូវមូលហេតុដែលនាំឲ្យយើងអស់កម្លាំង។
សាសនាគ្រីស្ទានមិនមែនជាបន្ទុកធ្ងន់
៥. តើស្ដាប់ទៅដូចជាមានការផ្ទុយគ្នាអ្វីស្តីអំពីការធ្វើជាគ្រីស្ទាន?
៥ ពិតមែន ជាជនគ្រីស្ទានម្នាក់គឺតម្រូវឲ្យយើងខំប្រឹងយ៉ាងអស់ពីចិត្ត។ (លូកា ១៣:២៤) ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលមិនផ្ទុកឈើឆ្កាង[ឬ«បង្គោលឈើទារុណកម្ម», ព.ថ.]ខ្លួនមកតាមខ្ញុំ នោះក៏ធ្វើជាសិស្សខ្ញុំមិនបានដែរ»។ (លូកា ១៤:២៧) ស្ដាប់ទៅពាក្យនេះដូចជាផ្ទុយគ្នានឹងបន្ទូលរបស់ព្រះយេស៊ូអំពីបន្ទុកស្រាលដែលនឹងផ្ដល់កម្លាំងចិត្ត ប៉ុន្តែតាមពិតគឺគ្មានការផ្ទុយគ្នាឡើយ។
៦, ៧. ហេតុអ្វីក៏អាចនិយាយថាការថ្វាយបង្គំរបស់យើងគឺមិនធ្វើឲ្យយើងអស់កម្លាំង?
៦ ការខំប្រឹងអស់ពីចិត្តនិងការធ្វើការនឿយហត់ ទោះជាធ្វើឲ្យអស់កម្លាំងកាយក៏ដោយ ក៏អាចធ្វើឲ្យយើងស្កប់ចិត្តនិងមានកម្លាំង កាលសាស្ដា ៣:១៣, ២២) ហើយគ្មានហេតុណាល្អជាងការចូលរួមប្រាប់នូវសេចក្ដីពិតដ៏អស្ចារ្យក្នុងព្រះគម្ពីរជូនអ្នកដទៃឡើយ។ ម្យ៉ាងទៀត ការខំប្រឹងធ្វើតាមក្បួនខ្នាតសីលធម៌ខ្ពង់ខ្ពស់របស់ព្រះនឹងមិនសូវពិបាកប៉ុន្មានទេ បើប្រៀបធៀបនឹងផលប្រយោជន៍ដែលយើងទទួលវិញនោះ។ (សុភាសិត ២:១០-២០) សូម្បីតែយើងត្រូវគេបៀតបៀនក៏ដោយ ក៏យើងចាត់ទុកការរងទុក្ខដោយសារព្រះរាជាណាចក្ររបស់ព្រះជាកិត្ដិយសទៅវិញ។—ពេត្រុសទី១ ៤:១៤
ណាយើងធ្វើការនោះសំរាប់ហេតុដ៏ល្អ។ (៧ បន្ទុករបស់ព្រះយេស៊ូគឺប្រាកដជាផ្ដល់កម្លាំងចិត្តមែន ជាពិសេសបើប្រៀបធៀបនឹងមនុស្សដែលមានភាពងងឹតខាងវិញ្ញាណដែលនៅក្រោមនឹមនៃសាសនាក្លែងក្លាយ។ ព្រះមានសេចក្ដីស្រឡាញ់ចំពោះយើង និងទ្រង់មិនតម្រូវអ្វីពីយើងដែលយើងធ្វើពុំកើតឡើយ។ «បញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) សាសនាគ្រីស្ទានពិតដូចបានរៀបរាប់ក្នុងបទគម្ពីរគឺមិនមែនជាបន្ទុកធ្ងន់ទេ។ យ៉ាងច្បាស់ណាស់ ការថ្វាយបង្គំរបស់យើងមិនធ្វើឲ្យយើងអស់កម្លាំងនិងធ្លាក់ទឹកចិត្តឡើយ។
«ចោលអស់ទាំងបន្ទុក»
៨. តើអ្វីជាមូលហេតុធម្មតានៃការអស់កម្លាំងខាងវិញ្ញាណ?
៨ ការអស់កម្លាំងខាងវិញ្ញាណគឺច្រើនតែជាបន្ទុកបន្ថែមដែលដាក់មកលើយើងដោយសាររបបលោកីយ៍ដ៏ពុករលួយនេះ។ ពីព្រោះ«លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច» នោះឥទ្ធិពលមិនល្អអាចធ្វើឲ្យយើងអស់កម្លាំងនិងពង្រេចពង្រឹលនូវតុល្យភាពរបស់គ្រីស្ទាន។ (យ៉ូហានទី១ ៥:១៩) ការស្វះស្វែងដែលមិនត្រូវការចាំបាច់នោះអាចធ្វើឲ្យជីវិតទៅជាស្មុគស្មាញនិងរំខានដល់សកម្មភាពរបស់យើងជាគ្រីស្ទាន។ ការបន្ថែមបន្ទុកនេះអាចគ្របសង្កត់មកលើចិត្តយើងនិងធ្វើទុក្ខយើងថែមទៀតផង។ គឺជាការត្រឹមត្រូវដែលព្រះគម្ពីរដាស់តឿនយើងឲ្យ«ចោលអស់ទាំងបន្ទុក»។—ហេព្រើរ ១២:១-៣
៩. តើការស្វែងរកទ្រព្យសម្បត្ដិធ្វើឲ្យយើងមានបន្ទុកធ្ងន់យ៉ាងដូចម្ដេច?
៩ ជាឧទាហរណ៍ លោកីយ៍នេះប្រមូលអារម្មណ៍លើតែការមានមុខមានមាត់ លុយ ការកំសាន្ត ការធ្វើដំណើរកំសាន្ត និងការស្វះស្វែងរកទ្រព្យសម្បត្ដិ ហើយអ្វីទាំងនេះអាចមានអានុភាពលើគំនិតរបស់យើង។ (យ៉ូហានទី១ ២:១៥-១៧) ជនគ្រីស្ទានខ្លះនៅសតវត្សរ៍ទីមួយដែលបានស្វែងរកទ្រព្យសម្បត្ដិបានធ្វើឲ្យជីវិតរបស់គេទៅជាស្មុគស្មាញវិញ។ សាវ័កប៉ុលពន្យល់ថា៖ «ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាងដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេដោយសេចក្ដីព្រួយលំបាកជាច្រើន»។—ធីម៉ូថេទី១ ៦:៩, ១០
១០. តើយើងអាចរៀនអ្វីអំពីទ្រព្យសម្បត្ដិក្នុងឧទាហរណនិទស្សន៍របស់ព្រះយេស៊ូអំពីអ្នកព្រោះពូជ?
១០ នៅពេលដែលយើងអស់កម្លាំងនិងធ្លាក់ទឹកចិត្តក្នុងកិច្ចបំរើរបស់យើងចំពោះព្រះ តើនេះដោយសារយើងស្វះស្វែងរកទ្រព្យសម្បត្ដិដែលធ្វើឲ្យបាត់បង់ភាពខាងវិញ្ញាណរបស់យើងទេដឹង? នេះគឺអាចដូច្នេះមែន ដូចបានបញ្ជាក់ក្នុងឧទាហរណនិទស្សន៍របស់ព្រះយេស៊ូអំពីអ្នកព្រោះពូជ។ ព្រះយេស៊ូបានប្រៀបធៀប«សេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត»ទៅនឹងបន្លាដែល«ចូលមកខ្ទប់»គ្រាប់ពូជនៃព្រះបន្ទូលរបស់ព្រះក្នុងចិត្តរបស់យើង។ (ម៉ាកុស ៤:១៨, ១៩) ហេតុដូច្នេះហើយ ព្រះគម្ពីរព្រមានយើងថា៖ «ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា‹អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ›»។—ហេព្រើរ ១៣:៥
១១. តើយើងអាចដកចេញនូវរបស់ដែលធ្វើឲ្យយើងមានបន្ទុកធ្ងន់យ៉ាងដូចម្ដេច?
១១ ជួនកាល អ្វីដែលធ្វើឲ្យជីវិតយើងទៅជាស្មុគស្មាញ គឺមិនមែនជាការស្វះស្វែងរកទ្រព្យសម្បត្ដិជាច្រើននោះទេ ប៉ុន្តែជាអ្វីដែលយើងមានរួចទៅហើយ តើយើងនឹងត្រូវធ្វើយ៉ាងណា? អ្នកខ្លះប្រហែលជាអស់កម្លាំងចិត្តដោយសារបញ្ហាដ៏ធ្ងន់ធ្ងរខាងសុខភាពនិងបងប្អូនជាទីស្រឡាញ់ត្រូវស្លាប់ ឬក៏បញ្ហាផ្សេងទៀតដែលធ្វើឲ្យទុក្ខព្រួយ។ ពួកគាត់ត្រូវធ្វើការកែប្រែយូរម្ដងៗ។ ស្វាមីភរិយាមួយគូបានសម្រេចចិត្តឈប់ធ្វើការកំសាន្តខ្លះៗដែលពួកគាត់ធ្លាប់ធ្វើ រួមទាំងកិច្ចការផ្ទាល់ខ្លួនខ្លះៗដែលមិនសូវសំខាន់។ តាមពិត ពួកគាត់បានពិនិត្យមើលអីវ៉ាន់ផ្សេងៗនិងរៀបចំរបស់របរដែលទាក់ទងនឹងការកំសាន្តនោះ ហើយដាក់ក្នុងហិបនិងយកទៅទុកឲ្យឆ្ងាយពីភ្នែក។ យូរម្ដងៗ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ដោយពិនិត្យមើលទម្លាប់និងរបស់របរដែលយើងមាន ដោយដកចេញនូវបន្ទុកដែលមិនចាំបាច់ ដើម្បីកុំឲ្យយើងនឿយហត់និងរសាយចិត្តចេញ។
ការចេះយោគយល់និងចិត្តសុភាពគឺត្រូវការជាចាំបាច់
១២. តើយើងគួរទទួលស្គាល់យ៉ាងណាចំពោះកំហុសរបស់ខ្លួនយើង?
១២ កំហុសរបស់យើងសូម្បីក្នុងរឿងតូចតាចក៏ដោយ យូរៗទៅក៏អាចធ្វើឲ្យជីវិតយើងស្មុគស្មាញដែរ។ ពាក្យរបស់ដាវីឌគឺត្រូវមែនដែលថា៖ «ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ បានឡើងលិចក្បាលទូលបង្គំហើយ ក៏ដូចជាបន្ទុកយ៉ាងធ្ងន់ដែលទូលបង្គំទ្រាំមិនបាន»។ (ទំនុកដំកើង ៣៨:៤) ធម្មតាបើយើងធ្វើការកែប្រែឲ្យបានល្អខ្លះៗ នោះនឹងធ្វើឲ្យយើងធូរស្រាលពីបន្ទុកដ៏ធ្ងន់នោះ។
១៣. តើការចេះយោគយល់ជួយយើងឲ្យមានតុល្យភាពក្នុងកិច្ចបំរើផ្សាយយ៉ាងដូចម្ដេច?
១៣ ព្រះគម្ពីរលើកទឹកចិត្តយើងឲ្យ«រក្សាប្រាជ្ញាដែលមានប្រយោជន៍និងសមត្ថភាពរិះគិត»។ (សុភាសិត ៣:២១, ២២, ព.ថ.) ព្រះគម្ពីរចែងថា៖ ‹ប្រាជ្ញាដែលមកពីស្ថានលើគឺ . . . ចេះយោគយល់›។ (យ៉ាកុប ៣:១៧) មនុស្សខ្លះបង្ខំចិត្តខ្លួនឯងថាត្រូវទៅផ្សព្វផ្សាយឲ្យបានច្រើនដូចអ្នកដទៃ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរដាស់តឿនយើងថា៖ «ចូរឲ្យគ្រប់គ្នាល្បងលការដែលធ្វើរៀងៗខ្លួន នោះនឹងមានសេចក្ដីអំនួតចំពោះតែខ្លួនឯង មិនមែនចំពោះអ្នកណាទៀតទេ ដ្បិតគ្រប់គ្នាត្រូវទទួលបន្ទុកជារបស់ផងខ្លួន»។ (កាឡាទី ៦:៤, ៥) ពិតមែន គំរូដ៏ល្អនៃបងប្អូនគ្រីស្ទានអាចលើកទឹកចិត្តយើងឲ្យបំរើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត ប៉ុន្តែប្រាជ្ញាដែលមានប្រយោជន៍និងការចេះយោគយល់នឹងជួយយើងឲ្យចេះរៀបចំគោលដៅ តាមកាលៈទេសៈរបស់យើង។
១៤, ១៥. តើយើងអាចសម្ដែងនូវប្រាជ្ញាដែលមានប្រយោជន៍ក្នុងកាលបំពេញតម្រូវការខាងរាងកាយនិងផ្លូវចិត្តយ៉ាងដូចម្ដេច?
១៤ បើយើងចេះយោគយល់សូម្បីក្នុងកាលៈទេសៈដែលហាក់ដូចជាមិនសូវសំខាន់ក៏ដោយ ក៏អាចជួយយើងឲ្យជៀសផុតពីការអស់កម្លាំងខាងវិញ្ញាណ។ ជាឧទាហរណ៍ តើយើងបណ្ដុះនូវទម្លាប់ល្អដែលមានតុល្យភាពសំរាប់សុខភាពយើងឬទេ? ចូរពិនិត្យមើលតួយ៉ាងនៃគូស្វាមីភរិយាដែលបំរើក្នុងការិយាល័យសាខាមួយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកគាត់ឃើញនូវប្រាជ្ញាដែលមានប្រយោជន៍ដែលជួយកុំឲ្យអស់កម្លាំង។ ភរិយានោះពោលថា៖ «មិនថាយើងមានកិច្ចការច្រើនយ៉ាងណាក៏ដោយ យើងខំចូលសម្រាន្តនៅម៉ោងដដែលជារៀងរាល់យប់។ យើងក៏ហាត់ប្រាណជាទៀងទាត់ដែរ។ នេះពិតជាបានជួយយើងមែន។ យើងដឹងនូវកំរិតរបស់យើង ហើយយើងក៏ធ្វើទៅតាមសមត្ថភាពយើងដែរ។ យើងមិនប្រៀបធៀបខ្លួនយើងជាមួយនឹង
អស់អ្នកដែលហាក់ដូចជាមិនចេះអស់កម្លាំងនោះឡើយ»។ តើយើងបរិភោគអាហារដែលល្អសំរាប់សុខភាពនិងចូលសម្រាន្តបានគ្រប់គ្រាន់ជាទៀងទាត់ទេ? ការយកចិត្តទុកដាក់ដោយត្រឹមត្រូវចំពោះសុខភាពរបស់យើងទាំងមូលអាចជួយកាត់បន្ថយនូវការអស់កម្លាំងចិត្តនិងកម្លាំងខាងវិញ្ញាណ។១៥ យើងខ្លះមានតម្រូវការខុសប្លែកពីអ្នកដទៃ។ ជាឧទាហរណ៍ បងស្រីគ្រីស្ទានម្នាក់បានបំរើព្រះពេញពេលនៅកន្លែងពិបាកផ្សេងៗ។ គាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរដែលមានទាំងរោគមហារីក។ តើអ្វីដែលជួយគាត់ឲ្យប្រឈមមុខនឹងស្ថានការណ៍ដែលនាំឲ្យតានតឹងក្នុងចិត្តនោះ? គាត់ពោលថា៖ «ចំពោះខ្ញុំគឺសំខាន់ណាស់ដែលខ្ញុំអាចមានពេលនៅម្នាក់ឯងនិងអាចសប្បាយនឹងភាពស្ងប់ស្ងាត់នោះ។ កាលណាខ្ញុំដឹងថាមានការតានតឹងចិត្តនិងអស់កម្លាំងកាន់តែច្រើន នោះខ្ញុំត្រូវការនូវភាពស្ងប់ស្ងាត់កាន់តែខ្លាំងដើម្បីអាននិងសំរាក»។ ប្រាជ្ញាដែលមានប្រយោជន៍និងសមត្ថភាពរិះគិតជួយយើងឲ្យទទួលស្គាល់និងបំពេញនូវតម្រូវការរបស់យើង ហើយនេះជួយកុំឲ្យអស់កម្លាំងខាងវិញ្ញាណ។
ព្រះយេហូវ៉ាប្រទានកម្លាំងឲ្យយើង
១៦, ១៧. (ក) ហេតុអ្វីក៏ការមើលថែរក្សាសុខភាពខាងវិញ្ញាណរបស់យើងសំខាន់ម្ល៉េះ? (ខ) តើយើងត្រូវរួមបញ្ចូលអ្វីខ្លះក្នុងទម្លាប់រាល់ថ្ងៃរបស់យើង?
១៦ ប្រាកដហើយ ការមើលថែរក្សាសុខភាពខាងវិញ្ញាណរបស់យើងគឺសំខាន់ណាស់។ ពេលដែលយើងមានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា យើងប្រហែលជាអស់កម្លាំងកាយ ប៉ុន្តែយើងមិនដែលធុញទ្រាន់នឹងការថ្វាយបង្គំទ្រង់ឡើយ។ ព្រះយេហូវ៉ា«ទ្រង់រមែងចំរើនកំឡាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ»។ (អេសាយ ៤០:២៨, ២៩) សាវ័កប៉ុលដែលបានពិសោធនូវការពិតនៃពាក្យទាំងនេះបានសរសេរថា៖ «យើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំកំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ»។—កូរិនថូសទី២ ៤:១៦
១៧ ចូរកត់សម្គាល់នូវពាក្យ«រាល់ថ្ងៃ»។ នេះបង្ហើបឲ្យដឹងថាយើងត្រូវទទួលនូវសំវិធានការរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ សាសនទូតម្នាក់ដែលបានបំរើអស់៤៣ឆ្នាំត្រូវប្រឈមមុខនឹងការអស់កម្លាំងកាយនិងការធ្លាក់ទឹកចិត្ត។ ប៉ុន្តែ គាត់ពុំបានអស់កម្លាំងខាងវិញ្ញាណឡើយ។ គាត់ពោលថា៖ «ខ្ញុំមានទម្លាប់ក្រោកពីព្រលឹមដើម្បីខ្ញុំអាចចំណាយពេលអធិស្ឋានទូលព្រះយេហូវ៉ានិងអានព្រះបន្ទូលរបស់ទ្រង់មុនធ្វើកិច្ចការខ្លះៗ។ ទម្លាប់រាល់ថ្ងៃនេះបានជួយខ្ញុំឲ្យស៊ូទ្រាំរហូតមកដល់សព្វថ្ងៃនេះ»។ ប្រាកដហើយ យើងអាចទុកចិត្តលើអំណាចរបស់ព្រះយេហូវ៉ាដែលជួយទ្រទ្រង់យើង បើយើងអធិស្ឋានទូលទ្រង់«រាល់ថ្ងៃ» ឬជាទៀងទាត់ហើយរំពឹងគិតលើគុណសម្បត្ដិដ៏ខ្ពង់ខ្ពស់និងសេចក្ដីសន្យារបស់ទ្រង់។
១៨. តើព្រះគម្ពីរផ្ដល់នូវការសំរាលទុក្ខអ្វីចំពោះអស់អ្នកស្មោះត្រង់ដែលមានអាយុចាស់ជរាឬមានសុខភាពមិនល្អនោះ?
១៨ ចំពោះអស់អ្នកដែលធ្លាក់ទឹកចិត្តដោយអាយុចាស់ជរានិងសុខភាពមិនល្អ នេះគឺពិតជានាំឲ្យមានប្រយោជន៍មែន។ បុគ្គលបែបនេះអាចទៅជាធ្លាក់ទឹកចិត្ត មិនមែនដោយសារពួកគេប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃទេ ប៉ុន្តែពីព្រោះពួកគេប្រៀបធៀបខ្លួនទៅនឹងអ្វីដែលខ្លួនធ្លាប់បានសម្រេចពីមុន។ ជាការគួរឲ្យធូរស្រាលមែន ដោយដឹងថាព្រះយេហូវ៉ាលើកកិត្ដិយសមនុស្សចាស់! ព្រះគម្ពីរចែងថា៖ «ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) ព្រះយេហូវ៉ាជ្រាបអំពីកំរិតរបស់យើង និងចាត់ទុកការថ្វាយបង្គំស្មោះអស់ពីចិត្តរបស់យើងជាអ្វីដែលមានតម្លៃណាស់ ទោះជាយើងមានភាពទន់ខ្សោយក៏ដោយ។ ហើយកិច្ចការដ៏ល្អដែលយើងបានសម្រេចគឺបានកត់ទុកជាអចិន្ត្រៃយ៍ក្នុងសេចក្ដីនឹកចាំរបស់ព្រះ។ បទគម្ពីរធានារ៉ាប់រងយើងថា៖ «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ»។ (ហេព្រើរ ៦:១០) យើងមានចិត្តរីករាយណាស់ដែលក្នុងចំណោមយើងមានអ្នកដែលបំរើព្រះយេហូវ៉ាដោយចិត្តស្មោះអស់ច្រើនទសវត្សរ៍មកហើយ!
ចូរកុំឲ្យយើងណាយចិត្ត
១៩. តើយើងទទួលប្រយោជន៍ពីការជាប់រវល់ធ្វើការល្អយ៉ាងដូចម្ដេច?
១៩ មនុស្សជាច្រើនជឿថា ការធ្វើអ្វីដែលប្រើកម្លាំងជាទៀងទាត់អាចបន្ថយនូវការអស់កម្លាំង។ ស្រដៀងគ្នាដែរ ការចូលរួមធ្វើអ្វីៗខាងវិញ្ញាណអាចជួយយើងកាត់បន្ថយនូវការអស់កម្លាំងចិត្តនិងកម្លាំងខាងវិញ្ញាណ។ ព្រះគម្ពីរចែងថា៖ «កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេនោះដល់កំណត់ យើងនឹងច្រូតបានហើយ ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។ (កាឡាទី ៦:) ចូរកត់សម្គាល់នូវឃ្លា«ធ្វើការល្អ»។ នេះសបញ្ជាក់ថា យើងត្រូវមានសកម្មភាពដែរ។ ការធ្វើល្អចំពោះអ្នកដទៃប្រាកដជាជួយការពារយើងពីការអស់កម្លាំងខាងវិញ្ញាណក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា។ ៩, ១០
២០. ដើម្បីកុំឲ្យមានការធ្លាក់ទឹកចិត្ត តើយើងត្រូវជៀសវាងសេពគប់ជាមួយនឹងអ្នកណា?
២០ ផ្ទុយទៅវិញ ការសេពគប់និងការចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយនឹងមនុស្សដែលមិនគោរពច្បាប់របស់ព្រះ នោះអាចទៅជាបន្ទុកដែលនាំឲ្យអស់កម្លាំង។ ព្រះគម្ពីរព្រមានយើងថា៖ «ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត»។ (សុភាសិត ២៧:៣) ដើម្បីបង្ការការធ្លាក់ទឹកចិត្តនិងការអស់កម្លាំង យកល្អយើងជៀសវាងសេពគប់ជាមួយនឹងមនុស្សដែលមានគំនិតអគតិ និងដែលចេះតែរកកំហុសនិងរិះគន់អ្នកឯទៀត។
២១. តើយើងអាចជាបុគ្គលដែលលើកទឹកចិត្តអ្នកដទៃនៅឯកិច្ចប្រជុំគ្រីស្ទានយ៉ាងដូចម្ដេច?
២១ កិច្ចប្រជុំគ្រីស្ទានគឺជាសំវិធានការមួយពីព្រះយេហូវ៉ា ដែលអាចពង្រឹងកម្លាំងខាងវិញ្ញាណរបស់យើង។ នៅឯកិច្ចប្រជុំគ្រីស្ទាន យើងមានឱកាសដ៏ល្អបំផុតដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយការបង្រៀននិងការសេពគប់ដែលផ្ដល់នូវកម្លាំងចិត្ត។ (ហេព្រើរ ១០:២៥) គ្រប់គ្នាក្នុងក្រុមជំនុំគប្បីខំលើកទឹកចិត្តពេលឆ្លើយនៅឯកិច្ចប្រជុំ ឬពេលមានផ្នែកក្នុងកម្មវិធីលើវេទិកា។ អស់អ្នកដែលនាំមុខជាគ្រូបង្រៀន គឺទទួលខុសត្រូវជាពិសេសក្នុងការលើកទឹកចិត្តអ្នកដទៃ។ (អេសាយ ៣២:១, ២) សូម្បីតែត្រូវដាស់តឿនឬប្រដៅតម្រង់ នោះរបៀបដែលផ្ដល់ឱវាទគប្បីធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ។ (កាឡាទី ៦:១, ២) ប្រាកដហើយ សេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកដទៃនឹងជួយយើងឲ្យបំរើព្រះយេហូវ៉ាដោយមិនអស់កម្លាំងខាងវិញ្ញាណ។—ទំនុកដំកើង ១៣៣:១; យ៉ូហាន ១៣:៣៥
២២. ទោះជាយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ ហេតុអ្វីក៏យើងអាចមានចិត្តក្លាហាន?
២២ ការថ្វាយបង្គំព្រះយេហូវ៉ានៅគ្រាចុងបញ្ចប់នេះតម្រូវឲ្យយើងខំប្រឹងព្យាយាម។ ជនគ្រីស្ទានក៏មានការអស់កម្លាំងដែរ ដ្បិតការប្រើខួរក្បាលគិត ឈឺចាប់ខាងផ្លូវចិត្ត និងកាលៈទេសៈដែលនាំឲ្យមានការតានតឹងចិត្តមានឥទ្ធិពលលើយើងម្នាក់ៗ។ ភាពឥតគ្រប់ល័ក្ខណ៍របស់យើងធ្វើឲ្យយើងទន់ខ្សោយដូចជារបស់ដែលធ្វើពីដីឥដ្ឋដែលស្រួលបែក។ ប៉ុន្តែ ព្រះគម្ពីរចែងថា៖ «យើងមានទ្រព្យសម្បត្ដិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ»។ (កូរិនថូសទី២ ៤:៧) ត្រូវហើយ យើងនឹងអស់កម្លាំងកាយ ប៉ុន្តែយើងមិនដែលអស់កម្លាំងខាងវិញ្ញាណឬនឿយណាយចិត្តនោះឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើង«និយាយដោយក្លាហានថា ‹ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ›»។—ហេព្រើរ ១៣:៦
ការពិនិត្យមើលឡើងវិញដោយសង្ខេប
• តើមានបន្ទុកណាខ្លះដែលធ្វើឲ្យយើងពិបាកចិត្តដែលយើងអាចដកចេញបាន?
• តើយើងអាចចូលរួមក្នុងការ«ធ្វើល្អ»ចំពោះជនគ្រីស្ទានគ្នីគ្នាយ៉ាងដូចម្ដេច?
• តើព្រះយេហូវ៉ាទ្រទ្រង់យើងយ៉ាងដូចម្ដេចពេលដែលយើងអស់កម្លាំងឬធ្លាក់ទឹកចិត្តនោះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ព្រះយេស៊ូជ្រាបថាការធ្លាក់ទឹកចិត្តយូរអាចធ្វើឲ្យពួកសាវ័កមានបញ្ហា
[រូបភាពនៅទំព័រ៣១]
អ្នកខ្លះបានឈប់ធ្វើអ្វីផ្សេងៗដែលទាក់ទងការកំសាន្តរួមទាំងកិច្ចការផ្ទាល់ខ្លួនខ្លះៗដែលមិនសូវសំខាន់ផងដែរ
[រូបភាពនៅទំព័រ៣២]
ទោះជាយើងមានកំរិតក៏ដោយ ក៏ព្រះយេហូវ៉ាចាត់ទុកការថ្វាយបង្គំអស់ពីចិត្តរបស់យើងជាអ្វីដ៏មានតម្លៃខ្ពង់ខ្ពស់