តើអ្នកស្ដាប់បង្គាប់អ្នកណា ព្រះឬក៏មនុស្ស?
តើអ្នកស្ដាប់បង្គាប់អ្នកណា ព្រះឬក៏មនុស្ស?
«[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩
១. (ក) តើបទគម្ពីរអ្វីជាប្រធាននៃការសិក្សានេះ? (ខ) ហេតុអ្វីពួកសាវកត្រូវគេចាប់ខ្លួន?
ពួកចៅក្រមនៃតុលាការជាន់ខ្ពស់របស់សាសន៍យូដាច្បាស់ជាខឹងណាស់ ពីព្រោះពួកអ្នកទោសបានចេញពីគុកបាត់អស់ហើយ។ អ្នកទោសទាំងនោះគឺជាសាវករបស់ព្រះយេស៊ូគ្រីស្ទ។ ប៉ុន្មានសប្ដាហ៍មុននេះតុលាការជាន់ខ្ពស់បានកាត់ទោសប្រហារជីវិតព្រះយេស៊ូ។ ឥឡូវពួកចៅក្រមកំពុងតែចាត់វិធានការបំបិទមាត់ហើយបំផ្លាញចោលសកម្មភាពអ្នកជំនិតរបស់ទ្រង់ផងដែរ។ ប៉ុន្តែ នៅពេលដែលអ្នកយាមទៅឯគុកដើម្បីនាំពួកសាវកមក នោះពួកគេឃើញទ្វារគុកនៅជាប់សោនៅឡើយតែមិនឃើញមានអ្នកណាម្នាក់សោះនៅខាងក្នុង។ ប៉ុន្តែ បន្ដិចក្រោយមក ពួកអ្នកយាមទទួលដំណឹងថា បណ្ដាសាវកនៅឯព្រះវិហារនាក្រុងយេរូសាឡិម កំពុងបង្រៀនបណ្ដាជនអំពីព្រះយេស៊ូគ្រីស្ទដោយឥតភ័យខ្លាច ទោះបីនោះជាមូលហេតុដែលពួកគាត់ត្រូវបានចាប់ខ្លួនក៏ដោយ! ពួកអ្នកយាមបានទៅភ្លាមចាប់ពួកសាវកម្ដងទៀត រួចបញ្ជូនទៅតុលាការជាន់ខ្ពស់វិញ។—កិច្ចការ ៥:១៧-២៧
២. តើទេវតាមួយរូបបានបង្គាប់ពួកសាវកឲ្យធ្វើអ្វី?
២ ទេវតាមួយរូបបានរំដោះពួកសាវកចេញពីគុក។ តើការរំដោះបែបនេះគឺដើម្បីជួយឲ្យគេចផុតពីការបៀតបៀនឬ? មិនដូច្នេះទេ។ នេះគឺដើម្បីឲ្យប្រជាជននៅក្រុងយេរូសាឡិមឮដំណឹងល្អអំពីព្រះយេស៊ូគ្រីស្ទ។ ទេវតាបានបង្គាប់ពួកសាវកឲ្យ«[បន្ត]អធិប្បាយ . . . ឲ្យបណ្ដាជនស្ដាប់អស់ទាំងព្រះបន្ទូលពីជីវិតថ្មីនេះ»។ (កិច្ចការ ៥:១៩, ២០) ហេតុនេះហើយនៅពេលដែលពួកអ្នកយាមបានទៅចាប់ពួកសាវក នោះឃើញថាពួកគាត់កំពុងតែធ្វើតាមបង្គាប់ទេវតាមែន។
៣, ៤. (ក) នៅពេលដែលពេត្រុសនិងយ៉ូហានត្រូវបានបញ្ជាឲ្យឈប់ផ្សព្វផ្សាយ តើពួកគេបានតបឆ្លើយយ៉ាងណា? (ខ) តើពួកសាវកឯទៀតបានតបឆ្លើយយ៉ាងណាដែរ?
៣ សាវកពេត្រុសនិងយ៉ូហានដែលជាអ្នកពូកែតស៊ូផ្សព្វផ្សាយ ធ្លាប់កិច្ចការ ៥:២៨) តាមពិត លោកកៃផាមិនគួរភ្ញាក់ផ្អើលទេដែលឃើញពេត្រុសនិងយ៉ូហានត្រូវចាប់ខ្លួនមកតុលាការវិញនោះ។ នៅពេលដែលគេបានបញ្ជាពួកសាវកឲ្យឈប់ផ្សព្វផ្សាយនៅលើកដំបូង នោះពួកគាត់ពោលថា៖ «បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្ដាប់តាមលោករាល់គ្នា ជាជាងស្ដាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮពុំបានទេ»។ ដូចព្យាការីយេរេមានៅសម័យបុរាណ នោះពេត្រុសនិងយ៉ូហានមិនអាចឃាត់ខ្លួនឯងមិនឲ្យបំពេញកិច្ចការផ្សព្វផ្សាយបានឡើយ។—កិច្ចការ ៤:១៨-២០, កំណែជាអក្សរទ្រេត; យេរេមា ២០:៩
ត្រូវគេបញ្ជូនទៅតុលាការជាន់ខ្ពស់ម្ដងហើយ។ សម្ដេចសង្ឃយ៉ូសែបកៃផាបានលើកឡើងអំពីគ្រានោះ ពេលដែលគាត់ស្តីឲ្យពួកគេថា៖ «តើយើងមិនបានហាមផ្ដាច់មិនឲ្យឯងរាល់គ្នាបង្រៀនពីឈ្មោះ[ព្រះយេស៊ូ]នោះទៀតទេឬអី? តែមើល! ឯងរាល់គ្នាបានបង្រៀនសេចក្ដីនោះនៅពេញក្រុងយេរូសាឡិមទាំងមូលវិញ»។ (៤ ឥឡូវមិនគ្រាន់តែពេត្រុសនិងយ៉ូហានប៉ុណ្ណោះទេ តែពួកសាវកទាំងអស់ រួមទាំងម៉ាត់ធាសដែលទើបរើសតាំងថ្មី ក៏មានឱកាសដើម្បីប្រកាសពីជំហររបស់ខ្លួននៅចំពោះមុខតុលាការដែរ។ (កិច្ចការ ១:២១-២៦) នៅពេលដែលត្រូវបានបញ្ជាឲ្យឈប់ផ្សព្វផ្សាយ ពួកគេក៏បានឆ្លើយយ៉ាងក្លាហានដែរថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩, កំណែជាអក្សរទ្រេត
ស្ដាប់បង្គាប់ព្រះឬក៏ស្ដាប់បង្គាប់មនុស្ស
៥, ៦. ហេតុអ្វីក៏ពួកសាវកពុំអាចធ្វើតាមបញ្ជារបស់តុលាការជាន់ខ្ពស់នៃសាសន៍យូដា?
៥ ពួកសាវកជាអ្នកគោរពតាមច្បាប់ ហើយធម្មតាពួកគាត់តែងស្ដាប់បង្គាប់តាមបញ្ជារបស់តុលាការ។ ក៏ប៉ុន្តែ គ្មានមនុស្សណាម្នាក់មានសិទ្ធិបញ្ជាមនុស្សម្នាក់ទៀតឲ្យប្រព្រឹត្តល្មើសនឹងបង្គាប់ព្រះ ទោះជាបុគ្គលនោះមានអំណាចខ្លាំងយ៉ាងណាក៏ដោយ។ ព្រះយេហូវ៉ាជា«ព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល»។ (ទំនុកដំកើង ៨៣:១៨) ព្រះយេហូវ៉ាមិនគ្រាន់តែជា«ចៅក្រមនៃផែនដីទាំងមូល»ទេ ប៉ុន្តែទ្រង់ក៏ជាអ្នកតែងច្បាប់ ព្រមទាំងជាស្តេចនៃអស់ទាំងកល្ប។ តាមទស្សនៈរបស់ព្រះ បញ្ជាណារបស់តុលាការដែលប៉ុនប៉ងលុបចោលបញ្ជារបស់ទ្រង់ នោះចាត់ទុកជាមោឃទៅវិញ។—លោកុប្បត្តិ ១៨:២៥; អេសាយ ៣៣:២២
៦ ហេតុការណ៍ពិតនេះក៏ត្រូវបានអ្នកជំនាញខាងច្បាប់ទទួលស្គាល់ដែរ។ ជាឧទាហរណ៍ លោកវីលៀមប្លេកស្ទនជាបណ្ឌិតខាងច្បាប់ជាតិអង់គ្លេសនៅសតវត្សរ៍ទី១៨បានសរសេរថា គ្មានច្បាប់ណារបស់មនុស្សគួរប្រឆាំងនឹង«ច្បាប់ដូចដែលបានបង្ហាញ»ក្នុងព្រះគម្ពីរ។ ហេតុដូច្នេះហើយ តុលាការជាន់ខ្ពស់នៃសាសន៍យូដាបានប្រព្រឹត្តហួសពីអំណាចរបស់ខ្លួន នៅពេលដែលបញ្ជាឲ្យពួកសាវកឈប់ផ្សព្វផ្សាយដំណឹងល្អនោះ។ ពួកសាវកពុំអាចធ្វើតាមបញ្ជានោះបានឡើយ។
៧. ហេតុអ្វីក៏កិច្ចការផ្សព្វផ្សាយធ្វើឲ្យពួកសង្គ្រាជខឹង?
៧ ពួកសង្គ្រាជពិតជាខឹងខ្លាំងណាស់ ដោយសារពួកសាវកនៅតែបន្តផ្សព្វផ្សាយ។ សង្ឃខ្លះរួមទាំងលោកកៃផា នៅខាងពួកសាឌូស៊ីដែលមិនជឿលើដំណើររស់ឡើងវិញទេ។ (កិច្ចការ ៤:១, ២; ៥:១៧) ប៉ុន្តែ ពួកសាវកខំផ្សព្វផ្សាយថាព្រះយេស៊ូត្រូវបានប្រោសឲ្យរស់ឡើងវិញហើយ។ បន្ថែមទៅទៀត ពួកសង្គ្រាជខ្លះខំប្រឹងផ្គាប់ផ្គុនឬយកចិត្តយកថ្លើមពួកអាជ្ញាធររ៉ូម។ នៅពេលដែលលោកពីឡាត់កំពុងតែវិនិច្ឆ័យទោសព្រះយេស៊ូ គាត់បានផ្ដល់នូវឱកាសឲ្យពួកសង្គ្រាជទទួលព្រះយេស៊ូជាស្តេច តែពួកសង្គ្រាជបានស្រែកខ្លាំងៗថា៖ «យើងខ្ញុំមានស្តេចតែសេសារទេ»។ (យ៉ូហាន ១៩:១៥) * ពួកសាវកមិនគ្រាន់តែបញ្ជាក់ថាព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានបង្រៀនថា ក្រៅពីព្រះនាមព្រះយេស៊ូ នោះ«នៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោកឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។ (កិច្ចការ ២:៣៦; ៤:១២) ពួកសង្គ្រាជបានព្រួយខ្លាចដោយគិតថា ប្រសិនបើប្រជាជនចាប់ផ្ដើមចាត់ទុកព្រះយេស៊ូដែលត្រូវប្រោសឲ្យរស់ឡើងវិញជាមគ្គុទ្ទេសក៍របស់ពួកគេ នោះពួករ៉ូមនឹងមកចាប់‹យកទាំងស្រុកនិងជាតិរបស់គេ›។—យ៉ូហាន ១១:៤៨
៨. តើលោកកាម៉ាលាលបានឲ្យឱវាទអ្វីជូនតុលាការជាន់ខ្ពស់នៃសាសន៍យូដា?
៨ ពួកសាវករបស់ព្រះយេស៊ូគ្រីស្ទនឹងមិនអាចរួចខ្លួនបានឡើយ ដ្បិត ពួកចៅក្រមនៃតុលាការជាន់ខ្ពស់សាសន៍យូដាបានចងចិត្តនឹងសំឡាប់ពួកគេចោល។ (កិច្ចការ ៥:៣៣) ប៉ុន្តែ មានអ្វីមួយកើតឡើងធ្វើឲ្យពួកគេកែប្រែគំនិតដែលគ្មានអ្នកណានឹកស្មានដល់។ លោកកាម៉ាលាល ដែលជាអ្នកប្រាជ្ញខាងច្បាប់បានព្រមានពួកសហការីរបស់គាត់ កុំឲ្យប្រព្រឹត្តដោយឥតគិតមុខគិតក្រោយនោះឡើយ។ លោកបានសង្កេតដោយប្រាជ្ញាថា៖ «បើសិនជាគំនិតគេឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន តែបើកើតមកពីព្រះវិញ នោះអ្នក រាល់គ្នាពុំអាចនឹងធ្វើឲ្យវិនាសបានទេ»។ រួចមក លោកបាននិយាយអ្វីមួយដែលមានន័យសំខាន់ណាស់គឺថា៖ «ក្រែងអ្នករាល់គ្នាជាប់ទោសជាពួកអ្នកតយុទ្ធនឹងព្រះ»។—កិច្ចការ ៥:៣៤, ៣៨, ៣៩
៩. តើអ្វីបញ្ជាក់ថា កិច្ចការរបស់ពួកសាវកកើតមកពីព្រះពិតមែន?
៩ គួរឲ្យអស្ចារ្យមែន តុលាការជាន់ខ្ពស់បានធ្វើតាមឱវាទរបស់លោកកាម៉ាលាល ហើយ«បានហៅពួកសាវកមកវិញ នោះក៏វាយនឹងរំពាត់ ព្រមទាំងហាមឃាត់មិនឲ្យនិយាយពីព្រះនាមព្រះយេស៊ូវទៀត រួចលែងឲ្យទៅ»។ ប៉ុន្តែ ពួកសាវកមិនភ័យខ្លាចទេ ពួកគេបានប្ដេជ្ញាចិត្តស្ដាប់បង្គាប់តាមទេវតាដែលឲ្យផ្សព្វផ្សាយដំណឹងល្អ។ ហេតុដូច្នេះហើយ ក្រោយពីបានត្រូវដោះលែងនោះ «[ពួកសាវក]ចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ (កិច្ចការ ៥:៤០, ៤២) ព្រះយេហូវ៉ាបានប្រទានពរដល់ពួកគេដែលបានខំប្រឹងផ្សព្វផ្សាយ។ តើដល់កំរិតណាទៅ? «ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្សបានចំរើនឡើងក្រៃលែងនៅក្រុងយេរូសាឡិម»។ តាមការពិត «ពួកសង្ឃក៏មានសន្ធឹកចុះចូលជឿដែរ»។ (កិច្ចការ ៦:៧) ពួកសង្គ្រាជច្បាស់ជាក្ដៅចិត្តណាស់! គឺមានភស្តុតាងកាន់តែច្រើនឡើងៗដែលបញ្ជាក់ថាកិច្ចការដែលពួកសាវកធ្វើ ពិតជាកើតមកពីព្រះមែន!
ពួកអ្នកតយុទ្ធនឹងព្រះមិនអាចឈ្នះបានឡើយ
១០. តាមទស្សនៈរបស់មនុស្ស ហេតុអ្វីបានជាលោកកៃផាប្រហែលជាគិតថាគាត់នឹងមិនបាត់បង់មុខតំណែង? ប៉ុន្តែហេតុអ្វីបានជាទំនុកចិត្តរបស់គាត់បែរជាខកចិត្តទៅវិញ?
១០ នៅសតវត្សរ៍ទីមួយ អាជ្ញាធរជាតិរ៉ូមធ្លាប់រើសតាំងពួកសង្គ្រាជសាសន៍យូដា។ លោកវ៉ាលេរីសហ្គ្រាថឹស បានរើសតាំងមហាសេដ្ឋីយ៉ូសែបកៃផាឲ្យមានមុខតំណែងជាសម្ដេចសង្ឃ ហើយកៃផាបានកាន់មុខតំណែងនេះបានយូរជាងសម្ដេចសង្ឃជាច្រើនដែលនៅមុនគាត់ទៅទៀត។ លោកកៃផាប្រហែលជាគិតថា គាត់បានទទួលមុខតំណែងនេះដោយសារគាត់ពូកែខាងនយោបាយ ហើយមានភាពជិតស្និទ្ធនឹងលោកពីឡាត់ មិនមែនព្រះបានដំរូវឲ្យគាត់កាន់មុខតំណែងនេះទេ។ យ៉ាងណាក៏ដោយ គាត់បានទុកចិត្តលើមនុស្សតែខកចិត្តទៅវិញ។ គ្រាន់តែបីឆ្នាំក្រោយពីពួកសាវកបាននៅមុខតុលាការជាន់ខ្ពស់នៃសាសន៍យូដា នោះពួកអាជ្ញាធររ៉ូមលែងពេញចិត្តនឹងលោកកៃផា ហើយដកហូតគាត់ចេញពីមុខតំណែង។
១១. តើលោកប៉ុនទាសពីឡាត់និងរបបរបស់សាសន៍យូដាមកដល់ទីបញ្ចប់យ៉ាងដូចម្ដេច? តើអ្នកអាចទាញយកមេរៀនអ្វីពីរឿងនេះ?
១១ លោកលូសីស វីថេលីយាសដែលជាអភិបាលស្រុកស៊ីរី ហើយជាយ៉ូហាន ១១:៤៨; ទំនុកដំកើង ១៤៦:៣
ចៅហ្វាយរបស់លោកពីឡាត់ បានចេញបទបញ្ជាឲ្យដកលោកកៃផាចេញពីតំណែង ហើយលោកពីឡាត់ដែលជាមិត្តជិតស្និទ្ធរបស់លោកកៃផាពុំអាចជួយបានឡើយ។ តាមការពិត គ្រាន់តែមួយឆ្នាំបន្ទាប់ពីដកលោកកៃផាចេញពីតំណែង នោះលោកពីឡាត់ក៏ត្រូវគេដកចេញពីតំណែងដែរ ហើយបានត្រូវហៅឲ្យទៅរ៉ូមវិញដើម្បីទៅបំភ្លឺនឹងការចោទដ៏ធ្ងន់ធ្ងរ។ ចំពោះមេដឹកនាំសាសន៍យូដាដែលទុកចិត្តលើសេសារ នោះពួករ៉ូមបាន‹ចាប់យកទាំងស្រុកនិងជាតិរបស់គេ›មែន។ ព្រឹត្ដិការណ៍នេះបានកើតឡើងនៅឆ្នាំ៧០គ.ស. នៅពេលដែលពួកទាហានរ៉ូមបានកំទេចចោលទីក្រុងយេរូសាឡិមអស់រលីង រួមទាំងព្រះវិហារនិងសាលតុលាការជាន់ខ្ពស់នៃសាសន៍យូដា។ ចំពោះរឿងនេះ ពាក្យរបស់អ្នកតែងបទទំនុកដំកើងគឺសឲ្យឃើញថាត្រូវមែន ពេលដែលចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»!—១២. ក្នុងករណីព្រះយេស៊ូ តើអ្វីបង្ហាញថាការស្ដាប់បង្គាប់ព្រះគឺប្រកបដោយប្រាជ្ញា?
១២ ចំណែកព្រះយេស៊ូគ្រីស្ទដែលត្រូវប្រោសឲ្យរស់ឡើងវិញនោះ ព្រះបានតែងតាំងទ្រង់ឲ្យធ្វើជាសម្ដេចសង្ឃក្នុងព្រះវិហារខាងវិញ្ញាណ។ គ្មានមនុស្សណាម្នាក់អាចដកហូតទ្រង់ចេញពីតំណែងនោះបានឡើយ។ ប្រាកដហើយ «ការងារជាសង្ឃ»របស់ព្រះយេស៊ូ«ឥតផ្ទេរ»ឲ្យអ្នកណាឡើយ។ (ហេព្រើរ ២:៩; ៧:១៧, ២៤; ៩:១១) ព្រះក៏បានរើសតាំងព្រះយេស៊ូជាចៅក្រមនៃមនុស្សរស់និងមនុស្សស្លាប់។ (ពេត្រុសទី១ ៤:៥) ដោយកាន់មុខតំណែងជាចៅក្រមនោះ ព្រះយេស៊ូនឹងសំរេចថាតើយ៉ូសែបកៃផានិងលោកប៉ុនទាសពីឡាត់មានលទ្ធភាពរស់ឡើងវិញឬក៏អត់។—ម៉ាថាយ ២៣:៣៣; កិច្ចការ ២៤:១៥
អ្នកផ្សព្វផ្សាយដំណឹងល្អដែលមានចិត្តក្លាហាននៅសព្វថ្ងៃ
១៣. នៅសម័យនេះ តើកិច្ចការអ្វីដែលកើតមកពីមនុស្ស ហើយកិច្ចការអ្វីដែលកើតមកពីព្រះ? ហេតុអ្វីបានជាអ្នកដឹង?
១៣ នៅសម័យយើងនេះក៏ដូចនៅសតវត្សរ៍ទីមួយដែរ ក៏មានមនុស្សជាច្រើនដែលជា«ពួកអ្នកតយុទ្ធនឹងព្រះ»។ (កិច្ចការ ៥:៣៩) ជាឧទាហរណ៍ នៅពេលដែលស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាឡឺម៉ង់មិនព្រមទទួលស្គាល់អាដុលហ្វ៍ហ៊ីត្លែជាមគ្គុទ្ទេសក៍របស់គេ នោះគាត់បានប្ដេជ្ញានឹងសំឡាប់ចោលស្មរបន្ទាល់ទាំងអស់។ (ម៉ាថាយ ២៣:១០) តាមមើលទៅ របបនិងភ្នាក់ងាររបស់ហ៊ីត្លែមានសមត្ថភាពសំឡាប់ស្មរបន្ទាល់ព្រះយេហូវ៉ាទាំងអស់បាន។ ពួកណាត្ស៊ីបានប្រមូលចាប់ពួកស្មរបន្ទាល់រាប់ពាន់នាក់រួចបញ្ជូនទៅជំរំឃុំឃាំង។ ពួកគេថែមទាំងបានសំឡាប់ស្មរបន្ទាល់ខ្លះផងដែរ។ ប៉ុន្តែរបបណាត្ស៊ីពុំបានទទួលជោគជ័យក្នុងការបំបាក់ទឹកចិត្តស្មរបន្ទាល់ឲ្យឈប់ថ្វាយបង្គំព្រះពិតតែមួយអង្គនោះ ហើយពួកណាត្ស៊ីក៏បានទទួលបរាជ័យក្នុងការសំឡាប់ចោលក្រុមអ្នកបំរើព្រះ។ កិច្ចការរបស់គ្រីស្ទានទាំងនេះបានកើតមកពីព្រះ មិនមែនពីមនុស្សទេ ហើយពួកសត្រូវពុំអាចឈ្នះព្រះបានឡើយ។ ហុកសិបឆ្នាំក្រោយមក អ្នកស្មោះត្រង់ដែលរួចរស់ជីវិតពីជំរំឃុំឃាំងរបស់ហ៊ីត្លែកំពុងតែបំរើព្រះយេហូវ៉ា«អស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិត» រីឯហ៊ីត្លែនិងរបបណាត្ស៊ីបានសាបសូន្យអស់បន្សល់ទុកតែកេរ្ដិ៍ឈ្មោះអាក្រក់ប៉ុណ្ណោះ។—ម៉ាថាយ ២២:៣៧
១៤. (ក) តើពួកអ្នកតយុទ្ធបានខំនិយាយបង្កាច់បង្ខូចរាស្ត្ររបស់ព្រះយ៉ាងណា? តើមានលទ្ធផលបែបណា? (ខ) តើការខំប្រឹងនេះនឹងនាំឲ្យរាស្ត្ររបស់ព្រះមានគ្រោះថ្នាក់ជារៀងរហូតទេ? (ហេព្រើរ ១៣:៥, ៦)
១៤ តាំងតែពីរបបណាត្ស៊ីមក អ្នកឯទៀតបានចូលរួមក្នុងការតយុទ្ធប្រឆាំងព្រះយេហូវ៉ានិងរាស្ត្ររបស់ទ្រង់ តែឈ្នះពុំបានឡើយ។ ដូចគ្រីស្ទាននៅសតវត្សរ៍ទីមួយត្រូវបានគេនិយាយបង្កាច់បង្ខូចនោះ នៅប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប អង្គការខាងនយោបាយនិងខាងសាសនាបានខំសំអុយឈ្មោះស្មរបន្ទាល់ព្រះយេហូវ៉ាថា ពួកគេជា ‹និកាយមួយដែលបង្កគ្រោះថ្នាក់›។ (កិច្ចការ ២៨:២២) ការពិតគឺថា តុលាការខាងសិទ្ធិមនុស្សនៅអឺរ៉ុប បានទទួលស្គាល់ស្មរបន្ទាល់ព្រះយេហូវ៉ាជាសាសនាមួយ មិនមែនជានិកាយមួយទេ។ ពួកអ្នកប្រឆាំងទាំងនេះច្បាស់ជាដឹងអំពីរឿងនេះហើយ។ យ៉ាងណាក៏ដោយ ពួកគេនៅតែខំនិយាយបង្កាច់បង្ខូចស្មរបន្ទាល់ដដែល។ ដោយសារតែការនិយាយបង្កាច់បង្ខូចនេះ នោះស្មរបន្ទាល់ព្រះយេហូវ៉ាខ្លះត្រូវបានគេបណ្ដេញចេញពីការងារ។ កូនៗរបស់ស្មរបន្ទាល់ត្រូវបានគេពាធានៅឯសាលារៀន។ ម្ចាស់ផ្ទះដែលមានការភ័យខ្លាចក៏បានលុបចោលនូវកុងត្រា ចំពោះការជួលអគារ ដែលស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រើយូរមកហើយសំរាប់កន្លែងប្រជុំ។ ក្នុងករណីខ្លះ ភ្នាក់ងាររដ្ឋាភិបាលបានរហូតដល់បដិសេធមិនឲ្យចូលសញ្ជាតិដោយសារបុគ្គលនោះជាស្មរបន្ទាល់ព្រះយេហូវ៉ា! យ៉ាងណាក៏ដោយ ស្មរបន្ទាល់ព្រះយេហូវ៉ាឥតតក់ស្លុតឡើយ។
១៥, ១៦. តើស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសបារាំងបានប្រព្រឹត្តតបយ៉ាងណាពេលមានការប្រឆាំងនឹងកិច្ចការផ្សព្វផ្សាយ? ហេតុអ្វីក៏ពួកគេបន្តផ្សព្វផ្សាយ?
១៥ ជាឧទាហរណ៍ នៅប្រទេសបារាំង ធម្មតាមនុស្សមិនប្រកាន់មតិខ្លួនហួសហេតុហើយក៏ចេះគិតដល់មតិរបស់អ្នកដទៃដែរ។ ក៏ប៉ុន្តែ មានអ្នកប្រឆាំងខ្លះដែលខំបង្កើតឲ្យមានច្បាប់ដើម្បីបញ្ឈប់កិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះ។ តើស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសបារាំងបានប្រព្រឹត្តតបយ៉ាងណា? ពួកគាត់បង្កើនការផ្សព្វផ្សាយជាងមុនៗ ហើយមានលទ្ធផលយ៉ាងអស្ចារ្យមែន។ (យ៉ាកុប ៤:៧) គ្រាន់តែប្រាំមួយខែប៉ុណ្ណោះ ចំនួនសិស្សព្រះគម្ពីរបានកើនឡើង៣៣ភាគរយនៅក្នុងប្រទេសបារាំង! នេះច្បាស់ជាធ្វើឲ្យអារក្សខឹងខ្លាំងណាស់ ដោយឃើញមនុស្សស្មោះត្រង់ស្ដាប់ដំណឹងល្អនៅប្រទេសនេះ។ (វិវរណៈ ១២:១៧) បងប្អូនគ្រីស្ទានរបស់យើងនៅប្រទេសបារាំងមានទំនុកចិត្តថាពាក្យដែលព្យាការីអេសាយកត់ទុកនឹងក្លាយជាការពិតមែនក្នុងករណីពួកគេ។ ខចែងថា៖ «ឯគ្រឿងសស្ដ្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្ដី នោះឯងនឹងកាត់ទោសឲ្យវិញ»។—អេសាយ ៥៤:១៧
១៦ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនសប្បាយចិត្តទេដែលគេត្រូវទទួលការបៀតបៀននោះ។ ប៉ុន្តែ ដោយស្ដាប់បង្គាប់តាមបញ្ជារបស់ព្រះ ពួកគេមិនអាច ហើយក៏មិនព្រមឈប់និយាយប្រាប់អំពីអ្វីៗដែលពួកគេបានឮនោះដែរ។ ពួកគេខំប្រឹងធ្វើជាពលរដ្ឋដ៏ល្អ។ កាលណាច្បាប់របស់មនុស្សជំរុញឲ្យប្រព្រឹត្តបទល្មើសនឹងច្បាប់របស់ព្រះ នោះពួកគេស្ដាប់បង្គាប់ព្រះវិញ។
ចូរកុំខ្លាចពួកសត្រូវឲ្យសោះ
១៧. (ក) ហេតុអ្វីក៏យើងមិនត្រូវខ្លាចពួកសត្រូវរបស់យើង? (ខ) តើយើងគួរមានទឹកចិត្តយ៉ាងណាចំពោះពួកអ្នកដែលបៀតបៀនយើង?
១៧ សត្រូវរបស់យើងកំពុងតែស្ថិតក្នុងស្ថានការណ៍ដែលមានគ្រោះថ្នាក់។ ពួកគេកំពុងតែតយុទ្ធនឹងព្រះ។ ដូច្នេះហើយ ជាជាងខ្លាចពួកសត្រូវ នោះយើងអធិស្ឋានឲ្យអ្នកដែលបៀតបៀនយើង នេះសមស្របទៅតាមបញ្ជារបស់ព្រះយេស៊ូ។ (ម៉ាថាយ ៥:៤៤) ប្រសិនបើពួកគេតយុទ្ធនឹងព្រះដោយខ្លៅល្ងង់ដូចជាសុលពីទីក្រុងតើសុសនោះ យើងអធិស្ឋានសូមឲ្យព្រះយេហូវ៉ាបើកភ្នែកពួកគេឲ្យឃើញសេចក្ដីពិតវិញ។ (កូរិនថូសទី២ ៤:៤) សុលបានក្លាយទៅជាគ្រីស្ទានម្នាក់ក្រោយមកមានឈ្មោះថាសាវកប៉ុល ហើយគាត់បានរងទុក្ខលំបាកក្នុងកណ្ដាប់ដៃពួកអាជ្ញាធរដែលនៅសម័យគាត់។ យ៉ាងណាក៏ដោយគាត់បន្តរំឭកអ្នកជឿគ្នីគ្នា«ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្ដាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា[សូម្បីតែអ្នកដែលបៀតបៀនយើងខ្លាំងបំផុតក៏ដោយ] ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាងដល់មនុស្សទាំងអស់ផង»។ (ទីតុស ៣:១, ២) ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសបារាំងនិងកន្លែងផ្សេងៗទៀតខំអនុវត្តតាមឱវាទនេះ។
១៨. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាសង្គ្រោះរាស្ត្រទ្រង់? (ខ) តើលទ្ធផលចុងក្រោយជាអ្វី?
១៨ ព្រះបានមានបន្ទូលប្រាប់ព្យាការីយេរេមាថា៖ «អញនៅជាមួយដើម្បីនឹងជួយឲ្យឯងរួច»។ (យេរេមា ១:៨) នៅសព្វថ្ងៃនេះ តើព្រះយេហូវ៉ាសង្គ្រោះយើងឲ្យរួចពីការបៀតបៀនយ៉ាងដូចម្ដេច? ទ្រង់អាចធ្វើឲ្យមានចៅក្រមដែលចេះវែកញែក ដូចលោកកាម៉ាលាល។ ឬក៏ទ្រង់ធ្វើឲ្យមន្ត្រីដែលពុករលួយឬប្រឆាំងត្រូវដកហូតចេញពីមុខតំណែង ហើយមានបុគ្គលម្នាក់ទៀតដែលជាមនុស្សសមហេតុផលចូលមកជំនួសវិញ។ ប៉ុន្តែ នៅពេលខ្លះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការបៀតបៀនរាស្ត្រទ្រង់។ (ធីម៉ូថេទី២ ៣:១២) ប្រសិនបើព្រះអនុញ្ញាតឲ្យយើងទទួលការបៀតបៀន នោះទ្រង់នឹងតែងតែប្រទានឲ្យយើងនូវកំឡាំងដើម្បីអាចស៊ូទ្រាំនឹងការបៀតបៀនដែរ។ (កូរិនថូសទី១ ១០:១៣) ហើយមិនថាព្រះអនុញ្ញាតឲ្យមានអ្វីកើតឡើងក៏ដោយ យើងដឹងច្បាស់ នូវលទ្ធផលចុងក្រោយគឺថាអស់អ្នកដែលតយុទ្ធប្រឆាំងរាស្ត្ររបស់ព្រះគឺតយុទ្ធប្រឆាំងនឹងព្រះទេ ហើយអ្នកដែលតយុទ្ធនឹងព្រះពុំអាចឈ្នះបានឡើយ។
១៩. តើបទគម្ពីរប្រចាំឆ្នាំ២០០៦ជាអ្វី? ហេតុអ្វីនេះសមត្រឹមត្រូវ?
១៩ ព្រះយេស៊ូបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថាពួកគេនឹងមានសេចក្ដីវេទនា។ (យ៉ូហាន ១៦:៣៣) ដោយដឹងអំពីនេះ ពាក្យដែលបានកត់ទុកនៅកិច្ចការ ៥:២៩ ពិតជាចំពេលមែនដែលថា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ ហេតុនោះហើយបានជាពាក្យដ៏គួរឲ្យរំភើបចិត្តនេះត្រូវបានជ្រើសរើសជាបទគម្ពីរប្រចាំឆ្នាំរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ២០០៦។ សូមឲ្យយើងប្ដេជ្ញាចិត្តក្នុងកំឡុងឆ្នាំខាងមុខនេះនិងជានិច្ចជាកាលឲ្យស្ដាប់បង្គាប់ព្រះ មិនថាត្រូវជួបការលំបាកយ៉ាងណាក៏ដោយ!
[កំណត់សម្គាល់]
^ វគ្គ 7 នៅគ្រានោះ «សេសារ»គឺជាអធិរាជទីប៊ើរ ដែលមនុស្សទូទៅស្អប់ តែពួកសង្គ្រាជបានគាំទ្រទ្រង់ដោយឥតលាក់លៀម។ ទ្រង់ជាអធិរាជដែលមានពុតត្បុតហើយជាឃាតករផងដែរ។ ទ្រង់ក៏ត្រូវគេស្គាល់ទូទៅជាអ្នកប្រព្រឹត្តអំពើលាមកអាក្រក់ខាងកាម។—ដានីយ៉ែល ១១:១៥, ២១
តើអ្នកអាចឆ្លើយបានទេ?
• តើពួកសាវកបានទុកគំរូដ៏លើកទឹកចិត្តអ្វីសំរាប់យើង ស្តីអំពីរបៀបពួកគេប្រឈមមុខនឹងការប្រឆាំង?
• ហេតុអ្វីក៏យើងគួរស្ដាប់បង្គាប់ព្រះជានិច្ចជាជាងមនុស្ស?
• តើពួកអ្នកប្រឆាំងយើងពិតជាតយុទ្ធជាមួយនឹងអ្នកណា?
• ចំពោះអស់អ្នកដែលស៊ូទ្រាំនឹងការបៀតបៀន តើនឹងមានលទ្ធផលយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[ឃ្លាអក្សរធំនៅទំព័រ១៦]
បទគម្ពីរប្រចាំឆ្នាំ២០០៦គឺ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៩
[រូបភាពនៅទំព័រ១២]
«[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»
[រូបភាពនៅទំព័រ១៤]
លោកកៃផាទុកចិត្តលើមនុស្សជាជាងទុកចិត្តលើព្រះ