លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅនេហេមា

គោលសំខាន់ៗពីសៀវភៅនេហេមា

ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​នេហេមា

ដប់​ពីរ​ឆ្នាំ​បន្ទាប់​ពី​ព្រឹត្ដិការណ៍​ចុង​ក្រោយ​ក្នុង​សៀវភៅ​អែសរ៉ា​បាន​មាន​ឡើង​នោះ គឺ​ជិត​ដល់​ពេល​សម្រាប់«ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ»។ ការចេញ​បង្គាប់​នេះ​បញ្ជាក់​ទី​ចាប់ផ្ដើម​នៃ​គ្រា​៧០​អាទិត្យ ដែល​ចប់​ពេល​ព្រះមេស្ស៊ី​យាង​មក។ (ដានីយ៉ែល ៩:២៤​-​២៧) សៀវភៅ​នេហេមា​ជា​កំណត់​ហេតុ​ប្រវត្ដិសាស្ត្រ ស្តី​អំពី​គ្រា​ដែល​រាស្ត្រ​ព្រះ​កសាង​កំពែង​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ។ កំណត់​ហេតុ​នោះ​ប្រាប់​ពី​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ក្នុង​គ្រា​ដ៏​សំខាន់​អស់​រយៈ​ពេល​១២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៤៥៦​មុនគ.ស. រហូត​ដល់​ក្រោយ​ឆ្នាំ​៤៤៣​មុនគ.ស.។

អ្នក​សរសេរ​សៀវភៅ​នោះ​គឺ​ជា​អភិបាល​នេហេមា។ សៀវភៅ​របស់​គាត់​ជា​កំណត់​ហេតុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ស្តី​អំពី​របៀប​ដែល​ការពឹងពាក់​ព្រះយេហូវ៉ា​ព្រម​ទាំង​ចាត់​វិធានការ​ម៉ឺងម៉ាត់ នោះ​បណ្ដាល​ឲ្យ​មាន​ការថ្វាយបង្គំ​ពិត​ត្រូវ​បាន​លើក​តម្កើង​ឡើង។ កំណត់ហេតុ​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​របៀប​ព្រះយេហូវ៉ា​ប្រើ​មធ្យោបាយ​ផ្សេងៗ​ដើម្បី​សម្រេច​គោលបំណង​របស់​ទ្រង់។ សៀវភៅ​នេហេមា​ក៏​ជា​កំណត់​ហេតុ​អំពី​អ្នក​ដឹកនាំ​ដ៏​មោះមុត​ក្លាហាន​ម្នាក់​ដែរ។ ខ្លឹមសារ​ក្នុង​សៀវភៅ​នេហេមា​បង្កប់​មេ​រៀន​សំខាន់ៗ​សម្រាប់​អ្នក​ថ្វាយបង្គំ​ពិត​គ្រប់​រូប​សព្វថ្ងៃ​នេះ ដ្បិត«ព្រះបន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

«[កំពែង]បាន​ធ្វើ​រួច​ជា​ស្រេច»

(នេហេមា ១:១​–​៦:១៩)

នេហេមា​កំពុងតែ​បម្រើ​ស្តេច​អើថាស៊ើកសេស ឡុងគីម៉ានូស នៅ​ក្នុង​ស៊ូសាន​ជា​ព្រះរាជវាំង ដោយ​មាន​មុខតំណែង​ដ៏​សំខាន់​មួយ។ នេហេមា​ទទួល​ដំណឹង​ថា អ្នក​រួម​ជាតិ​របស់​គាត់«មាន​សេចក្ដីវេទនា ហើយ​ត្រូវ​សេចក្ដីត្មះតិះដៀល​ជា​ខ្លាំង ចំណែក[កំពែង]នៃ​ក្រុង​យេរូសាឡិម ក៏​បាក់បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង»។ ដំណឹង​នេះ​ធ្វើ​ឲ្យ​គាត់​ខ្វល់ចិត្ត​ណាស់។ នេហេមា​អធិស្ឋាន​ទូល​ព្រះយេហូវ៉ា​អស់​ពី​ចិត្ត សុំ​ការណែនាំ​ពី​ទ្រង់។ (នេហេមា ១:៣, ៤) ជាយថាហេតុ ស្តេច​កត់សម្គាល់​នូវ​ភាព​ស្រងូតស្រងាត់​របស់​នេហេមា ហើយ​បើក​ឱកាស​ឲ្យ​គាត់​ត្រឡប់​ទៅ​យេរូសាឡិម​វិញ។

ក្រោយ​នេហេមា​ទៅ​ដល់​យេរូសាឡិម​ហើយ គាត់​ចាំ​ទាល់តែ​យប់ ទើប​ពិនិត្យ​មើល​សភាព​កំពែង។ បន្ទាប់​មក គាត់​ប្រាប់​ពួក​យូដា​ថា គាត់​មាន​គម្រោង​កសាង​កំពែង​ឡើង​វិញ។ កិច្ចការ​កសាង​ចាប់ផ្ដើម ហើយ​ការប្រឆាំង​ក៏​ចាប់ផ្ដើម​ដែរ។ ក៏​ប៉ុន្តែ​នៅ​ក្រោម​ការដឹកនាំ​ដ៏​អង់អាច​របស់​នេហេមា នោះ«[កំពែង]បាន​ធ្វើ​រួច​ជា​ស្រេច»។—នេហេមា ៦:១៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១; ២:១—ខ​ទាំង​ពីរ​នេះ​ចែង​អំពី«ឆ្នាំ​ទី២០» តើ​គេ​បាន​រាប់​ឆ្នាំ​នោះ​ចាប់​ពី​ខែ​ដដែល​ឬ​ទេ? ឆ្នាំ​នោះ​បាន​ត្រូវ​រាប់​ចាប់​ពី​ខែ​ដដែល​មែន។ នោះ​សំដៅ​លើ​ឆ្នាំ​ទី២០​នៃ​ការសោយរាជ្យ​របស់​ស្តេច​អើថាស៊ើកសេស។ ក៏​ប៉ុន្តែ របៀប​ដែល​គេ​បាន​រាប់​ឆ្នាំ​នោះ​ក្នុង​ខ​ទាំង​ពីរ​គឺ​ខុស​គ្នា។ ភស្តុតាង​ពី​ប្រវត្ដិសាស្ត្រ​បញ្ជាក់​ថា ឆ្នាំ​៤៧៥​មុនគ.ស. ជា​ឆ្នាំ​ដែល​ស្តេច​អើថាស៊ើកសេស​បាន​ឡើង​សោយរាជ្យ។ តាម​ធម្មតា ពួក​ស្មៀន​នៅ​បាប៊ីឡូន​រាប់​ឆ្នាំ​នៃ​ការសោយរាជ្យ​របស់​ស្តេច​ពើស៊ី​ចាប់​ពី​ខែ​ចេត្រ(ពី​ខែ​មីនា​ដល់​ខែ​មេសា)ទៅ​ដល់​ខែ​ចេត្រ​ឆ្នាំ​ក្រោយ។ ហេតុនេះ ឆ្នាំ​ទី​មួយ​ដែល​ស្តេច​អើថាស៊ើកសេស​បាន​គ្រប់គ្រង បាន​ចាប់ផ្ដើម​នៅ​ខែ​ចេត្រ ឆ្នាំ​៤៧៤​មុនគ.ស.។ ដូច្នេះ ឆ្នាំ​ទី២០​នៃ​ការគ្រប់គ្រង​របស់​ស្តេច​អើថាស៊ើកសេស​ដែល​ត្រូវ​រៀបរាប់​នៅ​នេហេមា ២:១ បាន​ចាប់ផ្ដើម​នៅ​ខែ​ចេត្រ នា​ឆ្នាំ​៤៥៥​មុនគ.ស.។ ខែ​មិគសិរ(ពី​ខែ​វិច្ឆិកា​ដល់​ខែ​ធ្នូ)ដែល​ត្រូវ​រៀបរាប់​នៅ​នេហេមា ១:១ ទំនង​ជា​ខែ​មិគសិរ​នៅ​ឆ្នាំ​មុន គឺ​៤៥៦​មុនគ.ស.។ នេហេមា​ប្រាប់​ថា​ខែ​នោះ​ក៏​នៅ​ក្នុង​ឆ្នាំ​ទី២០​នៃ​ការសោយរាជ្យ​របស់​ស្តេច​អើថាស៊ើកសេស​ដែរ។ ក្នុង​ករណី​នេះ ប្រហែល​ជា​នេហេមា​បាន​រាប់​ចាប់​ពី​ឆ្នាំ​ស្តេច​បាន​ឡើង​សោយរាជ្យ។ ម្យ៉ាង​វិញ​ទៀត ប្រហែល​ជា​នេហេមា​បាន​រាប់​ឆ្នាំ​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួក​យូដា​នៅ​សម័យ​នេះ​ហៅ​ថា​ឆ្នាំ​ស៊ីវិល។ ឆ្នាំ​ស៊ីវិល​ចាប់​ផ្ដើម​នៅ​ខែ​ធីជ្រី របស់​សាសន៍​យូដា​ដែល​ត្រូវ​នឹង​ខែ​កញ្ញា​ដល់​ខែ​តុលា។ ទោះ​ជា​បាន​រាប់​តាម​វិធី​ណា​ក៏​ដោយ ឆ្នាំ​ដែល​មាន​ការ​ចេញ​បង្គាប់​ឲ្យ​កសាង​ទី​ក្រុង​យេរូសាឡិម​ឡើង​វិញ គឺ​ជា​ឆ្នាំ​៤៥៥​មុនគ.ស.។

៤:១៧, ១៨—តើ​ពួក​គេ​អាច​ធ្វើការ​ដោយ​ដៃ​ម្ខាង​ប៉ុណ្ណោះ​បាន​យ៉ាង​ណា ពេល​កសាង​កំពែង​ទី​ក្រុង​ឡើង​វិញ​នោះ? សម្រាប់​ពួក​អ្នក​លី​សែង នោះ​មិន​មែន​ជា​ការពិបាក​ទេ។ ក្រោយ​លី​វត្ថុ​លើ​ស្មា​ហើយ ពួក​គេ​ស្រួល​ទប់​វត្ថុ​នោះ​ដោយ​ដៃ​ម្ខាង ហើយ​ដោយ«ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ដ្រាវុធ»។ ចំណែក​ពួក​ជាង​សាងសង់​ដែល​ត្រូវ​ប្រើ​ដៃ​ទាំង​ពីរ​ដើម្បី​ធ្វើការ​នោះ ពួក​គេ​បាន«ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើការ​ទាំង​ដូច្នោះ»។ បើ​ខ្មាំង​សត្រូវ​មក​វាយ​លុក នោះ​ពួក​គេ​បាន​ប្រុងប្រៀប​ខ្លួន​ហើយ ដើម្បី​វាយ​តប​វិញ។

៥:៧—តើ​ក្នុង​ន័យ​អ្វី​ដែល​នេហេមា​បាន«បន្ទោស​ដល់​ពួក​អ្នក​ធំ​នឹង​ពួក​មេ​ទាំង​ប៉ុន្មាន»នោះ? បុរស​ទាំង​នោះ​បាន​ទាមទារ​ការប្រាក់​ពី​សាសន៍​យូដា​គ្នា​ឯង។ ទង្វើ​នេះ​គឺ​ខុស​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ។ (លេវីវិន័យ ២៥:៣៦; ចោទិយកថា ២៣:១៩) ម្យ៉ាងវិញទៀត ការប្រាក់​ដែល​ម្ចាស់​បំណុល​បាន​ទាមទារ​គឺ​ខ្ពស់​ហួសហេតុ​ពេក។ ប្រសិន​បើ​បាន​ទារ​ឲ្យ​បង់​ប្រចាំ​ខែ នោះ​ការប្រាក់«១​ភាគ​ក្នុង​១០០»គឺ​ស្មើ​នឹង​១២​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។ (នេហេមា ៥:១១) ការទាមទារ​ដូច្នេះ​គឺ​អាក្រក់​ណាស់ ដ្បិត​ប្រជាជន​មាន​បន្ទុក​ធ្ងន់​រួច​ហើយ ដោយសារ​ត្រូវ​បង់​ពន្ធ​ច្រើន ហើយ​មិន​ទាំង​មាន​អាហារ​គ្រប់គ្រាន់​ផង។ នេហេមា​បាន​បន្ទោស​អ្នក​មាន​ក្នុង​ន័យ​ថា គាត់​បាន​ផ្អែក​ក្រឹត្យវិន័យ​របស់​ព្រះ​ដើម្បី​ស្តី​ប្រដៅ កែតម្រង់ ហើយ​លាតត្រដាង​កំហុស​របស់​ពួក​គេ។

៦:៥—តាម​ធម្មតា​សំបុត្រ​ដែល​ទាក់ទង​រឿង​សម្ងាត់​បាន​ត្រូវ​គេ​ច្រក​ថង់​ហើយ​បិទ​ត្រា​ជាប់ ដូច្នេះ​តើ​ហេតុអ្វី​បាន​ជា​លោក​សានបាឡាត​ផ្ញើ​«សំបុត្រ​បើក​ចំហ»ឲ្យ​នេហេមា? ដោយ​សរសេរ​ការចោទប្រកាន់​មិន​ពិត​ហើយ​ផ្ញើ​ទៅ​នេហេមា​ជា​សំបុត្រ​បើក​ចំហ​នោះ សានបាឡាត​ប្រហែល​ជា​ចង់​ឲ្យ​មនុស្ស​ទូទៅ​ដឹង​ពី​ការចោទប្រកាន់​របស់​គាត់។ ប្រហែល​ជា​សានបាឡាត​បាន​សង្ឃឹម​ថា សំបុត្រ​នោះ​នឹង​ធ្វើ​ឲ្យ​នេហេមា​ខឹង​ដល់​ម្ល៉េះ ដែល​គាត់​នឹង​ឈប់​ធ្វើ​កិច្ចការ​កសាង​ហើយ​ទៅ​ជួប​សានបាឡាត​ដើម្បី​តវ៉ា។ ម្យ៉ាងវិញទៀត ប្រហែល​ជា​សានបាឡាត​គិតស្មាន​ថា​អ្វី​ដែល​គាត់​សរសេរ នឹង​ធ្វើ​ឲ្យ​សាសន៍​យូដា​ជ្រួលច្របល់​រហូត​ដល់​ពួក​គេ​ឈប់​ធ្វើ​កិច្ចការ​កសាង​តែ​ម្ដង។ នេហេមា​មិន​បាន​ឲ្យ​សំបុត្រ​នោះ​ដើម្បី​បំភ័យ​គាត់​ឡើយ។ គាត់​គ្រាន់​តែ​បាន​បន្ត​កិច្ចការ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ដោយ​ចិត្ត​ស្ងប់​វិញ។

មេ​រៀន​សម្រាប់​យើង:

១:៤; ២:៤; ៤:៤, ៥: នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ពិបាក​ឬ​ក៏​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដ៏​សំខាន់ យើង​គួរ«ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដីអធិស្ឋាន» ហើយ​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​តាម​ការណែនាំ​ពី​ព្រះ។—រ៉ូម ១២:១២

១:១១​–​២:៨; ៤:៤, ៥, ១៥, ១៦; ៦:១៦: ព្រះយេហូវ៉ា​តបឆ្លើយ​នឹង​សេចក្ដីអធិស្ឋាន​ដ៏​ស្មោះ​របស់​អ្នក​បម្រើ​ទ្រង់។—ទំនុកដំកើង ៨៦:៦, ៧

១:៤; ៤:១៩, ២០; ៦:៣, ១៥: នេហេមា​មាន​សេចក្ដីមេត្ដាករុណា​និង​ចេះ​អាណិតអាសូរ​ដែរ ហើយ​គាត់​ជា​គំរូ​ល្អ​ណាស់ ស្តី​ពី​ការចាត់​វិធានការ​ម៉ឺងម៉ាត់​ដើម្បី​គាំទ្រ​សេចក្ដីសុចរិត។

១:១១​–​២:៣: អ្វី​ដែល​ធ្វើ​ឲ្យ​នេហេមា​សប្បាយ​បំផុត​មិន​មែន​ជា​មុខ​តំណែង​ជា​អ្នក​ថ្វាយ​ពែង​ស្តេច​ឡើយ តែ​គឺ​ជា​ការជួយ​ឲ្យ​ការថ្វាយបង្គំ​ពិត​រីក​ចំរើន​ទៅ​វិញ។ ការថ្វាយបង្គំ​ព្រះយេហូវ៉ា ហើយ​អ្វីៗ​ដែល​គាំទ្រ​ការថ្វាយបង្គំ​ទ្រង់ ក៏​គួរ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​បំផុត​ហើយ​គួរ​ជា​អ្វី​សំខាន់​បំផុត​ចំពោះ​យើង​ដែរ មែន​ទេ?

២:៤​-​៨: ព្រះយេហូវ៉ា​បណ្ដាល​ព្រះទ័យ​ស្តេច​អើថាស៊ើកសេស​អនុញ្ញាត​ឲ្យ​នេហេមា​ទៅ​កសាង​កំពែង​យេរូសាឡិម​ឡើង​វិញ។ សុភាសិត ២១:១ ចែង​ថា៖ «ព្រះទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះហស្ត​ព្រះយេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង​ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះហឫទ័យ»។

៣:៥, ២៧: យើង​មិន​គួរ​មាន​ទស្សនៈ​ដូច«ពួក​អ្នក​មាន​ត្រកូល​ខ្ពស់»ក្នុង​ពួក​ត្កូអា ដែល​បាន​ចាត់ទុក​ការធ្វើ​ពលកម្ម​ក្នុង​បំណង​គាំទ្រ​ការថ្វាយបង្គំ​ពិត​ជា​កិច្ចការ​ដែល​បន្ទាបបន្ថោក​ខ្លួន​នោះ។ ផ្ទុយទៅវិញ​យើង​គួរ​យក​តម្រាប់​តាម​ពួក​ត្កូអា​សាមញ្ញ​ដែល​ស្ម័គ្រចិត្ត​ធ្វើការ​វិញ។

៣:១០, ២៣, ២៨​-​៣០: ទោះ​ជា​បងប្អូន​ខ្លះ​អាច​រើ​ទៅ​នៅ​កន្លែង​ដែល​ត្រូវការ​អ្នក​ផ្សាយ​ព្រះរាជាណាចក្រ​ច្រើន​ជាង​ក៏​ពិត​មែន តែ​យើង​ជា​ច្រើន​នាក់​គាំទ្រ​ការថ្វាយបង្គំ​ពិត​នៅ​កន្លែង​របស់​ខ្លួន​វិញ។ យើង​អាច​គាំទ្រ​ដោយ​ចូលរួម​ពេល​កសាង​សាលព្រះរាជាណាចក្រ ថែម​ទាំង​ដោយ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​ធម្មជាតិ។ សំខាន់​បំផុត យើង​គាំទ្រ​ការថ្វាយបង្គំ​ពិត​ដោយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​សារ​ព្រះរាជាណាចក្រ។

៤:១៤: ពេល​មាន​ការប្រឆាំង យើង​ក៏​អាច​ឈ្នះ​អារម្មណ៍​ភ័យខ្លាច​ដែរ​ដោយ​នឹក​រឭក​ដល់«ព្រះអម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែងខ្លាច​វិញ»។

៥:១៤​-​១៩: សម្រាប់​អ្នក​ត្រួតពិនិត្យ​ក្នុង​ក្រុមជំនុំ​គ្រីស្ទាន​ពិត អភិបាល​នេហេមា​គឺ​ជា​គំរូ​ល្អ​ណាស់​ស្តី​អំពី​ចិត្តរាបទាប ការមិន​រក​ប្រយោជន៍​ខ្លួន និង​ការរិះគិត​ពិចារណា។ ទោះ​ជា​គាត់​ខ្នះខ្នែង​ជំរុញ​ឲ្យ​ប្រជាជន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ក៏​ពិត​មែន គាត់​មិន​បាន​ជិះជាន់​អ្នក​ឯទៀត​ដើម្បី​រក​ប្រយោជន៍​ខ្លួន​ទេ។ ផ្ទុយទៅវិញ គាត់​បាន​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​ជិះជាន់​ហើយ​ចំពោះ​ជន​ក្រីក្រ​ផង។ នេហេមា​ជា​គំរូ​ល្អ​សម្រាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះយេហូវ៉ា ស្តី​អំពី​ការមាន​ចិត្តទូលាយ។

«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! សូម​ទ្រង់​នឹក​ចាំ​ពី​ទូល​បង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ​ផង»

(នេហេមា ៧:១​–​១៣:៣១)

ពេល​ដែល​កំពែង​យេរូសាឡិម​កសាង​រួច​ហើយ នេហេមា​ដាក់​សន្លឹក​ទ្វារ​ទី​ក្រុង​ហើយ​ចាត់​តាំង​ឲ្យ​មាន​អ្នក​យាម​ទ្វារ។ បន្ទាប់​មក​គាត់​ធ្វើ​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​ប្រជាជន។ ក្រោយ​ប្រជាជន​ជួបជុំ«នៅ​ទីធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក» នោះ​អែសរ៉ា​ដែល​ជា​សង្ឃ គាត់​អាន​ពី​ក្រឹត្យវិន័យ​លោក​ម៉ូសេ ហើយ​នេហេមា​និង​ពួក​លេវី​ពន្យល់​ប្រជាជន​ឲ្យ​យល់​ក្រឹត្យវិន័យ​នោះ។ (នេហេមា ៨:១) ពេល​ដែល​ប្រជាជន​រៀន​អំពី​បុណ្យ​បារាំ ពួក​គេ​ធ្វើ​បុណ្យ​នោះ​ដោយ​ត្រេកអរ​យ៉ាង​ខ្លាំង។

ក្រោយ​មក​ប្រជាជន​ជួបជុំ​គ្នា​ម្ដង​ទៀត។ ទី​នោះ«ពូជ​អ៊ីស្រាអែល»លន់​តួ​អំពើ​បាប​របស់​ប្រជាជន។ ពួក​លេវី​រៀបរាប់​អំពី​របៀប​ព្រះ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​អ៊ីស្រាអែល ហើយ​ប្រជាជន​ស្បថ«កាន់​តាម​ក្រិត្យវិន័យ​របស់​ព្រះ»។ (នេហេមា ៩:១, ២; ១០:២៩) ដោយសារ​ទី​ក្រុង​យេរូសាឡិម​មិន​សូវ​មាន​អ្នក​ណា​នៅ នោះ​ប្រជាជន​ដែល​រស់​នៅ​ក្រៅ​ទី​ក្រុង បាន​ចាប់ឆ្នោត​ឲ្យ​ម្នាក់​ក្នុង​ដប់​នាក់​ចូល​មក​នៅ​ទី​ក្រុង​វិញ។ បន្ទាប់​មក​មាន​ពិធី​សម្ពោធ​កំពែង​ទី​ក្រុង។ ពិធី​នោះ​ប្រកប​ដោយ​ភាព​អ៊ូអរ​រហូត​ដល់«សេចក្ដី​អំណរ​ដែល​មាន​នៅ​ក្រុង​យេរូសាឡិម បាន​ឮ​ផ្សាយ​ទៅ​ឆ្ងាយ»។ (នេហេមា ១២:៤៣) ១២​ឆ្នាំ​បន្ទាប់​ពី​នេហេមា​ទៅ​ទី​ក្រុង​យេរូសាឡិម គាត់​ត្រឡប់​មក​បម្រើ​ស្តេច​អើថាស៊ើកសេស​វិញ។ បន្ដិចម្ដងៗ​មិន​យូរ​ក្រោយ​ដែល​គាត់​ចេញ​នោះ សាសន៍​យូដា​ទៅ​ជា​មិន​ស្អាត​វិញ។ ពេល​ដែល​នេហេមា​ត្រឡប់​ទៅ​យេរូសាឡិម​វិញ គាត់​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​កែតម្រូវ​ពួក​គេ។ ដោយ​ចិត្តរាបទាប​គាត់​អធិស្ឋាន​ទូល​សុំ​ថា៖ «សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដើម្បី​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​សេចក្ដី​ល្អ»។—នេហេមា ១៣:៣១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៧:៦​-​៦៧—បញ្ជី​ឈ្មោះ​របស់​នេហេមា​ស្តី​ពី​អ្នក​ដែល​បាន​ត្រឡប់​ទៅ​យេរូសាឡិម​វិញ​ជា​មួយ​សូរ៉ូបាបិល គឺ​ខុស​ពី​បញ្ជី​របស់​អែសរ៉ា​ត្រង់​ចំនួន​បុគ្គល​ដែល​បាន​ត្រឡប់​ទៅ​វិញ​ពី​ក្រុម​គ្រួសារ​នីមួយៗ តើ​ហេតុ​អ្វី? (អែសរ៉ា ២:១​-​៦៥) មូលហេតុ​ដែល​មាន​ភាព​ខុសគ្នា ប្រហែល​ជា​ដោយសារ​អែសរ៉ា និង​នេហេមា បាន​ប្រើ​ប្រភព​ព័ត៌មាន​ខុសគ្នា។ ជា​ឧទាហរណ៍ ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ត្រឡប់​ទៅ​យេរូសាឡិម​ប្រហែល​ជា​ខុសគ្នា​ពី​ចំនួន​អ្នក​ដែល​ពិត​ជា​បាន​ត្រឡប់​ទៅ។ ម្យ៉ាងទៀត ប្រហែល​ជា​ឯកសារ​ទាំង​ពីរ​គឺ​ខុសគ្នា​ដោយសារ​សាសន៍​យូដា​ខ្លះ មិន​អាច​បញ្ជាក់​ពង្សាវតារ​របស់​ខ្លួន​នៅ​ដើម​ដំបូង​បាន​ឡើយ តែ​ក្រោយ​មក​បាន​បញ្ជាក់​វិញ។ ក៏​ប៉ុន្តែ​កំណត់​ហេតុ​ទាំង​ពីរ​ស្រប​គ្នា​ត្រង់​ចំណុច​មួយ ពោល​គឺ​មាន​ចំនួន​៤២.៣៦០​នាក់​ត្រឡប់​ទៅ​វិញ ក្រៅ​ពី​អ្នក​បម្រើ​និង​អ្នក​ចម្រៀង។

១០:៣៤—ហេតុ​អ្វី​បាន​ជា​ប្រជាជន​ត្រូវ​ប្រមូល​ឱស? ក្រឹត្យវិន័យ​លោក​ម៉ូសេ​មិន​តម្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ជា​ឱស​នោះ​ទេ។ ប្រជាជន​ត្រូវ​ប្រមូល​ឱស​ដោយសារ​តែ​មាន​សេចក្ដីត្រូវការ​ប៉ុណ្ណោះ។ ពួក​គេ​ត្រូវការ​ឱស​ជា​ច្រើន​សម្រាប់​ដុត​ដង្វាយ​លើ​អាសនៈ។ ពួក​នេធីនិម​ជា​ជន​សាសន៍​ដទៃ​ដែល​បម្រើ​នៅ​ព្រះ​វិហារ។ ប៉ុន្តែ​តាម​មើល​ទៅ​គ្មាន​ពួក​នេធីនិម​គ្រប់គ្រាន់​ឡើយ។ ហេតុនេះ​ប្រជាជន​បាន​ចាប់ឆ្នោត​ឲ្យ​អ្នក​ខ្លះ​ប្រមូល​ឱស ដើម្បី​ធានា​ឲ្យ​មាន​ឱស​ល្មម​គ្រប់គ្រាន់​ជានិច្ច។

១៣:៦—តើ​វេលា​ដែល​នេហេមា​មិន​នៅ​ក្រុង​យេរូសាឡិម​គឺ​អស់​រយៈ​ពេល​ប៉ុន្មាន? ព្រះគម្ពីរ​គ្រាន់​តែ​ចែង​ថា«ក្រោយ​យូរ​បន្ដិច​មក»ឬ​បើ​បកប្រែ​ចំ​តាម​ភាសា​ដើម​គឺ«លុះ​ដល់​ចុង​បំផុត​គ្រា​នោះ» នេហេមា​បាន​សូម​ព្រះរាជានុញ្ញាត ដើម្បី​ត្រឡប់​ទៅ​យេរូសាឡិម​វិញ។ ហេតុនេះ យើង​មិន​អាច​ដឹង​ច្បាស់​ពី​រយៈ​ពេល​ដែល​គាត់​មិន​នៅ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ​ពេល​ដែល​នេហេមា​ត្រឡប់​ទៅ​យេរូសាឡិម​វិញ គាត់​ឃើញ​ថា​ប្រជាជន​មិន​គាំទ្រ​ពួក​សង្ឃ ហើយ​មិន​គោរព​តាម​ច្បាប់​ខាង​ថ្ងៃ​ឈប់សំរាក​ឡើយ។ ពួក​គេ​ជា​ច្រើន​នាក់​បាន​រៀបការ​ប្រពន្ធ​សាសន៍​ដទៃ ហើយ​កូន​របស់​គេ​មិន​ទាំង​ចេះ​និយាយ​ភាសា​របស់​ជនជាតិ​យូដា​ទៀត។ នេហេមា​ទំនង​ជា​បាន​នៅ​ក្រៅ​យេរូសាឡិម​មួយ​រយៈ​យូរ ទើប​មាន​ពេល​គ្រប់គ្រាន់​ឲ្យ​ស្ថានភាព​ចុះ​អន់ថយ​ដល់​ថ្នាក់​នោះ។

១៣:២៥, ២៨—ក្រៅ​ពី«តវ៉ា»នឹង​ពួក​យូដា​ដែល​បាន​វិល​ទៅ​ដើរ​គន្លង​ចាស់​ឡើង​វិញ​នោះ តើ​នេហេមា​បាន​ចាត់​វិធានការ​អ្វី​ទៀត​ដើម្បី​កែតម្រង់​ពួក​គេ? នេហេមា​បាន«ដាក់​បណ្ដាសា»ពួក​គេ​ក្នុង​ន័យ​ថា គាត់​បាន​ប្រាប់​ពី​ទោស​ដែល​ពួក​គេ​ត្រូវ​ទទួល​តាម​ក្រឹត្យវិន័យ​របស់​ព្រះ។ គាត់​បាន«វាយ​គេ​ខ្លះ» ប្រហែល​ជា​ដោយ​បង្គាប់​ឲ្យ​ដាក់​ទោស​តាម​ច្បាប់។ ដើម្បី​បង្ហាញ​ថា​គាត់​ខឹង​ដោយសារ​ពួក​គេ​បាន​ធ្វើ​ខុស​ច្បាប់​នោះ នេហេមា​បាន«បោច​សក់​គេ​ផង»។ គាត់​ក៏​បាន​បណ្ដេញ​ចៅ​ប្រុស​របស់​សម្ដេច​សង្ឃ​អេលីយ៉ាស៊ីប ដែល​បាន​រៀបការ​ជា​មួយ​កូន​ស្រី​របស់​សានបាឡាត​ពី​ស្រុក​ហូរ៉ូណែម។

មេ​រៀន​សម្រាប់​យើង:

៨:៨: ក្នុង​នាម​ជា​អ្នក​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ យើង«ស្រាយ​ន័យ​សេចក្ដី»ដោយ​បន្លឺ​សូរស័ព្ទ​ត្រឹមត្រូវ ហើយ​សង្កត់​ពាក្យ​សំខាន់ៗ។ យើង​ក៏​ពន្យល់​បទគម្ពីរ​យ៉ាង​ត្រឹមត្រូវ​ដោយ ពន្យល់​នូវ​របៀប​ដែល​អនុវត្ត​យ៉ាង​ច្បាស់​លាស់​ផង​ដែរ។

៨:១០: យើង​មាន«សេចក្ដីអំណរ​របស់​ព្រះយេហូវ៉ា»ពេល​យើង​ទទួល​ស្គាល់​និង​បំពេញ​នូវ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ​របស់​យើង ថែម​ទាំង​ធ្វើ​តាម​ការណែនាំ​ពី​ព្រះ។ ជា​ការសំខាន់​ណាស់! ដែល​យើង​ព្យាយាម​សិក្សា​ព្រះគម្ពីរ ចូល​រួម​កិច្ចប្រជុំ​យ៉ាង​ទៀងទាត់ ហើយ​ខ្នះខ្នែង​ផ្សព្វផ្សាយ​អំពី​ព្រះរាជាណាចក្រ​ដោយ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។

១១:២: អ្នក​ដែល​ចាកចេញ​ពី​ស្រុក​ជា​មត៌ក​ខ្លួន ហើយ​ទៅ​រស់​នៅ​ក្រុង​យេរូសាឡិម​វិញ ត្រូវ​ចំណាយ​ធនធាន​របស់​ខ្លួន​ថែម​ទាំង​ត្រូវ​លះបង់​ផល​ប្រយោជន៍​ខ្លះៗ​ដែរ។ អ្នក​ដែល​បាន​ស្ម័គ្រចិត្ត​រើ​ទៅ​នៅ​ទី​នោះ​មាន​ស្មារតី​លះបង់​ប្រយោជន៍​ខ្លួន។ យើង​ក៏​អាច​បង្ហាញ​ចិត្តគំនិត​បែប​នោះ​ពេល​ដែល​មាន​ឱកាស​ស្ម័គ្រចិត្ត​ជួយ​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ដល់​អ្នក​ឯទៀត នៅ​មហាសន្និបាត​ឬ​នៅ​គ្រា​ផ្សេង​ទៀត។

១២:៣១, ៣៨, ៤០​-​៤២: ការច្រៀង​ជា​វិធី​ល្អ​ដើម្បី​សរសើរ​ព្រះយេហូវ៉ា​ហើយ​បញ្ជាក់​នូវ​កតញ្ញូ​ធម៌​ចំពោះ​ទ្រង់។ យើង​គួរ​ច្រៀង​អស់​ពី​ចិត្ត​នៅ​ឯ​កិច្ចប្រជុំ​គ្រីស្ទាន។

១៣:៤​-​៣១: យើង​ត្រូវ​ប្រុងប្រយ័ត្ន មិន​ឲ្យ​វត្ថុនិយម អំពើ​ពុករលួយ និង​ការក្បត់ជំនឿ​មាន​ឥទ្ធិពល​មក​លើ​យើង។

១៣:២២: នេហេមា​ដឹង​ច្បាស់​ថា​គាត់​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ។ យើង​ត្រូវ​តែ​ចាំ​ឲ្យ​ច្បាស់​ថា​យើង​ក៏​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ដែរ។

ពរ​ពី​ព្រះយេហូវ៉ា​គឺ​ជា​ការចាំបាច់​ណាស់!

អ្នក​តែង​ទំនុកដំកើង​បាន​ច្រៀង​ថា៖ «បើ​គ្មាន​ព្រះយេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើការ​ជា​ឥត​ប្រយោជន៍​ទេ»។ (ទំនុកដំកើង ១២៧:១) សៀវភៅ​នេហេមា​បង្ហាញ​ឲ្យ​ឃើញ​ចំណុច​នេះ​ច្បាស់​ណាស់!

កំណត់ហេតុ​នេះ​បញ្ជាក់​ច្បាស់​នូវ​មេរៀន​មួយ ពោល​គឺ ប្រសិន​បើ​យើង​ចង់​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​សម្រេច នោះ​យើង​ត្រូវ​តែ​មាន​ពរ​ពី​ព្រះយេហូវ៉ា។ តើ​យើង​គួរ​សង្ឃឹម​ថា​ព្រះយេហូវ៉ា​នឹង​ប្រទាន​ពរ​មក​លើ​យើង បើ​យើង​មិន​ចាត់ទុក​ការថ្វាយបង្គំ​ពិត​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ឬ? ហេតុនេះ ចូរ​ឲ្យ​យើង​ចាត់ទុក​ការថ្វាយបង្គំ​ព្រះយេហូវ៉ា​និង​ការជួយ​ឲ្យ​ការថ្វាយបង្គំ​នោះ​រីកចំរើន​ជា​អ្វី​សំខាន់​បំផុត ដូច​នេហេមា​ដែរ។

[រូបភាព​នៅ​ទំព័រ​៨]

«ព្រះទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះហស្ត​ព្រះយេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង​ឡាយ»

[រូបភាព​នៅ​ទំព័រ​៩]

នេហេមា​ត្រឡប់​មក​ទី​ក្រុង​យេរូសាឡិម ដោយ​មាន​ទាំង​ចិត្តមេត្ដាករុណា​និង​ទាំង​ស្មារតី​ចាត់​វិធានការ​ទៀត​ផង

[រូបភាព​នៅ​ទំព័រ​១០, ១១]

តើ​អ្នក​ចេះ«ស្រាយ​ន័យ​សេចក្ដី»ក្នុង​ព្រះបន្ទូល​របស់​ព្រះ​ទេ?