លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរយកតម្រាប់តាមព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា

ចូរយកតម្រាប់តាមព្រះទ័យអត់ធ្មត់របស់ព្រះយេហូវ៉ា

ចូរ​យក​តម្រាប់​តាម​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា

​«ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់ . . . គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់»។—ពេត្រុសទី២ ៣:៩

១​. តើ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​មនុស្ស​ឲ្យ​ទទួល​អំណោយ​ដ៏​ល្អ​អស្ចារ្យ​អ្វី?

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ទទួល​អ្វី​ដែល​គ្មាន​អ្នក​ណា​អាច​ផ្ដល់​បាន​ឡើយ។ ទ្រង់​អញ្ជើញ​យើង​ទទួល​អ្វី​ដែល​គួរ​ឲ្យ​ចង់​បាន​ណាស់ និង​មាន​តម្លៃ​ប្រៀបផ្ទឹម​ពុំ​បាន ហើយ​ជា​អ្វី​ដែល​យើង​មិន​អាច​ទិញ​ឬ​ទទួល​ដោយសារ​គួរ​នឹង​ទទួល​នោះ​ឡើយ។ អ្វី​ដែល​ទ្រង់​អញ្ជើញ​យើង​ទទួល​នោះ​គឺ​ជា​អំណោយ ពោល​គឺ​ជីវិត​ជា​រៀង​រហូត។ យើង​ភាគ​ច្រើន​នឹង​ទទួល​ជីវិត​ជា​និរន្តរ៍​នោះ​នៅ​លើ​ផែនដី​ដែល​ត្រូវ​រៀបចំ​ជា​សួន​មនោរម្យ។ (យ៉ូហាន ៣:១៦) មនុស្ស​នឹង​មាន​ជីវិត​សប្បាយ​រីករាយ​នៅ​ទី​នោះ! សង្គម​នោះ​នឹង​លែង​មាន​បញ្ហា​ផ្សេងៗ​ដែល​នាំ​ឲ្យ​សោក​សង្រេង​ដូច​ជា​ភាព​ក្រីក្រ អំពើ​ឃោរឃៅ ឧក្រិដ្ឋកម្ម​និង​ជំងឺ​ជា​ដើម។ សូម្បី​តែ​សេចក្ដី​ស្លាប់​ក៏​លែង​មាន​ដែរ! មនុស្ស​នឹង​មាន​សេចក្ដី​សុខសាន្ត​និង​សាមគ្គីភាព​ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ យើង​ពិត​ជា​ប្រាថ្នា​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​សួន​មនោរម្យ​នោះ!—អេសាយ ៩:៦, ៧; វិវរណៈ ២១:៤, ៥

២​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មិន​ទាន់​ធ្វើ​អន្តរាគមន៍​ដោយ​បំផ្លាញ​ចោល​លោកីយ៍​អាក្រក់​នេះ​របស់​សាតាំង?

ព្រះ​យេហូវ៉ា​ក៏​ទន្ទឹង​ចាំ​យ៉ាង​ខ្លាំង​នូវ​គ្រា​ដែល​ទ្រង់​នឹង​ស្ថាបនា​សួន​មនោរម្យ​នៅ​លើ​ផែនដី ពីព្រោះ​ទ្រង់​ស្រឡាញ់​សេចក្ដី​សុចរិត​និង​សេចក្ដី​យុត្ដិធម៌។ (ទំនុកដំកើង ៣៣:៥) ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​សោះ​ពេល​ទត​ឃើញ​លោកីយ៍​នេះ​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គោលការណ៍​សុចរិត​របស់​ទ្រង់ ឬ​រហូត​ដល់​ប្រឆាំង​នឹង​គោលការណ៍​នោះ។ នេះ​ជា​លោកីយ៍​ដែល​មិន​ទទួល​ស្គាល់​អំណាច​របស់​ទ្រង់​សោះ ហើយ​ក៏​ធ្វើ​បាប​រាស្ត្រ​ទ្រង់​ផង​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​មូលហេតុ​ដែល​ទ្រង់​មិន​ទាន់​ធ្វើ​អន្តរាគមន៍​ដោយ​បំផ្លាញ​ចោល​លោកីយ៍​អាក្រក់​នេះ​របស់​សាតាំង។ មូលហេតុ​ទាំង​នោះ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​គ្រប់គ្រង​របស់​ទ្រង់។ ក្នុង​ការ​ដោះស្រាយ​រឿង​ចោទ​ប្រកាន់​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណសម្បត្ដិ​មួយ​ដែល​មនុស្ស​មិន​សូវ​មាន​សព្វ​ថ្ងៃ​នេះ​ទេ នោះ​គឺ​ព្រះទ័យ​អត់ធ្មត់។

៣​. (ក) តើ​ពាក្យ​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​ក្នុង​ព្រះ​គម្ពីរ​ដែល​ត្រូវ​បកប្រែ​ថា «អត់ធ្មត់»​នោះ មាន​ន័យ​អ្វី? (ខ) តើ​យើង​នឹង​ពិនិត្យ​មើល​សំណួរ​អ្វី​ខ្លះ?

ភាសា​ក្រិច​មាន​ពាក្យ​មួយ​ដែល​ព្រះ​គម្ពីរ​ខ្មែរ​បកប្រែ​ប្រាំ​បួន​ដង​ថា​«អត់ធ្មត់»។ ពាក្យ​នេះ​មាន​ន័យ​ចំៗ​ថា «វិញ្ញាណ​វែង» ដូច្នេះ​បាន​ត្រូវ​បកប្រែ​ថា «អំណត់»​មួយ​ដង និង​«អត់ធន់»​បួន​ដង។ ពាក្យ​ភាសា​ហេព្រើរ​និង​ភាសា​ក្រិច​ដែល​ត្រូវ​បកប្រែ​ថា «អត់ធ្មត់»​នោះ បង្កប់​អត្ថន័យ​ថា​ជា​ការ​អត់​ទ្រាំ​ហើយ​យឺត​នឹង​ខឹង។ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​ព្រះទ័យ​អត់ធ្មត់​និង​ការ​អត់ធន់​របស់​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​ស្មោះ​ភក្ដី​របស់​ទ្រង់? តើ​យើង​ដឹង​យ៉ាង​ណា​ថា​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​មាន​កំរិត? សូម​អញ្ជើញ​ពិនិត្យ​មើល។

ចូរ​ពិចារណា​ពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា

៤​. តើ​សាវ័ក​ពេត្រុស​បាន​សរសេរ​អ្វី ស្តី​អំពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា?

សាវ័ក​ពេត្រុស​បាន​សរសេរ​អំពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​ថា​៖ «ពួក​ស្ងួនភ្ងា​អើយ! កុំ​ឲ្យ​ភ្លេច​សេចក្ដី​១​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ​អម្ចាស់ ១​ថ្ងៃ​ទុក​ដូច​ជា​១​ពាន់​ឆ្នាំ ហើយ​១​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​១​ថ្ងៃ​ដែរ។ ព្រះ​អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ទ្រង់​ដូច​ជា​មាន​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​នឹង​យើង​រាល់​គ្នា​វិញ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ»។ (ពេត្រុសទី២ ៣:៨, ៩) សូម​កត់​សំគាល់​ចំណុច​ពីរ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ​ដែល​ជួយ​យើង​យល់​អំពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា។

៥​. តើ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពេល​វេលា​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ការ​ប្រព្រឹត្ត​របស់​ទ្រង់?

ចំណុច​ទី​មួយ​បង្ហាញ​ថា ព្រះ​យេហូវ៉ា​មិន​មាន​ទស្សនៈ​ដូច​យើង​ចំពោះ​ពេល​វេលា។ មួយ​ពាន់​ឆ្នាំ​ប្រៀប​ដូច​ជា​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ចំពោះ​ព្រះ​ដែល​មាន​ព្រះ​ជន្ម​រស់​ជា​រៀង​រហូត។ កុំ​ឲ្យ​យើង​គិត​ថា​ព្រះ​យេហូវ៉ា​ក្រ​នឹង​ចាត់​វិធានការ​នោះ​ទេ ពីព្រោះ​គ្មាន​អ្វី​ដែល​អាច​បង្ខិត​បង្ខំ​ទ្រង់​ឬ​រារាំង​ទ្រង់​បាន​ឡើយ។ ដោយសារ​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ដ៏​លើស​លប់​នោះ ទ្រង់​ជ្រាប​អំពី​ពេល​វេលា​ដ៏​ល្អ​បំផុត​ឲ្យ​ទ្រង់​សម្រេច​ការ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ប្រយោជន៍។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​អត់ធ្មត់​និង​រង់ចាំ​ដល់​ពេល​នោះ​មក​ដល់។ ប៉ុន្តែ កុំ​ឲ្យ​យើង​ប៉ាន់​ស្មាន​ថា ព្រះ​យេហូវ៉ា​មិន​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ការ​រង​ទុក្ខ​របស់​រាស្ត្រ​ទ្រង់​ក្នុង​កំឡុង​ពេល​ដែល​កំពុង​រង់ចាំ​នោះ។ ព្រះ​យេហូវ៉ា​មាន​«ព្រះ​ហឫទ័យ​មេត្ដាករុណា»​ហើយ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ (លូកា ១:៧៨; យ៉ូហានទី១ ៤:៨) ព្រះ​យេហូវ៉ា​អាច​កែ​ប្រែ​ឲ្យ​ល្អ​ទាំង​ស្រុង​ហើយ​ជា​រៀង​រហូត​បាន នូវ​ទុក្ខ​វេទនា​ណា​របស់​មនុស្ស​ក្នុង​គ្រា​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​នេះ។—ទំនុកដំកើង ៣៧:១០

៦​. តើ​យើង​មិន​គួរ​ស្មាន​យ៉ាង​ណា​អំពី​ព្រះ? ហេតុ​អ្វី?

យ៉ាង​ណា​ក៏​ដោយ ការ​ទន្ទឹង​ចាំ​អ្វី​ដែល​យើង​ចង់​បាន​ជា​ខ្លាំង​នោះ មិន​ងាយ​ស្រួល​ទេ។ (សុភាសិត ១៣:១២) ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ខ្លះ​ស្មាន​ថា បើ​អ្នក​ដទៃ​មិន​បំពេញ​តាម​សេចក្ដី​សន្យា​ភ្លាមៗ​នោះ នេះ​បាន​ន័យ​ថា​គេ​គ្មាន​បំណង​សម្រេច​ការ​នោះ​សោះ។ ការ​គិត​បែប​នេះ​ស្តី​អំពី​ព្រះ មិន​ប្រកប​ដោយ​ប្រាជ្ញា​ឡើយ! បើ​យើង​មាន​ទស្សនៈ​ខុស​ដោយ​ចាត់​ទុក​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​ថា​ទ្រង់​នៅ​បង្អែបង្អង់ នោះ​ពេល​វេលា​ដែល​កន្លង​ទៅ​អាច​នាំ​ឲ្យ​យើង​ខក​ចិត្ត​ឬ​សង្ស័យ​លើ​ការ​សម្រេច​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ហើយ​យើង​អាច​ទៅ​ជា​មាន​ភាព​ងុយ​ងោក​ខាង​វិញ្ញាណ។ ឬ​មួយ​ក៏​យើង​អាច​ចាញ់​បោក​ពួក​មនុស្ស​ចំអក​ដែល​គ្មាន​ជំនឿ ដែល​ពេត្រុស​បាន​ព្រមាន​អំពី​នោះ។ មនុស្ស​បែប​នេះ​ចំអក​ឡកឡឺយ​ថា​៖ «តើ​សេចក្ដី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅ​តែ​ដដែល ដូច​ជា​ពី​កំណើត​លោកីយ​រៀង​មក​ដែរ»។—ពេត្រុសទី២ ៣:៤

៧​. តើ​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​និង​ការ​ចង់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ណា?

ចំណុច​ទីពីរ​ដែល​សំណេរ​របស់​ពេត្រុស​បាន​បញ្ជាក់​នោះ គឺ​ថា​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​អត់ធ្មត់​ពីព្រោះ​ទ្រង់​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត។ ព្រះ​យេហូវ៉ា​នឹង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​មាន​ចិត្ត​មានះ​ហើយ​មិន​ព្រម​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​មាន​ព្រះទ័យ​រីករាយ​ពេល​មនុស្ស​ប្រែ​ចិត្ត លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​ត​ទៅ។ (អេសេគាល ៣៣:១១) យ៉ាង​នេះ ព្រះ​យេហូវ៉ា​កំពុង​តែ​បង្ហាញ​នូវ​ព្រះទ័យ​អត់ធ្មត់​ហើយ​ចាត់​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ទូទាំង​ពិភពលោក​ដើម្បី​ឲ្យ​មនុស្ស​មាន​ឱកាស​រស់​ជា​រៀង​រហូត​បាន។

៨​. តើ​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​លើ​សាសន៍​អ៊ីស្រាអែល​ស​ឲ្យ​ឃើញ​នូវ​ព្រះទ័យ​អត់ធ្មត់​របស់​ទ្រង់​យ៉ាង​ណា?

ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ា​លើ​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ក៏​ស​ឲ្យ​ឃើញ​នូវ​ព្រះទ័យ​អត់ធ្មត់​របស់​ទ្រង់​ដែរ។ អស់​រាប់​រយ​ឆ្នាំ​ព្រះ​យេហូវ៉ា​មិន​ប្រកាន់​ចំពោះ​សាសន៍​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ទ្រង់។ ម្ដង​ហើយ​ម្ដង​ទៀត​ព្រះ​យេហូវ៉ា​បាន​ដាស់​តឿន​ពួក​គេ​តាម​រយៈ​ព្យាការី​របស់​ទ្រង់​ថា​៖ «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រិត្យ​ក្រម​នឹង​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​ឯង ហើយ​ដែល​អញ​បាន​ផ្ញើ​មក​ឯង​រាល់​គ្នា​ដោយសារ​ពួក​ហោរា ជា​ពួក​អ្នក​បម្រើ​របស់​អញ»។ តើ​មាន​លទ្ធផល​អ្វី? គួរ​ឲ្យ​ស្ដាយ​ណាស់ ប្រជាជន​នោះ​«មិន​ព្រម​ស្ដាប់​ទេ»។—ពង្សាវតារក្សត្រទី២ ១៧:១៣, ១៤

៩​. តើ​ព្រះ​យេស៊ូ​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​ដូច​ព្រះ​យេហូវ៉ា​បេះបិទ​យ៉ាង​ដូច​ម្ដេច?

នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​ចាត់​រាជបុត្រា​របស់​ទ្រង់​ឲ្យ​ទៅ​ជួប​ពួក​យូដា ហើយ​ព្រះ​យេស៊ូ​បាន​អំពាវនាវ​ដោយ​អង្វរ​ពួក​គេ​ឲ្យ​មាន​ចំណង​មេត្រីភាព​ម្ដង​ទៀត​ជា​មួយ​នឹង​ព្រះ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​ដូច​ព្រះ​យេហូវ៉ា​បេះបិទ។ ទោះ​ជា​ព្រះ​យេស៊ូ​ជ្រាប​ថា​បន្ដិច​ទៀត​គេ​នឹង​ធ្វើ​គុត​ទ្រង់​ក៏​ដោយ ទ្រង់​នៅ​តែ​បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ពេល​មាន​បន្ទូល​ថា​៖ «ឱ​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! ឯង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ​ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន​ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប។ តែ​ឯង​មិន​ព្រម​ទេ»។ (ម៉ាថាយ ២៣:៣៧) នេះ​មិន​មែន​ជា​សំដី​របស់​ចៅក្រម​ម្នាក់​ដែល​ចង់​តែ​ដាក់​ទោស​ដោយ​ឥត​មេត្ដា​នោះ​ទេ តែ​ជា​សំដី​ទន់ភ្លន់​របស់​មិត្ត​សំឡាញ់​ម្នាក់​ដែល​ចេះ​បង្ហាញ​នូវ​ការ​អត់ធ្មត់។ ព្រះ​យេស៊ូ​មាន​ព្រះទ័យ​ដូច​ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថានសួគ៌​ដែល​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ដើម្បី​រួច​ពី​ទោស។ មនុស្ស​ខ្លះ​បាន​ធ្វើ​តាម​ការ​ព្រមាន​របស់​ព្រះ​យេស៊ូ ហើយ​បាន​រួច​ខ្លួន​ពី​គ្រា​កាត់​ទោស​លើ​ទី​ក្រុង​យេរូសាឡិម​យ៉ាង​ហិន​ហោច​នៅ​ឆ្នាំ​៧០ គ.ស.។—លូកា ២១:២០​-​២២

១០​. តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា?

១០ ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​គួរ​ឲ្យ​អស្ចារ្យ មែន​ទេ? ទោះ​ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ប៉ុណ្ណា​ក៏​ដោយ ទ្រង់​នៅ​តែ​អនុញ្ញាត​ឲ្យ​យើង​ម្នាក់ៗ​រួម​ទាំង​មនុស្ស​រាប់​លាន​នាក់​ទៀត​មាន​ឱកាស​ស្គាល់​ទ្រង់​និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​សេចក្ដី​សង្គ្រោះ។ ពេត្រុស​បាន​សរសេរ​ចំពោះ​ជន​គ្រីស្ទាន​គ្នីគ្នា​ថា​៖ «[ចូរ]រាប់​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង​ទុក​ជា​សេចក្ដី​សង្គ្រោះ»។ (ពេត្រុសទី២ ៣:១៥) ដោយសារ​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​បាន​បើក​ឱកាស​ឲ្យ​យើង​ទទួល​សេចក្ដី​សង្គ្រោះ នោះ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ណាស់ ត្រូវ​ទេ? ហើយ​រាល់​ថ្ងៃ​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា យើង​ក៏​អធិស្ឋាន​សូម​ទ្រង់​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​ជានិច្ច​ចំពោះ​យើង មែន​ទេ?—ម៉ាថាយ ៦:១២

១១​. តើ​ការ​យល់​អំពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​នឹង​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី?

១១ កាល​ដែល​យើង​យល់​នូវ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ព្រះទ័យ​អត់ធ្មត់​នោះ នេះ​ជួយ​យើង​ឲ្យ​ចេះ​រង់ចាំ​ដោយ​អត់ធ្មត់​នូវ​សេចក្ដី​សង្គ្រោះ​ពី​ទ្រង់ ដោយ​មិន​សន្និដ្ឋាន​ថា​ទ្រង់​ក្រ​នឹង​សម្រេច​សេចក្ដី​សន្យា​ឡើយ។ (បរិទេវ ៣:២៦) យើង​ចេះ​តែ​អធិស្ឋាន​ជានិច្ច​សូម​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​មក​ដល់ ហើយ​ទុក​ចិត្ត​ថា​ទ្រង់​ជ្រាប​អំពី​ពេល​គួរ​ធ្វើ​តាម​សេចក្ដី​អធិស្ឋាន​នោះ។ ម្យ៉ាង​ទៀត ចិត្ត​យើង​ជំរុញ​ឲ្យ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ចិត្ត​អត់ធ្មត់​ដូច​ទ្រង់​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​នឹង​បងប្អូន​រួម​ជំនឿ និង​ចំពោះ​ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​របស់​យើង។ ដូច​ព្រះ​យេហូវ៉ា យើង​មិន​ចង់​ឲ្យ​មនុស្ស​ណា​វិនាស​ឡើយ តែ​ចង់​ឲ្យ​គេ​ប្រែ​ចិត្ត​និង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​ដូច​យើង​ដែរ។—ធីម៉ូថេទី១ ២:៣, ៤

ចូរ​ពិចារណា​ពី​ការ​អត់ធ្មត់​របស់​ពួក​ព្យាការី

១២, ១៣​. សម​ស្រប​ទៅ​តាម​យ៉ាកុប ៥:១០ តើ​ព្យាការី​អេសាយ​បង្ហាញ​ចិត្ត​អត់ធ្មត់​ដោយ​ជោគជ័យ​បាន​យ៉ាង​ណា?

១២ ការ​ពិចារណា​ពី​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ស្រឡាញ់​និង​ចង់​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​នោះ។ ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​មិន​តែង​តែ​ស្រួល​សម្រាប់​មនុស្ស​មិន​គ្រប់​លក្ខណ៍​ទេ តែ​យើង​អាច​ធ្វើ​បាន។ យើង​រៀន​ពី​គំរូ​របស់​អ្នក​បម្រើ​ព្រះ​ពី​បុរាណ។ យ៉ាកុប​បាន​សរសេរ​ថា​៖ «បងប្អូន​អើយ! ចូរ​យក​ពួក​ហោរា​ដែល​បាន​ទាយ​ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់​ទុក​ជា​គំរូ​ពី​សេចក្ដី​ទុក្ខ​លំបាក នឹង​ពី​សេចក្ដី​អត់ធ្មត់​ចុះ!»។ (យ៉ាកុប ៥:១០) ពេល​ដែល​យើង​ឃើញ​ថា អ្នក​ដទៃ​បាន​យក​ឈ្នះ​បញ្ហា​ដូច​ដែល​យើង​កំពុង​តែ​ជួបប្រទះ​នោះ នេះ​ជា​ការ​សំរាល​ទុក្ខ​ហើយ​លើក​ទឹក​ចិត្ត​យើង​ណាស់។

១៣ ជា​ឧទាហរណ៍ ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​ការ​ចិត្ត​អត់ធ្មត់​ក្នុង​កិច្ចបំរើ​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​បង្ហើប​ឲ្យ​ដឹង​ថា​អេសាយ​ត្រូវ​មាន​ចិត្ត​អត់ធ្មត់ ពេល​ទ្រង់​មាន​បន្ទូល​ថា​៖ «ចូរ​ទៅ​ប្រាប់​ដល់​ជនជាតិ​នេះ​ថា​៖ ‹ចូរ​ឯង​រាល់​គ្នា​ស្ដាប់​ចុះ! តែ​ឥត​យល់។ ហើយ​មើល​ផង តែ​ឥត​ដឹង​ឡើយ›។ ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​នៃ​ជនជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់។ ចូរ​បាំង​ភ្នែក​គេ​ក្រែង​គេ​មើល​ឃើញ​ដោយ​ភ្នែក ស្ដាប់​ឮ​ដោយ​ត្រចៀក ហើយ​យល់​ដោយ​ចិត្ត រួច​ប្រែ​ចិត្ត​ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។ (អេសាយ ៦:៩, ១០) ទោះ​ជា​ប្រជាជន​នោះ​មិន​បាន​ធ្វើ​តាម​ពាក្យ​របស់​អេសាយ​ក៏​ដោយ គាត់​នៅ​តែ​មាន​ចិត្ត​អត់ធ្មត់​ក្នុង​ការ​ប្រកាស​សារ​ដែល​ជា​សេចក្ដី​ព្រមាន​ពី​ព្រះ​យេហូវ៉ា យ៉ាង​ហោច​ណាស់ ៤៦​ឆ្នាំ! ដូច​គ្នា​ដែរ​ចិត្ត​អត់ធ្មត់​នឹង​ជួយ​យើង​អត់​ទ្រាំ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទោះបី​ជា​មនុស្ស​ជា​ច្រើន​មិន​ចង់​ធ្វើ​តាម​ដំណឹង​នោះ​ក៏​ដោយ។

១៤, ១៥​. ពេល​យេរេមា​រង​ទុក្ខ​បៀតបៀន​និង​ធ្លាក់​ទឹក​ចិត្ត​នោះ តើ​អ្វី​បាន​ជួយ​គាត់?

១៤ តាម​ពិត ពួក​ព្យាការី​មិន​គ្រាន់​តែ​អត់​ទ្រាំ​នឹង​មនុស្ស​ដែល​មិន​ព្រម​ធ្វើ​តាម​សារ​របស់​ពួក​គាត់​ប៉ុណ្ណោះ​ទេ តែ​បាន​ទទួល​ទុក្ខ​បៀតបៀន​ផង​ដែរ។ យេរេមា​បាន​ត្រូវ​គេ​ដាក់​ខ្នោះ​ហើយ​ទុក​ក្នុង‹ផ្ទះ​ដែល​ធ្វើ​ជា​គុក› រួច​មក​បាន​ត្រូវ​គេ​បោះ​ទៅ​ក្នុង​អណ្ដូង​ដែល​ព្រះ​គម្ពីរ​ហៅ​ថា​គុក​ងងឹត។ (យេរេមា ២០:២; ៣៧:១៥; ៣៨:៦) ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​យេរេមា​ជា​ពួក​អ្នក​ដែល​គាត់​ចង់​ជួយ។ យ៉ាង​ណា​ក៏​ដោយ យេរេមា​មិន​បាន​ចង​គំនុំ​ឬ​ចង់​សងសឹក​នឹង​គេ​នោះ​ទេ។ គាត់​បាន​អត់​ទ្រាំ​ដោយ​ចិត្ត​អត់ធ្មត់​ច្រើន​ឆ្នាំ​វិញ។

១៥ យេរេមា​មិន​ឈប់​ប្រកាស​បន្ទូល​របស់​ព្រះ​ដោយ​ព្រោះ​មាន​ទុក្ខ​បៀតបៀន​និង​ការ​ចំអក​ឡកឡឺយ​នោះ​ឡើយ។ ហើយ​យើង​ក៏​មិន​ឈប់​ផ្សព្វផ្សាយ​ពេល​ជួបប្រទះ​ការ​ប្រឆាំង​ដែរ។ យ៉ាង​ណា​ក៏​ដោយ យើង​ធ្លាក់​ទឹក​ចិត្ត​ម្ដងម្កាល​ដូច​យេរេមា​បាន​ធ្លាក់​ទឹក​ចិត្ត​នោះ​ដែរ។ គាត់​បាន​សរសេរ​ថា​៖ «គេ​យក​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្ដី​ដំនៀល​ដល់​ទូល​បង្គំ ហើយ​ជា​សេចក្ដី​ឡកឡឺយ​ឲ្យ​ទូល​បង្គំ​ជានិច្ច​រាល់​ថ្ងៃ»។ ក្រោយ​មក យេរេមា​បាន​«សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់​ឬ​និយាយ​ដោយ​នូវ​ព្រះ​នាម​ទ្រង់​ទៀត​ឡើយ»។ តើ​អ្វី​បាន​កើត​ឡើង? តើ​យេរេមា​ឈប់​ផ្សព្វផ្សាយ​មែន​ឬ? យេរេមា​បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ «នៅ​ក្នុង​ចិត្ត​ទូល​បង្គំ[ព្រះ​បន្ទូល​របស់​ព្រះ​ប្រៀប]​ដូច​ជា​ភ្លើង​ឆេះ​ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល​បង្គំ ហើយ​ទូល​បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់​ទាល់តែ​ទ្រាំ​មិន​បាន​ទៀត»។ (យេរេមា ២០:៨, ៩) សូម​កត់​សំគាល់​ថា ពេល​ដែល​យេរេមា​គិត​ច្រើន​ពេក​អំពី​ពាក្យ​ចំអក​ឡកឡឺយ​នោះ គាត់​ក៏​លែង​មាន​អំណរ​ទៀត​ក្នុង​ការ​បម្រើ​ព្រះ។ តែ​ពេល​ដែល​គាត់​ប្រមូល​អារម្មណ៍​គិត​អំពី​សារ​ដែល​គាត់​ត្រូវ​ផ្សាយ​នោះ ជា​សារ​ដ៏​អស្ចារ្យ​ហើយ​សំខាន់​ណាស់ នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​អំណរ​ម្ដង​ទៀត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​គង់​នៅ​ជា​មួយ​យេរេមា​«ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច»​ដើម្បី​ពង្រឹង​កម្លាំង​គាត់​ឲ្យ​ប្រកាស​បន្ទូល​របស់​ទ្រង់​ដោយ​ចិត្ត​ខ្នះខ្នែង​អង់អាច។—យេរេមា ២០:១១

១៦​. ពេល​ផ្សាយ​ដំណឹង​ល្អ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​អំណរ​ជានិច្ច?

១៦ តើ​ព្យាការី​យេរេមា​មាន​អំណរ​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឬ? គាត់​ច្បាស់​ជា​មាន​អំណរ​មែន! យេរេមា​បាន​ទូល​ថ្វាយ​ព្រះ​យេហូវ៉ា​ថា​៖ «ទូល​បង្គំ​បាន​ឃើញ​ព្រះ​បន្ទូល​ទ្រង់ ទូល​បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ។ ព្រះ​បន្ទូល​របស់​ទ្រង់​ជា​សេចក្ដី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូល​បង្គំ ដ្បិត​ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ! ទូល​បង្គំ​បាន​ហៅ​តាម​ព្រះ​នាម​ទ្រង់»។ (យេរេមា ១៥:១៦) យេរេមា​មាន​អំណរ​ណាស់ ដោយ​មាន​កិត្ដិយស​តំណាង​ព្រះ​ពិត​និង​ផ្សាយ​បន្ទូល​របស់​ទ្រង់។ យើង​ក៏​អាច​មាន​អំណរ​ផង​ដែរ។ យ៉ាង​ណា​មិញ យើង​មាន​អំណរ​ដូច​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ពីព្រោះ​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក​កំពុង​តែ​ស្ដាប់​តាម​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ព្រម​ទាំង​ប្រែ​ចិត្ត​និង​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ជា​រៀង​រហូត។—លូកា ១៥:១០

«សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប»

១៧, ១៨​. តើ​យ៉ូប​បាន​បង្ហាញ​ចិត្ត​អត់ធន់​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​អ្វី?

១៧ យ៉ាកុប​បាន​មាន​ប្រសាសន៍​អំពី​ពួក​ព្យាការី​ពី​បុរាណ​ហើយ​ក្រោយ​មក​បាន​សរសេរ​ថា​៖ «អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ពី​សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ​ថា​ដល់​ចុង​បំផុត នោះ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ហឫទ័យ​មេត្ដាករុណា​នឹង​សេចក្ដី​អាណិតអាសូរ​ពោរពេញ​ដែរ»។ (យ៉ាកុប ៥:១១) ពាក្យ​«អត់ធន់»​ជា​ភាសា​ក្រិច​នេះ មាន​ន័យ​ស្រដៀង​នឹង​ពាក្យ​«អត់ធ្មត់»​ដែល​យ៉ាកុប​ប្រើ​ក្នុង​ខ​មុន​នោះ។ បណ្ឌិត​មួយ​រូប​បាន​បញ្ជាក់​ពី​អត្ថន័យ​ខុស​គ្នា​រវាង​ពាក្យ​ទាំង​ពីរ​នេះ​ដោយ​សរសេរ​ថា​៖ «ពាក្យ[អត់ធ្មត់]សំដៅ​ទៅ​លើ​ការ​អត់​ទ្រាំ​ពេល​អ្នក​ដទៃ​ធ្វើ​បាប​យើង ហើយ​ពាក្យ[អត់ធន់]សំដៅ​ទៅ​លើ​ការ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​អង់អាច​ក្លាហាន»។

១៨ យ៉ូប​បាន​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង។ គាត់​បាត់បង់​ទ្រព្យ​សម្បត្ដិ​អស់​រលីង កូន​ទាំង​អស់​បាន​ស្លាប់ ហើយ​គាត់​ក៏​កើត​ជំងឺ​ឈឺ​ថ្កាត់។ ក្រោយ​មក​ក៏​មាន​គេ​ចោទ​មិន​ពិត​លើ​យ៉ូប​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ដាក់​ទោស​គាត់។ យ៉ូប​មិន​បាន​លាក់​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​ពេល​រង​ទុក្ខ​នោះ​ទេ តែ​បាន​ប្រាប់​ពី​អារម្មណ៍​សោក​សង្រេង​របស់​ខ្លួន ព្រម​ទាំង​និយាយ​ហាក់​ដូច​ជា​ចង់​អួត​ថា ខ្លួន​មាន​ភាព​សុចរិត​ច្រើន​ជាង​ព្រះ​ទៅ​ទៀត។ (យ៉ូប ៣៥:២) យ៉ាង​ណា​ក៏​ដោយ យ៉ូប​មិន​បាន​បាត់បង់​ជំនឿ​និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​ខ្លួន​ឡើយ។ គាត់​ក៏​មិន​ប្រមាថ​ព្រះ​តាម​ដែល​សាតាំង​បាន​ចោទ​នោះ​ទេ។ (យ៉ូប ១:១១, ២១) តើ​មាន​លទ្ធផល​អ្វី? ព្រះ​យេហូវ៉ា​«បាន​ប្រទាន​ពរ​ដល់​យ៉ូប​នៅ​ជាន់​ក្រោយ​នេះ ជាជាង​ជាន់​ដើម​ទៅ​ទៀត»។ (យ៉ូប ៤២:១២) ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​សុខភាព​ល្អ​ឡើង​វិញ បាន​ប្រទាន​ទ្រព្យ​ទ្វេ​ដង ហើយ​ឲ្យ​គាត់​មាន​អាយុ​វែង​ដែល​ពេញ​ទៅ​ដោយ​សុភមង្គល​ជា​មួយ​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​គាត់។ ការ​ចេះ​អត់ធន់​ដោយ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី​នោះ​ក៏​បាន​ជួយ​យ៉ូប​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា​កាន់​តែ​ច្បាស់​ថែម​ទៀត។

១៩​. តើ​យើង​រៀន​អ្វី​ពី​ការ​អត់ធន់​របស់​យ៉ូប​ដែល​មាន​ចិត្ត​អត់ធ្មត់?

១៩ តើ​យើង​រៀន​អ្វី​ពី​ការ​អត់ធន់​របស់​យ៉ូប​ដែល​មាន​ចិត្ត​អត់ធ្មត់? យើង​ប្រហែល​ជា​រង​ទុក្ខ​លំបាក​ឬ​មាន​ជំងឺ​ឈឺ​ថ្កាត់​ដូច​យ៉ូប​ដែរ ហើយ​យើង​ប្រហែល​ជា​មិន​យល់​ច្បាស់​នូវ​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​មាន​ទុក្ខ​ដូច្នេះ។ យ៉ាង​ណា​ក៏​ដោយ យើង​ដឹង​ប្រាកដ​ថា យើង​នឹង​ទទួល​ពរ​ពី​ព្រះ​បាន ឲ្យ​តែ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ភក្ដី។ ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។ (ហេព្រើរ ១១:៦) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។—ម៉ាថាយ ១០:២២; ២៤:១៣

‹ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក›ជា​មិន​ខាន

២០​. ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ថា ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​នឹង​មក​ជា​មិន​ខាន?

២០ ទោះ​ជា​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​អត់ធ្មត់​ក៏​ដោយ ទ្រង់​ក៏​មាន​យុត្ដិធម៌​ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជា​រៀង​រហូត​ទេ។ ព្រះទ័យ​អត់ធ្មត់​របស់​ទ្រង់​មាន​កំរិត។ ពេត្រុស​បាន​សរសេរ​ថា​៖ «[ព្រះ]មិន​បាន​ប្រណី​ដល់​លោកីយ​ពី​ចាស់​បុរាណ»។ លោក​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រួច​រស់​ជីវិត​មែន តែ​លោកីយ៍​នោះ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស​ទមិឡ​ល្មើស​បាន​ត្រូវ​បំផ្លាញ​ចោល​ដោយ​ទឹក​ជន់​វិញ។ ព្រះ​យេហូវ៉ា​ក៏​បាន​ជំនុំជំរះ​ក្រុង​សូដុំម​និង​ក្រុង​កូម៉ូរ៉ា​ហើយ​បាន​បញ្ឆេះ​ក្រុង​ទាំង​ពីរ​នោះ​ឲ្យ​ទៅ​ជា​ផេះ។ គ្រា​កាត់​ទោស​នោះ​«ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ​ដែល​គិត​រស់​នៅ​ដោយ​សេចក្ដី​ទមិលល្មើស»។ យើង​គួរ​ជឿជាក់​ថា​៖ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់ នោះ​នឹង​មក»​ជា​មិន​ខាន។—ពេត្រុសទី២ ២:៥, ៦; ៣:១០, កំណែ​ជា​អក្សរ​ទ្រេត

២១​. តើ​យើង​អាច​បង្ហាញ​នូវ​ចិត្ត​អត់ធន់​និង​ការ​អត់ធ្មត់​ដោយ​របៀប​ណា? តើ​អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​អំពី​អ្វី?

២១ បើ​ដូច្នេះ ចូរ​យើង​យក​តម្រាប់​តាម​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​ដោយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែ​ចិត្ត​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ។ ចូរ​ឲ្យ​យើង​យក​តម្រាប់​តាម​គំរូ​របស់​ពួក​ព្យាការី​ដោយ​ប្រកាស​ដំណឹង​ល្អ​ដោយ​ចិត្ត​អត់ធ្មត់ ទោះ​ជា​មនុស្ស​ដែល​យើង​ជួប​នោះ​មិន​ចង់​ធ្វើ​តាម​សារ​នេះ​ក៏​ដោយ។ ម្យ៉ាង​ទៀត បើ​យើង​អត់​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដោយ​មាន​ចិត្ត​អត់ធន់​ដូច​យ៉ូប នោះ​យើង​អាច​ជឿជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​យ៉ាង​វិសេស​លើ​យើង​បើ​យើង​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍។ យើង​ពិត​ជា​អាច​មាន​អំណរ​ក្នុង​កិច្ចបំរើ​ផ្សាយ​របស់​យើង​មែន ពេល​ដែល​យើង​កត់​សំគាល់​នូវ​ពរ​ដ៏​វិសេស​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រទាន​លើ​រាស្ត្រ​របស់​ទ្រង់​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ទូទាំង​ពិភព​លោក។ អត្ថបទ​ជា​បន្ទាប់​នឹង​បង្ហាញ​អំពី​ពរ​ដ៏​វិសេស​នេះ។

តើ​អ្នក​ចាំ​ទេ?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ព្រះទ័យ​អត់ធ្មត់?

តើ​យើង​រៀន​អ្វី​ពី​ការ​អត់ធ្មត់​របស់​ពួក​ព្យាការី?

តើ​យ៉ូប​បង្ហាញ​នូវ​ចិត្ត​អត់ធន់​យ៉ាង​ដូច​ម្ដេច? តើ​មាន​លទ្ធផល​អ្វី?

តើ​យើង​ដឹង​យ៉ាង​ណា​ថា​ព្រះទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា​មាន​កំរិត?

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

[រូបភាព​នៅ​ទំព័រ​២៣]

ព្រះ​យេស៊ូ​បាន​បង្ហាញ​ព្រះទ័យ​អត់ធ្មត់ ដូច​ព្រះ​វរបិតា​ទ្រង់​បេះបិទ

[រូបភាព​នៅ​ទំព័រ​២៤]

ដោយសារ​យេរេមា​មាន​ចិត្ត​អត់ធ្មត់​នោះ តើ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​អ្វី​ដល់​គាត់?

[រូបភាព​នៅ​ទំព័រ​២៥]

ដោយសារ​លោក​យ៉ូប​មាន​ចិត្ត​អត់ធន់​នោះ តើ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​អ្វី​ដល់​គាត់?