ការស្វែងរកសេចក្ដីសុចរិតនឹងការពារយើង
ការស្វែងរកសេចក្ដីសុចរិតនឹងការពារយើង
«ចូរស្វែងរក . . . សេចក្ដីសុចរិតនៃព្រះជាមុនសិន»។—ម៉ាថាយ ៦:៣៣
១, ២. តើប្អូនស្រីគ្រីស្ទានម្នាក់បានសំរេចចិត្តធ្វើអ្វី ដែលមនុស្សធម្មតានឹកស្មានមិនដល់? ហេតុអ្វីបានជានាងបានសំរេចចិត្តធ្វើដូច្នេះ?
ប្អូនស្រីគ្រីស្ទានម្នាក់នៅទ្វីបអាស៊ីបានធ្វើការរដ្ឋមានតំណែងជាលេខា។ ទោះជាប្អូនស្រីមិនទាន់ជាបុគ្គលិកពេញសិទ្ធិក៏ដោយ នាងបានធ្វើការយ៉ាងយកចិត្តទុកដាក់ដោយមិនខ្ជះខ្ជាយពេលវេលាហើយចូលធ្វើការមុនម៉ោងទៀត។ ដូច្នេះ ពេលប្រធានត្រូវសំរេចចិត្តឲ្យប្អូនស្រីចូលពេញសិទ្ធិឬក៏អត់ គាត់បានប្រាប់នាងថា នាងអាចធ្វើការទីនេះទៀតបាន ព្រមទាំងមានឋានៈខ្ពស់ជាងមុនផង ឲ្យតែនាងព្រមរួមដំណេកជាមួយលោកសិន។ នាងមិនព្រមជាដាច់ខាត ទោះជាត្រូវប្រថុយបាត់បង់ការងារក៏ដោយ។
២ តើប្អូនស្រីគ្រីស្ទាននោះកាន់តាមគោលការណ៍សីលធម៌ហួសហេតុពេកឬ? មិនមែនទេ! ដ្បិតនាងបានកាន់តាមបន្ទូលរបស់ព្រះយេស៊ូយ៉ាងខ្ជាប់ខ្ជួនដែលថា៖ «ចូរស្វែងរក . . . សេចក្ដីសុចរិតនៃព្រះជាមុនសិន»។ (ម៉ាថាយ ៦:៣៣) ប្អូនស្រីបានចាត់ទុកគោលការណ៍សុចរិតជាអ្វីដែលសំខាន់ជាងប្រយោជន៍ណាដែលនាងអាចទទួលដោយប្រព្រឹត្តអំពើអសីលធម៌។—កូរិនថូសទី១ ៦:១៨
មូលហេតុដែលសេចក្ដីសុចរិតជាគុណសម្បត្ដិដ៏សំខាន់
៣. សូមបកស្រាយអត្ថន័យនៃពាក្យ«សុចរិត»។
៣ ពាក្យ«សុចរិត»សំដៅទៅលើការប្រព្រឹត្តល្អស្របទៅតាមគោលការណ៍សីលធម៌។ ក្នុងព្រះគម្ពីរ ពាក្យភាសាក្រិចនិងភាសាហេព្រើរដែលបកប្រែថា«សុចរិត»នោះ បង្កប់អត្ថន័យជា«ការទៀងត្រង់»ឬ«ការប្រព្រឹត្តត្រឹមត្រូវ»។ នេះមិនមែនជាការប្រកាន់ថាខ្លួនសុចរិតតាមតែទស្សនៈខ្លួនឯងនោះទេ។ (លូកា ១៦:១៥) សេចក្ដីសុចរិតពិត ជាការប្រព្រឹត្តល្អសមស្របទៅតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ទើបហៅថាសេចក្ដីសុចរិតនៃព្រះ។—រ៉ូម ១:១៧; ៣:២១
៤. ហេតុអ្វីបានជាពួកគ្រីស្ទានចាត់ទុកសេចក្ដីសុចរិតជាអ្វីដ៏សំខាន់ម្ល៉េះ?
៤ ហេតុអ្វីបានជាសំខាន់ម្ល៉េះដែលយើងប្រព្រឹត្តតាមសេចក្ដីសុចរិត? នេះគឺពីព្រោះព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីសុចរិត» ដូច្នេះទ្រង់ស្រឡាញ់រាស្ត្រទ្រង់ពេលដែលពួកគេប្រព្រឹត្តអំពើសុចរិត។ (ទំនុកដំកើង ៤:១; សុភាសិត ២:២០-២២; ហាបាគុក ១:១៣) មនុស្សណាដែលប្រព្រឹត្តអំពើទុច្ចរិតវិញ មិនអាចមានចំណងមេត្រីភាពជិតស្និទ្ធជាមួយនឹងទ្រង់បានឡើយ។ (សុភាសិត ១៥:៨) ហេតុនោះហើយបានជាសាវកប៉ុលបានដាស់តឿនប្អូនប្រុសធីម៉ូថេ«ឲ្យរត់ពីសេចក្ដីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្ដីសុចរិត»និងគុណសម្បត្ដិសំខាន់ៗឯទៀត។ (ធីម៉ូថេទី២ ២:២២) នេះក៏ជាមូលហេតុដែលប៉ុលបានហៅ«សេចក្ដីសុចរិត . . . ជាប្រដាប់បាំងដើមទ្រូង» ពេលដែលគាត់រៀបរាប់អំពីគ្រឿងសឹកផ្សេងៗខាងវិញ្ញាណ។—អេភេសូរ ៦:១៤
៥. តើមនុស្សឥតគ្រប់លក្ខណ៍អាចស្វែងរកសេចក្ដីសុចរិតបានយ៉ាងណា?
៥ ពិតមែន គ្មានមនុស្សណាដែលអាចប្រព្រឹត្តតាមសេចក្ដីសុចរិតយ៉ាងសុក្រឹតបាននោះទេ។ មនុស្សទាំងអស់គ្នាទទួលភាពមិនគ្រប់លក្ខណ៍ជាមរតកពីអ័ដាម ដូច្នេះមនុស្សគ្រប់គ្នាជាមានបាបឬជាមនុស្សមិនសុចរិតពីកំណើតមក។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានមានបន្ទូលថា យើងត្រូវស្វែងរកសេចក្ដីសុចរិត។ តើយើងអាចស្វែងរកសេចក្ដីសុចរិតយ៉ាងដូចម្ដេចបាន? យើងមានលទ្ធភាពធ្វើដូច្នេះពីព្រោះព្រះយេស៊ូបានថ្វាយព្រះជន្មគ្រប់លក្ខណ៍របស់ទ្រង់ជាដំឡៃលោះ ហើយព្រះយេហូវ៉ាសព្វព្រះហឫទ័យអត់ឱនទោសបាបរបស់យើង ឲ្យតែយើងបង្ហាញជំនឿទៅលើយញ្ញបូជាលោះនោះ។ (ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦; រ៉ូម ៥:៨, ៩, ១២, ១៨) ពេលដែលយើងរៀនខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ានិងខំធ្វើតាមខ្នាតតម្រាទាំងនោះអស់ពីសមត្ថភាព ព្រមទាំងអធិស្ឋានសុំជំនួយដើម្បីយកឈ្នះភាពទន់ខ្សោយរបស់យើង នោះព្រះយេហូវ៉ាព្រមទទួលស្គាល់យើងជាអ្នកថ្វាយបង្គំទ្រង់ដែលផ្អែកលើយញ្ញបូជារបស់ព្រះយេស៊ូ។ (ទំនុកដំកើង ១:៦; រ៉ូម ៧:១៩-២៥; វិវរណៈ ៧:៩, ១៤) នេះពិតជានាំឲ្យយើងមានអារម្មណ៍ធូរស្រាលមែន!
មនុស្សសុចរិតក្នុងចំណោមមនុស្សទុច្ចរិត
៦. ចំពោះពួកគ្រីស្ទាននោះ ហេតុអ្វីក៏លោកីយ៍ជាកន្លែងគ្រោះថ្នាក់?
៦ ពេលដែលសិស្សរបស់ព្រះយេស៊ូបានទទួលភារកិច្ចឲ្យធ្វើជាអ្នកកិច្ចការ ១:៨) មនុស្សទាំងអស់ក្នុងតំបន់ផ្សាយរបស់ពួកគេសុទ្ធតែ«ដេកនៅក្នុងឱវាទនៃមេកំណាច» ពោលគឺសាតាំង។ (យ៉ូហានទី១ ៥:១៩) វិញ្ញាណឬចិត្តគំនិតអាក្រក់របស់សាតាំងបានរាលដាលពាសពេញក្នុងលោកីយ៍នោះ ហើយចិត្តគំនិតនោះងាយឆ្លងដល់បណ្ដាគ្រីស្ទានពិតផងដែរ។ (អេភេសូរ ២:២) ចំពោះពួកគ្រីស្ទាននោះ លោកីយ៍ជាកន្លែងគ្រោះថ្នាក់មែន។ ពួកគេអាចបន្តប្រព្រឹត្តល្អបាន ឲ្យតែពួកគេស្វែងរកសេចក្ដីសុចរិតនៃព្រះជាមុនសិន។ ពួកគេជាច្រើនបានបន្តប្រព្រឹត្តល្អមែន តែអ្នកខ្លះបានងាកចេញពី«ផ្លូវនៃសេចក្ដីសុចរិត»។—សុភាសិត ១២:២៨; ធីម៉ូថេទី២ ៤:១០
តំណាងទ្រង់«រហូតដល់ចុងផែនដីបំផុត»នោះ ពួកគេបានជួបប្រទះស្ថានការណ៍ពិបាកណាស់។ (៧. តើបណ្ដាគ្រីស្ទានពិតមានភារកិច្ចអ្វីដែលតម្រូវឲ្យពួកគាត់ទប់ទល់នឹងឥទ្ធិពលអាក្រក់?
៧ ចំពោះពួកគ្រីស្ទាននៅសម័យនេះ តើលោកីយ៍មានគ្រោះថ្នាក់តិចជាងសម័យមុនឬទេ? លោកីយ៍នេះច្បាស់ជាមិនមានគ្រោះថ្នាក់តិចជាងនោះទេ! ផ្ទុយទៅវិញ លោកីយ៍សព្វថ្ងៃនេះមានសភាពអាក្រក់ជាងសតវត្សរ៍ទីមួយទៅទៀត។ បន្ថែមទៅទៀត សាតាំងបានត្រូវទំលាក់មកលើផែនដីហើយកំពុងតែច្បាំងយ៉ាងសាហាវនឹងពួកគ្រីស្ទានចាក់ប្រេងតាំងដែលជា«សំណល់ពូជនាងទាំងប៉ុន្មាន . . . ដែលកាន់តាមបញ្ញត្តព្រះហើយមានសេចក្ដី[ឬ«កិច្ចការជាអ្នកធ្វើ», ព.ថ.]បន្ទាល់ពីព្រះយេស៊ូវ»។ (វិវរណៈ ១២:១២, ១៧) សាតាំងក៏ពាធាអស់អ្នកដែលគាំទ្រ«ពូជ»នោះដែរ។ ប៉ុន្តែ ពួកគ្រីស្ទានមិនអាចរត់គេចពីលោកីយ៍នេះបានឡើយ ដ្បិតពួកគេត្រូវរស់នៅក្នុងលោកីយ៍នេះទោះបីមិនជារបស់ផងលោកីយ៍ក៏ដោយ។ (យ៉ូហាន ១៧:១៥, ១៦) ពួកគ្រីស្ទានត្រូវផ្សព្វផ្សាយក្នុងលោកីយ៍នេះដើម្បីរកមនុស្សដែលសមទទួលជីវិតជារៀងរហូត ព្រមទាំងបង្រៀនអ្នកទាំងនោះឲ្យធ្វើជាសិស្សរបស់ព្រះគ្រីស្ទ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ដោយសារពួកគ្រីស្ទានមិនអាចចៀសវាងទាំងស្រុងពីឥទ្ធិពលអាក្រក់ក្នុងលោកីយ៍នេះ ពួកគេត្រូវទប់ទល់នឹងឥទ្ធិពលទាំងនោះវិញ។ សូមយើងពិនិត្យមើលឥទ្ធិពលបួនដូចតទៅនេះ។
អំពើអសីលធម៌ជាឥទ្ធិពលដ៏អាក្រក់
៨. ហេតុអ្វីបានជាពួកអ៊ីស្រាអែលបានចាប់ផ្ដើមថ្វាយបង្គំព្រះរបស់សាសន៍ម៉ូអាប់?
៨ ជិតដំណាច់៤០ឆ្នាំដែលប្រជាជនអ៊ីស្រាអែលបានធ្វើដំណើរឆ្លងកាត់ទីរហោស្ថាននោះ ពួកគេជាច្រើនបានបែរចេញពីផ្លូវសុចរិត។ ពួកអ៊ីស្រាអែលបានឃើញដោយផ្ទាល់ភ្នែកនូវកិច្ចការសង្គ្រោះជាច្រើនរបស់ព្រះយេហូវ៉ា ហើយក៏ហៀបនឹងចូលទៅក្នុងស្រុកសន្យាផង។ ប៉ុន្តែ នៅគ្រាសំខាន់នោះ ពួកគេបានចាប់ផ្ដើមថ្វាយបង្គំព្រះរបស់សាសន៍ម៉ូអាប់វិញ។ ហេតុអ្វីបានជាពួកគេចាប់ផ្ដើមធ្វើដូច្នេះ? ពីព្រោះពួកគេបានចុះញ៉មនឹង«សេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម»។ (យ៉ូហានទី១ ២:១៦) កំណត់ហេតុនោះចែងថា៖ «បណ្ដាជនចាប់តាំងសហាយស្មន់នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់»។—ជនគណនា ២៥:១
៩, ១០. ដោសារនៅសព្វថ្ងៃនេះសេចក្ដីប៉ងប្រាថ្នាមិនល្អខាងសាច់ឈាមមានឥទ្ធិពលអាក្រក់នោះ តើចាំបាច់ឲ្យយើងប្រយ័ត្ននឹងអ្វី?
៩ ព្រឹត្ដិការណ៍ទាំងនោះបង្ហាញថា សេចក្ដីប៉ងប្រាថ្នាមិនល្អខាងសាច់ឈាមអាចបង្ខូចផ្លូវរបស់មនុស្សដែលមិនប្រុងប្រយ័ត្ន។ ពេលឥឡូវនេះ អំពើអសីលធម៌ត្រូវគេនិយមទូទៅជាជីវភាពរស់នៅដែលមានជាធម្មតា ហេតុដូច្នេះយកល្អយើងគួររៀនពីការប្រព្រឹត្តរបស់ពួកអ៊ីស្រាអែល។ (កូរិនថូសទី១ ១០:៦, ៨) សេចក្ដីរាយការណ៍មួយពីសហរដ្ឋអាមេរិករៀបរាប់ថា៖ «មុនឆ្នាំ១៩៧០ ការរួមរស់ជាមួយគ្នាដោយឥតរៀបការជាការខុសច្បាប់គ្រប់រដ្ឋទាំងអស់នៅអាមេរិក តែឥឡូវនេះវាជារឿងធម្មតាទៅវិញ។ ក្នុងចំណោមពួកអ្នកដែលរៀបការលើកទីមួយនោះ ជាងហាសិបភាគរយបានរួមរស់ជាមួយគ្នាមុននឹងរៀបការ»។ ការរួមរស់ជាមួយគ្នាមុននឹងរៀបការព្រមទាំងការធ្វើអំពើ អសីលធម៌ឯទៀតមិនមែនកើតឡើងក្នុងប្រទេសមួយប៉ុណ្ណោះនោះទេ គឺមានទូទាំងពិភពលោក។ គួរឲ្យស្ដាយណាស់ ជនគ្រីស្ទានខ្លះបានធ្វើតាមការប្រព្រឹត្តដែលលោកីយ៍និយមនោះ ហើយខ្លះក៏លែងមានឯកសិទ្ធិក្នុងក្រុមជំនុំគ្រីស្ទានឬរហូតដល់លែងជាស្មរបន្ទាល់ព្រះយេហូវ៉ាទៀត។—កូរិនថូសទី១ ៥:១១
១០ ម្យ៉ាងទៀត មើលទៅដូចជាមានរឿងអសីលធម៌ពាសពេញ។ ភាពយន្តនិងកម្មវិធីទូរទស្សន៍ក៏ផ្សាយថា ការរួមដំណេកមុនរៀបការមិនជាការខុសទេសំរាប់ពួកយុវជនយុវតី។ កុនខ្លះក៏បានបញ្ចាំងពីការរួមភេទដូចគ្នាជាការធម្មតាដែរ។ ហើយរឿងជាច្រើនចេះតែបង្ហាញពីការរួមភេទដោយឥតលាក់លៀម។ មនុស្សក៏អាចមើលរូបអាសអាភាសដោយឥតលាក់លៀមតាមប្រព័ន្ធអ៊ិនថឺណិតផងដែរ។ ជាក់ស្តែងអ្នកកាសែតម្នាក់បានរាយការណ៍ថា កូនប្រុសអាយុប្រាំពីរឆ្នាំបានត្រឡប់មកពីសាលាទាំងចិត្តរំភើបហើយបានប្រាប់ឪពុកថា មិត្តរួមថ្នាក់បានរកឃើញវើបសាយមួយតាមប្រព័ន្ធអ៊ិនថឺណិតដែលមានរូបស្រីអាក្រាតកំពុងតែដេកជាមួយអ្នកផ្សេងទៀត។ ពេលឮដំណឹងនោះ ឪពុកបានតក់ស្លុតយ៉ាងខ្លាំង។ ប៉ុន្តែ សូមគិតទៅមើល តើមានក្មេងៗប៉ុន្មាននាក់ទៅដែលមើលវើបសាយមានរូបអាសអាភាសដោយឥតប្រាប់ឪពុកម្ដាយនោះ? មួយទៀត ហ្គេមវីដេអូជាច្រើនក៏មានរូបអាសអាភាស មន្តអាគមនិងអំពើឃោរឃៅ តែតើឪពុកម្ដាយប៉ុន្មាននាក់ទៅដែលដឹងថាកូនលេងហ្គេមបែបនោះ?
១១. តើអ្វីអាចការពារក្រុមគ្រួសារពីអំពើអសីលធម៌របស់លោកីយ៍នេះ?
១១ តើក្រុមគ្រួសារអាចធ្វើយ៉ាងណាដើម្បីចៀសវាងការកំសាន្តដ៏ថោកទាបបែបនេះ? គឺដោយស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុនសិន ទាំងបដិសេធជាដាច់ខាតរាល់ទង្វើណាដែលនាំឲ្យប្រព្រឹត្តអំពើអសីលធម៌។ (កូរិនថូសទី២ ៦:១៤; អេភេសូរ ៥:៣) មាតាបិតាទាំងឡាយគួរខំបណ្ដុះឲ្យកូនមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងច្បាប់សុចរិតរបស់ទ្រង់។ បើមាតាបិតាបំពេញភារកិច្ចនេះហើយត្រួតពិនិត្យកូនយ៉ាងល្អនោះ នេះអាចជួយកូនតាំងចិត្តឲ្យចៀសឆ្ងាយពីអំពើទុច្ចរិតណាដែលទាក់ទាញចិត្តកូន ដូចជារូបអាសអាភាសនិងភាពយន្តដែលមានរឿងអសីលធម៌ ឬការលេងហ្គេមវីដេអូអាសអាភាសជាដើម។—ចោទិយកថា ៦:៤-៩ *
ការបង្ខិតបង្ខំពីសង្គមមនុស្សនាំឲ្យមានគ្រោះថ្នាក់
១២. នៅសតវត្សរ៍ទីមួយនោះ តើមានរឿងរ៉ាវអ្វី?
១២ ពេលដែលប៉ុលនៅទីក្រុងលីស្ដ្រានៅតំបន់អាស៊ីមីន័រនោះ គាត់បានធ្វើអព្ភូតហេតុដោយប្រោសអ្នកពិការម្នាក់ឲ្យបានជា។ កំណត់ហេតុចែងថា៖ «កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា៖ ‹ពួកព្រះបានកាឡានិម្មិតជាមនុស្សចុះមកឯយើងហើយ!›។ គេក៏ហៅបាណាបាសជាព្រះសេយូស ហើយប៉ុលជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង»។ (កិច្ចការ ១៤:១១, ១២) មិនយូរប៉ុន្មានក្រោយមក ហ្វូងមនុស្សដដែលនោះប្រាថ្នាចង់សំឡាប់ប៉ុលនិងបាណាបាស។ (កិច្ចការ ១៤:១៩) នេះបង្ហាញច្បាស់ថា ប្រជាជនទាំងនោះឆាប់សំរបទៅតាមទស្សនៈរបស់សង្គម។ ក្រោយៗមក ពេលប៉ុលបានសរសេរសំបុត្រជូនពួកគ្រីស្ទាននៅទីក្រុងកូល៉ុសគាត់បានព្រមានអំពីការ«ថ្វាយបង្គំពួកទេវតា»។ (កូល៉ុស ២:១៨) នេះបង្ហើបឲ្យដឹងថា អ្នកខ្លះដែលបានក្លាយជាជនគ្រីស្ទាននៅតំបន់នោះ នៅតែមានភាពទោរទន់ទៅរកអបិយជំនឿ។
១៣. តើពួកគ្រីស្ទានមិនត្រូវធ្វើបុណ្យប្រពៃណីណាខ្លះ? តើអ្វីអាចពង្រឹងកំឡាំងចិត្តឲ្យពួកគ្រីស្ទានធ្វើដូច្នេះបាន?
១៣ នៅសព្វថ្ងៃនេះ គ្រីស្ទានពិតក៏ធ្វើដូចគ្នាដែរដោយចៀសវាងពីទំនៀមទំលាប់ដែលសង្គមមនុស្សនិយមធ្វើដែលមានមូលដ្ឋានទៅលើសេចក្ដីបង្រៀនរបស់សាសនាមិនពិតហើយប្រឆាំងនឹងគោលការណ៍គ្រីស្ទាន។ ជាឧទាហរណ៍ នៅប្រទេសជាច្រើនគេមានបុណ្យប្រពៃណីដែលទាក់ទងថ្ងៃកំណើតនិងថ្ងៃស្លាប់ដែលមានមូលដ្ឋានលើជំនឿមិនពិតថា មនុស្សយើងមានព្រលឹងរស់បន្ទាប់ពីស្លាប់។ (សាស្ដា ៩:៥, ១០) ប្រទេសខ្លះមានទំនៀមទំលាប់ធ្វើបាបក្មេងយ៉ាងសាហាវដោយគ្មានហេតុ ហើយទង្វើបែបនោះមិនសមស្របនឹងសេចក្ដីស្រឡាញ់ដែលមាតាបិតាគួរបង្ហាញដល់កូន។ (ចោទិយកថា ៦:៦, ៧; អេភេសូរ ៦:៤) តើជនគ្រីស្ទានអាចធ្វើអ្វីដើម្បីឈប់ប្រព្រឹត្តអំពើបែបនោះ ហើយទប់ទល់នឹងការបង្ខិតបង្ខំពីសង្គមមនុស្ស? គឺដោយពឹងដល់ព្រះយេហូវ៉ាទាំងស្រុង។ (ទំនុកដំកើង ៣១:៦) ព្រះដ៏សុចរិតនឹងពង្រឹងហើយថែរក្សាអស់អ្នកដែលទូលក្នុងចិត្តថ្វាយទ្រង់ថា៖ «ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ។ ទូលបង្គំទុកចិត្តនឹងទ្រង់»។—ទំនុកដំកើង ៩១:២; សុភាសិត ២៩:២៥
កុំភ្លេចព្រះយេហូវ៉ា
១៤. មិនយូរប៉ុន្មានមុនសាសន៍អ៊ីស្រាអែលបានចូលទៅក្នុងស្រុកសន្យានោះ តើព្រះយេហូវ៉ាព្រមានពួកគេអំពីអ្វី?
១៤ មិនយូរប៉ុន្មានមុនសាសន៍អ៊ីស្រាអែលបានចូលទៅក្នុងស្រុកសន្យានោះ ព្រះយេហូវ៉ាព្រមានកុំឲ្យពួកគេភ្លេចទ្រង់ឡើយ។ ទ្រង់បានមានបន្ទូលថា៖ «ចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯងដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់នឹងច្បាប់ហើយនឹងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ បានហ្វូងគោ ហ្វូងចៀមចំរើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯងក៏បានបរិបូរផង នោះក្រែងចិត្តឯងបានអួតអាងរួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង»។—ចោទិយកថា ៨:១១-១៤
១៥. តើយើងអាចធ្វើអ្វីដើម្បីដឹងប្រាកដថា យើងមិនបានភ្លេចព្រះយេហូវ៉ា?
១៥ តើអាចមានស្ថានការណ៍ដូចគ្នាកើតឡើងនៅសព្វថ្ងៃនេះបានឬទេ? ពិតជាអាចមានមែន បើយើងយល់ច្រឡំអំពីអ្វីដែលគួរមានអាទិភាពក្នុងជីវិតយើង។ ក៏ប៉ុន្តែបើយើងស្វែងរកសេចក្ដីសុចរិតរបស់ព្រះជាមុនសិន នោះការថ្វាយបង្គំពិតនឹងមានឋានៈសំខាន់បំផុតក្នុងជីវិតយើង។ យើងនឹងធ្វើតាមយោបល់របស់ប៉ុលផងដែរ ដោយ«លៃយកឱកាសឲ្យទាន់ពេល»និងធ្វើកិច្ចបំរើផ្សាយដោយទទួលស្គាល់ថា នេះជាគ្រាបន្ទាន់ណាស់។ (កូល៉ុស ៤:៥; ធីម៉ូថេទី២ ៤:២) ក៏ប៉ុន្តែ បើយើងចាត់ទុកការកំសាន្តនិងការសប្បាយជាអ្វីដែលសំខាន់ជាងកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយ នោះបានសេចក្ដីថាយើងភ្លេចព្រះយេហូវ៉ាក្នុងន័យថាយើងចាត់ទុកការថ្វាយបង្គំទ្រង់ជាអ្វីដែលបន្ទាប់បន្សំ។ ប៉ុលបានមានប្រសាសន៍ថា នៅជាន់ក្រោយបង្អស់មនុស្សនឹង«ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ (ធីម៉ូថេទី២ ៣:៤) ពួកគ្រីស្ទានដែលមានចិត្តស្មោះត្រង់តែងតែពិនិត្យមើលបំណងចិត្តខ្លួនជាញឹកញាប់ដើម្បីប្រាកដថា គំនិតបែបនោះមិនមានឥទ្ធិពលលើខ្លួនទេ។—កូរិនថូសទី២ ១៣:៥
ចូរប្រយ័ត្ននឹងការប្រកាន់យកតែគំនិតខ្លួនឯង
១៦. តើនាងអេវ៉ានិងបងប្អូនខ្លះនៅសម័យប៉ុលបានបង្ហាញនូវចិត្តគំនិតមិនល្អណាខ្លះ?
១៦ នៅសួនច្បារអេដែន សាតាំងបានញុះញង់នាងអេវ៉ាឲ្យធ្វើអ្វីៗដោយប្រកាន់យកតែគំនិតខ្លួនឯង។ នៅទីបំផុត នាងបានសំរេចចិត្តដោយខ្លួនឯងមែនចំពោះអ្វីដែលខុសនិងអ្វីដែលត្រូវ។ (លោកុប្បត្តិ ៣:១-៦) នៅសតវត្សរ៍ទីមួយ បងប្អូនខ្លះក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសចេះតែប្រកាន់យកគំនិតខ្លួនឯងដូចអេវ៉ាដែរ។ បងប្អូនទាំងនោះគិតថា ខ្លួនចេះច្រើនជាងប៉ុលទៅទៀត ដូច្នេះប៉ុលបានហៅពួកអ្នកនោះជា«ពួកសាវកយ៉ាងធំ»ដោយចង់បង្អាប់គេទៅវិញ។—កូរិនថូសទី២ ១១:៣-៥; ធីម៉ូថេទី១ ៦:៣-៥
១៧. តើយើងអាចធ្វើអ្វីដើម្បីកុំឲ្យយើងប្រកាន់យកតែគំនិតខ្លួនឯង?
១៧ មនុស្សជាច្រើនក្នុងលោកីយ៍សព្វថ្ងៃនេះជាមនុស្ស«ឥតបើគិត[ឬ«រឹងចចេស», ព.ថ.]» ហើយ«មានចិត្តធំ[ឬ«អួតបំប៉ោង», ខ.ស.]»។ លោកីយ៍នេះធ្លាប់មានអានុភាពលើបងប្អូនគ្រីស្ទានខ្លះឲ្យមានគំនិតដូច្នោះដែរ។ បងប្អូនខ្លះក៏បានក្លាយជាអ្នកប្រឆាំងនឹងសេចក្ដីពិតផង។ (ធីម៉ូថេទី២ ៣:៤; ភីលីព ៣:១៨) ក្នុងការថ្វាយបង្គំពិត នោះគឺចាំបាច់ណាស់ឲ្យយើងស្វែងរកការណែនាំពីព្រះយេហូវ៉ា ព្រមទាំង ចុះចូលចំពោះ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›និងពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ នេះហើយជាវិធីស្វែងរកសេចក្ដីសុចរិត ហើយនេះក៏អាចជួយការពារយើងកុំឲ្យប្រកាន់យកតែគំនិតខ្លួនឯងនោះដែរ។ (ម៉ាថាយ ២៤:៤៥-៤៧; ទំនុកដំកើង ២៥:៩, ១០; អេសាយ ៣០:២១) ក្រុមពួកអ្នកចាក់ប្រេងតាំង«ជាសសរហើយជាជើងថ្កល់របស់សេចក្ដីពិត»។ ព្រះយេហូវ៉ាប្រទានពួកជំនុំនោះដើម្បីការពារនិងជួយណែនាំផ្លូវរបស់យើង។ (ធីម៉ូថេទី១ ៣:១៥) បើយើងទទួលស្គាល់មុខនាទីដ៏សំខាន់របស់ក្រុមអ្នកចាក់ប្រេងតាំងនោះ នេះនឹងជួយ‹កុំឲ្យយើងធ្វើអ្វីដោយសេចក្ដីអំនួត›កាលដែលយើងចុះចូលដោយចិត្តរាបទាបចំពោះព្រះហឫទ័យសុចរិតរបស់ព្រះយេហូវ៉ា។—ភីលីព ២:២-៤; សុភាសិត ៣:៤-៦
ចូរត្រាប់តាមព្រះយេស៊ូ
១៨. តើយើងគួរត្រាប់តាមព្រះយេស៊ូក្នុងលក្ខណៈអ្វីខ្លះ?
១៨ ទំនាយក្នុងព្រះគម្ពីរចែងអំពីព្រះយេស៊ូថា៖ «ទ្រង់បានស្រឡាញ់សេចក្ដីសុចរិត ហើយស្អប់ការទុច្ចរិត»។ (ទំនុកដំកើង ៤៥:៧; ហេព្រើរ ១:៩) នេះពិតជាទស្សនៈល្អមួយឲ្យយើងត្រាប់តាម! (កូរិនថូសទី១ ១១:១) ព្រះយេស៊ូមិនគ្រាន់តែជ្រាបអំពីខ្នាតតម្រាសុចរិតរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែទ្រង់បានស្រឡាញ់នូវខ្នាតតម្រាទាំងនោះដែរ។ ដូច្នេះពេលដែលសាតាំងបានល្បួងព្រះយេស៊ូក្នុងទីរហោស្ថាននោះ ទ្រង់បានបដិសេធយ៉ាងម៉ឺងម៉ាត់ដោយឥតស្ទាក់ស្ទើរថា ទ្រង់មិនព្រមបែរចេញពី«ផ្លូវនៃសេចក្ដីសុចរិត»ទេ។—សុភាសិត ៨:២០; ម៉ាថាយ ៤:៣-១១
១៩, ២០. តើការស្វែងរកសេចក្ដីសុចរិតមានលទ្ធផលល្អអ្វី?
១៩ ពិតណាស់ សេចក្ដីប្រាថ្នាខាងសាច់ឈាមដែលមិនសុចរិតនោះ មានឥទ្ធិពលខ្លាំងមែន។ (រ៉ូម ៧:១៩, ២០) យ៉ាងណាក៏ដោយ បើយើងចាត់ទុកសេចក្ដីសុចរិតជាអ្វីដែលមានដំឡៃនោះ នេះអាចជួយពង្រឹងកំឡាំងយើងឲ្យទប់ទល់នឹងអំពើអាក្រក់។ (ទំនុកដំកើង ១១៩:១៦៥) ការស្រឡាញ់នូវសេចក្ដីសុចរិតយ៉ាងខ្លាំងនោះនឹងការពារយើងពេលមានការល្បងលឲ្យប្រព្រឹត្តអំពើដែលមិនល្អ។ (សុភាសិត ៤:៤-៦) ចូរចងចាំថា រាល់ដងដែលយើងចុះចាញ់នឹងសេចក្ដីល្បួងណា នោះសាតាំងជាអ្នកទទួលជោគជ័យ។ តែផ្លូវដែលប្រសើរជាង គឺឲ្យទប់ទល់នឹងវាហើយឲ្យព្រះយេហូវ៉ាមានជ័យជំនះវិញ!—សុភាសិត ២៧:១១; យ៉ាកុប ៤:៧, ៨
២០ ដោយសារបណ្ដាគ្រីស្ទានពិតតែងតែស្វែងរកសេចក្ដីសុចរិតនោះ ពួកគេ«ពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អហើយជាសេចក្ដីសរសើរដល់ព្រះផង»។ (ភីលីព ១:១០, ១១) ពួកគេ«ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្ដីសុចរិតហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិតតាមភាពព្រះ»។ (អេភេសូរ ៤:២៤) ពួកគ្រីស្ទានជារបស់ផងព្រះយេហូវ៉ា ហើយថ្វាយខ្លួនជាអ្នកបំរើទ្រង់ដោយឥតល័ក្ខខ័ណ្ឌហើយគ្មានក្ដីប៉ងប្រាថ្នាចង់បំពេញចិត្តខ្លួនឯងទេ។ (រ៉ូម ១៤:៨; ពេត្រុសទី១ ៤:២) ការថ្វាយខ្លួននោះជាអ្វីដែលមានអាទិភាពក្នុងគ្រប់គំនិតនិងការប្រព្រឹត្តរបស់ពួកគ្រីស្ទាន។ ពួកគេពិតជានាំឲ្យព្រះវរបិតានៅស្ថានសួគ៌មានព្រះទ័យរីករាយយ៉ាងខ្លាំងមែន!—សុភាសិត ២៣:២៤
[កំណត់សម្គាល់]
^ វគ្គ 11 សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា មានយោបល់ល្អៗចំពោះមាតាបិតាដើម្បីការពារក្រុមគ្រួសារពីឥទ្ធិពលផ្សេងៗដែលជំរុញឲ្យធ្វើអំពើអសីលធម៌។
តើអ្នកអាចពន្យល់បានទេ?
• ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យយើងស្វែងរកសេចក្ដីសុចរិត?
• តើគ្រីស្ទានឥតគ្រប់លក្ខណ៍អាចស្វែងរកសេចក្ដីសុចរិតបានយ៉ាងណា?
• តើពួកគ្រីស្ទានគួរចៀសវាងអ្វីខ្លះក្នុងលោកីយ៍នេះ?
• តើការស្វែងរកសេចក្ដីសុចរិតនឹងការពារយើងយ៉ាងដូចម្ដេច?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ២៩]
ការបង្រៀនកូនឲ្យស្រឡាញ់ព្រះយេហូវ៉ា នឹងជួយគេតាំងចិត្តចៀសវាងពីអំពើអសីលធម៌
[រូបភាពនៅទំព័រ៣០]
ពេលមានជីវិតសំបូរសប្បាយក្នុងស្រុកសន្យានោះ ប្រជាជនអ៊ីស្រាអែលខ្លះបានភ្លេចព្រះយេហូវ៉ា
[រូបភាពនៅទំព័រ៣១]
លោកីយ៍ជាកន្លែងគ្រោះថ្នាក់មែនចំពោះពួកអ្នកដែលកាន់តាមព្រះយេស៊ូ
[រូបភាពនៅទំព័រ៣២]
ពួកគ្រីស្ទានមានលក្ខណៈដូចព្រះយេស៊ូ ដោយស្អប់អំពើទុច្ចរិត