ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
ចូរតស៊ូនឹងសាតាំង នោះវានឹងរត់ចេញពីយើង!
«[ចូរ]ចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ! នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។—យ៉ាកុប ៤:៧
១, ២. (ក) តើពាក្យក្នុងសៀវភៅអេសាយ ជំពូក១៤ បង្ហាញអំពីលក្ខណៈណារបស់អារក្ស? (ខ) តើយើងនឹងពិភាក្សាសំណួរអ្វី?
អារក្សជាអ្នកមានឫកខ្ពស់ដែលស្រឡាញ់ខ្លួនឯងជាទីបំផុត។ ព្យាការីរបស់ព្រះ ឈ្មោះអេសាយ បានសរសេរពាក្យដែលបង្ហាញឲ្យឃើញអំនួតរបស់សាតាំង។ ជាងមួយរយឆ្នាំមុនសាសន៍បាប៊ីឡូនបានក្លាយជាមហាអំណាចនោះ អេសាយបានសរសេរទំនាយមួយដែលមើលទៅដូចជារាស្ត្ររបស់ព្រះយេហូវ៉ាពោលពាក្យទាស់នឹង«ស្តេចក្រុងបាប៊ីឡូន»។ អេសាយបានសរសេរថា៖ «ឯងបានគិតក្នុងចិត្តថា៖ ‹អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ[គឺស្តេចនានាដែលស្ថិតក្នុងរាជវង្សដាវីឌ] . . . អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត›»។ (អេសាយ ១៤:៣, ៤, ១២-១៥; ជនគណនា ២៤:១៧) សាតាំងជា«ព្រះរបស់លោកីយនេះ»ហើយវាមានអំនួតដូច«ស្តេចក្រុងបាប៊ីឡូន»នោះ។ (កូរិនថូសទី២ ៤:៤) ឫកខ្ពស់របស់សាតាំងនឹងនាំឲ្យវាទទួលសេចក្ដីហិនវិនាសដូចចក្រភពបាប៊ីឡូនដែលបានធ្លាក់ពីអំណាចគួរឲ្យអាម៉ាស់មុខ។
២ ប៉ុន្តែ ដរាបណាដែលមានអារក្សនៅឡើយ យើងប្រហែលជាឆ្ងល់ថា៖ តើយើងគួរខ្លាចសាតាំងឬ? ហេតុអ្វីក៏វាញុះញង់មនុស្សឲ្យបៀតបៀនពួកគ្រីស្ទាន? ហើយតើយើងអាចធ្វើអ្វីកុំឲ្យអារក្សមានឱកាសឈ្នះលើយើង?
តើយើងគួរខ្លាចអារក្សឬ?
៣, ៤. ហេតុអ្វីបានជាពួកគ្រីស្ទានចាក់ប្រេងតាំងនិងគូកនរបស់ពួកគាត់មិនខ្លាចអារក្ស?
៣ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលដែលពិតជាពង្រឹងកម្លាំងចិត្តរបស់ពួកគ្រីស្ទានចាក់ប្រេងតាំង។ ទ្រង់មានបន្ទូលថា៖ «កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ។ មើល! អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ។ ដូច្នេះចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ! នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង»។ (វិវរណៈ ២:១០) ពួកអ្នកចាក់ប្រេងតាំងនិងគូកនរបស់ពួកគាត់ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីមិនខ្លាចអារក្សទេ។ ពួកគាត់មិនខ្លាចនោះ មិនមែនដោយសារមានចិត្តក្លាហានស្រាប់ទេ តែពីព្រោះពួកគាត់កោតខ្លាចព្រះនិង«ជ្រកនៅម្លប់នៃស្លាបទ្រង់»វិញ។—ទំនុកដំកើង ៣៤:៩; ៣៦:៧
៤ សិស្សរបស់ព្រះយេស៊ូគ្រីស្ទនៅសម័យដើមក៏មិនខ្លាចដែរ ហើយទោះជាពួកគេបានរងទុក្ខលំបាកច្រើនក៏ដោយ គេក៏បានរក្សាចិត្តស្មោះភក្ដីរហូតដល់ស្លាប់។ ពួកគេមិនខ្លាចថាសាតាំងអាចធ្វើបាបដល់គេទេ ដ្បិតពួកគេដឹងថាព្រះយេហូវ៉ាមិនបោះបង់ចោលពួកអ្នកដែលស្មោះត្រង់ចំពោះទ្រង់ឡើយ។ ស្រដៀងគ្នាដែរ ពួកគ្រីស្ទានចាក់ប្រេងតាំងនិងគូកនទាំងឡាយរបស់គាត់ដែលបានឧទ្ទិសថ្វាយខ្លួនហើយ ប្ដេជ្ញាមិនព្រមលះបង់ចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះទេ ពេលទទួលទុក្ខបៀតបៀនយ៉ាងខ្លាំងនៅសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ សាវ័ក
ប៉ុលបានបញ្ជាក់ថា អារក្សអាចបង្កហេតុឲ្យមនុស្សស្លាប់។ ដូច្នេះ តើយើងគួរខ្លាចទេ?៥. តើយើងរៀនអ្វីពីហេព្រើរ ២:១៤, ១៥?
៥ ប៉ុលបានមានប្រសាសន៍ថា ព្រះយេស៊ូទទួលចំណែកជាសាច់ឈាម«ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះដែលមានអំណាចលើសេចក្ដីស្លាប់[ឬ«អាចបង្កហេតុឲ្យមនុស្សស្លាប់»] គឺជាអារក្ស ដោយទ្រង់សុគត ហើយឲ្យបានប្រោសដល់ពួកអ្នកនោះដែលជាប់ជាបាវបម្រើគ្រប់១ជីវិតដោយខ្លាចស្លាប់ឲ្យបានរួចចេញវិញ»។ (ហេព្រើរ ២:១៤, ១៥; ព.ថ.) ក្នុងនាមជាអ្នកដែល«អាចបង្កហេតុឲ្យមនុស្សស្លាប់» សាតាំងមានឥទ្ធិពលលើយូដាស អ៊ីស្ការីយ៉ុត ហើយក្រោយមកបានប្រើពួកមេដឹកនាំសាសនាយូដានិងពួករ៉ូមឲ្យប្រហារជីវិតព្រះយេស៊ូ។ (លូកា ២២:៣; យ៉ូហាន ១៣:២៦, ២៧) យ៉ាងណាក៏ដោយ ព្រះយេស៊ូរំដោះមនុស្សដែលមានបាបឲ្យរួចពីអំណាចរបស់សាតាំងដោយសារការសោយទិវង្គតរបស់ទ្រង់ជាយញ្ញបូជាលោះ ហើយនេះបានប្រោសប្រទានដល់យើងនូវលទ្ធភាពទទួលជីវិតជារៀងរហូត។—យ៉ូហាន ៣:១៦
៦, ៧. តើអារក្សមានសមត្ថភាពប៉ុនណាទៅ ក្នុងការបង្កហេតុឲ្យមនុស្សស្លាប់?
៦ តើអារក្សមានសមត្ថភាពប៉ុនណាទៅ ក្នុងការបង្កហេតុឲ្យមនុស្សស្លាប់? តាំងពីសាតាំងបានចាប់ផ្ដើមធ្វើអំពើអាក្រក់នោះ វាបានបង្កឲ្យមនុស្សស្លាប់ដោយនាំគេវង្វេងតាមពាក្យកុហករបស់វា។ នេះបានកើតឡើងមែន ពេលអ័ដាមប្រព្រឹត្តអំពើបាប ហើយជាលទ្ធផលនោះបាបនិងសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ (រ៉ូម ៥:១២) ម្យ៉ាងទៀត គ្នីគ្នារបស់សាតាំងនៅលើផែនដីបានបៀតបៀនពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា ជួនកាលរហូតដល់ស្លាប់ក៏មាន ដូចគេបានធ្វើដល់ព្រះយេស៊ូគ្រីស្ទដែរ។
៧ យ៉ាងណាក្ដី កុំឲ្យយើងគិតថាអារក្សអាចសម្លាប់មនុស្សណាក៏បានតាមតែចិត្តវា។ ព្រះយេហូវ៉ាការពារពួកអ្នកដែលជារបស់ផងទ្រង់ ហើយទ្រង់មិនអនុញ្ញាតឲ្យសាតាំងបំផ្លាញចោលពួកអ្នកថ្វាយបង្គំពិតទាំងអស់នៅលើផែនដីទេ។ (រ៉ូម ១៤:៨) ព្រះយេហូវ៉ាអនុញ្ញាតឲ្យរាស្ត្រទាំងអស់របស់ទ្រង់រងការបៀតបៀនពិតមែន ហើយទ្រង់ក៏អនុញ្ញាតឲ្យអ្នកខ្លះស្លាប់ផងដែរ ដោយសារការពាធារបស់អារក្ស។ ប៉ុន្តែ ព្រះគម្ពីរសន្យាអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន ថាពួកអ្នកដែលមានឈ្មោះក្នុង«សៀវភៅរំឭក»របស់ព្រះ អាចរស់ឡើងវិញបាន ហើយអារក្សមិនអាចធ្វើអ្វីសោះដើម្បីរារាំងការប្រោសឲ្យរស់ឡើងវិញនេះ!—ម៉ាឡាគី ៣:១៦; យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥
ហេតុអ្វីបានជាសាតាំងបៀតបៀនយើង?
៨. ហេតុអ្វីបានជាសាតាំងបៀតបៀនពួកអ្នកដែលបម្រើព្រះ?
៨ បើយើងជាអ្នកបម្រើស្មោះត្រង់របស់ព្រះ មានមូលហេតុចំបងមួយដែលអារក្សញុះញង់មនុស្សឲ្យបៀតបៀនយើង។ វាមានបំណងធ្វើឲ្យយើងបោះបង់ចោលជំនឿរបស់យើង។ យើងមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ហើយសាតាំងប្រាថ្នាចង់កាត់ផ្ដាច់នូវចំណងមេត្រីភាពនោះ។ នេះក៏មិនជាការចំឡែកអ្វីឡើយ ដ្បិតក្នុងសួនច្បារអេដែននោះ ព្រះយេហូវ៉ាបានទាយថា «ស្ត្រី»និង«ពស់»ដែលជានិមិត្តរូបនោះ ត្រូវមានសេចក្ដីខ្មាំងនឹងគ្នា ហើយ«ពូជនាង»និង‹ពូជពស់›ក៏ត្រូវមានសេចក្ដីខ្មាំងនឹងគ្នាដែរ។ (លោកុប្បត្តិ ៣:១៤, ១៥) ព្រះគម្ពីរសំគាល់អារក្សជា«ពស់ពីបុរាណ» ហើយបង្ហាញថា វាមានពេលវេលាខ្លីណាស់ហើយ ព្រមទាំងមានសេចក្ដីឃោរឃៅជាខ្លាំង។ (វិវរណៈ ១២:៩, ១២) ដរាបណាដែល«ពូជ»ទាំងពីរនៅមានសេចក្ដីខ្មាំងនឹងគ្នា ដរាបនោះឯងពួកអ្នកដែលបម្រើព្រះយេហូវ៉ាដោយចិត្តស្មោះភក្ដីនឹងទទួលសេចក្ដីបៀតបៀន។ (ធីម៉ូថេទី២ ៣:១២) តើអ្នកដឹងថា សាតាំងបៀតបៀនយើងដោយផ្អែកលើមូលហេតុអ្វីទៀតទេ?
៩, ១០. តើអារក្សបានចោទអ្វីទៅ? តើកិរិយាប្រព្រឹត្តរបស់មនុស្សលោកទាក់ទងនឹងការចោទប្រឆាំងនោះយ៉ាងណា?
៩ អារក្សបានចោទចំពោះអធិបតេយ្យសកលលោករបស់ព្រះ។ ម្យ៉ាងទៀត វាបានចោទថា មនុស្សនឹងមិនរក្សាចិត្តស្មោះគ្រប់លក្ខណ៍ស្ម័គ្រពីចិត្តចំពោះព្រះដែលជាអ្នកបង្កើតគេទេ។ សាតាំងបានញុះញង់ឲ្យគេបៀតបៀនលោកយ៉ូបដែលជាមនុស្សទៀងត្រង់។ ហេតុអ្វី? ពីព្រោះវាចង់កាត់ផ្ដាច់នូវចិត្តស្មោះគ្រប់លក្ខណ៍របស់យ៉ូបចំពោះព្រះយេហូវ៉ា។ ភរិយារបស់យ៉ូបនិង«អ្នកកំសាន្តចិត្ត»បីនាក់«ដែលនាំឲ្យ[យ៉ូប]ល្វើយវិញ» ជាភ្នាក់ងារដែលអារក្សប្រើនៅគ្រានោះដើម្បីសម្រេចបំណងរបស់វា។ ដូចបានបញ្ជាក់ក្នុងសៀវភៅយ៉ូបនោះ អារក្សបានចោទចំពោះព្រះថា គ្មានមនុស្សណានឹងរក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះទ្រង់ទេ បើព្រះអនុញ្ញាតឲ្យសាតាំងល្បងលអ្នកនោះ។ ប៉ុន្តែ យ៉ូបបានរក្សាចិត្តស្មោះគ្រប់លក្ខណ៍វិញ ហើយនេះជាទីសំអាងដែលបង្ហាញថា សាតាំងជាអ្នកកុហកពិតមែន។ (យ៉ូប ១:៨–២:៩; ១៦:២; ២៧:៥; ៣១:៦) អារក្សក៏បៀតបៀនពួកស្មរបន្ទាល់របស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះផងដែរ ដោយមានបំណងចង់កាត់ផ្ដាច់នូវចិត្តស្មោះគ្រប់លក្ខណ៍របស់ពួកគេទុកជាទីសំអាងថា អ្វីដែលវាចោទពីមុននោះ គឺពិតមែន។
១០ ពេលដែលយើងដឹងថាអារក្សញុះញង់មនុស្សឲ្យបៀតបៀនយើងដោយព្រោះវាចង់កាត់ផ្ដាច់ចិត្តស្មោះគ្រប់លក្ខណ៍របស់យើងចំពោះព្រះ នេះគួរជួយយើងមានកម្លាំងចិត្តនិងចិត្តក្លាហានវិញ។ (ចោទិយកថា ៣១:៦) ព្រះរបស់យើងជាព្រះមហាក្សត្រសកលលោក ហើយទ្រង់នឹងជួយយើងរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍មែន។ ចូរយើងខំរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍ដើម្បីធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ ព្រមទាំងផ្ដល់ហេតុឲ្យទ្រង់តបឆ្លើយចំពោះអារក្សសាតាំងដែលជាមេតិះដៀល។—សុភាសិត ២៧:១១
«សូមរំដោះយើងខ្ញុំ អោយរួចពីមារកំណាច»
១១. តើការសូម‹កុំឲ្យព្រះនាំយើងទៅក្នុងសេចក្ដីល្បួង›មានន័យអ្វី?
១១ ការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណ៍មិនតែងតែស្រួលទេ តែតម្រូវឲ្យយើងអធិស្ឋានអស់ពីដួងចិត្ត។ ពាក្យក្នុងសេចក្ដីអធិស្ឋានជាគំរូនោះ អាចជួយយើងបាន។ ឃ្លាមួយក្នុងសេចក្ដីអធិស្ឋានដែលព្រះយេស៊ូមានបន្ទូលនោះចែងថា៖ «សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ»។ (ម៉ាថាយ ៦:១៣) ព្រះយេហូវ៉ាមិនល្បួងយើងឲ្យធ្វើអំពើបាបទេ។ (យ៉ាកុប ១:១៣) ក៏ប៉ុន្តែ ជួនកាលព្រះគម្ពីររៀបរាប់អំពីព្រះជាអ្នកបង្កឲ្យមានបញ្ហា តែតាមពិតទ្រង់គ្រាន់តែអនុញ្ញាតឲ្យបញ្ហាទាំងនោះកើតឡើងប៉ុណ្ណោះ។ (នាងរស់ ១:២០, ២១) បើយើងអធិស្ឋានស្របទៅតាមយោបល់របស់ព្រះយេស៊ូនោះ នេះបានន័យថា យើងកំពុងតែសូមព្រះយេហូវ៉ាជួយកុំឲ្យយើងចុះចាញ់នឹងសេចក្ដីល្បួងផ្សេងៗ។ ហើយព្រះយេហូវ៉ាមិនឲ្យយើងចុះចាញ់នឹងសេចក្ដីល្បួងឡើយ ដ្បិត«ព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួចដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។—កូរិនថូសទី១ ១០:១៣
១២. ហេតុអ្វីបានជាយើងគួរអធិស្ឋានសូមព្រះ«រំដោះយើងខ្ញុំអោយរួចពីមារកំណាច»?
១២ ក្នុងសេចក្ដីអធិស្ឋានជាគំរូនោះ ព្រះយេស៊ូបានរៀបរាប់អំពីសេចក្ដីល្បួង ហើយក្រោយមកមានបន្ទូលថា៖ «សូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់»។ ប៉ុន្តែព្រះគម្ពីរភាសាខ្មែរសម្រាយ បកប្រែបន្ទូលនេះរបស់ព្រះយេស៊ូយ៉ាងត្រឹមត្រូវថា៖ «សូមរំដោះយើងខ្ញុំអោយរួចពីមារកំណាច»វិញ។ គួរឲ្យកត់សំគាល់ដែលថា ពាក្យនោះច្រើនតែសំដៅទៅលើការ‹រំដោះអោយរួច›ពីចំណាប់ខ្មាំងប៉ុណ្ណោះ ហើយសៀវភៅដំណឹងល្អរបស់ម៉ាថាយហៅអារក្សយ៉ាងចំៗថា ជា«មេល្បួង»។ (ម៉ាថាយ ៤:៣, ១១) ដូច្នេះ សំខាន់ណាស់ឲ្យយើងអធិស្ឋានសូមព្រះរំដោះយើងឲ្យរួចពីអារក្សសាតាំងដែលជា«មារកំណាច»។ វាខំល្បួងយើងឲ្យធ្វើបាបខុសច្បាប់ព្រះ។ (ថែស្សាឡូនីចទី១ ៣:៥) ពេលដែលយើង«សូម[ព្រះ]រំដោះយើងខ្ញុំអោយរួចពីមារកំណាច»នោះ យើងកំពុងតែសូមព្រះវរបិតារបស់យើងនៅស្ថានសួគ៌ឲ្យជួយណែនាំផ្លូវយើង កុំឲ្យអារក្សសាតាំងមានឱកាសឈ្នះយើងបានឡើយ។
កុំឲ្យអារក្សសាតាំងមានឱកាសឈ្នះយើងបានឡើយ
១៣, ១៤. ស្តីអំពីបុរសម្នាក់ក្នុងក្រុមជំនុំដែលបានប្រព្រឹត្តអំពើអសីលធម៌នោះ ហេតុអ្វីក៏ពួកគ្រីស្ទាននៅទីក្រុងកូរិនថូសត្រូវប្រព្រឹត្តលើគាត់ដោយរបៀបផ្សេងៗ?
១៣ ពេលប៉ុលបានដាស់តឿនពួកគ្រីស្ទាននៅទីក្រុងកូរិនថូសឲ្យអត់ទោសគ្នាទៅវិញទៅមកនោះ គាត់បានសរសេរថា៖ «បើអ្នករាល់គ្នាអត់ទោសដល់អ្នកណាពីរឿងអ្វី នោះខ្ញុំក៏អត់ទោសដែរ។ ហើយរឿងអ្វីដែលខ្ញុំបានអត់ទោសឲ្យគេ បើសិនជាបានអត់ទោសអ្វីមែន នោះគឺដោយព្រោះអ្នករាល់គ្នា នៅចំពោះគ្រីស្ទហើយ ដើម្បីមិនឲ្យអារក្សសាតាំងមានឱកាសនឹងឈ្នះយើងបានឡើយ ដ្បិតយើងស្គាល់អស់ទាំងកិច្ចកលរបស់វាហើយ»។ (កូរិនថូសទី២ ២:១០, ១១) អារក្សមានសមត្ថភាពឈ្នះយើងតាមរបៀបផ្សេងៗមែន ប៉ុន្តែ តើមានហេតុអ្វីបណ្ដាលឲ្យប៉ុលសរសេរដូច្នេះ?
១៤ ប៉ុលបានប្រដៅដំរង់បងប្អូននៅទីក្រុងកូរិនថូសពីព្រោះពួកគេនៅតែអនុញ្ញាតឲ្យបុរសម្នាក់ដែលប្រព្រឹត្តអំពើអសីលធម៌ចូលរួមជាមួយក្រុមជំនុំ។ នេះពិតជាបានធ្វើឲ្យសាតាំងសប្បាយចិត្តណាស់ ដ្បិតក្រុមជំនុំនោះបានត្រូវគេប្រមាថពីព្រោះបណ្ដោយឲ្យមាន«ការកំផិតម្យ៉ាងដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង»។ នៅទីបំផុត គេបានបណ្ដាច់មិត្តភាពជាមួយបុរសនោះដែលបានប្រព្រឹត្តអំពើអាក្រក់។ (កូរិនថូសទី១ ៥:១-៥, ១១-១៣) ក្រោយៗមក បុរសនោះបានប្រែចិត្តវិញ។ បើបងប្អូនក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូសនោះមិនព្រមអត់ទោសឲ្យបុរសនោះ ទាំងបង្កើតឲ្យមានមិត្តភាពជាមួយគាត់ម្ដងទៀត នោះអារក្សអាចមានឱកាសឈ្នះពួកគេតាមរបៀបផ្សេងទៀត។ តើវាអាចឈ្នះពួកគេតាមរបៀបណា? គឺពួកគេអាចក្លាយជាមនុស្សកាចដែលមិនចេះមេត្ដា ដូចសាតាំង។ បើបុរសនោះដែលបានប្រែចិត្ត«ត្រូវស្រូបបាត់ដោយកើតទុក្ខព្រួយកាន់តែខ្លាំងឡើង»ហើយឈប់បម្រើព្រះទាំងស្រុងនោះ ពួកអ្នកចាស់ទុំត្រូវទទួលខុសត្រូវខ្លះចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែលប្រកបទៅដោយព្រះទ័យមេត្ដាករុណា។ (កូរិនថូសទី២ ២:៧; យ៉ាកុប ២:១៣; ៣:១) តាមពិត គ្មានជនគ្រីស្ទានណាសោះចង់មានលក្ខណៈដូចសាតាំងដោយធ្វើជាមនុស្សកាចសាហាវដែលឥតចេះមេត្ដាសោះនោះទេ។
គ្រឿងសឹករបស់ព្រះការពារយើង
១៥. តើយើងកំពុងតែធ្វើសឹកសង្គ្រាមខាងវិញ្ញាណដោយប្រឆាំងនឹងអ្វី? តើជ័យជំនះរបស់យើងផ្អែកលើអ្វី?
១៥ បើយើងចង់ឲ្យព្រះរំដោះយើងរួចពីអារក្ស យើងត្រូវធ្វើសឹកសង្គ្រាមខាងវិញ្ញាណដោយប្រឆាំងនឹងឥទ្ធិពលពីពួកអំណាចអាក្រក់ខាងវិញ្ញាណ។ លទ្ធភាពអាចឈ្នះលើពួកអំណាចអាក្រក់ខាងវិញ្ញាណនោះ តម្រូវឲ្យយើង«ពាក់គ្រប់គ្រឿងសឹករបស់ព្រះ»។ (អេភេសូរ ៦:១១-១៨) គ្រឿងសឹកនេះរួមបញ្ចូល«សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង»។ (អេភេសូរ ៦:១៤) ស្តេចសូលនៅស្រុកអ៊ីស្រាអែលពីបុរាណមិនបានស្ដាប់បង្គាប់ព្រះទេ ដូច្នេះលែងមានវិញ្ញាណបរិសុទ្ធពីព្រះ។ (សាំយូអែលទី១ ១៥:២២, ២៣) ប៉ុន្តែ បើយើងប្រព្រឹត្តដោយសុចរិតនិងពាក់គ្រប់គ្រឿងសឹកខាងវិញ្ញាណ នោះយើងនឹងមានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជួយការពារយើងជារៀងរហូតពីសាតាំងនិងពួកបិសាចដែលជាទេវតាអាក្រក់របស់វា។—សុភាសិត ១៨:១០
១៦. បើយើងមិនចង់ឲ្យពួកអំណាចអាក្រក់ខាងវិញ្ញាណមានឥទ្ធិពលលើយើង តើយើងអាចទទួលជំនួយជានិច្ចដោយដូចម្ដេចបាន?
១៦ បើយើងចង់ទទួលជំនួយជានិច្ចកុំឲ្យពួកអំណាចអាក្រក់ខាងវិញ្ញាណមានឥទ្ធិពលលើយើង នោះយើងត្រូវសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងទៀងទាត់ជាដើម ព្រមទាំងមើលសៀវភៅផ្សេងៗដែល«នាយដំរួតការដែលស្មោះត្រង់»កំពុងតែរៀបចំសំរាប់យើង។ (លូកា ១២:៤២) បើធ្វើដូច្នេះ យើងនឹងមានចិត្តគំនិតពេញទៅដោយរឿងខាងវិញ្ញាណដែលលើកទឹកចិត្តយើង ស្របទៅតាមយោបល់របស់ប៉ុលដែលថា៖ «បងប្អូនអើយ! ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណាឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ!»។—ភីលីព ៤:៨
១៧. តើអ្វីនឹងជួយយើងប្រកាសដំណឹងល្អដោយប្រសិទ្ធភាព?
១៧ ព្រះយេហូវ៉ាផ្ដល់សំវិធានការដើម្បីឲ្យយើង«ពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្តទុកជាស្បែកជើង»។ (អេភេសូរ ៦:១៥) ការរួមចំណែកក្នុងកិច្ចប្រជុំគ្រីស្ទានអាចជួយយើងមានសមត្ថភាពប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ ការជួយមនុស្សរៀននូវសេចក្ដីពិតអំពីព្រះដើម្បីឲ្យរួចពីជំនឿមិនពិតនោះ នេះប្រាកដជានាំឲ្យយើងមានអំណរក្រៃលែង! (យ៉ូហាន ៨:៣២) «ដាវរបស់ព្រះវិញ្ញាណ»ពោលគឺ«ព្រះបន្ទូល»របស់ព្រះ ជាគ្រឿងសឹកសំខាន់ណាស់ក្នុងការយកឈ្នះសេចក្ដីបង្រៀនមិនពិត ហើយដើម្បី«រំលំទីមាំមួន»បាន។ (អេភេសូរ ៦:១៧; កូរិនថូសទី២ ១០:៤, ៥) ការចេះប្រើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះដែលមានជាលាយលក្ខណ៍អក្សរ អាចជួយយើងបង្រៀននូវសេចក្ដីពិត ហើយក៏ការពារកុំឲ្យយើងចុះចាញ់នឹងល្បិចរបស់អារក្សផងដែរ។
១៨. តើយើងអាច«ឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»យ៉ាងដូចម្ដេច?
១៨ ពេលដែលប៉ុលពន្យល់អំពីគ្រឿងសឹកខាងវិញ្ញាណនោះ គាត់បានចាប់ផ្ដើមដោយមានប្រសាសន៍ថា៖ «ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ដោយឫទ្ធិបារមីរបស់ព្រះចេស្ដាទ្រង់។ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះដើម្បីឲ្យអាចនឹងឈរមាំមួនទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស»។ (អេភេសូរ ៦:១០, ១១) ពាក្យភាសាក្រិចដែលបកប្រែថា «ឈរមាំមួន»នោះ សំដៅទៅលើទាហានដែលកាន់ជំហរយ៉ាងរឹងមាំ។ យើងក៏កាន់ជំហរមាំមួនក្នុងសង្គ្រាមខាងវិញ្ញាណរបស់យើងដែរ មិនថាសាតាំងប្រើឧបាយកលណាដើម្បីបង្ខូចសេចក្ដីបង្រៀនរបស់យើង ឬធ្វើអ្វីក៏ដោយដើម្បីកាត់ផ្ដាច់ចិត្តស្មោះគ្រប់លក្ខណ៍របស់យើងចំពោះព្រះនិងបង្ខូចសាមគ្គីភាពរបស់យើងក្ដី។ អារក្សមិនដែលពាធាយើងបានជោគជ័យទេ ហើយតទៅមុខទៀតវាក៏នឹងមិនមានជ័យជំនះដែរ! *
ចូរតស៊ូនឹងអារក្ស នោះវានឹងរត់ចេញពីយើង
១៩. តើយើងអាចប្រឆាំងនឹងអារក្សដោយរបៀបណា?
១៩ យើងអាចមានជ័យជំនះក្នុងសង្គ្រាមខាងវិញ្ញាណទាស់នឹងអារក្សហើយពួកអំណាចអាក្រក់ខាងវិញ្ញាណដែលនៅក្រោមបង្គាប់របស់វា។ មិនចាំបាច់ឲ្យយើងខ្លាចរន្ធត់ចំពោះសាតាំងឡើយ ដ្បិតយ៉ាកុបបានសរសេរថា៖ «[ចូរ]ចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ! នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ»។ (យ៉ាកុប ៤:៧) របៀបមួយដែលយើងអាចប្រឆាំងសាតាំងនិងបុគ្គលវិញ្ញាណអាក្រក់របស់វាបាន គឺដោយចៀសឆ្ងាយពីវិជ្ជាអាថ៌កំបាំងឬមន្តអាគម ហើយមិនទាក់ទងនឹងពួកអ្នកដែលធ្វើអំពើទាំងនេះសោះ។ ព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា ពួកអ្នកបម្រើព្រះយេហូវ៉ាមិនគួរប្រើរបៀនខាងហោរាសាស្ត្រ ការទស្សន៍ទាយឬមន្តអាគមណាទៀតឡើយ។ បើយើងមានសកម្មភាពខាងវិញ្ញាណនិងជំនឿមុតមាំនោះ យើងមិនគួរខ្លាចគេដាក់អំពើលើយើងឡើយ។—ជនគណនា ២៣:២៣; ចោទិយកថា ១៨:១០-១២; អេសាយ ៤៧:១២-១៥; កិច្ចការ ១៩:១៨-២០
២០. តើយើងអាចទប់ទល់នឹងអារក្សដោយរបៀបណា?
២០ យើង«តស៊ូនឹងអារក្ស»ដោយកាន់ខ្ជាប់តាមខ្នាតតម្រានិងសេចក្ដីពិតទាំងឡាយក្នុងព្រះគម្ពីរ ហើយដោយកាន់ជំហររឹងមាំក្នុងការប្រឆាំងវា។ មនុស្សក្នុងយុគសម័យនេះឯកភាពជាមួយនឹងសាតាំងពីព្រោះវាជាព្រះរបស់លោកីយ៍នេះ។ (កូរិនថូសទី២ ៤:៤) ហេតុនេះហើយបានជាយើងបដិសេធលក្ខណៈផ្សេងៗនៃលោកីយ៍នេះដូចជាអំនួត អត្ថទត្ថភាព វត្ថុនិយម អំពើឃោរឃៅនិងអំពើអសីលធម៌ជាដើម។ យើងដឹងថា ពេលអារក្សខំល្បួងព្រះយេស៊ូក្នុងទីរហោស្ថាននោះ ទ្រង់បានទប់ទល់នឹងវាដោយសំអាងលើខគម្ពីរផ្សេងៗ។ ជាលទ្ធផលនោះ អារក្សបានរត់ចេញពីទ្រង់។ (ម៉ាថាយ ៤:៤, ៧, ១០, ១១) ដូចគ្នាដែរ បើយើងចុះចូលទាំងស្រុងចំពោះព្រះយេហូវ៉ានិងពឹងផ្អែកលើទ្រង់ដោយអធិស្ឋានជានិច្ច នោះសាតាំងត្រូវបរាជ័យហើយ‹វានឹងរត់ចេញពីយើង›ដែរ។ (អេភេសូរ ៦:១៨) បើព្រះយេហូវ៉ានិងរាជបុត្រាស្ងួនភ្ងារបស់ទ្រង់គាំទ្រយើង គ្មានអ្នកណាអាចធ្វើទុក្ខជារៀងរហូតដល់យើងបានឡើយ សូម្បីតែអារក្សក៏មិនអាចធ្វើដូច្នេះបានដែរ!—ទំនុកដំកើង ៩១:៩-១១
[កំណត់សម្គាល់]
^ វគ្គ 18 មានព័ត៌មានបន្ថែមអំពីគ្រឿងសឹកខាងវិញ្ញាណដែលព្រះប្រទានឲ្យយើង ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៤ ទំព័រ២៣ដល់២៨។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងគួរខ្លាចអារក្សឬ?
• ហេតុអ្វីបានជាសាតាំងបៀតបៀនពួកគ្រីស្ទាន?
• ហេតុអ្វីបានជាយើងគួរអធិស្ឋានសូមព្រះ«រំដោះយើងខ្ញុំអោយរួចពីមារកំណាច»?
• តើយើងអាចទទួលជ័យជំនះក្នុងសង្គ្រាមខាងវិញ្ញាណបានយ៉ាងណា?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៧]
សិស្សរបស់ព្រះគ្រីស្ទនៅសម័យដើមនោះ មិនចេះខ្លាចទេ ហើយបានរក្សាចិត្តស្មោះភក្ដីរហូតដល់ស្លាប់
[រូបភាពនៅទំព័រ១៨]
បើព្រះនឹកចាំមនុស្សណាដែលបានស្លាប់ទៅ អារក្សមិនអាចរារាំងការប្រោសអ្នកទាំងនោះឲ្យរស់ឡើងវិញបានឡើយ
[រូបភាពនៅទំព័រ១៩]
តើអ្នកអធិស្ឋានសូមព្រះរំដោះអ្នកឲ្យរួចពី«មារកំណាច»ទេ?
[រូបភាពនៅទំព័រ២០]
តើអ្នកកំពុងតែ«ពាក់គ្រប់គ្រឿងសឹករបស់ព្រះ»ឬទេ?