លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គោលសំខាន់ៗពីសៀវភៅយ៉ូប

គោលសំខាន់ៗពីសៀវភៅយ៉ូប

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​យ៉ូប

បុរស​ឈ្មោះ​យ៉ូប ជា​មេ​ដឹក​នាំ​គ្រួសារ​ម្នាក់​ដែល​រស់​នៅ​ស្រុក​អ៊ូស​នា​សម័យ​បុរាណ បច្ចុប្បន្ន​ទី​ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់។ ខណៈ​នោះ​ប្រជាជន​អ៊ីស្រាអែល​មួយ​ចំនួន​ធំ​រស់​នៅ​ប្រទេស​អេស៊ីប។ ថ្វី​បើ​គាត់​មិន​មែន​ជា​ជាតិ​អ៊ីស្រាអែល​ក៏​ដោយ យ៉ូប​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ម្នាក់។ ព្រះ​គម្ពីរ​បាន​សរសេរ​ពី​គាត់​ថា​«ដ្បិត​គ្មាន​អ្នក​ណា​មួយ នៅ​ផែនដី​ឲ្យ​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀងត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ​ហើយ​ជៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង»។ (យ៉ូប ១:៨) រឿង​នេះ​កើត​ឡើង​នៅ​ចន្លោះ​ពេល​នៃ​ជីវិត​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ពីរ​រូប​ពោល​គឺ​យ៉ូសែប កូន​ប្រុស​របស់​យ៉ាកុប​និង​ព្យាការី​ម៉ូសេ។

ម៉ូសេ​ដែល​ត្រូវ​បាន​សន្មត​ថា​ជា​អ្នក​សរសេរ​សៀវភៅ​យ៉ូប ទំនង​ជា​បាន​ដឹង​រឿង​យ៉ូប​ពេល​ដែល​គាត់​បាន​រស់​អស់​៤០​ឆ្នាំ​នៅ​ស្រុក​ម៉ាឌាន។ ស្រុក​ម៉ាឌាន​ស្ថិត​នៅ​ជិត​ស្រុក​អ៊ូស។ ប្រហែល​ជា​ពេល​ដែល​ពួក​អ៊ីស្រាអែល​រស់​នៅ​ជិត​ស្រុក​អ៊ូស ក្នុង​កំលុង​ពេល​ជិត​ផុត​កំណត់​៤០​ឆ្នាំ​ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ​ស្ថាន នោះ​ម៉ូសេ​ធ្លាប់​បាន​ឮ​អំពី​ជីវិត​ចុង​ក្រោយ​របស់​យ៉ូប។ * កំណត់​ហេតុ​អំពី​បទពិសោធន៍​របស់​យ៉ូប​បាន​ចង​ក្រង​ឡើង​ល្អ​ដល់​ម្ល៉េះ បាន​ជា​គេ​ចាត់​ទុក​ថា ជា​ស្នា​ដៃ​ឯក​ផ្នែក​អក្សរសាស្ត្រ។ ប៉ុន្តែ បន្ថែម​ទៅ​ទៀត​កំណត់​ហេតុ​អំពី​យ៉ូប​អាច​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន​ដូច​ជា: ហេតុ​អ្វី​មនុស្ស​ល្អ​ត្រូវ​រង​ទុក្ខ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​ជួជាតិ? តើ​មនុស្ស​ឥត​គ្រប់​លក្ខណ៍​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​ចំពោះ​ព្រះ​បាន​ឬ​ទេ? ដោយ​ហេតុ​ថា​សៀវភៅ​យ៉ូប​ជា​ផ្នែក​មួយ​នៃ​ព្រះ​គម្ពីរ សារ​ពី​សៀវភៅ​នោះ​រស់​នៅ ហើយ​ពូកែ​ផង សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ។—ហេព្រើរ ៤:១២

«សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស»

(យ៉ូប ១:១​​-​៣:២៦)

ថ្ងៃ​មួយ​នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​ព្រះ​យេហូវ៉ា សាតាំង​បង្កើត​ការ​សង្ស័យ​ស្តី​ពី​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​យ៉ូប។ ព្រះ​យេហូវ៉ា​យល់​ព្រម​ឲ្យ​សាតាំង​ល្បងល​យ៉ូប និង​បណ្ដាល​ឲ្យ​គាត់​ទទួល​ទុក្ខ​វេទនា​ផ្ទួនៗ​គ្នា។ ក៏​ប៉ុន្តែ​យ៉ូប​បដិសេធ​«ប្រមាថ​ដល់​ព្រះ»។—យ៉ូប ២:៩

មិត្ត​សម្លាញ់​របស់​យ៉ូប​ទាំង​បី​នាក់​ក៏​មក​ដល់​ដើម្បី​«រួម​ទុក្ខ​ជា​មួយ​[គាត់]»។ (យ៉ូប ២:១១) ពួក​គេ​អង្គុយ​ជា​មួយ​គាត់​យ៉ាង​ស្ងៀម​ស្ងាត់ រហូត​ដល់​យ៉ូប​បើក​មាត់​ពោល​ថា​៖​«សូម​ឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើត​មក​ត្រូវ​វិនាស​ទៅ . . . មាន​កូន​មក​ចាប់​ទំ​ផ្ទៃ​នោះ»។ (យ៉ូប ៣:៣) គាត់​ប្រាថ្នា​ចង់​ទៅ​«ជា​កូន​ដែល​មិន​បាន​ឃើញ​ពន្លឺ​ឡើយ» ឬ​ក៏​កូន​កើត​មក​ហើយ​ស្លាប់។—យ៉ូប ៣:១១, ១៦

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:៤—តើ​កូន​របស់​យ៉ូប​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​ទេ? ទេ ពួក​គេ​មិន​ធ្វើ​បុណ្យ​ខួប​កំណើត​ទេ។ ភាសា​ដើម​នៃ​ពាក្យ​‹ថ្ងៃ›​ក្នុង​ខ​នេះ អ្នក​ខ្លះ​គេ​បាន​យល់​ច្រឡំ​នឹង​ថ្ងៃ​បុណ្យ​ខួប​កំណើត។ ប៉ុន្តែ​ភាសា​ហេព្រើរ​ពាក្យ​«ថ្ងៃ»​›​និង​«ថ្ងៃ​បុណ្យ​ខួប​កំណើត»​ក៏​មាន​ន័យ​ខុស​គ្នា​ដែរ។ (លោកុប្បត្តិ ៤០:២០) នៅ​យ៉ូប ១:៤ ពាក្យ‹ថ្ងៃ›ប្រើ​សម្រាប់​សម្គាល់​ចន្លោះ​ពេល ចាប់​ពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច។ កួន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​របស់​យ៉ូប ទំនង​ជា​បាន​រក្សា​ទម្លាប់​ជួបជុំ​គ្នា​ជា​គ្រួសារ​ជប់លៀង​គ្រប់​ប្រាំ​ពីរ​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ម្ដង។ ដោយសារ​គេ​ដាក់​វេន​គ្នា​ម្នាក់​ម្ដង កូន​ប្រុសៗ​របស់​គាត់ គេ​តែង​ជប់លៀង​គ្នា នៅ​ផ្ទះ​គេ​«រៀង​ខ្លួន​តាម​វេន»។

១:៦; ២:១—តើ​នរណា​ខ្លះ​បាន​ចូល​ទៅ​គាល់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា? ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ចូល​ទៅ​គាល់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​មាន​ព្រះ​រា​ជា​បុត្រា​ស្ងួនភ្ងា​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះ​បន្ទូល ពួក​ទេវតា​ស្មោះ​ត្រង់ និង‹កូន​ឯ​ទៀត​របស់​ព្រះ›ជា​ពួក​ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​ទ្រង់ រួម​បញ្ចូល​អារក្ស​សាតាំង។ (យ៉ូហាន ១:១, ១៨) សាតាំង​ព្រម​ទាំង​ពួក​បិសាច បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​បាន​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៩១៤។ (វិវរណៈ ១២:១​​-​១២) ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​ចំពោះ​ទ្រង់ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ដល់​សត្តនិករ​វិញ្ញាណ​ទាំង​អស់ អំពី​ចំណោទ​ដែល​សាតាំង​បាន​ចោទ​ឡើង។

១:៧; ២:២—តើ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ផ្ទាល់​ទៅ​សាតាំង​ឬ? ព្រះ​គម្ពីរ​មិន​បាន​បញ្ជាក់​ល្អិតល្អន់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ទាក់ទង​ជា​មួយ​បុគ្គល​វិញ្ញាណ​ទេ។ យ៉ាង​ណា​ក៏​ដោយ ព្យាការី​មីកា​មាន​ចក្ខុនិមិត្ត​មួយ ដែល​គាត់​បាន​ឃើញ​ទេវតា​មួយ​រូប​ទាក់ទង​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ២២:១៤, ១៩​​-​២៣) ដូច្នេះ​ហើយ ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​សាតាំង​ផ្ទាល់។

១:២១—តើ​តាម​របៀប​ណា​យ៉ូប​អាច​ត្រឡប់​ទៅ​«ផ្ទៃ​ម្ដាយ»? តាំង​ពី​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​សូន​ធ្វើ​ជា​មនុស្ស​ពី «ធូលីដី» ពាក្យ​«ម្ដាយ»​ទី​នេះ​ប្រើ​ក្នុង​ន័យ​ប្រៀបធៀប​សំដៅ​ទៅ​ដី។—លោកុប្បត្តិ ២:៧

២:៩—តើ​ប្រពន្ធ​យ៉ូប​បាន​គិត​ដូច​ម្ដេច​ពេល​ដែល​គាត់​ប្រាប់​ប្ដី​របស់​គាត់ ចូរ​ប្រមាថ​ព្រះ​ហើយ​ស្លាប់? ប្រពន្ធ​របស់​យ៉ូប​បាន​រង​ទុក្ខ​ដោយសារ​ការ​បាត់បង់​គ្រប់​យ៉ាង​ដូច​ប្ដី​គាត់​ដែរ។ គាត់​មាន​ការ​ឈឺ​ចាប់ ដោយ​ឃើញ​ប្ដី​របស់​គាត់​ធ្លាប់​មាន​សុខភាព​ល្អ ធ្លាក់​ខ្លួន​វេទនា​ដោយ​ជំងឺ​ម្យ៉ាង​ដែល​គួរ​ឲ្យ​ខ្ពើម​រអើម។ គាត់​បាន​បាត់បង់​កូន​ជា​ទី​ស្រឡាញ់​របស់​គាត់​ទៀត។ គាត់​ប្រហែល​ជា​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ជា​ខ្លាំង​ដោយសារ​រឿងរ៉ាវ​ទាំង​អស់​នោះ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​គិត​មិន​ឃើញ​ដល់​អ្វី​ដែល​ពិត​ជា​សំខាន់ ពោល​គឺ​ទំនាក់ទំនង​របស់​ពួក​គេ​ជា​មួយ​ព្រះ។

មេ​រៀន​សម្រាប់​យើង:

១:៨​​-​១១; ២:៣​-​៥: ក្រៅ​ពី​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​សម​ល្អ ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍ តម្រូវ​ឲ្យ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ដូច​បាន​បង្ហាញ​ក្នុង​ករណី​របស់​យ៉ូប។

១:២១, ២២: យើង​អាច​បង្ហាញ​ថា​សាតាំង​ជា​អ្នក​ភូតភរ​ដោយ​រក្សា​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​នៅ​ក្រោម​កាលៈទេសៈ​ស្រួល​ឬ​លំបាក​ក្ដី។—សុភាសិត ២៧:១១

២:៩, ១០: ដូច​យ៉ូប យើង​ត្រូវ​តែ​រក្សា​សេចក្ដី​ជំនឿ​ឲ្យ​រឹង​មាំ សូម្បី​តែ​សមាជិក​គ្រួសារ​គ្រប់​រូប មិន​ឲ្យ​តម្លៃ​ដល់​ការ​ស្វែង​រក​អ្វី​ខាង​វិញ្ញាណ ឬ​គាប​សង្កត់​ឲ្យ​យើង​ធ្វើ​ការ​សម្រុះ​សម្រួល ឬ​ក៏​ឲ្យ​លះ​ចោល​សេចក្ដី​ជំនឿ​របស់​យើង​ក៏​ដោយ។

២:១៣: មិត្ត​សំឡាញ់​ទាំង​បី​នាក់​របស់​យ៉ូប មិន​បាន​និយាយ​អំពី​ព្រះ​និង​សេចក្ដី​សន្យា​របស់​ទ្រង់​បន្ដិច​សោះ ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ពីព្រោះ​ពួក​គេ​គ្មាន​ទស្សនៈ​ដូច​ព្រះ។

«ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ!»

(យ៉ូប ៤:១​–​៣១:៤០)

ចំណុច​សំខាន់​ដែល​មិត្ត​សំឡាញ់​ទាំង​បី​នាក់​របស់​យ៉ូប​លើក​មក​និយាយ​គឺ​ថា​យ៉ូប​ធ្លាប់​បាន​ធ្វើ​អ្វី​មួយ​អាក្រក់​ណាស់ បាន​ជា​ព្រះ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​បែប​នេះ។ អេលីផាស​ចាប់​ផ្ដើម​និយាយ​មុន។ ប៊ីលដាឌ​បន្ត​ពី​អេលីផាស​ដោយ​ប្រើ​ពាក្យ​ចំអក​បញ្ឈឺ​ចិត្ត​ខ្លាំង​ជាង​អេលីផាស។ សូផារ​វិញ​ប្រើ​ពាក្យ​កាន់​តែ​ប្រមាថ​មើលងាយ​រឹត​តែ​ខ្លាំង​ជាង​ថែម​ទៀត។

យ៉ូប​មិន​ព្រម​ទទួល​ការ​វែកញែក​មិន​ត្រឹម​ត្រូវ​របស់​ពួក​អ្នក​មក​សួរ​សុខ​ទុក្ខ​គាត់។ ដោយ​មិន​អាច​យល់​ថា​ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​បែប​នេះ នោះ​គាត់​ខ្វល់ខ្វាយ​ហួស​ប្រមាណ​ដើម្បី​ដោះសា​ថា​ខ្លួន​គាត់​ត្រឹម​ត្រូវ​ទេ។ យ៉ាង​ណា​ក៏​ដោយ យ៉ូប​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​បន្លឺ​ថា​«ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម​ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង»។—យ៉ូប ២៧:៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៧:១; ១៤:១៤—តើ​ពាក្យ​ថា​«អ្នក​ស៊ី​ឈ្នួល»​ឬ «រវាង​សង្គ្រាម​វេទនា»​មាន​ន័យ​ដូច​ម្ដេច? សេចក្ដី​ទុក្ខ​ព្រួយ​របស់​យ៉ូប​គឺ​ខ្លាំង​ហួស​ប្រមាណ ដែល​ធ្វើ​ឲ្យ​គាត់​គិត​ថា​ជីវិត​គាត់​ជា​ជីវិត​យ៉ាប់យ៉ឺន ពិបាក ជីវិត​អ្នក​ស៊ី​ឈ្នួល។ (យ៉ូប ១០:១៧) ដោយសារ​មនុស្ស​ម្នាក់​ត្រូវ​ទៅ​ក្នុង​ផ្នូរ ចាប់​តាំង​ពី​ពេល​គេ​ស្លាប់​រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ នោះ​គឺ​ជា​ពេល​ដែល​គេ​ត្រូវ​តែ​រង់ចាំ។ យ៉ូប​ប្រដូច​ពេល​នោះ​ទៅ​នឹង​ជីវិត​របស់​អ្នក​ស៊ី​ឈ្នួល​ដែល​ត្រូវ​ធ្វើ​ការ​ជា​ទម្ងន់​ដូច​ជា​ជីវិត​របស់​កងទ័ព។

៧:៩, ១០; ១០:២១; ១៦:២២—តើ​បទ​គម្ពីរ​ទាំង​នេះ​បង្ហាញ​ថា​យ៉ូប​មិន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ទេ​ឬ? យ៉ូប​អធិប្បាយ​អំពី​អនាគត​ឆាប់ៗ​របស់​គាត់។ បើ​ដូច្នេះ តើ​គាត់​ចង់​មាន​ន័យ​អ្វី? មូលហេតុ​មួយ​គឺ​បើ​គាត់​ស្លាប់ គ្មាន​អ្នក​ជំនាន់​គាត់​ណា​ម្នាក់​នឹង​ឃើញ​គាត់​ឡើយ។ តាម​ទស្សនៈ​របស់​ពួក​គេ គាត់​មិន​ដែល​ត្រឡប់​មក​ឯ​ផ្ទះ​គាត់ ឬ​ក៏​គ្មាន​នរណា​នឹង​ស្គាល់​គាត់​រហូត​ដល់​ពេល​កំណត់​របស់​ព្រះ។ យ៉ូប​ក៏​ប្រហែល​ជា​ចង់​មាន​ន័យ​ថា គ្មាន​នរណា​ម្នាក់​ត្រឡប់​ពី​ផ្នូរ​មក​វិញ​បាន ដោយ​ខ្លួន​ឯង​ទេ។ គឺ​ថា យ៉ូប​ជឿ​លើ​ដំណើរ​រស់​ឡើង​វិញ​ដែល​បាន​ចែង​យ៉ាង​ច្បាស់​នៅ យ៉ូប ១៤:១៣​​-​១៥

១០:១០—តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា ‹ចាក់​យ៉ូប​ចេញ​ដូច​ជា​ទឹក​ដោះ​ហើយ​ឲ្យ​គាត់​កក​ខន់​ដូច​ជា​ផែន​ទឹក​ដោះ›? នេះ​គឺ​ការ​ពណ៌នា​ជា​កំណាព្យ​អំពី​របៀប​ដែល​យ៉ូប​កកើត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​របស់​គាត់។

១៩:២០, ខ.ស.—តាម​ភាសា​ដើម តើ​យ៉ូប​ប្រើ​សំនួន​វោហារ​អ្វី ដែល​មាន​ន័យ​ថា​គាត់​«រួច​បាន​តែ​ជីវិត​ប៉ុណ្ណោះ»? ហើយ​ហេតុ​អ្វី​បាន​ជា​គាត់​ប្រើ​ពាក្យ​សំនួន​វោហារ​នោះ? យោង​ទៅ​តាម​សម្គាល់​ហេតុ​ក្នុង​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ យ៉ូប​ប្រើ​ពាក្យ​ភាសា​ដើម​ថា​«ខ្ញុំ​រក្សា​ទុក​បាន​តែ​ស្បែក​ធ្មេញ​ប៉ុណ្ណោះ»។ ដោយ​និយាយ​ថា​គាត់​បាន​រក្សា​ទុក​តែ​ស្បែក របស់​អ្វី ដែល​មើល​ទៅ​ដូច​ជា​អត់​មាន​ស្បែក​នោះ យ៉ូប​ប្រហែល​ជា​ចង់​បញ្ជាក់​ន័យ​ថា​គាត់​បាន​រួច​តែ​ខ្លួន​ប៉ុណ្ណោះ។

មេ​រៀន​សម្រាប់​យើង:

៤:៧, ៨; ៨:៥, ៦; ១១:១៣​​-​១៥: យើង​មិន​ត្រូវ​ឆាប់​សន្មត​ថា​មនុស្ស​រង​ទុក្ខ​ម្នាក់ កំពុង​តែ​ទទួល​លទ្ធផល​ពី​អ្វី​គេ​បាន​ធ្វើ ដែល​ព្រះ​មិន​សព្វ​ព្រះទ័យ​នោះ។

៤:១៨, ១៩; ២២:២, ៣: ឱវាទ​របស់​យើង​ត្រូវ​តែ​មាន​មូលដ្ឋាន​លើ​បន្ទូល​របស់​ព្រះ មិន​មែន​លើ​មតិ​ផ្ទាល់​ខ្លួន​ទេ។—ធីម៉ូថេទី២ ៣:១៦

១០:១: ការ​ជូរចត់​របស់​យ៉ូប​បាន​បំបែរ​អារម្មណ៍​គាត់​ដល់​ម្ល៉េះ បាន​ជា​មិន​បាន​គិត​ពី​មូលហេតុ​ផ្សេង​ទៀត ដែល​បាន​បណ្ដាល​ឲ្យ​គាត់​រង​ទុក្ខ​លំបាក។ យើង​មិន​ត្រូវ​តូច​ចិត្ត ពេល​ដែល​យើង​កំពុង​តែ​រង​ទុក្ខ ពិសេស​ដោយសារ​យើង​យល់​ច្បាស់​អំពី​បញ្ហា​ដែល​ជាប់​ទាក់ទិន។

១៤:៧, ១៣​​-​១៥; ១៩:២៥; ៣៣:២៤: កាល​ណា​សាតាំង​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ល្បងល​ណា​មួយ នោះ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ​ជួយ​គាំទ្រ​យើង។

១៦:៥; ១៩:២: ពាក្យ​សម្ដី​របស់​យើង​គួរ​តែ​លើក​ទឹក​ចិត្ត ហើយ​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត ជាជាង​ធ្វើ​ឲ្យ​គេ​អាក់អន់​ចិត្ត។—សុភាសិត ១៨:២១

២២:៥​-​៧: ការ​ជូន​ឱវាទ​ផ្អែក​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភ័ស្តុ​តាង​ច្បាស់​លាស់​នោះ​គ្មាន​តម្លៃ និង​នាំ​ឲ្យ​ខូច​ខាត។

២៧:២; ៣០:២០, ២១: ការ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​មិន​តម្រូវ​ភាព​គ្រប់​ល័ក្ខណ៍​ទេ។ យ៉ូប​ដាក់​កំហុស​លើ​ព្រះ​គឺ​ខុស​ទាំង​ស្រុង។

២៧:៥: មាន​តែ​យ៉ូប​ខ្លួន​ឯង​ប៉ុណ្ណោះ​អាច​សម្រេច​បោះបង់​ចោល​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​ខ្លួន​បាន ដោយ​ហេតុ​ថា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​អាស្រ័យ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ម្នាក់​ចំពោះ​ព្រះ។ ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ក្លា​ចំពោះ​ព្រះ​យេហូវ៉ា។

២៨:១​​-​២៨: មនុស្ស​ដឹង​ពី​កន្លែង​ដែល​មាន​រតន​សម្បត្ដិ​នៅ​ក្នុង​ដី។ ពេល​គេ​ចង់​ស្វែង​រក​រតន​សម្បត្ដិ​ទាំង​នោះ ដោយ​ការ​វាងវៃ​ពួក​គេ​ជីក​រូង​ឬ​ផ្លូវ​ក្រោម​ដី ដែល​គ្មាន​សត្វ​ហើរ​ដែល​ចាប់​រំពា​ណា​អាច​ឃើញ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រាជ្ញា​របស់​ព្រះ​បាន​មក​ដោយ​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។

២៩:១២​​-​១៥: យើង​ស្ម័គ្រ​ចិត្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​សប្បុរស​ដល់​អស់​អ្នក​ក្រីក្រ​លំបាក។

៣១:១, ៩​​-​២៨: យ៉ូប​បាន​តាំង​គំរូ​សម្រាប់​យើង​ក្នុង​ការ​ដែល​គាត់​បាន​ជៀស​ចេញ​ពី​ការ​ចែចង់ ការ​ផិត​ក្បត់ សម្ភារៈ​និយម ការ​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​មិន​ប្រព្រឹត្ត​ដោយ​ឥត​មេត្ដា និង​អយុត្ដិធម៌​ចំពោះ​អ្នក​ដទៃ។

«ទូល​បង្គំ . . . ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលីដី ហើយ​នឹង​ផែះ»

(យ៉ូប ៣២:១​–​៤២:១៧)

បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​អេលីហ៊ូវ បាន​ប្រឹង​ស្ដាប់​ដោយ​ចិត្ត​អត់ធ្មត់​នូវ​ការ​ជជែក​វែកញែក​នោះ។ ឥឡូវ​នេះ​គាត់​ចាប់​ផ្ដើម​និយាយ​ដោយ​ចិត្ត​អង់អាច។ គាត់​កែ​តម្រង់​យ៉ូប​និង​អ្នក​ដែល​ធ្វើ​ទុក្ខ​បុកម្នេញ​គាត់​ទាំង​បី​រូប។

គ្រាន់​តែ​អេលីហ៊ូវ​និយាយ​ចប់​ភ្លាម ព្រះ​យេហូវ៉ា​ផ្ដល់​ចម្លើយ​តាម​រយៈ​ខ្យល់​កួច។ ទ្រង់​មិន​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​រង​ទុក្ខ​វេទនា​របស់​យ៉ូប​ទេ។ ក៏​ប៉ុន្តែ ព្រះ​ដ៏​គ្រប់​ព្រះ​ចេស្ដា​ធ្វើ​ឲ្យ​យ៉ូប​ដឹង​ច្បាស់​អំពី​ព្រះ​ចេស្ដា​ដ៏​មហិមា និង​ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដោយ​សួរ​សំណួរ​មួយ​ចំនួន។ យ៉ូប​ទទួល​ស្គាល់​ថា​ខ្លួន​បាន​និយាយ​ដោយ​ខ្វះ​ការ​យល់​ដឹង ហើយ​ពោល​ថា​៖ «បាន​ជា​ទូល​បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលីដី ហើយ​នឹង​ផែះ»។ (យ៉ូប ៤២:៦) ពេល​ដែល​ទុក្ខ​លំបាក​របស់​យ៉ូប​ត្រូវ​ចប់ នោះ​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​គាត់​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣២:១​-​៣—តើ​អេលីហ៊ូវ​បាន​មក​ដល់​ពី​ពេល​ណា? គំរប់​ប្រាំ​ពីរ​ថ្ងៃ​ដែល​មិត្ត​សម្លាញ់​យ៉ូប​ទាំង​បី​នាក់​មិន​និយាយ​ទៅ​គាត់​មួយ​ម៉ាត់​សោះ នោះ​យ៉ូប​ចាប់​ផ្ដើម​បើក​មាត់ អេលីហ៊ូវ​ច្បាស់​ជា​អង្គុយ​ជិត​នោះ​ដែរ ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​គាត់​ឮ​ការ​ពិភាក្សា​ទាំង​អស់។—យ៉ូប ៣:​១, ២

៣៤:៧—តើ​តាម​របៀប​ណា​យ៉ូប​ដូច​មនុស្ស​«ដែល . . . ផឹក​សេចក្ដី​ឡកឡឺយ​ដូច​ជា​ផឹក​ទឹក»? ក្នុង​ដំណាក់​កាល​ដ៏​សែន​វេទនា​នេះ យ៉ូប​សុខ​ចិត្ត​ចាត់​ទុក​ការ​សើច​ចំអក​របស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​គាត់​ទាំង​បី​នាក់ ជា​ការ​សើច​ចំអក​ឲ្យ​ខ្លួន​គាត់​វិញ ទោះបី​ពួក​គេ​ពិត​ជា​បាន​និយាយ​ប្រឆាំង​និង​ព្រះ​ក៏​ដោយ។ (យ៉ូប ៤២:៧) ដូច្នេះ​ហើយ គាត់​បាន​ផឹក​សេចក្ដី​ឡកឡឺយ​ដូច​ជា​មនុស្ស​ម្នាក់​បាន​ផឹក​ទឹក​ដោយ​ក្ដី​រីករាយ​ដែរ។

មេ​រៀន​សម្រាប់​យើង:

៣២:៨, ៩: ប្រាជ្ញា​មិន​មែន​មក​តាម​វ័យ​តែ​ប៉ុណ្ណោះ​ទេ។ ប្រាជ្ញា​បាន​មក​ពី​ចំណេះ​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ និង​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។

៣៤:៣៦: ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ការ​ស៊ូទ្រាំ​ការ​ល្បងល​រហូត​ដល់​ទីបំផុត​ទោះបី​ជា​តាម​វិធី​ណា​ក៏​ដោយ។

៣៥:២: អេលីហ៊ូវ​បាន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​បាន​បញ្ជាក់​ឲ្យ​ចំ​បញ្ហា​មុន​ពេល​និយាយ​ចេញ។ (យ៉ូប ១០:៧; ១៦:៧; ៣៤:​៥) មុន​ពេល​ជូន​ឱវាទ អ្នក​ចាស់​ទុំ​គ្រីស្ទាន​ត្រូវ​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន ឲ្យ​មាន​ភ័ស្តុ​តាង និង​យល់​ឲ្យ​ច្បាស់​អំពី​បញ្ហា​ដែល​បាន​លើក​ឡើង។—សុភាសិត ១៨:១៣

៣៧:១៤; ៣៨:១​​-​៣៩:៣០: បើ​យើង​រំពឹង​គិត​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ការ​សម្ដែង​នូវ​តេជានុភាព​និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ធ្វើ​ឲ្យ​យើង​ចេះ​ដាក់​ខ្លួន​និង​ជួយ​យើង​ឃើញ​ថា​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតីភាព​របស់​ទ្រង់ ពិត​ជា​សំខាន់​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​ទៀត។—ម៉ាថាយ ៦:៩, ១០

៤០:១​-​៤: ពេល​យើង​មាន​អារម្មណ៍​ចង់​រអ៊ូរទាំ​នឹង​ព្រះ​ដ៏​គ្រប់​ទាំង​ចេស្ដា យើង​ត្រូវ​តែ‹យក​ដៃ​ខ្ទប់​មាត់​វិញ›។

៤០:១៥​​-​៤១:៣៤: សត្វ​ដំរី​ទឹក និង​សត្វ​ក្រពើ​ពិត​ជា​មាន​ថាមពល​អស្ចារ្យ​មែន! ដើម្បី​ស៊ូទ្រាំ​ក្នុង​កិច្ច​បម្រើ​ព្រះ យើង​ក៏​ដូច​គ្នា​ដែរ​ត្រូវ​ការ​កម្លាំង​អំពី​ព្រះ ដែល​ជា​អ្នក​បង្កើត​សត្វ​ដ៏​ខ្លាំង​ក្លា​នេះ។ គឺ​ទ្រង់​ហើយ​ដែល​ចម្រើន​កម្លាំង​ដល់​យើង។—ភីលីព ៤:១៣

៤២:១​-​៦: ការ​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា និង​ការ​ចង​ចាំ​អំពី​ការ​សម្ដែង​ឫទ្ធិ​បារមី​របស់​ទ្រង់ ជួយ​ឲ្យ​យ៉ូប​«ឃើញ​ព្រះ»​ឬ​យល់​សេចក្ដី​ពិត​អំពី​ទ្រង់។ (យ៉ូប ១៩:២៦) នេះ​បាន​តម្រង់​ការ​គិតគូរ​របស់​គាត់។ ពេល​យើង​ទទួល​ការ​កែ​តម្រង់​ដោយ​មាន​មូលដ្ឋាន​លើ​ព្រះ​គម្ពីរ យើង​ត្រូវ​ប្រញាប់​ទទួល​ស្គាល់​កំហុស ហើយ​ធ្វើ​ការ​កែ​ប្រែ។

ចូរ​បណ្ដុះ​«សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប»

សៀវភៅ​យ៉ូប​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទុក្ខ​លំបាក​របស់​មនុស្ស​ជាតិ​ទេ។ គឺ​ជា​សាតាំង​វិញ។ ការ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា​នៅ​ផែនដី ផ្ដល់​ឱកាស​ដល់​យើង​ឲ្យ​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​យើង​ផ្ទាល់ ស្តី​ពី​អធិបតេយ្យ​នៃ​ព្រះ​យេហូវ៉ា និង​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​របស់​យើង។

ដូច​យ៉ូប អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ត្រូវ​ល្បងល។ កំណត់​ហេតុ​ពី​យ៉ូប​ផ្ដល់​ឲ្យ​យើង​នូវ​ទំនុក​ចិត្ត​ដែល​យើង​អាច​ស៊ូ​ទ្រាំ​បាន។ នេះ​រំឭក​យើង​ថា​បញ្ហា​របស់​យើង​គ្រាន់​តែ​ជា​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ «អ្នក​រាល់​គ្នា​បាន​ឮ​និយាយ ពី​សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប​ទៅ​ហើយ ក៏​បាន​ឃើញ . . . [ពី​លទ្ធផល]ដល់​ចុង​បំផុត»​ដូច​បាន រៀប​រាប់​នៅ​យ៉ាកុប ៥:១១។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​យ៉ូប​ដោយសារ​គាត់​បាន​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍។ (យ៉ូប ៤២:១០​​-​១៧) នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​មាន​នៅ​ចំពោះ​មុខ​យើង​គឺ​ជីវិត​អស់កល្ប​ជានិច្ច​លើ​ផែនដី​សួន​មនោរម្យ! ហេតុ​ដូច្នេះ​ហើយ សូម​យើង​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណ៍​ដូច​យ៉ូប​ដែរ។—ហេព្រើរ ១១:៦

[កំណត់​សម្គាល់]

^ វគ្គ 2 សៀវភៅ​យ៉ូប​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​ជាង​១៤០​ឆ្នាំ​រវាង​ឆ្នាំ​១៦៥៧ និង​១៤៧៣​មុន​គ.ស.។

[រូបភាព​នៅ​ទំព័រ​៣១]

តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​«សេចក្ដី​អត់ធន់​របស់​លោក​យ៉ូប»?