លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រយ័ត្ននឹង«សំឡេងរបស់មនុស្សដទៃ»

ចូរប្រយ័ត្ននឹង«សំឡេងរបស់មនុស្សដទៃ»

ចូរ​ប្រយ័ត្ន​នឹង​«សំឡេង​របស់​មនុស្ស​ដទៃ»

«វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពី​គេ​វិញ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ»។—យ៉ូហាន ១០:៥

១, ២​. (ក) នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ហៅ​ម៉ារា​តាម​ឈ្មោះ​នោះ តើ​នាង​មាន​ប្រតិកម្ម​យ៉ាង​ណា? ហើយ​តើ​ព្រឹត្ដិការណ៍​នេះ​បញ្ជាក់​អំពី​ពំនោល​អ្វី ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​មុន​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង? (ខ) តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស្ថិត​នៅ​ជិត​ព្រះ​យេស៊ូ?

ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ទ្រង់​បាន​ឃើញ​ស្ត្រី​ម្នាក់​ឈរ​នៅ​ក្បែរ​រូង​ព្រះ​សព​របស់​ទ្រង់​ដែល​នៅ​ទទេ។ ព្រះ​យេស៊ូ​ស្គាល់​នាង​យ៉ាង​ច្បាស់ នាង​គឺ​ម៉ារា ម៉ាក់ដាឡា។ ជិត​ពីរ​ឆ្នាំ​មុន​នោះ​ព្រះ​យេស៊ូ​បាន​ប្រោស​នាង​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​បិសាច​ដែល​ចូល​ខ្លួន​នាង។ តាំង​ពី​ពេល​នោះ​មក នាង​បាន​ដើរ​ជា​មួយ​នឹង​ព្រះ​យេស៊ូ​និង​សាវ័ក​របស់​ទ្រង់ ទាំង​ជួយ​ធ្វើ​ការ​ផង​ដែរ។ (លូកា ៨:១​-​៣) ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នោះ​ព្រះ​យេស៊ូ​បាន​ឈរ​មើល​នាង​កំពុងតែ​យំ​សោក​ដោយ​ព្រោះ​បាន​ឃើញ​ព្រះ​យេស៊ូ​សោយទិវង្គត​តែ​បាត់​ព្រះ​សព​ទ្រង់​ទៀត! ដូច្នេះ ព្រះ​យេស៊ូ​សួរ​នាង​ថា​៖ «នាង​អើយ! ហេតុ​អ្វី​បាន​ជា​យំ? នាង​រក​អ្នក​ណា?»។ ដោយសារ​នាង​ស្មាន​ថា​ទ្រង់​ជា​អ្នក​ថែ​សួនច្បារ​នោះ នាង​និយាយ​ឆ្លើយ​ថា​៖ «លោក​នាយ​អើយ! បើ​លោក​បាន​យក​ព្រះ​សព​ចេញ​ទៅ​ឯ​ណា នោះ​សូម​ប្រាប់​ខ្ញុំ ឲ្យ​ដឹង​កន្លែង​ដែល​បាន​ទុក​ផង ខ្ញុំ​នឹង​ទៅ​នាំ​យក​ទៅ»។ ស្រាប់​តែ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ម៉ារា​អើយ!»។ មួយ​រំពេច​នោះ​នាង​ស្គាល់​សំឡេង​របស់​ព្រះ​យេស៊ូ​ហើយ​លាន់​មាត់​ដោយ​ក្ដី​អំណរ​ថា​៖ «លោក​គ្រូ​អើយ!» ហើយ​នាង​ក៏​មក​ឱប​ទ្រង់។—យ៉ូហាន ២០:១១​-​១៨

កំណត់​ហេតុ​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់ក្ដៅ​ក្នុង​ចិត្ត​ហើយ​ក៏​បង្ហាញ​យ៉ាង​ជាក់​ស្តែង​ពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យូរ​បន្ដិច​មុន​ពេល​នោះ។ ព្រះ​យេស៊ូ​បាន​ប្រៀបធៀប​អង្គ​ទ្រង់​ទៅ​នឹង​អ្នក​គង្វាល ហើយ​អ្នក​កាន់​តាម​ទ្រង់​ប្រៀប​នឹង​សត្វ​ចៀម។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា អ្នក​គង្វាល​ហៅ​ចៀម​តាម​ឈ្មោះ​និមួយៗ ហើយ​ចៀម​ក៏​ស្គាល់​សំឡេង​ទ្រង់។ (យ៉ូហាន ១០:៣, ៤, ១៤, ២៧, ២៨) ប្រាកដ​ហើយ ម៉ារា​បាន​ស្គាល់​ព្រះ​គ្រីស្ទ​ជា​អ្នក​គង្វាល​របស់​នាង ដូច​សត្វ​ចៀម​ដែល​ស្គាល់​អ្នក​គង្វាល​ពិត។ អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នៅ​សព្វថ្ងៃ​នេះ​ក៏​ស្គាល់​ទ្រង់​ជា​អ្នក​គង្វាល​ដែរ។ (យ៉ូហាន ១០:១៦) ដូច​សត្វ​ចៀម​ដែល​ចេះ​តែ​នៅ​ជិត​អ្នក​គង្វាល​ដោយសារ​ស្គាល់​សំឡេង​គាត់ នោះ​យើង​មាន​សមត្ថភាព​វែកញែក​ខាង​វិញ្ញាណ​ដែល​ជួយ​យើង​ឲ្យ​ដើរ​តាម​លំអាន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​គង្វាល​ល្អ។—យ៉ូហាន ១៣:១៥; យ៉ូហានទី១ ២:៦; ៥:២០

៣​. រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ចៀម​មួយ​ហ្វូង​នោះ តើ​បង្កើត​ឲ្យ​មាន​សំនួរ​អ្វី​ខ្លះ?

ក៏​ប៉ុន្តែ យោង​ទៅ​តាម​រឿង​ប្រៀបប្រដូច​នោះ សមត្ថភាព​របស់​សត្វ​ចៀម​ក្នុង​ការ​ស្គាល់​សំឡេង​មនុស្ស​ក៏​អាច​ជួយ​វា​ឲ្យ​ស្គាល់​មិត្ត​ផង​និង​បច្ចាមិត្ត​ដែរ។ នេះ​គឺ​សំខាន់​មែន ពីព្រោះ​យើង​មាន​អ្នក​ប្រឆាំង​ដែល​លាក់​កំនួច។ តើ​អ្នក​ណា​ជា​អ្នក​ប្រឆាំង​នោះ? តើ​ពួក​គេ​ប្រព្រឹត្ត​យ៉ាង​ណា? តើ​យើង​អាច​ការពារ​ខ្លួន​បាន​យ៉ាង​ណា? ដើម្បី​ឲ្យ​ដឹង យើង​សូម​មើល​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​បន្ថែម​ទៅ​ទៀត​អំពី​ចៀម​មួយ​ហ្វូង។

‹អ្នក​ដែល​ចូល​ទៅ​ក្នុង​ក្រោល​ចៀម​មិន​មែន​តាម​ទ្វារ›

៤​. យោង​ទៅ​តាម​រឿង​ប្រៀបប្រដូច​អំពី​អ្នក​គង្វាល តើ​ហ្វូង​ចៀម​ដើរ​តាម​អ្នក​ណា? ហើយ​តើ​វា​មិន​ព្រម​តាម​អ្នក​ណា?

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «អ្នក​ដែល​ចូល​តាម​ទ្វារ នោះ​ជា​អ្នក​គង្វាល​ចៀម​ពិត។ អ្នក​ឆ្មាំ​ទ្វារ​ក៏​បើក​ឲ្យ​អ្នក​នោះ ហើយ​ហ្វូង​ចៀម​ស្ដាប់​តាម​សំឡេង​គាត់​ដែរ ឯ​ចៀម​របស់​គាត់ នោះ​គាត់​ហៅ​តាម​ឈ្មោះ​វា​និមួយៗ​នាំ​ចេញ​ទៅ​ក្រៅ។ កាល​បាន​បញ្ចេញ​ចៀម​ខ្លួន​ទៅ​ក្រៅ​អស់​ហើយ នោះ​គាត់​ដើរ​មុន​វា ហើយ​ចៀម​ក៏​ដើរ​តាម​ក្រោយ​ទៅ ដ្បិត​វា​ស្គាល់​សំឡេង​គាត់។ វា​មិន​ព្រម​តាម​មនុស្ស​ដទៃ​ទេ វា​នឹង​រត់​ចេញ​ពីគេ​វិញ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ណា​សោះ»។ (យ៉ូហាន ១០:២​-​៥) សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ​ប្រើ​ពាក្យ​«សំឡេង»​បី​ដង។ ទ្រង់​មាន​បន្ទូល​ពីរ​ដង​អំពី​សំឡេង​របស់​អ្នក​គង្វាល តែ​លើក​ទី​បី​នោះ​ទ្រង់​សំដៅ​ទៅ​«សំឡេង​របស់​មនុស្ស​ដទៃ»។ តើ​មនុស្ស​ដទៃ​ដែល​ព្រះ​យេស៊ូ​សំដៅ​ទៅ​លើ​នោះ​ជា​មនុស្ស​បែប​ណា?

៥​. រីឯ​មនុស្ស​ដទៃ​ដែល​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​យ៉ូហាន​ជំពូក​ទី១០​នោះ ហេតុអ្វី​បាន​ជា​យើង​មិន​ទទួល​មនុស្ស​បែប​នោះ​ដោយ​រាក់ទាក់?

ព្រះ​យេស៊ូ​មិន​មាន​បន្ទូល​អំពី​មនុស្ស​ដទៃ​ដែល​យើង​គួរ​ទទួល​ដោយ​សេចក្ដី​ចៅ​រ៉ៅ​ឬ​ចិត្ត​រាក់ទាក់​នោះ​ឡើយ ដ្បិត​ពាក្យ​ចៅ​រ៉ៅ​ឬ​រាក់ទាក់​តាម​ភាសា​ដើម​នៃ​ព្រះ​គម្ពីរ​មាន​ន័យ​ថា «សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ»។ (ហេព្រើរ ១៣:២) ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ មនុស្ស​ដទៃ​នោះ​មិន​មែន​ជា​ភ្ញៀវ​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​ឡើយ។ មនុស្ស​ដទៃ​នោះ‹ចូល​ទៅ​ក្នុង​ក្រោល​ចៀម​មិន​មែន​តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ផ្សេង​ទៀត​វិញ›។ អ្នក​នោះ​«ជា​ចោរ​លួច ចោរ​ប្លន់​ហើយ»។ (យ៉ូហាន ១០:១) តើ​ព្រះ​បន្ទូល​របស់​ព្រះ​ប្រាប់​អំពី​អ្នក​ណា​ជា​បុគ្គល​មុន​បង្អស់​ដែល​ក្លាយ​ជា​ចោរ​លួច​ប្លន់? គឺ​អារក្ស​សាតាំង។ យើង​ឃើញ​ភស្តុតាង​នោះ​ក្នុង​សៀវភៅ​លោកុប្បត្តិ។

គ្រា​ឮ​សំឡេង​មនុស្ស​ដទៃ​លើក​ទី​មួយ

៦, ៧​. ហេតុ​អ្វី​បាន​ជា​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​ហៅ​សាតាំង​ជា​មនុស្ស​ដទៃ​មួយ​រូប?

លោកុប្បត្តិ ៣:១​-​៥​ពិពណ៌នា​អំពី​ការ​ឮ​សំឡេង​មនុស្ស​ដទៃ​លើក​ទី​មួយ​នៅ​លើ​ផែនដី។ កំណត់​ហេតុ​នោះ​រៀប​រាប់​ថា សាតាំង​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ស្ត្រី​ទី​មួយ​ឈ្មោះ​អេវ៉ា តាម​រយៈ​សត្វ​ពស់​ហើយ​វា​បាន​និយាយ​បោកបញ្ឆោត​នាង​ផង​ដែរ។ ត្រូវ​មែន កំណត់​ហេតុ​នោះ​មិន​ហៅ​សាតាំង​ជា​«មនុស្ស​ដទៃ»​ទេ។ យ៉ាង​ណា​ក្ដី ទង្វើ​របស់​វា​បង្ហាញ​នូវ​លក្ខណៈ​ផ្សេងៗ​ដូច​នឹង​មនុស្ស​ដទៃ​ដែល​ត្រូវ​ពណ៌នា​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​ក្នុង​សៀវភៅ​យ៉ូហាន​ជំពូក​ទី១០។ សូម​ពិនិត្យ​មើល​លក្ខណៈ​ស្រដៀង​គ្នា​ខ្លះៗ។

ព្រះ​យេស៊ូ​មាន​បន្ទូល​ថា មនុស្ស​ដទៃ​តែង​តែ​បន្លំ​រក​ចាប់​មនុស្ស​ក្នុង​ចំណោម​ហ្វូង​ចៀម​ដោយ​ប្រើ​កលល្បិច​តែ​ម្ដង។ ដូច​គ្នា​ដែរ សាតាំង​បាន​រក​ចាប់​នាង​អេវ៉ា​ដោយ​មធ្យោបាយ​បន្លំ​នាង​ដោយ​ប្រើ​សត្វ​ពស់​វិញ។ មធ្យោបាយ​បន្លំ​នេះ​បាន​បក​អាក្រាត​ឲ្យ​ស្គាល់​ធាតុ​ពិត​នៃ​សាតាំង ជា​អ្នក​បោកប្រាស់​ដែល​បន្លំ​លួច​ចូល។ ម្យ៉ាង​ទៀត មនុស្ស​ដទៃ​ដែល​ចូល​ទៅ​ក្នុង​ចំណោម​ហ្វូង​ចៀម​នោះ វា​មាន​បំណង​លួច​ចៀម​ពី​ម្ចាស់​ពិត។ តាម​ការ​ពិត វា​អាក្រក់​ជាង​ចោរ​លួច​ពីព្រោះ​វា​មាន​បំណង​«សំឡាប់ ហើយ​បំផ្លាញ»​ទៀត។ (យ៉ូហាន ១០:១០) ស្រដៀង​គ្នា​ដែរ សាតាំង​ជា​ចោរ​លួច។ វា​បាន​បំភ័ន្ត​នាង​អេវ៉ា​ឲ្យ​ថ្វាយ​បង្គំ​វា ហាក់​ដូច​ជា​លួច​យក​ការ​ថ្វាយ​បង្គំ​ពី​ព្រះ។ បន្ថែម​ទៅ​ទៀត សាតាំង​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាតិ​ស្លាប់។ ហេតុ​នេះ​ហើយ វា​ក៏​ជា​ឃាតករ​ផង​ដែរ។

៨​. តើ​សាតាំង​បាន​មួល​បង្កាច់​ចំពោះ​បន្ទូល​និង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ណា?

សំដី​មួល​បង្កាច់​របស់​សាតាំង​ស្តី​អំពី​បន្ទូល​និង​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា​បាន​ស​ឲ្យ​ឃើញ​នូវ​ភាព​មិន​ស្មោះ​ត្រង់​របស់​វា​ដែរ។ វា​បាន​សួរ​នាង​អេវ៉ា​ថា​៖ «តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួនច្បារ​មែន​ឬ?»។ សាតាំង​ធ្វើ​ដូច​ជា​ភ្ញាក់ផ្អើល​ដោយ​និយាយ​ថា​៖ ‹ម្ដេច​បាន​ជា​ព្រះ​ដាក់​បំរាម​តឹងរ៉ឹង​ម្ល៉េះ?›។ វា​ក៏​និយាយ​ទៀត​ថា​៖ «ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង»។ សូម​កត់​សម្គាល់​ពាក្យ​របស់​សាតាំង​ដែល​ថា​៖ «ព្រះ​ទ្រង់​ជ្រាប» ហាក់​ដូច​ជា​វា​ចង់​និយាយ​ថា​៖ ‹ខ្ញុំ​ស្គាល់​គំនិត​និង​គោល​បំណង​របស់​ព្រះ ហើយ​ខ្ញុំ​ដឹង​ថា​ទ្រង់​មាន​បំណង​អាក្រក់​ទេ›។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១, ៥, កំណែ​ជា​អក្សរ​ទ្រេត) គួរ​ឲ្យ​ស្ដាយ​ណាស់ អ័ដាម​និង​អេវ៉ា​មិន​បាន​បែរ​ចេញ​ពី​សំឡេង​នៃ​មនុស្ស​ដទៃ​មួយ​រូប​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ស្ដាប់​តាម​សំឡេង​នោះ ហើយ​បាន​នាំ​ឲ្យ​មាន​អន្តរាយ​ដល់​ខ្លួន​និង​កូន​ចៅ​របស់​ខ្លួន​តៗ​គ្នា​ដែរ។—រ៉ូម ៥:១២, ១៤

៩​. ហេតុ​អ្វី​ក៏​មិន​គួរ​ឲ្យ​ងឿង​ឆ្ងល់​ឡើយ ថា​មនុស្ស​ដទៃ​នឹង​បញ្ចេញ​សំឡេង​នៅ​សព្វថ្ងៃ​នេះ​ដែរ?

សាតាំង​ក៏​ប្រើ​វិធី​ស្រដៀង​គ្នា​ដែរ ក្នុង​ការ​នាំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​វង្វេង​នៅ​សព្វថ្ងៃ​នេះ។ (វិវរណៈ ១២:៩) វា​ជា‹ឪពុក​នៃ​សេចក្ដី​កំភូត› ហើយ​ពួក​អ្នក​ដែល​ខំ​បំភ័ន្ត​អ្នក​បំរើ​របស់​ព្រះ​ដូច​វា​បាន​ធ្វើ​នោះ ក៏​ជា​កូន​របស់​វា​ដែរ។ (យ៉ូហាន ៨:៤៤) យើង​សូម​កត់​សម្គាល់​នូវ​របៀប​ផ្សេងៗ​ដែល​មនុស្ស​ដទៃ​កំពុងតែ​បញ្ចេញ​សំឡេង​នៅ​សព្វថ្ងៃ​នេះ។

របៀប​ដែល​មនុស្ស​ដទៃ​បញ្ចេញ​សំឡេង​នៅ​សព្វ​ថ្ងៃ​នេះ

១០​. តើ​មនុស្ស​ដទៃ​កំពុងតែ​បញ្ចេញ​សំឡេង​ដោយ​របៀប​ណា?

១០ ការ​វែកញែក​ដែល​ក្លែង​បន្លំ។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា​៖ «កុំ​ឲ្យ​បណ្ដែត​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ប្លែកៗ​ឡើយ»។ (ហេព្រើរ ១៣:៩) តើ​គាត់​សំដៅ​ទៅ​លើ​សេចក្ដី​បង្រៀន​បែប​ណា​ខ្លះ? ពាក្យ​«បណ្ដែត​បណ្ដោយ»​នាំ​ឲ្យ​យើង​យល់​ច្បាស់​ថា ប៉ុល​សំដៅ​ទៅ​លើ​សេចក្ដី​បង្រៀន​ដែល​អាច​បង្ខូច​តុល្យភាព​របស់​យើង​ខាង​វិញ្ញាណ។ តើ​អ្នក​ណា​កំពុងតែ​បញ្ចេញ​សំឡេង​ដោយ​បង្រៀន​សេចក្ដី​ប្លែកៗ​បែប​នោះ? ប៉ុល​បាន​ប្រាប់​អ្នក​ចាស់​ទុំ​គ្រីស្ទាន​មួយ​ក្រុម​ថា​៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស[ឬ​«ពោល​ពាក្យ​បញ្ឆោត»​, ខ.ស.]ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ»។ (កិច្ចការ ២០:៣០) ប្រាកដ​ហើយ ដូច​សម័យ​របស់ប៉ុល​នោះ សព្វថ្ងៃ​នេះ​ក៏​មាន​មនុស្ស​ខ្លះ​ដែល​ធ្លាប់​រួម​ចំណែក​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត​ពី​មុន​នោះ តែ​ឥឡូវ​នេះ​ខិតខំ​នាំ​ហ្វូង​ចៀម​ឲ្យ​វង្វេង​ដោយ​«ពោល​ពាក្យ​បញ្ឆោត» មិន​ថា​ដោយ​បំភ្លៃ​សេចក្ដី​ពិត​ឬ​ដោយ​ភូត​កុហក​តែ​ម្ដង​ក៏​មាន។ សាវ័ក​ពេត្រុស​ក៏​និយាយ​ថា ពួក​គេ​«ពោល​ពាក្យ​បញ្ឆោត​បំពោត» ពោល​គឺ ប្រើ​ពាក្យ​ដែល​មើល​ទៅ​ដូច​ជា​ពិត​តែ​គ្មាន​តម្លៃ​សោះ។—ពេត្រុសទី២ ២:៣

១១​. តើ​ពាក្យ​នៅ​ពេត្រុសទី២ ២:១, ៣ បក​អាក្រាត​យ៉ាង​ណា នូវ​មធ្យោបាយ​និង​គោល​ដៅ​នៃ​អ្នក​ក្បត់​ជំនឿ?

១១ ពេត្រុស​មាន​ប្រសាសន៍​បន្ថែម​ទៀត​ដែល​បក​អាក្រាត​នូវ​មធ្យោបាយ​របស់​អ្នក​ក្បត់​ជំនឿ​ដែល​កំពុងតែ​ប្រើ​នោះ​ដោយ​ថា គេ​«នឹង​លួច​នាំ​បញ្ចូល​បក្ស​ពួក​ដែល​បង្ខូច​បំផ្លាញ»។ (ពេត្រុសទី២ ២:១, ៣) ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ហ្វូង​ចៀម ចោរ​នោះ​មិន​ចូល‹តាម​ទ្វារ តែ​ឡើង​ចូល​តាម​កន្លែង​ផ្សេង​ទៀត› ហើយ​ពួក​អ្នក​ក្បត់​ជំនឿ​ក៏​ខំ​ទាក់ទង​យើង​តាម​របៀប​នេះ​ដែរ គឺ​ដោយ​វិធី​លាក់​លៀម។ (កាឡាទី ២:៤; យូដាស ៤) តើ​ពួក​វា​មាន​គោល​ដៅ​អ្វី? ពេត្រុស​ពន្យល់​ទៀត​ថា​៖ «គេ​នឹង​ប្រើ[ឬ​«បោក​ប្រាស»​, ខ.ស.]អ្នក​រាល់​គ្នា​ឲ្យ​បាន​ចំណេញ»។ ប្រាកដ​ហើយ មិន​ថា​អ្នក​ក្បត់​ជំនឿ​ដោះសា​យ៉ាង​ណា​ក៏​ដោយ អ្នក​លួច​ចូល​នោះ​មាន​គោលដៅ​ចង់​«លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ»។ (យ៉ូហាន ១០:​១០) ចូរ​ប្រយ័ត្ន​នឹង​មនុស្ស​ដទៃ​ដែល​ជា​មនុស្ស​បែប​នោះ!

១២​. (ក) ពេល​ដែល​សេពគប់​ជា​មួយ​នឹង​ពួក​ម៉ាក តើ​សំឡេង​នៃ​មនុស្ស​ដទៃ​អាច​មាន​ឥទ្ធិពល​លើ​យើង​បាន​យ៉ាង​ណា? (ខ) តើ​ស្នៀត​របស់​សាតាំង​និង​មនុស្ស​ដទៃ​សព្វថ្ងៃ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាង​ណា?

១២ ពួក​ម៉ាក​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់។ សំឡេង​នៃ​មនុស្ស​ដទៃ​អាច​ឮ​បាន​តាម​រយៈ​មនុស្ស​ដែល​យើង​សេពគប់​ជា​មួយ។ យុវជន​យុវតី​ច្រើន​តែ​រងគ្រោះ​ថ្នាក់​ដោយ​ការ​សេពគប់​មនុស្ស​មិន​ល្អ។ (កូរិនថូសទី១ ១៥:៣៣) ចូរ​ចាំ​ថា សាតាំង​បាន​ជ្រើស​យក​អេវ៉ា​ជា​ទី​បាញ់​វង់​របស់​វា ដ្បិត​ក្នុង​ចំណោម​មនុស្ស​មួយ​គូ​ដំបូង​នោះ អេវ៉ា​មាន​អាយុ​ក្មេង​ជាង ហើយ​ក៏​មាន​បទ​ពិសោធន៍​តិច​ជាង​ដែរ។ សាតាំង​បាន​ញុះញង់​អេវ៉ា​ឲ្យ​ជឿ​ថា ព្រះ​យេហូវ៉ា​បាន​ដាក់​កំហិត​ហួសហេតុ​ពេក​លើ​សេរីភាព​របស់​នាង តែ​តាម​ពិត ព្រះ​យេហូវ៉ា​បាន​ឲ្យ​សេរីភាព​ច្រើន​ហើយ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​ជាតិ​ដែល​ទ្រង់​បាន​បង្កើត​មក ហើយ​ក៏​យក​ព្រះទ័យ​ទុក​ដាក់​ចង់​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍។ (អេសាយ ៤៨:១៧) ស្រដៀង​គ្នា​នៅ​សព្វថ្ងៃ​នេះ មនុស្ស​ដទៃ​ខំ​បញ្ចុះបញ្ចូល​ឲ្យ​ប្អូនៗ​យុវជន​យុវតី​ជឿ​ថា មាតា​បិតា​គ្រីស្ទាន​តែង​តែ​ដាក់​កំហិត​ហួសហេតុ​ពេក​លើ​សេរីភាព​របស់​ប្អូនៗ។ តើ​មនុស្ស​ដទៃ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ប្អូនៗ? នារី​គ្រីស្ទាន​ម្នាក់​សារភាព​ថា​៖ «ជំនឿ​របស់​ខ្ញុំ​បាន​ចុះ​ខ្សោយ​មួយ​រយៈ​ដោយ​ព្រោះ​ឥទ្ធិពល​ពី​មិត្ត​រួម​ថ្នាក់។ ពួក​គេ​ប្រាប់​ខ្ញុំ​ម្ដង​ហើយ​ម្ដង​ទៀត​ថា សាសនា​របស់​ខ្ញុំ​ដាក់​កំហិត​ច្រើន​ពេក​ហើយ​តឹងរ៉ឹង​ហួស​ហេតុ»។ ប៉ុន្តែ តាម​ការ​ពិត មាតា​បិតា​ស្រឡាញ់​កូន​ណាស់។ ដូច្នេះ ពេល​ដែល​មិត្ត​រួម​ថ្នាក់​បង្ខិត​បង្ខំ​ប្អូន​ឲ្យ​លែង​ទុក​ចិត្ត​លើ​មាតា​បិតា កុំ​ចាញ់​បោក​គេ​ដូច​នាង​អេវ៉ា​ឲ្យ​សោះ។

១៣​. តើ​ដាវីឌ​បាន​ជ្រើសរើស​មាគ៌ា​ណា? ហើយ​តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ទ្រង់​ដោយ​ធ្វើ​អ្វី?

១៣ ដាវីឌ​បាន​តែង​បទ​ទំនុកដំកើង​អំពី​ពួក​ម៉ាក​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ថា​៖ «ទូល​បង្គំ​មិន​បាន​អង្គុយ​រួម​ជា​មួយ​នឹង​មនុស្ស​ភូត​ភរ​ឡើយ ក៏​មិន​បាន​សមាគម​ជា​មួយ​នឹង​មនុស្ស​មាន​ពុត​ដែរ»។ (ទំនុកដំកើង ២៦:៤) តើ​អ្នក​កត់​សម្គាល់​ទៀត​ទេ​នូវ​លក្ខណៈ​ធម្មតា​របស់​មនុស្ស​ដទៃ​នោះ? ពួក​គេ​ជា​មនុស្ស​ពុត​ត្បុត​ដែល​លាក់​ធាតុ​ពិត​របស់​ខ្លួន ដូច​សាតាំង​បាន​លាក់​អត្តសញ្ញាណ​ពិត​របស់​វា​ដោយ​ប្រើ​សត្វ​ពស់។ សព្វថ្ងៃ​នេះ​មនុស្ស​ខ្លះ​ដែល​ប្រព្រឹត្ត​អំពើ​អនាចារ​ក៏​លាក់​អត្តសញ្ញាណ​ពិត​និង​បំណង​ចិត្ត​របស់​ខ្លួន​ដោយ​ប្រើ​ប្រព័ន្ធ​អ៊ិនថឺណិត។ មនុស្ស​ដែល​មាន​កុំព្យូទ័រ​អាច​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​អ៊ិនថឺណិត​បាន (ភាសា​អង់គ្លេស​ហៅ​ថា “chat rooms”) ហើយ​មនុស្ស​ពេញ​វ័យ​ដែល​មាន​បំណង​អាក្រក់​អាច​ប្រើ​ប្រព័ន្ធ​នេះ​ដោយ​ធ្វើ​ពុត​ជា​មនុស្ស​វ័យ​ក្មេង និង​អាច​ទាក់​ចិត្ត​ទាញ​អារម្មណ៍​ប្អូនៗ​ឲ្យ​ចុះ​ចាញ់​នឹង​ល្បិច​គេ។ ប្អូនៗ​យុវជន​យុវតី​អើយ! សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ក្រែងលោ​រងគ្រោះ​ថ្នាក់​ខាង​វិញ្ញាណ។—ទំនុកដំកើង ១១៩:១០១; សុភាសិត ២២:៣

១៤​. ជួន​កាល​បណ្ដាញ​អ្នក​ផ្សាយ​ពត៌មាន​ចេះ​តែ​បញ្ចេញ​សំឡេង​របស់​មនុស្ស​ដទៃ តើ​ដោយ​របៀប​ណា?

១៤ ការ​ចោទ​ប្រកាន់​មិន​ពិត។ ជួន​កាល​បណ្ដាញ​អ្នក​ផ្សាយ​ពត៌មាន​រាយ​ការណ៍​យ៉ាង​ល្អ​អំពី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ជួន​កាល​គេ​សុខ​ចិត្ត​ផ្សាយ​សំឡេង​របស់​មនុស្ស​ដទៃ​ដោយ​មាន​ភាព​លំអៀង។ តួ​យ៉ាង​ដូច​ជា​ការ​ផ្សាយ​ពត៌មាន​មិន​ពិត​នៅ​ប្រទេស​មួយ​ដែល​គេ​អះអាង​ថា នៅ​សង្គ្រាម​លោក​លើក​ទី២​នោះ ពួក​ស្មរបន្ទាល់​បាន​គាំទ្រ​របប​ហ៊ីត្លែ។ នៅ​ប្រទេស​មួយ​ទៀត​មាន​សេចក្ដី​រាយ​ការណ៍​ចោទ​ថា ពួក​ស្មរបន្ទាល់​បាន​បំផ្លាញ​វិហារ​ខ្លះ​នៃ​គ្រីស្ទ​សាសនា​ផ្សេង។ នៅ​ប្រទេស​ផ្សេងៗ​ទៀត​បណ្ដាញ​អ្នក​ផ្សាយ​ពត៌មាន​បាន​ចោទ​ប្រកាន់​ថា ពួក​ស្មរបន្ទាល់​មិន​ព្រម​អនុញ្ញាត​ឲ្យ​កូន​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ ហើយ​ក៏​ចោទ​ថា​ពួក​ស្មរបន្ទាល់​មិន​កាត់​ទោស​អ្នក​ជឿ​គ្នីគ្នា​ដែល​ធ្វើ​អំពើ​បាប​ធ្ងន់។ (ម៉ាថាយ ១០:២២) យ៉ាង​ណា​ក៏​ដោយ មនុស្ស​ចិត្ត​ស្មោះ​ដែល​ស្គាល់​យើង​ម្នាក់ៗ​ដឹង​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​មិន​ពិត​ទេ។

១៥​. ហេតុ​អ្វី​មិន​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​ការ​ជឿ​ថា អ្វីៗ​ទាំង​អស់​ដែល​បណ្ដាញ​ពត៌មាន​ផ្សាយ​នោះ​សុទ្ធតែ​ពិត?

១៥ បើ​កាល​ណា​យើង​ជួប​ប្រទះ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ផ្សាយ​ដោយ​សំឡេង​របស់​មនុស្ស​ដទៃ​នោះ តើ​យើង​គួរ​ធ្វើ​អ្វី? គប្បី​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​យោបល់​ពី​សុភាសិត ១៤:១៥ ដែល​ចែង​ថា​៖ «មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាងវៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន»។ ការ​ជឿ​ថា អ្វី​ដែល​បណ្ដាញ​ពត៌មាន​ផ្សាយ​នោះ​សុទ្ធតែ​ពិត​ទាំង​អស់ នោះ​ជា​ការ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ នេះ​មិន​បាន​សេចក្ដី​ថា យើង​អត់​ទុក​ចិត្ត​ពត៌មាន​ទាំង​អស់​ពី​លោកីយ៍​នេះ​ទេ តែ​យើង​នៅ​តែ​ទទួល​ស្គាល់​ថា​«លោកីយ​ទាំង​មូលដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច»។—យ៉ូហានទី១ ៥:១៩, កំណែ​ជា​អក្សរ​ទ្រេត

«ចូរ​ល្បង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​បណ្ដាល​មក​ពី​វិញ្ញាណ»

១៦​. (ក) តើ​ចរិត​របស់​សត្វ​ចៀម​បង្ហាញ​យ៉ាង​ណា អំពី​ភាព​ពិត​នៃ​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​យ៉ូហាន ១០:៤? (ខ) តើ​ព្រះ​គម្ពីរ​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​អ្វី?

១៦ ប៉ុន្តែ តើ​យើង​អាច​ដឹង​ប្រាកដ​បាន​យ៉ាង​ណា ថា​យើង​កំពុងតែ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​មិត្ត​ពិត ឬ​ក៏​បច្ចាមិត្ត​វិញ? យើង​អាច​ដឹង​ប្រាកដ​បាន​ពីព្រោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ចៀម​នឹង​ដើរ​តាម​អ្នក​គង្វាល «ដ្បិត​វា​ស្គាល់​សំឡេង​គាត់»។ (យ៉ូហាន ១០:៤) ពេល​ដែល​សត្វ​ចៀម​ដើរ​តាម​អ្នក​គង្វាល នេះ​មិន​មែន​មក​ពី​វា​ស្គាល់​អាការ​ក្រៅ​របស់​គាត់​ឡើយ តែ​ដោយសារ​ស្គាល់​សំឡេង​គាត់​វិញ។ សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​ស្រុក​ក្នុង​ព្រះ​គម្ពីរ​បាន​ពន្យល់​ថា មាន​ទេសចរ​ម្នាក់​អះអាង​ថា សត្វ​ចៀម​ស្គាល់​តែ​សំលៀកបំពាក់​របស់​អ្នក​គង្វាល មិន​មែន​ស្គាល់​សំឡេង​គាត់​ទេ។ អ្នក​គង្វាល​ម្នាក់​បាន​ឆ្លើយ​ថា សត្វ​ចៀម​ស្គាល់​តែ​សំឡេង​ទេ។ ដើម្បី​បង្ហាញ​ជាក់​ស្តែង អ្នក​គង្វាល​បាន​ដូរ​សំលៀកបំពាក់​ជា​មួយ​នឹង​ទេសចរ​នោះ។ ទេសចរ​ដែល​ស្លៀក​ពាក់​ខោ​អាវ​របស់​អ្នក​គង្វាល​នោះ បាន​ហៅ​ចៀម​តែ​វា​មិន​បាន​រត់​តាម​ទេ ដ្បិត​វា​មិន​ស្គាល់​សំឡេង​អ្នក​នោះ​សោះ​ឡើយ។ ប៉ុន្តែ ពេល​ដែល​អ្នក​គង្វាល​ហៅ​សត្វ​ចៀម វា​រត់​មក​រក​គាត់​ភ្លាម ទោះ​ជា​អ្នក​គង្វាល​ស្លៀក​ពាក់​ខោ​អាវ​របស់​មនុស្ស​ដទៃ​ក្ដី។ នេះ​បង្ហាញ​ថា មនុស្ស​ម្នាក់​អាច​ស្លៀក​ពាក់​ដូច​អ្នក​គង្វាល​មែន តែ​នេះ​មិន​ធ្វើ​ឲ្យ​ចៀម​ជឿ​ថា​គាត់​ជា​អ្នក​គង្វាល​ពិត​ទេ។ តាម​ពិត ចៀម​ស្ដាប់​ហើយ​ល្បងល​សំឡេង​របស់​អ្នក​ហៅ ដោយ​ប្រៀបធៀប​សំឡេង​នោះ​ជា​មួយ​នឹង​សំឡេង​របស់​អ្នក​គង្វាល​ពិត​វិញ។ ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ឲ្យ​ធ្វើ​ដូច​គ្នា​ដែរ ដោយ​ថា «ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់[ឬ​«សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​បណ្ដាល​មក​ពី​វិញ្ញាណ»​, ព.ថ.]វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ​ឬ​មិន​មែន»។ (យ៉ូហានទី១ ៤:១; ធីម៉ូថេទី២ ១:១៣) តើ​មាន​ជំនួយ​អ្វី​ដើម្បី​ធ្វើ​ដូច​នេះ?

១៧​. (ក) តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ស្គាល់​សំឡេង​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់? (ខ) តើ​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​អ្វី?

១៧ ដូច្នេះ​យើង​អាច​យល់​ថា ពេល​ដែល​យើង​ស្គាល់​សំឡេង​ឬ​សារ​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់ នោះ​យើង​ក៏​នឹង​សម្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​កាន់​តែ​ឆាប់​ផង​ដែរ។ ព្រះ​គម្ពីរ​ប្រាប់​អំពី​របៀប​បណ្ដុះឲ្យ​មាន​ចំណេះ​បែប​នេះ ដោយ​ចែង​ថា​៖ «ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា​៖ ‹គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ›»។ (អេសាយ ៣០:២១) «ពាក្យ»​ពី​ក្រោយ​យើង​នោះ មក​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ រៀងរាល់​ដង​ដែល​យើង​អាន​ព្រះ​បន្ទូល​របស់​ព្រះ គឺ​ហាក់​ដូច​ជា​យើង​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គង្វាល​ដ៏​ឧត្តម​របស់​យើង។ (ទំនុកដំកើង ២៣:១) អាស្រ័យ​ហេតុ​នេះ កាល​ដែល​យើង​សិក្សា​ព្រះ​គម្ពីរ​កាន់​តែ​ច្រើន នោះ​យើង​ក៏​ស្គាល់​សំឡេង​របស់​ព្រះ​កាន់​តែ​ច្បាស់​ផង​ដែរ។ ចំណេះ​ដែល​ជួយ​យើង​ឲ្យ​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​យើង​សម្គាល់​បាន​យ៉ាង​ឆាប់​នូវ​សំឡេង​របស់​មនុស្ស​ដទៃ​ដែរ។—កាឡាទី ១:៨

១៨​. (ក) តើ​ការ​ស្គាល់​សំឡេង​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) យោង​ទៅ​តាម​ម៉ាថាយ ១៧:៥ ហេតុ​អ្វី​បាន​ជា​យើង​គួរ​ស្ដាប់​តាម​សំឡេង​របស់​ព្រះ​យេស៊ូ?

១៨ តើ​ការ​ស្គាល់​សំឡេង​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ទៀត? នេះ​មិន​តម្រូវ​ឲ្យ​យើង​ឮ​ប៉ុណ្ណោះ តែ​រួម​បញ្ចូល​ការ​ស្ដាប់​តាម​ផង​ដែរ។ សូម​កត់​សម្គាល់​ចំណុច​នៅ​អេសាយ ៣០:២១ ម្ដង​ទៀត។ ព្រះ​បន្ទូល​របស់​ព្រះ​ប្រកាស​ថា​៖ «គឺ​ផ្លូវ​នេះ​ទេ»។ ពិត​មែន​ហើយ យើង​ឮ​ពាក្យ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដោយ​សិក្សា​ព្រះ​គម្ពីរ។ បន្ទាប់​មក​ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​ដើរ​តាម​នេះ​វិញ»។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​ឮ។ យ៉ាង​នេះ យើង​អនុវត្ត​តាម​អ្វី​ដែល​យើង​រៀន ហើយ​នេះ​បង្ហាញ​ថា​យើង​មិន​គ្រាន់​តែ​បាន​ឮ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ស្ដាប់​តាម​ផង​ដែរ។ (ចោទិយកថា ២៨:១) ការ​ស្ដាប់​តាម​សំឡេង​របស់​ព្រះ​យេហូវ៉ា​ក៏​រួម​បញ្ចូល​ការ​ស្ដាប់​តាម​សំឡេង​របស់​ព្រះ​យេស៊ូ​ដែរ ដ្បិត​ព្រះ​យេហូវ៉ា​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ (ម៉ាថាយ ១៧:៥) ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ តើ​ព្រះ​យេស៊ូ​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី? ទ្រង់​បង្រៀន​យើង​ឲ្យ​ចេះ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស ហើយ​ឲ្យ​ទុក​ចិត្ត​លើ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥; ២៨:១៨​-​​២០) ជីវិត​ជា​រៀង​រហូត​គឺ​ផ្អែក​លើ​ការ​ស្ដាប់​តាម​សំឡេង​របស់​ព្រះ​យេស៊ូ។—កិច្ចការ ៣:២៣

‹ចៀម​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ›

១៩​. តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ដែល​ឮ​សំឡេង​របស់​មនុស្ស​ដទៃ?

១៩ បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ពេល​ដែល​ឮ​សំឡេង​របស់​មនុស្ស​ដទៃ? យើង​គួរ​ធ្វើ​ដូច​សត្វ​ចៀម​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​៖ «ចៀម​ទាំង​នោះ​មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់ខាត ផ្ទុយ​ទៅ​វិញ វា​រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ»។ (យ៉ូហាន ១០:៥, ខ.ស.) យើង​មាន​ប្រតិកម្ម​ពីរ​យ៉ាង។ ទី​មួយ យើង​«មិន​ដើរ​តាម​អ្នក​ដទៃ​ជា​ដាច់ខាត»។ ពិត​មែន​ហើយ យើង​មិន​ទាក់ទង​ជា​មួយ​មនុស្ស​ដទៃ​សោះ​ឡើយ។ ការ​ពិត បើ​គិត​អំពី​ភាសា​ក្រិច​ដែល​គេ​ប្រើ​ក្នុង​ការ​សរសេរ​ព្រះ​គម្ពីរ នោះ​ពាក្យ​«ជា​ដាច់ខាត»​ជា​ពាក្យ​ខ្លាំង​បំផុត​ដើម្បី​បញ្ជាក់​ពី​ការ​បដិសេធ​ទាំង​ស្រុង។ ទីពីរ យើង​នឹង​«រត់​គេច​ចេញ​ឆ្ងាយ​ពី​គេ» ឬ​បែរ​ចេញ​ពី​មនុស្ស​ដទៃ។ មាន​តែ​ប្រតិកម្ម​ទាំង​នេះ​ប៉ុណ្ណោះ ជា​ការ​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​ពេល​ដែល​ឮ​សេចក្ដី​បង្រៀន​របស់​មនុស្ស​ដែល​មិន​បង្រៀន​ស្រប​ទៅ​តាម​សំឡេង​របស់​អ្នក​គង្វាល​ល្អ។

២០​. តើ​យើង​នឹង​ប្រព្រឹត្ត​យ៉ាង​ណា ពេល​ដែល​ជួប​ប្រទះ​នឹង (ក) អ្នក​ក្បត់​ជំនឿ​ដែល​ក្លែង​បន្លំ? (ខ) ពួក​ម៉ាក​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់? (គ) សេចក្ដី​រាយ​ការណ៍​ដ៏​លំអៀង​ពី​បណ្ដាញ​អ្នក​ផ្សាយ​ពត៌មាន?

២០ ដូច្នេះ ពេល​ដែល​យើង​ជួប​មនុស្ស​ដែល​បញ្ចេញ​ទស្សនៈ​ដូច​អ្នក​ក្បត់​ជំនឿ យើង​ចង់​ធ្វើ​តាម​អ្វី​ដែល​ចែង​ប្រាប់​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ថា​៖ «[ចូរ]ចំណាំ​មើល​អស់​អ្នក​ដែល​បណ្ដាល​ឲ្យ​បាក់​បែក​គ្នា ហើយ​នាំ​ឲ្យ​មាន​សេចក្ដី​រវាត​ចិត្ត ខុស​នឹង​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន​មក ត្រូវ​ឲ្យ​បែរ​ចេញ[ឬ​«ចៀស​ចេញ​អោយ​ឆ្ងាយ»​, ខ.ស.]ពី​អ្នក​ទាំង​នោះ»។ (រ៉ូម ១៦:១៧, កំណែ​ជា​អក្សរ​ទ្រេត; ទីតុស ៣:១០) ដូច​គ្នា​ដែរ យុវជន​យុវតី​គ្រីស្ទាន​អាច​មាន​ពួក​ម៉ាក​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ដូច្នេះ​ពួក​គេ​គួរ​អនុវត្ត​តាម​ឱវាទ​ដែល​ប៉ុល​ជូន​ដល់​ធីម៉ូថេ​កាល​ដែល​គាត់​នៅ​ក្មេង​នៅ​ឡើយ​ថា​៖ «ចូរ​ឲ្យ​រត់ពី​សេចក្ដី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ»។ ហើយ​ពេល​ដែល​យើង​ឮ​ការ​ចោទ​ប្រកាន់​មិន​ពិត​ពី​បណ្ដាញ​អ្នក​ផ្សាយ​ពត៌មាន​នោះ យើង​នឹង​ចង​ចាំ​នូវ​យោបល់​ដែល​ប៉ុល​ជូន​ចំពោះ​ធីម៉ូថេ​ទៀត​ថា​៖ «គេ[គឺ​ពួក​អ្នក​ដែល​ស្ដាប់​តាម​សំឡេង​របស់​មនុស្ស​ដទៃ]នឹង​ងាក​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត បែរ​ទៅ​តាម​រឿង​ព្រេង​វិញ។ តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង [ឬ​«មាន​ស្មារតីរឹងប៊ឹង»​, ខ.ស.]ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ»។ (ធីម៉ូថេទី២ ២:២២; ៤:៣​-​៥, កំណែ​ជា​អក្សរ​ទ្រេត) មិន​ថា​សំឡេង​របស់​មនុស្ស​ដទៃ​ផ្អែម​ល្ហែម​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​រត់​គេច​ខ្លួន​ចេញ​ពី​អ្វីៗ​ដែល​អាច​បង្ខូច​ជំនឿ​របស់​យើង។—ទំនុកដំកើង ២៦:៥; សុភាសិត ៧:៥, ២១; វិវរណៈ ១៨:២, ៤

២១​. មនុស្ស​ដែល​បដិសេធ​មិន​ស្ដាប់​សំឡេង​របស់​មនុស្ស​ដទៃ តើ​នឹង​ទទួល​រង្វាន់​អ្វី?

២១ ពួក​គ្រីស្ទាន​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​វិញ្ញាណ​កំពុងតែ​ធ្វើ​តាម​បន្ទូល​របស់​អ្នក​គង្វាល​ល្អ​នៅ​លូកា ១២:៣២ ដោយ​បដិសេធ​មិន​ស្ដាប់​សំឡេង​របស់​មនុស្ស​ដទៃ។ នៅ​ក្នុង​ខ​នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​កាន់​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​ថា​៖ «កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ! ព្រោះ​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត»។ ដូច​គ្នា​ដែរ ពួក​«ចៀម​ឯ​ទៀត»​រង់ចាំ​ដោយ​ចិត្ត​រំភើប​នូវ​គ្រា​ដែល​ពួក​គេ​នឹង​ឮ​បន្ទូល​របស់​ព្រះ​យេស៊ូ​ថា​៖ «ឱ​ពួក​អ្នក​ដែល​ព្រះ​វរបិតា​យើង​បាន​ប្រទាន​ពរ​អើយ! ចូរ​មក​ទទួល​មរដក​ចុះ! គឺ​ជា​នគរ​ដែល​បាន​រៀប​ចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក»។ (យ៉ូហាន ១០:១៦; ម៉ាថាយ ២៥:៣៤) យើង​មុខ​ជា​នឹង​ទទួល​រង្វាន់​នោះ​យ៉ាង​គាប់​ចិត្ត​មែន បើ​យើង​បដិសេធ​មិន​ស្ដាប់​«សំឡេង​របស់​មនុស្ស​ដទៃ»!

តើ​អ្នក​នៅ​ចាំ​ទេ?

ស្តី​អំពី​រឿង​ប្រៀបប្រដូច​របស់​ព្រះ​យេស៊ូ​អំពី​ហ្វូង​ចៀម​នោះ តើ​សាតាំង​មាន​លក្ខណៈ​ដូច​មនុស្ស​ដទៃ​យ៉ាងណា​ខ្លះ?

សព្វថ្ងៃ​នេះ តើ​មនុស្ស​ដទៃ​បញ្ចេញ​សំឡេង​តាម​របៀប​ណា​ខ្លះ?

តើ​យើង​អាច​សម្គាល់​សំឡេង​របស់​មនុស្ស​ដទៃ​ដោយ​របៀប​ណា?

តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​ដែល​ឮ​សំឡេង របស់​មនុស្ស​ដទៃ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៥]

មនុស្ស​ដទៃ​តែង​តែ​រក​ទាក់ទង​ហ្វូង​ចៀម​ដោយ​របៀប​ដែល​មិន​ងាយ​សម្គាល់