លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដ៏គាប់ចិត្ដយ៉ាងពិតប្រាកដក្នុងពិភពលោកថ្មីរបស់ព្រះ

ជីវិតដ៏គាប់ចិត្ដយ៉ាងពិតប្រាកដក្នុងពិភពលោកថ្មីរបស់ព្រះ

ជីវិត​ដ៏​គាប់ចិត្ត​យ៉ាង​ពិត​ប្រាកដ​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ

ដាវីឌ *ជា​គ្រីស្ទាន​មួយ​រូប​ដែល​បាន​រើ​ទៅ​នៅ​សហរដ្ឋ​អាមេរិក ដោយ​ជឿជាក់​ថា នោះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​លើក​ស្ទួយ​ជីវភាព​ក្រុម​គ្រួសារ​គាត់។ ទោះ​ជា​ដាវីឌ​មិន​ចង់​ឃ្លាត​ពី​ប្រពន្ធ​កូន​ក៏​ពិត​មែន តែ​គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​មាន​ជីវិត​សុខ​ស្រួល ប្រសិន​បើ​អាច​រក​លុយ​បាន​ច្រើន​ជាង។ ដូច្នេះ ដាវីឌ​បាន​យល់​ព្រម​ទៅ​នៅ​រដ្ឋ​ញូវយ៉ក​តាម​ការអញ្ជើញ​របស់​បងប្អូន​ញាតិមិត្ត​ដែល​រស់​នៅ​ទី​នោះ។ មិន​យូរ​ក្រោយ​មក​ដាវីឌ​រក​បាន​ការងារ​ធ្វើ។

ក៏​ប៉ុន្តែ ពី​ខែ​មួយ​ទៅ​ខែ​មួយ ដាវីឌ​ចាប់ផ្ដើម​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត​របស់​គាត់​បន្ដិច​ម្ដងៗ។ គាត់​មិន​សូវ​មាន​ពេល​សម្រាប់​ថ្វាយបង្គំ​ព្រះ។ មាន​ពេល​មួយ​ដែល​គាត់​ជិត​នឹង​បាត់បង់​ជំនឿ​លើ​ព្រះ​តែ​ម្ដង។ ដាវីឌ​មិន​បាន​ដឹង​ពី​សភាព​ពិត​របស់​គាត់​ទេ ទាល់តែ​មាន​គ្រា​មួយ​ដែល​បាន​ភ្លាត់​ប្រព្រឹត្ត​អំពើ​អសីលធម៌។ ការផ្ដោតចិត្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​ទ្រព្យសម្បត្ដិ បាន​នាំ​ឲ្យ​គាត់​ឃ្លាត​ឆ្ងាយ​ពី​អ្វីៗ​ដែល​ពិត​ជា​មាន​តម្លៃ​ចំពោះ​គាត់។ គាត់​សម្រេចចិត្ត​ថា​ត្រូវ​កែ​ខ្លួន​ជា​បន្ទាន់។

រាល់​ឆ្នាំ មនុស្ស​ជា​ច្រើន​នាក់​ក៏​ដូច​ជា​ដាវីឌ​ដែរ ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​ក្រីក្រ ដោយ​សង្ឃឹម​ថា​ពួក​គេ​អាច​លើក​ស្ទួយ​ជីវភាព​បាន​ប្រសើរ​ជាង។ ក៏​ប៉ុន្តែ នេះ​ច្រើន​តែ​ធ្វើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គោលការណ៍​សីលធម៌​របស់​ព្រះ។ មនុស្ស​ខ្លះ​ឆ្ងល់​ថា៖ ‹តើ​មនុស្ស​ម្នាក់​អាច​ស្វែងរក​ទ្រព្យសម្បត្ដិ ថែម​ទាំង​ផ្គាប់​ព្រះហឫទ័យ​ព្រះ​បាន​ដែរ​ឬ​ទេ?› អ្នក​និពន្ធ​និង​អ្នក​បង្ហាត់បង្រៀន​សាសនា​ល្បីៗ​អះអាង​ថា​អាច​ធ្វើ​ទាំង​ពីរ​បាន។ ប៉ុន្តែ ដាវីឌ​និង​មនុស្ស​ឯ​ទៀត​បាន​ឃើញ​ថា ជា​ញយៗ​ការសម្រេច​គោលដៅ​ទាំង​ពីរ​នេះ​ពិបាក​ណាស់។—លូកា ១៨:២៤

លុយ​មិន​មែន​ជា​អ្វី​ដ៏​អាក្រក់​ទេ

លុយ​ជា​អ្វី​មួយ​ដែល​មនុស្ស​បាន​បង្កើត។ ដូច​ជា​អ្វីៗ​ជា​ច្រើន​ឯទៀត​ដែល​មនុស្ស​បាន​បង្កើត​នោះ លុយ​មិន​មែន​ជា​អ្វី​ដ៏​អាក្រក់​នោះ​ទេ។ តាមពិត លុយ​ត្រឹមតែ​ជា​វត្ថុ​សម្រាប់​ប្ដូរ​យក​អ្វី​មួយ​ទៀត។ ហេតុនេះ បើ​ប្រើ​លុយ​ក្នុង​ផ្លូវ​ល្អ លុយ​មាន​ប្រយោជន៍​មែន។ ជា​ឧទាហរណ៍ ព្រះគម្ពីរ​សរសេរ​ថា៖ ‹ប្រាក់​ជា​គ្រឿង​ការពារ​ខ្លួន› ជា​ពិសេស​ប្រាក់​ឬ​លុយ​ការពារ​មិន​ឲ្យ​ជួប​នឹង​បញ្ហា​ដែល​បណ្ដាល​មក​ពី​ភាពក្រីក្រ។ (សាស្ដា ៧:១២) សម្រាប់​មនុស្ស​ខ្លះ​មើល​ទៅ​ដូច​ជា‹ប្រាក់​នឹង​ធ្វើ​ឲ្យ​សម្រេច​អ្វីៗ​ទាំង​អស់​បាន›។—សាស្ដា ១០:១៩

បទគម្ពីរ​ផ្ដន្ទាទោស​មនុស្ស​ខ្ជិល តែ​លើកទឹកចិត្ត​ឲ្យ​យើង​ខំប្រឹង​ធ្វើការ​វិញ។ យើង​ត្រូវ​ទំនុក​បំរុង​ក្រុម​គ្រួសារ ហើយ​បើ​មាន​លុយ​សល់ យើង​មាន«អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវការ​ផង»។ (អេភេសូរ ៤:២៨; ធីម៉ូថេទី១ ៥:៨) មួយ​វិញ​ទៀត ព្រះគម្ពីរ​លើកទឹកចិត្ត​យើង​ឲ្យ​សប្បាយ​នឹង​ទ្រព្យសម្បត្ដិ​ដែល​យើង​មាន ជាជាង​រស់​នៅ​ដោយ​ខ្វះខាត។ ព្រះគម្ពីរ​សរសេរ​ថា​យើង​ត្រូវ«យក​ចំណែក​របស់​ខ្លួន» ហើយ​រីករាយ​នឹង​ផល​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការនឿយហត់​របស់​ខ្លួន។ (សាស្ដា ៥:១៨​-​២០) តាម​ការពិត ក្នុង​ព្រះគម្ពីរ​មាន​គំរូ​ជា​ច្រើន​ស្តី​អំពី​បុរស​ស្ត្រី​ដែល​បាន​ស្មោះត្រង់​នឹង​ព្រះ ថែម​ទាំង​ជា​អ្នក​មាន។

បុរស​ស្មោះត្រង់​ដែល​ជា​អ្នក​មាន

អ័ប្រាហាំ​ជា​អ្នក​បម្រើ​ព្រះ​ដោយ​ស្មោះត្រង់។ គាត់​ធ្លាប់​មាន​ហ្វូង​សត្វ​យ៉ាង​ធំ ប្រាក់​និង​មាស​ជា​ច្រើន ហើយ​មាន​អ្នក​បម្រើ​រាប់​រយ​នាក់។ (លោកុប្បត្តិ ១២:៥; ១៣:២, ៦, ៧) យ៉ូប​ជា​បុរស​សុចរិត​ម្នាក់​ដែល​ធ្លាប់​មាន​ហ្វូង​សត្វ អ្នក​បម្រើ មាស និង​ប្រាក់​ជា​ច្រើន​ដែរ។ (យ៉ូប ១:៣; ៤២:១១, ១២) បុរស​ទាំង​នោះ​ជា​អ្នក​មាន​មែន ប៉ុន្តែ​ពួក​គេ​ក៏​បាន​ផ្គាប់​ព្រះហឫទ័យ​ព្រះ​ដែរ។

សាវ័ក​ប៉ុល​សរសេរ​ថា​អ័ប្រាហាំ​ជា«ឪពុក​ដល់​អស់​អ្នក​ដែល​ជឿ»។ អ័ប្រាហាំ​មិន​មែន​ជា​មនុស្ស​កំណាញ់ ហើយ​ក៏​មិន​ធ្លាប់​ស្រឡាញ់​ទ្រព្យសម្បត្ដិ​របស់​គាត់​ហួសហេតុ​ពេក​ឡើយ។ (រ៉ូម ៤:១១; លោកុប្បត្តិ ១៣:៩; ១៨:១​-​៨) ព្រះ​បាន​មាន​បន្ទូល​ថា បុរស​ម្នាក់​ឈ្មោះ​យ៉ូប​ជា​មនុស្ស«គ្រប់លក្ខណ៍​ហើយ​ទៀងត្រង់»។ (យ៉ូប ១:៨) យ៉ូប​ប្រុងប្រៀប​ជានិច្ច​ដើម្បី​ជួយ​មនុស្ស​ក្រ​លំបាក។ (យ៉ូប ២៩:១២​-​១៦) អ័ប្រាហាំ​និង​យ៉ូប​បាន​ទីពឹង​ព្រះ​ជាជាង​ទ្រព្យសម្បត្ដិ​របស់​ខ្លួន។—លោកុប្បត្តិ ១៤:២២​-​២៤; យ៉ូប ១:២១, ២២; រ៉ូម ៤:៩​-​១២

ស្តេច​សាឡូម៉ូន​ជា​គំរូ​មួយ​ទៀត។ ដោយសារ​ស្តេច​សាឡូម៉ូន​គ្រប់គ្រង​តំណាង​ព្រះ​នៅ​ទី​ក្រុង​យេរូសាឡិម នោះ​ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ស្តេច​សាឡូម៉ូន​ឲ្យ​មាន​ប្រាជ្ញា ថែម​ទាំង​ទ្រព្យសម្បត្ដិ​និង​កេរ្ដិ៍ឈ្មោះ។ (ពង្សាវតារក្សត្រទី១ ៣:៤​-​១៤) ស្តេច​សាឡូម៉ូន​បាន​ស្មោះត្រង់​នឹង​ព្រះ​រហូត​ដល់​ចាស់។ ក៏​ប៉ុន្តែ ពេល​មាន​ព្រះ​ជន្មាយុ​ច្រើន​ហើយ ព្រះទ័យ​សាឡូម៉ូន«មិន​បាន​ស្មោះត្រង់ នៅ​ចំពោះ​ព្រះយេហូវ៉ា»ឡើយ។ (ពង្សាវតារក្សត្រទី១ ១១:១​-​៨) តាម​ពិត គំរូ​គួរ​ឲ្យ​សោកស្ដាយ​នេះ​ស​ឲ្យ​ឃើញ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ច្រើន​តែ​បណ្ដាល​មក​ពី​ការមាន​ទ្រព្យសម្បត្ដិ​ច្រើន។ សូម​ពិចារណា​បញ្ហា​ខ្លះៗ​ដូច​តទៅ​នេះ។

បញ្ហា​ដែល​បណ្ដាល​មក​ពី​ការមាន​ទ្រព្យសម្បត្ដិ​ច្រើន

បញ្ហា​ធ្ងន់ធ្ងរ​បំផុត​គឺ​ពេល​ដែល​មនុស្ស​ម្នាក់​ចាប់ផ្ដើម​ស្រឡាញ់​លុយ​និង​វត្ថុទ្រព្យ។ បើ​មាន​ទ្រព្យសម្បត្ដិ​ច្រើន មនុស្ស​ខ្លះ​ចាប់ផ្ដើម​ស្រេក​ឃ្លាន​ចង់​បាន​ទ្រព្យ​ថែម​ទៀត ដោយ​មិន​ចេះ​ស្កប់ស្កល់​ឡើយ។ នៅ​ដើម​រជ្ជកាល​របស់​ស្តេច​សាឡូម៉ូន ទ្រង់​បាន​កត់​សម្គាល់​ថា​មនុស្ស​មាន​លក្ខណៈ​បែប​នេះ។ ទ្រង់​បាន​សរសេរ​ថា៖ «អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូលចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការឥត​ប្រយោជន៍​ទទេ»។ (សាស្ដា ៥:១០) ព្រះយេស៊ូ​និង​សាវ័ក​ប៉ុល​បាន​ព្រមាន​ពួក​គ្រីស្ទាន​ពិត​ឲ្យ​ប្រុង​ប្រយ័ត្ន​អំពី​ការស្រឡាញ់​ទ្រព្យសម្បត្ដិ​ដូច្នេះ។—ម៉ាកុស ៤:១៨, ១៩; ធីម៉ូថេទី២ ៣:២

បើ​យើង​បែរ​ជា​ស្រឡាញ់​លុយ​វិញ ជាជាង​ចាត់ទុក​លុយ​ជា​អ្វី​ដែល​យើង​ប្រើ​សម្រាប់​តែ​ប្ដូរ​យក​វត្ថុ​ឬ​សេវាកម្ម​ណា​មួយ នោះ​អាច​បណ្ដាល​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​អសីលធម៌​ច្រើន​យ៉ាង ដែល​រួម​ទាំង​ការភូតភរ ការលួចប្លន់ និង​ការក្បត់​ទៀត​ផង។ យូដាស​អ៊ីស្ការីយ៉ុត​ដែល​ជា​សាវ័ក​មួយ​រូប​របស់​ព្រះគ្រីស្ទ បាន​ក្បត់​ព្រះអម្ចាស់​ទ្រង់​សម្រាប់​តែ​ប្រាក់​៣០​រៀល។ (ម៉ាកុស ១៤:១១; យ៉ូហាន ១២:៦) មនុស្ស​ខ្លះ​បាន​ជ្រុល​ទៅ​ថ្វាយបង្គំ​លុយ​ជាជាង​ព្រះ។ (ធីម៉ូថេទី១ ៦:១០) ហេតុនេះ​គ្រីស្ទាន​ពិត​ទាំង​ឡាយ​ត្រូវ​ពិចារណា​ដោយ​ស្មោះ​នូវ​បំណងចិត្ត​របស់​ពួក​គេ​ក្នុង​ការរក​លុយ។—ហេព្រើរ ១៣:៥

បន្ដិច​ម្ដងៗ​ការ​ប្រមូល​ទ្រព្យសម្បត្ដិ​ច្រើន​ក៏​នាំ​ឲ្យ​មាន​បញ្ហា​ឯទៀត​ដែរ។ ទី​មួយ បើ​សម្បូរ​ទ្រព្យសម្បត្ដិ នោះ​ច្រើន​តែ​នាំ​ឲ្យ​ទីពឹង​ខ្លួន។ ព្រះយេស៊ូ​បាន​សំដៅ​ទៅ​លើ​បញ្ហា​នេះ​ដែរ ពេល​ទ្រង់​មាន​បន្ទូល​អំពី«សេចក្ដី​ឆបោក​របស់​ទ្រព្យសម្បត្ដិ»។ (ម៉ាថាយ ១៣:២២) ក្នុង​ព្រះគម្ពីរ យ៉ាកុប​បាន​សរសេរ​ព្រមាន​គ្រីស្ទាន​ពិត​ទាំង​ឡាយ ឲ្យ​មិន​ភ្លេច​ព្រះ​ពេល​ដែល​រៀបចំ​គម្រោង​ក្នុង​ការរកស៊ី។ (យ៉ាកុប ៤:១៣​-​១៦) ដោយសារ​មើល​ទៅ​លុយ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​យើង​អាច​ឈរ​ជើង​ដោយ​ខ្លួន​ឯង នោះ​អ្នក​ដែល​មាន​លុយ​ច្រើន​អាច​ជាប់​អន្ទាក់​ក្នុង​ការទីពឹង​លុយ​ជាជាង​ព្រះ។—សុភាសិត ៣០:៧​-​៩; កិច្ចការ ៨:១៨​-​២៤

ទីពីរ ដូច​ក្នុង​រឿង​របស់​ដាវីឌ​នៅ​ដើម​អត្ថបទ​នេះ គាត់​បាន​ឃើញ​ថា ការព្យាយាម​ប្រមូល​ទ្រព្យសម្បត្ដិ ច្រើន​តែ​ស៊ី​ពេល​វេលា​និង​កម្លាំង រហូត​ដល់​គ្មាន​សល់​សម្រាប់​អ្វីៗ​ដែល​ទាក់ទង​នឹង​ការថ្វាយបង្គំ​ព្រះ។ (លូកា ១២:១៣​-​២១) អ្នក​ដែល​មាន​ទ្រព្យសម្បត្ដិ​បរិបូរ​ហើយ អាច​ជាប់​អន្ទាក់​ជា​ការប្រើ​ទ្រព្យសម្បត្ដិ​សម្រាប់​តែ​ការសប្បាយ​ផ្ទាល់​ខ្លួន​ឬ​អត្ថប្រយោជន៍​ប៉ុណ្ណោះ។

តើ​ស្តេច​សាឡូម៉ូន​បាន​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ដោយ​ព្រោះ​សាឡូម៉ូន​អនុញ្ញាត​ឲ្យ​ការរស់នៅ​ដោយ​សុខ​ស្រួល​ពង្វក់​ស្មារតី​ទ្រង់​ឬ​ទេ? (លូកា ២១:៣៤) ទ្រង់​ជ្រាប​ពី​ច្បាប់​ចំៗ​របស់​ព្រះ​ដែល​ថា មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​ឡើយ។ ក៏ប៉ុន្តែ​ទ្រង់​នៅ​តែ​បាន​ប្រមូល​ព្រះជាយា​ប្រមាណ​១.០០០​នាក់។ (ចោទិយកថា ៧:៣) ដោយសារ​ចង់​គាប់​ព្រះទ័យ​ព្រះជាយា​ទាំង​ឡាយ ស្តេច​សាឡូម៉ូន​បាន​ខំប្រឹង​លាយឡំ​ជំនឿ​សាសនា​របស់​ទ្រង់​ជា​មួយ​សាសនា​របស់​ព្រះជាយា។ ដូច​បាន​រៀបរាប់​ពី​មុន ព្រះទ័យ​សាឡូម៉ូន​បាន​ត្រូវ​ទាញ​ចេញ​ពី​ព្រះយេហូវ៉ា​បន្ដិច​ម្ដងៗ។

គំរូ​ទាំង​នេះ​បង្ហាញ​ច្បាស់​នូវ​សច្ចភាព​នៃ​ឱវាទ​របស់​ព្រះយេស៊ូ​ដែល​ថា​៖ «អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​ដល់​ព្រះ នឹង​ទ្រព្យសម្បត្ដិ​ផង​បាន​ទេ»។ (ម៉ាថាយ ៦:២៤) បើ​ដូច្នេះ នៅ​ចំពោះ​មុខ​បញ្ហា​លុយកាក់​ដែល​មនុស្ស​ភាគ​ច្រើន​ប្រឈម​នោះ តើ​គ្រីស្ទាន​ពិត​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​ជីវភាព​យ៉ាង​ដូច​ម្ដេច? សំណួរ​សំខាន់​បំផុត តើ​យើង​នឹង​មាន​ពិភពលោក​ល្អ​ជាង​នៅ​ថ្ងៃ​មុខ​ឬ​ទេ?

ជីវិត​ដ៏​គាប់ចិត្ត​យ៉ាង​ពិត​ប្រាកដ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​មុខ

អ្នក​កាន់​តាម​ព្រះយេស៊ូ​គឺ​ខុស​ពី​អ័ប្រាហាំ យ៉ូប និង​សាសន៍​អ៊ីស្រាអែល ដ្បិត​អ្នក​កាន់តាម​ទ្រង់​បាន​ត្រូវ​បង្គាប់​ឲ្យ«បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍»។ (ម៉ាថាយ ២៨:១៩, ២០) ដើម្បី​ធ្វើ​តាម​បង្គាប់​នោះ គ្រីស្ទាន​ម្នាក់​ត្រូវ​ចំណាយ​ពេល​និង​កម្លាំង​ដែល​អាច​យក​ទៅ​ប្រើ​លើ​ការរកលុយ។ ដូច្នេះ គន្លឹះ​នៃ​ការដោះស្រាយ​បញ្ហា​ជីវភាព​ដោយ​ជោគជ័យ គឺ​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូ​បង្គាប់​យើង​ពេល​ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ស្វែងរក[ព្រះរាជាណាចក្រ​របស់​ព្រះ] នឹង​សេចក្ដីសុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។—ម៉ាថាយ ៦:៣៣

ដាវីឌ​ស្ទើរតែ​បាត់បង់​ក្រុម​គ្រួសារ ថែម​ទាំង​ជំនឿ​សាសនា​និង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ ក៏​ប៉ុន្តែ ដូច​ព្រះយេស៊ូ​បាន​សន្យា​នោះ អ្វីៗ​ទាំង​អស់​ក្នុង​ជីវិត​ដាវីឌ​បាន​ត្រឡប់​ជា​ល្អ​ឡើង​វិញ ពេល​ដែល​គាត់​ចាប់ផ្ដើម​ចាត់ទុក​ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន ហើយ​ការបម្រើ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​គាត់។ ទំនាក់ទំនង​រវាង​ដាវីឌ ភរិយា​គាត់ និង​កូនៗ​បាន​រឹងមាំ​ឡើង​វិញ​បន្ដិច​ម្ដងៗ។ គាត់​ចាប់ផ្ដើម​មាន​អំណរ​និង​ចិត្តស្កប់ស្កល់​ឡើង​វិញ។ ដាវីឌ​នៅតែ​ធ្វើការ​នឿយហត់។ គាត់​មិន​បាន​ទៅ​ជា​អ្នក​មាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដាវីឌ​បាន​ទាញ​យក​មេរៀន​ដ៏​សំខាន់ៗ​ពី​បទពិសោធន៍​ដ៏​ល្វីង​ជូរចត់​របស់​គាត់។

ដាវីឌ​ចាប់ផ្ដើម​សង្ស័យ​ថា ការរើ​ទៅ​នៅ​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ការសម្រេចចិត្ត​ល្អ​ទេ ហើយ​គាត់​បាន​តាំងចិត្ត​មិន​ឲ្យ​ការ​ចង់​បាន​លុយ​មាន​ឥទ្ធិពល​ទៅ​លើ​ការសម្រេចចិត្ត​របស់​គាត់​ទៀត​ឡើយ។ ដាវីឌ​ដឹង​ថា​គាត់​មិន​អាច​យក​លុយ​ទៅ​ទិញ​អ្វីៗ​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត ពោល​គឺ​ក្រុម​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ មិត្តភក្ដិ​ដ៏​ល្អ និង​ចំណង​មិត្តភាព​ដ៏​រឹងមាំ​ជា​មួយ​នឹង​ព្រះ​នេះ​ទេ។ (សុភាសិត ១៧:១៧; ២៤:២៧; អេសាយ ៥៥:១, ២) ជា​ការពិត​មែន​ដែល​ថា ការប្រកាន់​តាម​សីលធម៌​មាន​តម្លៃ​ជាជាង​ទ្រព្យសម្បត្ដិ​ឆ្ងាយ​ណាស់។ (សុភាសិត ១៩:១; ២២:១) ដាវីឌ​និង​ក្រុម​គ្រួសារ​របស់​គាត់ បាន​តាំងចិត្ត​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត។—ភីលីព ១:១០

មនុស្ស​បាន​ខិតខំ​បង្កើត​ឲ្យ​មាន​សង្គម​មួយ ដែល​ប្រកប​ដោយ​ភាពសុខ​ស្រួល​និង​សីលធម៌​ផង​ដែរ។ ម្ដង​ហើយ​ម្ដង​ទៀត​ការខិតខំ​របស់​ពួក​គេ​បាន​ទទួល​តែ​ភាពបរាជ័យ​ទេ។ ក៏​ប៉ុន្តែ​ព្រះ​បាន​សន្យា​ថា ព្រះរាជាណាចក្រ​របស់​ទ្រង់​នឹង​ផ្គត់ផ្គង់​ជា​បរិបូណ៌​នូវ​អ្វី​ដែល​យើង​ត្រូវការ​ទាំង​ផ្នែក​ទ្រព្យសម្បត្ដិ​ទាំង​ផ្នែក​ការថ្វាយបង្គំ​ទ្រង់ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដ៏​គាប់ចិត្ត។ (ទំនុកដំកើង ៧២:១៦; អេសាយ ៦៥:២១​-​២៣) ព្រះយេស៊ូ​ធ្លាប់​បង្រៀន​ថា​ជីវិត​ដ៏​គាប់ចិត្ត​យ៉ាង​ពិត​ប្រាកដ​មាន​មូលដ្ឋាន​លើ​ការ​ទទួល​ស្គាល់​ថា យើង​ត្រូវការ​នូវ​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ (ម៉ាថាយ ៥:៣) ដូច្នេះ មិន​ថា​យើង​ជា​អ្នក​មាន​ក្ដី​ឬ​អ្នក​ក្រ​ក្ដី បើ​យើង​ប្រមូល​អារម្មណ៍​លើ​អ្វីៗ​ដែល​ទាក់ទង​នឹង​ការថ្វាយបង្គំ​ព្រះ​ឥឡូវ​នេះ នោះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​រៀបចំ​សម្រាប់​ពិភពលោក​ថ្មី​របស់​ព្រះ​ដែល​ជិត​មក​ដល់​នោះ។ (ធីម៉ូថេទី១ ៦:១៧​-​១៩) ពិភពលោក​ថ្មី​នោះ​ពិត​ជា​នឹង​ប្រកប​ដោយ​ភាពរីកចំរើន​ផ្នែក​ទ្រព្យសម្បត្ដិ​និង​ផ្នែក​គោលការណ៍​សីលធម៌​របស់​ព្រះ​ដែរ។

[កំណត់​សម្គាល់]

^ វគ្គ 2 ឈ្មោះ​នេះ​បាន​ត្រូវ​ផ្លាស់ប្ដូរ។

[រូបភាព​នៅ​ទំព័រ​៥]

យ៉ូប​បាន​ទីពឹង​ព្រះ មិន​មែន​ទ្រព្យសម្បត្ដិ​ទេ

[រូបភាព​នៅ​ទំព័រ​៧]

លុយ​មិន​អាច​ទិញ​អ្វីៗ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​បាន​ឡើយ