លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ»

«ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ»

«ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ»

«ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។—អេភេសូរ ៦:១១

១, ២​. សូម​រៀប​រាប់​នូវ​គ្រឿង​សឹក​ខាង​វិញ្ញាណ​ដែល​ជន​គ្រីស្ទាន​ត្រូវ​តែ​ពាក់ ដោយ​ប្រើ​ពាក្យ​របស់​អ្នក​ផ្ទាល់។

ក្នុង​កំឡុង​សតវត្សរ៍​ទី​មួយ ទីក្រុង​រ៉ូម​ជា​ទីក្រុង​មាន​អំណាច​បំផុត​នៅ​សម័យ​នោះ។ កម្លាំង​នៃ​កងទ័ព​រ៉ូម​បាន​ជួយ​ទីក្រុង​រ៉ូម​ឲ្យ​កាន់កាប់​លើ​ប្រទេស​ជា​ច្រើន​នៅ​ពេល​នោះ។ អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​បាន​រៀប​រាប់​អំពី​កងទ័ព​ទាំង​នេះ​ថា​ជា «កងទ័ព​ដែល​បាន​ទទួល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ»។ កងទ័ព​ជំនាញ​របស់​រ៉ូម​គឺ​មានទាហាន​ដែល​បាន​លត់​ដំ ហើយ​បាន​ទទួល​ការ​ហ្វឹកហ្វឺន​យ៉ាង​ប្រិតប្រៀន។ ប៉ុន្តែ ដែល​ពួក​គេ​ជា​កងទ័ព​ខ្លាំងក្លា​បែប​នេះ​ក៏​អាស្រ័យ​ទៅ​លើ​គ្រឿង​សឹក​របស់​ពួក​គេ​ដែរ។ សាវ័ក​ប៉ុល​បាន​និយាយ​សំដៅ​ទៅ​គ្រឿង​សឹក​របស់​ទាហាន​រ៉ូម ដើម្បី​ពន្យល់​នូវ​គ្រឿង​សឹក​ខាង​វិញ្ញាណ​ដែល​ជន​គ្រីស្ទាន​ត្រូវ​ការ​ដើម្បី​តយុទ្ធ​ឲ្យ​បាន​ជោគជ័យ​នឹង​អារក្ស។

យើង​រក​ឃើញ​នូវ​ការ​រៀប​រាប់​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ​នេះ​នៅ​អេភេសូរ ៦:១៤​-​១៧។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ! ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត ទុក​ជា​ស្បែក​ជើង ថែម​ទាំង​យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល​ផង ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច ដោយសារ​ខែល​នោះ​បាន ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ​វិញ្ញាណ​ដែរ គឺ​ជា​ព្រះ​បន្ទូល»។ បើ​គិត​ពី​ទស្សនៈ​របស់​មនុស្ស គ្រឿង​សឹក​ដែល​ប៉ុល​បាន​រៀប​រាប់​នេះ​គឺ​ការពារ​ទាហាន​រ៉ូម​ច្រើន​ក្រៃ។ ទាហាន​នោះ​កាន់​ដាវ​ដែល​ជា​អាវុធ​ដ៏​សំខាន់​របស់​គាត់​សំរាប់​តយុទ្ធ​នឹង​ម្នាក់​ទៀត។

៣​. ហេតុ​អ្វី​ក៏​យើង​ត្រូវ​ស្ដាប់​តាម​បង្គាប់​របស់​ព្រះយេស៊ូ​គ្រីស្ទ និង​យក​តម្រាប់​តាម​គំរូ​របស់​ទ្រង់?

ក្រៅ​ពី​អាវុធ​និង​ការ​ហ្វឹកហ្វឺន នោះ​ជ័យជំនះ​នៃ​កងទ័ព​រ៉ូម​ក៏​ពឹង​លើ​ទាហាន​ស្ដាប់​បង្គាប់​នៃ​មេ​បញ្ជា​ការ​របស់​ពួក​គេ​ដែរ។ ស្រដៀង​គ្នា​ដែរ ជន​គ្រីស្ទាន​ត្រូវ​តែ​ស្ដាប់​បង្គាប់​តាម​ព្រះយេស៊ូ​គ្រីស្ទ ដែល​ព្រះគម្ពីរ​ចែង​អំពី​ទ្រង់​«ជា​មគ្គុទ្ទេសក៍​ដឹក​នាំ​ប្រជាជាតិ​ទាំងឡាយ»។ (អេសាយ ៥៥:៤, ខ.ស.) ទ្រង់​ក៏​ជា «សិរសា​នៃ​ពួកជំនុំ​ដែរ»។ (អេភេសូរ ៥:២៣) ព្រះយេស៊ូ​ប្រទាន​នូវ​សេចក្ដី​បង្គាប់​ចំពោះ​ការ​តយុទ្ធ​ខាង​វិញ្ញាណ និង​ទុក​គំរូ​ដ៏​ល្អ​ពី​របៀប​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ។ (ពេត្រុសទី១ ២:២១) ដោយសារ​ការ​មាន​បុគ្គលិកលក្ខណៈ​ដូច​ព្រះគ្រីស្ទ​គឺ​ដូច​គ្នា​នឹង​ការ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ នោះ​បទគម្ពីរ​ដាស់​តឿន​យើង​ឲ្យ​«មាន»​គំនិត​ដូច​ព្រះគ្រីស្ទ។ (ពេត្រុសទី១ ៤:១) ដូច្នេះ នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​នូវ​គ្រឿង​សឹក​ខាង​វិញ្ញាណ​និមួយៗ យើង​នឹង​ប្រើ​គំរូ​របស់​ព្រះយេស៊ូ​ដើម្បី​បង្ហាញ​ថា​គ្រឿង​សឹក​ខាង​វិញ្ញាណ​នេះ​មាន​សារៈ​សំខាន់​និង​មាន​ប្រសិទ្ធភាព​យ៉ាង​ណា។

ការពារ​ចង្កេះ ដើម​ទ្រូង​និង​ជើង

៤​. តើ​ខ្សែ​ក្រវាត់​ដែល​ជា​គ្រឿងសឹក​មួយ​របស់​ទាហាន​មាន​ប្រយោជន៍​យ៉ាង​ណា? តើ​នេះ​បង្ហាញ​អំពី​អ្វី?

ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ។ នៅ​ជំនាន់​ព្រះគម្ពីរ ទាហាន​ពាក់​ខ្សែ​ក្រវាត់​ស្បែក​ក្រាស់​មួយ​ដែល​មាន​ទទឹង​ពី​៥​ដល់​១៥​សង់ទីម៉ែត្រ។ ខ្សែ​ក្រវាត់​របស់​ទាហាន​ជួយ​ការពារ​ចង្កេះ​គាត់ និង​ទុក​សំរាប់​សូក​ដាវ​ដែរ។ នៅ​ពេល​ដែល​ទាហាន​ម្នាក់​ពាក់​ខ្សែ​ក្រវាត់​នៅ​ចង្កេះ​គាត់ នោះ​គាត់​ប្រុង​ប្រៀប​ខ្លួន​ចេញ​ទៅ​ប្រយុទ្ធ។ ប៉ុល​បាន​ប្រើ​ខ្សែ​ក្រវាត់​របស់​ទាហាន​ដើម្បី​ពន្យល់​ថា សេចក្ដី​ពិត​ក្នុង​ព្រះគម្ពីរ​គួរ​មាន​អានុភាព​យ៉ាង​ណា​លើ​ជីវិត​របស់​យើង។ បើ​និយាយ​ជា​អត្ថបដិរូប​យើង​ត្រូវ​ក្រវាត់​សេចក្ដី​ពិត​ជាប់​នឹង​ខ្លួន ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត និង​អាច​ការពារ​សេចក្ដី​ពិត​នៅ​គ្រា​ណា​ក៏​ដោយ។ (ទំនុកដំកើង ៤៣:៣; ពេត្រុសទី១ ៣:១៥) ដោយ​មាន​គោលដៅ​បែប​នេះ យើង​ត្រូវ​តែ​សិក្សា​ព្រះគម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​រំពឹង​គិត​លើ​អ្វីៗ​ដែល​យើង​អាន។ ព្រះយេស៊ូ​បាន​ទុក​ក្រិត្យ​វិន័យ​របស់​ព្រះ‹នៅ​ក្នុង​ព្រះទ័យ​របស់​ទ្រង់›។ (ទំនុកដំកើង ៤០:៨) នៅ​ពេល​ដែល​ពួក​ប្រឆាំង​បាន​ចោទ​សួរ​ទ្រង់ នោះ​ទ្រង់​អាច​តប​ឆ្លើយ​ដោយ​ស្រង់​បទគម្ពីរ​ជា​ច្រើន​ដោយសារ​ទ្រង់​ចាំ។—ម៉ាថាយ ១៩:៣​-​៦; ២២:២៣​-​៣២

៥​. ចូរ​ពន្យល់​នូវ​របៀប​ដែល​ឱវាទ​ពី​បទគម្ពីរ​អាច​ជួយ​យើង​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​ឬ​មាន​សេចក្ដី​ល្បួង។

នៅ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​សេចក្ដី​ពិត​ពី​ព្រះគម្ពីរ​ដឹក​នាំ​យើង នេះ​អាច​ការពារ​យើង​ពី​ការ​វែកញែក​ខុស និង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ប្រាជ្ញា។ ក្នុង​កាល​ដែល​មាន​សេចក្ដី​ល្បួង​ឬ​ទុក្ខ​លំបាក នោះ​ការ​ដឹក​នាំ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះគម្ពីរ​នឹង​ជួយ​ពង្រឹង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ។ នេះ​គឺ​ហាក់​ដូច​ជា​យើង​ឃើញ​ព្រះយេហូវ៉ា​ជា​អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម​របស់​យើង និង​ឮ​ពាក្យ​ពី​ក្រោយ​យើង​ថា​៖ «គឺ​ផ្លូវ​នេះទេ ចូរ​ដើរ​តាម​នេះ​វិញ»។—អេសាយ ៣០:​២០, ២១

៦​. ហេតុ​អ្វី​ក៏​ត្រូវ​ការពារ​ចិត្ត​របស់​យើង? ហើយ​តើ​សេចក្ដី​សុចរិត​អាច​ការពារ​ចិត្ត​យើង​ដោយ​ប្រសិទ្ធ​ភាព​យ៉ាង​ដូច​ម្ដេច?

ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង។ ប្រដាប់​បាំង​ដើម​ទ្រូង​របស់​ទាហាន​ការពារ​បេះដូង​របស់​គេ ដែល​ជា​សរីរាង្គ​ដ៏​សំខាន់។ ចិត្ត​របស់​យើង​ត្រូវ​ការ​ការពារ​ជា​ពិសេស​ពីព្រោះ​ចិត្ត​លំអៀង​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​អាក្រក់។ (លោកុប្បត្តិ ៨:២១, ខ.ស.) ដូច្នេះ យើង​ត្រូវ​តែ​រៀន​ឲ្យ​ដឹង​អំពី​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះយេហូវ៉ា​និង​ស្រឡាញ់​ខ្នាត​តម្រា​ដ៏​សុចរិត​ទាំង​នេះ។ (ទំនុកដំកើង ១១៩:៩៧, ១០៥) ដោយសារ​យើង​ស្រឡាញ់​សេចក្ដី​សុចរិត​នោះ​នឹង​នាំ​ឲ្យ​យើង​បដិសេធ​នូវ​គំនិត​លោកីយ៍​ដែល​មិន​ខ្វល់​នឹង​គោលការណ៍​ណែនាំ​ដ៏​ច្បាស់​របស់​ព្រះយេហូវ៉ា​ឬ​មិន​ឲ្យ​គោលការណ៍​នោះ​មាន​អានុភាព​ទៅ​លើ​ជីវិត​របស់​គេ។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ដែល​យើង​ស្រឡាញ់​អំពើ​ល្អ​ហើយ​ស្អប់​អំពើ​អាក្រក់ នោះ​យើង​ជៀសវាង​ទង្វើ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​របស់​យើង។ (ទំនុកដំកើង ១១៩:៩៩​-​១០១; អេម៉ុស ៥:១៥) ព្រះយេស៊ូ​តាំង​គំរូ​យ៉ាង​ប្រសើរ​ក្នុង​រឿង​នេះ ដ្បិត​ព្រះគម្ពីរ​ចែង​អំពី​ទ្រង់​ថា​៖ «ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទទឹង​ច្បាប់»។—ហេព្រើរ ១:៩ *

៧​. ហេតុ​អ្វី​ក៏​ពួក​ទាហាន​រ៉ូម​ត្រូវ​ការ​ស្បែក​ជើង​ជាប់? ហើយ​តើ​នេះ​បង្ហាញ​យ៉ាង​ណា?

ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត។ ទាហាន​រ៉ូម​ត្រូវ​ការ​ស្បែក​ជើង​ជាប់​ឬ​ស្បែក​ជើង​សង្រែកមាំ ដ្បិត​ក្នុង​ចម្បាំង​ពួក​ទាហាន​តែង​ដើរ​អស់​៣០​គីឡូម៉ែត្រ​រាល់​ថ្ងៃ ហើយ​ពាក់​គ្រឿង​សឹក​ឬ​សែង​ប្រដាប់ប្រដា​ដែល​មាន​ទម្ងន់​២៧​គីឡូ​ក្រាម។ ប៉ុល​បាន​ប្រើ​ស្បែក​ជើង​ដើម្បី​តំណាង​ដោយ​ត្រឹមត្រូវ​នូវ​ការ​ប្រុង​ប្រៀប​របស់​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​សារ​ព្រះរាជាណាចក្រ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ស្ដាប់។ នេះ​គឺ​សំខាន់​ណាស់​ពីព្រោះ​បើ​យើង​មិន​ប្រុង​ប្រៀប​និង​ស្ម័គ្រ​ចិត្ត​ផ្សព្វផ្សាយ​ទេ តើ​មនុស្ស​អាច​ស្គាល់​ព្រះយេហូវ៉ា​យ៉ាង​ណា​បាន?—រ៉ូម ១០:១៣​-​១៥

៨​. ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ តើ​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ព្រះយេស៊ូ​យ៉ាង​ណា?

តើ​អ្វី​ទៅ​ជា​កិច្ចការ​សំខាន់​បំផុត​ក្នុង​ព្រះជន្ម​របស់​ព្រះយេស៊ូ? ទ្រង់​មាន​បន្ទូល​ប្រាប់​អភិបាល​ស្រុក​ជនជាតិ​រ៉ូម លោកប៉ុនទាស​-​ពីឡាត់​ថា​៖ ‹ខ្ញុំ​បាន​ចូល​មក​ក្នុង​លោកីយ៍​ដើម្បី​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត›។ ព្រះយេស៊ូ​បាន​ផ្សព្វផ្សាយ​នៅ​កន្លែង​ណា​ដែល​មនុស្ស​ស្ដាប់​ទ្រង់។ ទ្រង់​សប្បាយ​រីករាយ​នឹង​កិច្ច​បំរើ​ផ្សាយ​របស់​ទ្រង់​ដល់​ម្ល៉េះ​ដែល​ទ្រង់​ចាត់​ទុក​នោះ​មាន​អាទិភាព​ជាង​សេចក្ដី​ត្រូវ​ការ​របស់​ទ្រង់​ខាង​សាច់​ឈាម។ (យ៉ូហាន ៤:៥​-​៣៤; ១៨:៣៧) ដូច​ព្រះយេស៊ូ ប្រសិន​បើ​យើង​មាន​ចិត្ត​ខ្នះខ្នែង​ប្រកាស​ដំណឹង​ល្អ យើង​នឹង​រក​ឱកាស​ជា​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ឯ​ទៀត។ ម្យ៉ាង​វិញ​ទៀត ដោយ​ជាប់​រវល់​នឹង​កិច្ច​បំរើ​ផ្សាយ​របស់​យើង នេះ​នឹង​ជួយ​យើង​នៅ​តែ​មាន​ភាព​មាំមួន​ខាង​វិញ្ញាណ។—កិច្ចការ ១៨:៥

ខែល មួក​សឹក និង​ដាវ

៩​. តើ​ខែល​ជួយ​បាំង​ការពារ​ទាហាន​រ៉ូម​យ៉ាង​ណា?

សេចក្ដី​ជំនឿ​ទុក​ជា​ខែល។ ពាក្យ​ក្រិច​ដែល​ត្រូវ​បាន​បកប្រែ​ថា​«ខែល»​សំដៅ​ទៅ​ខែល​ដែល​ធំ​ល្មម​អាច​បាំង​រូប​កាយ។ ខែល​នឹង​ជួយ​បាំង​ការពារ​បុគ្គល​ម្នាក់​ពី​«ព្រួញ​ឆេះ»​ដែល​បាន​ចែង​មក​ក្នុង​អេភេសូរ ៦:​១៦។ នៅ​ក្នុង​សម័យ​ព្រះគម្ពីរ ពួក​ទាហាន​ច្រើន​ប្រើ​ព្រួញ​ដែល​ធ្វើ​ពី​រុក្ខជាតិ​ម្យ៉ាង​ដែល​ប្រហោង​ក្នុង​ហើយ​ដាក់​កម្ទេច​ដែក​តូចៗ​ថែម​ទាំង​ដាក់​ប្រេងកាត​ពេញ​ក្នុង​នោះ​ផង​ដែរ។ អ្នកប្រាជ្ញ​ម្នាក់​រៀប​រាប់​ថា​ព្រួញ​ទាំង​នេះ​ជា​«អាវុធ​មួយ​ដ៏​សាហាវ​ជាង​គេ​ក្នុង​សង្គ្រាម​ពី​បុរាណ»។ ប្រសិន​បើ​ទាហាន​ម្នាក់​ពុំ​មាន​ខែល​បាំង​ការពារ​ខ្លួន​ពី​ព្រួញ​ទាំង​នេះ គាត់​នឹង​ត្រូវ​របួស​ជា​ទម្ងន់​ឬ​អាច​ស្លាប់​ក៏​ថា​បាន។

១០, ១១​. (ក) តើ​«ព្រួញ​ឆេះ»​អ្វី​ខ្លះ​របស់​សាតាំង​ដែល​អាច​ធ្វើ​ឲ្យ​ជំនឿ​យើង​ទៅ​ជា​ខ្សោយ? (ខ) តើ​គំរូ​របស់​ព្រះយេស៊ូ​បង្ហាញ​នូវ​សារៈ​សំខាន់​ចំពោះ​ការ​មាន​ជំនឿ​ក្នុង​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ដូចម្ដេច?

១០ តើ​សាតាំង​ប្រើ​«ព្រួញ​ឆេះ»​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ខ្សោយ? វា​អាច​បង្ក​ឲ្យ​មាន​ការ​បៀតបៀន​ឬ​ការ​ប្រឆាំង​ក្នុង​ក្រុម​គ្រួសារ នៅ​ឯ​កន្លែង​ធ្វើ​ការ ឬ​នៅ​ឯ​សាលា។ ចំពោះ​ជន​គ្រីស្ទាន​ខ្លះ សេចក្ដី​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្ដិ​កាន់​តែ​ច្រើន​ឡើង និង​សេចក្ដី​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​បាន​នាំ​ឲ្យ​អន្តរាយ​ដល់​គេ​ខាង​វិញ្ញាណ។ ដើម្បី​ការពារ​យើង​ពី​ការ​គំរាម​កំហែង​ទាំង​នេះ «[យើង​ត្រូវ​តែ]យក​សេចក្ដី​ជំនឿ​ទុក​ជា​ខែល»។ យើង​មាន​ជំនឿ​ដោយសារ​ការ​រៀន​អំពី​ព្រះយេហូវ៉ា ទូល​ថ្វាយ​ទ្រង់​ដោយ​អធិស្ឋាន​ជា​ទៀងទាត់ និង​យល់​នូវ​របៀប​ដែល​ទ្រង់​ការពារ​និង​ប្រទាន​ពរ​ដល់​យើង។—យ៉ូស្វេ ២៣:​១៤; លូកា ១៧:៥; រ៉ូម ១០:១៧

១១ នៅ​ពេល​ដែល​ព្រះយេស៊ូ​គង់​នៅ​លើ​ផែនដី នោះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សារៈ​សំខាន់​ចំពោះ​ការ​មាន​ជំនឿ​មាំមួន​ក្នុង​ពេល​មាន​គ្រា​លំបាក។ ទ្រង់​បាន​ទុក​ព្រះទ័យ​លើ​ព្រះវរបិតា​របស់​ទ្រង់​ទាំង​ស្រុង និង​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដោយ​ព្រះទ័យ​រីករាយ។ (ម៉ាថាយ ២៦:៤២, ៥៣, ៥៤; យ៉ូហាន ៦:៣៨) សូម្បី​ពេល​ជួប​ប្រទះ​នឹង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ក្នុង​សួន​គែតសេម៉ានី ព្រះ​យេស៊ូ​មាន​បន្ទូល​ដល់​ព្រះ​វរបិតា​ថា​៖ «កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ (ម៉ាថាយ ២៦:៣៩) ព្រះយេស៊ូ​មិន​ដែល​ភ្លេច​នូវ​សារៈ​សំខាន់​ចំពោះ​ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍ និង​ការ​ធ្វើ​ឲ្យ​ព្រះ​វរបិតា​ទ្រង់​រីករាយ​នោះ​ទេ។ (សុភាសិត ២៧:១១) ប្រសិន​បើ​យើង​មាន​ទំនុក​ចិត្ត​ស្រដៀង​គ្នា​នេះ​លើ​ព្រះយេហូវ៉ា យើង​នឹង​មិន​ទៅ​ជា​មាន​ជំនឿ​ខ្សោយ​ដោយសារ​ការ​រិះគន់​ឬ​ការ​ប្រឆាំង​បៀតបៀន​ឡើយ។ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​យើង​នឹង​ត្រូវ​ពង្រឹង​បើ​យើង​ទុក​ចិត្ត​លើ​ព្រះ បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​បញ្ញត្ដិ​របស់​ទ្រង់។ (ទំនុកដំកើង ១៩:៧​-​១១; យ៉ូហានទី១ ៥:៣) គ្មាន​រង្វាន់​ខាង​ទ្រព្យ​សម្បត្ដិ​និង​ការ​សប្បាយ​ខាង​កាម​មួយ​ភ្លែត​ណា​អាច​យក​មក​ប្រៀប​ស្មើ​នឹង​ពរ​ដែល​ព្រះយេហូវ៉ា​ទុក​សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់​បាន​ឡើយ។—សុភាសិត ១០:២២

១២​. តើ​មួក​សឹក​ជា​អត្ថបដិរូប​ការពារ​នូវ​អ្វី​ដែល​ជា​ផ្នែក​ដ៏​សំខាន់​របស់​ខ្លួន​យើង? ហេតុ​អ្វី​ក៏​ការ​ការពារ​បែប​នេះ​សំខាន់​ម្ល៉េះ?

១២ សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក។ មួក​សឹក​ការពារ​ក្បាល​និង​ខួរ​ក្បាល​របស់​ទាហាន​ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា។ សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រីស្ទាន​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​មួក​សឹក ពីព្រោះ​នេះ​ការពារ​គំនិត​របស់​យើង។ (ថែស្សាឡូនីចទី១ ៥:៨) ចំណេះ​ត្រឹមត្រូវ​អំពី​សេចក្ដី​ពិត​នៃ​ព្រះបន្ទូល​របស់​ព្រះ​បាន​នាំ​ឲ្យ​យើង​កែ​ប្រែ​ចិត្ត​គំនិត តែ​យើង​ក៏​នៅ​ខ្សោយ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដែរ។ គំនិត​របស់​យើង​អាច​ងាយ​ខូច​បាន។ គោល​ដៅ​ដែល​មនុស្ស​មាន​ក្នុង​របប​លោកីយ៍​នេះ​អាច​បង្វែរ​ស្មារតី​យើង​ឬ​ថែម​ទាំង​ភ្លេច​អំពី​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​ប្រទាន​មក​ផង។ (រ៉ូម ៧:​១៨; ១២:២) អារក្ស​បាន​ខំ​ដោយ​ឥត​ប្រយោជន៍​ដើម្បី​ឲ្យ​ព្រះ​យេស៊ូ​បោះបង់​ចោល​គោល​ដៅ​ទ្រង់ ដោយ​«បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់»។ (ម៉ាថាយ ៤:៨) ប៉ុន្តែ ព្រះយេស៊ូ​បាន​បដិសេធ​មិន​ព្រម​ទទួល​របស់​ទាំង​អស់​នោះ​សោះ ហើយ​ប៉ុល​បាន​ពោល​អំពី​ទ្រង់​ថា​៖ «[ព្រះ​យេស៊ូ]បាន​រងទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្ដី​អាមាស់​ខ្មាស​នោះ ឲ្យ​តែ​បាន​សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្ដាំ​បល្ល័ង្ក​នៃ​ព្រះ»។—ហេព្រើរ ១២:២

១៣​. តើ​យើង​អាច​រក្សា​ទំនុក​ចិត្ត​របស់​យើង​លើ​សេចក្ដី​សង្ឃឹម​នា​ពេល​ខាង​មុខ​យ៉ាង​ដូច​ម្ដេច?

១៣ ទំនុក​ចិត្ត​របស់​ព្រះយេស៊ូ​មិន​មែន​មាន​ដោយ​ស្វ័យ​ប្រវត្ដិ​នោះ​ទេ។ ប្រសិន​បើ​គំនិត​យើង​ពោរពេញ​ដោយ​ក្ដី​ស្រមើ​ស្រមៃ​ចង់​បាន​របស់​អ្វីៗ​ក្នុង​លោកីយ៍​នេះ​និង​មាន​គោល​ដៅ​ចង់​សម្រេច​បំណង​នោះ​ជាជាង​ប្រមូល​អារម្មណ៍​លើ​សេចក្ដី​សង្ឃឹម​នា​ពេល​ខាង​មុខ នោះ​ជំនឿ​របស់​យើង​លើ​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​ខ្សោយ​ទៅៗ។ ក្រោយ​មក យើង​នឹង​លែង​មាន​សេចក្ដី​សង្ឃឹម​នោះ​នៅ​ក្នុង​ចិត្ត​យើង​ទៀត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​រំពឹង​គិត​ជា​ទៀងទាត់​លើ​សេចក្ដី​សន្យា​របស់​ព្រះ នោះ​យើង​នឹង​នៅ​តែ​អរ​សប្បាយ​ដោយ​មាន​សេចក្ដី​សង្ឃឹម។—រ៉ូម ១២:១២

១៤, ១៥​. (ក) តើ​ដាវ​ជា​អត្ថបដិរូប​របស់​យើង​ជា​អ្វី? តើ​យើង​អាច​ប្រើ​ដាវ​នោះ​យ៉ាង​ដូច​ម្ដេច? (ខ) ចូរ​ពន្យល់​នូវ​របៀប​ដែល​ដាវ​របស់​ព្រះវិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​សេចក្ដី​ល្បួង។

១៤ ដាវ​របស់​ព្រះ​វិញ្ញាណ។ ព្រះ​បន្ទូល​របស់​ព្រះ​ឬ​ក៏​សារ​ដែល​បាន​កត់​ទុក​ក្នុង​ព្រះគម្ពីរ​គឺ​ប្រៀប​ដូច​ដាវ​មាន​មុខ​ពីរ ដែល​មាន​ឥទ្ធិពល​ពូកែ​អាច​កាត់​ចេញ​អស់​ទាំង​សេចក្ដី​បង្រៀន​មិន​ពិត​ខាង​សាសនា និង​ជួយ​មនុស្ស​ទៀងត្រង់​ឲ្យ​រក​ឃើញ​សេរីភាព​ពី​ជំនឿ​ក្លែង​ក្លាយ។ (យ៉ូហាន ៨:​៣២; ហេព្រើរ ៤:១២) ដាវ​ខាង​វិញ្ញាណ​នេះ​ក៏​អាច​ការពារ​យើង​ពេល​ជួប​ប្រទះ​ការ​ល្បួង​ឬ​អ្នក​ក្បត់​ជំនឿ​ប៉ុនប៉ង​ចង់​បំផ្លាញ​ជំនឿ​របស់​យើង។ (កូរិនថូសទី២ ១០:៤, ៥) យើង​មាន​អំណរគុណ​ណាស់​ដែល​‹គ្រប់​ទាំង​បទគម្ពីរ គឺ​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ហើយ​ផ្ដល់​ឲ្យ​យើង​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ›។—ធីម៉ូថេទី២ ៣:១៦, ១៧

១៥ នៅ​ពេល​ដែល​សាតាំង​ល្បួង​ព្រះយេស៊ូ​នៅ​ឯ​ទីរហោស្ថាន នោះ​ទ្រង់​បាន​ប្រើ​ដាវ​របស់​ព្រះ​វិញ្ញាណ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ទប់ទល់​នឹង​ការ​វែកញែក​មិន​ត្រឹមត្រូវ​និង​សេចក្ដី​ល្បួង​ទាំង​ប៉ុន្មាន​ដែល​បង្កប់​ដោយ​ឧបាយកល។ ទ្រង់​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​ល្បួង​និមួយៗ​របស់​សាតាំង​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​មក​ថា»។ (ម៉ាថាយ ៤:១​-​១១, កំណែ​ជា​អក្សរ​ទ្រេត) ដាវីឌ​ជា​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ម្នាក់​រស់​នៅ​ប្រទេស​អេស្ប៉ាញ គាត់​ក៏​បាន​ដឹង​ថា​បទគម្ពីរ​បាន​ជួយ​គាត់​យក​ឈ្នះ​នឹងសេចក្ដី​ល្បួង​ដែរ។ នៅ​ពេល​ដែល​ដាវីឌ​មាន​អាយុ​១៩​ឆ្នាំ ស្ត្រី​ស្អាតម្នាក់​ដែល​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ជា​មួយ​គ្នា​ប្រាប់​គាត់​ថា​ពួក​យើង​គួរ​«សប្បាយ​ជា​មួយ​គ្នា»។ ដាវីឌ​បាន​បដិសេធ​នឹង​ការ​ខំ​ល្បួង​របស់​ស្ត្រី​នោះ​ភ្លាម ហើយ​សុំ​ប្រធាន​ឲ្យ​ប្ដូរ​គាត់​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ក្រែងលោ​មាន​ស្ថានការណ៍​ដូច​នេះ​កើត​ឡើង​ម្ដង​ទៀត។ ដាវីឌ​បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​ចង​ចាំ​នូវ​គំរូ​របស់​យ៉ូសែប។ គាត់​បាន​បដិសេធ​អំពើ​អសីលធម៌​និង​បាន​ចាក​ចេញ​ពី​កន្លែង​នោះ​ភ្លាម។ ខ្ញុំ​បាន​ធ្វើ​ដូច​ជា​គាត់​ដែរ»។—លោកុប្បត្តិ ៣៩:១០​-​១២

១៦​. សូម​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ការ​អប់រំ​ដើម្បី​«កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។

១៦ ព្រះយេស៊ូ​ក៏​បាន​ប្រើ​ដាវ​របស់​ព្រះ​វិញ្ញាណ​ដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​សាតាំង។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ»។ (យ៉ូហាន ៧:១៦) យើង​ត្រូវ​ការ​អប់រំ​ដើម្បី​យក​តម្រាប់​តាម​ការ​បង្រៀន​ដ៏​ពូកែ​របស់​ព្រះយេស៊ូ។ ស្តី​អំពី​ពួក​ទាហាន​រ៉ូម នោះ​អ្នក​ប្រវត្ដិវិទូ​លោក​យ៉ូសេ​ហ្វឺស​បាន​សរសេរ​ថា​៖ «ទាហាន​គ្រប់​គ្នា​ហ្វឹកហ្វឺន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ពួក​គេ​ទទួល​ការ​ហ្វឹកហ្វឺន​យ៉ាង​ហ្មត់ចត់​ណាស់ ហាក់​ដូច​ជា​ពួក​គេ​កំពុង​តែ​ធ្វើ​សង្គ្រាម ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​អាច​ស៊ូទ្រាំ​នឹង​ការ​នឿយ​ហត់​ក្នុង​ចំបាំង»។ ក្នុង​ការ​ប្រយុទ្ធ​ខាង​វិញ្ញាណ​របស់​យើង យើង​ត្រូវ​ប្រើ​ព្រះគម្ពីរ។ ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​តែ​«ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ជា​មនុស្ស​ដែល​បាន​ល្បងល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ​ដែល​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ»។ (ធីម៉ូថេទី២ ២:១៥) យើង​នឹង​មាន​ការ​ពេញ​ចិត្ត​ណាស់​ពេល​ដែល​យើង​ប្រើ​បទគម្ពីរ​ដើម្បី​តប​ឆ្លើយ​នឹង​សំនួរ​របស់​បុគ្គល​ដែល​សួរ​ដោយ​ស្មោះ​នោះ។

ចូរ​អធិស្ឋាន​រាល់​ពេល​រាល់​វេលា

១៧, ១៨​. (ក) តើ​សេចក្ដី​អធិស្ឋាន​មាន​តួនាទី​យ៉ាង​ណា​ចំពោះ​ការ​តទល់​នឹង​សាតាំង? (ខ) ចូរ​ឲ្យ​ឧទាហរណ៍​ដែល​បញ្ជាក់​ឲ្យ​ឃើញ​នូវ​តម្លៃ​នៃ​សេចក្ដី​អធិស្ឋាន។

១៧ ក្រោយ​ពី​បាន​ពិនិត្យ​មើល​នូវ​គ្រប់​គ្រឿង​សឹក​ខាង​វិញ្ញាណ ប៉ុល​បាន​បន្ថែម​នូវ​ឱវាទ​ដ៏​សំខាន់​មួយ​ទៀត។ គឺ​ជន​គ្រីស្ទាន​គួរ​«ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង»​ក្នុង​ការ​តទល់​នឹង​សាតាំង។ តើ​ត្រូវ​អធិស្ឋាន​ជា​រឿយៗ​ប៉ុន​ណា​ទៅ? ប៉ុល​បាន​សរសេរ​ថា​៖ «អធិស្ឋាន ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា»។ (អេភេសូរ ៦:១៨) នៅ​ពេល​ដែល​យើង​ជួប​ប្រទះ​នឹង​សេចក្ដី​ល្បួង ទុក្ខ​លំបាក​ឬ​ការ​ធ្លាក់​ទឹក​ចិត្ត សេចក្ដី​អធិស្ឋាន​អាច​ពង្រឹង​កម្លាំង​យើង​យ៉ាង​ខ្លាំង។ (ម៉ាថាយ ២៦:៤១) ព្រះយេស៊ូ​«បាន​ពោល​ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក​ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ទ្រង់​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ទ្រង់​កោត​ខ្លាច បាន​ជា​ព្រះ​ព្រម​ទទួល​ទ្រង់»។—ហេព្រើរ ៥:៧

១៨ មីឡាក្រូស​បាន​មើល​ថែរក្សា​ប្ដី​ដែល​ឈឺ​រ៉ាំរ៉ៃ​អស់​១៥​ឆ្នាំ​ហើយ គាត់​ពោល​ថា​៖ «នៅ​ពេល​ដែល​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត ខ្ញុំ​ទូល​ព្រះ​យេហូវ៉ា។ គ្មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​ជាង​ទ្រង់​ឡើយ។ ពិត​មែន នៅ​ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ពុំ​អាច​ស៊ូទ្រាំ​បាន​ទៀត​ទេ។ ប៉ុន្តែ ម្ដង​ហើយ​ម្ដង​ទៀត ក្រោយ​ពី​បាន​អធិស្ឋាន​ថ្វាយ​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ​និង​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ជាង»។

១៩, ២០​. តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​យក​ឈ្នះ​នឹង​ការ​ប្រឆាំង​របស់​សាតាំង?

១៩ អារក្ស​ដឹង​ថា​ពេល​វា​គឺ​ខ្លី​ណាស់ ហើយ​វា​ខំ​ប្រឹង​ដើម្បី​ឈ្នះ​យើង។ (វិវរណៈ ១២:១២, ១៧) យើង​ត្រូវ​តែ​តទល់​នឹង​សត្រូវ​ដ៏​ខ្លាំងក្លា​នេះ​ហើយ​«ត្រូវ​ពុះពារ​តយុទ្ធ​សំរាប់​ជំនឿ​អោយ​បាន​ល្អប្រសើរ»។ (ធីម៉ូថេទី១ ៦:១២, ខ.ស.) នេះ​ត្រូវ​ការ​ឥទ្ធិឫទ្ធិ​ដ៏​លើស​លប់។ (កូរិនថូសទី២ ៤:៧) យើង​ក៏​ត្រូវ​ការ​ជំនួយ​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​អធិស្ឋាន​សុំ​នោះ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរបិតា​ដែល​គង់​ស្ថានសួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​អស់​អ្នក​ដែល​សូម​ជាជាង​អម្បាលម៉ាន​ទៅ​ទៀត!»។—លូកា ១១:១៣

២០ ច្បាស់​ហើយ នេះ​គឺ​សំខាន់​ចាំបាច់​ដែល​យើង​ត្រូវ​ពាក់​គ្រប់​គ្រឿង​សឹក​ដែល​ព្រះយេហូវ៉ា​ប្រទាន​ឲ្យ។ ការ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ​នេះ​តម្រូវ​ឲ្យ​យើង​បណ្ដុះ​នូវ​គុណសម្បត្ដិ​ដែល​ព្រះ​សព្វ​ព្រះហឫទ័យដូច​ជា​ជំនឿ និង​សេចក្ដី​សុចរិត។ នេះ​តម្រូវ​ឲ្យ​យើង​ស្រឡាញ់​សេចក្ដី​ពិត​ដែល​ហាក់​ដូច​ជា​ក្រវាត់​សេចក្ដី​ពិត​ឲ្យ​ជាប់ ហើយ​យើង​ប្រុង​ប្រៀប​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​ឱកាស ព្រម​ទាំង​នេះ​តម្រូវ​ឲ្យ​យើង​ចង​ចាំ​នូវ​សេចក្ដី​សង្ឃឹម​នា​ខាង​មុខ។ យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ប្រើ​ដាវ​របស់​ព្រះវិញ្ញាណ​ឲ្យ​បាន​ប៉ិនប្រសប់។ ដោយ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ នោះ​យើង​អាច​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​កំណាច ហើយ​នេះ​អាច​នាំ​ឲ្យ​មាន​សិរី​រុងរឿង​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។—រ៉ូម ៨:៣៧​-​៣៩

[កំណត់​សម្គាល់]

^ វគ្គ 6 នៅ​ក្នុង​ទំនាយ​របស់​អេសាយ​បាន​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា «ទ្រង់​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត​ទុក​ជា​អាវ​ក្រោះ»។ ដូច្នេះ​ហើយ ទ្រង់​តម្រូវ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌​និង​ប្រព្រឹត្ត​ដោយ​សុចរិត។—អេសាយ ៥៩:១៤, ១៥, ១៧

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​អ្នក​ណា​ផ្ដល់​គំរូ​ដ៏​ល្អ​ចំពោះ​ការ​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ? ហេតុ​អ្វី​ក៏​យើង​ត្រូវ​ពិនិត្យ​មើល​គំរូ​របស់​ទ្រង់​ឲ្យ​បាន​ហ្មត់ចត់?

តើ​យើង​អាច​ការពារ​គំនិត​និង​ចិត្ត​របស់​យើង​យ៉ាងដូចម្ដេច?

តើ​យើង​អាច​ប្រើ​ដាវ​របស់​ព្រះ​វិញ្ញាណ​ដោយ​ប៉ិនប្រសប់​យ៉ាង​ដូចម្ដេច?

ហេតុ​អ្វី​ក៏​យើង​គួរ​អធិស្ឋាន​រាល់​ពេល​រាល់​វេលា?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៥]

ការ​សិក្សា​ព្រះគម្ពីរ​ដោយ​យក​ចិត្ត​ទុក​ដាក់​អាច​ជំរុញ​យើង​ឲ្យ​ប្រកាស​ដំណឹង​ល្អ​នៅ​គ្រប់​ឱកាស

[រូបភាព​នៅ​ទំព័រ​២៦]

សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​របស់​យើង​ជួយ​ឲ្យ​ប្រឈម​មុខ​នឹង​សេចក្ដី​ទុក្ខ​លំបាក

[រូបភាព​នៅ​ទំព័រ​២៧]

តើ​អ្នក​ប្រើ​«ដាវ​របស់​ព្រះ​វិញ្ញាណ»​ក្នុង​កិច្ច​បំរើ​ផ្សាយ​ឬ​ទេ?