លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកទុកចិត្ដនិងពឹងផ្អែកលើព្រះខ្លាំងប៉ុនណា?

តើអ្នកទុកចិត្ដនិងពឹងផ្អែកលើព្រះខ្លាំងប៉ុនណា?

តើ​អ្នក​ទុកចិត្ត​និង​ពឹងផ្អែក​លើ​ព្រះ​ខ្លាំង​ប៉ុន​ណា?

«ចូរ​ស្វែងរក​នគរ . . . ព្រះ​ជា​មុន​សិន»។—ម៉ាថាយ ៦:៣៣

១, ២​. តើ​ប្អូន​ប្រុស​ម្នាក់​បាន​ធ្វើ​អ្វី​ស្តី​អំពី​ការងារ​របស់​ខ្លួន? ហេតុ​អ្វី​បាន​ជា​គាត់​សុខចិត្ត​ធ្វើ​ដូច្នេះ?

ប្អូន​ប្រុស​ម្នាក់​មាន​ចិត្ត​ចង់​បំរើ​បងប្អូន​ក្នុង​ក្រុមជំនុំ​ច្រើន​ជាង។ ប៉ុន្តែ គាត់​មាន​បញ្ហា​មួយ ពោល​គឺ ការងារ​របស់​គាត់​បាន​រំខាន​ដល់​ការចូលរួម​កម្មវិធី​ប្រជុំ​ជា​ទៀងទាត់។ តើ​គាត់​បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា? គាត់​បាន​កែ​ប្រែ​ជីវភាព​រស់​នៅ​ឲ្យ​បាន​សាមញ្ញ​ជាង​ដោយ​ឈប់​ធ្វើការ​នៅ​ទី​នោះ ហើយ​ក្រោយ​មក​បាន​រក​ការងារ​ផ្សេង​ដែល​មិន​រំខាន​ដល់​កិច្ចការ​ដែល​គាត់​ចង់​ធ្វើ​ក្នុង​ក្រុមជំនុំ។ សព្វថ្ងៃ​នេះ​គាត់​ទទួល​ប្រាក់ខែ​តិច​ជាង​មុន​ឆ្ងាយ​ណាស់ តែ​គាត់​នៅ​តែ​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន ហើយ​ក៏​អាច​ធ្វើការ​ច្រើន​ជាង​ក្នុង​ក្រុមជំនុំ​ផង​ដែរ។

តើ​អ្នក​យល់​នូវ​មូលហេតុ​ដែល​ប្អូន​ប្រុស​នេះ​បាន​ធ្វើ​ដូច្នេះ​ទេ? បើ​អ្នក​មាន​កាលៈទេសៈ​ដូច​គាត់ តើ​អ្នក​សុខចិត្ត​ចាត់​វិធានការ​ដូច​គាត់​ដែរ​ឬ​ទេ? គួរ​ឲ្យ​សរសើរ​ណាស់ ថា​បងប្អូន​គ្រីស្ទាន​ច្រើន​បាន​ធ្វើ​ដូច​គាត់​ដែរ ហើយ​បាន​បង្ហាញ​ថា​ខ្លួន​មាន​ទំនុកចិត្ត​លើ​សេចក្ដីសន្យា​របស់​ព្រះយេស៊ូ​ដែល​ថា៖ «ចូរ​ស្វែងរក​នគរ​នឹង​សេចក្ដីសុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។ (ម៉ាថាយ ៦:៣៣) ព្រះយេហូវ៉ា​ជា​ទី​ទុកចិត្ត​របស់​ពួក​គេ​ហើយ​គេ​ពឹងផ្អែក​លើ​ទ្រង់​ដើម្បី​ឲ្យ​បាន​សេចក្ដីសុខ​ជាជាង​ពឹងផ្អែក​លើ​លោកីយ៍​នេះ។—សុភាសិត ៣:២៣, ២៦

៣​. ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​សង្ស័យ​ថា ការស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន ប្រហែល​ជា​គ្មាន​ប្រយោជន៍?

ដោយ​គិត​អំពី​គ្រា​ដ៏​ពិបាក​របស់​យើង​នេះ មនុស្ស​ខ្លះ​ឆ្ងល់​ថា តើ​ប្អូន​ប្រុស​នោះ​បាន​ធ្វើ​ការសំរេច​ដ៏​ល្អ​ឬ​ទេ? សព្វថ្ងៃ​នេះ​មនុស្ស​មួយ​ចំនួន​ជា​អ្នក​ក្រខ្សត់ តែ​មនុស្ស​មួយ​ចំនួន​ទៀត​មាន​កំរិត​ជីវភាព​ខ្ពស់​ដែល​ខុសប្លែក​ពី​សម័យ​មុនៗ​ទៅ​ទៀត។ មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ប្រទេស​ក្រីក្រ​សុខចិត្ត​ធ្វើ​អ្វី​ក៏​ដោយ​ដើម្បី​ឲ្យ​មាន​ជីវិត​រស់​នៅ​សុខស្រួល​ជាង។ ផ្ទុយ​ទៅ​វិញ មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ជឿនលឿន​កំពុង​តែ​ទទួល​ការបង្ខិតបង្ខំ​ឲ្យ​រក្សា​នូវ​កំរិត​ជីវភាព​ខ្ពស់​ទោះ​ជា​មាន​បញ្ហា​សេដ្ឋកិច្ច មុខ​របរ​ដែល​ចេះ​តែ​ប្រែប្រួល​និង​និយោជក​ដែល​ទាមទារ​ច្រើន​ហួសហេតុពេក​ក៏​ដោយ។ ដោយសារ​មាន​ការបង្ខិតបង្ខំ​យ៉ាង​ខ្លាំង​ឲ្យ​យើង​រកស៊ី​បាន​ចំណេញ មនុស្ស​ខ្លះ​ចេះ​តែ​ឆ្ងល់​ថា៖ ‹តើ​ការស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន ពិត​ជា​មាន​ប្រយោជន៍​មែន​ឬ?›។ ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​គិត​ទៅ​មើល​ថា តើ​ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​បែប​ណា​នៅ​គ្រា​នោះ?

«កុំ​ឲ្យ​ខ្វល់ខ្វាយ»

៤, ៥​. តើ​ព្រះយេស៊ូ​ប្រើ​ពាក្យ​ប្រៀបប្រដូច​អ្វី​ដើម្បី​បង្ហាញ​ថា រាស្ត្រ​របស់​ព្រះ​មិន​គួរ​ខ្វល់ខ្វាយ​ហួសហេតុពេក​អំពី​ការចិញ្ចឹម​ជីវិត?

ព្រះយេស៊ូ​បាន​គង់​នៅ​ស្រុក​កាលីឡេ​ហើយ​បាន​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​មក​ពី​កន្លែង​ផ្សេងៗ។ (ម៉ាថាយ ៤:២៥) ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ មាន​មនុស្ស​តិច​ទេ​ដែល​ជា​អ្នក​មាន។ ប្រហែល​ជា​អ្នក​ស្ដាប់​ភាគ​ច្រើន​ជា​ជន​ក្រីក្រ។ យ៉ាង​ណា​ក៏​ដោយ ព្រះយេស៊ូ​បាន​ដាស់តឿន​ពួក​គេ​កុំ​ឲ្យ​ចាត់ទុក​ការប្រមូល​ទ្រព្យសម្បត្ដិ​ឲ្យ​មាន​អាទិភាព​ក្នុង​ជីវិត តែ​ទ្រង់​បាន​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​ប្រមូល​អ្វី​ដែល​មាន​ដំឡៃ​ច្រើន​ជាង ពោល​គឺ ទ្រព្យសម្បត្ដិ​ខាង​វិញ្ញាណ។ (ម៉ាថាយ ៦:១៩​-​២១, ២៤) ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូបកាយ​ដែល​នឹង​ស្លៀកពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត តើ​មិន​វិសេស​ជាង​ចំណី​អាហារ ហើយ​រូបកាយ តើ​មិន​វិសេស​ជាង​សំលៀកបំពាក់​ទេ​ឬ​អី?»។—ម៉ាថាយ ៦:២៥

មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះយេស៊ូ​ពេល​នោះ ប្រហែល​ជា​ចាត់ទុក​បន្ទូល​របស់​ទ្រង់​ជា​យោបល់​ដែល​ឥត​បាន​ការ​ទេ។ ពួក​គេ​ជ្រាប​ថា បើ​មិន​ព្យាយាម​ជួយ​ខ្លួន​ឯង​នោះ ក្រុម​គ្រួសារ​ក៏​នឹង​ខ្វះខាត​វិញ។ ប៉ុន្តែ ព្រះយេស៊ូ​បាន​រំឭក​ពួក​គេ​អំពី​សត្វ​ស្លាប។ សត្វ​ស្លាប់​រស់​មួយ​ថ្ងៃៗ​ទាំង​មាន​ព្រះយេហូវ៉ា​យកព្រះទ័យទុកដាក់​ចំពោះ​វា​ដែរ។ ព្រះយេស៊ូ​ក៏​បាន​សំដៅ​ទៅ​លើ​របៀប​ដែល​ព្រះយេហូវ៉ា​ជួយ​ផ្គត់ផ្គង់​ឲ្យ​ផ្កា​ព្រៃ​ទាំង​ឡាយ​មាន​ភាពរុងរឿង​ជាង​ស្តេច​សាឡូម៉ូន​ទៅ​ទៀត។ បើ​ព្រះយេហូវ៉ា​ថែរក្សា​សត្វ​ស្លាប​និង​ផ្កា​យ៉ាង​នេះ ទ្រង់​ច្បាស់​ជា​នឹង​ថែរក្សា​យើង​ច្រើន​ជាង​នោះ​ទៅ​ទៀត! (ម៉ាថាយ ៦:២៦​-​៣០) ដូច​ព្រះយេស៊ូ​បាន​មាន​បន្ទូល​នោះ ជីវិត​របស់​យើង​មាន​ដំឡៃ​ច្រើន​ជាង​ម្ហូប​ដែល​យើង​ទិញ​បរិភោគ ហើយ​រូបកាយ​របស់​យើង​ក៏​មាន​ដំឡៃ​ច្រើន​ជាង​សំលៀកបំពាក់​ដែល​យើង​ស្លៀកពាក់​ដែរ។ បើ​យើង​ខិតខំ​ធ្វើការ​ឲ្យ​បាន​តែ​អាហារ​និង​សំលៀកបំពាក់​ប៉ុណ្ណោះ តែ​គ្មាន​ពេល​ល្មម​នឹង​ថ្វាយបង្គំ​ព្រះយេហូវ៉ា នោះ​យើង​មិន​យល់​សោះ​អំពី​គោលបំណង​នៃ​ជីវិត។—សាស្ដា ១២:១៣

ការចេះ​ថ្លឹងថ្លែង

៦​. (ក) តើ​ពួក​គ្រីស្ទាន​មាន​ភារកិច្ច​ធ្វើ​អ្វី? (ខ) តើ​ជនគ្រីស្ទាន​ទុកចិត្ត​និង​ពឹងផ្អែក​លើ​អ្នក​ណា​ក្នុង​គ្រប់​ការ​ទាំង​អស់?

ព្រះយេស៊ូ​មិន​បាន​លើកទឹកចិត្ត​ឲ្យ​អ្នក​ស្ដាប់​ឈប់​ធ្វើការ​ដោយ​រង់ចាំ​ព្រះ​ផ្គត់ផ្គង់​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​ទេ។ សូម្បី​តែ​សត្វ​ស្លាប​ក៏​ត្រូវ​ខំ​រក​ចំណី​សំរាប់​ខ្លួន​និង​កូន​វា។ ដូចគ្នាដែរ ពួក​គ្រីស្ទាន​ក៏​ត្រូវ​ធ្វើការ​ទើប​អាច​មាន​អាហារ​បរិភោគ​បាន។ ពួក​គ្រីស្ទាន​មាន​ភារកិច្ច​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ខ្លួន។ ពួក​គ្រីស្ទាន​ដែល​ជា​ទាសករ​ឬ​ជា​អ្នក​ស៊ី​ឈ្នួល​ម្ចាស់​ណា​មួយ ក៏​ត្រូវ​ធ្វើការ​យ៉ាង​នឿយ​ហត់​ដែរ។ (ថែស្សាឡូនីចទី២ ៣:១០​-​១២; ធីម៉ូថេទី១ ៥:៨; ពេត្រុសទី១ ២:១៨) សាវក​ប៉ុល​បាន​ចិញ្ចឹម​ជីវិត​ដោយ​រកស៊ី​ម្ដងម្កាល​ជា​អ្នក​ដេរ​ត្រសាល។ (កិច្ចការ ១៨:១​-​៤; ថែស្សាឡូនីចទី១ ២:៩) យ៉ាងណាក៏ដោយ ជន​គ្រីស្ទាន​ទាំង​នោះ​មិន​បាន​ពឹងផ្អែក​លើ​ការងារ​ក្នុង​លោកីយ៍​នេះ​ដើម្បី​ឲ្យ​បាន​សេចក្ដីសុខ​ទេ។ ពួក​គេ​បាន​ទុកចិត្ត​លើ​ព្រះយេហូវ៉ា​វិញ។ ជា​លទ្ធផល​នោះ ពួក​គេ​មាន​ភាពសុខសាន្ត​ដែល​មនុស្ស​ដទៃ​រក​មិន​បាន​ទេ។ អ្នក​តែង​បទទំនុកដំកើង​បាន​មាន​ប្រសាសន៍​ថា៖ «ពួក​អ្នក​ដែល​ទុកចិត្ត​នឹង​ព្រះយេហូវ៉ា​គេ​ដូច​ជា​ភ្នំ​ស៊ីយ៉ូន​ដែល​នឹង​រង្គើ​មិន​បាន គឺ​បាន​ជាប់​នៅ​ជា​ដរាប»។—ទំនុកដំកើង ១២៥:១

៧​. បើ​មនុស្ស​មិន​ទុកចិត្ត​និង​មិន​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​យ៉ាង​ខ្លាំង​នោះ តើ​គាត់​អាច​ចាប់ផ្ដើម​មាន​ទស្សនៈ​បែប​ណា?

អស់​អ្នក​ណា​ដែល​មិន​ទុកចិត្ត​និង​មិន​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​យ៉ាង​ខ្លាំង​នោះ ប្រហែល​ជា​មាន​គំនិត​ផ្សេង។ មនុស្ស​ភាគ​ច្រើន​ចាត់ទុក​ទ្រព្យសម្បត្ដិ​ជា​គន្លឹះ​សំខាន់​ឲ្យ​បាន​សេចក្ដីសុខ។ ហេតុនេះ​ហើយ​បាន​ជា​មាតា​បិតា​ខ្លះ​ជំរុញ​ចិត្ត​កូន​ឲ្យ​រៀន​បាន​ច្រើន​ក្នុង​កំឡុង​គ្រា​យុវវ័យ ដោយ​សង្ឃឹម​ថា​ការអប់រំ​បែប​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​កូន​រក​មុខរបរ​ដែល​បាន​ប្រាក់ខែ​ច្រើន។ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្រុម​គ្រួសារ​គ្រីស្ទាន​ខ្លះ​បាន​ទទួល​ស្គាល់​ថា ការជំរុញ​ឲ្យ​កូន​ធ្វើ​ដូច្នេះ​បាន​នាំ​ឲ្យ​ខាតបង់​ច្រើន​ដែរ ដ្បិត​កូន​បាន​ឈប់​ប្រមូល​អារម្មណ៍​ទៅ​លើ​រឿង​ខាង​វិញ្ញាណ ហើយ​ខិតខំ​បំពេញ​តាម​គោលដៅ​ដែល​ពេញ​ទៅ​ដោយ​វត្ថុនិយម​វិញ។

៨​. តើ​បណ្ដា​គ្រីស្ទាន​ត្រូវ​ចេះ​ថ្លឹងថ្លែង​អំពី​អ្វី?

អាស្រ័យហេតុនេះ បងប្អូន​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា​បាន​ទទួល​ស្គាល់​ថា ដំបូន្មាន​របស់​ព្រះយេស៊ូ​មាន​សុពលភាព​នៅ​សព្វថ្ងៃ​នេះ​ដូច​មាន​ប្រយោជន៍​នៅ​សតវត្សរ៍​ទី​មួយ​នោះ​ដែរ ដូច្នេះ​ពួក​គាត់​ខំ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​ចេះ​ថ្លឹងថ្លែង។ ទោះ​ជា​បងប្អូន​ត្រូវ​ធ្វើការ​រកស៊ី​ច្រើន​ម៉ោង​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ស្រប​ទៅ​តាម​គោលការណ៍​ក្នុង​ព្រះគម្ពីរ​ក៏ដោយ គាត់​មិន​អនុញ្ញាត​ឲ្យ​ការរកលុយ​នោះ​បង្អាក់​ដល់​អ្វីៗ​ខាង​វិញ្ញាណ​ដែល​សំខាន់​ជាង។—សាស្ដា ៧:១២

«កុំ​ឲ្យ​ខ្វល់ខ្វាយ»

៩​. ចំពោះ​អស់​អ្នក​ដែល​ពឹងផ្អែក​ទាំង​ស្រុង​លើ​ព្រះយេហូវ៉ា តើ​ព្រះយេស៊ូ​បាន​ជួយ​រំលែក​កង្វល់​ពួក​គេ​យ៉ាង​ដូច​ម្ដេច?

ពេល​ព្រះយេស៊ូ​បាន​ថ្លែង​ធម្មទាន​របស់​ទ្រង់​នៅ​លើ​ភ្នំ​នោះ ទ្រង់​បាន​ដាស់​តឿន​ពួក​អ្នក​ស្ដាប់​ថា៖ «កុំ​ឲ្យ​ខ្វល់ខ្វាយ​ថា៖ ‹តើ​ត្រូវ​បរិភោគ​អ្វី​ឬ​ស្លៀក​ពាក់​អ្វី› នោះ​ឡើយ។ ដ្បិត​គឺ​ជា​សាសន៍​ដទៃ​ទេ​តើ​ដែល​ខំ​ស្វែងរក​របស់​ទាំង​នោះ​វិញ។ ឯ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវការ​នឹង​របស់​ទាំង​នោះ​ដែរ»។ (ម៉ាថាយ ៦:៣១, ៣២) បន្ទូល​នោះ​ពិត​ជា​លើកទឹកចិត្ត​យើង​ណាស់! ដ្បិត​បើ​យើង​ពឹងផ្អែក​ទាំង​ស្រុង​លើ​ព្រះយេហូវ៉ា ទ្រង់​នឹង​ជួយ​ទ្រទ្រង់​យើង​ជានិច្ច។ ក៏ប៉ុន្តែ បន្ទូល​របស់​ព្រះយេស៊ូ​នាំ​ឲ្យ​យើង​ត្រិះរិះ​ពិចារណា​បន្ដិច​ដែរ។ បន្ទូល​នោះ​រំឭក​យើង​ថា ការ«ខំ»​ស្វែងរក​ទ្រព្យសម្បត្ដិ បាន​ន័យ​ថា​យើង​កំពុងតែ​គិត​ដូច«សាសន៍​ដទៃ»ឬ​មនុស្ស​ដែល​មិន​មែន​ជា​គ្រីស្ទាន​ពិត។

១០​. តើ​ព្រះយេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​ស​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​កំឡោះ​ម្នាក់​ដែល​បាន​សូម​យោបល់​ពី​ទ្រង់?

១០ មាន​គ្រា​មួយ​ដែល​កំឡោះ​អ្នក​មាន​ម្នាក់​បាន​មក​សួរ​ព្រះយេស៊ូ​ថា តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត? ព្រះយេស៊ូ​បាន​រំឭក​គាត់​អំពី​តម្រូវការ​តាម​ក្រិត្យវិន័យ​របស់​ព្រះ​ដែល​នៅ​មាន​សុពលភាព​នៅ​គ្រា​នោះ។ អ្នក​កំឡោះ​នោះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​កាន់តាម​គ្រប់​សេចក្ដី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ហើយ។ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ចំឡើយ​របស់​ព្រះយេស៊ូ​ចំពោះ​បុរស​នោះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ។ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​ជា​គ្រប់លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្ដិ​នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ»។ (ម៉ាថាយ ១៩:១៦​-​២១) អ្នក​កំឡោះ​នោះ​បាន​ចេញ​ពី​ព្រះយេស៊ូ​ទៅ​ដោយ​មិន​សប្បាយ​ទេ ពីព្រោះ​គាត់​មិន​ព្រម​លះបង់​ទ្រព្យសម្បត្ដិ​របស់​ខ្លួន។ មិន​ថា​បុរស​នោះ​បាន​ស្រឡាញ់​ព្រះយេហូវ៉ា​ប៉ុនណា​ក៏ដោយ តែ​គាត់​នៅ​តែ​ស្រឡាញ់​វត្ថុទ្រព្យ​របស់​ខ្លួន​ច្រើន​ជាង។

១១, ១២​. (ក) តើ​ព្រះយេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី​ទ្រព្យសម្បត្ដិ ដែល​យើង​គួរ​ត្រិះរិះ​ពិចារណា? (ខ) តើ​វត្ថុទ្រព្យ​អាច​រារាំង​ការថ្វាយបង្គំ​ព្រះយេហូវ៉ា​បាន​យ៉ាង​ណា?

១១ ព្រឹត្ដិការណ៍​នោះ​បាន​នាំ​ឲ្យ​ព្រះយេស៊ូ​មាន​បន្ទូល​ចំឡែក​បន្ដិច​ថា៖ «មនុស្ស​អ្នក​មាន​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ពិបាក​ណាស់! . . . សត្វ​អូដ្ឋ​នឹង​ចូល​តាម​ប្រហោង​ម្ជុល​នោះ​ងាយ​ជាជាង​ឲ្យ​មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​វិញ»។ (ម៉ាថាយ ១៩:២៣, ២៤) តើ​បន្ទូល​របស់​ព្រះយេស៊ូ​មាន​ន័យ​ថា អ្នក​មាន​គ្មាន​លទ្ធភាព​ទទួល​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មរតក​សោះ​ឡើយ​មែន​ទេ? បន្ទូល​របស់​ព្រះយេស៊ូ​មិន​មាន​ន័យ​ដូច្នេះ​ឡើយ ដ្បិត​ទ្រង់​មាន​បន្ទូល​ទៀត​ថា៖ «ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»បាន។ (ម៉ាថាយ ១៩:២៥, ២៦) ប្រាកដហើយ អ្នក​មាន​ខ្លះ​នៅ​សម័យ​នោះ​បាន​ទទួល​ជំនួយ​ពី​ព្រះយេហូវ៉ា ហើយ​បាន​ក្លាយជា​ជនគ្រីស្ទាន​ចាក់ប្រេងតាំង​ដែរ។ (ធីម៉ូថេទី១ ៦:១៧) យ៉ាងណាក្ដី ព្រះយេស៊ូ​បាន​មាន​បន្ទូល​ចំឡែកៗ​នោះ​ដោយ​មាន​បំណង​ជាក់លាក់​មួយ ពោល​គឺ ចង់​ព្រមាន​យើង។

១២ បើ​មនុស្ស​ស្រឡាញ់​វត្ថុទ្រព្យ​ដល់​ម្ល៉េះ ដូច​កំឡោះ​អ្នក​មាន​នោះ ទ្រព្យសម្បត្ដិ​នោះ​អាច​រារាំង​ការថ្វាយបង្គំ​ព្រះយេហូវ៉ា​ឲ្យ​អស់​ពី​ចិត្ត។ នេះ​អាច​កើត​ឡើង​ចំពោះ​អ្នក​មាន​ក៏​បាន ឬ​ចំពោះ«ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ»ផង​ដែរ។ (ធីម៉ូថេទី១ ៦:៩, ១០) ការពឹងផ្អែក​ហួសហេតុពេក​លើ​វត្ថុទ្រព្យ​អាច​នាំ​ឲ្យ​មនុស្ស​លែង​ស្គាល់«សេចក្ដីកំសត់[ឬ«សេចក្ដីត្រូវការ», ព.ថ.]ខាង​ឯ​វិញ្ញាណ»របស់​ខ្លួន។ (ម៉ាថាយ ៥:៣) ជាលទ្ធផល អ្នក​នោះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​មិន​ចាំបាច់​ពឹងផ្អែក​លើ​ជំនួយ​ពី​ព្រះយេហូវ៉ា​ទៀត។ (ចោទិយកថា ៦:១០​-​១២) អ្នក​នោះ​ប្រហែល​ជា​កើត​មាន​ចិត្ត​ធំ​ដោយ​គិត​ថា បងប្អូន​ក្នុង​ក្រុមជំនុំ​ត្រូវ​គោរព​គាត់។ (យ៉ាកុប ២:១​-​៤) ឬ​មួយ​ក៏​គាត់​អាច​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការប្រើប្រាស់​វត្ថុទ្រព្យ​នោះ ជាជាង​ចំណាយ​ពេល​ក្នុង​ការថ្វាយ​បង្គំ​ព្រះយេហូវ៉ា។

ចូរ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹមត្រូវ

១៣​. តើ​ពួក​ឡៅឌីសេ​មាន​ទស្សនៈ​មិន​ត្រឹមត្រូវ​អ្វី?

១៣ ក្រុមជំនុំ​នៅ​ទី​ក្រុង​ឡៅឌីសេ​នា​សតវត្សរ៍​ទី​មួយ​ជា​ក្រុម​មួយ​ដែល​មាន​ទស្សនៈ​មិន​ត្រឹមត្រូវ​អំពី​វត្ថុទ្រព្យ។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖ «ឯង​អួត​ថា ឯង​ជា​អ្នក​មាន បាន​កាន់​តែ​ស្តុកស្តម្ភ​ឡើង​ហើយ ក៏​មិន​ត្រូវការ​នឹង​អ្វី​សោះ តែ​ឯង​មិន​ដឹង​ថា ឯង​វេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយ​អាក្រាត​វិញ​នោះ​ទេ»។ ទ្រព្យសម្បត្ដិ​នោះ​ឯង​មិន​បាន​បណ្ដាល​ឲ្យ​ពួក​ឡៅឌីសេ​មាន​ភាពទ័លក្រ​ខាង​វិញ្ញាណ​ទេ។ បញ្ហា​នោះ​គឺ​ដោយ​ព្រោះ​ពួក​គេ​បាន​ពឹងផ្អែក​លើ​ទ្រព្យសម្បត្ដិ​ជាជាង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា។ ជាលទ្ធផល ពួក​គេ​មាន​លក្ខណៈ​ស្ទើរៗ​ប៉ុណ្ណោះ​ខាង​វិញ្ញាណ ហើយ​ព្រះយេស៊ូ​ហៀប​នឹង‹ខ្ជាក់​គេ​ចេញ›ពី​មាត់​ទ្រង់​ទៅ។—វិវរណៈ ៣:១៤​-​១៧

១៤​. តើ​ប៉ុល​មាន​មូលហេតុ​អ្វី​ឲ្យ​សរសើរ​ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ?

១៤ ផ្ទុយទៅវិញ ប៉ុល​បាន​សរសើរ​បណ្ដា​គ្រីស្ទាន​សាសន៍​ហេព្រើរ​ដែល​មាន​ទស្សនៈ​ល្អ​ពេល​ទទួល​ទុក្ខបៀតបៀន។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ក៏​ទ្រាំ​ឲ្យ​មនុស្ស​ប្លន់​យក​របស់​ទ្រព្យ​ខ្លួន​ដោយ​អំណរ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យសម្បត្ដិ​ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង​នៅ​ឯ​ស្ថានសួគ៌»។ (ហេព្រើរ ១០:៣៤) ជនគ្រីស្ទាន​ទាំង​នោះ​មិន​បាន​អស់​សង្ឃឹម​ទេ ពេល​បាត់បង់​វត្ថុទ្រព្យ​របស់​ខ្លួន។ ពួក​គេ​អាច​រក្សា​ឲ្យ​មាន​អំណរ​បាន ដោយ​កាន់ខ្ជាប់​នឹង«ទ្រព្យសម្បត្ដិ​ដែល​ប្រសើរ​ជាង ហើយ​ក៏​នៅ​ជាប់​លាប់​ផង»។ ពួក​គាត់​មាន​ចិត្ត​គំនិត​ដូច​ឈ្មួញ​ម្នាក់​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ ដែល​បាន​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​បាន​កែវមុក្ដា​មួយ​ដែល​មាន​ដំឡៃ​ថ្លៃ។ ពួក​គ្រីស្ទាន​សាសន៍​ហេព្រើរ​នោះ​មិន​ព្រម​លះចោល​សេចក្ដីសង្ឃឹម​ទៅ​លើ​ព្រះរាជាណាចក្រ​របស់​ព្រះ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ (ម៉ាថាយ ១៣:៤៥, ៤៦) នេះ​ពិត​ជា​ទស្សនៈ​ដ៏​ប្រសើរ​មែន!

១៥​. តើ​យុវតី​គ្រីស្ទាន​ម្នាក់​នៅ​ប្រទេស​លីបេរីយ៉ា​បាន​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុនសិន​ដោយ​ធ្វើ​អ្វី?

១៥ បងប្អូន​ជា​ច្រើន​នៅ​សព្វថ្ងៃ​នេះ​ក៏​បាន​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ល្អ​ដូច​នេះ​ដែរ។ ជា​ឧទាហរណ៍ យុវតី​គ្រីស្ទាន​ម្នាក់​នៅ​ប្រទេស​លីបេរីយ៉ា​បាន​ទទួល​ឱកាស​រៀន​នៅ​ឯ​សាកលវិទ្យាល័យ។ នៅ​ប្រទេស​នោះ មនុស្ស​តែងតែ​ចាត់ទុក​ឱកាស​រៀន​នៅ​សាកលវិទ្យាល័យ​ជា​របៀប​ទទួល​អនាគត​ដ៏​ល្អ​បាន។ ក៏​ប៉ុន្តែ ប្អូន​ស្រី​នេះ​ជា​អ្នក​ត្រួសត្រាយ​ឬ​អ្នក​ផ្សព្វផ្សាយ​ពេញពេល​ម្នាក់ ដែល​បាន​ទទួល​សេចក្ដីអញ្ជើញ​ឲ្យ​ចូល​រួម​កិច្ចបំរើ​មួយ​រយៈ​ជា​អ្នក​ត្រួសត្រាយ​ពិសេស។ ប្អូន​ស្រី​បាន​សំរេចចិត្ត​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន​ដោយ​បន្ត​ធ្វើ​កិច្ចបំរើ​ផ្សាយ​ពេញពេល។ នាង​បាន​ទៅ​កន្លែង​ដែល​គេ​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពិសេស ហើយ​ក្នុង​រយៈ​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ នោះ​មាន​២១​នាក់​ចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​ជា​មួយ​នាង។ ប្អូន​ស្រី​នេះ​រួម​ទាំង​យុវជន​យុវតី​រាប់​ពាន់​នាក់​ឯ​ទៀត កំពុងតែ​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុនសិន មិន​ថា​ពួក​គេ​ត្រូវ​លះបង់​ឱកាស​រក​ទ្រព្យធន​ច្រើន​ក៏​ដោយ។ តើ​ពួក​គេ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ឲ្យ​មាន​ទស្សនៈ​ល្អ​បែប​នេះ​ក្នុង​លោកីយ៍​ដែល​ពេញ​ទៅ​ដោយ​វត្ថុនិយម? បងប្អូន​ជា​ច្រើន​បាន​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​ល្អៗ។ ឥឡូវ​សូម​យើង​ពិភាក្សា​អំពី​គុណសម្បត្ដិ​ទាំង​នេះ​ខ្លះៗ។

១៦, ១៧​. (ក) ហេតុអ្វី​ក៏​ចិត្តរាបទាប​មាន​សារៈសំខាន់​ក្នុង​ការពឹងផ្អែក​លើ​ព្រះយេហូវ៉ា? (ខ) ហេតុអ្វី​ក៏​យើង​គួរ​បណ្ដុះ​ឲ្យ​មាន​ទំនុកចិត្ត​ទៅ​លើ​សេចក្ដីសន្យា​របស់​ព្រះ?

១៦ ចិត្ត​រាបទាប: ព្រះគម្ពីរ​ចែង​ថា៖ «ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ»។ (សុភាសិត ៣:៥​-​៧) ជួនកាល​យើង​ត្រូវ​ធ្វើ​ការសំរេចចិត្ត​មួយ​ដែល​មើល​ទៅ​ដូច​ជា​មាន​ប្រយោជន៍​មែន​តាម​ទស្សនៈ​របស់​លោកីយ៍​នេះ។ (យេរេមា ១៧:៩) យ៉ាងណាក៏ដោយ ជនគ្រីស្ទាន​ដែល​មាន​ចិត្តស្មោះ​នោះ តែងតែ​ពឹងផ្អែក​លើ​ការណែនាំ​ពី​ព្រះយេហូវ៉ា​វិញ។ (ទំនុកដំកើង ៤៨:១៤) បណ្ដា​គ្រីស្ទាន​បង្ហាញ​ចិត្តរាបទាប​ដោយ​ខំ​រក​ដំបូន្មាន​ពី​ព្រះយេហូវ៉ា​ក្នុង«គ្រប់​ទាំង​ផ្លូវ»របស់​ខ្លួន មិន​ថា​ក្នុង​ក្រុមជំនុំ អំពី​ការកំសាន្ត ឬ​ទាក់ទង​នឹង​ការអប់រំ​និង​ការរកស៊ី​ក្នុង​លោកីយ៍​នេះ​ជា​ដើម។—ទំនុកដំកើង ៧៣:២៤

១៧ ទំនុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា: ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ព្រះ នោះ​ត្រូវ​តែ​ជឿ​ថា​មាន​ព្រះ​មែន ហើយ​ថា​ទ្រង់​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែងរក​ទ្រង់»។ (ហេព្រើរ ១១:៦) បើ​យើង​សង្ស័យ​ថា​សេចក្ដីសន្យា​របស់​ព្រះយេហូវ៉ា​ប្រហែល​ជា​នឹង​មិន​សំរេច​ទេ នេះ​អាច​នាំ​យើង​ឲ្យ​សន្និដ្ឋាន​ទៀត​ថា ការ«ប្រើប្រាស់​លោកីយ៍​នេះ»យ៉ាង​ច្រើន មិន​ជា​ការខុស​ទេ។ (កូរិនថូសទី១ ៧:៣១) ផ្ទុយទៅវិញ បើ​យើង​មាន​ជំនឿ​មុតមាំ យើង​នឹង​តាំងចិត្ត​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុនសិន។ តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​មុតមាំ​បាន​យ៉ាង​ណា? គឺ​ដោយ​ចូល​ទៅ​ជិត​ព្រះយេហូវ៉ា​តាមរយៈ​ការអធិស្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ហើយ​ជាប់លាប់ ព្រម​ទាំង​ធ្វើ​ការសិក្សា​ផ្ទាល់ខ្លួន​យ៉ាង​ទៀងទាត់​ផង។ (ទំនុកដំកើង ១:១​-​៣; ភីលីព ៤:៦, ៧; យ៉ាកុប ៤:៨) យើង​អាច​អធិស្ឋាន​ដូច​ស្តេច​ដាវីឌ​ថា៖ «ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​បាន​ទុកចិត្ត​ដល់​ទ្រង់។ ទូលបង្គំ​បាន​ថា៖ ‹ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ›។ ឱ​សេចក្ដីសប្បុរស​នៃ​ទ្រង់​ជា​ធំ​អម្បាលណា​ទៅ!»។—ទំនុកដំកើង ៣១:១៤, ១៩

១៨, ១៩​. (ក) តើ​ចិត្តឧស្សាហ៍​អាច​ពង្រឹង​ទំនុកចិត្ត​របស់​យើង​ទៅ​លើ​ព្រះយេហូវ៉ា​បាន​យ៉ាង​ណា? (ខ) ហេតុអ្វី​បាន​ជា​ជនគ្រីស្ទាន​យើង​គួរ​សុខចិត្ត​ធ្វើ​ពលិកម្ម?

១៨ ការ​ខ្នះខ្នែង​ក្នុង​កិច្ច​បំរើ​ព្រះ​យេហូវ៉ា: ប៉ុល​បាន​បង្ហាញ​ថា ទំនុកចិត្ត​ទៅ​លើ​សេចក្ដីសន្យា​របស់​ព្រះយេហូវ៉ា​តែងតែ​ផ្សារភ្ជាប់​នឹង​ចិត្តឧស្សាហ៍។ គាត់​មាន​ប្រសាសន៍​ថា៖ «យើង​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និមួយៗ​បាន​សំដែង​ចេញ​ជា​ចិត្តឧស្សាហ៍​ដូច​គ្នា​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សេចក្ដីជំនឿ​ដ៏​ពេញលេញ​របស់​សេចក្ដីសង្ឃឹម​ដរាប​ដល់​ចុង​បំផុត»។ (ហេព្រើរ ៦:១១) បើ​យើង​តែងតែ​រវល់​ក្នុង​កិច្ចបំរើ​ព្រះយេហូវ៉ា ទ្រង់​នឹង​ជួយ​ទ្រទ្រង់​យើង​ជានិច្ច។ រាល់​ដង​ដែល​ទ្រង់​ជួយ​ទ្រទ្រង់​យើង​នោះ ទំនុកចិត្ត​របស់​យើង​ទៅ​លើ​ទ្រង់​ត្រូវ​ពង្រឹង​ឡើង​ដែរ ហើយ​យើង​ក្លាយ​ជា​មនុស្ស​ដែល«កាន់​[តាម​ព្រះ]យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ឥត​រង្គើ»សោះ​ឡើយ។ (កូរិនថូសទី១ ១៥:៥៨) ជំនឿ​របស់​យើង​ត្រូវ​ពង្រឹង​ឡើង ហើយ​យើង​មាន​សេចក្ដីសង្ឃឹម​កាន់តែ​រឹងមាំ​ដែរ។—អេភេសូរ ៣:១៦​-​១៩

១៩ សុខចិត្ត​ធ្វើ​ពលិកម្ម: ប៉ុល​បាន​លះបង់​មុខរបរ​ដ៏​ល្អ​ដើម្បី​កាន់តាម​ព្រះយេស៊ូ។ ទោះជា​ប៉ុល​បាន​កើត​ទុក្ខ​ក្នុង​ជីវិត​ដោយ​ខ្វះខាត​សម្ភារៈ​ម្ដងម្កាល​ក៏​ដោយ ការសំរេចចិត្ត​ឲ្យ​លះបង់​មុខរបរ​នោះ ច្បាស់​ជា​ត្រឹមត្រូវ​មែន។ (កូរិនថូសទី១ ៤:១១​-​១៣) ព្រះយេហូវ៉ា​មិន​សន្យា​ថា​ទ្រង់​នឹង​នាំ​ឲ្យ​យើង​មាន​ជីវភាព​ធូរធារ​សុខស្រួល​ទេ ហើយ​ជួនកាល​រាស្ត្រ​របស់​ព្រះ​ត្រូវ​ស៊ូទ្រាំ​ទុក្ខលំបាក​ផ្សេងៗ​ដែរ។ យ៉ាងណាក៏ដោយ ការសុខចិត្ត​ធ្វើ​ពលិកម្ម​ដោយ​កែប្រែ​ជីវភាព​ឲ្យ​បាន​សាមញ្ញ​ជាង​ជា​ភស្តុតាង​ដែល​បង្ហាញ​ពី​ជំរៅចិត្ត​ប្ដេជ្ញា​របស់​យើង​ក្នុង​ការបំរើ​ព្រះយេហូវ៉ា។—ធីម៉ូថេទី១ ៦:៦​-​៨

២០​. បើ​យើង​ចង់​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន ហេតុអ្វី​បាន​ជា​ចាំបាច់​ឲ្យ​យើង​បង្ហាញ​ចិត្តអត់ធ្មត់​ដោយ​ចេះ​អត់ធន់?

២០ ការ​បង្ហាញ​ចិត្ត​អត់ធ្មត់​ដោយ​ចេះ​អត់ធន់: យ៉ាកុប​បាន​ដាស់​តឿន​បណ្ដា​គ្រីស្ទាន​គ្នីគ្នា​ថា៖ «បងប្អូន​អើយ! ចូរ​មាន​ចិត្តអត់ធ្មត់​ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក»។ (យ៉ាកុប ៥:៧) មនុស្ស​ក្នុង​លោកីយ៍​នេះ​តែងតែ​ចង់​បាន​អ្វី​ទាន់ចិត្ត ដូច្នេះ​ការបង្ហាញ​ចិត្តអត់ធ្មត់​មិន​តែងតែ​ស្រួល​ទេ។ យើង​ក៏​ប្រាថ្នា​ចង់​បាន​ផល​ភ្លាមៗ​ដែរ។ ប៉ុន្តែ​ប៉ុល​លើកទឹកចិត្ត​យើង​ឲ្យ​ធ្វើ​តាម​គំរូ​របស់​បងប្អូន«ដែល​គ្រង​បាន​សេចក្ដីសន្យា​ទុក​ជា​មរដក ដោយ​ចិត្តជឿ​ហើយ​អត់ធន់​វិញ»។ (ហេព្រើរ ៦:១២, កំណែ​ជា​អក្សរ​ទ្រេត) ចូរ​ចេះ​រង់ចាំ​ដល់​កំណត់​ពេល​របស់​ព្រះយេហូវ៉ា​ចុះ! ការរង់ចាំ​ទទួល​ជីវិត​ជា​រៀងរហូត​នៅ​លើ​ផែនដី​មនោរម្យ​ពិត​ជា​មាន​ប្រយោជន៍​មែន!

២១​. (ក) តើ​ការស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុនសិន បង្ហាញ​អំពី​អ្វី? (ខ) តើ​អត្ថបទ​ជា​បន្ទាប់​នឹង​ពិភាក្សា​អំពី​អ្វី?

២១ ពិត​មែន​ហើយ យោបល់​របស់​ព្រះយេស៊ូ​ឲ្យ​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុនសិន​ពិត​ជា​មាន​ប្រយោជន៍​មែន។ ពេល​ដែល​យើង​ធ្វើ​ដូច្នេះ នេះ​បង្ហាញ​ថា​យើង​ពិត​ជា​ទុកចិត្ត​និង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា ហើយ​ជ្រើស​យក​របៀប​រស់​នៅ​តែ​មួយ​គត់​ដែល​មាន​សុវត្ថិភាព​ពិត​ប្រាកដ។ ប៉ុន្តែ ព្រះយេស៊ូ​ក៏​បាន​ជូន​យោបល់​ឲ្យ​យើង«ស្វែងរក . . . សេចក្ដីសុចរិត​នៃ​ព្រះ​ជា​មុន​សិន»ដែរ។ អត្ថបទ​ជា​បន្ទាប់​នឹង​ជួយ​ពន្យល់​នូវ​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ ជា​ពិសេស​នៅ​សព្វថ្ងៃ​នេះ។

តើ​អ្នក​អាច​ពន្យល់​ទេ?

តើ​ព្រះយេស៊ូ​បាន​លើកទឹកចិត្ត​យើង​ឲ្យ​ចេះ​ថ្លឹងថ្លែង​យ៉ាង​ណា ស្តី​អំពី​វត្ថុទ្រព្យ?

តើ​យើង​រៀន​អ្វី​ពី​ពាក្យ​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ ស្តី​អំពី​សត្វ​អូដ្ឋ​និង​ប្រហោង​ម្ជុល?

តើ​គុណសម្បត្ដិ​គ្រីស្ទាន​អ្វី​ខ្លះ អាច​ជួយ​យើង​ស្វែងរក​ព្រះរាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៤]

មនុស្ស​ជា​ច្រើន​ដែល​បាន​ឮ​បន្ទូល​របស់​ព្រះយេស៊ូ ជា​ជន​ក្រីក្រ

[រូបភាព​នៅ​ទំព័រ​២៥]

កំឡោះ​អ្នក​មាន​នេះ​បាន​ស្រឡាញ់ វត្ថុទ្រព្យ​របស់​ខ្លួន​ច្រើន​ជាង​ព្រះ

[រូបភាព​នៅ​ទំព័រ​២៥]

ឈ្មួញ​ម្នាក់​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូ​បាន​លះបង់​អ្វីៗ​ទាំង​អស់​ដើម្បី​ឲ្យ​បាន​កែវមុក្ដា​មួយ​ដែល​មាន​ដំឡៃ​ថ្លៃ

[រូបភាព​នៅ​ទំព័រ​២៦]

បើ​យើង​តែង​តែ​រវល់​ក្នុង​កិច្ចបំរើ​ព្រះយេហូវ៉ា ទ្រង់​នឹង​ជួយ​ទ្រទ្រង់​យើង​ជានិច្ច