លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់»

«ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់»

«ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ​អម្ចាស់»

«ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ​អម្ចាស់ ដោយ​ឫទ្ធិ​បារមី​របស់​ព្រះចេស្ដា​ទ្រង់»។—អេភេសូរ ៦:១០

១​. (ក) តើ​មាន​ចំបាំង​ដ៏​អស្ចារ្យ​អ្វី​ដែល​បាន​កើត​ឡើង​ប្រមាណ៣.០០០ឆ្នាំ​កន្លង​ទៅ​នេះ? (ខ) ហេតុ​អ្វី​បាន​ជា​ដាវីឌ​ឈ្នះ​ចំបាំង​នោះ?

ប្រមាណ​៣.០០០ឆ្នាំ​កន្លង​ទៅ​នេះ មាន​អ្នក​ចំបាំង​ពីរ​នាក់​ពី​កងទ័ព​ពីរ​ក្រុម​បាន​ប្រឈម​មុខ​គ្នា​នៅ​ឯ​វាល​សមរភូមិ។ អ្នក​ចំបាំង​ក្មេង​ម្នាក់​គឺ​ដាវីឌ​ដែល​ជា​ក្មេង​ឃ្វាល​ចៀម។ កូលីយ៉ាត​ឈរ​នៅ​មុខ​គាត់ ជា​បុរស​ដែល​មាន​កម្លាំង​ខ្លាំង​ណាស់​និង​មាន​មាឌ​ធំ។ អាវ​ក្រោះ​គាត់​មាន​ទម្ងន់​៥៧​គីឡូក្រាម ហើយ​គាត់កាន់​លំពែង​ធំ​សម្បើម​និង​ដាវ​ធំ​មួយ។ ដាវីឌ​មិន​បាន​ពាក់​អាវ​ក្រោះ​ទេ ហើយ​អាវុធ​របស់​គាត់​គឺ​គ្រាន់​តែ​ជា​ខ្សែ​ដង្ហក់​មួយ​ប៉ុណ្ណោះ។ កូលីយ៉ាត​ដែល​មាន​មាឌ​ធំ​នេះ​បាន​ហួស​ចិត្ត​ដែល​អ្នក​ប្រកួត​ជា​មួយ​គាត់​ជា​ជនជាតិ​អ៊ីស្រាអែល​នេះ គឺ​គ្រាន់​តែ​ក្មេង​ប្រុស​ម្នាក់​ប៉ុណ្ណោះ។ (សាំយូអែលទី១ ១៧:៤២​-​៤៤) ចំពោះ​ពួក​អ៊ីស្រាអែល​និង​ពួក​ភីលីស្ទីន​ដែល​ជា​អ្នក​សង្កេត​មើល​នោះ គេ​ដឹង​ច្បាស់​ថា​អ្នក​ណា​នឹង​ឈ្នះ​បាត់​ទៅ​ហើយ។ ប៉ុន្តែ មនុស្ស​ដែល​មាន​កំឡាំង​មិន​តែងតែ​ឈ្នះ​រាល់​ដង​នោះ​ទេ។ (សាស្ដា ៩:១១) ដាវីឌ​បាន​ឈ្នះ​ពីព្រោះ​គាត់​បាន​ច្បាំង​ដោយ​ពឹង​លើ​កម្លាំង​របស់ព្រះ​យេហូវ៉ា។ គាត់​បាន​និយាយ​ថា​៖ «ចំបាំង​នេះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​វិញ»។ កំណត់​ហេតុ​ព្រះគម្ពីរ​ប្រាប់​ថា​៖ «ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយសារ​តែ​ខ្សែ​ដង្ហក់​នឹង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ»។—សាំយូអែលទី១ ១៧:៤៧, ៥០

២​. តើ​ជន​គ្រីស្ទាន​ចូល​ប្រយុទ្ធ​ក្នុង​ចំបាំង​បែប​ណា?

ជន​គ្រីស្ទាន​មិន​ច្បាំង​ក្នុង​សង្គ្រាម​មែន​ទែន​ទេ។ ទោះ​ជា​ពួក​គេ​ខំ​ឲ្យ​បាន​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ក៏​ដោយ តែ​ពួក​គេ​មាន​ចំបាំង​ខាង​វិញ្ញាណ​ទាស់​នឹង​អ្នក​ប្រឆាំង​ដែល​មាន​អំណាច​យ៉ាង​ខ្លាំង​ក្លា។ (រ៉ូម ១២:១៨) នៅ​ក្នុង​ជំពូក​ចុង​ក្រោយ​នៃ​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ទៅ​បងប្អូន​នៅ​ទី​ក្រុង​អេភេសូរ គាត់​បាន​រៀប​រាប់​នូវ​ការ​ប្រយុទ្ធ​មួយ ដែល​ជន​គ្រីស្ទាន​គ្រប់​គ្នា​ចូល​ច្បាំង។ គាត់​បាន​សរសេរ​ថា​៖ «យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់គ្រង ពួក​មាន​អំណាច នឹង​ពួក​ម្ចាស់​នៃ​សេចក្ដី​ងងឹត​នៅ​លោកីយ​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ[«ពួក​វិញ្ញាណ​កំណាច»​, ព.ថ.]នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។—អេភេសូរ ៦:១២

៣​. យោង​ទៅ​តាម​អេភេសូរ ៦:១០ តើ​យើង​ត្រូវ​ការ​អ្វី​ដើម្បី​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ចំបាំង​នោះ?

«ពួក​វិញ្ញាណ​កំណាច»​ទាំង​នោះ គឺ​សាតាំង​និង​ពួក​បិសាច​របស់​វា​ដែល​ចង់​ឲ្យ​យើង​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះយេហូវ៉ា។ ដោយសារ​ពួក​វា​មាន​កម្លាំង​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់ យើង​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ដាវីឌ​ដែរ ហើយ​យើង​ពុំ​អាច​ឈ្នះ​បាន​ទេ​លុះត្រា​តែ​យើង​ពឹង​លើ​កម្លាំង​របស់​ព្រះ។ ប្រាកដ​ហើយ ប៉ុល​ដាស់​តឿន​យើង​ឲ្យ​«មាន​កំឡាំង​ឡើង​ក្នុង​ព្រះ​អម្ចាស់ ដោយ​ឫទ្ធិ​បារមី​របស់​ព្រះចេស្ដា​ទ្រង់»។ (អេភេសូរ ៦:១០) ក្រោយ​ពី​ប៉ុល​បាន​ឲ្យ​ឱវាទ​នោះ គាត់​បាន​រៀប​រាប់​នូវ​ជំនួយ​ខាង​វិញ្ញាណ​និង​គុណសម្បត្ដិ​របស់​គ្រីស្ទាន​ពិត​ដែល​នឹង​ជួយ​យើង​ឲ្យ​ឈ្នះ​ក្នុង​ចំបាំង​នេះ។—អេភេសូរ ៦:១១​-​១៧

៤​. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ពិគ្រោះ​ចំណុច​ពីរ​ណា?

ឥឡូវ សូម​ឲ្យ​យើង​ពិនិត្យ​មើល​បទគម្ពីរ​ដែល​ចែង​យ៉ាង​ណា​អំពី​កម្លាំង​និង​កលល្បិច​របស់​សត្រូវ​យើង។ រួច​មក យើង​នឹង​ពិនិត្យ​មើល​នូវ​យុទ្ធសាស្ត្រ​ដែល​យើង​ត្រូវ​ប្រើ​ក្នុង​ការ​ការពារ​ខ្លួន។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា ពួក​សត្រូវ​របស់​យើង​ពុំ​អាច​ឈ្នះ​យើង​ឡើយ ប្រសិន​បើ​យើង​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ព្រះយេហូវ៉ា​នោះ។

ការ​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​កំណាច

៥​. តើ​របៀប​ដែល​ប្រើ​ពាក្យ​«ចំបាប់»​ក្នុង​ភាសា​ដើម​នៅ​អេភេសូរ ៦:១២ ជួយ​យើង​ឲ្យ​យល់​យុទ្ធ​សាស្ត្រ​របស់​សាតាំង​យ៉ាង​ដូចម្ដេច?

ប៉ុល​ពន្យល់​ថា យើង​«តយុទ្ធ​នឹង . . . អំណាច​អាក្រក់​ខាង​វិញ្ញាណ[«ពួក​វិញ្ញាណ​កំណាច»​, ព.ថ.]នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ»។ ពិត​មែន អារក្ស​សាតាំង​គឺ​«ជា​មេ​អារក្ស»​ដែល​ជា​វិញ្ញាណ​កំណាច​ដែល​មាន​ឋានៈ​ធំ​ជាង​គេ។ (ម៉ាថាយ ១២:២៤​-​២៦) នៅ​ក្នុង​ភាសា​ដើម ព្រះ​គម្ពីរ​ប្រដូច​ការ​តយុទ្ធ​របស់​យើង​ទៅ​នឹង​ចំបាប់​ឬ​ការ​ប្រយុទ្ធ​គ្នា។ ក្នុង​កីឡា​ចំបាប់​នៃ​សាសន៍​ក្រិច​ពី​បុរាណ នោះ​អ្នក​ប្រកួត​និមួយៗ​ខំ​ធ្វើ​ឲ្យ​អ្នក​ចំបាប់​ម្នាក់​ទៀត​ដួល​តែ​ម្ដង។ ដូច​គ្នា​ដែរ អារក្ស​ចង់​ឲ្យ​យើង​បាត់បង់​តុល្យភាព​ខាង​វិញ្ញាណ​របស់​យើង។ តើ​វា​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​តុល្យភាព​យ៉ាង​ដូចម្ដេច?

៦​. ដោយ​ប្រើ​បទគម្ពីរ ចូរ​បង្ហាញ​នូវ​របៀប​ដែល​អារក្ស​ប្រើ​កលល្បិច​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​ជំនឿ​យើង​ខ្សោយ។

អារក្ស​អាច​ប្រព្រឹត្ត​ដូច​ជា​សត្វ​ពស់ គ្រហឹម​ដូច​ជា​សិង្ហ ឬ​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ។ (កូរិនថូសទី២ ១១:៣, ១៤; ពេត្រុសទី១ ៥:៨) វា​អាច​ប្រើ​ភ្នាក់ងារ​មនុស្ស​ដើម្បី​បៀតបៀន​ឬ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត។ (វិវរណៈ ២:១០) ដោយសារ​សាតាំង​មាន​អំណាច​លើ​លោកីយ៍​ទាំង​មូល វា​អាច​ជញ្ជក់​យក​ផល​ប្រយោជន៍​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោកីយ៍​និង​អ្វីៗ​ដែល​ទាក់ទាញ​អារម្មណ៍​ដើម្បី​ឲ្យ​យើង​ជាប់​អន្ទាក់​វា។ (ធីម៉ូថេទី២ ២:២៦; យ៉ូហានទី១ ២:១៦; ៥:១៩) វា​អាច​ប្រើ​គំនិត​របស់​លោកីយ៍​និង​គំនិត​របស់​អ្នក​ក្បត់​ជំនឿ​ដើម្បី​ធ្វើ​ឲ្យ​យើង​វង្វេង ដូច​ជា​វា​បាន​បោកបញ្ឆោត​នាង​អេវ៉ា​ដែរ។—ធីម៉ូថេទី១ ២:១៤

៧​. តើ​អំណាច​ពួក​បិសាច​មាន​កំរិត​យ៉ាង​ណា? ហើយ​តើ​អ្វី​ជួយ​យើង​ឈ្នះ​លើ​ពួក​វា?

ទោះ​ជា​អាវុធ​និង​អំណាច​របស់​សាតាំង​ហើយ​ពួក​បិសាច​ខ្លាំងក្លា​ក៏ដោយ តែ​អំណាច​ពួក​វា​នៅ​មាន​កំរិត។ ពួក​វិញ្ញាណ​កំណាច​ទាំង​នេះ​មិន​អាច​បង្ខំ​យើង​ឲ្យ​ធ្វើ​អំពើ​អាក្រក់​ដែល​ព្រះវរបិតារបស់​យើង​នៅ​ស្ថានសួគ៌​មិន​សព្វ​ព្រះហឫទ័យ​ឡើយ។ យើង​មាន​សិទ្ធិ​សេរីភាព ហើយ​យើង​កាន់​កាប់​ទៅ​លើ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ម្យ៉ាង​ទៀត យើង​មិនមែន​តយុទ្ធ​តែ​ម្នាក់​ឯង​នោះ​ទេ។ ពិត​មែន​ហើយ​សម័យ​យើង​ដូច​ជា​សម័យ​របស់​អេលីសេ ត្បិត​«ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ (ពង្សាវតារក្សត្រទី២ ៦:១៦) ព្រះគម្ពីរ​បាន​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​ថា​បើ​យើង​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ នោះ​វា​នឹង​រត់​ចេញ​ពី​យើង​ដែរ។—យ៉ាកុប ៤:៧

យើង​ស្គាល់​អស់​ទាំង​កិច្ច​កល​របស់​សាតាំង

៨, ៩​. តើ​សាតាំង​ធ្វើ​ឲ្យ​យ៉ូប​មាន​ការ​ល្បងល​អ្វី​ខ្លះ​ដើម្បី​ឲ្យ​គាត់​លែង​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍? តើ​មាន​គ្រោះថ្នាក់​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ប្រឈម​មុខ​សព្វ​ថ្ងៃ?

យើង​ស្គាល់​កិច្ចកល​របស់​សាតាំង​ពីព្រោះ​បទគម្ពីរ​បក​អាក្រាត​ឧបាយកល​របស់​វា។ (កូរិនថូសទី២ ២:១១) ដើម្បី​ប្រឆាំង​នឹង​យ៉ូប​ដែល​ជា​មនុស្ស​សុចរិត​នោះ អារក្ស​បាន​ប្រើ​បញ្ហា​ខាង​សេដ្ឋកិច្ច សេចក្ដី​ស្លាប់​នៃ​អ្នក​ជា​ទី​ស្រឡាញ់ ការ​ប្រឆាំង​ពី​សមាជិក​គ្រួសារ ការ​រង​ទុក្ខ​វេទនា និង​ការ​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​ពី​មិត្ត​មិន​ស្មោះ។ យ៉ូប​បាន​ធ្លាក់​ទឹក​ចិត្ត​និង​បាន​គិត​ថា​ព្រះ​បាន​បោះបង់​គាត់​ចោល។ (យ៉ូប ១០:១, ២) ទោះ​ជា​សាតាំង​ប្រហែល​ជា​មិន​បង្ក​បញ្ហា​ទាំង​នេះ​ដោយ​ចំហ​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ ក៏​ការ​ពិបាក​បែប​នេះ​មាន​ឥទ្ធិពល​មក​លើ​ជន​គ្រីស្ទាន​ជា​ច្រើន ហើយ​អារក្ស​អាច​ប្រើ​បញ្ហា​ទាំង​នេះ​ជា​ប្រយោជន៍​សំរាប់​វា។

គ្រោះថ្នាក់​ខាង​វិញ្ញាណ​មាន​កាន់តែ​ច្រើន​ឡើង​ក្នុង​គ្រា​ចុង​បញ្ចប់​នេះ។ យើង​រស់​នៅ​ក្នុង​លោកីយ៍​ដែល​ចាត់​ទុក​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​គឺ​សំខាន់​ជាង​គោលដៅ​ខាង​វិញ្ញាណ។ ប្រព័ន្ធ​ឃោសនា​តែងតែ​បង្ហាញ​ថា​ការ​រួម​ដំណេក​ខុស​ច្បាប់​ទម្លាប់​ជា​ប្រភព​នៃ​សុភមង្គល​ជាជាង​ការ​ឈឺចាប់​ទៅ​វិញ។ ហើយ​មនុស្ស​ភាគ​ច្រើន​ទៅ​ជា​«ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ»។ (ធីម៉ូថេទី២ ៣:១​-​៥) ការ​គិត​បែប​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ភាព​ខាង​វិញ្ញាណ​យើង លុះ​ត្រា​តែ​យើង​«ខំ​តយុទ្ធ ដើម្បី​ការពារ​សេចក្ដី​ជំនឿ»។—យូដាស ៣

១០​-​១២​. (ក) តើ​ព្រះយេស៊ូ​បាន​ព្រមាន​អ្វី​ក្នុង​រឿង​ប្រៀបប្រដូច​អំពី​អ្នក​ព្រោះ​ពូជ​នោះ? (ខ) សូម​ពន្យល់​នូវ​របៀប​ដែល​គោល​ដៅ​ខាង​វិញ្ញាណ​ត្រូវ​បាន​ខ្ទប់?

១០ កលល្បិច​មួយ​របស់​សាតាំង​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត គឺ​ឲ្យ​យើង​ជាប់​រវល់​នឹង​លោកីយ៍​នេះ​ហើយ​ការ​ស្វះស្វែង​រក​ទ្រព្យ​សម្បត្ដិ។ ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ​អំពី​អ្នក​ព្រោះ​ពូជ ទ្រង់​បាន​ព្រមាន​ថា​ក្នុង​ករណី​ខ្លះ​«សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ នឹង​សេចក្ដី​ឆបោក​របស់​ទ្រព្យ​សម្បត្ដិ​មក​ខ្ទប់​ព្រះ​បន្ទូល[អំពី​ព្រះ​រាជាណាចក្រ]ជាប់»។—ម៉ាថាយ ១៣:១៨, ២២

១១ ក្នុង​ព្រៃ​នៅ​តំបន់​ត្រូពិច យើង​អាច​រក​ឃើញ​វល្លិ​ម្យ៉ាង​ដែល​រឹត​ព័ទ្ធ​ដើម​ឈើ ភាសា​ឡាតាំង​ហៅ​ថា​ហ្វែកិស ខារីខា (Ficus carica)។ វល្លិ​នេះ​ធំ​បន្ដិច​ម្ដងៗ​ក្នុង​កាល​ដែល​វា​រុំ​ព័ទ្ធ​ជុំវិញ​ដើម​ឈើ​ណា​មួយ។ បន្ដិច​ម្ដងៗ វល្លិ​នេះ​រុំ​ព័ទ្ធ​ជុំវិញ​ដើម​នោះ​ទាំង​ចាក់​ឫស​កាន់​តែ​ជ្រៅ​ឡើងៗ។ នៅ​ទីបំផុត វល្លិ​នេះ​ដែល​មាន​ឫស​ច្រើន​ក៏​បឺត​យក​ជីវជាតិ​ពី​ដី​អស់ ហើយ​ដោយសារ​មាន​មែក​ដើម​ឈើ​ផ្សេង​បាំង​ពី​លើ​ផង ដើម​នោះ​មិន​អាច​ទទួល​ពន្លឺ​បាន​ឡើយ។ នៅ​ទីបំផុត ដើម​នោះ​ក៏​ងាប់​ទៅ។

១២ ស្រដៀង​គ្នា​ដែរ កង្វល់​កង្វាយ​ចំពោះ​អ្វី​ដែល​មាន​ក្នុង​របប​លោកីយ៍​នេះ​និង​ការ​ស្វះស្វែង​រក​ទ្រព្យ​សម្បត្ដិ​ហើយ​ការ​ចង់​បានការ​រស់​នៅ​ដ៏​ស្រណុក នោះ​អាច​ស៊ី​ពេល​និង​កម្លាំង​របស់​យើង​បន្ដិច​ម្ដងៗ។ ដោយសារ​យើង​ប្រមូល​អារម្មណ៍​លើ​របស់​ក្នុង​លោកីយ៍ នោះ​យើង​ទៅ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ហើយ​មាន​ទម្លាប់​ខាន​ទៅ​ប្រជុំ ហេតុ​នេះ​ហើយ​យើង​លែង​ទទួល​បាន​អាហារ​ខាង​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​ធំ​ធាត់។ ឥឡូវ គោលដៅ​ដែល​គិត​តែ​ពី​ទ្រព្យ​សម្បត្ដិ​ត្រូវ​ជំនួស​គោល​ដៅ​ខាង​វិញ្ញាណ ហើយ​នៅ​ទីបំផុត យើង​អាច​ទៅ​ជា​ទី​បាញ់​វង់​យ៉ាង​ងាយ​ស្រួល​ចំពោះ​សាតាំង។

យើង​ត្រូវ​កាន់​ជំហរ​មាំមួន

១៣, ១៤​. ពេល​ដែល​សាតាំង​ប្រឆាំង​នឹង​យើង តើ​យើង​ត្រូវ​កាន់​ជំហរ​បែប​ណា?

១៣ ប៉ុល​បាន​ដាស់​តឿន​អ្នក​ជឿ​គ្នីគ្នា​ឲ្យ​«ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។ (អេភេសូរ ៦:១១) ពិត​មែន យើង​មិន​អាច​ឈ្នះ​អារក្ស​និង​ពួក​បិសាច​របស់​វា​បាន​ទេ។ ព្រះ​បាន​ប្រទាន​កិច្ចការ​នេះ​ជូន​ព្រះយេស៊ូ​គ្រីស្ទ។ (វិវរណៈ ២០:១,​២) យ៉ាង​ណា​ក៏​ដោយ ទំរាំ​ដល់​ពេល​ដែល​សាតាំង​ត្រូវ​ដក​ចេញ យើង​ត្រូវ​តែ​«ឈរ​មាំមួន»​ឬ​កាន់​ជំហរ​មាំមួន​ដើម្បី​កុំ​ឲ្យ​ការ​ពាធា​របស់​វា​គ្រប​សង្កត់​លើ​យើង។

១៤ សាវ័ក​ពេត្រុស​ក៏​បាន​បញ្ជាក់​នូវ​តម្រូវ​ការ​ឲ្យ​កាន់​ជំហរ​មាំមួន​ប្រឆាំង​នឹង​សាតាំង​ដែរ។ ពេត្រុស​បាន​សរសេរ​ថា​៖ «ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន ចូរ​តស៊ូ​នឹង​វា​ដោយ​មាន​ចិត្ត​ជឿ​មាំមួន​ទាំង​ដឹង​ថា ពួក​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ក្នុង​លោកីយ​នេះ គេ​កំពុង​តែ​រង​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ»។ (ពេត្រុសទី១ ៥:៨, ៩) តាម​ពិត ការ​គាំទ្រ​ពី​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​របស់​យើង គឺ​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំមួន​នៅ​ពេល​ដែល​អារក្ស​ពាធា​យើង ដែល​ប្រៀប​ដូច​ជា​សិង្ហ​កំពុង​គ្រហឹម។

១៥, ១៦​. ចូរ​ប្រាប់​គំរូ​ក្នុង​បទគម្ពីរ​ដើម្បី​បង្ហាញ​នូវ​របៀប​ដែល​ការ​គាំទ្រ​នៃ​អ្នក​ជឿ​គ្នីគ្នា​អាច​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំមួន។

១៥ នៅ​ទ្វីប​អាហ្វ្រិក​ក្នុង​ពេល​ដែល​សិង្ហ​គ្រហឹម​នៅ​តាម​វាល នោះ​សត្វ​រមាំង​ប្រើស​រត់​ចេញ​ពី​កន្លែង​នោះ​យ៉ាង​លឿន​រហូត​ដល់​ផុត​គ្រោះ​ថ្នាក់។ ប៉ុន្តែ សត្វ​ដំរី​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ សៀវភៅ​ចំណង​ជើង​ថា ដំរី​ជា​សត្វ​ដ៏​ធំ​តែ​ស្លូត​នៅ​ទ្វីប​អាហ្វ្រិក​និង​អាស៊ី ពន្យល់​ថា​៖ «ហ្វូង​ដំរី​ប្រើ​វិធី​ធម្មតា​ដើម្បី​ការពារ​ខ្លួន គឺ​ពួក​វា​ឈរ​ជា​រង្វង់​មូល ហើយ​ដំរី​ធំៗ​ឈរ​ទល់​មុខ​នឹង​សត្រូវ​ហើយ​កូនៗ​វា​ត្រូវ​បាន​ការពារ​ដោយ​ឈរ​នៅ​ក្នុង​រង្វង់»។ សត្វ​សិង្ហ​កម្រ​ពាធា​ណាស់ សូម្បីតែ​ចំពោះ​កូន​ដំរី ពេល​ដែល​ឃើញ​ការ​សម្ដែង​ឫទ្ធិ​របស់​ហ្វូង​ដំរី​និង​ការ​ចេះ​ជួយ​គ្នា​បែប​នេះ។

១៦ នៅ​ពេល​ដែល​មាន​ការ​គំរាម​កំហែង​ដោយ​សាតាំង​និង​ពួក​បិសាច​វា យើង​ក៏​ត្រូវ​នៅ​ជា​មួយ​គ្នា ហើយ​កៀក​ស្មា​គ្នា​ជា​មួយ​បងប្អូន​របស់​យើង​ដែល​មាន​ជំនឿ​មាំមួន។ ប៉ុល​បាន​ទទួល​ស្គាល់​ថា​បងប្អូន​គ្រីស្ទាន​ខ្លះ​បាន​«ជួយ​ពង្រឹង​កម្លាំង»​គាត់​ក្នុង​កំឡុង​ពេល​គាត់​ជាប់​គុក​នៅ​ទី​ក្រុង​រ៉ូម។ (កូល៉ុស ៤:១០, ១១, ព.ថ.) ពាក្យ​ក្រិច​ដែល​ត្រូវ​បកប្រែ​ថា​«ជួយ​ពង្រឹង​កម្លាំង»​មាន​ក្នុង​បទគម្ពីរ​គ្រីស្ទាន​ភាសា​ក្រិច​តែ​ម្ដង​ទេ។ វចនានុក្រម​ដែល​អធិប្បាយ​ពី​ពាក្យ​ក្នុង​សញ្ញា​ថ្មី និពន្ធ​ដោយ​លោក​វ៉ែន​ប្រាប់​ថា​«បើ​ពាក្យ​នេះ​ជា​កិរិយាសព្ទ​វិញ នោះ​សំដៅ​លើ​ថ្នាំ​ដែល​យក​មក​លាប​ស្បែក​ធ្វើ​ឲ្យ​អន់​ឈឺ បាត់​ក្រហាយ​បាត់​រមាស់»។ ដូច​ជា​ថ្នាំ​លាប​ស្បែក​ដែល​ធ្វើ​ឲ្យ​បាត់​ក្រហាយ​បាត់​រមាស់ នោះ​ការ​គាំទ្រ​ពី​អ្នក​ថ្វាយ​បង្គំ​ព្រះយេហូវ៉ា​ដែល​មាន​គំនិត​ចាស់​ទុំ អាច​ជួយ​សម្រាល​ការ​ឈឺចាប់​ដោយសារ​ការ​រង​ទុក្ខ​ខាង​ផ្លូវ​ចិត្ត​ឬ​ខាង​ផ្លូវ​កាយ។

១៧​. តើ​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ?

១៧ ការ​លើក​ទឹក​ចិត្ត​ពី​ជន​គ្រីស្ទាន​គ្នីគ្នា​សព្វ​ថ្ងៃ​នេះ​អាច​ពង្រឹង​កម្លាំង​ចិត្ត​យើង​ឲ្យ​តាំង​ចិត្ត​បំរើ​ព្រះ​ដោយ​ចិត្ត​ស្មោះត្រង់។ ជា​ពិសេស អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​មាន​ចិត្ត​ឧស្សាហ៍​ចង់​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ។ (យ៉ាកុប ៥:១៣​-​១៥) ជំនួយ​ដែល​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ​រួម​មាន​ការ​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ការ​ចូល​រួម​កិច្ច​ប្រជុំ សន្និបាត​និង​មហា​សន្និបាត។ ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់។ ប្រាកដ​ហើយ មិន​ថា​យើង​បរិភោគ ឬ​ធ្វើ​អ្វីៗ​ក៏​ដោយ យើង​ត្រូវ​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​លើក​តម្កើង​សិរី​រុងរឿង​របស់​ព្រះ។ (កូរិនថូសទី១ ១០:៣១) ហេតុ​នេះ​ហើយ​បាន​ជា ការ​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​រួម​បញ្ចូល​ការ​អធិស្ឋាន​ដែល​ជា​អ្វី​សំខាន់​ចាំបាច់​ដើម្បី​បន្ត​ធ្វើ​អ្វី​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។—ទំនុកដំកើង ៣៧:៥

១៨​. ហេតុ​អ្វី​ក៏​យើង​មិន​ត្រូវ​ចុះ​ចាញ់​ទោះ​ជា​យើង​អស់​កម្លាំង​ដោយសារ​ស្ថានការណ៍​ដ៏​ពិបាក​ក៏​ដោយ​នោះ?

១៨ ជួន​កាល​សាតាំង​ពាធា​យើង​នៅ​ពេល​ដែល​យើង​មិន​មាំមួន​ខាង​វិញ្ញាណ។ សត្វ​សិង្ហ​សង្គ្រុប​ចាប់​សត្វ​ណា​ដែល​ទន់ខ្សោយ។ បញ្ហា​ក្នុង​គ្រួសារ ការ​ពិបាក​ខាង​សេដ្ឋកិច្ច​ឬ​ជំងឺ​អាច​ធ្វើ​ឲ្យ​យើង​គ្មាន​កម្លាំង​ខាង​វិញ្ញាណ។ ប៉ុន្តែ សូម​កុំ​ឲ្យ​យើង​ឈប់​ធ្វើ​អ្វី​ដែល​ព្រះ​សព្វ​ព្រះហឫទ័យ ដ្បិត​ប៉ុល​បាន​ពោល​ថា​៖ «ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ»។ (កូរិនថូសទី២ ១២:១០; កាឡាទី ៦:៩; ថែស្សាឡូនីចទី២ ៣:១៣) តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? គាត់​ចង់​មាន​ន័យ​ថា​ព្រះចេស្ដា​របស់​ព្រះ​អាច​ជា​ជំនួយ​បំពេញ​កង្វះ​នៃ​ភាព​ខ្សោយ​របស់​យើង​បាន ឲ្យ​តែ​យើង​សុំ​ជំនួយ​ពី​ព្រះយេហូវ៉ា។ ជ័យជំនះ​របស់​ដាវីឌ​លើ​កូលីយ៉ាត​បង្ហាញ​ថា ព្រះ​មាន​សមត្ថភាព​ហើយ​នឹង​ពង្រឹង​កម្លាំង​រាស្ត្រ​របស់​ទ្រង់។ ស្មរបន្ទាល់​ព្រះយេហូវ៉ា​នៅ​សម័យ​នេះ​អាច​ផ្ដល់​ភស្តុតាង​ឲ្យ​ឃើញ​ថា​ក្នុង​គ្រា​ដែល​មាន​វិបត្ដិ​យ៉ាង​ខ្លាំង ពួក​គេ​ដឹង​ថា​ព្រះ​បាន​ចំរើន​កំឡាំង​ដល់​ពួក​គេ។—ដានីយ៉ែល ១០:១៩

១៩​. ចូរ​ឲ្យ​ឧទាហរណ៍​ដើម្បី​បង្ហាញ​នូវ​របៀប​ដែល​ព្រះយេហូវ៉ា​ពង្រឹង​កម្លាំង​រាស្ត្រ​របស់​ទ្រង់។

១៩ ស្វាមី​ភរិយា​មួយ​គូ​បាន​សរសេរ​នូវ​ការ​គាំទ្រ​ដែល​ព្រះ​ប្រទាន​ឲ្យ​ពួក​គេ​ថា​៖ «ច្រើន​ឆ្នាំ​មក​ហើយ យើង​បាន​បំរើ​ព្រះយេហូវ៉ា​ទាំង​ពីរ​នាក់ ហើយ​ទទួល​បាន​ពរ​យ៉ាង​ច្រើន និង​បាន​ស្គាល់​មនុស្ស​ល្អៗ​ជា​ច្រើន។ យើង​ក៏​ត្រូវ​បាន​អប់រំ​និង​ពង្រឹង​កម្លាំង​ដោយ​ព្រះយេហូវ៉ា​ដើម្បី​អាច​ស៊ូទ្រាំ​នឹង​ការ​លំបាក​ដោយ​ជោគជ័យ។ ដូច​លោក​យ៉ូប យើង​មិន​តែងតែ​យល់​នូវ​មូលហេតុ​ដែល​រឿង​ខ្លះ​កើត​ឡើង ប៉ុន្តែ យើង​ដឹង​ថា ព្រះយេហូវ៉ា​ប្រុង​ជួយ​យើង​ជានិច្ច»។

២០​. តើ​មាន​ភស្តុតាង​អ្វី​ពី​បទគម្ពីរ​ដែល​បង្ហាញ​ថា​ព្រះយេហូវ៉ា​តែងតែ​គាំទ្រ​រាស្ត្រ​របស់​ទ្រង់​នោះ?

២០ ព្រះហស្ត​នៃ​ព្រះយេហូវ៉ា​មិនមែន​រួញ​ខ្លី​ដែល​មិន​អាច​គាំទ្រ​និង​ពង្រឹង​កម្លាំង​រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់​នោះ​ឡើយ។ (អេសាយ ៥៩:១) ដាវីឌ​ដែល​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​គាំទ្រ​ដល់​អស់​អ្នក​ដែល​ដួល ក៏​លើក​ពួក​អ្នក​ដែល​ត្រូវ​ឱន​ឡើង​វិញ»។ (ទំនុកដំកើង ១៤៥:១៤) ពិត​ហើយ ព្រះ​វរបិតា​នៅ​ស្ថានសួគ៌​«ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃ» និង​ប្រទាន​នូវ​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ។—ទំនុកដំកើង ៦៨:១៩

យើង​ត្រូវ​ការ​«គ្រប់​គ្រឿង​សឹក​របស់​ព្រះ»

២១​. តើ​ប៉ុល​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់​ចំពោះ​ការ​ពាក់​គ្រប់​គ្រឿង​សឹក​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច?

២១ យើង​បាន​ពិចារណា​មើល​នូវ​ឧបាយកល​ខ្លះៗ​របស់​សាតាំង និង​ដឹង​ថា​យើង​ត្រូវ​កាន់​ជំហរ​មាំមួន​តទល់​នឹង​ការ​ពាធា​របស់​វា។ ឥឡូវ យើង​ត្រូវ​តែ​ពិនិត្យ​មើល​នូវ​ជំនួយ​ដ៏​សំខាន់​មួយ​ទៀត ដែល​ជួយ​ការពារ​ជំនឿ​របស់​យើង​បាន​ដោយ​ជោគជ័យ។ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ពីរ​ដង​ក្នុង​សំបុត្រ​ជូន​បងប្អូន​នៅ​ក្រុង​អេភេសូរ ស្តី​អំពី​កត្ដា​ដ៏​សំខាន់​ដែល​ជួយ​យើង​កាន់​ជំហរ​មាំមួន​តទល់​នឹង​ឧបាយកល​របស់​សាតាំង និង​តយុទ្ធ​ប្រឆាំង​នឹង​ពួក​វិញ្ញាណ​កំណាច​ដោយ​ជោគជ័យ។ ប៉ុល​បាន​សរសេរ​ថា​៖ «ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំមួន​ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស . . . ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល»។—អេភេសូរ ៦:១១, ១៣

២២, ២៣​. (ក) តើ​គ្រឿង​សឹក​ខាង​វិញ្ញាណ​រួម​បញ្ចូល​អ្វី​ខ្លះ? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​អ្វី​ក្នុង​អត្ថបទ​ជា​បន្ទាប់?

២២ ត្រូវ​ហើយ យើង​ត្រូវ​ពាក់​«គ្រប់ គ្រឿង​សឹក​របស់​ព្រះ»។ (កំណែ​ជា​អក្សរ​ទ្រេត) នៅ​ពេល​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​គាត់​ជូន​បងប្អូន​នៅ​ក្រុង​អេភេសូរ នោះ​ទាហាន​រ៉ូម​ម្នាក់​បាន​យាម​មើល​គាត់ ហើយ​ទាហាន​នោះ​បាន​ពាក់​គ្រប់​គ្រឿង​សឹក។ យ៉ាង​ណា​ក៏​ដោយ គឺ​ដោយសារ​ព្រះ​ទេ​ដែល​បាន​បណ្ដាល​ឲ្យ​សាវ័ក​ប៉ុល​សរសេរ​អំពី​គ្រឿង​សឹក​ខាង​វិញ្ញាណ​ដែល​អ្នក​បំរើ​គ្រប់​គ្នា​របស់​ព្រះយេហូវ៉ា​ត្រូវ​ការ​ជា​ចាំបាច់។

២៣ គ្រឿង​សឹក​ខាង​វិញ្ញាណ​ដែល​ព្រះ​ប្រទាន​ឲ្យ​រួម​បញ្ចូល​នូវ​គុណសម្បត្ដិ​ដែល​ជន​គ្រីស្ទាន​ម្នាក់​ត្រូវ​មាន ព្រម​ទាំង​ជំនួយ​ខាង​វិញ្ញាណ​ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​នោះ។ នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់ យើង​នឹង​ពិនិត្យ​មើល​នូវ​គ្រឿង​សឹក​ខាង​វិញ្ញាណ​និមួយៗ។ នេះ​នឹង​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​បាន​ត្រៀម​ខ្លួន​ចំពោះ​សង្គ្រាម​ខាង​វិញ្ញាណ​នេះ​ដល់​កំរិត​ណា។ នៅ​ដំណាល​គ្នា​នេះ យើង​នឹង​ពិនិត្យ​មើល​នូវ​គំរូ​ដ៏​ល្អ​អំពី​ព្រះយេស៊ូ​គ្រីស្ទ ដែល​នឹង​ជួយ​យើង​ឲ្យ​តយុទ្ធ​នឹង​អារក្ស​សាតាំង​បាន​ដោយ​ជោគជ័យ។

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

តើ​ជន​គ្រីស្ទាន​គ្រប់​គ្នា​មាន​ចម្បាំង​អ្វី?

សូម​រៀប​រាប់​នូវ​ឧបាយកល​ខ្លះៗ​របស់​សាតាំង។

តើ​ការ​គាំទ្រ​ពី​អ្នក​ជឿ​គ្នីគ្នា​ជួយ​ពង្រឹង​កម្លាំង​យើង​យ៉ាងដូចម្ដេច?

តើ​យើង​ត្រូវ​ពឹង​លើ​កម្លាំង​របស់​អ្នក​ណា? ហើយ​ហេតុ​អ្វី?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​១៩]

ជន​គ្រីស្ទាន‹តយុទ្ធ​នឹង​ពួក​វិញ្ញាណ​កំណាច›

[រូបភាព​នៅ​ទំព័រ​២០]

កង្វល់​កង្វាយ​ចំពោះ​អ្វី​ដែល​មាន​ក្នុង​របប​លោកីយ៍​នេះ​អាច​ខ្ទប់​បន្ទូល​អំពី​ព្រះរាជាណាចក្រ​ជាប់

[រូបភាព​នៅ​ទំព័រ​២១]

ជន​គ្រីស្ទាន​គ្នីគ្នា​អាច​ជា អ្នក​«ជួយ​ពង្រឹង​កម្លាំង»

[រូបភាព​នៅ​ទំព័រ​២២]

តើ​អ្នក​អធិស្ឋាន​សុំ​កម្លាំង​ពី​ព្រះ​ឬ​ទេ?