លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អំពើល្អមានតិចតែសំបូរអំពើអាក្រក់!

អំពើល្អមានតិចតែសំបូរអំពើអាក្រក់!

អំពើ​ល្អ​មាន​តិច​តែ​សំបូរ​អំពើ​អាក្រក់!

ជួន​កាល​មើល​ទៅ​ដូច​ជា​មាន​មនុស្ស​តិច​ណាស់​ដែល​មាន​ចិត្តចង់​ជួយ​អ្នក​ដទៃ។ យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​មនុស្ស​ខ្លះ​ដែល​ចង់​ជួយ​ដោះទុក្ខ​ជន​រងគ្រោះ​ដោយ«ធ្វើ​ទាន»។ រៀងរាល់​ឆ្នាំ​មាន​មនុស្ស​រាប់​មិន​អស់​ដែល​សុខចិត្ត​បរិច្ចាគ​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ការ​ធ្វើ​ទាន។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​២០០២ គេ​បាន​ធ្វើ​វិភាគទាន​១.៣០០​កោដិ​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ជន​ក្រីក្រ ដែល​ជា​អំណោយ​ទាន​លើស​ពី​ឆ្នាំ​ណាៗ​ទៅ​ទៀត។ តាំង​ពី​ឆ្នាំ​១៩៩៩ សប្បុរសជន​ដប់​នាក់​បាន​បរិច្ចាគ​ឬ​បាន​សន្យា​ឲ្យ​លុយ​៣.៨០០​កោដិ​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ជនក្រីក្រ។

មនុស្ស​ដែល​ស្ម័គ្រចិត្ត​ជួយ​អ្នកដទៃ​បាន​ធ្វើ​អំពើ​ល្អ​ផ្សេងៗ​ដូច​ជា ចេញ​ថ្លៃ​ពេទ្យ​សំរាប់​ក្រុមគ្រួសារ​ដែល​ខ្វះខាត ធ្វើ​ជា​ឪពុក​ម្ដាយ​ធម៌ បរិច្ចាគ​លុយ​ដើម្បី​ជួយ​ចាក់​ថ្នាំ​ការពារ​ពី​ជំងឺ​ផ្សេងៗ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ។ អ្នក​ខ្លះ​ធ្វើ​ទាន​ដោយ​ចែក​សៀវភៅ​រៀន និង​ប្រវាស់​ឬ​ទិញ​សត្វ​ឲ្យ​កសិករ​ក្រីក្រ​ចិញ្ចឹម។ អ្នក​ខ្លះ​ក៏​សុខចិត្ត​ធ្វើ​ដំណើរ​ពី​ឆ្ងាយ​ទៅ​ចែក​ជូន​សម្ភារៈ​ដល់​ជនរងគ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ។

ហេតុការណ៍​ទាំង​នេះ​បង្ហាញ​ថា មនុស្ស​ពិត​ជា​មាន​សមត្ថភាព​ធ្វើ​អំពើ​ល្អ​ក្នុង​ការជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ក៏​មាន​មនុស្ស​ដែល​ធ្វើ​អំពើ​សាហាវ​ព្រៃផ្សៃ​ផង​ដែរ។

ការ​កើន​ឡើង​នៃ​អំពើ​អាក្រក់

ពី​ចុង​សង្គ្រាម​លោក​លើក​ទី២​មក​ទល់​ពេល​នេះ មាន​សេចក្ដីរាយការណ៍​ជិត​៥០​ដង​រៀបរាប់​អំពី​ការសំឡាប់​រង្គាល​និង​ការប្រល័យ​ពូជ​សាសន៍​ដែល​ទាក់ទង​នឹង​រឿង​នយោបាយ។ ទស្សនាវដ្ដី​មួយ​ចែង​ថា​៖ «ក្នុង​ព្រឹត្ដិការណ៍​ទាំង​នោះ យ៉ាង​ហោច​ណាស់​១២​លាន​នាក់​ឬ​រហូត​ដល់​២២​លាន​នាក់​បាន​ស្លាប់ ដែល​ជា​ប្រជាជន​ធម្មតា។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​ក្នុង​ស្រុក​ឬ​រវាង​ប្រទេស​ផ្សេងៗ​តាំង​ពី​ឆ្នាំ​១៩៤៥»។—American Political Science Review

ក្នុង​សតវត្សរ៍​ទី២០ ប្រជាជន​ខ្មែរ​ប្រហែល​២.២០០.០០០​នាក់​បាន​ត្រូវ​គេ​សំឡាប់​ដោយសារ​រឿង​នយោបាយ។ ការស្អប់គ្នា​រវាង​ពូជ​សាសន៍​ផ្សេងៗ​នៅ​ប្រទេស​រ្វ៉ាន់ដា​បាន​នាំ​ឲ្យ​មាន​ការសំឡាប់​រង្គាល​មនុស្ស​ប្រុស​ស្រី​និង​កូន​ក្មេង​ជាង​៨០០.០០០​នាក់។ ការសំឡាប់​មនុស្ស​ជាង​២០០.០០០​នាក់​នៅ​ប្រទេស​បូសនៀ​បាន​បណ្ដាល​មក​ពី​រឿង​សាសនា​និង​រឿង​នយោបាយ​ផង​ដែរ។

នៅ​ឆ្នាំ​២០០៤ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​បាន​រៀបរាប់​អំពី​ព្រឹត្ដិការណ៍​អាក្រក់​ជួជាតិ​ផ្សេងៗ​នៅ​ពេល​ថ្មីៗ​នេះ។ លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ប្រទេស​អ៊ីរ៉ាក់​យើង​បាន​ឃើញ​គេ​សំឡាប់​ប្រជាជន​យ៉ាង​សាហាវ​ព្រៃផ្សៃ ព្រម​ទាំង​ចាប់ជំរិត​ពួក​អ្នក​កាសែត​និង​ពួក​សប្បុរសជន​ដែល​មិន​មែន​ជា​ទាហាន​ទេ ហើយ​សំឡាប់​គេ​យ៉ាង​ឃោរឃៅ​យង់ឃ្នង។ រឿង​គួរ​ឲ្យ​អាម៉ាស់​មុខ​ដែល​យើង​ឃើញ​ដំណាល​គ្នា​នោះ គឺ​ការធ្វើ​បាប​ពួក​ជនជាតិ​អ៊ីរ៉ាក់​ដែល​ជាប់​គុក។ នៅ​តំបន់​ដហ្វើ[ប្រទេស​ស៊ូដង់ ទ្វីប​អាហ្វ្រិក]យើង​ឃើញ​គេ​បំផ្លាញ​ចោល​ផ្ទះ​សំបែង​ប្រជាជន​និង​ចាប់រំលោភ​ស្ត្រី​ដោយ​មាន​បំណង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​អស់​រត់​ចោល​ស្រុក។ នៅ​ប្រទេស​អ៊ូកង់ដា​[ទ្វីប​អាហ្វ្រិក​ដែរ] យើង​ឃើញ​គេ​ធ្វើ​ទារុណកម្ម​ក្មេងៗ​ដើម្បី​បង្ខំ​ពួក​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​សាហាវ​ព្រៃផ្សៃ។ នៅ​ភូមិ​បេស្លន[ប្រទេស​រុស្ស៊ី]យើង​បាន​ឃើញ​គេ​ចាប់ជំរិត​និង​សំឡាប់​ក្មេងៗ​យ៉ាង​ឃោរឃៅ​ផង»។

សូម្បី​នៅ​ប្រទេស​នានា​ដែល​គេ​ចាត់ទុក​ជា​ប្រទេស​ជឿនលឿន​ក៏​ដោយ ក៏​មាន​គេ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ចំពោះ​មនុស្ស​ដែល​គេ​ស្អប់​ដោយ​មូលហេតុ​ផ្សេងៗ ហើយ​មើលទៅ​ដូច​ជា​នេះ​កំពុង​តែ​កើន​ឡើង​ទៀត​ផង។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០៤ កាសែត​មួយ​បាន​រាយការណ៍​ថា នៅ​ប្រទេស​អង់គ្លេស«ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ​មុន​នេះ ចំនួន​ប្រជាជន​ដែល​រងគ្រោះ​ពី​ការពាធា​ដោយសារ​អ្នក​ប្រកាន់​ពូជ​សាសន៍ បាន​កើន​ឡើង​ដប់​មួយ​ភាគរយ»។—Independent News

បើ​មនុស្ស​យើង​មាន​សមត្ថភាព​ធ្វើ​អំពើ​ល្អ ហេតុអ្វី​ក៏​មនុស្ស​ខ្លះ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជួជាតិ​ម្ល៉េះ? តើ​មាន​លទ្ធភាព​ឲ្យ​លោកីយ៍​យើង​នេះ​លែង​មាន​អំពើ​អាក្រក់​ទៀត​ឬ​ទេ? អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​ថា ព្រះគម្ពីរ​អាច​ផ្ដល់​ចំឡើយ​ដែល​យើង​ពេញចិត្ត ស្តី​អំពី​សំណួរ​ដែល​មនុស្ស​ឆ្លើយ​មិន​រួច។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​២]

COVER: Mark Edwards/Still Pictures/Peter Arnold, Inc.