លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឥឡូវជាពេលឲ្យយើងចាត់វិធានការយ៉ាងម៉ឺងម៉ាត់

ឥឡូវជាពេលឲ្យយើងចាត់វិធានការយ៉ាងម៉ឺងម៉ាត់

ឥឡូវ​ជា​ពេល​ឲ្យ​យើង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់

«តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២​នេះ​ដល់​កាល​ណា​ទៀត?»។—ពង្សាវតារក្សត្រទី១ ១៨:២១

១​. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​សម័យ​យើង​នេះ​ខុស​ប្លែក​ពី​ពេល​មុនៗ?

តើ​អ្នក​ជឿ​ថា ព្រះយេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​អង្គ​ឬ​ទេ? តើ​អ្នក​ជឿ​ថា​ទំនាយ​ទាំង​ប៉ុន្មាន​ក្នុង​ព្រះគម្ពីរ​ចង្អុល​បញ្ជាក់​ថា សម័យ​យើង​ជា​«ជាន់​ក្រោយ​បង្អស់»នៃ​របប​លោកីយ៍​ដ៏​អាក្រក់​របស់​សាតាំង​ឬ​ទេ? (ធីម៉ូថេទី២ ៣:១) បើ​អ្នក​ជឿ​ដូច្នេះ​មែន អ្នក​ប្រាកដ​ជា​យល់​ស្រប​ថា ឥឡូវ​នេះ​ត្រូវ​ឲ្យ​យើង​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ជាង​មុនៗ​ទៅ​ទៀត។ ពីព្រោះ​ពុំ​ដែល​មាន​គ្រា​ណា​ផ្សេង​ទៀត​ដែល​មនុស្ស​ច្រើន​យ៉ាង​នេះ​អាច​បាត់បង់​ជីវិត​ដូច​គ្រា​នេះ​ទេ។

២​. តើ​មាន​អ្វី​កើត​ឡើង​ដល់​ព្រះរាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់​ក្នុង​កំឡុង​ការសោយរាជ្យ​នៃ​ស្តេច​អ័ហាប់?

នៅ​សតវត្សរ៍​ទី​ដប់​មុនគ.ស. សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ការសំរេចចិត្ត​ដ៏​សំខាន់​មួយ។ តើ​ពួក​គេ​នឹង​ថ្វាយបង្គំ​អ្នក​ណា? ដោយសារ​អានុភាព​យេសិបិល​ដែល​ជា​ជាយា​របស់​ស្តេច​អ័ហាប់ ទ្រង់​បាន​ជំរុញ​ប្រជាជន​ឲ្យ​ថ្វាយបង្គំ​ព្រះបាល​នៅ​ព្រះរាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់។ ព្រះបាល​ជា​ព្រះ​ដែល​ពួក​គេ​ជឿ​ថា​ធ្វើ​ឲ្យ​មាន​ទឹកភ្លៀង​និង​ចំរើន​ភោគផល។ តាម​ទំនៀមទំលាប់​នៅ​សម័យ​នោះ អ្នក​ថ្វាយបង្គំ​ព្រះបាល​ជា​ច្រើន​នាក់​ប្រហែល​ធ្លាប់​ថើប​ដៃ​ខ្លួន​ជា​កាយវិការ​បង្ហាញ​ការគោរព​ចំពោះ​រូប​ព្រះបាល​ឬ​មួយ​ក៏​លុត​ជង្គង់​ថ្វាយបង្គំ​រូប​នោះ​វិញ។ ដើម្បី​ជំរុញ​ឲ្យ​ព្រះបាល​ចំរើន​ភោគផល​និង​សត្វ​ចិញ្ចឹម​របស់​ពួក​គេ នោះ​អ្នក​ថ្វាយបង្គំ​ព្រះបាល​ធ្លាប់​ជួបជុំ​គ្នា​ហើយ​រួមដំណេក​ជា​មួយ​នឹង​ប្រុស​ឬ​ស្រី​ដែល​លក់​ខ្លួន​នៅ​ឯ​ព្រះវិហារ។ ពួក​គេ​ក៏​មាន​ទំលាប់​យក​កាំបិត​ឆូត​សាច់​ទាល់តែ​ឈាម​ហូរ​ប្រឡាក់​កាយ។—ពង្សាវតារក្សត្រទី១ ១៨:២៨

៣​. តើ​ការថ្វាយបង្គំ​ព្រះបាល​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​រាស្ត្រ​របស់​ព្រះ?

មាន​សល់​តែ​ជនជាតិ​អ៊ីស្រាអែល​ប្រមាណ​៧.០០០​នាក់​ដែល​មិន​ព្រម​ចូល​រួម​ក្នុង​ការថ្វាយបង្គំ​នេះ​ដែល​ប្រកប​ដោយ​អំពើ​អសីលធម៌ អំពើ​ហិង្សា និង​ការថ្វាយបង្គំ​រូប​ព្រះ។ (ពង្សាវតារក្សត្រទី១ ១៩:១៨) ដោយ​ស្មោះត្រង់ ពួក​គេ​បាន​កាន់ខ្ជាប់​តាម​កិច្ចព្រមព្រៀង​ដែល​ពួក​គេ​មាន​ជា​មួយ​នឹង​ព្រះយេហូវ៉ា ហេតុ​ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​បាន​មនុស្ស​បៀតបៀន។ ជា​ឧទាហរណ៍ មហាក្សត្រី​យេសិបិល​បាន​សំឡាប់​ព្យាការី​របស់​ព្រះយេហូវ៉ា​ជា​ច្រើន​នាក់។ (ពង្សាវតារក្សត្រទី១ ១៨:៤, ១៣) ដោយសារ​តែ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​ពិបាក​នេះ ពួក​អ៊ីស្រាអែល​ភាគ​ច្រើន​បាន​ខំ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ផង​និង​ព្រះបាល​ផង។ ប៉ុន្តែ ប្រសិន​បើ​ជន​អ៊ីស្រាអែល​បែរ​ចេញ​ពី​ព្រះយេហូវ៉ា​និង​ថ្វាយបង្គំ​ព្រះ​មិន​ពិត​វិញ នោះ​ជា​ការក្បត់​ជំនឿ។ ព្រះយេហូវ៉ា​បាន​សន្យា​ថា​ទ្រង់​នឹង​ប្រទាន​ពរ​ពួក​អ៊ីស្រាអែល បើ​ពួក​គេ​ស្រឡាញ់​ទ្រង់​និង​ស្ដាប់បង្គាប់​ទ្រង់។ ប៉ុន្តែ ទ្រង់​បាន​ព្រមាន​ពួក​គេ​ថា ទ្រង់«ជា​ព្រះ​ប្រចណ្ឌ»ហើយ​បើ​មិន​ថ្វាយបង្គំ​ទ្រង់​ដោយ​មាន​ភក្ដីភាព​ដាច់​មុខ​ចំពោះ​ទ្រង់​តែ​មួយ​អង្គ​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​ទទួល​សេចក្ដីហិនវិនាស។—ចោទិយកថា ៥:៦​-​១០; ២៨:១៥, ៦៣

៤​. តើ​ព្រះយេស៊ូ​និង​ពួក​សាវក​បាន​ទាយ​ប្រាប់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ក្នុង​ចំណោម​គ្រីស្ទាន? តើ​ទំនាយ​នេះ​ត្រូវ​បាន​សំរេច​យ៉ាង​ដូច​ម្ដេច?

មាន​ស្ថានការណ៍​ស្រដៀង​គ្នា​នៅ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​សព្វថ្ងៃ​នេះ។ សមាជិក​ពិភព​គ្រីស្ទ​សាសនា​អះអាង​ថា​ពួក​គេ​ជា​គ្រីស្ទាន ប៉ុន្តែ​ការប្រព្រឹត្ត ជំនឿ និង​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រឆាំង​នឹង​សេចក្ដីបង្រៀន​ក្នុង​ព្រះគម្ពីរ​វិញ។ ដូច​យេសិបិល​ដែរ ពួក​មេ​ដឹក​នាំ​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​នាំ​មុខ​ក្នុង​ការបៀតបៀន​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ តាំង​ពី​យូរ​មក​ហើយ​គណៈ​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​គាំទ្រ​សង្គ្រាម ហើយ​ហេតុ​នេះ​ពួក​គេ​ទទួល​ខុសត្រូវ​ចំពោះ​សមាជិក​សាសនា​ដែល​ស្លាប់​រាប់​លាន​នាក់។ ពេល​ដែល​សាសនា​គាំទ្រ​រដ្ឋាភិបាល​លោកីយ៍​យ៉ាង​នេះ ព្រះគម្ពីរ​ហៅ​ទង្វើ​នេះ​ជា​ការផិត​ក្បត់​ព្រះ។ (វិវរណៈ ១៨:២, ៣) បន្ថែម​ទៅ​ទៀត ពិភព​គ្រីស្ទ​សាសនា​កាន់​តែ​ប្រណី​នឹង​ការប្រព្រឹត្ត​អំពើ​កំផិត សូម្បី​នៅ​ក្នុង​ចំណោម​បព្វជិត​ក៏​ដោយ។ ព្រះយេស៊ូ​គ្រីស្ទ​និង​ពួក​សាវក​ទ្រង់​បាន​ទាយ​ថា​នឹង​មាន​ការក្បត់​ជំនឿ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ (ម៉ាថាយ ១៣:៣៦​-​៤៣; កិច្ចការ ២០:២៩, ៣០; ពេត្រុសទី២ ២:១, ២) ចំពោះ​ពួក​សមាជិក​មួយ​ពាន់​លាន​នាក់​នៃ​ពិភព​គ្រីស្ទ​សាសនា តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​គេ? តើ​ពួក​អ្នក​ថ្វាយបង្គំ​ព្រះយេហូវ៉ា​មាន​ភារកិច្ច​យ៉ាង​ណា​នឹង​អ្នក​ទាំង​នេះ​ព្រម​ទាំង​អ្នក​ឯ​ទៀត​ដែល​សាសនា​មិន​ពិត​នាំ​ឲ្យ​វង្វេង​នោះ? យើង​អាច​យល់​ច្បាស់​នូវ​ចំឡើយ​ចំពោះ​សំណួរ​ទាំង​នេះ ដោយ​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ដែល​នាំ​ឲ្យ​មាន​ការ«បំបាត់​ព្រះបាល​ពី​ពួក​អ៊ីស្រាអែល​ចេញ»។—ពង្សាវតារក្សត្រទី២ ១០:២៨

សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​រាស្ត្រ​ដែល​មាន​ចិត្តវៀចវេរ

៥​. តើ​ព្រះយេហូវ៉ា​បង្ហាញ​ការយកព្រះទ័យទុកដាក់​ចំពោះ​រាស្ត្រ​ដែល​មាន​ចិត្តវៀចវេរ​របស់​ទ្រង់​ដោយ​ដូច​ម្ដេច?

ការដាក់​ទោស​អ្នក​ដែល​ក្លាយ​ទៅ​ជា​ឥត​ស្មោះត្រង់ មិន​មែន​ជា​ទង្វើ​ដែល​ធ្វើ​ឲ្យ​ព្រះយេហូវ៉ា​រីករាយ​ទេ។ ជា​ព្រះ​វរបិតា​ដែល​ប្រកប​ដោយ​ក្ដី​ស្រឡាញ់ ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​មនុស្ស​អាក្រក់​កែប្រែ​និង​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ។ (អេសេគាល ១៨:៣២; ពេត្រុសទី២ ៣:៩) ដើម្បី​បញ្ជាក់​ចំណុច​នេះ ព្រះយេហូវ៉ា​បាន​ប្រើ​ព្យាការី​ជា​ច្រើន​នៅ​សម័យ​របស់​អ័ហាប់​និង​យេសិបិល​ដើម្បី​ព្រមាន​រាស្ត្រ​ទ្រង់​អំពី​លទ្ធផល​នៃ​ការថ្វាយបង្គំ​ព្រះបាល។ អេលីយ៉ា​ជា​ព្យាការី​ម្នាក់​ដែល​ព្រះ​បាន​ប្រើ។ ក្រោយ​ពី​ភាពហួតហែង​ដែល​ត្រូវ​ទាយ​ទុក​ជា​មុន​នោះ អេលីយ៉ា​បាន​ប្រាប់​ស្តេច​អ័ហាប់​ឲ្យ​ប្រមូល​ពួក​អ៊ីស្រាអែល​និង​ពួក​ព្យាការី​នៃ​ព្រះបាល​ឲ្យ​ទៅ​លើ​ភ្នំ​កើមែល។—ពង្សាវតារក្សត្រទី១ ១៨:១, ១៩

៦, ៧​. (ក) តើ​លោក​អេលីយ៉ា​បាន​លាត​ត្រដាង​នូវ​ដើមហេតុ​នៃ​ការក្បត់​ជំនឿ​របស់​ពួក​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច? (ខ) តើ​ពួក​ព្យាការី​នៃ​ព្រះបាល​បាន​ធ្វើ​អ្វី? (គ) តើ​អេលីយ៉ា​បាន​ធ្វើ​អ្វី?

ពួក​គេ​ប្រជុំ​នៅ​ឯ​អាសនៈ​នៃ​ព្រះយេហូវ៉ា​ដែល​ត្រូវ​បាន«រំលំ​ហើយ» ប្រហែល​ជា​ដើម្បី​ឲ្យ​យេសិបិល​សប្បាយចិត្ត។ (ពង្សាវតារក្សត្រទី១ ១៨:៣០) គួរ​ឲ្យ​ស្ដាយ​ណាស់ ដែល​ពួក​អ៊ីស្រាអែល​ដែល​មាន​វត្តមាន​ពេល​នោះ​ឥត​ប្រាកដ​ថា គឺ​ព្រះយេហូវ៉ា​ឬ​ក៏​ព្រះបាល​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មាន​ភ្លៀង​នោះ។ មាន​ពួក​ព្យាការី​៤៥០​នាក់​ដែល​តំណាង​ព្រះបាល រីឯ​អ្នក​តំណាង​ព្រះយេហូវ៉ា​គឺ​មាន​តែ​លោក​អេលីយ៉ា​ប៉ុណ្ណោះ។ អេលីយ៉ា​ចង្អុល​បញ្ជាក់​ដើមហេតុ​នៃ​បញ្ហា​របស់​បណ្ដាជន ពេល​គាត់​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២​នេះ​ដល់​កាល​ណា​ទៀត?»។ រួច​មក ដោយ​និយាយ​ស្រួល​យល់​ជាង​នោះ​ទៅ​ទៀត គាត់​បាន​ឲ្យ​គេ​សំរេចចិត្ត​អំពី​រឿង​នេះ​ដោយ​ថា៖ «បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះបាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្ដិ​តាម​ចុះ!»។ លោក​អេលីយ៉ា​បាន​សុំ​ឲ្យ​មាន​ការល្បងល​ដើម្បី​បង្ហាញ​ថា​អ្នក​ណា​ជា​ព្រះ​ពិត ដើម្បី​ជំរុញ​ពួក​អ៊ីស្រាអែល​ដែល​មាន​ចិត្តស្ទាក់ស្ទើរ​ឲ្យ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​តែ​ប៉ុណ្ណោះ។ គោ​ពីរ​ក្បាល​នឹង​ត្រូវ​សំឡាប់​ធ្វើ​ជា​យញ្ញបូជា មួយ​គឺ​សំរាប់​ព្រះយេហូវ៉ា​និង​មួយ​ទៀត​សំរាប់​ព្រះបាល។ ព្រះ​ពិត​នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​បញ្ឆេះ​យញ្ញបូជា​នោះ។ ពួក​ព្យាការី​នៃ​ព្រះបាល​បាន​រៀបចំ​យញ្ញបូជា​របស់​គេ រួច​មក ពួក​គេ​បាន​អំពាវនាវ​អស់​ជា​ច្រើន​ម៉ោង​ថា៖ «ឱ​ព្រះបាល​អើយ! សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង!»។ នៅ​ពេល​ដែល​លោក​អេលីយ៉ា​បាន​ចំអក​ដាក់​ពួក​គេ នោះ​ពួក​គេ​បាន​យក​កាំបិត​ឆូត​សាច់​ទាំង​ស្រែក​យ៉ាង​ខ្លាំង ទាល់តែ​ឈាម​ហូរ​ប្រឡាក់​កាយ។ ប៉ុន្តែ គ្មាន​ចំឡើយ​ណា​ឡើយ។—ពង្សាវតារក្សត្រទី១ ១៨:២១, ២៦​-​២៩

ឥឡូវ​គឺ​ដល់​វេន​លោក​អេលីយ៉ា។ មុនដំបូង គាត់​បាន​ជួសជុល​អាសនៈ​នៃ​ព្រះយេហូវ៉ា រួច​កាប់​គោ​នោះ​ជា​ដុំៗ​ដាក់​ពី​លើ​អាសនៈ។ បន្ទាប់​មក គាត់​បាន​បញ្ជា​ឲ្យ​ដង​ទឹក​ពេញ​៤​ក្អម យក​មក​ចាក់​លើ​ដង្វាយ​គំរប់​៣​ដង រហូត​ដល់​មាន​ទឹក​ពេញ​ប្រឡាយ​ព័ទ្ធ​ជុំវិញ​អាសនៈ។ បន្ទាប់​មក លោក​អេលីយ៉ា​បាន​អធិស្ឋាន​ថា៖ «ឱ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រាហាំ នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រាអែល​អើយ! សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ហើយ​ថា ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ថា​ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ ដោយ​ស្ដាប់​តាម​ព្រះបន្ទូល​ទ្រង់​ផង។ សូម​ស្ដាប់​ទូលបង្គំ ឱ​ព្រះយេហូវ៉ា​អើយ! សូម​ស្ដាប់​ទូលបង្គំ ដើម្បី​ឲ្យ​ប្រជាជន​នេះ​បាន​ដឹង​ថា គឺ​ទ្រង់ ឱ​ព្រះយេហូវ៉ា​អើយ! ដែល​ជា​ព្រះ ហើយ​ថា គឺ​ទ្រង់​ដែល​នាំ​ចិត្ត​គេ​ត្រឡប់​មក​វិញ»។—ពង្សាវតារក្សត្រទី១ ១៨:៣០​-​៣៧

៨​. តើ​ព្រះ​បាន​តបឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដីអធិស្ឋាន​របស់​អេលីយ៉ា? តើ​គាត់​បាន​ចាត់​វិធានការ​អ្វី?

ព្រះ​ពិត​បាន​តប​ឆ្លើយ​ដោយ​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ចុះ​មក​បញ្ឆេះ​ដង្វាយ​នោះ។ ភ្លើង​នោះ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ​ស្ងួត​អស់​រលីង! ចូរ​គិត​នូវ​ឥទ្ធិពល​ដែល​នេះ​មាន​លើ​ពួក​អ៊ីស្រាអែល។ «នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ!»។ ឥឡូវ លោក​អេលីយ៉ា​ក៏​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​មួយ​ទៀត​ដោយ​បង្គាប់​ពួក​អ៊ីស្រាអែល​ថា៖ «ចូរ​ចាប់​ពួក​ហោរា​របស់​ព្រះបាល​ទៅ កុំ​ឲ្យ​អ្នក​ណា​មួយ​រួច​ឡើយ!»។ ពួក​ព្យាការី​៤៥០​នាក់​របស់​ព្រះបាល​ត្រូវ​បាន​សំឡាប់​ចោល​ទាំង​អស់​នៅ​ឯ​ជើង​ភ្នំ​កើមែល។—ពង្សាវតារក្សត្រទី១ ១៨:៣៨​-​៤០

៩​. តើ​ពួក​អ្នក​ថ្វាយបង្គំ​ពិត​ត្រូវ​បាន​សាកល្បង​តទៅទៀត​តាម​របៀប​ណា?

នៅ​ថ្ងៃ​ដដែល​នោះ ព្រះយេហូវ៉ា​បាន​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​ជា​លើក​ដំបូង​បន្ទាប់​ពី​ការរាំង​ស្ងួត​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ។ ថ្ងៃ​នោះ​ពិត​ជា​អស្ចារ្យ​មែន! (យ៉ាកុប ៥:១៧, ១៨) ពួក​អ៊ីស្រាអែល​ច្បាស់​ជា​និយាយ​ពី​ដំណើរ​រឿង​នេះ​កាល​ដែល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ។ ព្រះយេហូវ៉ា​បាន​បង្ហាញ​ឲ្យ​ឃើញ ថា​ទ្រង់​ជា​ព្រះ​ពិត។ ប៉ុន្តែ ពួក​អ្នក​ថ្វាយបង្គំ​ព្រះបាល​មិន​ចុះ​ចាញ់​ទេ។ យេសិបិល​បៀតបៀន​រាស្ត្រ​របស់​ព្រះយេហូវ៉ា​តទៅ​ទៀត។ (ពង្សាវតារក្សត្រទី១ ១៩:១, ២; ២១:១១​-​១៦) ហេតុ​ដូច្នេះ​ហើយ ចិត្តស្មោះ​គ្រប់លក្ខណ៍​របស់​ពួក​គេ​ត្រូវ​បាន​ល្បងល​ម្ដង​ទៀត។ តើ​ពួក​គេ​នឹង​រក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះយេហូវ៉ា​រហូត​ដល់​ថ្ងៃ​ជំនុំជំរះ​របស់​ទ្រង់​មក​លើ​ពួក​អ្នក​ថ្វាយបង្គំ​ព្រះបាល​ឬ​ទេ?

ចូរ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ឥឡូវ​នេះ

១០​. (ក) នៅ​សម័យ​ថ្មី​នេះ តើ​ពួក​គ្រីស្ទាន​ចាក់ប្រេងតាំង​បាន​ធ្វើ​អ្វី? (ខ) តើ​ការស្ដាប់បង្គាប់​តាម​ការដាស់តឿន​នៅ​វិវរណៈ ១៨:៤ រួម​បញ្ចូល​អ្វី​ខ្លះ?

១០ នៅ​សម័យ​នេះ ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​បាន​ធ្វើ​កិច្ចការ​ដូច​នឹង​កិច្ចការ​របស់​លោក​អេលីយ៉ា​ដែរ។ តាម​រយៈ​ពាក្យ​សំដី​និង​សៀវភៅ ពួក​គេ​បាន​ព្រមាន​មនុស្ស​គ្រប់​សាសន៍ មិន​ថា​ជា​សមាជិក​ពិភព​គ្រីស្ទ​សាសនា​ឬ​សាសនា​ឯ​ទៀត ឲ្យ​ដឹង​អំពី​គ្រោះថ្នាក់​ដែល​បណ្ដាល​មក​ពី​សាសនា​មិន​ពិត។ ជា​លទ្ធផល មនុស្ស​រាប់​លាន​នាក់​បាន​ចាត់​វិធានការ​ផ្ដាច់​ទំនាក់ទំនង​ជា​មួយ​សាសនា​មិន​ពិត។ ពួក​គេ​បាន​ថ្វាយ​ខ្លួន​បំរើ​ព្រះយេហូវ៉ា​និង​បាន​ក្លាយ​ទៅ​ជា​សិស្ស​នៃ​ព្រះយេស៊ូ​គ្រីស្ទ។ មែន​ហើយ ពួក​គេ​បាន​ធ្វើ​តាម​ការដាស់តឿន​របស់​ព្រះ​ស្តី​អំពី​សាសនា​មិន​ពិត ដែល​ថា៖ «រាស្ត្រ​អញ​អើយ! ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ»។—វិវរណៈ ១៨:៤

១១​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ព្រះយេហូវ៉ា​សព្វ​ព្រះហឫទ័យ?

១១ ទោះជា​មនុស្ស​រាប់​លាន​នាក់​ទៀត​ចូលចិត្ត​ការផ្សព្វផ្សាយ​របស់​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ដែល​មាន​មូលដ្ឋាន​លើ​ព្រះគម្ពីរ​ក៏​ពិត​មែន តែ​ពួក​គេ​មិន​ប្រាកដ​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ។ ក្នុង​ចំណោម​អ្នក​ទាំង​នេះ មាន​អ្នក​ខ្លះ​ដែល​មក​ចូល​រួម​កិច្ចប្រជុំ​គ្រីស្ទាន​ដូច​ជា ពិធី​បុណ្យ​រំឭក​អាហារ​ល្ងាច​របស់​ព្រះ​អម្ចាស់ ឬ​មក​ស្ដាប់​កម្មវិធី​ខ្លះៗ​នៃ​មហាសន្និបាត។ យើង​លើកទឹកចិត្ត​មនុស្ស​ទាំង​នេះ​គិត​ឲ្យ​បាន​ដិតដល់​ពី​ពាក្យ​របស់​អេលីយ៉ា​ដែល​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២​នេះ​ដល់​កាល​ណា​ទៀត?»។ (ពង្សាវតារក្សត្រទី១ ១៨:២១) ជាជាង​មាន​ចិត្តស្ទាក់ស្ទើរ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​ចាត់​វិធានការ​ដោយ​ខំ​ខ្នះខ្នែង​ធ្វើ​ជា​អ្នក​ថ្វាយបង្គំ​ព្រះយេហូវ៉ា ដែល​បាន​ថ្វាយ​ខ្លួន​និង​ទទួល​បុណ្យជ្រមុជទឹក។ ពុំ​នោះ​សោត​ទេ ពួក​គេ​អាច​បាត់បង់​លទ្ធភាព​ទទួល​ជីវិត​ជា​រៀង​រហូត!—ថែស្សាឡូនីចទី២ ១:៦​-​៩

១២​. តើ​គ្រីស្ទាន​ខ្លះ​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​អ្វី​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់? តើ​ពួក​គេ​គួរ​ធ្វើ​ដូច​ម្ដេច?

១២ គួរ​ឲ្យ​ស្ដាយ​ណាស់ គ្រីស្ទាន​ខ្លះ​ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក​ហើយ បាន​ក្លាយជា​អសកម្ម​ឬ​ជា​អ្នក​ផ្សាយ​ឥត​ទៀងទាត់។ (ហេព្រើរ ១០:២៣​-​២៥; ១៣:១៥, ១៦) អ្នក​ខ្លះ​លែង​ខ្នះខ្នែង​ក្នុង​ការថ្វាយបង្គំ ពីព្រោះ​ខ្លាច​ការបៀតបៀន។ ហេតុ​ផ្សេង​ទៀត​ដោយសារ​មាន​ការពិបាក​រកស៊ី​ចិញ្ចឹម​ជីវិត ខំ​ប្រឹង​ឲ្យ​ទៅ​ជា​អ្នក​មាន ឬ​គិត​តែ​ពី​ការសប្បាយ។ ព្រះយេស៊ូ​បាន​ព្រមាន​ថា​របស់​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​កាន់តាម​ទ្រង់​ខ្លះ​ជំពប់ដួល ជាប់​អន្ទាក់ ឬ​ក៏​អាច​រួបរឹត​មិន​ឲ្យ​បង្កើត​ផល។ (ម៉ាថាយ ១០:២៨​-​៣៣; ១៣:២០​-​២២; លូកា ១២:២២​-​៣១; ២១:៣៤​-​៣៦) ជាជាង‹ស្ទាក់ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២› បុគ្គល​បែប​នេះ​គួរ​តែ«មាន​ចិត្តឧស្សាហ៍ ហើយ​ប្រែចិត្ត» ដោយ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​បំពេញ​តាម​ការឧទ្ទិសថ្វាយខ្លួន។—វិវរណៈ ៣:១៥​-​១៩

សេចក្ដីហិនវិនាស​នៃ​សាសនា​មិន​ពិត​នឹង​មក​មួយ​រំពេច

១៣​. ចូរ​រៀបរាប់​ស្ថានការណ៍​នៅ​ស្រុក​អ៊ីស្រាអែល ពេល​ដែល​យេហ៊ូវ​ត្រូវ​បាន​ចាក់ប្រេងតាំង​ជា​ស្តេច។

១៣ បើ​យើង​ពិចារណា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល​ប្រហែល​១៨​ឆ្នាំ​ក្រោយ​រឿង​អំពី​អ្នក​ណា​ជា​ព្រះ​ពិត​ត្រូវ​បាន​ដោះស្រាយ​នៅ​ភ្នំ​កើមែល​នោះ យើង​អាច​យល់​នូវ​មូលហេតុ​ដែល​នេះ​ជា​ការបន្ទាន់​ឲ្យ​មនុស្ស​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ឥឡូវ​នេះ។ ក្នុង​កំឡុង​កិច្ចបំរើ​របស់​លោក​អេលីសេ​ដែល​ជា​ព្យាការី​បន្ទាប់​ពី​លោក​អេលីយ៉ា​នោះ ថ្ងៃ​ជំនុំជំរះ​របស់​ព្រះយេហូវ៉ា​បាន​មក​លើ​អ្នក​ថ្វាយបង្គំ​ព្រះបាល​យ៉ាង​លឿន​មួយ​រំពេច​ដោយ​មិន​ដឹង​ទុក​ជា​មុន។ យ៉ូរ៉ាម​ដែល​ជា​ព្រះបុត្រា​របស់​ស្តេច​អ័ហាប់​កំពុង​តែ​គ្រប់គ្រង​នៅ​អ៊ីស្រាអែល ហើយ​យេសិបិល​ដែល​ជា​ព្រះមាតា​ទ្រង់​ក៏​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ។ ដោយ​ស្ងាត់ៗ អេលីសេ​បាន​បញ្ជូន​អ្នក​បំរើ​របស់​គាត់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​យេហ៊ូវ​ដែល​ជា​មេទ័ព​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​ស្តេច​ថ្មី។ នៅ​ពេល​នោះ យេហ៊ូវ​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នា​រ៉ាម៉ូត​កាឡាត ដោយ​កំពុងតែ​ដឹកនាំ​ការតយុទ្ធ​ប្រឆាំង​នឹង​ពួក​សត្រូវ​របស់​អ៊ីស្រាអែល។ ស្តេច​យ៉ូរ៉ាម​នៅ​ឯ​ទី​ក្រុង​យេសរាល​នៅ​ជិត​ក្រុង​មេគីដោ កំពុង​តែ​សំរាក​ដោយសារ​របួស​ក្នុង​សង្គ្រាម។—ពង្សាវតារក្សត្រទី២ ៨:២៩​–​៩:៤

១៤, ១៥​. តើ​យេហ៊ូវ​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​តប​យ៉ាង​ណា?

១៤ នេះ​ជា​អ្វី​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​យេហ៊ូវ៖ «ត្រូវ​ឲ្យ​ប្រហារ​ជំនួរ​វង្ស​របស់​អ័ហាប់ ជា​ចៅហ្វាយ​ឯង​ទៅ ប្រយោជន៍​ឲ្យ​អញ​បាន​សងសឹក​នឹង​យេសិបិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា​ជា​អ្នក​បំរើ​អញ នឹង​ឈាម​នៃ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​អស់​ដែរ ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង។ . . . ឆ្កែ​នឹង​ទំពា​ស៊ី​យេសិបិល​នៅ​ដំបន់​១ ក្នុង​ក្រុង​យេសរាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ»។—ពង្សាវតារក្សត្រទី២ ៩:៧​-​១០

១៥ យេហ៊ូវ​ជា​មនុស្ស​ដែល​ចេះ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់។ ដោយ​ឥត​បង្អែបង្អង់ គាត់​ជិះ​រទេះ​សេះ​យ៉ាង​លឿន​សំដៅ​ទៅ​ទី​ក្រុង​យេសរាល។ អ្នក​យាម​នៅ​ទី​ក្រុង​យេសរាល​បាន​ដឹង​ថា​យេហ៊ូវ​កំពុង​តែ​មក ហើយ​គាត់​ទៅ​ប្រាប់​ស្តេច​យ៉ូរ៉ាម។ រួច​មក​ស្តេច​យ៉ូរ៉ាម​ក៏​ឡើង​រទេះ​ទ្រង់​ជិះ​ទៅ​ក្នុង​បំណង​ជួប​យេហ៊ូវ ជា​ឧត្តម​សេនីយ៍​របស់​ទ្រង់។ នៅ​ពេល​ជួប​គ្នា នោះ​ស្តេច​យ៉ូរ៉ាម​ក៏​មាន​បន្ទូល​សួរ​ថា៖ «យេហ៊ូវ​អើយ! តើ​អ្នក​មក​ដោយ​មេត្រី​ឬ?»។ យេហ៊ូវ​បាន​ឆ្លើយ​តប​ថា៖ «កំពុង​ដែល​មាន​សេចក្ដីកំផិត នឹង​មន្តអាគម​របស់​យេសិបិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម្ល៉េះ នោះ​តើ​នឹង​មាន​សេចក្ដីមេត្រី​ឯ​ណា​បាន?»។ រួច​មក មុន​នឹង​ស្តេច​យ៉ូរ៉ាម​អាច​រត់​គេច​បាន នោះ​យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​មួយ​ទំហឹង​ដៃ​បាញ់​ត្រូវ​ត្រង់​បេះដូង ទ្រង់​ក៏​ក្ស័យ​ព្រះជន្ម​ទៅ។—ពង្សាវតារក្សត្រទី២ ៩:២០​-​២៤

១៦​. (ក) តើ​មនុស្ស​កំរៀវ​ដែល​ជា​អ្នក​បំរើ​យេសិបិល​បាន​ប្រឈម​មុខ​នឹង​ស្ថានការណ៍​អ្វី​ភ្លាមៗ​នោះ? (ខ) តើ​ពាក្យ​បន្ទូល​របស់​ព្រះយេហូវ៉ា​អំពី​យេសិបិល​ត្រូវ​បាន​សំរេច​យ៉ាង​ដូច​ម្ដេច?

១៦ ដោយ​ឥត​រារង់ យេហ៊ូវ​បាន​ជិះ​រទេះ​សេះ​យ៉ាង​លឿន​ទៅ​ក្រុង​យេសរាល។ យេសិបិល​ដែល​បាន​ផាត់​មុខ​ផាត់​មាត់​យ៉ាង​ក្រាស់​បាន​មើល​ពី​បង្អួច ទាំង​និយាយ​គំរាម​កំហែង​ដាក់​យេហ៊ូវ។ យេហ៊ូវ​មិន​យកចិត្តទុកដាក់​នឹង​យេសិបិល​ទេ ហើយ​ក៏​សួរ​រក​អ្នក​គាំទ្រ​ថា៖ «តើ​អ្នក​ណា​កាន់​ខាង​អញ? តើ​មាន​អ្នក​ណា​ឬ​ទេ?»។ ឥឡូវ​អ្នក​បំរើ​យេសិបិល​ត្រូវ​តែ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់។ ខណៈ​នោះ​មាន​មនុស្ស​កំរៀវ​ពីរបី​នាក់​បាន​អើត​មុខ​មក។ ភ្លាមៗ​នោះ ភាពស្មោះត្រង់​របស់​ពួក​គេ​បាន​ត្រូវ​សាកល្បង។ យេហ៊ូវ​បង្គាប់​ថា៖ «ចូរ​បោះ​វា​ចុះ​មក!»។ មនុស្ស​កំរៀវ​ទាំង​នោះ​បាន​បោះ​ទំលាក់​យេសិបិល​ចុះ​មក ហើយ​រទេះ​និង​សេះ​របស់​យេហ៊ូវ​បាន​ជាន់ឈ្លី។ យ៉ាង​នេះ អ្នក​ដែល​ផ្ដើម​ការថ្វាយបង្គំ​ព្រះបាល​នៅ​ស្រុក​អ៊ីស្រាអែល​បាន​ស្លាប់​ទៅ​យ៉ាង​សក្ដិ​សម។ មុន​នឹង​កប់​យេសិបិល នោះ​ឆ្កែ​ទំពា​ស៊ី​សាច់​យេសិបិល​អស់​ទៅ​ដូច​បាន​ទាយ​មក​មែន។—ពង្សាវតារក្សត្រទី២ ៩:៣០​-​៣៧

១៧​. ដោយ​ឃើញ​ថា​ព្រះ​បាន​ជំនុំជំរះ​យេសិបិល តើ​នោះ​គួរ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រឹត្ដិការណ៍​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅ​នា​អនាគត?

១៧ ស្ត្រី​ពេស្យា​ជា​និមិត្តរូប​ដែល​មាន​ឈ្មោះ​ថា«បាប៊ីឡូន​ដ៏​ជា​ធំ» នឹង​ត្រូវ​ទទួល​សេចក្ដីហិនវិនាស​ដ៏​គួរ​ឲ្យ​រន្ធត់​ដូច​យេសិបិល​ដែរ។ ស្ត្រី​ពេស្យា​ជា​និមិត្តរូប​នេះ​តំណាង​សាសនា​មិន​ពិត​ទាំង​ប៉ុន្មាន​ក្នុង​របប​លោកីយ៍​របស់​សាតាំង ដែល​មាន​ដើម​កំណើត​ចេញ​ពី​ក្រុង​បាប៊ីឡូន​ពី​បុរាណ។ ក្រោយ​ពី​សាសនា​មិន​ពិត​ទទួល​សេចក្ដីហិនវិនាស នោះ​ព្រះយេហូវ៉ា​នឹង​ប្រុង​ស្មារតី​លើ​មនុស្ស​ទាំង​អស់​ដែល​មិន​មែន​ជា​ផ្នែក​ខាង​សាសនា​ក្នុង​របប​របស់​សាតាំង។ ពួក​អ្នក​ទាំង​នេះ​ក៏​នឹង​ត្រូវ​ទទួល​សេចក្ដីហិនវិនាស​ដែរ ហើយ​នេះ​នឹង​រៀបចំ​ផ្លូវ​ឲ្យ​មាន​ពិភពលោក​ថ្មី​ដ៏​សុចរិត។—វិវរណៈ ១៧:៣​-​៦; ១៩:១៩​-​២១; ២១:១​-​៤

១៨​. ក្រោយ​ពី​យេសិបិល​ស្លាប់​ទៅ តើ​មាន​អ្វី​កើត​ឡើង​ដល់​ពួក​អ្នក​ដែល​ថ្វាយបង្គំ​ព្រះបាល​នៅ​ស្រុក​អ៊ីស្រាអែល?

១៨ ក្រោយ​ពី​យេសិបិល​ស្លាប់​ទៅ នោះ​ស្តេច​យេហ៊ូវ​ក៏​ប្រហារ​ជីវិត​អស់​អ្នក​ណា​ដែល​នៅ​សល់​ក្នុង​ជំនួរ​វង្ស​របស់​អ័ហាប់ និង​ពួក​អ្នក​សំខាន់ៗ​ដែល​បាន​គាំទ្រ​ស្តេច​អ័ហាប់។ (ពង្សាវតារក្សត្រទី២ ១០:១១) ប៉ុន្តែ ពួក​អ៊ីស្រាអែល​ដែល​ជា​អ្នក​ថ្វាយបង្គំ​ព្រះបាល​ក៏​នៅ​សល់​ក្នុង​ស្រុក​នេះ​ដែរ។ ស្តី​អំពី​អ្នក​ទាំង​នេះ យេហ៊ូវ​បាន​ចាត់​វិធានការ​ដោយ​ឥត​រារែក​ដើម្បី​បង្ហាញ​ថា គាត់​មាន‹សេចក្ដី​ឧស្សាហ៍​ចំពោះ​ព្រះយេហូវ៉ា›។ (ពង្សាវតារក្សត្រទី២ ១០:១៦) យេហ៊ូវ​បាន​បន្លំ​ខ្លួន​ជា​អ្នក​ថ្វាយបង្គំ​ព្រះបាល ហើយ​បាន​រៀបចំ​បុណ្យ​ដ៏​ធំ​មួយ​នៅ​ព្រះវិហារ​នៃ​ព្រះបាល ដែល​ស្តេច​អ័ហាប់​បាន​សង់​នៅ​ក្រុង​សាម៉ារី។ ពួក​អ្នក​ថ្វាយបង្គំ​ព្រះបាល​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រាអែល​បាន​មក​ពិធី​បុណ្យ​នេះ។ ពួក​នេះ​បាន​ឃុំ​ជាប់​នៅ​ក្នុង​ព្រះវិហារ ហើយ​ត្រូវ​បាន​ពួក​គាំទ្រ​យេហ៊ូវ​សំឡាប់​ចោល​អស់​រលីង។ ព្រះគម្ពីរ​បាន​បញ្ចប់​កំណត់ហេតុ​នេះ ដោយ​ចែង​ថា៖ «គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះបាល​ពី​ពួក​អ៊ីស្រាអែល​ចេញ»។—ពង្សាវតារក្សត្រទី២ ១០:១៨​-​២៨

១៩​. តើ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​ជា​អ្នក​ថ្វាយបង្គំ​ដ៏​ស្មោះ​របស់​ព្រះយេហូវ៉ា​នឹង​មាន​សេចក្ដីសង្ឃឹម​ដ៏​អស្ចារ្យ​អ្វី?

១៩ ការថ្វាយបង្គំ​ព្រះបាល​បាន​ត្រូវ​បំបាត់​ចោល​ឲ្យ​សាបសូន្យ​ពី​ស្រុក​អ៊ីស្រាអែល។ ហើយ​សាសនា​មិន​ពិត​នៃ​លោកីយ៍​នេះ​ក៏​នឹង​វិនាស​ទៅ​យ៉ាង​គួរ​ឲ្យ​រន្ធត់​ក្នុង​មួយ​រំពេច​ដូច​នោះ​ដែរ។ ក្នុង​កំឡុង​ថ្ងៃ​ជំនុំជំរះ​ដ៏​ធំ​នេះ តើ​អ្នក​នឹង​នៅ​ខាង​ណា? ឥឡូវ​នេះ ចូរ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​អ្នក​អាច​ទទួល​ឯកសិទ្ធិ​ចូលរួម​ក្នុង​ចំណោម«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ដែល​ជា​ពួក​អ្នក​រួច​រស់​ជីវិត​ពី«គ្រា​វេទនា​យ៉ាង​ធំ»។ ពេល​នោះ អ្នក​អាច​នឹក​ចាំ​ពី​ពេល​មុនៗ​ដោយ​មាន​អំណរ ហើយ​អ្នក​នឹង​សរសើរ​ព្រះ​ដែល​បាន​កាត់​ទោស«ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា»។ ដោយ​មាន​សាមគ្គីភាព​ជា​មួយ​នឹង​អ្នក​ថ្វាយបង្គំ​ពិត​ឯ​ទៀត អ្នក​នឹង​យល់​ស្រប​នឹង​ពាក្យ​ដ៏​គួរ​ឲ្យ​រំភើបចិត្ត​នេះ ដែល​បន្លឺ​ពី​ស្ថានសួគ៌​ថា៖ «ហាលេលូយ៉ា ដ្បិត​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ដែល​មាន​ព្រះចេស្ដា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ»។—វិវរណៈ ៧:៩, ១០, ១៤; ១៩:១, ២, ៦

សំណួរ​សំ​រាប់​រំពឹង​គិត

តើ​សាសន៍​អ៊ីស្រាអែល​ពី​សម័យ​បុរាណ​បាន​ក្លាយ​ទៅ​ជា​អ្នក​ថ្វាយបង្គំ​ព្រះបាល​យ៉ាង​ដូច​ម្ដេច?

តើ​ការក្បត់​ជំនឿ​អ្វី​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដែល​ព្រះគម្ពីរ​បាន​ទាយ​ទុក​ជា​មុន​នោះ? តើ​ទំនាយ​នេះ​ត្រូវ​បាន​សំរេច​តាម​របៀប​ណា?

តើ​យេហ៊ូវ​បាន​បំបាត់​ចោល​ការថ្វាយបង្គំ​ព្រះបាល​យ៉ាង​ដូច​ម្ដេច?

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រួចរស់​ជីវិត​នៅ​ថ្ងៃ​ជំនុំជំរះ​របស់​ព្រះ?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[ផែនទី​នៅ​ទំព័រ​១៨]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

សូគរ (ឬ​សូកូរ)

អាផែក

ហេលកាត

យ៉ុកនាម

មេគីដោ

ត្អាណាក

ដូថាន់

សាម៉ារី

អេនដោរ

ស៊ូណែម

អូប្រា

យេសរាល

យីបលាម (កាថរីម៉ូន)

ធើសា

បេតសេមែស

បេតសៀន

យ៉ាបេស​កាឡាត?

អេបិលមហូឡា

បេតអើបេល

រ៉ាម៉ូត​កាឡាត

ភ្នំ

ភ្នំ​កើមែល

ភ្នំ​តាបោរ

ភ្នំ​ម៉ូរេ

ភ្នំ​គីលបោ

[សមុទ្រ]

សមុទ្រ​មេឌីទែរ៉ានេ

សមុទ្រ​កាលីឡេ

[ទន្លេ]

ទន្លេ​យ័រដាន់

[ទឹក​ផុស​និង​អណ្ដូង]

អណ្ដូង​ហារ៉ុឌ

[អ្នក​ផ្ដល់​សិទ្ធិ]

Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[រូបភាព​នៅ​ទំព័រ​១៩]

ការចូលរួម​កិច្ចផ្សព្វផ្សាយ​ព្រះរាជាណាចក្រ​និង​កិច្ចប្រជុំ ជា​ទៀងទាត់ គឺ​ជា​លក្ខណៈ​សំខាន់ នៃ​ការថ្វាយបង្គំ​ពិត

[រូបភាព​នៅ​ទំព័រ​២០]

ដូច​យេហ៊ូវ អស់​អ្នក​ដែល​ចង់ រួចរស់​ជីវិត​នៅ​ថ្ងៃ​របស់​ព្រះយេហូវ៉ា ត្រូវ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់