លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លុយនិងសីលធម៌ តើតាមប្រវត្ដិសាស្ដ្របង្ហាញយ៉ាងណា?

លុយនិងសីលធម៌ តើតាមប្រវត្ដិសាស្ដ្របង្ហាញយ៉ាងណា?

លុយ​និង​សីលធម៌ តើ​តាម​ប្រវត្ដិសាស្ត្រ​បង្ហាញ​យ៉ាង​ណា?

នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​១៦៣០ មនុស្ស​ប្រមាណ​៤០០​នាក់​បាន​ចាកចេញ​ពី​លំនៅ​របស់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស ដោយ​ជិះ​សំពៅ​បួន​គ្រឿង​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាមេរិក ដែល​ពួក​គេ​ហៅ​កន្លែង​នោះ​ថា​ពិភពលោក​ថ្មី។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ដែល​មាន​ចំណេះដឹង​ជា​ច្រើន​នាក់ និង​ពួក​ឈ្មួញ​ដែល​មាន​ភាពជោគជ័យ​ក្នុង​មុខរបរ​រកស៊ី។ ហើយ​ក៏​មាន​សមាជិក​រដ្ឋសភា​ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ នា​ពេល​នោះ សេដ្ឋកិច្ច​នៅ​ប្រទេស​អង់គ្លេស​ស្ថិត​ក្នុង​សភាព​រាំង​ស្ទះ។ សង្គ្រាម​នៅ​អឺរ៉ុប​ដែល​អូស​បន្លាយ​អស់​៣០​ឆ្នាំ(១៦១៨​-​១៦៤៨) បាន​ធ្វើ​ឲ្យ​មាន​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន។ ឃើញ​ដូច្នេះ ក្រុម​ដែល​មាន​ចំនួន​៤០០​នាក់​នោះ​បាន​លះបង់​ផ្ទះ​សម្បែង មុខរបរ និង​បងប្អូន​ញាតិមិត្ត ហើយ​ផ្សង​គ្រោះថ្នាក់​ក្នុង​បំណង​ស្វែងរក​វិធី​ដើម្បី​លើក​ស្ទួយ​ជីវភាព។

ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​មែន​ជា​ឈ្មួញ​ឆ្លៀត​ឱកាស​និយម ដែល​ចង់​តែ​រក​វិធី​ពង្រីក​ជំនួញ​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គឺ​ជា​អ្នក​បរិសុទ្ធ​និយម​ដែល​ចង់​ភៀស​ខ្លួន​ពី​ការបៀតបៀន​ខាង​សាសនា។ * គោលដៅ​សំខាន់​ចម្បង​របស់​ពួក​គេ​គឺ ចង់​រៀបចំ​សហគមន៍​មួយ​ដែល​សុទ្ធតែ​ជា​អ្នក​កោត​ខ្លាច​ព្រះ​ដូច​គ្នា ដើម្បី​ឲ្យ​ពួក​គេ​និង​កូនចៅ​របស់​ពួក​គេ​អាច​រីកចំរើន​ខាង​ទ្រព្យសម្បត្ដិ ដោយ​មិន​ចាំបាច់​បោះបង់​ចោល​ខ្នាតតម្រា​ពី​ព្រះគម្ពីរ។ មិន​យូរ​ក្រោយ​មក​ពួក​គេ​បាន​ចូល​ទៅ​ចត​សំពៅ​នៅ​ទី​ក្រុង​សាឡិម​រដ្ឋ​ម៉ាស្សាឈូសេត នោះ​គេ​បាន​ចាប់​យក​ដី​មួយ​ឡូត៍​តូច​នៅ​តាម​ឆ្នេរ​ខាង​ត្បូង​ទី​ក្រុង​សាឡិម។ ពួក​គេ​បាន​ហៅ​លំនៅ​ថ្មី​នោះ​ថា​បូស្តុន។

ពិបាក​សម្រេច​គោលដៅ​ទាំង​ពីរ

លោក​ចន វេនត្រូប ជា​អភិបាល​និង​អ្នក​ដឹក​នាំ​ក្រុម​នោះ។ លោក​បាន​ខិតខំ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​រីកចំរើន​ផ្នែក​ទ្រព្យសម្បត្ដិ ហើយ​មាន​ភាពសុខ​សប្បាយ​ក្នុង​អាណានិគម​ថ្មី។ លោក​ចង់​ឲ្យ​មនុស្ស​មាន​ទាំង​លុយ​ទាំង​សីលធម៌​ផង។ ប៉ុន្តែ​លោក​ពិបាក​សម្រេច​គោលដៅ​ទាំង​ពីរ​នេះ​ណាស់។ ដោយសារ​លោក​វេនត្រូប​ដឹង​ទុក​ជា​មុន​ថា​នឹង​មាន​ការពិបាក​ខ្លះៗ នោះ​លោក​បាន​និយាយ​ដោយ​ពិស្ដារ​ជា​មួយ​នឹង​បណ្ដា​សហការី​របស់​លោក អំពី​តួនាទី​នៃ​ទ្រព្យសម្បត្ដិ​ក្នុង​សង្គម​មួយ​ដែល​កោតខ្លាច​ព្រះ។

លោក​វេនត្រូប​ក៏​ដូច​ជា​អ្នក​ដឹកនាំ​ឯទៀត​ដែល​កាន់​សាសនា​បរិសុទ្ធ​និយម​ដែរ ដែល​ជឿ​ថា​ការខំ​រក​ទ្រព្យសម្បត្ដិ​មិន​មែន​ជា​ការខុស​ទេ។ លោក​ប្រកាន់​មតិ​ថា មូលហេតុ​សំខាន់​បំផុត​ដែល​ត្រូវ​មាន​ទ្រព្យសម្បត្ដិ​គឺ​ដើម្បី​ជួយ​អ្នក​ឯទៀត។ ហេតុនេះ បើ​មនុស្ស​ម្នាក់​មាន​ទ្រព្យសម្បត្ដិ​កាន់​តែ​ច្រើន គាត់​ក៏​អាច​ជួយ​មនុស្ស​កាន់​តែ​ច្រើន​ដែរ។ លោក​ស្រី ពេទ្រីហ្សា អូទូល ធ្លាប់​មាន​ប្រសាសន៍​ថា​៖ «មិន​សូវ​មាន​រឿង​ណា​ដែល​ធ្លាប់​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​និយម​ខ្វល់ចិត្ត​ដូច​រឿង​ទ្រព្យធន​នោះ​ឡើយ។ ទ្រព្យសម្បត្ដិ​បាន​ត្រូវ​ចាត់ទុក​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​កំពុង​តែ​ប្រទាន​ពរ ថែម​ទាំង​ក៏​ត្រូវ​ចាត់ទុក​ជា​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បាប​ជា​អំណួត . . . និង​ទាក់ទាញ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប»។

លោក​វេនត្រូប​បាន​ទូន្មាន​ពួក​គេ​ឲ្យ​មាន​តុល្យភាព ថែម​ទាំង​លត់ដំ​ខ្លួន​ឲ្យ​ចេះ​ទប់ចិត្ត ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ដែល​បណ្ដាល​មក​ពី​ការមាន​ទ្រព្យសម្បត្ដិ​និង​ជីវិត​ស្រណុក​ស្រួល​នោះ។ ក៏​ប៉ុន្តែ​មិន​យូរ​ក្រោយ​មក មនុស្ស​ក្នុង​អាណានិគម​នោះ​ដែល​គិត​តែ​ពី​ធ្វើ​ជំនួញ មាន​ការប៉ះទង្គិច​គ្នា​ជា​មួយ​លោក​វេនត្រូប ដែល​គាត់​ចង់​ជំរុញ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ថែម​ទាំង​ធ្វើ​តាម​ច្បាប់​ព្រះ។ ម្យ៉ាង​ទៀត​ក៏​ចាប់ផ្ដើម​មាន​អ្នក​ប្រឆាំង ដែល​ចោទ​ប្រកាន់​ថា​លោក​វេនត្រូប​ខំ​ជ្រៀតជ្រែក​ហួសហេតុ​ពេក​ក្នុង​រឿង​របស់​ពួក​គេ។ អ្នក​ឯទៀត​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​បោះឆ្នោត​ជ្រើសរើស​សភា​មួយ ដែល​នឹង​មាន​ចំណែក​ក្នុង​ការសម្រេច​ទៅ​លើ​រឿង​ផ្សេងៗ។ អ្នក​ឯទៀត​បាន​បង្ហាញ​មតិ​ខ្លួន​ដោយ​ការប្រព្រឹត្ត​វិញ ពោល​គឺ​ពួក​គេ​បាន​រើ​ទៅ​នៅ​រដ្ឋ​កុនណិចទីកឹត​ដែល​ជា​រដ្ឋ​ជិត​ខាង ដើម្បី​រក​ប្រយោជន៍​ខ្លួន​ឯង។

លោក​ស្រី អូទូល មាន​ប្រសាសន៍​បន្ត​ថា៖ «ឱកាស ភាពរីកចំរើន និង​ប្រជាធិបតេយ្យ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​ពួក​បរិសុទ្ធ​និយម​នៅ​រដ្ឋ​ម៉ាស្សាឈូសេត ហើយ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ម្នាក់ៗ​ឲ្យ​ប្រព្រឹត្ត​ផ្ទុយ​ពី​ឧត្តមគតិ​របស់​លោក​វេនត្រូប»។ នៅ​ឆ្នាំ​១៦៤៩ លោក​វេនត្រូប​បាន​ស្លាប់​ទៅ​ក្នុង​អាយុ​៦១​ឆ្នាំ ដោយ​ស្ទើរតែ​គ្មាន​លុយ​មួយ​រៀល​សោះ។ សង្គម​ដ៏​ក្មេង​ខ្ចី​នោះ​បាន​រួច​រស់​ទោះ​ជា​មាន​ការលំបាក​ជា​ច្រើន​ក៏​ដោយ។ ក៏​ប៉ុន្តែ លោក​វេនត្រូប​ពុំ​បាន​ឃើញ​គោលដៅ​របស់​លោក​សម្រេច​នោះ​ទេ។

មនុស្ស​នៅ​តែ​ស្វែងរក​ទ្រព្យសម្បត្ដិ

ទោះ​ជា​លោក​ចន វេនត្រូប បាន​ស្លាប់​ទៅ​ក៏​ពិត​មែន តែ​ឧត្តម​គិត​របស់​លោក​ដែល​ថា អាច​មាន​ពិភពលោក​មួយ​ប្រកប​ដោយ​ភាពសុខស្រួល នោះ​មិន​បាន​សូន្យ​បាត់​ទៅ​ឡើយ។ រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​សែន​នាក់​ពី​ប្រទេស​អាហ្វ្រិក អាស៊ី​អាគ្នេយ៍ អឺរ៉ុប​ខាង​កើត និង​អាមេរិក​ឡាទីន រើ​ទៅ​នៅ​ប្រទេស​ផ្សេង ដោយ​សង្ឃឹម​ថា​ពួក​គេ​នឹង​លើក​ស្ទួយ​ជីវភាព។ ពួក​គេ​ខ្លះ​ធ្វើ​ដូច្នេះ​ដោយសារ​ទទួល​ឥទ្ធិពល​ពី​សៀវភៅ​រាប់​រយ​ក្បាល សុន្ទរកថា និង​វិបសែថ៍​អ៊ីនធឺណិត​ថ្មីៗ​ដែល​ចេញ​រាល់​ឆ្នាំ ស្តី​អំពី​របៀប​ដែល​អាច​ក្លាយទៅជា​អ្នក​មាន។ មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​ខំប្រឹង​ចង់​ក្លាយទៅជា​អ្នក​មាន ដោយ​សង្ឃឹម​ថា​មិន​ចាំបាច់​បោះបង់​ចោល​នូវ​ខ្នាតតម្រា​សីលធម៌​ឡើយ។

បើ​និយាយ​ឲ្យ​ត្រង់ លទ្ធផល​ពី​ការខំប្រឹង​នោះ គឺ​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់។ ជា​ច្រើន​ដង​អ្នក​ដែល​ស្វែងរក​ទ្រព្យសម្បត្ដិ ត្រូវ​លះបង់​គោលការណ៍​សីលធម៌ ហើយ​ជួនកាល​រហូត​ដល់​បោះបង់​ជំនឿ​លើ​ព្រះ​ទៀត។ ហេតុនេះ​លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា៖ «តើ​មនុស្ស​ម្នាក់​អាច​ជា​អ្នក​មាន ថែម​ទាំង​ប្រកាន់​គោលការណ៍​សីលធម៌​ដែរ​ឬ​ទេ? តើ​នឹង​មាន​សង្គម​មនុស្ស​ដែល​កោតខ្លាច​ព្រះ ហើយ​មាន​ភាពរីកចំរើន​ខាង​ទ្រព្យ​សម្បត្ដិ​និង​គោលការណ៍​សីលធម៌​របស់​ព្រះ​ដែរ​ឬ​ទេ?»។ ក្នុង​អត្ថបទ​បន្ទាប់ ព្រះគម្ពីរ​បញ្ជាក់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

[កំណត់​សម្គាល់]

^ វគ្គ 3 នៅ​សតវត្សរ៍​ទី១៦ ពួក​ប្រូតេស្តង់​ក្នុង​វិហារ​ប្រទេស​អង់គ្លេស​ចង់​បំបាត់​ចោល​ឲ្យ​អស់​នូវ​អានុភាព​នៃ​សាសនា​រ៉ូម៉ាំង​កាតូលិក​ពី​សាសនា​របស់​ពួក​គេ។ នេះ​ក្នុង​បំណង​ធ្វើ​ឲ្យ​សាសនា​ប្រូតេស្តង់​បាន​បរិសុទ្ធ។ ពួក​ប្រូតេស្តង់​ទាំង​នេះ​បាន​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា ពួក​បរិសុទ្ធ​និយម។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

Boats: The Complete Encyclopedia of Illustration/J. G. Heck; Winthrop: Brown Brothers