លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរលើកដំកើងសិរីរុងរឿងរបស់ព្រះដោយ«មាត់តែមួយ»

ចូរលើកដំកើងសិរីរុងរឿងរបស់ព្រះដោយ«មាត់តែមួយ»

ចូរ​លើក​ដំកើង​សិរី​រុងរឿង​របស់​ព្រះ​ដោយ«មាត់​តែ​មួយ»

«[ចូរ]មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។—រ៉ូម ១៥:៦

១​. តើ​ប៉ុល​បង្រៀន​អ្នក​ជឿ​គ្នីគ្នា​នូវ​មេ​រៀន​អ្វី ស្តី​អំពី​រឿង​ដែល​កើត​មក​ពី​ទស្សនៈ​ខុសៗ​គ្នា?

ជន​គ្រីស្ទាន​ទាំង​ឡាយ​មិន​ធ្វើ​ការ​សម្រេច​ជ្រើសរើស​ដូច​គ្នា​ឬ​មាន​ចំណង់​ចំណូល​ចិត្ត​ដូចៗ​គ្នា​នោះ​ឡើយ។ ប៉ុន្តែ បណ្ដា​គ្រីស្ទាន​ទាំង​ឡាយ​ត្រូវ​ដើរ​កៀក​ស្មា​គ្នា​តាម​ផ្លូវ​ទៅ​ឯ​ជីវិត។ តើ​មាន​លទ្ធភាព​ធ្វើ​ដូច្នេះ​បាន​ទេ? ពិត​ជា​មាន​លទ្ធភាព​មែន បើ​យើង​មិន​បង្កើត​រឿង​ធំ​ដោយ​ប្រកាន់​ចំពោះ​ទស្សនៈ​ខុស​គ្នា​អំពី​រឿង​តូចតាច។ នេះ​ជា​មេ​រៀន​មួយ​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​អ្នក​ជឿ​គ្នីគ្នា​របស់​គាត់​នៅ​សតវត្សរ៍​ទីមួយ។ តើ​គាត់​ពន្យល់​រឿង​ដ៏​សំខាន់​នេះ​ដោយ​របៀប​ណា? ហើយ​សព្វថ្ងៃ​នេះ តើ​យើង​អាច​អនុវត្ត​តាម​ដំបូន្មាន​នោះ​បាន​យ៉ាង​ណា ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​គាត់​សរសេរ?

សារៈ​សំខាន់​នៃ​សាមគ្គីភាព​រវាង​ជន​គ្រីស្ទាន

២​. តើ​ប៉ុល​បាន​បញ្ជាក់​យ៉ាង​ណា នូវ​សារៈ​សំខាន់​នៃ​សាមគ្គីភាព?

ប៉ុល​ជ្រាប​ថា សាមគ្គីភាព​រវាង​ជន​គ្រីស្ទាន​ជា​អ្វី​ដែល​ចាំបាច់​ណាស់ ហើយ​គាត់​ក៏​បាន​ជូន​ឱវាទ​ល្អៗ​ដើម្បី​ជួយ​បណ្ដា​គ្រីស្ទាន​ឲ្យ​ចេះ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ក្ដី​ស្រឡាញ់។ (អេភេសូរ ៤:១​-​៣; កូល៉ុស ៣:១២​-​១៤) ប៉ុល​បាន​ជួយ​ស្ថាបនា​ក្រុមជំនុំ​ជា​ច្រើន​និង​បាន​ធ្វើ​ទស្សនកិច្ច​នៅឯ​ក្រុមជំនុំ​ផ្សេងៗ​ទៀត​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ ហើយ​ទោះ​ជា​មាន​ឱវាទ​ល្អ​នោះ​ក៏​ដោយ គាត់​ក៏​ដឹង​ថា​ការ​រក្សា​ឲ្យ​មាន​សាមគ្គីភាព​គឺ​ពិបាក។ (កូរិនថូសទី១ ១:១១​-​១៣; កាឡាទី ២:១១​-​​១៤) ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​ដាស់​តឿន​អ្នក​ជឿ​គ្នីគ្នា​ដែល​រស់​នៅឯ​ទីក្រុង​រ៉ូម​ថា​៖ «សូម​ព្រះ​នៃ​សេចក្ដី​អត់ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា . . . ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា»។ (រ៉ូម ១៥:៥, ៦) ដូច​គ្នា​ដែរ​នៅ​សព្វថ្ងៃ​នេះ យើង​ត្រូវ​សរសើរ​ដំកើង​ព្រះ​យេហូវ៉ា​ដោយ​«មាត់​តែ​មួយ»​ជា​រាស្ត្រ​មួយ​ក្រុម​របស់​ទ្រង់​ដែល​មាន​សាមគ្គីភាព។ តើ​យើង​កំពុងតែ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​មាត់​តែ​មួយ​ឬ​ទេ?

៣, ៤​. (ក) នៅឯ​ទីក្រុង​រ៉ូម តើ​បងប្អូន​គ្រីស្ទាន​មាន​សាវតារ​ផ្សេងៗ​ណា​ខ្លះ? (ខ) តើ​ជន​គ្រីស្ទាន​នៅឯ​ទីក្រុង​រ៉ូម​អាច​បំរើ​ព្រះ​យេហូវ៉ា​ដោយ​«មាត់​តែ​មួយ»បាន​យ៉ាង​ណា?

ជន​គ្រីស្ទាន​ជា​ច្រើន​នៅឯ​ទីក្រុង​រ៉ូម​នោះ ជា​មិត្ត​របស់​ប៉ុល។ (រ៉ូម ១៦:៣​-​១៦) ទោះបី​ជា​ពួក​គាត់​មាន​ប្រវត្ដិ​ខុសៗ​គ្នា​ក្ដី ប៉ុល​បាន​ទទួល​ស្គាល់​បងប្អូន​ទាំង​ឡាយ​ជា​«ពួក​ស្ងួនភ្ងា​នៃ​ព្រះ»។ ប៉ុល​បាន​សរសេរ​ថា​៖ «ខ្ញុំ​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ​យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា»។ នេះ​គឺ​ស​ឲ្យ​ឃើញ​ច្បាស់​ណាស់​ថា បងប្អូន​នៅ​ទីក្រុង​រ៉ូម​នោះ​បាន​តាំង​គំរូ​ល្អ​តាម​របៀប​ផ្សេងៗ។ (រ៉ូម ១:៧, ៨; ១៥:១៤) ដំណាល​គ្នា​នេះ​ដែរ បុគ្គល​ខ្លះៗ​ក្នុង​ក្រុមជំនុំ​ក៏​មាន​ទស្សនៈ​ខុសៗ​គ្នា​ស្តី​អំពី​រឿង​ផ្សេងៗ​ដែរ។ សព្វថ្ងៃ​នេះ បណ្ដា​គ្រីស្ទាន​ក៏​មក​ពី​គ្រប់​ស្រទាប់​នៃ​វណ្ណៈ​និង​វប្បធម៌​ផ្សេងៗ ដូច្នេះ​ការ​សិក្សា​ឱវាទ​ដែល​ព្រះ​បណ្ដាល​ឲ្យ​ប៉ុល​សរសេរ​អំពី​របៀប​ដោះ​ស្រាយ​រឿង​ជំលោះ ក៏​អាច​ជួយ​ឲ្យ​យើង​និយាយ​ដោយ​«មាត់​តែ​មួយ»​ដែរ។

អ្នក​ជឿ​នៅឯ​ទីក្រុង​រ៉ូម​នោះ រួម​មាន​ជនជាតិ​យូដា​ខ្លះ ហើយ​ខ្លះ​មក​ពី​សាសន៍​ដទៃ។ (រ៉ូម ៤:១; ១១:១៣) ជន​គ្រីស្ទាន​សាសន៍​យូដា​ខ្លះ​មើល​ទៅ​ដូច​ជា​មាន​ការ​ទើសទាល់​ស្តី​អំពី​ការ​ឈប់​គោរព​តាម​ទំនៀម​ទំលាប់​ផ្សេងៗ​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ។ ពួក​គាត់​នៅ​មាន​អារម្មណ៍​បែប​នេះ​ទោះបី​ជា​ដឹង​ថា មិន​ចាំបាច់​ធ្វើ​ដូច្នេះ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ជន​គ្រីស្ទាន​សាសន៍​យូដា​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ថា យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ​បាន​ដោះ​លែង​ពួក​គាត់​ឲ្យ​រួច​ពី​ល័ក្ខខ័ណ្ឌ​ផ្សេងៗ ដែល​គាត់​ធ្លាប់​គោរព​ធ្វើ​តាម​មុន​ក្លាយ​ជា​ជន​គ្រីស្ទាន។ ជា​លទ្ធផល​នោះ ពួក​គាត់​បាន​កែ​ប្រែ​ទង្វើ​និង​ទំនៀម​ទំលាប់​ខ្លះៗ​របស់​ខ្លួន។ (កាឡាទី ៤:៨​-​១១) យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​ទាំង​អស់​គ្នា​ជា​«ពួក​ស្ងួនភ្ងា​នៃ​ព្រះ» ដូច​ប៉ុល​បាន​បញ្ជាក់​នោះ។ បងប្អូន​ម្នាក់ៗ​អាច​មូល​គ្នា​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​«មាត់​តែ​មួយ» ប្រសិន​បើ​ពួក​គាត់​រក្សា​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​រាល់​គ្នា​សព្វថ្ងៃ​នេះ​ក៏​ប្រហែល​ជា​មាន​ទស្សនៈ​ខុសៗ​គ្នា​ស្តី​អំពី​រឿង​ផ្សេងៗ​ដែរ ដូច្នេះ​យក​ល្អ​ឲ្យ​យើង​ពិចារណា​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​របៀប​ដែល​ប៉ុល​ពន្យល់​អំពី​គោលការណ៍​ដ៏​សំខាន់​មួយ​នេះ។—រ៉ូម ១៥:៤

«ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក»

៥, ៦​. ក្នុង​ក្រុមជំនុំ​នៅឯ​ទីក្រុង​រ៉ូម ហេតុ​អ្វី​បាន​ជា​មាន​ទស្សនៈ​ខុសៗ​គ្នា?

ក្នុង​សំបុត្រ​ដែល​ប៉ុល​សរសេរ​ជូន​ចំពោះ​ក្រុមជំនុំ​នៅឯ​ទីក្រុង​រ៉ូម គាត់​ពិគ្រោះ​អំពី​រឿង​មួយ​ដែល​ស​ឲ្យ​ឃើញ​នូវ​ទស្សនៈ​ផ្សេងៗ​របស់​បងប្អូន។ ប៉ុល​សរសេរ​ថា​៖ «ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់។ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ»។ ហេតុ​អ្វី​បាន​ជា​មាន​ទស្សនៈ​ខុស​គ្នា​ដូច្នេះ? គឺ​ពីព្រោះ​ក្រិត្យ​វិន័យ​ម៉ូសេ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​បរិភោគ​សាច់​ជ្រូក​សោះ​ឡើយ។ (រ៉ូម ១៤:២; លេវីវិន័យ ១១:៧) ក៏​ប៉ុន្តែ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​សោយទិវង្គត ច្បាប់​នោះ​លែង​មាន​សុពល​ភាព​ទៀត​ហើយ។ (អេភេសូរ ២:១៥) រួច​មក បី​ឆ្នាំ​កន្លះ​ក្រោយ​ពី​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ ទេវតា​មួយ​រូប​បាន​ប្រាប់​សាវ័ក​ពេត្រុស​ថា ព្រះ​មិន​ឲ្យ​មនុស្ស​ចាត់​ទុក​ម្ហូប​ណា​ជា​ម្ហូប​មិន​ស្អាត​ទៀត​ទេ។ (កិច្ចការ ១១:៧​-​១២) ដោយ​គិត​អំពី​កត្ដា​ផ្សេងៗ​នោះ ជន​គ្រីស្ទាន​សាសន៍​យូដា​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា គេ​អាច​បរិភោគ​សាច់​ជ្រូក​ឬ​ម្ហូប​ណា​ទៀត​ដែល​ជាប់​បំរាម​ពី​មុន​ក្រោម​ក្រិត្យ​វិន័យ។

ក៏​ប៉ុន្តែ ជន​គ្រីស្ទាន​សាសន៍​យូដា​ឯ​ទៀត​ប្រហែល​ជា​មាន​អារម្មណ៍​ខ្ពើម​ឆ្អើម​ពេល​គ្រាន់​តែ​គិត​អំពី​ការ​បរិភោគ​អាហារ​ដែល​ពី​មុន​បាន​ចាត់​ទុក​ជា​ម្ហូប​មិន​ស្អាត​នោះ។ ពួក​អ្នក​ដែល​ងាយ​តូច​ចិត្ត ប្រហែល​ជា​អាក់អន់​ចិត្ត​ភ្លាម​បើ​ឃើញ​បងប្អូន​សាសន៍​យូដា​ដែល​រួម​ជំនឿ​លើ​ព្រះ​គ្រីស្ទ​កំពុងតែ​បរិភោគ​ម្ហូប​បែប​នោះ។ ម្យ៉ាង​ទៀត ជន​គ្រីស្ទាន​សាសន៍​ដទៃ​ខ្លះ​ដែល​មិន​ធ្លាប់​ជាប់​បំរាម​ខាង​អាហារ​ទេ ប្រហែល​ជា​ឆ្ងល់​ហើយ​នឹក​ប្លែក​ក្នុង​ចិត្ត​អំពី​ការ​រក​រឿង​អំពី​ម្ហូបអាហារ។ ពិត​មែន ការ​តម​អាហារ​ណា​ខ្លះ​គឺ​មិន​ខុស​ទេ ឲ្យ​តែ​អ្នក​តម​មិន​ប្រកាន់​ត្រណម​ជា​អ្វី​ដែល​ចាំបាច់​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។ យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​ខុសៗ​គ្នា​នោះ​អាច​ធ្វើ​ជា​ហេតុ​បង្ក​រឿង​ក្នុង​ក្រុមជំនុំ​បាន។ បណ្ដា​គ្រីស្ទាន​នៅឯ​ទីក្រុង​រ៉ូម​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ទស្សនៈ​ខុសៗ​គ្នា​បែប​នោះ​រំខាន​ដល់​ការ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​«មាត់​តែ​មួយ»។

៧​. តើ​មាន​ទស្សនៈ​ខុសៗ​គ្នា​អ្វី ស្តី​អំពី​ការ​គោរព​តាម​ថ្ងៃ​ពិសេស​ណា​មួយ​រាល់​សប្ដាហ៍?

ប៉ុល​បាន​លើក​ឧទាហរណ៍​មួយ​ទៀត​ថា​៖ «ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា»។ (រ៉ូម ១៤:​៥ក) ក្រោម​ក្រិត្យ​វិន័យ​ម៉ូសេ ប្រជាជន​មិន​អាច​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សំរាក​សោះ​ឡើយ។ សូម្បីតែ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​នៅ​ថ្ងៃ​ឈប់​សំរាក​ក៏​ត្រូវ​ហាម​ផង​ដែរ។ (និក្ខមនំ ២០:៨​-​១០; ម៉ាថាយ ២៤:២០; កិច្ចការ ១:១២) ក៏​ប៉ុន្តែ ពេល​ដែល​ក្រិត្យ​វិន័យ​នោះ​បាន​ត្រូវ​លុប​ចោល បំរាម​ទាំង​ប៉ុន្មាន​នោះ​ក៏​លែង​មាន​សុពល​ភាព​ដែរ។ យ៉ាង​ណា​ក៏​ដោយ ជន​គ្រីស្ទាន​សាសន៍​យូដា​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​អំពី​ការ​ធ្វើ​អ្វី ឬ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​នៅ​ថ្ងៃ​នោះ​ដែល​ពី​មុន​បាន​ត្រូវ​ចាត់​ទុក​ជា​ថ្ងៃ​ពិសិដ្ឋ។ ក្រោយ​ពី​បាន​ក្លាយ​ជា​ជន​គ្រីស្ទាន​វិញ ពួក​គាត់​ប្រហែល​ជា​នៅ​រក្សា​ទុក​ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​សក្ការៈ ទោះ​ជា​ព្រះ​លែង​តម្រូវ​ឲ្យ​គេ​គោរព​តាម​ថ្ងៃ​ឈប់​សំរាក​ក៏​ដោយ។ តើ​អ្នក​ទាំង​នោះ​ធ្វើ​ខុស​ដោយ​នៅ​គោរព​តាម​ថ្ងៃ​ឈប់​សំរាក​ឬ​ទេ? មិន​មែន​ទេ! ឲ្យ​តែ​គេ​មិន​ប្រកាន់​ថ្ងៃ​នោះ​ជា​តម្រូវ​ការ​របស់​ព្រះ។ អាស្រ័យ​ហេតុ​នេះ ប៉ុល​បាន​សរសេរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនសិការ​នៃ​បងប្អូន​គ្រីស្ទាន​របស់​គាត់​ថា​៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន»។—រ៉ូម ១៤:៥​ខ

៨​. ទោះ​បើ​ជន​គ្រីស្ទាន​នៅឯ​ទីក្រុង​រ៉ូម​អាច​យោគ​យល់​នឹង​មនសិការ​របស់​អ្នក​ដទៃ​ក្ដី តើ​ពួក​គាត់​មិន​គួរ​ធ្វើ​អ្វី?

ទោះ​ជា​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បងប្អូន​យ៉ាង​កក់ក្ដៅ ថា​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ចំពោះ​ពួក​អ្នក​ដែល​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ដោយសារ​មនសិការ​របស់​ខ្លួន​ក្ដី គាត់​ក៏​បាន​កាត់​ទោស​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ពួក​អ្នក​ដែល​បង្ខិត​បង្ខំ​អ្នក​ជឿ​គ្នីគ្នា​ឲ្យ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ​ដែល​ពួក​គេ​ចាត់​ទុក​ជា​តម្រូវ​ការ​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ ជាក់​ស្តែង​គឺ​ដូច​ជា​សៀវភៅ​ហេព្រើរ​ដែល​ប៉ុល​បាន​សរសេរ​ប្រហែល​ជា​នៅ​ឆ្នាំ​៦១ ស.យ. ជា​សំបុត្រ​ជូន​ចំពោះ​ជន​គ្រីស្ទាន​សាសន៍​យូដា​ដែល​ពន្យល់​យ៉ាង​ច្បាស់​ហើយ​និយាយ​ខ្លាំង​ផង​ដែរ ថា​ការ​ធ្វើ​តាម​ក្រិត្យ​វិន័យ​ម៉ូសេ​គឺ​គ្មាន​ប្រយោជន៍​ទេ ពីព្រោះ​ពួក​គ្រីស្ទាន​មាន​សេចក្ដី​សង្ឃឹម​ប្រសើរ​ជាង​ដែល​មាន​មូលដ្ឋាន​លើ​យញ្ញបូជា​លោះ​របស់​ព្រះ​យេស៊ូ។—កាឡាទី ៥:១​-​១២; ទីតុស ១:១០,​១១; ហេព្រើរ ១០:១​-​១៧

៩, ១០​. តើ​ពួក​គ្រីស្ទាន​មិន​គួរ​ធ្វើ​អ្វី? សូម​ពន្យល់។

ការ​ពិចារណា​ទៅ​ដល់​ត្រឹម​នេះ​បង្ហាញ​ថា ប៉ុល​លើក​បញ្ជាក់​ពី​ការ​សម្រេច​ផ្សេងៗ​ថា​នេះ​មិន​គួរ​ប៉ះ​ពាល់​ដល់​សាមគ្គីភាព​របស់​យើង​ទេ បើ​ការ​សម្រេច​នោះ​មិន​ប្រឆាំង​នឹង​គោលការណ៍​ដែល​ពួក​គ្រីស្ទាន​ធ្វើ​តាម។ ហេតុ​នេះ​ហើយ​បាន​ជា​ប៉ុល​សួរ​ដល់​ជន​គ្រីស្ទាន​ដែល​មាន​មនសិការ​ខ្សោយ​ជាង​មនសិការ​របស់​បងប្អូន​ឯ​ទៀត​ថា​៖ «ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា[ឬ​«ថ្កោល​ទោស»​, ខ.ស.]ចំពោះ​បងប្អូន​ខ្លួន?»។ ហើយ​ចំពោះ​បងប្អូន​ដែល​មាន​ជំនឿ​មាំ​ជាង​(ប្រហែល​ជា​ពួក​អ្នក​ដែល​មិន​មាន​មនសិការ​ធ្វើ​ទុក្ខ​ពេល​បរិភោគ​អាហារ​ដែល​ក្រិត្យ​វិន័យ​ហាម​នោះ ឬ​ដែល​ហ៊ាន​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សំរាក) ប៉ុល​សួរ​ថា​៖ «ហេតុ​អ្វី​បាន​ជា​អ្នក . . . មើលងាយ​ដល់​បងប្អូន​ខ្លួន?»។ (រ៉ូម ១៤:១០) យោង​ទៅ​តាម​ប៉ុល​នោះ ជន​គ្រីស្ទាន​ដែល​មាន​មនសិការ​ខ្សោយ​ជាង​បន្ដិច មិន​គួរ​ថ្កោល​ទោស​បងប្អូន​ដែល​មាន​ទស្សនៈ​ទូលំទូលាយ។ ព្រម​ជា​មួយ​នេះ​ដែរ ជន​គ្រីស្ទាន​ដែល​មាន​ជំនឿ​មាំមួន​មិន​គួរ​មើលងាយ​បងប្អូន​ដែល​មាន​មនសិការ​ខ្សោយ​ស្តី​អំពី​រឿង​ផ្សេងៗ។ បងប្អូន​ទាំង​អស់​គ្នា​គួរ​គោរព​សិទ្ធិ​របស់​អ្នក​ដទៃ​ដែល​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ហើយ​មិន​គួរ​«មាន​គំនិត​ខ្ពស់[ឬ​«លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់»​, ខ.ស.] លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ»។—រ៉ូម ១២:៣, ១៨

១០ ប៉ុល​បាន​ពន្យល់​អំពី​ទស្សនៈ​ដែល​បង្ហាញ​នូវ​តុល្យភាព​ដូច​ត​ទៅ​ថា​៖ «កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើលងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ​ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា»។ ប៉ុល​ក៏​មាន​ប្រសាសន៍​ទៀត​ថា​៖ «ព្រះ​គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ»។ ដោយសារ​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​ព្រម​ទទួល​ទាំង​មនុស្ស​ខ្សោយ​និង​មនុស្ស​ដែល​មាន​ជំនឿ​មុត​មាំ នោះ​យើង​ក៏​គួរ​មាន​ចិត្ត​ទូលំទូលាយ​ដូច​គ្នា​ដែរ ហើយ​គួរ​«ទទួល​គ្នា​ទៅ​វិញ​ទៅ​មក»​ផង។ (រ៉ូម ១៤:៣; ១៥:៧) តើ​អាច​ជំទាស់​នឹង​ទស្សនៈ​បែប​នេះ​ឬ​ទេ?

សាមគ្គីភាព​សព្វ​ថ្ងៃ​នេះ​មក​ពី​ការ​ស្រឡាញ់​គ្នា​ជា​បងប្អូន

១១​. នៅ​ជំនាន់​ប៉ុល​នោះ តើ​មាន​ស្ថានការណ៍​ប្លែក​អ្វី?

១១ សំបុត្រ​ដែល​ប៉ុល​សរសេរ​ជូន​ចំពោះ​ក្រុមជំនុំ​នៅឯ​ទីក្រុង​រ៉ូម​នោះ​បាន​ពិគ្រោះ​អំពី​ស្ថានការណ៍​ដ៏​ប្លែក​មែន ពីព្រោះ​ព្រះ​យេហូវ៉ា​ទើប​តែ​បាន​លុប​ចោល​កិច្ច​ព្រម​ព្រៀង​មួយ ហើយ​បាន​ស្ថាបនា​កិច្ច​ព្រម​ព្រៀង​ថ្មី​មួយ​ទៀត។ អ្នក​ខ្លះ​មិន​សូវ​ចេះ​កែ​ប្រែ​ប៉ុន្មាន​ទេ។ សព្វថ្ងៃ​នេះ​យើង​មិន​មាន​ស្ថានការណ៍​ដូច​នោះ​ទេ ប៉ុន្តែ​ម្ដងម្កាល​ក៏​មាន​រឿង​កើត​ឡើង​ដែល​ស្រដៀង​គ្នា​ដែរ។

១២, ១៣​. សព្វថ្ងៃ​នេះ​តើ​មាន​ស្ថានការណ៍​បែប​ណា​ខ្លះ ដែល​ហុច​ឱកាស​ឲ្យ​ជន​គ្រីស្ទាន​បង្ហាញ​ការ​យោគ​យល់​ចំពោះ​មនសិការ​របស់​បងប្អូន?

១២ ជា​ឧទាហរណ៍ ប្រហែល​ជា​មាន​ស្ត្រី​គ្រីស្ទាន​ម្នាក់​ដែល​ធ្លាប់​កាន់​សាសនា​ដែល​តម្រូវ​ឲ្យ​ស្លៀក​ពាក់​និង​សំអិត​សំអាង​ខ្លួន​បែប​មិន​ឆើតឆាយ​ឡើយ។ ពេល​ដែល​ស្ត្រី​នោះ​ក្រសោប​យក​សេចក្ដី​ពិត​ជា​ជំនឿ​របស់​ខ្លួន គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ស្តី​អំពី​ទស្សនៈ​ថា មាន​ឱកាស​ដែល​យើង​អាច​ស្លៀក​ពាក់​អ្វី​ដែល​សមរម្យ​តែ​មាន​ពណ៌​ស្អាត​ឆើត​បាន ឬ​អាច​សំអិត​សំអាង​ខ្លួន​ដោយ​ប្រើ​ម្សៅ​និង​ក្រែម​ល្មមៗ​បាន ហើយ​ជា​អ្វីដែល​មិន​ខុស​ទេ។ ដោយសារ​ទស្សនៈ​របស់​គាត់​មិន​ប្រឆាំង​នឹង​គោលការណ៍​ព្រះ​គម្ពីរ នោះ​មិន​ល្អ​ទេ​បើ​បងប្អូន​បង្ខិត​បង្ខំ​គាត់​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ណា​ដែល​ធ្វើ​ទុក្ខ​ដល់​មនសិការ​របស់​គាត់។ ដូច​គ្នា​ដែរ ស្ត្រី​នោះ​ក៏​ជ្រាប​ថា គាត់​មិន​គួរ​ទិតៀន​បងប្អូន​គ្រីស្ទាន​ដែល​ស្លៀក​ពាក់​ឬ​សំអិត​សំអាង​ខ្លួន​បែប​នោះ​ដោយ​មិន​មាន​មនសិការ​ធ្វើ​ទុក្ខ​ទេ។

១៣ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ទៀត។ ជន​គ្រីស្ទាន​ម្នាក់​ប្រហែល​ជា​បាន​ធំ​ឡើង​ក្នុង​មជ្ឈដ្ឋាន​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​ពិសា​ស្រា។ កាល​ដែល​គាត់​ទទួល​ចំណេះ​ពិត​ពី​ព្រះ​គម្ពីរ គាត់​ក៏​រៀន​ថា ព្រះ​គម្ពីរ​ចាត់​ទុក​ស្រា​ជា​អំណោយ​មួយ​ពី​ព្រះ ហើយ​យើង​អាច​ពិសា​ស្រា​បាន​ដោយ​ចេះ​ប្រមាណ។ (ទំនុកដំកើង ១០៤:១៥) អ្នក​ថ្មី​នេះ​ក៏​ទទួល​ស្គាល់​នូវ​ទស្សនៈ​នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ គាត់​ប្រហែល​ជា​សម្រេច​ចិត្ត​មិន​ពិសា​ស្រា​សោះ ដោយ​ផ្អែក​លើ​កាល​ដែល​គាត់​បាន​រៀន​ពី​តូច​មក។ ប៉ុន្តែ គាត់​ក៏​មិន​រិះគន់​បងប្អូន​ដែល​ពិសា​ស្រា​ដោយ​ចេះ​ប្រមាណ​ឡើយ។ យ៉ាង​នេះ គាត់​កំពុងតែ​អនុវត្ត​តាម​សំនេរ​របស់​ប៉ុល​ដែល​ថា​៖ «ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ»។—រ៉ូម ១៤:១៩

១៤​. តើ​មាន​ស្ថានការណ៍​បែប​ណា​ខ្លះ ដែល​ហុច​ឱកាស​ឲ្យ​ជន​គ្រីស្ទាន​បង្ហាញ​ចិត្ត​គំនិត​ស្រប​ទៅ​តាម​ឱវាទ​ដែល​ប៉ុល​ជូន​ចំពោះ​ក្រុមជំនុំ​នៅឯ​ទីក្រុង​រ៉ូម?

១៤ មាន​ស្ថានការណ៍​ផ្សេងៗ​ទៀត​ដែរ ដែល​តម្រូវ​ឲ្យ​យើង​បង្ហាញ​នូវ​ចិត្ត​គំនិត​ស្រប​ទៅ​តាម​ឱវាទ​ដែល​ប៉ុល​ជូន​ចំពោះ​ក្រុមជំនុំ​នៅឯ​ទីក្រុង​រ៉ូម។ ក្រុមជំនុំ​គ្រីស្ទាន​តែង​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា។ អាស្រ័យ​ហេតុ​នេះ បុគ្គល​ម្នាក់ៗ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេងៗ​ដែរ ដូច​ជា​ការ​សម្រេច​អំពី​របៀប​ស្លៀក​ពាក់​ឬ​ការ​សំអិត​សំអាង​ខ្លួន​ជា​ដើម។ ពិត​មែន ព្រះ​គម្ពីរ​រៀប​រាប់​ប្រាប់​នូវ​គោលការណ៍​ជាក់​ច្បាស់​ផ្សេងៗ​ដែល​ជន​គ្រីស្ទាន​ចិត្ត​ស្មោះ​ទាំង​ឡាយ​សុខ​ចិត្ត​ធ្វើ​តាម​ដែរ។ គ្មាន​នរណា​ក្នុង​ចំណោម​យើង​ចង់​ស្លៀក​ពាក់​ឬ​សំអិត​សំអាង​ខ្លួន​ប្លែកៗ ឥត​សមរម្យ ឬ​តាម​ម៉ូដ​និយម​ដោយ​មនុស្ស​អាក្រក់​ក្នុង​លោកីយ៍​នេះ​ឡើយ។ (យ៉ូហានទី១ ២:១៥​-​១៧) ពួក​គ្រីស្ទាន​ពិត​តែង​តែ​ចាំ​មិន​ភ្លេច​ថា នៅ​គ្រប់​វេលា​មិន​ថា​ពេល​កំសាន្ត​លំហែ​កាយ​ក្ដី នោះ​យើង​ជា​អ្នក​បំរើ ដែល​តំណាង​ព្រះ​មហាក្សត្រ​សកលលោក។ (អេសាយ ៤៣:១០; យ៉ូហាន ១៧:១៦; ធីម៉ូថេទី១ ២:៩, ១០) តាម​ពិត ក្នុង​ករណី​ជា​ច្រើន នោះ​ជន​គ្រីស្ទាន​អាច​ជ្រើសរើស​ហើយ​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​បាន។ *

ចូរ​ជៀសវាង​កុំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់

១៥​. ដោយសារ​មាន​ចិត្ត​ចង់​ជួយ​បងប្អូន​គ្រីស្ទាន​យើង តើ​មាន​កាលៈទេសៈ​ណា​ខ្លះ ដែល​តម្រូវ​ឲ្យ​យើង​ជៀសវាង​ទង្វើ​ណា​មួយ​ទោះបី​ជា​យើង​មាន​សិទ្ធិ​ធ្វើ​ក្ដី?

១៥ ក្នុង​ឱវាទ​ដែល​ប៉ុល​ជូន​ចំពោះ​បណ្ដា​គ្រីស្ទាន​នៅឯ​ទីក្រុង​រ៉ូម​នោះ គាត់​ក៏​លើក​ឡើង​គោលការណ៍​សំខាន់​មួយ​ទៀត​ឲ្យ​យើង​ពិចារណា។ យូរៗ​ម្ដង ជន​គ្រីស្ទាន​ដែល​បាន​បង្ហាត់​បង្រៀន​មនសិការ​យ៉ាង​ល្អ​នោះ នឹង​សម្រេច​ចិត្ត​ជៀសវាង​ទង្វើ​ណា​មួយ ទោះ​ជា​គាត់​មាន​សិទ្ធិ​ធ្វើ​នោះ​ក៏​ដោយ។ ហេតុ​អ្វី? ពីព្រោះ​គាត់​ទទួល​ស្គាល់​ថា ទង្វើ​នោះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ។ ក្នុង​ករណី​បែប​នោះ តើ​យើង​គួរ​ធ្វើ​អ្វី? ប៉ុល​មាន​ប្រសាសន៍​ថា​៖ «គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ»។ (រ៉ូម ១៤:១៤, ២០, ២១) យ៉ាង​នេះ​«គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នកជិតខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង»។ (រ៉ូម ១៥:១, ២) បើ​កាល​ណា​ទង្វើ​របស់​យើង​អាច​ធ្វើ​ឲ្យ​បងប្អូន​គ្រីស្ទាន​អាក់អន់​ចិត្ត​ឬ​មាន​មនសិការ​ធ្វើ​ទុក្ខ នោះ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ជា​បងប្អូន​នឹង​ជំរុញ​យើង​ឲ្យ​បង្ហាញ​ការ​យោគ​យល់​ចំពោះ​ចិត្ត​គំនិត​របស់​គាត់ ហើយ​យើង​នឹង​សម្រេច​ចិត្ត​មិន​ធ្វើ​បែប​នោះ​ទេ។ យើង​សូម​ពិគ្រោះ​អំពី​ការ​ពិសា​ស្រា​ជា​ឧទាហរណ៍​មួយ។ ជន​គ្រីស្ទាន​យើង​មាន​សិទ្ធិ​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ដោយ​ប្រមាណ​ខ្លួន។ ប៉ុន្តែ បើ​ការ​ពិសា​ស្រា​នឹង​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់​ជំពប់​នោះ យើង​នឹង​សុខ​ចិត្ត​មិន​ពិសា​សុរា​នៅ​ពេល​នោះ​ទោះ​ជា​យើង​មាន​សិទ្ធិ​ពិសា​ក្ដី។

១៦​. តើ​យើង​អាច​បង្ហាញ​ចិត្ត​យោគ​យល់​បាន​យ៉ាង​ណា ចំពោះ​ពួក​អ្នក​ដែល​រស់​នៅឯ​តំបន់​ផ្សាយ​របស់​យើង?

១៦ យើង​ក៏​អាច​អនុវត្ត​តាម​គោលការណ៍​នេះ​ពេល​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​ជា​សមាជិក​នៃ​ក្រុមជំនុំ​គ្រីស្ទាន​ពិត។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​រស់​នៅឯ​តំបន់​មួយ​ដែល​មាន​ទំនៀម​ទំលាប់​សាសនា​តម្រូវ​ឲ្យ​ពួក​បរិស័ទ​ទទួល​ស្គាល់​ថ្ងៃ​មួយ​ជា​រៀង​រាល់​សប្ដាហ៍​ជា​ថ្ងៃ​សំរាក។ យើង​មិន​ចង់​បង្ក​ហេតុ​ឲ្យ​គេ​ប្រឆាំង​នឹង​កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​ក៏​មិន​ចង់​ធ្វើ​ឲ្យ​អ្នកជិតខាង​ជំពប់​ដែរ អាស្រ័យ​ហេតុ​នេះ​យើង​ក៏​នឹង​ខំ​ជៀសវាង​ធ្វើ​អ្វី​នៅ​ថ្ងៃ​នោះ​ដែរ ដើម្បី​កុំ​ឲ្យ​អ្នកជិតខាង​អាក់អន់​ចិត្ត​ដោយសារ​យើង។ មាន​ស្ថានការណ៍​ផ្សេង​ទៀត​ដែរ គឺ​មាន​ជន​គ្រីស្ទាន​អ្នក​មាន​ដែល​សម្រេច​ដូរ​ផ្ទះ​ទៅ​នៅ​តំបន់​ដែល​ច្រើន​តែ​មាន​មនុស្ស​ក្រីក្រ ដោយសារ​គាត់​មាន​បំណង​ចង់​ជួយ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។ ជន​គ្រីស្ទាន​អ្នក​មាន​នោះ​ប្រហែល​ជា​ចង់​បង្ហាញ​ចិត្ត​យោគ​យល់​ចំពោះ​អ្នកជិតខាង ដូច្នេះ​គាត់​សម្រេច​ចិត្ត​ស្លៀក​ពាក់​មិន​ហ៊ឺហា ហើយ​រស់​នៅ​បែប​សាមញ្ញៗ ទោះ​ជា​គាត់​មាន​លទ្ធភាព​រស់​នៅ​បាន​យ៉ាង​ស្រណុក​ក៏​ដោយ។

១៧​. ពេល​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត ហេតុ​អ្វី​ក៏​គួរ​សម​ឲ្យ​យើង​យោគ​យល់​នឹង​ចិត្ត​គំនិត​របស់​អ្នក​ដទៃ​ដែរ?

១៧ តើ​គួរ​សម​ទេ ដោយ​តម្រូវ​ឲ្យ​ពួក​អ្នក​«ដែល​មាន​កំឡាំង»​ត្រូវ​កែ​ប្រែ​ដូច្នេះ? ដើម្បី​ជួយ​ឲ្យ​យល់ សូម​គិត​អំពី​ឧទាហរណ៍​មួយ​នេះ​៖ យើង​កំពុងតែ​បើកបរ​រថយន្ត​តាម​ផ្លូវ​ជាតិ​ហើយ​ឃើញ​នៅ​ឆ្ងាយ​ខាង​មុខ​មាន​ក្មេងៗ​កំពុង​ដើរ​ជិតៗ​ថ្នល់។ តើ​យើង​នៅ​តែ​បើក​ឲ្យ​មាន​ល្បឿន​លឿន​ដដែល ដោយសារ​យើង​មាន​សិទ្ធិ​តាម​ច្បាប់​ឲ្យ​ធ្វើ​ដូច្នេះ​ឬ? អត់​ទេ! យើង​បន្ថយ​ល្បឿន​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់។ ជួន​កាល​យើង​ក៏​ត្រូវ​បង្ហាញ​ចិត្ត​គំនិត​ដូច​គ្នា​នេះ​ពេល​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​អ្នក​ជឿ​គ្នីគ្នា​ឬ​អ្នក​ដទៃ​ក៏​បាន ពោល​គឺ ត្រូវ​សុខ​ចិត្ត​បន្ថយ​ល្បឿន​ឬ​កែ​ប្រែ​ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ។ យើង​ប្រហែល​មាន​សិទ្ធិ​ធ្វើ​មែន ហើយ​នេះ​មិន​ខុស​នឹង​គោលការណ៍​ព្រះ​គម្ពីរ​ទេ។ យ៉ាង​ណា​ក្ដី បើ​ទង្វើ​នោះ​នឹង​នាំ​ឲ្យ​អ្នក​ឯ​ទៀត​អាក់អន់​ចិត្ត​ឬ​បណ្ដាល​ឲ្យ​អ្នក​ដែល​មាន​មនសិការ​ខ្សោយ​ទទួល​គ្រោះថ្នាក់ នោះ​សេចក្ដី​ស្រឡាញ់​របស់​គ្រីស្ទាន​ពិត​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រយ័ត្នប្រយែង។ (រ៉ូម ១៤:១៣, ១៥) ការ​រក្សា​ឲ្យ​មាន​សាមគ្គីភាព​និង​ការ​ចំរើន​នូវ​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​គឺ​ជា​អ្វី​ដែល​សំខាន់​ជាង​ការ​រក្សា​សិទ្ធិ​របស់​យើង​ផ្ទាល់។

១៨, ១៩​. (ក) តើ​យើង​អាច​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​បាន​យ៉ាង​ដូច​ម្ដេច ពេល​ដែល​យោគ​យល់​ចំពោះ​អ្នក​ឯ​ទៀត? (ខ) តើ​យើង​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​សាមគ្គីភាព​ក្នុង​ទង្វើ​អ្វី? តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​អ្វី?

១៨ ទង្វើ​បែប​នេះ​បាន​ន័យ​ថា យើង​កំពុងតែ​យក​តម្រាប់​តាម​គំរូ​ដ៏​ប្រសើរ​បំផុត។ ប៉ុល​មាន​ប្រសាសន៍​ថា​៖ «ព្រះ​គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ​ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា​៖ ‹សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ​តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល​បង្គំ​វិញ›»។ ព្រះ​យេស៊ូ​សព្វ​ព្រះ​ហឫទ័យ​បូជា​ព្រះ​ជន្ម​របស់​ទ្រង់​ជំនួស​យើង។ បើ​ដូច្នេះ យើង​ក៏​ពិត​ជា​សុខ​ចិត្ត​លះបង់​សិទ្ធិ​ខ្លះ​របស់​យើង​ផ្ទាល់​ដែរ បើ​នេះ​អាច​ជួយ​«ពួក​អ្នក​ដែល​គ្មាន​កំឡាំង»​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​នឹង​យើង​ក្នុង​ការ​សរសើរ​ព្រះ។ ពិត​ណាស់ ការ​បង្ហាញ​នូវ​គំនិត​យោគ​យល់​និង​ចិត្ត​សទ្ធា​ចំពោះ​បងប្អូន​គ្រីស្ទាន​ដែល​មាន​មនសិការ​ខ្សោយ​ជាង​យើង​នោះ ឬ​ការ​លះបង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស និង​ការ​មិន​ប្រកាន់​សិទ្ធិ​របស់​ខ្លួន​នោះ​ជា​ការ​បង្ហាញ​ថា យើង​មាន​«គំនិត​តែ​១ តាម​ព្រះ​គ្រីស្ទ​យេស៊ូវ»។—រ៉ូម ១៥:១​-​៥

១៩ ទោះ​បើ​យើង​អាច​មាន​ទស្សនៈ​ខុសៗ​គ្នា​ស្តី​អំពី​រឿង​ដែល​មិន​ទាក់ទង​នឹង​គោលការណ៍​ព្រះ​គម្ពីរ​ក្ដី យើង​តែង​តែ​ប្រព្រឹត្ត​ដោយ​សាមគ្គីភាព​ខាង​ឯ​ការ​ថ្វាយ​បង្គំ​វិញ។ (កូរិនថូសទី១ ១:១០) ជា​ឧទាហរណ៍ សាមគ្គីភាព​នោះ​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​ដោយ​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ការ​ថ្វាយ​បង្គំ​ពិត។ ព្រះ​បន្ទូល​របស់​ព្រះ​ហៅ​ពួក​អ្នក​ប្រឆាំង​ទាំង​នោះ​ជា​មនុស្ស​ដទៃ ហើយ​ព្រមាន​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​«សំឡេង​របស់​មនុស្ស​ដទៃ»។ (យ៉ូហាន ១០:៥) តើ​យើង​អាច​សម្គាល់​មនុស្ស​ដទៃ​នេះ​បាន​យ៉ាង​ណា? តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ? យើង​នឹង​ពិចារណា​សំនួរ​ទាំង​នេះ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 14 កូន​ក្មេង​និង​យុវជន​យុវតី​ដែល​មិន​ទាន់​គ្រប់​អាយុ នឹង​ស្លៀក​ពាក់​ឲ្យ​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​នៃ​មាតា​បិតា​វិញ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

ទោះ​ជា​យើង​មាន​ទស្សនៈ​ខុសៗ​គ្នា​អំពី​រឿង​ផ្ទាល់​ខ្លួន​ក្ដី ហេតុ​អ្វី​បាន​ជា​នេះ​មិន​រំខាន​ដល់​សាមគ្គីភាព​របស់យើង?

ក្នុង​នាម​ជា​គ្រីស្ទាន ហេតុ​អ្វី​បាន​ជា​គួរ​គប្បី​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​យោគ​យល់​ចំពោះ គ្នា​ទៅ​វិញ​ទៅ​មក?

សព្វថ្ងៃ​នេះ តើ​យើង​អាច​អនុវត្ត​តាម​ឱវាទ​របស់​ប៉ុល​អំពី​សាមគ្គីភាព​តាម​របៀប​ណា​ខ្លះ? ហើយ​តើ​អ្វី​នឹង​ជំរុញ​យើង​ឲ្យ​អនុវត្ត​តាម​ឱវាទ​នោះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​៩]

ឱវាទ​របស់​ប៉ុល​អំពី​សាមគ្គីភាព គឺ​ចាំបាច់​ណាស់​សំរាប់​ក្រុមជំនុំ

[រូបភាព​នៅ​ទំព័រ​១០]

ជន​គ្រីស្ទាន​ទាំង​ឡាយ​មាន​សាមគ្គីភាព ទោះ​ជា​មក​ពី​គ្រប់​ស្រទាប់​នៃ​វណ្ណៈ​និង​វប្បធម៌​ផ្សេងៗ