លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដែលអំពើល្អនឹងឈ្នះអំពើអាក្រក់

របៀបដែលអំពើល្អនឹងឈ្នះអំពើអាក្រក់

របៀប​ដែល​អំពើ​ល្អ​នឹង​ឈ្នះ​អំពើ​អាក្រក់

នៅ​សម័យ​បុរាណ ស្តេច​ដាវីឌ​ជា​មនុស្ស​ល្អ។ ទ្រង់​ស្រឡាញ់​ព្រះ​និង​សេចក្ដីយុត្ដិធម៌​ហើយ​យកចិត្តទុកដាក់​ចំពោះ​ជន​ក្រីក្រ។ ប៉ុន្តែ ស្តេច​ល្អ​មួយ​អង្គ​នេះ​ក៏​បាន​ប្រព្រឹត្ត​អំពើ​កំផិត​ជា​មួយ​ភរិយា​របស់​បុរស​ជំនិត​ម្នាក់​ដែល​ទ្រង់​ទុកចិត្ត។ ពេល​ស្តេច​ដាវីឌ​ជ្រាប​ថា បាតសេបា​ដែល​ជា​ភរិយា​របស់​អ្នក​បំរើ​ជំនិត​នោះ​មាន​ទំងន់​ដែល​ជា​បុត្រ​របស់​ទ្រង់ នោះ​ដាវីឌ​បាន​រៀបចំ​ផែនការ​ដើម្បី​សំឡាប់​ស្វាមី​នាង។ រួច​មក ដាវីឌ​បាន​រៀបការ​ជា​មួយ​បាតសេបា ដើម្បី​បិទបាំង​បទល្មើស​របស់​ទ្រង់។—សាំយូអែលទី២ ១១:១​-​២៧

មនុស្ស​ច្បាស់​ជា​មាន​សមត្ថភាព​ធ្វើ​ល្អ​មែន។ បើ​ដូច្នេះ ហេតុអ្វី​ក៏​មនុស្ស​ខ្លះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជួជាតិ​ច្រើន​ម្ល៉េះ? ព្រះគម្ពីរ​ជួយ​សំគាល់​មូលហេតុ​ចំបង​ខ្លះៗ។ ព្រះគម្ពីរ​ក៏​ប្រាប់​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​នឹង​ប្រើ​ព្រះយេស៊ូ​ឲ្យ​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ផែនដី​មួយ​ដង​ជា​ការស្រេច។

ទំនោរចិត្ត​ចង់​ធ្វើ​អាក្រក់

ពេល​ដែល​គេ​ដឹង​ឮ​ពី​បទល្មើស​របស់​ស្តេច​ដាវីឌ ទ្រង់​បាន​ទទួល​កំហុស​ខ្លួន​មែន ហើយ​ទ្រង់​បាន​កត់សំគាល់​មូលហេតុ​មួយ​ដែល​មនុស្ស​ធ្វើ​អាក្រក់។ ដាវីឌ​មាន​បន្ទូល​ដោយ​ព្រះទ័យ​សោកស្ដាយ​ថា៖ «មើល! ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​ទូលបង្គំ​បាន​មាន​ទំងន់​បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ»។ (ទំនុកដំកើង ៥១:៥) ព្រះយេហូវ៉ា​មិន​ដែល​មាន​បំណង​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បង្កើត​កូន​ដែល​នឹង​ធ្វើ​អំពើ​បាប​ទេ។ តែ​ពេល​នាង​អេវ៉ា​និង​អ័ដាម​សំរេចចិត្ត​បះបោរ​ប្រឆាំង​នឹង​ព្រះ នោះ​ពួក​គេ​បាត់បង់​សមត្ថភាព​បង្កើត​កូន​ដែល​គ្មាន​បាប។ (រ៉ូម ៥:១២) ពេល​មនុស្សជាតិ​មិន​គ្រប់លក្ខណ៍​បាន​ចំរើន​ចំនួន នេះ​បាន​ស​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទំនោរចិត្ត​ចង់​ធ្វើ​អាក្រក់ ដ្បិត​លោកុប្បត្តិ ៨:២១ ចែង​ថា៖ «គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក»។

បើ​មនុស្ស​មិន​ទប់ទល់​នឹង​ទំនោរចិត្ត​ចង់​ធ្វើ​អាក្រក់​នោះ​ទេ នេះ​នាំ​ឲ្យ​មាន​អំពើ«កំផិត . . . សំអប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន»និង​ការខូច​អាក្រក់​ឯ​ទៀត​ដែល​ព្រះគម្ពីរ​ហៅ​ថា «កិច្ចការ​ខាង​សាច់​ឈាម»។ (កាឡាទី ៥:១៩​-​២១) ក្នុង​ករណី​ស្តេច​ដាវីឌ ទ្រង់​បាន​ចុះចាញ់​នឹង​ភាពទន់ខ្សោយ​ខាង​សាច់​ឈាម ហើយ​បាន​ធ្វើ​សហាយស្មន់​ដែល​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ធ្ងន់ធ្ងរ។ (សាំយូអែលទី២ ១២:១​-​១២) ដាវីឌ​មាន​សមត្ថភាព​ទប់ទល់​នឹង​ទំនោរចិត្ត​ចង់​ធ្វើ​អំពើ​អសីលធម៌​នោះ​បាន។ ផ្ទុយ​ទៅ​វិញ ដាវីឌ​មិន​បាន​បំបាត់​ចោល​គំនិត​ដែល​ចង់​បាន​បាតសេបា​នោះ​ទេ។ ទង្វើ​នោះ​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​យ៉ាកុប​សរសេរ​ក្រោយៗ​មក​ថា៖ «គ្រប់​គ្នា​កើត​មាន​សេចក្ដីល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្ដីប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួងលោម​ទេ។ រួច​កាល​ណា​សេចក្ដីប៉ងប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដីស្លាប់»។—យ៉ាកុប ១:១៤, ១៥

ការសំឡាប់​រង្គាល ការចាប់រំលោភ​និង​ការបំផ្លិចបំផ្លាញ​ដែល​បាន​រៀបរាប់​ក្នុង​អត្ថបទ​មុន ជា​ឧទាហរណ៍​ដែល​បញ្ជាក់​ពី​អ្វី​ដែល​កើតឡើង​ពេល​មនុស្ស​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដីប៉ងប្រាថ្នា​អាក្រក់។

ភាពល្ងង់ខ្លៅ​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់

កាលៈទេសៈ​ក្នុង​ជីវិត​សាវក​ប៉ុល​ក៏​បង្ហាញ​ពី​មូលហេតុ​មួយ​ទៀត​ដែល​មនុស្ស​ធ្វើ​អំពើ​អាក្រក់។ ពេល​ដែល​ប៉ុល​ទទួល​មរណភាព​នោះ គាត់​មាន​កេរ្ដិ៍ឈ្មោះ​ជា​មនុស្ស​ស្លូតបូត​ដែល​ចេះ​បង្ហាញ​សេចក្ដីស្រឡាញ់។ ប៉ុល​បាន​ធ្វើ​ការនឿយហត់​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្នុង​ការបំរើ​បងប្អូន​គ្រីស្ទាន។ (ថែស្សាឡូនីចទី១ ២:៧​-​៩) ក៏​ប៉ុន្តែ នៅ​ដើមដំបូង ពេល​ដែល​គាត់​មាន​ឈ្មោះ​សុល​នោះ គាត់​បាន«បញ្ចេញ​សេចក្ដីគំរាម​នឹង​ពាក្យ​កំហែង ព្រម​ទាំង[ចង់]សំឡាប់»ពួក​គ្រីស្ទាន​ផង​ដែរ។ (កិច្ចការ ៩:១, ២) ហេតុអ្វី​ក៏​ប៉ុល​ពេញចិត្ត​ចំពោះ​អំពើ​អាក្រក់​ព្រម​ទាំង​រួមដៃ​ធ្វើ​អំពើ​ទាំង​នោះ​ដាក់​ពួក​គ្រីស្ទាន​នៅ​សម័យ​ដើម? គាត់​មាន​ប្រសាសន៍​ថា៖ «ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅល្ងង់»។ (ធីម៉ូថេទី១ ១:១៣) ពិត​មែន​ហើយ ពី​មុន​ប៉ុល«មាន​សេចក្ដីឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ​មិន​មែន​ដោយ​ប្រាជ្ញា»ឬ​ដោយ​ផ្អែក​លើ​ចំណេះ​ពិត​ឡើយ។—រ៉ូម ១០:២

ដូច​ប៉ុល​ដែរ មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្តស្មោះត្រង់​ក៏​បាន​ធ្វើ​អំពើ​អាក្រក់​ដែរ ដោយ​ព្រោះ​មិន​មាន​ចំណេះ​ពិត​អំពី​ព្រះហឫទ័យ​របស់​ព្រះ។ ជា​ឧទាហរណ៍ ព្រះយេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​ទ្រង់​ថា៖ «នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា​ដែល​សំឡាប់​អ្នក​រាល់​គ្នា​នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ»។ (យ៉ូហាន ១៦:២) ស្មរបន្ទាល់​ជា​ច្រើន​របស់​ព្រះយេហូវ៉ា​នៅ​សម័យ​នេះ​បាន​រងទុក្ខ​មែន ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះយេស៊ូ។ មនុស្ស​នៅ​ប្រទេស​ផ្សេងៗ​ដែល​អះអាង​ថា​ជា​អ្នក​បំរើ​ព្រះ បាន​ធ្វើ​ទុក្ខបៀតបៀន​ឬ​រហូត​ដល់​សំឡាប់​រាស្ត្រ​របស់​ព្រះយេហូវ៉ា​ក៏​មាន។ ច្បាស់​ហើយ សេចក្ដីឧស្សាហ៍​បែប​នេះ​មក​ពី​គំនិត​ខុសឆ្គង ហើយ​ព្រះ​ពិត​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​ទង្វើ​បែប​នោះ​ឡើយ។—ថែស្សាឡូនីចទី១ ១:៦

ដើមហេតុ​នៃ​អំពើ​អាក្រក់

ព្រះយេស៊ូ​បាន​សំគាល់​នូវ​ដើមហេតុ​នៃ​អំពើ​អាក្រក់។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​មេដឹកនាំ​សាសនា​ដែល​មាន​បំណង​ធ្វើ​គុត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូលចិត្ត​ធ្វើ​តាម​តណ្ហា​ដែល​គាប់ចិត្ត​ដល់​ឪពុក​របស់​អ្នក។ វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពីដើម​មក»។ (យ៉ូហាន ៨:៤៤) សាតាំង​ជា​អ្នក​និយាយ​លួងលោម​អ័ដាម​និង​អេវ៉ា​ឲ្យ​បះបោរ​ប្រឆាំង​នឹង​ព្រះ ហើយ​វា​ធ្វើ​ដូច្នេះ​ដោយសារ​គិត​តែ​ប្រយោជន៍​របស់​វា​តែ​ប៉ុណ្ណោះ។ ការបះបោរ​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជាតិ​ទាំង​ឡាយ​មាន​បាប​និង​ស្លាប់។

ការប្រព្រឹត្ត​របស់​សាតាំង​ទៅ​លើ​លោក​យ៉ូប​ក៏​បាន​ស​ឲ្យ​ឃើញ​នូវ​ទំនោរចិត្ត​របស់​វា​ដែល​ចង់​សំឡាប់​មនុស្ស។ ពេល​ព្រះយេហូវ៉ា​អនុញ្ញាត​ឲ្យ​សាតាំង​ល្បងល​ចិត្តស្មោះ​គ្រប់លក្ខណ៍​របស់​យ៉ូប វា​នៅ​តែ​មិន​ពេញចិត្ត​ចំពោះ​ការដកហូត​ទ្រព្យសម្បត្ដិ​ទាំង​អស់​ចេញ​ពី​យ៉ូប​ប៉ុណ្ណោះ​ទេ។ វា​ក៏​បាន​បណ្ដាល​ឲ្យ​កូន​ដប់​នាក់​របស់​យ៉ូប​ស្លាប់​ដែរ។ (យ៉ូប ១:៩​-​១៩) ពេល​ថ្មីៗ​នេះ អំពើ​អាក្រក់​បាន​រាលដាល​យ៉ាង​ឆាប់​រហ័ស ដោយសារ​ភាពមិនគ្រប់លក្ខណ៍​និង​ភាពល្ងង់ខ្លៅ​របស់​មនុស្សលោក​ទេ ហើយ​ដោយ​ព្រោះ​សាតាំង​លូកដៃ​ចូល​ក្នុង​រឿង​របស់​មនុស្សលោក​យ៉ាង​ច្រើន។ ព្រះគម្ពីរ​ប្រាប់​ថា អារក្ស​បាន«ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ ព្រម​ទាំង​ពួក​ទេវតា​របស់​វា​ផង»។ ទំនាយ​នោះ​ក៏​បាន​ទាយ​យ៉ាង​ត្រឹមត្រូវ​ថា ការទំលាក់​វា​ឲ្យ​នៅ​ក្បែរៗ​ផែនដី​នេះ​ត្រូវ​នាំ​ឲ្យ«វេទនា​ដល់​ផែនដី»។ សាតាំង​មិន​អាច​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​អំពើ​អាក្រក់​បាន​ឡើយ តែ​វា​ពូកែ«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង»។—វិវរណៈ ១២:៩, ១២

ការបំបាត់​ចោល​ទំនោរចិត្ត​ចង់​ធ្វើ​អាក្រក់

សង្គម​មនុស្ស​យើង​នឹង​លែង​មាន​អំពើ​អាក្រក់​ទៀត ឲ្យ​តែ​បំបាត់​ចោល​ទំនោរចិត្ត​ចង់​ធ្វើ​អាក្រក់ មាន​ចំណេះ​ពិត និង​ដក​ចេញ​នូវ​ឥទ្ធិពល​ដែល​សាតាំង​មាន​លើ​ពិភពលោក​នេះ។ មុន​ដំបូង តើ​អ្វី​អាច​បំបាត់​ចោល​ទំនោរចិត្ត​របស់​យើង​ដែល​ទោរទន់​ទៅ​រក​អំពើ​បាប?

មនុស្ស​គ្មាន​លទ្ធភាព​បំបាត់​ចោល​ទំនោរចិត្ត​របស់​យើង​ដែល​ទោរទន់​ទៅ​រក​អំពើ​បាប​នោះ​ទេ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ជំនួយ ព្រះយេហូវ៉ា​បាន​ផ្ដល់​អ្វី​ដែល​អាច​បំបាត់​ចោល​បាប​និង​ភាពមិនគ្រប់លក្ខណ៍​ដែល​យើង​ទទួល​ជា​មរតក​នោះ។ សាវក​យ៉ូហាន​បាន​សរសេរ​ថា៖ «ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ . . . សំអាត​យើង​រាល់​គ្នា​ពី​គ្រប់​អំពើ​បាប​ទាំង​អស់»។ (យ៉ូហានទី១ ១:៧) ពេល​ដែល​ព្រះយេស៊ូ​បូជា​ជីវិត​គ្រប់លក្ខណ៍​របស់​ទ្រង់ ទ្រង់«បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា​នៅ​លើ​រូប​អង្គ​ទ្រង់​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដីសុចរិត​ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ»។ (ពេត្រុសទី១ ២:២៤) ការសោយទិវង្គត​របស់​ព្រះយេស៊ូ​ជា​យញ្ញបូជា​នោះ អាច​បំបាត់​ចោល​ផលវិបាក​ដែល​មក​ពី​អំពើ​អាក្រក់​របស់​អ័ដាម។ ប៉ុល​បាន​មាន​ប្រសាសន៍​ថា ព្រះគ្រីស្ទ​យេស៊ូ​បាន​ថ្វាយ​អង្គ​ទ្រង់«ជា​ថ្លៃលោះ​មនុស្ស​ទាំង​អស់»។ (ធីម៉ូថេទី១ ២:៦) ពិត​មែន​ហើយ ការសោយទិវង្គត​របស់​ព្រះគ្រីស្ទ​បាន​បើក​ផ្លូវ​ឲ្យ​មនុស្សជាតិ​ទាំង​ឡាយ​ទទួល​បាន​នូវ​ភាពគ្រប់លក្ខណ៍​ដែល​អ័ដាម​បាន​បាត់បង់។

ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា៖ ‹ប្រសិន​បើ​ការសោយទិវង្គត​របស់​ព្រះយេស៊ូ​ជិត​២០០០​ឆ្នាំ​មុន​នេះ​បាន​បើក​ផ្លូវ​ឲ្យ​មនុស្ស​មាន​ភាពគ្រប់លក្ខណ៍​ម្ដង​ទៀត​នោះ ហេតុអ្វី​ក៏​នៅ​មាន​អំពើ​អាក្រក់​និង​សេចក្ដីស្លាប់?›។ ចំឡើយ​ចំពោះ​សំណួរ​នេះ​ក៏​អាច​ជួយ​បំបាត់​ចោល​ភាពល្ងង់ខ្លៅ​ដែល​មក​ពី​ការ​មិន​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះ ហើយ​នេះ​ជា​មូលហេតុ​ទីពីរ​ដែល​មនុស្ស​ធ្វើ​អំពើ​អាក្រក់។

ចំណេះ​ពិត​ជំរុញ​ឲ្យ​ធ្វើ​អំពើ​ល្អ

ការ​ទទួល​ចំណេះ​ពិត​អំពី​អ្វី​ដែល​ព្រះយេហូវ៉ា​និង​ព្រះយេស៊ូ​កំពុងតែ​ធ្វើ​ដើម្បី​បំបាត់​ចោល​អំពើ​អាក្រក់ អាច​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​ល្អ​គាំទ្រ​អំពើ​អាក្រក់​ដោយ​មិន​ដឹង​ខ្លួន ដែល​នេះ​នាំ​ឲ្យ​គេ​ក្លាយជា​អ្នក«តយុទ្ធ​នឹង​ព្រះ»។ (កិច្ចការ ៥:៣៨, ៣៩) ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ​ទត​រំលង​ឬ​មិន​ប្រកាន់​ទោស​ចំពោះ​អំពើ​អាក្រក់​ដែល​មនុស្ស​បាន​ប្រព្រឹត្ត​ពេល​ស្ថិត​ក្នុង​ភាពខ្លៅល្ងង់។ ពេល​នៅ​ទី​ក្រុង​អាថែន​នោះ សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា៖ «ពីដើម​ព្រះ​ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅល្ងង់​មែន តែ​ឥឡូវ​នេះ​ទ្រង់​ត្រាសបង្គាប់​ដល់​មនុស្ស​ទាំង​អស់​នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែចិត្ត​វិញ ពីព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំជំរះ​លោកីយ​ដោយ​យុត្ដិធម៌ ដោយសារ​មនុស្ស​ម្នាក់​ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុតាង​សំញែង​យ៉ាង​ជាក់លាក់​ដល់​មនុស្ស​ទាំង​ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។—កិច្ចការ ១៧:៣០, ៣១

ប៉ុល​ដឹង​ច្បាស់​ថា​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ពីព្រោះ​ទ្រង់​បាន​មាន​បន្ទូល​ជា​មួយ​គាត់ ហើយ​បាន​ឃាត់​ប៉ុល​ពី​ការបៀតបៀន​ពួក​គ្រីស្ទាន​សម័យ​ដើម។ (កិច្ចការ ៩:៣​-​៧) ក្រោយ​ប៉ុល​បាន​ទទួល​ចំណេះ​ពិត​អំពី​គោលបំណង​របស់​ព្រះ គាត់​បាន​កែប្រែ​ហើយ​បាន​ក្លាយជា​មនុស្ស​ល្អ​មែន ដោយ​ត្រាប់តាម​គំរូ​របស់​ព្រះគ្រីស្ទ។ (កូរិនថូសទី១ ១១:១; កូល៉ុស ៣:៩, ១០) បន្ថែមទៅទៀត ប៉ុល​បាន​ប្រកាស​ស្មោះ​អស់​ពី​ចិត្ត​នូវ‹ដំណឹង​ល្អ​ដែល​សំដែង​ពី​នគរ›ព្រះ។ (ម៉ាថាយ ២៤:១៤) ក្នុង​កំឡុង​ពេល​ជិត​២០០០​ឆ្នាំ​តាំង​ពី​ព្រះយេស៊ូ​បាន​សោយទិវង្គត​និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ព្រះគ្រីស្ទ​បាន​ជ្រើសរើស​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ប៉ុល​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ជា​មួយ​នឹង​ទ្រង់​ក្នុង​ព្រះរាជាណាចក្រ​របស់​ទ្រង់។—វិវរណៈ ៥:៩, ១០

ជាង​មួយ​រយ​ឆ្នាំ​មក​ទល់​ពេល​នេះ ពួក​ស្មរបន្ទាល់​ព្រះយេហូវ៉ា​បាន​ខិតខំ​បំពេញ​កិច្ចការ​ដែល​ព្រះយេស៊ូ​ឲ្យ​នោះ​ពេល​មាន​បន្ទូល​ថា៖ «ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ដោយ​នូវ​ព្រះ​នាម​ព្រះវរបិតា ព្រះរាជបុត្រា នឹង​ព្រះវិញ្ញាណបរិសុទ្ធ​ចុះ! ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង»។ (ម៉ាថាយ ២៨:១៩, ២០) មនុស្ស​ដែល​សុខចិត្ត​ធ្វើ​តាម​សារ​នេះ មាន​សេចក្ដីសង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី ក្រោម​ការដឹកនាំ​នៃ​រាជរដ្ឋាភិបាល​របស់​ព្រះគ្រីស្ទ​នៅ​ស្ថានសួគ៌។ ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា មនុស្ស​អាច​ទទួល​ជីវិត​ជា​រៀងរហូត​បើ«គេ​បាន​ស្គាល់»ឬ​ទទួល​ចំណេះ​អំពី«ព្រះ​ពិត​តែ​១ នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង»។ (យ៉ូហាន ១៧:៣) ការជួយ​មនុស្ស​ទទួល​ចំណេះ​បែប​នេះ​ជា​អំពើ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ដល់​អ្នក​ដទៃ។

ទោះ​ជា​អំពើ​ល្អ​មាន​តិច តែ​សំបូរ​អំពើ​អាក្រក់​ក៏​ដោយ មនុស្ស​ដែល​ស្រឡាញ់​ដំណឹង​ល្អ​អំពី​ព្រះរាជាណាចក្រ​របស់​ព្រះ ចេះ​តែ​បង្ហាញ​គុណសម្បត្ដិ​ដូច​ជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត​ហើយ​ដឹងខ្នាត»ជា​ដើម។ (កាឡាទី ៥:២២, ២៣) ដោយ​យក​ដំរាប់​តាម​ព្រះយេស៊ូ ពួក​គេ​មិន«ធ្វើ​ការអាក្រក់​ស្នង​នឹង​ការអាក្រក់​ឡើយ»។ (រ៉ូម ១២:១៧) ពួក​គេ​ព្យាយាម«ឈ្នះ​សេចក្ដីអាក្រក់​ដោយសារ​សេចក្ដីល្អ​វិញ»។—រ៉ូម ១២:២១; ម៉ាថាយ ៥:៤៤

ជ័យជំនះ​ចុងក្រោយ​លើ​អំពើ​អាក្រក់

បើ​មនុស្ស​ត្រូវ​ផ្អែក​លើ​កំឡាំង​ខ្លួន​ឯង នោះ​យើង​មិន​អាច​ឈ្នះ​លើ​អារក្ស​សាតាំង​ដែល​ជា​ដើមហេតុ​ចំបង​នៃ​អំពើ​អាក្រក់​បាន​ឡើយ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះយេហូវ៉ា​នឹង​ប្រើ​ព្រះយេស៊ូ​ដើម្បី​កិន​ក្បាល​សាតាំង​ឲ្យ​វា​លែង​មាន​អំណាច​លើ​មនុស្ស​លោក។ (លោកុប្បត្តិ ៣:១៥; រ៉ូម ១៦:២០) ព្រះយេហូវ៉ា​ក៏​នឹង​បង្គាប់​ព្រះគ្រីស្ទ​យេស៊ូ​ឲ្យ«បំបាក់បំបែក ហើយ​លេប​បំបាត់»អស់​ទាំង​របប​នយោបាយ ដែល​មាន​ខ្លះ​ជា​ដើម​ហេតុ​នៃ​អំពើ​អាក្រក់​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្ស។ (ដានីយ៉ែល ២:៤៤; សាស្ដា ៨:៩) អស់«អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអម្ចាស់​នៃ​យើង . . . នឹង​រងទុក្ខ​ទោស​ជា​សេចក្ដីហិនវិនាស»ជា​រៀង​រហូត​ក្នុង​ថ្ងៃ​ជំនុំជំរះ​ដែល​ជិត​មក​ដល់​ហើយ។—ថែស្សាឡូនីចទី២ ១:៨, ៩; សេផានា ១:១៤​-​១៨

ពេល​បាន​ដកចេញ​សាតាំង​និង​ពួក​អ្នក​ដែល​កាន់​ជើង​វា នោះ​ព្រះយេស៊ូ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ជួយ​មនុស្ស​ដែល​រួច​រស់​ជីវិត​នៅ​លើ​ផែនដី​នេះ​ឲ្យ​កែ​ប្រែ​ផែនដី​ទៅ​ជា​មាន​ស្ថានភាព​ដូច​មាន​នៅ​ដើមដំបូង​នោះ។ រីឯ​មនុស្ស​ដែល​គួរ​នឹង​ទទួល​ឱកាស​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដែល​ត្រូវ​ស្ដារឡើង​វិញ​នោះ ព្រះគ្រីស្ទ​ក៏​នឹង​ប្រោស​ពួក​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ផង​ដែរ។ (លូកា ២៣:៣២, ៣៩​-​៤៣; យ៉ូហាន ៥:២៦​-​២៩) ពេល​ធ្វើ​ដូច្នេះ ព្រះយេស៊ូ​នឹង​លុបបំបាត់​ផលវិបាក​ដែល​មនុស្ស​រងទុក្ខ។

ព្រះយេហូវ៉ា​មិន​ចេះ​បង្ខំ​មនុស្ស​ឲ្យ​ធ្វើ​តាម​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ទេ។ យ៉ាង​ណា​ក៏​ដោយ ទ្រង់​កំពុងតែ​ហុច​ឱកាស​ឲ្យ​មនុស្ស​ទទួល​ចំណេះ​ដែល​អាច​នាំ​ឲ្យ​មាន​ជីវិត​ជា​រៀងរហូត​បាន។ គឺ​ចាំបាច់​ណាស់​ឲ្យ​លោក​អ្នក​ឆ្លៀត​ឱកាស​ទទួល​ចំណេះ​នោះ​នៅ​ពេល​ឥឡូវ​នេះ! (សេផានា ២:២, ៣) បើ​ខំ​រក​ចំណេះ​នោះ នេះ​អាច​ជួយ​លោក​អ្នក​ស៊ូទ្រាំ​នឹង​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​ជីវិត​មាន​ទុក្ខ។ លោក​អ្នក​ក៏​នឹង​យល់​អំពី​ជ័យជំនះ​ចុង​ក្រោយ​ដែល​ព្រះគ្រីស្ទ​នឹង​មាន​លើ​អំពើ​អាក្រក់។—វិវរណៈ ១៩:១១​-​១៦; ២០:១​-​៣, ១០; ២១:៣, ៤

[រូបភាព​នៅ​ទំព័រ​៥]

សុល​មិន​បាន​ប្រឆាំង​នឹង​អំពើ​អាក្រក់​ទាំង​នោះ ពីព្រោះ​គាត់​ខ្វះ​ចំណេះ​ពិត

[រូបភាព​នៅ​ទំព័រ​៧]

ការ​ជួយ​មនុស្ស​ទទួល​ចំណេះ​ពិត​អំពី​ព្រះ​ជា​អំពើ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​ដល់​អ្នក​ដទៃ